ភាសាខ្មែរ - Khmer Bible (download)
https://is.gd/khmbbl

សញ្ញាថ្មី

ម៉ាកុស 1

1 នេះជាបញ្ជីរាយនាមព្រះអយ្យកោរបស់ព្រះយេស៊ូគ្រិស្ដ ជាព្រះរាជវង្សរបស់ព្រះបាទដាវីឌ ដែលត្រូវជាពូជពង្សរបស់លោកអប្រាហាំ ។ 2 លោកអប្រាហាំបង្កើតលោកអ៊ីសាក លោកអ៊ីសាកបង្កើតលោកយ៉ាកុប លោកយ៉ាកុបបង្កើតលោកយូដា និង បងប្អូនរបស់គាត់ 3 លោកយូដា និង នាងតាម៉ារបង្កើតលោកពេរេស និង លោកសេរ៉ាស លោកពេរេសបង្កើត លោកហេស្រុន លោកហេស្រុនបង្កើតលោកអើរ៉ាម 4 លោកអើរ៉ាមបង្កើតលោកអមីណាដាប់ លោកអមីណាដាប់បង្កើតលោកណាសូន លោកណាសូនបង្កើតលោកសាលម៉ូន 5 លោកសាលម៉ូន និង នាងរ៉ាហាបបង្កើតលោកបូអូស លោកបូអូស និង នាងរស់បង្កើតលោកអូបេដ លោកអូបេដបង្កើតលោកអ៊ីសាយ 6 លោកអ៊ីសាយបង្កើតស្ដេចដាវីឌ។ ស្ដេចដាវីឌ និង ភរិយារបស់អ៊ូរីបង្កើតស្ដេចសាឡូម៉ូន 7 ស្ដេចសាឡូម៉ូនបង្កើតស្ដេចរេហូបោម ស្ដេចរេហូបោមបង្កើតស្ដេចអប៊ីយ៉ា ស្ដេចអប៊ីយ៉ាបង្កើតស្ដេចអេសា 8 ស្ដេចអេសាបង្កើតស្ដេចយ៉ូសាផាត ស្ដេចយ៉ូសាផាតបង្កើតស្ដេចយ៉ូរ៉ាម ស្ដេចយ៉ូរ៉ាមបង្កើតស្ដេចអូសៀស 9 ស្ដេចអូសៀសបង្កើតស្ដេចយ៉ូថាម ស្ដេចយ៉ូថាមបង្កើតស្ដេចអេហាស ស្ដេចអេហាសបង្កើតស្ដេចអេសេគាស 10 ស្ដេចអេសេគាសបង្កើតស្ដេចម៉ាណាសេ ស្ដេចម៉ាណាសេបង្កើតស្ដេចអាំម៉ូន ស្ដេចអាំម៉ូនបង្កើតស្ដេចយ៉ូសៀស 11 ស្ដេចយ៉ូសៀសបង្កើតស្ដេចយេកូនាស និង អនុជរបស់ព្រះអង្គ ក្នុងគ្រាដែលគេកៀរជនជាតិអ៊ីស្រាអែល យកទៅធ្វើជាឈ្លើយនៅស្រុកបាប៊ីឡូន។ 12 ក្រោយគ្រាដែលគេកៀរជនជាតិអ៊ីស្រាអែលយកទៅធ្វើជាឈ្លើយនៅស្រុកបាប៊ីឡូន ស្ដេចយេកូនាសបង្កើតលោកសាលធាល លោកសាលធាលបង្កើតលោកសូរ៉ូបាបិល 13 លោកសូរ៉ូបាបិលបង្កើតលោកអប៊ីយូដ លោកអប៊ីយូដបង្កើតលោកអេលាគីម លោកអេលាគីមបង្កើតលោកអេសូរ 14 លោកអេសូរបង្កើតលោកសាដុក លោកសាដុកបង្កើតលោកអេគីម លោកអេគីមបង្កើតលោកអេលីយូដ 15 លោកអេលីយូដបង្កើតលោកអេឡាសារ លោកអេឡាសារបង្កើតលោកម៉ាថាន លោកម៉ាថាន បង្កើតលោកយ៉ាកុប 16 លោកយ៉ាកុបបង្កើតលោកយ៉ូសែប ជាស្វាមីរបស់នាងម៉ារី ដែលបង្កើតព្រះយេស៊ូហៅថាព្រះគ្រិស្ដ ។ 17 ដូច្នេះ ចាប់ពីលោកអប្រាហាំមកទល់ស្ដេចដាវីឌ មានដប់បួនតំណ ចាប់ពីស្ដេចដាវីឌមកទល់នឹងគ្រាដែលគេកៀរជនជាតិអ៊ីស្រាអែល យកទៅធ្វើជាឈ្លើយនៅស្រុកបាប៊ីឡូន មានដប់បួនតំណ ហើយចាប់ពីគ្រាដែលគេកៀរជនជាតិអ៊ីស្រាអែលយកទៅធ្វើជាឈ្លើយនៅស្រុកបាប៊ីឡូន មកទល់ព្រះគ្រិស្ដ ក៏មានដប់បួនតំណដែរ។ 18 នេះជាដំណើររឿង អំពីកំណើតរបស់ព្រះយេស៊ូគ្រិស្ដ។ នាងម៉ារី មាតារបស់ព្រះអង្គត្រូវជាគូដណ្ដឹងរបស់លោកយ៉ូសែប។ មុនពេលអ្នកទាំងពីររួមរស់ជាមួយគ្នា នាងម៉ារីមានផ្ទៃពោះ ដោយសារព្រះវិញ្ញាណដ៏វិសុទ្ធរួចទៅហើយ។ 19 លោកយ៉ូសែប ស្វាមីរបស់នាងជាមនុស្សសុចរិត លោកមិនចង់បំបាក់មុខនាងឡើយ គឺលោកសំរេចចិត្ដថានឹងផ្ដាច់ពាក្យដោយស្ងាត់ៗវិញ។ 20 ពេលលោកកំពុងគិតដូច្នេះ ស្រាប់តែមានទេវតា របស់ព្រះអម្ចាស់ មកប្រាប់លោក ក្នុងសុបិននិមិត្ដថា៖ «លោកយ៉ូសែបជាព្រះរាជវង្សរបស់ព្រះបាទដាវីឌ អើយ សូមកុំខ្លាចនឹងទទួលនាងម៉ារីមកធ្វើជាភរិយាឡើយ! បុត្រដែលនៅក្នុងផ្ទៃនាង កើតមកពីព្រះវិញ្ញាណដ៏វិសុទ្ធ ។ 21 នាងនឹងសំរាលបានបុត្រមួយហើយលោកត្រូវថ្វាយព្រះនាមថា "យេស៊ូ" ដ្បិតបុត្រនោះនឹងសង្គ្រោះប្រជារាស្ដ្រព្រះអង្គអោយរួចពីបាបរបស់គេ»។ 22 ហេតុការណ៍នេះកើតឡើង ស្របនឹងសេចក្ដីដែលព្រះអម្ចាស់មានព្រះបន្ទូល តាមរយៈព្យាការី ថា៖ 23 «មើល! ស្ដ្រីព្រហ្មចារីនឹងមានផ្ទៃពោះនាងនឹងសំរាលបានបុត្រមួយដែលគេនឹងថ្វាយ ព្រះនាមថា "អេម៉ាញូអែល"» ប្រែថា «ព្រះជាម្ចាស់គង់ជាមួយយើង»។ 24 លុះលោកយ៉ូសែបភ្ញាក់ឡើង លោកក៏ធ្វើតាមបង្គាប់ទេវតា របស់ព្រះអម្ចាស់ គឺលោកទទួលនាងម៉ារីមកធ្វើជាភរិយា 25 ប៉ុន្ដែលោកពុំបានរួមបវេណីជាមួយនាង រហូតដល់នាងសំរាលបានបុត្រដែលលោកថ្វាយព្រះនាមថា "យេស៊ូ"។

ម៉ាកុស 2

1 ព្រះយេស៊ូប្រសូតនៅភូមិបេថេ្លហិមក្នុងស្រុកយូដា នារជ្ជកាលព្រះបាទហេរ៉ូដ។ មានពួកហោរាចារ្យនាំគ្នាធ្វើដំណើរពីទិសខាងកើតមកដល់ក្រុងយេរូសាឡឹម 2 សួរថា៖ «ព្រះមហាក្សត្ររបស់ជនជាតិយូដា ដែលទើបនឹងប្រសូតគង់នៅឯណា? យើងខ្ញុំបានឃើញផ្កាយរបស់ព្រះអង្គរះនៅទិសខាងកើត ហើយយើងខ្ញុំមកថ្វាយបង្គំព្រះអង្គ»។ 3 កាលព្រះបាទហេរ៉ូដឮដំណឹងនេះ ទ្រង់រន្ធត់ព្រះហឫទ័យយ៉ាងខ្លាំង ហើយអ្នកក្រុងយេរូសាឡឹមទាំងអស់ ក៏រន្ធត់ចិត្ដជាមួយព្រះអង្គដែរ។ 4 ព្រះរាជាត្រាស់ហៅពួកនាយកបូជាចារ្យ និង ពួកអាចារ្យ ទាំងប៉ុន្មានរបស់ប្រជាជនមក ដើម្បីសួរគេពីទីកន្លែងដែលព្រះគ្រិស្ដ ត្រូវប្រសូត។ 5 គេទូលស្ដេចថាព្រះគ្រិស្ដត្រូវប្រសូតនៅភូមិបេថ្លេហិម ក្នុងស្រុកយូដា ដ្បិតមានសេចក្ដីចែងទុកមកតាមរយៈព្យាការី ថា៖ 6 «ភូមិបេថ្លេហិមជាដែនដីយូដាអើយ! ក្នុងបណ្ដាក្រុងសំខាន់ៗនៃស្រុកយូដា អ្នកមិនមែនតូចជាងគេទេ ដ្បិតនឹងមានមេដឹកនាំមួយរូបកើតចេញពីអ្នក លោកនឹងថែរក្សាជនជាតិអ៊ីស្រាអែល ជាប្រជារាស្ដ្ររបស់យើង»។ 7 ពេលនោះ ព្រះបាទហេរ៉ូដហៅពួកហោរាចារ្យមកជាសម្ងាត់ សួរបញ្ជាក់អំពីពេលដែលផ្កាយរះឡើង។ 8 បន្ទាប់មក ទ្រង់ចាត់ហោរាចារ្យទាំងនោះអោយទៅភូមិបេថ្លេហិម ដោយមានរាជឱង្ការថា៖ «សុំអស់លោកនាំគ្នាទៅចុះ ហើយស៊ើបសួរដំណឹងអំពីព្រះឱរសនោះអោយបានច្បាស់លាស់។ កាលបើបានឃើញហើយ ចូរមកប្រាប់យើងវិញផង ដើម្បីអោយយើងបានទៅថ្វាយបង្គំព្រះអង្គដែរ»។ 9 ក្រោយពីបានទទួលរាជឱង្ការហើយគេក៏នាំគ្នាចេញទៅ។ ពេលនោះ ផ្កាយដែលគេបានឃើញនៅទិសខាងកើត នាំមុខគេ រហូតដល់កន្លែងដែលព្រះឱរសគង់ ទើបឈប់។ 10 កាលហោរាចារ្យទាំងនោះឃើញផ្កាយ គេសប្បាយចិត្ដពន់ប្រមាណ 11 គេចូលទៅក្នុងផ្ទះ ឃើញព្រះឱរសគង់នៅជាមួយនាងម៉ារីជាមាតា គេក៏នាំគ្នាក្រាបថ្វាយបង្គំព្រះអង្គ រួចបើកហិបយកទ្រព្យរបស់ខ្លួន គឺមាស គ្រឿងក្រអូប និង ជ័រល្វីងទេស មកថ្វាយព្រះអង្គ។ 12 បន្ទាប់មក គេវិលត្រឡប់ទៅស្រុករបស់ខ្លួនវិញ តាមផ្លូវមួយផ្សេងទៀតដ្បិតព្រះជាម្ចាស់មានព្រះបន្ទូលប្រាប់គេ ក្នុងសុបិននិមិត្ដមិនអោយវិលទៅគាល់ព្រះបាទហេរ៉ូដវិញឡើយ។ 13 កាលពួកហោរាចារ្យចាកចេញផុតទៅ ទេវតា របស់ព្រះអម្ចាស់មកប្រាប់លោកយ៉ូសែប ក្នុងសុបិននិមិត្ដថា៖ «ចូរក្រោកឡើង នាំព្រះឱរស និង មាតារបស់ព្រះអង្គ រត់ទៅស្រុកអេស៊ីបទៅ។ ចូរស្នាក់នៅស្រុកនោះ រហូតដល់យើងប្រាប់អោយវិលត្រឡប់មកវិញ សឹមមក ដ្បិតស្ដេចហេរ៉ូដរកធ្វើគុតព្រះឱរស»។ 14 លោកយ៉ូសែបក្រោកឡើង នាំព្រះឱរស និង មាតារបស់ព្រះអង្គ រត់ភៀសខ្លួនទៅស្រុកអេស៊ីបទាំងយប់។ 15 គាត់ស្នាក់នៅទីនោះរហូតដល់ព្រះបាទហេរ៉ូដសោយទិវង្គត ដើម្បីអោយបានស្របនឹងសេចក្ដី ដែលព្រះអម្ចាស់មានព្រះបន្ទូលតាមរយៈព្យាការីថា៖ «យើងបានហៅបុត្រយើងចេញពីស្រុកអេស៊ីបមក»។ 16 ព្រះបាទហេរ៉ូដយល់ថាពួកហោរាចារ្យបានបំបាក់មុខព្រះអង្គ ស្ដេចទ្រង់ព្រះពិរោធក្រៃលែង ហើយចេញបញ្ជាអោយគេសម្លាប់ក្មេងប្រុសៗទាំងអស់ ដែលមានអាយុពីពីរខួបចុះមក នៅភូមិបេថ្លេហិម និង ភូមិជិតខាង គឺគិតចាប់តាំងពីពេលកំណត់ដែលផ្កាយត្រូវរះ ដូចទ្រង់បានសួរបញ្ជាក់ពួកហោរាចារ្យ។ 17 ហេតុការណ៍នេះកើតឡើង ស្របនឹងសេចក្ដីដែលមានចែងទុក តាមរយៈព្យាការី យេរេមាថា៖ 18 «មានសំឡេងមួយលាន់ឮពីភូមិរ៉ាម៉ាមក ជាទំនួញសោកសៅ គឺនាងរ៉ាជែលយំសោកអាណិតកូន នាងមិនព្រមអោយនរណាសំរាលទុក្ខឡើយ ព្រោះកូននាងបាត់បង់ជីវិតអស់ទៅហើយ»។ 19 កាលព្រះបាទហេរ៉ូដសោយទិវង្គតផុតទៅ ទេវតា របស់ព្រះអម្ចាស់មកប្រាប់លោកយ៉ូសែបនៅ ស្រុកអេស៊ីបក្នុងសុបិននិមិត្ដថា៖ 20 «ចូរក្រោកឡើង នាំព្រះកុមារ និង មាតារបស់ព្រះអង្គវិលត្រឡប់ទៅស្រុកអ៊ីស្រាអែលវិញទៅ ដ្បិតពួកអ្នកដែលប៉ុនប៉ងធ្វើគុតព្រះកុមារស្លាប់បាត់អស់ទៅហើយ»។ 21 លោកយ៉ូសែបក្រោកឡើង នាំព្រះកុមារ និង មាតារបស់ព្រះអង្គវិលត្រឡប់មកស្រុកអ៊ីស្រាអែលវិញ។ 22 ប៉ុន្ដែ កាលលោកដឹងថា ព្រះបាទអើខេឡោសឡើងគ្រងរាជ្យនៅស្រុកយូដា ស្នងព្រះបាទហេរ៉ូដជាព្រះបិតា លោកខ្លាចមិនហ៊ានទៅស្រុកនោះទេ លោកភៀសខ្លួនទៅស្រុកកាលីឡេ ដោយព្រះជាម្ចាស់មានព្រះបន្ទូលអោយដឹង ក្នុងសុបិននិមិត្ដ។ 23 លោកតាំងទីលំនៅក្នុងភូមិមួយឈ្មោះណាសារ៉ែត ដើម្បីអោយស្របតាមសេចក្ដីដែលពួកព្យាការី បានថ្លែងទុកថា ៖ «គេនឹងហៅព្រះអង្គថាជាអ្នកភូមិណាសារ៉ែត»។

ម៉ាកុស 3

1 នៅគ្រានោះ លោកយ៉ូហានបាទីស្ដ មក ដល់ លោកប្រកាសនៅវាលរហោស្ថាន ស្រុកយូដាថា៖ 2 «ចូរកែប្រែចិត្ដគំនិតឡើង ដ្បិតព្រះរាជ្យ នៃស្ថានបរមសុខ មកជិតបង្កើយហើយ!»។ 3 ព្យាការី អេសាយបានថ្លែងទុកអំពីលោកយ៉ូហាននេះថា៖ «មានសំឡេងបុរសម្នាក់ស្រែកឡើង នៅវាលរហោស្ថានថាៈ "ចូររៀបចំផ្លូវរបស់ព្រះអម្ចាស់ ចូរតំរង់ផ្លូវថ្វាយព្រះអង្គ!"»។ 4 លោកយ៉ូហាន មាន សម្លៀក បំពាក់ ធ្វើអំពី រោមអូដ្ឋ ហើយពាក់ខ្សែក្រវាត់ធ្វើអំពីស្បែក។ លោកបរិភោគកណ្ដូប និង ទឹកឃ្មុំ។ 5 អ្នកក្រុងយេរូសាឡឹម អ្នកស្រុកយូដា និង អ្នកស្រុកនៅតំបន់ ទន្លេយ័រដាន់ទាំងមូលនាំគ្នាចេញទៅរកលោក។ 6 គេទទួលសារភាពអំពើបាបរបស់ខ្លួន ហើយលោកក៏ធ្វើពិធីជ្រមុជទឹក អោយគេក្នុងទន្លេយ័រដាន់។ 7 កាលលោកឃើញពួកខាងគណៈផារីស៊ី និង ពួកខាងគណៈសាឌូស៊ី ជាច្រើន មកទទួលពិធីជ្រមុជទឹកពីលោក លោកមានប្រសាសន៍ទៅគេថា៖ «នែ៎ ពូជពស់វែកអើយ! តើនរណាប្រាប់អ្នករាល់គ្នាអោយរត់គេចពីព្រះពិរោធ របស់ព្រះជាម្ចាស់ ដែលជិតមកដល់ដូច្នេះ?។ 8 ចូរប្រព្រឹត្ដអំពើល្អ ដើម្បីបញ្ជាក់ថាអ្នករាល់គ្នាបានកែប្រែចិត្ដគំនិតមែន។ 9 កុំនឹកស្មានថាខ្លួនមានលោកអប្រាហាំជាបុព្វបុរសនោះឡើយ ដ្បិតខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្រះជាម្ចាស់អាចធ្វើអោយថ្មទាំងនេះទៅជាកូនចៅលោកអប្រាហាំបានដែរ។ 10 ពូថៅនៅជិតគល់ឈើជាស្រេច ដើមណាមិនផ្ដល់ផ្លែល្អទេ នឹងត្រូវកាប់រំលំ ហើយបោះទៅក្នុងភ្លើង។ 11 ខ្ញុំធ្វើពិធីជ្រមុជ អ្នករាល់គ្នាក្នុងទឹក ដើម្បីអោយអ្នករាល់គ្នាបានកែប្រែចិត្ដគំនិត ប៉ុន្ដែ លោកដែលមកក្រោយខ្ញុំ លោកមានកម្លាំងខ្លាំងជាងខ្ញុំ។ ខ្ញុំមានឋានៈទាបណាស់សូម្បីតែដោះស្បែកជើងជូនលោក ក៏មិនសមនឹងឋានៈដ៏ខ្ពង់ខ្ពស់របស់លោកផង។ លោកនឹងធ្វើពិធីជ្រមុជអោយអ្នករាល់គ្នា ក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ និង ដោយភ្លើងវិញ។ 12 លោកកាន់ចង្អេរ លោកសំអាតលានបោកស្រូវ អុំស្រូវយកគ្រាប់ល្អរបស់លោកប្រមូលដាក់ជង្រុក រីឯសំដី វិញ លោកនឹងដុតក្នុងភ្លើង ដែលឆេះពុំចេះរលត់ឡើយ»។ 13 ពេលនោះ ព្រះយេស៊ូយាងពីស្រុកកាលីឡេ មករកលោកយ៉ូហាន នៅត្រង់ទន្លេយ័រដាន់ ដើម្បីអោយលោកធ្វើពិធីជ្រមុជទឹក ថ្វាយព្រះអង្គ។ 14 ប៉ុន្ដែលោកយ៉ូហានប្រកែកថា៖ «ខ្ញុំទេតើដែលត្រូវទទួលពិធីជ្រមុជទឹកពីលោក ម្ដេចក៏លោកមករកខ្ញុំវិញ!»។ 15 ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ឥឡូវនេះ សុំធ្វើសិនចុះ ធ្វើដូច្នេះ ទើបស្របតាមគ្រប់សេចក្ដីដែលព្រះជាម្ចាស់បានបង្គាប់ទុកមក»។ លោកយ៉ូហានក៏យល់ព្រម។ 16 ពេលព្រះយេស៊ូទទួលពិធីជ្រមុជទឹករួចហើយ ទ្រង់យាងឡើងពីទឹក ស្រាប់តែផ្ទៃមេឃបើកចំហ ព្រះអង្គទតឃើញព្រះវិញ្ញាណរបស់ព្រះជាម្ចាស់យាងចុះដូចសត្វព្រាប មកសណ្ឋិតលើព្រះអង្គ។ 17 ពេលនោះ មានព្រះសូរសៀងពីលើមេឃមកថា៖ «នេះជាបុត្រដ៏ជាទីស្រឡាញ់របស់យើង យើងគាប់ចិត្ដនឹងព្រះអង្គណាស់!»។

ម៉ាកុស 4

1 ពេលនោះ ព្រះវិញ្ញាណនាំព្រះយេស៊ូ ទៅវាលរហោស្ថាន អោយមារ សាតាំងល្បួង 2 បន្ទាប់ពីបានតមអាហារអស់រយៈពេលសែសិបថ្ងៃ សែសិបយប់មក ព្រះអង្គក៏ឃ្លាន។ 3 មេល្បួងចូលមកជិតព្រះអង្គ ពោលថា៖ «ប្រសិនបើលោកពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន សូមធ្វើអោយដុំថ្មទាំងនេះទៅជានំបុ័ងមើល៍!»។ 4 ប៉ុន្ដែ ព្រះយេស៊ូមានព្រះបន្ទូលតបទៅវិញថា៖ «ក្នុងគម្ពីរមានចែងថា "មនុស្សមិនមែនរស់ដោយសារតែអាហារប៉ុណ្ណោះទេ គឺរស់ដោយសារគ្រប់ព្រះបន្ទូល ដែលចេញមកពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ដែរ" »។ 5 ពេលនោះ មារនាំព្រះអង្គទៅក្រុង យេរូសាឡឹម ជាក្រុងដ៏វិសុទ្ធ ដាក់ព្រះអង្គលើកំពូលព្រះវិហារ 6 ហើយពោលថា៖ «ប្រសិនបើលោកពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន សូមលោតទម្លាក់ខ្លួនចុះទៅក្រោមមើល៍ដ្បិតក្នុងគម្ពីរមានចែងថា "ព្រះជាម្ចាស់នឹងបញ្ជាអោយទេវតា ចាំទ្រលោក មិនអោយជើងលោកប៉ះទង្គិចនឹងថ្មឡើយ" »។ 7 ព្រះយេស៊ូមានព្រះបន្ទូលទៅមារថា៖ «ក្នុងគម្ពីរមានចែងទៀតថា "កុំល្បងលព្រះជាម្ចាស់ជាព្រះរបស់អ្នកឡើយ" »។ 8 មារក៏នាំព្រះអង្គទៅលើកំពូលភ្នំមួយយ៉ាងខ្ពស់ ហើយចង្អុលបង្ហាញនគរទាំងប៉ុន្មានក្នុងពិភពលោក ព្រមទាំងអោយព្រះអង្គឃើញភោគទ្រព្យរបស់នគរទាំងនោះផង។ 9 មារទូលព្រះអង្គថា៖ «ប្រសិនបើលោកក្រាបថ្វាយបង្គំខ្ញុំ ខ្ញុំនឹងប្រគល់សម្បត្ដិនេះអោយ!»។ 10 ព្រះយេស៊ូមានព្រះបន្ទូលទៅមារថា៖ «សាតាំងអើយ! ចូរថយចេញទៅ ដ្បិតក្នុងគម្ពីរមានចែងថា "អ្នកត្រូវថ្វាយបង្គំព្រះអម្ចាស់ជាព្រះរបស់អ្នក និង គោរពបំរើតែព្រះអង្គប៉ុណ្ណោះ"»។ 11 ពេលនោះ មារក៏ចាកចេញពីព្រះអង្គទៅ ហើយមានពួកទេវតា នាំគ្នាចូលមកគាល់ និង បំរើព្រះអង្គ។ 12 កាលព្រះយេស៊ូជ្រាបដំណឹងថា គេបានចាប់លោកយ៉ូហានយកទៅឃុំឃាំងហើយ ព្រះអង្គក៏ភៀសចេញទៅស្រុកកាលីឡេ។ 13 ព្រះអង្គចាកចេញពីភូមិណាសារ៉ែត ទៅស្នាក់នៅក្រុងកាពើណិមជិតមាត់សមុទ្រ ក្នុងតំបន់សាប់យ៉ូឡូន និង តំបន់ណែបថាលី 14 ដើម្បីអោយបានស្របនឹងសេចកី្ដដែលមានចែងទុកតាមរយៈព្យាការីអេសាយថា៖ 15 «ដែនដីសាប់យូឡូន និង ដែនដីណែបថាលី ដែលស្ថិតនៅតាមផ្លូវទៅកាន់សមុទ្រអើយ! ស្រុកខាងនាយទន្លេយ័រដាន់ ស្រុកកាលីឡេដែលសាសន៍ដទៃរស់នៅអើយ! 16 ប្រជាជនដែលអង្គុយនៅក្នុងទីងងឹត បានឃើញពន្លឺមួយដ៏ភ្លឺខ្លាំង ហើយមានពន្លឺមួយ លេចឡើង បំភ្លឺពួកអ្នករស់ក្នុងស្រុកដែល ស្ថិតនៅក្រោមអំណាចនៃសេចក្ដីស្លាប់»។ 17 តាំងពីគ្រានោះមក ព្រះយេស៊ូចាប់ផ្ដើមប្រកាសថា៖ «ចូរកែប្រែចិត្ដគំនិត ដ្បិតព្រះរាជ្យ នៃស្ថានបរមសុខនៅជិតបង្កើយហើយ!»។ 18 កាលព្រះអង្គយាងតាមឆ្នេរសមុទ្រកាលីឡេ ទ្រង់ទតឃើញបងប្អូនពីរនាក់ជាអ្នកនេសាទ កំពុងតែបង់សំណាញ់ គឺ លោកស៊ីម៉ូន ហៅពេត្រុស និង លោកអនទ្រេ ជាប្អូនរបស់គាត់។ 19 ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «សូមអញ្ជើញមកតាមខ្ញុំ ខ្ញុំនឹងតាំងអ្នកអោយនេសាទមនុស្សវិញ»។ 20 អ្នកទាំងពីរក៏ទុកសំណាញ់នៅទីនោះភ្លាម រួចដើរតាមព្រះអង្គទៅ។ 21 ព្រះយេស៊ូយាងទៅមុខឆ្ងាយបន្ដិច ព្រះអង្គទតឃើញបងប្អូនពីរនាក់ទៀត គឺលោកយ៉ាកុប និង លោកយ៉ូហាន ជាកូនរបស់លោកសេបេដេ កំពុងតែរៀបចំអួននៅក្នុងទូកជាមួយលោកសេបេដេ ជាឪពុក។ ព្រះអង្គក៏ត្រាស់ហៅអ្នកទាំងពីរ។ 22 អ្នកទាំងពីរចាកចោលទូក ចាកចោលឪពុកភ្លាម រួចដើរតាមព្រះយេស៊ូទៅ។ 23 ព្រះយេស៊ូយាងកាត់ស្រុកកាលីឡេទាំងមូល ព្រះអង្គបង្រៀនអ្នកស្រុកនៅក្នុងសាលាប្រជុំ របស់ពួកគេ ព្រះអង្គប្រកាសដំណឹងល្អអំពីព្រះរាជ្យ ហើយប្រោសអ្នកជំងឺគ្រប់យ៉ាង និង មនុស្សពិការគ្រប់ប្រភេទ ក្នុងចំណោមប្រជាជន អោយបានជាផង។ 24 ព្រះកិត្ដិនាមរបស់ព្រះអង្គក៏ល្បីឮខ្ចរខ្ចាយពាសពេញស្រុកស៊ីរីទាំងមូល។ គេបាននាំអស់អ្នកជំងឺគ្រប់យ៉ាង និង អ្នកកើតទុក្ខក្រំគ្រា មនុស្សអារក្សចូល មនុស្សឆ្កួតជ្រូក និង មនុស្សស្លាប់ដៃស្លាប់ជើង មករកព្រះអង្គ ព្រះអង្គក៏ប្រោសគេអោយបានជាទាំងអស់គ្នា។ 25 មានមហាជនជាច្រើន ពីស្រុកកាលីឡេ ស្រុកដេកាប៉ូល ក្រុងយេរូសាឡឹម ស្រុកយូដា និង ពីតំបន់ខាងនាយទន្លេយ័រដាន់នាំគ្នាដើរតាមព្រះយេស៊ូ។

ម៉ាកុស 5

1 ព្រះយេស៊ូទតឃើញមហាជនទាំងនេះ ព្រះអង្គយាងឡើងទៅលើភ្នំ រួចព្រះអង្គគង់នៅទីនោះ។ សិស្ស នាំគ្នាចូលមកគាល់ព្រះអង្គ 2 ព្រះអង្គក៏មានព្រះបន្ទូលបង្រៀនគេថា៖ 3 «អ្នកណាដាក់ចិត្ដជាអ្នកក្រខ្សត់ អ្នកនោះមានសុភមង្គល ហើយ ដ្បិតពួកគេបានទទួលព្រះរាជ្យ នៃស្ថានបរមសុខ! 4 អ្នកណាសោកសៅ អ្នកនោះមានសុភមង្គលហើយ ដ្បិតព្រះជាម្ចាស់នឹងសំរាលទុក្ខពួកគេ! 5 អ្នកណាមានចិត្ដស្លូតបូត អ្នកនោះមានសុភមង្គលហើយ ដ្បិតពួកគេនឹងទទួលផែនដីទុកជាមត៌ក! 6 អ្នកណាស្រេកឃ្លានសេចក្ដីសុចរិត អ្នកនោះមានសុភមង្គលហើយ ដ្បិតព្រះជាម្ចាស់នឹងប្រទានអោយពួកគេបានឆ្អែត! 7 អ្នកណាមានចិត្ដមេត្ដាករុណា អ្នកនោះមានសុភមង្គលហើយ ដ្បិតព្រះជាម្ចាស់នឹងសំដែងព្រះហឫទ័យ មេត្ដាករុណាដល់ពួកគេវិញ! 8 អ្នកណាមានចិត្ដបរិសុទ្ធ អ្នកនោះមានសុភមង្គលហើយ ដ្បិតពួកគេនឹងឃើញព្រះជាម្ចាស់! 9 អ្នកណាកសាងសន្ដិភាព អ្នកនោះមានសុភមង្គលហើយ ដ្បិតពួកគេនឹងមានឈ្មោះជាបុត្រ របស់ព្រះជាម្ចាស់! 10 អ្នកណាត្រូវគេបៀតបៀន ព្រោះតែបានធ្វើតាមសេចក្ដីសុចរិត អ្នកនោះមានសុភមង្គលហើយ ដ្បិតគេបានទទួលក្នុងព្រះរាជ្យនៃស្ថានបរមសុខ! 11 ប្រសិនបើមានគេត្មះតិះដៀល បៀតបៀន និង មានគេនិយាយអាក្រក់គ្រប់យ៉ាង បង្ខូចឈ្មោះអ្នករាល់គ្នា ព្រោះតែខ្ញុំ នោះអ្នករាល់គ្នាមានសុភមង្គលហើយ! 12 ចូរអរសប្បាយរីករាយឡើង ព្រោះអ្នករាល់គ្នានឹងទទួលរង្វាន់យ៉ាងធំនៅស្ថានបរមសុខ ដ្បិតពួកព្យាការី ដែលរស់នៅមុនអ្នករាល់គ្នា ក៏ត្រូវគេបៀតបៀនដូច្នោះដែរ»។~ 13 «អ្នករាល់គ្នាជាអំបិល សំរាប់មនុស្សលោក ប៉ុន្ដែ បើអំបិលបាត់ជាតិប្រៃហើយ តើគេនឹងយកអ្វីមកធ្វើអោយប្រៃឡើងវិញបាន?។ អំបិលនោះ គ្មានប្រយោជន៍អ្វីទៀតទេ គឺមានតែបោះចោលទៅខាងក្រៅ អោយមនុស្សដើរជាន់ប៉ុណ្ណោះ។ 14 អ្នករាល់គ្នាជាពន្លឺ សំរាប់បំភ្លឺមនុស្សលោក។ គេមិនអាចលាក់បំបាំងក្រុងណាដែលសង់នៅលើភ្នំបានឡើយ។ 15 គេមិនដែលអុជចង្កៀង ហើយយកធុងគ្របពីលើនោះទេ គឺគេតែងយកចង្កៀងទៅដាក់លើជើង ចង្កៀងវិញ ហើយចង្កៀងនោះបំភ្លឺអស់អ្នកដែលនៅក្នុងផ្ទះ។ 16 ចូរអោយពន្លឺរបស់អ្នករាល់គ្នា បំភ្លឺមនុស្សទាំងឡាយដូច្នោះដែរ គេនឹងឃើញអំពើល្អ ដែលអ្នករាល់គ្នាប្រព្រឹត្ដ ហើយលើកតម្កើងសិរីរុងរឿងព្រះបិតារបស់អ្នករាល់គ្នា ដែលគង់នៅស្ថានបរមសុខ »។ 17 «សុំកុំនឹកស្មានថាខ្ញុំមកលុបបំបាត់គម្ពីរវិន័យ ឬ គម្ពីរព្យាការី ចោលឡើយ។ ខ្ញុំមិនមែនមកលុបបំបាត់ទេ គឺខ្ញុំមកធ្វើអោយគម្ពីរមានអត្ថន័យពេញលក្ខណៈទៅវិញ។ 18 ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាបានដឹងច្បាស់ថា ដរាបណាផ្ទៃមេឃ និង ផែនដីនៅស្ថិតស្ថេរដរាបនោះគ្មានក្បៀស ឬ បន្ដក់ណាមួយក្នុងគម្ពីរវិន័យ ត្រូវរលុបបាត់ឡើយ គឺគម្ពីរទាំងមូលនឹងនៅស្ថិតស្ថេររហូតដល់ ទីបំផុត។ 19 អ្នកណាល្មើសបទបញ្ជាតូចមួយនេះ ហើយបង្រៀនអ្នកផ្សេងអោយធ្វើ តាមអ្នកនោះនឹងមានឋានៈតូចជាងគេ ក្នុងព្រះរាជ្យ នៃស្ថានបរមសុខ។ ផ្ទុយទៅវិញ អ្នកណាប្រព្រឹត្ដតាមបទបញ្ជាទាំងនេះ ហើយបង្រៀនអ្នកផ្សេងអោយប្រព្រឹត្ដតាម អ្នកនោះនឹងមានឋានៈធំក្នុងព្រះរាជ្យនៃស្ថានបរមសុខ។ 20 ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា បើសេចក្ដីសុចរិត របស់អ្នករាល់គ្នាមិនប្រសើរជាងសេចក្ដីសុចរិតរបស់ពួកអាចារ្យ និង ពួកផារីស៊ី ទេ អ្នករាល់គ្នាពុំអាចចូលទៅក្នុងព្រះរាជ្យនៃស្ថានបរមសុខបានឡើយ»។ 21 «អ្នករាល់គ្នា ធ្លាប់ ឮ សេចក្ដី ដែល មានថ្លែង ប្រាប់បុព្វបុរស ថា "កុំសម្លាប់មនុស្ស " អ្នកណាសម្លាប់គេ អ្នកនោះនឹងត្រូវគេផ្ដន្ទាទោស។ 22 រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា អ្នកណាខឹងនឹងបងប្អូន អ្នកនោះនឹងត្រូវគេផ្ដន្ទាទោសដែរ។ អ្នកណាជេរប្រទេចផ្ដាសាបងប្អូន អ្នកនោះនឹងត្រូវក្រុមប្រឹក្សាជាន់ខ្ពស់ កាត់ទោស ហើយអ្នកណាត្មះតិះដៀលគេ អ្នកនោះនឹងត្រូវគេផ្ដន្ទាទោសធ្លាក់ក្នុងភ្លើងនរកអវីចី។ 23 ដូចេ្នះ កាលណាអ្នកយកតង្វាយទៅថ្វាយព្រះជាម្ចាស់ ហើយនៅទីនោះ អ្នកនឹកឃើញថាបងប្អូនណាម្នាក់មានទំនាស់នឹងអ្នក 24 ចូរទុកតង្វាយរបស់អ្នក នៅកន្លែងថ្វាយតង្វាយ ហើយទៅស្រុះស្រួលនឹងបងប្អូនរបស់អ្នកជាមុនសិន រួចសឹមវិលមកថ្វាយតង្វាយរបស់អ្នកវិញ។ 25 កាលណាអ្នកធ្វើដំណើរទៅតុលាការជាមួយគូវិវាទរបស់អ្នក ចូរស្រុះស្រួលជាមួយអ្នកនោះជាប្រញាប់ ក្រែងលោគេបញ្ជូនអ្នកទៅចៅក្រម ចៅក្រមបញ្ជូនអ្នកទៅនគរបាល ហើយអ្នកត្រូវជាប់គុក។ 26 ខ្ញុំសុំប្រាប់អោយអ្នកដឹងច្បាស់ថា ដរាបណាអ្នកមិនបានបង់ប្រាក់ពិន័យគ្រប់ចំនួន ឥតខ្វះមួយសេនទេនោះ អ្នកនឹងមិនរួចខ្លួនឡើយ»។ 27 «អ្នករាល់គ្នាធ្លាប់ឮសេចក្ដីថ្លែងទុកមកថា "កុំប្រព្រឹត្ដអំពើផិតក្បត់"។ 28 រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា អ្នកណាមើលស្ដ្រីម្នាក់ ហើយមានចិត្ដស្រើបស្រាលចង់រួមបវេណីជាមួយនាង អ្នកនោះដូចជាបានប្រព្រឹត្ដអំពើផិតក្បត់ជាមួយនាង នៅក្នុងចិត្ដរបស់ខ្លួន រួចស្រេចទៅហើយ។ 29 ប្រសិនបើភ្នែកស្ដំារបស់អ្នក នាំអ្នកអោយប្រព្រឹត្ដអំពើបាប ចូរខ្វេះចេញហើយបោះចោលអោយឆ្ងាយពីអ្នកទៅ បើអ្នកបាត់ភ្នែកតែមួយនេះ ប្រសើរជាងបណ្ដោយអោយរូបកាយទាំងមូលធ្លាក់ទៅក្នុងនរក។ 30 ប្រសិនបើដៃស្ដំារបស់អ្នក នាំអ្នកអោយប្រព្រឹត្ដអំពើបាប ចូរកាត់វា ហើយបោះចោលអោយឆ្ងាយពីអ្នកទៅ បើអ្នកបាត់តែអវយវៈមួយនេះ ប្រសើរជាងបណ្ដោយអោយរូបកាយទាំងមូលធ្លាក់ទៅក្នុងនរក»។ 31 «មានសេចក្ដីថ្លែងទុកមកថា "បុរសណាលែងភរិយា ត្រូវធ្វើលិខិតលែងលះអោយនាង" 32 រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា បុរសណាលែងភរិយារបស់ខ្លួន (លើកលែងតែរួមរស់ជាមួយគ្នា ដោយឥតបានរៀបការ) បុរសនោះធ្វើអោយនាងទៅជាស្ដ្រីផិតក្បត់ ប្រសិនបើនាងរៀបការម្ដងទៀត។ រីឯបុរសណារៀបការនឹងស្ដ្រីប្ដីលែង បុរសនោះក៏ប្រព្រឹត្ដអំពើផិតក្បត់ដែរ»។ 33 «អ្នករាល់គ្នាធ្លាប់បានឮសេចក្ដីដែលមានថ្លែងប្រាប់បុព្វបុរស ថាៈ " កុំបំភ្លេចពាក្យសម្បថចោលឡើយ។ ត្រូវតែធ្វើតាមគ្រប់ពាក្យដែលអ្នកបានស្បថនឹងព្រះអម្ចាស់"។ 34 រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា កុំស្បថអោយសោះ កុំស្បថដោយយកមេឃជាសាក្សីឡើយ ព្រោះមេឃជាបល្ល័ង្ករបស់ព្រះជាម្ចាស់ 35 ក៏កុំស្បថដោយយកផែនដីជាសាក្សីដែរ ព្រោះផែនដីជាកំណល់ទ្រព្រះបាទារបស់ព្រះអង្គ។ កុំស្បថដោយយកក្រុងយេរូសាឡឹម ជាសាក្សី ព្រោះយេរូសាឡឹមជាក្រុងរបស់ព្រះមហាក្សត្រដ៏ឧត្ដម។ 36 កុំស្បថដោយយក ក្បាលអ្នកជាសាក្សី ព្រោះអ្នកពុំអាចធ្វើអោយសក់របស់អ្នកទៅជា ស ឬ ខ្មៅបានឡើយ សូម្បីតែមួយសរសៃក៏ពុំបានផង។ 37 ត្រូវនិយាយអោយទៀងទាត់ បើ "មែន" អោយប្រាកដជា "មែន"បើ "ទេ" អោយប្រាកដជា"ទេ"។ រីឯពាក្យពន្លើស សុទ្ធតែមកពីមារកំណាចទាំងអស់»។ 38 «អ្នករាល់គ្នាធ្លាប់បានឮសេចក្តីថ្លែង ទុកមកថា "ប្រសិនបើគេវាយភ្នែកអ្នកម្ខាង ត្រូវវាយភ្នែកគេតែម្ខាងវិញ ប្រសិនបើគេវាយអ្នកបាក់ធ្មេញមួយ ត្រូវវាយគេអោយបាក់ធ្មេញតែមួយដែរ"។ 39 រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា កុំតបតនឹងមនុស្សកំណាចអោយសោះ បើមានគេទះកំផ្លៀងស្ដំារបស់អ្នក ចូរបែរអោយគេទះម្ខាងទៀតទៅ។ 40 បើមានគេប្ដឹងចង់បានអាវក្នុងរបស់អ្នក ចូរអោយគេយកអាវធំថែមទៀតទៅ។ 41 បើមានគេបង្ខំអ្នកអោយធ្វើដំណើរមួយយោជន៍ ចូរទៅពីរយោជន៍ជាមួយគេចុះ។ 42 អ្នកណាសុំអ្វីពីអ្នក ចូរអោយគេទៅ ហើយកុំគេចមុខចេញពីអ្នកដែលសុំខ្ចីអ្វីៗពីអ្នកដែរ»។ 43 «អ្នករាល់គ្នាធ្លាប់បានឮសេចក្ដីថ្លែងទុកមកថា "ចូរស្រឡាញ់បងប្អូនឯទៀតៗ ហើយស្អប់ខ្មាំងសត្រូវរបស់អ្នក"។ 44 រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា ចូរស្រឡាញ់ ខ្មាំងសត្រូវរបស់អ្នករាល់គ្នា ព្រមទាំងទូលអង្វរព្រះជាម្ចាស់ សូមព្រះអង្គប្រទានពរអោយអស់អ្នកដែលបៀតបៀនអ្នករាល់គ្នាផង។ 45 ធ្វើដូច្នេះ អ្នករាល់គ្នានឹងបានទៅជាបុត្រ របស់ព្រះបិតាដែលគង់នៅស្ថានបរមសុខ ដ្បិតព្រះអង្គប្រទានអោយព្រះអាទិត្យរបស់ព្រះអង្គរះ បំភ្លឺ ទាំងមនុស្សអាក្រក់ ទាំងមនុស្សល្អ ហើយទ្រង់ប្រទានទឹកភ្លៀង អោយទាំងមនុស្សសុចរិត ទាំងមនុស្សទុច្ចរិតផងដែរ។ 46 ប្រសិនបើអ្នករាល់គ្នា ស្រឡាញ់តែអស់អ្នកដែលស្រឡាញ់អ្នករាល់គ្នា តើនឹងទទួលរង្វាន់អ្វី? សូម្បីតែអ្នកទារពន្ធ ក៏ចេះស្រឡាញ់គ្នាគេដែរ។ 47 បើអ្នករាល់គ្នារាប់រកតែបងប្អូនរបស់ខ្លួនប៉ុណ្ណោះ តើមានអ្វីអស្ចារ្យ? សូម្បីតែសាសន៍ដទៃក៏ប្រព្រឹត្ដ ដូច្នោះដែរ។ 48 ព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានបរមសុខទ្រង់គ្រប់លក្ខណ៍យ៉ាង ណា សុំអោយអ្នករាល់គ្នាបានគ្រប់លក្ខណ៍យ៉ាងនោះដែរ»។

ម៉ាកុស 6

1 «កុំធ្វើបុណ្យទាន នៅមុខមនុស្សម្នា ដើម្បីអោយតែគេឃើញនោះឡើយ។ ធ្វើបែបនេះអ្នករាល់គ្នាពុំបានទទួលរង្វាន់អ្វីពីព្រះបិតារបស់ អ្នករាល់គ្នាដែលគង់នៅស្ថានបរមសុខ ទេ។ 2 ពេលណាអ្នកធ្វើទានដល់ជនក្រីក្រ កុំស្រែកប្រកាសក្ដែងៗដូចពួកមានពុតតែងធ្វើនៅក្នុងសាលាប្រជុំ ឬ នៅតាមដងផ្លូវ ដើម្បីអោយមនុស្សម្នាកោតសរសើរនោះឡើយ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាអោយដឹងច្បាស់ថា អ្នកទាំងនោះបានទទួលរង្វាន់របស់គេហើយ។ 3 រីឯអ្នកវិញ កាលណាដៃស្ដំាអ្នកធ្វើទាន មិនបាច់អោយដៃឆ្វេងដឹងឡើយ 4 ដើម្បីអោយទានរបស់អ្នកនៅ ស្ងាត់កំបាំង ហើយព្រះបិតារបស់អ្នក ទតឃើញអំពើដែលអ្នកធ្វើនៅក្នុងទីស្ងាត់កំបាំង ទ្រង់នឹងប្រទានរង្វាន់មកអ្នកវិញ»។ 5 « កាលណាអ្នករាល់គ្នាអធិស្ឋាន កុំធ្វើដូចពួកអ្នកមានពុត ដែលចូលចិត្ដឈរអធិស្ឋាន នៅក្នុងសាលាប្រជុំ និង នៅត្រង់ថ្នល់កែង ដើម្បីអោយមនុស្សម្នាឃើញនោះឡើយ។ ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា ពួកទាំងនោះបាន ទទួលរង្វាន់របស់គេហើយ។ 6 រីឯអ្នកវិញ កាលណាអ្នកអធិស្ឋាន ត្រូវចូលទៅក្នុងបន្ទប់ បិទទ្វារអោយជិត ហើយទូលទៅកាន់ ព្រះបិតារបស់អ្នកដែលគង់នៅក្នុងទីស្ងាត់កំបាំង។ ព្រះបិតារបស់អ្នកដែលទតឃើញនៅក្នុងទី ស្ងាត់កំបាំង ទ្រង់នឹងប្រទានរង្វាន់មកអ្នកជាពុំខាន។ 7 ពេលទូលទៅព្រះបិតា កុំពោលពាក្យច្រំដែលៗឥតប្រយោជន៍ ដូចសាសន៍ដទៃនោះឡើយ។ គេនឹកស្មានថា បើពោលពាក្យយ៉ាងច្រើនដូច្នេះ ព្រះរបស់គេនឹងស្ដាប់គេ។ 8 កុំធ្វើដូចគេឡើយ ដ្បិតព្រះបិតារបស់អ្នករាល់គ្នាជ្រាបនូវអ្វីៗដែលអ្នករាល់គ្នាត្រូវការ មុនអ្នករាល់គ្នាទូលសូមព្រះអង្គទៅទៀត។ 9 អ្នករាល់គ្នាត្រូវទូលព្រះអង្គដូចតទៅៈ ឱព្រះបិតានៃយើងខ្ញុំ ដែលគង់នៅស្ថានបរមសុខ អើយ! 10 សូមសំដែងព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ អោយមនុស្សលោកស្គាល់ សូមអោយព្រះរាជ្យ ព្រះអង្គបានមកដល់ សូមអោយព្រះហឫទ័យរបស់ព្រះអង្គ បានសំរេចនៅលើផែនដី ដូចនៅស្ថានបរមសុខដែរ។ 11 សូមប្រទានអាហារ ដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ។ 12 សូមអត់ទោសអោយយើងខ្ញុំ ដូចយើងខ្ញុំអត់ទោសអោយ អស់អ្នកដែលបានប្រព្រឹត្ដខុសនឹងយើងខ្ញុំ។ 13 សូមកុំបណ្ដោយអោយយើងខ្ញុំចាញ់ការល្បួងឡើយ តែសូមរំដោះយើងខ្ញុំអោយរួចពីមារ កំណាច ចាដ្បិតព្រះអង្គគ្រងរាជ្យ ទ្រង់មានឫទ្ធានុភាព និង សិរីរុងរឿង អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន។ 14 បើអ្នករាល់គ្នាអត់ទោសអោយមនុស្សលោក ព្រះបិតារបស់អ្នករាល់គ្នានៅស្ថានបរមសុខ ក៏អត់ទោសអោយអ្នករាល់គ្នាដែរ។ 15 ប៉ុន្ដែ បើអ្នករាល់គ្នាមិនអត់ទោសអោយមនុស្សលោកទេនោះ ព្រះបិតារបស់អ្នករាល់គ្នា ក៏មិនអត់ទោសអោយអ្នករាល់គ្នាដែរ»។ 16 «កាលណាអ្នករាល់គ្នាតមអាហារ កុំធ្វើមុខក្រៀមដូចពួកអ្នកមានពុតនោះឡើយ។ ពួកគេបង្ហាញទឹកមុខអោយអ្នកដទៃឃើញ ថាខ្លួនតមអាហារ។ ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា អ្នកទាំងនោះបានទទួលរង្វាន់របស់គេហើយ។ 17 រីឯអ្នកវិញ កាលណាអ្នកតមអាហារ ត្រូវលាបទឹកអប់លើក្បាល ហើយលុបមុខផង 18 កុំអោយមនុស្សម្នាឃើញថាអ្នកតមឡើយ គឺអោយតែព្រះបិតារបស់អ្នក ដែលគង់នៅក្នុងទីស្ងាត់កំបាំងទតឃើញប៉ុណ្ណោះ ពេលនោះ ព្រះបិតារបស់អ្នកដែលទតឃើញនៅក្នុងទីស្ងាត់កំបាំង នឹងប្រទានរង្វាន់មកអ្នកជាមិនខាន»។ 19 «កុំសន្សំទ្រព្យសម្បត្ដិទុកសំរាប់ខ្លួន នៅលើផែនដីជាកន្លែងដែលមានកណ្ដៀរ និង ច្រែះស៊ី ជាកន្លែងដែលមានចោរទម្លាយជញ្ជាំងចូលមកលួចប្លន់នោះអោយសោះ។ 20 ចូរប្រមូលទ្រព្យសម្បត្ដិទុកនៅស្ថានបរមសុខ វិញ ជាស្ថានដែលគ្មានកណ្ដៀរ និង ច្រែះស៊ីជាស្ថានដែលគ្មាន ចោរទម្លាយជញ្ជាំងចូលមកលួចប្លន់ឡើយ 21 ដ្បិតទ្រព្យសម្បត្ដិអ្នកនៅកន្លែងណា ចិត្ដរបស់អ្នកក៏នៅកន្លែងនោះដែរ»។ 22 «ភ្នែកប្រៀបបាននឹងចង្កៀងរបស់រូបកាយ បើភ្នែកអ្នកនៅភ្លឺល្អ រូបកាយអ្នកទាំងមូលក៏ភ្លឺដែរ 23 តែបើភ្នែកអ្នកងងឹតវិញ រូបកាយអ្នកទាំងមូលក៏ងងឹតដែរ។ ប្រសិនបើពន្លឺនៅក្នុងអ្នកត្រឡប់ទៅជាងងឹតប៉ុណ្ណឹងទៅហើយ នោះមិនដឹងជាសេចក្ដីងងឹតនឹងទៅជាសូន្យសុង ដល់កំរិតណាទៀតទេ»។ 24 «គ្មានអ្នកណាម្នាក់អាចបំរើម្ចាស់ពីរបានទេ ព្រោះអ្នកនោះនឹងស្អប់មួយ ស្រឡាញ់មួយ ស្មោះត្រង់នឹងម្នាក់ មើលងាយម្នាក់ទៀត ជាពុំខាន។ អ្នករាល់គ្នាក៏ពុំអាចគោរពបំរើព្រះជាម្ចាស់ផង ហើយគោរពបំរើទ្រព្យសម្បត្ដិ ទុកជាព្រះផងបានឡើយ»។ 25 «ហេតុនេះហើយបានជាខ្ញុំសុំប្រាប់អ្នករាល់គ្នា កុំអោយខ្វល់ខ្វាយអំពីម្ហូបអាហារសំរាប់ចិញ្ចឹមជីវិតឬសម្លៀកបំពាក់សំរាប់បិទបាំងកាយឡើយ។ ជីវិតមានតម្លៃលើសម្ហូបអាហារ ហើយរូបកាយក៏មានតម្លៃលើសសម្លៀកបំពាក់ទៅទៀត។ 26 ចូររំពៃមើលបក្សាបក្សីនៅលើមេឃ វាមិនដែលសាបព្រោះ មិនដែលច្រូតកាត់ មិនដែលប្រមូលស្រូវដាក់ជង្រុកឡើយ ប៉ុន្ដែ ព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានបរមសុខ ទ្រង់ចិញ្ចឹមវា។ រីឯអ្នករាល់គ្នា អ្នករាល់គ្នាមានតម្លៃលើសបក្សាបក្សីទាំងនោះទៅទៀត។ 27 ក្នុងចំណោមអ្នករាល់គ្នា ទោះបីខំខ្វល់ខ្វាយយ៉ាងណា ក៏ដោយ ក៏គ្មាននរណាអាចនឹងបង្កើនអាយុរបស់ខ្លួន អោយវែងបានដែរ សូម្បីតែបន្ដិចក៏មិនបានផង។ 28 ហេតុដូចម្ដេច បានជាអ្នករាល់គ្នាខ្វល់ខ្វាយអំពីសម្លៀកបំពាក់? ចូរសង្កេតមើលផ្កានៅតាមវាល វាដុះឡើងយ៉ាងណា។ វាមិនដែលធ្វើការនឿយហត់ ឬ ត្បាញរវៃឡើយ 29 ប៉ុន្ដែ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា សូម្បីតែព្រះបាទសាឡូម៉ូន កាលពីជំនាន់ដែលទ្រង់មានសិរីរុងរឿងដ៏ប្រសើរបំផុតនោះក៏ដោយ ក៏ទ្រង់គ្មានព្រះភូសាល្អស្មើនឹងផ្កាមួយទងនេះផង។ 30 មនុស្សមានជំនឿតិចអើយ! ប្រសិនបើព្រះជាម្ចាស់ផ្ដល់សំរស់អោយផ្កាដែលរីកនៅតាមវាលថ្ងៃនេះ តែថ្ងៃស្អែក ត្រូវគេដុតចោលយ៉ាងហ្នឹងទៅហើយ តើព្រះអង្គនឹងទំនុកបំរុងអ្នករាល់គ្នាលើសនេះយ៉ាងណាទៅទៀត?។ 31 ហេតុនេះ កុំខ្វល់ខ្វាយ ដោយពោលថា "យើងនឹងមានអ្វីបរិភោគ មានអ្វីស្លៀកពាក់?" នោះឡើយ 32 ដ្បិតមានតែសាសន៍ដទៃប៉ុណ្ណោះទេ ដែលខំស្វះស្វែងរករបស់ទាំងនោះ។ រីឯព្រះបិតាដែលគង់នៅស្ថានបរមសុខ ទ្រង់ជ្រាបនូវអ្វីៗដែលអ្នករាល់គ្នាត្រូវការ។ 33 ចូរស្វែងរកព្រះរាជ្យ របស់ព្រះជាម្ចាស់ និង សេចក្ដីសុចរិត របស់ព្រះអង្គជាមុនសិន ទើបព្រះអង្គប្រទានរបស់ទាំងនោះមកអ្នករាល់គ្នាថែមទៀត។ 34 កុំខ្វល់ខ្វាយអំពីហេតុការណ៍ដែលនឹងកើតមាននៅថ្ងៃស្អែកឡើយ ចាំស្អែកសឹមគិតពីរឿងថ្ងៃស្អែកទៅ! បើមានការលំបាកកើតឡើងនៅថ្ងៃណា ត្រូវដោះស្រាយសំរាប់តែថ្ងៃនោះបានហើយ»។

ម៉ាកុស 7

1 «កុំថ្កោលទោសអ្នកដទៃអោយសោះ ដើម្បីកុំអោយព្រះជាម្ចាស់ថ្កោលទោសអ្នករាល់គ្នា 2 បើអ្នករាល់គ្នាថ្កោលទោសគេយ៉ាងណា ព្រះជាម្ចាស់ក៏នឹងថ្កោលទោសអ្នករាល់គ្នាយ៉ាងនោះដែរ។ ព្រះអង្គនឹងវាល់អោយអ្នករាល់គ្នា តាមរង្វាល់ដែលអ្នករាល់គ្នាវាល់អោយអ្នកដទៃ។ 3 ហេតុអ្វីបានជាអ្នកមើលឃើញល្អងធូលីនៅក្នុងភ្នែកបងប្អូន តែមើលមិនឃើញធ្នឹមនៅក្នុងភ្នែករបស់អ្នកដូច្នេះ? 4 បើមានធ្នឹមនៅក្នុងភ្នែករបស់អ្នក ម្ដេចក៏អ្នកនិយាយទៅបងប្អូនថា "ទុកអោយខ្ញុំផ្ដិតយកល្អងធូលី ចេញពីភ្នែកអ្នក"! 5 មនុស្សមានពុតអើយ! ចូរយកធ្នឹមចេញពីភ្នែកអ្នកជាមុនសិន ទើបអ្នកមើលឃើញច្បាស់ ល្មមនឹងផ្ដិតយកល្អងធូលីចេញពីភ្នែករបស់បងប្អូនអ្នកបាន។ 6 កុំយកអ្វីៗដែលជារបស់វិសុទ្ធ ទៅអោយឆ្កែឡើយ ហើយក៏កុំបោះត្បូងពេជ្ររបស់អ្នករាល់គ្នានៅមុខជ្រូកដែរ ក្រែងលោវាជាន់ឈ្លី រួចបែរមកត្របាក់ខំាអ្នករាល់គ្នាវិញ»។ 7 « ចូរសុំ នោះព្រះជាម្ចាស់នឹងប្រទានអោយអ្នករាល់គ្នា ចូរស្វែងរក នោះអ្នករាល់គ្នានឹងបានឃើញ ចូរគោះទ្វារ នោះព្រះអង្គនឹងបើកអោយអ្នករាល់គ្នាជាពុំខាន 8 ដ្បិតអ្នកណាសុំ អ្នកនោះរមែងតែងតែបានទទួល អ្នកណាស្វែងរក អ្នកនោះរមែងតែងតែបានឃើញ ហើយគេតែងតែបើកទ្វារអោយអ្នកដែលគោះ។ 9 ក្នុងចំណោមអ្នករាល់គ្នា បើកូនសុំនំបុ័ងមិនដែលមាននរណាយកដុំថ្មអោយវាឡើយ 10 ហើយបើកូនសុំត្រី ក៏មិនដែលមាននរណាយកពស់អសិរពិសអោយវាដែរ។ 11 សូម្បីតែអ្នករាល់គ្នា ដែលជាមនុស្សអាក្រក់ ក៏ចេះអោយរបស់ល្អៗទៅកូន ចុះចំណង់បើព្រះបិតារបស់អ្នករាល់គ្នា ដែលគង់នៅស្ថានបរមសុខ តើព្រះអង្គនឹងប្រទានអ្វីៗដ៏ល្អៗអោយអស់អ្នកដែលទូលសូមពីព្រះអង្គ យ៉ាងណាទៅទៀត!»។ 12 «ដូច្នេះ បើអ្នករាល់គ្នាចង់អោយអ្នកដទៃប្រព្រឹត្ដចំពោះខ្លួនបែបណា ត្រូវប្រព្រឹត្ដចំពោះគេបែបនោះដែរ។ គម្ពីរវិន័យ និង គម្ពីរព្យាការីមានចែងទុកមកដូច្នេះឯង។ 13 ចូរនាំគ្នាចូលតាមទ្វារចង្អៀត ដ្បិតទ្វារដែលនាំទៅរកសេចក្ដីវិនាសអន្ដរាយ ធំណាស់ ហើយផ្លូវទៅរកសេចកី្ដវិនាស ក៏ទូលាយដែរ មានមនុស្សជាច្រើនចូលតាមទ្វារនោះ។ 14 រីឯទ្វារដែលនាំទៅរកជីវិត ចង្អៀតហើយពិបាកដើរផង មានមនុស្សតិចទេរកផ្លូវនោះឃើញ»។ 15 «ចូរប្រយ័ត្ននឹងពួកព្យាការី ក្លែងក្លាយ គេក្លែងខ្លួនមករកអ្នករាល់គ្នា ដោយពាក់ស្បែកចៀម តែគេមានចិត្ដសាហាវដូចចចក។ 16 អ្នករាល់គ្នាអាចស្គាល់គេបាន តាមអំពើដែលគេប្រព្រឹត្ដ។ ពុំដែលមាននរណាបេះផ្លែទំពំាងបាយជូរ និង ផ្លែឧទុម្ពរ ពីគុម្ពបន្លាឡើយ។ 17 ដើមឈើល្អតែងផ្ដល់ផ្លែល្អ រីឯដើមឈើអាក្រក់ តែងផ្ដល់ផ្លែអាក្រក់។ 18 ដើមឈើល្អមិនអាចផ្ដល់ផ្លែអាក្រក់ទេ រីឯដើមឈើអាក្រក់ក៏មិនអាចផ្ដល់ផ្លែល្អបានដែរ។ 19 ដើមឈើណាមិនផ្ដល់ផ្លែល្អ គេនឹងកាប់យកទៅដុត។ 20 រីឯពួកព្យាការីក្លែងក្លាយក៏ដូច្នោះដែរ អ្នករាល់គ្នាអាចស្គាល់គេបាន តាមអំពើដែលគេប្រព្រឹត្ដ»។ 21 « អ្នកដែលចូលទៅក្នុងព្រះរាជ្យ នៃស្ថានបរមសុខ មិនមែនជាអ្នកដែលគ្រាន់តែហៅខ្ញុំថា "ព្រះអម្ចាស់! ព្រះអម្ចាស់!" ប៉ុណ្ណោះទេ គឺជាអ្នកដែលធ្វើតាមព្រះហឫទ័យរបស់ព្រះបិតាខ្ញុំ ដែលគង់នៅស្ថានបរមសុខនោះវិញ។ 22 នៅថ្ងៃនោះ នឹងមានមនុស្សជាច្រើនពោលមកខ្ញុំថា "ព្រះអម្ចាស់ ព្រះអម្ចាស់អើយ! យើងខ្ញុំធ្លាប់ថ្លែងព្រះបន្ទូលក្នុងព្រះនាមព្រះអង្គ យើងខ្ញុំធ្លាប់ដេញអារក្សក្នុងព្រះនាមព្រះអង្គ ហើយយើងខ្ញុំក៏ធ្លាប់ធ្វើការអស្ចារ្យជាច្រើន ក្នុងព្រះនាមព្រះអង្គដែរ"។ 23 ពេលនោះ ខ្ញុំនឹងប្រកាសប្រាប់អ្នករាល់គ្នាថា "ពួកអ្នកប្រព្រឹត្ដ អំពើទុច្ចរិតអើយ! ចូរថយចេញអោយឆ្ងាយពីខ្ញុំទៅ ខ្ញុំមិនដែលស្គាល់អ្នករាល់គ្នាទេ!" »។ 24 «អ្នកណាស្ដាប់ពាក្យខ្ញុំនេះ ហើយប្រព្រឹត្ដតាមអ្នកនោះប្រៀបបានទៅនឹងមនុស្ស ឈ្លាសវៃម្នាក់ ដែលបានសង់ផ្ទះរបស់ខ្លួននៅលើផ្ទាំងថ្ម។ 25 ទោះបីភ្លៀងបង្អុរចុះមក ហើយមានទឹកជន់ មានខ្យល់បក់បោកប៉ះនឹងផ្ទះនោះយ៉ាងណាក៏ដោយ ក៏ផ្ទះនោះមិនរលំដែរព្រោះមានគ្រឹះនៅលើផ្ទាំងថ្ម។ 26 រីឯអ្នកដែលស្ដាប់ពាក្យខ្ញុំនេះ តែមិនប្រព្រឹត្ដតាម ប្រៀបបានទៅនឹងមនុស្សឆោតល្ងង់ម្នាក់ ដែលបានសង់ផ្ទះរបស់ខ្លួននៅលើដីខ្សាច់ 27 ពេលភ្លៀងបង្អុរចុះមក ហើយមានទឹកជន់មានខ្យល់បក់បោកប៉ះនឹងផ្ទះនោះ ផ្ទះនោះរលំបាក់បែកខ្ទេចអស់គ្មានសល់»។ 28 កាលព្រះយេស៊ូមានព្រះបន្ទូលទាំងនេះ ចប់សព្វគ្រប់ហើយ មហាជនងឿងឆ្ងល់យ៉ាងខ្លាំងអំពីសេចក្ដីដែលព្រះអង្គប្រៀនប្រដៅ 29 ព្រោះព្រះអង្គមានព្រះបន្ទូលប្រកបដោយអំណាច ខុសប្លែកពីពួកអាចារ្យ របស់ពួកគេ។

ម៉ាកុស 8

1 កាលព្រះយេស៊ូយាងចុះពីលើភ្នំមកវិញ មានមហាជនជាច្រើននាំគ្នាដើរតាមព្រះអង្គ។ 2 ពេលនោះ មានមនុស្សឃ្លង់ម្នាក់ចូលមកក្រាបថ្វាយបង្គំព្រះអង្គទូលថា៖ «លោកម្ចាស់អើយ! ប្រសិនបើលោកមិនយល់ទាស់ទេ សូមប្រោសខ្ញុំប្របាទអោយជាស្អាតបរិសុទ្ធ ផង»។ 3 ព្រះយេស៊ូលូកព្រះហស្ដទៅពាល់គាត់ ទាំងមានព្រះបន្ទូលថា៖ «ខ្ញុំយល់ព្រមហើយចូរអោយបានជាស្អាតបរិសុទ្ធចុះ»។ រំពេចនោះ គាត់ក៏បានជាស្អាតបរិសុទ្ធពីរោគឃ្លង់ភ្លាម។ 4 ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ចូរប្រយ័ត្នអោយមែនទែន កុំនិយាយប្រាប់អោយនរណាដឹងរឿងនេះឡើយ ផ្ទុយទៅវិញ ត្រូវទៅបង្ហាញខ្លួនដល់លោកបូជាចារ្យ ហើយថ្វាយតង្វាយដូចលោកម៉ូសេ បានបង្គាប់មក ដើម្បីជាសក្ខីភាពបញ្ជាក់ថាអ្នកបានជាមែន»។ 5 នៅពេលព្រះយេស៊ូយាងចូលក្រុងកាពើណិម មាននាយទាហានរ៉ូម៉ាំងម្នាក់ ចូលមកគាល់ព្រះអង្គ ទូលអង្វរថា៖ 6 «លោកម្ចាស់អើយ! អ្នកបំរើរបស់ខ្ញុំប្របាទដេកស្ដូកស្ដឹងនៅឯផ្ទះ ទាំងឈឺចុកចាប់យ៉ាងខ្លាំង»។ 7 ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំនឹងទៅមើលគាត់អោយបានជា»។ 8 នាយទាហានទូលព្រះអង្គថា៖ «លោកម្ចាស់ ខ្ញុំប្របាទមានឋានៈទន់ទាបណាស់ មិនសមនឹងលោកអញ្ជើញចូលក្នុងផ្ទះខ្ញុំប្របាទទេ សូមលោកមានប្រសាសន៍តែមួយម៉ាត់ប៉ុណ្ណោះ អ្នកបំរើរបស់ខ្ញុំប្របាទនឹងជាសះស្បើយមិនខាន។ 9 ខ្ញុំប្របាទជាអ្នកនៅក្រោមបញ្ជាគេ ហើយមានកូនទាហាននៅក្រោមបញ្ជាខ្ញុំប្របាទដែរ បើខ្ញុំប្របាទបញ្ជាអ្នកណាម្នាក់អោយទៅ គេនឹងទៅ បើប្រាប់ម្នាក់ទៀតអោយមក គេនឹងមក។ ពេលខ្ញុំប្របាទប្រាប់អ្នកបំរើអោយធ្វើការអ្វីមួយ គេនឹងធ្វើតាម»។ 10 កាលព្រះយេស៊ូទ្រង់ព្រះសណ្ដាប់ដូច្នេះហើយ ព្រះអង្គស្ងើចសរសើរណាស់ក៏មានព្រះបន្ទូលទៅកាន់អស់អ្នកដែលដើរតាមព្រះអង្គថា៖ «ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា ខ្ញុំមិនដែលឃើញនរណាមានជំនឿបែបនេះ នៅស្រុកអ៊ីស្រាអែលឡើយ។ 11 ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា នឹងមានមនុស្សជាច្រើន ពីទិសខាងកើត និង ទិសខាងលិច មកចូលរួមពិធីជប់លៀង ក្នុង~ព្រះរាជ្យ ~នៃស្ថានបរមសុខ ជាមួយលោកអប្រាហាំ លោកអ៊ីសាក និង លោកយ៉ាកុប។ 12 រីឯអស់អ្នកដែលត្រូវចូលក្នុងព្រះរាជ្យព្រះជាម្ចាស់បែរជាដេញអោយទៅនៅខាងក្រៅក្នុងទីងងឹត ជាកន្លែងដែលគេយំសោក ខឹងសង្កៀតធ្មេញ»។ 13 បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលទៅនាយទាហានរ៉ូមុំាងថា៖«អញ្ជើញត្រឡប់ទៅវិញទៅសុំអោយបានសំរេចតាមជំនឿរបស់លោកចុះ!»។ អ្នកបំរើក៏បានជាសះស្បើយនៅពេលនោះ។ 14 បន្ទាប់មកទៀត ព្រះយេស៊ូយាងទៅផ្ទះលោកពេត្រុស ទតឃើញម្ដាយក្មេករបស់គាត់កំពុងគ្រុនសំរាន្ដនៅលើគ្រែ។ 15 ព្រះអង្គពាល់ដៃគាត់ គាត់ក៏បាត់គ្រុន ហើយក្រោកឡើងបំរើព្រះអង្គ។ 16 លុះដល់ល្ងាច គេនាំមនុស្សអារក្សចូលជាច្រើននាក់មករកព្រះអង្គ ព្រះអង្គក៏ដេញវិញ្ញាណទាំងនោះដោយមានព្រះបន្ទូល ហើយប្រោសអ្នកជំងឺអោយបានជាគ្រប់ៗគ្នា 17 ស្របនឹងសេចក្ដីដែលមានចែងទុកតាមរយៈព្យាការី អេសាយថា៖ «ព្រះអង្គបានទទួលយកភាពពិការរបស់យើង ហើយព្រះអង្គក៏ទទួលយកជំងឺរបស់យើងដែរ»។ 18 កាលព្រះយេស៊ូឃើញបណ្ដាជនចោមរោមព្រះអង្គ ទ្រង់ក៏បញ្ជាអោយគេចេញ ទូកទៅត្រើយម្ខាង។ 19 ពេលនោះ មានអាចារ្យ ម្នាក់ចូលមកជិតព្រះអង្គទូលថា៖ «លោកគ្រូ! ខ្ញុំប្របាទសុខចិត្ដទៅតាមលោកទោះបីលោកអញ្ជើញទៅទីណាក៏ដោយ»។ 20 ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់វិញថា៖ «សត្វកញ្ជ្រោងមានរូងរបស់វា បក្សាបក្សីក៏មានសំបុករបស់វាដែរ រីឯបុត្រមនុស្សវិញ គ្មានទីជំរកសំរាកសោះឡើយ»។ 21 មានសិស្សមួយរូបទៀតទូលព្រះអង្គថា៖ «លោកម្ចាស់ សូមលោកអនុញ្ញាតអោយខ្ញុំប្របាទត្រឡប់ទៅបញ្ចុះសពឪពុកសិន»។ 22 ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សុំអញ្ជើញមកតាមខ្ញុំ ទុកអោយមនុស្សស្លាប់បញ្ចុះសពគ្នាគេចុះ»។ 23 ព្រះយេស៊ូយាងចុះទូក ហើយពួកសិស្ស នាំគ្នាទៅជាមួយព្រះអង្គដែរ។ 24 ពេលនោះ មានខ្យល់ព្យុះបក់បោកមកលើសមុទ្រយ៉ាងខ្លាំង បណ្ដាលអោយរលកជះមកគ្របពីលើទូក។ រីឯព្រះយេស៊ូវិញ ទ្រង់ផ្ទំលក់។ 25 ពួកសិស្ស ចូលទៅជិតដាស់ព្រះអង្គថា៖ «លោកម្ចាស់អើយ! សូមជួយផង យើងស្លាប់ឥឡូវហើយ»។ 26 ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «មនុស្សមានជំនឿតិចអើយ! ហេតុអ្វីបានជាអ្នករាល់គ្នាភិតភ័យដូច្នេះ?»។ ព្រះអង្គក្រោកឈរឡើង មានព្រះបន្ទូលគំរាមខ្យល់ព្យុះ និង សមុទ្រ ពេលនោះ សមុទ្រក៏ស្ងប់ឈឹង។ 27 ពួកសិស្សនាំគ្នាស្ងើចសរសើរ ហើយពោលថា៖ «តើលោកនេះមានឋានៈអ្វី បានជាខ្យល់ព្យុះ និង សមុទ្រ ស្ដាប់បង្គាប់លោកដូច្នេះ?»។ 28 កាលព្រះយេស៊ូ និង ពួកសិស្សបានទៅដល់ត្រើយម្ខាង ក្នុងតំបន់គេរ៉ាស៊ីន មានបុរសអារក្សចូលពីរនាក់ចេញពីទីបញ្ចុះសព ដើរតំរង់មករកព្រះអង្គ។ បុរសទាំងពីរនេះកាចណាស់ គ្មាននរណាហ៊ានដើរកាត់តាមនោះទេ។ 29 អ្នកទាំងពីរស្រែកឡើងថា៖ «ព្រះបុត្រារបស់ព្រះជាម្ចាស់អើយ! តើព្រះអង្គចង់ធ្វើអ្វីយើងខ្ញុំ? ព្រះអង្គយាងមកទីនេះ ដើម្បីធ្វើទុក្ខទោសយើងខ្ញុំ មុនពេលកំណត់ឬ?»។ 30 នៅឆ្ងាយពីនោះបន្ដិចមានជ្រូកមួយហ្វូងធំកំពុងរកស៊ី។ 31 ពួកអារក្សអង្វរព្រះយេស៊ូថា៖ «បើព្រះអង្គចង់ដេញយើងខ្ញុំ សូមបញ្ជូនយើងខ្ញុំអោយ ចូលទៅក្នុងជ្រូកមួយហ្វូងនេះទៅ»។ 32 ព្រះយេស៊ូមានព្រះបន្ទូលទៅអារក្សថា ៖ «ទៅចុះ!»។ ពួកអារក្សក៏ចេញពីបុរសទាំងពីរ ចូលទៅក្នុងជ្រូក។ ពេលនោះ ហ្វូងជ្រូកបោលចុះតាមជំរាលភ្នំតំរង់ទៅសមុទ្រ លង់ទឹកងាប់អស់ទៅ។ 33 អ្នកថែរក្សាហ្វូងជ្រូកនាំគ្នាយករឿងអស់ទាំងនេះរត់ទៅប្រាប់អ្នកភូមិ ព្រមទាំងរៀបរាប់ហេតុការណ៍អំពីបុរសអារក្សចូលទាំងពីរនាក់នោះផង។ 34 អ្នកភូមិទាំងអស់ក៏នាំគ្នាចេញមកជួបព្រះយេស៊ូ លុះបានឃើញហើយ គេអង្វរព្រះអង្គអោយចាកចេញពីស្រុកភូមិរបស់គេ។

ម៉ាកុស 9

1 បន្ទាប់មក ព្រះយេស៊ូយាងចុះទូកឆ្លងសមុទ្រ ទៅក្រុងរបស់ព្រះអង្គវិញ។ 2 ពេលនោះ មានគេសែងមនុស្សខ្វិនដៃខ្វិនជើងម្នាក់មករកព្រះអង្គ។ ព្រះយេស៊ូឈ្វេងយល់ជំនឿរបស់អ្នកទាំងនោះ ព្រះអង្គក៏មានព្រះបន្ទូលទៅកាន់អ្នកពិការថា ៖ "កូនអើយ!ចូរក្លាហានឡើង ខ្ញុំអត់ទោសអោយអ្នកបានរួចពីបាប ហើយ!"។ 3 ពួកអាចារ្យ ខ្លះឮដូច្នេះ ក៏នឹកក្នុងចិត្ដថា៖ «អ្នកនេះប្រមាថព្រះជាម្ចាស់!»។ 4 ព្រះយេស៊ូឈ្វេងយល់គំនិតអ្នកទាំងនោះ ទើបទ្រង់មានព្រះបន្ទូលថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាមានគំនិតអាក្រក់បែបនេះ? 5 បើខ្ញុំនិយាយថា "ខ្ញុំអត់ទោសអោយអ្នកបានរួចពីបាបហើយ" ឬថា " ចូរក្រោកឡើងដើរទៅចុះ" តើឃ្លាមួយណាស្រួលនិយាយជាង? 6 ប៉ុន្ដែ ខ្ញុំចង់អោយអ្នករាល់គ្នាដឹងថា បុត្រមនុស្សមានអំណាចអត់ទោសអោយមនុស្សនៅក្នុងលោកនេះបានរួចពីបាប»។ ព្រះអង្គក៏មានព្រះបន្ទូលទៅអ្នកខ្វិនថា៖ «ចូរក្រោកឡើងយកគ្រែស្នែងរបស់អ្នក ដើរទៅផ្ទះវិញទៅ!»។ 7 អ្នកខ្វិនក៏ក្រោកឡើងដើរត្រឡប់ទៅផ្ទះវិញ។ 8 កាលមហាជនបានឃើញដូច្នេះ គេស្ញែងខ្លាចជាខ្លាំង ទាំងនាំគ្នាលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ ដែលបានប្រោសប្រទានអំណាចដ៏អស្ចារ្យយ៉ាងនេះដល់មនុស្សលោក។ 9 កាលព្រះយេស៊ូយាងពីទីនោះទៅមុខបន្ដិច ព្រះអង្គទតឃើញបុរសម្នាក់ឈ្មោះម៉ាថាយ អង្គុយនៅកន្លែងយកពន្ធ ។ ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «សុំអញ្ជើញមកតាមខ្ញុំ»។ គាត់ក៏ក្រោកឡើង ដើរតាមព្រះអង្គទៅ។ 10 បន្ទាប់មក ព្រះអង្គសោយព្រះស្ងោយនៅផ្ទះលោកម៉ាថាយ មានអ្នកទារពន្ធ ព្រមទាំងមនុស្សបាបជាច្រើនមកអង្គុយរួមតុជាមួយព្រះយេស៊ូ និង ពួកសិស្សដែរ។ 11 ពួកខាងគណៈផារីស៊ី ឃើញដូច្នេះ គេនិយាយទៅកាន់សិស្សរបស់ព្រះអង្គថា៖ « ហេតុអ្វីបានជាគ្រូរបស់អ្នករាល់គ្នាបរិភោគជាមួយអ្នកទារពន្ធ និង មនុស្សបាប?»។ 12 ព្រះយេស៊ូឮដូច្នេះ ក៏មានព្រះបន្ទូលថា៖ «មនុស្សសុខភាពល្អមិនត្រូវការគ្រូពេទ្យទេ មានតែអ្នកជំងឺប៉ុណ្ណោះដែលត្រូវការ។ 13 ចូរអ្នករាល់គ្នាទៅរិះគិតមើល សេចក្ដីដែលមានចែងទុកមកថាៈ "យើងមិនចង់បានយញ្ញបូជាទេ គឺចង់បានតែសេចក្ដីមេត្ដាករុណាប៉ុណ្ណោះ" មានន័យដូចម្ដេច? ខ្ញុំមិនមែនមករកមនុស្សសុចរិតទេ គឺមករកមនុស្សបាប»។ 14 ពេលនោះ ពួកសិស្សរបស់លោកយ៉ូហានចូលមកគាល់ព្រះអង្គ ហើយទូលថា៖ «យើងខ្ញុំ និង ពួកខាងគណៈផារីស៊ី តមអាហារ ចុះហេតុដូចម្ដេចបានជាសិស្សរបស់លោកមិនតមដូច្នេះ?»។ 15 ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយទៅគេវិញថា៖ «ក្នុងពិធីមង្គលការ ពេលកូនកំឡោះនៅជាមួយ តើភ្ញៀវអាចកាន់ទុក្ខកើតឬទេ! ថ្ងៃក្រោយ ពេលគេចាប់ស្វាមីយកទៅ ទើបភ្ញៀវទាំងនោះតមអាហារវិញ។ 16 ពុំដែលមាននរណាយកក្រណាត់ថ្មី មកប៉ះសម្លៀកបំពាក់ចាស់ឡើយ ដ្បិតបំណះនឹងធ្វើអោយសម្លៀកបំពាក់នោះរហែកលើសដើមទៅទៀត។ 17 ពុំដែលមាននរណាច្រកស្រាទំពំាងបាយជូរថ្មី ទៅក្នុងថង់ស្បែកចាស់ដែរ បើធ្វើដូច្នេះថង់ស្បែកមុខជាធ្លាយ ស្រានឹងហូរចេញ ហើយថង់ស្បែកត្រូវខូចខាតមិនខាន។ គេតែងតែច្រកស្រាថ្មីទៅក្នុងថង់ស្បែកថ្មី ទើបទាំងស្រាទាំងថង់ស្បែកនៅគង់បាន»។ 18 កាលព្រះយេស៊ូកំពុងតែមានព្រះបន្ទូលទាំងនេះទៅគេ មាននាម៉ឺនម្នាក់ចូលមកក្រាបថ្វាយបង្គំព្រះអង្គទូលថា៖ «កូនស្រីរបស់ខ្ញុំប្របាទទើបនឹងផុតដង្ហើមថ្មីៗនេះ សូមលោកមេត្ដាអញ្ជើញទៅដាក់ដៃ លើនាង នាងនឹងមានជីវិតរស់ពុំខាន»។ 19 ព្រះយេស៊ូក្រោកឡើងយាងទៅជាមួយគាត់ ពួកសិស្ស ក៏ទៅជាមួយដែរ។ 20 មានស្ដ្រីម្នាក់កើតជំងឺធ្លាក់ឈាម ដប់ពីរឆ្នំាមកហើយ នាងមកពីក្រោយព្រះយេស៊ូ ហើយពាល់ជាយព្រះពស្ដ្រព្រះអង្គ 21 ដ្បិតនាងរិះគិតក្នុងចិត្ដថា «បើខ្ញុំគ្រាន់តែបានពាល់អាវលោក ខ្ញុំមុខជាទទួលការ សង្គ្រោះមិនខាន»។ 22 ព្រះយេស៊ូបែរទៅក្រោយ ទតឃើញនាង ក៏មានព្រះបន្ទូលថា៖ «កូនស្រីអើយ! ចូរក្លាហានឡើង ជំនឿរបស់នាងបានសង្គ្រោះនាងហើយ»។ ស្ដ្រីធ្លាក់ឈាមបានជាសះស្បើយនៅពេលនោះ។ 23 កាលព្រះយេស៊ូយាងទៅដល់ផ្ទះនាម៉ឺននោះ ព្រះអង្គទតឃើញអ្នកលេងភ្លេងកំដរសព និង ឃើញមនុស្សម្នាជ្រួលច្របល់ ទ្រង់មានព្រះបន្ទូលទៅគេថា៖ 24 «នាំគ្នាចេញទៅ! ក្មេងស្រីនេះមិនស្លាប់ទេ នាងគ្រាន់តែដេកលក់ទេតើ»។ គេចំអកដាក់ព្រះអង្គ។ 25 កាលព្រះអង្គដេញគេចេញទៅក្រៅអស់ហើយ ព្រះអង្គយាងចូលទៅក្នុងបន្ទប់ ចាប់ដៃក្មេងស្រីនោះ នាងក៏ក្រោកឡើង។ 26 ដំណឹងនេះលេចឮខ្ចរខ្ចាយពាសពេញតំបន់នោះទាំងមូល។ 27 កាលព្រះយេស៊ូកំពុងតែយាងចេញពីទីនោះ មានមនុស្សខ្វាក់ពីរនាក់មកតាមព្រះអង្គ ស្រែកថា៖ «ព្រះរាជវង្សព្រះបាទដាវីឌអើយ! សូមអាណិតមេត្ដាយើងខ្ញុំផង»។ 28 ពេលព្រះអង្គយាងទៅដល់ផ្ទះ មនុស្សខ្វាក់ទាំងពីរនាក់ចូលទៅជិតព្រះអង្គ។ ព្រះយេស៊ូមានព្រះបន្ទូលទៅអ្នកទាំងពីរថា៖ «តើអ្នកជឿថាខ្ញុំអាចធ្វើអោយភ្នែកអ្នកភ្លឺបានឬ?»។ គេទូលព្រះអង្គថា៖ «យើងខ្ញុំជឿហើយ ព្រះអម្ចាស់អើយ»។ 29 ព្រះអង្គក៏ពាល់ភ្នែកអ្នកទាំងពីរ ទាំងមានព្រះបន្ទូលថា៖ «សុំអោយបានសំរេចតាមជំនឿរបស់អ្នកចុះ»។ 30 ពេលនោះ ភ្នែករបស់គេក៏បានភ្លឺ។ ព្រះយេស៊ូហាមប្រាមគេយ៉ាងតឹងតែងថា៖ «ចូរប្រយ័ត្ន កុំអោយនរណាដឹងឡើយ»។ 31 ប៉ុន្ដែ បុរសទាំងពីរចេញទៅផ្សព្វផ្សាយរឿងនោះអោយគេដឹង ពាសពេញស្រុក។ 32 លុះអ្នកទាំងពីរចេញផុតទៅ មានគេនាំមនុស្សគម្នាក់ដែលមានអារក្សចូល មកគាល់ព្រះយេស៊ូ។ 33 កាលព្រះអង្គដេញអារក្សចេញហើយ មនុស្សគក៏និយាយបាន។ មហាជននាំគ្នាស្ងើចសរសើរយ៉ាងខ្លាំងទាំងពោលថា៖ «យើងមិនដែលឃើញការអស្ចារ្យបែបនេះ នៅស្រុកអ៊ីស្រាអែលឡើយ»។ 34 ប៉ុន្ដែ ពួកខាងគណៈផារីស៊ីពោលថា ៖ «គាត់ដេញអារក្សបានដូច្នេះមកពីស្ដេចអារក្សបានប្រគល់អំណាចអោយ»។ 35 បន្ទាប់មក ព្រះយេស៊ូយាងទៅតាមក្រុង និង តាមភូមិនានា ព្រះអង្គបង្រៀនអ្នកស្រុកនៅក្នុងសាលាប្រជុំ ព្រមទាំងប្រកាសដំណឹងល្អ អំពីព្រះរាជ្យ ហើយប្រោសអ្នកជំងឺ និង អ្នកពិការគ្រប់ប្រភេទអោយបានជាផង។ 36 កាលព្រះអង្គទតឃើញមហាជន ទ្រង់មានព្រះហឫទ័យអាណិតអាសូរគេពន់ពេកណាស់ ព្រោះអ្នកទាំងនោះអស់កម្លាំងល្វើយ ធ្លាក់ទឹកចិត្ដ ប្រៀបបីដូចជាចៀមដែលគ្មានអ្នកគង្វាលថែទាំ។ 37 ព្រះអង្គមានព្រះបន្ទូលទៅកាន់ពួកសិស្សថា៖ «ស្រូវដែលត្រូវច្រូតមានច្រើនណាស់ តែអ្នកច្រូតមានតិចពេក។ 38 ហេតុនេះ ចូរអង្វរម្ចាស់ស្រែ អោយចាត់អ្នកច្រូតមកក្នុងស្រែរបស់លោក»។

ម៉ាកុស 10

1 ព្រះយេស៊ូត្រាស់ហៅសិស្សទាំងដប់ពីររូបមក ព្រះអង្គប្រទានអោយគេមានអំណាចលើវិញ្ញាណអាក្រក់ ព្រមទាំងមានអំណាចប្រោសអ្នកជំងឺគ្រប់យ៉ាង និង អ្នកពិការគ្រប់ប្រភេទអោយបានជាផង។ 2 សាវ័ក ទាំងដប់ពីរមាននាមដូចតទៅៈ អ្នកទីមួយ គឺស៊ីម៉ូនហៅពេត្រុស និង អនទ្រេ ជាប្អូនរបស់គាត់ យ៉ាកុប និង យ៉ូហានជាប្អូនរបស់គាត់ ដែលត្រូវជាកូនរបស់លោកសេបេដេ 3 ភីលីព និង បារថូឡូមេ ថូម៉ាស់ និង ម៉ាថាយជាអ្នកទារពន្ធ យ៉ាកុបជាកូនរបស់លោកអាល់ផាយ និង ថាដេ 4 ស៊ីម៉ូនជាអ្នកជាតិនិយម និង យូដាសអ៊ីស្ការីយ៉ុត ជាអ្នកក្បត់ព្រះអង្គ។ 5 ព្រះយេស៊ូចាត់សិស្ស ទាំងដប់ពីររូបនេះអោយទៅដោយផ្ដែផ្ដាំថា៖ «កុំទៅរកសាសន៍ដទៃឡើយ ហើយក៏កុំចូលទៅក្នុងភូមិរបស់ជនជាតិសាម៉ារីដែរ 6 គឺត្រូវទៅស្វែងរកអស់អ្នកដែលវង្វេង ក្នុងចំណោមជនជាតិអ៊ីស្រាអែលនោះវិញ។ 7 ពេលធ្វើដំណើរទៅ ចូរប្រកាសថា ព្រះរាជ្យ នៃស្ថានបរមសុខ មកជិតបង្កើយហើយ។ 8 ចូរមើលអ្នកជំងឺអោយបានជា ប្រោសមនុស្សស្លាប់អោយរស់ឡើងវិញ ធ្វើអោយមនុស្ស ឃ្លង់បានជាស្អាតបរិសុទ្ធ ដេញអារក្សចេញពីមនុស្ស។ អ្នករាល់គ្នាបានទទួលអំណាចដោយឥតបង់ថ្លៃ ត្រូវជួយគេវិញ ដោយឥតគិតថ្លៃដែរ។ 9 កុំរកមាសប្រាក់ ឬ លុយកាក់ដាក់ក្នុងថង់ឡើយ 10 ហើយកុំយកថង់យាម កុំយកអាវពីរបន្លាស់ កុំយកស្បែកជើង ឬ ដំបងទៅជាមួយដ្បិតអ្នកធ្វើការត្រូវតែទទួលម្ហូបអាហារ។ 11 ពេលអ្នករាល់គ្នាចូលទៅក្នុងភូមិ ឬ ក្រុងណាមួយចូរសួររកអ្នកដែលសមនឹងទទួលអ្នករាល់គ្នាអោយស្នាក់នៅ។ ត្រូវស្នាក់នៅផ្ទះអ្នកនោះ រហូតដល់ពេលអ្នករាល់គ្នាចេញពីទីនោះ។ 12 ពេលចូលទៅក្នុងផ្ទះណាត្រូវជំរាបសួរអ្នកផ្ទះនោះ 13 ប្រសិនបើអ្នកផ្ទះនោះសមនឹងទទួលសេចក្ដីសុខសាន្ដ នោះសេចក្ដីសុខសាន្ដនឹងកើតមានដល់គេ ដូចពាក្យជំរាបសួររបស់អ្នករាល់គ្នាមិនខាន។ ផ្ទុយទៅវិញ បើគេមិនសមនឹងទទួលទេសេចក្ដីសុខសាន្ដរបស់អ្នករាល់គ្នា នឹងវិលមករកអ្នករាល់គ្នាវិញ។ 14 បើគេមិនព្រមទទួលអ្នករាល់គ្នា ហើយបើគេមិនព្រមស្ដាប់ពាក្យរបស់អ្នករាល់គ្នាទេ ចូរចេញពីផ្ទះនោះឬពីក្រុងនោះ ទាំងរលាស់ធូលីដីចេញពីជើងរបស់អ្នករាល់គ្នាផង។ 15 ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា នៅថ្ងៃព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក អ្នកក្រុងសូដុម និង អ្នកក្រុងកូម៉ូរ៉ា នឹងទទួលទោសស្រាលជាងអ្នកក្រុងនោះ»។ 16 «ខ្ញុំចាត់អ្នករាល់គ្នាអោយទៅ ដូចអោយចៀមទៅកណ្ដាលហ្វូងចចក។ ហេតុនេះ ត្រូវចេះប្រយ័ត្នខ្លួនដូចសត្វពស់ ហើយកាន់ចិត្ដស្លូតត្រង់ដូចសត្វព្រាប។ 17 ចូរប្រយ័ត្ន កុំទុកចិត្ដមនុស្សលោកអោយសោះ ដ្បិតគេនឹងចាប់បញ្ជូនអ្នករាល់គ្នាទៅតុលាការ គេនឹងយករំពាត់ខ្សែតីមកវាយអ្នករាល់គ្នានៅក្នុងសាលាប្រជុំរបស់គេ។ 18 គេនឹងបញ្ជូនអ្នករាល់គ្នា ទៅអោយលោកទេសាភិបាល និង អោយស្ដេចនានាកាត់ទោសព្រោះតែអ្នករាល់គ្នាតាមខ្ញុំ។ ប៉ុន្ដែ ពេលនោះ ជាឱកាសសំរាប់អោយអ្នករាល់គ្នាផ្ដល់សក្ខីភាព អោយពួកលោក និង អោយសាសន៍ដទៃ ដឹងឮទៅវិញ។ 19 ពេលគេចាប់បញ្ជូនអ្នករាល់គ្នាទៅកាត់ទោស ចូរកុំភ័យបារម្ភនឹងរកពាក្យដែលអ្នករាល់ គ្នាត្រូវនិយាយយ៉ាងណាៗនោះឡើយ ដ្បិតព្រះជាម្ចាស់នឹងប្រទានពាក្យដែលអ្នករាល់គ្នាត្រូវ និយាយ នៅពេលនោះតែម្ដង។ 20 មិនមែនអ្នករាល់គ្នាទេដែលនិយាយ គឺព្រះវិញ្ញាណនៃព្រះបិតារបស់អ្នករាល់គ្នានឹងមានព្រះបន្ទូលនៅក្នុងចិត្ដអ្នករាល់គ្នា។ 21 បងប្អូននឹងចាប់បញ្ជូនគ្នាឯង ទៅអោយគេសម្លាប់ឪពុកនឹងចាប់បញ្ជូនកូនទៅអោយគេសម្លាប់ ហើយកូនៗលើកគ្នាប្រឆាំងនឹងឪពុកម្ដាយ ព្រមទាំងបញ្ជូនទៅអោយគេសម្លាប់ទៀតផង។ 22 មនុស្សគ្រប់ៗរូបនឹងស្អប់អ្នករាល់គ្នា ព្រោះតែនាមខ្ញុំ។ ប៉ុន្ដែ អ្នកណាស៊ូទ្រំារហូតដល់ចុងបញ្ចប់ ព្រះជាម្ចាស់នឹងសង្គ្រោះអ្នកនោះ។ 23 ប្រសិនបើគេបៀតបៀនអ្នករាល់គ្នានៅក្រុងណាមួយ ចូររត់ទៅក្រុងមួយទៀតទៅ។ ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា បុត្រមនុស្ស នឹងមកដល់ មុនអ្នករាល់គ្នាទៅដល់ក្រុងទាំងប៉ុន្មាន ក្នុងស្រុកអ៊ីស្រាអែលទៅទៀត។ 24 ពុំដែលមានសិស្សណាចេះជាងគ្រូឡើយ ហើយក៏ពុំដែលមានអ្នកបំរើណា ធំជាងម្ចាស់ដែរ 25 បើសិស្សចេះបានដូចគ្រូ ហើយអ្នកបំរើបានដូចម្ចាស់ នោះល្មមគ្រប់គ្រាន់ហើយ។ ប្រសិនបើគេអោយឈ្មោះម្ចាស់ផ្ទះថា បេលសេប៊ូល ទៅហើយ គេមុខជាអោយឈ្មោះអ្នកនៅក្នុងផ្ទះនោះ រឹតតែអាក្រក់ជាងនេះទៅទៀតមិនខាន»។ 26 «កុំខ្លាចពួកអ្នកទាំងនោះឡើយ ដ្បិតការលាក់កំបាំងទាំងអស់ នឹងត្រូវបើកអោយគេឃើញ ហើយអាថ៌កំបាំងទាំងប៉ុន្មាន ក៏នឹងត្រូវបើកអោយគេដឹងដែរ។ 27 អ្វីៗដែលខ្ញុំនិយាយប្រាប់អ្នករាល់គ្នាក្នុងទីងងឹត ចូរយកទៅនិយាយនៅក្នុងពន្លឺថ្ងៃ ហើយអ្វីៗដែលគេខ្សឹបដាក់ត្រចៀក ចូរយកទៅប្រកាសនៅពីលើផ្ទះ។ 28 កុំខ្លាចអស់អ្នកដែលសម្លាប់បានត្រឹមតែរូបកាយ ហើយពុំអាចសម្លាប់ព្រលឹងបាននោះអោយសោះគឺត្រូវខ្លាចព្រះជាម្ចាស់វិញ ព្រោះទ្រង់អាចធ្វើអោយទាំងព្រលឹង ទាំងរូបកាយ ធ្លាក់ទៅក្នុងភ្លើងនរកបាន។ 29 ធម្មតាគេលក់ចាបពីរថ្លៃមួយសេន។ ទោះបីថោកយ៉ាងនេះក៏ដោយ ប្រសិនបើព្រះបិតារបស់អ្នករាល់គ្នាមិនយល់ព្រមទេនោះ ក៏គ្មានចាបណាមួយធ្លាក់ចុះដល់ដីបានឡើយ។ 30 រីឯអ្នករាល់គ្នាវិញ សូម្បីតែសក់នៅលើក្បាលអ្នករាល់គ្នា ក៏ព្រះអង្គរាប់អស់ដែរ។ 31 ដូច្នេះ ចូរអ្នករាល់គ្នាកុំខ្លាចអ្វីឡើយ ព្រោះអ្នករាល់គ្នាមានតម្លៃលើសចាបទាំងអស់ ទៅទៀត»។ 32 «អ្នកណាទទួលស្គាល់ខ្ញុំ នៅចំពោះមុខមនុស្សលោក ខ្ញុំនឹងទទួលស្គាល់អ្នកនោះវិញ នៅចំពោះព្រះភ័ក្ដ្រព្រះបិតារបស់ខ្ញុំ ដែលគង់នៅស្ថានបរមសុខ។ 33 រីឯអ្នកណាបដិសេធមិនទទួលស្គាល់ខ្ញុំនៅចំពោះមុខមនុស្សលោក ខ្ញុំក៏បដិសេធមិនទទួលស្គាល់អ្នកនោះនៅចំពោះព្រះភ័ក្ដ្រព្រះបិតារបស់ខ្ញុំ ដែលគង់នៅស្ថានបរមសុខ ដែរ»។ 34 «កុំនឹកស្មានថា ខ្ញុំមកនេះ ដើម្បីនាំយកសន្ដិភាពមកអោយផែនដីឡើយ។ ខ្ញុំមិនមែននាំសន្ដិភាពមកទេ តែខ្ញុំមកបំបែកមនុស្សចេញពីគ្នា។ 35 ខ្ញុំមក ធ្វើអោយកូនប្រុសបែកពីឪពុក កូនស្រីបែកពីម្ដាយ កូនប្រសាស្រីបែកពីម្ដាយក្មេក។ 36 អ្នកដែលនៅក្នុងផ្ទះជាមួយគ្នា ក្លាយទៅជាសត្រូវនឹងគ្នា»។ 37 «អ្នកណាស្រឡាញ់ឪពុកម្ដាយ ខ្លាំងជាងស្រឡាញ់ខ្ញុំ អ្នកនោះមិនសមនឹងធ្វើជា សិស្ស របស់ខ្ញុំឡើយ។ អ្នកដែលស្រឡាញ់កូនប្រុសកូនស្រីរបស់ខ្លួន ខ្លាំងជាងស្រឡាញ់ខ្ញុំ ក៏មិនសមនឹងធ្វើជាសិស្សរបស់ខ្ញុំដែរ។ 38 អ្នកណាមិនយកឈើឆ្កាងរបស់ខ្លួន ហើយមិនមកតាមខ្ញុំទេ អ្នកនោះមិនសមធ្វើជាសិស្សរបស់ខ្ញុំឡើយ។ 39 អ្នកណាចង់រក្សាទុកជីវិតរបស់ខ្លួន អ្នកនោះនឹងបាត់បង់ជីវិត រីឯអ្នកដែលបាត់បង់ជីវិត ព្រោះតែខ្ញុំ នឹងបានជីវិតនោះមកវិញ»។ 40 អ្នកណាទទួលអ្នករាល់គ្នា ក៏ដូចជាទទួលខ្ញុំ ហើយអ្នកណាទទួលខ្ញុំ ក៏ដូចជាទទួលព្រះអង្គដែលចាត់ខ្ញុំអោយមកនោះដែរ។ 41 អ្នកណាទទួលព្យាការី ម្នាក់ក្នុងនាមលោកជាព្យាការី អ្នកនោះនឹងទទួលរង្វាន់ដូចព្យាការី។ អ្នកណាទទួលមនុស្សសុចរិត ម្នាក់ក្នុងនាមជាមនុស្សសុចរិត អ្នកនោះនឹងទទួលរង្វាន់ដូចមនុស្សសុចរិត។ 42 អ្នកណាអោយទឹកត្រជាក់ សូម្បីតែមួយកែវដល់អ្នកតូចតាចម្នាក់ក្នុងនាមជាសិស្ស របស់ខ្ញុំ ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា អ្នកនោះនឹងទទួលរង្វាន់ជាមិនខាន»។

ម៉ាកុស 11

1 កាលព្រះយេស៊ូមានព្រះបន្ទូលផ្ដែផ្ដាំសិស្ស ទាំងដប់ពីររូប ចប់សព្វគ្រប់ហើយព្រះអង្គយាងចាកចេញពីទីនោះ ទៅបង្រៀន និង ប្រកាសដំណឹងល្អ ដល់ប្រជាជននៅតាមភូមិនានា។ 2 ពេលនោះ លោកយ៉ូហានជាប់ក្នុងមន្ទីរឃុំឃំាង ហើយឮគេនិយាយអំពីកិច្ចការទាំងប៉ុន្មាន ដែលព្រះគ្រិស្ដ បានធ្វើ។ លោកក៏ចាត់សិស្សអោយទៅទូលសួរព្រះយេស៊ូថា៖ 3 «តើលោកជាព្រះគ្រិស្ដដែលត្រូវយាងមក ឬ មួយយើងខ្ញុំត្រូវរង់ចាំម្នាក់ផ្សេងទៀត?»។ 4 ព្រះយេស៊ូមានព្រះបន្ទូលទៅសិស្សទាំងនោះថា៖ «ចូរអ្នករាល់គ្នាទៅជំរាបលោកយ៉ូហាន នូវហេតុការណ៍ដែលអ្នករាល់គ្នាបានឮ និង បានឃើញនេះទៅ 5 គឺមនុស្សខ្វាក់មើលឃើញ មនុស្សខ្វិនដើរបាន មនុស្សឃ្លង់ជាស្អាតបរិសុទ្ធ មនុស្សថ្លង់ស្ដាប់ឮ មនុស្សស្លាប់បានរស់ឡើងវិញ ហើយមានគេនាំដំណឹងល្អទៅប្រាប់ជនក្រីក្រ។ 6 អ្នកណាមិនរវាតចិត្ដចេញពីជំនឿដោយសារខ្ញុំ អ្នកនោះពិតជាមានសុភមង្គលហើយ!»។ 7 ពេលពួកសិស្សរបស់លោកយ៉ូហាន ចេញផុតទៅព្រះយេស៊ូមានព្រះបន្ទូលទៅមហាជនអំពីលោកយ៉ូហានថា៖ «តើអ្នករាល់គ្នាទៅវាលរហោស្ថានរកមើលអ្វី? រកមើលដើមត្រែងដែលត្រូវខ្យល់បក់នោះឬ?។ 8 តើអ្នករាល់គ្នាទៅរកមើលអ្វី ? រកមើលមនុស្សស្លៀកពាក់ល្អរុងរឿងឬ? តាមធម្មតា អស់អ្នកដែលស្លៀកពាក់ល្អរុងរឿង គេរស់នៅក្នុងដំណាក់ស្ដេចឯណោះ!។ 9 បើដូច្នេះ តើអ្នករាល់គ្នាទៅរកមើលអ្វី? រកមើលព្យាការី ម្នាក់ឬ?។ ត្រូវហើយ! ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងថា លោកនោះប្រសើរជាងព្យាការីទៅទៀត 10 ដ្បិតក្នុងគម្ពីរ មានចែងអំពីលោកយ៉ូហានថា "យើងចាត់ទូតយើងអោយទៅមុនព្រះអង្គ ដើម្បីរៀបចំផ្លូវរបស់ព្រះអង្គ"។ 11 ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា បណ្ដាមនុស្សដែលកើតមកក្នុងលោកនេះ គ្មាននរណាមានឋានៈធំជាងលោកយ៉ូហានបាទីស្ដឡើយ។ ប៉ុន្ដែ អ្នកណាតូចជាងគេនៅក្នុងព្រះរាជ្យ នៃស្ថានបរមសុខ អ្នកនោះប្រសើរលើសលោកយ៉ូហានទៅទៀត។ 12 តាំងពីជំនាន់លោកយ៉ូហានបាទីស្ដ មកទល់សព្វថ្ងៃ ព្រះរាជ្យនៃស្ថានបរមសុខបានរងនូវអំពើឃោរឃៅហើយមនុស្សឃោរឃៅបាននាំគ្នាប្រើកម្លាំងដណ្ដើមយកព្រះរាជ្យនេះផង។ 13 តាំងពីដើម រហូតមកដល់ជំនាន់លោកយ៉ូហាន ព្យាការីទាំងអស់បានថ្លែងទុកអំពីព្រះរាជ្យនេះ ហើយក្នុងក្រឹត្យវិន័យ ក៏មានចែងទុកដែរ។ 14 ជឿខ្ញុំចុះ លោកយ៉ូហានហ្នឹងហើយជាព្យាការីអេលីយ៉ាដែលត្រូវមក។ 15 អ្នកណាឮពាក្យនេះ សុំយកទៅពិចារណាទៅ! 16 តើខ្ញុំអាចប្រដូចមនុស្សជំនាន់នេះទៅនឹងជនប្រភេទណា? អ្នកទាំងនោះប្រៀបបានទៅនឹងកូនក្មេងដែលអង្គុយលេងនៅតាមផ្សារ ហើយស្ដីបន្ទោសគ្នាទៅវិញទៅមកថាៈ 17 "យើងបានផ្លុំខ្លុយ តែពួកឯងពុំព្រមរាំទេ យើងបានស្មូតបទទំនួញ ក៏ពួកឯងពុំព្រមគក់ទ្រូងយំដែរ"។ 18 យ៉ាងណាមិញ លោកយ៉ូហានបានមកលោកតមអាហារ តមសុរា តែគេថាលោកមានអារក្សចូល 19 រីឯបុត្រមនុស្ស ក៏បានមកដែរ លោកបរិភោគអាហារ និង ពិសាសុរា តែគេថា "មើលចុះ! អ្នកនេះគិតតែពីស៊ីផឹក ហើយសេពគប់ជាមួយពួកទារពន្ធ និង មនុស្សបាប"។ ប៉ុន្ដែ មនុស្សលោកទទួលស្គាល់ថា ព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ពិតជាល្អត្រឹមត្រូវមែន ដោយគេបានឃើញកិច្ចការដែលព្រះអង្គធ្វើ»។ 20 ពេលនោះ ព្រះអង្គចាប់ផ្ដើមស្ដីបន្ទោសអ្នកក្រុងនានាយ៉ាងខ្លាំង ព្រោះគេបានឃើញព្រះអង្គសំដែងការអស្ចារ្យផ្សេងៗក្នុងក្រុងរបស់គេ តែគេពុំព្រមកែប្រែចិត្ដគំនិតសោះ៖ 21 « អ្នកក្រុងខូរ៉ាស៊ីនអើយ! អ្នកត្រូវវេទនាជាពុំខាន។ អ្នកក្រុងបេតសៃដាអើយ! អ្នកក៏ត្រូវវេទនាដែរ។ ប្រសិនបើអ្នកក្រុងទីរ៉ូស និង អ្នកក្រុងស៊ីដូនបានឃើញការអស្ចារ្យ ដូចអ្នករាល់គ្នាឃើញនៅទីនេះ ម៉្លេះសមអ្នកក្រុងទាំងនោះកែប្រែចិត្ដគំនិត ហើយស្លៀកបាវអង្គុយក្នុងផេះ ជាមិនខាន។ 22 ហេតុនេះហើយបានជាខ្ញុំសុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក អ្នកក្រុងទីរ៉ូស និង អ្នកក្រុងស៊ីដូនទទួលទោសស្រាលជាងអ្នករាល់គ្នា។ 23 អ្នកក្រុងកាពើណិមអើយ! កុំនឹកស្មានថាអ្នកនឹងបានថ្កើងឡើងដល់ស្ថានសួគ៌ឡើយ អ្នកនឹងធ្លាក់ទៅស្ថាននរកវិញ។ ប្រសិនបើអ្នកក្រុងសូដុមបានឃើញការអស្ចារ្យដែលកើតមាន នៅកណ្ដាលចំណោមអ្នករាល់គ្នា ម៉្លេះសមក្រុងសូដុមនៅស្ថិតស្ថេរគង់វង្ស ដរាបមកទល់សព្វថ្ងៃ ជាមិនខាន។ 24 ហេតុនេះ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក អ្នកក្រុងសូដុមនឹងទទួលទោសស្រាលជាងអ្នករាល់គ្នា»។ 25 នៅពេលនោះ ព្រះយេស៊ូមានព្រះបន្ទូលឡើងថា៖ «បពិត្រព្រះបិតា ជាអម្ចាស់នៃស្ថានបរមសុខ និង ជាអម្ចាស់នៃផែនដី ទូលបង្គំសូមសរសើរតម្កើងព្រះអង្គព្រោះទ្រង់បានសំដែងការទាំងនេះ អោយមនុស្សតូចតាចយល់ តែទ្រង់បានលាក់មិនអោយអ្នកប្រាជ្ញ និង អ្នកចេះដឹងយល់ទេ។ 26 មែនហើយ! ព្រះអង្គសព្វព្រះហឫទ័យសំរេចដូច្នេះ។ 27 ព្រះបិតារបស់ខ្ញុំបានប្រគល់អី្វៗទាំងអស់មកខ្ញុំគ្មានអ្នកណាស្គាល់ព្រះបុត្រា ក្រៅពីព្រះបិតា ហើយក៏គ្មាននរណាស្គាល់ព្រះបិតាក្រៅពីព្រះបុត្រា និង អ្នកដែលព្រះបុត្រាសព្វព្រះហឫទ័យសំដែងអោយស្គាល់នោះដែរ»។ 28 « អស់អ្នកដែលនឿយហត់ និង មានបន្ទុកធ្ងន់អើយ! ចូរមករកខ្ញុំ ខ្ញុំនឹងអោយអ្នករាល់គ្នាបានសំរាក។ 29 ចូរយកនឹម របស់ខ្ញុំ ដាក់លើអ្នករាល់គ្នាហើយរៀនពីខ្ញុំទៅ អ្នករាល់គ្នាមុខជាបានស្ងប់ចិត្ដមិនខាន ដ្បិតខ្ញុំស្លូត និង មានចិត្ដសុភាព។ 30 នឹមរបស់ខ្ញុំស្រួល ហើយបន្ទុកដែលខ្ញុំដាក់លើអ្នករាល់គ្នាក៏ស្រាលដែរ»។

ម៉ាកុស 12

1 មានគ្រាមួយ ព្រះយេស៊ូយាងកាត់វាលស្រែ នៅថ្ងៃសប្ប័ទ សិស្ស របស់ព្រះអង្គឃ្លានពេក ក៏នាំគ្នាបូតកួរស្រូវមកបរិភោគ។ 2 ពួកខាងគណៈផារីស៊ី ឃើញដូច្នោះទូលព្រះអង្គថា៖ «សូមលោកមើលចុះ ពួកសិស្សរបស់លោកនាំគ្នាធ្វើការដែលបញ្ញត្ដិហាមមិនអោយធ្វើនៅថ្ងៃសប្ប័ទ!»។ 3 ព្រះយេស៊ូតបទៅគេវិញថា៖ «ក្នុងគម្ពីរ មានអត្ថបទមួយស្ដីអំពីការដែលព្រះបាទដាវីឌ និង បរិពារបានប្រព្រឹត្ដនៅពេលឃ្លាន 4 គឺស្ដេចយាងចូលទៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ហើយយកនំបុ័ងដែលគេតាំងថ្វាយព្រះជាម្ចាស់ មកសោយជាមួយពួកបរិពារ។ តាមគម្ពីរវិន័យ មានតែពួកបូជាចារ្យ ប៉ុណ្ណោះ ដែលបរិភោគនំបុ័ងនេះបាន រីឯព្រះរាជាគ្មានសិទ្ធិសោយទេ ហើយពួកបរិពារក៏គ្មានសិទ្ធិបរិភោគដែរតើអ្នករាល់គ្នាធ្លាប់អានអត្ថបទនោះឬទេ? 5 ម៉្យាងទៀត នៅថ្ងៃសប្ប័ទ ពួកបូជាចារ្យដែលបំពេញមុខងារនៅក្នុងព្រះវិហារ សុទ្ធតែរំលោភលើក្រឹត្យវិន័យថ្ងៃសប្ប័ទ តែឥតមានទោសឡើយ តើអ្នករាល់គ្នាដែលអានគម្ពីរវិន័យនោះទេ? 6 ខ្ញុំសុំប្រាប់អ្នករាល់គ្នាថានៅទីនេះ មានម្នាក់ ប្រសើរជាងព្រះវិហារទៅទៀត។ 7 ប្រសិនបើអ្នករាល់គ្នាយល់អត្ថន័យនៃសេចក្ដីដែលមានចែងទុកមកថា "យើងមិនចង់បានយញ្ញបូជាទេ គឺចង់បានតែចិត្ដមេត្ដាករុណាប៉ុណ្ណោះ" នោះអ្នករាល់គ្នាមុខជាមិនប្រកាន់ទោសជនដែលគ្មានទោសទាំងនេះឡើយ 8 ដ្បិតបុត្រមនុស្ស ជាម្ចាស់លើថ្ងៃសប្ប័ទ »។ 9 ព្រះយេស៊ូចាកចេញពីទីនោះ យាងចូលទៅក្នុងសាលាប្រជុំ របស់គេ។ 10 មានបុរសស្វិតដៃម្នាក់នៅក្នុងសាលាប្រជុំនោះដែរ។ គេនាំគ្នាទូលសួរព្រះអង្គថា៖«នៅថ្ងៃសប្ប័ទ តើយើងមានសិទ្ធិប្រោសអ្នកជំងឺអោយបានជាឬទេ?»។ គេសួរដូច្នេះ ក្នុងគោលបំណងរកលេសដើម្បីចោទប្រកាន់ព្រះអង្គ។ 11 ព្រះអង្គមានព្រះបន្ទូលទៅគេថា៖«ក្នុងចំណោមអ្នករាល់គ្នា បើនរណាម្នាក់មានចៀមតែមួយ ហើយចៀមនោះធ្លាក់អណ្ដូងនៅថ្ងៃសប្ប័ទ តើអ្នកនោះមិនទៅស្រង់យកចៀមឡើងមកវិញទេឬ?។ 12 រីឯមនុស្សវិញ គេមានតម្លៃលើសចៀមឆ្ងាយណាស់! ដូច្នេះ យើងមានសិទ្ធិធ្វើអំពើល្អនៅថ្ងៃសប្ប័ទបាន»។ 13 ព្រះអង្គមានព្រះបន្ទូលទៅកាន់បុរសស្វិតដៃនោះថា៖ «ចូរលាតដៃមើល៍!»។ បុរសនោះលាតដៃ ហើយដៃគាត់ក៏បានជា ដូចដៃម្ខាងទៀត។ 14 ពួកខាងគណៈផារីស៊ី ចេញពីសាលាប្រជុំ ហើយពិគ្រោះគ្នា រកមធ្យោបាយធ្វើគុតព្រះអង្គ។ 15 កាលព្រះយេស៊ូជ្រាបដូច្នោះ ព្រះអង្គយាងចាកចេញពីទីនោះ ទាំងមានមហាជនជាច្រើនដើរតាមព្រះអង្គទៅដែរ។ ព្រះអង្គបានប្រោសពួកគេអោយជាពីជំងឺទាំងអស់គ្នា 16 តែព្រះអង្គគំរាមគេយ៉ាងម៉ឺងម៉ាត់ មិន អោយនិយាយប្រាប់អ្នកដទៃ ថាព្រះអង្គជានរណាឡើយ 17 ដើម្បីអោយស្របនឹងសេចក្ដីដែលមានចែងទុក តាមរយៈព្យាការី អេសាយថា៖ 18 « លោកនេះហើយជាអ្នកបំរើដែលយើងបាន ជ្រើសរើស ជាអ្នកដែលយើងស្រឡាញ់ ហើយធ្វើអោយចិត្ដយើងរីករាយ។ យើងនឹងដាក់វិញ្ញាណរបស់យើង អោយសណ្ឋិតលើលោក ហើយលោកនឹងប្រាប់អោយជាតិសាសន៍ ទាំងអស់ស្គាល់សេចក្ដីសុចរិត។ 19 លោកនឹងមិនឈ្លោះប្រកែកជាមួយនរណាឡើយ ហើយក៏មិនស្រែកដាក់នរណាផង គ្មាននរណាឮសំឡេងរបស់លោកនៅតាមទីផ្សារទេ។ 20 លោកនឹងមិនកាច់ដើមត្រែងណាដែល ទក់ហើយនោះឡើយ ហើយក៏មិនផ្លុំពន្លត់ភ្លើងណាដែលហៀបនឹងរលត់នោះដែរ។ លោកធ្វើដូច្នេះ រហូតដល់លោកនាំ សេចក្ដីសុចរិតអោយមានជ័យជំនះ។ 21 ជាតិសាសន៍ទាំងអស់នឹងនាំគ្នាសង្ឃឹមលើលោក»។ 22 ពេលនោះ មានគេនាំបុរសអារក្សចូលម្នាក់មកគាល់ព្រះអង្គ។ អារក្សបានធ្វើអោយគាត់ខ្វាក់ផង ថ្លង់ផង។ ព្រះអង្គប្រោសគាត់អោយជា គាត់ក៏និយាយបាន និង មើលឃើញទៀតផង។ 23 មហាជនស្រឡាំងកាំងទាំងអស់គ្នា គេពោលថា៖ «លោកនេះពិតជាព្រះរាជវង្សរបស់ព្រះបាទដាវីឌមែន!»។ 24 ប៉ុន្ដែ ពួកខាងគណៈផារីស៊ី ពោលថា៖ «អ្នកនេះដេញអារក្សបានដូច្នេះ មកពីបេលសេប៊ូល ជាស្ដេចអារក្សប្រគល់អំណាចអោយប៉ុណ្ណោះ»។ 25 ព្រះអង្គឈ្វេងយល់គំនិតរបស់គេ ទ្រង់មានព្រះបន្ទូលទៅគេថា៖ «នគរណាក៏ដូចនគរណាដែរ ប្រសិនបើពលរដ្ឋបាក់បែកទាស់ទែងគ្នាឯង នគរនោះមុខជាត្រូវវិនាសមិនខានរីឯក្រុង ឬ ក្រុមគ្រួសារណា បាក់បែកទាស់ទែងគ្នាឯងក៏មិនអាចនៅស្ថិតស្ថេរគង់វង្សបានដែរ។ 26 បើមារ សាតាំងបណ្ដេញមារសាតាំង ហើយវាបាក់បែកទាស់ទែងនឹងខ្លួនវា ធ្វើម្ដេចអោយរាជ្យរបស់វានៅស្ថិតស្ថេរគង់វង្សបាន!។ 27 ប្រសិនបើខ្ញុំដេញអារក្ស ដោយអំណាចបេលសេប៊ូលមែន តើកូនចៅរបស់អ្នករាល់គ្នាដេញអារក្ស ដោយអាងលើនរណាវិញ?។ ដូច្នេះ កូនចៅរបស់អ្នករាល់គ្នានឹងដាក់ទោសអ្នករាល់គ្នាពុំខាន។ 28 ផ្ទុយទៅវិញ បើខ្ញុំដេញអារក្សដោយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ បានសេចក្ដីថា ព្រះរាជ្យ របស់ព្រះអង្គមកដល់អ្នករាល់គ្នាហើយ។ 29 ម៉្យាងទៀត ពុំមាននរណាអាចចូលទៅក្នុងផ្ទះមនុស្សខ្លាំងពូកែ ហើយរឹបអូសយកទ្រព្យសម្បត្ដិរបស់គាត់បានឡើយ លុះត្រាណាតែចងមនុស្សខ្លាំងពូកែនោះជាមុនសិន ទើបអាចប្លន់យកទ្រព្យសម្បត្ដិក្នុងផ្ទះគាត់បាន។ 30 អ្នកណាមិនរួមជាមួយខ្ញុំ អ្នកនោះប្រឆំាងនឹងខ្ញុំ ហើយអ្នកណាមិនជួយប្រមូលផ្ដុំជាមួយខ្ញុំទេ អ្នកនោះជាអ្នកកំចាត់កំចាយ។ 31 ហេតុនេះហើយបានជា ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា បើមនុស្សលោកប្រព្រឹត្ដអំពើបាប និង ពោលពាក្យប្រមាថព្រះជាម្ចាស់ ព្រះអង្គ នឹង លើកលែងទោសអោយបានទាំងអស់ តែបើគេប្រមាថព្រះវិញ្ញាណវិញព្រះអង្គនឹងមិនលើកលែងទោសអោយឡើយ។ 32 បើអ្នកណាពោលពាក្យទាស់នឹងបុត្រមនុស្ស ព្រះជាម្ចាស់នឹងលើកលែងទោសអោយបាន រីឯអ្នកដែលពោលពាក្យទាស់នឹងព្រះវិញ្ញាណដ៏វិសុទ្ធ ទោះបីនៅក្នុងលោកនេះ ឬ នៅបរលោកក្ដី ក៏ព្រះអង្គមិនលើកលែងទោសអោយដែរ»។ 33 «បើដើមល្អ ផ្លែក៏ល្អ តែបើដើមអាក្រក់វិញ ផ្លែវាក៏អាក្រក់ដែរ ដ្បិតគេស្គាល់ដើមឈើតាមផ្លែរបស់វា។ 34 នែ៎ ពូជពស់វែកអើយ! អ្នករាល់គ្នា និយាយសេចក្ដីល្អៗដូចម្ដេចបាន បើអ្នករាល់គ្នាសុទ្ធតែជាមនុស្សអាក្រក់ដូច្នេះ! ដ្បិតមាត់របស់មនុស្សតែងស្រដីចេញមកនូវសេចក្ដីណាដែលមានពេញហូរហៀរនៅក្នុងដួងចិត្ដរបស់ខ្លួន។ 35 មនុស្សល្អតែងប្រព្រឹត្ដល្អព្រោះគេមានសុទ្ធតែគំនិតល្អនៅក្នុងខ្លួន រីឯមនុស្សអាក្រក់វិញតែងប្រព្រឹត្ដអាក្រក់ ព្រោះគេមានសុទ្ធតែគំនិតអាក្រក់នៅក្នុងខ្លួន។ 36 ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោកព្រះអង្គនឹងវិនិច្ឆ័យតាមពាក្យសំដីឥតប្រយោជន៍ដែលគេបាននិយាយ 37 ដ្បិតអ្នកនឹងបានសុចរិតដោយសារពាក្យសំដីអ្នក ឬមួយអ្នកត្រូវទទួលទោសក៏ដោយសារតែពាក្យសំដីរបស់អ្នកដែរ»។ 38 នៅពេលនោះ មានពួកអាចារ្យ និង ពួកខាងគណៈផារីស៊ី ខ្លះ ទូលព្រះអង្គថា៖ «លោកគ្រូ សូមលោកធ្វើទីសំគាល់ដ៏អស្ចារ្យមួយអោយយើងខ្ញុំឃើញផង!»។ 39 ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «មនុស្សជំនាន់នេះអាក្រក់ណាស់ ហើយក្បត់នឹងព្រះជាម្ចាស់ផង។ គេចង់តែឃើញទីសំគាល់ដ៏អស្ចារ្យ ប៉ុន្ដែ ព្រះជាម្ចាស់មិនប្រទានទីសំគាល់ណាផ្សេង ក្រៅពីទីសំគាល់របស់ព្យាការី យ៉ូណាសឡើយ។ 40 លោកយ៉ូណាសស្ថិតនៅក្នុងពោះត្រីធំបីថ្ងៃបីយប់យ៉ាងណា បុត្រមនុស្សក៏នឹងស្ថិតនៅក្នុងដីបីថ្ងៃបីយប់យ៉ាងនោះដែរ។ 41 នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក អ្នកក្រុងនីនីវេនឹងក្រោកឡើងជាមួយមនុស្សជំនាន់នេះ ព្រមទាំងចោទប្រកាន់គេផង ព្រោះកាលពីជំនាន់ដើមនៅពេលដែលអ្នកក្រុងនីនីវេ ឮសេចក្ដីលោកយ៉ូណាសប្រកាស គេបានកែប្រែចិត្ដគំនិត។ រីឯនៅទីនេះមានម្នាក់ ប្រសើរជាងលោកយ៉ូណាសទៅទៀត។ 42 នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក មហាក្សត្រីស្រុកខាងត្បូង នឹងក្រោកឡើងជាមួយមនុស្សជំនាន់នេះ ព្រមទាំងចោទប្រកាន់គេផង ព្រោះកាលពីជំនាន់ដើម ព្រះនាងបានយាងមកពីតំបន់ដាច់ស្រយាលនៃផែនដី ដើម្បីស្ដាប់ព្រះបន្ទូលរបស់ព្រះបាទសាឡូម៉ូន ប្រកបដោយប្រាជ្ញាឈ្លាសវៃ។ រីឯនៅទីនេះមានម្នាក់ប្រសើរជាងព្រះបាទសាឡូម៉ូនទៅទៀត»។ 43 «កាលបើវិញ្ញាណអាក្រក់ចេញពីមនុស្សណាម្នាក់ហើយ វាតែងស្វែងរកទីជំរក នៅវាលហួតហែង តែប្រសិនបើវារកពុំឃើញទេ 44 វាមុខជានិយាយថា"អញនឹងវិលត្រឡប់ទៅផ្ទះ ដែលអញទើបចេញមក"។ លុះទៅដល់ ឃើញផ្ទះនោះនៅទំនេរ បោសស្អាត ហើយតុបតែងល្អ 45 វានឹងចេញទៅបបួលវិញ្ញាណអាក្រក់ប្រាំពីរទៀត ដែលសុទ្ធតែអាក្រក់ជាងវាមកចូលនៅក្នុងអ្នកនោះ បណ្ដាលអោយគាត់រឹងរឹតតែអាក្រក់លើសដើមទៅទៀត។ រីឯមនុស្សអាក្រក់នៅជំនាន់នេះ ក៏នឹងកើតមានដូច្នោះដែរ»។ 46 ព្រះអង្គកំពុងតែមានព្រះបន្ទូលទៅកាន់មហាជននៅឡើយ ស្រាប់តែមាតា និង បងប្អូនរបស់ព្រះអង្គ មកឈរចាំនៅខាងក្រៅ ចង់និយាយជាមួយព្រះអង្គ។ 47 មានម្នាក់ទូលព្រះអង្គថា៖ «ម្ដាយលោក និង បងប្អូនលោកនៅខាងក្រៅ ចង់និយាយជាមួយលោក»។ 48 ព្រះអង្គមានព្រះបន្ទូលតបទៅគាត់វិញថា៖ «តើនរណាជាម្ដាយខ្ញុំ នរណាជាបងប្អូនខ្ញុំ?»។ 49 ព្រះអង្គលើកព្រះហស្ដចង្អុលទៅពួកសិស្ស ទាំងមានព្រះបន្ទូលថា៖ «អ្នកទាំងនេះ ហើយជាមាតា និង ជាបងប្អូនរបស់ខ្ញុំ 50 ដ្បិតអ្នកណាធ្វើតាមព្រះហឫទ័យរបស់ព្រះបិតាខ្ញុំដែលគង់នៅស្ថានបរមសុខ អ្នកនោះហើយជាបងប្អូនប្រុសស្រី និង ជាម្ដាយរបស់ខ្ញុំ»។

ម៉ាកុស 13

1 នៅគ្រានោះ ព្រះយេស៊ូចាកចេញពីផ្ទះ យាងទៅគង់នៅមាត់សមុទ្រ។ 2 មានមហាជនច្រើនកុះករ មកចោមរោមព្រះអង្គព្រះអង្គក៏យាងចុះទៅគង់ក្នុងទូកមួយ រីឯបណ្ដាជនឈរនៅមាត់ច្រាំង។ 3 ព្រះអង្គមានព្រះបន្ទូលទៅគេយ៉ាងច្រើន ដោយប្រើប្រស្នាដូចតទៅ៖ «មានបុរសម្នាក់ចេញទៅព្រោះគ្រាប់ពូជ។ 4 ពេលគាត់ព្រោះ មានគ្រាប់ពូជខ្លះធ្លាក់ទៅលើផ្លូវ ហើយសត្វមកចឹកស៊ីអស់ទៅ។ 5 មានគ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើកន្លែងមានថ្ម ពុំសូវមានដី។ គ្រាប់ពូជក៏ដុះឡើងភ្លាម ព្រោះដីមិនជ្រៅ។ 6 លុះដល់ថ្ងៃក្ដៅឡើង ពន្លកទាំងនោះក្រៀមស្វិតអស់ទៅ ព្រោះឫសចាក់មិនបានជ្រៅ។ 7 គ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើដីមានបន្លា។ បន្លាក៏ដុះឡើង រួបរឹតស្រូវមិនអោយដុះបានឡើយ។ 8 គ្រាប់ពូជខ្លះទៀត ធ្លាក់ទៅលើដីមានជីជាតិល្អ មួយគ្រាប់អោយផលជាមួយរយគ្រាប់ មួយទៀតអោយហុកសិប និង មួយទៀតអោយសាមសិប។ 9 អស់អ្នកដែលឮពាក្យនេះ សូមយកទៅពិចារណាចុះ!»។ 10 ពេលនោះ ពួកសិស្សនាំគ្នាចូលមកជិតព្រះអង្គទូលសួរថា៖ «ហេតុដូចម្ដេចបានជាព្រះគ្រូមានព្រះបន្ទូលទៅកាន់បណ្ដាជន ដោយប្រើពាក្យប្រស្នាដូច្នេះ?»។ 11 ព្រះអង្គតបទៅគេវិញថា៖ «មកពីព្រះជាម្ចាស់បានប្រោសប្រទានអោយអ្នករាល់គ្នាយល់គំរោងការដ៏លាក់កំបាំង របស់ព្រះរាជ្យ នៃស្ថានបរមសុខ រីឯអ្នកដទៃវិញ ព្រះអង្គមិនប្រទានអោយយល់ឡើយ។ 12 អ្នកណាមានហើយ ព្រះជាម្ចាស់នឹងប្រទានថែមទៀត ដើម្បីអោយអ្នកនោះបានបរិបូណ៌ រីឯអ្នកដែលគ្មាន ព្រះអង្គនឹងហូតយកអ្វីៗដែលអ្នកនោះមានផង។ 13 ហេតុនេះហើយបានជាខ្ញុំនិយាយទៅគេ ដោយប្រើពាក្យប្រស្នាគឺទោះបីគេមើល ក៏ពុំឃើញ ទោះបីគេស្ដាប់ ក៏ពុំឮហើយក៏ពុំយល់ដែរ 14 ដើម្បីអោយបានស្របនឹងសេចក្ដីដែលព្យាការី អេសាយថ្លែងទុកអំពីពួកគេថា៖ "អ្នករាល់គ្នាស្ដាប់មែន តែពុំឮទេ ហើយក៏ពុំយល់ផង។ អ្នករាល់គ្នាមើលមែន តែមិនឃើញសោះ 15 ដ្បិតចិត្ដប្រជារាស្ដ្រនេះរឹងណាស់ ហើយត្រចៀកគេក៏ធ្ងន់។ គេនាំគ្នាបិទភ្នែក មិនអោយមើលឃើញ មិនអោយត្រចៀកស្ដាប់ឮមិនអោយប្រាជ្ញាយល់ ហើយមិនចង់វិលមកវិញទេ ក្រែងលោយើងប្រោសគេអោយបានជា"។ 16 រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាមានសុភមង្គលហើយ ព្រោះភ្នែកអ្នករាល់គ្នាមើលឃើញ ត្រចៀកអ្នករាល់គ្នាស្ដាប់ឮ! 17 ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា មានព្យាការី និង មនុស្សសុចរិត ជាច្រើនមានបំណងចង់ឃើញហេតុការណ៍ដែលអ្នករាល់គ្នាឃើញនេះដែរ តែមិនបានឃើញទេ គេចង់ឮសេចក្ដីដែលអ្នករាល់គ្នាឮនេះដែរ តែមិនបានឮឡើយ!។ 18 ដូច្នេះ សុំស្ដាប់អត្ថន័យនៃប្រស្នាអំពីអ្នកព្រោះស្រូវដូចតទៅៈ 19 អ្នកដែលបានឮព្រះបន្ទូលអំពីព្រះរាជ្យ តែមិនយល់ ប្រៀបបាននឹងអ្នកដែលទទួលគ្រាប់ពូជនៅតាមផ្លូវ ដ្បិតមារកំណាចមកឆក់យកព្រះបន្ទូលដែលបានធ្លាក់ក្នុងចិត្ដគេនោះទៅ។ 20 រីឯអ្នកដែលទទួលគ្រាប់ពូជលើដីមានថ្ម គឺអស់អ្នកដែលបានឮព្រះបន្ទូលហើយ ក៏ទទួលយកភ្លាមដោយអំណរ 21 ប៉ុន្ដែគេពុំបានទុកអោយព្រះបន្ទូលចាក់ឫសនៅក្នុងខ្លួនគេឡើយ គេជាប់ចិត្ដតែមួយភ្លែតប៉ុណ្ណោះ លុះដល់មានទុក្ខលំបាក ឬ ត្រូវគេបៀតបៀន ព្រោះតែព្រះបន្ទូល គេក៏បោះបង់ចោលជំនឿភ្លាម។ 22 អ្នកដែលទទួលគ្រាប់ពូជក្នុងដីមានបន្លា គឺអ្នកដែលបានឮព្រះបន្ទូល ប៉ុន្ដែការខ្វល់ខ្វាយអំពីជីវិតក្នុងលោកីយ៍ ចិត្ដលោភលន់ចង់បានទ្រព្យសម្បត្ដិ រួបរឹតព្រះបន្ទូលមិនអោយបង្កើតផលបានឡើយ។ 23 រីឯអ្នកដែលទទួលគ្រាប់ពូជក្នុងដីមានជីជាតិល្អ គឺអស់អ្នកដែលបានឮព្រះបន្ទូល ហើយយល់គេបង្កបង្កើតផល ខ្លះបានមួយជាមួយរយ ខ្លះបានមួយជាហុកសិប និង ខ្លះទៀតបានមួយជាសាមសិប»។ 24 ព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នាមួយទៀតទៅគេថា៖«ព្រះរាជ្យ នៃស្ថានបរមសុខ ប្រៀបបាននឹងបុរសម្នាក់ ដែលបានព្រោះគ្រាប់ពូជល្អទៅក្នុងស្រែរបស់គាត់។ 25 ពេលមនុស្សម្នាដេកលក់អស់ មារសត្រូវរបស់គាត់ បានមកព្រោះស្រងែនៅក្នុងស្រែនោះដែរ រួចចេញបាត់ទៅ។ 26 ពេលស្រូវដុះឡើងដាក់គ្រាប់ ស្រងែក៏ដុះឡើងដែរ។ 27 ពួកអ្នកបំរើចូលមកជំរាបម្ចាស់ស្រែថាៈ "លោកម្ចាស់! លោកបានព្រោះតែគ្រាប់ពូជល្អក្នុងស្រែសោះ ចុះស្រងែនេះមកពីណា?"។ 28 ម្ចាស់តបវិញថាៈ "ពិតជាមានមារសត្រូវមកព្រោះហើយ!"។ ពួកអ្នកបំរើសួរលោកទៀតថាៈ "តើលោកចង់អោយយើងខ្ញុំទៅដកស្រងែនោះចេញឬ?"។ 29 ម្ចាស់តបថាៈ "កុំអី! បើអ្នករាល់គ្នាដក ក្រែងលោដោយស្រូវមកជាមួយដែរ 30 ទុកអោយវាដុះជាមួយគ្នារហូតដល់ស្រូវទុំចុះ ពេលនោះខ្ញុំនឹងប្រាប់ពួកអ្នកច្រូតថា ចូរប្រមូលស្រងែ ចងជាបាច់ យកទៅដុតចោលជាមុនសិន រួចសឹមប្រមូលស្រូវដាក់ជង្រុកអោយខ្ញុំ"»។ 31 ព្រះយេស៊ូមានព្រះបន្ទូល ជាពាក្យប្រស្នាមួយទៀតទៅគេថា៖«ព្រះរាជ្យនៃស្ថានបរមសុខប្រៀបបីដូចជាគ្រាប់ពូជម៉្យាងដ៏ល្អិត ដែលបុរសម្នាក់យកទៅដំាក្នុងចំការរបស់ខ្លួន។ 32 គ្រាប់ពូជនោះតូចជាងគ្រាប់ពូជទាំងអស់ ប៉ុន្ដែ ពេលដុះឡើង វាធំជាងដំណំាឯទៀតៗ គឺទៅជាដើមឈើមួយយ៉ាងធំ ហើយបក្សាបក្សីមកធ្វើសំបុកស្នាក់អាស្រ័យនៅតាមមែករបស់វា»។ 33 ព្រះអង្គមានព្រះបន្ទូលជាពាក្យប្រស្នាមួយទៀតថា៖ «ព្រះរាជ្យនៃស្ថានបរមសុខប្រៀបបីដូចជាមេនំបុ័ង ដែលស្ដ្រីម្នាក់យកទៅលាយនឹងម្សៅពីរតៅ ធ្វើអោយម្សៅនោះដោរឡើង»។ 34 ព្រះយេស៊ូមានព្រះបន្ទូលអំពីសេចក្ដីទាំងនេះ ទៅកាន់មហាជនជាពាក្យប្រស្នាទាំងអស់ គឺព្រះអង្គមិនដែលមានព្រះបន្ទូលទៅគេ ដោយឥតប្រើពាក្យប្រស្នាឡើយ 35 ដើម្បីអោយស្របនឹងសេចក្ដីដែលមានចែងទុកតាមរយៈពួកព្យាការី ថា៖ «យើងនឹងនិយាយទៅគេជាពាក្យប្រស្នា យើងនឹងប្រកាសសេចក្ដីលាក់កំបាំង តាំងពីដើមកំណើតពិភពលោកមក អោយគេដឹង»។ 36 ពេលនោះ ព្រះយេស៊ូយាងចេញពីមហាជនចូលទៅក្នុងផ្ទះ។ ពួកសិស្ស នាំគ្នាចូលមកគាល់ព្រះអង្គទូលថា៖ «សូមព្រះគ្រូបកស្រាយប្រស្នាអំពីស្រងែក្នុងស្រែ អោយយើងខ្ញុំបានយល់អត្ថន័យផង»។ 37 ព្រះអង្គមានព្រះបន្ទូលតបទៅគេវិញថា៖ «អ្នកព្រោះគ្រាប់ពូជល្អ គឺបុត្រមនុស្ស 38 ស្រែ គឺពិភពលោក គ្រាប់ពូជល្អ គឺអ្នកដែលត្រូវចូលទៅក្នុងព្រះរាជ្យ រីឯស្រងែវិញ គឺកូនចៅរបស់មារ កំណាច។ 39 សត្រូវដែលសាបព្រោះស្រងែ គឺមារ រដូវចំរូត គឺអវសានកាលនៃពិភពលោក ហើយអ្នកច្រូត គឺទេវតា ។ 40 គេច្រូតស្រងែយកទៅដុតក្នុងភ្លើងយ៉ាងណា នៅអវសានកាលនៃពិភពលោក ក៏នឹងកើតមានយ៉ាងនោះដែរ។ 41 បុត្រមនុស្សនឹងចាត់ទេវតារបស់លោកអោយមក។ ទេវតាទាំងនោះនឹងប្រមូលពួកអ្នកដែលនាំគេអោយប្រព្រឹត្ដអំពើបាប និង ពួកអ្នកដែលបានប្រព្រឹត្ដអំពើទុច្ចរិតយកចេញពីព្រះរាជ្យ 42 បោះទៅក្នុងភ្លើងដែលឆេះសន្ធោសន្ធៅ ហើយនៅទីនោះមានតែសំរែកយំសោក ខឹងសង្កៀតធ្មេញ។ 43 រីឯអ្នកសុចរិត វិញ គេនឹងស្ថិតនៅក្នុងព្រះរាជ្យនៃព្រះបិតារបស់គេ ទាំងបញ្ចេញរស្មីភ្លឺដូចព្រះអាទិត្យ។ អ្នកណាឮពាក្យនេះ សូមយកទៅពិចារណាចុះ!»។ 44 «ព្រះរាជ្យនៃស្ថានបរមសុខ ប្រៀបបីដូចជាកំណប់ដែលគេកប់ទុកនៅក្នុងស្រែមួយ។ មានបុរសម្នាក់រកកំណប់នោះឃើញ ហើយកប់ទុកវិញ។ គាត់មានចិត្ដត្រេកអរជាខ្លាំង ក៏ចេញទៅ លក់ទ្រព្យសម្បត្ដិទាំងប៉ុន្មានដែលគាត់មាន យកប្រាក់ទិញដីស្រែនោះ។ 45 ម៉្យាងទៀត ព្រះរាជ្យនៃស្ថានបរមសុខប្រៀបបីដូចជាអ្នកជំនួញម្នាក់ ដែលស្វែងរកទិញពេជ្រល្អៗ។ 46 កាលបានឃើញពេជ្រមួយគ្រាប់ដ៏មានតម្លៃលើសលប់ ហើយ គាត់ក៏ទៅលក់អ្វីៗទាំងប៉ុន្មានដែលគាត់មានយកប្រាក់មកទិញពេជ្រនោះ»។ 47 «ព្រះរាជ្យនៃស្ថានបរមសុខប្រៀបបីដូចជាអួនមួយដែលគេរាយក្នុងសមុទ្រ ហើយជាប់បានត្រីគ្រប់យ៉ាង។ 48 ពេលជាប់បានត្រីពេញហើយ គេអូសអួននោះឡើងមកលើគោក រួចអង្គុយរើសត្រីល្អៗដាក់ក្នុងកញ្ឆេ រីឯត្រីមិនល្អវិញ គេបោះចោល។ 49 នៅអវសានកាលនៃពិភពលោក ក៏នឹងកើតមានដូច្នេះដែរ។ ពួកទេវតា នាំគ្នាមកញែកមនុស្សទុច្ចរិត ចេញពីចំណោមមនុស្សសុចរិត 50 រួចបោះមនុស្សទុច្ចរិតទាំងនោះ ទៅក្នុងភ្លើងដែលឆេះសន្ធោសន្ធៅ ហើយនៅទីនោះ មានតែសំរែកយំសោកខឹងសង្កៀតធ្មេញ។ 51 តើអ្នករាល់គ្នាយល់សេចក្ដីទាំងនេះឬទេ?» ពួកសិស្សទូលព្រះអង្គថា៖ «បាទ យល់!»។ 52 ព្រះអង្គមានព្រះបន្ទូលទៅគេទៀតថា៖ «ហេតុនេះហើយបានជាពួកអាចារ្យដែលបានទទួលការអប់រំអំពីព្រះរាជ្យនៃស្ថានបរមសុខ ប្រៀបបានទៅនឹងម្ចាស់ផ្ទះដែលយកទ្រព្យ ទាំងចាស់ទាំងថ្មីចេញពីឃ្លាំងរបស់គាត់ដូច្នោះដែរ»។ 53 កាលព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នាទាំងនេះចប់សព្វគ្រប់ហើយ ព្រះអង្គក៏យាងចេញពីទីនោះ 54 ត្រឡប់ទៅភូមិស្រុករបស់ព្រះអង្គវិញ។ ព្រះអង្គបង្រៀនអ្នកស្រុកនៅក្នុងសាលាប្រជុំ របស់គេ ធ្វើអោយគេងឿងឆ្ងល់គ្រប់ៗគ្នា។ គេពោលថា៖ «តើគាត់បានទទួលប្រាជ្ញា និង ឫទ្ធានុភាពធ្វើការអស្ចារ្យទាំងនេះមកពីណា? 55 អ្នកនេះជាកូនរបស់ជាងឈើ ហើយម្ដាយរបស់គាត់ឈ្មោះនាងម៉ារី បងប្អូនគាត់ឈ្មោះយ៉ាកុប យ៉ូសេ ស៊ីម៉ូន យូដាស ទេតើ! 56 ប្អូនស្រីរបស់គាត់ទាំងប៉ុន្មានរស់នៅក្នុងភូមិជាមួយយើងដែរ។ ដូច្នេះគាត់ដឹងសេចក្ដី ទាំងនេះពីណាមក?»។ 57 ហេតុនេះហើយបានជាគេមិនអាចជឿព្រះអង្គបាន។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ធម្មតា គេមើលងាយព្យាការីតែក្នុងស្រុកកំណើត និង ក្នុងផ្ទះរបស់លោកប៉ុណ្ណោះ!»។ 58 នៅទីនោះ ព្រះយេស៊ូពុំបានធ្វើការអស្ចារ្យច្រើនឡើយ ព្រោះគេគ្មានជំនឿ។

ម៉ាកុស 14

1 នៅគ្រានោះ ព្រះបាទហេរ៉ូដ ជាស្ដេចអនុរាជ បានជ្រាបអំពីព្រះកិត្ដិនាមរបស់ព្រះយេស៊ូ 2 ទ្រង់មានរាជឱង្ការទៅពួកបរិពារថា៖ «យ៉ូហានបាទីស្ដបានរស់ឡើងវិញហើយ បានជាគាត់មានឫទ្ធានុភាព សំដែងការអស្ចារ្យយ៉ាងនេះ»។ 3 ព្រះបាទហេរ៉ូដបានចាប់លោកយ៉ូហានដាក់ច្រវាក់យកទៅឃុំឃាំង ដោយទ្រង់ជឿតាមពាក្យព្រះនាងហេរ៉ូឌាស ដែលត្រូវជាមហេសីរបស់ស្ដេចភីលីពជាអនុជ 4 ព្រោះលោកយ៉ូហានបានបន្ទោសស្ដេចថា «ព្រះករុណាគ្មានសិទ្ធិយកព្រះនាងមកធ្វើជាមហេសីឡើយ»។ 5 ស្ដេចហេរ៉ូដចង់សម្លាប់លោកយ៉ូហាន តែទ្រង់ខ្លាចបណ្ដាជន ព្រោះពួកគេចាត់ទុកលោកជាព្យាការី មួយរូប។ 6 នៅថ្ងៃបុណ្យខួបចំរើនព្រះជន្មរបស់ព្រះបាទហេរ៉ូដ បុត្រីរបស់ព្រះនាងហេរ៉ូឌាស ចូលមករាំនៅមុខភ្ញៀវ ធ្វើអោយស្ដេចពេញចិត្ដយ៉ាងខ្លាំង 7 រហូតដល់ស្បថស្បែសន្យានឹងនាងថា បើនាងចង់បានអ្វី ស្ដេចប្រទានអោយទាំងអស់។ 8 នាងទូលទៅស្ដេចវិញ តាមពាក្យបង្គាប់របស់មាតាថា៖ «សូមទ្រង់ប្រទានក្បាលរបស់យ៉ូហានបាទីស្ដ ដាក់លើថាសមកអោយខ្ញុំម្ចាស់!»។ 9 ព្រះរាជាព្រួយព្រះហឫទ័យក្រៃលែង ព្រោះទ្រង់បានស្បថនៅមុខភ្ញៀវទាំងអស់ ជ្រុលហួសទៅហើយ។ ទ្រង់ក៏បញ្ជាអោយគេធ្វើតាមពាក្យសុំរបស់នាង 10 គឺចាត់ទាហានអោយទៅកាត់កលោកយ៉ូហាន 11 យកក្បាលដាក់លើថាសមួយប្រគល់អោយនាង រួចនាងយកទៅថ្វាយមាតា។ 12 ពួកសិស្សរបស់លោកយ៉ូហាន មកយកសពលោកទៅបញ្ចុះ ហើយនាំគ្នាយកដំណឹងទៅទូលព្រះយេស៊ូ។ 13 កាលព្រះយេស៊ូបានជ្រាបដំណឹងនេះ ទ្រង់ក៏យាងចុះទូក ចាកចេញជាមួយពួកសិស្ស ឆ្ពោះទៅកាន់កន្លែងមួយស្ងាត់ដាច់ឡែកពីបណ្ដាជន។ ប៉ុន្ដែ មហាជនបានដឹង ហើយនាំគ្នាចេញពីក្រុងនានា ដើរទៅតាមព្រះអង្គ។ 14 កាលព្រះយេស៊ូយាងឡើងពីទូក ទតឃើញមហាជនដ៏ច្រើនយ៉ាងនេះ ព្រះអង្គមានព្រះហឫទ័យអាណិតអាសូរគេពន់ពេកណាស់ ហើយទ្រង់ក៏ប្រោសអ្នកជំងឺអោយបានជា។ 15 ពេលនោះ ថ្ងៃជ្រេណាស់ហើយ សិស្សនាំគ្នាចូលមកជិតព្រះអង្គទូលថា៖ «ទីនេះស្ងាត់ណាស់ ហើយក៏ជិតយប់ផង សូមប្រាប់បណ្ដាជនទាំងនេះអោយត្រឡប់ទៅវិញ រកទិញម្ហូបអាហារនៅតាមភូមិ»។ 16 ប៉ុន្ដែ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់សិស្សថា៖ «មិនបាច់អោយគេត្រឡប់ទៅវិញទេ ចូរអ្នករាល់គ្នាយកម្ហូបអាហារអោយគេបរិភោគទៅ»។ 17 សិស្សទូលព្រះអង្គថា៖ «យើងខ្ញុំមាននំបុ័ងតែប្រាំដុំ និង ត្រីងៀតពីរកន្ទុយប៉ុណ្ណោះ»។ 18 ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរយកនំបុ័ង និង ត្រីនោះមកអោយខ្ញុំ»។ 19 បន្ទាប់មកព្រះអង្គប្រាប់បណ្ដាជនអោយអង្គុយលើស្មៅ ព្រះអង្គយកនំបុ័ងទាំងប្រាំដុំ និង ត្រីពីរកន្ទុយនោះមកកាន់ ទ្រង់ងើបព្រះភ័ក្ដ្រឡើងលើ សរសើរតម្កើងព្រះជាម្ចាស់ហើយកាច់នំបុ័ងប្រទានអោយពួកសិស្ស ពួកសិស្សក៏ចែកអោយបណ្ដាជនបរិភោគ។ 20 អ្នកទាំងនោះបានបរិភោគឆ្អែតគ្រប់ៗគ្នា ហើយពួកសិស្សប្រមូលនំបុ័ងដែលនៅសល់ ដាក់បានពេញដប់ពីរល្អី។ 21 អស់អ្នកដែលបានបរិភោគនំបុ័ង មានប្រុសៗទាំងអស់ប្រមាណប្រាំពាន់នាក់ ឥតគិតស្រីៗ និង ក្មេងៗផងទេ។ 22 រំពេចនោះ ព្រះយេស៊ូបញ្ជាពួកសិស្ស អោយចុះទូក ឆ្លងទៅត្រើយម្ខាង មុនព្រះអង្គ ហើយព្រះអង្គក៏ប្រាប់មហាជនអោយវិលត្រឡប់ទៅវិញដែរ។ 23 កាលព្រះអង្គអោយមហាជនចេញផុតអស់ហើយ ព្រះយេស៊ូយាងឡើងទៅលើភ្នំដាច់ឡែកពីគេ ដើម្បីអធិស្ឋាន ។ លុះដល់យប់ ទ្រង់គង់នៅទីនោះតែមួយព្រះអង្គឯង។ 24 ពេលនោះ ទូកចេញឆ្ងាយពីច្រាំងហើយ ក៏ត្រូវរលកបក់បោក ព្រោះបញ្ច្រាសខ្យល់។ 25 ដល់ពេលជិតភ្លឺ ព្រះអង្គយាងលើទឹកឆ្ពោះទៅរកពួកសិស្ស។ 26 កាលពួកគេឃើញព្រះអង្គយាងលើទឹកសមុទ្រដូច្នេះគេភ័យរន្ធត់ ហើយស្រែកឡើងថា «ខ្មោចលង!» ព្រោះគេភ័យពេក។ 27 រំពេចនោះ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ចូរតាំងចិត្ដក្លាហានឡើង ខ្ញុំទេតើ កុំខ្លាចអី!»។ 28 លោកពេត្រុសទូលព្រះអង្គថា៖ «លោកម្ចាស់ ប្រសិនបើពិតជាលោកមែន សូមបញ្ជាអោយខ្ញុំអាចដើរលើទឹកទៅរកលោកផង»។ 29 ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «អញ្ជើញមក!» លោកពេត្រុសក៏ចុះពីទូក ដើរលើទឹកឆ្ពោះទៅរកព្រះយេស៊ូ។ 30 ប៉ុន្ដែ កាលលោកឃើញខ្យល់បក់ខ្លាំងលោកភ័យណាស់ ហើយចាប់ផ្ដើមលិចទៅក្នុងទឹក។ លោកស្រែកឡើងថា៖ «លោកម្ចាស់អើយ សូមជួយខ្ញុំផង!»។ 31 ព្រះយេស៊ូក៏លូកព្រះហស្ដទាញគាត់ឡើងភ្លាម ទាំងមានព្រះបន្ទូលថា៖ «មនុស្សមានជំនឿតិចអើយ ហេតុដូចម្ដេចបានជាអ្នកមិនទុកចិត្ដ ដូច្នេះ?។ 32 បន្ទាប់មក ព្រះអង្គ និង លោកពេត្រុសចូលមកក្នុងទូក ហើយខ្យល់ក៏ស្ងប់។ 33 អ្នកនៅក្នុងទូកនាំគ្នាក្រាបថ្វាយបង្គំព្រះអង្គ ទាំងពោលថា៖ «ព្រះអង្គពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន!»។ 34 ព្រះយេស៊ូ និង ពួកសិស្ស បានឆ្លងទៅដល់ត្រើយម្ខាងត្រង់ស្រុកគេនេសារ៉ែត។ 35 អ្នកស្រុកនោះស្គាល់ព្រះអង្គភ្លាម ហើយយកដំណឹងទៅផ្សព្វផ្សាយពាសពេញតំបន់ទាំងមូល។ គេនាំអ្នកជំងឺទាំងអស់មករកព្រះអង្គ 36 អង្វរសូមគ្រាន់តែពាល់ជាយព្រះពស្ដ្ររបស់ព្រះអង្គប៉ុណ្ណោះ អស់អ្នកដែលបានពាល់ បានជាសះស្បើយ គ្រប់ៗគ្នា។

ម៉ាកុស 15

1 មានពួកខាងគណៈផារីស៊ី និង ពួក អាចារ្យពីក្រុងយេរូសាឡឹម ចូលមកគាល់ព្រះយេស៊ូ ហើយទូលថា៖ 2 «ហេតុអ្វីបានជាសិស្សរបស់លោកមិនគោរព តាមទំនៀមទម្លាប់របស់ចាស់បុរាណ គឺមិនធ្វើពិធីលាងដៃមុនពេលបរិភោគដូច្នេះ?»។ 3 ព្រះអង្គមានព្រះបន្ទូលតបទៅគេវិញថា៖ «ចុះអ្នករាល់គ្នា ហេតុដូចម្ដេចបានជាអ្នករាល់គ្នាប្រព្រឹត្ដល្មើសនឹងបទបញ្ជារបស់ព្រះជាម្ចាស់ ទៅកាន់តាមទំនៀមទម្លាប់របស់អ្នក រាល់គ្នាវិញដូច្នេះ?។ 4 ព្រះជាម្ចាស់មានព្រះបន្ទូលថាៈ "ចូរគោរពមាតាបិតារបស់អ្នក អ្នកណាជេរប្រទេចផ្ដាសាមាតាបិតារបស់ខ្លួន នឹងត្រូវមានទោសដល់ជីវិត"។ 5 រីឯអ្នករាល់គ្នាវិញ បែរជាពោលថាៈ បើអ្នកណានិយាយទៅឪពុកម្ដាយថា "អ្វីៗដែលខ្ញុំត្រូវជូនលោកឪពុកអ្នកម្ដាយនោះ ខ្ញុំបានទុកថ្វាយព្រះជាម្ចាស់រួចទៅហើយ" 6 អ្នកនោះមិនបាច់គោរពឪពុកម្ដាយទេ។ ត្រង់ហ្នឹងហើយ ដែលអ្នករាល់គ្នាបំបាត់តម្លៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទៅប្រព្រឹត្ដតាមទំនៀមទម្លាប់របស់អ្នករាល់គ្នាវិញ!។ 7 មនុស្សមានពុតអើយ ពាក្យដែលព្យាការី អេសាយថ្លែងទុកអំពីអ្នករាល់គ្នា ត្រូវណាស់គឺៈ 8 "ប្រជារាស្ដ្រនេះគោរពយើងតែបបូរមាត់ រីឯចិត្ដគេនៅឆ្ងាយពីយើង។ 9 គេថ្វាយបង្គំយើងឥតបានការអ្វីសោះ ព្រោះគេបង្រៀនតែក្បួនច្បាប់របស់មនុស្សប៉ុណ្ណោះ" »។ 10 បន្ទាប់មក ព្រះយេស៊ូត្រាស់ហៅបណ្ដាជន រួចមានព្រះបន្ទូលទៅគេថា៖ «ចូរស្ដាប់ ហើយយល់អោយច្បាស់ថា 11 អ្វីៗដែលចូលតាមមាត់មនុស្ស ពុំដែលធ្វើអោយមនុស្សទៅជាមិនបរិសុទ្ធឡើយ ផ្ទុយទៅវិញមានតែអ្វីៗដែលចេញពីមាត់មនុស្សប៉ុណ្ណោះ ដែលធ្វើអោយមនុស្សត្រឡប់ទៅជាមិនបរិសុទ្ធ»។ 12 ពេលនោះសិស្ស នាំ គ្នា ចូលមកជិតព្រះអង្គហើយទូលថា៖ «សូមព្រះគ្រូជ្រាប ពួកខាងគណៈផារីស៊ី ទាស់ចិត្ដណាស់ មកពីឮព្រះគ្រូមានប្រសាសន៍ដូច្នេះ»។ 13 ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេវិញថា៖ «ព្រះបិតារបស់ខ្ញុំដែលគង់នៅស្ថានបរមសុខ នឹងដករុក្ខជាតិទាំងឡាយណាដែលព្រះអង្គមិនបានដាំ។ 14 កុំអំពល់នឹងគេធ្វើអ្វី អ្នកទាំងនោះ សុទ្ធតែជាមនុស្សខ្វាក់ ដឹកនាំមនុស្សខ្វាក់។ បើមនុស្សខ្វាក់ដឹកដៃមនុស្សខ្វាក់ គេមុខជាធ្លាក់រណ្ដៅទាំងពីរនាក់មិនខាន»។ 15 លោកពេត្រុសទូលព្រះអង្គថា៖ «សូមព្រះគ្រូបកស្រាយពាក្យប្រស្នានេះអោយយើងខ្ញុំយល់ផង»។ 16 ព្រះអង្គមានព្រះបន្ទូលថា៖ «អ្នករាល់គ្នានៅតែគ្មានប្រាជ្ញាដូចគេដែរឬ! 17 អ្នករាល់គ្នាត្រូវយល់ថា អ្វីៗដែលចូលតាមមាត់មនុស្ស ត្រូវចូលទៅក្នុងពោះ រួចធ្លាក់ទៅទីបន្ទោរបង់! 18 ផ្ទុយទៅវិញ អ្វីៗដែលចេញពីមាត់មនុស្ស សុទ្ធតែផុសចេញពីចិត្ដមក គឺសេចក្ដីនោះឯងដែលធ្វើអោយមនុស្សទៅជាមិនបរិសុទ្ធ 19 ដ្បិតគំនិតអាក្រក់ ការកាប់សម្លាប់ អំពើផិតក្បត់ កាមគុណថោកទាប ការលួចប្លន់ ពាក្យកុហក ពាក្យត្មះតិះដៀល សុទ្ធតែចេញមកពីចិត្ដមនុស្សទាំងអស់ 20 គឺការទាំងនេះហើយដែលធ្វើអោយមនុស្សក្លាយទៅជាមិនបរិសុទ្ធ។ រីឯការបរិភោគ ដោយមិនបានធ្វើពិធីលាងដៃនោះ ឥតធ្វើអោយមនុស្សក្លាយទៅជាមិនបរិសុទ្ធឡើយ»។ 21 បន្ទាប់មក ព្រះយេស៊ូយាងចាកចេញពីទីនោះឆ្ពោះទៅកាន់តំបន់ជិតក្រុងទីរ៉ូស និង ក្រុងស៊ីដូន។ 22 មានស្ដ្រីសាសន៍កាណានម្នាក់ដែលរស់នៅស្រុកនោះចូលមកគាល់ព្រះអង្គ ហើយទូលអង្វរថា៖ «ឱព្រះអម្ចាស់ជាព្រះរាជវង្សរបស់ព្រះបាទដាវីឌអើយ សូមអាណិតមេត្ដាខ្ញុំម្ចាស់ផង! កូនស្រីខ្ញុំម្ចាស់ត្រូវអារក្សចូលបណ្ដាលអោយវេទនាខ្លាំងណាស់»។ 23 ព្រះយេស៊ូពុំបានឆ្លើយតបនឹងនាងឡើយ។ ពួកសិស្សនាំគ្នាចូលមកជិតព្រះអង្គ ទូលថា៖ «សូមព្រះគ្រូប្រោសប្រណីដល់នាងផង ព្រោះនាងចេះតែស្រែកអង្វរពីក្រោយយើង»។ 24 ព្រះអង្គមានព្រះបន្ទូលតបថា៖ «ព្រះជាម្ចាស់បានចាត់អោយខ្ញុំមករកតែអស់អ្នកដែលវង្វេង ក្នុងចំណោមជនជាតិអ៊ីស្រាអែល ប៉ុណ្ណោះ»។ 25 ប៉ុន្ដែ ស្ដ្រីនោះចូលមកក្រាបទៀបព្រះបាទាព្រះអង្គ ហើយទូលថា៖ «ព្រះអម្ចាស់អើយ សូមជួយខ្ញុំម្ចាស់ផង!»។ 26 ព្រះអង្គមានព្រះបន្ទូលតបថា៖ «មិនគួរយកអាហាររបស់កូនចៅបោះទៅអោយកូនឆ្កែ ស៊ីឡើយ»។ 27 នាងទូលព្រះអង្គថា៖ «ពិតមែនហើយព្រះអម្ចាស់! ប៉ុន្ដែ កូនឆ្កែស៊ីកំទេចអាហារដែលជ្រុះពីតុរបស់ម្ចាស់វា»។ 28 ព្រះយេស៊ូក៏មានព្រះបន្ទូលទៅនាងថា៖ «នាងអើយ នាងមានជំនឿមំាមួនណាស់ដូច្នេះ សូមអោយបានសំរេចតាមចិត្ដនាងប្រាថ្នាចុះ!»។ កូនស្រីរបស់នាងបានជា តាំងពីពេលនោះមក។ 29 ព្រះយេស៊ូចាកចេញពីទីនោះ ឆ្ពោះទៅកាន់ឆ្នេរសមុទ្រកាលីឡេ។ បន្ទាប់មក ព្រះអង្គយាងឡើងទៅលើភ្នំ លុះយាងដល់ហើយ ព្រះអង្គគង់ចុះ 30 មានមហាជនច្រើនកុះករនំាគ្នាចូលមករកព្រះអង្គ ទាំងនាំមនុស្សខ្វិន មនុស្សខ្វាក់ មនុស្សពិការជើង មនុស្សគថ្លង់ និង អ្នកមានជំងឺឯទៀតៗមកជាមួយ។ គេដាក់អ្នកទាំងនោះនៅទៀបព្រះបាទាព្រះអង្គ ហើយព្រះអង្គប្រោសគេអោយបានជាទាំងអស់គ្នា។ 31 ពេលឃើញមនុស្សគនិយាយបាន មនុស្សពិការជើងជាដូចធម្មតាមនុស្សខ្វិនដើរបាន និង មនុស្សខ្វាក់មើលឃើញ មហាជននំាគ្នាកោតស្ញប់ស្ញែងក្រៃលែង ទាំងលើកតម្កើងសិរីរុងរឿងរបស់ព្រះនៃជនជាតិអ៊ីស្រាអែលផង។ 32 ព្រះយេស៊ូត្រាស់ហៅពួកសិស្ស មកទ្រង់មានព្រះបន្ទូលថា៖ «ខ្ញុំអាណិតអាសូរបណ្ដាជននេះពន់ពេកណាស់ ដ្បិតគេនៅជាមួយខ្ញុំអស់រយៈពេលបីថ្ងៃមកហើយ ហើយគ្មានអ្វីបរិភោគសោះ។ ខ្ញុំមិនចង់អោយគេត្រឡប់ទៅវិញ ទាំងពោះទទេឡើយ ក្រែងគេអស់កម្លាំងដួលតាមផ្លូវ»។ 33 ពួកសិស្សទូលព្រះអង្គថា៖ «នៅទីនេះស្ងាត់ណាស់ តើយើងបានម្ហូបអាហារឯណាអោយបណ្ដាជនច្រើនយ៉ាងនេះបរិភោគគ្រាន់?»។ 34 ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «តើអ្នករាល់គ្នាមាននំបុ័ងប៉ុន្មានដុំ?»។ ពួកគេទូលថា៖ «មានប្រាំពីរដុំ និង មានត្រីតូចៗខ្លះដែរ»។ 35 ព្រះអង្គក៏ប្រាប់បណ្ដាជនអោយអង្គុយផ្ទាល់នឹងដី 36 ទ្រង់យកនំបុ័ងទាំងប្រាំពីរដុំ និង ត្រីមកកាន់ អរព្រះគុណព្រះជាម្ចាស់ហើយកាច់ប្រទានអោយពួកសិស្ស ពួកសិស្សក៏យកទៅចែកបណ្ដាជន។ 37 ពួកគេបរិភោគឆ្អែតគ្រប់ៗគ្នា ហើយប្រមូលនំបុ័ង និង ត្រីដែលនៅសល់ បានប្រាំពីរជាល។ 38 អស់អ្នកដែលបានបរិភោគមានចំនួនបួនពាន់នាក់ ឥតគិតស្រីៗ និង ក្មេងៗផងទេ។ 39 បន្ទាប់មកព្រះអង្គប្រាប់មហាជនអោយវិលត្រឡប់ទៅផ្ទះវិញ រួចទ្រង់យាងចុះទូក ឆ្ពោះទៅតំបន់ម៉ាកាដាន។

ម៉ាកុស 16

1 ពេលនោះ ពួកខាងគណៈផារីស៊ី និង ពួកខាងគណៈសាឌូស៊ី នាំគ្នាចូលមកគាល់ព្រះយេស៊ូ ក្នុងគោលបំណងចាប់កំហុសព្រះអង្គ។ គេសុំអោយព្រះអង្គសំដែងទីសំគាល់មួយបញ្ជាក់ថាព្រះអង្គបានទទួលអំណាចពីព្រះជាម្ចាស់មក។ 2 ប៉ុន្ដែ ព្រះអង្គមានព្រះបន្ទូលតបទៅគេថា៖ «នៅពេលថ្ងៃលិច កាលណាអ្នករាល់គ្នាឃើញផ្ទៃមេឃពណ៌ក្រហមអ្នករាល់គ្នាតែងពោលថា ស្អែកថ្ងៃល្អហើយ។ 3 នៅពេលព្រឹកព្រហាម កាលណាអ្នករាល់គ្នាឃើញផ្ទៃមេឃខ្មៅដាស អ្នករាល់គ្នាតែងពោលថា ថ្ងៃនេះភ្លៀងហើយ។ អ្នករាល់គ្នាយល់ហេតុការណ៍ផ្សេងៗនៅលើមេឃបាន តែអ្នករាល់គ្នាមិនយល់ទីសំគាល់នាសម័យ នេះ សោះ! 4 មនុស្សជំនាន់នេះអាក្រក់ណាស់ ហើយក្បត់នឹងព្រះជាម្ចាស់ផង គេចង់តែឃើញទីសំគាល់ដ៏អស្ចារ្យ ប៉ុន្ដែ ព្រះអង្គមិនប្រទានទីសំគាល់ណាផ្សេងក្រៅពីទីសំគាល់របស់ព្យាការី យ៉ូណាសឡើយ»។ បន្ទាប់មក ព្រះយេស៊ូយាងចាកចេញពីគេទៅ។ 5 ពេលឆ្លងទៅត្រើយម្ខាង ពួកសិស្សភ្លេចយកនំបុ័ងទៅជាមួយ 6 ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ចូរអ្នករាល់គ្នាប្រយ័ត្ននឹងមេម្សៅរបស់ពួក ខាងគណៈផារីស៊ី និង មេម្សៅរបស់ពួកខាងគណៈសាឌូស៊ី អោយមែនទែន»។ 7 ពួកសិស្សជជែកគ្នាគេថា៖ «យើងមិនបានយកនំបុ័ងមកទេ!»។ 8 ព្រះយេស៊ូជ្រាបគំនិតរបស់គេ ក៏មានព្រះបន្ទូលថា៖ «មនុស្សមានជំនឿតិចអើយ ម្ដេចក៏ជជែកគ្នាអំពីរឿងគ្មាននំបុ័ងដូច្នេះ? 9 អ្នករាល់គ្នានៅតែពុំទាន់យល់ទៀតឬ? កាលខ្ញុំចែកនំបុ័ងប្រាំដុំអោយមនុស្សប្រាំពាន់នាក់នោះ អ្នករាល់គ្នាប្រមូលបានប៉ុន្មានល្អី អ្នករាល់គ្នាចាំឬទេ? 10 ហើយកាលខ្ញុំចែកនំបុ័ងប្រាំពីរដុំ អោយមនុស្សបួនពាន់នាក់ អ្នករាល់គ្នាប្រមូលបានប៉ុន្មានជាល? 11 ហេតុដូចម្ដេចបានជាអ្នករាល់គ្នាមិនយល់ដូច្នេះ ខ្ញុំគ្មានបំណងនិយាយអំពីនំបុ័ងទេគឺខ្ញុំចង់អោយអ្នករាល់គ្នាប្រយ័ត្ននឹងមេម្សៅរបស់ពួកខាងគណៈផារីស៊ី និង ពួកខាងគណៈសាឌូស៊ី ឯណោះ»។ 12 ពេលនោះ ពួកសិស្សយល់ថា ព្រះអង្គចង់អោយគេប្រយ័ត្ននឹងសេចក្ដីដែលពួកខាងគណៈផារីស៊ី និង ពួកខាងគណៈសាឌូស៊ីបង្រៀន មិនមែនប្រយ័ត្នអំពីមេម្សៅនោះឡើយ។ 13 កាលព្រះយេស៊ូយាងមកដល់ស្រុកសេសារាភីលីព ព្រះអង្គមានព្រះបន្ទូលសួរពួកសិស្ស ថា៖ «មនុស្សទាំងឡាយថាបុត្រមនុស្សជានរណា?»។ 14 គេទូលថា៖ «អ្នកខ្លះថាលោកជាលោកយ៉ូហានបាទីស្ដ អ្នកខ្លះថាលោកជាព្យាការី អេលីយ៉ា អ្នកខ្លះទៀតថា លោកជាព្យាការីយេរេមា ឬ ជាព្យាការីណាមួយរូប»។ 15 ព្រះអង្គសួរគេទៀតថា៖ «ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាថា ខ្ញុំជានរណាដែរ?»។ 16 លោកស៊ីម៉ូនពេត្រុសទូលព្រះអង្គថា៖ «លោកជាព្រះគ្រិស្ដ ជាព្រះបុត្រារបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅ»។ 17 ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់វិញថា៖ «ស៊ីម៉ូនកូនលោកយ៉ូណាសអើយ អ្នកពិតជាមានសុភមង្គលមែនអ្នកដឹងសេចក្ដីនេះ មិនមែនដោយគំនិតប្រាជ្ញាខាងលោកីយ៍ទេ គឺព្រះបិតារបស់ខ្ញុំដែលគង់នៅស្ថានបរមសុខ បានសំដែងអោយអ្នកដឹង។ 18 ខ្ញុំសុំប្រាប់អ្នកថាអ្នកឈ្មោះពេត្រុស ហើយនៅលើផ្ទាំងសិលានេះ ខ្ញុំនឹងសង់ក្រុមជំនុំ របស់ខ្ញុំ។ មច្ចុរាជពុំមានអំណាចលើក្រុមជំនុំនេះបានឡើយ 19 ខ្ញុំនឹងប្រគល់កូនសោព្រះរាជ្យ នៃស្ថានបរមសុខ អោយអ្នក។ អ្វីៗដែលអ្នកចងនៅលើផែនដីនេះ ព្រះជាម្ចាស់នឹងចងនៅស្ថានបរមសុខ ហើយអ្វីៗដែលអ្នកស្រាយនៅលើផែនដី ព្រះជាម្ចាស់ក៏នឹងស្រាយនៅស្ថានបរមសុខដែរ»។ 20 បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលហាមពួកសិស្ស មិនអោយប្រាប់នរណាថា ព្រះអង្គជាព្រះគ្រិស្ដ ឡើយ។ 21 តាំងពីពេលនោះមក ព្រះយេស៊ូ ចាប់ផ្ដើមប្រាប់អោយពួកសិស្សដឹងថា ព្រះអង្គត្រូវតែយាងទៅក្រុងយេរូសាឡឹម។ ពួកព្រឹទ្ធាចារ្យ ពួកនាយកបូជាចារ្យ និង ពួកអាចារ្យ នឹងនាំគ្នាធ្វើបាបព្រះអង្គអោយរងទុក្ខលំបាកយ៉ាងខ្លាំង ថែមទាំងធ្វើគុតព្រះអង្គទៀតផងតែបីថ្ងៃក្រោយមក ព្រះអង្គនឹងមានព្រះជន្មរស់ឡើងវិញ។ 22 លោកពេត្រុស នាំព្រះយេស៊ូទៅដាច់ឡែកពីគេហើយទូលជំទាស់ថា៖ «ព្រះអម្ចាស់អើយ! សូមព្រះជាម្ចាស់មេត្ដាអាណិត កុំអោយការណ៍នេះ កើតមានដល់ព្រះអង្គឡើយ»។ 23 ព្រះយេស៊ូបែរមកមានព្រះបន្ទូលទៅលោកពេត្រុសថា៖ «នែ៎ មារ សាតាំងអើយ!ថយទៅខាងក្រោយខ្ញុំ ដ្បិតអ្នកកំពុងរារំាងផ្លូវខ្ញុំ គំនិតអ្នកមិនមែនជាគំនិតរបស់ព្រះជាម្ចាស់ទេ គឺជាគំនិតរបស់មនុស្សលោកសុទ្ធសាធ»។ 24 បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ពួកសិស្សថា៖«បើអ្នកណាចង់មកតាមក្រោយខ្ញុំ ត្រូវលះបង់ខ្លួនឯងចោល ត្រូវលីឈើឆ្កាងរបស់ខ្លួន ហើយមកតាមខ្ញុំចុះ 25 ដ្បិតអ្នកណាចង់បានរួចជីវិត អ្នកនោះនឹងបាត់បង់ជីវិត ប៉ុន្ដែ អ្នកណាបាត់បង់ជីវិត ព្រោះតែខ្ញុំអ្នកនោះនឹងបានជីវិតវិញ។ 26 បើមនុស្សម្នាក់បានពិភពលោកទាំងមូល មកធ្វើជាសម្បត្ដិរបស់ខ្លួន តែបាត់បង់ជីវិត នោះនឹងមានប្រយោជន៍អ្វី? តើមនុស្សអាចយកអ្វី មកប្ដូរនឹងជីវិតរបស់ខ្លួនបាន? 27 លុះដល់បុត្រមនុស្ស ប្រកបដោយសិរីរុងរឿងព្រះបិតារបស់ព្រះអង្គយាងមកជាមួយពួកទេវតារបស់ព្រះអង្គ ព្រះអង្គនឹងប្រទានរង្វាន់ ឬ ដាក់ទោសម្នាក់ៗ តាមអំពើដែលខ្លួនបានប្រព្រឹត្ដ។ 28 ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា អ្នកខ្លះដែលនៅទីនេះនឹងមិនស្លាប់ទេ មុនបានឃើញបុត្រមនុស្សយាងមកគ្រងព្រះរាជ្យ »។

ម៉ាកុស 17

1 ប្រាំមួយថ្ងៃក្រោយមក ព្រះយេស៊ូនាំ លោកពេត្រុស លោកយ៉ាកុប និង លោកយ៉ូហាន ជាប្អូន ឡើងទៅលើភ្នំដាច់ឡែកពីគេ។ 2 ពេលនោះព្រះអង្គប្រែជាមានទ្រង់ទ្រាយប្លែកពីមុននៅមុខសិស្ស ទាំងបី គឺព្រះភ័ក្ដ្ររបស់ព្រះអង្គបញ្ចេញរស្មីចែងចាំងដូចពន្លឺថ្ងៃ ហើយព្រះពស្ដ្ររបស់ព្រះអង្គត្រឡប់ជាមានពណ៌សដូចពន្លឺ។ 3 សិស្សទាំងបីបានឃើញលោកម៉ូសេ និង ព្យាការី អេលីយ៉ាសន្ទនាជាមួយព្រះយេស៊ូ។ 4 លោកពេត្រុសទូលព្រះអង្គថា៖ «ព្រះអម្ចាស់! យើងខ្ញុំបាននៅទីនេះប្រសើរណាស់ បើព្រះអង្គសព្វព្រះហឫទ័យ ទូលបង្គំនឹងសង់ជំរកបី គឺមួយសំរាប់ព្រះអង្គ មួយសំរាប់លោកម៉ូសេ និង មួយទៀតសំរាប់ព្យាការីអេលីយ៉ា»។ 5 កាលលោកពេត្រុសកំពុងតែមានប្រសាសន៍នៅឡើយ ស្រាប់តែមានពពក ដ៏ភ្លឺមកគ្របបាំងគេទាំងអស់គ្នា ហើយមានព្រះសូរសៀងបន្លឺពីក្នុងពពកមកថា៖ «នេះជាបុត្រដ៏ជាទីស្រឡាញ់របស់យើង យើងគាប់ចិត្ដនឹងព្រះអង្គណាស់ចូរស្ដាប់ព្រះអង្គចុះ!»។ 6 ពួកសិស្សឮដូច្នោះ ក៏នាំគ្នាក្រាបចុះ អោក់មុខដល់ដី ព្រោះគេភ័យខ្លាចជាខ្លាំង។ 7 ព្រះយេស៊ូយាងចូលទៅជិត ដាក់ព្រះហស្ដលើគេ ទាំងមានព្រះបន្ទូលថា៖ «ចូរនាំគ្នាក្រោកឡើង កុំខ្លាចអី!»។ 8 កាលពួកសិស្សងើបមុខឡើង ឃើញតែព្រះយេស៊ូមួយព្រះអង្គប៉ុណ្ណោះ ពុំឃើញមាននរណាទៀតឡើយ។ 9 ពេលព្រះអង្គយាងចុះពីលើភ្នំ ជាមួយសិស្ស ទាំងបី ព្រះយេស៊ូហាមប្រាមគេថា៖ «កុំនិយាយប្រាប់នរណា អំពីហេតុការណ៍ដែលអ្នករាល់គ្នាបានឃើញនេះអោយសោះ ត្រូវចាំរហូតដល់បុត្រមនុស្ស មានជីវិតរស់ឡើងវិញ»។ 10 ពួកសិស្ស ទូលសួរព្រះអង្គថា៖ «ហេតុដូចម្ដេចបានជាពួកអាចារ្យ ចេះតែនិយាយថា ព្យាការីអេលីយ៉ាត្រូវអញ្ជើញមកមុន?»។ 11 ព្រះអង្គមានព្រះបន្ទូលតបថា៖ «ព្យាការីអេលីយ៉ាអញ្ជើញមកមែន ដើម្បីរៀបចំសព្វគ្រប់ទាំងអស់ឡើងវិញ។ 12 ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្យាការីអេលីយ៉ាបានអញ្ជើញមករួចហើយតែពួកគេមិនព្រមទទួលស្គាល់លោកទេ មិនតែប៉ុណ្ណោះសោត គេថែមទាំងបានធ្វើបាបលោកសព្វបែបយ៉ាងតាមអំពើចិត្ដរបស់គេទៀតផង។ បុត្រមនុស្សក៏នឹងត្រូវគេធ្វើបាបដូច្នោះដែរ»។ 13 ពេលនោះ ពួកសិស្សយល់ថា ព្រះអង្គមានព្រះបន្ទូលអំពីលោកយ៉ូហានបាទីស្ដ ។ 14 កាលព្រះយេស៊ូ និង សិស្ស ទាំងបីរូប មកដល់កន្លែងដែលបណ្ដាជននៅជុំគ្នា មានបុរសម្នាក់ចូលមកគាល់ព្រះអង្គ។ គាត់លុតជង្គង់ចុះ 15 ទូលថា៖ «លោកម្ចាស់អើយ សូមលោកអាណិតមេត្ដាកូនប្រុសរបស់ខ្ញុំប្របាទផង វាឆ្កួតជ្រូក បណ្ដាលអោយវាឈឺចុកចាប់ខ្លាំងណាស់ វាដួលទៅក្នុងភ្លើង និង ធ្លាក់ទឹក ជាញឹកញាប់។ 16 ខ្ញុំប្របាទបាននាំវាមកជួបសិស្សរបស់លោកដែរ តែគេពុំអាចមើលវាអោយជាបានទេ»។ 17 ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «នែ៎ពួកមនុស្សអាក្រក់មិនព្រមជឿអើយ! តើត្រូវអោយខ្ញុំទ្រាំនៅជាមួយអ្នករាល់គ្នាដល់ពេលណាទៀត! ចូរនាំក្មេងនោះមកអោយខ្ញុំ»។ 18 បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលគំរាមអារក្សអារក្សក៏ចេញ ហើយក្មេងនោះបានជា តាំងពីពេលនោះមក។ 19 ពេលនោះ ពួកសិស្សចូលមកគាល់ព្រះយេស៊ូដាច់ឡែកពីគេ ទូលថា៖ «ហេតុអ្វីបានជាយើងខ្ញុំពុំអាចដេញអារក្សនោះបាន?»។ 20 ព្រះអង្គមានព្រះបន្ទូលតបទៅគេថា៖ «មកពីអ្នករាល់គ្នាមានជំនឿតិចពេក។ ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា បើអ្នករាល់គ្នាមានជំនឿប៉ុនគ្រាប់ពូជមួយដ៏ល្អិត អ្នករាល់គ្នានឹងបញ្ជាទៅភ្នំនោះថា "ចូរចេញពីនេះ ទៅនៅកន្លែងផ្សេងទៅ!" ភ្នំមុខជាធ្វើតាមពាក្យអ្នករាល់គ្នាមិនខាន ដ្បិតគ្មានការអ្វីដែលអ្នករាល់គ្នាធ្វើមិនកើតឡើយ។ [ 21 គេអាចដេញអារក្សប្រភេទនេះអោយចេញបាន លុះត្រាតែអធិស្ឋាន និង តមអាហារ»]។ 22 កាលពួកសិស្ស នៅជុំគ្នាក្នុងស្រុកកាលីឡេ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «បុត្រមនុស្សនឹងត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់មនុស្សលោកជាមិនខាន។ 23 គេនឹងសម្លាប់លោក ប៉ុន្ដែ នៅថ្ងៃទីបីលោកនឹងមានជីវិតរស់ឡើងវិញ»។ ឮដូច្នោះ ពួកសិស្ស ព្រួយចិត្ដជាខ្លាំង។ 24 លុះព្រះយេស៊ូយាងមកដល់ក្រុងកាពើណិម ជាមួយពួកសិស្ស អ្នកហូតពន្ធសំរាប់ព្រះវិហារ នាំគ្នាចូលមករកលោកពេត្រុស ហើយសួរថា៖ «លោកគ្រូរបស់អ្នកបង់ពន្ធសំរាប់ព្រះវិហារឬទេ?»។ 25 លោកតបវិញថា៖ «បាទ! លោកបង់!»។ កាលលោកពេត្រុសទៅដល់ផ្ទះ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់មុនថា៖ «ស៊ីម៉ូន! តាមយោបល់អ្នក ស្ដេចនៅផែនដីនេះទារពន្ធអាករពីនរណា? ពីបុត្ររបស់ស្ដេច ឬពីអ្នកផ្សេង?»។ 26 លោកទូលថា៖ «ពីអ្នកផ្សេង»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «មែន បើដូច្នេះ បុត្ររបស់ស្ដេចមិនត្រូវបង់ពន្ធឡើយ 27 ប៉ុន្ដែ ដើម្បីកុំអោយអ្នកទាំងនោះទាស់ចិត្ត ចូរទៅស្ទូចត្រីសមុទ្រ ហើយយកត្រីដែលស្ទូចបានមុនគេ មកបើកមាត់ អ្នកនឹងឃើញកាក់មួយចូរយកកាក់នោះទៅបង់ពន្ធអោយខ្ញុំ និង អោយអ្នកចុះ!»។

ម៉ាកុស 18

1 ពេលនោះ សិស្សនាំគ្នាចូលមកគាល់ព្រះយេស៊ូ ហើយទូលថា៖ «តើអ្នកណាមានឋានៈធំជាងគេនៅក្នុងព្រះរាជ្យ នៃស្ថានបរមសុខ ?»។ 2 ព្រះអង្គហៅក្មេងតូចម្នាក់អោយមកឈរនៅកណ្ដាលចំណោមពួកសិស្ស 3 រួចមានព្រះបន្ទូលថា៖ «ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា បើអ្នករាល់គ្នាមិនដូរចិត្ដគំនិតអោយបានដូចក្មេងតូចៗទេអ្នករាល់គ្នាមិនអាចចូលទៅក្នុងព្រះរាជ្យ នៃស្ថានបរមសុខ បានឡើយ។ 4 អ្នកណាដាក់ខ្លួនដូចក្មេងតូចនេះអ្នកនោះមានឋានៈធំជាងគេ ក្នុងព្រះរាជ្យនៃស្ថានបរមសុខ។ 5 អ្នកណាទទួលក្មេងតូចណាម្នាក់ដូចក្មេងនេះក្នុងនាមខ្ញុំ ក៏ដូចជាបានទទួលខ្ញុំដែរ»។ 6 «អ្នកណានាំអ្នកតូចតាចម្នាក់ក្នុងបណ្ដាអ្នកដែលជឿលើខ្ញុំនេះអោយប្រព្រឹត្ដអំពើបាប ចំពោះអ្នកនោះ ប្រសិនបើគេយកត្បាល់ថ្មយ៉ាងធំមកចង ក គាត់ទម្លាក់ទៅក្នុងបាតសមុទ្រ អោយលង់ទឹកប្រសើរជាងទុកគាត់អោយនៅរស់! 7 មនុស្សលោកមុខជាត្រូវវេទនាមិនខាន ដ្បិតមានហេតុផ្សេងៗជាច្រើន នាំអោយគេប្រព្រឹត្ដអំពើបាប។ ហេតុផ្សេងៗ ដែលនាំអោយគេប្រព្រឹត្ដអំពើបាបនោះ ត្រូវតែមាន ចៀសមិនផុត ប៉ុន្ដែ អ្នកណានាំគេអោយប្រព្រឹត្ដអំពើបាប អ្នកនោះត្រូវវេទនាហើយ! 8 ប្រសិនបើដៃ ឬ ជើងរបស់អ្នក នាំអ្នកអោយប្រព្រឹត្ដអំពើបាប ចូរកាត់វាបោះចោល អោយឆ្ងាយទៅ បើអ្នកចូលទៅក្នុងជីវិត មានតែដៃម្ខាង ឬ ជើងម្ខាង នោះប្រសើរជាងមានដៃពីរ ឬ មានជើងពីរ ហើយត្រូវធ្លាក់ទៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច។ 9 ប្រសិនបើភ្នែករបស់អ្នក នាំអ្នកអោយប្រព្រឹត្ដអំពើបាប ចូរខ្វេះវាចេញ ហើយបោះចោលអោយឆ្ងាយទៅ បើអ្នកចូលទៅក្នុងជីវិត មានតែភ្នែកម្ខាង នោះប្រសើរជាងមានភ្នែកពីរ ហើយត្រូវធ្លាក់ទៅក្នុងភ្លើងនរក។ 10 ចូរប្រយ័ត្ន កុំមាក់ងាយនរណាម្នាក់ក្នុងចំណោមអ្នកតូចតាចនេះឡើយ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថាទេវតា របស់ពួកគេស្ថិតនៅឯស្ថានបរមសុខ ទាំងឃើញព្រះភ័ក្ដ្ររបស់ព្រះបិតាដែលគង់នៅស្ថានបរមសុខ គ្រប់ពេលវេលាផង 11 ដ្បិតបុត្រមនុស្សបានមកសង្គ្រោះមនុស្សដែលវិនាសបាត់បង់»។ 12 «តើអ្នករាល់គ្នាយល់យ៉ាងណា ប្រសិនបើបុរសម្នាក់មានចៀមមួយរយក្បាល ហើយចៀមមួយវង្វេងបាត់?។ គាត់មុខជាទុកចៀមកៅសិបប្រាំបួននៅលើភ្នំ ហើយទៅតាមរកចៀម ដែលបាត់នោះពុំខាន។ 13 ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា បើគាត់រកចៀមនោះឃើញវិញ គាត់មុខតែត្រេកអរសប្បាយជាមិនខាន គឺសប្បាយលើសពីឃើញចៀមចៅសិបប្រាំបួនដែលមិនវង្វេងបាត់ទៅទៀត។ 14 រីឯព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានបរមសុខ ក៏ដូច្នោះដែរ ទ្រង់មិនសព្វព្រះហឫទ័យអោយអ្នកណាម្នាក់ ក្នុងចំណោមអ្នកតូចតាចទាំងនេះ វិនាសបាត់បង់ឡើយ»។ 15 «ប្រសិនបើមានបងប្អូនណាម្នាក់បានប្រព្រឹត្ដអំពើបាបអ្វីមួយ ចូរទៅជួបអ្នកនោះ ស្ងាត់ៗតែពីរនាក់ ហើយស្ដីប្រដៅគាត់ទៅ។ បើគាត់ស្ដាប់អ្នក អ្នកនឹងរក្សាបងប្អូននោះ មិនអោយបាត់ឡើយ 16 តែបើគាត់មិនព្រមស្ដាប់អ្នកទេ ចូរនាំម្នាក់ ឬ ពីរនាក់ទៀតទៅជាមួយជួយដាស់តឿន ដើម្បីសំរួលរឿងទាំងអស់ ដោយមានសាក្សីពីរ ឬ បីនាក់។ 17 ប្រសិនបើគាត់មិនព្រមស្ដាប់ពាក្យអ្នកទាំងនោះ ត្រូវនាំរឿងនេះទៅប្រាប់ក្រុមជំនុំ ហើយបើគាត់នៅតែមិនព្រមស្ដាប់ក្រុមជំនុំទៀតនោះ ត្រូវចាត់ទុកគាត់ដូចជាសាសន៍ដទៃ ឬ ដូចជាអ្នកទារពន្ធ ចុះ។ 18 ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា អ្វីៗទាំងអស់ដែលអ្នករាល់គ្នាចងនៅលើផែនដីនេះ ព្រះជាម្ចាស់នឹងចងនៅស្ថានបរមសុខ ហើយអ្វីៗដែលអ្នករាល់គ្នាស្រាយនៅលើផែនដី ព្រះជាម្ចាស់ក៏នឹងស្រាយ នៅស្ថានបរមសុខដែរ។ 19 ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ទៀតថា ក្នុងចំណោមអ្នករាល់គ្នាប្រសិនបើមានពីរនាក់នៅលើផែនដីនេះ រួមចិត្ដគំនិតគ្នា ទូលសូមអ្វីក៏ដោយ ព្រះបិតារបស់ខ្ញុំ ដែលគង់នៅស្ថានបរមសុខ នឹងប្រទានអោយជាមិនខាន 20 ដ្បិតនៅទីណាមានពីរ ឬ បីនាក់ជួបជុំគ្នាក្នុងនាមខ្ញុំ ខ្ញុំក៏ស្ថិតនៅទីនោះជាមួយគេដែរ។ 21 ពេលនោះ លោកពេត្រុស ចូលមកជិតព្រះយេស៊ូហើយទូលថា៖ «បពិត្រព្រះអម្ចាស់ បើបងប្អូនចេះតែប្រព្រឹត្ដអំពើបាប មកលើទូលបង្គំ តើទូលបង្គំត្រូវអត់ទោសអោយគេប៉ុន្មានដង? រហូតដល់ប្រាំពីរដងឬ?»។ 22 ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំសុំប្រាប់អ្នកថា អ្នកត្រូវអត់ទោសអោយគេ មិនត្រឹមតែប្រាំពីរដងប៉ុណ្ណោះទេ គឺត្រូវអត់ទោសអោយគេចិតសិបដងប្រាំពីរដង »។ 23 «ហេតុនេះ ព្រះរាជ្យនៃស្ថានបរមសុខ ប្រៀបបាននឹងស្ដេចមួយអង្គ ដែលចង់គិតបញ្ជី ជាមួយអ្នកបំរើ។ 24 ពេលព្រះរាជាចាប់ផ្ដើមគិតបញ្ជី មានគេនាំកូនបំណុលម្នាក់ដែលជំពាក់ប្រាក់រាប់លានណែនមក។ 25 ដោយអ្នកនោះគ្មានប្រាក់សង ស្ដេចក៏ចេញបញ្ជាអោយលក់ ទាំងគាត់ ទាំងប្រពន្ធ ទាំងកូន ទាំងរបស់របរដែលគាត់មាន ដើម្បីយកប្រាក់មកសងបំណុល។ 26 អ្នកបំរើនោះលុតជង្គង់ក្រាបទៀបព្រះបាទាស្ដេចទូលអង្វរថាៈ "សូមទ្រង់មេត្ដាអត់ឱន ពន្យារពេលអោយទូលបង្គំផង ទូលបង្គំនឹងសងព្រះអង្គវិញគ្រប់ចំនួន"។ 27 ព្រះរាជាមានព្រះហឫទ័យអាណិតអាសូរអ្នកបំរើនោះពន់ពេកណាស់ ព្រះអង្គក៏អោយគាត់ទៅវិញ ទាំងលុបបំណុលចោលថែមទៀតផង។ 28 ពេលអ្នកបំរើនោះចេញទៅ គាត់បានជួបនឹងគូកនម្នាក់ ដែលជំពាក់ប្រាក់ គាត់មួយរយដួង គាត់ចាប់អ្នកនោះច្របាច់ក ទាំងពោលថាៈ "សងប្រាក់អញទាំងអស់មក!"។ 29 គូកនរបស់អ្នកនោះក៏លុតជង្គង់ចុះអង្វរថា "សុំអត់ឱនពន្យារពេលអោយគ្នាផង គ្នានឹងសងឯងវិញគ្រប់ចំនួន"។ 30 ប៉ុន្ដែ អ្នកបំរើនោះពុំព្រមទេ មិនតែប៉ុណ្ណោះសោត គាត់ចាប់អ្នកជំពាក់ប្រាក់យកទៅឃុំឃាំង រហូតទាល់តែបានសងបំណុលគ្រប់ចំនួន។ 31 អ្នកបំរើឯទៀតៗឃើញដូច្នោះ ទាស់ចិត្ដជាខ្លាំង គេយករឿងនេះទៅទូលស្ដេច។ 32 ស្ដេចក៏ហៅអ្នកបំរើនោះមក សួរថាៈ "នែ៎អ្នកបំរើអាក្រក់! យើងបានលុបបំណុលឯងទាំងប៉ុន្មានចោលអស់ ព្រោះឯងបានទទូចអង្វរយើង។ 33 យើងបានអាណិតមេត្ដាឯង។ ហេតុដូចម្ដេចបានជាឯងពុំព្រមអាណិតមេត្ដាគូកនរបស់ឯងផងដូច្នេះ?"។ 34 ស្ដេចទ្រង់ខ្ញាល់ក្រៃលែង ក៏បញ្ជាអោយគេយកអ្នកនោះទៅធ្វើទារុណកម្ម រហូតទាល់តែសងបំណុលគ្រប់ចំនួន។ 35 ចំពោះអ្នករាល់គ្នា បើម្នាក់ៗមិនព្រមលើកលែងទោសអោយបងប្អូនដោយស្មោះអស់ពីចិត្ដទេ ព្រះបិតារបស់ខ្ញុំដែលគង់នៅស្ថានបរមសុខ ក៏នឹងធ្វើទារុណកម្មអ្នករាល់គ្នាដូច្នោះដែរ»។

ម៉ាកុស 19

1 កាលព្រះយេស៊ូមានព្រះបន្ទូលទាំងនេះចប់សព្វគ្រប់ហើយ ទ្រង់ក៏ចាកចេញពីស្រុកកាលីឡេ យាងឆ្ពោះទៅត្រើយខាងនាយទន្លេយ័រដាន់ ក្នុងស្រុកយូដា។ 2 មហាជនច្រើនកុះករនាំគ្នាមកតាមព្រះអង្គ ព្រះអង្គក៏ប្រោសអ្នកជំងឺអោយបានជានៅទីនោះ។ 3 មានពួកខាងគណៈផារីស៊ី ចូលមកជិត ហើយទូលសួរក្នុងគោលបំណងល្បងលមើលព្រះអង្គថា៖ «តើស្វាមី មានសិទ្ធិនឹងលែងភរិយា ដោយសំអាងលើមូលហេតុអ្វីក៏ដោយ បានឬទេ?»។ 4 ព្រះអង្គមានព្រះបន្ទូលតបថា៖ «អ្នករាល់គ្នាធ្លាប់អានគម្ពីររួចមកហើយថា កាលដើមដំបូងព្រះអាទិករ បានបង្កើតមនុស្សមក ជាបុរស ជាស្ដ្រី 5 រួចព្រះអង្គមានព្រះបន្ទូលថាៈ "ហេតុនេះហើយបានជាបុរសត្រូវចាកចេញពីឪពុកម្ដាយ ទៅរួមរស់ជាមួយភរិយារបស់ខ្លួន ហើយអ្នកទាំងពីរត្រឡប់ទៅជារូបកាយតែមួយ"។ 6 គេមិនមែនជាបុគ្គលពីរនាក់ទៀតទេ គឺជារូបកាយតែមួយវិញ។ ដូច្នេះ មនុស្សមិនត្រូវ បំបាក់បំបែកគូស្រករ ដែលព្រះជាម្ចាស់បានផ្សំផ្គុំនោះឡើយ»។ 7 ពួកគេទូលសួរព្រះអង្គថា៖ «ចុះហេតុដូចម្ដេចបានជាលោកម៉ូសេបញ្ជាអោយស្វាមីធ្វើលិខិតលែងលះភរិយា?»។ 8 ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «លោកម៉ូសេអនុញ្ញាតអោយអ្នករាល់គ្នាលែងភរិយាបាន ព្រោះអ្នករាល់គ្នាមានចិត្ដរឹងរូស តែកាលដើមឡើយមិនមែនដូច្នោះទេ។ 9 ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា បុរសណាលែងភរិយា(លើកលែងតែរួមរស់ជាមួយគ្នា ដោយឥតបានរៀបការ) ហើយទៅរៀបការនឹងស្ដ្រីម្នាក់ទៀត បុរសនោះឯងជាអ្នកប្រព្រឹត្ដអំពើផិតក្បត់»។ 10 សិស្ស នាំគ្នាទូលព្រះអង្គថា៖ «បើមានល័ក្ខខ័ណ្ឌរវាងប្ដីប្រពន្ធបែបនេះ គួរកុំរៀបការប្រសើរជាង»។ 11 ព្រះអង្គមានព្រះបន្ទូលទៅគេវិញថា៖ «មនុស្សគ្រប់រូបពុំអាចយល់សេចក្ដីនេះបានឡើយ គឺមានតែអ្នកដែលព្រះជាម្ចាស់ប្រោសប្រទានអោយយល់ប៉ុណ្ណោះ ទើបអាចយល់បាន។ 12 អ្នកខ្លះមិនអាចរៀបការបានតាំងពីកំណើតមក។ អ្នកខ្លះទៀតមិនអាចរៀបការបាន មកពីត្រូវគេក្រៀវ។ រីឯអ្នកខ្លះទៀតមិនរៀបការមកពីយល់ដល់ព្រះរាជ្យនៃស្ថានបរមសុខ។ អ្នកណាមានប្រាជ្ញា ចូរយកពាក្យនេះទៅរិះគិតអោយយល់ចុះ!»។ 13 មានមនុស្សម្នានាំក្មេងតូចៗ មកអោយព្រះយេស៊ូដាក់ព្រះហស្ដលើវា និង អធិស្ឋាន អោយ។ ពួកសិស្ស ស្ដីបន្ទោសអ្នកទាំងនោះ 14 តែព្រះយេស៊ូមានព្រះបន្ទូលថា៖ «ទុកអោយក្មេងតូចៗមករកខ្ញុំចុះ កុំឃាត់វាឡើយដ្បិតមានតែអ្នកមានចិត្ដដូចក្មេងៗទាំងនេះប៉ុណ្ណោះដែលចូលក្នុងព្រះរាជ្យ នៃស្ថានបរមសុខបាន »។ 15 បន្ទាប់មក ព្រះអង្គដាក់ព្រះហស្ដលើក្មេងទាំងនោះរួចទ្រង់យាងចាកចេញពីទីនោះទៅ។ 16 ពេលនោះ មានបុរសម្នាក់ចូលមកគាល់ព្រះអង្គហើយទូលថា៖ «លោកគ្រូ! តើខ្ញុំត្រូវប្រព្រឹត្ដអំពើល្អអ្វីខ្លះ ដើម្បីអោយមានជីវិតអស់កល្បជានិច្ច?»។ 17 ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ហេតុដូចម្ដេចបានជាអ្នកសួរខ្ញុំអំពីអ្វីដែលល្អដូច្នេះ? មានតែព្រះជាម្ចាស់មួយព្រះអង្គប៉ុណ្ណោះដែលល្អសប្បុរស។ បើអ្នកចង់ចូលទៅក្នុងជីវិត ត្រូវប្រតិបត្ដិតាមបទបញ្ជា ទៅ»។ 18 គាត់ទូលសួរព្រះអង្គថា៖ «បទបញ្ជាអ្វីខ្លះ?»។ ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖ «កុំសម្លាប់មនុស្ស កុំប្រព្រឹត្ដអំពើផិតក្បត់ កុំលួចទ្រព្យសម្បត្ដិគេ កុំនិយាយកុហកធ្វើអោយគេមានទោស 19 ចូរគោរពមាតាបិតាចូរស្រឡាញ់បងប្អូនឯទៀតៗអោយបានដូចស្រឡាញ់ខ្លួនឯងដែរ»។ 20 យុវបុរសនោះទូលព្រះអង្គថា៖ «ខ្ញុំបានប្រតិបត្ដិតាមបទបញ្ជាទាំងនេះហើយ តើនៅខ្វះអ្វីទៀត?»។ 21 ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «បើអ្នកចង់បានល្អឥតខ្ចោះ ចូរយកទ្រព្យសម្បត្ដិរបស់អ្នកទាំងប៉ុន្មានទៅលក់ ហើយចែកអោយជនក្រីក្រទៅ ធ្វើដូច្នេះ ទើបអ្នកបានសម្បត្ដិសួគ៌ រួចសឹមអញ្ជើញមកតាមខ្ញុំ!»។ 22 កាលយុវបុរសនោះឮដូច្នេះ គាត់ត្រឡប់ទៅវិញ ទាំងព្រួយចិត្ដ ដ្បិតគាត់មាន ទ្រព្យសម្បតិ្តដស្ដុកស្ដម្ភណាស់។ 23 ព្រះយេស៊ូមានព្រះបន្ទូលទៅពួកសិស្ស ថា៖ «ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹង ច្បាស់ថា អ្នកមានពិបាកចូលទៅក្នុងព្រះរាជ្យ នៃស្ថានបរមសុខ ណាស់!។ 24 ខ្ញុំសុំប្រាប់អ្នករាល់គ្នា ទៀតថា សត្វអូដ្ឋចូលតាមប្រហោងម្ជុល ងាយជាងអ្នកមាន ចូលទៅក្នុងព្រះរាជ្យនៃស្ថានបរមសុខទៅទៀត»។ 25 កាលពួកសិស្សឮដូច្នោះ គេងឿងឆ្ងល់យ៉ាងខ្លាំង ហើយពោលថា៖ «បើដូច្នេះ តើអ្នកណានឹងអាចទទួលការសង្គ្រោះ?»។ 26 ព្រះយេស៊ូទតមើលគេ រួចមានព្រះបន្ទូលថា៖ «ការនេះមនុស្សធ្វើពុំកើតទេ រីឯព្រះជាម្ចាស់វិញ អ្វីក៏ដោយព្រះអង្គធ្វើកើតទាំងអស់»។ 27 ពេលនោះ លោកពេត្រុស ទូលព្រះអង្គថា៖ «ព្រះអង្គទតឃើញស្រាប់ហើយ យើងខ្ញុំបានលះបង់អ្វីៗទាំងអស់ ដើម្បីមកតាមព្រះអង្គ។ តើយើងខ្ញុំនឹងទៅជាយ៉ាងណា?»។ 28 ព្រះយេស៊ូមានព្រះបន្ទូលទៅពួកសិស្សថា៖ «ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា នៅក្នុងពិភពថ្មី ពេលបុត្រមនុស្ស គង់លើបល្ល័ង្ក ប្រកបដោយសិរីរុងរឿងអ្នករាល់គ្នាដែលមកតាមខ្ញុំនេះ ក៏នឹងអង្គុយលើបល្ល័ង្កទាំងដប់ពីរ ហើយគ្រប់គ្រងលើកុលសម្ព័ន្ធទាំងដប់ពីរនៃជនជាតិអ៊ីស្រាអែលទៀតផង។ 29 អ្នកណាលះបង់ផ្ទះសំបែង បងប្អូនប្រុសស្រី ឪពុកម្ដាយ កូន ឬ ស្រែចំការព្រោះតែខ្ញុំ អ្នកនោះនឹងបានទទួលវិញមួយជាមួយរយ ព្រមទាំងមានជីវិតអស់កល្បជានិច្ច។ 30 មានមនុស្សជាច្រើនដែលនៅខាងមុខ នឹងត្រឡប់ទៅនៅខាងក្រោយ រីឯអ្នកដែលនៅខាងក្រោយ នឹងត្រឡប់ទៅនៅខាងមុខវិញ»។

ម៉ាកុស 20

1 «ព្រះរាជ្យនៃស្ថានបរមសុខ ប្រៀបបាននឹងម្ចាស់ចំការម្នាក់ដែលចាកចេញពីផ្ទះតាំងពីព្រលឹម ដើម្បីរកជួលកម្មករមកធ្វើការនៅក្នុងចំការទំពាំងបាយជូររបស់គាត់។ 2 គាត់ព្រមព្រៀងជាមួយពួកកម្មករជាស្រេចថា នឹងអោយប្រាក់មួយដួង ក្នុងមួយថ្ងៃ ហើយចាត់គេអោយទៅធ្វើការក្នុងចំការ។ 3 ប្រមាណជាម៉ោងប្រាំបួនព្រឹក គាត់ចេញទៅឃើញអ្នកផ្សេងទៀតកំពុងតែឈរនៅតាមទីផ្សារឥតធ្វើអ្វីសោះ។ 4 គាត់ក៏និយាយទៅកាន់គេថា "ចូរអ្នករាល់គ្នាទៅធ្វើការនៅចំការខ្ញុំដែរទៅ ខ្ញុំនឹងអោយប្រាក់ឈ្នួលត្រឹមត្រូវ"។ 5 អ្នកទាំងនោះក៏នាំគ្នាទៅធ្វើការនៅចំការ។ ម្ចាស់ចំការចេញទៅសាជាថ្មីទៀតនៅម៉ោងដប់ពីរ និង ម៉ោងបីរសៀល ហើយជួលអ្នកផ្សេងតាមរបៀបដដែល។ 6 ប្រមាណជាម៉ោងប្រាំល្ងាចគាត់ចេញទៅសាជាថ្មី ឃើញអ្នកខ្លះទៀតឈរនៅតាមទីផ្សារ។ គាត់សួរគេថា "ហេតុដូចម្ដេចបានជាអ្នករាល់គ្នាឈរនៅទីនេះ មួយថ្ងៃវាល់ល្ងាច ឥតធ្វើអ្វីសោះដូច្នេះ?" 7 ពួកគេឆ្លើយថា "មកពីគ្មាននរណាជួលយើងខ្ញុំទៅធ្វើការទេ!"។ គាត់ក៏ពោលទៅអ្នកទាំងនោះថា "ចូរអ្នករាល់គ្នាទៅធ្វើការនៅចំការខ្ញុំដែរទៅ"។ 8 លុះដល់ល្ងាច ម្ចាស់ចំការប្រាប់ទៅអ្នកកាន់ប្រាក់ថា "ចូរហៅពួកកម្មករមក ហើយបើកប្រាក់អោយគេ គឺចាប់ផ្ដើមពីអ្នកដែលចូលធ្វើការក្រោយគេបង្អស់ រហូតដល់អ្នកមកមុនគេបង្អស់"។ 9 ពួកអ្នកដែលបានចាប់ផ្ដើមធ្វើការម៉ោងប្រាំល្ងាចមកដល់ ទទួលប្រាក់ម្នាក់មួយដួង ៗ។ 10 ពួកអ្នកដែលចាប់ផ្ដើមធ្វើការមុនគេ ក៏មកដល់ដែរ ហើយគិតថា នឹងបានប្រាក់ច្រើនជាង ប៉ុន្ដែ គេទទួលម្នាក់មួយដួងដូចៗគ្នា។ 11 គេទទួលយកប្រាក់ ទាំងរអ៊ូរទាំដាក់ម្ចាស់ចំការថា 12 "ពួកអ្នកដែលមកដល់ក្រោយនេះ បានធ្វើការតែមួយម៉ោងប៉ុណ្ណោះ រីឯយើងខ្ញុំវិញ យើងខ្ញុំធ្វើការហាលថ្ងៃ ហាលក្ដៅ ហើយលោកបែរជាបើកប្រាក់អោយគេស្មើនឹងយើងខ្ញុំដែរ!"។ 13 ម្ចាស់ចំការនិយាយទៅកាន់ម្នាក់ក្នុងចំណោមកម្មករទាំងនោះថា "សំឡាញ់អើយ! ខ្ញុំមិនបានបោកបញ្ឆោតអ្នកទេ។ អ្នកបានយល់ព្រមធ្វើការអោយខ្ញុំ មួយដួងក្នុងមួយថ្ងៃមែនឬមិនមែន! 14 ចូរយកប្រាក់ឈ្នួលរបស់អ្នក ហើយចេញទៅចុះ! ខ្ញុំចង់អោយអ្នកដែលមកដល់ក្រោយ ទទួលប្រាក់ស្មើនឹងអ្នកដែរ។ 15 តើខ្ញុំគ្មានសិទ្ធិនឹងយកប្រាក់របស់ខ្ញុំទៅធ្វើអ្វីតាមបំណងចិត្ដខ្ញុំទេឬ? ឬមួយអ្នកច្រណែន មកពីឃើញខ្ញុំមានចិត្ដសប្បុរស?"។ 16 ហេតុនេះ អ្នកដែលនៅខាងក្រោយ នឹងត្រឡប់ទៅនៅខាងមុខ រីឯអ្នកដែលនៅខាងមុខ នឹងត្រឡប់ទៅនៅខាងក្រោយវិញ»។ 17 កាលព្រះយេស៊ូកំពុងយាងឡើងទៅក្រុងយេរូសាឡឹម ព្រះអង្គនាំសិស្ស ទាំងដប់ពីររូបទៅដាច់ឡែកពីគេ។ នៅតាមផ្លូវ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ 18 «ឥឡូវនេះ យើងឡើងទៅក្រុងយេរូសាឡឹម។ បុត្រមនុស្សនឹងត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ ដៃរបស់ពួកនាយកបូជាចារ្យ និង ពួកអាចារ្យ គេនឹងកាត់ទោសប្រហារជីវិតលោក។ 19 គេនឹងបញ្ជូនលោកទៅក្នុងកណ្ដាប់ដៃរបស់សាសន៍ដទៃ ដើម្បីអោយពួកនោះចំអកដាក់លោក យករំពាត់វាយលោក ព្រមទាំងឆ្កាងសម្លាប់លោកទៀតផង ប៉ុន្ដែ បីថ្ងៃក្រោយមក លោកនឹងរស់ឡើងវិញ»។ 20 ពេលនោះ ភរិយារបស់លោកសេបេដេបាននាំកូនទាំងពីរចូលមក គាត់ក្រាបទៀបព្រះបាទាព្រះយេស៊ូចង់ទូលសុំអ្វីមួយ។ 21 ព្រះអង្គមានព្រះបន្ទូលសួរគាត់ថា៖ «អ្នកចង់បានអ្វី?»។ គាត់ទូលព្រះអង្គវិញថា៖«ដល់ពេលព្រះអង្គគ្រងរាជ្យ សូមអោយកូនរបស់ខ្ញុំម្ចាស់បានអង្គុយអមព្រះអង្គផង គឺម្នាក់នៅខាងស្ដាំម្នាក់នៅខាងឆ្វេង»។ 22 ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «អ្នកមិនដឹងថាខ្លួនសុំអ្វីឡើយ តើអ្នកទាំងពីរអាចទទួលពែង ដែលខ្ញុំត្រូវទទួលនោះបានឬទេ?»។ លោកយ៉ាកុប និង លោកយ៉ូហានទូលថា៖ «យើងខ្ញុំអាចទទួលបាន»។ 23 ព្រះអង្គមានព្រះបន្ទូលទៅអ្នកទាំងពីរថា៖ «អ្នកនឹងទទួលពែងរបស់ខ្ញុំបានមែន ចំណែកឯអង្គុយនៅខាងស្ដាំ ឬ ខាងឆ្វេងខ្ញុំនោះ ខ្ញុំមិនអាចសំរេចអោយឡើយ ព្រោះកន្លែងនោះបំរុងទុក សំរាប់តែអស់អ្នកដែលព្រះបិតារបស់ខ្ញុំបានសំរេចអោយប៉ុណ្ណោះ»។ 24 កាលសិស្ស ដប់រូបទៀតបានឮដូច្នោះ គេទាស់ចិត្ដនឹងបងប្អូនទាំងពីរនាក់នេះណាស់។ 25 ព្រះយេស៊ូត្រាស់ហៅសិស្សទាំងអស់មក ហើយមានព្រះបន្ទូលថា៖ «អ្នករាល់គ្នាដឹង ស្រាប់ហើយពួកអ្នកគ្រប់គ្រងស្រុក តែងតែជិះជាន់ប្រជារាស្ដ្ររបស់ខ្លួន រីឯអ្នកធំក៏តែងតែប្រើ អំណាចលើប្រជារាស្ដ្ររបស់ខ្លួនដែរ។ 26 ក្នុងចំណោមអ្នករាល់គ្នា មិនមែនដូច្នោះទេ។ ផ្ទុយទៅវិញ បើមានអ្នកណាម្នាក់ចង់ធ្វើធំជាងគេក្នុងចំណោមអ្នករាល់គ្នា ត្រូវអោយអ្នកនោះបំរើអ្នករាល់គ្នាវិញ។ 27 បើមានអ្នកណាម្នាក់ចង់ធ្វើមេគេក្នុងចំណោមអ្នករាល់គ្នា អ្នកនោះត្រូវធ្វើជាខ្ញុំបំរើរបស់អ្នករាល់គ្នាសិន។ 28 បុត្រមនុស្សមកក្នុងពិភពលោកនេះ មិនមែនដើម្បីអោយគេបំរើលោកទេ គឺលោកមកបំរើគេវិញព្រមទាំងបូជាជីវិត ដើម្បីលោះមនុស្សទាំងអស់ផង»។ 29 កាលព្រះយេស៊ូយាងចេញពីក្រុងយេរីខូ មានបណ្ដាជនច្រើនកុះករនាំគ្នាដើរតាមព្រះអង្គ 30 ពេលនោះ មានមនុស្សខ្វាក់ពីរនាក់អង្គុយនៅក្បែរផ្លូវ។ អ្នកទាំងពីរឮថា ព្រះយេស៊ូយាងមកក៏ស្រែកឡើងថា៖ «ឱព្រះអម្ចាស់ ជាព្រះរាជវង្សព្រះបាទដាវីឌអើយ! សូមអាណិតមេត្ដាយើងខ្ញុំផង!»។ 31 បណ្ដាជនគំរាមអ្នកទាំងពីរអោយនៅស្ងៀម ប៉ុន្ដែ គេស្រែករឹតតែខ្លាំងឡើងថា៖ «ឱព្រះអម្ចាស់ ជាព្រះរាជវង្សព្រះបាទដាវីឌអើយ! សូមអាណិតមេត្ដាយើងខ្ញុំផង!»។ 32 ព្រះយេស៊ូក៏ឈប់ ហើយហៅគេមកសួរថា៖ «តើអ្នកចង់អោយខ្ញុំធ្វើអ្វី?»។ 33 គេទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់!សូមប្រោសអោយភ្នែកយើងខ្ញុំបានភ្លឺផង»។ 34 ព្រះយេស៊ូមានព្រះហឫទ័យអាណិតអាសូរអ្នកទាំងពីរពន់ពេកណាស់ ព្រះអង្គក៏ពាល់ភ្នែកគេ។ រំពេចនោះ គេមើលឃើញភ្លាម ហើយនាំគ្នាដើរតាមព្រះយេស៊ូទៅ។

ម៉ាកុស 21

1 ព្រះយេស៊ូ យាងមកជាមួយពួកសិស្ស ជិតដល់ក្រុងយេរូសាឡឹមហើយ។ កាលមកដល់ភូមិបេតផាសេ ដែលនៅចង្កេះភ្នំដើមអូលីវ ព្រះអង្គចាត់សិស្សពីរនាក់អោយទៅមុន 2 ទាំងមានព្រះបន្ទូលថា៖ «ចូរទៅភូមិដែលនៅមុខអ្នករាល់គ្នា។ ពេលទៅដល់ភ្លាម អ្នកនឹងឃើញមេលាមួយដែលគេចងនៅទីនោះ ហើយមានកូនវានៅជាមួយដែរ។ ចូរស្រាយវាដឹកមកអោយខ្ញុំ។ 3 ប្រសិនបើមាននរណាសួរ ចូរប្រាប់គេថា ព្រះអម្ចាស់ត្រូវការវា តែព្រះអង្គនឹងអោយគេដឹកមកវិញភ្លាមជាមិនខាន»។ 4 ព្រឹត្ដិការណ៍នេះកើតឡើងស្របនឹងសេចក្ដីដែលមានចែងទុកតាមរយៈព្យាការី ថា៖ 5 «ចូរប្រាប់ប្រជាជនក្រុងស៊ីយ៉ូនថាៈ មើលហ្ន៎ ព្រះមហាក្សត្ររបស់អ្នកយាងមករកអ្នកហើយ។ ទ្រង់មានព្រះហឫទ័យស្លូតបូត ទ្រង់គង់លើខ្នងលា ហើយគង់លើខ្នងកូនលាផងដែរ»។ 6 សិស្សទាំងពីរនាំគ្នាចេញទៅ ធ្វើតាមបញ្ជារបស់ព្រះយេស៊ូ 7 ដឹកមេលា និង កូនវាមក។ គេយកអាវក្រាលពីលើខ្នងលា និង លើខ្នងកូនលាផង ហើយព្រះយេស៊ូឡើងគង់លើខ្នងវា។ 8 នៅពេលនោះ មានបណ្ដាជនជាច្រើននាំគ្នាយកអាវរបស់ខ្លួនក្រាលតាមផ្លូវ ហើយអ្នកខ្លះ ទៀតកាច់ធាងទន្សែយកមកក្រាលលើផ្លូវដែរ។ 9 មហាជនដែលដើរហែហមព្រះយេស៊ូ ពីមុខពីក្រោយនាំគ្នាស្រែកឡើងថា៖ «ជយោ! ព្រះរាជវង្សរបស់ព្រះបាទដាវីឌ! សូមព្រះជាម្ចាស់ប្រទានពរដល់ព្រះអង្គ ដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់! ជយោ! ព្រះជាម្ចាស់នៅស្ថានដ៏ខ្ពង់ខ្ពស់បំផុត!»។ 10 កាលព្រះយេស៊ូយាងទៅដល់ក្រុងយេរូសាឡឹមប្រជាជននៅក្នុងទីក្រុងទាំងមូល នាំគ្នាជ្រួលច្របល់សួរថា៖ «តើលោកនោះជានរណា?»។ 11 មហាជនឆ្លើយថា៖ «លោកជាព្យាការី យេស៊ូ មកពីភូមិណាសារ៉ែតក្នុងស្រុកកាលីឡេ»។ 12 បន្ទាប់មក ព្រះយេស៊ូចូលព្រះវិហារ ហើយព្រះអង្គដេញអ្នកលក់ដូរចេញពីទីនោះ។ ព្រះអង្គផ្ដួលតុអ្នកដូរប្រាក់ ផ្ដួលចៅអីរបស់អ្នកលក់ព្រាប។ 13 ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ក្នុងគម្ពីរមានចែងថា "ដំណាក់របស់យើងត្រូវធ្វើជាកន្លែងសំរាប់អធិស្ឋាន តែអ្នករាល់គ្នាបែរជាយកធ្វើជាសំបុកចោរទៅវិញ!"»។ 14 មានមនុស្សខ្វាក់ និង មនុស្សខ្វិន នាំគ្នាមករកព្រះអង្គនៅក្នុងព្រះវិហារ ព្រះអង្គក៏ប្រោសគេអោយជាទាំងអស់គ្នា។ 15 កាលក្រុមនាយកបូជាចារ្យ និង អាចារ្យ ឃើញការអស្ចារ្យដែលព្រះអង្គបានធ្វើ និង ឮក្មេងៗស្រែកនៅក្នុងព្រះវិហារថា «ជយោព្រះរាជវង្សព្រះបាទដាវីឌ!» គេទាស់ចិត្ដណាស់ 16 គេទូលព្រះអង្គថា៖ «តើលោកឮក្មេងៗស្រែកថាដូចម្ដេចទេ?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេវិញថា៖ «ខ្ញុំឮហើយ! ក្នុងគម្ពីរមានចែងថា "ព្រះអង្គបានធ្វើអោយពាក្យសរសើរតម្កើង ហូរចេញពីបបូរមាត់ក្មេងតូចៗ និង ទារកដែលនៅបៅ" តើអស់លោកមិនដែលអានទេឬ?»។ 17 ព្រះអង្គទុកគេចោល ទ្រង់យាងចេញពីទីក្រុងឆ្ពោះទៅភូមិបេថានី ហើយស្នាក់នៅទីនោះ។ 18 ព្រលឹមឡើង ព្រះយេស៊ូយាងត្រឡប់ទៅទីក្រុងវិញ ពេលនោះ ព្រះអង្គឃ្លាន។ 19 ព្រះអង្គទតឃើញឧទុម្ពរមួយដើមនៅតាមផ្លូវ ទ្រង់យាងចូលទៅជិត មិនឃើញមានផ្លែសោះ មានសុទ្ធតែស្លឹក។ ទ្រង់មានព្រះបន្ទូលទៅកាន់ដើមឧទុម្ពរនោះថា៖ «ចាប់ពីពេលនេះតទៅ កុំអោយឯងមានផ្លែសោះឡើយ!»។ ពេលនោះ ស្រាប់តែដើមឧទុម្ពរក្រៀមស្វិតមួយរំពេច។ 20 ឃើញដូច្នោះ ពួកសិស្ស ងឿងឆ្ងល់ជាខ្លាំង គេពោលថា៖ «ហេតុដូចម្ដេចបានជាដើម ឧទុម្ពរក្រៀមស្វិតមួយរំពេចដូច្នេះ?»។ 21 ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយទៅគេថា៖ «ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា ប្រសិនបើអ្នករាល់គ្នាមានជំនឿឥតសង្ស័យសោះ អ្នករាល់គ្នាមិនត្រឹមតែអាចធ្វើអោយដើម ឧទុម្ពរនេះក្រៀមស្វិតប៉ុណ្ណោះទេ គឺបើអ្នករាល់គ្នាពោលទៅកាន់ភ្នំនេះថាៈ "ចូរចេញពីទីនេះ ធ្លាក់ក្នុងសមុទ្រទៅ!" នោះនឹងសំរេចដូច្នោះជាមិនខាន។ 22 អ្វីក៏ដោយ អោយតែអ្នករាល់គ្នាអធិស្ឋាន សុំ ទាំងមានជំនឿ អ្នករាល់គ្នាមុខជាបានទទួលមែន»។ 23 ព្រះយេស៊ូយាងចូលក្នុងព្រះវិហារ ហើយនៅពេលព្រះអង្គកំពុងតែបង្រៀនគេ ពួកនាយកបូជាចារ្យ និង ពួកព្រឹទ្ធាចារ្យ របស់ប្រជាជន នាំគ្នាចូលមកសួរព្រះអង្គថា៖ «តើលោកធ្វើការទាំងនេះដោយអាងអំណាចអ្វី? អ្នកណាប្រគល់អំណាចនេះអោយលោក?»។ 24 ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ខ្ញុំក៏សុំសួរសំណួរតែមួយដល់អស់លោកដែរ បើអស់លោកប្រាប់ខ្ញុំ ខ្ញុំនឹងប្រា់អស់លោកវិញថា ខ្ញុំធ្វើការទាំងនេះ ដោយអាងលើអំណាចអ្វី។ 25 តើនរណាចាត់លោកយ៉ូហានអោយមកធ្វើពិធីជ្រមុជទឹក ? ព្រះជាម្ចាស់ ឬ មនុស្ស?»។ គេពិគ្រោះគ្នាថា៖ «បើយើងឆ្លើយថា "ព្រះជាម្ចាស់ចាត់លោកយ៉ូហានអោយមក" គាត់មុខជាសួរយើងថា "ហេតុអ្វីបានជាអ្នករាល់គ្នាមិនជឿលោកយ៉ូហាន?" 26 បើយើងឆ្លើយថា "មនុស្សចាត់លោកយ៉ូហានអោយមក" នោះយើងខ្លាចប្រជាជនរករឿង ដ្បិតមនុស្សគ្រប់ៗគ្នាចាត់ទុកលោកយ៉ូហានជាព្យាការី »។ 27 ដូច្នេះ គេទូលឆ្លើយព្រះយេស៊ូថា៖ «យើងមិនដឹងទេ!»។ ព្រះអង្គមានព្រះបន្ទូលទៅវិញថា៖ «រីឯខ្ញុំវិញ ខ្ញុំក៏មិនប្រាប់អស់លោកថា ខ្ញុំធ្វើការទាំងនេះ ដោយអាងលើអំណាចអ្វីដែរ»។ 28 «អ្នករាល់គ្នាយល់យ៉ាងណាដែរ ប្រសិនបើបុរសម្នាក់មានកូនប្រុសពីរ ហើយគាត់និយាយទៅកាន់កូនច្បងថា "កូនអើយ! ថ្ងៃនេះ ចូរកូនទៅធ្វើការ នៅចំការទំពាំងបាយជូររបស់ពុកទៅ!"។ 29 កូនតបមកវិញថា "ខ្ញុំមិនចង់ទៅទេ!" ប៉ុន្ដែ ក្រោយមក កូននោះដូរគំនិតហើយក៏ទៅចំការ។ 30 បន្ទាប់មក ឪពុកនិយាយពាក្យដដែលទៅកាន់កូនពៅ កូនពៅឆ្លើយថាៈ "បាទ កូនទៅ!" តែអត់ទៅទេ។ 31 ក្នុងចំណោមកូនទាំងពីរនាក់ តើកូនណាបានធ្វើតាមបំណងឪពុក?»។ គេទូលព្រះអង្គថា៖ «កូនច្បង»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា ពួកអ្នកទារពន្ធ និង ពួកស្ដ្រីពេស្យា នឹងចូលទៅក្នុងព្រះរាជ្យ របស់ព្រះជាម្ចាស់ មុនអ្នករាល់គ្នា 32 ដ្បិតលោកយ៉ូហានបានមកណែនាំអ្នករាល់គ្នាអោយដើរតាមមាគ៌ាសុចរិត តែអ្នករាល់គ្នាមិនព្រមជឿលោកទេ។ ពួកអ្នកទារពន្ធ និង ស្ដ្រីពេស្យាបានជឿលោក រីឯអ្នករាល់គ្នាវិញ ទោះបីអ្នករាល់គ្នាបានឃើញហេតុការន៍ទាំងនោះក៏ដោយ ក៏អ្នករាល់គ្នាមិនបានដូរចិត្ដគំនិត ហើយជឿលោកដែរ»។ 33 «សុំស្ដាប់ប្រស្នាមួយទៀតៈ មានបុរសម្នាក់ជាម្ចាស់ចំការ គាត់បានដាំទំពាំងបាយជូរ ហើយធ្វើរបងព័ទ្ធជុំវិញ គាត់រៀបចំកន្លែងមួយ ដើម្បីបញ្ជាន់ផ្លែទំពាំងបាយជូរ ព្រមទាំងសង់ ខ្ទមមួយផង។ បន្ទាប់មក គាត់ប្រវាស់អោយពួកកសិករមើលថែទាំ រួចចេញដំណើរពីស្រុកនោះ ទៅ។ 34 លុះដល់រដូវទំពាំងបាយជូរទុំ គាត់ក៏ចាត់ពួកអ្នកបំរើអោយមកជួបអ្នកថែចំការទាំងនោះដើម្បីទទួលយកផល ដែលជាចំណែករបស់គាត់។ 35 ពួកកសិករនាំគ្នាចាប់ពួកអ្នកបំរើមកវាយដំម្នាក់ប្រហារជីវិតម្នាក់ និង យកដុំថ្មគប់សម្លាប់ម្នាក់ទៀត។ 36 ម្ចាស់ចំការក៏ចាត់អ្នកបំរើផ្សេងទៀត ដែលមានគ្នាច្រើនជាងមុន អោយមក។ ប៉ុន្ដែ ពួកអ្នកថែចំការបានធ្វើបាបអ្នកបំរើទាំងនោះដូចពួកមុនៗដែរ។ 37 នៅទីបំផុត ម្ចាស់ចំការចាត់កូនប្រុសរបស់គាត់អោយមកជួបគេ ដោយគិតថា "គេមុខជាគោរពកោតខ្លាចកូនប្រុសខ្ញុំមិនខាន"។ 38 ប៉ុន្ដែ ពេលពួកកសិករឃើញកូនប្រុសម្ចាស់ចំការមកដល់ គេពិគ្រោះគ្នាថាៈ "អ្នកនេះជាអ្នកទទួលកេរមត៌កពីម្ចាស់ចំការទៅថ្ងៃក្រោយ បើយើងនាំគ្នាសម្លាប់វា មត៌កនេះនឹងត្រូវបានមកយើងមិនខាន"។ 39 គេក៏ចាប់កូនប្រុសម្ចាស់ចំការបោះទៅខាងក្រៅ ហើយសម្លាប់ចោលទៅ។ 40 ដល់ពេលម្ចាស់ចំការមក តើគាត់នឹងធ្វើយ៉ាងណាចំពោះកសិករទាំងនោះ?»។ 41 គេទូលព្រះអង្គថា៖ «គាត់មុខជាសម្លាប់ជនពាលទាំងនោះ ឥតត្រាប្រណីឡើយ រួចប្រវាស់ចំការអោយអ្នកផ្សេងទៀត ដែលនឹងប្រគល់ផលជាចំណែករបស់គាត់ជូនគាត់ នៅរដូវទំពាំងបាយជូរទុំ»។ 42 ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ក្នុងគម្ពីរមានចែងថាៈ "ថ្មដែលពួកជាងសង់ផ្ទះបោះចោល បានត្រឡប់មកជាថ្មគ្រឹះដ៏សំខាន់បំផុត។ ព្រះអម្ចាស់បានសំរេចការអស្ចារ្យនេះ យើងបានឃើញ ហើយស្ងើចសរសើរផង"។ តើអ្នករាល់គ្នាដែលអានអត្ថបទនេះឬទេ?។ 43 ហេតុនេះហើយ បានជាខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្រះជាម្ចាស់នឹងដកព្រះរាជ្យចេញពីអ្នករាល់គ្នា ប្រគល់ទៅអោយសាសន៍មួយទៀត ដែលចេះបង្កើតផលសមស្របនឹងព្រះរាជ្យ។ 44 អ្នកណាដួលលើថ្មនេះ អ្នកនោះមុខជាត្រូវបាក់បែកខ្ទេចខ្ទំាមិនខាន ហើយបើថ្មនេះសង្កត់លើអ្នកណា មុខជាកិនកំទេចអ្នកនោះអោយស្លាប់ជាប្រាកដដែរ»។ 45 ពួកនាយកបូជាចារ្យ និង ពួកខាងគណៈផារីស៊ី ឮដូច្នោះ ក៏ដឹងថា ព្រះអង្គមានព្រះបន្ទូលសំដៅទៅលើពួកគេ។ 46 គេនាំគ្នារកមធ្យោបាយចាប់ព្រះអង្គ ប៉ុន្ដែគេខ្លាចមហាជន ព្រោះមហាជនចាត់ទុកព្រះយេស៊ូជាព្យាការី មួយរូប។

ម៉ាកុស 22

1 ព្រះយេស៊ូមានព្រះបន្ទូលជាប្រស្នាទៅពួកគេ ម្ដងទៀតថា៖ 2 «ព្រះរាជ្យ នៃស្ថានបរមសុខ ប្រៀបបាននឹងស្ដេចមួយអង្គដែលរៀបវិវាហមង្គលការព្រះរាជបុត្រ។ 3 ព្រះរាជាចាត់រាជបំរើអោយទៅអញ្ជើញភ្ញៀវមកជប់លៀង ក្នុងឱកាសមង្គលការនោះ តែគ្មាននរណាមកសោះ។ 4 ព្រះអង្គចាត់រាជបំរើផ្សេងទៀត អោយទៅជំរាបភ្ញៀវថាៈ "យើងបានរៀបចំភោជនាហារសំរាប់ជប់លៀង គឺបានសម្លាប់គោ និង សម្លាប់សត្វ ដែលបានបំប៉ននោះ រួចរាល់អស់ហើយ សូមអញ្ជើញមកពិសាការ!"។ 5 ប៉ុន្ដែ ភ្ញៀវមិនរវីរវល់អើពើឡើយ អ្នកខ្លះទៅចំការ អ្នកខ្លះទៅធ្វើជំនួញ 6 អ្នកខ្លះទៀតចាប់ពួករាជបំរើ វាយធ្វើបាបព្រមទាំងសម្លាប់ចោលថែមទៀត។ 7 ព្រះរាជាទ្រង់ព្រះពិរោធយ៉ាងខ្លាំង ក៏ចាត់ទាហានអោយទៅប្រហារជីវិតឃាតកទាំងនោះ ហើយដុតកំទេចស្រុកភូមិរបស់គេផង។ 8 បន្ទាប់មក ទ្រង់មានរាជឱង្ការទៅពួករាជបំរើថាៈ "យើងបានរៀបចំពិធីមង្គលការ រួចស្រេចហើយ ប៉ុន្ដែ ភ្ញៀវទាំងនោះមិនសមនឹងមកចូលរួមទេ។ 9 ហេតុនេះ ចូរនាំគ្នាចេញទៅតាមផ្លូវកែង ហើយអញ្ជើញមនុស្សទាំងអស់ដែលអ្នករាល់គ្នាជួប អោយមកជប់លៀង"។ 10 ពួករាជបំរើក៏ចេញទៅតាមផ្លូវ ប្រមូលមនុស្សម្នា ដែលគេបានជួបទាំងប៉ុន្មានមក ទាំងអាក្រក់ទាំងល្អ។ ពេលនោះ មានភ្ញៀវពេញរោងការ។ 11 ព្រះរាជាយាងចូលមកមើលភ្ញៀវនៅក្នុងរោងការទតឃើញបុរសម្នាក់ស្លៀកពាក់ មិនត្រូវនឹងរបៀបពិធីការ 12 ទ្រង់ក៏មានរាជឱង្ការទៅអ្នកនោះថា "សំឡាញ់អើយ! ហេតុអ្វីបានជាអ្នកចូលមកទីនេះ ដោយមិនស្លៀកសម្លៀកបំពាក់សំរាប់មង្គលការដូច្នេះ?" បុរសនោះរកនិយាយអ្វីមិនចេញឡើយ។ 13 ព្រះរាជាបង្គាប់ទៅពួករាជបំរើថា "ចូរចងដៃចងជើងអ្នកនេះ សែងយកទៅចោលនៅទីងងឹតខាងក្រៅ ជាកន្លែងយំសោកខឹងសង្កៀតធ្មេញនោះទៅ!"»។ 14 ព្រះយេស៊ូមានព្រះបន្ទូលទៀតថា៖ «ព្រះជាម្ចាស់ត្រាស់ហៅមនុស្សទាំងអស់ តែព្រះអង្គជ្រើសរើសយកបានចំនួនតិចទេ»។ 15 ពួកខាងគណៈផារីស៊ី ចេញទៅពិគ្រោះគ្នារិះរកមធ្យោបាយចាប់កំហុសព្រះយេស៊ូ នៅពេលព្រះអង្គមានព្រះបន្ទូល។ 16 គេក៏ចាត់សិស្សរបស់គេ និង ពួកខាងស្ដេចហេរ៉ូដ អោយទៅជួបព្រះអង្គ ហើយទូលថា៖«លោកគ្រូ ! យើងខ្ញុំដឹងថា ពាក្យដែលលោកមានប្រសាសន៍ សុទ្ធតែពិតទាំងអស់។ លោកគ្រូប្រៀនប្រដៅអំពីរបៀបរស់នៅ ដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់តាមសេចក្ដីពិត គឺលោកគ្រូពុំយោគយល់ ហើយក៏ពុំរើសមុខនរណាឡើយ។ 17 ហេតុនេះ សូមលោកគ្រូអោយយោបល់យើងខ្ញុំមើល៍ តើក្រឹត្យវិន័យរបស់យើងអនុញ្ញាតអោយបង់ពន្ធដារ ថ្វាយព្រះចៅអធិរាជរ៉ូម៉ាំងឬទេ?»។ 18 ព្រះយេស៊ូឈ្វេងយល់គំនិតអាក្រក់របស់ពួកគេ ទើបមានព្រះបន្ទូលថា៖ «មនុស្សមានពុតអើយ! ហេតុអ្វីបានជាអ្នករាល់គ្នាចង់ចាប់កំហុសខ្ញុំដូច្នេះ? 19 ចូរបង្ហាញប្រាក់សំរាប់បង់ពន្ធនោះអោយខ្ញុំមើលមើល៍!»។ គេក៏យកប្រាក់មួយកាក់មកថ្វាយព្រះអង្គ។ 20 ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «តើលើកាក់នេះ មានរូបនរណា ឈ្មោះនរណា?»។ 21 គេទូលថា៖ «រូប និង ឈ្មោះព្រះចៅអធិរាជ»។ ព្រះអង្គក៏មានព្រះបន្ទូលទៅគេថា៖ «អ្វីៗដែលជារបស់ព្រះចៅអធិរាជ ចូរថ្វាយទៅព្រះចៅអធិរាជវិញទៅ ហើយអ្វីៗដែលជារបស់ព្រះជាម្ចាស់ ចូរថ្វាយទៅព្រះជាម្ចាស់វិញដែរ»។ 22 ពួកគេងឿងឆ្ងល់នឹងចម្លើយរបស់ព្រះអង្គ ហើយនាំគ្នាចាកចេញពីព្រះអង្គទៅ។ 23 នៅថ្ងៃនោះ មានពួកខាងគណៈសាឌូស៊ី ចូលមកគាល់ព្រះអង្គ។ ពួកសាឌូស៊ីមិនជឿថា មនុស្សស្លាប់នឹងរស់ឡើងវិញទេ។ គេទូលសួរព្រះយេស៊ូថា៖ 24 «លោកគ្រូ!លោកម៉ូសេ មានប្រសាសន៍ថាៈ "បើបុរសណាស្លាប់ទៅ តែគ្មានកូនសោះ ត្រូវអោយប្អូនប្រុសរបស់បុរសនោះរៀបការនឹងបងថ្លៃ ដើម្បីបន្ដពូជអោយបងប្រុសរបស់ខ្លួន"។ 25 ឧបមាថានៅក្នុងចំណោមយើង មានបងប្អូនប្រុសប្រាំពីរនាក់។ បងបង្អស់រៀបការ ហើយស្លាប់ទៅ តែគ្មានកូនសោះ ទុកប្រពន្ធអោយប្អូន។ 26 ប្អូនទីពីរ ប្អូនទីបី រហូតដល់ប្អូនទីប្រាំពីរ សុទ្ធតែបានរៀបការជាមួយនាង ហើយស្លាប់ទៅគ្មានកូនដូចគ្នា។ 27 នៅទីបំផុត ស្ដ្រីនោះក៏ស្លាប់ទៅដែរ។ 28 លុះដល់ពេលមនុស្សស្លាប់នឹងរស់ឡើងវិញ តើនាងបានទៅជាប្រពន្ធនរណា បើបងប្អូនទាំងប្រាំពីរនាក់ សុទ្ធតែបានរៀបការជាមួយនាងគ្រប់គ្នាដូច្នេះ?»។ 29 ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «អ្នករាល់គ្នាយល់ខុសហើយ! ដ្បិតអ្នករាល់ គ្នាមិនយល់គម្ពីរ ទាំងមិនស្គាល់ឫទ្ធានុភាពរបស់ព្រះជាម្ចាស់ផង។ 30 ពេលមនុស្សស្លាប់នឹងរស់ឡើងវិញ គេមិនរៀបការប្ដីប្រពន្ធទៀតឡើយ គឺគេនឹងបានដូចទេវតា នៅស្ថានបរមសុខ ។ 31 ព្រះជាម្ចាស់មានព្រះបន្ទូលអំពីមនុស្សស្លាប់នឹងរស់ឡើងវិញថាៈ 32 "យើងជាព្រះរបស់អប្រាហំា ជាព្រះរបស់អ៊ីសាក និង ជាព្រះរបស់យ៉ាកុប" តើអ្នករាល់គ្នាធ្លាប់អានឬទេ? ព្រះជាម្ចាស់មិនមែនជាព្រះរបស់មនុស្សស្លាប់ទេ គឺជាព្រះរបស់មនុស្សដែលមានជីវិត»។ 33 កាលមហាជនបានឮសេចក្ដីដែលព្រះអង្គបង្រៀនគេងឿងឆ្ងល់ជាខ្លាំង។ 34 ពេលនោះ ពួកខាងគណៈផារីស៊ី ប្រជុំគ្នា ព្រោះគេឮថា ព្រះយេស៊ូបានធ្វើអោយពួក ខាងគណៈសាឌូស៊ី ទ័លប្រាជ្ញ រកនិយាយអ្វីទៀតមិនកើត។ 35 ក្នុងចំណោមពួកគេ មានម្នាក់ជាបណ្ឌិតខាងវិន័យទូលសួរព្រះយេស៊ូក្នុងគោលបំណងល្បងលមើលព្រះអង្គថា៖ 36 «លោកគ្រូ! ក្នុងក្រឹត្យវិន័យ តើមានបទបញ្ជាណាសំខាន់ជាងគេ?»។ 37 ព្រះយេស៊ូមានព្រះបន្ទូលថា៖ «"ត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នក អោយអស់ពីចិត្ដគំនិត អស់ពីស្មារតី និង អស់ពីប្រាជ្ញា" 38 ហ្នឹងហើយជាបទបញ្ជាទីមួយដែលសំខាន់ ជាងគេបំផុត។ 39 រីឯបទបញ្ជាទីពីរក៏សំខាន់ដូចគ្នាដែរ គឺត្រូវស្រឡាញ់បងប្អូនឯទៀតៗ អោយបានដូចស្រឡាញ់ខ្លួនឯង"។ 40 បទបញ្ជាទាំងពីរនេះ ជាឫសគល់របស់គម្ពីរវិន័យ និង គម្ពីរព្យាការី ទាំងអស់»។ 41 ពេលនោះ ពួកខាងគណៈផារីស៊ី នៅជុំគ្នាព្រះយេស៊ូក៏មានព្រះបន្ទូលសួរគេថា៖ 42 «តើអ្នករាល់គ្នាយល់ថា ព្រះគ្រិស្ដជាព្រះរាជវង្សរបស់អ្នកណា?»។ គេទូលថា៖ «ព្រះអង្គជាព្រះរាជវង្សរបស់ព្រះបាទដាវីឌ»។ 43 ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ប្រសិនបើព្រះគ្រិស្ដ ជាព្រះរាជវង្សរបស់ ព្រះបាទដាវីឌមែន ចុះហេតុដូចម្ដេចបានជាព្រះបាទដាវីឌ ដែលមានព្រះវិញ្ញាណបំភ្លឺ ហៅព្រះគ្រិស្ដថា "ព្រះអម្ចាស់" ទៅវិញដូច្នេះ គឺទ្រង់មានរាជឱង្ការថាៈ 44 "ព្រះអម្ចាស់មានព្រះបន្ទូល ទៅកាន់ព្រះអម្ចាស់របស់ខ្ញុំថា សូមគង់ខាងស្ដាំយើង ទំរាំដល់យើងបង្ក្រាប ខ្មាំងសត្រូវរបស់ព្រះអង្គ មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ"។ 45 បើព្រះបាទដាវីឌហៅព្រះគ្រិស្ដថា "ព្រះអម្ចាស់" ដូច្នេះ តើអោយព្រះគ្រិស្ដត្រូវជា ព្រះរាជវង្សរបស់ព្រះអង្គដូចម្ដេចកើត!»។ 46 គ្មាននរណាម្នាក់អាចឆ្លើយទៅព្រះអង្គវិញ សូម្បីតែមួយម៉ាត់ក៏មិនបានផង ហើយចាប់តាំងពីពេលនោះមក គ្មាននរណាហ៊ានសួរដេញដោលព្រះអង្គទៀតឡើយ។

ម៉ាកុស 23

1 ពេលនោះ ព្រះយេស៊ូមានព្រះបន្ទូល ទៅកាន់មហាជន និង ពួកសិស្ស ថា៖ 2 «ពួកអាចារ្យ និង ពួកផារីស៊ី មានភារកិច្ចបង្រៀនគម្ពីរវិន័យរបស់លោកម៉ូសេ ។ 3 អ្វីៗដែលគេបង្រៀនអ្នករាល់គ្នា ចូរស្ដាប់ ហើយយកទៅប្រតិបត្ដិតាមទៅតែកុំយកតំរាប់តាមអំពើដែលគេប្រព្រឹត្ដឡើយ ដ្បិតគេមិនប្រតិបត្ដិតាមសេចក្ដីដែលគេបង្រៀននោះទេ។ 4 អ្នកទាំងនោះ បានបង្កើតវិន័យយ៉ាងតឹងរ៉ឹង យកមកផ្ទុកលើមនុស្ស ហើយមិនជួយសំរាលបន្ទុកនោះទេ សូម្បីតែបន្ដិចបន្ដួចក៏មិនជួយផង។ 5 គេធ្វើកិច្ចការផ្សេងៗ ដើម្បីអោយមនុស្សម្នាកោតសរសើរ គឺគេធ្វើក្លាក់ កាន់តែធំឡើងៗ និង ធ្វើខ្សែរំយោល នៅជាយអាវកាន់តែវែងទៅៗ។ 6 ពួកគេចូលចិត្ដកន្លែងកិត្ដិយសក្នុងពិធីជប់លៀង ហើយរើសកន្លែងអង្គុយនៅមុខគេក្នុងសាលាប្រជុំ ។ 7 ពួកនេះចូលចិត្ដអោយគេអោនកាយគោរព នៅតាមផ្សារ និង អោយគេហៅខ្លួនថា "ព្រះគ្រូ"។ 8 រីឯអ្នករាល់គ្នាវិញ កុំបង្គាប់គេអោយហៅខ្លួនថា "ព្រះគ្រូ" សោះឡើយ ដ្បិតអ្នករាល់គ្នាមាន "ព្រះគ្រូ" តែមួយគត់ ហើយអ្នករាល់គ្នាសុទ្ធតែជាបងប្អូននឹងគ្នា។ 9 កុំហៅនរណាម្នាក់នៅលើផែនដីនេះថា "ព្រះបិតា" អោយសោះ ដ្បិតអ្នករាល់គ្នាមាន"ព្រះបិតា"តែមួយគត់ ដែលគង់នៅស្ថានបរមសុខ។ 10 កុំអោយគេហៅអ្នករាល់គ្នាថា "មគ្គុទេសក៍"ឡើយ ដ្បិតមានតែព្រះគ្រិស្ដមួយព្រះអង្គប៉ុណ្ណោះ ដែលជាមគ្គុទេសក៍របស់អ្នករាល់គ្នា។ 11 ក្នុងចំណោមអ្នករាល់គ្នា អ្នកណាមានឋានៈធំជាងគេ ត្រូវអោយអ្នកនោះបំរើអ្នករាល់គ្នា។ 12 អ្នកណាលើកតម្កើងខ្លួន អ្នកនោះនឹងត្រូវគេបន្ទាបចុះ។ រីឯអ្នកដែលបន្ទាបខ្លួន នឹងត្រូវគេលើកតម្កើងវិញ។ 13 នែ៎! ពួកអាចារ្យ និង ពួកផារីស៊ី ដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាបិទទ្វារ មិនអោយមនុស្សចូលទៅក្នុងព្រះរាជ្យ នៃស្ថានបរមសុខ អ្នករាល់គ្នាមិនត្រឹមតែមិនបានចូលខ្លួនឯងប៉ុណ្ណោះទេ គឺថែមទាំងរារាំងអ្នកដែលចង់ចូលមិនអោយគេចូលទៀតផង។ 14 [ពួកអាចារ្យ និង ពួកផារីស៊ី ដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាឆបោកយកទ្រព្យសម្បត្ដិរបស់ស្ដ្រីមេម៉ាយ ដោយធ្វើឫកជាសូត្រធម៌យ៉ាងយូរ។ ហេតុនេះហើយបានជាអ្នករាល់គ្នាត្រូវទទួលទោសយ៉ាងធ្ងន់មិនខាន ]។ 15 ពួកអាចារ្យ និង ពួកផារីស៊ីដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាធ្វើដំណើរតាមផ្លូវទឹក និង តាមផ្លូវគោក ស្វែងរកបញ្ចុះបញ្ចូលគេ អោយចូលសាសនារបស់អ្នករាល់គ្នា យ៉ាងហោចណាស់អោយបានមនុស្សម្នាក់ដែរ។ លុះគេចូលសាសនាហើយ អ្នករាល់គ្នាធ្វើអោយគេរឹតតែអាក្រក់ជួជាតិជាងអ្នករាល់គ្នាមួយទ្វេជាពីរ។ 16 ពួកអ្នកដឹកនាំកង្វាក់អើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នានិយាយថា"បើអ្នកណាស្បថដោយយកព្រះវិហារ ធ្វើជាសាក្សី ពាក្យសម្បថនោះយកជាការពុំបានទេ។ ផ្ទុយទៅវិញ បើស្បថដោយយកមាសរបស់ព្រះវិហារធ្វើជាសាក្សី ទើបយកជាការបាន"។ 17 មនុស្សលេលា កង្វាក់អើយ! មាស និង ព្រះវិហារដែលធ្វើអោយមាសទៅជាវត្ថុពិសិដ្ឋ តើមួយណាសំខាន់ជាង?។ 18 អ្នករាល់គ្នានិយាយទៀតថា "អ្នកណាស្បថ ដោយយកអាសនៈធ្វើជាសាក្សី ពាក្យសម្បថនោះ យកជាការពុំបានទេ។ ផ្ទុយទៅវិញ បើស្បថដោយយកតង្វាយលើអាសនៈធ្វើជាសាក្សី ទើបយកជាការបាន"។ 19 មនុស្សកង្វាក់អើយ! តង្វាយដែលគេថ្វាយលើអាសនៈ និង អាសនៈដែលធ្វើអោយតង្វាយទៅជាតង្វាយពិសិដ្ឋ តើមួយណាសំខាន់ជាង?។ 20 ដូច្នេះអ្នកណាស្បថ ដោយយកអាសនៈជាសាក្សី អ្នកនោះមានទាំងអាសនៈ មានទាំងអ្វីៗនៅលើអាសនៈជាសាក្សីមែន។ 21 អ្នកណាស្បថដោយយកព្រះវិហារជាសាក្សី អ្នកនោះមានទាំងព្រះវិហារ មានទាំងព្រះជាម្ចាស់ដែលគង់នៅក្នុងព្រះវិហារ ជាសាក្សីដែរ។ 22 អ្នកណាស្បថដោយយកស្ថានបរមសុខជាសាក្សី អ្នកនោះមានទាំងបល្ល័ង្ករបស់ព្រះជាម្ចាស់ មានទាំងព្រះជាម្ចាស់ដែលគង់នៅលើបល្ល័ង្កជាសាក្សី។ 23 ពួកអាចារ្យ និង ពួកផារីស៊ីដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាយកជីរអង្កាម ជីរនាងវង និង ម្អមមួយភាគដប់មកថ្វាយព្រះជាម្ចាស់ ប៉ុន្ដែ អ្នករាល់គ្នាលះបង់ក្រឹត្យវិន័យ សំខាន់ៗចោល មានសេចក្ដីសុចរិត មេត្ដាករុណាធម៌ និង ជំនឿស្មោះត្រង់ ជាដើម។ វិន័យទាំងប៉ុន្មានប្រការនេះហើយ ដែលអ្នករាល់គ្នាត្រូវប្រតិបត្ដិតាមដោយឥតលះបង់ចោលប្រការឯទៀតៗ។ 24 អ្នកដឹកនាំកង្វាក់អើយ! អ្នករាល់គ្នាត្រងយកមូសចេញពីទឹកផឹក តែអ្នករាល់គ្នាលេបដំរីមួយទាំងមូលទៅវិញ!។ 25 ពួកអាចារ្យ និង ពួកផារីស៊ីដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាសំអាតពែង និង ចាន តែខាងក្រៅប៉ុណ្ណោះ ប៉ុន្ដែ ផ្នែកខាងក្នុងពោរពេញទៅដោយផលដែលកើតមកពីការកេងប្រវ័ញ្ច និង ការលោភលន់។ 26 ពួកផារីស៊ីដ៏កង្វាក់អើយ! ចូរសំអាតផ្នែកខាងក្នុងពែងជាមុនសិន ទើបអ្វីៗនៅខាងក្រៅបានស្អាតបរិសុទ្ធ ដែរ។ 27 ពួកអាចារ្យ និង ពួកផារីស៊ីដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាប្រៀបបាននឹងផ្នូរ ដែលគេលាបកំបោរស មើលពីក្រៅឃើញហាក់ដូចជាស្អាត តែខាងក្នុងពោរពេញទៅដោយឆ្អឹងសាកសព និង ធាតុរលួយសព្វបែបយ៉ាង។ 28 អ្នករាល់គ្នាក៏ដូច្នោះដែរ អ្នករាល់គ្នាសំដែងឫកពារខាងក្រៅអោយមនុស្សម្នាឃើញថា អ្នករាល់គ្នាសុចរិតតែចិត្ដអ្នករាល់គ្នាពោរពេញដោយគំនិតលាក់ពុត និង គំនិតទុច្ចរិតទៅវិញ។ 29 ពួកអាចារ្យ និង ពួកផារីស៊ីដ៏មានពុតអើយ!អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាបានសង់ផ្នូរអោយពួកព្យាការី ព្រមទាំងតុបតែងផ្នូររបស់មនុស្សសុចរិត 30 ដោយពោលថាៈ"ប្រសិនបើយើងបានរស់នៅជំនាន់បុព្វបុរស នោះយើងមុខជាមិនសមគំនិតជាមួយគេក្នុងការសម្លាប់ពួកព្យាការីឡើយ"។ 31 អ្នករាល់គ្នាពោលដូច្នេះ បានសេចក្ដីថាអ្នករាល់គ្នាចោទខ្លួនឯង ថាជាពូជពង្សរបស់ពួកអ្នកដែលបានសម្លាប់ព្យាការី។ 32 ដូច្នេះ ចូរបន្ដកិច្ចការរបស់បុព្វបុរសអ្នករាល់គ្នាអោយបានសំរេចទៅ! 33 នែ៎ ពួកពស់ពូជពស់វែកអើយ! ធ្វើម្ដេចអោយអ្នករាល់គ្នាគេចផុតពីទោសធ្លាក់នរកបាន?។ 34 ហេតុនេះ ខ្ញុំចាត់ព្យាការី អ្នកប្រាជ្ញ និង អាចារ្យអោយមករកអ្នករាល់គ្នា តែអ្នករាល់គ្នានឹងសម្លាប់ពួកគេខ្លះ ឆ្កាងខ្លះ និង វាយធ្វើបាបខ្លះក្នុងសាលាប្រជុំ ព្រមទាំងតាមបៀតបៀនគេពីក្រុងមួយទៅក្រុងមួយផង។ 35 ដូច្នេះ អ្នករាល់គ្នាត្រូវទទួលទោស ព្រោះអ្នករាល់គ្នាបានបង្ហូរឈាមជនសុចរិត ចាប់ពីលោកអេបិលជាមនុស្សសុចរិតរហូតដល់លោកសាការី ជាបុត្ររបស់លោកបារ៉ាគាដែលអ្នករាល់គ្នាបានសម្លាប់ នៅត្រង់ចន្លោះទីសក្ការៈ និង អាសនៈ ។ 36 ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាបានដឹងថា ទោសទាំងនោះនឹងត្រូវធ្លាក់មកលើមនុស្សជំនាន់នេះជាមិនខាន។ 37 «អ្នកក្រុងយេរូសាឡឹម អ្នកក្រុងយេរូសាឡឹមអើយ! អ្នករាល់គ្នាបានសម្លាប់ពួកព្យាការី និង យកដុំថ្មគប់សម្លាប់អស់អ្នកដែលព្រះជាម្ចាស់បានចាត់អោយមករកអ្នករាល់គ្នា។ ច្រើនលើកច្រើនសាមកហើយដែលខ្ញុំចង់ប្រមូលផ្ដុំអ្នករាល់គ្នា ដូចមេមាន់ក្រុងកូនវានៅក្រោមស្លាប តែអ្នករាល់គ្នាពុំព្រមសោះ។ 38 ហេតុនេះ ផ្ទះរបស់អ្នករាល់គ្នា នឹងត្រូវបោះបង់ចោលអោយនៅស្ងាត់ជ្រងំ។ 39 ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ពីពេលនេះទៅមុខ អ្នករាល់គ្នានឹងលែងឃើញខ្ញុំទៀតហើយ រហូតដល់ពេលអ្នករាល់គ្នាពោលថាៈ "សូមព្រះជាម្ចាស់ប្រទានពរដល់ព្រះអង្គ ដែលយាងមកក្នុងនាមព្រះអម្ចាស់!"»។

ម៉ាកុស 24

1 ពេលនោះ ព្រះយេស៊ូកំពុងយាងចេញពីព្រះវិហារ ពួកសិស្សចូលមកជិត ចង្អុលបង្ហាញវិមានផ្សេងៗក្នុងព្រះវិហារ ថ្វាយព្រះអង្គទត។ 2 ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា អ្វីៗដែល អ្នករាល់គ្នាឃើញនៅពេលនេះ នឹងត្រូវរលំបាក់បែកអស់លែងមានថ្មត្រួតពីលើថ្ម ទៀតហើយ!»។ 3 កាលព្រះយេស៊ូគង់នៅលើភ្នំដើមអូលីវ ពួកសិស្ស នាំគ្នាចូលទៅគាល់ព្រះអង្គ ដាច់ឡែកពីគេ ហើយទូលថា៖ «សូមប្រាប់អោយយើងខ្ញុំដឹងផង ហេតុការណ៍ទាំងនេះនឹងកើតឡើងនៅពេលណា? តើមានអ្វីជាសំគាល់អោយយើងខ្ញុំដឹងថា ដល់ពេលព្រះអង្គយាងមក និង ដល់អវសានកាលនៃពិភពលោក?»។ 4 ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «ចូរប្រុងប្រយ័ត្ន កុំបណ្ដោយនរណាមកបញ្ឆោតអ្នករាល់គ្នាអោយវង្វេងបានឡើយ 5 ដ្បិតនឹងមានមនុស្សជាច្រើន យកឈ្មោះខ្ញុំទៅប្រើដោយពោលថាៈ"ខ្ញុំនេះហើយជាព្រះគ្រិស្ដ "។ គេនឹងនាំមនុស្សជាច្រើនអោយវង្វេង។ 6 អ្នករាល់គ្នានឹងឮគេនិយាយអំពីសង្គ្រាម និង ឮដំណឹងថា មានសង្គ្រាមផ្ទុះឡើងហើយ។ កុំជ្រួលច្របល់ឡើយ ដ្បិតហេតុការណ៍ទាំងនេះត្រូវតែកើតឡើង តែមិនទាន់ដល់អវសានកាលនៃពិភពលោក នៅឡើយទេ។ 7 ប្រជាជាតិមួយនឹងធ្វើសង្គ្រាមតទល់នឹងប្រជាជាតិមួយទៀត ប្រទេសមួយតទល់នឹងប្រទេសមួយទៀត។ នៅតាមតំបន់ផ្សេងៗនឹងមានកើតទុរ្ភិក្ស និង រញ្ជួយផែនដី។ 8 ប៉ុន្ដែ ហេតុការណ៍ទាំងនេះប្រៀបបានទៅនឹងការឈឺចាប់ដើមដំបូងរបស់ស្ដ្រីដែលហៀបនឹងសំរាលកូន។ 9 គេនឹងបញ្ជូនអ្នករាល់គ្នាទៅធ្វើទុក្ខទោស ព្រមទាំងអោយគេសម្លាប់អ្នករាល់គ្នា ថែមទៀតផង។ ជាតិសាសន៍ទាំងអស់នឹងស្អប់អ្នករាល់គ្នា ព្រោះតែនាមខ្ញុំ។ 10 នៅពេលនោះ នឹងមានមនុស្សជាច្រើនបែកចិត្ដឃ្លាតចេញពីជំនឿ ក្បត់គ្នាទៅវិញទៅមក និង ស្អប់គ្នាផង។ 11 ព្យាការី ក្លែងក្លាយជាច្រើននឹងមកដល់ ហើយបញ្ឆោតមនុស្សជាច្រើនអោយវង្វេង។ 12 អំពើទុច្ចរិតនឹងរីកចំរើនឡើងជាខ្លាំង បណ្ដាលអោយសេចក្ដីស្រឡាញ់របស់មនុស្សមួយចំនួនធំ ត្រូវធ្លាក់ចុះអន់ថយ។ 13 ប៉ុន្ដែ អ្នកណាស៊ូទ្រាំរហូតដល់ទីបញ្ចប់ ព្រះជាម្ចាស់នឹងសង្គ្រោះអ្នកនោះ។ 14 គេនឹងប្រកាសដំណឹងល្អ អំពីព្រះរាជ្យ នេះពាសពេញសកលលោកទាំងមូល ទុកជាសក្ខីភាពដល់ជាតិសាសន៍ទាំងអស់។ ពេលនោះទើបដល់អវសានកាលនៃពិភពលោក»។ 15 «ពេលណាអ្នករាល់គ្នាឃើញ វត្ថុចង្រៃដ៏គួរស្អប់ខ្ពើម តាំងនៅក្នុងទីសក្ការៈ ដូចព្យាការីដានីយ៉ែលបានថ្លែងទុក (សូមអោយអ្នកអានយល់ពាក្យនេះចុះ!) 16 ពេលនោះ អ្នកដែលរស់ក្នុងស្រុកយូដា ត្រូវនាំគ្នារត់ទៅជ្រកនៅតាមភ្នំ។ 17 រីឯអ្នកនៅលើដំបូលផ្ទះ មិនត្រូវចុះមកយកអ្វីៗនៅក្នុងផ្ទះឡើយ 18 ហើយអ្នកដែលនៅឯចំការ ក៏មិនត្រូវវិលទៅផ្ទះយកអាវធំរបស់ខ្លួនដែរ។ 19 គ្រានោះ ស្ដ្រីមានផ្ទៃពោះ និង ស្ដ្រីបំបៅកូនមុខជាត្រូវវេទនាពុំខាន។ 20 ចូរទូលអង្វរព្រះជាម្ចាស់ សូមកុំអោយអ្នករាល់គ្នាត្រូវរត់ភៀសខ្លួននៅរដូវត្រជាក់ ឬ នៅថ្ងៃសប្ប័ទ ឡើយ 21 ដ្បិតពេលនោះ ជាពេលមានទុក្ខលំបាកយ៉ាងខ្លាំង តាំងពីដើមកំណើតពិភពលោក មកទល់សព្វថ្ងៃ ហើយទោះជាទៅថ្ងៃមុខទៀត ក៏ពុំដែលមានទុក្ខលំបាកខ្លាំងយ៉ាងនេះដែរ។ 22 ប្រសិនបើព្រះជាម្ចាស់មិនបន្ថយចំនួនថ្ងៃទាំងនោះទេ មុខជាគ្មានមនុស្សណាបានរួចជីវិតឡើយ ប៉ុន្ដែព្រះអង្គបន្ថយចំនួនថ្ងៃទាំងនោះ ដោយយោគយល់ដល់ពួកអ្នកដែលព្រះអង្គបានជ្រើសរើស។ 23 ប្រសិនបើមានគេប្រាប់អ្នករាល់គ្នាថា"ព្រះគ្រិស្ដ គង់នៅទីនេះ ឬ នៅទីនោះ" កុំជឿគេឡើយ 24 ដ្បិតនឹងមានមនុស្សក្លែងខ្លួនធ្វើជាព្រះគ្រិស្ដ ព្រមទាំងមានព្យាការី ក្លែងក្លាយ នាំគ្នាសំដែងទីសំគាល់ធំអស្ចារ្យ និង ឫទ្ធិបាដិហារិយ៍ផ្សេងៗ ដើម្បីបញ្ឆោតមនុស្ស រហូតដល់ទៅនាំពួកអ្នកដែលព្រះជាម្ចាស់បានជ្រើសរើសអោយវង្វេងថែមទៀតផង ប្រសិនបើគេ អាចធ្វើបាន។ 25 ខ្ញុំនិយាយប្រាប់អោយអ្នករាល់គ្នាដឹងជាមុនអោយហើយ។ 26 បើមានគេប្រាប់អ្នករាល់គ្នាថា "ព្រះអង្គនៅវាលរហោស្ថានឯណោះ!" កុំចេញទៅតាម គេឡើយ ឬមួយបើគេថា "ព្រះអង្គនៅក្នុងបន្ទប់ឯណេះ!" ក៏កុំជឿពាក្យគេដែរ 27 ដ្បិតបុត្រមនុស្ស នឹងយាងមកប្រៀបបីដូចជាផ្លេកបន្ទោរភ្លឺឆ្វាច ឆូតកាត់ពីទិសខាង កើតទៅទិសខាងលិច។ 28 សាកសពនៅទីណា ត្មាតក៏មកប្រមូលផ្ដុំគ្នានៅទីនោះដែរ»។ 29 «លុះគ្រាដែលមានទុក្ខវេទនានេះ កន្លងផុតទៅភ្លាមនោះ ព្រះអាទិត្យនឹងបាត់រស្មី ព្រះច័ន្ទលែងមានពន្លឺទៀតហើយ។ រីឯផ្កាយទាំងឡាយនឹងធ្លាក់ចុះពីលើមេឃ អំណាចនានានៅលើមេឃ នឹងត្រូវកក្រើករំពើក។ 30 ពេលនោះ ទីសំគាល់របស់បុត្រមនុស្ស នឹងលេចចេញពីផ្ទៃមេឃមក។ កុលសម្ពន្ធ ទាំងប៉ុន្មាននៅលើផែនដី នឹងនាំគ្នាយំគក់ទ្រូង គេនឹងឃើញបុត្រមនុស្សយាងមកលើពពក ក្នុងផ្ទៃមេឃ ប្រកបដោយឫទ្ធានុភាព និង សិរីរុងរឿងដ៏អស្ចារ្យ។ 31 ពេលនោះ មានសំឡេងត្រែលាន់ឮរំពងឡើង លោកក៏ចាត់ពួកទេវតា របស់លោកអោយទៅទិសទាំងបួន ដើម្បីប្រមូលពួកអ្នកដែលព្រះជាម្ចាស់បានជ្រើសរើស ចាប់ពីជើងមេឃម្ខាង ទៅជើងមេឃម្ខាង»។ 32 «ចូរអ្នករាល់គ្នាយកប្រស្នា ស្ដីអំពីដើមឧទុម្ពរ ទៅរិះគិតចុះ។ កាលណាមែករបស់វាមានស្លឹកលាស់ខៀវខ្ចី អ្នករាល់គ្នាដឹងថា រដូវប្រាំង ជិតមកដល់ហើយ។ 33 ដូច្នេះ កាលណាអ្នករាល់គ្នាឃើញព្រឹត្ដការណ៍ទាំងអស់នោះកើតឡើង ត្រូវដឹងថាបុត្រមនុស្សក៏ជិតមកដល់ហើយដែរ គឺលោកមកជិតបង្កើយហើយ។ 34 ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា ហេតុការណ៍ទាំងនោះនឹងកើតឡើង ក្នុងពេលដែលមនុស្សជំនាន់នេះ មានជីវិតនៅឡើយ។ 35 ផ្ទៃមេឃ និង ផែនដី នឹងរលាយបាត់ទៅ តែពាក្យដែលខ្ញុំនិយាយមិនរលាយបាត់ទេ»។ 36 រីឯថ្ងៃកំណត់ និង ពេលវេលា គ្មាននរណាដឹងឡើយ ទោះបីទេវតា នៅស្ថានបរមសុខ ឬព្រះបុត្រាក៏ពុំជ្រាបដែរ មានតែព្រះបិតាមួយព្រះអង្គប៉ុណ្ណោះដែលជ្រាប។ 37 នៅគ្រាបុត្រមនុស្សយាងមក ក៏ដូចកាលនៅសម័យលោកណូអេដែរ 38 គឺមុនពេលទឹកជំនន់ធំ មនុស្សម្នាតែងតែនាំគ្នាស៊ីផឹក រៀបការប្ដីប្រពន្ធរហូតដល់ថ្ងៃដែលលោកណូអេចូលក្នុងទូកធំ។ 39 គេមិនបានចាប់អារម្មណ៍អ្វីសោះ ទាល់តែទឹកជំនន់ឡើងមកដល់បំផ្លាញគេអស់ទៅ។ នៅគ្រាដែលបុត្រមនុស្សយាងមក ក៏កើតមានដូច្នោះដែរ។ 40 បើមានមនុស្សពីរនាក់ធ្វើការក្នុងចំការជាមួយគ្នា ព្រះជាម្ចាស់នឹងយកម្នាក់ទៅ ទុកម្នាក់ទៀតអោយនៅ។ 41 បើមានស្ដ្រីពីរនាក់កិនស្រូវជាមួយគ្នា ព្រះជាម្ចាស់នឹងយកម្នាក់ទៅទុកម្នាក់ទៀតអោយនៅ។ 42 ដូច្នេះ ចូរប្រុងស្មារតីអោយមែនទែន ដ្បិតអ្នករាល់គ្នាពុំដឹងថា ព្រះអម្ចាស់របស់អ្នករាល់គ្នានឹងមកដល់នៅពេលណាឡើយ។ 43 អ្នករាល់គ្នាដឹងហើយថា បើម្ចាស់ផ្ទះដឹងចោរចូលមកប្លន់ថ្មើរណា គាត់មុខជាប្រុងស្មារតីពុំខាន មិនបណ្ដោយអោយចោរចូលមកប្លន់ផ្ទះគាត់បានឡើយ។ 44 ដូច្នេះ អ្នករាល់គ្នាត្រូវត្រៀមខ្លួនជានិច្ច ដ្បិតបុត្រមនុស្សនឹងមកដល់ នៅវេលាដែលអ្នករាល់គ្នាពុំបានគិត»។ 45 «បើអ្នកបំរើណាមានចិត្ដស្មោះត្រង់ ហើយឈ្លាសវៃ ម្ចាស់មុខជាផ្ទុកផ្ដាក់អោយអ្នកបំរើនោះមើលខុសត្រូវលើអ្នកបំរើឯទៀតៗ ក្នុងការចែកម្ហូបអាហារអោយគេ តាមពេលកំណត់ពុំខាន។ 46 ពេលម្ចាស់ត្រឡប់មកដល់ផ្ទះវិញ ឃើញអ្នកបំរើ កំពុងបំពេញកិច្ចការរបស់ខ្លួនដូច្នេះ អ្នកបំរើនោះប្រាកដជាមានសុភមង្គលហើយ។ 47 ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា ម្ចាស់មុខជាផ្ទុកផ្ដាក់អោយគាត់មើលខុសត្រូវ លើទ្រព្យសម្បត្ដិទាំងប៉ុន្មានរបស់លោកថែមទៀតផង។ 48 ផ្ទុយទៅវិញបើអ្នកបំរើនោះមានចិត្ដអាក្រក់ ហើយគិតថា "ម្ចាស់អញក្រមកដល់ណាស់" 49 គាត់វាយអ្នកបំរើឯទៀតៗព្រមទាំងទៅស៊ីផឹកជាមួយអ្នកប្រមឹក។ 50 ពេលម្ចាស់វិលត្រឡប់មកផ្ទះវិញ នៅថ្ងៃដែលអ្នកបំរើនោះមិនបានរង់ចាំ ឬ នៅពេលដែលគាត់មិនដឹង 51 លោកនឹងធ្វើទោសគាត់ជាទម្ងន់ ហើយអោយគាត់ទទួលទោសរួមជាមួយពួកមានពុតត្បុតដែរ គឺអោយទៅនៅកន្លែងយំសោកខឹងសង្កៀតធ្មេញ»។

ម៉ាកុស 25

1 «ព្រះរាជ្យនៃស្ថានបរមសុខ ប្រៀបបានទៅនឹងស្ដ្រីក្រមុំដប់នាក់ ដែលយកចង្កៀង ចេញទៅទទួលស្វាមី។ 2 ក្នុងចំណោមពួកនាងមានប្រាំនាក់ជាស្ដ្រីឥតគំនិត ប្រាំនាក់ទៀតជាស្ដ្រីឈ្លាសវៃ។ 3 ស្ដ្រីឥតគំនិតយកចង្កៀងទៅ តែមិនយកប្រេងទៅបង្ការជាមួយទេ។ 4 រីឯស្ដ្រីឈ្លាសវៃវិញ នាងបានយកចង្កៀងទៅ មានទាំងប្រេងបង្ការផង។ 5 ដោយស្វាមីក្រមកដល់ នាងទាំងដប់នាក់ងោកងុយពេក ក៏ដេកលក់ទាំងអស់គ្នាទៅ។ 6 លុះដល់ពាក់កណ្ដាលអធ្រាត្រមានគេស្រែកឡើងថា "ស្វាមីមកដល់ហើយ!ចូរនាំគ្នារត់ទៅទទួលលោក!"។ 7 ស្ដ្រីក្រមុំទាំងនោះក៏ក្រោកឡើងរៀបចំអុជចង្កៀង។ 8 ស្ដ្រីឥតគំនិតនិយាយទៅកាន់ស្ដ្រីឈ្លាសវៃថា "សុំចែកប្រេងអោយយើងខ្លះផង ព្រោះចង្កៀងយើងចង់រលត់អស់ហើយ"។ 9 ស្ដ្រីឈ្លាសវៃឆ្លើយទៅវិញថា "ទេមិនបានទេ! បើយើងចែកអោយពួកនាង ក្រែងមិនគ្រាន់សំរាប់យើងផងសំរាប់ពួកនាងផង។ ចូរនាំគ្នាទៅទិញនៅផ្ទះលក់ប្រេងទៅ!"។ 10 នៅពេលដែលស្ដ្រីឥតគំនិតទាំងប្រាំចេញទៅរកទិញប្រេងផុតទៅ ស្រាប់តែស្វាមីមកដល់ ឯស្ដ្រីប្រាំនាក់ដែលត្រៀមខ្លួនជាស្រេច នាំគ្នាចូលទៅក្នុងរោងការជាមួយលោក ហើយគេបិទទ្វារជិត។ 11 ក្រោយមក ស្ដ្រីប្រាំនាក់ទៀតមកដល់ ស្រែកហៅថាៈ "លោកម្ចាស់ លោកម្ចាស់! សូមបើកទ្វារអោយយើងខ្ញុំចូលផង!"។ 12 ស្វាមីឆ្លើយទៅវិញថាៈ "ខ្ញុំសុំប្រាប់អោយនាងទាំងអស់គ្នាដឹងច្បាស់ថា ខ្ញុំមិនស្គាល់ពួកនាងទេ!"។ 13 ដូច្នេះ ចូរអ្នករាល់គ្នាប្រុងស្មារតី ដ្បិតអ្នករាល់គ្នាពុំដឹងថា បុត្រមនុស្ស នឹងមកដល់ថ្ងៃណាពេលណាឡើយ»។ 14 «ព្រះរាជ្យ នៃស្ថានបរមសុខ ប្រៀបបាននឹងបុរសម្នាក់ ដែលហៀបចេញដំណើរទៅស្រុកឆ្ងាយ។ គាត់ហៅពួកអ្នកបំរើមកប្រគល់ទ្រព្យសម្បត្ដិអោយ។ 15 គាត់ប្រគល់ប្រាក់អោយអ្នកបំរើម្នាក់ៗ តាមសមត្ថភាពរៀងៗខ្លួន គឺអោយប្រាំណែន ទៅអ្នកទីមួយពីរណែនទៅអ្នកទីពីរ និង មួយណែនទៅអ្នកទីបី រួចគាត់ចេញដំណើរទៅ។ 16 អ្នកបំរើដែលបានទទួលប្រាក់ប្រាំណែន យកប្រាក់ចេញទៅរកស៊ីភ្លាម ហើយចំណេញបានប្រាំណែនទៀត។ 17 អ្នកទីពីរក៏ដូច្នោះដែរ គាត់យកប្រាក់ពីរណែននោះទៅរកស៊ី ចំណេញបានពីរណែនទៀត។ 18 រីឯអ្នកដែលទទួលប្រាក់មួយណែន បានចេញទៅ ជីកដីកប់ប្រាក់ម្ចាស់របស់ខ្លួនទុក។ 19 លុះយូរក្រោយមក ម្ចាស់វិលត្រឡប់មកវិញ ហើយគិតបញ្ជីជាមួយអ្នកទាំងបីនោះ។ 20 អ្នកទទួលប្រាក់ប្រាំណែន យកប្រាក់ដែលចំណេញបានប្រាំណែន ចូលមកជូនម្ចាស់ ដោយពោលថាៈ"លោកម្ចាស់! លោកបានប្រគល់ប្រាក់ប្រាំណែនអោយខ្ញុំប្របាទ ឥឡូវនេះ ខ្ញុំប្របាទចំណេញបានប្រាំណែនទៀត"។ 21 ម្ចាស់ក៏ពោលទៅគាត់ថាៈ "ល្អហើយ! អ្នកបំរើដ៏ប្រសើរ មានចិត្ដស្មោះត្រង់អើយ! អ្នកបានស្មោះត្រង់នឹងកិច្ចការមួយដ៏តូចនេះ ខ្ញុំនឹងតាំងអ្នកអោយមើលខុសត្រូវ លើកិច្ចការធំៗ។ ចូរអ្នកចូលមកសប្បាយរួមជាមួយនឹងខ្ញុំចុះ"។ 22 អ្នកទទួលប្រាក់ពីរណែន ក៏យកប្រាក់ដែលចំណេញបានពីរណែនទៀតនោះ ចូលមកដែរ ហើយជំរាបថាៈ "លោកម្ចាស់! លោកបានប្រគល់ប្រាក់ពីរណែនអោយខ្ញុំប្របាទ ឥឡូវនេះ ខ្ញុំប្របាទចំណេញបានពីរណែនទៀត"។ 23 ម្ចាស់ក៏ពោលទៅគាត់ថាៈ "ល្អហើយ! អ្នកបំរើដ៏ប្រសើរមានចិត្ដស្មោះត្រង់អើយ! អ្នកបានស្មោះត្រង់នឹងកិច្ចការមួយដ៏តូចនេះ ខ្ញុំនឹងតំាងអ្នកអោយមើលខុសត្រូវលើកិច្ចការធំៗ។ ចូរអ្នកចូលមកសប្បាយរួមជាមួយនឹងខ្ញុំចុះ"។ 24 បន្ទាប់មកអ្នកដែលបានទទួលប្រាក់មួយណែនក៏ ចូលមក ហើយជំរាបថាៈ "លោកម្ចាស់! ខ្ញុំប្របាទដឹងថាលោកជាមនុស្សតឹងតែងណាស់។ លោកតែងច្រូតយកផលពីស្រែដែលលោកមិនបានសាបព្រោះ ហើយប្រមូលយកផលពីដំណាំដែលលោកមិនបានដាំ។ 25 ខ្ញុំប្របាទបានយកប្រាក់ដែលលោកប្រគល់អោយ ទៅជីកដីកប់ ព្រោះខ្ញុំប្របាទភ័យខ្លាចពេក។ ឥឡូវនេះ សូមលោកម្ចាស់យកប្រាក់របស់លោកវិញចុះ"។ 26 ម្ចាស់ក៏ពោលទៅអ្នកនោះថាៈ "នែ៎ អ្នកបំរើអាក្រក់ ខ្ជឹលច្រអូសអើយ! អ្នកដឹងស្រាប់ហើយថា ខ្ញុំតែងច្រូតយកផលពីស្រែដែលខ្ញុំមិនបានសាបព្រោះ និង ប្រមូលផលពីដំណាំដែលខ្ញុំមិនបានដាំ។ 27 គួរតែអ្នកយកប្រាក់ខ្ញុំទៅចងការ កាលណាខ្ញុំត្រឡប់មកវិញ ខ្ញុំនឹងទទួលប្រាក់ ទាំងដើម ទាំងការ!។ 28 ចូរយកប្រាក់ពីអ្នកនេះ ប្រគល់អោយអ្នកដែលមានដប់ណែននោះទៅ 29 ដ្បិតអ្នកណាមានហើយ អ្នកនោះនឹងទទួលបរិបូណ៌ហូរហៀរថែមទៀត។ រីឯអ្នកដែលគ្មានវិញ គេនឹងដកហូតនូវអ្វីៗដែលអ្នកនោះមានផង។ 30 ចំណែកឯអ្នកបំរើឥតបានការនេះ ចូរយកគាត់ទៅចោលនៅទីងងឹតខាងក្រៅ ជាកន្លែងយំសោក ខឹងសង្កៀតធ្មេញនោះទៅ!»។ 31 « នៅពេលបុត្រមនុស្សយាងមក ជាមួយពួកទេវតា ប្រកបដោយសិរីរុងរឿង លោកនឹងគង់នៅលើបល្ល័ង្កដ៏រុងរឿង។ 32 ពេលនោះ មនុស្សគ្រប់ជាតិសាសន៍នឹងមកផ្ដុំគ្នានៅមុខលោក លោកនឹងញែកគេចេញពីគ្នា ដូចអ្នកគង្វាលែញកចៀមចេញពីពពែ 33 គឺអោយចៀមនៅខាងស្ដាំ ពពែនៅខាងឆ្វេង។ 34 ពេលនោះ ព្រះមហាក្សត្រនឹងមានព្រះបន្ទូលទៅកាន់អស់អ្នក នៅខាងស្ដាំព្រះអង្គថា "អស់អ្នកដែល ព្រះបិតាខ្ញុំបានប្រទានពរអើយ! ចូរនាំគ្នាមកទទួលព្រះរាជ្យដែលទ្រង់បានរៀបទុកអោយអ្នករាល់គ្នា តាំងពីកំណើតពិភពលោកមក 35 ដ្បិតកាលយើងឃ្លាន អ្នករាល់គ្នាបានអោយអាហារយើងបរិភោគ កាលយើងស្រេកអ្នករាល់គ្នាបានអោយទឹកយើងពិសា កាលយើងជាជនបរទេស អ្នករាល់គ្នាបានទទួល យើងអោយស្នាក់អាស្រ័យ 36 កាលយើងគ្មានសម្លៀកបំពាក់ អ្នករាល់គ្នាបានយកសម្លៀកបំពាក់មកអោយយើង កាលយើងមានជំងឺ អ្នករាល់គ្នាបានមកសួរសុខទុក្ខយើង ហើយកាលយើងជាប់ឃុំឃាំង អ្នករាល់គ្នាក៏បានមកសួរយើងដែរ"។ 37 ពួកអ្នកសុចរិតទូលព្រះអង្គវិញថាៈ "បពិត្រព្រះអម្ចាស់! តើយើងខ្ញុំដែលបានឃើញព្រះអង្គឃ្លាន ហើយយកម្ហូបអាហារមកថ្វាយព្រះអង្គសោយ ឬ ឃើញព្រះអង្គស្រេក ហើយយកទឹកមកថ្វាយព្រះអង្គសោយពីអង្កាល់?។ 38 តើយើងខ្ញុំដែលបានឃើញព្រះអង្គជាជនបរទេស ហើយទទួលព្រះអង្គអោយស្នាក់អាស្រ័យ ឬ ឃើញព្រះអង្គគ្មានសម្លៀកបំពាក់ ហើយយកសម្លៀកបំពាក់មកថ្វាយព្រះអង្គពីអង្កាល់?។ 39 តើយើងខ្ញុំដែលបានឃើញព្រះអង្គប្រឈួន ឬ ជាប់ឃុំឃាំង ហើយមកសួរសុខទុក្ខព្រះអង្គពីអង្កាល់?"។ 40 ព្រះមហាក្សត្រនឹងមានព្រះបន្ទូលតបទៅគេថា "យើងសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា គ្រប់ពេលដែលអ្នករាល់គ្នាប្រព្រឹត្ដអំពើទាំងនោះ ចំពោះអ្នកតូចតាចជាងគេបំផុតម្នាក់ ដែលជាបងប្អូនរបស់យើងនេះ អ្នករាល់គ្នាក៏ដូចជាបានប្រព្រឹត្ដចំពោះយើងដែរ"។ 41 បន្ទាប់មក ព្រះអង្គនឹងមានព្រះបន្ទូលទៅពួកអ្នកនៅខាងឆ្វេងថាៈ "ពួកត្រូវបណ្ដាសាអើយ! ចូរថយចេញអោយឆ្ងាយពីយើង ហើយធ្លាក់ទៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច ជាភ្លើងបំរុងទុកសំរាប់ផ្ដន្ទាទោសមារ សាតាំង និង បរិវាររបស់វានោះទៅ! 42 ដ្បិតកាលយើងឃ្លាន អ្នករាល់គ្នាពុំបានអោយម្ហូបអាហារយើងបរិភោគទេ កាលយើងស្រេក អ្នករាល់គ្នាក៏ពុំបានអោយទឹកយើងពិសាដែរ 43 កាលយើងជាជនបរទេសអ្នករាល់គ្នាពុំបានទទួលយើងអោយស្នាក់អាស្រ័យឡើយ កាលយើងគ្មានសម្លៀកបំពាក់ អ្នករាល់គ្នាក៏ពុំបានយកសម្លៀកបំពាក់មកអោយយើងដែរ កាលយើងមានជំងឺ និង ជាប់ឃុំឃាំង អ្នករាល់គ្នាពុំបានមកសួរសុខទុក្ខយើងទាល់តែសោះ"។ 44 ពួកនោះនាំគ្នាទូលព្រះអង្គថា "បពិត្រព្រះអម្ចាស់! តើយើងខ្ញុំមានដែលបានឃើញព្រះអង្គឃ្លាន ឃើញព្រះអង្គស្រេក ឃើញព្រះអង្គជាជនបរទេស ឃើញព្រះអង្គគ្មានសម្លៀកបំពាក់ ឃើញព្រះអង្គប្រឈួន ឬ ជាប់ឃុំឃាំង ហើយយើងខ្ញុំមិនដែលជួយព្រះអង្គសោះពីអង្កាល់?"។ 45 ព្រះអង្គមានព្រះបន្ទូលទៅគេថា "យើងសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា គ្រប់ពេលអ្នករាល់គ្នាមិនបានប្រព្រឹត្ដអំពើទាំងនោះ ចំពោះអ្នកតូចតាចជាងគេបំផុតម្នាក់ដែលជាបងប្អូនរបស់យើងនេះ អ្នករាល់គ្នាក៏ដូចជាមិនបានប្រព្រឹត្ដចំពោះយើងដែរ"។ 46 អ្នកទាំងនេះនឹងត្រូវទទួលទោស អស់កល្បជានិច្ច រីឯអ្នកសុចរិតវិញ នឹងទទួលជីវិតអស់កល្បជានិច្ច»។

ម៉ាកុស 26

1 កាលព្រះយេស៊ូមានព្រះបន្ទូលទាំងនេះ ចប់សព្វគ្រប់ហើយ ព្រះអង្គមានព្រះបន្ទូលទៅកាន់ពួកសិស្សថា៖ 2 «អ្នករាល់គ្នាដឹងហើយថា ពីរថ្ងៃទៀត ដល់បុណ្យចម្លង គេនឹងចាប់បុត្រមនុស្ស បញ្ជូនទៅឆ្កាង»។ 3 ពេលនោះ ពួកនាយកបូជាចារ្យ និង ពួកព្រឹទ្ធាចារ្យ របស់ប្រជាជន ជួបជុំគ្នានៅក្នុងដំណាក់របស់លោកមហាបូជាចារ្យ ឈ្មោះកៃផាស 4 ហើយបានសំរេចចិត្ដជាមួយគ្នា រកកលល្បិចចាប់ ព្រះយេស៊ូយកទៅធ្វើគុត។ 5 ប៉ុន្ដែ គេនិយាយគ្នាថា៖ «កុំចាប់ក្នុងពេលបុណ្យឡើយ ក្រែងកើតចលាចលក្នុងចំណោមប្រជាជន»។ 6 ព្រះយេស៊ូគង់នៅភូមិបេថានី ក្នុងផ្ទះបុរសម្នាក់ឈ្មោះស៊ីម៉ូន ជាមនុស្សឃ្លង់។ 7 មានស្ដ្រីម្នាក់ចូលមករកព្រះអង្គ ទាំងកាន់ដបថ្មកែវផង។ នៅក្នុងដបនោះមានប្រេងក្រអូបដ៏មានតម្លៃលើសលប់។ ពេលព្រះយេស៊ូកំពុងសោយព្រះស្ងោយ នាងយកប្រេងក្រអូបនោះចាក់លើព្រះសិរសាព្រះអង្គ។ 8 ពួកសិស្ស ឃើញដូច្នេះទាស់ចិត្ដជាខ្លាំង ហើយពោលថា៖ «ម្ដេចក៏ខ្ជះខ្ជាយអ៊ីចឹង! 9 បើយកប្រេងក្រអូបនេះ ទៅលក់មុខជាបានប្រាក់ច្រើន សំរាប់ចែកទានដល់ជនក្រីក្រវិញ!»។ 10 ព្រះយេស៊ូជ្រាបគំនិតរបស់គេ ទ្រង់មានព្រះបន្ទូលថា៖ «ហេតុអ្វីបានជារករឿងនាងដូច្នេះ! នាងបានធ្វើអំពើដ៏ល្អចំពោះខ្ញុំ។ 11 អ្នករាល់គ្នាមានជនក្រីក្រនៅជាមួយរហូត រីឯខ្ញុំវិញ ខ្ញុំមិននៅជាមួយអ្នករាល់គ្នារហូតទេ។ 12 នាងបានចាក់ប្រេងលាបរូបកាយខ្ញុំដូច្នេះ ដើម្បីធ្វើពិធីបញ្ចុះសពខ្ញុំទុកជាមុន។ 13 ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា គ្រប់ទីកន្លែងក្នុងពិភពលោកទាំងមូល កាលណាគេប្រកាសដំណឹងល្អ នេះ គេក៏នឹងតំណាលអំពីកិច្ចការដែលនាងបានធ្វើនេះដែរ ដើម្បីរំលឹកអំពីនាង»។ 14 ពេលនោះ សិស្ស ម្នាក់ក្នុងក្រុមសិស្សទាំងដប់ពីរឈ្មោះ យូដាសអ៊ីស្ការីយ៉ុត បានទៅជួបក្រុមនាយកបូជាចារ្យ 15 ជំរាបថា៖ «បើខ្ញុំប្រគល់លោកយេស៊ូជូនអស់លោក តើអស់លោកអោយអ្វីខ្ញុំ?»។ ពួកនាយកបូជាចារ្យក៏រាប់ប្រាក់អោយគាត់សាមសិបស្លឹង។ 16 ចាប់ពីពេលនោះមក យូដាសរកឱកាសល្អ ដើម្បីនាំគេទៅចាប់ព្រះយេស៊ូ។ 17 នៅថ្ងៃដំបូង នៃពិធីបុណ្យនំបុ័ងឥតមេ សិស្ស នាំគ្នាមកគាល់ព្រះយេស៊ូ ទូលថា៖ «តើព្រះគ្រូចង់អោយយើងខ្ញុំរៀបចំជប់លៀង ជូន ក្នុងឱកាសបុណ្យចម្លង នៅកន្លែងណា?»។ 18 ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរនាំគ្នាទៅផ្ទះបុរសម្នាក់នៅទីក្រុង ប្រាប់គាត់ថាៈ "លោកគ្រូមានប្រសាសន៍ថា ពេលកំណត់ របស់ខ្ញុំជិតមកដល់ហើយ ខ្ញុំនឹងធ្វើពិធីបុណ្យចម្លងជាមួយសិស្សខ្ញុំនៅក្នុងផ្ទះអ្នក"»។ 19 សិស្សនាំគ្នាធ្វើតាម ដូចព្រះយេស៊ូបង្គាប់ ហើយរៀបចំម្ហូបអាហារ សំរាប់បុណ្យចម្លង។ 20 លុះដល់ល្ងាច ព្រះអង្គរួមតុជាមួយសិស្សទាំងដប់ពីររូប។ 21 នៅពេលបរិភោគ ព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា ក្នុងចំណោមអ្នករាល់គ្នា មានម្នាក់នឹងនាំគេមកចាប់ខ្ញុំ»។ 22 ពួកសិស្សព្រួយចិត្ដក្រៃលែង ម្នាក់ៗទូលសួរព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! តើទូលបង្គំឬ?»។ 23 ព្រះអង្គមានព្រះបន្ទូលទៅគេវិញថា៖ «អ្នកណាជ្រលក់នំបុ័ងក្នុងចានជាមួយខ្ញុំ គឺអ្នកនោះហើយដែលនាំគេមកចាប់ខ្ញុំ។ 24 បុត្រមនុស្ស ត្រូវតែស្លាប់ ដូចមានចែងទុកក្នុងគម្ពីរអំពីលោកស្រាប់។ ប៉ុន្ដែ អ្នកដែលនាំគេមកចាប់បុត្រមនុស្ស នឹងត្រូវវេទនាជាមិនខាន។ ចំពោះអ្នកនោះ បើមិនបានកើតមកទេ ទើបប្រសើរជាង!»។ 25 យូដាសជាអ្នកក្បត់ព្រះអង្គ ទូលសួរថា៖ «ព្រះគ្រូ!តើខ្ញុំឬ?»។ ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «អ្នកនិយាយដូច្នេះ ត្រូវហើយ!»។ 26 នៅពេលកំពុងបរិភោគ ព្រះយេស៊ូយកនំបុ័ងមកកាន់ ព្រះអង្គសរសើរតម្កើងព្រះជាម្ចាស់ ហើយកាច់ប្រទានអោយពួកសិស្ស ដោយមានព្រះបន្ទូលថា៖ «នេះជារូបកាយខ្ញុំ សុំយកពិសាចុះ»។ 27 បន្ទាប់មកព្រះអង្គយកពែងមកកាន់ អរព្រះគុណព្រះជាម្ចាស់ រួចប្រទានអោយពួកសិស្ស ទាំងមានព្រះបន្ទូលថា៖ «សុំយកពិសាទាំងអស់គ្នាចុះ 28 នេះជាលោហិតរបស់ខ្ញុំគឺលោហិតនៃសម្ពន្ធមេត្រី ដែលត្រូវបង្ហូរ ដើម្បីលើកលែងទោសមនុស្សទាំងអស់អោយរួចពីបាប។ 29 ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា អំណើះតទៅ ខ្ញុំនឹងមិនពិសាស្រាទំពាំងបាយជូរទៀតឡើយ រហូតដល់ថ្ងៃដែលខ្ញុំនឹងពិសាស្រាទំពាំងបាយជូរថ្មី ជាមួយអ្នករាល់គ្នានៅក្នុងព្រះរាជ្យ នៃព្រះបិតាខ្ញុំ»។ 30 ក្រោយពីបានច្រៀងទំនុកតម្កើង រួចហើយ ព្រះយេស៊ូយាងឆ្ពោះទៅភ្នំដើមអូលីវ ជាមួយពួកសិស្ស។ 31 ពេលនោះ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «យប់នេះ អ្នកទាំងអស់គ្នានឹងបោះបង់ខ្ញុំចោល ដ្បិតមានចែងទុកមកថាៈ"យើងនឹងវាយសម្លាប់អ្នកគង្វាល ហើយចៀមនៅក្នុងហ្វូងនឹងត្រូវខ្ចាត់ខ្ចាយ"។ 32 ប៉ុន្ដែ ក្រោយពេលខ្ញុំមានជីវិតរស់ឡើងវិញ ខ្ញុំនឹងទៅស្រុកកាលីឡេ មុនអ្នករាល់គ្នា»។ 33 លោកពេត្រុសទូលព្រះអង្គថា៖ «ទោះបីអ្នកឯទៀតបោះបង់ចោលព្រះអង្គទាំងអស់គ្នា ក៏ដោយ ក៏ទូលបង្គំមិនសុខចិត្ដបោះបង់ចោលព្រះអង្គជាដាច់ខាត!»។ 34 ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំសុំប្រាប់អោយអ្នកដឹងច្បាស់ថា នៅយប់នេះឯង មុនមាន់រងាវ អ្នកនឹងបដិសេធបីដងថាមិនស្គាល់ខ្ញុំ»។ 35 លោកពេត្រុសទូលព្រះអង្គថា៖ «ទោះបីទូលបង្គំត្រូវស្លាប់ជាមួយព្រះអង្គក៏ដោយ ក៏ទូលបង្គំមិនបដិសេធថា មិនស្គាល់ព្រះអង្គ ជាដាច់ខាត»។ សិស្សឯទៀតៗ ក៏ទូលព្រះអង្គដូចលោកពេត្រុសដែរ។ 36 ពេលនោះ ព្រះយេស៊ូយាងទៅជាមួយពួកសិស្ស ដល់កន្លែងមួយ ឈ្មោះកេតសេម៉ានី ព្រះអង្គមានព្រះបន្ទូលទៅគេថា៖«អ្នករាល់គ្នាអង្គុយនៅទីនេះសិន ចាំខ្ញុំទៅអធិស្ឋាន នៅត្រង់កន្លែងនោះ»។ 37 ព្រះអង្គនាំលោកពេត្រុស និង កូនរបស់លោកសេបេដេទាំងពីរនាក់ទៅជាមួយ។ ពេលនោះ ព្រះអង្គចាប់ផ្ដើមព្រួយព្រះហឫទ័យ ហើយចុកចាប់អន្ទះសាពន់ប្រមាណ 38 ទ្រង់មានព្រះបន្ទូលទៅកាន់អ្នកទាំងបីថា៖ «ខ្ញុំព្រួយចិត្ដយ៉ាងខ្លាំងស្ទើរតែស្លាប់ អ្នករាល់គ្នានៅទីនេះសិនហើយ ចូរប្រុងស្មារតី ជាមួយខ្ញុំ»។ 39 ព្រះអង្គយាងទៅមុខបន្ដិច ក្រាបព្រះភ័ក្ដ្រដល់ដី ទូលអង្វរថា៖ «ឱព្រះបិតាអើយ! ប្រសិនបើបាន សូមអោយពែងនៃទុក្ខលំបាកនេះ ចេញឆ្ងាយពីទូលបង្គំទៅ ប៉ុន្ដែ សូមកុំធ្វើតាមបំណងទូលបង្គំឡើយ គឺសូមអោយបានសំរេចតាមព្រះហឫទ័យរបស់ព្រះអង្គវិញ»។ 40 ព្រះអង្គយាងមករកពួកសិស្ស ឃើញគេកំពុងតែដេកលក់ ព្រះអង្គមានព្រះបន្ទូលទៅលោកពេត្រុសថា៖ «អ្នករាល់គ្នាមិនស៊ូទ្រាំប្រុងស្មារតីជាមួយខ្ញុំ សូម្បីតែមួយម៉ោងក៏មិនបានដែរឬ!»។ 41 ចូរប្រុងស្មារតី ហើយអធិស្ឋាន កុំអោយចាញ់ការល្បួងឡើយ។ វិញ្ញាណរបស់មនុស្សប្រុងប្រៀបជាស្រេចមែន តែគេនៅទន់ខ្សោយ ពោ្រះនិស្ស័យលោកីយ៍»។ 42 ព្រះអង្គយាងចេញទៅម្ដងទៀត ជាលើកទីពីរហើយទូលអង្វរថា៖ «ឱព្រះបិតាអើយ ប្រសិនបើទូលបង្គំត្រូវតែទទួលពែងនៃទុក្ខលំបាកនេះចៀសពុំបានទេនោះ សូមអោយបានសំរេចតាមព្រះហឫទ័យរបស់ព្រះអង្គចុះ!»។ 43 ព្រះយេស៊ូ វិល ត្រឡប់ ទៅ រក ពួក សិស្ស ម្ដងទៀតឃើញគេដេកលក់ ដ្បិតគេងងុយពេក បើកភ្នែកពុំរួចសោះ។ 44 ព្រះអង្គក៏យាងចាកចេញ ពីគេទៅអធិស្ឋាន ជាលើកទីបី ហើយទូលអង្វរដោយពាក្យដដែល។ 45 បន្ទាប់មក ព្រះអង្គវិលមករកសិស្សវិញមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នានៅតែដេកលក់អ្នករាល់គ្នាសំរាកដល់អង្កាល់ទៀត? ឥឡូវនេះ ជិតដល់ពេលកំណត់ដែលបុត្រមនុស្សត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់មនុស្សបាបហើយ។ 46 ចូរក្រោកឡើង! យើងនាំគ្នាទៅ ដ្បិតអ្នកដែលនាំគេមកចាប់ខ្ញុំមកជិតដល់ហើយ!»។ 47 ព្រះអង្គកំពុងតែមានព្រះបន្ទូលនៅឡើយ ស្រាប់តែយូដាស ជាសិស្ស ម្នាក់ ក្នុងចំណោមសិស្សទាំងដប់ពីរ មកដល់ ទាំងមានបណ្ដាជនជាច្រើនកាន់ដាវ កាន់ដំបងមកជាមួយផង។ ពួកនាយកបូជាចារ្យ និង ពួកព្រឹទ្ធាចារ្យ របស់ប្រជាជនបានចាត់អ្នកទាំងនោះអោយមក។ 48 យូដាសដែលនាំគេមកចាប់ព្រះយេស៊ូ បានសន្មតជាមួយគេនូវសញ្ញាមួយថា៖ «ខ្ញុំថើបអ្នកណាគឺអ្នកនោះហើយ សុំចាប់គាត់ទៅ!»។ 49 កាលយូដាសមកដល់ភ្លាម គាត់ដើរតំរង់មករកព្រះយេស៊ូ ទូលថា៖ «ជម្រាបសួរព្រះគ្រូ!» រួចថើបព្រះអង្គ។ 50 ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សំឡាញ់អើយ អ្នកមកនេះចង់ធ្វើអ្វី ធ្វើទៅចុះ!»។ ពេលនោះ បណ្ដាជនក៏នាំគ្នាចូល មកចាប់ព្រះអង្គ។ 51 មានម្នាក់ ក្នុងចំណោមពួកអ្នកដែលនៅជាមួយព្រះយេស៊ូ បានហូតដាវកាប់អ្នកបំរើរបស់លោកមហាបូជាចារ្យ ដាច់ស្លឹកត្រចៀក។ 52 ព្រះយេស៊ូមានព្រះបន្ទូលទៅអ្នកនោះថា៖ «ស៊កដាវអ្នកទៅក្នុងស្រោមវិញទៅ ដ្បិតអស់អ្នកដែលប្រើដាវនឹងត្រូវស្លាប់ដោយមុខដាវជាមិនខាន។ 53 អ្នកស្មានថា ខ្ញុំមិនអាចអង្វរករព្រះបិតាខ្ញុំអោយចាត់ទេវតាជាងដប់ពីរកងពល មកជួយខ្ញុំបានភ្លាមៗទេឬ? 54 តែបើធ្វើដូច្នោះ ធ្វើម្ដេចនឹងបានស្របតាមសេចក្ដីដែលមានចែង ទុកក្នុងគម្ពីរអំពីហេតុការណ៍ដែលត្រូវតែកើតឡើងយ៉ាងនេះ!»។ 55 ពេលនោះ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់មហាជនថា៖ «ខ្ញុំជាចោរព្រៃឬ បានជាអស់លោកកាន់ដាវកាន់ដំបងមកចាប់ខ្ញុំដូច្នេះ? ខ្ញុំតែងអង្គុយបង្រៀននៅក្នុងព្រះវិហារ ជារៀងរាល់ថ្ងៃ តែអស់លោកពុំបានចាប់ខ្ញុំទេ»។ 56 ហេតុការណ៍ទាំងនេះកើតឡើង ដើម្បីអោយបានស្របតាមសេចក្ដីដែលមានចែងទុក ក្នុងគម្ពីរព្យាការី ។ ពេលនោះ ពួកសិស្សនាំគ្នាបោះបង់ចោលព្រះអង្គ ហើយរត់បាត់អស់ទៅ។ 57 លុះចាប់ព្រះយេស៊ូបានហើយ គេបណ្ដើរព្រះអង្គទៅដល់ដំណាក់របស់លោកកៃផាស ជាមហាបូជាចារ្យ ។ ពួកអាចារ្យ និង ពួកព្រឹទ្ធាចារ្យ ជួបជុំគ្នានៅទីនោះ។ 58 លោកពេត្រុសដើរតាមព្រះអង្គពីចម្ងាយ គាត់តាមរហូតដល់ទីធ្លាខាងក្នុងដំណាក់របស់មហាបូជាចារ្យ ហើយអង្គុយជាមួយកងរក្សាព្រះវិហារ ចង់ដឹងថាហេតុការណ៍នឹងទៅជាយ៉ាងណា។ 59 ពួកនាយកបូជាចារ្យ និង ក្រុមប្រឹក្សាជាន់ខ្ពស់ ទាំងមូល នាំគ្នារកពាក្យចោទប្រកាន់ មួលបង្កាច់ព្រះយេស៊ូ ដើម្បីកាត់ទោសប្រហារជីវិតព្រះអង្គ 60 ទោះបីមានមនុស្សជាច្រើនធ្វើសាក្សីក្លែងក្លាយក៏ដោយ ក៏គេរកមិនបានដែរ។ នៅទីបំផុត មានបុរសពីរនាក់នាំគ្នាចូលមក 61 ពោលថា៖ «អ្នកនេះបានអះអាងថា "ខ្ញុំអាចរុះព្រះវិហាររបស់ព្រះជាម្ចាស់ចោល ហើយសង់ឡើងវិញបានក្នុងរវាងបីថ្ងៃ "»។ 62 ពេលនោះ លោកមហាបូជាចារ្យក្រោកឈរឡើង សួរព្រះអង្គថា៖ «ម្ដេចក៏អ្នកមិនឆ្លើយនឹងពាក្យចោទប្រកាន់របស់អ្នកទាំងនេះ?»។ 63 ព្រះយេស៊ូនៅស្ងៀម។ លោកមហាបូជាចារ្យសួរព្រះអង្គទៀតថា៖ «ចូរស្បថដោយយកព្រះដ៏មានព្រះជន្មគង់នៅ ធ្វើជាប្រធាន តើអ្នកពិតជាព្រះគ្រិស្ដ ជាព្រះបុត្រារបស់ព្រះជាម្ចាស់មែនឬ?»។ 64 ព្រះយេស៊ូមានព្រះបន្ទូលទៅលោកថា៖ «ត្រូវដូចលោកមានប្រសាសន៍មែន ប៉ុន្ដែ ខ្ញុំសុំបញ្ជាក់ប្រាប់អស់លោកថា អំណើះតទៅ អស់លោកនឹងឃើញ បុត្រមនុស្ស គង់នៅខាងស្ដំាព្រះដ៏មានឫទ្ធានុភាព ហើយនឹងយាងមកលើពពក ក្នុងផ្ទៃមេឃ»។ 65 ពេលនោះ លោកមហាបូជាចារ្យហែកអាវរបស់លោកហើយមានប្រសាសន៍ថា៖ «ជននេះបានពោលពាក្យប្រមាថព្រះជាម្ចាស់ហើយ! យើងមិនបាច់រកសាក្សីឯណាទៀតទេ អស់លោកឮអ្នកនេះពោលពាក្យប្រមាថព្រះជាម្ចាស់អំបាញមិញស្រាប់! 66 តើអស់លោកមានយល់យ៉ាងណា?»។ ពួកគេឆ្លើយឡើងថា៖ «អ្នកនេះត្រូវមានទោស ដល់ជីវិត!»។ 67 គេក៏នាំគ្នាស្ដោះទឹកមាត់ដាក់ព្រះភ័ក្ដ្រព្រះអង្គ គេវាយតប់ព្រះអង្គ ហើយអ្នកខ្លះទះកំផ្លៀងព្រះអង្គ 68 ទាំងពោលថា៖ «ទាយមើល៍ ព្រះគ្រិស្ដអើយ អ្នកណាវាយឯង!»។ 69 ពេលនោះ លោកពេត្រុសអង្គុយនៅខាងក្រៅក្នុងទីធ្លា។ មានស្ដ្រីបំរើរបស់មហាបូជាចារ្យ ម្នាក់ចូលមកជិតគាត់ ពោលថា៖ «អ្នកឯងជាបក្សពួករបស់យេស៊ូ ជាអ្នកស្រុកកាលីឡេដែរ!»។ 70 ប៉ុន្ដែ គាត់ប្រកែកថា៖ «ខ្ញុំមិនដឹងថា នាងចង់និយាយអំពីរឿងអ្វីឡើយ!»។ 71 ពេលលោកពេត្រុសដើរចេញពីទីនោះ ឆ្ពោះទៅរកខ្លោងទ្វារ មានស្ដ្រីបំរើម្នាក់ទៀត ឃើញគាត់ ហើយពោលថា៖ «អ្នកនេះជាបក្សពួករបស់យេស៊ូ ជាអ្នកភូមិណាសារ៉ែតដែរ!»។ 72 លោកពេត្រុសក៏ប្រកែកសាជាថ្មី ទាំងស្បថថា ៖ «ខ្ញុំមិនស្គាល់អ្នកនោះទេ!»។ 73 បន្ដិចក្រោយមក អស់អ្នកដែលនៅទីនោះ នាំគ្នាចូលទៅជិតលោកពេត្រុស ហើយពោលថា៖ «អ្នកឯងពិតជាបក្សពួករបស់អ្នកទាំងនោះ ព្រោះសំដីអ្នកឯងបញ្ជាក់ច្បាស់ថា អ្នកឯងមកពីស្រុកកាលីឡេមែន!»។ 74 លោកពេត្រុសក៏ពោលឡើងថា៖ «បើខ្ញុំកុហក សូមព្រះជាម្ចាស់ដាក់ទោសខ្ញុំចុះ!។ ខ្ញុំសុំស្បថថា ខ្ញុំមិនដែលស្គាល់អ្នកនោះទាល់តែសោះ!»។ រំពេចនោះ ស្រាប់តែមាន់រងាវឡើង 75 លោកពេត្រុសក៏នឹកឃើញព្រះបន្ទូលរបស់ព្រះយេស៊ូ ដែលថា ៖ «មុនមាន់រងាវអ្នកនឹងបដិសេធបីដងថា មិនស្គាល់ខ្ញុំ»។ លោកពេត្រុសចាកចេញពីទីនោះ ហើយយំសោកយ៉ាងខ្លោចផ្សា។

ម៉ាកុស 27

1 លុះព្រឹកឡើង ពួកនាយកបូជាចារ្យ និង ព្រឹទ្ធាចារ្យ ទាំងអស់របស់ប្រជាជនប្រជុំគ្នា ហើយសំរេចចិត្ដធ្វើគុតព្រះយេស៊ូ។ 2 គេក៏ចងព្រះអង្គ បញ្ជូនទៅលោកពីឡាតជាទេសាភិបាល។ 3 កាលយូដាស ជាអ្នកដែលនាំគេមកចាប់ព្រះយេស៊ូ ឃើញគេកាត់ទោសព្រះអង្គដូច្នេះ គាត់សោកស្ដាយជាខ្លាំង ក៏យកប្រាក់សាមសិបស្លឹងទៅប្រគល់អោយពួកនាយកបូជាចារ្យ និង ពួកព្រឹទ្ធាចារ្យ វិញ 4 ទាំងពោលថា៖ «ខ្ញុំបានប្រព្រឹត្ដអំពើបាប ព្រោះខ្ញុំបានបញ្ជូនមនុស្សឥតទោសទៅអោយគេបង្ហូរឈាម»។ ពួកគេឆ្លើយថា៖ «រឿងនេះគ្មានទាក់ទងអ្វីនឹងយើងទេ ជារឿងរបស់អ្នកទេតើ!»។ 5 យូដាសបាចប្រាក់នោះ នៅក្នុងព្រះវិហារ ហើយចេញទៅចងកសម្លាប់ខ្លួន។ 6 ពួកនាយកបូជាចារ្យរើសប្រាក់នោះ ទាំងពោលថា៖ «យើងគ្មានច្បាប់នឹងបញ្ចូលប្រាក់នេះទៅក្នុងហិបតង្វាយឡើយ ព្រោះជាប្រាក់បង់ថ្លៃឈាម»។ 7 ក្រោយពីបានពិភាក្សាគ្នាហើយ គេក៏យកប្រាក់នោះទៅទិញដីចំការរបស់ជាងស្មូន ទុកធ្វើជាកន្លែងបញ្ចុះសពជនបរទេស។ 8 ហេតុនេះហើយបានជាគេហៅចំការនោះថា «ចំការឈាម» រហូតមកទល់សព្វថ្ងៃ។ 9 ហេតុការណ៍នេះកើតឡើង ស្របនឹងសេចក្ដីដែលមានចែងទុក តាមរយៈព្យាការី យេរេមាថា៖ «គេបានយកប្រាក់សាមសិបស្លឹង ជាប្រាក់ដែលជនជាតិអ៊ីស្រាអែលសន្មតថាជាថ្លៃទិញលោកនោះ 10 ហើយគេបានយកប្រាក់នោះទៅទិញចំការរបស់ជាងស្មូន ដូចព្រះអម្ចាស់បង្គាប់មកខ្ញុំ»។ 11 ព្រះយេស៊ូ ឈរនៅចំពោះមុខលោកទេសាភិបាលលោកសួរព្រះអង្គថា ៖ «តើអ្នកជាស្ដេចយូដាមែនឬ?»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «លោកទេតើដែលមានប្រសាសន៍ ដូច្នេះ»។ 12 ពួកនាយកបូជាចារ្យ និង ពួកព្រឹទ្ធាចារ្យ នាំគ្នាចោទប្រកាន់ព្រះអង្គ តែព្រះអង្គពុំឆ្លើយអ្វីទាល់តែសោះ។ 13 លោកពីឡាតសួរព្រះអង្គថា៖ «អ្នកមិនឮសេចក្ដីទាំងប៉ុន្មាន ដែលគេចោទប្រកាន់អ្នកទេឬ?»។ 14 ព្រះយេស៊ូពុំបានឆ្លើយតបមួយម៉ាត់សោះឡើយ ជាហេតុនាំអោយលោកទេសាភិបាលងឿងឆ្ងល់ជាខ្លាំង។ 15 ជារៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យចម្លង លោកទេសាភិបាលតែងតែលែងអ្នកទោសម្នាក់ តាមសំណូមពររបស់បណ្ដាជន។ 16 នៅពេលនោះ មានអ្នកទោសដ៏ល្បីម្នាក់ ឈ្មោះយេស៊ូបារ៉ាបាស។ 17 កាលបណ្ដាជនមកជុំគ្នាហើយ លោកពីឡាតសួរគេថា៖ «តើអ្នករាល់គ្នាចង់អោយខ្ញុំដោះលែងអ្នកណា ដោះលែងយេស៊ូបារ៉ាបាស ឬ យេស៊ូហៅព្រះគ្រិស្ដ?»។ 18 លោកពីឡាតមានប្រសាសន៍ដូច្នេះ មកពីលោកជ្រាបថាពួកគេបញ្ជូនព្រះយេស៊ូមកលោក ព្រោះគេមានចិត្ដច្រណែន។ 19 នៅពេលដែលលោកពីឡាត អង្គុយនៅលើវេទិកាកាត់ក្ដី ភរិយារបស់លោកបានចាត់គេអោយមកជំរាបថា៖ «កុំឡូកឡំនឹងរឿងមនុស្សឥតទោសនេះធ្វើអ្វី។ យប់មិញ ព្រោះតែរឿងបុរសនេះ ខ្ញុំយល់សប្ដិអាក្រក់ណាស់ »។ 20 ពួកនាយកបូជាចារ្យ និង ពួកព្រឹទ្ធាចារ្យ នាំគ្នាញុះញង់បណ្ដាជន អោយសុំដោះលែងបារ៉ាបាស និង សុំប្រហារជីវិតព្រះយេស៊ូ។ 21 លោកទេសាភិបាលមានប្រសាសន៍ទៅគេថា៖ «ក្នុងចំណោមអ្នកទាំងពីរនេះតើអ្នករាល់គ្នាចង់អោយខ្ញុំដោះលែងអ្នកណា?»។ ពួកគេឆ្លើយថា៖«បារ៉ាបាស!»។ 22 លោកពីឡាតសួរទៅគេថា៖ «បើដូច្នេះ តើអ្នករាល់គ្នាចង់អោយខ្ញុំធ្វើអ្វីដល់ឈ្មោះ យេស៊ូ ហៅព្រះគ្រិស្ដនេះ?»។ គេស្រែកឡើងទាំងអស់គ្នាថា៖ «យកទៅឆ្កាងទៅ!»។ 23 លោកមានប្រសាសន៍ថា៖ «តើអ្នកនេះបានប្រព្រឹត្ដអំពើអាក្រក់អ្វី?» គេនាំគ្នាស្រែកកាន់តែខ្លាំងឡើងថា៖ «យកទៅឆ្កាងទៅ!»។ 24 ដោយលោកពីឡាតឃើញថានិយាយទៅ ឥតបានការ ហើយផ្ទុយទៅវិញ ឃើញគេកើតចលាចលកាន់តែខ្លាំងឡើងៗ ដូច្នេះ លោកក៏យកទឹកមកលាងដៃនៅមុខបណ្ដាជន ទាំងពោលថា៖ «នេះជាបញ្ជារបស់អ្នករាល់គ្នាទេ ខ្ញុំឥតទទួលខុសត្រូវក្នុងការបង្ហូរឈាមបុរសនេះឡើយ»។ 25 ប្រជាជនឆ្លើយឡើងទាំងអស់គ្នាថា៖ «យើងខ្ញុំ និង កូនចៅរបស់យើងខ្ញុំ ទទួលខុសត្រូវក្នុងការប្រហារជីវិតជននេះ!»។ 26 លោកពីឡាតក៏ដោះលែងបារ៉ាបាស រីឯព្រះយេស៊ូវិញ លោកអោយគេវាយនឹងរំពាត់ រួចបញ្ជូនព្រះអង្គទៅអោយគេឆ្កាង។ 27 ពួកទាហានរបស់ លោកទេសាភិបាលនាំព្រះយេស៊ូទៅក្នុងទីធ្លាបន្ទាយ ហើយប្រមូលគ្នីគ្នា ក្នុងកងនោះមកចោមរោមព្រះអង្គ។ 28 គេដោះព្រះពស្ដ្ររបស់ព្រះអង្គចេញ ហើយយកអាវធំ ដែលមានពណ៌ក្រហមទុំ មកបំពាក់ថ្វាយព្រះអង្គ។ 29 គេយកបន្លាមកក្រងធ្វើជាភួងបំពាក់លើព្រះសិរសាព្រះអង្គ និង យកដើមត្រែងមកដាក់ក្នុងព្រះហស្ដស្ដាំអោយព្រះអង្គកាន់ រួចគេនាំគ្នាលុតជង្គង់នៅមុខព្រះអង្គ ទាំងពោលចំអកថា៖ «សូមគោរពថ្វាយបង្គំស្ដេចយូដា!»។ 30 គេស្ដោះទឹកមាត់ដាក់ព្រះអង្គ និង យកដើមត្រែងនោះវាយព្រះសិរសាព្រះអង្គទៀតផង។ 31 ក្រោយពីបានប្រមាថមើលងាយព្រះអង្គរួចហើយ ពួកគេដោះអាវធំចេញ យកព្រះពស្ដ្ររបស់ព្រះអង្គមកបំពាក់ថ្វាយព្រះអង្គវិញ រួចបណ្ដើរនាំយកទៅឆ្កាង។ 32 ពេលចេញពីទីក្រុងទៅ គេជួបបុរសម្នាក់ឈ្មោះស៊ីម៉ូន ជាអ្នកស្រុកគីរេន គេបង្ខំគាត់អោយលីឈើឆ្កាងរបស់ព្រះយេស៊ូ។ 33 លុះមកដល់កន្លែងមួយឈ្មោះ «គាល់កូថា» ដែលប្រែថា «ភ្នំលលាដ៍ក្បាល» 34 គេយកស្រាទំពាំងបាយជូរលាយជាមួយប្រមាត់ មកថ្វាយព្រះអង្គសោយ។ ព្រះយេស៊ូក្រេបបន្ដិច ព្រះអង្គពុំព្រមសោយទេ។ 35 ក្រោយពីឆ្កាងព្រះអង្គរួចហើយ ពួកទាហានយកសម្លៀកបំពាក់របស់ព្រះអង្គមកចាប់ឆ្នោតចែកគ្នា 36 រួចអង្គុយយាមព្រះអង្គនៅទីនោះ។ 37 គេបានសរសេរប្រកាស អំពីហេតុដែលគេធ្វើទោសព្រះអង្គថា «អ្នកនេះឈ្មោះយេស៊ូ ជាស្ដេចជនជាតិយូដា» ហើយគេបោះប្រកាសនោះ នៅពីខាងលើព្រះសិរសាព្រះអង្គ។ 38 ពេលនោះ គេបានឆ្កាងចោរព្រៃពីរនាក់ជាមួយព្រះយេស៊ូដែរ ម្នាក់នៅខាងស្ដាំ ម្នាក់ទៀតនៅខាងឆ្វេង។ 39 មនុស្សម្នាដើរកាត់តាមនោះ ប្រមាថមើលងាយព្រះអង្គ គ្រវីក្បាលដាក់ព្រះអង្គ 40 ទាំងពោលថា៖« អ្នករុះព្រះវិហារ ហើយសង់ឡើងវិញតែបីថ្ងៃអើយ!ចូរសង្គ្រោះខ្លួនឯងទៅ! បើអ្នកពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន អញ្ជើញចុះពីឈើឆ្កាងមក!»។ 41 រីឯពួកនាយកបូជាចារ្យ ពួកអាចារ្យ និង ពួកព្រឹទ្ធាចារ្យ ក៏នាំគ្នាចំអកដាក់ព្រះអង្គដូចគេដែរ ដោយពោលថា៖ 42 «គាត់បានសង្គ្រោះអ្នកឯទៀតៗ តែមិនអាចសង្គ្រោះខ្លួនឯងបានទេ! គាត់ជាស្ដេចអ៊ីស្រាអែល អោយគាត់ចុះពីឈើឆ្កាងឥឡូវនេះមក ដើម្បីយើងជឿផង! 43 គាត់បានទុកចិត្ដលើព្រះជាម្ចាស់ បើព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងគាត់មែន សូមអោយព្រះអង្គដោះលែងគាត់ឥឡូវនេះទៅ! ដ្បិតគាត់ពោលថា"ខ្ញុំជាព្រះបុត្រារបស់ព្រះជាម្ចាស់"»។ 44 សូម្បីតែចោរព្រៃដែលជាប់ឆ្កាងជាមួយព្រះយេស៊ូក៏ជេរប្រមាថព្រះអង្គដូច្នោះដែរ។ 45 ផែនដីទាំងមូលងងឹតសូន្យ ចាប់ពីពេលថ្ងៃត្រង់រហូតដល់ម៉ោងបីរសៀល។ 46 ប្រមាណជាម៉ោងបីរសៀល ព្រះយេស៊ូស្រែកអង្វរខ្លាំងៗថា៖ «អេលី អេលីឡាម៉ាសាបាច់ថានី!» ដែលមានន័យថា «ឱព្រះនៃទូលបង្គំ ព្រះនៃទូលបង្គំអើយ ហេតុអ្វីបានជាព្រះអង្គបោះបង់ទូលបង្គំចោលដូច្នេះ?»។ 47 អ្នកខ្លះឈរនៅទីនោះបានឮព្រះបន្ទូលរបស់ព្រះអង្គ ក៏ពោលថា៖ «គាត់ហៅលោកអេលីយ៉ា!»។ 48 រំពេចនោះ មានគ្នាគេម្នាក់រត់ទៅយកសារាយស្ងួត ជ្រលក់នឹងទឹកខ្មេះ រុំជាប់នៅចុងត្រែងមួយដើម ហុចថ្វាយព្រះអង្គសោយ។ 49 ប៉ុន្ដែ អ្នកឯទៀតៗពោលថា៖ «ចាំមើលមើល៍! តើលោកអេលីយ៉ាមកសង្គ្រោះគាត់ឬទេ?»។ 50 ព្រះយេស៊ូស្រែកយ៉ាងខ្លាំងម្ដងទៀត រួចផុតវិញ្ញាណទៅ។ 51 ពេលនោះ វាំងនននៅក្នុងព្រះវិហារ រហែកជាពីរ តាំងពីលើចុះដល់ក្រោម ផែនដីក៏រញ្ជួយផ្ទាំងថ្មក៏ប្រេះចេញពីគ្នា 52 ផ្នូរក៏របើកចំហឡើង ហើយសាកសពប្រជាជនដ៏វិសុទ្ធ ជាច្រើនបានរស់ឡើងវិញ 53 និង នាំគ្នាចេញពីផ្នូរ។ ក្រោយពេលព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ គេបានចូលទៅក្នុងក្រុងដ៏វិសុទ្ធ ព្រមទាំងបង្ហាញខ្លួនអោយមនុស្សជាច្រើនបានឃើញផង។ 54 កាលនាយទាហានរ៉ូមុំាង និង ពួកទាហានដែលនៅយាមព្រះយេស៊ូ បានឃើញផែនដីរញ្ជួយ និង បានឃើញហេតុការណ៍ទាំងឡាយកើតឡើងដូច្នេះ គេកោតស្ញប់ស្ញែងជាខ្លាំង ហើយពោលថា៖ «លោកនេះ ពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន!»។ 55 នៅទីនោះ មានស្ដ្រីជាច្រើនមើលពីចម្ងាយ គឺស្ដ្រីៗដែលតាមបំរើព្រះយេស៊ូ តាំងពីស្រុកកាលីឡេមក។ 56 ក្នុងចំណោមស្ដ្រីៗទាំងនោះ មាននាងម៉ារីជាអ្នកស្រុកម៉ាដាឡា នាងម៉ារីជាម្ដាយរបស់យ៉ាកុប និង យ៉ូសែប ព្រមទាំងភរិយារបស់លោកសេបេដេជាដើម។ 57 លុះដល់ល្ងាច មានសេដ្ឋីម្នាក់ ឈ្មោះយ៉ូសែប ជាអ្នកក្រុងអើរីម៉ាថេ មកដល់ គាត់ក៏ជាសិស្សរបស់ព្រះយេស៊ូដែរ។ 58 គាត់បានអញ្ជើញទៅជួបលោកពីឡាតសុំយកព្រះសពព្រះយេស៊ូ។ លោកពីឡាតក៏បញ្ជាអោយគេប្រគល់ព្រះសពមកគាត់។ 59 លោកយ៉ូសែបយកព្រះសពមក រុំនឹងក្រណាត់ផាឌិបថ្មី 60 រួចដាក់ក្នុងផ្នូរថ្មីរបស់គាត់ ជារូងថ្មដែលគេដាប់ធ្វើផ្នូរ។ បន្ទាប់មកគាត់ប្រមៀលថ្មមួយដុំធំបិទមាត់ផ្នូរ ហើយចាកចេញទៅ។ 61 នាងម៉ារីជាអ្នកស្រុកម៉ាដាឡា និង នាងម៉ារីម្នាក់ទៀតក៏នៅទីនោះដែរ នាងអង្គុយនៅមុខផ្នូរ។ 62 នៅថ្ងៃបន្ទាប់ ជាថ្ងៃរៀបចំថ្ងៃឈប់សំរាក ពួកនាយកបូជាចារ្យ និង ពួកខាងគណៈផារីស៊ី នាំគ្នាទៅជួបលោកពីឡាត 63 ជំរាបថា៖ «លោកម្ចាស់! យើងខ្ញុំនៅចាំពាក្យរបស់ជនបោកប្រាស់នោះ កាលពីគាត់នៅរស់ថាៈ "បីថ្ងៃក្រោយខ្ញុំស្លាប់ ខ្ញុំនឹងមានជីវិតរស់ឡើងវិញ"។ 64 ហេតុនេះ សូមលោកបញ្ជាអោយគេយាមផ្នូរនោះ រហូតដល់ថ្ងៃទីបីទៅ ក្រែងលោសិស្សរបស់គាត់មកលួចយកសព ហើយប្រាប់ប្រជាជនថាគាត់រស់ឡើងវិញ។ ការបោកប្រាស់លើកនេះ មុខជាអាក្រក់ជាងមុនទៅទៀត»។ 65 លោកពីឡាតមានប្រសាសន៍ទៅគេថា៖ «អស់លោកមានទាហានស្រាប់ហើយ សុំអញ្ជើញទៅចាត់ចែងអោយគេយាមផ្នូរ តាមអស់លោកយល់ឃើញទៅចុះ!»។ 66 ពួកគេក៏នាំគ្នាចេញទៅចាត់ចែងអោយយាមផ្នូរ គឺភ្ជិតផ្នូរ បោះត្រាពីលើ និង ដាក់ទាហានអោយនៅយាមផង។

ម៉ាកុស 28

1 ក្រោយថ្ងៃសប្ប័ទ គឺនៅព្រឹកថ្ងៃអាទិត្យ នាងម៉ារីជាអ្នកស្រុកម៉ាដាឡា និង នាងម៉ារីម្នាក់ទៀតនាំគ្នាទៅមើលផ្នូរ។ 2 ពេលនោះ ស្រាប់តែផែនដីរញ្ជួយយ៉ាងខ្លាំង ដ្បិតមានទេវតា របស់ព្រះអម្ចាស់ ចុះពីស្ថានបរមសុខ មកប្រមៀលថ្មចេញពីមាត់ផ្នូរ ហើយអង្គុយលើថ្មនោះថែមទៀតផង។ 3 ទេវតានោះមានទ្រង់ទ្រាយភ្លឺដូចផ្លេកបន្ទោរ និង មានសម្លៀកបំពាក់សដូចសំឡី។ 4 ទាហានភ័យញ័រជាខ្លាំង ភាំងស្មារតីដូចមនុស្សស្លាប់។ 5 ទេវតានិយាយទៅកាន់ស្ដ្រីៗថា៖ «កុំភ័យខ្លាចអ្វី ! ខ្ញុំដឹងថានាងៗ មករកព្រះយេស៊ូ ជាអ្នកភូមិណាសារ៉ែតដែលគេបានឆ្កាង។ 6 ព្រះអង្គមិននៅទីនេះទេ ព្រះជាម្ចាស់បានប្រោសព្រះអង្គអោយមានព្រះជន្មរស់ឡើងវិញ ដូចទ្រង់មានព្រះបន្ទូលរួចមកហើយ សុំមកមើលកន្លែងដែលគេដាក់ព្រះសពព្រះអង្គឯណេះសិន 7 ហើយសឹមអញ្ជើញទៅប្រាប់ពួកសិស្សរបស់ព្រះអង្គជាប្រញាប់ ថាព្រះអង្គមានព្រះជន្មរស់ ឡើងវិញហើយ ឥឡូវនេះព្រះអង្គយាង ទៅស្រុកកាលីឡេមុនអ្នករាល់គ្នា។ នៅទីនោះ អ្នករាល់គ្នានឹងឃើញព្រះអង្គ សុំនាងជ្រាប!»។ 8 ស្ដ្រីទាំងនោះប្រញាប់ប្រញាល់ចេញពីផ្នូរ ទាំងភ័យទាំងអរយ៉ាងខ្លាំង នាំដំណឹងនេះរត់ទៅជំរាបពួកសិស្ស។ 9 ពេលនោះ ស្រាប់តែព្រះយេស៊ូយាងមកជួបពួកនាង ទ្រង់មានព្រះបន្ទូលថា៖ «ជំរាបសួរនាង!»។ នាងទាំងនោះក៏ចូលមកអោបព្រះបាទា ហើយក្រាបថ្វាយបង្គំព្រះអង្គ។ 10 ព្រះយេស៊ូមានព្រះបន្ទូលថា៖ «កុំភ័យខ្លាចអ្វីឡើយ! សុំទៅប្រាប់បងប្អូនខ្ញុំអោយទៅស្រុកកាលីឡេទៅ គេនឹងឃើញខ្ញុំនៅទីនោះ»។ 11 កាលស្ដ្រីទាំងនោះ កំពុងតែធ្វើដំណើរទៅ ទាហានខ្លះនាំគ្នាចូលទៅទីក្រុង ជំរាបពួកនាយកបូជាចារ្យ អំពីហេតុការណ៍ទាំងប៉ុន្មាន ដែលកើតឡើង។ 12 ពួកនាយកបូជាចារ្យក៏ប្រជុំពិភាក្សាគ្នា ជាមួយពួកព្រឹទ្ធាចារ្យហើយសំរេចចិត្ដអោយប្រាក់យ៉ាងច្រើនដល់ពួកទាហាន 13 ទាំងប្រាប់ថា៖ «ត្រូវនិយាយថា "ពេលយើងខ្ញុំកំពុងដេកលក់ មានសិស្សរបស់អ្នកនោះមកលួចយកសពទៅទាំងយប់"។ 14 ប្រសិនបើរឿងនេះលេចឮដល់លោកទេសាភិបាល ចាំយើងជួយដោះស្រាយ ដើម្បីកុំអោយអ្នករាល់គ្នាមានទោស»។ 15 ពួកទាហានទទួលយកប្រាក់ ហើយធ្វើតាមសេចក្ដីដែលគេបង្គាប់។ រឿងនេះក៏លេចឮសុសសាយក្នុងចំណោមជនជាតិយូដា រហូតមកទល់សព្វថ្ងៃ។ 16 សិស្ស ទាំងដប់មួយរូប នាំគ្នាធ្វើដំណើរទៅស្រុកកាលីឡេ ហើយឡើងទៅលើភ្នំដែលព្រះយេស៊ូបានប្រាប់អោយគេទៅ។ 17 កាលគេបានឃើញព្រះអង្គ គេក្រាបថ្វាយបង្គំ ប៉ុន្ដែ មានអ្នកខ្លះនៅសង្ស័យ។ 18 ព្រះយេស៊ូយាងចូលមកជិតគេ ហើយមានព្រះបន្ទូលថា៖ «ខ្ញុំបានទទួលគ្រប់អំណាច ទាំងនៅស្ថានបរមសុខ ទាំងនៅលើផែនដី។ 19 ដូច្នេះ ចូរចេញទៅនាំមនុស្សគ្រប់ជាតិសាសន៍អោយធ្វើជាសិស្ស ហើយធ្វើពិធីជ្រមុជទឹកអោយគេ ក្នុងព្រះនាមព្រះបិតា ព្រះបុត្រា និង ព្រះវិញ្ញាណដ៏វិសុទ្ធ ។ 20 ត្រូវបង្រៀនគេអោយប្រតិបត្ដិតាមសេចក្ដីទាំងប៉ុន្មាន ដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា។ ចូរដឹងថា ខ្ញុំនៅជាមួយអ្នករាល់គ្នាជារៀងរាល់ថ្ងៃ រហូតដល់អវសានកាលនៃពិភពលោក»។

លូកា 1

1 ដំណឹងល្អ អំពីព្រះយេស៊ូគ្រិស្ដ ជាព្រះបុត្រា របស់ព្រះជាម្ចាស់ ចាប់ផ្ដើមដូចតទៅៈ 2 ក្នុងគម្ពីរព្យាការីអេសាយមានចែងទុកមកថា៖ «យើងចាត់ទូតយើងអោយទៅមុនព្រះអង្គ ដើម្បីរៀបចំផ្លូវថ្វាយព្រះអង្គ»។ 3 មានសំឡេងបុរសម្នាក់ ស្រែកនៅវាលរហោ ស្ថាថាៈ "ចូររៀបចំផ្លូវរបស់ព្រះអម្ចាស់ ចូរតំរង់ផ្លូវថ្វាយព្រះអង្គ"»។ 4 ពេលនោះ លោកយ៉ូហានមកដល់ ស្របតាមបទគម្ពីរនេះមែន ហើយធ្វើពិធីជ្រមុជទឹក នៅវាលរហោស្ថាន។ លោកប្រកាសអោយមនុស្សម្នាកែប្រែចិត្ដគំនិតដោយទទួលពិធីជ្រមុជទឹក ដើម្បីព្រះជាម្ចាស់លើកលែងទោសអោយរួចពីបាប។ 5 អ្នកស្រុកយូដាទាំងអស់ និង អ្នកក្រុងយេរូសាឡឹមទាំងមូលនាំគ្នាចេញទៅរកលោក។ គេទទួលសារភាពអំពើបាបរបស់ខ្លួន ហើយលោកក៏ធ្វើពិធីជ្រមុជទឹកអោយគេក្នុងទន្លេយ័រដាន់។ 6 លោកយ៉ូហានស្លៀកសម្លៀកបំពាក់ធ្វើពីរោមអូដ្ឋពាក់ខ្សែក្រវាត់ធ្វើពីស្បែក ហើយបរិភោគកណ្ដូប និង ទឹកឃ្មុំ។ 7 លោកប្រកាសប្រាប់បណ្ដាជនថា៖«លោកដែលមានកម្លាំងខ្លាំងជាងខ្ញុំ នឹងមកតាមក្រោយខ្ញុំ។ ខ្ញុំមានឋានៈទាបណាស់ សូម្បីតែអោនស្រាយខ្សែស្បែកជើងជូនលោក ក៏មិនសមនឹងឋានៈដ៏ខ្ពង់ខ្ពស់របស់លោកផង។ 8 ខ្ញុំបានធ្វើពិធីជ្រមុជអោយអ្នករាល់គ្នាក្នុងទឹករីឯលោកវិញ លោកនឹងធ្វើពិធីជ្រមុជអោយអ្នករាល់គ្នាក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ »។ 9 នៅគ្រានោះ ព្រះយេស៊ូយាងមកពីភូមិណាសារ៉ែតក្នុងស្រុកកាលីឡេ។ ព្រះអង្គបានទទួលពិធីជ្រមុជទឹក ពីលោកយ៉ូហានក្នុងទន្លេយ័រដាន់។ 10 ពេលព្រះអង្គយាងឡើងពីទឹកមកភ្លាម ទ្រង់ទតឃើញផ្ទៃមេឃរហែកជាពីរ ហើយព្រះវិញ្ញាណយាងចុះដូចសត្វព្រាប មកសណ្ឋិតលើព្រះអង្គ។ 11 មានឮព្រះសូរសៀងពីលើមេឃមកថា៖«ព្រះអង្គជាបុត្រដ៏ជាទីស្រឡាញ់របស់យើងយើងគាប់ចិត្ដនឹងព្រះអង្គណាស់!»។ 12 រំពេចនោះ ព្រះវិញ្ញាណក៏នាំព្រះយេស៊ូឆ្ពោះទៅវាលរហោស្ថាន។ 13 ព្រះអង្គគង់នៅវាលរហោស្ថានអស់រយៈពេលសែសិបថ្ងៃ ត្រូវមារ សាតាំងល្បួង។ ព្រះអង្គគង់នៅជាមួយសត្វព្រៃ ហើយមានពួកទេវតា បំរើព្រះអង្គផង។ 14 ក្រោយគេចាប់លោកយ៉ូហានយកទៅឃុំឃាំងព្រះយេស៊ូយាងទៅស្រុកកាលីឡេ ហើយប្រកាសដំណឹងល្អ របស់ព្រះជាម្ចាស់។ 15 ព្រះអង្គមានព្រះបន្ទូលថា៖ «ពេលកំណត់មកដល់ហើយ រីឯព្រះរាជ្យ របស់ព្រះជាម្ចាស់ ក៏មកជិតបង្កើយដែរ។ ចូរនាំគ្នាកែប្រែចិត្ដគំនិត ហើយជឿដំណឹងល្អចុះ!»។ 16 កាលព្រះយេស៊ូយាងតាមឆេ្នរសមុទ្រកាលីឡេព្រះអង្គទតឃើញលោកស៊ីម៉ូន និង លោកអនទ្រេ ជាប្អូនរបស់គាត់ កំពុងតែបង់សំណាញ់ ព្រោះអ្នកទាំងពីរជាអ្នកនេសាទត្រី។ 17 ព្រះអង្គមានព្រះបន្ទូលទៅគេថា៖«សុំអញ្ជើញមកតាមខ្ញុំ ខ្ញុំនឹងតាំងអ្នកអោយនេសាទមនុស្សវិញ»។ 18 អ្នកទាំងពីរក៏ទុកសំណាញ់នៅទីនោះភ្លាម រួចដើរតាមព្រះអង្គទៅ។ 19 កាលព្រះយេស៊ូយាងទៅមុខបន្ដិច ព្រះអង្គទតឃើញលោកយ៉ាកុប និង លោកយ៉ូហាន ជាប្អូនកំពុងតែរៀបចំអួននៅក្នុងទូកមួយ អ្នកទាំងពីរជាកូនលោកសេបេដេ។ 20 ព្រះអង្គត្រាស់ហៅអ្នកទាំងពីរភ្លាម គេក៏ដើរតាមព្រះយេស៊ូទៅ ទុកឪពុកអោយនៅក្នុងទូកជាមួយពួកកូនឈ្នួល។ 21 ព្រះយេស៊ូយាងចូលក្រុងកាពើណិមជាមួយពួកសិស្ស ។ នៅថ្ងៃសប្ប័ទ ព្រះយេស៊ូយាងចូលក្នុងសាលាប្រជុំ ហើយព្រះអង្គបង្រៀនអ្នកស្រុក។ 22 អ្នកដែលបានស្ដាប់ព្រះអង្គ ងឿងឆ្ងល់យ៉ាងខ្លាំងអំពីបែបបទដែលព្រះអង្គបង្រៀន ព្រោះព្រះអង្គមានព្រះបន្ទូល ប្រកបដោយអំណាចខុសប្លែកពីពួក អាចារ្យ ។ 23 នៅពេលនោះ ក្នុងសាលាប្រជុំ មានបុរសម្នាក់ដែលមានវិញ្ញាណអាក្រក់នៅក្នុងខ្លួនស្រែកឡើងថា៖ 24 «ព្រះយេស៊ូជាអ្នកភូមិណាសារ៉ែតអើយ! តើព្រះអង្គចង់ធ្វើអ្វីយើង? ព្រះអង្គមកបំផ្លាញយើង! ខ្ញុំស្គាល់ព្រះអង្គហើយ ព្រះអង្គជាព្រះដ៏វិសុទ្ធ ដែលមកពីព្រះជាម្ចាស់»។ 25 ព្រះយេស៊ូគំរាមវិញ្ញាណអាក្រក់នោះថា៖ «ស្ងៀម!ចេញពីអ្នកនេះភ្លាម!»។ 26 វិញ្ញាណអាក្រក់ក៏ធ្វើអោយបុរសនោះដួលប្រកាច់ប្រកិន ហើយវាចេញទៅ ទាំងស្រែកយ៉ាងខ្លាំងផង។ 27 មនុស្សម្នាទាំងអស់ ភ័យស្រឡាំងកាំង គេនិយាយគ្នាទៅវិញទៅមកថា៖ «ម្ដេចក៏អស្ចារ្យម៉្លេះ! លោកបង្រៀនតាមរបៀបថ្មីប្រកបដោយអំណាច។ លោកបញ្ជាទៅវិញ្ញាណអាក្រក់ ហើយវិញ្ញាណអាក្រក់ក៏ស្ដាប់បង្គាប់លោក»។ 28 ព្រះកិត្ដិនាមរបស់ព្រះយេស៊ូល្បីខ្ចរខ្ចាយ ពាសពេញតំបន់កាលីឡេទាំងមូល។ 29 ព្រះយេស៊ូ និង សិស្ស នាំគ្នាចេញពីសាលាប្រជុំ ទៅផ្ទះលោកស៊ីម៉ូន និង លោកអនទ្រេ លោកយ៉ាកុប និង លោកយ៉ូហាន ក៏ទៅជាមួយដែរ។ 30 ម្ដាយក្មេករបស់លោកស៊ីម៉ូនកំពុងតែគ្រុន សំរាន្ដនៅលើគ្រែ។ ពេលព្រះយេស៊ូយាងទៅដល់គេទូលព្រះអង្គភ្លាមថាគាត់ឈឺ។ 31 ព្រះអង្គយាងចូលទៅជិត ចាប់ដៃគាត់អោយក្រោកឡើងគាត់ក៏បាត់គ្រុន ហើយបំរើភ្ញៀវ។ 32 លុះដល់ល្ងាច ក្រោយពេលថ្ងៃលិច គេនាំអ្នកជំងឺ និង មនុស្សអារក្សចូលទាំងអស់ មករកព្រះយេស៊ូ។ 33 អ្នកក្រុងទាំងប៉ុន្មានមកផ្ដុំគ្នានៅមាត់ទ្វារក្រុង។ 34 ព្រះយេស៊ូប្រោសមនុស្សជាច្រើននាក់ដែលមានជំងឺផ្សេងៗ អោយបានជាសះស្បើយ ហើយព្រះអង្គដេញអារក្សជាច្រើនចេញពីមនុស្សផង ព្រះអង្គមិនអនុញ្ញាតអោយអារក្សនិយាយជាដាច់ខាត ពីព្រោះពួកវាដឹងឋានៈរបស់ព្រះអង្គ។ 35 ព្រឹកឡើង កាលងងឹតនៅឡើយ ព្រះយេស៊ូតើនឡើង ទ្រង់យាងចេញពីផ្ទះ ទៅកន្លែងមួយស្ងាត់ ហើយអធិស្ឋាន នៅទីនោះ។ 36 លោកស៊ីម៉ូន និង អ្នកដែលនៅជាមួយគាត់ នាំគ្នាតាមរកព្រះអង្គ។ 37 លុះបានជួបហើយ គេទូលថា៖ «គេខំស្វែងរកលោកគ្រប់ៗគ្នា»។ 38 ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «យើងត្រូវនាំគ្នាទៅភូមិឯទៀតៗដែលនៅជិតនេះ ខ្ញុំត្រូវប្រកាសដំណឹងល្អ នៅទីនោះដែរ ដ្បិតខ្ញុំចេញមកដើម្បីបំពេញការនេះឯង»។ 39 ព្រះអង្គយាងទៅគ្រប់ទីកន្លែង ក្នុងស្រុកកាលីឡេហើយប្រកាសដំណឹងល្អ នៅតាមសាលាប្រជុំ ទាំងឡាយ ព្រមទាំងដេញអារក្សចេញពីមនុស្សផង។ 40 មានមនុស្សឃ្លង់ម្នាក់ចូលមករកព្រះយេស៊ូ គាត់លុតជង្គង់ ទូលអង្វរព្រះអង្គថា៖ «ប្រសិនបើលោកមិនយល់ទាស់ទេ សូមប្រោសខ្ញុំប្របាទអោយបានជាស្អាតបរិសុទ្ធ ផង»។ 41 ព្រះយេស៊ូមានព្រះហឫទ័យអាណិតអាសូរគាត់ពន់ពេកណាស់ ព្រះអង្គក៏លូកព្រះហស្ដទៅពាល់គាត់ ទាំងមានព្រះបន្ទូលថា៖ «ខ្ញុំយល់ព្រមហើយចូរអោយបានជាស្អាតបរិសុទ្ធចុះ!»។ 42 មនុស្សឃ្លង់ក៏បានជាស្អាតបរិសុទ្ធភ្លាម។ 43 បន្ទាប់មក ព្រះយេស៊ូដេញគាត់អោយចេញទៅភ្លាម ទាំងមានព្រះបន្ទូល យ៉ាងតឹងរ៉ឹងថា៖ 44 «ចូរប្រយ័ត្នអោយមែនទែន កុំនិយាយហេតុការណ៍នេះប្រាប់អោយនរណាដឹងឡើយ! ផ្ទុយទៅវិញ ត្រូវទៅបង្ហាញខ្លួនដល់លោកបូជាចារ្យ រួចថ្វាយតង្វាយ ដូចលោកម៉ូសេ បានបង្គាប់ទុក ដើម្បីជាសក្ខីភាព បញ្ជាក់ថាអ្នកបានជាស្អាតបរិសុទ្ធមែន»។ 45 ប៉ុន្ដែ បុរសនោះចេញទៅប្រកាស និង ផ្សព្វផ្សាយរឿងនេះនៅគ្រប់កន្លែងអោយគេដឹង។ ហេតុនេះហើយបានជាព្រះយេស៊ូមិនអាចយាងចូលទីក្រុង ដូចពីមុនបានទៀតឡើយគឺព្រះអង្គគង់នៅតែខាងក្រៅទីក្រុង ត្រង់កន្លែងស្ងាត់ៗ ហើយមានមនុស្សពីគ្រប់ទិសទី នាំគ្នាមកគាល់ព្រះអង្គ។

លូកា 2

1 ប៉ុន្មានថ្ងៃក្រោយមក ព្រះយេស៊ូយាងត្រឡប់មកក្រុងកាពើណិមវិញ ហើយអ្នកស្រុកឮដំណឹងថា ព្រះអង្គគង់នៅក្នុងផ្ទះ។ 2 មានមនុស្សយ៉ាងច្រើន មកមូលផ្ដុំគ្នាកកកុញគ្មានសល់កន្លែងណាសោះឡើយ សូម្បីតែនៅមាត់ទ្វារផ្ទះក៏គ្មានសល់ដែរ។ ព្រះយេស៊ូថ្លែងព្រះបន្ទូលអោយគេស្ដាប់។ 3 មានបុរសបួននាក់សែងមនុស្សខ្វិនដៃ ខ្វិនជើងម្នាក់មករកព្រះអង្គ។ 4 ប៉ុន្ដែ ដោយមានមនុស្សច្រើនពេក គេពុំអាចនាំមនុស្សខ្វិននោះទៅជិតព្រះយេស៊ូបានឡើយ។ ដូច្នេះ គេក៏ចោះដំបូលផ្ទះចំពីលើកន្លែងដែលព្រះអង្គគង់ ហើយសំរូតមនុស្សខ្វិននៅលើគ្រែស្នែង ចុះតាមប្រឡោះមក។ 5 កាលព្រះយេស៊ូឈ្វេងយល់ជំនឿរបស់អ្នកទាំងនោះ ព្រះអង្គមានព្រះបន្ទូលទៅកាន់អ្នកពិការថា៖«កូនអើយ! ខ្ញុំអត់ទោសអោយអ្នកបានរួចពីបាបហើយ»។ 6 ពួកអាចារ្យខ្លះ ដែលអង្គុយនៅទីនោះរិះគិតក្នុងចិត្ដថា៖ 7 «ហេតុដូចម្ដេចបានជាអ្នកនេះហ៊ានប្រមាថព្រះជាម្ចាស់ ដោយពោលពាក្យស្មើនឹងព្រះអង្គបែបនេះ? ក្រៅពីព្រះជាម្ចាស់មួយព្រះអង្គ តើនរណាអាចអត់ទោសមនុស្ស អោយរួចពីបាបបាន!»។ 8 ព្រះយេស៊ូឈ្វេងយល់ចិត្ដគំនិតរបស់គេភ្លាម ទ្រង់មានព្រះបន្ទូលទៅ គេថា៖«ហេតុអ្វីបាន ជាអ្នករាល់គ្នារិះគិតដូច្នេះ? 9 បើខ្ញុំប្រាប់អ្នកពិការនេះថា "ខ្ញុំអត់ទោសអោយអ្នកបានរួចពីបាបហើយ" ឬថា "ចូរក្រោកឡើងយកគ្រែស្នែងរបស់អ្នកដើរទៅចុះ" តើឃ្លាមួយណាស្រួលនិយាយជាង? 10 ប៉ុន្ដែ ខ្ញុំចង់អោយអ្នករាល់គ្នាដឹងថា បុត្រមនុស្សមានអំណាចនឹងអត់ទោសអោយមនុស្សនៅលើផែនដីនេះ រួចពីបាបបាន»។ ព្រះអង្គងាកទៅរកអ្នកខ្វិន ហើយមានព្រះបន្ទូលថា៖ 11 «ចូរក្រោកឡើង យកគ្រែស្នែងរបស់អ្នកដើរទៅផ្ទះវិញទៅ!»។ 12 មនុស្សខ្វិនក៏ក្រោកឈរឡើងភ្លាម យកគ្រែស្នែងរបស់ខ្លួន ដើរកាត់មុខមនុស្សទាំងអស់ចេញទៅ ធ្វើអោយគេគ្រប់គ្នាស្ញប់ស្ញែងយ៉ាងខ្លាំង ហើយលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ទាំងពោលថា៖ «យើងមិនដែលបានឃើញការអស្ចារ្យណាមួយដូចពេលនេះឡើយ!»។ 13 ព្រះយេស៊ូយាងតាមឆេ្នរសមុទ្រកាលីឡេ ម្ដងទៀត។ បណ្ដាជនទាំងមូលនាំគ្នាមករកព្រះអង្គ ព្រះអង្គក៏បង្រៀនពួកគេ។ 14 កាលព្រះអង្គយាងកាត់តាមនោះ ទ្រង់ទតឃើញលោកលេវី ជាកូនរបស់លោកអាល់ផាយអង្គុយនៅកន្លែងយកពន្ធ។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖«សុំអញ្ជើញមកតាមខ្ញុំ»។ លោកលេវីក៏ក្រោកឡើង ដើរតាមព្រះអង្គទៅ។ 15 បន្ទាប់មក ព្រះយេស៊ូសោយ ព្រះស្ងោយនៅផ្ទះលោកលេវី។ មានអ្នកទារពន្ធ ព្រមទាំងមនុស្សបាបជាច្រើន មករួមតុជាមួយព្រះអង្គ និង ពួកសិស្ស ។ មានមនុស្សប្រភេទនោះច្រើននាក់ បានមកតាមព្រះអង្គ។ 16 ពួកអាចារ្យពីគណៈផារីស៊ី ឃើញព្រះយេស៊ូសោយព្រះស្ងោយជាមួយអ្នកទាំងនោះ គេនិយាយទៅកាន់ពួកសិស្សថា៖ «ហេតុអ្វីបានជាលោកបរិភោគជាមួយអ្នកទារពន្ធ និង ជាមួយមនុស្សបាប?»។ 17 ព្រះយេស៊ូបាន ឮគេនិយាយដូច្នេះ ក៏មានព្រះបន្ទូលថា៖ «មនុស្សមានសុខភាពល្អមិនត្រូវការគ្រូពេទ្យ ឡើយមានតែអ្នកជំងឺប៉ុណ្ណោះ ដែលត្រូវការ។ ខ្ញុំមិនមែនមករកមនុស្សសុចរិតទេ គឺខ្ញុំមករកមនុស្សបាបវិញ»។ 18 ថ្ងៃមួយ ពួកសិស្សរបស់លោកយ៉ូហានបាទីស្ដ និង ពួកសិស្សខាងគណៈផារីស៊ី នាំគ្នាតមអាហារ។ ពួកគេមកទូលសួរព្រះយេស៊ូថា៖ «សិស្សរបស់លោកយ៉ូហាន និង សិស្សខាងគណៈផារីស៊ី តមអាហារ ចុះហេតុដូចម្ដេចបានជាសិស្សរបស់លោក មិនតមដូច្នេះ?»។ 19 ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖«ក្នុងពិធីមង្គលការ នៅពេលកូនកំឡោះនៅជាមួយ តើភ្ញៀវអាចតមអាហារកើតឬ?។ ទេ! ដរាបណា កូនកំឡោះនៅជាមួយ គេមិនអាចតមអាហារបានឡើយ។ 20 ថ្ងៃក្រោយពេលគេចាប់ស្វាមីយកទៅ ទើបភ្ញៀវទាំងនោះតមអាហារ។ 21 ពុំដែលមាននរណាយកក្រណាត់ថ្មីមកប៉ះសម្លៀកបំពាក់ចាស់ឡើយ បើធ្វើដូច្នេះ ក្រណាត់ថ្មីនឹងបណ្ដាលអោយសម្លៀកបំពាក់ចាស់រហែកលើសដើមទៅទៀត។ 22 ពុំដែលមាននរណាច្រកស្រាទំពាំងបាយជូរថ្មី ទៅក្នុងថង់ស្បែកចាស់ឡើយ បើធ្វើដូច្នោះ ស្រានឹងធ្វើអោយថង់ស្បែកនោះធ្លាយ បណ្ដាលអោយខូចទាំងស្រា ទាំងថង់ស្បែកជាមិនខាន។ ត្រូវច្រកស្រាថ្មីទៅក្នុងថង់ស្បែកថ្មី។ 23 មានថ្ងៃមួយជាថ្ងៃសប្ប័ទ ព្រះយេស៊ូយាងកាត់វាលស្រែ សិស្ស របស់ព្រះអង្គនាំគ្នាដើរបណ្ដើរ បូតកួរស្រូវបណ្ដើរ។ 24 ពួកខាងគណៈផារីស៊ី ទូលព្រះយេស៊ូថា៖ «សូមលោកមើលចុះ ហេតុអ្វីបាន ជាសិស្សរបស់លោកធ្វើការដែលបញ្ញត្ដិហាមមិនអោយធ្វើ នៅថ្ងៃសប្ប័ទដូច្នេះ?»។ 25 ព្រះយេស៊ូតបទៅគេវិញថា៖ «ក្នុងគម្ពីរមានអត្ថបទមួយស្ដីអំពីការដែលព្រះបាទដាវីឌ និង បរិពារបានប្រព្រឹត្ដ នៅពេលឃ្លាន ហើយត្រូវការអាហារបរិភោគ។ 26 នៅសម័យនោះ លោកអបៀថើរធ្វើជាមហាបូជាចារ្យ ។ ព្រះបាទដាវីឌបានចូលទៅក្នុងដំណាក់របស់ព្រះជាម្ចាស់ យកនំបុ័ងដែលគេតាំងថ្វាយព្រះជាម្ចាស់មកសោយ ព្រមទាំងចែកអោយពួកបរិពារបរិភោគទៀតផង។ តាមច្បាប់ មានតែពួកបូជាចារ្យ ប៉ុណ្ណោះ ដែលមានសិទ្ធិបរិភោគនំបុ័ងនោះ។ តើអ្នករាល់គ្នាមិនដែលអានអត្ថបទនោះទេឬ!»។ 27 ព្រះយេស៊ូមានព្រះបន្ទូលទៅគេទៀតថា៖ «ព្រះជាម្ចាស់បានបង្កើតថ្ងៃសប្ប័ទ ដើម្បីជាប្រយោជន៍ដល់មនុស្ស ព្រះអង្គមិនបានបង្កើតមនុស្ស ដើម្បីអោយបំរើថ្ងៃសប្ប័ទឡើយ។ 28 ហេតុនេះហើយបានជាបុត្រមនុស្ស ជាម្ចាស់លើថ្ងៃសប្ប័ទ»។

លូកា 3

1 ព្រះយេស៊ូយាងចូលទៅសាលាប្រជុំ ម្ដងទៀត នៅទីនោះមានបុរសម្នាក់ស្វិតដៃម្ខាង។ 2 ពួកគេតាមមើលព្រះយេស៊ូ ក្រែងលោព្រះអង្គប្រោសបុរសនេះអោយជា នៅថ្ងៃសប្ប័ទ ក្នុងគោលបំណងចោទប្រកាន់ព្រះអង្គ។ 3 ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់បុរសស្វិតដៃនោះថា៖ «ចូរក្រោកឡើង មកឈរនៅកណ្ដាលគេឯណេះ!»។ 4 បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលសួរទៅគេថា៖«នៅថ្ងៃសប្ប័ទតើច្បាប់អនុញ្ញាតអោយធ្វើអំពើល្អ ឬ ធ្វើអំពើអាក្រក់? តើត្រូវសង្គ្រោះមនុស្ស ឬ ប្រហារជីវិតចោល?»។ ពួកគេនៅស្ងៀមទាំងអស់គ្នា។ 5 ព្រះយេស៊ូបែរព្រះភ័ក្ដ្រទតមើលទៅ អ្នកដែលនៅជុំវិញ ទាំងព្រះពិរោធហើយព្រះអង្គព្រួយព្រះហឫទ័យ ព្រោះគេមានចិត្ដរឹងរូស។ ព្រះអង្គមានព្រះបន្ទូលទៅកាន់បុរសស្វិតដៃនោះថា៖ «ចូរលាតដៃមើល៍!»។ បុរសនោះលាតដៃហើយដៃរបស់គាត់ក៏បានជាដូចដើមវិញ។ 6 ពួកខាងគណៈផារីស៊ី ចេញពីសាលាប្រជុំ ហើយទៅពិគ្រោះជាមួយបក្សពួកស្ដេចហេរ៉ូដភ្លាម ដើម្បីរកមធ្យោបាយធ្វើគុតព្រះយេស៊ូ។ 7 ព្រះយេស៊ូយាងចេញទៅតាមឆ្នេរសមុទ្រកាលីឡេជាមួយពួកសិស្ស ។ មានបណ្ដាជនជាច្រើននាំគ្នាទៅតាមព្រះអង្គ អ្នកទាំងនោះមកពីស្រុកកាលីឡេ ស្រុកយូដា 8 ក្រុងយេរូសាឡឹម ស្រុកអេដុម តំបន់ត្រើយខាងនាយទន្លេយ័រដាន់ ព្រមទាំងតំបន់ជុំវិញក្រុងទីរ៉ូស និង ក្រុងស៊ីដូន។ បណ្ដាជនមកតាមព្រះយេស៊ូច្រើនយ៉ាងនេះ ព្រោះបានឮគេនិយាយអំពីកិច្ចការទាំងប៉ុន្មានដែលព្រះអង្គធ្វើ។ 9 ព្រះយេស៊ូប្រាប់ពួកសិស្ស អោយរៀបចំទូកមួយថ្វាយព្រះអង្គ ក្រែងបណ្ដាជនប្រជ្រៀតគ្នាចោមរោមព្រះអង្គ 10 ដ្បិតមានអ្នកជំងឺជាច្រើនខំប្រឹងសំរុកចូលមកជិតដើម្បីពាល់ព្រះអង្គ ព្រោះព្រះអង្គបានប្រោសមនុស្សជាច្រើនអោយបានជា។ 11 ម៉្យាងទៀតពេលវិញ្ញាណអាក្រក់ឃើញព្រះអង្គ វាក្រាបចុះនៅទៀបព្រះបាទា ហើយស្រែកឡើងថា៖ «ព្រះអង្គជាព្រះបុត្រារបស់ព្រះជាម្ចាស់»។ 12 ប៉ុន្ដែព្រះយេស៊ូបានគំរាមកំហែងវាយ៉ាងម៉ឺងម៉ាត់ មិនអោយនិយាយប្រាប់គេថា ព្រះអង្គជានរណាឡើយ។ 13 បន្ទាប់មក ព្រះយេស៊ូយាងឡើងទៅលើភ្នំ។ ព្រះអង្គបានត្រាស់ហៅអស់អ្នកដែលព្រះអង្គសព្វព្រះហឫទ័យជ្រើសរើស ហើយអ្នកទាំងនោះក៏ចូលមកគាល់ព្រះអង្គ។ 14 ព្រះអង្គតែងតាំងសាវ័កដប់ពីររូប អោយគេនៅជាមួយព្រះអង្គ និង ដើម្បីចាត់គេអោយទៅប្រកាសដំណឹងល្អ 15 ទាំងអោយគេមានអំណាចដេញអារក្សថែមទៀតផង។ 16 ព្រះអង្គបានតែងតាំងអ្នកដប់ពីររូបនេះ គឺស៊ីម៉ូនដែលទ្រង់ដាក់ ឈ្មោះថា ពេត្រុស 17 យ៉ាកុបជាកូនរបស់លោកសេបេដេ និង យ៉ូហានជាប្អូនរបស់គាត់ ដែលព្រះយេស៊ូ ដាក់ឈ្មោះថា "បោនអ៊ើកេ" ប្រែថា "អ្នកដែលមានចិត្ដខ្លាំងដូចផ្គរលាន់" 18 អនទ្រេ ភីលីព បារថូឡូមេ ម៉ាថាយ ថូម៉ាស យ៉ាកុបជាកូនអាល់ផាយ ថាដេ ស៊ីម៉ូនជាអ្នកជាតិនិយម 19 និង យូដាសអ៊ីស្ការីយ៉ុតជាអ្នកក្បត់ព្រះអង្គ។ 20 កាលព្រះយេស៊ូយាងត្រឡប់មកផ្ទះវិញ បណ្ដាជនជួបជុំគ្នាសាជាថ្មី ជាហេតុនាំអោយព្រះអង្គ និង ពួកសិស្ស រកពេលបរិភោគមិនបានសោះ។ 21 ព្រះញាតិវង្សរបស់ព្រះអង្គឮដំណឹងនេះ ក៏នាំគ្នាធ្វើ ដំណើរមកដើម្បីចាប់ព្រះអង្គទៅវិញ ព្រោះគេថាព្រះអង្គវង្វេងស្មារតីហើយ។ 22 ពួកអាចារ្យ ដែលចុះមកពីក្រុងយេរូសាឡឹមនិយាយថា៖«អ្នកនេះមានបេលសេប៊ូលជាស្ដេចអារក្សនៅក្នុងខ្លួន គាត់អាចដេញអារក្សដូច្នេះ ព្រោះស្ដេចអារក្សប្រគល់អំណាចអោយ»។ 23 ព្រះយេស៊ូត្រាស់ហៅគេមក រួចមានព្រះបន្ទូលជាប្រស្នាថា៖ «តើមារ សាតាំងអាចដេញមារសាតាំងដូចម្ដេចកើត? 24 ប្រសិនបើពលរដ្ឋក្នុងនគរណាមួយបែកបាក់ទាស់ទែងគ្នាឯង នគរនោះពុំអាចស្ថិតស្ថេរគង់វង្សតទៅមុខបានឡើយ។ 25 ប្រសិនបើមានក្រុមគ្រួសារមួយបែកបាក់ទាស់ទែងគ្នា ក្រុមគ្រួសារនោះក៏ពុំអាចនៅស្ថិតស្ថេរគង់វង្សបានដែរ។ 26 ដូច្នេះ ប្រសិនបើមារសាតាំងក្រោកឡើងប្រឆាំងនឹងខ្លួនឯង បែកបាក់ទាស់ទែងនឹងខ្លួនឯង វាមិនអាចនៅស្ថិតស្ថេរគង់វង្សបានឡើយ គឺវាមុខជាត្រូវវិនាសមិនខាន។ 27 គ្មាននរណាអាចចូលទៅក្នុងផ្ទះមនុស្សខ្លាំងពូកែ ហើយប្លន់យកទ្រព្យ សម្បត្ដិរបស់គាត់បានឡើយ គឺត្រូវតែចងមនុស្សខ្លាំងពូកែនោះជាមុនសិនទើបអាចប្លន់យកទ្រព្យ សម្បត្ដិក្នុងផ្ទះគាត់បាន។ 28 ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថាបើមនុស្សលោកធ្វើអំពើបាប និង ពោលពាក្យប្រមាថព្រះជាម្ចាស់ ព្រះអង្គនឹងលើកលែងទោសទាំងអស់។ 29 រីឯអ្នកដែលពោលពាក្យប្រមាថព្រះវិញ្ញាណដ៏វិសុទ្ធវិញ ព្រះអង្គមិនលើកលែងទោសសោះឡើយ ដ្បិតអ្នកនោះមានទោសអស់កល្បជានិច្ច»។ 30 ព្រះយេស៊ូមានព្រះបន្ទូលដូច្នេះ ព្រោះគេនិយាយថាព្រះអង្គមានវិញ្ញាណអាក្រក់ នៅក្នុងខ្លួន។ 31 ពេលនោះមាតា និង បងប្អូនរបស់ព្រះយេស៊ូមកដល់ ឈរនៅខាងក្រៅផ្ទះ ហើយចាត់គេអោយចូលមក ហៅព្រះអង្គ។ 32 បណ្ដាជនដែលអង្គុយនៅជុំវិញព្រះយេស៊ូ ទូលព្រះអង្គថា៖ «លោកគ្រូ ម្ដាយ និង បងប្អូនលោក មករកលោកនៅខាងក្រៅ!»។ 33 ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «តើនរណាជាម្ដាយខ្ញុំ? នរណាជាបងប្អូនខ្ញុំ?»។ 34 ព្រះអង្គទតមើលទៅមនុស្សដែលនៅជុំវិញព្រះអង្គ រួចមានព្រះបន្ទូលថា៖ «អ្នកទាំងនេះហើយជាមាតា និង ជាបងប្អូនរបស់ខ្ញុំ 35 ដ្បិតអ្នកណាប្រព្រឹត្ដតាមព្រះហឫទ័យព្រះជាម្ចាស់ អ្នកនោះជាបងប្អូនប្រុសស្រី និង ជាម្ដាយរបស់ខ្ញុំ»។

លូកា 4

1 ព្រះយេស៊ូចាប់ផ្ដើមបង្រៀនបណ្ដាជននៅតាមឆ្នេរសមុទ្រម្ដងទៀត។ មានបណ្ដាជនច្រើនកុះករនាំ គ្នាមករកព្រះអង្គ ព្រះអង្គក៏យាងចុះទៅគង់ក្នុងទូកមួយ នៅក្បែរមាត់ច្រាំង រីឯបណ្ដាជនអង្គុយនៅលើគោក តាមឆ្នេរសមុទ្រ។ 2 ព្រះអង្គប្រើពាក្យប្រស្នាបង្រៀនគេអំពីសេចក្ដីជាច្រើន។ ព្រះអង្គបង្រៀនគេថា៖ 3 «ចូរស្ដាប់ មានបុរសម្នាក់ចេញទៅព្រោះស្រូវ។ 4 ពេលគាត់ព្រោះ មានគ្រាប់ពូជ ខ្លះធ្លាក់ទៅលើផ្លូវ ហើយសត្វមកចឹកស៊ីអស់ទៅ។ 5 មានគ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើកន្លែងមាន ថ្មពុំសូវមានដី គ្រាប់ពូជក៏ដុះឡើងភ្លាម ព្រោះដីមិនជ្រៅ។ 6 លុះដល់ថ្ងៃក្ដៅពន្លកដែលដុះឡើងនោះ ក៏ក្រៀមស្វិតអស់ទៅ ព្រោះឫសចាក់មិនបានជ្រៅ។ 7 មានគ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើដីដែលមានបន្លា។ បន្លាក៏ដុះឡើងរួបរឹតស្រូវមិនអោយបង្កើតផលបានឡើយ។ 8 គ្រាប់ពូជឯទៀតៗធ្លាក់ទៅលើដីមានជីជាតិល្អ គ្រាប់ពូជក៏ដុះឡើង ហើយលូតលាស់ បង្កើតផលខ្លះអោយផលមួយជាសាមសិប ខ្លះទៀតអោយមួយជាហុកសិប និង ខ្លះទៀតមួយជាមួយរយ»។ 9 បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលថា៖ «អស់អ្នកដែលឮពាក្យនេះ សូមយកទៅពិចារណាចុះ!»។ 10 កាលព្រះយេស៊ូគង់នៅដាច់ឡែកពីបណ្ដាជន អស់អ្នកដែលនៅជាមួយព្រះអង្គ និង សិស្សទាំងដប់ពីររូបទូលសួរព្រះអង្គអំពីពាក្យប្រស្នាទាំងនោះ។ 11 ព្រះអង្គមានព្រះបន្ទូលតបថា៖ «ព្រះជាម្ចាស់បានប្រោសប្រទានអោយអ្នករាល់គ្នាយល់គំរោងការដ៏លាក់កំបាំងនៃព្រះរាជ្យ របស់ព្រះអង្គ។ រីឯអ្នកដទៃ គេឮសេចក្ដីទាំងអស់ជាពាក្យប្រស្នាវិញ។ 12 ដូច្នេះ ទោះបីគេខំប្រឹងមើល ក៏ពុំឃើញ គេខំប្រឹងស្ដាប់ ក៏ពុំយល់ដែរ ក្រែងលោគេប្រែចិត្ដគំនិត ហើយព្រះជាម្ចាស់នឹងអត់ទោសអោយគេ»។ 13 ព្រះយេស៊ូមានព្រះបន្ទូលទៀតថា៖ «បើអ្នករាល់គ្នាមិនយល់ប្រស្នានេះផងធ្វើម្ដេចអោយអ្នករាល់គ្នាយល់ប្រស្នាឯទៀតៗបាន! 14 អ្នកព្រោះស្រូវ សាបព្រោះព្រះបន្ទូល 15 មនុស្សខ្លះប្រៀបបីដូចជាផ្លូវ ដែលព្រះបន្ទូលបានធ្លាក់ទៅលើ កាលបានស្ដាប់ព្រះបន្ទូលហើយមារសាតាំង ក៏មកឆក់យកព្រះបន្ទូល ដែលបានព្រោះក្នុងចិត្ដគេទៅភ្លាម។ 16 មនុស្សដែលបានទទួលគ្រាប់ពូជនៅលើដីមានថ្មក៏ដូច្នោះដែរ កាលបានស្ដាប់ព្រះបន្ទូលហើយគេទទួលយកភ្លាម ដោយអំណរ 17 ប៉ុន្ដែ គេពុំទុកអោយព្រះបន្ទូល ចាក់ឫស នៅក្នុងខ្លួនគេឡើយ គឺគេជាប់ចិត្ដតែមួយភ្លែត។ លុះដល់មានទុក្ខវេទនា ឬ ត្រូវគេបៀតបៀន ព្រោះតែព្រះបន្ទូល គេក៏បោះបង់ចោលជំនឿភ្លាម។ 18 មនុស្សខ្លះទទួលគ្រាប់ពូជនៅលើដីដែលមានបន្លា គេបានស្ដាប់ព្រះបន្ទូលដែរ 19 ប៉ុន្ដែ ការខ្វល់ខ្វាយអំពីជីវិតរស់នៅក្នុងលោកីយ៍ ចិត្ដលោភលន់ចង់បានទ្រព្យសម្បត្ដិ និង ចិត្ដប៉ងប្រាថ្នាផ្សេងៗ រឹបរួតព្រះបន្ទូលមិនអោយបង្កើតផលបានឡើយ។ 20 រីឯអ្នកដែលបានទទួលគ្រាប់ពូជនៅលើដីមានជីជាតិល្អ កាលបានស្ដាប់ព្រះបន្ទូលហើយ ក៏ទទួលយកបង្កបង្កើតផល អ្នកខ្លះបានមួយជាសាមសិប អ្នកខ្លះបានមួយជាហុកសិប អ្នកខ្លះទៀត បានមួយជាមួយរយ»។ 21 បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «គេមិនដែលអុជចង្កៀង ហើយយកធុងគ្របពីលើ ឬយកទៅដាក់ក្រោមគ្រែឡើយ។ គេតែងយកចង្កៀងទៅដាក់លើជើងចង្កៀងវិញ។ 22 គ្រប់ការលាក់កំបាំងនឹងត្រូវបើកអោយគេដឹង ហើយគ្រប់អាថ៌កំបាំង ក៏នឹងត្រូវលេចមកអោយមនុស្សគ្រប់គ្នាឃើញច្បាស់ដែរ។ 23 អ្នកណាឮពាក្យនេះ សូមយកទៅពិចារណាចុះ!»។ 24 ព្រះយេស៊ូមានព្រះបន្ទូលទៀតថា៖ «ចូរអ្នករាល់គ្នាប្រុងប្រយ័ត្ននឹងសេចក្ដីដែលអ្នករាល់គ្នាស្ដាប់នេះអោយមែនទែន។ ព្រះជាម្ចាស់នឹងវាល់អោយអ្នករាល់គ្នាតាមរង្វាល់ដែលអ្នករាល់គ្នាវាល់អោយអ្នកដទៃ ហើយព្រះអង្គនឹងបន្ថែមអោយអ្នករាល់គ្នា 25 ព្រោះអ្នកណាមានហើយ ព្រះជាម្ចាស់នឹងប្រទានអោយថែមទៀត តែអ្នកណាដែលគ្មានព្រះអង្គនឹងហូតយកអ្វីៗដែលអ្នកនោះមានផង»។ 26 ព្រះយេស៊ូមានព្រះបន្ទូលទៀតថា៖ «ព្រះរាជ្យ របស់ព្រះជាម្ចាស់ ប្រៀបបីដូចជាបុរសម្នាក់ព្រោះស្រូវនៅក្នុងស្រែរបស់ខ្លួន។ 27 ទោះបីគាត់ដេកក្ដី ក្រោកក្ដី យប់ក្ដី ថ្ងៃក្ដី គ្រាប់ពូជនៅតែមានពន្លកដុះឡើងដោយគាត់ពុំបានដឹងថា គ្រាប់ពូជនោះដុះរបៀបណាឡើយ 28 ដ្បិតដីធ្វើអោយពូជបង្កើតផលដោយខ្លួនឯងដំបូងមានពន្លកលេចឡើង បន្ទាប់មក ក៏បែកជាកួរហើយចេញជាគ្រាប់ស្រូវ។ 29 លុះស្រូវទុំ គេយកកណ្ដៀវមកច្រូត ដ្បិតដល់រដូវចំរូតហើយ»។ 30 ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «តើយើងប្រដូចព្រះរាជ្យរបស់ព្រះជាម្ចាស់ទៅនឹងអ្វី? តើយើងយកប្រស្នាណា មកប្រដូចនឹងព្រះរាជ្យរបស់ព្រះអង្គ? 31 ព្រះរាជ្យរបស់ព្រះជាម្ចាស់ប្រៀបបីដូចជាគ្រាប់ពូជម៉្យាង កាលគេព្រោះលើដី គ្រាប់ពូជនោះល្អិតជាងគេទាំងអស់ក្នុងលោក។ 32 លុះព្រោះរួចហើយ គ្រាប់ពូជនោះក៏ដុះឡើងធំជាងដំណាំឯទៀតៗ ព្រមទាំងបែកមែកសាខាមានម្លប់អោយបក្សាបក្សីមកធ្វើសំបុកជ្រកអាស្រ័យ»។ 33 ព្រះយេស៊ូតែងប្រកាសព្រះបន្ទូល ដោយប្រើជាពាក្យប្រស្នារបៀបនេះ តាមតែគេអាចយល់បាន។ 34 ព្រះអង្គតែងមានព្រះបន្ទូលទៅគេសុទ្ធតែជាពាក្យប្រស្នា ប៉ុន្ដែ ពេលនៅដាច់ឡែកពីបណ្ដាជន ព្រះអង្គបកស្រាយទាំងអស់ប្រាប់ពួកសិស្ស ។ 35 នៅល្ងាចថ្ងៃដដែលនោះ ព្រះយេស៊ូមានព្រះបន្ទូលទៅពួកសិស្ស ថា៖ «យើងនាំគ្នាឆ្លងទៅត្រើយម្ខាង»។ 36 ពួកសិស្សក៏ចេញពីបណ្ដាជន ហើយអុំទូកដែលមានព្រះយេស៊ូគង់នៅក្នុងនោះ ដោយមាន ទូកឯទៀតៗទៅជាមួយដែរ។ 37 ស្រាប់តែមានខ្យល់ព្យុះបក់បោកមកយ៉ាងខ្លាំង ហើយរលកក៏បោក ប៉ះនឹងទូកបណ្ដាលអោយទឹកចូលស្ទើរពេញ។ 38 រីឯព្រះយេស៊ូវិញ ព្រះអង្គផ្ទំលក់លើខ្នើយ នៅកន្សៃទូក។ ពួកសិស្សដាស់ព្រះអង្គថា៖ «លោកគ្រូ យើងស្លាប់ឥឡូវហើយ! លោកមិនអើពើទេឬ?»។ 39 ព្រះយេស៊ូតើនឡើង មានព្រះបន្ទូលគំរាមខ្យល់ព្យុះ និង បញ្ជាសមុទ្រថា៖ «ស្ងប់ស្ងៀមទៅ!»។ ពេលនោះខ្យល់ព្យុះក៏ស្ងប់ ហើយផ្ទៃទឹកក៏រាបស្មើដែរ។ 40 បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលទៅពួកសិស្សថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាភិតភ័យដូច្នេះ? អ្នករាល់គ្នាមិនទាន់មានជំនឿទេឬ?»។ 41 ពួកគេកោតស្ញប់ស្ញែងជាខ្លាំង ហើយនិយាយគ្នាទៅវិញទៅមកថា៖ «តើលោកនេះជានរណាបានជា ខ្យល់ព្យុះ និង សមុទ្រស្ដាប់បង្គាប់លោកដូច្នេះ?»។

លូកា 5

1 ព្រះយេស៊ូ និង ពួកសិស្ស បានទៅដល់ត្រើយម្ខាង ក្នុងតំបន់គេរ៉ាស៊ីន។ 2 កាលព្រះអង្គយាងឡើងពីទូកភ្លាម បុរសម្នាក់មានវិញ្ញាណអាក្រក់ក្នុងខ្លួន ចេញពីទីបញ្ចុះសព ដើរតំរង់មករកព្រះអង្គ។ 3 បុរសនេះស្នាក់នៅតែតាមទីបញ្ចុះសព គ្មាននរណាអាចចងគាត់បានឡើយ សូម្បីតែយកច្រវាក់មកចងក៏មិនជាប់ដែរ។ 4 គេដាក់ខ្នោះជើង និ ង យកច្រវាក់ចងគាត់ច្រើនដង ប៉ុន្ដែ គាត់នៅតែកាច់បំបាក់ច្រវាក់ និង ខ្នោះទាំងនោះជានិច្ច គ្មាននរណាអាចបង្ក្រាបគាត់បានឡើយ។ 5 គាត់រស់នៅតាមទី បញ្ចុះសព និង តាមភ្នំទាំងយប់ទាំងថ្ងៃ ហើយចេះតែស្រែក ព្រមទាំងយកថ្មមកអារសាច់ខ្លួនឯងថែមទៀតផង។ 6 កាលគាត់ឃើញព្រះយេស៊ូពីចម្ងាយ ក៏រត់មកក្រាបថ្វាយបង្គំព្រះអង្គ 7 ហើយស្រែកយ៉ាងខ្លាំងថា៖ «ឱព្រះយេស៊ូ ជាព្រះបុត្រារបស់ព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតអើយ តើព្រះអង្គចង់ធ្វើអ្វីទូលបង្គំ? ទូលបង្គំអង្វរព្រះអង្គក្នុងព្រះនាមព្រះជាម្ចាស់ សូមមេត្ដាកុំធ្វើទុក្ខទោសទូលបង្គំអី!»។ 8 វិញ្ញាណអាក្រក់និយាយដូច្នេះ ព្រោះព្រះយេស៊ូបានបញ្ជាវាថា៖«នែ៎វិញ្ញាណអាក្រក់ ចូរចេញពីអ្នកនេះទៅ!»។ 9 ព្រះយេស៊ូមានព្រះបន្ទូលទៅវិញ្ញាណអាក្រក់ថា៖ «ឯងឈ្មោះអី?» វិញ្ញាណអាក្រក់ឆ្លើយថា៖ «ទូលបង្គំឈ្មោះកងទ័ព ដ្បិតយើងខ្ញុំមានគ្នាច្រើន»។ 10 វាទទូចអង្វរ សូមកុំអោយព្រះអង្គបណ្ដេញពួកវាចេញពីស្រុកនោះ។ 11 នៅក្បែរនោះមានជ្រូកមួយហ្វូងធំ កំពុងរកស៊ីនៅតាមចង្កេះភ្នំ។ 12 វិញ្ញាណអាក្រក់ទាំងនោះអង្វរព្រះយេស៊ូថា៖ «សូមបញ្ជូនយើងខ្ញុំអោយទៅចូលក្នុងជ្រូកទាំងនោះទៅ!»។ 13 ព្រះយេស៊ូក៏យល់ព្រម។ វិញ្ញាណអាក្រក់ចេញពីបុរសនោះទៅចូលក្នុងជ្រូក ហ្វូងជ្រូកដែលមានចំនួនប្រមាណជាពីរពាន់ក្បាល ក៏បោលចុះតាមជំរាលភ្នំ តំរង់ទៅសមុទ្រ លង់ទឹកងាប់អស់។ 14 ពួកអ្នកថែរក្សាហ្វូងជ្រូកយករឿងនេះរត់ទៅប្រាប់អ្នកនៅទីក្រុង និង អ្នកនៅស្រុកស្រែ មនុស្សម្នាក៏នាំគ្នាមកមើលហេតុការណ៍នោះ។ 15 គេចូលមករកព្រះយេស៊ូ ឃើញបុរសដែលមានអារក្សចូលកាលពីមុន អង្គុយ មានសម្លៀកបំពាក់ ហើយដឹងស្មារតី នោះគេក៏នាំគ្នាកោតស្ញប់ស្ញែង។ 16 អស់អ្នកដែលបានឃើញផ្ទាល់នឹងភ្នែក រៀបរាប់ប្រាប់គេអំពីហេតុការណ៍ ដែលកើតមានដល់បុរសនោះ និង អំពីហ្វូងជ្រូក។ 17 គេទូលអង្វរព្រះយេស៊ូ អោយចាកចេញពីស្រុកភូមិរបស់គេ។ 18 ពេលព្រះអង្គកំពុងយាងចុះទូក បុរសដែលអារក្សចូលពីមុន បានអង្វរសុំនៅជាមួយព្រះអង្គ។ 19 ព្រះយេស៊ូមិនយល់ព្រមទេផ្ទុយទៅវិញ ទ្រង់មានព្រះបន្ទូលថា៖ «ចូរអ្នកត្រឡប់ទៅផ្ទះ ទៅនៅជាមួយក្រុមគ្រួសារវិញចុះ ហើយរៀបរាប់ហេតុការណ៍ទាំងប៉ុន្មាន ដែលព្រះអម្ចាស់បានប្រោសដល់អ្នកដោយព្រះហឫទ័យអាណិតអាសូរ»។ 20 បុរសនោះក៏ចេញទៅ ហើយចាប់ផ្ដើមប្រកាសប្រាប់អោយប្រជាជនក្នុងស្រុកដេកាប៉ូល ដឹងអំពីការទាំងអស់ដែលព្រះយេស៊ូបានប្រោសដល់គាត់។ អស់អ្នកដែលបានឮពាក្យគាត់កោតស្ញប់ស្ញែងក្រៃលែង។ 21 ព្រះយេស៊ូឆ្លងទូកពីត្រើយម្ខាងមកវិញ ព្រះអង្គគង់នៅឆ្នេរសមុទ្រ។ មានបណ្ដាជនច្រើនកុះករមកចោមរោមព្រះអង្គម្ដងទៀត។ 22 ពេលនោះ មានអ្នកទទួលខុសត្រូវលើសាលាប្រជុំ ម្នាក់ឈ្មោះយ៉ៃរូស មកដល់។ កាលគាត់ឃើញព្រះយេស៊ូ គាត់ក្រាបទៀបព្រះបាទាព្រះអង្គ 23 ហើយទទូចអង្វរព្រះអង្គថា៖ «កូនស្រីរបស់ខ្ញុំប្របាទឈឺធ្ងន់ ជិតស្លាប់ សូមលោកអាណិតមេត្ដាអញ្ជើញទៅដាក់ដៃ លើនាង ដើម្បីសង្គ្រោះនាងអោយមានជីវិត»។ 24 ព្រះយេស៊ូយាងទៅជាមួយគាត់។ មានបណ្ដាជនជាច្រើន កុះករតាមព្រះអង្គទៅ ទាំងប្រជ្រៀតគ្នាជុំវិញព្រះអង្គ។ 25 នៅពេលនោះ មានស្ដ្រីម្នាក់កើតជំងឺធ្លាក់ឈាមដប់ពីរឆ្នំាមកហើយ។ 26 គ្រូពេទ្យជាច្រើនបានព្យាបាលនាង តែនាងឈឺចុកចាប់រឹតតែខ្លាំង។ នាងបានចំណាយទ្រព្យសម្បត្ដិទាំងប៉ុន្មាន ដែលនាងមាន តែជំងឺរបស់នាងនៅតែមិនបានធូរស្រាលទេ ផ្ទុយទៅវិញនាងកាន់តែឈឺខ្លាំងឡើងៗ។ 27 នាងបានឮគេនិយាយអំពីព្រះយេស៊ូ ក៏ចូលក្នុងចំណោមបណ្ដាជន ពាល់ព្រះពស្ដ្ររបស់ព្រះអង្គពីខាងក្រោយ 28 ដ្បិតនាងនឹកក្នុងចិត្ដថា៖ «បើខ្ញុំបានពាល់អាវរបស់លោក ខ្ញុំមុខជាទទួលការសង្គ្រោះមិនខាន»។ 29 រំពេចនោះ ឈាមឈប់ធ្លាក់ភ្លាម ហើយនាងដឹងថាខ្លួននាងបានជាសះស្បើយពីរោគា។ 30 នៅពេលនោះ ព្រះយេស៊ូជ្រាបភ្លាម ថាមានឫទ្ធានុភាពមួយចេញពីព្រះអង្គ ព្រះអង្គបែរទៅរកបណ្ដាជន មានព្រះបន្ទូលថា៖ «អ្នកណាពាល់អាវខ្ញុំ?»។ 31 ពួកសិស្ស ទូលព្រះអង្គថា៖ «ព្រះគ្រូឃើញស្រាប់ហើយ បណ្ដាជនប្រជ្រៀតប៉ះនឹងព្រះគ្រូគ្រប់គ្នា ចុះហេតុដូចម្ដេចបានជាព្រះគ្រូសួរថា អ្នកណាពាល់ព្រះគ្រូដូច្នេះ?»។ 32 ព្រះយេស៊ូទតមើលជុំវិញដើម្បីអោយដឹងថា អ្នកណាបានពាល់ព្រះអង្គ។ 33 ស្ដ្រីនោះភ័យញ័ររន្ធត់ ព្រោះនាងដឹងអំពីហេតុដែលកើតដល់ខ្លួននាង។ នាងមកក្រាបទៀបព្រះបាទាព្រះយេស៊ូ ហើយទូលការពិតទាំងអស់ថ្វាយព្រះអង្គ។ 34 ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «កូនស្រីអើយ! ជំនឿរបស់នាងបានសង្គ្រោះនាងហើយ សូមអញ្ជើញទៅអោយបានសុខសាន្ដ ហើយសូមអោយនាងជាសះស្បើយពីជំងឺចុះ!»។ 35 កាលព្រះយេស៊ូកំពុងតែមានព្រះបន្ទូលនៅឡើយ មានគេមកពីផ្ទះលោកយ៉ៃរូស ជំរាបគាត់ថា៖«កូនស្រីលោកផុតដង្ហើមទៅហើយ ម្ដេចក៏នៅរំខានលោកគ្រូធ្វើអ្វី?»។ 36 ព្រះយេស៊ូមិនយកព្រះហឫទ័យទុកដាក់នឹងពាក្យរបស់អ្នកទាំងនោះឡើយ តែព្រះអង្គមានព្រះបន្ទូលទៅលោកយ៉ៃរូសថា៖ «កុំខ្លាចអី គ្រាន់តែជឿប៉ុណ្ណោះបានហើយ»។ 37 ព្រះអង្គមិនអនុញ្ញាតអោយអ្នកណាទៅតាមព្រះអង្គឡើយ លើកលែងតែលោកពេត្រុស លោកយ៉ាកុប និង លោកយ៉ូហានជាប្អូនរបស់គាត់។ 38 កាលទៅដល់ផ្ទះលោកយ៉ៃរូស ជាអ្នកទទួលខុសត្រូវលើសាលាប្រជុំ ព្រះយេស៊ូទតឃើញមនុស្សម្នាជ្រួលច្របល់ ព្រមទាំងទ្រហោយំជាខ្លាំងផង។ 39 ព្រះអង្គយាងចូលទៅក្នុងផ្ទះ មានព្រះបន្ទូល ទៅគេថា៖ «ហេតុដូចម្ដេចបានជាអ្នករាល់គ្នាជ្រួលច្របល់ ហើយទ្រហោយំដូច្នេះ? ក្មេងនេះមិន ស្លាប់ទេ នាងគ្រាន់តែដេកលក់ទេតើ!»។ 40 គេនាំគ្នាចំអកដាក់ព្រះអង្គ ព្រះអង្គក៏ដេញគេអោយចេញទៅក្រៅទាំងអស់គ្នា រួចទ្រង់នាំតែឪពុកម្ដាយក្មេង និង សិស្សទាំងបីរូប ចូលទៅក្នុងបន្ទប់ដែល ក្មេងស្រីនោះដេក។ 41 ព្រះអង្គចាប់ដៃក្មេងស្រីនោះ ទាំងមានព្រះបន្ទូលថា៖ «តាលីថាគូមី!» (ប្រែថា "នាងតូចអើយ ខ្ញុំប្រាប់នាងថា ចូរក្រោកឡើង!")។ 42 ក្មេងស្រីក៏ក្រោកឡើងដើរមួយរំពេច ដ្បិតនាងមានអាយុដប់ពីរឆ្នំាហើយ។ គេងឿងឆ្ងល់ពន់ប្រមាណ 43 ប៉ុន្ដែ ព្រះយេស៊ូហាមប្រាមគេ មិនអោយប្រាប់នរណាដឹងរឿងនេះឡើយ។ បន្ទាប់មក ព្រះអង្គប្រាប់គេអោយយក ចំណីអាហារមកអោយក្មេងស្រីនោះ បរិភោគ។

លូកា 6

1 ព្រះយេស៊ូយាងចេញពីទីនោះត្រឡប់ទៅភូមិស្រុករបស់ព្រះអង្គវិញ ពួកសិស្ស ក៏ទៅតាមព្រះអង្គដែរ។ 2 លុះដល់ថ្ងៃសប្ប័ទ ព្រះអង្គបង្រៀនអ្នកស្រុកនៅក្នុងសាលាប្រជុំ ។ មនុស្សជាច្រើនដែលបានស្ដាប់ព្រះអង្គ ងឿងឆ្ងល់ក្រៃលែង។ គេនិយាយគ្នាថា៖ «តើគាត់ដឹងសេចក្ដីទាំងនេះ មកពីណា? ប្រាជ្ញាដែលគាត់បានទទួលនេះ ជាប្រាជ្ញាអ្វីទៅ? ការអស្ចារ្យដែលគាត់បានធ្វើនេះ កើតឡើងដោយវិធីណា? 3 តើអ្នកនេះមិនមែនជាជាងឈើ ជាកូននាងម៉ារី ជាបងប្អូនរបស់យ៉ាកុប យ៉ូសែប យូដាស និង ស៊ីម៉ូនទេឬអី? ប្អូនស្រីរបស់គាត់ទាំងប៉ុន្មាន ក៏រស់នៅក្នុងភូមិនេះជាមួយយើងដែរ!»។ ហេតុនេះហើយបានជាគេមិនអាចជឿព្រះអង្គបានឡើយ។ 4 ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ធម្មតាគេមើលងាយព្យាការី តែក្នុងស្រុកកំណើតក្នុងក្រុមគ្រួសារ និង ក្នុងផ្ទះរបស់លោកប៉ុណ្ណោះ»។ 5 នៅទីនោះ ព្រះអង្គពុំអាចធ្វើការអស្ចារ្យអ្វីបានឡើយ បានត្រឹមតែដាក់ព្រះហស្ដលើអ្នកជំងឺខ្លះ ដើម្បីប្រោសគេអោយបានជាប៉ុណ្ណោះ។ 6 ព្រះអង្គនឹកឆ្ងល់ ដោយឃើញគេគ្មានជំនឿបែបនេះ។ ព្រះយេស៊ូយាងទៅភូមិនានាដែលនៅជុំវិញ ហើយទ្រង់បង្រៀនអ្នកស្រុក។ 7 ពេលនោះ ព្រះអង្គត្រាស់ហៅសិស្ស ទាំងដប់ពីររូបមក រួចទ្រង់ចាត់គេពីរៗនាក់អោយទៅ ទាំងប្រទានអោយគេមានអំណាចដេញលើវិញ្ញាណអាក្រក់ផង។ 8 ព្រះអង្គផ្ដែផ្ដាំគេមិនអោយយកអ្វីទៅជាមួយ ក្នុងពេលធ្វើដំណើរឡើយ លើកលែងតែដំបងប៉ុណ្ណោះ៖ «កុំយកចំណីអាហារ ថង់យាម ឬ យកប្រាក់កាសជាប់នឹងខ្លួន 9 ចូរពាក់ស្បែកជើង តែមិនត្រូវយកអាវពីរបន្លាស់ទៅជាមួយអោយសោះ»។ 10 ព្រះអង្គមានព្រះបន្ទូលថា៖«បើអ្នករាល់គ្នាចូលផ្ទះណា ចូរស្នាក់នៅផ្ទះនោះ រហូតដល់ពេលអ្នករាល់គ្នាចេញពីស្រុកនោះទៅ។ 11 បើនៅកន្លែងណា គេមិនព្រមទទួល មិនព្រមស្ដាប់អ្នករាល់គ្នា ចូរចេញពីកន្លែងនោះទៅ ហើយរលាស់ធូលីដីចេញពីជើងអ្នករាល់គ្នាផង ទុកជាសញ្ញាព្រមានគេ»។ 12 ពួកសិស្សក៏ចេញទៅ ប្រកាសអោយមនុស្សម្នាកែប្រែចិត្ដគំនិត។ 13 គេបានដេញអារក្សជាច្រើនចេញពីមនុស្ស ព្រមទាំងចាក់ប្រេងលើអ្នកជំងឺច្រើននាក់ ដើម្បីប្រោសអោយគេបានជាសះស្បើយ។ 14 ព្រះបាទហេរ៉ូដបានជ្រាបអំពីហេតុការណ៍ទាំងអស់នោះ ដ្បិតព្រះកិត្ដិនាមរបស់ព្រះយេស៊ូបានល្បីឮខ្ចរខ្ចាយ។ មានគេនិយាយថា៖ «លោកយ៉ូហានបាទីស្ដបានរស់ឡើងវិញ។ ហេតុនេះហើយបានជាលោកមានអំណាចនឹងធ្វើការអស្ចារ្យយ៉ាងនេះ»។ 15 អ្នកខ្លះថា៖ «លោកជាព្យាការីអេលីយ៉ា» ហើយខ្លះទៀតថា៖ «លោកជាព្យាការី ម្នាក់ដូចព្យាការីឯទៀតៗពីជំនាន់ដើមដែរ»។ 16 រីឯព្រះបាទហេរ៉ូដវិញ កាលបានជ្រាបដំណឹងនេះ ទ្រង់មានរាជឱង្ការថា៖ «អ្នកនេះពិតជាលោកយ៉ូហានដែលយើងបានអោយគេកាត់កមែន ឥឡូវនេះ គាត់រស់ឡើងវិញ»។ 17 ព្រះបាទហេរ៉ូដបានបញ្ជាអោយគេចាប់លោកយ៉ូហានដាក់ច្រវាក់យកទៅឃុំឃាំង ដោយទ្រង់ជឿតាមព្រះនាងហេរ៉ូឌាស ដែលត្រូវជាមហេសីរបស់ស្ដេចភីលីព ជាអនុជ ហើយព្រះអង្គយកមកធ្វើជាមហេសី។ 18 លោកយ៉ូហានបានបន្ទោសស្ដេចហេរ៉ូដថា៖ «ព្រះករុណាគ្មានសិទ្ធិនឹងយកមហេសីរបស់អនុជមកធ្វើជាមហេសីទេ»។ 19 ព្រះនាងហេរ៉ូឌាសចងគំនុំ ប៉ងសម្លាប់លោកយ៉ូហាន តែរកសម្លាប់ពុំកើត 20 ដ្បិតព្រះបាទហេរ៉ូដខ្លាចលោកយ៉ូហាន ព្រោះទ្រង់ជ្រាបថា លោកជាមនុស្សសុចរិត និង ជាអ្នកដ៏វិសុទ្ធ ។ ដូច្នេះ ទ្រង់ការពារលោក។ កាលទ្រង់ព្រះសណ្ដាប់ពាក្យលោកយ៉ូហាន ទ្រង់សព្វព្រះហឫទ័យជាខ្លាំង តែទ្រង់រារែកមិនដឹងជាត្រូវគិតយ៉ាងណា។ 21 មានថ្ងៃមួយ ក្នុងឱកាសបុណ្យចំរើនព្រះជន្មរបស់ព្រះបាទហេរ៉ូដ ព្រះអង្គបានរៀបចំពិធីជប់លៀង ដោយអញ្ជើញអស់លោកមន្ដ្រី មេទ័ព និង នាម៉ឺនធំៗ ក្នុងស្រុកកាលីឡេមកចូលរួម។ ពេលនោះ ជាឱកាសល្អដល់ព្រះនាងហេរ៉ូឌាស។ 22 បុត្រីរបស់ព្រះនាងក៏ចូលមករំា ធ្វើអោយស្ដេចហេរ៉ូដ និង ភ្ញៀវទាំងអស់ពេញចិត្ដណាស់។ ស្ដេចក៏មានរាជឱង្ការទៅកាន់នាងថា៖ «បើនាងចង់បានអ្វី ចូរសុំពីយើងចុះ យើងនឹងអោយនាង»។ 23 រួចស្ដេចស្បថនឹងនាងថា៖ «អ្វីៗដែលនាងសុំពីយើង យើងនឹងអោយនាង ទោះបីនគរមួយចំហៀងក៏ដោយ»។ 24 នាងក៏ចេញទៅសួរមាតាថា៖ «តើខ្ញុំម្ចាស់ត្រូវសុំអ្វី?»។ មាតាឆ្លើយថា៖ «ត្រូវសុំក្បាលរបស់យ៉ូហានបាទីស្ដ!»។ 25 នាងក៏ប្រញាប់ត្រឡប់ទៅគាល់ស្ដេចវិញភ្លាម រួចទូលថា៖«ខ្ញុំម្ចាស់ចង់បានក្បាលរបស់យ៉ូហានបាទីស្ដដាក់លើថាសឥឡូវនេះ!»។ 26 ស្ដេចព្រួយព្រះហឫទ័យក្រៃលែង តែមិនហ៊ានបដិសេធឡើយ ព្រោះទ្រង់បានស្បថនៅមុខភ្ញៀវទាំងអស់គ្នា។ 27 ទ្រង់បញ្ជាទាហានម្នាក់ អោយទៅយកក្បាលលោកយ៉ូហានមកភ្លាម។ 28 ទាហានទៅគុកកាត់ កលោកយ៉ូហាន យកក្បាល ដាក់លើថាសមួយមកប្រគល់អោយនាង ហើយនាងយកទៅថ្វាយមាតា។ 29 កាលពួកសិស្សរបស់លោក យ៉ូហានបានឮដំណឹងនេះ គេនាំគ្នាមកយកសពរបស់លោកទៅបញ្ចុះក្នុងផ្នូរ។ 30 ពួកសាវ័ក វិលត្រឡប់មកគាល់ព្រះ យេស៊ូវិញរៀបរាប់ទូលព្រះអង្គអំពីកិច្ចការទាំងប៉ុន្មានដែលគេបានធ្វើ និង សេចក្ដីទាំងអស់ដែលគេបានបង្រៀន។ 31 មនុស្សជាច្រើនធ្វើដំណើរទៅមក ធ្វើអោយព្រះយេស៊ូ និង ពួកសិស្ស រកពេលបរិភោគពុំបានសោះ។ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ពួកសិស្សថា៖ «ចូរនាំគ្នាមក រកកន្លែងស្ងាត់ដាច់ឡែកពីបណ្ដាជន សំរាកបន្ដិចសិន»។ 32 ព្រះយេស៊ូក៏យាងចុះទូកជាមួយពួកសិស្ស ឆ្ពោះទៅកាន់កន្លែងមួយស្ងាត់ដាច់ឡែក។ 33 ប៉ុន្ដែ មានមនុស្សជាច្រើនបានឃើញព្រះយេស៊ូ និង ពួកសិស្សចេញដំណើរទៅ គេក៏ស្គាល់ព្រះអង្គ និង សិស្សហើយនាំគ្នារត់ចេញពីទីក្រុងនានាទៅមុន។ 34 កាលព្រះយេស៊ូយាងឡើងពីទូកមក ទតឃើញមហាជនច្រើនយ៉ាងនេះ ទ្រង់មានព្រះហឫទ័យអាណិតអាសូរគេពន់ពេកណាស់ ព្រោះអ្នកទាំងនោះប្រៀបបីដូចជាចៀម ដែលគ្មានគង្វាលថែទាំ។ ព្រះអង្គក៏បង្រៀនគេអំពីសេចក្ដីផ្សេងៗជាច្រើន។ 35 ពេលនោះថ្ងៃកាន់តែជ្រេណាស់ហើយ សិស្សនាំគ្នាចូលមកគាល់ព្រះយេស៊ូ ទូលព្រះអង្គថា៖ «ទីនេះស្ងាត់ណាស់ ថ្ងៃក៏ជិតលិចផង 36 សូមប្រាប់អ្នកទាំងនេះអោយត្រឡប់ទៅវិញទៅរកទិញម្ហូបអាហារបរិភោគ តាមផ្ទះ តាមភូមិជិតៗនេះ»។ 37 ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេវិញថា៖«ចូរអ្នករាល់គ្នាយកម្ហូបអាហារអោយគេបរិភោគទៅ!»។ គេទូលព្រះអង្គថា៖ «តើយើងត្រូវយកប្រាក់ពីររយដួង ទៅទិញម្ហូបអាហារអោយគេបរិភោគឬ?»។ 38 ព្រះអង្គមានព្រះបន្ទូលសួរគេថា៖«ទៅមើលមើល៍អ្នករាល់គ្នាមាននំបុ័ងប៉ុន្មានដុំ?»។ កាលបានដឹងហើយ គេទូលព្រះអង្គថា៖«យើងខ្ញុំមាននំបុ័ងប្រាំដុំ និង ត្រីងៀតពីរកន្ទុយ»។ 39 ព្រះយេស៊ូបង្គាប់ពួកសិស្សអោយប្រាប់បណ្ដាជន អង្គុយជាក្រុមៗនៅលើស្មៅខៀវខ្ចី។ 40 គេអង្គុយជាជួរ ជួរខ្លះមានមួយរយនាក់ ជួរខ្លះមាន ហាសិបនាក់។ 41 ព្រះយេស៊ូយកនំបុ័ងទាំងប្រាំដុំ និង ត្រីពីរកន្ទុយនោះមកកាន់ ទ្រង់ងើបព្រះភ័ក្ដ្រឡើង សរសើរតម្កើងព្រះជាម្ចាស់ ហើយកាច់នំបុ័ងប្រទានអោយពួកសិស្ស ដើម្បីអោយគេចែកបណ្ដាជនបរិភោគ ព្រះអង្គក៏ចែកត្រីពីរកន្ទុយនោះអោយគេទាំងអស់គ្នាដែរ។ 42 អ្នកទាំងនោះបរិភោគឆ្អែតគ្រប់ៗគ្នា។ 43 ពួកសិស្ស ប្រមូលនំបុ័ង និង ត្រីដែលនៅសល់ ដាក់បានពេញដប់ពីរល្អី។ 44 ក្នុងចំណោមអ្នកដែលបរិភោគនំបុ័ង មានប្រុសៗចំនួនប្រាំពាន់នាក់។ 45 រំពេចនោះ ព្រះយេស៊ូបញ្ជាពួកសិស្ស អោយចុះទូកឆ្លងទៅត្រើយម្ខាង ឆ្ពោះទៅភូមិបេតសៃដាមុនព្រះអង្គ ហើយព្រះអង្គប្រាប់បណ្ដាជនអោយត្រឡប់ទៅវិញ។ 46 កាលអោយបណ្ដាជនចេញផុតអស់ហើយព្រះយេស៊ូយាងទៅអធិស្ឋាននៅលើភ្នំ។ 47 លុះដល់យប់ ទូកបានទៅដល់កណ្ដាលសមុទ្រ រីឯព្រះយេស៊ូវិញទ្រង់គង់នៅលើគោកតែមួយព្រះអង្គឯង។ 48 ព្រះអង្គទតឃើញសិស្សកំពុងតែអុំទូកយ៉ាងលំបាកដ្បិតបញ្ច្រាសខ្យល់។ ពេលជិតភ្លឺ ព្រះអង្គយាងលើទឹក ឆ្ពោះទៅរកពួកគេ ហើយធ្វើដូចជាចង់យាងបង្ហួស។ 49 កាលពួកសិស្សឃើញព្រះអង្គយាងលើទឹកសមុទ្រដូច្នេះ គេស្មានថាខ្មោចលងក៏នាំគ្នាស្រែក 50 ដ្បិតគេបានឃើញព្រះអង្គគ្រប់ៗគ្នា ហើយភ័យរន្ធត់ជាខ្លាំង។ ព្រះយេស៊ូក៏មានព្រះបន្ទូលទៅគេភ្លាមថា៖ «ចូរតាំងចិត្ដក្លាហានឡើង ខ្ញុំទេតើ កុំខ្លាចអី!»។ 51 បន្ទាប់មក ព្រះអង្គយាងចូលក្នុងទូកជាមួយគេ ហើយខ្យល់ក៏ស្ងប់។ ពួកសិស្សងឿងឆ្ងល់ពន់ពេកណាស់ 52 ដ្បិតគេពុំទាន់បានយល់អំពីរឿងនំបុ័ងមកពីគេមានចិត្ដរឹងរូស។ 53 កាលព្រះយេស៊ូ និង ពួកសិស្ស បានឆ្លងទៅដល់ត្រើយម្ខាងក្នុងស្រុកគេនេសារ៉ែតហើយ គេក៏នាំគ្នាចតទូក។ 54 ព្រះអង្គយាងឡើងលើគោកជាមួយសិស្ស ពេលនោះ មនុស្សម្នាស្គាល់ព្រះអង្គភ្លាម។ 55 គេរត់ទៅគ្រប់កន្លែងក្នុងតំបន់ ហើយនាំគ្នាសែងអ្នកជំងឺទៅកន្លែងដែលគេឮថាព្រះអង្គគង់នៅ។ 56 គ្រប់កន្លែងដែលព្រះយេស៊ូយាងទៅ ទោះបីនៅក្នុងភូមិក្នុងក្រុង ឬ តាមស្រុកស្រែក្ដី គេយកអ្នកជំងឺមកដាក់នៅតាមទីផ្សារ ទូលអង្វរសុំគ្រាន់តែពាល់ជាយព្រះពស្ដ្រព្រះអង្គប៉ុណ្ណោះៗអស់អ្នកដែលពាល់ព្រះអង្គ បានជាសះស្បើយគ្រប់ៗគ្នា។

លូកា 7

1 មានពួកខាងគណៈផារីស៊ី និង អាចារ្យ ខ្លះ នាំគ្នាមកពីក្រុងយេរូសាឡឹមទៅជួបព្រះយេស៊ូ។ 2 គេឃើញសិស្ស របស់ព្រះអង្គខ្លះបរិភោគអាហារ ដោយដៃមិនបរិសុទ្ធ គឺគេពុំបានលាងដៃជាមុន។ 3 ធម្មតាពួកផារីស៊ី និង ជនជាតិយូដាទាំងអស់ តែងតែធ្វើពិធីលាងដៃយ៉ាងស្អាតហ្មត់ចត់មុននឹងបរិភោគ តាមទំនៀមទម្លាប់របស់ចាស់បុរាណ។ 4 នៅពេលត្រឡប់មកពីផ្សារវិញ ដរាបណាគេមិនបានធ្វើពិធីលាងសំអាតខ្លួនជាមុនទេ គេមិនបរិភោគឡើយ។ គេកាន់ទំនៀមទម្លាប់ផ្សេងៗទៀតជាច្រើន ដូចជាពិធីលាងពែង លាងថូទឹក លាងឆ្នំាង លាងតុជាដើម។ 5 ពួកខាងគណៈផារីស៊ី និង ពួកអាចារ្យទូលសួរព្រះយេស៊ូថា៖ «ហេតុអ្វីបានជាសិស្សរបស់លោកមិនកាន់តាមទំនៀមទម្លាប់ចាស់បុរាណ គឺនាំគ្នាបរិភោគដោយដៃមិនបរិសុទ្ធដូច្នេះ?»។ 6 ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖«ព្យាការី អេសាយបានថ្លែងទុកថា "អ្នករាល់គ្នាជាមនុស្សមានពុត" ត្រូវណាស់ ដូចមានចែងថាៈ ប្រជារាស្ដ្រនេះគោរពយើងតែបបូរមាត់ ឯចិត្ដគេនៅឆ្ងាយពីយើង។ 7 គេថ្វាយបង្គំយើង តែឥតបានការអ្វីសោះ ព្រោះគេបង្រៀនតែក្បួនច្បាប់របស់មនុស្សប៉ុណ្ណោះ។ 8 អ្នករាល់គ្នាបោះបង់ចោលបទបញ្ជារបស់ព្រះជាម្ចាស់ បែរទៅកាន់តាមទំនៀមទម្លាប់របស់មនុស្ស វិញ»។ 9 ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «អ្នករាល់គ្នាលុបបំបាត់បទបញ្ជារបស់ព្រះជាម្ចាស់ចោល បែរទៅកាន់តាមទំនៀមទម្លាប់របស់អ្នករាល់គ្នាផ្ទាល់វិញ។ 10 លោកម៉ូសេ បានថ្លែងថាៈ "ចូរគោរពមាតាបិតារបស់អ្នក អ្នកណាជេរប្រទេចផ្ដាសាមាតារបស់ខ្លួន ត្រូវមានទោសដល់ជីវិត" 11 រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាបែរជាពោលថាៈ "ប្រសិនបើមនុស្សម្នាក់និយាយទៅឪពុកម្ដាយថា អ្វីៗដែលខ្ញុំត្រូវជូនលោកឪពុកអ្នកម្ដាយបានរាប់ថាគ័របាន់ ស្រេចទៅហើយ "(ពាក្យនេះប្រែថាទុកជាតង្វាយថ្វាយព្រះជាម្ចាស់)។ 12 អ្នករាល់គ្នាពុំទុកអោយគាត់ ជួយឪពុកម្ដាយឡើយ។ 13 អ្នករាល់គ្នាបានបំបាត់តម្លៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយសារទំនៀមទម្លាប់ដែលអ្នករាល់គ្នាបានបង្រៀនតៗគ្នា។ អ្នករាល់គ្នាបានធ្វើការផ្សេងៗជាច្រើន ស្រដៀងនឹងការទាំងនេះដែរ»។ 14 បន្ទាប់មក ព្រះយេស៊ូត្រាស់ហៅបណ្ដាជនមកម្ដងទៀត រួចមានព្រះបន្ទូលទៅគេថា៖ «ចូរស្ដាប់ខ្ញុំទាំងអស់គ្នា ហើយយល់អោយច្បាស់ថា 15 អ្វីៗពីខាងក្រៅ ចូលទៅក្នុងមនុស្ស ពុំអាចធ្វើអោយមនុស្សក្លាយទៅជាមិនបរិសុទ្ធ បានឡើយ ផ្ទុយទៅវិញ មានតែអ្វីៗចេញពីមនុស្សប៉ុណ្ណោះដែលធ្វើអោយមិនបរិសុទ្ធ [ 16 អ្នកណាឮពាក្យនេះហើយ ចូរយកទៅពិចារណាចុះ]»។ 17 កាលព្រះយេស៊ូយាងចេញពីបណ្ដាជន ចូលទៅក្នុងផ្ទះ ពួកសិស្ស នាំគ្នាទូលសួរព្រះអង្គអំពីប្រស្នានេះ។ 18 ព្រះអង្គមានព្រះបន្ទូលទៅគេថា៖«អ្នករាល់គ្នាក៏គ្មានប្រាជ្ញាដូចពួកគេដែរឬ? អ្នករាល់គ្នាត្រូវយល់ថា អ្វីៗពីខាងក្រៅចូលទៅក្នុងមនុស្ស ពុំអាចធ្វើអោយគេក្លាយទៅជាមិនបរិសុទ្ធបានឡើយ 19 ដ្បិតអ្វីៗទាំងនោះមិនចូលទៅក្នុងចិត្ដទេគឺចូលទៅក្នុងពោះ រួចចេញមកធ្លាក់ទៅទីបន្ទោរបង់»។ ព្រះអង្គបញ្ជាក់ថាគ្រប់អាហារសុទ្ធតែបរិសុទ្ធទាំងអស់។ 20 ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «មានតែអ្វីៗចេញពីមនុស្សប៉ុណ្ណោះ ដែលធ្វើអោយគេមិនបរិសុទ្ធ 21 ដ្បិតគំនិតអាក្រក់ទាំងប៉ុន្មាន សុទ្ធតែចេញមកពីខាងក្នុងចិត្ដរបស់មនុស្សគឺគំនិតដែលនាំអោយប្រព្រឹត្ដកាមគុណថោកទាប លួចប្លន់ កាប់សម្លាប់ 22 ផិតក្បត់ លោភលន់ចង់បានទ្រព្យគេ កាចសាហាវ បោកប្រាស់គេ ប្រព្រឹត្ដអបាយមុខច្រណែនឈ្នានីស អំនួត និង គំនិតលេលា។ 23 ការអាក្រក់ទាំងនេះហើយ ដែលចេញពីខាងក្នុងមនុស្សមក ធ្វើអោយគេក្លាយទៅជាមិនបរិសុទ្ធ »។ 24 ព្រះយេស៊ូយាងចាកចេញពីទីនោះ ឆ្ពោះទៅកាន់តំបន់ជិតក្រុងទីរ៉ូស។ ព្រះអង្គយាងចូលក្នុងផ្ទះមួយទ្រង់ពុំចង់អោយនរណាដឹងថាទ្រង់គង់នៅទីនោះឡើយតែលាក់មិនជិត។ 25 ភ្លាមនោះ ស្ដ្រីម្នាក់ដែលកូនស្រីមានវិញ្ញាណអាក្រក់ចូល បានឮគេនិយាយអំពីព្រះយេស៊ូនាងមកក្រាបទៀបព្រះបាទារបស់ព្រះអង្គ។ 26 ស្ដ្រីនោះជាសាសន៍ក្រិកមានកំណើតនៅភេនីសក្នុងស្រុកស៊ីរី។ នាងទូលសូមព្រះយេស៊ូដេញអារក្សចេញពីកូននាង។ 27 ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «ត្រូវទុកអោយកូនចៅបរិភោគឆ្អែតជាមុនសិន មិនគួរយកអាហាររបស់កូនចៅបោះទៅអោយកូនឆ្កែស៊ីឡើយ»។ 28 នាងទូលព្រះអង្គថា៖ «ពិតមែនហើយលោកម្ចាស់! ប៉ុន្ដែ កូនឆ្កែនៅក្រោមតុ វាស៊ីកំទេចអាហារដែលកូនក្មេងធ្វើអោយជ្រុះនោះបាន»។ 29 ពេលនោះព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖«ដោយនាងនិយាយដូច្នេះ ចូរនាងវិលត្រឡប់ទៅវិញចុះ អារក្សបានចេញពីកូននាងហើយ»។ 30 ពេលស្ដ្រីនោះមកដល់ផ្ទះ នាងឃើញកូនស្រីដេកនៅលើគ្រែ ដ្បិតអារក្សបានចេញពីក្មេងនោះហើយ។ 31 ព្រះយេស៊ូយាងចេញពីតំបន់ក្រុងទីរ៉ូស កាត់តាមតំបន់ក្រុងស៊ីដូន និង តំបន់ស្រុកដេកាប៉ូល ឆ្ពោះទៅសមុទ្រកាលីឡេវិញ។ 32 គេនាំបុរសថ្លង់ម្នាក់មកគាល់ព្រះអង្គ។ ម៉្យាងទៀត បុរសនោះពុំអាចនិយាយបានស្រួលដូចធម្មតាផង។ គេទូលអង្វរសូមអោយព្រះអង្គដាក់ព្រះហស្ដេលីគាត់។ 33 ព្រះអង្គនាំគាត់ចេញទៅដោយឡែកដាច់ពីបណ្ដាជន ទ្រង់ដាក់ព្រះអង្គុលីក្នុងត្រចៀកគាត់ ហើយស្ដោះទឹកព្រះឱស្ឋយកទៅផ្ដិតលើអណ្ដាតគាត់ 34 រួចព្រះអង្គងើបព្រះភ័ក្ដ្រឡើង ទតទៅលើមេឃ ដកដង្ហើមធំ ហើយមានព្រះបន្ទូលថា «អិបផាថា» (ប្រែថាៈ ចូរបើកឡើង)។ 35 រំពេចនោះស្រាប់តែត្រចៀករបស់បុរសនោះអាចស្ដាប់ឮ អណ្ដាតរបស់គាត់ក៏គ្រលាស់បាន ហើយគាត់ក៏និយាយស្ដីបានច្បាស់លាស់។ 36 ព្រះយេស៊ូបានហាមប្រាមពួកគេមិនអោយនិយាយហេតុការណ៍នេះ ប្រាប់នរណាសោះឡើយ។ ប៉ុន្ដែ ទោះបីព្រះអង្គហាមប្រាមយ៉ាងណាក៏ដោយ គេរឹតតែប្រកាសខ្លាំងឡើងៗ។ 37 មនុស្សម្នាងឿងឆ្ងល់ពន់ពេកណាស់ ហើយពោលថា៖ «គ្រប់កិច្ចការដែលលោកធ្វើ សុទ្ធតែល្អទាំងអស់ សូម្បីតែមនុស្សថ្លង់ ក៏លោកធ្វើអោយឮបាន មនុស្សគក៏លោកធ្វើអោយនិយាយបានដែរ»។

លូកា 8

1 នៅពេលនោះ បណ្ដាជនយ៉ាងច្រើនកុះករមកប្រជុំគ្នាសាជាថ្មីម្ដងទៀត។ ដោយគេគ្មានអ្វីបរិភោគ ព្រះយេស៊ូត្រាស់ហៅពួកសិស្ស មក មានព្រះបន្ទូលថា៖ 2 «ខ្ញុំអាណិតអាសូរបណ្ដាជននេះពន់ពេកណាស់ ដ្បិតគេនៅជាមួយខ្ញុំអស់រយៈពេលបីថ្ងៃមកហើយ ហើយគ្មានអ្វីបរិភោគសោះ។ 3 ប្រសិនបើខ្ញុំអោយគេត្រឡប់ទៅផ្ទះវិញ ទាំងពោះទទេ គេមុខជាអស់កម្លំាងដួលតាមផ្លូវមិនខាន ព្រោះអ្នកខ្លះបានធ្វើដំណើរមកពីស្រុកឆ្ងាយ»។ 4 ពួកសិស្សទូលព្រះអង្គថា៖ «ទីនេះស្ងាត់ណាស់ តើរកម្ហូបអាហារ ឯណាអោយគេបរិភោគឆ្អែតគ្រប់គ្នាបាន?»។ 5 ព្រះយេស៊ូមានព្រះបន្ទូលសួរថា៖«តើអ្នករាល់គ្នាមាននំបុ័ងប៉ុន្មានដុំ?»។ ពួកគេទូលថា៖ «មានប្រាំពីរដុំ»។ 6 ព្រះអង្គក៏ប្រាប់បណ្ដាជនអោយអង្គុយផ្ទាល់នឹងដី ទ្រង់យកនំបុ័ងទាំងប្រាំពីរដុំមកកាន់ អរព្រះគុណព្រះជាម្ចាស់ ហើយកាច់ប្រទានអោយពួកសិស្ស ចែកបណ្ដាជន។ 7 គេមានត្រីតូចៗខ្លះដែរ។ ព្រះយេស៊ូអរព្រះគុណព្រះជាម្ចាស់ រួចប្រាប់ពួកសិស្សអោយចែកត្រីទាំងនោះដល់គេ។ 8 គេបានបរិភោគឆ្អែតទាំងអស់គ្នា ហើយប្រមូលនំបុ័ង និង ត្រីដែលនៅសល់ បានប្រាំពីរជាល។ 9 នៅពេលនោះ មានមនុស្សទាំងអស់ប្រមាណជាបួនពាន់នាក់។ បន្ទាប់មក ព្រះយេស៊ូប្រាប់គេអោយវិលត្រឡប់ទៅផ្ទះវិញ។ 10 ភ្លាមនោះ ព្រះអង្គយាងចុះទូក ជាមួយពួកសិស្ស ឆ្ពាះទៅតំបន់ដាល់ម៉ានូថា។ 11 ពួកខាងគណៈផារីស៊ី មកដល់ ហើយនាំគ្នាជជែកជាមួយព្រះយេស៊ូ ដើម្បីល្បងលមើលព្រះអង្គ គេសូមអោយព្រះអង្គសំដែងទីសំគាល់ដ៏អស្ចារ្យអ្វីមួយបញ្ជាក់ថា ព្រះអង្គបានទទួលអំណាចពីព្រះជាម្ចាស់។ 12 ព្រះយេស៊ូដកដង្ហើមធំរួចមានព្រះបន្ទូលថា៖ «ហេតុអ្វីបានជាមនុស្សជំនាន់នេះចង់ឃើញទីសំគាល់ដូច្នេះ? ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា ព្រះជាម្ចាស់មិនអោយគេឃើញទីសំគាល់ណាឡើយ»។ 13 បន្ទាប់មក ព្រះអង្គយាងចាកចេញ ពីគេចុះទូកឆ្លងទៅត្រើយម្ខាងវិញ។ 14 ពួកសិស្សភ្លេចយកនំបុ័ងទៅជាមួយ។ ក្នុងទូកគេមាននំបុ័ងតែមួយដុំប៉ុណ្ណោះ។ 15 ព្រះយេស៊ូមានព្រះបន្ទូលដាស់តឿនគេថា៖ «ចូរអ្នករាល់គ្នាប្រុងប្រយ័ត្ននឹងមេម្សៅរបស់ពួកផារីស៊ី ព្រមទាំងមេម្សៅរបស់ស្ដេចហេរ៉ូដ អោយមែនទែន»។ 16 ពួកសិស្ស ជជែកគ្នាថា៖ «លោកមានប្រសាសន៍ដូច្នេះ មកពីយើងគ្មាននំបុ័ងទេដឹង!»។ 17 ព្រះយេស៊ូជ្រាបគំនិតពួកគេ ក៏មានព្រះបន្ទូលថា៖«ម្ដេចក៏ជជែកគ្នាអំពីរឿងគ្មាននំបុ័ងដូច្នេះ? តើអ្នករាល់គ្នាពុំទាន់ស្ដាប់បាន ពុំទាន់យល់សេចក្ដីទេឬ? ឬមួយអ្នករាល់គ្នាមានចិត្ដរឹងរូស?។ 18 អ្នករាល់គ្នាមានភ្នែក តែមើលមិនឃើញ មានត្រចៀកតែស្ដាប់មិនឮឬ!។ តើអ្នករាល់គ្នាចាំឬទេ 19 កាលខ្ញុំកាច់នំបុ័ងប្រាំដុំ ចែកអោយមនុស្សប្រាំពាន់នាក់ តើអ្នករាល់គ្នាប្រមូលនំបុ័ងដែលសល់បានប៉ុន្មានល្អី?»។ គេទូលព្រះអង្គថា៖ «ដប់ពីរល្អី»។ 20 «ចុះកាលខ្ញុំកាច់នំបុ័ងប្រាំពីរដុំ ចែកអោយមនុស្សបួនពាន់នាក់ តើអ្នករាល់គ្នាប្រមូលបានប៉ុន្មានជាល?»។ គេទូលថា៖ «ប្រាំពីរជាល»។ 21 ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នានៅតែពុំទាន់យល់ ទៀតឬ!»។ 22 ព្រះយេស៊ូ និង ពួកសិស្ស ធ្វើដំណើរមកដល់ភូមិបេតសៃដា។ នៅពេលនោះ មានគេនាំមនុស្សខ្វាក់ម្នាក់មកគាល់ព្រះអង្គ ហើយទូលអង្វរសូមអោយព្រះអង្គពាល់គាត់។ 23 ព្រះយេស៊ូក៏ដឹកដៃមនុស្សខ្វាក់នោះ នាំចេញទៅខាងក្រៅភូមិ ព្រះអង្គយកទឹកព្រះឱស្ឋដាក់លើភ្នែកគាត់ ហើយដាក់ព្រះហស្ដលើគាត់ ទាំងមានព្រះបន្ទូលសួរថា៖ «តើអ្នកមើលឃើញអ្វីខ្លះទេ?» 24 បុរសនោះបើកភ្នែកឡើង ទូលថា៖ «ខ្ញុំឃើញមនុស្សដើរស្ទុងៗ មើលទៅដូចជាដើមឈើ»។ 25 ព្រះយេស៊ូក៏ដាក់ព្រះហស្ដលើភ្នែកគាត់ម្ដងទៀត។ បុរសនោះមើលឃើញច្បាស់ទាំងអស់ ភ្នែកគាត់បានជា។ 26 ព្រះយេស៊ូប្រាប់គាត់អោយវិលត្រឡប់ទៅផ្ទះវិញ ដោយមានព្រះបន្ទូលថា៖ «កុំចូលទៅក្នុងភូមិអោយ សោះ»។ 27 ព្រះយេស៊ូចេញទៅតាមភូមិនានា ដែលនៅជិតក្រុងសេសារា-ភីលីព ជាមួយពួកសិស្ស ។ នៅតាមផ្លូវព្រះអង្គមានព្រះបន្ទូលសួរគេថា៖«តើមនុស្សទាំងឡាយថាខ្ញុំជានរណា?»។ 28 ពួកសិស្សទូលឆ្លើយថា៖ «អ្នកខ្លះថាលោកជាលោកយ៉ូហានបាទីស្ដ អ្នកខ្លះថាលោកជាព្យាការី អេលីយ៉ា ហើយអ្នកខ្លះទៀតថាលោកជាព្យាការីមួយរូប»។ 29 ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាថាខ្ញុំជានរណាដែរ?»។ លោកពេត្រុសទូលព្រះអង្គថា៖ «លោកជាព្រះគ្រិស្ដ»។ 30 ព្រះយេស៊ូហាមប្រាមសិស្ស មិនអោយនិយាយប្រាប់គេអំពីព្រះអង្គឡើយ។ 31 បន្ទាប់មក ព្រះយេស៊ូក៏ចាប់ផ្ដើមបង្រៀនពួកសិស្សថា បុត្រមនុស្ស ត្រូវរងទុក្ខលំបាកយ៉ាងខ្លាំង។ ពួកព្រឹទ្ធាចារ្យ ពួកនាយកបូជាចារ្យ ពួកអាចារ្យ នឹងបោះបង់ព្រះអង្គចោល ថែមទាំងធ្វើគុតព្រះអង្គទៀតផង តែបីថ្ងៃក្រោយមក ព្រះអង្គនឹងមានព្រះជន្មរស់ឡើងវិញ។ 32 ព្រះអង្គមានព្រះបន្ទូលបញ្ជាក់ប្រាប់គេដោយឥតលាក់លៀម។ លោកពេត្រុសយាងព្រះអង្គចេញទៅឆ្ងាយពីគេបន្ដិច ហើយបន្ទោសព្រះអង្គ។ 33 ព្រះយេស៊ូងាកទតទៅពួកសិស្ស ឯទៀតៗ ហើយទ្រង់មានព្រះបន្ទូលបន្ទោសលោកពេត្រុសវិញថា៖«នែ៎!មារសាតាំងថយទៅក្រោយខ្ញុំទៅ ដ្បិតគំនិតអ្នកមិនមែនជាគំនិតរបស់ព្រះជាម្ចាស់ទេ គឺជាគំនិតរបស់មនុស្សសុទ្ធសាធ»។ 34 បន្ទាប់មក ព្រះអង្គត្រាស់ហៅបណ្ដាជន និង សិស្សរួចមានព្រះបន្ទូលទៅគេថា៖ «បើអ្នកណាចង់មកតាមក្រោយខ្ញុំ ត្រូវលះបង់ខ្លួនឯងចោល ត្រូវលីឈើឆ្កាងរបស់ខ្លួន ហើយមកតាមខ្ញុំចុះ។ 35 ដ្បិតអ្នកណាចង់បានរួចជីវិត អ្នកនោះនឹងបាត់បង់ជីវិតពុំខាន រីឯអ្នកដែលបាត់បង់ជីវិត ព្រោះតែខ្ញុំ និង ព្រោះតែដំណឹងល្អ នឹងបានជីវិតវិញ។ 36 បើមនុស្សម្នាក់បានលោកីយ៍ទាំងមូល មកធ្វើជាសម្បត្ដិរបស់ខ្លួន តែបាត់បង់ជីវិតនោះនឹងមានប្រយោជន៍អ្វី? 37 តើមនុស្សអាចយកអ្វីមកប្ដូរនឹងជីវិតរបស់ខ្លួនបាន? 38 នៅក្នុងចំណោមមនុស្សដែលក្បត់ព្រះជាម្ចាស់ និង ក្នុងចំណោមមនុស្សមានបាបនាសម័យនេះ បើអ្នកណាអៀនខ្មាស មិនហ៊ានទទួលស្គាល់ខ្ញុំ មិនហ៊ានទទួលស្គាល់ពាក្យរបស់ខ្ញុំ លុះដល់បុត្រមនុស្សយាងមកប្រកបដោយសិរីរុងរឿងរបស់ព្រះបិតាព្រះអង្គ និង ទេវតា ដ៏វិសុទ្ធ ទ្រង់ក៏នឹងខ្មាសអៀន មិនហ៊ានទទួលស្គាល់អ្នកនោះវិញដែរ»។

លូកា 9

1 ព្រះអង្គមានព្រះបន្ទូលថា៖ «ប្រាកដមែន ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា មនុស្សខ្លះដែលនៅទីនេះ នឹងមិនស្លាប់ទេ មុនបានឃើញព្រះរាជ្យរបស់ព្រះជាម្ចាស់ មកដល់ប្រកបដោយឫទ្ធានុភាព»។ 2 ប្រាំមួយថ្ងៃក្រោយមក ព្រះយេស៊ូនាំលោកពេត្រុសលោកយ៉ាកុប និង លោកយ៉ូហានឡើងទៅលើភ្នំ គឺព្រះអង្គនាំតែលោកទាំងបីទៅដាច់ឡែកពីគេ។ ពេលនោះព្រះអង្គប្រែជាមានទ្រង់ទ្រាយប្លែកពីមុននៅមុខសិស្ស ទាំងបីនាក់ 3 គឺព្រះពស្ដ្ររបស់ព្រះអង្គត្រឡប់ជាមានពណ៌សភ្លឺត្រចះត្រចង់ ដែលគ្មានមនុស្សណានៅលើផែនដីអាចធ្វើអោយសយ៉ាងនេះបានឡើយ។ 4 ពេលនោះសិស្សទាំងបីនាក់ឃើញព្យាការី អេលីយ៉ា និង លោកម៉ូសេ សន្ទនាជាមួយព្រះយេស៊ូ។ 5 លោកពេត្រុសទូលព្រះអង្គថា៖ «ព្រះគ្រូ! យើងខ្ញុំបាននៅទីនេះប្រសើរណាស់ យើងខ្ញុំនឹងសង់ជំរកបី គឺមួយសំរាប់ព្រះគ្រូ មួយសំរាប់លោកម៉ូសេ និង មួយទៀតសំរាប់លោកអេលីយ៉ា»។ 6 លោកពេត្រុសមាន ប្រសាសន៍ដូច្នេះ មកពីលោកពុំដឹងថាចង់និយាយអំពីអ្វីឡើយ ដ្បិតសិស្សទាំងបីភ័យខ្លាចយ៉ាងខ្លាំង។ 7 ពេលនោះស្រាប់តែមានពពក មកគ្របបាំងគេទាំងអស់គ្នា មានព្រះសូរសៀងបន្លឺពីក្នុងពពកមកថា៖«នេះជាបុត្រដ៏ជាទីស្រឡាញ់របស់យើង ចូរស្ដាប់ព្រះអង្គចុះ!»។ 8 រំពេចនោះ ពួកសិស្សក្រឡេក មើលជុំវិញខ្លួន ពុំឃើញនរណាទៀតឡើយ ឃើញតែព្រះយេស៊ូមួយព្រះអង្គប៉ុណ្ណោះដែលគង់ជាមួយគេ។ 9 ពេលព្រះយេស៊ូយាងចុះពីលើភ្នំជាមួយសិស្សទាំងបីទ្រង់ហាមប្រាមគេ មិនអោយនិយាយអំពីហេតុការណ៍ដែលខ្លួនបានឃើញប្រាប់នរណាឡើយ រហូតដល់បុត្រមនុស្សរស់ឡើងវិញ។ 10 អ្នកទាំងបីធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គ តែសាកសួរគ្នាថា៖«តើ "រស់ឡើងវិញ" មានន័យដូចម្ដេច?»។ 11 បន្ទាប់មក គេទូលសួរព្រះអង្គថា៖ «ហេតុដូចម្ដេចបានជាពួកអាចារ្យចេះតែនិយាយ ថា ព្យាការីអេលីយ៉ាត្រូវអញ្ជើញមកមុន?»។ 12 ព្រះអង្គមានព្រះបន្ទូលតបទៅគេថា៖ «ព្យាការីអេលីយ៉ាអញ្ជើញមកមុនមែន ដើម្បីរៀបចំសព្វគ្រប់ទាំងអស់ឡើងវិញ។ ប៉ុន្ដែ ហេតុអ្វីបានជាមានចែងទុកក្នុងគម្ពីរថា បុត្រមនុស្សត្រូវរងទុក្ខលំបាកជាច្រើនព្រមទាំងត្រូវគេមើលងាយផងដូច្នេះ?។ 13 ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្យាការីអេលីយ៉ាបានអញ្ជើញមករួចហើយ តែពួកគេបានធ្វើបាបលោកសព្វបែបយ៉ាងតាមអំពើចិត្ដរបស់គេ ដូចមានចែងទុកក្នុងគម្ពីរអំពីលោកស្រាប់»។ 14 ព្រះយេស៊ូ និង អ្នកទាំងបី បានមកជួបសិស្សឯទៀតៗ ទ្រង់ទតឃើញបណ្ដាជនច្រើនកុះករឈរនៅជុំវិញសិស្សទាំងនោះ ហើយឃើញពួកអាចារ្យ ជជែកជាមួយគេផង។ 15 កាលបណ្ដាជនឃើញព្រះយេស៊ូ គេស្រឡំាងកាំងគ្រប់គ្នា ហើយរត់ទៅថ្វាយបង្គំព្រះអង្គ។ 16 ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «តើអ្នករាល់គ្នាជជែកជាមួយគេអំពីរឿងអ្វី?»។ 17 ក្នុងចំណោមបណ្ដាជន មានបុរសម្នាក់ទូលព្រះអង្គថា៖ «លោកគ្រូ! ខ្ញុំប្របាទនាំកូនប្រុសរបស់ខ្ញុំប្របាទមករកលោកគ្រូ ដ្បិតវាមានវិញ្ញាណអាក្រក់ក្នុងខ្លួន ធ្វើអោយគនិយាយពុំរួច។ 18 នៅទីណាក៏ដោយ ពេលវិញ្ញាណអាក្រក់ចូលម្ដងៗ វាផ្ដួលកូនខ្ញុំ ប្របាទលើដីអោយបែកពពុះមាត់ សង្កៀតធ្មេញ ហើយរឹងខ្លួន។ ខ្ញុំប្របាទបានសុំសិស្សរបស់លោកអោយដេញវិញ្ញាណអាក្រក់នេះដែរ ប៉ុន្ដែ គេពុំអាចដេញវាចេញបានសោះ»។ 19 ព្រះយេស៊ូមានព្រះបន្ទូលទៅបណ្ដាជនថា៖ «នែ៎! ពួកមនុស្សពុំព្រមជឿអើយ! តើត្រូវអោយខ្ញុំទ្រំានៅជាមួយអ្នករាល់គ្នាដល់ពេលណាទៀត? ចូរនាំក្មេងនោះមកអោយខ្ញុំ»។ 20 គេក៏នាំវាចូលមកជិតព្រះយេស៊ូ។ កាលវិញ្ញាណអាក្រក់ឃើញព្រះអង្គ វាផ្ដួលក្មេងនោះអោយប្រកាច់ប្រកិន ព្រមទាំងននៀលបែកពពុះមាត់។ 21 ព្រះយេស៊ូសួរទៅឪពុកថា៖ «តើវាវេទនាបែបនេះ តាំងពីអង្កាល់មក?»។ ឪពុកតបថា៖ «តាំងតែពីតូចម៉្លេះ។ 22 វិញ្ញាណអាក្រក់ធ្វើអោយវាដួលលើភ្លើង អោយវាធ្លាក់ក្នុងទឹកជាច្រើនលើកច្រើនសា ចង់អោយវាបាត់បង់ជីវិត។ ប្រសិនបើលោកអាចធ្វើបាន សូមមេត្ដាជួយយើងខ្ញុំ សូមអាណិតអាសូរយើងខ្ញុំផង»។ 23 ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ហេតុអ្វីបានជាអ្នកពោលថា "ប្រសិនបើលោកអាចជួយបាន" ដូច្នេះ? ព្រះជាម្ចាស់អាចសំរេចកិច្ចការសព្វគ្រប់ ទាំងអស់ដល់អ្នកជឿ»។ 24 ឪពុករបស់ក្មេងបន្លឺសំឡេងឡើងភ្លាមថា៖ «ខ្ញុំប្របាទជឿហើយ! សូមមេត្ដាជួយ អោយខ្ញុំប្របាទ ដែលជាអ្នកមិនជឿនេះផង!»។ 25 ពេលនោះ ព្រះយេស៊ូទតឃើញបណ្ដាជនរត់មក ព្រះអង្គក៏គំរាមវិញ្ញាណអាក្រក់ដោយបញ្ជាថា៖ «នែ៎វិញ្ញាណគថ្លង់! យើងសុំប្រាប់ថា ចេញពីក្មេងនេះទៅ កុំចូលវាទៀតអោយសោះ!»។ 26 វាក៏ស្រែកឡើង ព្រមទាំងធ្វើអោយក្មេងនោះប្រកាច់ប្រកិនយ៉ាងខ្លាំង រួចចេញទៅ។ ពេលនោះ ក្មេងនៅដេកស្ដូកស្ដឹងដូចមនុស្សស្លាប់ ធ្វើអោយមនុស្សជាច្រើនស្មានថាវាស្លាប់បាត់ទៅហើយ។ 27 រីឯព្រះយេស៊ូវិញ ព្រះអង្គចាប់ដៃវាលើកឡើងក្មេងនោះក៏ក្រោកឈរ។ 28 កាលព្រះយេស៊ូយាងចូលទៅក្នុងផ្ទះ ពួកសិស្ស ទូលសួរព្រះអង្គ ដាច់ឡែកពីគេថា៖«ហេតុអ្វីបានជាយើងខ្ញុំពុំអាចដេញវិញ្ញាណអាក្រក់នេះចេញបាន?»។ 29 ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «គេអាចដេញវិញ្ញាណប្រភេទនេះបាន លុះត្រាតែអធិស្ឋាន »។ 30 ព្រះយេស៊ូយាងចាកចេញពីទីនោះជាមួយពួកសិស្ស កាត់តាមស្រុកកាលីឡេ។ ព្រះអង្គមិនសព្វព្រះហឫទ័យអោយនរណាដឹងឡើយ។ 31 ព្រះអង្គបង្រៀនពួកសិស្សអោយដឹងថា បុត្រមនុស្ស នឹងត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់មនុស្សលោក គេនឹងធ្វើគុតព្រះអង្គ ប៉ុន្ដែ បីថ្ងៃក្រោយពីគេធ្វើគុត ទ្រង់នឹងមានព្រះជន្មរស់ឡើងវិញ។ 32 ពួកសិស្សពុំបានយល់ព្រះបន្ទូលនេះឡើយ តែគេមិនហ៊ានទូលសួរព្រះអង្គទេ។ 33 ព្រះយេស៊ូ និង ពួកសិស្ស ធ្វើដំណើរមកដល់ក្រុងកាពើណិម។ កាលព្រះអង្គគង់នៅក្នុងផ្ទះ ព្រះអង្គមានព្រះបន្ទូលសួរពួកសិស្សថា៖« ពេលដើរតាមផ្លូវ អ្នករាល់គ្នានិយាយអំពីរឿងអ្វី?»។ 34 ពួកសិស្សនៅស្ងៀមដ្បិតកាលធ្វើដំណើរតាមផ្លូវ គេបានប្រកែកគ្នាចង់ដឹងថាក្នុងចំណោមពួកគេ អ្នកណាធំជាងគេ។ 35 ព្រះយេស៊ូគង់ចុះ ទ្រង់ត្រាស់ហៅសិស្សទាំងដប់ពីររូបមក ហើយមានព្រះបន្ទូលថា៖ «អ្នកណាចង់ធ្វើមេគេ អ្នកនោះត្រូវដាក់ខ្លួនអោយតូចជាងគេ ព្រមទាំងបំរើគេទាំងអស់គ្នាផង»។ 36 បន្ទាប់មក ព្រះអង្គយកក្មេងម្នាក់ អោយមកឈរនៅកណ្ដាលពួកសិស្ស។ ព្រះអង្គអោបក្មេងនោះ រួចមានព្រះបន្ទូលទៅកាន់ពួកសិស្សថា៖ 37 «អ្នកណាទទួលក្មេងណាម្នាក់ដូចក្មេងនេះក្នុងនាមខ្ញុំ ក៏ដូចជាបានទទួលខ្ញុំ ហើយអ្នកណាទទួលខ្ញុំមិនត្រឹមតែទទួលខ្ញុំប៉ុណ្ណោះទេ គឺទទួលព្រះអង្គដែលបានចាត់ខ្ញុំអោយមកនោះដែរ»។ 38 លោកយ៉ូហានទូលព្រះអង្គថា៖ «ព្រះគ្រូ! យើងខ្ញុំបានឃើញបុរសម្នាក់ដេញអារក្ស ក្នុងនាមព្រះគ្រូ។ យើងខ្ញុំបានឃាត់គេ ព្រោះគេមិនមកតាមយើងខ្ញុំទេ»។ 39 ព្រះយេស៊ូមានព្រះបន្ទូលថា៖ «កុំឃាត់គេអី ពុំដែលមាននរណាអាចធ្វើការអស្ចារ្យក្នុងនាមខ្ញុំ រួចបែរជានិយាយអាក្រក់អំពីខ្ញុំភ្លាមនោះឡើយ 40 ដ្បិតអ្នកណាមិនជំទាស់នឹងយើង អ្នកនោះជាគ្នាយើងហើយ។ 41 ម៉្យាងទៀត បើអ្នកណាអោយទឹកមួយកែវដល់អ្នករាល់គ្នា ក្នុងនាមអ្នករាល់គ្នាជាសិស្សរបស់ព្រះគ្រិស្ដ ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា អ្នកនោះនឹងទទួលរង្វាន់ជាមិនខាន»។ 42 អ្នកណានាំអ្នកតូចតាចម្នាក់ ក្នុងបណ្ដាអ្នកជឿទាំងនេះអោយប្រព្រឹត្ដអំពើបាប ចំពោះអ្នកនោះ ប្រសិនបើគេយកត្បាល់ថ្មយ៉ាងធំមកចងកគាត់ទម្លាក់ទៅក្នុងសមុទ្រ នោះប្រសើរជាជាងទុកអោយគាត់នៅរស់។ 43 ប្រសិនបើដៃនាំអ្នកអោយប្រព្រឹត្ដអំពើបាប ចូរកាត់ចោលទៅ ព្រោះបើអ្នកចូលទៅក្នុងជីវិត មានដៃតែម្ខាង ប្រសើរជាងមានដៃពីរ ហើយត្រូវធ្លាក់ទៅក្នុងនរកដែលមានភ្លើងមិនចេះរលត់ [ 44 ជាកន្លែងដែលមានដង្កូវមិនចេះងាប់ មានភ្លើងមិនចេះរលត់]។ 45 ប្រសិនបើជើងនាំអ្នកអោយប្រព្រឹត្ដអំពើបាប ចូរកាត់ចោលទៅ ព្រោះបើអ្នកចូលទៅក្នុងជីវិតមានតែជើងមួយ នោះប្រសើរជាងមានជើងពីរ ហើយត្រូវគេបោះទៅក្នុងនរក [ 46 ជាកន្លែងដែលមានដង្កូវមិនចេះងាប់ មានភ្លើងមិនចេះរលត់]។ 47 ប្រសិនបើភ្នែកនាំអ្នកអោយប្រព្រឹត្ដអំពើបាប ចូរខ្វេះចេញទៅ ព្រោះបើអ្នកចូលទៅក្នុងព្រះរាជ្យ ព្រះជាម្ចាស់មានតែភ្នែកម្ខាងនោះប្រសើរជាងមានភ្នែកពីរ ហើយត្រូវគេបោះទៅក្នុងនរក 48 ជាកន្លែងដែលមានដង្កូវមិនចេះងាប់ មានភ្លើងមិនចេះរលត់ 49 ដ្បិតមនុស្សគ្រប់ៗរូបនឹងមានជាតិប្រៃដោយសារភ្លើង។ 50 អំបិលជារបស់មួយសំខាន់ណាស់ ប៉ុន្ដែ បើវាបាត់ជាតិប្រៃហើយ តើអ្នករាល់គ្នាធ្វើដូចម្ដេចនឹងអោយវាប្រៃឡើងវិញបាន? 51 ចូរមានជាតិប្រៃនៅក្នុងខ្លួន ហើយរស់នៅជាមួយគ្នាដោយសុខសាន្ដទៅ»។

លូកា 10

1 ព្រះយេស៊ូយាងចេញពីទីនោះឆ្ពោះទៅស្រុកយូដា និង ត្រើយខាងនាយទន្លេយ័រដាន់។ មហាជននាំគ្នាទៅរកព្រះអង្គសាជាថ្មី ព្រះអង្គក៏ចាប់ផ្ដើមបង្រៀនគេតាមទម្លាប់របស់ព្រះអង្គ។ 2 មានពួកខាងគណៈផារីស៊ី ចូលមកជិត ក្នុងគោលបំណងល្បងលមើលព្រះអង្គ។ គេទូលសួរព្រះអង្គថា៖«តើស្វាមីមានសិទ្ធិលែងភរិយាបានឬទេ?»។ 3 ព្រះអង្គមានព្រះបន្ទូលថា៖ «តើលោកម៉ូសេ បង្គាប់អ្នករាល់គ្នាអោយធ្វើអ្វី?»។ 4 គេទូលតបថា៖ «លោកម៉ូសេអនុញ្ញាតអោយស្វាមីធ្វើលិខិតលែងលះប្រពន្ធបាន»។ 5 ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖«លោកម៉ូសេចែងបទបញ្ជា ទាំងនេះអោយអ្នករាល់គ្នា ព្រោះតែអ្នករាល់គ្នាមានចិត្ដរឹងរូស។ 6 ប៉ុន្ដែ កាលដើមដំបូងនៅពេលដែលព្រះជាម្ចាស់បានបង្កើតពិភពលោកព្រះអង្គបង្កើតមនុស្សមកជាបុរសជាស្ដ្រី។ 7 "ហេតុនេះហើយបានជាបុរសត្រូវចាកចេញពីឪពុកម្ដាយ [ទៅរួមរស់ជាមួយភរិយារបស់ខ្លួន] 8 ហើយអ្នកទាំងពីរត្រឡប់ទៅជារូបកាយតែមួយ" គេមិនមែនជាបុគ្គលពីរនាក់ទៀតទេ គឺជារូបកាយតែមួយវិញ។ 9 ដូច្នេះមនុស្សមិនត្រូវបំបាក់បំបែកគូស្រករ ដែលព្រះជាម្ចាស់បានផ្សំផ្គុំនោះឡើយ»។ 10 ពេលទៅដល់ផ្ទះពួកសិស្សទូលសួរព្រះយេស៊ូអំពីរឿងនេះម្ដងទៀត។ 11 ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ប្រសិនបើស្វាមីណាលែងភរិយា ហើយទៅរៀបការនឹងស្ដ្រីម្នាក់ទៀត ស្វាមីនោះបានផិតក្បត់ភរិយារបស់ខ្លួន។ 12 រីឯភរិយាណាដែលលែងស្វាមី ហើយទៅរៀបការនឹងបុរសម្នាក់ទៀត ស្ដ្រីនោះក៏បានប្រព្រឹត្ដអំពើផិតក្បត់ដែរ»។ 13 មានមនុស្សម្នានាំក្មេងតូចៗមកអោយព្រះយេស៊ូដាក់ព្រះហស្ដលើពួកវា ប៉ុន្ដែ ពួកសិស្ស ស្ដីបន្ទោសអ្នកទាំងនោះ។ 14 កាលព្រះយេស៊ូឃើញដូច្នោះ ព្រះអង្គទាស់ព្រះហឫទ័យណាស់ ហើយមានព្រះបន្ទូលថា៖ «ទុកអោយក្មេងៗ មករកខ្ញុំចុះ កុំឃាត់ពួកវាឡើយ ដ្បិតមានតែអ្នកមានចិត្ដដូចក្មេងៗទាំងនេះប៉ុណ្ណោះ ដែលចូលក្នុងព្រះរាជ្យ ព្រះជាម្ចាស់បាន។ 15 ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាមិនព្រមទទួលព្រះរាជ្យព្រះជាម្ចាស់ ដូចក្មេងតូចមួយទទួលទេ អ្នកនោះមិនអាចចូលក្នុងព្រះរាជ្យព្រះអង្គបានឡើយ»។ 16 បន្ទាប់មក ព្រះអង្គអោបក្មេងទាំងនោះ រួចប្រទានពរអោយពួកវា ដោយដាក់ព្រះហស្ដពីលើ។ 17 កាលព្រះយេស៊ូកំពុងចេញដំណើរទៅ មានបុរសម្នាក់រត់មកដល់ លុតជង្គង់ចុះនៅមុខព្រះអង្គ ទូលថា៖ «លោកគ្រូដ៏សប្បុរសអើយ! តើខ្ញុំត្រូវធ្វើអ្វីដើម្បីអោយបានទទួលជីវិតអស់កល្បជានិច្ចទុកជាមត៌ក?»។ 18 ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ហេតុអ្វីបានជាអ្នកថា ខ្ញុំសប្បុរសដូច្នេះ? ក្រៅពីព្រះជាម្ចាស់មួយព្រះអង្គ គ្មាននរណាម្នាក់សប្បុរសឡើយ។ 19 អ្នកស្គាល់បទបញ្ជាស្រាប់ហើយថា"កុំសម្លាប់មនុស្ស កុំប្រព្រឹត្ដអំពើផិតក្បត់ កុំលួចទ្រព្យសម្បត្ដិគេ កុំនិយាយកុហកធ្វើអោយគេមានទោស កុំកេងប្រវ័ញ្ចយកសម្បត្ដិនរណាអោយសោះ ចូរគោរពមាតាបិតា"»។ 20 បុរសនោះទូលព្រះអង្គថា៖ «លោកគ្រូអើយ! ខ្ញុំបានប្រតិបត្ដិតាមបទបញ្ជា ទាំងនេះ តាំងពីក្មេងមក»។ 21 ព្រះយេស៊ូទតមើលទៅគាត់ ហើយមានព្រះហឫទ័យស្រឡាញ់គាត់ ទ្រង់មានព្រះបន្ទូលថា៖ «នៅខ្វះកិច្ចការមួយទៀតដែលអ្នកមិនទាន់ធ្វើ គឺត្រូវអញ្ជើញទៅលក់អ្វីៗដែលអ្នកមាន រួចចែកអោយជនក្រីក្រទៅ ធ្វើដូច្នេះ ទើបអ្នកមានសម្បត្ដិសួគ៌ បន្ទាប់មក សឹមអញ្ជើញមកតាមខ្ញុំ»។ 22 កាលបុរសនោះឮដូច្នេះ គាត់មានទឹកមុខស្រពោន ហើយវិលត្រឡប់ទៅវិញទាំងព្រួយចិត្ដដ្បិតគាត់មានទ្រព្យសម្បត្ដិស្ដុកស្ដម្ភណាស់។ 23 ព្រះយេស៊ូទតមើលជុំវិញ រួចមានព្រះបន្ទូលទៅពួកសិស្សថា៖ «អ្នកមានមិនងាយចូលទៅក្នុងព្រះរាជ្យ ព្រះជាម្ចាស់បានទេ»។ 24 ពួកសិស្សងឿងឆ្ងល់នឹងព្រះបន្ទូលរបស់ព្រះអង្គជាខ្លាំង។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេទៀតថា៖ «កូនចៅអើយ ព្រះរាជ្យព្រះជាម្ចាស់ពិបាកចូលណាស់! 25 សត្វអូដ្ឋចូលតាមប្រហោងម្ជុលងាយជាងអ្នកមាន ចូលក្នុងព្រះរាជ្យ ព្រះជាម្ចាស់ទៅទៀត»។ 26 ពួកសិស្សរឹតតែឆ្ងល់ថែមទៀត ហើយនិយាយគ្នាថា៖ «បើដូច្នេះ តើអ្នកណាអាចទទួលការសង្គ្រោះបាន?»។ 27 ព្រះយេស៊ូទតមើលគេ រួចមានព្រះបន្ទូលថា៖«ការនេះមនុស្សធ្វើពុំកើតទេ តែព្រះជាម្ចាស់ធ្វើកើត ដ្បិតព្រះអង្គធ្វើគ្រប់ការទាំងអស់បាន»។ 28 លោកពេត្រុសទូលព្រះអង្គថា៖ «ព្រះអង្គទតឃើញស្រាប់ហើយថា យើងខ្ញុំបានលះបង់ចោលអ្វីៗទាំងអស់ ហើយយើងខ្ញុំបានមកតាមព្រះអង្គ»។ 29 ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាលះបង់ផ្ទះសម្បែងបងប្អូនប្រុសស្រី ឪពុកម្ដាយ កូន ឬ ស្រែចំការ ព្រោះតែខ្ញុំ និង ព្រោះតែដំណឹងល្អ 30 អ្នកនោះនឹងទទួលក្នុងពេលឥឡូវនេះមួយជាមួយរយ គឺផ្ទះសម្បែង បងប្អូនប្រុសស្រី ម្ដាយកូន និង ស្រែចំការ ព្រមទាំងទទួលការបៀតបៀនហើយក៏នឹងមានជីវិតអស់កល្បជានិច្ច នៅលោកខាងមុខ ថែមទៀតផង។ 31 មនុស្សជាច្រើនដែលនៅខាងមុខ នឹងត្រឡប់ទៅនៅខាងក្រោយ រីឯអ្នកដែលនៅខាងក្រោយ នឹងត្រឡប់ទៅនៅខាងមុខវិញ»។ 32 ព្រះយេស៊ូយាងឡើងទៅក្រុងយេរូសាឡឹម ជាមួយពួកសិស្ស ។ ព្រះអង្គយាងនាំមុខគេ ពួកសិស្សភ័យខ្លាចជាខ្លាំង រីឯអស់អ្នកដែលដើរតាមក្រោយក៏ភិតភ័យដែរ។ ព្រះយេស៊ូនាំសិស្សទាំងដប់ពីររូបមកជាមួយព្រះអង្គសាជាថ្មី រួចមានព្រះបន្ទូលអំពីហេតុការណ៍ដែលនឹងកើតមានដល់ព្រះអង្គ៖ 33 «ឥឡូវនេះ យើងឡើងទៅក្រុងយេរូសាឡឹម បុត្រមនុស្ស នឹងត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់ពួក នាយកបូជាចារ្យ និង ពួកអាចារ្យ។ គេនឹងកាត់ទោសប្រហារជីវិតលោក ហើយបញ្ជូនលោកទៅ ក្នុងកណ្ដាប់ដៃរបស់សាសន៍ដទៃ។ 34 ពួកនោះនឹងចំអកអោយលោក ព្រមទាំងស្ដោះទឹកមាត់ដាក់លោកផង។ គេនឹងវាយធ្វើបាបលោក រួចប្រហារជីវិតលោក។ ប៉ុន្ដែ បីថ្ងៃក្រោយមក លោកនឹងរស់ឡើងវិញ»។ 35 បន្ទាប់មកលោកយ៉ាកុប និង លោកយ៉ូហាន ជាកូនលោកសេបេដេ ចូលមកគាល់ព្រះយេស៊ូទូលថា៖ «ព្រះគ្រូ! សូមមេត្ដាយល់ព្រមតាមពាក្យសុំរបស់យើងខ្ញុំផង»។ 36 ព្រះយេស៊ូមានព្រះបន្ទូលសួរគេថា៖ «តើអ្នកទាំងពីរចង់អោយខ្ញុំធ្វើអ្វី?»។ 37 គេទូលព្រះអង្គថា៖ «ពេលព្រះគ្រូគ្រងរាជ្យប្រកបដោយសិរីរុងរឿងសូមប្រទានអោយយើងខ្ញុំបានអង្គុយអមព្រះគ្រូផង គឺម្នាក់នៅខាងស្ដាំ ម្នាក់នៅខាងឆ្វេង»។ 38 ព្រះយេស៊ូមានព្រះបន្ទូលថា៖«អ្នកទាំងពីរមិនដឹងថាខ្លួនសុំអ្វីឡើយ តើអ្នកអាចទទួលពែងដែលខ្ញុំត្រូវទទួលនោះបានឬទេ? អ្នកអាចទទួលពិធីជ្រមុជដែលខ្ញុំត្រូវទទួលបានឬទេ?»។ 39 គេទូលព្រះអង្គថា៖ «យើងខ្ញុំអាចទទួលបាន»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «អ្នកនឹងទទួលពែងដែលខ្ញុំត្រូវទទួល និង ទទួលពិធីជ្រមុជដែលខ្ញុំត្រូវទទួលបានមែន 40 ចំណែកឯអង្គុយនៅខាងស្ដាំឬ ខាងឆ្វេងខ្ញុំ ខ្ញុំមិនអាចសំរេចបានឡើយ ព្រោះកន្លែងនោះបំរុងទុកសំរាប់តែអ្នកដែលព្រះជាម្ចាស់បានសំរេចអោយប៉ុណ្ណោះ»។ 41 កាលសិស្សដប់រូបទៀតបានឮដូច្នោះ គេទាស់ចិត្ដនឹងលោកយ៉ាកុប និង លោកយ៉ូហាន ជាខ្លាំង។ 42 ព្រះយេស៊ូត្រាស់ហៅសិស្សទាំងអស់មក ហើយមានព្រះបន្ទូលថា៖ «អ្នករាល់គ្នាដឹងស្រាប់ហើយ អ្នកដែលគេចាត់ទុកជាមេគ្រប់គ្រងស្រុក តែងជិះជាន់ប្រជារាស្ដ្ររបស់ខ្លួន រីឯអ្នកធំតែងតែប្រើអំណាចខ្លួនលើប្រជារាស្ដ្រ។ 43 ក្នុងចំណោមអ្នករាល់គ្នាមិនមែនដូច្នោះទេ។ ផ្ទុយទៅវិញ បើមានម្នាក់ចង់ធ្វើធំជាងគេ ក្នុងចំណោមអ្នករាល់គ្នា ត្រូវអោយអ្នកនោះបំរើអ្នករាល់គ្នា។ 44 ក្នុងចំណោមអ្នករាល់គ្នា បើមានម្នាក់ចង់ធ្វើមេគេ ត្រូវធ្វើជាខ្ញុំបំរើគេគ្រប់គ្នាសិន 45 ដ្បិតបុត្រមនុស្ស មកក្នុងពិភពលោកនេះ មិនមែនដើម្បីអោយគេបំរើលោកឡើយ គឺលោកមកបំរើគេវិញ ព្រមទាំងបូជាជីវិត ដើម្បីលោះមនុស្សទាំងអស់ផង»។ 46 ព្រះយេស៊ូ និង ពួកសិស្សធ្វើដំណើរមកដល់ក្រុងយេរីខូ។ កាលព្រះអង្គយាងចេញពីទីក្រុងជាមួយពួកសិស្ស និង បណ្ដាជនដ៏ច្រើនកុះករ មានមនុស្សខ្វាក់ម្នាក់ឈ្មោះបារទីមេ ជាកូនរបស់លោកទីមេ អង្គុយសុំទាននៅក្បែរផ្លូវ។ 47 កាលគាត់ឮថាព្រះយេស៊ូជាអ្នកភូមិណាសារ៉ែត យាងតាមនោះ គាត់ក៏ស្រែកឡើងថា៖ «ឱព្រះយេស៊ូ ជាព្រះរាជវង្សព្រះបាទដាវីឌអើយ! សូមអាណិតមេត្ដាទូលបង្គំផង»។ 48 មនុស្សជាច្រើនបានគំរាមគាត់អោយនៅស្ងៀម ប៉ុន្ដែ គាត់ស្រែករឹតតែខ្លាំងឡើងៗថា៖ «ឱព្រះរាជវង្សព្រះបាទដាវីឌអើយ សូមអាណិតមេត្ដាទូលបង្គំផង!»។ 49 ព្រះយេស៊ូក៏ឈប់ហើយមានព្រះបន្ទូលថា៖ «សុំហៅគាត់មក»។ គេហៅមនុស្សខ្វាក់មក ដោយពោលថា៖«កុំអស់សង្ឃឹមក្រោកឡើង លោកហៅអ្នក»។ 50 គាត់ក៏បោះអាវធំចោល ស្ទុះក្រោកឡើង តំរង់ទៅរកព្រះយេស៊ូ។ 51 ព្រះយេស៊ូមានព្រះបន្ទូលសួរគាត់ថា៖ «តើអ្នកចង់អោយខ្ញុំធ្វើអ្វី?»។ អ្នកខ្វាក់ទូលព្រះអង្គថា៖ «ព្រះគ្រូ! សូមប្រោសភ្នែកទូលបង្គំអោយបានភ្លឺផង»។ 52 ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សុំអញ្ជើញទៅចុះ! ជំនឿរបស់អ្នកបានសង្គ្រោះអ្នកហើយ!»។ រំពេចនោះ គាត់មើលឃើញភ្លាម ហើយដើរតាមផ្លូវជាមួយព្រះយេស៊ូទៅ។

លូកា 11

1 ព្រះយេស៊ូយាងមកជាមួយសិស្សជិតដល់ក្រុងយេរូសាឡឹមហើយ។ លុះមកដល់ជិតភូមិបេតផាសេ និង ភូមិបេថានី ដែលនៅចង្កេះភ្នំដើមអូលីវ ព្រះអង្គចាត់សិស្សពីររូបអោយទៅមុនដោយមាន ព្រះបន្ទូលថា៖ 2 «ចូរទៅភូមិនៅមុខអ្នករាល់គ្នា ពេលទៅដល់ភ្លាម អ្នកនឹងឃើញកូនលាមួយដែលគេចងទុក ពុំទាន់ដែលមាននរណាជិះនៅឡើយទេចូរស្រាយវាដឹកមក។ 3 ប្រសិនបើមានគេសួរថា"ហេតុអ្វីបានជាអ្នកស្រាយវា?" ចូរឆ្លើយប្រាប់គេថា "ព្រះអម្ចាស់ត្រូវការវា តែព្រះអង្គនឹងអោយគេដឹកមកវិញភ្លាមជាមិនខាន"»។ 4 សិស្សទាំងពីររូបចេញដំណើរទៅ ឃើញកូនលាមួយដែលគេចងទុក នៅមាត់ទ្វារ ខាងក្រៅផ្ទះ ក្បែរផ្លូវហើយក៏ស្រាយវា។ 5 មានអ្នកខ្លះនៅទីនោះសួរអ្នកទាំងពីរថា៖ «តើអ្នកធ្វើអ្វីហ្នឹង ហេតុអ្វីបានជាអ្នកស្រាយកូនលានេះ?»។ 6 សិស្សទាំងពីរឆ្លើយទៅគេ តាមពាក្យដែលព្រះយេស៊ូបានបង្គាប់មក គេក៏អោយដឹកចេញទៅ។ 7 សិស្សទាំងពីរដឹកវាយកមកថ្វាយព្រះយេស៊ូ ហើយយកអាវរបស់ខ្លួនក្រាលពីលើខ្នងកូនលា ព្រះអង្គក៏ឡើងគង់លើខ្នងកូនលានោះ។ 8 មានមនុស្សម្នាជាច្រើននាំគ្នាយកអាវរបស់ខ្លួនក្រាលតាមផ្លូវ ហើយខ្លះទៀតយកស្លឹកឈើពីចំការមករាយលើផ្លូវដែរ។ 9 អស់អ្នកដែលដើរហែហមព្រះយេស៊ូពីមុខពីក្រោយ នាំគ្នាស្រែកឡើងថា៖ «ជយោ!សូមព្រះជាម្ចាស់ប្រទានពរដល់ព្រះអង្គ ដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់ 10 សូមព្រះជាម្ចាស់ប្រទានពរដល់ព្រះរាជ្យ ដែលកំពុងតែមកដល់ គឺព្រះរាជ្យរបស់ព្រះបាទដាវីឌ ជាបិតារបស់យើង! ជយោ! ព្រះជាម្ចាស់នៅស្ថានដ៏ខ្ពង់ខ្ពស់បំផុត!»។ 11 កាលព្រះយេស៊ូទៅដល់ក្រុងយេរូសាឡឹម ទ្រង់ក៏យាងចូលក្នុងព្រះវិហារ ។ ក្រោយពីបានទតមើលសព្វគ្រប់អស់ហើយ ព្រះអង្គយាងទៅភូមិបេថានីជាមួយសិស្សទាំងដប់ពីររូប ដ្បិតល្ងាចណាស់ហើយ។ 12 នៅថ្ងៃបន្ទាប់ ព្រះអង្គយាងចេញពីភូមិបេថានីពេលនោះ ព្រះអង្គឃ្លាន។ 13 ព្រះអង្គទតឃើញឧទុម្ពរ មួយដើមពីចម្ងាយ មានស្លឹកខៀវខ្ចី ទ្រង់ក៏យាងតំរង់ទៅ ក្រែងលោមានផ្លែ។ ពេលព្រះអង្គយាងទៅជិតទ្រង់ទតឃើញមានតែស្លឹកប៉ុណ្ណោះ ដ្បិតពុំទាន់ដល់រដូវឧទុម្ពរផ្លែនៅឡើយទេ។ 14 ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ដើមឧទុម្ពរនោះថា៖ «ចាប់ពីពេលនេះតទៅគ្មាននរណាបរិភោគផ្លែរបស់ឯងទៀតឡើយ!»។ ពួកសិស្ស បានឮព្រះបន្ទូលរបស់ព្រះអង្គ។ 15 ព្រះយេស៊ូយាងមកដល់ក្រុងយេរូសាឡឹមជាមួយពួកសិស្ស ព្រះអង្គយាងចូលក្នុងព្រះវិហារ ហើយដេញអ្នកលក់ដូរចេញ។ ព្រះអង្គផ្ដួលតុពួកអ្នកប្ដូរប្រាក់ ផ្ដួលកៅអីរបស់អ្នកលក់ព្រាប។ 16 ព្រះអង្គមិនអោយនរណាលីសែងអីវ៉ាន់កាត់ទីធ្លាព្រះវិហារ ឡើយ។ 17 ព្រះអង្គមានព្រះបន្ទូលប្រៀនប្រដៅគេថា៖ «ក្នុងគម្ពីរមានចែងថា ដំណាក់របស់យើងត្រូវធ្វើជាដំណាក់ សំរាប់អោយជាតិសាសន៍ទាំងឡាយអធិស្ឋាន តែអ្នករាល់គ្នាយកធ្វើជាសំបុកចោរទៅវិញ»។ 18 កាលពួកនាយកបូជាចារ្យ និង ពួកអាចារ្យ ដឹងរឿងនេះ គេនាំគ្នារកមធ្យោបាយធ្វើគុតព្រះយេស៊ូ។ ប៉ុន្ដែ គេខ្លាចព្រះអង្គ ដ្បិតបណ្ដាជនទាំងមូលចាប់អារម្មណ៍នឹងសេចក្ដីដែលព្រះអង្គបង្រៀនណាស់។ 19 លុះដល់ល្ងាច ព្រះយេស៊ូយាងចាកចេញពីទីក្រុងជាមួយពួកសិស្ស។ 20 ព្រឹកឡើងពេលធ្វើដំណើរតាមផ្លូវនោះ ពួកសិស្សឃើញដើមឧទុម្ពរ ក្រៀមស្វិតរហូតដល់ឫស។ 21 លោកពេត្រុសនឹកឃើញព្រះបន្ទូលរបស់ព្រះយេស៊ូក៏ទូលព្រះអង្គថា៖ «ព្រះគ្រូ!សូមមើល! ដើមឧទុម្ពរដែលព្រះគ្រូបានដាក់បណ្ដាសានោះ ក្រៀមស្វិតទៅហើយ!»។ 22 ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ពួកសិស្ស ថា៖ «ចូរមានជំនឿលើព្រះជាម្ចាស់ចុះ!។ 23 ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា បើអ្នកណាម្នាក់និយាយទៅកាន់ភ្នំនេះថា "ចូរចេញពីទីនេះ ធ្លាក់ក្នុងសមុទ្រទៅ!" ហើយបើអ្នកនោះជឿជាក់ក្នុងចិត្ដ ដោយឥតសង្ស័យថាពាក្យរបស់ខ្លួននឹងបានសំរេច នោះព្រះជាម្ចាស់នឹងប្រទានអោយបានសំរេចតាមពាក្យគេមែន។ 24 ហេតុនេះហើយបានជាខ្ញុំសុំប្រាប់អ្នករាល់គ្នាថា អ្វីក៏ដោយ អោយតែអ្នករាល់គ្នាអធិស្ឋាន សុំ ចូរជឿថាអ្នករាល់គ្នាបានទទួលហើយ នោះព្រះជាម្ចាស់នឹងប្រទានអោយអ្នករាល់គ្នាជាពុំខាន។ 25 ម៉្យាងទៀតពេលឈរអធិស្ឋាន បើអ្នករាល់គ្នាមានទំនាស់អ្វីនឹងនរណាម្នាក់ ចូរអត់ទោសអោយគេទៅ ដើម្បីព្រះបិតារបស់អ្នករាល់គ្នា ដែលគង់នៅស្ថានបរមសុខ អត់ទោសអោយអ្នករាល់គ្នា។ [ 26 ប៉ុន្ដែ ប្រសិនបើអ្នករាល់គ្នាមិនអត់ទោសអោយគេទេ ព្រះបិតារបស់អ្នករាល់គ្នា ដែលគង់នៅស្ថានបរមសុខ ក៏មិនអត់ទោសអោយអ្នករាល់គ្នាដែរ។ ] 27 ព្រះយេស៊ូយាងចូលទៅក្រុងយេរូសាឡឹមជាមួយពួកសិស្ស ម្ដងទៀត។ កាលព្រះអង្គកំពុងតែយាងចុះយាងឡើងក្នុងព្រះវិហារ ពួកនាយកបូជាចារ្យ និង ពួកអាចារ្យនាំគ្នាមកជួបព្រះអង្គ។ 28 គេទូលសួរព្រះអង្គថា៖«តើលោកធ្វើការទាំងនេះដោយអាងអំណាចអ្វី? តើនរណាប្រគល់អំណាចអោយលោកធ្វើការទាំងនេះ?»។ 29 ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ខ្ញុំសុំសួរអស់លោកនូវសំណួរមួយ បើអស់លោកឆ្លើយមកខ្ញុំ ខ្ញុំនឹងប្រាប់អស់លោកវិញថា ខ្ញុំធ្វើការទាំងនេះដោយអាងលើអំណាចអ្វី។ 30 សូមឆ្លើយប្រាប់ខ្ញុំមើល៍តើនរណាចាត់លោកយ៉ូហាន អោយមកធ្វើពិធីជ្រមុជទឹក ? ព្រះជាម្ចាស់ ឬ មនុស្ស?»។ 31 គេពិគ្រោះគ្នាថា៖ «បើយើងឆ្លើយថា ព្រះជាម្ចាស់ចាត់លោកយ៉ូហានអោយមក គាត់មុខជាសួរយើងថា ហេតុអ្វីបានជាអ្នករាល់គ្នាមិនជឿលោកយ៉ូហាន? 32 ផ្ទុយទៅវិញ បើយើងឆ្លើយថាមនុស្សចាត់លោកអោយមក...» (ពួកគេខ្លាចប្រជាជន ព្រោះមនុស្សគ្រប់ៗគ្នាចាត់ទុកលោកយ៉ូហានជាព្យាការីពិតប្រាកដមែន)។ 33 ដូច្នេះគេឆ្លើយទៅព្រះយេស៊ូថា៖ «យើងមិនដឹងទេ!»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេវិញថា៖ «រីឯខ្ញុំវិញ ខ្ញុំក៏មិនប្រាប់អស់លោកថា ខ្ញុំធ្វើការទាំងនេះដោយអាងលើអំណាចអ្វីដែរ»។

លូកា 12

1 បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលទៅគេ ជាប្រស្នាថា៖ «មានបុរសម្នាក់ដាំទំពាំងបាយជូរមួយចំការ។ គាត់បានធ្វើរបងព័ទ្ធជុំវិញ គាត់រៀបចំកន្លែងមួយ ដើម្បីបញ្ជាន់ផ្លែទំពាំងបាយជូរ ព្រមទាំងសង់ខ្ទមមួយផង។ បន្ទាប់មក គាត់ប្រវាស់អោយពួកកសិករមើលថែទាំ រួចចេញដំណើរពីស្រុកនោះទៅ។ 2 លុះដល់ទំពាំងបាយជូរទុំ គាត់ក៏ចាត់អ្នកបំរើម្នាក់អោយមកទទួលផល ដែលជាចំណែករបស់គាត់ពីពួកអ្នកថែចំការ។ 3 គេនាំគ្នាចាប់អ្នកបំរើនោះវាយដំ ហើយបណ្ដេញអោយត្រឡប់ទៅវិញដៃទទេ។ 4 ម្ចាស់ចំការក៏ចាត់អ្នកបំរើម្នាក់ទៀតអោយមក ប៉ុន្ដែ ពួកអ្នកថែចំការនាំគ្នាវាយក្បាលអ្នកបំរើនោះហើយជេរស្ដីទៀតផង។ 5 ម្ចាស់ចំការចាត់អ្នកបំរើម្នាក់ផ្សេងទៀតអោយមក។ អ្នកថែចំការបានសម្លាប់អ្នកបំរើនោះ។ បន្ទាប់មក អ្នកបំរើផ្សេងទៀតជាច្រើនរូបក៏រងគ្រោះដូច្នោះដែរ ខ្លះត្រូវគេវាយដំ ខ្លះត្រូវគេសម្លាប់។ 6 ម្ចាស់ចំការមានបុត្រដ៏ជាទីស្រឡាញ់តែមួយគត់ គាត់ចាត់បុត្រនោះអោយមកក្រោយគេបង្អស់ដោយយល់ថា 7 "គេមុខជាគោរពកោតខ្លាចកូនប្រុសខ្ញុំមិនខាន"។ ប៉ុន្ដែ ពួកកសិករថែចំការទាំងនោះពិគ្រោះគ្នាថា "អ្នកនេះជាអ្នកទទួលកេរមត៌កពីម្ចាស់ចំការទៅថ្ងៃក្រោយ យើងនាំគ្នាសម្លាប់វាទៅចំការនេះនឹងធ្លាក់មកជាសម្បត្ដិរបស់យើង"។ 8 គេក៏ចាប់កូនប្រុសម្ចាស់ចំការយកមកសម្លាប់ រួចបោះទៅក្រៅចំការទំពាំងបាយជូរ។ 9 តើម្ចាស់ចំការធ្វើយ៉ាងដូចម្ដេច? គាត់មុខជាមកសម្លាប់អ្នកថែរក្សាចំការទាំងនោះមិនខានរួចប្រគល់ចំការទំពាំងបាយជូរ ទៅអោយអ្នកផ្សេងទៀត។ 10 អ្នករាល់គ្នាពិតជាធ្លាប់អានអត្ថបទគម្ពីរដែលមានចែងថាៈ "ថ្មដែលពួកជាងសង់ផ្ទះបោះចោល បានត្រឡប់មកជាគ្រឹះដ៏សំខាន់បំផុត។ 11 ព្រះអម្ចាស់បានសំរេចការអស្ចារ្យនេះ យើងបានឃើញ ហើយស្ងើចសរសើរផង"»។ 12 ពួកមេដឹកនាំសាសន៍យូដាយល់ថា ព្រះអង្គមានព្រះបន្ទូលជាពាក្យប្រស្នានេះ សំដៅលើពួកគេ គេក៏នាំគ្នារកមធ្យោបាយចាប់ព្រះអង្គ ប៉ុន្ដែគេខ្លាចបណ្ដាជនដូច្នេះគេក៏ចាកចេញពីព្រះយេស៊ូទៅ។ 13 គេចាត់ពួកខាងគណៈផារីស៊ី និង ពួកខាងស្ដេចហេរ៉ូដខ្លះអោយទៅជិតព្រះយេស៊ូ ចាំចាប់កំហុស នៅពេលព្រះអង្គមានព្រះបន្ទូល។ 14 គេនាំគ្នាមកទូលព្រះអង្គថា៖ «លោកគ្រូ! យើងខ្ញុំដឹងថា លោកមានប្រសាសន៍សុទ្ធតែពិតទាំងអស់ លោកគ្រូពុំយោគយល់ ហើយក៏ពុំរើសមុខនរណាឡើយ គឺលោកគ្រូប្រៀនប្រដៅអំពីរបៀបរស់នៅដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់ តាមសេចក្ដីពិត។ តើច្បាប់ របស់យើងអនុញ្ញាតអោយបង់ពន្ធដារថ្វាយព្រះចៅអធិរាជរ៉ូមុំាងឬទេ? តើយើងត្រូវបង់ ឬ មិនត្រូវបង់?»។ 15 ព្រះយេស៊ូឈ្វេងយល់ពុតត្បុតរបស់គេ ទ្រង់មានព្រះបន្ទូលថា៖«ហេតុអ្វីបានជាអ្នករាល់គ្នាចង់ចាប់កំហុសខ្ញុំដូច្នេះ? សុំយកប្រាក់មួយកាក់មកអោយខ្ញុំមើលមើល៍»។ 16 គេក៏យកប្រាក់មួយកាក់មកថ្វាយព្រះយេស៊ូ ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «តើលើកាក់នេះ មានរូបនរណាឈ្មោះនរណា?»។ គេឆ្លើយថា៖ «រូប និង ឈ្មោះព្រះចៅអធិរាជ!»។ 17 ព្រះយេស៊ូក៏មានព្រះបន្ទូលទៅគេថា៖ «អ្វីៗដែលជារបស់ព្រះចៅអធិរាជ ចូរថ្វាយទៅព្រះចៅអធិរាជវិញទៅ ហើយអ្វីៗដែលជារបស់ព្រះជាម្ចាស់ ចូរថ្វាយទៅព្រះជាម្ចាស់វិញដែរ»។ គេងឿងឆ្ងល់នឹងព្រះយេស៊ូយ៉ាងខ្លាំង។ 18 មានពួកខាងគណៈសាឌូស៊ី ចូលមកគាល់ព្រះអង្គ។ ពួកសាឌូស៊ីមិនជឿថាមនុស្សស្លាប់នឹងរស់ឡើងវិញទេ។ គេទូលសួរព្រះយេស៊ូថា៖ 19 «លោកគ្រូ!លោកម៉ូសេ បានចែងច្បាប់ទុកអោយយើងថា "បើបុរសណាមានប្រពន្ធ ហើយស្លាប់ចោលប្រពន្ធទៅ តែគ្មានកូនសោះ ត្រូវអោយប្អូនប្រុសរបស់បុរសនោះរៀបការនឹងបងថ្លៃ ដើម្បីបន្ដពូជអោយបងប្រុសរបស់ខ្លួន"។ 20 ឧបមាថាមានបងប្អូនប្រុសៗប្រាំពីរនាក់។ បុរសបងបង្អស់បានរៀបការ ហើយស្លាប់ទៅ តែគ្មានកូនសោះ។ 21 ប្អូនបន្ទាប់រៀបការនឹងបងថ្លៃមេម៉ាយរួចស្លាប់ទៅ ទាំងឥតមានកូនរីឯប្អូនទីបីក៏ដូច្នោះដែរ។ 22 បងប្អូនទាំងប្រាំពីរនាក់សុទ្ធតែគ្មានកូនដូចគ្នា។ នៅទីបំផុតនាងក៏ស្លាប់ទៅដែរ។ 23 លុះដល់ពេលមនុស្សស្លាប់នឹងរស់ឡើងវិញ តើនាងត្រូវបានទៅជាប្រពន្ធរបស់អ្នកណា បើប្រាំពីរនាក់សុទ្ធតែយកនាងធ្វើជាប្រពន្ធដូច្នេះ?»។ 24 ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «អ្នករាល់គ្នាយល់ខុសហើយ ដ្បិតអ្នករាល់គ្នាមិនស្គាល់គម្ពីរ ហើយមិនស្គាល់ឫទ្ធានុភាពរបស់ព្រះជាម្ចាស់ផង។ 25 ពេលមនុស្សស្លាប់ មានជីវិតរស់ឡើងវិញ គេមិនរៀបការប្ដីប្រពន្ធទៀតឡើយ គឺគេនឹងបានដូចទេវតា នៅស្ថានបរមសុខ ។ 26 លោកម៉ូសេ បានចែងអំពីមនុស្សស្លាប់នឹងរស់ឡើងវិញ នៅក្នុងអត្ថបទស្ដីអំពីគុម្ពបន្លា តើអ្នករាល់គ្នាធ្លាប់អានឬទេ?។ ព្រះជាម្ចាស់មានព្រះបន្ទូលមកលោកថា "យើងជាព្រះរបស់អប្រាហំា ជាព្រះរបស់អ៊ីសាក និង ជាព្រះរបស់យ៉ាកុប"។ 27 ព្រះជាម្ចាស់មិនមែនជាព្រះរបស់មនុស្សស្លាប់ទេ គឺជាព្រះរបស់មនុស្សដែលមានជីវិត។ អ្នករាល់គ្នាយល់ខុសទាំងស្រុងហើយ!»។ 28 មានអាចារ្យ ម្នាក់ បានឮពួកគេជជែកជាមួយព្រះយេស៊ូ ហើយឃើញថាព្រះអង្គមានព្រះបន្ទូលឆ្លើយត្រឹមត្រូវ គាត់ក៏ចូលទៅជិតទូលព្រះអង្គថា៖ «ក្នុងបណ្ដាបទបញ្ជា ទាំងអស់ តើបទបញ្ជាណាសំខាន់ជាងគេ?»។ 29 ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖ «នេះជាបទបញ្ឆាទីមួយៈ "អ៊ីស្រាអែលអើយ ចូរស្ដាប់! មានតែព្រះអម្ចាស់ជាព្រះរបស់យើងមួយព្រះអង្គគត់ ដែលពិតជាព្រះអម្ចាស់។ 30 ត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នកអោយអស់ពីចិត្ដគំនិត អស់ពីស្មារតី អស់ពីប្រាជ្ញា និង អស់ពីកម្លាំងកាយ"។ 31 រីឯបទបញ្ជាទីពីរមានចែងថា "ត្រូវស្រឡាញ់បងប្អូនឯទៀតៗអោយបានដូចស្រឡាញ់ខ្លួនឯង"។ គ្មានបទបញ្ជាណាសំខាន់ជាងបទបញ្ជាទាំងពីរនេះទេ»។ 32 អាចារ្យនោះទូលព្រះអង្គថា៖ «លោកគ្រូ លោកមានប្រសាសន៍ត្រូវណាស់ ហើយពិតផង។ មានព្រះជាម្ចាស់តែមួយព្រះអង្គគត់ ក្រៅពីព្រះអង្គ គ្មានព្រះឯណាទៀតឡើយ។ 33 បើយើងស្រឡាញ់ព្រះអង្គអស់ពីចិត្ដគំនិត អស់ពីបញ្ញា និង អស់ពីកម្លាំងកាយ ហើយបើយើងស្រឡាញ់បងប្អូនឯទៀតៗអោយបានដូចស្រឡាញ់ខ្លួនឯង នោះប្រសើរជាងថ្វាយតង្វាយដុត និង ថ្វាយយញ្ញបូជាទៅទៀត»។ 34 កាលព្រះយេស៊ូឮគាត់ឆ្លើយដោយប្រាជ្ញាវាងវៃដូច្នេះ ព្រះអង្គមានព្រះបន្ទូលថា៖ «អ្នកនៅមិនឆ្ងាយពីព្រះរាជ្យរបស់ព្រះជាម្ចាស់ទេ»។ បន្ទាប់មក គ្មាននរណាហ៊ានដេញដោលសួរព្រះអង្គទៀតឡើយ។ 35 ព្រះយេស៊ូ បង្រៀនមនុស្សម្នា នៅក្នុងព្រះវិហារ ដោយមានព្រះបន្ទូលថា៖«ហេតុដូចម្ដេចបានជាពួកអាចារ្យនិយាយថា ព្រះគ្រិស្ដជាព្រះរាជវង្សរបស់ព្រះបាទដាវីឌដូច្នេះ?។ 36 ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានបំភ្លឺព្រះបាទដាវីឌអោយមានរាជឱង្ការថាៈ "ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់ ព្រះអម្ចាស់របស់ខ្ញុំថា សូមគង់ខាងស្ដាំយើង ទំរាំដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់ព្រះអង្គ មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ"។ 37 បើព្រះបាទដាវីឌផ្ទាល់ហៅព្រះគ្រិស្ដ ថា "ព្រះអម្ចាស់" ដូច្នេះ តើអោយព្រះគ្រិស្ដត្រូវជាព្រះរាជវង្សរបស់ព្រះអង្គដូចម្ដេចកើត?»។ បណ្ដាជនជាច្រើនចូលចិត្ដស្ដាប់ព្រះបន្ទូលរបស់ព្រះយេស៊ូណាស់។ 38 ព្រះអង្គមានព្រះបន្ទូលបង្រៀនគេថា៖ «ចូរប្រយ័ត្ននឹងពួកអាចារ្យ អោយមែនទែនអ្នកទាំងនោះចូលចិត្ដពាក់អាវវែង ដើរចុះដើរឡើងហើយចូលចិត្ដអោយគេអោនកាយគោរពនៅតាមផ្សារ 39 ព្រមទាំងរើសកន្លែងអង្គុយមុខគេក្នុងសាលាប្រជុំ និង ចូលចិត្ដកន្លែងកិត្ដិយសនៅពេលជប់លៀង។ 40 គេតែងនាំគ្នាឆបោកយកទ្រព្យសម្បត្ដិរបស់ស្ដ្រីមេម៉ាយ ដោយធ្វើឫកជាសូត្រធម៌យ៉ាងយូរ។ អ្នកទាំងនេះនឹងត្រូវទទួលទោសយ៉ាងធ្ងន់បំផុតជាមិនខាន»។ 41 ព្រះយេស៊ូគង់នៅមុខហិបតង្វាយ ព្រះអង្គទតមើលរបៀបដែលបណ្ដាជនយកប្រាក់មកដាក់ក្នុងហិបនោះ។ អ្នកមានច្រើននាក់ដាក់ប្រាក់ជាច្រើន។ 42 មានស្ដ្រីមេម៉ាយក្រីក្រម្នាក់មកដល់ នាងយកប្រាក់ពីរសេនជាចំនួនដ៏តិចតួចបំផុត ដាក់ក្នុងហិបតង្វាយនោះដែរ។ 43 ព្រះយេស៊ូត្រាស់ហៅពួកសិស្ស មក ហើយមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាបានដឹងច្បាស់ថា ស្ដ្រីមេម៉ាយក្រីក្រនេះបានដាក់ប្រាក់ក្នុងហិបច្រើនជាងគេទាំងអស់ 44 ដ្បិតពួកអ្នកទាំងនោះយកប្រាក់សំណល់របស់ខ្លួនមកដាក់។ រីឯស្ដ្រីមេម៉ាយនេះវិញ ទោះបីនាងក្រីក្រយ៉ាងណាក៏ដោយ ក៏នាងបានយកប្រាក់ដែលនាងត្រូវការជាចាំបាច់មកដាក់ដែរគឺប្រាក់ទាំងប៉ុន្មានដែលនាងមានសំរាប់ចិញ្ចឹមជីវិត»។

លូកា 13

1 ពេលព្រះយេស៊ូយាងចេញ ពីព្រះវិហារ ទៅ មានសិស្ស ម្នាក់ទូលព្រះអង្គថា៖ «ព្រះគ្រូ សូមមើលថ្មនុ៎ះស្អាតណាស់! វិមានទាំងនេះល្អវិសេសវិសាលបំផុត»។ 2 ព្រះយេស៊ូមានព្រះបន្ទូលទៅសិស្សនោះវិញថា៖ «ថ្ងៃក្រោយ វិមានដ៏ស្កឹមស្កៃដែលអ្នកឃើញនេះ នឹងត្រូវរលំបាក់បែកអស់លែងមានថ្មត្រួតពីលើថ្មទៀតហើយ»។ 3 ព្រះអង្គគង់នៅលើភ្នំដើមអូលីវ ទល់មុខព្រះវិហារ ។ លោកពេត្រុស លោកយ៉ាកុប លោកយ៉ូហាន និង លោកអនទ្រេ ទូលសួរព្រះអង្គដាច់ឡែកពីគេថា៖ 4 «សូមព្រះគ្រូប្រាប់អោយយើងខ្ញុំដឹងផង ហេតុការណ៍ទាំងនេះនឹងកើតឡើងនៅពេលណា? តើមានអ្វីជាសំគាល់អោយយើងខ្ញុំដឹងថា ព្រឹត្ដិការណ៍ទាំងនេះនឹងដល់ទីបញ្ចប់?»។ 5 ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ចូរប្រុងប្រយ័ត្ន កុំបណ្ដោយនរណាមកបញ្ឆោតអ្នករាល់គ្នាអោយវង្វេងបានឡើយ 6 ដ្បិតនឹងមានមនុស្សជាច្រើនយកឈ្មោះខ្ញុំមកប្រើ ដោយពោលថា "ខ្ញុំនេះហើយជាព្រះគ្រិស្ដ !"។ គេនឹងនាំមនុស្សជាច្រើនអោយវង្វេង។ 7 កាលណាអ្នករាល់គ្នាឮគេនិយាយអំពីសង្គ្រាម និង ឮដំណឹងថាមានសង្គ្រាមផ្ទុះឡើង មិនត្រូវជ្រួលច្របល់ឡើយ ដ្បិតហេតុការណ៍ទាំងនេះត្រូវតែកើតឡើង ប៉ុន្ដែ មិនទាន់ដល់អវសានកាលនៃពិភពលោកនៅឡើយទេ។ 8 ប្រជាជាតិមួយនឹងធ្វើសង្គ្រាមតទល់នឹងប្រជាជាតិមួយទៀត ប្រទេសមួយតទល់នឹងប្រទេសមួយទៀត។ នៅកន្លែងខ្លះនឹងមានរញ្ជួយផែនដី ព្រមទាំងមានកើតទុរ្ភិក្សផង។ ហេតុការណ៍ទាំងនេះប្រៀបបាននឹងការឈឺចាប់ដើមដំបូងរបស់ស្ដ្រី ដែលហៀបនឹងសំរាលកូន។ 9 ចូរអ្នករាល់គ្នាប្រុងប្រយ័ត្នខ្លួនអោយមែនទែន ដ្បិតគេនឹងបញ្ជូនអ្នករាល់គ្នាទៅកន្លែងកាត់ទោស គេនឹងយករំពាត់វាយអ្នករាល់គ្នានៅក្នុងសាលាប្រជុំ គេនឹងនាំអ្នករាល់គ្នាទៅអោយទេសាភិបាល និង អោយស្ដេចកាត់ទោស ព្រោះតែអ្នករាល់គ្នាតាមខ្ញុំ។ ប៉ុន្ដែ ជាឱកាសសំរាប់អ្នករាល់គ្នាផ្ដល់សក្ខីភាពអោយគេដឹងឮ។ 10 ត្រូវប្រកាសដំណឹងល្អ អោយមនុស្សគ្រប់ជាតិគ្រប់សាសន៍បានឮជាមុនសិន។ 11 ពេលគេចាប់អ្នករាល់គ្នាបញ្ជូនទៅកាត់ទោស កុំភ័យបារម្ភជាមុននឹងរកពាក្យដែលអ្នករាល់គ្នាត្រូវនិយាយនោះឡើយ ត្រូវនិយាយតាមតែព្រះជាម្ចាស់ប្រទានអោយអ្នករាល់គ្នានិយាយនៅពេលនោះ ដ្បិតមិនមែនអ្នករាល់គ្នាទេដែលនិយាយ គឺព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ទេតើ ដែលនឹងមានព្រះបន្ទូល។ 12 បងប្អូននឹងចាប់បញ្ជូនគ្នាទៅអោយគេសម្លាប់ ឪពុកនឹងចាប់បញ្ជូនកូនទៅអោយគេសម្លាប់ ហើយកូនៗលើកគ្នាប្រឆាំងនឹងឪពុកម្ដាយ ព្រមទាំងបញ្ជូនទៅអោយគេសម្លាប់ទៀតផង។ 13 មនុស្សគ្រប់រូបនឹងស្អប់អ្នករាល់គ្នា ព្រោះតែឈ្មោះខ្ញុំ។ ប៉ុន្ដែ អ្នកណាស៊ូទ្រំារហូតដល់ទីបញ្ចប់ ព្រះជាម្ចាស់នឹងសង្គ្រោះអ្នកនោះ»។ 14 «ពេលណាអ្នករាល់គ្នាឃើញជនចង្រៃដ៏គួរអោយស្អប់ខ្ពើម ឈរនៅកន្លែងដែលមិនត្រូវឈរ-សូម អោយអ្នកអានយល់ពាក្យនេះចុះ- ពេលនោះអស់អ្នកដែលរស់ក្នុងស្រុកយូដា ត្រូវនាំគ្នារត់ទៅជ្រកនៅតាមភ្នំ។ 15 រីឯអ្នកនៅលើដំបូលផ្ទះ មិនត្រូវចុះមកយករបស់អ្វីដែលនៅក្នុងផ្ទះឡើយ 16 ហើយអ្នកដែលនៅឯចំការ ក៏មិនត្រូវវិលទៅផ្ទះយកអាវធំរបស់ខ្លួនដែរ។ 17 គ្រានោះស្ដ្រីមានផ្ទៃពោះ និង ស្ដ្រីបំបៅកូន មុខជាវេទនាពុំខាន។ 18 ចូរទូលអង្វរព្រះជាម្ចាស់ សូមកុំអោយហេតុការណ៍ទាំងនេះកើតឡើងនៅរដូវត្រជាក់ឡើយ 19 ដ្បិតពេលនោះ ជាពេលមានទុក្ខវេទនាយ៉ាងខ្លាំង តាំងពីដើមកំណើតពិភពលោកមក គឺចាប់ពីពេលដែលព្រះជាម្ចាស់បង្កើតអ្វីៗទាំងអស់ មកទល់សព្វថ្ងៃហើយទោះជាទៅថ្ងៃមុខទៀត ក៏ពុំដែលមានទុក្ខលំបាកខ្លាំងយ៉ាងនេះដែរ។ 20 ប្រសិនបើព្រះអម្ចាស់មិនបន្ថយចំនួនថ្ងៃទាំងនោះទេ មុខជាគ្មានមនុស្សណាបានរួចជីវិតឡើយ ប៉ុន្ដែ ព្រះអង្គបន្ថយចំនួនថ្ងៃទាំងនោះដោយយោគយល់ដល់ពួកអ្នកដែលព្រះអង្គបានជ្រើសរើស។ 21 ប្រសិនបើមានគេប្រាប់អ្នករាល់គ្នាថា "ព្រះគ្រិស្ដ គង់នៅទីនេះ ឬ នៅទីនោះ "កុំជឿគេឡើយ 22 ដ្បិតនឹងមានមនុស្សក្លែងខ្លួនធ្វើជាព្រះគ្រិស្ដ ព្រមទាំងមានព្យាការីក្លែងក្លាយ នាំគ្នាសំដែងទីសំគាល់ដ៏អស្ចារ្យ និង ឫទ្ធិបាដិហារិយ៍ផ្សេងៗដើម្បីបញ្ឆោតមនុស្សរហូតដល់ទៅនាំពួកអ្នកដែលព្រះអង្គជ្រើសរើសអោយវង្វេងថែមទៀតផង ប្រសិនបើគេអាចធ្វើបាន។ 23 ចូរប្រុងប្រយ័ត្ន ដ្បិតខ្ញុំនិយាយប្រាប់អោយអ្នករាល់គ្នាដឹងជាមុន សព្វគ្រប់ហើយ»។ 24 «លុះទុក្ខលំបាកនេះកន្លងផុតទៅ នៅគ្រានោះព្រះអាទិត្យនឹងបាត់រស្មី ព្រះច័ន្ទលែងមានពន្លឺទៀតហើយ 25 រីឯផ្កាយទាំងឡាយនឹងធ្លាក់ចុះពីលើមេឃអំណាចនានានៅលើមេឃនឹងត្រូវកក្រើករំពើក។ 26 ពេលនោះ គេនឹងឃើញ បុត្រមនុស្ស យាងមកក្នុងពពក ប្រកបដោយឫទ្ធានុភាពដ៏ខ្លាំងក្លា និង ដោយសិរីរុងរឿង។ 27 លោកនឹងចាត់ពួកទេវតា របស់លោកអោយទៅទិសទាំងបួន ចាប់តាំងពីជើងមេឃម្ខាង ទៅជើងមេឃម្ខាងទៀត ដើម្បីប្រមូលពួកអ្នកដែលព្រះជាម្ចាស់បានជ្រើសរើស»។ 28 «ចូរអ្នករាល់គ្នាយកពាក្យប្រស្នា ស្ដីអំពីដើមឧទុម្ពរ ទៅរិះគិតចុះ។ កាលណាមែករបស់វាមានស្លឹកលាស់ខៀវខ្ចី អ្នករាល់គ្នាដឹងថារដូវប្រាំងជិតមកដល់ហើយ។ 29 ដូច្នេះ កាលណាអ្នករាល់គ្នាឃើញព្រឹត្ដិការណ៍ទាំងនោះកើតឡើង ត្រូវដឹងថាបុត្រមនុស្ស ក៏ជិតមកដល់ហើយដែរ គឺលោកមកជិតបង្កើយហើយ។ 30 ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថាហេតុការណ៍ទាំងនោះនឹងកើតឡើង នៅពេលដែលមនុស្សជំនាន់នេះមានជីវិតនៅឡើយ។ 31 ផ្ទៃមេឃ និង ផែនដីនឹងរលាយបាត់ទៅ តែពាក្យដែលខ្ញុំនិយាយមិនរលាយបាត់ទេ។ 32 រីឯថ្ងៃកំណត់ និង ពេលវេលា គ្មាននរណាដឹងឡើយ ទោះបីទេវតា នៅស្ថានបរមសុខ ឬ ព្រះបុត្រាក៏ពុំជ្រាបដែរ មានតែព្រះបិតាប៉ុណ្ណោះដែលជ្រាប។ 33 អ្នករាល់គ្នាមិនដឹងថា ពេលណាជាពេលកំណត់ទេដូច្នេះ ចូរប្រុងប្រយ័ត្ន ប្រុងស្មារតីអោយមែនទែន 34 ដ្បិតពេលកំណត់នោះប្រៀបបាននឹងបុរសម្នាក់ ដែលចេញដំណើរពីផ្ទះទៅ គាត់ទុកអោយពួកអ្នកបំរើមើលខុសត្រូវក្នុងផ្ទះ ដោយចែកមុខងារអោយរៀងៗខ្លួនព្រមទាំងបង្គាប់អោយអ្នកយាមផ្ទះប្រុងស្មារតីផង។ 35 អ្នករាល់គ្នាក៏ត្រូវប្រុងស្មារតីដូច្នោះដែរ ដ្បិតអ្នករាល់គ្នាពុំដឹងថា ម្ចាស់ផ្ទះនឹងវិលមកវិញនៅពេលណាឡើយ មិនដឹងជាយប់ ពាក់កណ្ដាលអធ្រាត្រ ពេលមានរងាវ ឬ ពេលព្រលឹមទេ 36 ក្រែងលោកត្រឡប់មកវិញ ដោយមិនបានអោយដំណឹងមុន ហើយឃើញអ្នករាល់គ្នាកំពុងតែដេកលក់។ 37 ពាក្យដែលខ្ញុំនិយាយប្រាប់អ្នករាល់គ្នានេះ ខ្ញុំក៏ចង់និយាយប្រាប់អ្នកឯទៀតៗគ្រប់គ្នាដែរ គឺថា ចូរប្រុងស្មារតី!»។

លូកា 14

1 នៅពីរថ្ងៃមុនបុណ្យចម្លង និង បុណ្យនំបុ័ងឥតមេ ក្រុមនាយកបូជាចារ្យ និង ពួកអាចារ្យ នាំគ្នារកមធ្យោបាយ ដើម្បីចាប់ព្រះយេស៊ូដោយកលល្បិចយកទៅធ្វើគុត។ 2 ប៉ុន្ដែ គេនិយាយគ្នាថា៖«កុំចាប់ក្នុងពេលបុណ្យនេះឡើយ ក្រែងកើតចលាចលក្នុងចំណោមប្រជាជន»។ 3 ព្រះយេស៊ូគង់នៅភូមិបេថានី ក្នុងផ្ទះបុរសម្នាក់ឈ្មោះស៊ីម៉ូនជាមនុស្សឃ្លង់។ ពេលព្រះអង្គកំពុងសោយព្រះស្ងោយ មានស្ដ្រីម្នាក់ចូលមក ទាំងកាន់ដបថ្មកែវផង។ នៅក្នុងដបនោះ មានប្រេងទេព្វិរូសុទ្ធដ៏មានតម្លៃលើសលប់។ នាងបំបែកដបថ្មកែវ ហើយចាក់ប្រេងក្រអូបលើព្រះសិរសារបស់ព្រះយេស៊ូ។ 4 មានអ្នកខ្លះនៅទីនោះ ទាស់ចិត្ដយ៉ាងខ្លាំង គេនិយាយគ្នាថា៖ «ម្ដេចក៏ខ្ជះខ្ជាយប្រេងក្រអូបដូច្នេះ! 5 បើយកប្រេងនេះទៅលក់ មុខជាបានប្រាក់ជាងបីរយដួង ហើយចែកទានដល់ជនក្រីក្រវិញ»។ អ្នកទាំងនោះខឹងនឹងនាងណាស់។ 6 ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ទុកអោយនាងធ្វើតាមចិត្ដនាងទៅ! ហេតុអ្វីបានជារករឿងនាង! នាងបានធ្វើអំពើដ៏ល្អចំពោះខ្ញុំ។ 7 អ្នករាល់គ្នាមានអ្នកក្រីក្រនៅជាមួយរហូត អ្នករាល់គ្នាអាចធ្វើទានដល់គេ តាមតែចិត្ដអ្នករាល់គ្នាចង់ រីឯខ្ញុំវិញ ខ្ញុំមិននៅជាមួយអ្នករាល់គ្នារហូតទេ។ 8 ស្ដ្រីនេះបានធ្វើតាមសមត្ថភាពរបស់នាង គឺនាងលាបប្រេងក្រអូបលើរូបកាយខ្ញុំ ទុកជាមុនសំរាប់យកទៅបញ្ចុះក្នុងផ្នូរ។ 9 ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា នៅគ្រប់ទីកន្លែងក្នុងពិភពលោកទាំងមូលកាលណាគេប្រកាសដំណឹងល្អ គេក៏នឹងតំណាលអំពីកិច្ចការដែលនាងបានធ្វើនេះដែរ ដើម្បីរំលឹកអំពីនាង។ 10 យូដាសអ៊ីស្ការីយ៉ុត ជាសិស្ស ម្នាក់ក្នុងក្រុមដប់ពីររូបបានទៅជួបពួកនាយកបូជាចារ្យ ដើម្បីគិតគូរនាំគេទៅចាប់ព្រះយេស៊ូ។ 11 កាលអ្នកទាំងនោះស្ដាប់ពាក្យយូដាសនិយាយ គេសប្បាយចិត្ដណាស់ ហើយសន្យាថានឹងអោយប្រាក់គាត់។ យូដាសក៏រកឱកាសល្អដើម្បីនាំគេទៅចាប់ព្រះអង្គ។ 12 នៅថ្ងៃដំបូងនៃពិធីបុណ្យនំបុ័ងឥតមេ ជាថ្ងៃដែលគេត្រូវសម្លាប់កូនចៀមធ្វើយញ្ញបូជា សំរាប់បុណ្យចម្លង ពួកសិស្ស ទូលសួរព្រះយេស៊ូថា៖ «តើព្រះគ្រូចង់អោយយើងខ្ញុំរៀបចំពិធីជប់លៀងជូនក្នុងឱកាសបុណ្យចម្លង នៅកន្លែងណា?»។ 13 ព្រះអង្គចាត់សិស្ស ពីររូបអោយទៅ ដោយមានព្រះបន្ទូលថា៖ «ចូរអ្នកទៅទីក្រុង អ្នកនឹងជួបបុរសម្នាក់លីក្អមទឹក។ ចូរដើរតាមគាត់ទៅ 14 គាត់ចូលផ្ទះណា អ្នកត្រូវនិយាយទៅម្ចាស់ផ្ទះនោះថា លោកគ្រូមានប្រសាសន៍ថា "បន្ទប់ដែលខ្ញុំនឹងត្រូវជប់លៀងជាមួយពួកសិស្ស ក្នុងពេលបុណ្យចម្លង នៅឯណា?"។ 15 ម្ចាស់ផ្ទះនឹងបង្ហាញបន្ទប់មួយយ៉ាងធំនៅជាន់ខាង លើ ដែលមានប្រដាប់ប្រដាសព្វគ្រប់រៀបចំជាស្រេច ចូររៀបចំម្ហូបអាហារសំរាប់យើង នៅក្នុងបន្ទប់នោះចុះ»។ 16 សិស្ស ទាំងពីរក៏ចេញទៅ លុះដល់ទីក្រុង គេបានឃើញដូចព្រះយេស៊ូមានព្រះបន្ទូលប្រាប់មែន គេក៏រៀបចំម្ហូបអាហារសំរាប់បុណ្យចម្លង។ 17 លុះដល់ល្ងាច ព្រះអង្គយាងមកដល់ជាមួយសិស្សទាំងដប់ពីររូប។ 18 នៅពេលព្រះយេស៊ូរួមតុ សោយព្រះស្ងោយជាមួយពួកសិស្ស ព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំសុំប្រាប់អ្នករាល់គ្នាអោយបានដឹងច្បាស់ថា ក្នុងចំណោមអ្នករាល់គ្នាដែលបរិភោគជាមួយខ្ញុំ មានម្នាក់នឹងនាំគេមកចាប់ខ្ញុំ»។ 19 ពួកសិស្សព្រួយចិត្ដក្រៃលែង គេទូលសួរព្រះអង្គបន្ដបន្ទាប់គ្នាថា៖ «តើទូលបង្គំឬ?»។ 20 ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «គឺម្នាក់ក្នុងចំណោមអ្នកទាំងដប់ពីរ ដែលកំពុងជ្រលក់នំបុ័ងក្នុងចានជាមួយខ្ញុំនេះហើយ។ 21 បុត្រមនុស្ស ត្រូវតែស្លាប់ ដូចមានចែងទុកក្នុងគម្ពីរអំពីលោកស្រាប់ហើយ។ ប៉ុន្ដែ អ្នកដែលនាំគេមកចាប់បុត្រមនុស្ស នឹងត្រូវវេទនាជាមិនខាន។ ចំពោះអ្នកនោះ បើមិនបានកើតមកទេទើបប្រសើរជាង»។ 22 នៅពេលកំពុងបរិភោគ ព្រះយេស៊ូយកនំបុ័ងមកកាន់ ព្រះអង្គសរសើរតម្កើងព្រះជាម្ចាស់ ហើយកាច់ប្រទានអោយគេ ទាំងមានព្រះបន្ទូលថា៖ «សុំពិសាចុះនេះជារូបកាយរបស់ខ្ញុំ»។ 23 បន្ទាប់មក ព្រះអង្គយកពែងមកកាន់ អរព្រះគុណព្រះជាម្ចាស់ រួចប្រទានអោយពួកសិស្ស ពួកសិស្សក៏បរិភោគទាំងអស់គ្នា។ 24 ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «នេះជាលោហិតរបស់ខ្ញុំគឺលោហិតនៃសម្ពន្ធមេត្រី ដែលត្រូវបង្ហូរសំរាប់មនុស្សទាំងអស់។ 25 ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា ខ្ញុំនឹងមិនពិសាស្រាទំពំាងបាយជូរទៀតឡើយ រហូតដល់ថ្ងៃដែលខ្ញុំនឹងពិសាស្រាទំពំាងបាយជូរថ្មី នៅក្នុងព្រះរាជ្យព្រះជាម្ចាស់»។ 26 ក្រោយពីបានច្រៀងទំនុកតម្កើង រួចហើយព្រះយេស៊ូយាងឆ្ពោះទៅភ្នំដើមអូលីវជាមួយពួកសិស្ស។ 27 ព្រះយេស៊ូមានព្រះបន្ទូលទៅពួកសិស្ស ថា៖«អ្នកទាំងអស់គ្នានឹងបោះបង់ខ្ញុំចោល ដ្បិតមានចែងទុកមកថា "យើងនឹងវាយសម្លាប់គង្វាល ហើយចៀមនឹងត្រូវខ្ចាត់ខ្ចាយ"។ 28 ក៏ប៉ុន្ដែ ក្រោយពេលខ្ញុំមានជីវិតរស់ឡើងវិញ ខ្ញុំនឹងទៅស្រុកកាលីឡេ មុនអ្នករាល់គ្នា»។ 29 លោកពេត្រុសទូលព្រះអង្គថា៖ «ទោះបីអ្នកឯទៀតៗបោះបង់ព្រះអង្គចោលក៏ដោយ ក៏ទូលបង្គំមិនបោះបង់ចោលព្រះអង្គជាដាច់ខាត»។ 30 ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំសុំប្រាប់អោយអ្នកដឹងច្បាស់ថានៅយប់នេះឯង មុនមាន់រងាវពីរដង អ្នកនឹងបដិសេធបីដងថា មិនស្គាល់ខ្ញុំ»។ 31 ប៉ុន្ដែលោកពេត្រុសប្រកែករឹតតែខ្លាំងឡើងថា៖ «ទោះបីទូលបង្គំត្រូវស្លាប់ជាមួយព្រះអង្គក៏ដោយ ក៏ទូលបង្គំមិនបដិសេធថាមិនស្គាល់ព្រះអង្គជាដាច់ខាត»។ សិស្សឯទៀតៗក៏ទូលព្រះអង្គដូចលោកពេត្រុសដែរ។ 32 ព្រះអង្គយាងទៅដល់កន្លែងមួយ ឈ្មោះកេតសេម៉ានី ជាមួយពួកសិស្ស ។ ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរអ្នករាល់គ្នាអង្គុយនៅទីនេះហើយ ចាំខ្ញុំអធិស្ឋាន សិន»។ 33 ព្រះអង្គនាំលោកពេត្រុសលោកយ៉ាកុប និង លោកយ៉ូហាន ទៅជាមួយ។ ពេលនោះ ព្រះអង្គចាប់ផ្ដើមភ័យតក់ស្លុត ព្រមទាំងចុកចាប់អន្ទះសាពន់ប្រមាណ។ 34 ព្រះអង្គមានព្រះបន្ទូលទៅកាន់អ្នកទាំងបីថា៖ «ខ្ញុំព្រួយចិត្ដយ៉ាងខ្លាំងស្ទើរតែស្លាប់ អ្នករាល់គ្នានៅទីនេះសិនហើយ ចូរប្រុងស្មារតី»។ 35 ព្រះអង្គយាងទៅមុខបន្ដិច ក្រាបចុះដល់ដីទូលអង្វរសូមអោយទុក្ខលំបាកនេះ ចេញឆ្ងាយពីព្រះអង្គទៅ បើសិនជាអាចកន្លងផុតទៅបាន។ 36 ព្រះអង្គទូលថា៖ «អ័ប្បា ឱព្រះបិតាអើយ! ព្រះអង្គអាចសំរេចគ្រប់កិច្ចការទាំងអស់បាន សូមដកយកពែងនៃទុក្ខលំបាកនេះ ចេញអោយឆ្ងាយពីទូលបង្គំទៅ ប៉ុន្ដែ សូមកុំតាមបំណងចិត្ដទូលបង្គំឡើយ គឺសូមអោយបានសំរេចតាមព្រះហឫទ័យព្រះអង្គវិញ»។ 37 ព្រះអង្គយាងទៅរកពួកសិស្ស ឃើញគេកំពុងតែដេកលក់ ព្រះអង្គមានព្រះបន្ទូលទៅលោកពេត្រុសថា៖«ស៊ីម៉ូនអើយ ម្ដេចក៏អ្នកដេកលក់ដូច្នេះ? អ្នកនៅស៊ូទ្រំាប្រុងស្មារតី សូម្បីតែមួយម៉ោងក៏មិនបានដែរឬ? 38 ចូរប្រុងស្មារតី ហើយអធិស្ឋាន កុំអោយចាញ់ការល្បួង វិញ្ញាណរបស់មនុស្សប្រុងប្រៀបជាស្រេចមែន ប៉ុន្ដែ គេនៅទន់ខ្សោយ ព្រោះនិស្ស័យលោកីយ៍»។ 39 ព្រះអង្គយាងចេញទៅឆ្ងាយពីគេសាជាថ្មី ហើយទូលអង្វរ ដោយប្រើពាក្យដដែល។ 40 ព្រះអង្គវិលត្រឡប់មករកពួកសិស្សម្ដងទៀត ឃើញគេដេកលក់ដ្បិតគេងងុយពេក បើកភ្នែកមិនរួច មិនដឹងទូលព្រះអង្គដូចម្ដេច។ 41 ព្រះយេស៊ូវិលមករកគេជាលើក ទីបីមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នានៅតែដេកលក់អ្នករាល់គ្នាសំរាកដល់អង្កាល់ទៀត?ប៉ុណ្ណឹងល្មមហើយ!ឥឡូវនេះ ពេលកំណត់មកដល់ហើយ បុត្រមនុស្សត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់មនុស្សបាប។ 42 ចូរក្រោកឡើង យើងនាំគ្នាទៅ ដ្បិតអ្នកដែលនាំគេមកចាប់ខ្ញុំ មកជិតដល់ហើយ!»។ 43 ព្រះអង្គកំពុងតែមានព្រះបន្ទូលនៅឡើយ ស្រាប់តែយូដាសជាសិស្សម្នាក់ ក្នុងចំណោមសិស្សទាំងដប់ពីររូបមកដល់ដោយមានបណ្ដាជនមួយក្រុម កាន់ដាវ កាន់ដំបងមកជាមួយផង។ ពួកនាយកបូជាចារ្យ ពួកអាចារ្យ និង ពួកព្រឹទ្ធាចារ្យ បានចាត់អ្នកទាំងនោះអោយមក។ 44 យូដាសដែលនាំគេមកចាប់ព្រះយេស៊ូ បានសន្មតជាមួយអ្នកទាំងនោះនូវសញ្ញាមួយថា៖ «ខ្ញុំថើបអ្នកណា គឺអ្នកនោះហើយ សុំចាប់គាត់នាំយកទៅដោយប្រយ័ត្នប្រយែងអោយមែនទែន»។ 45 កាលមកដល់ភ្លាម យូដាសដើរតំរង់មករកព្រះយេស៊ូ ពោលថា៖ «លោកគ្រូ!» រួចគាត់ថើបព្រះអង្គ 46 ពួកគេនាំគ្នាចាប់ព្រះយេស៊ូ។ 47 មានម្នាក់ដែលនៅទីនោះ ហូតដាវកាប់អ្នកបំរើរបស់មហាបូជាចារ្យដាច់ស្លឹកត្រចៀកម្ខាង។ 48 ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំជាចោរព្រៃឬ បានជាអស់លោក កាន់ដាវ កាន់ដំបង មកចាប់ខ្ញុំដូច្នេះ?។ 49 ជារៀងរាល់ថ្ងៃ ខ្ញុំនៅក្នុងព្រះវិហារ ជាមួយអស់លោកទាំងបង្រៀនផង តែអស់លោកពុំបានចាប់ខ្ញុំទេ។ ការណ៍ទាំងនេះកើតឡើងដើម្បីអោយបានស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរ»។ 50 ពេលនោះ ពួកសិស្សបោះបង់ព្រះយេស៊ូចោល ហើយរត់បាត់អស់ទៅ។ 51 មានកំឡោះម្នាក់ដែលបានទៅតាមព្រះអង្គ មានតែសំពត់មួយផ្ទំាងបិទបាំងកាយប៉ុណ្ណោះ គេបានចាប់គាត់ដែរ 52 តែគាត់ចោលសំពត់រត់ទៅខ្លួនទទេ។ 53 គេបណ្ដើរព្រះយេស៊ូនាំយកទៅដល់ដំណាក់របស់លោកមហាបូជាចារ្យ ។ ពួកនាយកបូជាចារ្យ ពួកព្រឹទ្ធាចារ្យ និង ពួកអាចារ្យ មកជួបជុំទាំងអស់គ្នានៅទីនោះ។ 54 លោកពេត្រុសដើរតាមព្រះអង្គពីចម្ងាយ រហូតដល់ខាងក្នុងទីធ្លាដំណាក់មហាបូជាចារ្យ ហើយអង្គុយអំាងភ្លើងជាមួយកងរក្សាព្រះវិហារ ។ 55 ពួកនាយកបូជាចារ្យ និង ក្រុមប្រឹក្សាជាន់ខ្ពស់ ទាំងមូលនាំគ្នារកពាក្យចោទប្រកាន់ព្រះយេស៊ូ ដើម្បីកាត់ទោសប្រហារជីវិតព្រះអង្គ តែរកមិនបានសោះ។ 56 មនុស្សជាច្រើនបានប្រឌិតរឿងក្លែងក្លាយចោទប្រកាន់ព្រះអង្គ ប៉ុន្ដែ ពាក្យចោទទាំងនោះមិនស្របគ្នាឡើយ។ 57 មានអ្នកខ្លះក្រោកឈរឡើង ពោលរឿងក្លែងក្លាយ ចោទប្រកាន់ព្រះអង្គថា៖ 58 «យើងបានឮអ្នកនេះពោលថា "ខ្ញុំនឹងរុះព្រះវិហារដែលសង់ឡើងដោយដៃមនុស្សចោល ហើយក្នុងរវាងបីថ្ងៃ ខ្ញុំនឹងសង់ព្រះវិហារមួយផ្សេងទៀត ដែលមិនមែនសង់ដោយដៃមនុស្សទេ"»។ 59 ប៉ុន្ដែ ទោះបីក្នុងរឿងនេះក៏ដោយ ក៏ពាក្យរបស់គេនៅតែពុំស្របគ្នាដដែល។ 60 ពេលនោះ លោកមហាបូជាចារ្យក្រោកឈរឡើងនៅមុខក្រុមប្រឹក្សាជាន់ខ្ពស់ សួរព្រះយេស៊ូថា៖ «ម្ដេចក៏អ្នកមិនឆ្លើយនឹងពាក្យចោទប្រកាន់របស់លោកទាំងនេះ?» 61 ព្រះយេស៊ូនៅស្ងៀម ពុំឆ្លើយតបទាល់តែសោះ។ លោកមហាបូជាចារ្យសួរព្រះអង្គម្ដងទៀតថា៖ «តើអ្នកពិតជាព្រះគ្រិស្ដ ជាព្រះបុត្រារបស់ព្រះដែលយើងសរសើរតម្កើងមែនឬ?»។ 62 ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖ «មែន គឺខ្ញុំហ្នឹងហើយ។ អស់លោកនឹងឃើញបុត្រមនុស្ស គង់នៅខាងស្ដាំព្រះដ៏មានឫទ្ធានុភាព ហើយនឹងយាងមកជាមួយពពក នៅលើមេឃ»។ 63 លោកមហាបូជាចារ្យឮដូច្នេះ ក៏ហែកអាវរបស់លោក ហើយមានប្រសាសន៍ថា៖ «យើងមិនបាច់រកសាក្សីឯណាទៀតទេ 64 អស់លោកឮជននេះពោលពាក្យប្រមាថព្រះជាម្ចាស់ស្រាប់ហើយ តើអស់លោកគិតដូចម្ដេច?»។ គេបានសំរេចចិត្ដទាំងអស់គ្នា កាត់ទោសប្រហារជីវិតព្រះយេស៊ូ។ 65 អ្នកខ្លះនាំគ្នាស្ដោះទឹកមាត់ដាក់ព្រះអង្គ គេគ្របព្រះភ័ក្ដ្រព្រះអង្គ វាយតប់ព្រះអង្គ ហើយសួរថា៖«ទាយមើល៍!»។ កងរក្សាព្រះវិហារយកព្រះយេស៊ូមកទះកំផ្លៀង។ 66 ពេលលោកពេត្រុសនៅក្នុងទីធ្លា មានស្ដ្រីបំរើម្នាក់របស់លោកមហាបូជាចារ្យ មកដល់។ 67 នាងឃើញលោកពេត្រុសកំពុងអំាងភ្លើង ក៏សំឡឹងមើលមុខគាត់អោយបានច្បាស់ រួចពោលថា៖ «អ្នកឯងក៏ជាបក្សពួករបស់យេស៊ូ ជាអ្នកភូមិណាសារ៉ែតដែរ!»។ 68 ប៉ុន្ដែលោកប្រកែកឡើងថា៖ «ខ្ញុំមិនដឹងទេ ខ្ញុំមិនយល់ថានាងចង់និយាយអំពីរឿងអ្វីឡើយ»។ លោកពេត្រុសក៏ចេញពីទីនោះ ឆ្ពោះទៅខ្លោងទ្វារខាងក្រៅ ពេលនោះមាន់រងាវឡើង។ 69 ស្ដ្រីបំរើឃើញលោកពេត្រុស ក៏ប្រាប់អស់អ្នកដែលនៅទីនោះម្ដងទៀតថា៖ «អ្នកនេះជាបក្សពួកគេដែរ»។ 70 លោកពេត្រុសប្រកែកសាជាថ្មី។ បន្ដិចក្រោយមក អស់អ្នកដែលនៅទីនោះនិយាយទៅលោកពេត្រុសទៀតថា៖ «អ្នកឯងប្រាកដជាបក្សពួកអ្នកទាំងនោះមែន ព្រោះអ្នកឯងជាអ្នកស្រុកកាលីឡេដូចគ្នា»។ 71 លោកពេត្រុសក៏និយាយឡើងថា៖ «បើខ្ញុំកុហក សូមអោយព្រះជាម្ចាស់ដាក់ ទោសខ្ញុំចុះខ្ញុំសុំស្បថថា ខ្ញុំមិនដែលស្គាល់អ្នកនោះទាល់តែសោះ»។ 72 ភ្លាមនោះ មាន់រងាវឡើង ជាលើកទីពីរ លោកពេត្រុសក៏នឹកឃើញព្រះបន្ទូលរបស់ព្រះយេស៊ូ ដែលថា "មុនមាន់រងាវពីរដង អ្នកនឹងបដិសេធបីដងថាមិនស្គាល់ខ្ញុំ" គាត់ក៏ទ្រហោយំ។

លូកា 15

1 លុះព្រលឹមឡើងពួកនាយកបូជាចារ្យ ប្រជុំគ្នា ជាមួយពួកព្រឹទ្ធាចារ្យ ពួកអាចារ្យ និង ក្រុមប្រឹក្សាជាន់ខ្ពស់ ទាំងមូល។ គេបានចងព្រះយេស៊ូ ហើយបញ្ជូនព្រះអង្គទៅលោកពីឡាត។ 2 លោកពីឡាតសួរព្រះអង្គថា៖ «តើអ្នកជាស្ដេចយូដាមែនឬ?»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖«លោកទេតើ ដែលមានប្រសាសន៍ដូច្នេះ!»។ 3 ពួកនាយកបូជាចារ្យបានយករឿងជាច្រើន មកចោទប្រកាន់ព្រះយេស៊ូ។ 4 លោកពីឡាតសួរព្រះអង្គម្ដងទៀតថា៖ «ហេតុដូចម្ដេចបានជាអ្នកមិនឆ្លើយអ្វីសោះដូច្នេះ? អ្នកមិនឮពាក្យទាំងប៉ុន្មានដែលគេចោទប្រកាន់អ្នកទេឬ?»។ 5 ព្រះយេស៊ូពុំបានឆ្លើយតបទៀតឡើយជាហេតុនាំអោយលោកពីឡាតងឿងឆ្ងល់ជាខ្លាំង។ 6 ជារៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យចម្លង លោកពីឡាតតែងលែងអ្នកទោសម្នាក់តាមពាក្យសុំរបស់បណ្ដាជន។ 7 មានបុរសម្នាក់ឈ្មោះបារ៉ាបាសជាប់ឃុំឃាំងជាមួយពួកបះបោរ ដែលសម្លាប់មនុស្សម្នាក់នៅពេលកើតចលាចល។ 8 បណ្ដាជននាំគ្នាឡើងទៅជួបលោកពីឡាតសុំអោយលោកដោះលែងអ្នកទោសម្នាក់ តាមទម្លាប់ដែលលោកធ្លាប់អនុគ្រោះដល់គេ។ 9 លោកពីឡាតមានប្រសាសន៍សួរថា៖ «តើអ្នករាល់គ្នាចង់អោយខ្ញុំដោះលែងស្ដេចយូដាឬ?»។ 10 លោកមានប្រសាសន៍ដូច្នេះ មកពីលោកជ្រាបថា ពួកនាយកបូជាចារ្យបញ្ជូនព្រះយេស៊ូមកលោក ព្រោះពួកគេមានចិត្ដច្រណែន។ 11 ពួកនាយកបូជាចារ្យ នាំគ្នាបញ្ចុះបញ្ចូលបណ្ដាជនសុំអោយលោកពីឡាតដោះលែងបារ៉ាបាសវិញ។ 12 លោកពីឡាតមានប្រសាសន៍ទៅគេម្ដងទៀតថា៖«បើដូច្នេះ តើអ្នករាល់គ្នាចង់អោយខ្ញុំធ្វើអ្វីដល់អ្នកដែលអ្នករាល់គ្នាហៅថា ស្ដេចយូដានេះ?»។ 13 គេស្រែកឡើងថា៖ «ឆ្កាងទៅ!»។ 14 លោកពីឡាតសួរថា៖ «តើអ្នកនេះបានប្រព្រឹត្ដអំពើអាក្រក់អ្វី?»។ ប៉ុន្ដែ គេនាំគ្នាស្រែកកាន់តែខ្លាំងឡើងៗថា៖ «ឆ្កាងទៅ!»។ 15 លោកពីឡាតចង់បំពេញចិត្ដបណ្ដាជន ក៏ដោះលែងបារ៉ាបាស។ បន្ទាប់ពីបញ្ជាអោយគេវាយព្រះយេស៊ូនឹងរំពាត់រួចហើយ លោកប្រគល់ទៅអោយគេឆ្កាង។ 16 ពួកទាហានបណ្ដើរព្រះយេស៊ូទៅក្នុងទីធ្លាបន្ទាយហើយហៅកងទាហានទាំងមូលមក។ 17 គេយកអាវពណ៌ក្រហមទុំមកពាក់អោយព្រះអង្គ រួចយកបន្លាមកក្រងធ្វើភួងបំពាក់ជាមកុដលើព្រះសិរសាព្រះអង្គ។ 18 គេក៏នាំគ្នាសំពះព្រះអង្គ ទាំងពោលថា៖ «សូមគោរពថ្វាយបង្គំស្ដេចយូដា!»។ 19 គេយកផ្ដៅវាយព្រះសិរសាព្រះអង្គ គេស្ដោះទឹកមាត់ដាក់ព្រះអង្គ ព្រមទាំងលុតជង្គង់ថ្វាយបង្គំព្រះអង្គថែមទៀតផង។ 20 ក្រោយពីបានប្រមាថមើលងាយព្រះអង្គរួចហើយ ពួកគេដោះអាវពណ៌ក្រហមចេញ យកព្រះពស្ដ្ររបស់ព្រះអង្គមកពាក់ថ្វាយព្រះអង្គវិញ ហើយបណ្ដើរយកទៅឆ្កាង។ 21 ពេលនោះ មានបុរសម្នាក់ជាអ្នកស្រុកគីរ៉ែនត្រឡប់មកពីចំការ គេចាប់បង្ខំគាត់អោយលីឈើឆ្កាងរបស់ព្រះយេស៊ូ។ អ្នកនោះឈ្មោះស៊ីម៉ូន ជាឪពុករបស់អលេក្សានត្រុស និង រូភូស។ 22 គេបណ្ដើរព្រះយេស៊ូមកដល់កន្លែងមួយ ឈ្មោះ "គាល់កូថា" ដែលប្រែថា "ភ្នំលលាដ៍ក្បាល"។ 23 គេយកស្រាទំពាំងបាយជូរលាយជាមួយគ្រឿងញឿនម៉្យាងមកថ្វាយព្រះអង្គសោយប៉ុន្ដែ ព្រះអង្គពុំបានសោយទេ។ 24 គេក៏ឆ្កាងព្រះអង្គ ហើយយកសម្លៀកបំពាក់របស់ព្រះអង្គមកចាប់ឆ្នោតចែកគ្នា។ 25 គេឆ្កាងព្រះអង្គនៅម៉ោងប្រាំបួនព្រឹក។ 26 គេសរសេរប្រកាសអំពីហេតុដែលគេធ្វើទោសព្រះអង្គថា«ស្ដេចជនជាតិយូដា»។ 27 គេក៏បានឆ្កាងចោរព្រៃពីរនាក់ជាមួយព្រះយេស៊ូដែរ ម្នាក់នៅខាងស្ដាំព្រះអង្គ ម្នាក់ទៀតនៅខាងឆ្វេងព្រះអង្គ។ [ 28 ហេតុការណ៍នេះកើតឡើង ស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរថា «ព្រះអង្គត្រូវគេរាប់បញ្ចូលជាមួយមនុស្សអាក្រក់»។ ] 29 មនុស្សម្នាដើរកាត់តាមនោះប្រមាថមើលងាយព្រះអង្គ ទាំងគ្រវីក្បាលដាក់ព្រះអង្គនិងពោលថា៖ «នែ៎ អ្នករុះព្រះវិហារ ហើយសង់ឡើងវិញតែបីថ្ងៃអើយ 30 សង្គ្រោះខ្លួនឯងទៅ អញ្ជើញចុះពីឈើឆ្កាងមក!»។ 31 រីឯពួកនាយកបូជាចារ្យ និង អាចារ្យ ក៏និយាយគ្នាចំអកអោយព្រះអង្គដូចគេដែរពួកគេពោលថា៖«គាត់បានសង្គ្រោះអ្នកឯទៀតៗ តែមិនអាចសង្គ្រោះខ្លួនឯងបានទេ!។ 32 សូមព្រះគ្រិស្ដជាស្ដេចអ៊ីស្រាអែលអញ្ជើញចុះពីឈើឆ្កាង ឥឡូវនេះមក ដើម្បីអោយយើងឃើញ និង ជឿផង!»។ អ្នកដែលជាប់ឆ្កាងជាមួយព្រះយេស៊ូ ក៏ជេរប្រមាថព្រះអង្គដែរ។ 33 នៅពេលថ្ងៃត្រង់ ស្រាប់តែផែនដីទាំងមូលងងឹតសូន្យ រហូតដល់ម៉ោងបីរសៀល។ 34 នៅវេលាម៉ោងបីរសៀល ព្រះយេស៊ូស្រែកអង្វរខ្លាំងៗថា៖ «អេទ្បយ អេឡយ ឡាម៉ាសាបាច់ថានី?» ពាក្យនេះប្រែថា« ឱព្រះនៃទូលបង្គំ ព្រះនៃទូលបង្គំអើយ ហេតុអ្វីបានជាព្រះអង្គបោះបង់ទូលបង្គំចោលដូច្នេះ?»។ 35 អ្នកខ្លះឈរនៅទីនោះបានឮព្រះបន្ទូលរបស់ព្រះអង្គក៏ពោលថា៖ «ឃើញទេ! គាត់ហៅលោកអេលីយ៉ា!»។ 36 មានម្នាក់រត់ទៅយកសារាយស្ងួត ជ្រលក់ទឹកខ្មេះជោក រុំជាប់នៅចុងត្រែងមួយដើម ហុចថ្វាយព្រះអង្គសោយ ទាំងពោលថា៖ «ចាំមើលមើល៍ តើលោកអេលីយ៉ាមកយកគាត់ចុះពីឈើឆ្កាងឬទេ?»។ 37 រីឯព្រះយេស៊ូវិញ ទ្រង់បន្លឺព្រះសូរសៀងយ៉ាងខ្លាំងរួចរលត់វិញ្ញាណទៅ 38 វាំងនននៅក្នុងព្រះវិហារ រហែកជាពីរ តាំងពីលើ រហូតដល់ក្រោម។ 39 នាយទាហានរ៉ូមុំាង ដែលឈរនៅខាងមុខព្រះយេស៊ូ ឃើញព្រះអង្គរលត់វិញ្ញាណរបៀបនេះ ក៏ពោលឡើងថា៖ «បុរសនេះពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន!»។ 40 មានស្ត្រីៗខ្លះទៀត មើលពីចម្ងាយ ក្នុងចំណោមស្ដ្រីទាំងនោះ មាននាងម៉ារីជាអ្នកស្រុកម៉ាដាឡា នាងម៉ារីជាម្ដាយរបស់យ៉ាកុបតូច និង យ៉ូសេ ព្រមទាំងនាងសាឡូមេផង។ 41 ស្ដ្រីទាំងនោះមកជាមួយ ហើយបំរើព្រះអង្គ តាំងពីព្រះអង្គនៅស្រុកកាលីឡេម៉្លេះ។ មានស្ដ្រីឯទៀតៗជាច្រើន បានឡើងមកក្រុងយេរូសាឡឹមជាមួយព្រះអង្គដែរ។ 42 ថ្ងៃនោះ ជាថ្ងៃដែលគេរៀបចំបុណ្យចម្លង គឺមួយថ្ងៃមុនថ្ងៃសប្ប័ទ ។ លុះដល់ល្ងាច 43 លោកយ៉ូសែបជាអ្នកស្រុកអើរីម៉ាថេ មកដល់លោកជាសមាជិក ដែលមានកេរ្ដិឈ្មោះល្អ ក្នុងក្រុមប្រឹក្សាជាន់ខ្ពស់ ហើយលោកក៏រង់ចាំព្រះរាជ្យ របស់ព្រះជាម្ចាស់ដែរ។ លោកមានចិត្ដក្លាហានហ៊ានទៅជួបលោកពីឡាតសុំយកព្រះសពព្រះយេស៊ូ។ 44 លោកពីឡាតនឹកឆ្ងល់ណាស់ ដោយឮថាព្រះយេស៊ូសោយទិវង្គតយ៉ាងឆាប់ដូច្នេះ។ លោកហៅនាយទាហានមកសួរ អោយដឹងថាព្រះយេស៊ូសោយទិវង្គតយូរហើយឬ។ 45 បន្ទាប់ពីបានទទួលសេចក្ដីរាយការណ៍ពីនាយទាហានរួចហើយ លោកក៏អនុញ្ញាតអោយគេប្រគល់ព្រះសពទៅលោកយ៉ូសែប។ 46 លោកយ៉ូសែបទិញក្រណាត់ផាឌឹប លោកយកព្រះសពព្រះយេស៊ូចុះពីឈើឆ្កាង ហើយរុំនឹងក្រណាត់រួចដាក់ក្នុងរូងថ្មមួយដែលគេដាប់ធ្វើជាផ្នូរ។ បន្ទាប់មក លោកប្រមៀលថ្មមួយដុំបិទមាត់ផ្នូរ។ 47 នាងម៉ារីជាអ្នកស្រុកម៉ាដាឡា និង នាងម៉ារី ជាម្ដាយយ៉ូសេ នាំគ្នាមើលកន្លែងដែលគេបញ្ចុះព្រះសពព្រះអង្គ។

លូកា 16

1 លុះផុតថ្ងៃសប្ប័ទ ហើយ នាងម៉ារីជាអ្នកស្រុកម៉ាដាឡា នាងម៉ារី ជាម្ដាយយ៉ាកុប និង នាងសាឡូមេ បានទិញគ្រឿងក្រអូប យកទៅអប់ព្រះសពព្រះយេស៊ូ។ 2 ព្រលឹមឡើងថ្ងៃអាទិត្យនាងនាំគ្នាធ្វើដំណើរទៅកាន់ផ្នូរនៅពេលថ្ងៃរះ។ 3 ពួកនាងនិយាយគ្នាថា៖«តើបាននរណាជួយប្រមៀលថ្មចេញពីមាត់ផ្នូរអោយយើង?»។ 4 ពេលស្ដ្រីទាំងនោះងើបមុខឡើង ក៏ឃើញថ្មបានរមៀលចេញរួចស្រេចទៅហើយ ថ្មនោះមានទំហំធំណាស់។ 5 នាងចូលទៅក្នុងផ្នូរឃើញកំឡោះម្នាក់អង្គុយខាងស្ដាំ មានសម្លៀកបំពាក់ពណ៌ស ពួកនាងភ័យស្រឡាំងកាំង។ 6 អ្នកនោះពោលមកកាន់នាងថា៖ «កុំភ័យស្រឡាំងកាំងធ្វើអ្វី! នាងនាំគ្នាមករកព្រះយេស៊ូ ជាអ្នកភូមិណាសារ៉ែតដែលគេបានឆ្កាង ព្រះជាម្ចាស់បានប្រោសព្រះអង្គអោយមានព្រះជន្មរស់ឡើងវិញ ហើយទ្រង់មិននៅទីនេះទេ មើលចុះ ទីនេះហើយដែលគេបានដាក់ព្រះសពព្រះអង្គ។ 7 ចូរនាងទៅប្រាប់សិស្សរបស់ព្រះអង្គ ព្រមទាំងលោកពេត្រុសផងថា "ព្រះអង្គយាងទៅស្រុកកាលីឡេមុនអ្នករាល់គ្នា។ នៅទីនោះ អ្នករាល់គ្នានឹងឃើញព្រះអង្គ ដូចទ្រង់មានព្រះបន្ទូលទុកស្រាប់"»។ 8 ស្ដ្រីទាំងនោះក៏ចាកចេញពីផ្នូរ ហើយរត់ទៅទាំងញ័ររន្ធត់ ស្លុតស្មារតី។ នាងពុំបាននិយាយរឿងនេះប្រាប់អ្នកណាសោះ ព្រោះនាងភ័យខ្លាំងពេក។ [ 9 ព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ នៅព្រឹកថ្ងៃអាទិត្យ មុនដំបូង ព្រះអង្គបានបង្ហាញខ្លួនអោយនាងម៉ារី ជាអ្នកស្រុកម៉ាដាឡាឃើញ គឺនាងម៉ារីនេះហើយដែលព្រះអង្គបានដេញអារក្សប្រាំពីរចេញពីនាង។ 10 នាងបានយកដំណឹងនេះទៅប្រាប់អស់អ្នកដែលនៅជាមួយព្រះយេស៊ូកាលពីមុន។ អ្នកទាំងនោះកំពុងកាន់ទុក្ខ ព្រមទាំងយំសោកទៀតផង។ 11 ពេលគេឮថា ព្រះអង្គមានព្រះជន្មវិញហើយ ហើយឮថានាងបានឃើញព្រះអង្គ គេមិនជឿនាងឡើយ។ 12 បន្ទាប់មក ព្រះយេស៊ូបានបង្ហាញព្រះអង្គអោយសិស្ស ពីរនាក់ឃើញ តាមទ្រង់ទ្រាយមួយផ្សេងទៀតក្នុងពេលអ្នកទាំងពីរកំពុងធ្វើដំណើរទៅស្រុកស្រែ។ 13 អ្នកទាំងពីរក៏នាំដំណឹងមកប្រាប់សិស្ស ឯទៀតៗដែរតែពួកគេមិនព្រមជឿដដែល។ 14 នៅទីបំផុត ព្រះយេស៊ូក៏បង្ហាញខ្លួនអោយសិស្សទាំងដប់មួយរូបឃើញ នៅពេលដែលគេកំពុងបរិភោគ។ ព្រះអង្គបន្ទោសគេ ព្រោះគេគ្មានជំនឿហើយមានចិត្ដរឹងរូស ពុំព្រមជឿអស់អ្នកដែលបានឃើញព្រះអង្គមានព្រះជន្មរស់ឡើងវិញ។ 15 ព្រះអង្គមានព្រះបន្ទូល ទៅគេថា៖ «ចូរនាំគ្នាទៅគ្រប់ទីកន្លែងក្នុងពិភពលោក ហើយប្រកាសដំណឹងល្អ ដល់មនុស្សលោកទាំងអស់ចុះ។ 16 អ្នកណាជឿ ហើយទទួលពិធីជ្រមុជទឹក ព្រះជាម្ចាស់នឹងសង្គ្រោះអ្នកនោះ រីឯអ្នកដែលមិនជឿនឹងត្រូវទទួលទោស។ 17 អស់អ្នកដែលជឿនឹងធ្វើទីសំគាល់ទាំងនេះ គឺគេនឹងដេញអារក្សក្នុងនាមខ្ញុំ គេនិយាយភាសាថ្មី។ 18 ប្រសិនបើគេកាន់ពស់ ឬ ផឹកអ្វីដែលមានជាតិពុល ក៏គេពុំមានគ្រោះថ្នាក់អ្វីដែរ។ ប្រសិនបើគេដាក់ដៃលើអ្នកជំងឺ អ្នកជំងឺនឹងបានជាសះស្បើយ»។ 19 កាលព្រះអម្ចាស់យេស៊ូមានព្រះបន្ទូលទាំងនេះរួចហើយ ព្រះជាម្ចាស់លើកព្រះអង្គឡើងទៅស្ថានបរមសុខ អោយគង់នៅខាងស្ដាំព្រះអង្គ។ 20 ពួកសិស្សនាំគ្នាចេញទៅប្រកាសដំណឹងល្អ នៅគ្រប់ទីកន្លែង។ ព្រះអម្ចាស់ធ្វើការរួមជាមួយគេ ទាំងបញ្ជាក់ព្រះបន្ទូលដោយសំដែងទីសំគាល់ផ្សេងៗជាប់ជាមួយផង។ ]

លូកា 1

1 សូមជំរាបមកឯកឧត្ដមថេវភីល សូមជ្រាប! មនុស្សជាច្រើន ខិតខំយកចិត្ដទុកដាក់ កត់ត្រាទុកនូវហេតុការណ៍ទាំងអំបាលម៉ាន ដែលកើតមានក្នុងចំណោមយើងខ្ញុំ។ 2 អស់អ្នកដែលបានឃើញផ្ទាល់នឹងភ្នែក តាំងពីដំបូងរៀងមក ហើយទទួលមុខងារបំរើព្រះបន្ទូល បានរៀបរាប់ហេតុការណ៍ទាំងនោះបន្ដមកយើងខ្ញុំ។ 3 ខ្ញុំបានពិនិត្យហេតុការណ៍ទាំងនោះ តាំងពីដើមរៀងមក យ៉ាងហ្មត់ចត់ ហើយខ្ញុំក៏យល់ឃើញថាគួរតែកត់ត្រាទុកតាមលំដាប់លំដោយផ្ញើមកជូនលោក។ 4 ខ្ញុំធ្វើដូច្នេះ ក្នុងគោលបំណងចង់អោយលោកជ្រាបថា សេចក្ដីប្រៀនប្រដៅទាំងប៉ុន្មាន ដែលលោកបានទទួល ពិតជាត្រឹមត្រូវមែន។ 5 នៅគ្រាដែលព្រះបាទហេរ៉ូដគ្រងរាជ្យក្នុងស្រុកយូដា មានបូជាចារ្យ មួយរូប ឈ្មោះសាការីជាសមាជិកក្រុមបូជាចារ្យអប៊ីយ៉ា ភរិយាលោកឈ្មោះអេលីសាបិត កើតក្នុងត្រកូលរបស់លោកមហាបូជាចារ្យ អើរ៉ុន 6 ស្វាមីភរិយាទាំងពីររូបនេះជាមនុស្សសុចរិត ជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ ហើយគាត់គោរពតាមបទបញ្ជា និង ឱវាទរបស់ព្រះអម្ចាស់ ឥតមានទាស់ត្រង់ណាឡើយ។ 7 អ្នកទាំងពីរគ្មានកូនសោះ ព្រោះនាងអេលីសាបិតជាស្ដ្រីអារ ហើយម៉្យាងទៀតអ្នកទាំងពីរក៏មានវ័យចាស់ណាស់ទៅហើយផង។ 8 ថ្ងៃមួយលោកសាការីបំពេញមុខងារជាបូជាចារ្យ តាមវេនក្រុមរបស់លោក។ 9 គេបានជ្រើសរើសលោក ដោយចាប់ឆ្នោតតាមទំនៀមទម្លាប់របស់ក្រុមបូជាចារ្យ អោយលោកចូលទៅដុតគ្រឿងក្រអូបនៅក្នុងទីសក្ការៈរបស់ព្រះអម្ចាស់។ 10 ពេលលោកដុតគ្រឿងក្រអូប ប្រជាជនច្រើនកុះករនៅខាងក្រៅ កំពុងអធិស្ឋាន ។ 11 រំពេចនោះ លោកសាការីឃើញទេវតា របស់ព្រះអម្ចាស់មួយរូប ឈរនៅខាងស្ដាំអាសនៈសំរាប់ដុតគ្រឿងក្រអូប។ 12 ឃើញដូច្នោះ លោករន្ធត់ចិត្ដ ហើយភ័យខ្លាចទៀតផង។ 13 ទេវតាក៏មានប្រសាសន៍ទៅកាន់លោកថា៖ «កុំខ្លាចអី លោកសាការីអើយ! ព្រះអម្ចាស់យល់ព្រមតាមពាក្យទូលអង្វររបស់លោកហើយ។ នាងអេលីសាបិត ជាភរិយារបស់លោក នឹងបង្កើតកូនប្រុសមួយលោកត្រូវដាក់ឈ្មោះកូននោះថា"យ៉ូហាន"។ 14 កូននោះនឹងធ្វើអោយលោកមានចិត្ដសប្បាយរីករាយ ហើយមនុស្សជាច្រើនអបអរសាទរនឹងកំណើតកុមារនោះដែរ។ 15 កូនរបស់លោកនឹងមានឋានៈដ៏ប្រសើរឧត្ដមនៅចំពោះព្រះភ័ក្ដ្រព្រះអម្ចាស់ មិនសេពសុរា ឬ គ្រឿងស្រវឹងណាមួយសោះឡើយ។ កូននោះនឹងបានពោរពេញទៅដោយព្រះវិញ្ញាណដ៏វិសុទ្ធ តាំងពីក្នុងផ្ទៃម្ដាយមក។ 16 កូននោះនឹងនាំជនជាតិអ៊ីស្រាអែលជាច្រើនមករកព្រះអម្ចាស់ ជាព្រះរបស់គេវិញ។ 17 កូននោះនឹងមកមុនព្រះអង្គ ហើយមានវិញ្ញាណប្រកបដោយឫទ្ធានុភាព ដូចលោកអេលីយ៉ាបានទទួល ដើម្បីបង្វែរចិត្ដឪពុកទៅរកកូន ព្រមទាំងបំបែរចិត្ដមនុស្សរឹងទទឹងអោយត្រឡប់មកជាមនុស្សសុចរិត និង រៀបចំប្រជារាស្ដ្រមួយជាស្រេច ទុកសំរាប់ទទួលព្រះអម្ចាស់»។ 18 លោកសាការីសួរទៅទេវតា ថា៖ «តើធ្វើម្ដេចអោយខ្ញុំដឹងថា ការនោះពិតជាកើតឡើងមែន ព្រោះរូបខ្ញុំនេះចាស់ហើយ រីឯប្រពន្ធខ្ញុំសោតក៏មានអាយុច្រើនទៀតផង»។ 19 ទេវតាតបវិញថា៖ «ខ្ញុំឈ្មោះកាព្រីយ៉ែល ជាអ្នកបំរើព្រះជាម្ចាស់ ព្រះអង្គបានចាត់ខ្ញុំអោយនាំដំណឹងល្អនេះ មកប្រាប់លោក 20 ប៉ុន្ដែ ដោយលោកពុំព្រមជឿពាក្យខ្ញុំ លោកនឹងទៅជាមនុស្សគ និយាយពុំកើត រហូតដល់ថ្ងៃដែលហេតុការណ៍ទាំងនោះបានសំរេចតាមពេលកំណត់»។ 21 ក្នុងពេលជាមួយគ្នានោះ ប្រជាជនទន្ទឹងរង់ចាំលោកសាការី ហើយងឿងឆ្ងល់ណាស់ ព្រោះលោកចូលទៅក្នុងទីសក្ការៈយូរដូច្នេះ។ 22 កាលលោកចេញមកវិញ លោកពុំអាចនិយាយទៅគេបានឡើយ។ ប្រជាជនទាំងនោះយល់ថា ប្រាកដជាលោកបានឃើញការអស្ចារ្យអ្វីមួយ នៅក្នុងទីសក្ការៈជាមិនខាន។ លោកសាការីធ្វើតែកាយវិការអោយគេយល់ ព្រោះលោកនៅគនិយាយមិនកើត។ 23 លុះលោកសាការីបានបំពេញការងារតាមវេនចប់សព្វគ្រប់ហើយ លោកក៏វិលត្រឡប់ទៅផ្ទះវិញ។ 24 ក្រោយមក នាងអេលីសាបិត ជាភរិយារបស់លោក ក៏ចាប់មានផ្ទៃពោះ នាងលាក់ខ្លួនអស់រយៈពេលប្រាំខែ។ នាងនឹកគិតថា៖ 25 «ឥឡូវនេះ ព្រះអម្ចាស់បានប្រោសប្រណីដល់រូបខ្ញុំ ព្រះអង្គសព្វព្រះហឫទ័យអោយខ្ញុំលែងខ្មាសមនុស្សលោកទៀតហើយ!»។ 26 ប្រាំមួយខែក្រោយមក ព្រះជាម្ចាស់បានចាត់ទេវតាកាព្រីយ៉ែលអោយទៅភូមិណាសារ៉ែត ក្នុងស្រុកកាលីឡេ 27 ដើម្បីជួបនឹងស្ដ្រីក្រមុំព្រហ្មចារីម្នាក់ ជាគូដណ្ដឹងរបស់កំឡោះម្នាក់ ឈ្មោះយ៉ូសែបដែលត្រូវជាញាតិវង្សព្រះបាទដាវីឌ ស្ដ្រីក្រមុំនោះឈ្មោះ នាងម៉ារី។ 28 ទេវតាចូលទៅក្នុងផ្ទះនាងម៉ារី ហើយពោលទៅកាន់នាងថា៖ «ចូរមានអំណរសប្បាយឡើង! ព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងនាងហើយ ព្រះអង្គគង់ជាមួយនាង»។ 29 ពេលឮពាក្យនេះ នាងម៉ារីរន្ធត់យ៉ាងខ្លាំង នាងរិះគិតក្នុងចិត្ដថា តើពាក្យជំរាបសួរនេះមានន័យដូចម្ដេច។ 30 ទេវតាពោលទៅកាន់នាងថា៖ «កុំខ្លាចអី ម៉ារីអើយ! ដ្បិតព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងនាងហើយ។ 31 នាងនឹងមានគភ៌ សំរាលបានបុត្រមួយដែលនាងត្រូវថ្វាយព្រះនាមថា"យេស៊ូ"។ 32 បុត្រនោះនឹងមានឋានៈដ៏ប្រសើរឧត្ដម ហើយគេនឹងថ្វាយព្រះនាមថា "ព្រះបុត្រានៃព្រះដ៏ខ្ពង់ខ្ពស់បំផុត"។ ព្រះជាម្ចាស់នឹងតាំងបុត្រនោះ អោយគ្រងរាជ្យលើបល្ល័ង្ករបស់ព្រះបាទដាវីឌ ជាព្រះអយ្យកោរបស់ព្រះអង្គ 33 ទ្រង់នឹងគ្រងរាជ្យលើប្រជារាស្ដ្រអ៊ីស្រាអែល អស់កល្បជានិច្ច ហើយរាជ្យរបស់ព្រះអង្គនឹងនៅស្ថិតស្ថេរឥតមានទីបញ្ចប់ឡើយ»។ 34 នាងម៉ារីសួរទៅទេវតាថា៖«តើធ្វើដូចម្ដេចនឹងអោយការនេះកើតឡើងបានបើនាងខ្ញុំមិនរួមរស់ជាមួយបុរសណាផងដូច្នេះ?»។ 35 ទេវតា ឆ្លើយទៅនាងវិញថា៖«ព្រះវិញ្ញាណដ៏វិសុទ្ធ នឹងយាងមកសណ្ឋិតលើនាង គឺឫទ្ធានុភាពរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត នឹងគ្របបាំងនាង។ ហេតុនេះ គេនឹងថ្វាយព្រះនាមដល់បុត្រដ៏វិសុទ្ធដែលត្រូវប្រសូតមកនោះថា "ព្រះបុត្រារបស់ព្រះជាម្ចាស់"។ 36 ម៉្យាងទៀត នាងអេលីសាបិត ជាញាតិរបស់នាង មានផ្ទៃពោះប្រាំមួយខែហើយ ថ្វីដ្បិតតែគាត់មានវ័យចាស់ ថែមទាំងជាស្ដ្រីអារទៀតផងក៏ដោយ 37 ព្រោះគ្មានការអ្វីដែលព្រះជាម្ចាស់ធ្វើមិនកើតនោះឡើយ»។ 38 នាងម៉ារីពោលទៅទេវតាថា៖«នាងខ្ញុំជាអ្នកបំរើរបស់ព្រះអម្ចាស់ សូមអោយបានសំរេចតាមពាក្យរបស់លោកចុះ!»។ បន្ទាប់មក ទេវតាចាកចេញពីនាងទៅ។ 39 នៅគ្រានោះ នាងម៉ារីប្រញាប់ប្រញាល់ធ្វើដំណើរទៅកាន់ភូមិមួយ នៅតំបន់ភ្នំ ក្នុងស្រុកយូដា។ 40 នាងបានចូលទៅក្នុងផ្ទះលោកសាការី ហើយជំរាបសួរនាងអេលីសាបិត។ 41 ពេលនាងអេលីសាបិតឮនាងម៉ារីជំរាបសួរ ទារកនៅក្នុងផ្ទៃនាងបំរះឡើង ហើយគាត់ក៏បានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ 42 រួចបន្លឺសំឡេងឡើងថា៖ «ព្រះជាម្ចាស់បានប្រទានពរដល់នាងលើសស្ដ្រីនានា ហើយព្រះអង្គក៏ប្រទានពរដល់បុត្រនាងដែរ។ 43 តើរូបខ្ញុំនេះមានឋានៈអ្វី បានជាមាតាព្រះអម្ចាស់របស់ខ្ញុំ មកសួរសុខទុក្ខខ្ញុំដូច្នេះ?។ 44 កាលខ្ញុំបានឮពាក្យជំរាបសួររបស់នាង ស្រាប់តែកូននៅក្នុងផ្ទៃខ្ញុំបំរះឡើង ដោយអំណរសប្បាយ 45 នាងពិតជាមានសុភមង្គលមែន ព្រោះនាងបានជឿ ព្រះបន្ទូលដែលព្រះអម្ចាស់ប្រាប់នាងមុខជាបានសំរេចមិនខាន»។ 46 ពេលនោះ នាងម៉ារីថ្លែងឡើងថា៖ «ព្រលឹងខ្ញុំសូមលើកតម្កើងព្រះអម្ចាស់ 47 ខ្ញុំមានចិត្ដអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ 48 ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបំរើដ៏ទន់ទាបរបស់ព្រះអង្គ អំណើះតទៅមនុស្សគ្រប់ជំនាន់នឹងពោល ខ្ញុំជាអ្នកមានសុភមង្គលពិតមែន 49 ព្រះដ៏មានឫទ្ធានុភាពបានសំដែង ការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។ ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធ មែន! 50 ទ្រង់មានព្រះហឫទ័យមេត្ដាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គ នៅគ្រប់ជំនាន់តរៀងទៅ 51 ទ្រង់បានសំដែងឫទ្ធិបារមី កំចាត់មនុស្សដែលមានចិត្ដឆ្មើងឆ្មៃ 52 ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។ 53 ទ្រង់បានប្រទានសម្បត្ដិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន ហើយបណ្ដេញពួកអ្នកមាន អោយត្រឡប់ទៅវិញដោយដៃទទេ។ 54 ព្រះអង្គបានជួយប្រជារាស្ដ្រអ៊ីស្រាអែល ជាអ្នកបំរើរបស់ព្រះអង្គ ហើយតែងតែសំដែងព្រះហឫទ័យមេត្ដាករុណា 55 ដល់លោកអប្រាហំា និង ពូជពង្សរបស់លោកជានិច្ចតរៀងទៅ ដូចទ្រង់បានសន្យាជាមួយបុព្វបុរសរបស់យើងឥតភ្លេចសោះឡើយ។ 56 នាងម៉ារីបានស្នាក់នៅជាមួយនាងអេលីសាបិតអស់រយៈពេលប្រមាណបីខែ ទើបនាងត្រឡប់ទៅផ្ទះវិញ។ 57 លុះនាងអេលីសាបិតគ្រប់ខែហើយ គាត់សំរាលបានកូនប្រុសមួយ។ 58 អ្នកជិតខាង និង ញាតិសន្ដាននាំគ្នាអបអរសាទរជាមួយគាត់ ព្រោះគេបានឮដំណឹងថាព្រះអម្ចាស់សំដែងព្រះហឫទ័យមេត្ដាករុណាចំពោះគាត់យ៉ាងច្រើនអនេក។ 59 ប្រាំបីថ្ងៃក្រោយមក គេធ្វើពិធីកាត់ស្បែក អោយទារកនោះ ហើយចង់ដាក់ឈ្មោះថា"សាការី"ដូចឪពុកដែរ 60 តែម្ដាយប្រាប់ថា៖«ទេត្រូវដាក់ឈ្មោះថា"យ៉ូហាន"វិញ»។ 61 ពួកគេតបថា៖ «ក្នុងញាតិសន្ដានរបស់អ្នក គ្មាននរណាមានឈ្មោះហ្នឹងទេ»។ 62 គេធ្វើសញ្ញាសួរទៅលោកសាការីថា ចង់ដាក់ឈ្មោះអ្វីអោយកូន។ 63 លោកសាការីសុំអោយគេយកក្ដារឆ្នួនមួយមក ហើយសរសេរថា «កូននេះឈ្មោះយ៉ូហាន»។ ពួកគេងឿងឆ្ងល់គ្រប់គ្នា។ 64 រំពេចនោះ ស្រាប់តែលោកនិយាយបានដូចដើមវិញ រួចលោកបន្លឺសំឡេងសរសើរព្រះជាម្ចាស់។ 65 អ្នកជិតខាងកោតស្ញប់ស្ញែងគ្រប់ៗគ្នា ហើយព្រឹត្ដិការណ៍នេះឮសុសសាយពេញតំបន់ភ្នំក្នុងស្រុកយូដា។ 66 អស់អ្នកដែលបានឮក៏ចងចាំរឿងនេះទុកក្នុងចិត្ដ ហើយដណ្ដឹងសួរខ្លួនឯងថា៖ «តើថ្ងៃក្រោយកូននេះនឹងទៅជាយ៉ាងណា?» ដ្បិតព្រះបារមីរបស់ព្រះអម្ចាស់តាមជួយថែរក្សាកូននេះ។ 67 ពេលនោះ លោកសាការីជាឪពុករបស់ទារកបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ ហើយថ្លែងពាក្យក្នុងព្រះនាមព្រះអង្គថា៖ 68 «សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ដ្បិតទ្រង់សព្វព្រះហឫទ័យយាងមក រំដោះប្រជារាស្ដ្ររបស់ព្រះអង្គ។ 69 ទ្រង់បានប្រទានព្រះសង្គ្រោះ ដ៏មានឫទ្ធិមួយព្រះអង្គពីក្នុងចំណោម ព្រះញាតិវង្សរបស់ព្រះបាទដាវីឌ ជាអ្នកបំរើព្រះអង្គមកអោយយើង។ 70 ព្រះជាម្ចាស់ប្រទានព្រះសង្គ្រោះនេះមកយើង ស្របនឹងព្រះបន្ទូលសន្យាថ្លែងតាមរយៈ ព្យាការី របស់ព្រះអង្គនៅជំនាន់ដើម 71 គឺព្រះអង្គសង្គ្រោះយើងអោយរួចពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ និង រួចពីអំណាចរបស់អស់អ្នកដែលស្អប់យើង។ 72 ព្រះអង្គសំដែងព្រះហឫទ័យ មេត្ដាករុណាដល់បុព្វបុរស របស់យើង ហើយគោរពតាមសម្ពន្ធមេត្រី ដ៏វិសុទ្ធយ៉ាងស្មោះស្ម័គ្រ 73 គឺព្រះអង្គបានសន្យាយ៉ាងម៉ឺងម៉ាត់ដល់ លោកអប្រាហាំ ជាបុព្វបុរសរបស់យើងថា 74 ទ្រង់នឹងរំដោះយើង អោយរួចពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ ដើម្បីយើងអាចគោរពបំរើព្រះអង្គបាន ដោយឥតភ័យខ្លាច 75 ព្រមទាំងអោយយើងរស់នៅបានបរិសុទ្ធ និង សុចរិត ជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ ជារៀងរាល់ថ្ងៃរហូតអស់មួយជីវិត។ 76 ចំណែកឯកូនវិញ កូននឹងទៅជាព្យាការី របស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត ព្រោះកូននឹងដើរមុខព្រះអម្ចាស់ ដើម្បីរៀបចំផ្លូវថ្វាយព្រះអង្គ។ 77 កូននឹងធ្វើអោយប្រជារាស្ដ្ររបស់ព្រះអង្គដឹង ថាព្រះអង្គសង្គ្រោះគេ ដោយលើកលែងទោសអោយគេរួចពីបាប។ 78 ព្រះរបស់យើងមានព្រះហឫទ័យ មេត្ដាករុណាដ៏លើសលប់ ព្រះអង្គប្រទានថ្ងៃរះពីស្ថានលើមកដើម្បីរំដោះយើង 79 និង ដើម្បីបំភ្លឺអស់អ្នកដែលស្ថិតនៅក្នុងទីងងឹត ក្រោមអំណាចនៃសេចក្ដីស្លាប់ ព្រមទាំងតំរង់ផ្លូវយើង ឆ្ពោះទៅរកសេចក្ដីសុខសាន្ដ»។ 80 កុមារយ៉ូហានមានវ័យចំរើនឡើងជាលំដាប់ ទាំងខាងរូបកាយ ទាំងខាងវិញ្ញាណ។ គាត់រស់នៅតែក្នុងវាលរហោស្ថាន រហូតដល់ថ្ងៃដែលគាត់បង្ហាញខ្លួនអោយប្រជារាស្ដ្រអ៊ីស្រាអែលឃើញ។

លូកា 2

1 នៅគ្រានោះ ព្រះចៅអធិរាជរ៉ូម៉ាំងព្រះនាមអូគូស្ដ មានព្រះរាជបញ្ជាអោយជំរឿនចំនួនប្រជាជនទាំងអស់ ក្នុងចក្រភពរ៉ូមុំាងទាំងមូល។ 2 ការជំរឿនប្រជាជនលើកដំបូងនេះ បានធ្វើឡើង ក្នុងអំឡុងពេលដែលលោកគីរេនាស ធ្វើជាទេសាភិបាលនៅស្រុកស៊ីរី។ 3 អ្នកស្រុកទាំងអស់ត្រូវទៅចុះឈ្មោះក្នុងបញ្ជីតាមស្រុកកំណើតរៀងៗខ្លួន។ 4 រីឯលោកយ៉ូសែបក៏ចេញដំណើរពីភូមិណាសារ៉ែតក្នុងស្រុកកាលីឡេ ឆ្ពោះទៅភូមិបេថ្លេហិម ក្នុងស្រុកយូដា ជាភូមិកំណើតរបស់ព្រះបាទដាវីឌ ព្រោះលោកជាព្រះញាតិវង្សនឹងព្រះបាទដាវីឌ។ 5 លោកទៅចុះឈ្មោះជាមួយនាងម៉ារី ជាគូដណ្តឹងដែលមានផ្ទៃពោះ។ 6 ពេលអ្នកទាំងពីរនៅឯភូមិបេថ្លេហិម នាងម៉ារីគ្រប់ខែហើយ។ 7 នាងសំរាលបានបុត្រមួយ ជាបុត្រច្បង។ នាងរុំបុត្រនោះនឹងសំពត់ រួចដាក់អោយផ្ទំក្នុងស្នូកសត្វ ដ្បិតពុំមានសល់កន្លែងសំណាក់ក្នុងផ្ទះសោះ។ 8 ក្នុងស្រុកនោះ ពេលយប់ មានពួកគង្វាលនៅមើលហ្វូងសត្វរបស់គេតាមវាលស្មៅ។ 9 ពេលនោះ ទេវតា របស់ព្រះអម្ចាស់មកឈរនៅក្បែរពួកគេ សិរីរុងរឿងរបស់ព្រះអម្ចាស់បានភ្លឺចិញ្ចែងចិញ្ចាចនៅជុំវិញគេនាំអោយគេភ័យខ្លាចយ៉ាងខ្លាំង។ 10 ទេវតាពោលៅគេថា៖ «កុំខ្លាចអ្វីឡើយ ខ្ញុំនាំដំណឹងល្អមួយមកប្រាប់អ្នករាល់គ្នា។ ដំណឹងនេះនឹងធ្វើអោយប្រជារាស្ដ្រទាំងមូលមានអំណរដ៏លើសលប់។ 11 យប់នេះនៅក្នុងភូមិកំណើតរបស់ព្រះបាទដាវីឌ ព្រះសង្គ្រោះរបស់អ្នករាល់គ្នាប្រសូតហើយគឺព្រះគ្រិស្ដជាអម្ចាស់។ 12 នេះជាសញ្ញាសំគាល់អោយអ្នករាល់គ្នាដឹង គឺអ្នករាល់គ្នាមុខជាឃើញទារកមួយ ទើបនឹងប្រសូតរុំដោយសំពត់ ផ្ដេកនៅក្នុងស្នូកសត្វ»។ 13 រំពេចនោះ មានទេវតាច្រើនកុះករ ចុះពីស្ថានបរមសុខ មករួមជាមួយទេវតានោះ ច្រៀងសរសើរព្រះជាម្ចាស់ថា៖ 14 «សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ នៅស្ថានដ៏ខ្ពស់បំផុត ហើយសូមអោយមនុស្សលោកដ៏ជាទីស្រឡាញ់របស់ព្រះអង្គ បានប្រកបដោយសេចក្ដីសុខសាន្ដ នៅលើផែនដី!»។ 15 លុះពួកទេវតាត្រឡប់ទៅស្ថានបរមសុខវិញ អស់ទៅ ពួកគេបបួលគ្នាថា៖ «ទៅ! យើងនាំគ្នាទៅបេថ្លេហិម មើលហេតុការណ៍ដែលកើតមាន ដូចព្រះអម្ចាស់បានសំដែងអោយយើងដឹង នោះមើល៍»។ 16 ពួកគេប្រញាប់ប្រញាល់នាំគ្នាធ្វើដំណើរទៅ ឃើញនាងម៉ារីលោកយ៉ូសែប ព្រមទាំងព្រះឱរសផ្ទំក្នុងស្នូកសត្វ។ 17 ពេលពួកគង្វាលឃើញព្រះឱរសហើយ គេក៏រៀបរាប់អំពីសេចក្ដីដែលទេវតាបានប្រាប់អំពីព្រះឱរសនេះ។ 18 អស់អ្នកដែលបានឮពួកគង្វាលនិយាយ នឹកឆ្ងល់យ៉ាងខ្លាំង។ 19 រីឯនាងម៉ារីវិញ នាងចងចាំហេតុការណ៍ទាំងនេះទុកក្នុងចិត្ដ ព្រមទាំងត្រិះរិះពិចារណាថែមទៀតផង។ 20 បន្ទាប់មក ពួកគង្វាលត្រឡប់ទៅវិញ ទាំងច្រៀងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ព្រោះហេតុការណ៍ទាំងអស់ដែលគេបានឃើញបានឮ ស្របតាមសេចក្ដីដែលទេវតាបានប្រាប់គេឥតមានខ្វះត្រង់ណាឡើយ។ 21 ប្រាំបីថ្ងៃក្រោយមក ដល់ពេលកំណត់ធ្វើពិធីកាត់ស្បែក ថ្វាយព្រះឱរស គេថ្វាយព្រះនាមថា «យេស៊ូ» ជាព្រះនាមដែលទេវតា បានប្រាប់នាងម៉ារី មុនពេលមានផ្ទៃពោះ។ 22 លុះដល់ពេលកំណត់ដែលលោកយ៉ូសែប និង នាងម៉ារីត្រូវធ្វើពិធីជំរះកាយ អោយបានបរិសុទ្ធ តាមវិន័យ លោកម៉ូសេ បានចែងទុក អ្នកទាំងពីរក៏នាំព្រះឱរសទៅថ្វាយព្រះអម្ចាស់ នៅក្រុងយេរូសាឡឹម 23 ដ្បិតក្នុងក្រឹត្យវិន័យរបស់ព្រះអម្ចាស់មានចែងទុកមកថា៖ «កូនប្រុសច្បងទាំងអស់ ត្រូវទុកជាចំណែកថ្វាយព្រះអម្ចាស់»។ 24 អ្នកទាំងពីរថ្វាយយញ្ញបូជាស្របតាមក្រឹត្យវិន័យរបស់ព្រះអម្ចាស់ដែលតំរូវអោយថ្វាយ"លលកមួយគូ ឬ ព្រាបស្ទាវពីរ"។ 25 នៅក្រុងយេរូសាឡឹម មានបុរសម្នាក់ឈ្មោះស៊ីម្មានជាមនុស្សសុចរិត គាត់គោរពកោតខ្លាចព្រះជាម្ចាស់ ព្រមទាំងទន្ទឹងរង់ចាំពេលព្រះអង្គយាងមកសំរាលទុក្ខប្រជារាស្ដ្រអ៊ីស្រាអែល។ ព្រះវិញ្ញាណដ៏វិសុទ្ធ សណ្ឋិតលើគាត់ 26 ហើយសំដែងអោយគាត់ដឹងថាគាត់មិនត្រូវស្លាប់ ដរាបណាមិនទាន់បានឃើញព្រះគ្រិស្ដ ដែលព្រះអម្ចាស់ចាត់អោយមកទេនោះ។ 27 ព្រះវិញ្ញាណនាំលោកស៊ីម្មានចូលក្នុងព្រះវិហារ ។ ពេលមាតាបិតានាំព្រះឱរសយេស៊ូមកថ្វាយព្រះជាម្ចាស់ ដូចមានចែងទុកក្នុងក្រឹត្យវិន័យ 28 លោកស៊ីម្មានក៏យកព្រះឱរសមកបី រួចសរសើរតម្កើងព្រះជាម្ចាស់ថា៖ 29 «បពិត្រព្រះដ៏ជាចៅហ្វាយ! ឥឡូវនេះ ព្រះអង្គបានសំរេចតាមព្រះបន្ទូលសន្យាហើយ។ ដូច្នេះសូមអោយទូលបង្គំជាអ្នកបំរើរបស់ព្រះអង្គ លាចាកលោកនេះទៅ ដោយសុខសាន្ដផងចុះ 30 ដ្បិតភ្នែកទូលបង្គំបានឃើញការសង្គ្រោះ 31 ដែលព្រះអង្គបានប្រទានមកអោយប្រជាជាតិទាំងអស់ 32 គឺជាពន្លឺដែលនាំអោយមនុស្ស គ្រប់ជាតិសាសន៍ស្គាល់ព្រះអង្គ និង ជាសិរីរុងរឿងរបស់អ៊ីស្រាអែលជាប្រជារាស្ដ្រព្រះអង្គ»។ 33 មាតាបិតារបស់ព្រះយេស៊ូ ងឿងឆ្ងល់នឹងសេចក្ដីដែលលោកស៊ីម្មានមានប្រសាសន៍ អំពីព្រះឱរសណាស់។ 34 លោកស៊ីម្មានជូនពរអ្នកទាំងពីរ ហើយនិយាយទៅកាន់នាងម៉ារី ជាមាតាថា៖«ព្រះជាម្ចាស់បានចាត់បុត្រនេះមក ដើម្បីអោយជនជាតិអ៊ីស្រាអែលច្រើននាក់ដួល ឬ ងើបឡើងវិញ។ បុត្រនេះជាទីសំគាល់មួយបង្ហាញអំពីការសង្គ្រោះរបស់ព្រះជាម្ចាស់ តែមានមនុស្សជាច្រើននឹងជំទាស់ប្រឆាំង។ 35 បុត្រនេះធ្វើអោយគំនិតលាក់កំបាំងរបស់មនុស្សជាច្រើន លេចច្បាស់ឡើង រីឯនាងវិញ នាងនឹងឈឺចុកចាប់យ៉ាងខ្លាំង ដូចមានដាវមួយមកចាក់ទម្លុះដួងចិត្ដ របស់នាង»។ 36 មានព្យាការិនីម្នាក់ឈ្មោះ អាណ ជាកូនរបស់លោកផាញូអែល ក្នុងកុលសម្ព័ន្ធ អេស៊ើរ។ គាត់រៀបការបានប្រាំពីរឆ្នាំ ប្ដីគាត់ក៏ទទួលមរណភាពចោលទៅ 37 គាត់នៅមេម៉ាយរហូត ឥឡូវនេះគាត់មានវ័យចាស់ណាស់ទៅហើយ អាយុប៉ែតសិបបួនឆ្នាំ។ គាត់មិនទៅណាឆ្ងាយពីព្រះវិហារ ទេ គាត់នៅគោរពបំរើព្រះអង្គទាំងយប់ទាំងថ្ងៃ ដោយតមអាហារ និង អធិស្ឋាន ផង។ 38 ពេលនោះ លោកស្រីអាណក៏នៅទីនោះដែរ គាត់សរសើរតម្កើងព្រះជាម្ចាស់ រួចតំណាលអំពីព្រះឱរសនោះ ប្រាប់អស់អ្នកដែលទន្ទឹងរង់ចាំព្រះជាម្ចាស់យាងមកលោះក្រុងយេរូសាឡឹម។ 39 កាលមាតាបិតារបស់ព្រះយេស៊ូបានបំពេញកិច្ចការទាំងអស់ ស្របតាមក្រឹត្យវិន័យ របស់ព្រះអម្ចាស់សព្វគ្រប់ហើយ គាត់ក៏នាំគ្នាវិលត្រឡប់ទៅណាសារ៉ែតជាភូមិរបស់គាត់ក្នុងស្រុកកាលីឡេវិញ។ 40 ព្រះកុមារមានវ័យចំរើនឡើងជាលំដាប់ មានកម្លាំងកាន់តែមាំមួនឡើង និង ពោរពេញទៅដោយព្រះប្រាជ្ញាញាណ។ ព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងព្រះកុមារនេះណាស់។ 41 ជារៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យចម្លង មាតាបិតារបស់ព្រះយេស៊ូ តែងតែធ្វើដំណើរទៅក្រុងយេរូសាឡឹម។ 42 លុះដល់ព្រះយេស៊ូមានព្រះជន្មាយុដប់ពីរព្រះវស្សា មាតាបិតាក៏នាំព្រះអង្គឡើងទៅចូលរួមក្នុងពិធីបុណ្យ តាមទំនៀមទម្លាប់។ 43 លុះពិធីបុណ្យបានចប់សព្វគ្រប់ហើយ អ្នកទាំងពីរនាំគ្នាវិលត្រឡប់ទៅផ្ទះវិញ។ រីឯព្រះកុមារយេស៊ូគង់នៅក្រុងយេរូសាឡឹមនៅឡើយ តែមាតាបិតាពុំបានដឹងទេ។ 44 គាត់នឹកស្មានថា ព្រះកុមារគង់នៅក្នុងចំណោមអស់អ្នកដែលរួមដំណើរជាមួយគ្នា។ ក្រោយពីបានធ្វើដំណើរអស់រយៈពេលមួយថ្ងៃ ទើបគាត់នាំគ្នាដើររកព្រះកុមារក្នុងចំណោមញាតិមិត្ដទាំងអស់ 45 ប៉ុន្ដែ រកពុំឃើញសោះគាត់ក៏នាំគ្នាត្រឡប់ទៅក្រុងយេរូសាឡឹមវិញ ដើម្បីរកព្រះអង្គនៅទីនោះទៀត។ 46 បីថ្ងៃក្រោយមក មាតាបិតាឃើញព្រះយេស៊ូក្នុងព្រះវិហារ ព្រះអង្គគង់នៅកណ្ដាលចំណោមគ្រូអាចារ្យ កំពុងតែស្ដាប់គេនិយាយព្រមទាំងសួរសំណួរផ្សេងៗដល់គេផង។ 47 អស់អ្នកដែលស្ដាប់ព្រះកុមារ នឹកឆ្ងល់ពីព្រះបន្ទូលឆ្លើយឆ្លងរបស់ព្រះអង្គ ប្រកបដោយព្រះប្រាជ្ញាញាណ។ 48 កាលមាតាបិតាបានឃើញព្រះកុមារហើយ គាត់នឹកឆ្ងល់យ៉ាងខ្លាំង។ មាតាសួរថា៖ «កូនអើយ! ហេតុអ្វីបានជាកូនធ្វើដូច្នេះ? ឪពុកម្ដាយព្រួយចិត្ដណាស់ ខំដើររកកូន»។ 49 ព្រះកុមារមានព្រះបន្ទូលតបថា៖«ហេតុអ្វីបានជាលោកឪពុកអ្នកម្ដាយរកកូនយ៉ាងហ្នឹង? តើលោកឪពុកអ្នកម្ដាយមិនជ្រាបថាកូនត្រូវនៅក្នុងដំណាក់ព្រះបិតារបស់កូន ទេឬ?»។ 50 ប៉ុន្ដែ មាតាបិតាពុំបានយល់អត្ថន័យនៃព្រះបន្ទូលរបស់ព្រះកុមារឡើយ។ 51 បន្ទាប់មក ព្រះកុមារយេស៊ូយាងត្រឡប់ទៅភូមិណាសារ៉ែតជាមួយមាតាបិតាវិញ ហើយធ្វើតាមឱវាទរបស់គាត់ទាំងពីរនាក់។ មាតារបស់ព្រះអង្គចងចាំហេតុការណ៍ទាំងអស់នោះទុកក្នុងចិត្ដ។ 52 ព្រះយេស៊ូមានវ័យចំរើនឡើង ហើយមានប្រាជ្ញាកាន់តែវាងវៃ ជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ និង ជាទីគាប់ចិត្ដមនុស្សផងទាំងពួង។

លូកា 3

1 នៅឆ្នាំទីដប់ប្រាំ នៃរជ្ជកាលព្រះចៅអធិរាជររ៉ូម៉ាំង ព្រះនាមទីប៊ើរលោកប៉ុនទាស-ពីឡាតធ្វើជាទេសាភិបាលនៅស្រុកយូដា ព្រះបាទហេរ៉ូដ ជាស្ដេចអនុរាជ គ្រប់គ្រងស្រុកកាលីឡេ ព្រះបាទភីលីពអនុជរបស់ព្រះបាទហេរ៉ូដ ជាស្ដេចអនុរាជ គ្រប់គ្រងតំបន់អ៊ីទូរេ និង តំបន់ត្រាខូនីត ព្រះបាទលីសានាស ជាស្ដេចអនុរាជគ្រប់គ្រងស្រុកអាប៊ីឡែន 2 លោកអាណ និង លោកកៃផាសធ្វើជាមហាបូជាចារ្យ ។ ពេលនោះព្រះជាម្ចាស់ មាន ព្រះបន្ទូលមកកាន់លោកយ៉ូហាន ជាកូនរបស់លោកសាការី នៅក្នុងវាលរហោស្ថាន ។ 3 លោកយ៉ូហានធ្វើដំណើរ គ្រប់ទីកន្លែងក្នុងតំបន់ទន្លេយ័រដាន់ ហើយប្រកាសអោយមនុស្សកែប្រែចិត្ដគំនិតដោយទទួលពិធីជ្រមុជទឹក ដើម្បីព្រះជាម្ចាស់លើកលែងទោសអោយរួចពីបាប។ 4 លោកប្រកាសដូច្នេះ ស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរព្យាការីអេសាយ ថា៖ «មានសំឡេងបុរសម្នាក់ស្រែកឡើង នៅវាលរហោស្ថានថាៈ ចូររៀបចំផ្លូវរបស់ព្រះអម្ចាស់ ចូរតំរង់ផ្លូវថ្វាយព្រះអង្គ។ 5 ត្រូវបំពេញច្រកភ្នំទាំងអស់អោយរាបស្មើ និង ពង្រាបភ្នំតូចធំទាំងប៉ុន្មានអោយរាប ត្រូវតំរង់ផ្លូវកោងអោយត្រង់ ព្រមទាំងលុបផ្លូវរដិបរដុបអោយរាបស្មើដែរ 6 នោះមនុស្សទាំងអស់នឹងឃើញការសង្គ្រោះរបស់ព្រះជាម្ចាស់»។ 7 លោកយ៉ូហានតែងតែបន្ទោសមហាជនដែល មកទទួលពិធីជ្រមុជទឹក ពីលោកថា៖ «នែ៎ ពូជពស់វែកអើយ! តើនរណាប្រាប់អោយអ្នករាល់គ្នារត់គេចពីព្រះពិរោធរបស់ព្រះជាម្ចាស់ ដែលជិតមកដល់ដូច្នេះ?។ 8 ចូរប្រព្រឹត្ដអំពើល្អ ដើម្បីបញ្ជាក់ថា អ្នករាល់គ្នាបានកែប្រែចិត្ដគំនិតមែន។ កុំអាងខ្លួន ថាមានលោកអប្រាហាំជាបុព្វបុរស នោះឡើយ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះជាម្ចាស់ក៏អាចធ្វើអោយថ្មទាំងនេះ ទៅជាកូនចៅលោកអប្រាហំាបានដែរ។ 9 ពូថៅនៅជិតគល់ឈើជាស្រេចហើយ ដើមឈើណាមិនផ្ដល់ផ្លែល្អទេ ត្រូវកាប់រំលំ បោះទៅក្នុងភ្លើង»។ 10 មហាជនសួរលោកយ៉ូហានថា៖ «បើដូច្នេះ តើយើងត្រូវធ្វើអ្វីខ្លះ?»។ 11 លោកយ៉ូហានតបទៅពួកគេវិញថា៖ «អ្នកណាមានអាវពីរ ត្រូវចែកអោយអ្នកដែលគ្មានហើយអ្នកដែលមានចំណីអាហារ ក៏ត្រូវចែកអោយអ្នកគ្មានដែរ»។ 12 មានអ្នកទារពន្ធ ខ្លះមកទទួលពិធីជ្រមុជទឹក ហើយសួរលោកថា៖ «លោកគ្រូអើយ! តើយើងខ្ញុំត្រូវធ្វើអ្វីខ្លះ?»។ 13 លោកឆ្លើយវិញថា៖ «កុំទារពន្ធហួសពីកំរិត ដែលមានកំណត់ទុកនោះឡើយ»។ 14 មានទាហានមកសួរលោកថា៖ «ចុះយើងខ្ញុំវិញ តើត្រូវធ្វើអ្វីដែរ?»។ លោកឆ្លើយថា៖ «កុំចោទប្រកាន់ កុំសង្កត់សង្កិនយកប្រាក់ពីអ្នកណាអោយសោះ ត្រូវស្កប់ចិត្ដតែនឹងប្រាក់ខែរបស់អ្នករាល់គ្នាប៉ុណ្ណោះបានហើយ»។ 15 ប្រជាជននៅតែរង់ចាំហើយគេរិះគិតក្នុងចិត្ដគ្រប់ៗគ្នាថា ប្រហែលលោកនេះទេដឹងជាព្រះគ្រិស្ដ !។ 16 លោកយ៉ូហានមានប្រសាសន៍ប្រាប់គេទាំងអស់គ្នាថា៖ «ខ្ញុំធ្វើពិធីជ្រមុជ អោយអ្នករាល់គ្នាក្នុងទឹក ប៉ុន្ដែ លោកដែលមានកម្លាំងខ្លាំងជាងខ្ញុំ ជិតមកដល់ហើយ។ ខ្ញុំមានឋានៈទាបណាស់ សូម្បីតែស្រាយខ្សែស្បែកជើងជូនលោក ក៏មិនសមនឹងឋានៈដ៏ខ្ពង់ខ្ពស់របស់លោកផង លោកនឹងធ្វើពិធីជ្រមុជអោយអ្នករាល់គ្នាក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ និង ដោយភ្លើងវិញ។ 17 លោកកាន់ចង្អេរ លោកសំអាតលានបោកស្រូវ ដើម្បីអុំស្រូវ យកគ្រាប់ល្អប្រមូលដាក់ជង្រុក រីឯសំដីវិញ លោកនឹងដុតក្នុងភ្លើង ដែលឆេះពុំចេះរលត់ឡើយ»។ 18 លោកយ៉ូហានប្រកាសដំណឹងល្អ ដល់ប្រជាជន ដោយពាក្យដាស់តឿនជាច្រើនទៀតផង។ 19 លោកស្ដីបន្ទោសព្រះបាទហេរ៉ូដជាស្ដេចអនុរាជថែមទៀត ព្រោះទ្រង់បានយកព្រះនាងហេរ៉ូឌាស ដែលត្រូវជាមហេសីរបស់អនុជ ព្រះអង្គមកធ្វើជាមហេសីរបស់ព្រះអង្គផ្ទាល់។ មិនតែប៉ុណ្ណោះសោត លោកយ៉ូហានស្ដីបន្ទោសព្រះបាទហេរ៉ូដ ព្រោះទ្រង់បានធ្វើអំពើអាក្រក់ជាច្រើនផង។ 20 ទ្រង់បានធ្វើអំពើអាក្រក់មួយទៀត គឺចាប់លោកយ៉ូហានទៅដាក់ក្នុងមន្ទីរឃុំឃាំង។ 21 ពេលប្រជាជនទាំងអស់ទទួលពិធីជ្រមុជទឹក រួចហើយ ព្រះយេស៊ូក៏ទទួលពិធីជ្រមុជទឹកដែរ។ នៅពេលព្រះអង្គកំពុងអធិស្ឋាន ស្រាប់តែផ្ទៃមេឃបើកចំហ 22 ហើយព្រះវិញ្ញាណដ៏វិសុទ្ធ យាងចុះមក មានរូបរាងដូចសត្វព្រាបសណ្ឋិតលើព្រះអង្គ។ មានឮព្រះសូរសៀងពីលើមេឃមកថា៖ «ព្រះអង្គជាបុត្រដ៏ជាទីស្រឡាញ់របស់យើង យើងគាប់ចិត្ដនឹងព្រះអង្គណាស់»។ 23 កាលព្រះយេស៊ូចាប់ផ្ដើមព្រះបរមកិច្ច ព្រះអង្គមានព្រះជន្មាយុប្រមាណសាមសិបព្រះវស្សា។ តាមគេស្មានព្រះអង្គជាបុត្ររបស់លោកយ៉ូសែប ដែលត្រូវជាបុត្រលោកហេលី 24 លោកហេលីជាបុត្រលោកម៉ាត់ថាត់ លោកម៉ាត់ថាត់ជាបុត្រលោកលេវី លោកលេវីជាបុត្រលោកម៉ិលគី លោកម៉ិលគីជាបុត្រលោកយ៉ាណាយ លោកយ៉ាណាយជាបុត្រលោកយ៉ូសែប 25 លោកយ៉ូសែបជាបុត្រលោកម៉ាតាធាស លោកម៉ាតាធាសជាបុត្រលោកហាម៉ូស លោកហាម៉ូសជាបុត្រលោកណាអ៊ូម លោកណាអ៊ូមជាបុត្រលោកអែសលី លោកអែសលីជាបុត្រ លោកណាកាយ 26 លោកណាកាយជាបុត្រលោកម៉ាអាត លោកម៉ាអាតជាបុត្រលោកម៉ាតាធាល លោកម៉ាតាធាលជាបុត្រលោកសេម៉ី លោកសេម៉ីជាបុត្រលោកយ៉ូសែប លោកយ៉ូសែបជាបុត្រលោកយូដា 27 លោកយូដាជាបុត្រលោកយ៉ូអាណាន់ លោកយ៉ូអាណាន់ជាបុត្រលោករេសា លោករេសាជាបុត្រលោកសូរ៉ូបាបិល លោកសូរ៉ូបាបិលជាបុត្រលោកសាលធាល លោកសាលធាលជាបុត្រលោកនេរី 28 លោកនេរីជាបុត្រលោកម៉ិលគី លោកម៉ិលគីជាបុត្រលោកអ័តឌី លោកអ័តឌីជាបុត្រកូសាម លោកកូសាមជាបុត្រលោកអែលម៉ូដាម លោកអែលម៉ូដាមជាបុត្រលោកអ៊ើរ 29 លោកអ៊ើរជាបុត្រលោកយ៉ូសេ លោកយ៉ូសេជាបុត្រលោកអេលាស៊ើរ លោកអេលាស៊ើរជាបុត្រលោកយ៉ូរីម លោកយ៉ូរីមជាបុត្រលោកម៉ាត់ថាត់ លោកម៉ាត់ថាត់ជាបុត្រលោកលេវី 30 លោកលេវីជាបុត្រលោកស៊ីម្មាន លោកស៊ីម្មានជាបុត្រលោកយូដា លោកយូដាជាបុត្រលោកយ៉ូសែប លោកយ៉ូសែបជាបុត្រលោកយ៉ូណាន លោកយ៉ូណានជាបុត្រលោកអេលាគីម 31 លោកអេលាគីមជាបុត្រលោកមេលាស លោកមេលាសជាបុត្រលោកម៉ៃណាន លោកម៉ៃណានជាបុត្រលោកម៉ាតាថា លោកម៉ាតាថាជាបុត្រលោកណាថាន់ លោកណាថាន់ជាបុត្រស្ដេចដាវីឌ 32 ស្ដេចដាវីឌជាបុត្រលោកអ៊ីសាយ លោកអ៊ីសាយជាបុត្រលោកអូបេដ លោកអូបេដជាបុត្រលោកបូអូស លោកបូអូសជាបុត្រលោកសាលម៉ូន លោកសាលម៉ូនជាបុត្រលោកណាសូន 33 លោកណាសូនជាបុត្រលោកអមីណាដាប លោកអមីណាដាបជាបុត្រលោកអើរ៉ាម លោកអើរ៉ាមជាបុត្រលោកអ័រនី លោកអ័រនីជាបុត្រលោកអែសរ៉ូម លោកអែសរ៉ូមជាបុត្រលោកពេរេស លោកពេរេសជាបុត្រលោកយូដា 34 លោកយូដាជាបុត្រលោកយ៉ាកុប លោកយ៉ាកុបជាបុត្រលោកអ៊ីសាក លោកអ៊ីសាកជាបុត្រលោកអប្រាហាំ លោកអប្រាហាំជាបុត្រលោកថេរ៉ា លោកថេរ៉ាជាបុត្រលោកណាឃរ 35 លោកណាឃរជាបុត្រលោកសេរូក លោកសេរូកជាបុត្រលោករេហ៊ូវ លោករេហ៊ូវជាបុត្រលោកផាលេក លោកផាលេកជាបុត្រលោកហេប៊ើរ លោកហេប៊ើរជាបុត្រលោកសេឡា 36 លោកសេឡាជាបុត្រលោកកៃណាន លោកកៃណានជាបុត្រលោកអើប៉ាកសាដ លោកអើប៉ាកសាដជាបុត្រលោកសិម លោកសិមជាបុត្រលោកណូអេ លោកណូអេជាបុត្រលោកឡាម៉េក 37 លោកឡាម៉េកជាបុត្រលោកមធូសាឡា លោកមធូសាឡាជាបុត្រលោកហេណុក លោកហេណុកជាបុត្រលោកយ៉ារ៉េដ លោកយ៉ារ៉េដជាបុត្រលោកម៉ាលេលាល លោកម៉ាលេលាលជាបុត្រលោកកៃណាន 38 លោកកៃណានជាបុត្រលោកអេណុស លោកអេណុសជាបុត្រលោកសេថ លោកសេថជាបុត្រលោកអដាំ ហើយលោកអដាំជាបុត្រព្រះជាម្ចាស់។

លូកា 4

1 ព្រះយេស៊ូបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ ព្រះអង្គយាងត្រឡប់ពីទន្លេយ័រដាន់មកវិញ ហើយព្រះវិញ្ញាណនាំព្រះអង្គទៅវាលរហោស្ថាន។ 2 នៅទីនោះ ព្រះអង្គត្រូវមារ សាតាំងល្បួង អស់រយៈពេលសែសិបថ្ងៃ។ ក្នុងអំឡុងពេលនោះព្រះអង្គពុំសោយអ្វីឡើយ។ លុះផុតពីពេលនោះទៅ ទើបទ្រង់ឃ្លាន។ 3 មារ ទូលព្រះអង្គថា៖ «ប្រសិនបើលោកពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន សូមធ្វើអោយដុំថ្មនេះទៅជា នំបុ័ងមើល៍»។ 4 ព្រះយេស៊ូមានព្រះបន្ទូលតបទៅវិញថា៖ «ក្នុងគម្ពីរមានចែងថា មនុស្សមិនមែនរស់ដោយ សារតែអាហារ ប៉ុណ្ណោះទេ »។ 5 មារនាំព្រះអង្គទៅកន្លែងមួយដ៏ខ្ពស់ ហើយចង្អុលបង្ហាញ នគរទាំងប៉ុន្មាននៅលើ ផែនដី អោយ ព្រះអង្គឃើញ ក្នុងមួយរយៈពេលដ៏ខ្លី។ 6 មារសាតាំងទូលព្រះអង្គថា៖ «ខ្ញុំនឹងប្រគល់អំណាច ព្រមទាំងភោគទ្រព្យរបស់នគរទាំងនោះអោយលោក ដ្បិតអ្វីៗទាំងអស់ជាសម្បត្ដិរបស់ខ្ញុំ ខ្ញុំអាចប្រគល់អោយអ្នកណាក៏បាន ស្រេចតែនឹងចិត្ដខ្ញុំ។ 7 ដូច្នេះ ប្រសិនបើលោកក្រាបថ្វាយបង្គំខ្ញុំ សម្បត្ដិទាំងនោះនឹងបានជារបស់លោកហើយ»។ 8 ព្រះយេស៊ូមានព្រះបន្ទូលតបទៅវិញថា៖ «ក្នុងគម្ពីរមានចែងថា "អ្នកត្រូវតែថ្វាយបង្គំព្រះអម្ចាស់ ជាព្រះរបស់អ្នក និង គោរពបំរើតែព្រះអង្គមួយប៉ុណ្ណោះ" »។ 9 បន្ទាប់មក មារនាំព្រះអង្គទៅក្រុងយេរូសាឡឹមដាក់ព្រះអង្គលើកំពូលព្រះវិហារ ហើយទូល ថា៖ «ប្រសិនបើលោកពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន សូមលោតទម្លាក់ខ្លួនចុះទៅក្រោមមើល៍ 10 ដ្បិតក្នុងគម្ពីរមានចែងថា "ព្រះជាម្ចាស់នឹងបញ្ជាអោយទេវតា ថែរក្សាលោក 11 ហើយទេវតាទាំងនោះនឹងចាំទ្រលោក មិនអោយជើងលោកប៉ះទង្គិចនឹងថ្មឡើយ" »។ 12 ព្រះយេស៊ូមានព្រះបន្ទូលតបទៅមារវិញថា៖ «ក្នុងគម្ពីរមានចែងថា កុំល្បងលព្រះអម្ចាស់ជាព្រះរបស់អ្នកឡើយ »។ 13 លុះមារល្បួងព្រះយេស៊ូសព្វបែបយ៉ាងហើយ វាក៏ថយចេញឆ្ងាយពីព្រះអង្គទៅ រហូតដល់ពេលកំណត់។ 14 ព្រះយេស៊ូយាងត្រឡប់ទៅស្រុកកាលីឡេវិញ ប្រកបដោយឫទ្ធានុភាពរបស់ព្រះវិញ្ញាណ ព្រះនាមព្រះអង្គឮល្បីល្បាញ ពាសពេញតំបន់នោះ។ 15 ព្រះអង្គបង្រៀនអ្នកស្រុកក្នុងសាលាប្រជុំ គេសរសើរតម្កើងសិរីរុងរឿងព្រះអង្គគ្រប់ៗគ្នា។ 16 ព្រះយេស៊ូយាងទៅភូមិណាសារ៉ែតជាភូមិដែលព្រះអង្គគង់នៅកាលពីកុមារ។ នៅថ្ងៃសប្ប័ទ ព្រះអង្គយាងទៅសាលាប្រជុំ តាមទម្លាប់របស់ព្រះអង្គ។ ព្រះអង្គក្រោកឈរឡើង ដើម្បីអានគម្ពីរ។ 17 គេបានយកគម្ពីររបស់ព្យាការី អេសាយមកថ្វាយព្រះអង្គ ព្រះអង្គបើកគម្ពីរ ត្រង់អត្ថបទមួយដែលមានចែងថា៖ 18 «ព្រះវិញ្ញាណរបស់ព្រះអម្ចាស់សណ្ឋិតលើខ្ញុំ។ ព្រះអង្គបានចាក់ប្រេងអភិសេកខ្ញុំ អោយនាំដំណឹងល្អ ទៅប្រាប់ជនក្រីក្រ។ ព្រះអង្គបានចាត់ខ្ញុំអោយមកប្រកាសប្រាប់ ជនជាប់ជាឈ្លើយថា គេនឹងមានសេរីភាព ហើយប្រាប់មនុស្សខ្វាក់ថាគេនឹងមើលឃើញវិញ។ ព្រះអង្គបានចាត់ខ្ញុំអោយមករំដោះ អស់អ្នកដែលត្រូវគេសង្កត់សង្កិន 19 ព្រមទាំងប្រកាសអំពីឆ្នាំដែលព្រះអម្ចាស់ សំដែងព្រះហឫទ័យមេត្ដាករុណា »។ 20 លុះអានចប់ហើយ ព្រះយេស៊ូបិទគម្ពីរ ប្រគល់ទៅអ្នកថែរក្សា រួចទ្រង់គង់ចុះវិញ។ មនុស្សគ្រប់ៗរូបនៅក្នុងសាលាប្រជុំ សំឡឹងមើលព្រះអង្គ។ 21 ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ហេតុការណ៍ដែលមានចែងទុកក្នុងគម្ពីរដូចអ្នករាល់គ្នាទើបនឹងស្ដាប់អំបាញមិញ បានសំរេចជារូបរាងនៅថ្ងៃនេះហើយ»។ 22 ឮដូច្នេះ គេស្ងើចសរសើរ ព្រះយេស៊ូគ្រប់ៗគ្នា ទាំងនឹកឆ្ងល់អំពីព្រះបន្ទូល ប្រកបដោយព្រះហឫទ័យប្រណីសន្ដោស ដែលហូរចេញពីព្រះឱស្ឋ របស់ព្រះអង្គ។ គេពោលថា៖ «អ្នកនេះមិនមែនជាកូនរបស់ជាងយ៉ូសែបទេឬ?»។ 23 ព្រះយេស៊ូមាន ព្រះបន្ទូលទៅគេថា៖ «ប្រហែលជាអ្នករាល់គ្នាចង់យកសុភាសិតដែលចែងថា "គ្រូពេទ្យអើយ ចូរមើលជំងឺរបស់ខ្លួនអោយជាសិនទៅ" មកផ្ចាញ់ផ្ចាលខ្ញុំទេដឹង! ឬ មួយអ្នករាល់គ្នាចង់និយាយមកខ្ញុំទៀតថា "យើងឮគេនិយាយ អំពីកិច្ចការទាំងអស់ដែលអ្នកធ្វើ នៅក្រុងកាពើណិម ចូរធ្វើការដដែលនៅទីនេះជាស្រុកកំណើតរបស់អ្នកអោយយើង ឃើញផង!"»។ 24 ព្រះអង្គមានព្រះបន្ទូលទៀតថា៖«ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា មិនដែលមាន ព្យាការី ណាម្នាក់ត្រូវគេគោរព នៅក្នុងស្រុកកំណើតរបស់ខ្លួនឡើយ។ 25 ខ្ញុំសុំបញ្ជាក់ថា នៅជំនាន់លោកអេលីយ៉ាមេឃរាំងអស់រយៈពេលបីឆ្នាំកន្លះ បណ្ដាលអោយមានទុរ្ភិក្សយ៉ាងខ្លាំងពេញទាំងស្រុក។ នៅស្រុកអ៊ីស្រាអែលមានស្ដ្រីម៉េមាយជាច្រើន។ 26 ក៏ប៉ុន្ដែ ព្រះជាម្ចាស់ពុំបានចាត់ព្យាការីអេលីយ៉ាអោយទៅជួយស្ដ្រីមេម៉ាយណាម្នាក់ នៅស្រុកអ៊ីស្រាអែលឡើយ គឺព្រះអង្គបានចាត់លោកអោយទៅជួយស្ដ្រីមេម៉ាយម្នាក់ ដែលរស់នៅភូមិសារិបតា ក្នុងក្រុងស៊ីដូនវិញ។ 27 នៅជំនាន់ព្យាការីអេលីសេ មានមនុស្សឃ្លង់ជាច្រើន ក្នុងស្រុកអ៊ីស្រាអែល ប៉ុន្ដែ គ្មានអ្នកណាម្នាក់បានជាសោះឡើយ គឺមានតែលោកណាម៉ាន់ជាជនជាតិស៊ីរីម្នាក់ប៉ុណ្ណោះ »។ 28 កាលបានឮ ព្រះបន្ទូលទាំងនេះ អ្នកនៅក្នុងសាលាប្រជុំ ទាំងប៉ុន្មាន ខឹងព្រះយេស៊ូគ្រប់ៗគ្នា។ 29 គេក្រោកឡើង ចាប់ប្រអូស ប្រទាញព្រះយេស៊ូចេញពីភូមិដែលសង់លើកំពូលភ្នំ នាំឆ្ពោះទៅមាត់ជ្រោះ បំរុងនឹងច្រានព្រះអង្គទម្លាក់ទៅក្រោម។ 30 ប៉ុន្ដែ ព្រះអង្គយាងចេញពីកណ្ដាលចំណោមគេបាត់ទៅ។ 31 ព្រះយេស៊ូយាងទៅក្រុងកាពើណិម ក្នុងស្រុកកាលីឡេ។ នៅទីនោះ ព្រះអង្គបង្រៀនបណ្ដាជនជារៀងរាល់ថ្ងៃសប្ប័ទ ។ 32 មនុស្សគ្រប់គ្នាងឿងឆ្ងល់យ៉ាងខ្លំាងអំពីបែបបទ ដែលព្រះអង្គបង្រៀន ព្រោះព្រះអង្គ មានព្រះបន្ទូលប្រកបដោយអំណាច។ 33 នៅក្នុងសាលាប្រជុំ មានបុរសម្នាក់ដែលវិញ្ញាណរបស់អារក្សអាសោចិយ៍នៅក្នុងខ្លួន ស្រែកឡើងខ្លាំងៗថា៖ 34 «ព្រះយេស៊ូ ជាអ្នកភូមិណាសារ៉ែតអើយ! តើព្រះអង្គចង់ធ្វើអ្វីយើង? ព្រះអង្គមកបំផ្លាញយើង! ខ្ញុំស្គាល់ព្រះអង្គហើយ ព្រះអង្គជាព្រះដ៏វិសុទ្ធ ដែលមកពីព្រះជាម្ចាស់»។ 35 ព្រះយេស៊ូ គំរាមវិញ្ញាណរបស់អារក្សអាសោចិយ៍នោះថា៖ «ស្ងៀម ចេញពីអ្នកនេះទៅ!»។ អារក្សក៏ផ្ដួលបុរសនោះ នៅកណ្ដាល ចំណោមបណ្ដាជនរួចចេញទៅ ដោយពុំមានធ្វើអោយគាត់ឈឺចាប់អ្វីឡើយ។ 36 មនុស្សម្នាភ័យស្រឡាំងកាំង ហើយនិយាយគ្នាទៅវិញទៅមកថា៖ «ចុះពាក្យសំដីរបស់លោកនេះអីក៏ពូកែម៉្លេះ មើល៍លោកមានអំណាច និង ឫទ្ធានុភាពអាចបញ្ជាទៅវិញ្ញាណអាក្រក់អោយវាចេញ ហើយវាធ្វើតាម»។ 37 បន្ទាប់មក ព្រះកិត្ដិនាមរបស់ព្រះយេស៊ូល្បីខ្ចរខ្ចាយ ពាសពេញតំបន់នោះ។ 38 ព្រះយេស៊ូយាងចេញពីសាលាប្រជុំ ទៅផ្ទះលោកស៊ីម៉ូន ពេលនោះ ម្ដាយក្មេករបស់លោកស៊ីម៉ូនគ្រុនយ៉ាងខ្លាំងគេទូលសូមព្រះអង្គមេត្ដាប្រោសគាត់អោយបានជា។ 39 ព្រះយេស៊ូអោនទៅលើអ្នកជំងឺ ព្រះអង្គគំរាមជំងឺគ្រុន ជំងឺគ្រុនក៏ចេញបាត់ទៅ ហើយម្ដាយក្មេករបស់លោកស៊ីម៉ូនក៏បានជា។ រំពេចនោះ គាត់ក្រោកឡើងបំរើភ្ញៀវ។ 40 នៅពេលថ្ងៃលិច អ្នកស្រុកទាំងអស់នាំបងប្អូនដែលមានជំងឺផ្សេងៗមករកព្រះយេស៊ូ។ ព្រះអង្គដាក់ព្រះហស្ដលើអ្នកទាំងនោះ ហើយប្រោសគេអោយបានជាសះស្បើយគ្រប់ៗគ្នា។ 41 មានអារក្សចេញពីមនុស្សជាច្រើន ទាំងស្រែកថា៖ «ព្រះអង្គជាព្រះបុត្រារបស់ព្រះជាម្ចាស់»។ ប៉ុន្ដែ ព្រះយេស៊ូគំរាមអារក្សទាំងនោះ មិនអោយនិយាយ ជាដាច់ខាត ព្រោះពួកវាដឹងថា ព្រះអង្គជាព្រះគ្រិស្ដ ។ 42 លុះព្រលឹមឡើង ព្រះយេស៊ូយាងចេញពីក្រុងទៅកន្លែងស្ងាត់។ បណ្ដាជននាំគ្នាដើររកព្រះអង្គ។ លុះជួបហើយ គេឃាត់ព្រះអង្គអោយនៅជាមួយ មិនចង់អោយយាងចាកចោលគេឡើយ។ 43 ប៉ុន្ដែ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖«ខ្ញុំត្រូវនាំដំណឹងល្អ អំពីព្រះរាជ្យ របស់ព្រះជាម្ចាស់ទៅក្រុងឯទៀតៗដែរ ដ្បិតព្រះអង្គបានចាត់ខ្ញុំអោយមកបំពេញការនេះឯង»។ 44 បន្ទាប់មក ព្រះយេស៊ូប្រកាសដំណឹងល្អ តាមសាលាប្រជុំ នានាក្នុងស្រុកកាលីឡេ។

លូកា 5

1 ថ្ងៃមួយ ព្រះយេស៊ូគង់នៅមាត់បឹងគេនេសារ៉ែត មានបណ្ដាជនជាច្រើនប្រជ្រៀតគ្នានៅជុំវិញព្រះអង្គ ដើម្បីស្ដាប់ ព្រះបន្ទូលរបស់ព្រះជាម្ចាស់។ 2 ព្រះអង្គទតឃើញទូកពីរចតនៅមាត់ច្រាំង រីឯអ្នកនេសាទនាំគ្នាចុះទៅលាងអួន របស់គេ។ 3 ព្រះយេស៊ូយាងចុះទៅក្នុងទូករបស់លោកស៊ីម៉ូន រួចទ្រង់សុំអោយគាត់ចេញទូក ទៅឆ្ងាយពីច្រាំងបន្ដិច។ ព្រះអង្គគង់បង្រៀនបណ្ដាជនពីក្នុងទូកនោះ។ 4 លុះព្រះអង្គបង្រៀនគេចប់ហើយ ទ្រង់មានព្រះបន្ទូលទៅកាន់ លោកស៊ីម៉ូនថា៖«ចូរបង្ហួសទូកទៅទឹកជ្រៅ រួចនាំគ្នាទម្លាក់អួនចុះ»។ 5 លោកស៊ីម៉ូនតបទៅព្រះយេស៊ូវិញថា៖«លោកគ្រូ! យើងខ្ញុំបានអូសអួនពេញមួយយប់ហើយ អត់បានត្រីសោះ ប៉ុន្ដែ បើលោកគ្រូមានប្រសាសន៍ដូច្នេះ ខ្ញុំនឹងទម្លាក់អួនតាមពាក្យរបស់លោកគ្រូ»។ 6 គេក៏ទម្លាក់អួនទៅក្នុងទឹក ជាប់ត្រីយ៉ាងច្រើនស្ទើរតែធ្លាយអួន។ 7 គេបក់ដៃហៅមិត្ដភក្ដិដែលនៅក្នុងទូកមួយទៀតអោយមកជួយ។ ពួកនោះមកដល់ ជួយចាប់ត្រីដាក់ពេញទូកទាំងពីរ ស្ទើរតែនឹងលិច។ 8 ពេលលោកស៊ីម៉ូន-ពេត្រុសឃើញដូច្នោះ គាត់ក្រាបទៀបព្រះបាទាព្រះយេស៊ូ ទូលព្រះអង្គថា៖«ព្រះអម្ចាស់អើយ សូមយាងអោយឆ្ងាយពីទូលបង្គំទៅ ព្រោះទូលបង្គំជាមនុស្សបាប»។ 9 លោកស៊ីម៉ូននិយាយដូច្នេះ ព្រោះគាត់ និង អស់អ្នកដែលនៅជាមួយភ័យស្ញប់ស្ញែងជាខ្លាំង នៅពេលបានឃើញត្រីច្រើនយ៉ាងនេះ។ 10 រីឯលោកយ៉ាកុប និង លោកយ៉ូហានជាកូនលោកសេបេដេ ដែលនេសាទរួមជាមួយលោកស៊ីម៉ូន ក៏មានចិត្ដដូច្នោះ ដែរ។ ប៉ុន្ដែ ព្រះយេស៊ូមានព្រះបន្ទូលទៅលោកស៊ីម៉ូនថា៖ «កុំខ្លាចអី!ពីពេលនេះទៅមុខ អ្នកនឹងនេសាទមនុស្សវិញ»។ 11 ពេលទូកទៅដល់មាត់ច្រាំងវិញ គេបោះបង់របស់របរទាំងអស់ចោល រួចនាំគ្នាដើរតាមព្រះយេស៊ូទៅ។ 12 ព្រះយេស៊ូគង់នៅក្នុងក្រុងមួយ មានមនុស្សឃ្លង់ម្នាក់ឃើញព្រះអង្គ គាត់ចូលមករក ហើយក្រាបថ្វាយបង្គំ អោន មុខដល់ដី ទូលព្រះអង្គថា៖ «លោកម្ចាស់ ប្រសិនបើលោកមិនយល់ទាស់ទេ សូមប្រោសខ្ញុំប្របាទអោយបានជា ស្អាតបរិសុទ្ធ ផង»។ 13 ព្រះយេស៊ូលូកព្រះហស្ដទៅពាល់គាត់ទាំងមានព្រះបន្ទូលថា៖«ខ្ញុំយល់ព្រមហើយ ចូរអោយបានជាស្អាតបរិសុទ្ធចុះ»។ រំពេចនោះ មនុស្សឃ្លង់ក៏បានជាស្អាតបរិសុទ្ធភ្លាម។ 14 ព្រះយេស៊ូមាន ព្រះបន្ទូលហាមគាត់ថា៖«កុំនិយាយប្រាប់នរណាអោយដឹងឡើយ ផ្ទុយទៅវិញ ត្រូវទៅបង្ហាញខ្លួនដល់ លោកបូជាចារ្យ ហើយថ្វាយតង្វាយដូចលោកម៉ូសេ បានបង្គាប់ទុក ដើម្បីជាសក្ខីភាពបញ្ជាក់ថា អ្នកបានជាស្អាតបរិសុទ្ធមែន »។ 15 ព្រះកិត្ដិនាម របស់ ព្រះយេស៊ូ ល្បីសុសសាយកាន់តែខ្លាំងឡើងៗ។ មហាជនជាច្រើនមកជុំគ្នាស្ដាប់ព្រះអង្គ ព្រមទាំងសូមព្រះអង្គប្រោសអោយខ្លួនបានជាពីជំងឺផ្សេងៗផង។ 16 រីឯព្រះយេស៊ូវិញ ព្រះអង្គយាងទៅទីស្ងាត់ ដើម្បីអធិស្ឋាន ។ 17 ថ្ងៃមួយ ព្រះយេស៊ូកំពុងតែបង្រៀនបណ្ដាជន មានពួកខាងគណៈផារីស៊ី និង អ្នកប្រាជ្ញខាងវិន័យ អង្គុយស្ដាប់ព្រះអង្គដែរ។ អ្នកទាំងនោះធ្វើដំណើរមកពីភូមិនានា ក្នុងស្រុកកាលីឡេ ស្រុកយូដា និង ពីក្រុងយេរូសាឡឹម។ ព្រះយេស៊ូប្រកបដោយឫទ្ឋានុភាពរបស់ព្រះអម្ចាស់ ទ្រង់ប្រោសអ្នកជំងឺអោយបានជា។ 18 ពេលនោះ ស្រាប់តែមានគេសែងមនុស្សខ្វិនដៃខ្វិនជើងម្នាក់មកដល់ គេមានបំណងនាំអ្នកខ្វិននោះចូលទៅជិតព្រះយេស៊ូ។ 19 ប៉ុន្ដែ ដោយមានមនុស្សច្រើនពេក គេពុំអាចចូលទៅជិតព្រះអង្គបានឡើយ។ ដូច្នេះ គេក៏សែងអ្នកជំងឺឡើងទៅលើដំបូលផ្ទះ បកក្បឿង សំរូតគាត់ចុះមកកណ្ដាលចំណោមមនុស្ស នៅចំពីមុខព្រះយេស៊ូ។ 20 ពេលព្រះយេស៊ូឈ្វេងយល់ជំនឿរបស់ អ្នកទាំងនោះទ្រង់មានព្រះបន្ទូលទៅកាន់អ្នកពិការថា៖ «អ្នកអើយ ខ្ញុំអត់ទោសអោយអ្នករួចពីបាបហើយ!»។ 21 ពួកអាចារ្យ និង ពួកខាងគណៈផារីស៊ីឮដូច្នោះ រិះគិតក្នុងចិត្ដថា៖ «អ្នកនេះមានឋានៈអ្វី បានជាហ៊ានពោលពាក្យប្រមាថ ព្រះជាម្ចាស់ដូច្នេះ? ក្រៅពីព្រះជាម្ចាស់មួយព្រះអង្គ តើអ្នកណាអាចអត់ទោសអោយមនុស្សរួចពីបាបបាន?»។ 22 ព្រះយេស៊ូឈ្វេងយល់ចិត្ដគំនិតអ្នកទាំងនោះ ទើបទ្រង់មានព្រះបន្ទូលទៅគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នារិះគិត ដូច្នេះ? 23 បើខ្ញុំប្រាប់អ្នកពិការនេះថា "ខ្ញុំអត់ទោសអោយអ្នករួចពីបាបហើយ" ឬថា "ចូរក្រោកឡើងដើរ ទៅចុះ" តើឃ្លាមួយណាស្រួលនិយាយជាង?។ 24 ប៉ុន្ដែ ខ្ញុំចង់អោយអ្នករាល់គ្នាដឹងថា បុត្រមនុស្ស មានអំណាចនឹងអត់ទោសអោយមនុស្សនៅក្នុងលោកនេះរួចពីបាបបាន-ព្រះអង្គក៏ងាកទៅរកអ្នកខ្វិន ហើយមានព្រះបន្ទូលថា-ចូរក្រោកឡើង យកគ្រែស្នែងរបស់អ្នកដើរទៅផ្ទះវិញទៅ»។ 25 រំពេចនោះ អ្នកខ្វិនក្រោកឡើងនៅមុខមនុស្សទាំងអស់ រួចយកគ្រែស្នែងដែលគេសែងខ្លួនមក ដើរត្រឡប់ទៅផ្ទះវិញ ទាំងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ផង។ 26 អស់អ្នកដែលនៅទីនោះ ស្លុតស្មារតីគ្រប់ៗគ្នា ហើយលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់។ គេភ័យខ្លាចជាខ្លាំង ក៏និយាយគ្នាថា៖ «ថ្ងៃនេះ យើងបានឃើញហេតុការណ៍ចំឡែកអស្ចារ្យមែន!»។ 27 បន្ទាប់មក ព្រះយេស៊ូយាងចាកចេញពីទីនោះទ្រង់ទតឃើញអ្នកទារពន្ធ ម្នាក់ ឈ្មោះលេវី អង្គុយនៅកន្លែងយកពន្ធ ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «សុំអញ្ជើញមកតាមខ្ញុំ»។ 28 លោកលេវីក្រោកឡើង ទុកកិច្ចការទាំងអស់ចោល ហើយដើរតាមព្រះយេស៊ូទៅ។ 29 លោកលេវីបានរៀបចំពិធីជប់លៀងមួយយ៉ាងធំថ្វាយព្រះអង្គ នៅផ្ទះរបស់លោក។ មានអ្នកទារពន្ធ ព្រមទាំងមនុស្សឯទៀតៗជាច្រើនចូលរួមជាមួយដែរ។ 30 ពួកខាងគណៈ ផារីស៊ី និង ពួកអាចារ្យ ពីគណៈផារីស៊ី ទាស់ចិត្ដយ៉ាងខ្លាំង គេនិយាយទៅកាន់ក្រុមសិស្ស របស់ព្រះអង្គថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាបរិភោគជាមួយអ្នកទារពន្ធ និង មនុស្សបាបដូច្នេះ?»។ 31 ព្រះយេស៊ូតបទៅគេថា៖ «មនុស្សមានសុខភាពល្អមិនត្រូវការគ្រូពេទ្យឡើយ មានតែអ្នកជំងឺប៉ុណ្ណោះដែលត្រូវការ។ 32 ខ្ញុំមិនមែនមករកមនុស្សសុចរិតទេ គឺមករកមនុស្សបាប ដើម្បីអោយគេកែប្រែចិត្ដគំនិត»។ 33 មានគេទូលសួរព្រះយេស៊ូថា៖ «ពួកសិស្សរបស់លោកយ៉ូហាន និង ពួកសិស្សខាងគណៈផារីស៊ី តែងតែតមអាហារ និង សូត្រធម៌ជាញឹកញាប់ ចុះហេតុដូចម្ដេចបានជាសិស្សរបស់លោកបែរជានាំគ្នាបរិភោគដូច្នេះ?»។ 34 ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេវិញថា៖ «ក្នុងពិធីមង្គលការ ពេលកូនកំឡោះនៅជាមួយ តើភ្ញៀវអាចតមអាហារកើតឬ?។ ទេ! គេមិនអាចតមបានឡើយ។ 35 ថ្ងៃក្រោយ ពេលគេចាប់ស្វាមីយកទៅទើបភ្ញៀវទាំងនោះតមអាហារ»។ 36 ព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នាថា៖«ពុំដែលមាននរណាហែកសម្លៀកបំពាក់ថ្មី យកទៅប៉ះសម្លៀកបំពាក់ចាស់នោះឡើយ ធ្វើដូច្នេះ សម្លៀកបំពាក់ថ្មីនឹងត្រូវរហែក ហើយក្រណាត់ចាស់ និង ក្រណាត់ថ្មី ក៏មិនសមគ្នាដែរ។ 37 ពុំដែលមាននរណាច្រកស្រាទំពំាងបាយជូរថ្មី ទៅក្នុងថង់ស្បែកចាស់ឡើយ បើធ្វើដូច្នេះ ស្រាថ្មីនឹងធ្វើអោយថង់ ស្បែកចាស់នោះធ្លុះបណ្ដាលអោយស្រាហូរចេញ ហើយថង់ស្បែកក៏ត្រូវខូចខាតមិនខាន 38 ត្រូវច្រកស្រាថ្មី ទៅក្នុងថង់ស្បែកថ្មី។ 39 កាលបើបានពិសាស្រាទំពំាងបាយជូរចាស់ហើយ មិនដែលមាននរណាចង់ពិសាស្រាថ្មីទេ ព្រោះគេថា "ស្រាចាស់ឆ្ងាញ់ជាងស្រាថ្មី"»។

លូកា 6

1 មានថ្ងៃមួយជាថ្ងៃសប្ប័ទ ព្រះយេស៊ូយាងកាត់វាលស្រែ សិស្ស របស់ព្រះអង្គនាំគ្នាបូតកួរស្រូវសាឡី មកឈ្លីបរិភោគ។ 2 មានពួកខាងគណៈផារីស៊ី ខ្លះនិយាយទៅសិស្សទាំងនោះថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាធ្វើការដែលបញ្ញត្ដិហាមមិនអោយធ្វើនៅថ្ងៃសប្ប័ទ ដូច្នេះ?»។ 3 ព្រះយេស៊ូតបទៅគេវិញថា៖ «ក្នុងគម្ពីរមានអត្ថបទមួយ ស្ដីអំពី ការដែលព្រះបាទដាវីឌ និង បរិពារបានប្រព្រឹត្ដនៅពេលឃ្លាន 4 គឺស្ដេចបានយាងចូលទៅក្នុងដំណាក់របស់ព្រះជាម្ចាស់យកនំបុ័ងដែលគេតាំងថ្វាយព្រះជាម្ចាស់មកសោយ ព្រមទាំងចែកអោយពួកបរិពារបរិភោគទៀតផង។ តាមវិន័យ មានតែពួកបូជាចារ្យ ប៉ុណ្ណោះ ដែលមានសិទ្ធិបរិភោគនំបុ័ងនោះបាន។ តើអ្នករាល់គ្នាធ្លាប់អានអត្ថបទនោះឬទេ?»។ 5 ព្រះអង្គមានព្រះបន្ទូលទៅគេទៀតថា៖ បុត្រមនុស្ស ជាម្ចាស់លើថ្ងៃសប្ប័ទ ។ 6 នៅថ្ងៃសប្ប័ទ មួយទៀត ព្រះយេស៊ូយាងចូលក្នុងសាលាប្រជុំ ហើយទ្រង់បង្រៀនគេ។ នៅទីនោះ មានបុរស ម្នាក់ស្វិតដៃស្ដាំ។ 7 ពួកអាចារ្យ និង ពួកខាងគណៈផារីស៊ី តាមមើលព្រះយេស៊ូ ក្រែងលោព្រះអង្គប្រោសអ្នកជំងឺនៅថ្ងៃសប្ប័ទ ព្រោះគេចង់រកលេសចោទប្រកាន់ព្រះអង្គ។ 8 ព្រះយេស៊ូឈ្វេងយល់ចិត្ដគំនិតរបស់ពួកគេ ទ្រង់ក៏ មានព្រះបន្ទូលទៅកាន់បុរសស្វិតដៃនោះថា៖ «ចូរក្រោកឡើង មកឈរនៅកណ្ដាលគេឯណេះ!»។ បុរសនោះ ក៏ក្រោកឈរឡើង។ 9 ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖«ខ្ញុំសុំសួរអ្នករាល់គ្នាថា នៅថ្ងៃសប្ប័ទ តើមនុស្សមានសិទ្ធិធ្វើអំពើល្អ ឬ ធ្វើអំពើអាក្រក់? តើត្រូវសង្គ្រោះជីវិតមនុស្ស ឬ ធ្វើអោយវិនាសអន្ដរាយ?»។ 10 ព្រះអង្គបែរព្រះភ័ក្ដ្រទតមើលមនុស្សទាំងអស់ដែលនៅជុំវិញ រួចមានព្រះបន្ទូលទៅបុរសស្វិតដៃនោះថា៖ «ចូរលាតដៃមើល៍!»។ គាត់ក៏លាតដៃ ហើយដៃគាត់បានជាដូចដើមវិញ។ 11 ពួកគេក្ដៅក្រហាយយ៉ាងខ្លាំង ហើយពិគ្រោះគ្នា គិតធ្វើយ៉ាងណា ដើម្បីប្រឆាំងនឹងព្រះយេស៊ូ។ 12 នៅគ្រានោះ ព្រះយេស៊ូយាងឡើងទៅលើភ្នំដើម្បីអធិស្ឋាន ។ ព្រះអង្គអធិស្ឋានពេញមួយយប់។ 13 លុះព្រលឹមឡើង ព្រះអង្គត្រាស់ហៅសិស្ស មក ក្នុងចំណោមសិស្សទាំងនោះ ព្រះអង្គជ្រើសយកដប់ពីររូបហើយប្រទានងារជាទូតរបស់ព្រះអង្គ 14 គឺមានស៊ីម៉ូនដែលទ្រង់ប្រទានឈ្មោះថា ពេត្រុស និង អនទ្រេជាប្អូនរបស់គាត់ យ៉ាកុប យ៉ូហាន ភីលីព បាថូឡូមេ 15 ម៉ាថាយ ថូម៉ាស យ៉ាកុបជាកូនរបស់លោកអាល់ផាយ ស៊ីម៉ូនហៅអ្នកជាតិនិយម 16 យូដាសជាកូនលោកយ៉ាកុប និង យូដាសអ៊ីស្ការីយ៉ុត ដែលនឹងក្បត់ព្រះអង្គ។ 17 ព្រះយេស៊ូយាងចុះពីលើភ្នំជាមួយសិស្ស ទាំងនោះមកប្រថាប់នៅត្រង់កន្លែងមួយរាបស្មើ។ នៅទីនោះមាន សិស្សជាច្រើន និង ប្រជាជនពីស្រុកយូដា ពីក្រុងយេរូសាឡឹម ពីក្រុងទីរ៉ូស និង ក្រុងស៊ីដូននៅតាមមាត់សមុទ្រ មករង់ចាំព្រះអង្គយ៉ាងកកកុញ។ 18 គេនាំគ្នាមកស្ដាប់ព្រះអង្គ និង សូមព្រះអង្គប្រោសគេអោយជាពីជំងឺ។ រីឯអស់អ្នកដែលមានវិញ្ញាណអាក្រក់នៅក្នុងខ្លួនក៏បានជាដែរ។ 19 បណ្ដាជនប្រជ្រៀតគ្នាចូលមកពាល់ព្រះយេស៊ូ ដ្បិតមានឫទ្ធានុភាពចេញពីព្រះអង្គមកប្រោសគេអោយជាគ្រប់ៗគ្នា។ 20 ព្រះយេស៊ូងើបព្រះភ័ក្ដ្រទតមើលសិស្ស របស់ព្រះអង្គ ហើយមានព្រះបន្ទូលថា៖ «អ្នករាល់គ្នាដែលជាជនក្រខ្សត់អើយ! អ្នកមានសុភមង្គល ហើយ ដ្បិតអ្នករាល់គ្នាបានទទួលព្រះរាជ្យ របស់ព្រះជាម្ចាស់។ 21 អ្នករាល់គ្នាដែលកំពុងតែស្រេកឃ្លានអើយ! អ្នកមានសុភមង្គលហើយ ដ្បិតអ្នករាល់គ្នានឹងបានឆ្អែត។ អ្នករាល់គ្នាដែលកំពុងតែយំសោកអើយ! អ្នកមានសុភមង្គលហើយ ដ្បិតអ្នករាល់គ្នានឹងបានត្រេកអរ។ 22 ប្រសិនបើមានគេស្អប់លែងរាប់រកអ្នករាល់គ្នា ប្រសិនបើគេត្មះតិះដៀលបង្ខូចឈ្មោះអ្នករាល់គ្នា ព្រោះតែបុត្រមនុស្ស អ្នករាល់គ្នាមានសុភមង្គលហើយ។ 23 នៅគ្រានោះចូរមានអំណរសប្បាយឡើង ដ្បិតអ្នករាល់គ្នាទទួល រង្វាន់យ៉ាងធំ នៅស្ថានបរមសុខ ។ កាលពីជំនាន់មុន បុព្វបុរស របស់គេក៏បានប្រព្រឹត្ដចំពោះពួកព្យាការីដូច្នោះដែរ។ 24 ចំណែកឯអ្នករាល់គ្នាដែលជាអ្នកមានអើយ! អ្នកនឹងត្រូវវេទនាព្រោះអ្នករាល់គ្នាបាន ទទួលការសំរាលទុក្ខរួចស្រេចហើយ។ 25 អ្នករាល់គ្នាដែលឆ្អែតនៅពេលនេះអើយ! អ្នកនឹងត្រូវវេទនា ដ្បិតអ្នករាល់គ្នានឹងស្រេកឃ្លានជាពុំខាន។ អ្នករាល់គ្នាដែលកំពុងតែត្រេកអរអើយ! អ្នកនឹងត្រូវវេទនា ព្រោះអ្នករាល់គ្នា នឹងកាន់ទុក្ខ ហើយយំសោកជាពុំខាន។ 26 អ្នករាល់គ្នាដែលមនុស្សទាំងអស់កោតសរសើរអើយ! អ្នកត្រូវវេទនា ហើយព្រោះបុព្វបុរសរបស់គេក៏បានប្រព្រឹត្ដ ចំពោះពួកព្យាការីក្លែងក្លាយដូច្នោះដែរ!»។ 27 «ខ្ញុំសុំប្រាប់អ្នករាល់គ្នាដែលកំពុងស្ដាប់ខ្ញុំថា ចូរស្រឡាញ់ខ្មាំងសត្រូវរបស់ខ្លួន និង ធ្វើអំពើល្អដល់អស់អ្នកដែល ស្អប់អ្នករាល់គ្នា 28 ត្រូវជូនពរដល់អស់អ្នកដែលប្រទេចផ្ដាសាអ្នករាល់គ្នា និង អង្វរព្រះជាម្ចាស់សូមទ្រង់ប្រទានពរ ដល់អស់អ្នកដែលបៀតបៀនអ្នករាល់គ្នា។ 29 ប្រសិនបើមានគេទះកំផ្លៀងអ្នកម្ខាង ចូរបែរអោយគេទះម្ខាងទៀតចុះ។ ប្រសិនបើគេយកអាវធំរបស់អ្នក ចូរអោយគេយកអាវក្នុងថែមទៀតទៅ។ 30 បើមានអ្នកណាសុំអ្វីពីអ្នក ចូរអោយគេទៅ ហើយបើគេរឹបអូសយកអ្វីដែលជារបស់អ្នក ចូរកុំទារពីគេវិញឡើយ។ 31 បើអ្នករាល់គ្នាចង់អោយគេប្រព្រឹត្ដចំពោះខ្លួនបែបណា ត្រូវប្រព្រឹត្ដចំពោះគេបែបនោះដែរ។ 32 បើអ្នករាល់គ្នាស្រឡាញ់តែមនុស្សដែលស្រឡាញ់អ្នករាល់គ្នា តើនឹងមានគុណបំណាច់អ្វី? សូម្បីតែមនុស្សបាបក៏ចេះស្រឡាញ់គ្នាគេដែរ 33 ហើយបើអ្នករាល់គ្នាធ្វើអំពើល្អតែជាមួយមនុស្សណាដែលធ្វើអំពើល្អដល់អ្នករាល់គ្នា តើនឹងមានគុណបំណាច់អ្វី? សូម្បីតែមនុស្សបាបក៏ចេះធ្វើអំពើល្អដល់គ្នាគេដែរ។ 34 បើអ្នករាល់គ្នាអោយគេខ្ចី ដោយសង្ឃឹមថានឹងបានសំណងវិញ តើនឹងមានគុណបំណាច់អ្វី? សូម្បីតែមនុស្សបាបក៏អោយគ្នាគេខ្ចី ដើម្បីទទួលសំណងដូចដើមវិញដែរ។ 35 ចូរស្រឡាញ់ខ្មាំងសត្រូវរបស់ខ្លួន ហើយប្រព្រឹត្ដអំពើល្អដល់គេ ព្រមទាំងអោយគេខ្ចី ដោយកុំនឹកសង្ឃឹមចង់បានអ្វីវិញអោយសោះ ពេលនោះ អ្នករាល់គ្នានឹងទទួលរង្វាន់យ៉ាងធំ អ្នករាល់គ្នានឹងបានទៅជាកូនរបស់ព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត ដ្បិតព្រះអង្គក៏មានព្រះហឫទ័យសប្បុរសចំពោះជនអកតញ្ញូ និង ជនកំណាចដែរ។ 36 ចូរមានចិត្ដមេត្ដាករុណា ដូចព្រះបិតារបស់អ្នករាល់គ្នាដែលមានព្រះហឫទ័យមេត្ដាករុណា»។ 37 «កុំថ្កោលទោសអ្នកដទៃអោយសោះ នោះព្រះជាម្ចាស់ក៏មិនថ្កោលទោសអ្នករាល់គ្នាដែរ។ កុំផ្ដន្ទាទោសអ្នក ដទៃអោយសោះ នោះព្រះជាម្ចាស់ក៏មិនផ្ដន្ទាទោសអ្នករាល់គ្នាដែរ។ ត្រូវលើកលែងទោសអោយអ្នកដទៃ នោះព្រះជាម្ចាស់នឹងលើកលែងទោសអោយអ្នករាល់គ្នា។ 38 ចូរធ្វើអំណោយដល់អ្នកដទៃ នោះព្រះជាម្ចាស់នឹងប្រទានអំណោយដល់អ្នករាល់គ្នាដែរ ទ្រង់នឹងប្រទានមកយ៉ាងបរិបូណ៌ហូរហៀរ។ ព្រះជាម្ចាស់នឹងវាល់អោយអ្នក តាមរង្វាល់ដែលអ្នកវាល់អោយអ្នកដទៃ»។ 39 ព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នាទៅគេទៀតថា៖ «មនុស្សខ្វាក់ពុំអាចនាំមនុស្សខ្វាក់ម្នាក់ទៀតបានឡើយ។ បើធ្វើដូច្នោះ មុខជាធ្លាក់រណ្ដៅទាំងពីរនាក់មិនខាន។ 40 ពុំដែលមានសិស្សណាធំជាងគ្រូឡើយ ប៉ុន្ដែ សិស្សដែលបានទទួលចំណេះសព្វគ្រប់ អាចស្មើនឹងគ្រូបាន។ 41 ហេតុអ្វីបានជាអ្នកមើលឃើញល្អងធូលីនៅក្នុងភ្នែករបស់បងប្អូនអ្នក តែមើលមិនឃើញធ្នឹមនៅក្នុងភ្នែករបស់អ្នកផ្ទាល់ដូច្នេះ?។ 42 បើអ្នកមើលធ្នឹមនៅក្នុងភ្នែករបស់អ្នកមិនទាំងឃើញផង ម្ដេចក៏ហ៊ាននិយាយទៅបងប្អូនថា "ទុកអោយខ្ញុំផ្ដិតយកល្អងធូលីនេះចេញពីភ្នែកអ្នក?"។ មនុស្សមានពុតអើយ! ចូរយកធ្នឹមចេញពីភ្នែកអ្នកជាមុនសិន ទើបអ្នកមើលឃើញច្បាស់ ល្មមនឹងផ្ដិតយកល្អងធូលីចេញពីភ្នែករបស់បងប្អូនអ្នកបាន»។ 43 «ដើមឈើល្អ មិនដែលអោយផ្លែអាក្រក់ឡើយ ឯដើមឈើអាក្រក់វិញ ក៏មិនដែលអោយផ្លែល្អដែរ 44 ដ្បិតគេស្គាល់ដើមឈើបាន ដោយសារផ្លែវា។ ពុំដែលមាននរណាបេះផ្លែឧទុម្ពរ ឬផ្លែទំពំាងបាយជូរពីគុម្ពបន្លាឡើយ។ 45 មនុស្សល្អតែងប្រព្រឹត្ដអំពើល្អព្រោះចិត្ដរបស់គេល្អ រីឯមនុស្សអាក្រក់ តែងប្រព្រឹត្ដអំពើអាក្រក់ ព្រោះចិត្ដរបស់គេ អាក្រក់ ដ្បិតមាត់របស់មនុស្សតែងស្រដីចេញមក នូវសេចក្ដីណាដែលមានពេញហូរហៀរនៅក្នុងដួងចិត្ដរបស់ខ្លួន»។ 46 «ហេតុអ្វីបានជាអ្នករាល់គ្នាហៅខ្ញុំថា "ព្រះអម្ចាស់!ព្រះអម្ចាស់!" តែមិនប្រព្រឹត្ដតាមពាក្យខ្ញុំដូច្នេះ?។ 47 អ្នកដែល ចូលមករកខ្ញុំ ស្ដាប់ពាក្យខ្ញុំ ហើយប្រព្រឹត្ដតាម ខ្ញុំសុំបង្ហាញប្រាប់អោយអ្នករាល់គ្នាដឹងថា គេប្រៀបបានទៅនឹងមនុស្សប្រភេទណា 48 អ្នកនោះប្រៀបបាននឹងមនុស្សម្នាក់ដែលសង់ផ្ទះ។ គាត់ជីកដីយ៉ាងជ្រៅ ហើយចាក់គ្រឹះលើផ្ទាំងថ្ម លុះទឹកជំនន់មកដល់ ទោះបីទឹកហូរមកប៉ះយ៉ាងណាក៏ដោយ ក៏មិនអាចធ្វើអោយផ្ទះនោះរង្គើបានដែរ ព្រោះគាត់បានសង់យ៉ាងមាំ។ 49 ចំណែកឯអ្នកដែលស្ដាប់ពាក្យខ្ញុំ តែមិនប្រព្រឹត្ដតាម ប្រៀបបាននឹងមនុស្សម្នាក់ដែលសង់ផ្ទះដោយពុំបានចាក់គ្រឹះ។ លុះទឹកហូរមកបោកផ្ទះនោះផ្ទះនោះក៏រលំខូចខាតភ្លាមគ្មានអ្វីសល់ឡើយ»។

លូកា 7

1 កាលព្រះយេស៊ូមានព្រះបន្ទូលអោយប្រជាជនស្ដាប់ចប់សព្វគ្រប់ហើយ ព្រះអង្គក៏យាងចូលទៅក្រុងកាពើណិម។ 2 នៅក្រុងនោះ មានអ្នកបំរើសំណព្វចិត្ដរបស់នាយទាហានររ៉ូម៉ាំងម្នាក់ មានជំងឺជាទម្ងន់ ជិតស្លាប់។ 3 ពេលនាយ ទាហាននោះឮគេនិយាយអំពីព្រះយេស៊ូ គាត់ក៏ចាត់ចាស់ទុំនៃជនជាតិយូដាខ្លះអោយទៅយាងព្រះអង្គ មកប្រោស អ្នកបំរើរបស់គាត់។ 4 ចាស់ទុំទាំងនោះទៅគាល់ព្រះយេស៊ូទទូចអង្វរព្រះអង្គថា៖ «នាយទាហាននោះជាមនុស្សម្នាក់ ដែលគួរតែលោកប្រោសប្រណីដល់គាត់ 5 ព្រោះគាត់ស្រឡាញ់ជាតិសាសន៍របស់យើង ថែមទាំងបានសង់សាលាប្រជុំ អោយយើងផង»។ 6 ព្រះយេស៊ូយាងទៅជាមួយចាស់ទុំទាំងនោះ។ លុះយាងជិតដល់ហើយនាយទាហានចាត់មិត្ដភក្ដិរបស់គាត់អោយមកទូលថា៖ «លោកម្ចាស់! មិនបាច់អញ្ជើញចូលផ្ទះខ្ញុំប្របាទទេ ដ្បិតខ្ញុំប្របាទ មានឋានៈទន់ទាបណាស់មិនសមនឹងទទួលលោកក្នុងផ្ទះខ្ញុំប្របាទឡើយ។ 7 ហេតុនេះហើយបានជាខ្ញុំប្របាទមិនហ៊ានមកជួបលោកផ្ទាល់។ សូមលោកមេត្ដាមានប្រសាសន៍តែមួយម៉ាត់ នោះអ្នកបំរើរបស់ខ្ញុំប្របាទនឹងជាសះស្បើយ មិនខាន។ 8 ខ្ញុំប្របាទជាអ្នកនៅក្រោមបញ្ជាគេ ហើយក៏មានកូនទាហានជាច្រើននៅក្រោមបញ្ជាខ្ញុំប្របាទដែរ។ បើខ្ញុំប្របាទបញ្ជាអ្នកណាម្នាក់អោយទៅ គេប្រាកដជាទៅ បើប្រាប់ម្នាក់ទៀតអោយមក គេនឹងមក។ ពេលខ្ញុំប្របាទប្រាប់អ្នកបំរើអោយធ្វើការអ្វីមួយគេនឹងធ្វើតាម»។ 9 កាលព្រះយេស៊ូទ្រង់ព្រះសណ្ដាប់ពាក្យទាំងនេះហើយ ព្រះអង្គស្ងើចសរសើរនាយទាហាននោះណាស់។ ព្រះអង្គងាកទៅរកបណ្ដាជនដែលដើរតាមព្រះអង្គ ហើយមានព្រះបន្ទូលថា៖«ខ្ញុំមិនដែលឃើញនរណាមានជំនឿបែបនេះឡើយ ទោះបីនៅស្រុកអ៊ីស្រាអែលក៏គ្មានផង»។ 10 មិត្ដភក្ដិដែល នាយទាហានចាត់អោយមក ក៏វិលត្រឡប់ទៅវិញ ឃើញអ្នកបំរើបានជាសះស្បើយ។ 11 ក្រោយមកទៀត ព្រះយេស៊ូយាងឆ្ពោះទៅភូមិមួយឈ្មោះណាអ៊ីន។ សិស្សរបស់ព្រះអង្គ និង បណ្ដាជនជាច្រើន ក៏ធ្វើដំណើរទៅជាមួយព្រះអង្គដែរ។ 12 ពេលព្រះអង្គយាងមកជិតដល់ទ្វារកំពែងក្រុង មានគេដង្ហែសពយកទៅបញ្ចុះ។ បុគ្គលដែលស្លាប់នោះ ជាកូនប្រុសតែមួយរបស់ស្ដ្រីមេម៉ាយម្នាក់។ អ្នកស្រុកជាច្រើនបានមកជួយដង្ហែសព ជាមួយគាត់។ 13 កាលព្រះអម្ចាស់ឃើញស្ដ្រីមេម៉ាយនោះ ព្រះអង្គមានព្រះហឫទ័យអាណិតអាសូរគាត់យ៉ាងខ្លាំង។ ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «សូមកុំយំអី!»។ 14 ព្រះអង្គយាងចូលទៅជិត ទ្រង់ពាល់មឈូស ពួកអ្នកសែង ក៏នាំគ្នាឈប់។ ព្រះអង្គមានព្រះបន្ទូលថា៖ «អ្នកកំឡោះអើយ! ចូរក្រោកឡើង»។ 15 រំពេចនោះ បុគ្គលដែលស្លាប់ ក៏ក្រោកអង្គុយ ហើយចាប់ផ្ដើមនិយាយស្ដី។ ព្រះយេស៊ូប្រគល់អ្នកកំឡោះទៅម្ដាយវិញ។ 16 គេស្ញែងខ្លាចទាំងអស់គ្នា ហើយលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ដោយពោល៖«មានព្យាការីដ៏ប្រសើរឧត្ដមមួយរូប បានមកនៅក្នុងចំណោមយើងហើយ ព្រះជាម្ចាស់យាងមករំដោះប្រជារាស្ដ្រ របស់ព្រះអង្គ»។ 17 ពាក្យដែលគេនិយាយអំពីព្រះយេស៊ូ បានលេចឮពាសពេញក្នុងស្រុកយូដា និង តំបន់ជិតខាងទាំងមូល។ 18 សិស្សរបស់លោកយ៉ូហាន បានរៀបរាប់ជូនលោកនូវហេតុការណ៍ទាំងអស់នោះ។ លោកយ៉ូហានក៏ហៅសិស្សពីរនាក់មក 19 រួចចាត់អោយទៅទូលសួរព្រះយេស៊ូជាអម្ចាស់ថា៖ «តើលោកជាព្រះគ្រិស្ដ ដែលត្រូវយាងមក ឬមួយយើងខ្ញុំត្រូវរង់ចាំម្នាក់ផ្សេងទៀត?»។ 20 អ្នកទាំងពីរទៅដល់ ទូលសួរព្រះយេស៊ូថា៖ «លោកយ៉ូហានបាទីស្ដចាត់អោយយើងខ្ញុំមកសួរលោកថា តើលោកជាព្រះគ្រិស្ដដែលត្រូវយាងមក ឬមួយក៏យើងខ្ញុំត្រូវរង់ចាំម្នាក់ ផ្សេងទៀត?»។ 21 នៅគ្រានោះព្រះយេស៊ូកំពុងប្រោសអ្នកជំងឺមនុស្សពិការ និង មនុស្សដែលមានវិញ្ញាណអាក្រក់ នៅក្នុងខ្លួនអោយបានជា។ ព្រះអង្គក៏បានប្រោសមនុស្សខ្វាក់ជាច្រើនអោយមើលឃើញដែរ។ 22 ព្រះអង្គមានព្រះបន្ទូលទៅសិស្សទាំងពីរនាក់នោះថា៖ «ចូរអ្នកទៅជំរាបលោកយ៉ូហាន នូវហេតុការណ៍ដែលអ្នករាល់គ្នាបានឃើញ និង បានឮ គឺមនុស្សខ្វាក់មើលឃើញ មនុស្សខ្វិនដើរបាន មនុស្សឃ្លង់ជាស្អាតបរិសុទ្ធ មនុស្សថ្លង់ស្ដាប់ឮ មនុស្សស្លាប់បានរស់ឡើងវិញ ហើយគេនាំដំណឹងល្អ ទៅប្រាប់ជនក្រីក្រ។ 23 អ្នកណាមិនរវាតចិត្ដចេញពីជំនឿព្រោះតែខ្ញុំ អ្នកនោះពិតជាមានសុភមង្គលហើយ!»។ 24 ពេលសិស្សរបស់លោកយ៉ូហានត្រឡប់ទៅវិញ ព្រះយេស៊ូមានព្រះបន្ទូលទៅមហាជនអំពីលោកយ៉ូហានថា៖«តើអ្នករាល់គ្នាទៅវាលរហោស្ថានរកមើលអ្វី? មើលដើមត្រែងដែលត្រូវខ្យល់បក់នោះឬ? 25 តើអ្នករាល់គ្នាទៅរកមើលអ្វី? មើលមនុស្សស្លៀកពាក់ល្អរុងរឿងឬ? តាមធម្មតា អស់អ្នកដែលស្លៀកពាក់ល្អរុងរឿង ហើយមានជីវភាពខ្ពង់ខ្ពស់ គេរស់នៅក្នុងវាំងឯណោះ។ 26 បើដូច្នេះ តើអ្នករាល់គ្នាទៅរកមើលអ្វី? រកមើលព្យាការី ម្នាក់ឬ?។ ត្រូវហើយ! ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងថា លោកនោះប្រសើរជាងព្យាការីទៅទៀត 27 ដ្បិតក្នុងគម្ពីរមានចែងអំពីលោកយ៉ូហានថា "យើងចាត់ទូតយើងអោយទៅមុនព្រះអង្គ ដើម្បីរៀបចំផ្លូវរបស់ព្រះអង្គ"។ 28 ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងថា បណ្ដាមនុស្សដែលកើតមកក្នុងលោកនេះ ពុំមាននរណាម្នាក់ប្រសើរជាងលោកយ៉ូហានឡើយ។ ប៉ុន្ដែ អ្នកណាតូចជាងគេនៅក្នុងព្រះរាជ្យរបស់ព្រះជាម្ចាស់ អ្នកនោះប្រសើរលើសលោកយ៉ូហានទៅទៀត។ 29 ប្រជាជនទាំងមូល និង អ្នកទារពន្ធ បានស្ដាប់លោកយ៉ូហាន ទទួលស្គាល់ថា ព្រះជាម្ចាស់ពិតជាមានព្រះហឫទ័យសុចរិតមែន ហើយនាំគ្នាទទួលពិធីជ្រមុជទឹក ពីលោក។ 30 រីឯពួកខាងគណៈផារីស៊ី និង ពួកបណ្ឌិតខាងវិន័យ មិនទទួលស្គាល់គំរោងការដែលព្រះជាម្ចាស់បានរៀបចំសំរាប់គេនោះទេ គឺគេបដិសេធមិនព្រមទទួលពិធីជ្រមុជទឹកពីលោកយ៉ូហាន។ 31 តើខ្ញុំប្រដូចមនុស្សជំនាន់នេះ ទៅនឹងមនុស្សប្រភេទណា? តើគេដូចនរណា? 32 គឺគេប្រៀបបីដូចជាកូនក្មេងដែលអង្គុយលេងនៅផ្សារ ហើយស្រែកដាក់គ្នាទៅវិញទៅមកថា "យើងបានផ្លុំខ្លុយ តែពួកឯងមិនព្រមរំា យើងបានស្មូតបទទំនួញ តែពួកឯងក៏ពុំព្រមយំដែរ"។ 33 យ៉ាងណាមិញ លោកយ៉ូហានបាទីស្ដបានមក លោកតមអាហារ លោកតមសុរាតែអ្នករាល់គ្នាថា លោកមានអារក្សចូល 34 រីឯបុត្រមនុស្ស ក៏បានមកដែរ លោកបរិភោគអាហារ និង ពិសាសុរា តែអ្នករាល់គ្នាថា "មើលចុះអ្នកនេះគិតតែពីស៊ីផឹក ហើយសេពគប់ជាមួយពួកទារពន្ធ និង មនុស្សបាប"។ 35 ប៉ុន្ដែ អស់អ្នកដែលមានប្រាជ្ញាទទួលស្គាល់ថា ព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ពិតជាល្អត្រឹមត្រូវមែន»។ 36 មានបុរសម្នាក់ខាងគណៈផារីស៊ី បានយាងព្រះយេស៊ូទៅសោយព្រះស្ងោយ ព្រះអង្គក៏យាងទៅផ្ទះបុរសនោះ ហើយគង់រួមតុជាមួយគាត់។ 37 នៅក្រុងនោះ មានស្ដ្រីម្នាក់មានកេរ្ដិ៍ឈ្មោះមិនល្អ។ ពេលឮថាព្រះយេស៊ូគង់នៅក្នុងផ្ទះអ្នកខាងគណៈផារីស៊ី នោះនាងយកដបថ្មកែវដាក់ប្រេងក្រអូបចូលមក។ 38 នាងនៅពីក្រោយព្រះយេស៊ូក្រាបទៀបព្រះបាទាព្រះអង្គនាងយំ សំរក់ទឹកភ្នែកជោកព្រះបាទាព្រះយេស៊ូ ហើយយកសក់មកជូត។ បន្ទាប់មក នាងថើប រួចយកប្រេងក្រអូបមកចាក់ពីលើផង។ 39 ពេលបុរសម្ចាស់ផ្ទះឃើញដូច្នោះ គាត់រិះគិតក្នុងចិត្ដថា៖ «បើលោកនេះពិតជាព្យាការី មែន ច្បាស់ជាលោកជ្រាបថា ស្ដ្រីដែលពាល់លោកនេះ ជាស្ដ្រីប្រភេទណាពុំខានគឺនាងជាមនុស្សបាប»។ 40 ព្រះយេស៊ូមានព្រះបន្ទូលទៅបុរសខាងគណៈផារីស៊ីនោះថា៖«លោកស៊ីម៉ូនខ្ញុំចង់ និយាយរឿងមួយ ជាមួយលោក»។ លោកស៊ីម៉ូនទូលតបទៅព្រះអង្គថា៖ «សូមលោកគ្រូមានប្រសាសន៍មកចុះ»។ 41 ព្រះយេស៊ូមានព្រះបន្ទូលថា៖ «មានមនុស្សពីរនាក់ជំពាក់ប្រាក់គេ ម្នាក់ជំពាក់ប្រាំរយ ម្នាក់ទៀតហាសិប។ 42 ដោយអ្នកទាំងពីរគ្មានប្រាក់សង ម្ចាស់ប្រាក់ក៏លុបបំណុលចោល ឈប់ទារពីអ្នកទាំងពីរនោះទៅ។ ក្នុងចំណោមអ្នក ទាំងពីរ តើអ្នកណាស្រឡាញ់ម្ចាស់បំណុលជាង?»។ 43 លោកស៊ីម៉ូនទូលឆ្លើយថា៖ «តាមយោបល់ខ្ញុំ គឺអ្នកដែល ជំពាក់ប្រាក់ច្រើនជាង»។ ព្រះយេស៊ូមានព្រះបន្ទូលទៅលោកស៊ីម៉ូនថា៖ «លោកមានយោបល់ត្រឹមត្រូវមែន»។ 44 បន្ទាប់មក ព្រះអង្គបែរទៅរកស្ដ្រីនោះ រួចមានព្រះបន្ទូលទៅលោកស៊ីម៉ូនថា៖ «សូមមើលស្ដ្រីនេះចុះ! ខ្ញុំបានចូលមក ក្នុងផ្ទះលោកតែលោកពុំបានយកទឹកមកលាងជើងខ្ញុំទេ រីឯនាង នាងបានសំរក់ទឹកភ្នែកជោកជើងខ្ញុំ ព្រមទាំងយកសក់ នាងមកជូតទៀតផង។ 45 លោកមិនបានថើបខ្ញុំទេ រីឯនាងវិញ តាំងពីខ្ញុំចូលមក នាងចេះតែថើបជើងខ្ញុំ ឥតឈប់ឈរសោះឡើយ។ 46 លោកមិនបានយកប្រេងមកលាបក្បាលខ្ញុំទេ រីឯនាងវិញ នាងបានចាក់ប្រេងក្រអូបលាបជើងខ្ញុំ។ 47 ហេតុនេះហើយ ខ្ញុំសុំប្រាប់អោយលោកដឹងថា នាងសំដែងសេចក្ដីស្រឡាញ់ជាខ្លាំងយ៉ាងនេះព្រោះព្រះជាម្ចាស់បានប្រោសអោយនាងរួចពីបាបជាច្រើន។ រីឯអ្នកដែលព្រះជាម្ចាស់លើកលែងទោសអោយតិចក៏សំដែងសេចក្ដីស្រឡាញ់តិចដែរ»។ 48 ព្រះយេស៊ូមានព្រះបន្ទូលទៅស្ដ្រីនោះថា៖ «ខ្ញុំអត់ទោសអោយនាងបានរួចពីបាបហើយ»។ 49 អស់អ្នកដែលអង្គុយរួមតុជាមួយរិះគិតក្នុងចិត្ដរៀងៗខ្លួនថា៖«តើលោកនេះមានឋានៈអ្វី បានជាហ៊ានអត់ទោសអោយមនុស្សរួចពីបាបដូច្នេះ?»។ 50 ព្រះយេស៊ូមានព្រះបន្ទូលទៅនាងទៀតថា៖«ជំនឿរបស់នាងបានសង្គ្រោះនាងហើយសូមអញ្ជើញទៅវិញដោយសុខសាន្ដចុះ»។

លូកា 8

1 បន្ទាប់មកទៀត ព្រះយេស៊ូយាងទៅតាមក្រុងតាមភូមិនានា ទាំងប្រកាស និង ផ្សព្វផ្សាយដំណឹងល្អ អំពីព្រះរាជ្យ របស់ព្រះជាម្ចាស់។ សាវ័ក ទាំងដប់ពីររូបទៅជាមួយព្រះអង្គ 2 ហើយមានស្ដ្រីខ្លះទៀតដែលព្រះអង្គបានប្រោសអោយជាពីជំងឺ និង បណ្ដេញវិញ្ញាណអាក្រក់ចេញ ក៏តាមទៅជាមួយដែរគឺមាននាងម៉ារីជាអ្នកស្រុកម៉ាដាឡា ដែលព្រះអង្គបានដេញអារក្សប្រាំពីរចេញពីនាង 3 នាងយ៉ូអាន់ ភរិយារបស់ឃូសា ជាមហាតលិករបស់ព្រះបាទហេរ៉ូដ នាងស៊ូសាន ព្រមទាំងស្ដ្រីឯទៀតៗជាច្រើនដែលបានចំណាយធនធានរបស់ខ្លួន ដើម្បីទំនុកបំរុងព្រះយេស៊ូ និង សិស្ស របស់ព្រះអង្គ។ 4 មានបណ្ដាជនច្រើនកុះករចេញពីទីក្រុងនានា មករកព្រះយេស៊ូ ព្រះអង្គមានព្រះបន្ទូលជាប្រស្នាដូចតទៅ៖ 5 «មានបុរសម្នាក់ចេញទៅព្រោះគ្រាប់ពូជ។ ពេលគាត់ព្រោះ មានគ្រាប់ពូជខ្លះធ្លាក់ទៅលើផ្លូវត្រូវគេដើរជាន់ ហើយសត្វមកចឹកស៊ីអស់ទៅ។ 6 មានគ្រាប់ពូជខ្លះទៀត ធ្លាក់ទៅលើដីមានថ្ម កាលពន្លកដុះឡើង ក៏ក្រៀមស្វិត ទៅវិញ ព្រោះខ្វះទឹក។ 7 មានគ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើដីមានបន្លា។ បន្លាដុះឡើងជាមួយគ្រាប់ពូជ ហើយរួបរឹតពូជនោះមិនអោយដុះឡើងបាន។ 8 មានគ្រាប់ពូជខ្លះទៀត ធ្លាក់ទៅលើដីមានជីជាតិល្អគ្រាប់ពូជដុះឡើងអោយផលមួយជាមួយរយ»។ ព្រះយេស៊ូបន្លឺព្រះសូរសៀងថែមទៀតថា៖ «អស់អ្នកដែលឮពាក្យនេះ សូមយកទៅពិចារណាចុះ!»។ 9 សិស្ស របស់ព្រះយេស៊ូ ទូលសួរព្រះអង្គថា៖ «តើពាក្យប្រស្នានោះ មានន័យដូចម្ដេច?»។ 10 ព្រះអង្គមានព្រះបន្ទូលតបថា៖ «ព្រះជាម្ចាស់បានប្រោសប្រទានអោយអ្នករាល់គ្នាយល់គំរោងការដ៏លាក់កំបាំងនៃព្រះរាជ្យ របស់ព្រះអង្គ។ ចំពោះអ្នកដទៃ ព្រះអង្គប្រើជាពាក្យប្រស្នាវិញ។ ដូច្នេះ ទោះបីគេមើល ក៏ពុំឃើញទោះបីគេស្ដាប់ ក៏ពុំយល់ដែរ។ 11 រីឯប្រស្នានោះមានន័យដូចតទៅៈ គ្រាប់ពូជជាព្រះបន្ទូលរបស់ព្រះជាម្ចាស់។ 12 មនុស្សខ្លះ ប្រៀបបីដូចជាផ្លូវ ដែលគ្រាប់ពូជធ្លាក់ គេបានស្ដាប់ព្រះបន្ទូល តែមារសាតាំង មកឆក់យកពីចិត្ដគេ ដើម្បីកុំអោយគេជឿ និង កុំអោយគេរួចជីវិត។ 13 មនុស្សខ្លះទៀតប្រៀបបីដូចជាដីមានថ្មកាលបានស្ដាប់ព្រះបន្ទូលហើយ គេទទួលយកដោយអំណរ។ ប៉ុន្ដែ គេជឿតែមួយភ្លែត ពុំទុកអោយព្រះបន្ទូលចាក់ឫសឡើយ គេបោះបង់ចោលជំនឿ នៅពេលណាមានការល្បួង។ 14 គ្រាប់ពូជដែលធ្លាក់ទៅលើដីមានបន្លា ប្រៀបបីដូចជាអស់អ្នកដែលបានស្ដាប់ព្រះបន្ទូលតែចិត្ដខ្វល់ខ្វាយ ចិត្ដលោភលន់ចង់បានទ្រព្យសម្បត្ដិ និង ចិត្ដស្រើបស្រាល មករួបរឹតផលផ្លែមិនអោយទុំបានឡើយ។ 15 រីឯគ្រាប់ពូជធ្លាក់ទៅលើដីមានជីជាតិល្អ ប្រៀបបីដូចជាអស់អ្នកដែលស្ដាប់ព្រះបន្ទូល ហើយចងចាំទុកយ៉ាងស្មោះអស់ពីចិត្ដ រហូតដល់បានបង្កើតផលផ្លែជាច្រើន ដោយចិត្ដស៊ូទ្រាំ»។ 16 «ពុំដែលមាននរណាអុជចង្កៀង ហើយយកធុងមកគ្របពីលើ ឬ យកទៅដាក់ក្រោមគ្រែឡើយ។ គេតែងយក ចង្កៀងទៅដាក់លើជើងចង្កៀង ដើម្បីបំភ្លឺអស់អ្នកដែលចូលក្នុងផ្ទះ។ 17 គ្រប់ការលាក់កំបាំង នឹងត្រូវបើកអោយ គេដឹងហើយគ្រប់អាថ៌កំបាំង ក៏នឹងលេចមកអោយមនុស្សគ្រប់គ្នាស្គាល់ច្បាស់ដែរ។ 18 ដូច្នេះ ចូរប្រុងប្រយ័ត្នអំពី របៀបដែលអ្នករាល់គ្នាស្ដាប់ ព្រោះអ្នកណាមានហើយ ព្រះជាម្ចាស់នឹងប្រទានអោយថែមទៀតតែអ្នកណាដែលគ្មាន ព្រះអង្គនឹងហូតយកនូវអ្វីៗដែលខ្លួនស្មានថាមាននោះផង»។ 19 មាតា និង បងប្អូនរបស់ព្រះយេស៊ូនាំគ្នាមករកព្រះអង្គ ប៉ុន្ដែ មិនអាចចូលទៅជិតព្រះអង្គបានឡើយ ព្រោះមាន មនុស្សច្រើនពេក។ 20 មានគេទូលព្រះអង្គថា៖ «ម្ដាយលោក និង បងប្អូនលោកនៅខាងក្រៅ ចង់ជួបលោក»។ 21 ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «អស់អ្នកដែលស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយប្រតិបត្ដិតាម គឺអ្នកនោះ ហើយជាម្ដាយ និង ជាបងប្អូនរបស់ខ្ញុំ»។ 22 ថ្ងៃមួយ ព្រះយេស៊ូយាងចុះទូកជាមួយសិស្សព្រះអង្គមានព្រះបន្ទូលថា៖ «យើងនាំគ្នាឆ្លងទៅត្រើយម្ខាង»។ ពួកសិស្សក៏ចេញទូកទៅជាមួយព្រះអង្គ។ 23 ពេលឆ្លងទៅនោះ ព្រះយេស៊ូផ្ទំលក់ ស្រាប់តែមានខ្យល់ព្យុះបក់បោកយ៉ាងខ្លាំង មកលើបឹង បណ្ដាលអោយទឹកជះចូលពេញទូក ហើយទាំងអស់គ្នាស្ថិតក្នុងភាពអាសន្ន។ 24 ពួកសិស្សចូលទៅជិតព្រះយេស៊ូ ដាស់ព្រះអង្គថា៖ «ព្រះគ្រូ! ព្រះគ្រូ! យើងស្លាប់ឥឡូវហើយ»។ ព្រះយេស៊ូតើនឡើង មានព្រះបន្ទូលគំរាមខ្យល់ព្យុះ និង រលកយ៉ាងម៉ឺងម៉ាត់។ ខ្យល់ព្យុះ និង រលកក៏ស្ងប់ ហើយផ្ទៃទឹកក៏រាបស្មើដូចធម្មតាវិញ។ 25 ព្រះយេស៊ូមានព្រះបន្ទូលទៅពួកសិស្សថា៖ «ជំនឿរបស់អ្នករាល់គ្នានៅឯណា?»។ ពួកសិស្សភ័យស្ញប់ស្ញែង ព្រមទាំងស្ងើចសរសើរផង គេនិយាយគ្នាទៅវិញទៅមកថា៖ «តើលោកនេះមានឋានៈអ្វី បានជាបញ្ជាទៅខ្យល់ និង ទឹក ហើយខ្យល់ និង ទឹកស្ដាប់តាមបង្គាប់លោកដូច្នេះ?»។ 26 ព្រះយេស៊ូ និង សិស្ស បានមកដល់ក្រុងគេរ៉ាស៊ីននៅត្រើយម្ខាង ទល់មុខស្រុកកាលីឡេ។ 27 កាលព្រះអង្គយាងឡើងគោក មានបុរសម្នាក់ចេញពីក្រុងមករកព្រះអង្គ។ គាត់មានអារក្សចូល ហើយមិនស្លៀកពាក់ មិនរស់នៅក្នុងផ្ទះតាំងពីយូរមកហើយ គឺគាត់ស្នាក់នៅតែតាមទីបញ្ចុះសព។ 28 ពេលគាត់ឃើញព្រះយេស៊ូ គាត់ក្រាបទៀបព្រះបាទាព្រះអង្គ ហើយស្រែកយ៉ាងខ្លាំងថា៖ «ឱព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតអើយ! តើព្រះអង្គចង់ធ្វើអ្វីទូលបង្គំ? សូមមេត្ដាកុំធ្វើទុក្ខទោសទូលបង្គំអី»។ 29 វិញ្ញាណអាក្រក់ទូលអង្វរដូច្នេះ ព្រោះព្រះយេស៊ូបានបញ្ជាវាអោយចេញពីបុរសនោះ វាចូលគាត់ច្រើនលើកច្រើនសាមកហើយ។ គេបានយកច្រវាក់ ចងដៃចងជើងគាត់ និង ដាក់ខ្នោះទុកមួយកន្លែង តែគាត់កាច់ច្រវាក់បាន ហើយអារក្សនាំគាត់ទៅទីស្មសាន។ 30 ព្រះយេស៊ូមានព្រះបន្ទូលសួរថា៖ «ឯងឈ្មោះអី?»។ វាឆ្លើយថា៖ «ទូលបង្គំឈ្មោះកងទ័ព»។ វាឆ្លើយដូច្នេះ ព្រោះមានអារក្សជាច្រើនចូលក្នុងបុរសនោះ។ 31 អារក្សទាំងនោះបានទទូចអង្វរព្រះយេស៊ូ សូមកុំអោយព្រះអង្គបញ្ជូនពួកវាទៅនរកអវិចីឡើយ។ 32 នៅក្បែរនោះមានជ្រូកមួយហ្វូងធំកំពុងរកស៊ីតាមចង្កេះភ្នំ។ ពួកអារក្សបានអង្វរព្រះអង្គ សូមអនុញ្ញាតអោយវាចូលក្នុងជ្រូកទាំងនោះ ព្រះយេស៊ូក៏អនុញ្ញាតអោយ។ 33 អារក្សចេញពីបុរសនោះចូលទៅក្នុងជ្រូក ហ្វូងជ្រូកបោលចុះតាមជំរាលភ្នំ តំរង់ទៅបឹង លង់ទឹកងាប់អស់ទៅ។ 34 ពេលអ្នកថែរក្សា ហ្វូងជ្រូកឃើញហេតុការណ៍កើតឡើងដូច្នេះ ក៏រត់យករឿងនេះទៅប្រាប់អ្នកនៅទីក្រុង និង អ្នកនៅស្រុកស្រែ។ 35 មនុស្សម្នានាំគ្នាចេញទៅមើលហេតុការណ៍នោះ។ គេចូលមករកព្រះយេស៊ូឃើញបុរសដែលអារក្សចូលពីមុន អង្គុយនៅទៀបព្រះបាទាព្រះអង្គ គាត់ស្លៀកពាក់ដឹងស្មារតីដូចធម្មតា គេក៏ស្ញែងខ្លាចព្រះអង្គ។ 36 អស់អ្នកដែល បានឃើញផ្ទាល់នឹងភ្នែក នាំគ្នារៀបរាប់អំពីរបៀបដែលព្រះយេស៊ូប្រោសបុរសអារក្សចូលនោះអោយបានជា។ 37 អ្នកស្រុកនៅតំបន់គេរ៉ាស៊ីនទាំងអស់អង្វរព្រះយេស៊ូអោយចាកចេញពីស្រុកភូមិរបស់គេ ដ្បិតគេភ័យខ្លាចខ្លាំងណាស់។ ព្រះយេស៊ូក៏យាងចុះទូកត្រឡប់ទៅវិញ។ 38 បុរសដែលអារក្សចូលពីមុននោះ បានអង្វរសុំនៅជាមួយព្រះអង្គដែរ ប៉ុន្ដែ ព្រះយេស៊ូមិនយល់ព្រមទេ។ ព្រះអង្គមានព្រះបន្ទូលថា៖ 39 «ចូរអ្នកត្រឡប់ទៅផ្ទះវិញចុះ ហើយរៀបរាប់ហេតុការណ៍ទាំងប៉ុន្មាន ដែលព្រះជាម្ចាស់បានប្រោសដល់អ្នក»។ បុរសនោះចេញទៅ ប្រកាសប្រាប់អោយអ្នកក្រុងដឹងអំពីការទាំងអស់ ដែលព្រះយេស៊ូបានប្រោសដល់គាត់។ 40 ពេលព្រះយេស៊ូយាងត្រឡប់មកពីត្រើយម្ខាងវិញបណ្ដាជននាំគ្នាមកទទួលព្រះអង្គ ព្រោះគេចាំមើលផ្លូវព្រះអង្គ គ្រប់ៗគ្នា។ 41 មានអ្នកទទួលខុសត្រូវលើសាលាប្រជុំ ម្នាក់ ឈ្មោះយ៉ៃរូសចូលមកជិតព្រះយេស៊ូក្រាបទៀបព្រះបាទាព្រះអង្គ អង្វរសូមព្រះអង្គយាងទៅផ្ទះគាត់ 42 ដ្បិតគាត់មានកូនស្រីតែមួយ អាយុប្រហែលដប់ពីរឆ្នាំ កំពុងឈឺ ជិតស្លាប់។ កាលព្រះយេស៊ូយាងទៅ នៅតាមផ្លូវ មានមហាជនប្រជ្រៀតគ្នាជុំវិញព្រះអង្គ។ 43 ពេលនោះ មានស្ដ្រីម្នាក់ កើតជំងឺធ្លាក់ឈាមដប់ពីរឆ្នាំមកហើយ នាងបានចំណាយទ្រព្យសម្បត្ដិដែលនាងមានទាំងប៉ុន្មាន ដើម្បីអោយគ្រូពេទ្យព្យាបាល តែគ្មានគ្រូពេទ្យណាអាចមើលនាងជាបានឡើយ។ 44 នាងមកពីក្រោយព្រះយេស៊ូ ហើយពាល់ជាយព្រះពស្ដ្រព្រះអង្គ ស្រាប់តែឈាមឈប់ធ្លាក់មួយរំពេច។ 45 ព្រះយេស៊ូមានព្រះបន្ទូលសួរថា៖ «នរណាពាល់ខ្ញុំ?»។ គេប្រកែកគ្រប់គ្នាថា គេមិនបានពាល់ព្រះអង្គទេ។ លោកពេត្រុសទូលថា៖ «ព្រះគ្រូអើយ បណ្ដាជនប្រជ្រៀតគ្នានៅជុំវិញព្រះគ្រូ ហើយគេប៉ះព្រះគ្រូទាំងអស់គ្នា»។ 46 ប៉ុន្ដែ ព្រះយេស៊ូមានព្រះបន្ទូលថា៖«មានម្នាក់ពិតជាបានពាល់ខ្ញុំ ព្រោះខ្ញុំដឹងថាមានឫទ្ធានុភាពមួយចេញពីខ្លួនខ្ញុំទៅ»។ 47 ស្ដ្រីនោះមកក្រាបទៀប ព្រះបាទាព្រះយេស៊ូ ទាំងញ័ររន្ធត់ ព្រោះដឹងថាខ្លួនលាក់រឿងនេះមិនជិត។ នាងទូលព្រះអង្គនៅចំពោះមុខប្រជាជនទាំងមូល អំពីហេតុដែលនាំអោយនាងពាល់ព្រះអង្គ ហើយនាងបានជាពីជំងឺភ្លាម។ 48 ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖«កូនស្រីអើយ! ជំនឿរបស់នាងបានសង្គ្រោះនាងហើយ សូមអញ្ជើញទៅដោយសុខសាន្ដចុះ»។ 49 កាលព្រះយេស៊ូ កំពុងតែមានព្រះបន្ទូលនៅឡើយ មានបុរសម្នាក់មកពីផ្ទះលោកយ៉ៃរូស ជំរាបគាត់ថា៖ «កូនស្រីលោកផុតដង្ហើមទៅហើយ សូមកុំរំខានលោកគ្រូធ្វើអ្វីទៀត!»។ 50 ព្រះយេស៊ូឮពាក្យបុរសនោះព្រះអង្គមានព្រះបន្ទូលទៅលោកៃយ៉រូសថា៖ «កុំខ្លាចអី អោយតែលោកជឿ កូនលោកនឹងបានរួចជីវិតពុំខាន»។ 51 លុះព្រះអង្គយាងទៅដល់ផ្ទះហើយ ព្រះអង្គមិនអនុញ្ញាតអោយអ្នកណាចូលជាមួយឡើយ លើកលែងតែលោកពេត្រុស លោកយ៉ូហាន លោកយ៉ាកុប និង ឪពុកម្ដាយក្មេងស្រីនោះប៉ុណ្ណោះ។ 52 អ្នកដែលនៅទីនោះយំសោក អាណិតក្មេងនោះគ្រប់ៗគ្នា តែព្រះយេស៊ូមានព្រះបន្ទូលថា៖ «កុំយំអី នាងមិនស្លាប់ទេ នាងគ្រាន់តែដេកលក់ទេតើ!»។ 53 គេចំអកដាក់ព្រះអង្គ ដ្បិតគេដឹងច្បាស់ថានាងបានស្លាប់ពិតមែន។ 54 ព្រះយេស៊ូចាប់ដៃក្មេងស្រីនោះ ហើយបន្លឺព្រះសូរសៀងយ៉ាងខ្លាំងថា៖«នាងអើយ! ក្រោកឡើង»។ 55 រំពេចនោះ ព្រលឹងនាងក៏ត្រឡប់មកវិញ ហើយនាងក្រោកឡើងភ្លាម។ ព្រះយេស៊ូសុំអោយគេយកចំណីអាហារមកអោយនាងបរិភោគ។ 56 ឪពុកម្ដាយរបស់នាងងឿងឆ្ងល់ក្រៃលែង តែព្រះយេស៊ូហាមគេមិនអោយប្រាប់នរណាដឹងរឿងនេះឡើយ។

លូកា 9

1 ព្រះយេស៊ូត្រាស់ហៅសិស្ស ទាំងដប់ ពីររូបមកជួបជុំគ្នា ហើយទ្រង់ប្រទានឫទ្ធានុភាពប្រទានអំណាចអោយគេ បណ្ដេញអារក្សទាំងអស់ និង មើលជំងឺផ្សេងៗអោយបានជា។ 2 ព្រះអង្គចាត់គេអោយចេញទៅប្រកាស អំពីព្រះរាជ្យ របស់ព្រះជាម្ចាស់ ព្រមទាំងមើលអ្នកជំងឺអោយបានជាផង។ 3 ទ្រង់មានព្រះបន្ទូលទៅគេថា៖«ពេលអ្នករាល់គ្នាចេញដំណើរទៅ កុំយកអ្វីទៅជាមួយឡើយ ទោះបីដំបងក្ដី ថង់យាមក្ដី ចំណីអាហារ ឬ ប្រាក់កាសក្ដី ហើយក៏មិនត្រូវយកអាវពីរបន្លាស់ទៅដែរ។ 4 បើអ្នករាល់គ្នាចូលផ្ទះណា ចូរស្នាក់នៅផ្ទះនោះ រហូតដល់ពេលអ្នករាល់គ្នាចេញពីស្រុកនោះទៅ។ 5 បើភូមិណាគេមិនព្រមទទួលអ្នករាល់គ្នា ចូរចេញពីភូមិនោះទៅ ទាំងរលាស់ធូលី ដីចេញពីជើងអ្នករាល់គ្នាផង ទុកជាសញ្ញាព្រមានគេ »។ 6 ពួកសិស្ស នាំគ្នាចេញទៅ ធ្វើដំណើរពីភូមិមួយទៅ ភូមិមួយទាំងផ្សព្វផ្សាយដំណឹងល្អ និង មើលអ្នកជំងឺគ្រប់កន្លែងអោយបានជាផង។ 7 កាលព្រះបាទហេរ៉ូដ ជាស្ដេចអនុរាជ ជ្រាបហេតុការណ៍ទាំងនោះហើយ ទ្រង់មិនដឹងជាត្រូវគិតយ៉ាងណាដ្បិតមានអ្នកខ្លះនិយាយថា"លោកយ៉ូហានបាទីស្ដបានរស់ឡើងវិញហើយ"។ 8 អ្នកខ្លះទៀតនិយាយថា"ព្យាការី អេលីយ៉ាបានបង្ហាញខ្លួនអោយគេឃើញ" ហើយអ្នកខ្លះទៀតនិយាយថា "មានព្យាការីមួយរូបពីសម័យបុរាណ បានរស់ឡើងវិញ"។ 9 រីឯព្រះបាទហេរ៉ូដមានរាជឱង្ការថា៖ «យើងបានអោយគេកាត់ក យ៉ូហានស្លាប់បាត់ទៅហើយ ចុះបុរសដែលគេនិយាយថាបានធ្វើការអស្ចារ្យទាំងនោះ ជានរណា?»។ ព្រះបាទហេរ៉ូដមានបំណងចង់ជួបព្រះយេស៊ូ។ 10 សាវ័ក នាំគ្នាវិលត្រឡប់មកវិញ រៀបរាប់ទូលព្រះយេស៊ូ នូវគ្រប់កិច្ចការទាំងអស់ដែលគេបានធ្វើ។ ព្រះអង្គនាំគេចេញដាច់ឡែកពីមហាជន តំរង់ទៅភូមិមួយឈ្មោះបេតសៃដា 11 តែមហាជនដឹង ក៏នាំគ្នាទៅតាមព្រះអង្គ។ ព្រះយេស៊ូទទួលពួកគេ ហើយមានព្រះបន្ទូលអំពីព្រះរាជ្យ របស់ព្រះជាម្ចាស់អោយគេស្ដាប់ព្រមទាំងប្រោសអ្នកជំងឺអោយបានជាផង។ 12 ដល់ថ្ងៃជិតលិច សិស្សទាំងដប់ពីររូបចូលទៅទូលព្រះអង្គថា៖ «សូមព្រះអង្គប្រាប់អោយបណ្ដាជនចេញ ទៅរកម្ហូបអាហារ រកកន្លែងស្នាក់ តាមផ្ទះ តាមភូមិជិតៗនេះទៅ ព្រោះទីនេះស្ងាត់ណាស់»។ 13 ព្រះយេស៊ូមានព្រះបន្ទូលតបវិញថា៖ «ចូរអ្នករាល់គ្នាយកម្ហូបអាហារអោយគេបរិភោគទៅ»។ ពួកសិស្សទូលព្រះអង្គថា៖ «យើងខ្ញុំមាននំបុ័ងតែប្រាំដុំ និង ត្រីងៀតពីរកន្ទុយប៉ុណ្ណោះ ធ្វើម្ដេចនឹងគ្រាន់ មានតែទៅទិញអាហារសំរាប់ប្រជាជនទាំងនេះ!»។ 14 នៅទីនោះ មានមនុស្សប្រុសប្រមាណប្រាំពាន់នាក់។ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់សិស្សថា៖ «ចូរអ្នករាល់គ្នាប្រាប់គេអោយអង្គុយចុះជាក្រុមៗ ក្នុងមួយក្រុមហាសិបនាក់»។ 15 ពួកសិស្សក៏ធ្វើតាម គឺប្រាប់គេអោយអង្គុយចុះទាំងអស់គ្នា។ 16 ព្រះយេស៊ូយកនំបុ័ងទាំងប្រាំដុំ និង ត្រីពីរកន្ទុយនោះមកកាន់ ទ្រង់ងើបព្រះភ័ក្ដ្រឡើងលើសរសើរតម្កើងព្រះជាម្ចាស់ ហើយកាច់ប្រទានអោយសិស្ស ដើម្បីអោយគេចែកបណ្ដាជនបរិភោគ។ 17 គេបានបរិភោគឆ្អែតគ្រប់ៗគ្នា រួចប្រមូលនំបុ័ងដែលនៅសល់បានពេញដប់ពីរល្អី។ 18 ថ្ងៃមួយ ពេលព្រះយេស៊ូនៅអធិស្ឋាន ដាច់ឡែកពីបណ្ដាជនពួកសិស្ស ក៏នៅជាមួយព្រះអង្គដែរ។ ព្រះអង្គមាន ព្រះបន្ទូលសួរគេថា៖«តើមហាជនទាំងឡាយថាខ្ញុំជានរណា?»។ 19 ពួកសិស្សទូលឆ្លើយថា៖«អ្នកខ្លះថាលោកគ្រូជាលោកយ៉ូហានបាទីស្ដ អ្នកខ្លះថា លោកជាព្យាការីអេលីយ៉ា ហើយអ្នកខ្លះទៀតថា លោកជាព្យាការីមួយរូបពីសម័យ បុរាណដែលរស់ឡើងវិញ»។ 20 ព្រះយេស៊ូសួរទៀតថា៖ «ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាថាខ្ញុំជានរណាដែរ?»។ លោកពេត្រុសទូលព្រះអង្គថា៖ «លោកជាព្រះគ្រិស្ដ ដែលព្រះជាម្ចាស់ចាត់អោយមក»។ 21 ព្រះយេស៊ូក៏ហាមប្រាមគេ មិនអោយនិយាយប្រាប់អ្នកណាជាដាច់ខាត។ 22 ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «បុត្រមនុស្ស ត្រូវរងទុក្ខវេទនាយ៉ាងខ្លាំង។ ពួកព្រឹទ្ធាចារ្យ ពួកនាយកបូជាចារ្យ ពួកអាចារ្យ នឹងបោះបង់លោកចោល ថែមទាំងសម្លាប់លោកទៀតផង។ ប៉ុន្ដែ បីថ្ងៃក្រោយមក លោកនឹងរស់ឡើងវិញ»។ 23 បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលទៅគេទាំងអស់គ្នាថា៖ «បើអ្នកណាចង់មកតាមក្រោយខ្ញុំត្រូវលះបង់ខ្លួនឯងចោល ត្រូវលីឈើឆ្កាងរបស់ខ្លួន រៀងរាល់ថ្ងៃ ហើយមកតាមខ្ញុំចុះ 24 ដ្បិតអ្នកណាចង់បានរួចជីវិត អ្នកនោះនឹងបាត់បង់ជីវិតពុំខាន ប៉ុន្ដែ អ្នកណាបាត់បង់ជីវិត ព្រោះតែខ្ញុំ អ្នកនោះនឹងបានរួចជីវិតវិញ។ 25 បើមនុស្សម្នាក់បានពិភពលោកទាំងមូលមកធ្វើជាសម្បត្ដិរបស់ខ្លួន តែត្រូវស្លាប់បាត់បង់ជីវិត នោះមានប្រយោជន៍អ្វី។ 26 បើអ្នកណាខ្មាសអៀន មិនហ៊ានទទួលស្គាល់ខ្ញុំ មិនហ៊ានទទួលពាក្យរបស់ខ្ញុំទេ លុះដល់បុត្រមនុស្ស យាងមកប្រកបដោយសិរីរុងរឿងរបស់ព្រះអង្គ ព្រមទាំងសិរីរុងរឿងរបស់ព្រះបិតា និង របស់ទេវតា ដ៏វិសុទ្ធ ទ្រង់ក៏នឹងខ្មាសអៀន មិនហ៊ានទទួលស្គាល់អ្នកនោះវិញដែរ។ 27 ប្រាកដមែន ខ្ញុំសុំប្រាប់អោយអ្នករាល់ គ្នាដឹងច្បាស់ថា មនុស្សខ្លះដែលនៅទីនេះនឹងមិនស្លាប់ទេ មុនបានឃើញព្រះរាជ្យ របស់ព្រះជាម្ចាស់»។ 28 ប្រមាណជាប្រាំបីថ្ងៃក្រោយ ពីព្រះយេស៊ូមានព្រះបន្ទូលទាំងនោះមក ព្រះអង្គនាំលោកពេត្រុស លោកយ៉ូហាន និង លោកយ៉ាកុបឡើងទៅលើភ្នំ ដើម្បីអធិស្ឋាន ។ 29 ពេលកំពុងអធិស្ឋាន ស្រាប់តែព្រះភ័ក្ដ្ររបស់ព្រះអង្គប្រែជាមានរស្មី ហើយព្រះពស្ដ្ររបស់ព្រះអង្គត្រឡប់ជាមានពណ៌សត្រចះត្រចង់។ 30 ពេលនោះ មានបុរសពីរនាក់ គឺលោកម៉ូសេ និង ព្យាការីអេលីយ៉ា សន្ទនាជាមួយព្រះយេស៊ូ។ 31 លោកទាំងពីរលេចមកប្រកបដោយសិរីរុងរឿង ហើយមានប្រសាសន៍អំពីដំណើរដែលព្រះអង្គត្រូវសោយទិវង្គតនៅក្រុងយេរូសាឡឹម។ 32 លោកពេត្រុស និង មិត្ដភក្ដិរបស់លោកសំរាន្ដលង់លក់។ លុះភ្ញាក់ឡើង គេឃើញសិរីរុងរឿងរបស់ព្រះយេស៊ូ និង ឃើញលោកទាំងពីរឈរជាមួយព្រះអង្គ។ 33 កាលលោកម៉ូសេ និង ព្យាការីអេលីយ៉ាកំពុងតែចាកចេញពីព្រះយេស៊ូទៅ លោកពេត្រុសទូលព្រះអង្គថា៖ «ព្រះគ្រូ! យើងខ្ញុំបាននៅទីនេះប្រសើរណាស់ យើងខ្ញុំនឹងសង់ជំរកបី គឺមួយសំរាប់ព្រះគ្រូ មួយសំរាប់លោកម៉ូសេ និង មួយទៀតសំរាប់ព្យាការីអេលីយ៉ា»។ លោកពេត្រុសមានប្រសាសន៍ទាំងពុំដឹងថាខ្លួននិយាយអ្វី ឡើយ។ 34 កាលលោកពេត្រុសកំពុងតែមានប្រសាសន៍ស្រាប់តែមានពពក មកគ្របបាំងគេទាំងអស់គ្នា ធ្វើអោយសិស្សភ័យខ្លាចក្រៃលែង ដោយមានពពកមកគ្របបាំងដូច្នេះ។ 35 មានព្រះសូរសៀងបន្លឺពីក្នុងពពកមកថា៖ «ព្រះអង្គនេះជាបុត្រដែលយើងបានជ្រើសរើស ចូរស្ដាប់ព្រះអង្គចុះ!»។ 36 បន្ទាប់ពីបានឮព្រះសូរសៀងនេះហើយ គេឃើញតែព្រះយេស៊ូមួយព្រះអង្គប៉ុណ្ណោះ។ នៅគ្រានោះសិស្សឥតបាននិយាយអំពីហេតុការណ៍ដែលគេបានឃើញប្រាប់អ្នកណាសោះឡើយ។ 37 នៅថ្ងៃបន្ទាប់ ព្រះយេស៊ូយាងចុះពីលើភ្នំជាមួយសិស្សមកវិញ ពេលនោះ មានបណ្ដាជនយ៉ាងច្រើនមករកព្រះអង្គ។ 38 មានបុរសម្នាក់ស្រែកពីកណ្ដាលចំណោមបណ្ដាជនមកថា៖ «លោកគ្រូអើយ! សូមមេត្ដាប្រោស ប្រណីដល់កូនប្រុសខ្ញុំប្របាទផង ព្រោះខ្ញុំប្របាទមានកូនតែមួយនេះគត់។ 39 ពេលវិញ្ញាណអាក្រក់ចូលម្ដងៗវាស្រែក រើបំរះប្រកាច់ប្រកិនបែកពពុះមាត់។ លុះធ្វើបាបវាយ៉ាងធ្ងន់ហើយវិញ្ញាណអាក្រក់ក៏ចេញទៅ ទុកអោយកូនខ្ញុំប្របាទនៅគ្រាំគ្រា។ 40 ខ្ញុំប្របាទបានអង្វរសិស្សរបស់លោកអោយដេញវិញ្ញាណអាក្រក់នោះដែរ ប៉ុន្ដែ គេមិនអាចដេញវាចេញបានសោះ»។ 41 ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «នែ៎ពួកមនុស្សអាក្រក់ មិនព្រមជឿអើយ! តើត្រូវអោយខ្ញុំទ្រាំនៅជាមួយអ្នករាល់គ្នាដល់ពេលណាទៀត? ចូរនាំកូនរបស់អ្នកមកណេះមើល៍»។ 42 ពេលក្មេងនោះដើរចូលមកជិតព្រះយេស៊ូ ស្រាប់តែអារក្សផ្ដួលវាធ្វើអោយវាប្រកាច់ប្រកិនយ៉ាងខ្លាំង។ ព្រះយេស៊ូមានព្រះបន្ទូលគំរាមទៅវិញ្ញាណអាក្រក់ ព្រះអង្គប្រោសក្មេងនោះអោយបានជា ហើយប្រគល់ទៅអោយឪពុកវាវិញ។ 43 មនុស្សគ្រប់គ្នាស្ងើចអំពីមហិទ្ធិឫទ្ធិដ៏ខ្លាំងពូកែរបស់ព្រះជាម្ចាស់។ នៅពេលមនុស្ស គ្រប់ៗគ្នាកំពុងកោតស្ញប់ស្ញែងនឹងការទាំងប៉ុន្មានដែលព្រះអង្គបានធ្វើ ព្រះយេស៊ូមានព្រះបន្ទូលទៅពួកសិស្សថា៖ 44 «ចូរត្រងត្រាប់ស្ដាប់ពាក្យទាំងនេះ ហើយចងចាំទុកក្នុងចិត្ដ គឺបុត្រមនុស្ស នឹងត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់មនុស្សលោកជាមិនខាន»។ 45 ពួកសិស្សពុំបានយល់ព្រះបន្ទូលនេះទេព្រោះព្រះជាម្ចាស់មិនទាន់សំដែងអត្ថន័យអោយគេយល់ ប៉ុន្ដែ ពួកគេមិនហ៊ានទូលសួរព្រះអង្គអំពីរឿងនេះឡើយ។ 46 ខណៈនោះ ពួកសិស្ស ជជែកគ្នាចង់ដឹងថា ក្នុងចំណោមពួកគេ នរណាធំជាងគេ។ 47 ព្រះយេស៊ូឈ្វេងយល់ គំនិតរបស់គេ ក៏យកក្មេងម្នាក់មកអោយឈរក្បែរព្រះអង្គ 48 រួចមានព្រះបន្ទូលទៅគេថា៖ «អ្នកណាទទួលក្មេង នេះក្នុងនាមខ្ញុំ ក៏ដូចជាបានទទួលខ្ញុំដែរ ហើយអ្នកណាទទួលខ្ញុំ ក៏ដូចជាបានទទួលព្រះអង្គដែលបានចាត់ខ្ញុំអោយមកនោះដែរ ដ្បិតអ្នកណាមានឋានៈទាបជាងគេក្នុងចំណោមអ្នករាល់គ្នា គឺអ្នកនោះហើយជាអ្នកធំជាងគេ»។ 49 លោកយ៉ូហានទូលព្រះអង្គថា៖ «ព្រះគ្រូ! យើងខ្ញុំបានឃើញបុរសម្នាក់ដេញអារក្ស ក្នុងនាមព្រះគ្រូ។ យើងខ្ញុំបានឃាត់គាត់ ព្រោះគាត់មិនមកតាមព្រះគ្រូដូចយើងខ្ញុំ»។ 50 ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់វិញថា៖ «កុំឃាត់គេអី ដ្បិតអ្នកណាមិនជំទាស់នឹងអ្នករាល់គ្នា អ្នកនោះនៅខាងអ្នករាល់គ្នាហើយ»។ 51 លុះជិតដល់ថ្ងៃកំណត់ដែលព្រះយេស៊ូត្រូវយាងចាកចេញពីលោកនេះទៅ ព្រះអង្គសំរេចព្រះហឫទ័យយាងទៅក្រុងយេរូសាឡឹម 52 ព្រះអង្គបានចាត់អ្នកខ្លះអោយទៅមុន។ អ្នកទាំងនោះចេញដំណើរទៅដល់ភូមិមួយរបស់អ្នកស្រុកសាម៉ារី ដើម្បីរៀបចំកន្លែងថ្វាយព្រះអង្គ។ 53 ប៉ុន្ដែ អ្នកស្រុកពុំ្រពមទទួលព្រះអង្គអោយស្នាក់ឡើយ ព្រោះព្រះអង្គយាងឆ្ពោះទៅក្រុងយេរូសាឡឹម។ 54 ពេលសិស្សពីរនាក់ គឺលោកយ៉ាកុប និង លោកយ៉ូហានឃើញដូច្នោះក៏ទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! តើព្រះអង្គសព្វព្រះហឫទ័យអោយយើងខ្ញុំហៅរន្ទះភ្លើង មកកំទេចអ្នកទាំងនេះឬ?»។ 55 ព្រះយេស៊ូបែរទៅរកគេ ហើយស្ដីបន្ទោសគេយ៉ាងខ្លាំង។ 56 បន្ទាប់មក ព្រះអង្គយាងឆ្ពោះ ទៅកាន់ភូមិមួយផ្សេងទៀតជាមួយសិស្ស ។ 57 កាលព្រះយេស៊ូកំពុងយាងតាមផ្លូវជាមួយសិស្ស មានបុរសម្នាក់ទូលព្រះអង្គថា៖«ខ្ញុំប្របាទសុខចិត្ដទៅតាមលោក ទោះបីលោកអញ្ជើញទៅទីណាក៏ដោយ»។ 58 ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់វិញថា៖ «សត្វកញ្ជ្រោងមានរូងរបស់វា បក្សាបក្សីក៏មានសំបុករបស់វាដែរ ប៉ុន្ដែ បុត្រមនុស្ស គ្មានទីជំរកសំរាកសោះឡើយ»។ 59 ព្រះអង្គមានព្រះបន្ទូលទៅម្នាក់ទៀតថា៖ «សុំអញ្ជើញមកតាមខ្ញុំ»។ ប៉ុន្ដែ អ្នកនោះទូលព្រះអង្គថា៖«សូមលោកមេត្ដាអនុញ្ញាតអោយខ្ញុំប្របាទទៅបញ្ចុះសពឪពុកសិន»។ 60 ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់វិញថា៖«ទុកអោយមនុស្សស្លាប់បញ្ចុះសពគ្នាគេចុះ។ រីឯអ្នកវិញ ចូរទៅផ្សាយដំណឹង អំពីព្រះរាជ្យ របស់ព្រះជាម្ចាស់»។ 61 មានម្នាក់ទៀតទូលព្រះអង្គថា៖ «លោកម្ចាស់! ខ្ញុំប្របាទសុខចិត្ដទៅតាមលោកដែរ ប៉ុន្ដែ សូមអនុញ្ញាតអោយខ្ញុំប្របាទទៅជំរាបលាក្រុមគ្រួសារសិន»។ 62 ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់វិញថា៖ «អ្នកណាកាន់នង្គ័ល ហើយបែរជាងាក មើលក្រោយ អ្នកនោះ គ្មានសារប្រយោជន៍អ្វីដល់ព្រះរាជ្យ របស់ព្រះជាម្ចាស់ឡើយ»។

លូកា 10

1 ក្រោយមក ព្រះអម្ចាស់ជ្រើសយកសិស្ស ចិតសិបពីររូបទៀត ហើយចាត់គេពីរៗនាក់ អោយទៅតាមភូមិ តាមស្រុកនានា ដែលព្រះអង្គបំរុងនឹងយាងទៅ។ 2 ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ស្រូវដែលត្រូវច្រូតមានច្រើនណាស់ តែអ្នកច្រូតមានតិចពេក។ ហេតុនេះ ចូរអង្វរម្ចាស់ស្រែអោយចាត់អ្នកច្រូតមកក្នុងស្រែរបស់លោក។ 3 ចូរនាំគ្នាទៅចុះ! ខ្ញុំចាត់អ្នករាល់គ្នាទៅ ដូចអោយកូនចៀមទៅកណ្ដាលហ្វូងចចក។ 4 កុំយកថង់ប្រាក់ ថង់យាម ឬស្បែកជើងទៅជាមួយឡើយ ហើយក៏កុំជំរាបសួរអ្នកណាតាមផ្លូវដែរ។ 5 ពេលអ្នករាល់គ្នាចូលទៅក្នុងផ្ទះណាមួយ មុនដំបូងត្រូវពោល "សូមព្រះជាម្ចាស់ប្រទានសេចក្ដីសុខសាន្ដ ដល់មនុស្សក្នុងផ្ទះនេះ"។ 6 បើនៅក្នុងផ្ទះនោះ មានមនុស្សណាចូលចិត្ដសេចក្ដីសុខសាន្ដ នោះគេនឹងបានសុខសាន្ដ ដូចពាក្យអ្នករាល់គ្នាជាមិនខាន។ បើគ្មានអ្នកណាចូលចិត្ដសេចក្ដីសុខសាន្ដទេ សេចក្ដីសុខសាន្ដនឹងវិលត្រឡប់មកអ្នករាល់គ្នាវិញ។ 7 ចូរស្នាក់នៅផ្ទះនោះ ហើយបរិភោគម្ហូបអាហារដែលគេជូនអ្នករាល់គ្នាចុះ ព្រោះអ្នកធ្វើការតែងតែទទួលប្រាក់ឈ្នួល។ មិនត្រូវចេញពីផ្ទះមួយទៅនៅផ្ទះមួយទៀតឡើយ។ 8 បើអ្នករាល់គ្នាចូលទៅភូមិណា ហើយមានគេទទួលអ្នករាល់គ្នា ត្រូវបរិភោគម្ហូបអាហារដែលគេរៀបជូនចុះ។ 9 ត្រូវប្រោសអ្នកជំងឺក្នុងភូមិនោះអោយបានជា ហើយប្រាប់អ្នកភូមិថាៈ "ព្រះរាជ្យ របស់ព្រះជាម្ចាស់នៅជិតអ្នករាល់គ្នាហើយ"។ 10 ប៉ុន្ដែ កាលបើអ្នករាល់គ្នាចូលទៅភូមិណាមួយ ហើយគេមិនព្រមទទួលអ្នករាល់គ្នាទេ ត្រូវចេញទៅប្រកាសតាមទីផ្សារថាៈ 11 "សូម្បីតែធូលីដីដែលជាប់ជើងយើង ក៏យើងរលាស់អោយអ្នករាល់គ្នាវិញដែរ ប៉ុន្ដែ សូមជ្រាបថាព្រះរាជ្យរបស់ព្រះជាម្ចាស់មកជិតបង្កើយហើយ"។ 12 ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោស អ្នកក្រុងសូដុមទទួលទោសស្រាលជាងអ្នកភូមិនោះ។ 13 អ្នកក្រុងខូរ៉ាស៊ីនអើយ! អ្នកត្រូវវេទនាជាពុំខាន។ អ្នកក្រុងបេតសៃដាអើយ! អ្នកក៏ត្រូវវេទនាដែរ។ ប្រសិនបើអ្នក ក្រុងទីរ៉ូស និង អ្នកក្រុងស៊ីដូនបានឃើញការអស្ចារ្យ ដូចអ្នករាល់គ្នាឃើញនៅទីនេះ ម៉្លេះសមអ្នកក្រុងទាំង នោះនឹងប្រែចិត្ដគំនិត ហើយស្លៀកបាវអង្គុយក្នុងផេះ ជាមិនខាន។ 14 ហេតុនេះហើយបានជានៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យ ទោសមនុស្សលោក អ្នកក្រុងទីរ៉ូស និង អ្នកក្រុងស៊ីដូនទទួលទោសស្រាលជាងអ្នករាល់គ្នា។ 15 អ្នកក្រុងកាពើណិម អើយ! កុំនឹកស្មានថាអ្នកនឹងបានថ្កើងឡើងដល់ស្ថានសួគ៌ឡើយ អ្នកនឹងធ្លាក់ទៅស្ថាននរកវិញ»។ 16 ព្រះយេស៊ូមានព្រះបន្ទូលទៅសិស្សទៀតថា៖ «អ្នកណាស្ដាប់អ្នករាល់គ្នា ក៏ដូចជាស្ដាប់ខ្ញុំដែរ។ អ្នកណាបដិសេធមិនទទួលអ្នក រាល់គ្នាក៏ដូចជាបដិសេធមិនទទួលខ្ញុំដែរ ហើយអ្នកណាមិនទទួលខ្ញុំ ក៏ដូចជាមិនទទួលព្រះអង្គដែលចាត់ខ្ញុំអោយមកនោះដែរ»។ 17 ពួកសិស្ស ទាំងចិតសិបពីររូបត្រឡប់មកវិញ ទាំងត្រេកអរ ហើយទូលព្រះអង្គថា៖«ព្រះអម្ចាស់អើយដោយសារព្រះនាមព្រះអង្គ សូម្បីតែអារក្សក៏ចុះចូលក្រោមអំណាចយើងខ្ញុំដែរ»។ 18 ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំឃើញមារសាតាំង ធ្លាក់ចុះពីលើមេឃមក ដូចផ្លេកបន្ទោរ។ 19 ខ្ញុំបានអោយអ្នករាល់គ្នាមានអំណាចដើរជាន់ពស់ និង ខ្យាដំរី ព្រមទាំងបង្ក្រាបឫទ្ធិអំណាចគ្រប់យ៉ាងរបស់មារសត្រូវផង គ្មានអ្វីអាចធ្វើទុក្ខអ្នករាល់គ្នាបានឡើយ 20 ប៉ុន្ដែ ទោះជាយ៉ាងណាក៏ដោយ កុំត្រេកអរនឹងឃើញវិញ្ញាណអាក្រក់ចុះចូលអ្នករាល់គ្នាគឺត្រូវត្រេកអរ ដោយអ្នករាល់គ្នាមានឈ្មោះកត់ទុកនៅស្ថានបរមសុខវិញ»។ 21 ខណៈនោះ ព្រះវិញ្ញាណបានធ្វើអោយព្រះយេស៊ូមានព្រះហឫទ័យរីករាយយ៉ាងខ្លាំង។ ព្រះអង្គមានព្រះបន្ទូលថា៖« បពិត្រព្រះបិតាជាអម្ចាស់នៃស្ថានបរមសុខ និង ជាអម្ចាស់នៃផែនដី ទូលបង្គំសូមសរសើរតម្កើងព្រះអង្គ ព្រោះទ្រង់បានសំដែងការទាំងនេះអោយមនុស្សតូចតាចយល់ តែទ្រង់លាក់មិនអោយអ្នកប្រាជ្ញ និង អ្នកចេះដឹងយល់ទេ។ មែនហើយ! ព្រះអង្គសព្វព្រះហឫទ័យសំរេចដូច្នេះ។ 22 ព្រះបិតារបស់ខ្ញុំបានប្រគល់អ្វីៗទាំងអស់មកខ្ញុំ។ គ្មាននរណាស្គាល់ព្រះបុត្រា ក្រៅពីព្រះបិតា ហើយក៏គ្មាននរណាស្គាល់ព្រះបិតា ក្រៅពីព្រះបុត្រា និង អ្នកដែលព្រះបុត្រាសព្វព្រះហឫទ័យសំដែងអោយស្គាល់នោះដែរ»។ 23 បន្ទាប់មក ព្រះយេស៊ូបែរទៅរកសិស្ស ហើយមានព្រះបន្ទូលដាច់ឡែកពីគេថា៖«អ្នករាល់គ្នាមានសុភមង្គល ហើយ ព្រោះអ្នករាល់គ្នាបានឃើញហេតុការណ៍ទាំងអស់នេះ! 24 ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា មានព្យាការី និង ស្ដេចជាច្រើន ចង់ឃើញហេតុការណ៍ដែលអ្នករាល់គ្នាឃើញនេះដែរ តែមិនបានឃើញ ហើយគេចង់ឮសេចក្ដីដែលអ្នករាល់គ្នាបានឮនេះដែរ តែមិនបានឮសោះ»។ 25 ពេលនោះ មានបណ្ឌិតខាងវិន័យម្នាក់ក្រោកឈរទូលសួរព្រះយេស៊ូ ក្នុងគោលបំណងចង់ចាប់កំហុសព្រះអង្គថា៖ «លោកគ្រូ! តើខ្ញុំត្រូវធ្វើអ្វីខ្លះ ដើម្បីអោយបានទទួលជីវិតអស់កល្បជានិច្ច?»។ 26 ព្រះយេស៊ូមានព្រះបន្ទូល ទៅគាត់ថា៖ «តើក្នុងក្រឹត្យវិន័យមានចែងអ្វីខ្លះ? ពេលលោកអានតើលោកយល់យ៉ាងណា?»។ 27 គាត់ទូលឆ្លើយ ទៅព្រះយេស៊ូថា៖ «ត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នកអោយអស់ពីចិត្ដគំនិត អស់ពីស្មារតី អស់ពីកម្លាំង និង អស់ពីប្រាជ្ញា ហើយត្រូវស្រឡាញ់បងប្អូនឯទៀតៗអោយបានដូចស្រឡាញ់ខ្លួនឯងដែរ»។ 28 ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «លោកឆ្លើយត្រឹមត្រូវល្អណាស់ សុំធ្វើដូច្នេះទៅ នោះលោកនឹងមានជីវិតអស់កល្បជាមិនខាន»។ 29 ប៉ុន្ដែ អាចារ្យនោះចង់បង្ហាញថា សំណួររបស់គាត់ជាសំណួរត្រឹមត្រូវគាត់ក៏សួរព្រះយេស៊ូទៀតថា៖ «តើនរណាជាបងប្អូនរបស់ខ្ញុំ?»។ 30 ព្រះយេស៊ូមានព្រះបន្ទូលថា៖ «មានបុរសម្នាក់ ធ្វើដំណើរចុះពីក្រុងយេរូសាឡឹមឆ្ពោះទៅក្រុងយេរីខូ។ គាត់ធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ពួកចោរ វាប្លន់គាត់ ថែមទាំងវាយដំគាត់អោយរបួសជាទម្ងន់រួចនាំគ្នារត់បាត់អស់ទៅ ទុកគាត់ចោលនៅស្ដូកស្ដឹងបាត់ស្មារតីមិនដឹងខ្លួន។ 31 ពេលនោះ មានបូជាចារ្យ មួយរូបធ្វើ ដំណើរចុះតាមផ្លូវនោះ។ គាត់ឃើញបុរសនោះ ក៏ដើរវាងហួសទៅ។ 32 មានម្នាក់ពីក្រុមលេវី ដើរមកដល់កន្លែងនោះដែរ។ គាត់ឃើញបុរសនោះ ក៏ដើរវាងហួសទៅ។ 33 គាប់ជួនជាមានអ្នកស្រុកសាម៉ារីម្នាក់ ធ្វើដំណើរមកតាមផ្លូវនោះដែរ គាត់ឃើញបុរសនោះ គាត់មានចិត្ដអាណិតអាសូរពន់ពេកណាស់។ 34 គាត់ចូលទៅជិតអ្នករបួស យកប្រេង និង ស្រា ចាក់ពីលើមុខរបួសរុំរបួសអោយ រួចគាត់លើកអ្នករបួសដាក់លើជំនិះរបស់គាត់ នាំទៅផ្ទះសំណាក់ ហើយថែទាំអ្នករបួសនោះ។ 35 ស្អែកឡើង គាត់យកប្រាក់ប្រគល់អោយម្ចាស់ផ្ទះសំណាក់ទាំងផ្ដាំថា "សូមថែទាំបុរសនេះផង ប្រសិនបើអ្នកចំណាយលើសពីប្រាក់នេះ ពេលខ្ញុំត្រឡប់មកវិញ ខ្ញុំនឹងជូនបង្គ្រប់"។ 36 ក្នុងចំណោមមនុស្សទាំងបីនាក់ តើលោកយល់ថា អ្នកណាចាត់ទុកខ្លួនជាបងប្អូននឹងបុរសដែលធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ពួកចោរប្លន់នោះ?»។ 37 អាចារ្យ ឆ្លើយថា៖ «គឺអ្នកដែលមានចិត្ដមេត្ដាករុណាចំពោះគាត់»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សុំលោកអញ្ជើញទៅចុះ ហើយប្រព្រឹត្ដអោយបានដូចអ្នកនោះទៅ»។ 38 កាលព្រះយេស៊ូធើ្វដំណើរជាមួយពួកសិស្សព្រះអង្គយាងចូលក្នុងភូមិមួយ។ មានស្ដ្រីម្នាក់ឈ្មោះម៉ាថា បានទទួលព្រះអង្គអោយស្នាក់ក្នុងផ្ទះនាង។ 39 នាងមានប្អូនស្រីម្នាក់ឈ្មោះម៉ារី អង្គុយនៅទៀបព្រះបាទាព្រះអម្ចាស់ ស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គ។ 40 រីឯនាងម៉ាថាវិញ នាងមានកិច្ចការរវល់ជាច្រើន ដើម្បីបំរើព្រះអង្គ។ នាងចូលមកទូលថា៖ «បពិត្រព្រះអម្ចាស់! ប្អូនខ្ញុំម្ចាស់ទុកអោយខ្ញុំម្ចាស់បំរើព្រះអង្គតែម្នាក់ឯង តើព្រះអង្គមិនអើពើទេឬ? សូមទ្រង់ប្រាប់អោយនាងមកជួយខ្ញុំម្ចាស់ផង»។ 41 ព្រះអម្ចាស់មានព្រះបន្ទូលទៅនាងថា៖ «ម៉ាថា! ម៉ាថាអើយ! នាងមានកង្វល់ហើយរវល់នឹងកិច្ចការច្រើនណាស់ 42 ប៉ុន្ដែ មានកិច្ចការតែមួយគត់ដែលចាំបាច់ ម៉ារីបានជ្រើសយកចំណែកដ៏ល្អវិសេសនោះហើយ មិនត្រូវយកចេញពីនាងទេ»។

លូកា 11

1 មានមួយថ្ងៃ ព្រះយេស៊ូអធិស្ឋាននៅកន្លែងមួយ។ កាលព្រះអង្គអធិស្ឋានរួចហើយ មានសិស្ស ម្នាក់ទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! សូមបង្រៀនយើងខ្ញុំអោយចេះអធិស្ឋាន ដូចលោកយ៉ូហានបានបង្រៀនសិស្សរបស់លោកនោះផង»។ 2 ព្រះយេស៊ូមានព្រះបន្ទូលទៅពួកគេថា៖ «ពេលអ្នករាល់គ្នាអធិស្ឋាន ត្រូវពោលៈ ឱព្រះបិតាអើយ សូមសំដែងព្រះនាមដ៏វិសុទ្ធ របស់ព្រះអង្គអោយមនុស្សលោកស្គាល់ សូមអោយព្រះរាជ្យ ព្រះអង្គបានមកដល់។ 3 សូមប្រទានអាហារដែលយើងខ្ញុំត្រូវការជារៀងរាល់ថ្ងៃ។ 4 សូមអត់ទោសយើងខ្ញុំអោយរួចពីបាប ដ្បិតយើងខ្ញុំអត់ទោសអោយអស់អ្នកដែលបានប្រព្រឹត្ដខុសនឹងយើងខ្ញុំ។ សូមកុំបណ្ដោយអោយយើងខ្ញុំចាញ់ ការល្បួងឡើយ»។ 5 ព្រះអង្គមានព្រះបន្ទូលទៅគេទៀតថា៖ «ក្នុងចំណោមអ្នករាល់គ្នា បើម្នាក់មានមិត្ដសំឡាញ់មករកទាំងពាក់កណ្ដាលអធ្រាត្រ ហើយពោល "សំឡាញ់អើយ! អោយគ្នាខ្ចីនំបុ័ងបីដុំសិនមក 6 ព្រោះមានមិត្ដភក្ដិទើបនឹងធ្វើដំណើរមកដល់ ហើយគ្មានអ្វីទទួលគេសោះ"។ 7 អ្នកនៅក្នុងផ្ទះឆ្លើយមកវិញថា "កុំរំខានគ្នាធ្វើអ្វី គ្នាបានខ្ទាស់ទ្វារទៅហើយ ម៉្យាងទៀត កូនចៅគ្នាកំពុងដេកលក់ គ្នាមិនអាចក្រោកទៅយកនំបុ័ងអោយសំឡាញ់ឯងបានទេ"។ 8 ខ្ញុំសុំប្រាប់អ្នករាល់គ្នាថាម្ចាស់ផ្ទះប្រាកដជាក្រោកទៅយកនំបុ័ង ព្រមទាំងអ្វីៗដែលមិត្ដសំឡាញ់របស់គាត់ត្រូវការមិនខាន។ គាត់ក្រោកទៅយកដូច្នេះ មិនមែនមកពីគាត់យោគយល់មិត្ដសំឡាញ់ទេ គឺមកពីមិត្ដសំឡាញ់នោះចេះតែរំខានមិនឈប់។ 9 រីឯខ្ញុំវិញ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ចូរសូម នោះព្រះជាម្ចាស់នឹងប្រទានអោយចូរស្វែងរក គង់តែនឹងឃើញ ចូរគោះទ្វារ នោះព្រះអង្គនឹងបើកអោយអ្នករាល់គ្នាជាពុំខាន 10 ដ្បិតអ្នកណាសូម អ្នកនោះរមែងតែងតែទទួល អ្នកណាស្វែងរក រមែងតែងតែឃើញ ហើយគេតែងតែបើកទ្វារអោយអ្នកដែលគោះ។ 11 ក្នុងចំណោមអ្នករាល់គ្នា បើកូនសុំត្រីមិនដែលមានឪពុកណាយកពស់អសិរពិសអោយវាទេ 12 បើកូនសុំពងមាន់ ក៏មិនដែលមាន ឪពុកណាយកខ្យាដំរីអោយវាដែរ។ 13 សូម្បីតែអ្នករាល់គ្នាដែលជាមនុស្សអាក្រក់ ក៏ចេះអោយរបស់ល្អៗទៅកូន ចុះចំណង់បើព្រះបិតាដែលគង់នៅស្ថានបរមសុខ តើព្រះអង្គនឹងប្រទានព្រះវិញ្ញាណដ៏វិសុទ្ធ អោយអស់អ្នកដែលទូលសូមពីព្រះអង្គយ៉ាងណាទៅទៀត»។ 14 ព្រះយេស៊ូកំពុងបណ្ដេញអារក្សចេញពីមនុស្ស គម្នាក់។ លុះអារក្សចេញផុតទៅ មនុស្សគនោះនិយាយបាន ហើយមហាជនក៏ស្ងើចសរសើរក្រៃលែង។ 15 ប៉ុន្ដែ មានអ្នកខ្លះនិយាយថា៖ «អ្នកនេះដេញអារក្សបានដូច្នេះ ព្រោះបេលសេប៊ូលជាស្ដេចអារក្សបានប្រគល់អំណាចអោយគាត់»។ 16 មានអ្នកខ្លះទៀតចង់ចាប់កំហុសព្រះអង្គក៏សូមអោយព្រះអង្គសំដែងទីសំគាល់មួយ បញ្ជាក់ថា ព្រះអង្គបានទទួលអំណាចមកពីព្រះជាម្ចាស់។ 17 ព្រះយេស៊ូឈ្វេងយល់ចិត្ដគំនិតរបស់គេ ទ្រង់មានព្រះបន្ទូលទៅគេថា៖ «នគរណាក៏ដូចជានគរណាដែរ ប្រសិនបើពលរដ្ឋបាក់បែកទាស់ទែងគ្នាឯង នគរនោះមុខជាត្រូវវិនាស ហើយផ្ទះទាំងប៉ុន្មានមុខជារលំសង្កត់លើគ្នាមិនខាន។ 18 យ៉ាងណាមិញ ប្រសិនបើមារសាតាំង បាក់បែកទាស់ទែងគ្នាឯង ធ្វើម្ដេចនឹងអោយរាជ្យរបស់វានៅស្ថិតស្ថេរបាន! ខ្ញុំនិយាយដូច្នេះ ព្រោះអ្នករាល់គ្នាថាខ្ញុំដេញអារក្សដោយអំណាចបេលសេប៊ូល។ 19 ប្រសិនបើខ្ញុំដេញអារក្ស ដោយអំណាចបេលសេប៊ូលមែន តើកូនចៅរបស់អ្នករាល់គ្នាដេញអារក្ស ដោយអំណាចនរណាវិញ?។ ដូច្នេះ កូនចៅរបស់អ្នករាល់គ្នានឹងដាក់ទោសអ្នករាល់គ្នា។ 20 ផ្ទុយទៅវិញ បើខ្ញុំដេញអារក្ស ដោយឫទ្ធានុភាពរបស់ព្រះជាម្ចាស់ នោះបានសេចក្ដីថា ព្រះរាជ្យ របស់ព្រះអង្គមកដល់អ្នករាល់គ្នាហើយ។ 21 បើមនុស្សណាម្នាក់ខ្លាំងពូកែ មានអាវុធការពារផ្ទះរបស់ខ្លួន ទ្រព្យសម្បត្ដិរបស់គេនឹងបានគង់វង្ស។ 22 ប៉ុន្ដែ បើមានម្នាក់ទៀតខ្លាំងពូកែជាង មកវាយយកជ័យជំនះបាន គេនឹងដកហូតគ្រឿងអាវុធ ព្រមទាំងរឹបអូសទ្រព្យសម្បត្ដិពីអ្នកនោះ យកទៅចែកអោយ អ្នកផ្សេងថែមទៀតផង។ 23 អ្នកណាមិននៅខាងខ្ញុំ អ្នកនោះប្រឆាំងនឹងខ្ញុំ ហើយអ្នកណាមិនជួយប្រមូលផ្ដុំជាមួយខ្ញុំទេ អ្នកនោះជាអ្នកកំចាត់កំចាយ។ 24 កាលបើអារក្សចេញពីមនុស្សណាម្នាក់ហើយ វាតែងស្វែងរកទីជំរកនៅវាលហួតហែង តែប្រសិនបើវារកពុំឃើញទេ នោះវាមុខជានិយាយថា"អញនឹងវិលត្រឡប់ទៅផ្ទះដែលអញទើបនឹងចេញមក"។ 25 លុះទៅដល់ឃើញផ្ទះនោះបោសស្អាតហើយតុបតែងល្អ 26 វានឹងចេញទៅបបួលអារក្សប្រាំពីរទៀត ដែលសុទ្ធតែអាក្រក់ជាងវាមកចូលអ្នកនោះបណ្ដាលអោយគាត់រឹងរឹតតែអាក្រក់លើសដើមទៅទៀត»។ 27 កាលព្រះយេស៊ូកំពុងតែមានព្រះបន្ទូលដូចេ្នះ មានស្ដ្រីម្នាក់បន្លឺសំឡេងចេញពីចំណោមបណ្ដាជន ទូលព្រះអង្គថា៖ «ស្ដ្រីដែលបានបង្កើតលោក ព្រមទាំងបានបំបៅលោក ពិតជាមានសុភមង្គល មែន!»។ 28 ប៉ុន្ដែ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «អ្នកណាស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយអនុវត្ដតាម គឺអ្នកនោះហើយដែលមានសុភមង្គលពិតមែន»។ 29 ខណៈនោះ មហាជនប្រជុំគ្នាយ៉ាងច្រើនកុះករព្រះអង្គមានព្រះបន្ទូលថា៖ «មនុស្សជំនាន់នេះអាក្រក់ណាស់ គេចង់តែឃើញទីសំគាល់ដ៏អស្ចារ្យ ប៉ុន្ដែ ព្រះជាម្ចាស់មិនប្រទានទីសំគាល់ណាផ្សេងក្រៅពីទីសំគាល់របស់ព្យាការី យ៉ូណាសឡើយ។ 30 លោកយ៉ូណាសបានធ្វើជាទីសំគាល់អោយអ្នកក្រុងនីនីវេឃើញយ៉ាងណា បុត្រមនុស្ស ក៏នឹងធ្វើជាទីសំគាល់អោយមនុស្សជំនាន់នេះឃើញ យ៉ាងនោះដែរ។ 31 នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោស មនុស្សលោក មហាក្សត្រីយ៍ស្រុកខាងត្បូងនឹងក្រោកឡើងជាមួយមនុស្សជំនាន់នេះ ព្រមទាំងចោទប្រកាន់គេផង ព្រោះកាលពីជំនាន់ដើម ព្រះនាងបានយាងមកពីតំបន់ដាច់ស្រយាលនៃផែនដី ដើម្បីស្ដាប់ព្រះបន្ទូលរបស់ ស្ដេចសាឡូម៉ូន ដែលប្រកបដោយប្រាជ្ញាឈ្លាសវៃ។ រីឯនៅទីនេះ មានម្នាក់ប្រសើរលើសស្ដេចសាឡូម៉ូនទៅទៀត។ 32 នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក អ្នកក្រុងនីនីវេនឹងក្រោកឡើងជាមួយមនុស្សជំនាន់នេះ ព្រមទាំងចោទប្រកាន់ពួកគេផង ព្រោះកាលពីជំនាន់ដើម អ្នកក្រុងនីនីវេបានកែប្រែចិត្ដគំនិត នៅពេលឮ សេចក្ដីដែលលោកយ៉ូណាសប្រកាស។ រីឯនៅទីនេះ មានម្នាក់ប្រសើរលើសលោកយ៉ូណាសទៅទៀត!»។ 33 «ពុំដែលមាននរណាអុជចង្កៀង យកទៅលាក់ទុក ឬ យកធុងគ្របពីលើឡើយ។ គេតែងយកចង្កៀងទៅដាក់លើ ជើងចង្កៀង ដើម្បីបំភ្លឺអស់អ្នកដែលចូលទៅក្នុងផ្ទះ។ 34 ភ្នែកជាចង្កៀងរបស់រូបកាយ បើភ្នែកអ្នកនៅភ្លឺល្អ រូបកាយអ្នកទាំងមូលក៏ភ្លឺដែរ តែបើភ្នែកអ្នកងងឹតវិញ រូបកាយអ្នកក៏ងងឹតដែរ។ 35 ហេតុនេះត្រូវប្រយ័ត្នកុំអោយពន្លឺនៅក្នុង ខ្លួនអ្នកត្រឡប់ទៅជាភាពងងឹតឡើយ។ 36 ប្រសិនបើរូបកាយរបស់អ្នកទាំងមូលមានពន្លឺ ឥតងងឹតត្រង់ណាទេនោះរូបកាយរបស់អ្នកទាំងមូលនឹងភ្លឺចិញ្ចែងចិញ្ចាច ដូចចង្កៀងបំភ្លឺអ្នកដែរ»។ 37 កាលព្រះយេស៊ូកំពុងតែមានព្រះបន្ទូលមានបុរសម្នាក់ខាងគណៈផារីស៊ី បានសូមយាងព្រះអង្គទៅសោយព្រះស្ងោយនៅផ្ទះគាត់។ ព្រះអង្គក៏យាងចូលទៅរួមតុជាមួយគាត់។ 38 អ្នកខាងគណៈផារីស៊ីនោះងឿងឆ្ងល់ក្រៃលែង ព្រោះឃើញព្រះយេស៊ូមិនលាងព្រះហស្ដមុនពេលសោយ។ 39 ព្រះអម្ចាស់ក៏មានព្រះបន្ទូលទៅគាត់ថា៖ «ពួកផារីស៊ីអើយអ្នករាល់គ្នាសំអាតពែង និង ចាន តែផ្នែកខាងក្រៅប៉ុណ្ណោះ ប៉ុន្ដែផ្នែកខាងក្នុងរបស់អ្នករាល់គ្នាពោរពេញទៅដោយចិត្ដកេងប្រវ័ញ្ច និង គំនិតអាក្រក់។ 40 មនុស្សឆោតល្ងង់អើយ! ព្រះជាម្ចាស់បានបង្កើតខាងក្រៅ តើព្រះអង្គមិនបានបង្កើតខាងក្នុងដែរទេឬ? 41 ចូរយកអ្វីៗនៅក្នុងចាន ធ្វើទានដល់ជនក្រីក្រទៅ នោះប្រដាប់ប្រដាទាំងអស់ នឹងបានស្អាតបរិសុទ្ធ សំរាប់អោយអ្នករាល់គ្នាប្រើប្រាស់។ 42 ពួកផារីស៊ីអើយ អ្នករាល់គ្នានឹងត្រូវវេទនាជាមិនខាន ព្រោះអ្នករាល់គ្នាយកជីរអង្កាម ជីរលីងល័ខ និង បន្លែគ្រប់មុខ មួយភាគដប់ មកថ្វាយព្រះជាម្ចាស់ ប៉ុន្ដែអ្នករាល់គ្នាធ្វេសប្រហែស មិនបានប្រព្រឹត្ដតាមសេចក្ដីសុចរិត ហើយមិនបានស្រឡាញ់ព្រះអង្គឡើយ គឺការនេះហើយដែលអ្នករាល់គ្នាត្រូវប្រព្រឹត្ដ ឯការដទៃទៀត ក៏អ្នករាល់គ្នាមិនត្រូវបំភ្លេចចោលដែរ។ 43 ពួកផារីស៊ីអើយ! អ្នករាល់គ្នាត្រូវវេទនាជាមិនខាន ព្រោះអ្នករាល់គ្នាចូលចិត្ដអង្គុយនៅកន្លែងកិត្ដិយសក្នុងសាលាប្រជុំ ហើយចូលចិត្ដ អោយគេអោនកាយគោរពអ្នករាល់គ្នានៅតាមផ្សារ។ 44 អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាប្រៀបបាន នឹងផ្នូរខ្មោច ដែលគេមើលមិនឃើញ ហើយត្រូវគេដើរជាន់ដោយមិនដឹងខ្លួន»។ 45 មានបណ្ឌិតខាងវិន័យម្នាក់ទូលព្រះអង្គថា៖ «លោកគ្រូ! លោកមានប្រសាសន៍ដូច្នេះ បានសេចក្ដីថាលោកត្មះតិះដៀលយើងខ្ញុំ»។ 46 ព្រះយេស៊ូមាន ព្រះបន្ទូលតបថា៖ «ពួកបណ្ឌិតខាងវិន័យអើយ អ្នករាល់គ្នាក៏នឹងត្រូវវេទនាដែរ ព្រោះអ្នករាល់គ្នាបានបង្កើតវិន័យតឹងរ៉ឹងយកមកផ្ទុកលើមនុស្ស ហើយអ្នករាល់គ្នាមិនជួយគេទេ សូម្បីតែបន្ដិចក៏មិនជួយផង។ 47 អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាបានសង់ផ្នូរអោយព្យាការី ដែលបុព្វបុរស របស់អ្នករាល់គ្នាបានសម្លាប់។ 48 អ្នករាល់គ្នា ធ្វើដូច្នេះ បញ្ជាក់ថាអ្នករាល់គ្នាសមគំនិតនឹងអំពើដែលបុព្វបុរសរបស់អ្នករាល់គ្នាបានប្រព្រឹត្ដ គឺគេបានសម្លាប់ពួកព្យាការី ហើយអ្នករាល់គ្នាបានសង់ផ្នូរ។ 49 ហេតុនេះហើយបានជាព្រះជាម្ចាស់ប្រកបដោយព្រះប្រាជ្ញាញាណមានព្រះបន្ទូលថា "យើងនឹងចាត់ព្យាការី ព្រមទាំងទូតរបស់យើងជាច្រើនអោយទៅរកគេ តែគេនឹងសម្លាប់ខ្លះ ព្រមទាំងបៀតបៀនខ្លះទៀតផង"។ 50 ដូច្នេះ មនុស្សជំនាន់នេះនឹងត្រូវទទួលទោស ពីព្រោះបុព្វបុរសរបស់គេបាន សម្លាប់ព្យាការីតាំងតែពីកំណើតពិភពលោកមក 51 គឺចាប់តាំងពីលោកអេបិល រហូតដល់លោកសាការី ដែលត្រូវគេសម្លាប់នៅត្រង់ចន្លោះទីអាសនៈ និង ទីសក្ការៈ។ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា មនុស្សជំនាន់នេះនឹងត្រូវទទួលទោស ព្រោះតែឃាតកម្មទាំងនោះជាមិនខាន។ 52 ពួកបណ្ឌិតខាងវិន័យ អើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាបានបិទទ្វារមាគ៌ា មិនអោយគេចូលទៅស្គាល់ព្រះជាម្ចាស់។ អ្នករាល់គ្នាមិនត្រឹមតែមិនបានចូលខ្លួនឯងប៉ុណ្ណោះទេ គឺថែមទាំងឃាត់អស់អ្នកដែលចង់ចូល មិនអោយគេចូលទៀតផង»។ 53 ពេលព្រះយេស៊ូយាងចាកចេញពីទីនោះទៅពួកអាចារ្យ និង ពួកខាងគណៈផារីស៊ីនាំគ្នាប្រឆំាងនឹងព្រះអង្គយ៉ាងខ្លាំង ហើយដេញដោលសួរព្រះអង្គអំពីរឿងផ្សេងៗជាច្រើន 54 ដែលសុទ្ធសឹងតែជាកលល្បិចរកចាប់កំហុសព្រះអង្គ។

លូកា 12

1 ខណៈនោះ មានមហាជនរាប់ម៉ឺននាក់ជួបជុំគ្នាណែនណាន់តាន់តាប់ ស្ទើរតែដើរជាន់គ្នា។ មុនដំបូង ព្រះយេស៊ូ មានព្រះបន្ទូលទៅសិស្ស ថា៖«ចូរអ្នករាល់គ្នាប្រយ័ត្ននឹងមេម្សៅរបស់ពួកខាងគណៈផារីស៊ី គឺពុតត្បុតរបស់គេ។ 2 ការលាក់កំបាំងទាំងអស់នឹងត្រូវលាតត្រដាងអោយគេឃើញ ហើយអាថ៌កំបាំងទាំងប៉ុន្មាន ក៏នឹងត្រូវបើកអោយគេដឹងដែរ។ 3 ហេតុនេះហើយបានជាអ្វីៗដែលអ្នករាល់គ្នានិយាយក្នុងទីងងឹត មុខជាគេឮនៅក្នុងពន្លឺថ្ងៃ ហើយអ្វីៗដែលអ្នក រាល់គ្នាខ្សឹបដាក់ត្រចៀកនរណាម្នាក់នៅក្នុងបន្ទប់ មុខជាត្រូវអ្នកដទៃយកទៅប្រកាសយ៉ាងខ្លាំងនៅលើដំបូលផ្ទះមិនខាន។ 4 ខ្ញុំសុំប្រាប់អ្នករាល់គ្នា ជាមិត្ដសំឡាញ់របស់ខ្ញុំថា ចូរកុំខ្លាចអស់អ្នកដែលសម្លាប់បានត្រឹមតែរូបកាយ ហើយមិនអាចធ្វើអ្វីដល់អ្នករាល់គ្នាថែមទៀតនោះឡើយ។ 5 ខ្ញុំសុំប្រាប់អោយដឹងថា អ្នករាល់គ្នាត្រូវខ្លាចនរណាគឺត្រូវខ្លាចព្រះជាម្ចាស់ ដ្បិតព្រះអង្គមានអំណាចផ្ដាច់ជីវិត ហើយបោះទៅក្នុងភ្លើងនរកថែមទៀតផង។ មែន! ខ្ញុំសុំប្រាប់ អ្នករាល់គ្នាថា គឺព្រះអង្គនេះហើយដែលអ្នករាល់គ្នាត្រូវខ្លាច។ 6 ធម្មតាគេលក់ចាបប្រាំថ្លៃពីរសេន ទោះបីថោកយ៉ាង នេះក៏ដោយ ក៏ព្រះជាម្ចាស់ឥតភ្លេចចាបណាមួយសោះឡើយ។ 7 សូម្បីតែសក់នៅលើក្បាលរបស់អ្នករាល់គ្នា ក៏ព្រះអង្គរាប់អស់ដែរ។ ដូច្នេះ កុំខ្លាចអ្វីឡើយ ព្រោះអ្នករាល់គ្នាមានតម្លៃលើសចាបជាច្រើនទៅទៀត។ 8 ខ្ញុំសុំប្រាប់ អ្នករាល់គ្នាថា អ្នកណាទទួលស្គាល់ខ្ញុំនៅចំពោះមុខមនុស្សលោក បុត្រមនុស្ស នឹងទទួលស្គាល់អ្នកនោះ នៅចំពោះ មុខពួកទេវតា របស់ព្រះជាម្ចាស់ដែរ។ 9 រីឯអ្នកណាបដិសេធមិនទទួលស្គាល់ខ្ញុំនៅចំពោះមុខមនុស្សលោក បុត្រមនុស្សក៏នឹងបដិសេធមិនទទួលស្គាល់អ្នកនោះ នៅចំពោះមុខពួកទេវតារបស់ព្រះជាម្ចាស់ដែរ។ 10 អ្នកណាពោលពាក្យទាស់នឹងបុត្រមនុស្ស ព្រះជាម្ចាស់នឹងលើកលែងទោសអោយបាន ប៉ុន្ដែអ្នកណាពោលពាក្យទាស់នឹងព្រះវិញ្ញាណដ៏វិសុទ្ធ ព្រះអង្គមិនលើកលែងទោសអោយឡើយ។ 11 កាលណាគេបញ្ជូនអ្នករាល់គ្នាទៅវិនិច្ឆ័យទោស ក្នុងសាលាប្រជុំ ឬ នៅមុខចៅក្រម និង អ្នកកាន់អំណាច មិនត្រូវភ័យបារម្ភអំពីរបៀបដែលអ្នករាល់គ្នាត្រូវឆ្លើយការពារខ្លួន ឬ សេចក្ដីដែលអ្នករាល់គ្នាត្រូវនិយាយនោះឡើយ 12 ដ្បិតព្រះវិញ្ញាណដ៏វិសុទ្ធនឹងបំភ្លឺអ្នករាល់គ្នាអោយដឹងសេចក្ដីដែលត្រូវនិយាយ នៅពេលនោះឯង»។ 13 ក្នុងចំណោមបណ្ដាជន មានបុរសម្នាក់ទូលព្រះយេស៊ូថា៖ «លោកគ្រូ! សូមលោកប្រាប់បងខ្ញុំអោយយកកេរមត៌ក មកចែកខ្ញុំផង»។ 14 ព្រះយេស៊ូមានព្រះបន្ទូលតបទៅបុរសនោះថា៖ «តើនរណាបានតែងតាំងខ្ញុំអោយធ្វើជាចៅក្រមចែកទ្រព្យសម្បត្ដិរបស់អ្នករាល់គ្នា?»។ 15 បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅបណ្ដាជនថា៖ «ចូរប្រយ័ត្ន កុំលោភលន់ចង់បានទ្រព្យសម្បត្ដិអោយសោះ។ ទោះបីមនុស្សមានសម្បត្ដិបរិបូណ៌យ៉ាងណាក៏ដោយ ក៏ជីវិតគេមិនអាស្រ័យ នៅលើទ្រព្យសម្បត្ដិឡើយ»។ 16 ព្រះអង្គមានព្រះបន្ទូលជាពាក្យប្រស្នាទៅគេថា៖ «មានបុរសម្នាក់ ជាសេដ្ឋីដីធ្លីរបស់គាត់បានផ្ដល់ភោគផលយ៉ាងបរិបូណ៌។ 17 គាត់រិះគិតក្នុងចិត្ដថា "ខ្ញុំគ្មានកន្លែងដាក់ភោគផលទាំងអស់របស់ខ្ញុំទេ តើខ្ញុំត្រូវធ្វើដូចម្ដេច?"។ 18 គាត់គិតទៀតថា "ខ្ញុំត្រូវតែធ្វើយ៉ាងនេះ គឺរុះជង្រុកទាំងប៉ុន្មានរបស់ខ្ញុំចោល ហើយសង់ជង្រុកអោយធំៗជាង រួចខ្ញុំប្រមូលស្រូវ ព្រមទាំងភោគផលទាំងអស់មកដាក់ក្នុងជង្រុកថ្មីនោះ។ 19 បន្ទាប់មក ខ្ញុំនឹងនិយាយប្រាប់ខ្លួនខ្ញុំថា ឱខ្ញុំអើយ! មានសម្បត្ដិយ៉ាងច្រើនបរិបូណ៌ បំរុងទុកចិញ្ចឹមជីវិតសំរាប់ច្រើនឆ្នំា ខ្ញុំត្រូវសំរាក គិតតែស៊ីផឹកសប្បាយទៅ!"។ 20 ប៉ុន្ដែ ព្រះជាម្ចាស់មានព្រះបន្ទូលទៅកាន់សេដ្ឋីនោះថាៈ"នែ៎ មនុស្សឆោតល្ងង់អើយ! យប់នេះយើងនឹងផ្ដាច់ជីវិតអ្នកហើយ ដូច្នេះ ទ្រព្យសម្បត្ដិដែលអ្នកបានប្រមូលទុកសំរាប់ខ្លួនអ្នក នឹងបានទៅជារបស់នរណាវិញ?"។ 21 អ្នកណាប្រមូលទ្រព្យសម្បត្ដិទុកសំរាប់តែខ្លួនឯង ហើយគ្មានសម្បត្ដិសួគ៌នៅក្នុងខ្លួន អ្នកនោះប្រៀបបីដូចជាសេដ្ឋីនោះដែរ»។ 22 ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់សិស្ស ថា៖ «ហេតុនេះហើយបានជាខ្ញុំសុំប្រាប់អ្នករាល់គ្នាកុំអោយខ្វល់ខ្វាយ អំពីម្ហូបអាហារ សំរាប់ចិញ្ចឹមជីវិត ឬ អំពីសម្លៀកបំពាក់ សំរាប់បិទបាំងរូបកាយឡើយ 23 ដ្បិតជីវិតមានតម្លៃលើសម្ហូបអាហារ ហើយរូបកាយមានតម្លៃលើសសម្លៀកបំពាក់ទៅទៀត។ 24 ចូរមើលក្អែកវាមិនដែលសាបព្រោះមិនដែល ច្រូតកាត់ គ្មានឃ្លំាងគ្មានជង្រុកសោះ ប៉ុន្ដែ ព្រះជាម្ចាស់ចិញ្ចឹមវា រីឯអ្នករាល់គ្នាវិញ មានតម្លៃលើសបក្សាបក្សីច្រើនណាស់។ 25 ក្នុងចំណោមអ្នករាល់គ្នា ទោះបីខំខ្វល់ខ្វាយយ៉ាងណាក៏ដោយ ក៏គ្មាននរណាអាចនឹងបង្កើនអាយុរបស់ខ្លួនអោយវែងបានឡើយ សូម្បីតែបន្ដិចក៏មិនបានដែរ។ 26 ដូច្នេះ បើអ្នករាល់គ្នាពុំអាចសំរេចការដ៏តូចបំផុតនេះបានផង ចុះហេតុដូចម្ដេចបានជាខ្វល់ខ្វាយអំពីរឿងផ្សេងៗទៀត។ 27 ចូរគិតមើល ផ្កាដុះឡើងយ៉ាងណាវាមិនដែល នឿយហត់នឹងធ្វើការ ឬ ត្បាញរវៃឡើយ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា សូម្បីតែព្រះបាទសាឡូម៉ូនកាលពីជំនាន់ដែលទ្រង់មានសិរីរុងរឿងដ៏ប្រសើរបំផុតនោះ ក៏ទ្រង់គ្មានព្រះភូសាល្អស្មើនឹងផ្កាមួយទងនេះផង។ 28 មនុស្សមានជំនឿតិចអើយ! ប្រសិនបើព្រះជាម្ចាស់ផ្ដល់សំរស់អោយផ្កា ដែលរីកនៅតាមវាលថ្ងៃនេះ ហើយស្អែកត្រូវគេដុតចោលយ៉ាងហ្នឹងទៅហើយ តើព្រះអង្គនឹងទំនុកបំរុងអ្នករាល់គ្នាលើសនេះយ៉ាងណាទៅទៀត? 29 ដូច្នេះ ចូរអ្នករាល់គ្នាកុំគិតតែពីស្វែងរកគ្រឿងបរិភោគនោះឡើយ 30 ដ្បិតមានតែសាសន៍ដទៃប៉ុណ្ណោះ ដែលខំស្វះស្វែងរករបស់ទាំងនោះ។ រីឯអ្នករាល់គ្នាវិញ ព្រះបិតារបស់អ្នករាល់គ្នាទ្រង់ជ្រាបនូវអ្វីៗដែលអ្នករាល់គ្នាត្រូវការ។ 31 ចូរខំស្វែងរកព្រះរាជ្យ របស់ព្រះជាម្ចាស់វិញ ទើបព្រះអង្គប្រទានរបស់ទាំងនោះមកអ្នករាល់គ្នាថែមទៀតផង»។ 32 «កុំខ្លាចអី ក្រុមដ៏តូចរបស់ខ្ញុំអើយ! ព្រះបិតារបស់អ្នករាល់គ្នា សព្វព្រះហឫទ័យប្រទានព្រះរាជ្យមកអោយអ្នករាល់គ្នាហើយ។ 33 ចូរលក់ទ្រព្យសម្បត្ដិរបស់អ្នករាល់គ្នា យកប្រាក់ចែកជាទានដល់ជនក្រីក្រចុះ។ ចូរប្រមូលទ្រព្យដែលមិនចេះពុក ជាសម្បត្ដិដែលមិនចេះរលាយ ទុកសំរាប់ខ្លួននៅស្ថានបរមសុខ ជាស្ថានដែលគ្មានចោរប្លន់ ឬ កណ្ដៀរស៊ីឡើយ។ 34 ទ្រព្យសម្បត្ដិរបស់អ្នករាល់គ្នានៅកន្លែងណា ចិត្ដរបស់អ្នករាល់គ្នាក៏នៅកន្លែងនោះដែរ»។ 35 «ចូរប្រុងប្រៀបខ្លួន ហើយទុកអោយចង្កៀងរបស់អ្នករាល់គ្នានៅឆេះ។ 36 ចូរប្រព្រឹត្ដអោយបានដូចពួកអ្នកបំរើដែលរង់ចាំម្ចាស់វិលត្រឡប់មកពីជប់លៀងវិញ គឺនៅពេលមកដល់ លោកគោះទ្វារ អ្នកបំរើទៅបើកជូនភ្លាម។ 37 ពេលម្ចាស់ត្រឡប់មកដល់ ឃើញអ្នកបំរើណានៅរង់ចាំលោក អ្នកបំរើនោះមានសុភមង្គលហើយ។ ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា លោកនឹងអោយអ្នកបំរើអង្គុយបរិភោគ ហើយលោករៀបចំខ្លួនបំរើគេវិញ។ 38 បើលោកវិលមកវិញនៅពាក់កណ្ដាលអធ្រាត្រ ឬ ជិតភ្លឺ ហើយឃើញអ្នកបំរើទាំងនោះនៅរង់ចាំដូច្នេះ ពួកគេប្រាកដជាមានសុភមង្គល។ 39 អ្នករាល់គ្នាដឹងហើយថា បើម្ចាស់ផ្ទះដឹងចោរចូលមកប្លន់ថ្មើរណាគាត់នឹងមិនបណ្ដោយអោយវាចូលមកក្នុងផ្ទះគាត់បានឡើយ។ 40 រីឯអ្នករាល់គ្នាវិញ ចូរត្រៀមខ្លួនជានិច្ច ដ្បិតបុត្រមនុស្ស នឹងមកដល់ នៅវេលាដែលអ្នករាល់គ្នាពុំបានគិត»។ 41 លោកពេត្រុសទូលសួរព្រះយេស៊ូថា៖ «បពិត្រព្រះអម្ចាស់! តើព្រះអង្គមានព្រះបន្ទូលជាពាក្យប្រស្នានេះសំរាប់ ប្រៀនប្រដៅយើងខ្ញុំតែប៉ុណ្ណោះ ឬ មួយសំរាប់ប្រៀនប្រដៅមនុស្សគ្រប់ៗរូបដែរ?»។ 42 ព្រះអម្ចាស់មានព្រះបន្ទូលតបថា៖ «បើអ្នកបំរើណាមានចិត្ដស្មោះត្រង់ ហើយប៉ិនប្រសប់ ម្ចាស់មុខជាផ្ទុកផ្ដាក់អោយគាត់មើលខុសត្រូវលើអ្នកបំរើឯទៀតៗ ក្នុងការចែកម្ហូបអាហារអោយគេ តាមពេលកំណត់ជាមិនខាន។ 43 ពេលម្ចាស់ត្រឡប់មកដល់ផ្ទះវិញ ឃើញអ្នកបំរើកំពុងបំពេញកិច្ចការរបស់ខ្លួនដូច្នេះ អ្នកបំរើនោះប្រាកដជាមានសុភមង្គល។ 44 ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា ម្ចាស់មុខជាផ្ទុកផ្ដាក់អោយគាត់មើលខុសត្រូវលើទ្រព្យសម្បត្ដិទាំងប៉ុន្មានរបស់លោកថែម ទៀតផង។ 45 ផ្ទុយទៅវិញ ប្រសិនបើអ្នកបំរើនឹកក្នុងចិត្ដថា "ម្ចាស់អញក្រមកដល់ណាស់" គាត់ក៏វាយអ្នកបំរើទាំងប្រុសទាំងស្រីឯទៀតៗ ហើយស៊ីផឹកស្រវឹង។ 46 ពេលម្ចាស់វិលត្រឡប់មកដល់ផ្ទះវិញ នៅថ្ងៃដែលអ្នកបំរើនោះមិនបានរង់ចាំ ឬ នៅពេលដែលគាត់មិនដឹងលោកនឹងធ្វើទោសគាត់ជាទម្ងន់ ហើយអោយគាត់ទទួលទោសរួមជាមួយពួកអ្នកមិនជឿដែរ។ 47 អ្នកបំរើណាស្គាល់ចិត្ដម្ចាស់ តែមិនបានត្រៀមខ្លួន ហើយមិនធ្វើតាមចិត្ដលោក អ្នកបំរើនោះនឹងត្រូវរំពាត់យ៉ាងច្រើន។ 48 ផ្ទុយទៅវិញ អ្នកបំរើណាមិនស្គាល់ចិត្ដម្ចាស់របស់ខ្លួន ហើយប្រព្រឹត្ដខុសឆ្គងសមនឹង ទទួលទោសអ្នកបំរើនោះនឹងត្រូវរំពាត់តែបន្ដិចទេ។ បើគេអោយអ្វីច្រើនទៅអ្នកណា គេនឹងទារពីអ្នកនោះវិញច្រើនដែរ។ បើគេផ្ទុកផ្ដាក់កិច្ចការច្រើនដល់អ្នកណាគេនឹងទារពីអ្នកនោះវិញរឹងរឹតតែច្រើនថែមទៀត»។ 49 «ខ្ញុំមក ដើម្បីនាំភ្លើងមកផែនដី។ ប្រសិនបើភ្លើងនោះឆេះ ខ្ញុំស្ងប់ចិត្ដហើយ។ 50 ខ្ញុំត្រូវទទួលពិធីជ្រមុជ ម៉្យាង។ ខ្ញុំតានតឹងក្នុងចិត្ដក្រៃលែង ចង់តែអោយពិធីនោះបានសំរេចឆាប់ៗ។ 51 កុំនឹកស្មានថាខ្ញុំមក ដើម្បីផ្ដល់សន្ដិភាពអោយផែនដីនេះឡើយ គឺខ្ញុំបាននាំការបាក់បែកមកទេតើ។ 52 ចាប់ពីពេលនេះតទៅឧបមាថាក្នុងផ្ទះមួយ មានគ្នាប្រាំនាក់ អ្នកទាំងប្រាំនឹងត្រូវបាក់បែកគ្នា គឺបីនាក់បែកចេញពីពីរនាក់ ពីរនាក់បែកចេញពីបីនាក់ 53 ឪពុកនឹងបែកចេញពីកូនប្រុសកូនប្រុសបែកចេញពីឪពុក ម្ដាយបែកចេញពីកូនស្រីកូនស្រីបែកចេញពីម្ដាយ ម្ដាយក្មេកបែកចេញពីកូនប្រសាស្រី កូនប្រសាស្រីបែកចេញពីម្ដាយក្មេក»។ 54 ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់មហាជនទៀតថា៖«កាលណាអ្នករាល់គ្នាឃើញពពករសាត់ពីទិសខាងលិចមក អ្នករាល់គ្នាពោលភ្លាមថា ជិតភ្លៀងហើយ ហើយក៏ភ្លៀងមែន។ 55 កាលណាមានខ្យល់បក់ពីទិសខាងត្បូង អ្នករាល់គ្នាថាមុខជាក្ដៅហើយ ហើយក៏ក្ដៅមែន។ 56 មនុស្សមានពុតអើយ! អ្នករាល់គ្នាចេះយល់ហេតុការណ៍ផ្សេងៗនៅលើផែនដី និង នៅលើមេឃបាន ចុះហេតុដូចម្ដេចបានជាពុំយល់ហេតុការណ៍ នាសម័យបច្ចុប្បន្ននេះផង?»។ 57 «ហេតុអ្វីបានជាអ្នករាល់គ្នាមិនពិចារណាដោយខ្លួនឯង នូវអំពើសុចរិតដែលអ្នករាល់គ្នាត្រូវប្រព្រឹត្ដ? 58 ប្រសិនបើអ្នកធ្វើដំណើរទៅតុលាការជាមួយគូវិវាទនៅតាមផ្លូវ អ្នកត្រូវខំសំរុះសំរួលជាមួយអ្នកនោះអោយហើយទៅ ក្រែងលោគេបញ្ជូនអ្នកទៅដល់ចៅក្រម ចៅក្រមបញ្ជូនអ្នកទៅនគរបាល ហើយនគរបាលយកអ្នកទៅដាក់គុក។ 59 ខ្ញុំសុំប្រាប់អ្នកថា ដរាបណាអ្នកមិនបានបង់ប្រាក់ពិន័យគ្រប់ចំនួន ឥតខ្វះមួយសេនទេនោះអ្នកនឹងមិនរួចខ្លួនឡើយ»។

លូកា 13

1 ពេលនោះ មានអ្នកខ្លះមកទូលព្រះយេស៊ូ អំពីអ្នកស្រុកកាលីឡេដែលលោកពីឡាតបានសម្លាប់ នៅពេលគេកំពុងតែថ្វាយយញ្ញបូជា។ 2 ព្រះយេស៊ូមានព្រះបន្ទូលទៅគេវិញថា៖ «តើអ្នករាល់គ្នាស្មានថាអ្នកស្រុកកាលីឡេទាំងនោះជាមនុស្សបាប ច្រើនជាងអ្នកស្រុកកាលីឡេឯទៀតៗឬបានជាគេស្លាប់របៀបនេះ? 3 ទេ មិនមែនទេ! ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា បើអ្នករាល់គ្នាមិនកែប្រែចិត្ដគំនិតទេ អ្នករាល់គ្នានឹងត្រូវវិនាសអន្ដរាយដូចគេមិនខាន។ 4 ចុះមនុស្សដប់ប្រាំបីនាក់ដែលបានស្លាប់ ដោយប៉មស៊ីឡោមរលំសង្កត់លើ តើអ្នករាល់គ្នាស្មានថា អ្នកទាំងនោះមានទោសធ្ងន់ជាងអ្នកក្រុងយេរូសាឡឹមឯទៀតៗឬ? 5 ទេ មិនមែនទេ! ខ្ញុំសុំប្រាប់អ្នករាល់គ្នាថាបើអ្នករាល់គ្នាមិនកែប្រែចិត្ដគំនិតទេ អ្នករាល់គ្នានឹងត្រូវវិនាសអន្ដរាយដូច្នោះដែរ»។ 6 បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលជាប្រស្នានេះទៅគេថា៖ «មានឧទុម្ពរ មួយដើម ដុះក្នុងចំការបុរសម្នាក់។ ម្ចាស់ចំការមករកបេះផ្លែពីដើមឧទុម្ពរនោះ តែគ្មានផ្លែសោះ 7 គាត់ក៏ប្រាប់អ្នកថែចំការថា៖ «មើល៍ ខ្ញុំមករកបេះផ្លែ ឧទុម្ពរនេះបីឆ្នំាហើយ តែមិនឃើញមានផ្លែសោះ។ ចូរកាប់វាចោលទៅ ទុកនាំតែខាតដីទេ!»។ 8 អ្នកថែចំការឆ្លើយ តបថា៖ «សូមលោកទុកវាមួយឆ្នំាទៀតសិន ចំាខ្ញុំជ្រួយដីជុំវិញ ហើយដាក់ជី។ 9 ប្រហែលជាឆ្នំាក្រោយនឹងមានផ្លែ បើមិនផ្លែទេ សឹមកាប់វាចោលទៅចុះ!»។ 10 ថ្ងៃមួយ ជាថ្ងៃសប្ប័ទ ព្រះយេស៊ូកំពុងតែប្រៀនប្រដៅគេក្នុងសាលាប្រជុំ ។ 11 នៅទីនោះ មានស្ដ្រីម្នាក់ដែលត្រូវ វិញ្ញាណអាក្រក់ធ្វើអោយពិការ អស់រយៈពេលដប់ប្រាំបីឆ្នំាមកហើយ នាងកោងខ្នងងើបត្រង់ពុំកើត។ 12 ពេលព្រះយេស៊ូទតឃើញស្ដ្រីនោះ ព្រះអង្គហៅនាងមក ហើយមានព្រះបន្ទូលថា៖«នាងអើយ! នាងបានជាសះស្បើយហើយ»។ 13 ព្រះអង្គដាក់ព្រះហស្ដលើនាង នាងក៏ឈរត្រង់វិញបានមួយរំពេច ព្រមទាំងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ផង។ 14 ប៉ុន្ដែ អ្នកទទួលខុសត្រូវលើសាលាប្រជុំទាស់ចិត្ដណាស់ ដោយឃើញព្រះយេស៊ូប្រោសអ្នកជំងឺអោយបានជានៅថ្ងៃសប្ប័ទដូច្នេះ។ គាត់ក៏និយាយទៅកាន់បណ្ដាជនថា៖ «យើងមានសិទ្ធិធ្វើការបាន ចំនួនប្រាំមួយថ្ងៃ។ ដូច្នេះ ចូរអ្នករាល់គ្នាមករកព្យាបាលខ្លួនក្នុងថ្ងៃទាំងនោះចុះ កុំមកថ្ងៃសប្ប័ទឡើយ!»។ 15 ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់អ្នកទទួលខុសត្រូវលើសាលាប្រជុំនោះថា៖ «មនុស្សមានពុតអើយ! តើអ្នករាល់គ្នាមិនស្រាយគោ ឬ លា បញ្ចេញពីក្រោលដឹកទៅផឹកទឹកនៅថ្ងៃសប្ប័ទទេឬអី?។ 16 ឯស្ដ្រីនេះជាពូជពង្សរបស់លោកអប្រាហំា មារសាតាំងបានចងនាងអស់រយៈពេលដប់ប្រាំបីឆ្នំាមកហើយ តើមិនគួរអោយខ្ញុំស្រាយចំណងនាងនៅថ្ងៃសប្ប័ទទេឬអី?»។ 17 កាលព្រះអង្គមានព្រះបន្ទូលដូច្នោះហើយ អ្នកប្រឆាំងនឹងព្រះអង្គអៀនខ្មាសយ៉ាងខ្លាំង រីឯបណ្ដាជនទាំងមូលវិញ គេរីករាយនឹងការអស្ចារ្យទាំងប៉ុន្មានដែលព្រះអង្គបានធ្វើ។ 18 ព្រះយេស៊ូមានព្រះបន្ទូលថា៖ «តើព្រះរាជ្យព្រះជាម្ចាស់ប្រៀបបានទៅនឹងអ្វីខ្លះ? តើខ្ញុំប្រដូចព្រះរាជ្យព្រះជាម្ចាស់ ទៅនឹងអ្វី?។ 19 ព្រះរាជ្យព្រះជាម្ចាស់ប្រៀបបីដូចជាគ្រាប់ពូជម៉្យាងដ៏ល្អិត ដែលបុរសម្នាក់យកទៅដំាក្នុងចំការរបស់ខ្លួន។ គ្រាប់នោះក៏ដុះឡើង បានទៅជាដើមឈើមួយ ហើយបក្សាបក្សីមកធ្វើសំបុកស្នាក់អាស្រ័យ នៅតាមមែក របស់វា»។ 20 ព្រះយេស៊ូមានព្រះបន្ទូលទៀតថា៖ «តើខ្ញុំប្រដូចព្រះរាជ្យព្រះជាម្ចាស់ទៅនឹងអ្វី?។ 21 ព្រះរាជ្យ ព្រះជាម្ចាស់ប្រៀបបីដូចជាមេម្សៅ ដែលស្ដ្រីម្នាក់យកទៅលាយជាមួយនឹងម្សៅពីរតៅធ្វើអោយម្សៅ នោះដោរឡើង»។ 22 ព្រះយេស៊ូធ្វើដំណើរឆ្ពោះទៅក្រុងយេរូសាឡឹមកាត់តាមក្រុង តាមភូមិនានា ព្រមទាំងប្រៀនប្រដៅអ្នកស្រុកផង។ 23 មានបុរសម្នាក់ទូលសួរព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! អ្នកដែលព្រះជាម្ចាស់សង្គ្រោះមានចំនួនតិចទេឬ?»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ 24 «ចូរខំប្រឹងចូលតាមទ្វារចង្អៀត។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថាមានមនុស្សជាច្រើនខំចូលដែរ ក៏ប៉ុនែ្ដគេមិនអាចចូលបានឡើយ។ 25 កាលណាម្ចាស់ផ្ទះក្រោកទៅបិទទ្វារជិតហើយ អ្នករាល់គ្នានឹងឈរនៅខាងក្រៅគោះទ្វារផ្ទះទាំងអង្វរថា "ឱព្រះអម្ចាស់អើយ សូមបើកទ្វារអោយយើងខ្ញុំផង"។ ម្ចាស់ផ្ទះនឹងតបមកអ្នករាល់គ្នាថា "យើងមិនដឹងថាអ្នករាល់គ្នាមកពីណាទេ!"។ 26 អ្នករាល់គ្នាមុខជាជំរាបលោកថា "យើងខ្ញុំធ្លាប់បរិភោគជាមួយព្រះអង្គ ហើយព្រះអង្គក៏ធ្លាប់ប្រៀនប្រដៅយើងខ្ញុំ នៅតាមភូមិដែរ"។ 27 លោកនឹងប្រាប់អ្នករាល់គ្នាវិញថា "ពួកអ្នកប្រព្រឹត្ដអំពើទុច្ចរិតអើយ! ចូរថយចេញអោយឆ្ងាយពីយើងទៅ យើងមិនដឹងថាអ្នករាល់គ្នាមកពីណាទេ!"។ 28 កាលអ្នករាល់គ្នាឃើញលោកអប្រាហំា លោកអ៊ីសាក លោកយ៉ាកុប និង ព្យាការី ទាំងឡាយ ស្ថិតនៅក្នុងព្រះរាជ្យ ព្រះជាម្ចាស់ តែព្រះអង្គចោល អ្នករាល់គ្នាអោយនៅខាងក្រៅ អ្នករាល់គ្នានឹងយំសោកខឹងសង្កៀតធ្មេញ។ 29 មានមនុស្សមកពីទិសទាំងបួន ចូលរួមពិធីជប់លៀងក្នុងព្រះរាជ្យព្រះជាម្ចាស់។ 30 ពេលនោះ អ្នកខ្លះដែលនៅខាងក្រោយនឹងត្រឡប់ទៅនៅខាងមុខ រីឯអ្នកខ្លះដែលនៅខាងមុខ នឹងត្រឡប់ទៅនៅខាងក្រោយវិញ»។ 31 នៅពេលនោះ មានពួកខាងគណៈផារីស៊ី ខ្លះមកទូលព្រះយេស៊ូថា៖«សូមលោកអញ្ជើញទៅកន្លែងផ្សេងទៅ ព្រោះស្ដេចហេរ៉ូដចង់សម្លាប់លោក»។ 32 ព្រះយេស៊ូមានព្រះបន្ទូលតបវិញថា៖ «ចូរអ្នករាល់គ្នាទៅប្រាប់ស្ដេចកំហូច នោះថា ថ្ងៃនេះ និង ថ្ងៃស្អែក ខ្ញុំបណ្ដេញអារក្ស ខ្ញុំមើលអ្នកជំងឺអោយជា លុះដល់ខានស្អែកខ្ញុំនឹងបញ្ចប់កិច្ចការរបស់ខ្ញុំ។ 33 ប៉ុន្ដែនៅថ្ងៃនេះ ស្អែក និង ខានស្អែក ខ្ញុំត្រូវតែបន្ដដំណើររបស់ខ្ញុំទៅមុខទៀត ដ្បិតមិនគួរអោយព្យាការី ស្លាប់នៅខាងក្រៅក្រុងយេរូសាឡឹមឡើយ។ 34 អ្នកក្រុងយេរូសាឡឹម អ្នកក្រុងយេរូសាឡឹមអើយ! អ្នករាល់គ្នាបានសម្លាប់ពួកព្យាការី ហើយយកដុំថ្មគប់សម្លាប់អស់អ្នកដែលព្រះជាម្ចាស់បានចាត់អោយមករកអ្នក រាល់គ្នា។ ច្រើនលើកច្រើនសាមកហើយ ដែលខ្ញុំចង់ប្រមូលផ្ដុំអ្នករាល់គ្នា ដូចមេមាន់ក្រុងកូនវានៅក្រោមស្លាប តែអ្នករាល់គ្នាពុំព្រមសោះ។ 35 ផ្ទះរបស់អ្នករាល់គ្នានឹងត្រូវបោះបង់ចោល។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា អ្នករាល់គ្នានឹង លែងឃើញខ្ញុំទៀតហើយ រហូតដល់ពេលអ្នករាល់គ្នាពោលៈ "សូមព្រះជាម្ចាស់ប្រទានពរដល់ ព្រះអង្គដែលយាងមកក្នុងនាមព្រះអម្ចាស់!" »។

លូកា 14

1 មានថ្ងៃមួយជាថ្ងៃសប្ប័ទ ព្រះយេស៊ូយាងទៅសោយព្រះស្ងោយនៅផ្ទះរបស់មេដឹកនាំខាងគណៈផារីស៊ី ម្នាក់ អស់អ្នកដែលនៅផ្ទះនោះតាមឃ្លំាមើលព្រះអង្គ។ 2 មានបុរសម្នាក់កើតទាច ឈរនៅមុខព្រះអង្គ។ 3 ព្រះយេស៊ូមានព្រះបន្ទូលសួរទៅពួកបណ្ឌិតខាងវិន័យ និង ពួកខាងគណៈផារីស៊ី ថា៖ «តើយើងមានសិទ្ធិមើលអ្នកជំងឺអោយបានជា នៅថ្ងៃសប្ប័ទឬទេ?»។ 4 គេនៅស្ងៀមទាំងអស់គ្នា ព្រះយេស៊ូហៅអ្នកជំងឺមក ហើយប្រោសគាត់អោយជា រួចអោយគាត់ត្រឡប់ទៅវិញ។ 5 បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលថា៖ «ក្នុងចំណោមអ្នករាល់គ្នា បើអ្នកណាម្នាក់មានកូន ឬ គោធ្លាក់អណ្ដូង ទោះបីថ្ងៃនោះជាថ្ងៃសប្ប័ទក៏ដោយ ក៏អ្នកនោះស្រង់វាឡើងជាបន្ទាន់មិនខាន»។ 6 គេពុំអាចឆ្លើយ តបនឹងព្រះអង្គអំពីសេចក្ដីទាំងនេះបានឡើយ។ 7 ព្រះយេស៊ូសង្កេតឃើញភ្ញៀវៗចេះតែរើសកន្លែងកិត្ដិយសអង្គុយ ព្រះអង្គក៏មានព្រះបន្ទូលជាប្រស្នាទៅគេថា៖ 8 «បើមានគេអញ្ជើញអ្នកទៅជប់លៀង ក្នុងពិធីមង្គលការណាមួយ សុំកុំទៅអង្គុយកន្លែងដែលគេបំរុងទុក សំរាប់ភ្ញៀវ កិត្ដិយស ក្រែងលោគេបានអញ្ជើញភ្ញៀវម្នាក់ទៀត មានឋានៈខ្ពស់ជាងអ្នក។ 9 ប្រសិនបើម្ចាស់ផ្ទះបានអញ្ជើញអ្នកផង អញ្ជើញភ្ញៀវមានឋានៈខ្ពស់នោះផង គាត់មុខជាសុំអោយអ្នកទុកកន្លែងកិត្ដិយសជូនអ្នកមានឋានៈខ្ពស់ជាមិនខាន។ ពេលនោះអ្នកនឹងត្រូវអាម៉ាស់មុខ ហើយទៅអង្គុយកន្លែងអន់ជាងគេវិញ។ 10 ដូច្នេះ បើមានគេអញ្ជើញអ្នក ចូរទៅអង្គុយកន្លែងអន់ជាងគេសិន លុះដល់ម្ចាស់ផ្ទះពោលមកកាន់អ្នកថា "សំឡាញ់អើយ! សូមអ្នកមកអង្គុយនៅកន្លែងខាងមុខនេះវិញ" ពេលនោះ អ្នកនឹងមានកិត្ដិយស នៅចំពោះមុខភ្ញៀវទាំងអស់ដែលអង្គុយរួមតុជាមួយអ្នកជាមិនខាន។ 11 អ្នកណាលើកតម្កើងខ្លួនអ្នកនោះនឹងត្រូវគេបន្ទាបចុះ។ រីឯអ្នកដែលបន្ទាបខ្លួន នឹងត្រូវគេលើកតម្កើងវិញ»។ 12 បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់អ្នកដែលបានយាងព្រះអង្គមកសោយព្រះស្ងោយនោះថា៖«កាលណាអ្នកអញ្ជើញភ្ញៀវមកជប់លៀង ទោះបីថ្ងៃត្រង់ក្ដីល្ងាចក្ដី កុំអញ្ជើញមិត្ដភក្ដិបងប្អូន ញាតិសន្ដានរបស់អ្នក ឬ អ្នកជិតខាងដែលមានសម្បត្ដិស្ដុកស្ដម្ភនោះឡើយ ដ្បិតអ្នកទាំងនោះអញ្ជើញអ្នកតបស្នងវិញបាន។ 13 ផ្ទុយទៅវិញ ពេលណាអ្នកធ្វើពិធីជប់លៀងត្រូវអញ្ជើញអ្នកក្រីក្រ មនុស្សពិការ ខ្វិនខ្វាក់។ 14 ធ្វើដូច្នេះ អ្នកនឹងមានសុភមង្គល ជាមិនខាន ដ្បិតអ្នកទាំងនោះពុំអាចតបស្នងអ្នកបានឡើយ គឺព្រះជាម្ចាស់វិញទេដែលនឹងតបស្នងជូនអ្នក នៅពេលមនុស្សសុចរិតរស់ឡើងវិញ»។ 15 ក្រោយបានឮព្រះបន្ទូលទាំងនេះហើយ បុរសម្នាក់ដែលអង្គុយរួមតុជាមួយព្រះយេស៊ូ ទូលព្រះអង្គថា៖«អ្នកណាបានចូលរួមពិធីជប់លៀងក្នុងព្រះរាជ្យ របស់ព្រះជាម្ចាស់ អ្នកនោះប្រាកដជា មានសុភមង្គល ហើយ!»។ 16 ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «មានបុរសម្នាក់រៀបពិធីជប់លៀងមួយយ៉ាងធំ ហើយលោកបានអញ្ជើញ ភ្ញៀវជាច្រើន។ 17 លុះដល់ម៉ោងជប់លៀង លោកចាត់អ្នកបំរើអោយទៅប្រាប់ភ្ញៀវថា "ម្ហូបអាហារបានរៀបចំស្រេច ហើយសូមអញ្ជើញមក!"។ 18 ប៉ុន្ដែ ភ្ញៀវទាំងនោះដោះសាបន្ដបន្ទាប់គ្នា ម្នាក់និយាយទៅកាន់អ្នកបំរើថា "ខ្ញុំទើបនឹងទិញដីចំការមួយកន្លែង ខ្ញុំត្រូវតែចេញទៅមើលឥឡូវនេះ សូមមេត្ដាអភ័យទោសអោយខ្ញុំផង"។ 19 ម្នាក់និយាយថា "ខ្ញុំទើបនឹងទិញគោប្រាំនឹម ខ្ញុំត្រូវតែទៅទឹមវាសាក លមើលសូមមេត្ដាអភ័យទោសអោយខ្ញុំផង"។ 20 ម្នាក់ទៀតពោលថា "ខ្ញុំទើបនឹងរៀបការប្រពន្ធខ្ញុំពុំអាចទៅចូលរួមក្នុងពិធីជប់លៀងបានឡើយ"។ 21 អ្នកបំរើវិលទៅជួបម្ចាស់ របស់ខ្លួនវិញ ហើយជំរាបលោកតាមដំណើររឿង។ ម្ចាស់ផ្ទះក៏ខឹង លោកប្រាប់ទៅអ្នកបំរើថា "ចូរប្រញាប់ចេញទៅ តាមទីផ្សារ ទៅតាមផ្លូវនានាក្នុងទីក្រុង ហើយប្រមូលមនុស្សក្រីក្រ មនុស្សពិការ និង មនុស្សខ្វាក់ខ្វិនមក"។ 22 បន្ដិចក្រោយមក អ្នកបំរើជំរាបចៅហ្វាយវិញថា "លោកម្ចាស់! ខ្ញុំបាទបានធ្វើតាមបង្គាប់របស់លោកហើយតែកន្លែងអង្គុយនៅមាន សល់ទៀត"។ 23 ម្ចាស់ផ្ទះប្រាប់ទៅអ្នកបំរើទៀតថា "ចូរទៅតាមផ្លូវស្រុកស្រែ តាមកៀនរបង ហើយបង្ខំមនុស្សម្នាអោយចូលមកពេញផ្ទះខ្ញុំ។ 24 ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ក្នុងចំណោមអស់អ្នកដែលខ្ញុំបានអញ្ជើញកាលពីមុននោះ គ្មាននរណាម្នាក់បានបរិភោគក្នុងពិធីជប់លៀងរបស់ខ្ញុំឡើយ!"»។ 25 មានមហាជនជាច្រើនធ្វើដំណើរជាមួយព្រះយេស៊ូ។ ព្រះអង្គបែរព្រះភ័ក្ដ្រទៅរកគេ ហើយមានព្រះបន្ទូលថា៖ 26 «បើអ្នកណាចង់មកតាមខ្ញុំ តែមិនស្រឡាញ់ខ្ញុំខ្លំាងជាងឪពុកម្ដាយ ប្រពន្ធ កូន បងប្អូនប្រុសស្រី និង ជីវិតខ្លួនទេ អ្នកនោះពុំអាចធ្វើជាសិស្សរបស់ខ្ញុំបានឡើយ។ 27 អ្នកណាមិនលីឈើឆ្កាងរបស់ខ្លួន មកតាមខ្ញុំទេ អ្នកនោះក៏ពុំអាចធ្វើជាសិស្សរបស់ខ្ញុំបានដែរ។ 28 ក្នុងចំណោមអ្នករាល់គ្នា ប្រសិនបើនរណាម្នាក់ចង់សង់ផ្ទះថ្មធំមួយ អ្នកនោះត្រូវអង្គុយគិតគូរមើលថ្លៃសង់ជាមុនសិនដើម្បីអោយដឹងថា តើខ្លួនមានប្រាក់ល្មមនឹងបង្ហើយសំណង់ ឬ យ៉ាងណា 29 ក្រែងលោចាក់គ្រឹះហើយ តែមិនអាចបង្ហើយបាន មនុស្សម្នាឃើញ មុខជាសើចចំអកអោយមិនខាន។ 30 គេនឹងពោល "មើលបុរសនេះសង់ផ្ទះ តែមិនអាចបង្ហើយបានទេ!"។ 31 ម៉្យាងទៀត ប្រសិនបើមានស្ដេចមួយអង្គចេញទៅធ្វើសឹកសង្គ្រាម តទល់នឹងស្ដេចមួយអង្គទៀត ទ្រង់ត្រូវគង់គិតគូរជាមុនសិនថា បើទ្រង់មានទ័ពមួយម៉ឺននាក់ តើទ្រង់អាចតទល់នឹងបច្ចាមិត្ដដែលមានគ្នាពីរម៉ឺននាក់បានឬយ៉ាងណា 32 បើឃើញថាមិនអាចតទល់បានទេ នោះទ្រង់នឹងចាត់រាជទូតអោយទៅសុំចរចារកសន្ដិភាព ក្នុងពេលដែលស្ដេចមួយអង្គទៀតនៅឆ្ងាយនៅឡើយ។ 33 ដូច្នេះ ក្នុងចំណោមអ្នករាល់គ្នា បើអ្នកណាមិនលះបង់អ្វីៗទាំងអស់ដែលខ្លួនមានទេ អ្នកនោះមិនអាចធ្វើជាសិស្ស របស់ខ្ញុំបានឡើយ»។ 34 «អំបិលជារបស់មួយសំខាន់ណាស់។ ប៉ុន្ដែ បើវាបាត់ជាតិប្រៃហើយ តើធ្វើម្ដេចនឹងអោយវាប្រៃវិញបាន?។ 35 វាគ្មានសារប្រយោជន៍អ្វីទៀតទេ ទោះបីយកទៅលាយដីឬ លាយជី ក៏មិនកើតដែរ មានតែចាក់ចោលទៅខាងក្រៅប៉ុណ្ណោះ។ អស់អ្នកដែលឮពាក្យនេះ សូមយកទៅពិចារណាចុះ!»។

លូកា 15

1 មានអ្នកទារពន្ធ និង មនុស្សបាបទាំងអស់ នាំគ្នាចូលមកជិតព្រះយេស៊ូ ស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គ។ 2 ពួកខាងគណៈផារីស៊ី និង ពួកអាចារ្យ រអ៊ូរទំាថា៖«មើល៍! អ្នកនេះរាក់ទាក់នឹងមនុស្សបាបព្រមទាំងបរិភោគជាមួយគេផង!»។ 3 ព្រះយេស៊ូមានព្រះបន្ទូលទៅគេ ជាប្រស្នានេះថា៖ 4 «ក្នុងចំណោមអ្នករាល់គ្នា ឧបមាថាមានម្នាក់មានចៀមមួយរយក្បាល បើគាត់បាត់ចៀមមួយ គាត់មុខជាទុកចៀមកៅសិបប្រាំបួនចោលនៅទីវាល ហើយទៅតាមរកចៀម ដែលបាត់នោះ រហូតទាល់តែបានឃើញវិញ។ 5 កាលរកឃើញហើយ គាត់ត្រេកអរណាស់គាត់ក៏លើកចៀមដាក់លើ ក 6 ត្រឡប់មកផ្ទះវិញ ហៅមិត្ដភក្ដិ និង អ្នកជិតខាង ប្រាប់ថា "សូមជួយអរសប្បាយជាមួយខ្ញុំផងដ្បិតចៀមរបស់ខ្ញុំដែលបាត់ទៅនោះ ឥឡូវនេះ ខ្ញុំរកឃើញវិញហើយ"។ 7 ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្រះជាម្ចាស់នៅស្ថាន បរមសុខមានអំណរសប្បាយ ដោយមានមនុស្សបាបតែម្នាក់កែប្រែចិត្ដគំនិត ខ្លាំងជាងព្រះអង្គសប្បាយនឹងមនុស្សសុចរិតកៅសិបប្រាំបួននាក់ ដែលមិនត្រូវការកែប្រែចិត្ដគំនិត»។ 8 «ម៉្យាងទៀត ឧបមាថា ស្ដ្រីម្នាក់មានប្រាក់ដប់ដួង ហើយបាត់មួយដួង គាត់មុខជាអុជចង្កៀងបោសផ្ទះរកប្រាក់នោះ គ្រប់កៀនកោះរហូតទាល់តែបានឃើញវិញ។ 9 លុះរកឃើញហើយ គាត់ក៏ហៅមិត្ដភក្ដិ និង អ្នកជិតខាង ប្រាប់ថា "សូមជួយអរសប្បាយជាមួយខ្ញុំផង ដ្បិតប្រាក់ដួង ដែលខ្ញុំបាត់នោះ ឥឡូវនេះ ខ្ញុំរកឃើញវិញហើយ"។ 10 ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ទេវតា របស់ព្រះជាម្ចាស់នឹងមានអំណរសប្បាយជាខ្លាំង ដោយមានមនុស្សបាបតែម្នាក់កែប្រែចិត្ដគំនិត»។ 11 ព្រះយេស៊ូមានព្រះបន្ទូលទៀតថា៖«មានបុរសមួយរូបមានកូនប្រុសពីរនាក់។ 12 កូនពៅនិយាយទៅឪពុកថា"លោកឪពុក! សូមចែកកេរមត៌កអោយកូនមក"។ ឪពុកក៏ចែកមត៌កអោយកូន។ 13 ប៉ុន្មានថ្ងៃក្រោយមក កូនពៅ ប្រមូលទ្រព្យសម្បត្ដិ រួចចាកចេញទៅស្រុកឆ្ងាយ។ នៅស្រុកនោះ កូនពៅបានខ្ជះខ្ជាយបង្ហិនទ្រព្យសម្បត្ដិរបស់ខ្លួនអស់ទៅ។ 14 ពេលចាយវាយទ្រព្យសម្បត្ដិអស់ហើយ ជួនជាកើតទុរ្ភិក្សយ៉ាងខ្លាំងនៅក្នុងស្រុក កូនពៅនោះចាប់ផ្ដើមខ្វះខាត។ 15 គាត់ក៏ទៅស៊ីឈ្នួលអ្នកស្រុកម្នាក់ គេប្រើគាត់អោយមើលជ្រូកតាមស្រែចំការ។ 16 គាត់ចង់ចំអែតក្រពះនឹងចំណីដែលគេដាក់អោយជ្រូកស៊ីនោះណាស់ តែគ្មានអ្នកណាអោយបរិភោគឡើយ។ 17 ពេលនោះ កូនពៅភ្ញាក់ខ្លួន ហើយរិះគិតក្នុងចិត្ដថា "អ្នកបំរើរបស់ឪពុកអញសុទ្ធតែមានម្ហូបអាហារបរិភោគហូរហៀរទាំងអស់គ្នា រីឯនៅទីនេះវិញអញសឹងតែដាច់ពោះស្លាប់។ 18 អញត្រូវតែវិលត្រឡប់ទៅរកឪពុកអញវិញ ហើយជំរាបគាត់ថា លោកឪពុក កូនបានប្រព្រឹត្ដអំពើបាបខុសនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់ កូនក៏បានប្រព្រឹត្ដអំពើបាបខុសនឹងលោកឪពុកដែរ។ 19 មិនគួរអោយលោកឪពុករាប់ខ្ញុំនេះជាកូនទៀតទេ សូមលោកឪពុកចាត់ទុកកូនជាអ្នកបំរើចុះ"។ 20 លុះគិតដូច្នោះ ហើយកូនពៅក៏វិលត្រឡប់ទៅរកឪពុកវិញ។ កាលឪពុកឃើញកូនពីចម្ងាយ គាត់មានចិត្ដអាណិតអាសូរក្រៃលែងក៏រត់ទៅទទួលកូន ហើយឱបថើបទៀតផង។ 21 កូនពៅជំរាបឪពុកថាៈ"លោកឪពុក កូនបានប្រព្រឹត្ដអំពើបាបខុស នឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់កូនក៏បានប្រព្រឹត្ដអំពើបាបខុសនឹងលោកឪពុកដែរ មិនគួរអោយលោកឪពុក រាប់ខ្ញុំនេះ ជាកូនទៀតទេ"។ 22 ឪពុកប្រាប់ពួកអ្នកបំរើថា "ចូរទៅយកសម្លៀកបំពាក់ល្អៗបំផុត មកពាក់អោយកូន ខ្ញុំជាប្រញាប់ហើយយកចិញ្ចៀន និង ស្បែកជើងមកពាក់អោយផង។ 23 ចូរយកកូនគោដែលយើងបានបំប៉នទុកមក កាប់ជប់លៀងអោយសប្បាយចុះ 24 ដ្បិតកូនខ្ញុំនេះបានស្លាប់ទៅហើយ តែឥឡូវរស់ឡើងវិញ វាវង្វេងបាត់ តែឥឡូវនេះ ខ្ញុំរកឃើញវិញហើយ"។ គេនាំគ្នាជប់លៀងយ៉ាងសប្បាយ។ 25 ពេលនោះ កូនច្បងនៅឯចំការ។ កាលគាត់ត្រឡប់មកជិតដល់ផ្ទះវិញ ឮស្នូរតូរ្យតន្ដ្រី និង ចំរៀងរបាំ 26 គាត់ហៅអ្នកបំរើម្នាក់មកសួរថា មានការអ្វីកើតឡើង។ 27 អ្នកបំរើឆ្លើយថា "ប្អូនលោកត្រឡប់មកវិញហើយ។ ឪពុករបស់លោកអោយគេកាប់កូនគោដែលយើងបំប៉ននោះ ព្រោះកូនពៅរបស់លោកបានត្រឡប់មកវិញ ដោយសុខសាន្ដ"។ 28 កូនច្បងខឹងណាស់ មិនព្រមចូលផ្ទះទេ ឪពុក ចេញមកអង្វរអោយចូល។ 29 កូនច្បងនិយាយទៅឪពុកថា "ខ្ញុំបាននៅបំរើលោកជាច្រើនឆ្នំាមកហើយ ខ្ញុំមិនដែល ធ្វើខុសនឹងបទបញ្ជារបស់លោកត្រង់ណាឡើយ តែលោកមិនដែលអោយកូនពពែ ដើម្បីអោយខ្ញុំកាប់ជប់លៀងជាមួយមិត្ដភក្ដិទាល់តែសោះ សូម្បីតែមួយក៏មិនដែលផង។ 30 ពេលកូនលោកត្រឡប់មកវិញ លោកបានកាប់កូនគោបំប៉នទទួលវាមើល៍ វានេះ បានបំផ្លាញទ្រព្យសម្បត្ដិលោកទាំងអស់ ជាមួយស្រីញី"។ 31 ឪពុកនិយាយទៅកូនថា"កូនអើយ ឯងនៅជាមួយឪពុកជានិច្ចរហូតណាកូនអ្វីៗទាំងអស់ដែលជារបស់ឪពុក ក៏ជារបស់កូនដែរ។ 32 យើងត្រូវតែសប្បាយរីករាយ ដ្បិតប្អូនរបស់ឯងដែលបានស្លាប់ទៅនោះ ឥឡូវនេះ រស់ឡើងវិញហើយ។ វាបានវង្វេងបាត់ តែឥឡូវនេះ យើងរកឃើញវិញហើយ"»។

លូកា 16

1 ព្រះយេស៊ូមានព្រះបន្ទូល ទៅកាន់សិស្ស ថា៖ «មានសេដ្ឋីមួយរូប បានប្រគល់មុខងារអោយអ្នកបំរើម្នាក់មើលខុសត្រូវលើទ្រព្យសម្បត្ដិរបស់លោក។ មានគេមកជំរាបលោកថា អ្នកនោះបានចាយវាយទ្រព្យសម្បត្ដិលោកយ៉ាងខ្ជះខ្ជាយ។ 2 សេដ្ឋីក៏ហៅអ្នកមើលខុសត្រូវមកប្រាប់ថា"ចូរគិតបញ្ជីយកមកអោយខ្ញុំ អ្នកមិនអាចមើលខុសត្រូវលើទ្រព្យសម្បត្ដិខ្ញុំតទៅទៀតបានឡើយ ព្រោះសេចក្ដីដែលខ្ញុំបានឮគេនិយាយអំពីអ្នក មិនល្អសោះ"។ 3 អ្នកបំរើនោះរិះគិត ក្នុងចិត្ដថា "ចៅហ្វាយលែងអោយអញទទួលខុសត្រូវលើទ្រព្យសម្បត្ដិលោកទៀតហើយ។ តើអញគិតទៅធ្វើការ អ្វីវិញហ្ន៎? អញគ្មានកម្លំាងនឹងកាប់គាស់ដីទេបើដើរសុំទានខ្មាសគេ។ 4 អូ៎! នឹកឃើញហើយ គួរធ្វើយ៉ាងនេះ ដើម្បីអ្នកស្រុកទទួលអញអោយស្នាក់នៅផ្ទះគេ នៅពេលអញឈប់កាន់កាប់ការងារនេះ"។ 5 គាត់ក៏ហៅកូនបំណុលរបស់ចៅហ្វាយអោយចូលមកម្នាក់ម្ដងៗគាត់សួរអ្នកទីមួយថា "តើអ្នកជំពាក់ចៅហ្វាយខ្ញុំប៉ុន្មាន?"។ 6 កូនបំណុលនោះឆ្លើយថា "ប្រេងមួយរយប៉ោត"។ អ្នកបំរើប្រាប់ថា "នេះនែ៎! យកបញ្ជីរបស់អ្នក ហើយអង្គុយចុះ សរសេរយ៉ាងប្រញាប់ ដាក់ថា ជំពាក់ហាសិបប៉ោត"។ 7 បន្ទាប់មកគាត់សួរម្នាក់ទៀតថា "តើអ្នកជំពាក់ចៅហ្វាយខ្ញុំប៉ុន្មានដែរ?"។ កូនបំណុលនោះឆ្លើយថា"ស្រូវប្រាំរយថំាង"។ អ្នកបំរើប្រាប់ថា "នែ៎! យកបញ្ជីរបស់អ្នកហើយសរសេរដាក់ថាជំពាក់បួនរយថំាង"។ 8 ម្ចាស់ក៏សរសើរអ្នកបំរើដែលប៉ិនប្រសប់បោកបញ្ឆោត។ មនុស្សក្នុងលោកនេះ តែងតែប៉ិនប្រសប់រកស៊ីជាមួយគ្នា ជាងអស់អ្នកដែលស្គាល់ពន្លឺរបស់ព្រះជាម្ចាស់ទៅទៀត»។ 9 «ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ចូរយកទ្រព្យសម្បត្ដិលោកីយ៍ដែលបញ្ឆោតចិត្ដនេះ ទៅធ្វើទាន ដើម្បីអោយមានមិត្ដភក្ដិច្រើន។ ពេលណាទ្រព្យនេះរលាយសូន្យទៅមិត្ដភក្ដិទាំងនោះ នឹងទទួលអ្នករាល់គ្នា នៅក្នុងដំណាក់របស់ព្រះជាម្ចាស់។ 10 អ្នកណាស្មោះត្រង់ក្នុងកិច្ចការដ៏តូច អ្នកនោះក៏ស្មោះត្រង់ក្នុងកិច្ចការធំដុំដែរ។ អ្នកណាបោកបញ្ឆោតក្នុងកិច្ចការដ៏តូច អ្នកនោះក៏តែងបោកបញ្ឆោតក្នុងកិច្ចការធំដុំដែរ។ 11 ប្រសិនបើអ្នករាល់គ្នាមិនស្មោះត្រង់ក្នុងរបៀបប្រើប្រាស់ទ្រព្យសម្បត្ដិលោកីយ៍ដែលបញ្ឆោតចិត្ដនេះទេ ព្រះជាម្ចាស់ ក៏ពុំអាចប្រគល់ទ្រព្យសម្បត្ដិដ៏ពិត ប្រាកដមកអ្នករាល់គ្នាបានដែរ។ 12 ប្រសិនបើអ្នករាល់គ្នាមិនស្មោះត្រង់នឹងទ្រព្យសម្បត្ដិអ្នកដទៃផង ធ្វើម្ដេចអោយព្រះជាម្ចាស់ប្រទានទ្រព្យសម្បត្ដិដែលព្រះអង្គបំរុងទុកសំរាប់អ្នករាល់គ្នា មកអ្នករាល់គ្នាបាន! 13 គ្មានអ្នកណាអាចបំរើម្ចាស់ពីរនាក់បានទេព្រោះអ្នកនោះនឹងស្អប់ម្នាក់ស្រឡាញ់ម្នាក់ ស្មោះត្រង់នឹងម្នាក់ មើលងាយម្នាក់ទៀតពុំខាន។ អ្នករាល់គ្នាពុំអាចគោរពបំរើព្រះជាម្ចាស់ផង គោរពបំរើទ្រព្យសម្បត្ដិលោកីយ៍ផងបានឡើយ»។ 14 កាលពួកខាងគណៈផារីស៊ី ឮដូច្នោះ គេក៏ចំអកអោយព្រះយេស៊ូ ដ្បិតពួកគេស្រឡាញ់ប្រាក់ណាស់។ 15 ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នាតែងតែសំដែងឫកពាអោយមនុស្សលោកឃើញថា អ្នករាល់គ្នាជា ជនសុចរិត ប៉ុន្ដែ ព្រះជាម្ចាស់ឈ្វេងយល់ចិត្ដអ្នករាល់គ្នា។ អ្វីៗដែលមនុស្សលោកយល់ឃើញថាល្អប្រសើរ ព្រះជាម្ចាស់ចាត់ទុកថាជាការគួរ អោយស្អប់ខ្ពើម។ 16 គម្ពីរវិន័យ និង គម្ពីរព្យាការី បានប្រៀនប្រដៅមនុស្សតាំងពីដើមរៀងមក រហូតដល់លោកយ៉ូហានបាទីស្ដមកដល់។ ប៉ុន្ដែ តាំងពីពេលនោះមក មនុស្សម្នាបានឮដំណឹងល្អ អំពីព្រះរាជ្យ ព្រះជាម្ចាស់ ហើយគ្រប់គ្នាខំប្រឹងចូល។ 17 ផ្ទៃមេឃផែនដីនឹងរលាយសូន្យទៅ តែក្រឹត្យវិន័យមិន រលាយឡើយ សូម្បីតែតួអក្សរមួយដ៏តូច ក៏មិនរលាយបាត់ផង។ 18 បុរសណាលែងភរិយា ហើយទៅរៀបការនឹងស្ដ្រីម្នាក់ទៀត បុរសនោះបានប្រព្រឹត្ដអំពើផិតក្បត់។ រីឯបុរសណារៀបការនឹងស្ដ្រីប្ដីលែង បុរសនោះក៏បានប្រព្រឹត្ដ អំពើផិតក្បត់ដែរ»។ 19 «មានបុរសម្នាក់ជាអ្នកមាន គាត់ប្រើសុទ្ធតែសម្លៀកបំពាក់ល្អៗ ធ្វើពីក្រណាត់សំពត់ថ្លៃៗ។ គាត់រស់នៅដោយ សប្បាយមានម្ហូបអាហារឆ្ងាញ់ៗបរិបូណ៌រាល់ថ្ងៃ។ 20 មានបុរសម្នាក់ទៀតជាអ្នកក្រ ឈ្មោះឡាសារ គាត់កើតដំបៅ ពេញខ្លួន ហើយតែងដេកនៅមាត់ទ្វាររបងផ្ទះអ្នកមាននោះ។ 21 អ្នកឡាសារចង់បរិភោគកំទេចម្ហូបអាហារដែលជ្រុះ ពីតុអ្នកមាននោះណាស់ ហើយក៏មានឆ្កែមកលិទ្ធដំបៅគាត់ទៀតផង។ 22 ថ្ងៃមួយ អ្នកក្រនោះស្លាប់ទៅ ពួកទេវតា នាំគាត់យកទៅដាក់ក្បែរលោកអប្រាហំា នៅស្ថានបរមសុខ។ រីឯអ្នកមានក៏ស្លាប់ដែរ គេយកសពគាត់ទៅបញ្ចុះក្នុងផ្នូរ។ 23 នៅស្ថានមនុស្សស្លាប់ អ្នកមាននោះរងទុក្ខទារុណកម្មយ៉ាងខ្លាំង គាត់ងើបមុខទៅលើឃើញ លោកអប្រាហំាពីចម្ងាយ ហើយឃើញអ្នកឡាសារនៅក្បែរលោកដែរ។ 24 គាត់ស្រែកអង្វរលោកអប្រាហំាថា "លោកឪពុកអើយ! សូមអាណិតមេត្ដាខ្ញុំផង។ សូមលោកឪពុកប្រាប់ឡាសារអោយយកម្រាមដៃជ្រលក់ទឹក បន្ដក់លើអណ្ដាតខ្ញុំបន្ដិច ព្រោះនៅក្នុងភ្លើងនេះ ខ្ញុំឈឺចុកចាប់ណាស់"។ 25 លោកអប្រាហំាមានប្រសាសន៍ថា "កូនអើយ! ចូរនឹកចាំថា កាលកូនមានជីវិតនៅឡើយ កូនស្គាល់តែសប្បាយ រីឯឡាសារវិញ គ្នាស្គាល់តែទុក្ខ។ ឥឡូវនេះ ឡាសារបានសុខក្សេមក្សាន្ដហើយតែកូនវិញ កូនត្រូវឈឺចុកចាប់។ 26 ម៉្យាងទៀត មានលំហមួយយ៉ាងធំខណ្ឌយើងពីអ្នករាល់គ្នា ទោះបីអ្នកណាចង់ឆ្លងពីស្ថាននេះទៅរកអ្នករាល់គ្នា ក៏ឆ្លងមិនបានឡើយ ទោះបីមានអ្នកណាចង់ឆ្លងពីអ្នករាល់គ្នាមករកយើង ក៏ឆ្លងមិនបានដែរ"។ 27 អ្នកមាននោះអង្វរថា"លោកឪពុកអើយ! សូមលោកឪពុកមេត្ដាចាត់ឡាសារអោយទៅផ្ទះឪពុកខ្ញុំផង 28 ខ្ញុំមានបងប្អូនប្រាំនាក់។ សូមអោយឡាសារទៅប្រាប់គេអោយដឹងខ្លួន កុំអោយគេមកកន្លែងរងទុក្ខទារុណកម្មនេះ"។ 29 លោកអប្រាហំាឆ្លើយថា "បងប្អូនរបស់កូនបានឮពាក្យប្រៀនប្រដៅរបស់លោកម៉ូសេ និង ពាក្យប្រៀនប្រដៅរបស់ពួកព្យាការីហើយ អោយគេធ្វើតាមពាក្យលោកទាំងនោះចុះ"។ 30 អ្នកមានតបទៅលោកអប្រាហំាថា "ទេ! លោកឪពុក ទាល់តែមានអ្នកណាម្នាក់ ពីចំណោមមនុស្សស្លាប់ ទៅប្រាប់គេ ទើបគេកែប្រែចិត្ដគំនិត"។ 31 ប៉ុន្ដែ លោកអប្រាហំាឆ្លើយតបវិញថា "ប្រសិនបើគេមិនធ្វើតាមពាក្យប្រៀនប្រដៅរបស់លោកម៉ូសេ និង ពាក្យប្រៀនប្រដៅរបស់ព្យាការីទេ ទោះបីមានមនុស្សស្លាប់បានរស់ឡើងវិញ ទៅប្រាប់គេក៏ដោយ ក៏គេមិនព្រមជឿដែរ"»។

លូកា 17

1 ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ពួកសិស្ស ថា៖ «មានមូលហេតុជាច្រើន ដែលតែងតែបណ្ដាលអោយមនុស្សប្រព្រឹត្ដអំពើបាប។ ប៉ុន្ដែ អ្នកណានាំគេអោយប្រព្រឹត្ដអំពើបាប អ្នកនោះត្រូវវេទនាហើយ។ 2 ចំពោះអ្នកនោះ ប្រសិនបើគេយកត្បាល់ថ្មយ៉ាងធំមកចងកទម្លាក់ទៅក្នុងសមុទ្រប្រសើរជាងទុកអោយគាត់នៅរស់ ហើយនាំមនុស្សតូចតាចណាម្នាក់ប្រព្រឹត្ដអំពើបាប។ 3 ដូច្នេះ អ្នករាល់គ្នាត្រូវប្រយ័ត្នខ្លួន!ប្រសិនបើបងប្អូនណាធ្វើអ្វីខុសចំពោះអ្នក ចូរស្ដីប្រដៅគាត់ផង តែបើគាត់កែប្រែចិត្ដគំនិត ចូរអត់ទោសអោយគាត់ទៅ។ 4 ប្រសិនបើគាត់ធ្វើអ្វីខុសចំពោះអ្នក ប្រាំពីរដងក្នុងមួយថ្ងៃ ហើយបើគាត់ត្រឡប់មករកអ្នកទាំងប្រាំពីរដង ដោយពោល "ខ្ញុំស្ដាយដោយបានធ្វើខុស "ចូរអត់ទោសអោយគាត់ទៅ»។ 5 ពួកសាវ័ក ទូលព្រះអម្ចាស់ថា៖«សូមព្រះអង្គប្រទានជំនឿមកយើងខ្ញុំថែមទៀត»។ 6 ព្រះអម្ចាស់មានព្រះបន្ទូលឆ្លើយថា៖ «ប្រសិនបើអ្នករាល់គ្នាមានជំនឿ ប៉ុនគ្រាប់ពូជមួយដ៏ល្អិត ហើយបើអ្នករាល់គ្នានិយាយទៅកាន់ដើមឈើនេះថា "ចូររំលើងឫសឯង ទៅដុះក្នុងសមុទ្រទៅ!" វាមុខជាស្ដាប់បង្គាប់អ្នករាល់គ្នាមិនខាន»។ 7 «ក្នុងចំណោមអ្នករាល់គ្នាឧបមាថា នរណាម្នាក់មានអ្នកបំរើ ទៅភ្ជួរស្រែ ឬ ឃ្វាលហ្វូងសត្វ។ ពេលអ្នកបំរើនោះវិលត្រឡប់មកពីស្រែវិញ ម្ចាស់មិនដែលនិយាយថា "សូមអញ្ជើញមកពិសាបាយ" ទេ។ 8 ផ្ទុយទៅវិញ ម្ចាស់តែងតែនិយាយទៅកាន់អ្នកបំរើថា "ចូររៀបចំបាយទឹកអោយខ្ញុំ រួចទៅផ្លាស់ខោអាវមកបំរើខ្ញុំ ពេលខ្ញុំបរិភោគចាំខ្ញុំបរិភោគរួច សឹមអ្នកបរិភោគតាមក្រោយ"។ 9 ម្ចាស់មិនដែលអរគុណអ្នកបំរើ ដែលបានធ្វើតាមបង្គាប់ខ្លួននោះឡើយ។ 10 រីឯអ្នករាល់គ្នាវិញក៏ដូច្នោះដែរកាលណាអ្នករាល់គ្នាបានបំពេញតាមព្រះបញ្ជារបស់ព្រះជាម្ចាស់ សព្វគ្រប់ហើយចូរពោល "យើងខ្ញុំគ្រាន់តែជាអ្នកបំរើធម្មតាប៉ុណ្ណោះ គឺយើងខ្ញុំបានបំពេញកិច្ចការដែលយើងខ្ញុំត្រូវធ្វើ"»។ 11 កាលព្រះយេស៊ូកំពុងយាងឆ្ពោះទៅក្រុងយេរូសាឡឹម ព្រះអង្គយាងកាត់តាមស្រុកសាម៉ារី និង ស្រុកកាលីឡេ។ 12 ពេលព្រះអង្គយាងចូលក្នុងភូមិមួយ មានមនុស្សឃ្លង់ដប់នាក់មករកព្រះអង្គ។ គេឈរពីចម្ងាយ 13 ស្រែកឡើងថា៖«លោកគ្រូយេស៊ូអើយ!សូមអាណិតមេត្ដាយើងខ្ញុំផង»។ 14 ព្រះយេស៊ូទតមើលគេហើយមានព្រះបន្ទូលថា៖«ចូរអ្នករាល់គ្នាទៅបង្ហាញខ្លួនអោយពួកបូជាចារ្យ ឃើញចុះ»។ ពេលអ្នកទាំងនោះចេញដំណើរទៅ គេក៏បានជាស្អាតបរិសុទ្ធ ទាំងអស់គ្នា។ 15 ពេលឃើញខ្លួនបានជាសះស្បើយដូច្នេះ មានម្នាក់ក្នុងចំណោមអ្នកទាំងនោះត្រឡប់មកវិញ ទាំងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ដោយបន្លឺសំឡេងខ្លាំងៗផង។ 16 គាត់ក្រាបទៀបព្រះបាទាព្រះយេស៊ូ អោនក្បាលដល់ដី ហើយអរព្រះគុណព្រះអង្គ អ្នកនោះជាអ្នកស្រុកសាម៉ារី។ 17 ព្រះយេស៊ូមានព្រះបន្ទូលថា៖ «តើទាំងដប់នាក់មិនបានជាស្អាតបរិសុទ្ធគ្រប់ៗគ្នាទេឬ ចុះប្រាំបួននាក់ទៀតនៅឯណា? 18 មានតែជនបរទេសម្នាក់វិលត្រឡប់មកវិញ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់!»។ 19 ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ទៀតថា៖«ចូរក្រោកឡើងអញ្ជើញទៅចុះ ជំនឿរបស់អ្នកបានសង្គ្រោះអ្នកហើយ»។ 20 ពួកខាងគណៈផារីស៊ី ទូលសួរព្រះយេស៊ូថា ព្រះជាម្ចាស់នឹងយាងមកគ្រងរាជ្យនៅពេលណា។ ព្រះអង្គមានព្រះបន្ទូលតបទៅគេថា៖ «ព្រះរាជ្យព្រះជាម្ចាស់មិនមែនមក តាមបែបដែលមនុស្សអាចមើលឃើញនឹងភ្នែកបានឡើយ។ 21 គេពុំអាចពោល "ព្រះរាជ្យព្រះជាម្ចាស់នៅទីនេះ ឬ ព្រះរាជ្យព្រះជាម្ចាស់នៅទីនោះ"បានទេ។ ចូរដឹងថា ព្រះរាជ្យព្រះជាម្ចាស់ស្ថិតនៅកណ្ដាលចំណោមអ្នករាល់គ្នាហើយ»។ 22 បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅកាន់ សិស្ស ថា៖«ពេលក្រោយអ្នករាល់គ្នាចង់ឃើញថ្ងៃដែលបុត្រមនុស្ស យាងមកសូម្បីតែមួយថ្ងៃក៏បានដែរ តែអ្នក រាល់គ្នាពុំឃើញឡើយ។ 23 ពេលមានគេប្រាប់អ្នករាល់គ្នាថា "ព្រះអង្គនៅទីនេះ ឬ នៅទីនោះ"កុំរត់ទៅអោយសោះ។ 24 បុត្រមនុស្សនឹងយាងមកប្រៀបបីដូចជាផ្លេកបន្ទោរភ្លឺឆ្វាច ឆូតកាត់ពីជើងមេឃម្ខាងទៅជើងមេឃម្ខាង។ 25 ប៉ុន្ដែ បុត្រមនុស្សត្រូវតែរងទុក្ខវេទនាយ៉ាងខ្លាំងជាមុនសិន ហើយមនុស្សសម័យឥឡូវនេះនឹងបោះបង់លោកចោល។ 26 នៅគ្រាដែលបុត្រមនុស្សយាងមក ក៏ដូចនៅជំនាន់លោកណូអេ ដែរ។ 27 កាលណោះមនុស្សម្នាគិតតែស៊ីផឹក រៀបការប្ដីប្រពន្ធ រហូតដល់ថ្ងៃលោកណូអេចូលក្នុងទូកធំ ហើយទឹកជំនន់ឡើងលិចបំផ្លាញមនុស្សអស់។ 28 នៅគ្រាបុត្រមនុស្សយាងមក ក៏ដូចកាលនៅជំនាន់លោកឡុត ដែរ កាលណោះមនុស្សម្នាស៊ីផឹក លក់ដូរ ដំាដំណាំ និង សង់ផ្ទះ។ 29 ប៉ុន្ដែ នៅថ្ងៃដែលលោកឡុតចាកចេញពីក្រុងសូដុម មានភ្លើង និង ស្ពាន់ធ័របង្អុរពីលើមេឃមកដូច ភ្លៀង បំផ្លាញអ្នកក្រុងទាំងអស់គ្នាទៅ។ 30 នៅថ្ងៃដែលបុត្រមនុស្សបង្ហាញខ្លួន ក៏នឹងមានហេតុការណ៍ដូច្នោះដែរ។ 31 នៅថ្ងៃនោះ អ្នកនៅលើដំបូលផ្ទះ ហើយមានរបស់របរទុកនៅក្នុងផ្ទះ កុំចុះទៅយកឡើយ។ រីឯអ្នកនៅចំការក៏ដូច្នោះដែរ កុំវិលត្រឡប់ទៅផ្ទះវិញអោយសោះ។ 32 ចូរនឹកចាំអំពីរឿងដែលកើតមានដល់ភរិយាលោកឡុត។ 33 អ្នកដែលខំរក្សាជីវិតរបស់ខ្លួននឹងបាត់បង់ជីវិត រីឯអ្នកដែលបាត់បង់ជីវិតនឹងបានរួចជីវិតវិញ។ 34 ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា នៅយប់នោះបើមានពីរនាក់ដេកលើគ្រែជាមួយគ្នា ព្រះជាម្ចាស់យកម្នាក់ទៅ ទុកម្នាក់ទៀតអោយនៅ។ 35 បើស្ដ្រីពីរនាក់កិនស្រូវជាមួយគ្នា ព្រះជាម្ចាស់យកម្នាក់ទៅ ទុកម្នាក់ទៀតអោយនៅ។ 36 បើមានបុរសពីរនាក់នៅក្នុងចំការព្រះជាម្ចាស់យកម្នាក់ទៅ ទុកម្នាក់ទៀតអោយនៅ»។ 37 ពួកសិស្ស ទូលសួរព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់ តើហេតុការណ៍ទាំងនេះនឹងកើតមាន នៅទីណា?»។ ព្រះអង្គមានព្រះបន្ទូលតបថា៖ «សាកសពនៅទីណា ត្មាតក៏នឹងមកជុំគ្នានៅទីនោះដែរ»។

លូកា 18

1 បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលជាប្រស្នា ពន្យល់សិស្ស អោយដឹងថា ត្រូវតែអធិស្ឋានជានិច្ច មិនត្រូវរសាយចិត្ដឡើយ៖ 2 «នៅក្នុងក្រុងមួយ មានចៅក្រមម្នាក់ ជាមនុស្សមិនកោតខ្លាចព្រះជាម្ចាស់ ហើយមិនកោតក្រែងនរណាឡើយ។ 3 មានស្ដ្រីមេម៉ាយម្នាក់នៅក្នុងក្រុងនោះដែរ គាត់តែងមកអង្វរចៅក្រមថា "សូមលោករកយុត្ដិធម៌អោយនាងខ្ញុំផង"។ 4 ប៉ុន្ដែ ចៅក្រមមិនព្រមកាត់ក្ដីអោយភ្លាមៗទេ លោកចេះតែពន្យារពេលយ៉ាងយូរ។ ក្រោយមក លោកនឹកក្នុងចិត្ដថា "ទោះបីអញមិនកោតខ្លាចព្រះជាម្ចាស់ មិនកោតក្រែងនរណាក៏ដោយ 5 ក៏អញត្រូវតែកាត់ក្ដី អោយស្ដ្រីមេម៉ាយនេះដែរ ព្រោះគាត់ចេះតែមករំអុកអញគ្រប់ពេលវេលា។ បើអញមិនកាត់ក្ដីអោយគាត់ទេ មុខជាគាត់មករំខានអញមិនចេះចប់មិនចេះហើយ"»។ 6 ព្រះអម្ចាស់មានព្រះបន្ទូលបន្ថែមទៀតថា៖«ចូរពិចារណាពាក្យរបស់ចៅក្រមដ៏អាក្រក់នេះចុះ។ 7 ចំណង់បើព្រះជាម្ចាស់វិញ ព្រះអង្គរឹតតែរកយុត្ដិធម៌អោយអស់អ្នកដែលព្រះអង្គបានជ្រើសរើស ហើយដែលអង្វរព្រះអង្គ ទាំងយប់ ទាំងថ្ងៃ ព្រះអង្គគ្រាន់តែបង្អង់ប៉ុណ្ណោះ។ 8 ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្រះអង្គនឹងរកយុត្ដិធម៌អោយគេ ក្នុងរយៈពេលដ៏ខ្លី។ ប៉ុន្ដែ ពេលបុត្រមនុស្ស មកដល់ តើលោកឃើញមនុស្សមានជំនឿនៅលើផែនដីនេះឬទេ?»។ 9 ព្រះអង្គមានព្រះបន្ទូលជាប្រស្នាមួយទៀត ទៅកាន់អ្នកខ្លះដែលនឹកស្មានថាខ្លួនជាមនុស្សសុចរិត ហើយបែរជាមើលងាយអ្នកដទៃ។ 10 ព្រះអង្គមានព្រះបន្ទូលថា៖«មានបុរសពីរនាក់ឡើងទៅអធិស្ឋាន ក្នុងព្រះវិហារ ។ ម្នាក់ខាងគណៈផារីស៊ី ម្នាក់ទៀតជាអ្នកទារពន្ធ ។ 11 បុរសខាងគណៈផារីស៊ីឈរអធិស្ឋានក្នុងចិត្ដថា"បពិត្រព្រះជាម្ចាស់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ព្រោះទូលបង្គំមិនដូចជនឯទៀតៗទេ អ្នកទាំងនោះសុទ្ធតែជាចោរ ជាមនុស្សទុច្ចរិត ជាមនុស្សប្រព្រឹត្ដអំពើផិតក្បត់ ហើយទូលបង្គំក៏មិនដូចអ្នកទារពន្ធនេះដែរ 12 ទូលបង្គំតមអាហារ ពីរដងក្នុងមួយអាទិត្យ ហើយទូលបង្គំថ្វាយរបស់អ្វីៗទាំងអស់ដែលទូលបង្គំរកបាន មួយភាគដប់ដល់ព្រះអង្គ"។ 13 រីឯអ្នកទារពន្ធគាត់ឈរនៅពីចម្ងាយមិនទាំងហ៊ានងើបមុខផង។ គាត់គក់ទ្រូង ទូលថា "ឱព្រះជាម្ចាស់អើយ! សូមអាណិតមេត្ដាទូលបង្គំជាមនុស្សបាបផង"។ 14 ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្រះជាម្ចាស់ប្រោសអ្នកទារពន្ធនេះអោយបានសុចរិត ហើយគាត់ត្រឡប់ទៅផ្ទះវិញ រីឯបុរសខាងគណៈផារីស៊ីមិនបានសុចរិតទេ។ អ្នកណាលើកតម្កើងខ្លួន អ្នកនោះនឹងត្រូវគេបន្ទាបចុះ រីឯអ្នកដែលបន្ទាបខ្លួននឹងត្រូវគេលើកតម្កើងវិញ»។ 15 មានមនុស្សម្នាបីទារកមកអោយព្រះយេស៊ូដាក់ព្រះហស្ដលើវា។ ឃើញដូច្នោះ ពួកសិស្ស ស្ដីបន្ទោសគេ 16 តែព្រះយេស៊ូសុំអោយគេយកទារកទាំងនោះមកជិតព្រះអង្គ រួចទ្រង់មានព្រះបន្ទូលថា៖ «ទុកអោយក្មេងៗមករកខ្ញុំចុះ កុំឃាត់ពួកវាឡើយ ដ្បិតមានតែអ្នកមានចិត្ដដូចក្មេងទាំងនេះទេ ទើបចូលទៅក្នុងព្រះរាជ្យ ព្រះជាម្ចាស់បាន។ 17 ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាមិនព្រមទទួលព្រះរាជ្យព្រះជាម្ចាស់ដូចក្មេងតូចមួយទេ អ្នកនោះចូលក្នុងព្រះរាជ្យព្រះអង្គមិនបានឡើយ»។ 18 មាននាម៉ឺនម្នាក់ទូលសួរព្រះយេស៊ូថា៖ «លោកគ្រូដ៏សប្បុរសអើយ! តើខ្ញុំត្រូវធ្វើអ្វី ដើម្បីអោយបានទទួលជីវិតអស់កល្បជានិច្ច ទុកជាមត៌ក?»។ 19 ព្រះយេស៊ូមានព្រះបន្ទូលតបថា៖«ហេតុអ្វីបានជាលោកថាខ្ញុំសប្បុរសដូច្នេះ? ក្រៅពីព្រះជាម្ចាស់មួយព្រះអង្គ គ្មាននរណាម្នាក់សប្បុរសឡើយ។ 20 លោកស្គាល់បទបញ្ជា ស្រាប់ហើយថា"កុំប្រព្រឹត្ដអំពើផិតក្បត់កុំសម្លាប់មនុស្ស កុំលួចទ្រព្យសម្បត្ដិគេ កុំនិយាយកុហកធ្វើអោយគេមានទោស ចូរគោរពមាតាបិតា"។ 21 បុរសនោះទូលព្រះយេស៊ូថា "ខ្ញុំបានប្រតិបត្ដិតាមបទបញ្ជាទាំងនេះតាំងតែពីក្មេងមក"។ 22 ព្រះយេស៊ូឮ ដូច្នេះ ទ្រង់មានព្រះបន្ទូលថា៖ «នៅសល់កិច្ចការមួយទៀតដែលលោកមិនទាន់ធ្វើ គឺត្រូវយកអ្វីៗទាំងអស់ដែលលោកមានទៅលក់ ហើយចែកអោយជនក្រីក្រ។ ធ្វើដូច្នេះ លោកនឹងបានសម្បត្ដិសួគ៌ រួចសឹមអញ្ជើញមកតាមខ្ញុំចុះ»។ 23 ពេលនាម៉ឺននោះឮដូច្នេះ គាត់ព្រួយចិត្ដយ៉ាងខ្លាំង ដ្បិតគាត់ជាអ្នកមានស្ដុកស្ដម្ភ។ 24 កាលព្រះយេស៊ូឃើញគាត់ព្រួយចិត្ដ ព្រះអង្គមានព្រះបន្ទូលថា៖ «អ្នកមានពិបាកនឹងចូលទៅក្នុងព្រះរាជ្យ ព្រះជាម្ចាស់ណាស់ 25 សត្វអូដ្ឋ ចូលតាមប្រហោងម្ជុល ងាយជាងអ្នកមានចូលក្នុងព្រះរាជ្យព្រះជាម្ចាស់ទៅទៀត»។ 26 អស់អ្នកដែលឮព្រះបន្ទូលរបស់ព្រះអង្គ ពោលឡើងថា៖«បើដូច្នេះ តើអ្នកណាអាចទទួលការសង្គ្រោះបាន?»។ 27 ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖ «ការអ្វីដែលមនុស្សធ្វើពុំកើត ព្រះជាម្ចាស់ធ្វើកើតទាំងអស់»។ 28 លោកពេត្រុសទូលព្រះអង្គថា៖ «ព្រះអង្គទតឃើញស្រាប់ហើយ អ្វីៗដែលយើងខ្ញុំមាន យើងខ្ញុំបានលះបង់ចោលទាំងអស់ ហើយមកតាមព្រះអង្គ»។ 29 ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាលះបង់ផ្ទះសម្បែង ប្រពន្ធ កូន ឪពុកម្ដាយ និង បងប្អូន ដោយយល់ដល់ព្រះរាជ្យព្រះជាម្ចាស់ 30 អ្នកនោះនឹងទទួលបានយ៉ាងច្រើនលើសលប់ នៅពេលឥឡូវនេះ ព្រមទាំងមានជីវិតអស់កល្បជានិច្ច នៅពេលខាងមុខថែមទៀតផង»។ 31 ព្រះយេស៊ូនាំសាវ័ក ទាំងដប់ពីររូប ចេញទៅជាមួយព្រះអង្គ។ ទ្រង់មានព្រះបន្ទូលទៅគេថា៖ «ឥឡូវនេះ យើងឡើងទៅក្រុងយេរូសាឡឹម អ្វីៗទាំងអស់ដែលព្យាការី បានចែងទុក អំពីបុត្រមនុស្ស នឹងកើតមាននៅទីនោះ 32 គេនឹងបញ្ជូនលោកទៅក្នុងកណ្ដាប់ដៃរបស់សាសន៍ដទៃ ពួកនោះនឹងចំអកត្មះតិះដៀលលោក ព្រមទាំងស្ដោះទឹកមាត់ដាក់លោកផង។ 33 គេនឹងយករំពាត់វាយលោក រួចប្រហារជីវិតលោក។ ប៉ុន្ដែ បីថ្ងៃក្រោយមកលោកនឹងរស់ឡើងវិញ»។ 34 ពួកសាវ័កពុំបានយល់ព្រះបន្ទូលនោះទេ ហើយក៏មិនដឹងថា ព្រះយេស៊ូមានព្រះបន្ទូលអំពីរឿងអ្វីផង ព្រោះអត្ថន័យនៅលាក់កំបាំងនៅឡើយ។ 35 កាលព្រះយេស៊ូយាងមកជិតដល់ក្រុងយេរីខូ មានមនុស្សខ្វាក់ម្នាក់ អង្គុយសុំទាននៅតាមផ្លូវ។ 36 ពេលគាត់ឮ ស្នូរបណ្ដាជនដើរតាមនោះ គាត់សួរគេថាមានរឿងអ្វី 37 គេប្រាប់គាត់ថា ព្រះយេស៊ូជាអ្នកភូមិណាសារ៉ែតយាងមកតាមផ្លូវនោះ។ 38 មនុស្សខ្វាក់ក៏ស្រែកឡើងថា៖ «ឱព្រះយេស៊ូ ជាព្រះរាជវង្សព្រះបាទដាវីឌអើយ! សូមអាណិតមេត្ដាទូលបង្គំផង!»។ 39 ពួកអ្នកដែលដើរខាងមុខបានឃាត់គាត់អោយនៅស្ងៀម ប៉ុន្ដែ គាត់ស្រែករឹតតែខ្លាំងឡើងៗ ថា៖«ឱព្រះរាជវង្សព្រះបាទដាវីឌអើយ សូមអាណិតមេត្ដាទូលបង្គំផង!»។ 40 ព្រះយេស៊ូក៏ឈប់ ហើយបញ្ជាគេអោយ នាំគាត់ចូលមកជិតព្រះអង្គ។ លុះមនុស្សខ្វាក់ដើរចូលមក ព្រះយេស៊ូមានព្រះបន្ទូលសួរគាត់ថា៖ 41 «តើអ្នកចង់អោយខ្ញុំធ្វើអ្វី?»។ គាត់ទូលព្រះអង្គថា៖«បពិត្រព្រះអម្ចាស់! សូមព្រះអង្គប្រោសអោយភ្នែកទូលបង្គំ បានភ្លឺឡើងវិញផង»។ 42 ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ជំនឿរបស់អ្នកបានសង្គ្រោះអ្នកហើយ ចូរអោយភ្នែកអ្នកបានភ្លឺ ឡើងវិញចុះ»។ 43 រំពេចនោះគាត់មើលឃើញវិញភ្លាម ហើយគាត់ក៏តាមព្រះយេស៊ូទាំងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់។ ប្រជាជនទាំងមូលបានឃើញហេតុការណ៍នោះ គេសរសើរតម្កើងព្រះជាម្ចាស់ទាំងអស់គ្នា។

លូកា 19

1 ព្រះយេស៊ូមកដល់ក្រុងយេរីខូ ហើយយាងកាត់ទីក្រុង។ 2 មានបុរសម្នាក់ឈ្មោះសាខេ ជាមេលើអ្នកទារពន្ធ គាត់មានទ្រព្យសម្បត្ដិយ៉ាងច្រើន។ 3 គាត់ចង់ឃើញព្រះយេស៊ូមានភិនភាគយ៉ាងណា ប៉ុន្ដែ ដោយមានមនុស្សច្រើន ពេក ហើយដោយគាត់មានមាឌតូចទៀតផងនោះ គាត់មើលព្រះអង្គមិនឃើញទេ។ 4 គាត់រត់ទៅខាងមុខ ឡើងដើមឈើមួយដើម ចាំមើលព្រះយេស៊ូ ព្រោះព្រះអង្គត្រូវយាងកាត់តាមនោះ។ 5 កាលព្រះយេស៊ូយាងមកដល់ ព្រះអង្គងើបព្រះភ័ក្ដ្រឡើង ហើយមានព្រះបន្ទូលទៅគាត់ថា៖ «លោកសាខេអើយ! សូមអញ្ជើញចុះមកជាប្រញាប់ ដ្បិតថ្ងៃនេះ ខ្ញុំត្រូវស្នាក់នៅផ្ទះលោក»។ 6 លោកសាខេក៏ចុះមកជាប្រញាប់ ហើយទទួលព្រះយេស៊ូដោយអំណរ។ 7 កាលមនុស្សទាំងអស់ឃើញដូច្នោះ គេរអ៊ូរទំាថា៖ «មើល៍! លោកនេះទៅស្នាក់នៅផ្ទះមនុស្សបាប!»។ 8 លោកសាខេក្រោកឈរឡើង ទូលព្រះអម្ចាស់ថា៖ «បពិត្រព្រះអម្ចាស់! ទូលបង្គំនឹងចែកទ្រព្យសម្បត្ដិរបស់ទូលបង្គំ ចំនួនពាក់កណ្ដាលដល់មនុស្សក្រីក្រ ហើយប្រសិនបើទូលបង្គំទារពន្ធពីអ្នកណាហួសកំរិត ទូលបង្គំនឹងសងអ្នកនោះវិញមួយជាបួន»។ 9 ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖«ថ្ងៃនេះ ការសង្គ្រោះបានមកដល់ផ្ទះនេះហើយ ដ្បិតបុរសនេះជាពូជពង្សរបស់លោកអប្រាហំាដែរ។ 10 បុត្រមនុស្សបានមក ដើម្បីស្វែងរក និង សង្គ្រោះមនុស្សដែលវិនាសបាត់បង់»។ 11 កាលព្រះយេស៊ូយាងមកជិតដល់ក្រុងយេរូសាឡឹមហើយ ព្រះអង្គមានព្រះបន្ទូលជាប្រស្នាមួយទៀតទៅកាន់អស់អ្នកដែលស្ដាប់ព្រះអង្គ ដ្បិតអ្នកទាំងនោះនឹកស្មានថា ព្រះរាជ្យ ព្រះជាម្ចាស់នឹងមកដល់ភ្លាមៗនេះជាមិនខាន។ 12 ព្រះអង្គមានព្រះបន្ទូលថា៖ «មានបុរសម្នាក់ជាអ្នកមានត្រកូលខ្ពស់ចេញដំណើរទៅស្រុកឆ្ងាយ ដើម្បីនឹងទទួល រាជាភិសេក។ កាលណាទទួលរាជាភិសេកហើយ លោកនឹងត្រឡប់មកវិញ។ 13 មុនពេលចេញដំណើរទៅ លោកបានហៅអ្នកបំរើរបស់លោកដប់នាក់មក ប្រគល់ប្រាក់អោយគេមួយណែនម្នាក់ៗ ទាំងផ្ដាំថា "ចូរយកប្រាក់ នេះទៅរកស៊ី រហូតដល់ខ្ញុំត្រឡប់មកវិញ"។ 14 រីឯអ្នកស្រុកនោះស្អប់លោក បានជាគេចាត់អ្នកតំណាងអោយទៅតាមក្រោយនាំពាក្យថា "យើងខ្ញុំមិនចង់អោយលោកនេះធ្វើស្ដេចលើយើងខ្ញុំជាដាច់ខាត"។ 15 លុះបានទទួលរាជាភិសេកហើយ ព្រះរាជាក៏យាងត្រឡប់មកវិញ។ ទ្រង់កោះហៅអ្នកបំរើទាំងដប់នាក់ ដែលទ្រង់បានប្រគល់ប្រាក់ណែននោះមកសួរ ដើម្បីអោយដឹងថាម្នាក់ៗរកស៊ីចំណេញបានប៉ុន្មាន។ 16 អ្នកបំរើទីមួយចូលមកគាល់ ទូលថា "បពិត្រព្រះអម្ចាស់! ប្រាក់ដែលព្រះអង្គប្រទានមក ទូលបង្គំចំណេញបានដប់ណែន"។ 17 ព្រះរាជាមានរាជឱង្ការទៅអ្នកនោះថា "ល្អហើយ! អ្នកបំរើដ៏ប្រសើរអើយ យើងតែងតាំងអ្នកអោយគ្រប់គ្រងលើក្រុងដប់ ដ្បិតអ្នកបានស្មោះត្រង់នឹងកិច្ចការមួយ ដ៏តូចនេះ"។ 18 អ្នកបំរើទីពីរចូលមក ទូលថា "បពិត្រព្រះអម្ចាស់! ប្រាក់ដែលព្រះអង្គប្រទានមកទូលបង្គំចំណេញ បានប្រាំណែន"។ 19 ព្រះរាជាមានរាជឱង្ការទៅគាត់ថា"យើងតែងតាំងអ្នកអោយគ្រប់គ្រងលើក្រុងប្រាំ"។ 20 អ្នកបំរើម្នាក់ទៀតចូលមក ទូលថា "បពិត្រព្រះអម្ចាស់ នេះនែ៎ប្រាក់របស់ព្រះអង្គ ទូលបង្គំបានវេចទុកក្នុងកន្សែង។ 21 ទូលបង្គំនឹកខ្លាចព្រះអង្គ ដ្បិតទ្រង់ប្រិតប្រៀងណាស់។ ព្រះអង្គតែងប្រមូលយកអ្វីៗដែលមិនមែនជារបស់ព្រះអង្គ ហើយតែងច្រូតយកផលពីស្រែដែលទ្រង់មិនបានសាបព្រោះ"។ 22 ព្រះរាជាមានរាជឱង្ការទៅអ្នកបំរើនោះថា"នែ៎អ្នកបំរើអាក្រក់! យើងនឹងកាត់ទោសអ្នកអោយស្របតាមពាក្យសំដីរបស់អ្នក។ អ្នកដឹងស្រាប់ហើយថា យើងជាមនុស្សប្រិតប្រៀង យើងប្រមូលយកអ្វីៗដែលមិនមែនជារបស់យើង ហើយច្រូតយកផលពីស្រែដែលយើងមិនបានសាបព្រោះ 23 ហេតុដូចម្ដេចបានជាអ្នកមិនយកប្រាក់របស់យើងទៅចងការ ដើម្បីអោយយើងអាចទទួលទាំងដើម ទាំងការនៅពេលយើងត្រឡប់មកវិញ?"។ 24 បន្ទាប់មក ព្រះរាជាបញ្ជាទៅអ្នកដែលនៅទីនោះថា "ចូរយកប្រាក់ពីអ្នកនេះ ប្រគល់អោយអ្នកដែលមានដប់ណែនទៅ"។ 25 អ្នកទាំងនោះទូលស្ដេចថា "បពិត្រព្រះអម្ចាស់! គាត់មានប្រាក់ដប់ណែនហើយ"។ 26 ព្រះរាជាមានរាជឱង្ការតបថា "យើងសុំប្រាប់អ្នករាល់គ្នាថា អ្នកណាមានហើយ អ្នកនោះនឹងទទួលថែមទៀត។ រីឯអ្នកដែលគ្មានវិញ គេនឹងដកហូតនូវអ្វីៗដែលអ្នកនោះមាន សូម្បីតែបន្ដិចបន្ដួចក៏មិនសល់ផង។ 27 ម៉្យាងទៀត ពួកខ្មំាងសត្រូវដែលមិនចង់អោយយើងគ្រងរាជ្យលើគេទេនោះ ចូរនាំគេមក ហើយសម្លាប់ចោលនៅមុខយើងចុះ"»។ 28 កាលព្រះយេស៊ូមានព្រះបន្ទូលដូច្នោះហើយ ព្រះអង្គក៏យាងនាំមុខបណ្ដាជន ឡើងទៅក្រុងយេរូសាឡឹម។ 29 លុះព្រះអង្គយាងជិតដល់ភូមិបេតផាសេ និង ភូមិបេតថានី ដែលនៅចង្កេះភ្នំដើមអូលីវ ព្រះអង្គចាត់សិស្ស ពីររូបអោយទៅមុន 30 ដោយមានព្រះបន្ទូលថា៖ «ចូរទៅភូមិខាងមុខនោះ ពេលអ្នកទៅដល់ អ្នកនឹងឃើញកូនលាមួយដែលគេចងនៅទីនោះ ពុំទាន់មាននរណាជិះនៅឡើយទេ ចូរស្រាយវាដឹកមក។ 31 ប្រសិនបើមានគេសួរថា"ហេតុអ្វីបានជាអ្នកស្រាយវា? " ចូរឆ្លើយទៅគេថា "ព្រះអម្ចាស់ត្រូវការវា"»។ 32 សិស្សទាំងពីរក៏ចេញទៅ ហើយឃើញដូចព្រះយេស៊ូមានព្រះបន្ទូលប្រាប់គេមែន។ 33 ពេលគេកំពុងស្រាយកូនលា ម្ចាស់វាសួរថា៖ «ហេតុអ្វីបានជាអ្នកស្រាយលានេះ?» 34 សិស្សឆ្លើយថា៖ «ព្រះអម្ចាស់ត្រូវការវា»។ 35 បន្ទាប់មក អ្នកទាំងពីរដឹកកូនលាយកមកថ្វាយព្រះយេស៊ូ ហើយក្រាលអាវធំរបស់ខ្លួនលើខ្នងវា ថ្វាយព្រះអង្គគង់។ 36 នៅពេលព្រះអង្គយាងទៅមុខ មនុស្សម្នាយកអាវធំរបស់ខ្លួនមកក្រាលតាមផ្លូវ។ 37 កាលព្រះយេស៊ូយាងតាមផ្លូវដែលចុះពីភ្នំដើមអូលីវ មកជិតដល់ក្រុងយេរូសាឡឹម មានសិស្សច្រើនកុះករអរសប្បាយ នាំគ្នាបន្លឺសំឡេងសរសើរ តម្កើងព្រះជាម្ចាស់អំពីការអស្ចារ្យទាំងប៉ុន្មានដែលគេបានឃើញ។ 38 គេពោល៖ «សូមព្រះជាម្ចាស់ប្រទានពរដល់ ព្រះមហាក្សត្រដែលយាងមក ក្នុងព្រះនាមព្រះអម្ចាស់! សូមសន្ដិភាពកើតពីស្ថានបរមសុខ មក សូមលើកតម្កើង សិរីរុងរឿងរបស់ព្រះអង្គ នៅស្ថានដ៏ខ្ពង់ខ្ពស់បំផុត!»។ 39 មានអ្នកខាងគណៈផារីស៊ី ខ្លះដែលនៅក្នុងចំណោមបណ្ដាជន ទូលព្រះយេស៊ូថា៖«លោកគ្រូសូមឃាត់សិស្សរបស់លោកអោយនៅស្ងៀមផង!»។ 40 ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងថា ប្រសិនបើអ្នកទាំងនេះនៅស្ងៀម ដុំថ្មមុខជាស្រែកជំនួសគេវិញមិនខាន»។ 41 កាលព្រះយេស៊ូយាងជិតដល់ក្រុងយេរូសាឡឹម ព្រះអង្គទតឃើញទីក្រុង ហើយទ្រង់ព្រះកន្សែងនឹកអាណិតក្រុងនោះ ទាំងមានព្រះបន្ទូលថា៖ 42 «យេរូសាឡឹមអើយ! គួរអោយស្ដាយពេក នៅថ្ងៃនេះ អ្នកពុំបានយល់ហេតុការណ៍ដែលផ្ដល់សេចក្ដីសុខសាន្ដមកអ្នកសោះ ដោយអត្ថន័យនៅលាក់កំបាំងនៅឡើយ អ្នកពុំអាចមើលឃើញបានទេ។ 43 នៅពេលខាងមុខ ខ្មំាងសត្រូវនឹងមកបោះទ័ពឡោមព័ទ្ធជុំវិញអ្នក ហើយវាយប្រហារអ្នកពីគ្រប់ទិស 44 គេនឹងកំទេចអ្នកចោល ព្រមទាំងសម្លាប់អ្នកក្រុងអោយវិនាសបង់ផង។ គេមិនទុកអោយដុំថ្ម នៅត្រួតពីលើគ្នា ក្នុងក្រុងទៀតឡើយ ដ្បិតអ្នកពុំបានទទួលស្គាល់ពេលកំណត់ដែលព្រះជាម្ចាស់បានយាងមកសង្គ្រោះអ្នកទេ»។ 45 ព្រះយេស៊ូយាងចូលព្រះវិហារ ហើយដេញអ្នកលក់ដូរចេញពីទីនោះ 46 ដោយមានព្រះបន្ទូលទៅគេថា៖«ក្នុងគម្ពីរមានចែងថា "ដំណាក់របស់យើងជាកន្លែងសំរាប់អធិស្ឋាន" តែអ្នករាល់គ្នាបែរជាយកធ្វើសំបុកចោរ ទៅវិញ»។ 47 ព្រះយេស៊ូបានបង្រៀនគេ នៅក្នុងព្រះវិហារជារៀងរាល់ថ្ងៃ។ ក្រុមនាយកបូជាចារ្យ ពួកអាចារ្យ និង ពួកមន្ដ្រី នាំគ្នារកមធ្យោបាយធ្វើគុតព្រះអង្គ។ 48 ប៉ុន្ដែ គេមិនដឹងជាត្រូវប្រើវិធីណាឡើយ ដ្បិតប្រជាជនទាំងមូលប្រឹងស្ដាប់ព្រះបន្ទូលព្រះអង្គ ដោយយកចិត្ដទុកដាក់។

លូកា 20

1 ថ្ងៃមួយ ព្រះយេស៊ូកំពុងតែបង្រៀនប្រជាជននៅក្នុងព្រះវិហារ ព្រមទាំងផ្សព្វផ្សាយដំណឹងល្អ មានក្រុមនាយកបូជាចារ្យ និង ពួកអាចារ្យ នាំគ្នាមកជាមួយពួកព្រឹទ្ធាចារ្យ 2 ទូលសួរព្រះអង្គថា៖ «សុំលោកប្រាប់អោយយើងដឹងផង លោកធ្វើការទាំងនេះ ដោយអាងលើអំណាចអ្វី? តើនរណាប្រគល់អំណាចអោយលោក?»។ 3 ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ខ្ញុំសុំសួរសំនួរមួយដល់អស់លោកដែរ សូមប្រាប់ខ្ញុំមើល៍ 4 តើនរណាចាត់លោកយ៉ូហានអោយមកធ្វើពិធីជ្រមុជទឹក ? ព្រះជាម្ចាស់ ឬ មនុស្ស?»។ 5 គេពិគ្រោះគ្នាថា៖ «បើយើងឆ្លើយថា "ព្រះជាម្ចាស់ចាត់លោកយ៉ូហានអោយមក "គាត់មុខជាសួរយើងថា"ហេតុអ្វីបានជាអ្នករាល់គ្នាមិនជឿលោកយ៉ូហាន?"។ 6 បើយើងឆ្លើយថា "មនុស្សចាត់លោកអោយមក" ប្រជាជនទាំងមូលមុខជាយកដុំថ្មគប់សម្លាប់យើងមិនខាន ដ្បិតគេជឿជាក់ថា លោកយ៉ូហានពិតជាព្យាការី មែន»។ 7 ដូច្នេះ គេឆ្លើយទៅព្រះយេស៊ូថា៖ «យើងមិនដឹងទេ មិនដឹងជាអ្នកណាចាត់លោកយ៉ូហានអោយមកធ្វើពិធីជ្រមុជទឹក ឡើយ»។ 8 ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖«រីឯខ្ញុំវិញ ខ្ញុំក៏មិនប្រាប់អស់លោកថា ខ្ញុំធ្វើការទាំងនេះដោយអាងលើអំណាចអ្វីដែរ»។ 9 បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលទៅប្រជាជនជាប្រស្នាដូចតទៅ៖ «មានបុរសម្នាក់បានដាំទំពំាងបាយជូរមួយចំការ ហើយប្រវាស់អោយពួកកសិករមើលថែទំា រួចចេញដំណើរពីស្រុកនោះអស់រយៈពេលយ៉ាងយូរ។ 10 លុះដល់ទំពាំងបាយជូរទុំ គាត់ចាត់អ្នកបំរើម្នាក់អោយមកជួបពួកអ្នកថែចំការ ដើម្បីទទួលយកផលដែលជាចំណែករបស់គាត់ ប៉ុន្ដែ ពួកកសិករបានវាយដំអ្នកបំរើ ហើយបណ្ដេញអោយត្រឡប់ទៅវិញដៃទទេ។ 11 ម្ចាស់ចំការក៏ចាត់អ្នកបំរើម្នាក់ទៀតអោយមកប៉ុន្ដែពួកកសិករបានវាយដំអ្នកនេះដែរ ហើយជេរបណ្ដេញអោយត្រឡប់ទៅវិញដៃទទេ។ 12 គាត់ក៏ចាត់អ្នកបំរើម្នាក់ទៀតអោយមកជាលើកទីបី។ អ្នកថែចំការបានវាយដំអ្នកបំរើនេះអោយរបួស ហើយបោះទៅខាងក្រៅចំការ។ 13 ម្ចាស់ចំការគិតថា "តើខ្ញុំត្រូវធ្វើដូចម្ដេច? ខ្ញុំនឹងចាត់កូនប្រុសដ៏ជាទីស្រឡាញ់ របស់ខ្ញុំអោយទៅម្ដង គេមុខជាគោរពកោតខ្លាចកូនខ្ញុំពុំខាន។ 14 ប៉ុន្ដែ ពេលពួកកសិករឃើញកូនប្រុសម្ចាស់ចំការ មកដល់ គេពិគ្រោះគ្នាថា "អ្នកនេះជាអ្នកទទួលកេរមត៌កពីម្ចាស់ចំការទៅថ្ងៃក្រោយ បើយើងសម្លាប់វាចោល ចំការនេះនឹងធ្លាក់មកជាសម្បត្ដិរបស់យើង"។ 15 គេក៏បោះកូនប្រុសម្ចាស់ចំការទៅខាងក្រៅហើយសម្លាប់ចោល។ តើម្ចាស់ចំការ នឹងធ្វើយ៉ាងដូចម្ដេចដល់អ្នកទាំងនោះ?។ 16 គឺគាត់មុខជាមកសម្លាប់អ្នកថែរក្សាចំការទាំងនោះមិនខាន រួចប្រគល់ចំការទំពាំងបាយជូរទៅអោយអ្នកផ្សេងទៀត»។ កាលបានឮព្រះបន្ទូលនេះ គេពោលថា៖ «ទេ! កុំអោយកើតមានដូច្នោះឡើយ»។ 17 ព្រះយេស៊ូទតសំឡឹងទៅគេ ហើយមានព្រះបន្ទូលថា៖ «ក្នុងគម្ពីរមានចែងថាៈ "ថ្មដែលពួកជាងសង់ផ្ទះបោះចោល បានត្រឡប់មកជាថ្មគ្រឹះដ៏សំខាន់បំផុត" តើពាក្យនេះមានន័យដូចម្ដេច?។ 18 អ្នកណាដួលលើថ្មនេះ អ្នកនោះមុខជាត្រូវបាក់បែកខ្ទេចខ្ទំាមិនខាន។ បើថ្មនេះសង្កត់លើអ្នកណា មុខជាកិនកំទេចអ្នកនោះអោយស្លាប់ជាប្រាកដដែរ»។ 19 ពេលនោះ ពួកអាចារ្យ និង ពួកនាយកបូជាចារ្យ រកមធ្យោបាយចាប់ព្រះយេស៊ូ ដ្បិតគេយល់ថាព្រះអង្គមានព្រះបន្ទូលជាពាក្យប្រស្នាសំដៅទៅលើពួកគេប៉ុន្ដែ ពួកគេខ្លាចប្រជាជន។ 20 ពួកគេនាំគ្នាឃ្លំាមើលព្រះយេស៊ូ ហើយចាត់មនុស្សអោយទៅតាមដានយកការណ៍ពីព្រះអង្គ។ អ្នកទាំងនោះតាំងខ្លួនជាមនុស្សប្រកាន់ឫកពាត្រឹមត្រូវ ចាំចាប់កំហុសព្រះយេស៊ូ នៅពេលព្រះអង្គមានព្រះបន្ទូល ដើម្បីចាប់បញ្ជូនព្រះអង្គទៅអាជ្ញាធរ និង ទៅក្នុងអំណាចរបស់លោកទេសាភិបាល។ 21 គេទូលសួរព្រះអង្គថា៖ «លោកគ្រូ! យើងខ្ញុំដឹងថា ពាក្យទាំងប៉ុន្មានដែលលោកគ្រូមានប្រសាសន៍ និង ពាក្យដែលលោកគ្រូប្រៀនប្រដៅសុទ្ធតែត្រឹមត្រូវទាំងអស់។ លោកគ្រូប្រៀនប្រដៅសេចក្ដីពិត អំពីរបៀបរស់នៅដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់ ដោយពុំរើសមុខនរណាឡើយ។ 22 សូមលោកប្រាប់យើងខ្ញុំផង តើច្បាប់ របស់យើងអនុញ្ញាតអោយបង់ពន្ធដារថ្វាយព្រះចៅអធិរាជររ៉ូម៉ាំងឬទេ?»។ 23 ព្រះយេស៊ូឈ្វេងយល់ពុតត្បុតរបស់ពួកគេ ទើបព្រះអង្គមានព្រះបន្ទូលថា៖ 24 «ចូរបង្ហាញប្រាក់មួយកាក់អោយខ្ញុំមើលមើល៍ តើលើកាក់នេះមានរូបនរណា ឈ្មោះនរណា?»។ គេឆ្លើយថា៖ «រូប និង ឈ្មោះព្រះចៅអធិរាជ»។ 25 ព្រះយេស៊ូក៏មានព្រះ បន្ទូលទៅគេថា៖ «អ្វីៗដែលជារបស់ព្រះចៅអធិរាជ ចូរថ្វាយទៅព្រះចៅអធិរាជវិញទៅ ហើយអ្វីៗដែលជារបស់ព្រះជាម្ចាស់ ចូរថ្វាយទៅព្រះជាម្ចាស់វិញដែរ»។ 26 អ្នកទាំងនេះពុំអាចចាប់កំហុសព្រះអង្គ នៅពេលដែលព្រះអង្គមានព្រះបន្ទូល នៅមុខប្រជាជនបានឡើយ។ ផ្ទុយទៅវិញ ព្រះបន្ទូលឆ្លើយតបរបស់ព្រះអង្គធ្វើអោយគេងឿងឆ្ងល់ ហើយគេក៏នៅស្ងៀម។ 27 មានអ្នកខាងគណៈសាឌូស៊ី ខ្លះ ចូលមកគាល់ព្រះអង្គ។ ពួកសាឌូស៊ីមិនជឿថាមនុស្សស្លាប់នឹងរស់ឡើងវិញទេ។ គេទូលសួរព្រះយេស៊ូថា៖ 28 «លោកគ្រូ! លោកម៉ូសេ បានចែងច្បាប់ទុកអោយយើងថា បើបុរសណាមានប្រពន្ធ ហើយស្លាប់ទៅ តែគ្មានកូនសោះ ត្រូវអោយប្អូនប្រុសរបស់បុរសនោះរៀបការនឹងបងថ្លៃ ដើម្បីបន្ដពូជអោយបងប្រុសរបស់ខ្លួន។ 29 ឧបមាថា មានបងប្អូនប្រុសៗប្រាំពីរនាក់ បុរសបងបង្អស់បានរៀបការ ហើយស្លាប់ទៅ តែគ្មានកូនសោះ។ 30 ប្អូនបន្ទាប់ រួចប្អូនទីបី ក៏រៀបការនឹងបងថ្លៃមេម៉ាយនោះ ហើយស្លាប់ទៅ ទាំងឥតមានកូន។ 31 បន្ទាប់មក បងប្អូនទាំងប្រាំពីរនាក់បានរៀបការនឹងស្ដ្រីនោះ ហើយគ្រប់គ្នាបានស្លាប់ទៅ តែគ្មានកូនទេ។ 32 នៅទីបំផុតស្ដ្រីក៏ស្លាប់ទៅដែរ។ 33 លុះដល់ពេលមនុស្សស្លាប់នឹងរស់ឡើងវិញ តើនាងនោះបានទៅជាប្រពន្ធនរណា បើបងប្អូនទាំងប្រាំពីរនាក់សុទ្ធតែបានយកនាងធ្វើជាប្រពន្ធគ្រប់គ្នាដូច្នេះ?»។ 34 ព្រះយេស៊ូមាន ព្រះបន្ទូលតបថា៖ «មនុស្សក្នុងលោកនេះតែងយកគ្នាជាប្ដីប្រពន្ធ 35 ប៉ុន្ដែ អស់អ្នកដែលព្រះជាម្ចាស់សព្វព្រះហឫទ័យប្រោសអោយរស់ឡើងវិញ នៅលោកខាងមុខគេមិនរៀបការប្ដីប្រពន្ធទៀតឡើយ។ 36 អ្នកទាំងនោះលែងស្លាប់ទៀត ហើយគឺគេបានដូចទេវតា ។ គេជាបុត្ររបស់ព្រះជាម្ចាស់ ដ្បិតគេមានជីវិតរស់ឡើងវិញ។ 37 លោកម៉ូសេបានចែងទុកយ៉ាងច្បាស់ថា មនុស្សស្លាប់នឹងរស់ឡើងវិញ នៅត្រង់អត្ថបទស្ដីអំពីគុម្ពបន្លា គឺលោកហៅព្រះអម្ចាស់ ថាជា ព្រះរបស់លោកអប្រាហាំ ជាព្រះរបស់លោកអ៊ីសាក និង ជាព្រះរបស់លោកយ៉ាកុប។ 38 ព្រះជាម្ចាស់មិនមែន ជាព្រះរបស់មនុស្សស្លាប់ទេ គឺជាព្រះរបស់មនុស្សដែលមានជីវិត។ ចំពោះព្រះអង្គ មនុស្សទាំងអស់សុទ្ធតែនៅរស់»។ 39 ពួកអាចារ្យ ខ្លះទូលព្រះអង្គថា៖ «លោកគ្រូ លោកមានប្រសាសន៍ត្រឹមត្រូវល្អណាស់»។ 40 បន្ទាប់មក គេលែងហ៊ានចោទសួរសំណួរព្រះអង្គអំពីរឿងអ្វីទៀតឡើយ។ 41 ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖«ហេតុដូចម្ដេចបានជាមនុស្សម្នាថា ព្រះគ្រិស្ដ ជាព្រះរាជវង្សរបស់ព្រះបាទដាវីឌដូច្នេះ? 42 ដ្បិតក្នុងគម្ពីរទំនុកតម្កើង ព្រះបាទដាវីឌមានរាជឱង្ការថាៈ "ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់ព្រះអម្ចាស់ របស់ខ្ញុំថាសូមគង់នៅខាងស្ដាំយើង 43 ទំរាំដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់ព្រះអង្គ មកដាក់ក្រោមព្រះបាទាព្រះអង្គ"។ 44 បើព្រះបាទដាវីឌហៅព្រះគ្រិស្ដថា ព្រះអម្ចាស់ដូច្នេះ តើអោយព្រះគ្រិស្ដត្រូវជាព្រះរាជវង្សរបស់ព្រះបាទដាវីឌដូចម្ដេចកើត!»។ 45 នៅពេល ប្រជាជនទាំងមូលកំពុងស្ដាប់ព្រះអង្គ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ពួកសិស្សថា៖ 46 «ចូរប្រយ័ត្ននឹងពួកអាចារ្យ អោយមែនទែន ពួកនោះចូលចិត្ដពាក់អាវវែងដើរចុះដើរឡើង ហើយចូលចិត្ដអោយគេអោនកាយគោរពនៅតាមផ្សារ ព្រមទាំងរើសកន្លែងអង្គុយនៅមុខគេក្នុងសាលាប្រជុំ និង ចូលចិត្ដកន្លែងកិត្ដិយសនៅពេលជប់លៀង។ 47 អ្នកទាំងនោះ តែងនាំគ្នាឆបោកយកទ្រព្យសម្បត្ដិរបស់ស្ដ្រីមេម៉ាយ ដោយធ្វើឫកជាសូត្រធម៌យ៉ាងយូរ។ ពួកគេមុខជាត្រូវទទួលទោសយ៉ាងធ្ងន់បំផុត»។

លូកា 21

1 ព្រះយេស៊ូ ទតឃើញពួកអ្នកមានយកប្រាក់មកដាក់ក្នុងហិប ថ្វាយព្រះជាម្ចាស់។ 2 ព្រះអង្គទតឃើញស្ដ្រីមេម៉ាយក្រីក្រម្នាក់យកប្រាក់ពីរសេន មកដាក់ក្នុងហិបនោះដែរ។ 3 ព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា ស្ដ្រីមេម៉ាយក្រីក្រនេះបានដាក់ប្រាក់ច្រើនជាងគេទាំងអស់ 4 ដ្បិតអ្នកទាំងនោះបានយកប្រាក់សំណល់របស់ខ្លួនមកដាក់ក្នុងហិប។ រីឯស្ដ្រីមេម៉ាយនេះវិញ ទោះបីនាងក្រីក្រយ៉ាងណាក៏ដោយក៏នាងយកប្រាក់ទាំងអស់ ដែលនាងត្រូវការជាចាំបាច់សំរាប់ចិញ្ចឹមជីវិត មកដាក់ក្នុងហិប ថ្វាយព្រះជាម្ចាស់ដែរ»។ 5 អ្នកខ្លះកំពុងនិយាយសរសើរលំអរបស់ព្រះវិហារ ដែលតាក់តែងឡើងដោយថ្មយ៉ាងល្អប្រណីត និង មានតាំងវត្ថុផ្សេងៗដែលគេយកមកថ្វាយព្រះជាម្ចាស់។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ 6 «នៅពេលខាងមុខ អ្វីៗដែលអ្នករាល់គ្នាឃើញនៅពេលនេះ នឹងត្រូវរលំបាក់បែកអស់ជាមិនខាន លែងមានថ្មត្រួតពីលើថ្មទៀតហើយ»។ 7 គេទូលសួរព្រះអង្គថា៖ «ព្រះគ្រូអើយ! ហេតុការណ៍ទាំងនោះនឹងកើតមាននៅពេលណា? តើមានទីសំគាល់អ្វីអោយយើងដឹងថា ព្រឹត្ដិការណ៍ទាំងនោះជិតមកដល់?»។ 8 ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖ «ចូរប្រុងប្រយ័ត្ន កុំបណ្ដោយនរណាបញ្ឆោតអ្នករាល់គ្នាអោយវង្វេងបានឡើយ ដ្បិតនឹងមានមនុស្សជាច្រើនយកឈ្មោះខ្ញុំមកប្រើ ដោយពោល "ខ្ញុំនេះហើយជាព្រះគ្រិស្ដ " ឬថា "ពេលកំណត់មកដល់ហើយ" កុំតាមអ្នកទាំងនោះអោយសោះ។ 9 កាលណាអ្នករាល់គ្នាឮគេនិយាយអំពីសង្គ្រាម ឬ អំពីការបះបោរ មិនត្រូវភ័យតក់ស្លុតឡើយ ដ្បិតហេតុការណ៍ទាំង នេះត្រូវតែកើតឡើងជាមុន ប៉ុន្ដែ មិនទាន់ដល់អវសានកាលនៃពិភពលោកភ្លាមៗទេ»។ 10 ព្រះអង្គមានព្រះបន្ទូលថែមទៀតថា៖ «ប្រជាជាតិមួយនឹងធ្វើសង្គ្រាមតទល់នឹងប្រជាជាតិមួយទៀត ប្រទេសមួយតទល់នឹងប្រទេស មួយទៀត 11 នឹងមានរញ្ជួយផែនដីជាខ្លាំងនៅតាមតំបន់ផ្សេងៗ ហើយនឹងមានកើតទុរ្ភិក្ស ជំងឺរាតត្បាត ព្រមទាំងមានអព្ភូតហេតុផ្សេងៗបណ្ដាលអោយភ័យតក់ស្លុត និង មានទីសំគាល់យ៉ាងធំនៅលើមេឃផង។ 12 ប៉ុន្ដែ មុននឹងហេតុការណ៍ទាំងនោះកើតឡើង គេនឹងចាប់ចងអ្នករាល់គ្នា គេបៀតបៀន ហើយបញ្ជូនអ្នករាល់គ្នាទៅកាត់ទោសក្នុងសាលាប្រជុំ យកអ្នករាល់គ្នាទៅឃុំឃំាង។ គេនាំអ្នករាល់គ្នាទៅអោយស្ដេច និង លោកទេសាភិបាល កាត់ទោស ព្រោះតែនាមខ្ញុំ។ 13 ប៉ុន្ដែ ការនេះប្រែជាហុចឱកាសអោយអ្នករាល់គ្នាផ្ដល់សក្ខីភាពទៅវិញ។ 14 ត្រូវចង ចាំក្នុងចិត្ដថា កុំភ័យបារម្ភជាមុននឹងពាក្យនិយាយការពារខ្លួនធ្វើអ្វី 15 ដ្បិតខ្ញុំនឹងផ្ដល់អោយអ្នករាល់គ្នាមានថ្វីមាត់ និង ប្រាជ្ញា មិនអោយពួកប្រឆាំង អាចប្រកែកតទល់នឹងអ្នករាល់គ្នាបានឡើយ។ 16 សូម្បីតែឪពុកម្ដាយ បងប្អូនញាតិសន្ដាន និង មិត្ដភក្ដិរបស់អ្នករាល់គ្នា ក៏បញ្ជូនអ្នករាល់គ្នាមួយចំនួនទៅអោយគេសម្លាប់ផងដែរ។ 17 មនុស្សគ្រប់ៗរូបនឹងស្អប់អ្នករាល់គ្នា ព្រោះតែនាមខ្ញុំ។ 18 ប៉ុន្ដែ សូម្បីតែសក់អ្នករាល់គ្នាមួយសរសៃក៏មិនត្រូវបាត់ឡើយ។ 19 អ្នករាល់គ្នានឹងបានរួចជីវិត ព្រោះអ្នករាល់គ្នាមានចិត្ដស៊ូទ្រំា»។ 20 «កាលណាអ្នករាល់គ្នាឃើញមានកងទ័ពមកឡោមព័ទ្ធក្រុងយេរូសាឡឹម ចូរដឹងថា ក្រុងនេះជិតវិនាសហើយ។ 21 ពេលនោះ អស់អ្នកនៅស្រុកយូដាត្រូវតែរត់ទៅជ្រកនៅតាមភ្នំ រីឯអស់អ្នកនៅក្រុងយេរូសាឡឹម ត្រូវរត់ចេញអោយឆ្ងាយពីក្រុង ហើយអស់អ្នកដែលនៅស្រុកស្រែ មិនត្រូវចូលទៅក្រុងឡើយ។ 22 គ្រានោះ ជាគ្រាដែលព្រះជាម្ចាស់ធ្វើទោសប្រជារាស្ដ្រព្រះអង្គ ស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរ។ 23 គ្រានោះ ស្ដ្រីមានផ្ទៃពោះ និង ស្ដ្រីបំបៅ កូនមុខជាវេទនាពុំខាន ដ្បិតនឹងកើតមានទុក្ខលំបាកយ៉ាងខ្លាំងនៅក្នុងស្រុក ហើយព្រះជាម្ចាស់នឹងវិនិច្ឆ័យទោសប្រជារាស្ដ្រនេះ។ 24 គេនឹងត្រូវស្លាប់ដោយមុខដាវ ហើយខ្មំាងសត្រូវនឹងកៀរគេយកទៅធ្វើជាឈ្លើយសង្គ្រាម អោយរស់នៅកណ្ដាលចំណោមជាតិសាសន៍ទាំងអស់ សាសន៍ដទៃនឹងជាន់ឈ្លីក្រុងយេរូសាឡឹមរហូតដល់ពេលកំណត់របស់គេ»។ 25 «គ្រានោះ នឹងមានទីសំគាល់នៅក្នុងព្រះអាទិត្យក្នុងព្រះច័ន្ទ និង ក្នុងផ្កាយទាំងប៉ុន្មាន។ ប្រជាជាតិទាំងអស់នៅលើផែនដី នឹងតឹងទ្រូង ព្រួយបារម្ភ ពេលឮសូរសន្ធឹករលកសមុទ្របក់បោក 26 មនុស្សម្នាភ័យស្លុតបាត់ស្មារតី នៅពេលគិតអំពីហេតុការណ៍ដែលនឹងកើតមាននៅលើផែនដី ដ្បិតឫទ្ធិបារមីនានានៅលើមេឃនឹងកក្រើករំពើក។ 27 ពេលនោះ គេនឹងឃើញបុត្រមនុស្ស យាងមកក្នុងពពក ប្រកបដោយឫទ្ធានុភាព និង សិរីរុងរឿងពន់ពេកក្រៃ។ 28 កាលណាព្រឹត្ដិការណ៍ទាំងនេះចាប់ផ្ដើមកើតមាន ចូរអ្នករាល់គ្នាងើបមើលទៅលើ ពីព្រោះព្រះជាម្ចាស់ជិតរំដោះអ្នករាល់គ្នាហើយ»។ 29 បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នានេះថា៖ «ចូរមើលដើមឧទុម្ពរ និង ដើមឈើទាំងអស់ចុះ! 30 កាលណាអ្នករាល់គ្នាឃើញស្លឹកវាលាស់ អ្នករាល់គ្នាដឹងថារដូវប្រាំង ជិតមកដល់ហើយ។ 31 ដូច្នេះ កាលណាអ្នករាល់គ្នាឃើញព្រឹត្ដិការណ៍ទាំងនោះកើតឡើង ត្រូវដឹងថា ព្រះរាជ្យ របស់ព្រះជាម្ចាស់មកជិតបង្កើយហើយ។ 32 ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា ហេតុការណ៍ទាំងនោះនឹងកើតឡើង នៅពេលដែលមនុស្សជំនាន់នេះមានជីវិតរស់នៅឡើយ។ 33 ផ្ទៃមេឃ និង ផែនដីនឹងរលាយបាត់ទៅ តែពាក្យដែលខ្ញុំនិយាយមិនរលាយបាត់ទេ»។ 34 «ចូរអ្នករាល់គ្នាប្រុងប្រយ័ត្នអោយមែនទែន! កុំបណ្ដោយអោយចិត្ដរបស់អ្នករាល់គ្នាវក់វី នឹងគ្រឿងសប្បាយ គ្រឿងស្រវឹង ឬ ក៏ខ្វល់ខ្វាយអំពីរឿងជីវិតនេះឡើយ ក្រែងលោថ្ងៃនោះមកដល់ តែអ្នករាល់គ្នាពុំបានប្រុងប្រៀបខ្លួន 35 ដ្បិតថ្ងៃនោះមកដល់ ប្រៀបបាននឹងសំណាញ់ដែលគ្របពីលើមនុស្សទាំងអស់នៅលើផែនដីទាំងមូល។ 36 ចូរប្រុងស្មារតី និង ទូលអង្វរគ្រប់ពេលវេលា ដើម្បីអោយអ្នករាល់គ្នាមានកម្លំាង ឆ្លងផុតពីហេតុការណ៍ទាំងអស់ ដែលត្រូវកើតមាន ហើយដើម្បីអោយអ្នករាល់គ្នាអាចឈរនៅមុខបុត្រមនុស្ស»។ 37 ពេលថ្ងៃព្រះយេស៊ូតែងប្រៀន ប្រដៅគេនៅក្នុងព្រះវិហារ ហើយនៅពេលយប់ ព្រះអង្គយាងចេញទៅសំរាក នៅលើភ្នំដើមអូលីវ។ 38 ប្រជាជនទាំងមូលនាំគ្នាមកតាំងពីព្រលឹម ស្ដាប់ព្រះអង្គមានព្រះបន្ទូលនៅក្នុងព្រះវិហារ ។

លូកា 22

1 ពិធីបុណ្យនំបុ័ងឥតមេ ដែលហៅថាបុណ្យចម្លង នោះ កាន់តែជិតដល់ហើយ 2 ពួកនាយកបូជាចារ្យ និង ពួកអាចារ្យ រិះរកមធ្យោបាយធ្វើគុតព្រះយេស៊ូ ដ្បិតគេខ្លាចប្រជាជន។ 3 ពេលនោះមារសាតាំងបានចូលយូដាសហៅអ៊ីស្ការីយ៉ុតជាសិស្សម្នាក់ ក្នុងក្រុមទាំងដប់ពីររូប។ 4 យូដាសបានទៅពិគ្រោះជាមួយពួកនាយកបូជាចារ្យ និង មេក្រុមរក្សាព្រះវិហារ អំពីឧបាយកលដែលត្រូវបញ្ជូនព្រះអង្គទៅក្នុងកណ្ដាប់ដៃរបស់ពួកគេ។ 5 លោកទាំងនោះសប្បាយចិត្ដណាស់ ហើយព្រមព្រៀងគ្នាសន្យាថានឹងអោយប្រាក់គាត់។ 6 យូដាសយល់ព្រមហើយរកឱកាសល្អ ដើម្បីនាំគេទៅចាប់ព្រះយេស៊ូ មិនអោយបណ្ដាជនដឹងឡើយ។ 7 លុះដល់ថ្ងៃបុណ្យនំបុ័ងឥតមេ ជាថ្ងៃដែលគេត្រូវសម្លាប់កូនចៀមធ្វើយញ្ញបូជា សំរាប់បុណ្យចម្លង 8 ព្រះយេស៊ូ បានចាត់លោកពេត្រុស និង លោកយ៉ូហានអោយទៅមុន ដោយមានព្រះបន្ទូលថា៖ «ចូរទៅរៀបចំពិធីជប់លៀង សំរាប់យើងនៅក្នុងពេលបុណ្យចម្លង »។ 9 អ្នកទាំងពីរទូលសួរព្រះអង្គថា៖ «តើព្រះគ្រូចង់អោយយើងខ្ញុំរៀបចំជប់ លៀង នៅកន្លែងណា?»។ 10 ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ពេលចូលទៅដល់ក្នុងទីក្រុង អ្នកនឹងជួបបុរស ម្នាក់លីក្អមទឹក។ ចូរដើរតាមគាត់រហូតដល់ផ្ទះដែលគាត់ចូល 11 ហើយនិយាយនឹងម្ចាស់ផ្ទះថា"លោកគ្រូចាត់យើង អោយមកសួរអ្នកថា បន្ទប់ដែលលោកនឹងជប់លៀងជាមួយសិស្សក្នុងពេលបុណ្យចម្លង នៅឯណា?"។ 12 ម្ចាស់ផ្ទះ នឹងបង្ហាញបន្ទប់មួយយ៉ាងធំ នៅជាន់ខាងលើ ដែលរៀបចំជាស្រេច។ ចូររៀបចំម្ហូបអាហារសំរាប់បុណ្យចម្លងនៅក្នុងបន្ទប់នោះចុះ»។ 13 អ្នកទាំងពីរក៏ចេញទៅ ហើយបានឃើញ ដូចព្រះយេស៊ូមានព្រះបន្ទូលប្រាប់មែន។ គេរៀបចំម្ហូបអាហារសំរាប់បុណ្យចម្លង ។ 14 លុះដល់ពេលកំណត់ហើយ ព្រះយេស៊ូក៏រួមតុជាមួយក្រុមសាវ័ក 15 ព្រះអង្គមានព្រះបន្ទូលថា៖ «មុនពេលខ្ញុំរង ទុក្ខលំបាកខ្ញុំចង់បរិភោគម្ហូបអាហារក្នុងឱកាសបុណ្យចម្លង នេះ ជាមួយអ្នករាល់គ្នាណាស់!។ 16 ខ្ញុំសុំប្រាប់អ្នករាល់ គ្នាថា ខ្ញុំនឹងមិនបរិភោគម្ហូបអាហារបុណ្យចម្លងនេះទៀតទេ លុះត្រាតែពិធីបុណ្យនេះបានសំរេចសព្វគ្រប់ នៅក្នុងព្រះរាជ្យ ព្រះ ជាម្ចាស់»។ 17 ព្រះអង្គយកពែងមួយមកកាន់ ហើយអរព្រះគុណព្រះជាម្ចាស់ រួចព្រះអង្គមានព្រះបន្ទូល ថា៖ «ចូរយកទៅចែកគ្នាពិសាចុះ។ 18 ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ចាប់ពីពេលនេះតទៅ ខ្ញុំមិនទទួលទានស្រាទំពាំងបាយជូរទៀតឡើយ លុះត្រាតែព្រះរាជ្យ ព្រះជាម្ចាស់មកដល់»។ 19 បន្ទាប់មក ព្រះអង្គយកនំបុ័ងមកកាន់ អរព្រះគុណ ព្រះជាម្ចាស់ រួចព្រះអង្គកាច់ប្រទានអោយគេទាំងមានព្រះបន្ទូលថា៖«នេះជារូបកាយខ្ញុំដែលត្រូវបូជា សំរាប់អ្នករាល់គ្នា ចូរធ្វើដូច្នេះ ដើម្បីនឹករំឭកដល់ខ្ញុំ»។ 20 លុះជប់លៀងរួចហើយ ព្រះអង្គធ្វើតាមបែបដដែល ទ្រង់យកពែងមកកាន់ ទាំងមានព្រះបន្ទូលថា៖ «នេះជាពែងនៃសម្ពន្ធមេត្រី ថ្មីចងឡើង ដោយសារលោហិតខ្ញុំ ដែលត្រូវ បង្ហូរ សំរាប់អ្នករាល់គ្នា។ 21 ប៉ុន្ដែ តោងដឹងថា អ្នកដែលនឹងបញ្ជូនខ្ញុំក៏នៅរួមតុជាមួយខ្ញុំដែរ។ 22 បុត្រមនុស្សត្រូវតែស្លាប់ តាមព្រះជាម្ចាស់បានកំណត់ទុកមក តែអ្នកដែលបញ្ជូនបុត្រមនុស្ស មុខជាត្រូវវេទនាពុំខាន»។ 23 ពេលនោះ ពួកសិស្ស សួរគ្នាទៅវិញទៅមក ចង់ដឹងថា ក្នុងចំណោមពួកគេ តើនរណាមានបំណងប្រព្រឹត្ដដូច្នេះ។ 24 ខណៈនោះ ពួកសាវ័ក ជជែកទាស់ទែងគ្នាចង់ដឹងថា ក្នុងចំណោមពួកគេ នរណាមានឋានៈធំជាងគេ។ 25 ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ស្ដេចទាំងឡាយតែងតែត្រួតត្រាលើប្រជារាស្ដ្រ ហើយអ្នកកាន់អំណាចតែងអោយ គេហៅខ្លួនថាអ្នកមានគុណ។ 26 រីឯអ្នករាល់គ្នាវិញ មិនត្រូវធ្វើដូច្នោះឡើយ។ ក្នុងចំណោមអ្នករាល់គ្នា អ្នកដែលធំជាងគេ ត្រូវធ្វើតូចជាងគេ ហើយអ្នកដែលដឹកនាំគេ ត្រូវបំរើគេវិញ។ 27 អ្នកដែលអង្គុយនៅតុ និង អ្នកបំរើតុ តើអ្នកណាធំជាង? ធម្មតាអ្នកអង្គុយតុ ធំជាងអ្នកបំរើតុ។ រីឯខ្ញុំ ខ្ញុំនៅកណ្ដាលចំណោមអ្នករាល់គ្នា ខ្ញុំធ្វើជាអ្នកបំរើទៅវិញ។ 28 គ្រប់ពេលខ្ញុំជួបទុក្ខលំបាក អ្នករាល់គ្នាស៊ូទ្រាំនៅជាមួយខ្ញុំជានិច្ច។ 29 ហេតុនេះហើយបានជាខ្ញុំប្រគល់ព្រះរាជ្យ អោយអ្នករាល់គ្នា ដូចព្រះបិតាបានប្រគល់មកអោយខ្ញុំដែរ។ 30 ក្នុងព្រះរាជ្យរបស់ខ្ញុំ អ្នករាល់គ្នានឹងបរិភោគរួមតុជាមួយខ្ញុំ ហើយអ្នករាល់គ្នានឹងអង្គុយលើបល្ល័ង្ក ដើម្បីគ្រប់គ្រងលើកុលសម្ពន្ធ ទាំងដប់ពីរនៃជនជាតិ អ៊ីស្រាអែល»។ 31 «ស៊ីម៉ូន! ស៊ីម៉ូនអើយ! មារសាតាំង បានទាមទារសុំរែងអ្នករាល់គ្នា ដូចគេរែងអង្ករ។ 32 ប៉ុន្ដែ ខ្ញុំបានអង្វរ ព្រះជាម្ចាស់សូមកុំអោយអ្នកបាត់ជំនឿឡើយ។ លុះដល់ពេលអ្នកប្រែចិត្ដមកវិញ ចូរជួយបងប្អូនរបស់អ្នកអោយមាន ជំនឿមាំមួនផង»។ 33 លោកពេត្រុសទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! ទូលបង្គំត្រៀមខ្លួនជាស្រេច ទោះបីត្រូវជាប់ឃុំឃាំង ឬ ត្រូវស្លាប់ក៏ដោយ ទូលបង្គំសុខចិត្ដទៅជាមួយព្រះអង្គរហូត»។ 34 ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់ថា៖ «ពេត្រុសអើយ! ខ្ញុំសុំប្រាប់អ្នកថា នៅយប់នេះ មុនមាន់រងាវ អ្នកនឹងបដិសេធបីដងថាមិនស្គាល់ខ្ញុំ»។ 35 បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលសួរសិស្ស ថា៖ «កាលដែលខ្ញុំចាត់អ្នករាល់គ្នាទៅ ដោយគ្មានថង់ប្រាក់ ថង់យាម ឬ ស្បែកជើង តើអ្នករាល់គ្នាមានខ្វះខាតអ្វីទេ?»។ គេទូលថា៖ «យើងខ្ញុំគ្មានខ្វះខាតអ្វីទេ»។ 36 ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «ឥឡូវនេះ អ្នកណាមានថង់ប្រាក់ ត្រូវយកទៅជាមួយ ហើយអ្នកណាមានថង់យាម ក៏ត្រូវយកទៅជាមួយដែរ។ រីឯអ្នកដែលគ្មានដាវ ត្រូវលក់អាវធំរបស់ខ្លួន ទិញដាវមួយទៅ។ 37 ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ក្នុងគម្ពីរមានចែងទុកអំពីខ្ញុំថា "គេបានរាប់លោកទុកដូចជាអ្នកមានទោសឧក្រិដ្ឋ"។ ហេតុការណ៍នោះត្រូវតែកើតមាន ស្របតាមគម្ពីរ»។ 38 ពួកសិស្សទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! យើងមានដាវពីរ»។ ព្រះអង្គមានព្រះបន្ទូលឆ្លើយតបវិញថា៖ «ប៉ុណ្ណឹងគ្រប់គ្រាន់ហើយ»។ 39 ព្រះយេស៊ូយាងចេញពីផ្ទះនោះ ឆ្ពោះទៅភ្នំដើមអូលីវ តាមទម្លាប់របស់ព្រះអង្គ សិស្ស ក៏នាំគ្នាតាមព្រះអង្គ ទៅដែរ។ 40 កាលយាងទៅដល់ហើយ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖«ចូរអធិស្ឋាន កុំអោយចាញ់ការល្បួង ឡើយ»។ 41 បន្ទាប់មក ព្រះអង្គយាងទៅឆ្ងាយពីពួកសិស្ស ចម្ងាយប្រហែលគេចោលដុំថ្ម មួយទំហឹងដៃ។ ព្រះអង្គលុតជង្គង់ចុះ ទូលអង្វរថា៖ 42 «ឱព្រះបិតាអើយ! ប្រសិនបើព្រះអង្គសព្វព្រះហឫទ័យ សូមដកយកពែងនៃ ទុក្ខលំបាកនេះ ចេញអោយឆ្ងាយពីទូលបង្គំទៅ។ ប៉ុន្ដែ សូមកុំអោយសំរេចតាមចិត្ដទូលបង្គំឡើយ គឺអោយសំរេចតាមព្រះហឫទ័យរបស់ព្រះអង្គវិញ»។ 43 ពេលនោះ មានទេវតា មួយរូបចុះពីស្ថានបរមសុខ មក អោយព្រះអង្គឃើញ ដើម្បីលើកទឹកចិត្ដព្រះអង្គ។ 44 ព្រះយេស៊ូព្រួយអន្ទះអន្ទែងពន់ប្រមាណ ព្រះអង្គទូលអង្វរកាន់តែខ្លាំងឡើងៗ តំណក់ញើសរបស់ព្រះអង្គដូចជាតំណក់ឈាម ស្រក់ចុះដល់ដី។ 45 កាលព្រះអង្គទូលអង្វររួចហើយ ទ្រង់ក្រោកឡើងត្រឡប់ទៅរកពួកសិស្ស ឃើញគេកំពុងដេកលក់ ដោយព្រួយចិត្ដ។ 46 ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាដេកលក់ដូច្នេះ? ចូរក្រោកឡើងអធិស្ឋាន កុំអោយចាញ់ការល្បួង»។ 47 នៅពេលព្រះអង្គកំពុងតែមានព្រះបន្ទូលនៅឡើយ ស្រាប់តែបណ្ដាជនមកដល់ នាំមុខដោយឈ្មោះយូដាស ជាសិស្ស មួយរូប ក្នុងក្រុមទាំងដប់ពីរ។ គាត់ចូលមកជិតព្រះយេស៊ូ ហើយថើបព្រះអង្គ។ 48 ព្រះយេស៊ូមាន ព្រះបន្ទូលទៅគាត់ថា៖ «យូដាសអើយ! អ្នកធ្វើជាថើប ដើម្បីបញ្ជូនបុត្រមនុស្ស ឬអី?»។ 49 ពួកអ្នកនៅជាមួយព្រះយេស៊ូ ឃើញហេតុការណ៍ដែលហៀបនឹងកើតឡើង ក៏ទូលសួរព្រះអង្គថា៖ «ព្រះអម្ចាស់! តើអោយយើង ខ្ញុំហូតដាវកាប់គេឬ?»។ 50 សិស្សម្នាក់បានកាប់អ្នកបំរើរបស់លោកមហាបូជាចារ្យ មួយដាវ ដាច់ស្លឹកត្រចៀកស្ដំា។ 51 ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ប៉ុណ្ណឹងបានហើយ!»។ ព្រះអង្គក៏ពាល់ត្រចៀកបុរសនោះ ហើយប្រោសគាត់អោយបាន ជាដូចដើមវិញ។ 52 បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅពួកនាយកបូជាចារ្យ មេក្រុមរក្សាព្រះវិហារ និង ពួកព្រឹទ្ធាចារ្យ ដែលមកចាប់ព្រះអង្គនោះថា៖ «ខ្ញុំជាចោរព្រៃឬបានជាអស់លោកកាន់ដាវ កាន់ដំបងមកចាប់ខ្ញុំដូច្នេះ?។ 53 ខ្ញុំនៅក្នុងព្រះវិហារ ជាមួយអស់លោកជារៀងរាល់ថ្ងៃ តែអស់លោកពុំបានចាប់ខ្ញុំទេ។ ឥឡូវនេះជាពេលរបស់អស់លោកហើយ គឺជាពេលដែលម្ចាស់នៃសេចក្ដីងងឹតបញ្ចេញអំណាច»។ 54 ពួកគេចាប់ព្រះយេស៊ូ បណ្ដើរនាំចូលទៅក្នុងដំណាក់របស់លោកមហាបូជាចារ្យ ។ លោកពេត្រុសដើរតាម ព្រះអង្គពីចម្ងាយ។ 55 គេបានដុតភ្លើងនៅកណ្ដាលទីលាន ហើយអង្គុយជុំវិញលោកពេត្រុសក៏អង្គុយនៅកណ្ដាលចំណោមពួកគេដែរ។ 56 ស្ដ្រីបំរើម្នាក់ឃើញគាត់អង្គុយនៅមុខពន្លឺភ្លើង សំឡឹងមើលគាត់ហើយពោល៖ «ម្នាក់នេះជាបក្សពួករបស់យេស៊ូ!»។ 57 លោកពេត្រុសប្រកែកថា៖ «ទេនាងអើយ! ខ្ញុំមិនដែលស្គាល់គាត់ទេ»។ 58 មួយស្របក់ក្រោយមក មានម្នាក់ទៀតឃើញគាត់ ក៏ពោល៖«អ្នកឯងជាបក្សពួកគាត់ដែរ»។ លោកពេត្រុសឆ្លើយទៅអ្នកនោះថា៖ «ទេ! មិនមែនខ្ញុំទេ!»។ 59 ប្រហែលមួយម៉ោងក្រោយមកមានម្នាក់ទៀតនិយាយបែបប្រាកដប្រជាថា៖ «អ្នកនេះពិតជាបក្សពួករបស់យេស៊ូមែន ព្រោះគាត់ជាអ្នកស្រុកកាលីឡេដូចគ្នា»។ 60 លោកពេត្រុសឆ្លើយថា៖ «ខ្ញុំមិនដឹងជាអ្នកចង់និយាយអំពីរឿងអ្វីសោះ»។ គាត់កំពុងតែនិយាយនៅឡើយ ស្រាប់តែមាន់រងាវឡើង។ 61 ព្រះអម្ចាស់បែរព្រះភ័ក្ដ្រទតមកលោកពេត្រុស។ លោកពេត្រុសក៏នឹកឃើញព្រះបន្ទូលរបស់ព្រះអង្គថា៖ «យប់នេះ មុនមាន់រងាវ អ្នកនឹងបដិសេធបីដងថាមិនស្គាល់ខ្ញុំ»។ 62 លោកពេត្រុសចាកចេញពីទីនោះហើយយំសោកយ៉ាងខ្លោចផ្សា។ 63 ពួកអ្នកយាមព្រះយេស៊ូចំអកដាក់ព្រះអង្គ ហើយវាយតប់ព្រះអង្គផង។ 64 គេយកក្រណាត់គ្របព្រះភ័ក្ដ្រព្រះអង្គ ហើយសួរថា៖ «ទាយមើល៍ អ្នកណាវាយឯង?»។ 65 រួចគេជេរប្រមាថព្រះអង្គជាច្រើនថែមទៀតផង។ 66 លុះព្រឹកឡើងពួកព្រឹទ្ធាចារ្យ របស់ប្រជាជនពួកនាយកបូជាចារ្យ និង ពួកអាចារ្យ ជួបជុំគ្នា បង្គាប់អោយគេនាំព្រះយេស៊ូចូលមកឈរនៅខាងមុខក្រុមប្រឹក្សាជាន់ខ្ពស់ របស់គេ។ 67 ពួកគេសួរព្រះអង្គថា៖ «ប្រាប់យើងមកមើល៍ តើអ្នកជាព្រះគ្រិស្ដ ឬ?»។ ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖ «បើខ្ញុំប្រាប់អស់លោកក៏អស់លោកពុំជឿខ្ញុំ 68 ហើយបើខ្ញុំសួរអស់លោកវិញ ក៏អស់លោកមិនឆ្លើយនឹងខ្ញុំដែរ។ 69 ប៉ុន្ដែ អំណើះតទៅ បុត្រមនុស្សនឹងអង្គុយ នៅខាងស្ដាំព្រះជាម្ចាស់ដ៏មានឫទ្ធានុភាព។ 70 ពេលនោះ គេសួរព្រមគ្នាឡើងថា៖ «បើដូច្នេះ អ្នកជាព្រះបុត្រារបស់ព្រះជាម្ចាស់ឬ?»។ ព្រះអង្គមានព្រះបន្ទូលតបថា៖ «អស់លោកមានប្រសាសន៍ត្រូវមែន គឺខ្ញុំនេះហើយ»។ 71 គេក៏និយាយឡើងថា៖ «យើងមិនបាច់រកសាក្សីឯណាទៀតទេ ដ្បិតយើងបានឮពាក្យរបស់អ្នកនេះផ្ទាល់តែម្ដង!»។

លូកា 23

1 ក្រុមប្រឹក្សាជាន់ខ្ពស់ ក្រោកឡើងទាំងអស់គ្នា ហើយបញ្ជូនព្រះយេស៊ូទៅលោកពីឡាត។ 2 គេនាំគ្នាចោទប្រកាន់ព្រះអង្គថា៖ «យើងខ្ញុំឃើញអ្នកនេះកំពុងតែបំបះបំបោរប្រជារាស្ដ្រយើង គឺហាមគេមិនអោយបង់ពន្ធថ្វាយព្រះចៅអធិរាជ ហើយគាត់អះអាងខ្លួនថាជាព្រះគ្រិស្ដ គឺជាស្ដេច»។ 3 លោកពីឡាតសួរព្រះអង្គថា៖ «តើអ្នកជាស្ដេចសាសន៍យូដាមែនឬ?»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «លោកទេតើដែលមានប្រសាសន៍ដូច្នេះ»។ 4 លោកពីឡាតក៏ពោលទៅកាន់ពួកនាយកបូជាចារ្យ និង បណ្ដាជនថា៖ «ខ្ញុំពុំឃើញអ្នកនេះមានទោសអ្វីឡើយ!»។ 5 ប៉ុន្ដែ គេរឹតតែចោទប្រកាន់ខ្លាំងឡើងៗថា៖ «អ្នកនេះបានបំបះបំបោរប្រជាជន ដោយបង្រៀនគេចាប់តាំងពីស្រុកកាលីឡេរហូតមកដល់ទីនេះ»។ 6 លោកពីឡាតឮដូច្នោះក៏សួរថា៖ «តើអ្នកនេះជាអ្នកស្រុកកាលីឡេឬ?»។ 7 កាលលោកពីឡាតដឹងថា ព្រះយេស៊ូជាអ្នកស្រុកនៅក្រោមអំណាចរបស់ព្រះបាទហេរ៉ូដ លោកក៏បញ្ជូនព្រះអង្គទៅព្រះបាទហេរ៉ូដ ដែលស្នាក់នៅក្រុងយេរូសាឡឹមពេលនោះដែរ។ 8 ពេលឃើញព្រះយេស៊ូ ព្រះបាទហេរ៉ូដសប្បាយព្រះហឫទ័យក្រៃលែង ដ្បិតទ្រង់ចង់ជួបព្រះយេស៊ូ តាំងពីយូរយារមកហើយ ព្រោះទ្រង់តែងឮគេនិយាយអំពីព្រះអង្គហើយសង្ឃឹមថា នឹងបានឃើញព្រះយេស៊ូធ្វើការអស្ចារ្យអ្វីមួយ។ 9 ទ្រង់ទូលសួរសំណួរជាច្រើន តែព្រះយេស៊ូពុំមានព្រះបន្ទូលឆ្លើយតបទាល់តែសោះ។ 10 ពួកមហាបូជាចារ្យ និង ពួកអាចារ្យ ក៏នៅទីនោះដែរ គេបានចោទប្រកាន់ព្រះយេស៊ូយ៉ាង ខ្លាំងបំផុត។ 11 ព្រះបាទហេរ៉ូដ និង ពួកទាហានចំអកអោយព្រះយេស៊ូ ព្រមទាំងជេរប្រមាថមើលងាយព្រះអង្គផង។ គេយកអាវដ៏ល្អវិសេសមកពាក់អោយព្រះអង្គ រួចបញ្ជូនទៅលោកពីឡាតវិញ។ 12 កាលពីមុនព្រះបាទហេរ៉ូដ និង លោកពីឡាតជាសត្រូវនឹងគ្នា។ ប៉ុន្ដែ ចាប់ពីថ្ងៃនោះមក លោកទាំងពីរត្រឡប់ទៅជាមិត្ដសំឡាញ់នឹងគ្នាវិញ។ 13 លោកពីឡាតបានកោះហៅពួកនាយកបូជាចារ្យ ពួកមន្ដ្រី និង ប្រជាជនមកជួបជុំគ្នា។ 14 លោកមានប្រសាសន៍ថា៖ «អស់លោកបាននាំបុរសនេះមកអោយខ្ញុំកាត់ទោស ដោយចោទប្រកាន់ថាគាត់បំបះបំបោរប្រជារាស្ដ្រ។ ខ្ញុំបានសួរចម្លើយគាត់នៅមុខអស់លោកតែមិនឃើញមានទោសអ្វី ដូចអស់លោកចោទប្រកាន់សោះ។ 15 សូម្បីតែស្ដេចហេរ៉ូដក៏មិនឃើញគាត់មានទោសអ្វីដែរ ហេតុនេះហើយបានជាទ្រង់បញ្ជូនគាត់មកវិញ។ បុរសនេះមិនបានប្រព្រឹត្ដអ្វី គួរអោយប្រហារជីវិតឡើយ។ 16 ខ្ញុំគ្រាន់តែអោយគេវាយប្រដៅគាត់ រួចលែងគាត់អោយទៅវិញ»។ 17 ជារៀងរាល់ឆ្នំា ក្នុងឱកាសបុណ្យចម្លង លោកពីឡាតត្រូវលែងអ្នកទោសម្នាក់។ 18 គេស្រែកឡើងព្រមគ្នាថា៖ «សូមសម្លាប់អ្នកនេះទៅ! លែងបារ៉ាបាសអោយយើងខ្ញុំវិញ!»។ 19 ឈ្មោះបារ៉ាបាសនេះជាប់ឃុំឃាំង ព្រោះគាត់បានបង្កចលាចលក្នុងទីក្រុង ព្រមទាំងបានសម្លាប់មនុស្សផង។ 20 លោកពីឡាតចង់ដោះលែងព្រះយេស៊ូលោកក៏មានប្រសាសន៍ទៅគេម្ដងទៀត។ 21 ប៉ុន្ដែ គេស្រែកឡើងថា៖ «ឆ្កាងទៅ! ឆ្កាងទៅ!»។ 22 លោកពីឡាត មានប្រសាសន៍ទៅគេ ជាលើកទីបីថា៖ «តើអ្នកនេះបានប្រព្រឹត្ដអំពើអាក្រក់អ្វី? ខ្ញុំមិនឃើញគាត់មានទោសអ្វី គួរអោយប្រហារជីវិតឡើយ។ ខ្ញុំគ្រាន់តែអោយគេវាយប្រដៅគាត់ រួចលែងគាត់អោយទៅវិញ»។ 23 ប៉ុន្ដែ គេចេះតែស្រែកខ្លាំងឡើងៗ ទាមទារអោយឆ្កាងព្រះយេស៊ូ សំរែករបស់គេមានប្រៀបជាង។ 24 លោកពីឡាតក៏យល់ព្រមតាមពាក្យទាមទាររបស់ពួកគេ 25 លោកដោះលែងបារ៉ាបាស ជាអ្នកជាប់ឃុំឃំាង មកពីបានបង្កចលាចល និង បានសម្លាប់មនុស្ស។ រីឯព្រះយេស៊ូវិញ លោកប្រគល់អោយគេយកទៅធ្វើតាមអំពើចិត្ដ។ 26 នៅពេលបណ្ដើរព្រះយេស៊ូទៅគេជួបបុរសម្នាក់ឈ្មោះ ស៊ីម៉ូន ជាអ្នកស្រុកគីរេន ដែលត្រឡប់មកពីចំការ។ គេចាប់បង្ខំគាត់អោយលីឈើឆ្កាងដើរតាមក្រោយព្រះយេស៊ូ។ 27 ប្រជាជនច្រើនកុះករដើរតាមព្រះអង្គទៅ ព្រមទាំងមានពួកស្ដ្រីគក់ទ្រូង យំសោកអាណិតព្រះអង្គផង។ 28 ព្រះយេស៊ូងាកមកមានព្រះបន្ទូលនឹងស្ដ្រីទាំងនោះ ថា៖«ស្ដ្រីក្រុងយេរូសាឡឹមអើយ! កុំយំសោកអាណិតខ្ញុំធ្វើអ្វី ចូរយំសោកអាណិតខ្លួននាង និង កូននាងវិញ 29 ដ្បិតនៅថ្ងៃក្រោយនឹងមានគេពោល "ស្ដ្រីណាឥតកូន ស្ដ្រីណាមិនបង្កើតកូន និង ស្ដ្រីណាមិនដែលបំបៅកូន ស្ដ្រីនោះពិតជាមានសុភមង្គលមែន"។ 30 នៅពេលនោះ គេនឹងនិយាយទៅភ្នំថា"ចូររលំសង្កត់ពី លើយើងខ្ញុំមក! ចូរជួយលាក់ ខ្លួនយើងខ្ញុំផង!"។ 31 បើគេធ្វើបាបឈើស្រស់យ៉ាងហ្នឹងទៅហើយ ចុះទំរាំបើឈើងាប់វិញ តើគេនឹងធ្វើបាបដល់ កំរិតណាទៅ!»។ 32 គេបាននាំអ្នកទោស ពីរនាក់ទៀត មកសម្លាប់ជាមួយ ព្រះយេស៊ូដែរ។ 33 លុះមកដល់កន្លែងមួយដែលគេហៅថា "ភ្នំលលាដ៍ក្បាល" គេឆ្កាងព្រះយេស៊ូនៅទីនោះ ហើយគេក៏ឆ្កាងអ្នកទោសទាំងពីរនាក់នោះដែរ ម្នាក់នៅខាងស្ដំាព្រះអង្គ ម្នាក់ទៀតនៅខាងឆ្វេងព្រះអង្គ។ 34 ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ឱព្រះបិតាអើយ! សូមព្រះអង្គអត់ទោសអោយអ្នកទាំងនេះផង ដ្បិតគេមិនដឹងថាគេកំពុងធ្វើអ្វីឡើយ»។ គេយកសម្លៀកបំពាក់របស់ព្រះអង្គ មកចាប់ឆ្នោតចែកគ្នា។ 35 ប្រជាជននាំគ្នាឈរមើល រីឯពួកនាម៉ឺននិយាយចំអកមើលងាយ ព្រះអង្គថា៖ «គាត់បានសង្គ្រោះមនុស្សឯទៀតៗ បើគាត់ជាព្រះគ្រិស្ដ របស់ព្រះជាម្ចាស់ ហើយជាអ្នកដែលព្រះអង្គបានជ្រើសរើសមែន នោះអោយគាត់សង្គ្រោះខ្លួនឯងទៅ!»។ 36 ពួកទាហានក៏បានចំអកដាក់ព្រះអង្គដែរគេយកទឹកខ្មេះមកថ្វាយព្រះអង្គសោយ 37 ទាំងពោលថា៖ «បើអ្នកជាស្ដេចជនជាតិយូដាមែន ចូរសង្គ្រោះខ្លួនអ្នកទៅ!»។ 38 នៅពីលើព្រះអង្គមានសរសេរអក្សរថា «អ្នកនេះជាស្ដេចជនជាតិយូដា»។ 39 អ្នកទោសម្នាក់ដែលជាប់ឆ្កាងពោលប្រមាថព្រះយេស៊ូថា៖ «បើអ្នកជាព្រះគ្រិស្ដមែន ចូរសង្គ្រោះខ្លួនអ្នកទៅហើយសង្គ្រោះយើងផង!»។ 40 ប៉ុន្ដែ អ្នកទោសម្នាក់ទៀតស្ដីអោយអ្នកនោះថា៖ «ឯងមិនកោតខ្លាចព្រះជាម្ចាស់ទេឬ? ឯងត្រូវគេកាត់ទោសដូចលោកដែរ។ 41 គេធ្វើទោស យើងនេះត្រូវហើយ យើងទទួលទោសតាមអំពើដែលយើងបានប្រព្រឹត្ដ។ រីឯលោកវិញ លោកមិនបានធ្វើអំពើ អាក្រក់អ្វីសោះ»។ 42 បន្ទាប់មក គាត់ទូលព្រះអង្គថា៖ «ឱព្រះយេស៊ូអើយ! ពេលព្រះអង្គយាងមកគ្រងរាជ្យ សូមកុំភ្លេចទូលបង្គំ»។ 43 ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ខ្ញុំសុំប្រាប់អោយអ្នកដឹងច្បាស់ថា ថ្ងៃនេះអ្នកបានទៅនៅស្ថានបរមសុខ ជាមួយខ្ញុំ»។ 44 ពេលនោះ ប្រហែលជាថ្ងៃត្រង់ ផែនដីទាំងមូលងងឹតសូន្យរហូតដល់ម៉ោងបីរសៀល 45 ព្រះអាទិត្យបាត់រស្មី វាំងនននៅក្នុងព្រះវិហារ រហែកជាពីរ ចំពាក់កណ្ដាល។ 46 ព្រះយេស៊ូបន្លឺព្រះសូរសៀងខ្លាំងៗថា៖ «ព្រះបិតា! ទូលបង្គំសូមប្រគល់វិញ្ញាណរបស់ទូលបង្គំ ទៅក្នុងព្រះហស្ដព្រះអង្គវិញ »។ ព្រះអង្គមានព្រះបន្ទូលដូច្នោះរួចហើយ ក៏រលត់វិញ្ញាណទៅ។ 47 នាយទាហានរ៉ូមាំងដែលបានឃើញហេតុការណ៍កើតឡើង ក៏លើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ហើយពោល៖ «បុរសនេះពិតជាសុចរិតមែន!»។ 48 រីឯបណ្ដាជនទាំងប៉ុន្មានដែលមកមើល កាលបានឃើញហេតុការណ៍ទាំងនេះ គេនាំគ្នាត្រឡប់ទៅវិញ ទាំងគក់ទ្រូង។ 49 អ្នកជិតដិតនឹងព្រះយេស៊ូទាំងប៉ុន្មាន ព្រមទាំងពួកស្ដ្រីដែលដើរតាមព្រះអង្គតាំងពីស្រុកកាលីឡេមក នាំគ្នាឈរមើលហេតុការណ៍ទាំងអស់ពីចម្ងាយ។ 50 មានសមាជិកក្រុមប្រឹក្សាជាន់ខ្ពស់ មួយរូបឈ្មោះយ៉ូសែប។ លោកជាអ្នកក្រុងអើរីម៉ាថេ ជាក្រុងមួយរបស់ជន ជាតិយូដា។ លោកជាមនុស្សល្អសុចរិត ហើយទន្ទឹងរង់ចាំព្រះរាជ្យ របស់ព្រះជាម្ចាស់។ 51 លោកពុំបានយល់ស្រប ជាមួយគេលើការសំរេចចិត្ដធ្វើគុតព្រះយេស៊ូទេ ហើយក៏មិនបានចូលរួមក្នុងអំពើដែលគេប្រព្រឹត្ដនោះដែរ។ 52 លោកបានទៅជួបលោកពីឡាតសុំយកព្រះសពព្រះយេស៊ូ។ 53 លោកយកព្រះសពព្រះយេស៊ូចុះពីឈើឆ្កាងហើយរុំនឹងក្រណាត់ផាឌិប រួចដាក់ក្នុងរូងថ្មមួយ ដែលគេដាប់ធ្វើជាផ្នូរ។ ផ្នូរនេះពុំទាន់មានដាក់សពណាមួយនៅឡើយទេ។ 54 ថ្ងៃនោះជាថ្ងៃរៀបចំបុណ្យចម្លង ហើយថ្ងៃសប្ប័ទ ជិតមកដល់។ 55 ពួកស្ដ្រីដែលមកតាមព្រះអង្គតាំងពីស្រុកកាលីឡេ ក៏ទៅជាមួយលោកយ៉ូសែបដែរ។ នាងបានឃើញផ្នូរ ហើយឃើញរបៀបដែលគេដាក់ព្រះសព ព្រះយេស៊ូផង។ 56 បន្ទាប់មក ស្ដ្រីទាំងនោះវិលត្រឡប់ទៅវិញ រៀបចំគ្រឿងក្រអូប និង ទឹកអប់។ នៅថ្ងៃសប្ប័ទ នាងនាំគ្នាឈប់សំរាកតាមបទបញ្ជាចែងទុក។

លូកា 24

1 នៅថ្ងៃអាទិត្យពេលព្រលឹមស្រាងៗ ស្ដ្រីៗនាំគ្នាទៅផ្នូរ ដោយយកគ្រឿងក្រអូប ដែលគេបានរៀបចំទុកទៅជាមួយ ផង។ 2 ពួកនាងសង្កេតឃើញថា ថ្មបានរមៀលចេញពីមាត់ផ្នូរ។ 3 នាងក៏នាំគ្នាចូលទៅក្នុងផ្នូរ តែពុំឃើញព្រះសពរបស់ព្រះអម្ចាស់យេស៊ូទេ។ 4 ស្ដ្រីទាំងនោះមិនដឹងជាត្រូវគិតយ៉ាងណាស្រាប់តែមានបុរសពីរនាក់ស្លៀកពាក់ភ្លឺចិញ្ចែងចិញ្ចាច មកឈរជិតនាង។ 5 នាងភ័យខ្លាចជាខ្លាំង ហើយអោនមុខចុះ។ បុរសទាំងពីរនាក់នោះនិយាយមកកាន់នាងថា៖«ហេតុអ្វីបានជានាងនាំគ្នាមករកព្រះអង្គដែលមានព្រះជន្មរស់ ក្នុងចំណោមមនុស្សស្លាប់ដូច្នេះ? 6 ទ្រង់មិនគង់នៅទីនេះទេ ព្រះជាម្ចាស់បានប្រោសព្រះអង្គអោយមានព្រះជន្មរស់ឡើងវិញហើយ។ ចូរនឹកចាំអំពី ព្រះបន្ទូល ដែលព្រះអង្គបានប្រាប់អ្នករាល់គ្នា កាលនៅស្រុកកាលីឡេថា 7 "បុត្រមនុស្ស នឹងត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់មនុស្សបាប គេនឹងឆ្កាងព្រះអង្គ តែបីថ្ងៃក្រោយមក ព្រះអង្គមានព្រះជន្មរស់ឡើងវិញ" »។ 8 ពួកនាងក៏នឹកឃើញព្រះបន្ទូលរបស់ព្រះយេស៊ូ។ 9 ពួកនាងនាំគ្នាត្រឡប់មកពីផ្នូរវិញ រៀបរាប់ហេតុការណ៍ទាំងនោះប្រាប់ក្រុមសិស្សទាំងដប់មួយនាក់ ព្រមទាំងអ្នកឯទៀតៗដែរ។ 10 ស្ដ្រីទាំងនោះ មាននាងម៉ារីជាអ្នកស្រុកម៉ាដាឡានាងយ៉ូអាន់ និង នាងម៉ារីជាម្ដាយរបស់យ៉ាកុប។ ស្ដ្រីឯទៀតៗដែលបានទៅជាមួយនាងទាំងនោះ ក៏រៀបរាប់ហេតុការណ៍ប្រាប់ក្រុមសាវ័កដែរ 11 ពួកគេពុំជឿពាក្យសំដីនាងទេ ព្រោះគេថា នាងទាំងនោះនិយាយរឿងផ្ដេសផ្ដាស។ 12 ប៉ុន្ដែ លោកពេត្រុសស្ទុះរត់ទៅផ្នូរ គាត់អោនមើលទៅឃើញតែក្រណាត់រុំព្រះសពប៉ុណ្ណោះ គាត់វិលត្រឡប់មកផ្ទះវិញ ទាំងងឿងឆ្ងល់អំពីហេតុការណ៍ដែលកើតមាននោះ។ 13 នៅថ្ងៃដដែលនោះ មានសិស្ស ពីរនាក់ធ្វើដំណើរឆ្ពោះទៅភូមិអេម៉ោស ចម្ងាយប្រមាណដប់មួយគីឡូម៉ែត្រពី ក្រុងយេរូសាឡឹម។ 14 គេនិយាយគ្នាអំពីហេតុការណ៍ទាំងប៉ុន្មានដែលកើតមាន។ 15 នៅពេលដែលគេកំពុងតែពិភាក្សាគ្នា ព្រះយេស៊ូយាងមកជិតគេ ហើយធ្វើដំណើរជាមួយគេទៅ។ 16 គេឃើញព្រះយេស៊ូផ្ទាល់នឹងភ្នែក តែគេមិនអាចស្គាល់ព្រះអង្គបានឡើយ។ 17 ព្រះយេស៊ូមានព្រះបន្ទូលសួរគេថា៖ «អ្នករាល់គ្នាដើរបណ្ដើរ ជជែកគ្នាបណ្ដើរ តើនិយាយគ្នាអំពីរឿងអ្វីហ្នឹង?»។ គេក៏ឈប់ដើរ ឈរស្ងៀម មានទឹកមុខស្រងូត។ 18 ម្នាក់ឈ្មោះក្លេវប៉ាស ទូលព្រះអង្គថា៖ «ប្រជាជនទាំងអស់នៅក្រុងយេរូសាឡឹម ដឹងហេតុការណ៍ដែលកើតឡើងប៉ុន្មានថ្ងៃមុននេះគ្រប់ៗគ្នា ម្ដេចក៏លោកមិនដឹង?»។ 19 ព្រះអង្គសួរទៅគេថា៖ «តើរឿងអ្វី?»។ គេទូលឆ្លើយថា៖ «គឺរឿងលោកយេស៊ូជាអ្នក ភូមិណាសារ៉ែត។ ព្រះជាម្ចាស់ និង ប្រជាជនទាំងមូល ទទួលស្គាល់ថា លោកជាព្យាការី មានឫទ្ធានុភាពក្នុងគ្រប់ កិច្ចការដែលលោកបានធ្វើ និង គ្រប់ពាក្យសំដីដែលលោកបានថ្លែង។ 20 ពួកនាយកបូជាចារ្យ និង ពួកមន្ដ្រីរបស់ យើង បានបញ្ជូនលោកទៅអោយគេកាត់ទោសប្រហារជីវិត ហើយគេឆ្កាងលោកផង។ 21 យើងបានសង្ឃឹមថា លោកនេះហើយដែលនឹងរំដោះជនជាតិអ៊ីស្រាអែល តែហេតុការណ៍ទាំងនោះបានកន្លងផុតទៅបីថ្ងៃហើយ។ 22 មានស្ដ្រីខ្លះក្នុងចំណោមពួកយើង បានធ្វើអោយយើងឆ្ងល់យ៉ាងខ្លាំង គឺនាងនាំគ្នាទៅផ្នូរ តាំងពីព្រលឹម 23 តែមិនបានឃើញសពលោកទេ។ នាងត្រឡប់មកវិញ រៀបរាប់ថានាងបានឃើញទេវតា មកប្រាប់ថា លោកមានជីវិតរស់។ 24 មានពួកយើងខ្លះនាំគ្នាទៅផ្នូរដែរ ហើយបានឃើញដូចពាក្យស្ដ្រីទាំងនោះនិយាយមែន ប៉ុន្ដែ ពុំមាននរណាបានឃើញលោកសោះ»។ 25 ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «មនុស្សខ្វះប្រាជ្ញាអើយ! អ្នក រាល់គ្នាមិនងាយជឿពាក្យទាំងប៉ុន្មាន ដែលពួកព្យាការីបានថ្លែងសោះ!។ 26 ព្រះគ្រិស្ដ ត្រូវតែរងទុក្ខលំបាកបែបនេះសិន មុននឹងចូលទៅទទួលសិរីរុងរឿងរបស់ព្រះអង្គ»។ 27 បន្ទាប់មកព្រះយេស៊ូបកស្រាយសេចក្ដីដែលមានចែងទុក អំពីព្រះអង្គនៅក្នុងគម្ពីរទាំងមូល ចាប់ពីគម្ពីរលោកម៉ូសេ រហូតដល់គម្ពីរព្យាការីទាំងអស់។ 28 លុះមកជិតដល់ភូមិដែលសិស្សទាំងពីរបំរុងនឹងទៅ ព្រះយេស៊ូធ្វើហាក់ដូចជាចង់យាងបន្ដទៅមុខទៀត។ 29 គេឃាត់ព្រះអង្គថា៖ «សូមលោកស្នាក់នៅជាមួយយើងខ្ញុំទីនេះហើយ ដ្បិតថ្ងៃកាន់តែទាប ហើយជិតយប់ផង» ព្រះយេស៊ូក៏ចូលទៅស្នាក់នៅជាមួយគេ។ 30 ព្រះអង្គគង់រួមតុជាមួយគេ ហើយយកនំបុ័ងមកកាន់ អរព្រះគុណព្រះជាម្ចាស់ រួចកាច់ ប្រទានអោយគេ។ 31 ពេលនោះ ភ្នែកគេបានភ្លឺឡើង មើលព្រះអង្គស្គាល់ ប៉ុន្ដែ ព្រះអង្គបាត់ពីមុខគេទៅ។ 32 គេនិយាយគ្នាថា៖ «កាលព្រះអង្គមានព្រះបន្ទូលមកកាន់យើងព្រមទាំងបកស្រាយគម្ពីរអោយយើងស្ដាប់ នៅតាមផ្លូវយើងមានចិត្ដរំភើបយ៉ាងខ្លាំង!»។ 33 គេក៏ក្រោកឡើង វិលត្រឡប់ទៅក្រុងយេរូសាឡឹមវិញភ្លាម ឃើញក្រុមសិស្ស ទាំងដប់មួយនាក់នៅជុំគ្នាជាមួយពួកគេឯទៀតៗ 34 គេប្រាប់អ្នកទាំងពីរថា៖ «ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ ពិតប្រាកដមែន ហើយទ្រង់បានបង្ហាញខ្លួនអោយស៊ីម៉ូនឃើញ!»។ 35 សិស្សទាំងពីរនាក់រៀបរាប់ហេតុការណ៍ដែល កើតឡើងនៅតាមផ្លូវ ហើយគេបានស្គាល់ព្រះអង្គនៅពេលព្រះអង្គកាច់នំបុ័ង។ 36 នៅពេលសិស្សទាំងពីរនាក់ កំពុងតែនិយាយរៀបរាប់ ព្រះអម្ចាស់យាងមកគង់នៅកណ្ដាលចំណោមសិស្សទាំងអស់ ហើយមានព្រះបន្ទូលថា៖ «សូមអោយអ្នករាល់គ្នាប្រកបដោយសេចក្ដីសុខសាន្ដ»។ 37 គេភ័យតក់ស្លុត ញ័ររន្ធត់យ៉ាងខ្លាំង ព្រោះស្មានថាខ្មោចលង។ 38 ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នារន្ធត់ចិត្ដ ដូច្នេះ? ម្ដេចក៏អ្នករាល់គ្នានៅសង្ស័យ? 39 ចូរមើលដៃជើងខ្ញុំ គឺពិតជាខ្ញុំមែន!ចូរស្ទាបមើល៍ ខ្មោចគ្មានសាច់គ្មានឆ្អឹង ដូចខ្ញុំទេ»។ 40 ព្រះអង្គមានព្រះបន្ទូលដូច្នោះហើយ ក៏បង្ហាញព្រះហស្ដ និង ព្រះបាទាអោយគេឃើញ។ 41 សិស្សពុំទាន់ជឿនៅឡើយទេ ព្រោះគេអរផង ហើយងឿងឆ្ងល់ផង។ ដូច្នេះ ព្រះយេស៊ូមានព្រះបន្ទូលសួរគេថា៖ «នៅទីនេះតើអ្នករាល់គ្នាមានអ្វីបរិភោគឬទេ?»។ 42 គេយកត្រីអំាងមួយដុំមកថ្វាយព្រះអង្គ 43 ព្រះអង្គទទួលយក ហើយសោយនៅមុខពួកគេទាំងអស់គ្នា។ 44 បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលថា៖ «កាលខ្ញុំនៅជាមួយអ្នករាល់គ្នានៅឡើយ ខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នាថា សេចក្ដីទាំងអស់ដែលមានចែងទុកអំពីខ្ញុំ ក្នុងគម្ពីរវិន័យ របស់លោកម៉ូសេ ក្នុងគម្ពីរព្យាការី និង ក្នុងគម្ពីរទំនុកតម្កើង ត្រូវតែកើតមាន»។ 45 ព្រះអង្គក៏បំភ្លឺចិត្ដគំនិតគេអោយយល់ អត្ថន័យគម្ពីរ 46 ព្រះអង្គមានព្រះបន្ទូលថា៖«ហេតុការណ៍នេះកើតឡើង ស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរមែន គឺព្រះគ្រិស្ដ ត្រូវរងទុក្ខលំបាក ហើយមានព្រះជន្មរស់ឡើងវិញនៅថ្ងៃទីបី។ 47 អ្នករាល់គ្នាត្រូវប្រកាស ក្នុងព្រះនាមព្រះអង្គ អោយមនុស្សគ្រប់ជាតិសាសន៍កែប្រែចិត្ដគំនិត ដើម្បីអោយបានរួចពីបាប គឺត្រូវប្រកាសចាប់ តាំងពីក្រុងយេរូសាឡឹមតទៅ។ 48 អ្នករាល់គ្នាជាសាក្សីអំពីហេតុការណ៍ទាំងនេះ។ 49 ខ្ញុំនឹងចាត់ព្រះវិញ្ញាណមកសណ្ឋិតលើអ្នករាល់គ្នា តាមព្រះបន្ទូលសន្យារបស់ព្រះបិតាខ្ញុំ។ អ្នករាល់គ្នាត្រូវនៅក្នុងក្រុងយេរូសាឡឹមនេះរហូតដល់ព្រះជាម្ចាស់ ប្រទានអោយអ្នករាល់គ្នាមានឫទ្ធានុភាព។ 50 បន្ទាប់មក ព្រះយេស៊ូនាំពួកសិស្ស ចេញពីទីក្រុងទៅភូមិបេថានី។ ពេលទៅដល់ ព្រះអង្គលើកព្រះហស្ដឡើង ហើយប្រទានពរអោយគេ។ 51 នៅពេលដែលព្រះអង្គកំពុងតែប្រទានពរ ព្រះជាម្ចាស់លើកយកព្រះអង្គចេញពីគេ ឡើងទៅស្ថានបរមសុខ ។ 52 ក្រោយពីបានក្រាបថ្វាយបង្គំព្រះអង្គរួចហើយ គេក៏វិលត្រឡប់ទៅក្រុងយេរូសាឡឹមវិញ ប្រកបដោយអំណរដ៏លើសលប់។ 53 គេនៅក្នុងព្រះវិហារ ហើយនាំគ្នាលើកតម្កើងព្រះជាម្ចាស់ជានិច្ចនិរន្ដរ៍។

យ៉ូហាន 1

1 កាលពីដើមដំបូងបង្អស់ ព្រះបន្ទូលមានព្រះជន្មគង់នៅ។ ព្រះបន្ទូលគង់នៅជាមួយ ព្រះជាម្ចាស់ ហើយព្រះបន្ទូលជាព្រះជាម្ចាស់។ 2 ព្រះបន្ទូលគង់នៅជាមួយព្រះជាម្ចាស់ កាលពីដើមដំបូងបង្អស់។ 3 អ្វីៗសព្វសារពើសុទ្ធតែកើតឡើង ដោយសារព្រះបន្ទូល គឺក្នុងបណ្ដាអ្វីៗដែលកើតមក គ្មានអ្វីមួយកើតមកក្រៅពីព្រះអង្គបង្កើតនោះឡើយ។ 4 ព្រះបន្ទូលជាប្រភពនៃជីវិត ហើយជីវិតនោះជាពន្លឺបំភ្លឺមនុស្សលោក។ 5 ពន្លឺភ្លឺក្នុងសេចក្ដីងងឹត តែសេចក្ដីងងឹតពុំបានទទួលពន្លឺទេ។ 6 ព្រះជាម្ចាស់ បានចាត់បុរសម្នាក់ ឈ្មោះយ៉ូហានអោយមក។ 7 លោកបានមកធ្វើជាបន្ទាល់ផ្ដល់សក្ខីភាពអំពីពន្លឺ ដើម្បីអោយមនុស្សទាំងអស់ជឿ ដោយសារលោក។ 8 លោកយ៉ូហានមិនមែនជាពន្លឺទេ គឺលោកគ្រាន់តែមកផ្ដល់សក្ខីភាពអំពីពន្លឺប៉ុណ្ណោះ។ 9 ព្រះបន្ទូលជាពន្លឺដ៏ពិតប្រាកដតែមួយដែលមកក្នុងពិភពលោកហើយបំភ្លឺមនុស្សគ្រប់ៗរូប។ 10 ព្រះបន្ទូលបានគង់ក្នុងពិភពលោក ហើយពិភពលោកកើតឡើង ដោយសារព្រះអង្គ ប៉ុន្ដែ ពិភពលោកពុំបានទទួលស្គាល់ព្រះអង្គទេ។ 11 ព្រះបន្ទូលបានយាងមកគង់ជាមួយប្រជារាស្ដ្ររបស់ព្រះអង្គផ្ទាល់ តែប្រជារាស្ដ្រនោះពុំបានទទួលព្រះអង្គឡើយ។ 12 រីឯអស់អ្នកដែលបានទទួលព្រះអង្គ គឺអស់អ្នកដែលជឿលើព្រះនាមព្រះអង្គ ព្រះអង្គប្រទានអោយគេអាចទៅជាបុត្ររបស់ព្រះជាម្ចាស់។ 13 អ្នកទាំងនោះពុំមែនកើតពីលោហិតពីចំណង់តណ្ហា ឬ ពីបំណងមនុស្សឡើយ គឺកើតពីព្រះជាម្ចាស់វិញ។ 14 ព្រះបន្ទូលបានកើតមកជាមនុស្ស ហើយគង់នៅក្នុងចំណោមយើងរាល់គ្នា យើងបានឃើញសិរីរុងរឿងរបស់ព្រះអង្គ ជាសិរីរុងរឿងនៃព្រះបុត្រាតែមួយគត់ដែលមកពីព្រះបិតា ព្រះអង្គពោរពេញទៅដោយព្រះគុណ និង សេចក្ដីពិត។ 15 លោកយ៉ូហានបានផ្ដល់សក្ខីភាពអំពីព្រះអង្គ ដោយប្រកាសថា៖ «គឺលោកនេះហើយដែលខ្ញុំនិយាយថា "អ្នកមកក្រោយខ្ញុំ ប្រសើរជាងខ្ញុំ ដ្បិតលោកមានជីវិតមុនខ្ញុំ"»។ 16 យើងទាំងអស់គ្នាបានទទួលព្រះគុណមិនចេះអស់មិនចេះហើយ ពីគ្រប់លក្ខណសម្បត្ដិរបស់ព្រះអង្គ 17 ដ្បិតព្រះអង្គប្រទានក្រឹត្យវិន័យ តាមរយៈលោកម៉ូសេ ហើយព្រះគុណ និង សេចក្ដីពិតតាមរយៈព្រះយេស៊ូគ្រិស្ដ។ 18 ពុំដែលមាននរណាម្នាក់បានឃើញព្រះជាម្ចាស់ឡើយ មានតែព្រះបុត្រាមួយព្រះអង្គប៉ុណ្ណោះ ដែលបាននាំយើងអោយស្គាល់ព្រះអង្គ ដ្បិតព្រះបុត្រាមានព្រះជន្មរួមជាមួយព្រះបិតា។ 19 ជនជាតិយូដាចាត់ពួកបូជាចារ្យ និង ពួកលេវី ពីក្រុងយេរូសាឡឹម អោយទៅជួបលោកយ៉ូហាន ដើម្បីសួរថា៖ «លោកជានរណា?»។ 20 លោកយ៉ូហានប្រកាសប្រាប់គេ ដោយពុំលាក់លៀមអ្វីឡើយ គឺលោកបានបញ្ជាក់យ៉ាងច្បាស់ថា៖ «ខ្ញុំមិនមែនជាព្រះគ្រិស្ដ ទេ»។ 21 ពួកគេសួរលោកថា៖ «ដូច្នេះតើលោកជានរណា? តើលោកជាព្យាការីអេលីយ៉ាឬ?»។ លោកឆ្លើយថា៖ «ទេ មិនមែនទេ!»។ គេក៏សួរទៀតថា៖ «តើលោកជាព្យាការី ដែលយើងរង់ចាំ នោះឬ?»។ លោកឆ្លើយថា៖ «មិនមែនទេ!»។ 22 គេសួរលោកទៀតថា៖ «តើលោកជានរណា? ដ្បិតយើងខ្ញុំចង់បានចម្លើយ យកទៅជំរាបអស់លោកដែលចាត់យើងខ្ញុំអោយមក តើលោកថាខ្លួនលោកជា នរណា!»។ 23 លោកយ៉ូហានមានប្រសាសន៍ថា៖ «ខ្ញុំជាសំឡេងបុរសម្នាក់ដែលស្រែក នៅវាលរហោស្ថាន ថាៈ "ចូរតំរង់ផ្លូវថ្វាយព្រះអម្ចាស់" ត្រូវនឹងសេចក្ដីដែលព្យាការីអេសាយបានថ្លែងទុកមក»។ 24 អ្នកដែលគេចាត់អោយមកនោះ ជាពួកខាងគណៈផារីស៊ី ។ 25 គេសួរលោកយ៉ូហានទៀតថា៖ «បើលោកមិនមែនជាព្រះគ្រិស្ដ មិនមែនជាព្យាការីអេលីយ៉ា ហើយក៏មិនមែនជាព្យាការីដែលយើងរង់ចាំនោះទេ ហេតុដូចម្ដេចបានជាលោកធ្វើពិធីជ្រមុជទឹក ដូច្នេះ?»។ 26 លោកយ៉ូហានឆ្លើយទៅគេថា៖ «ខ្ញុំធ្វើពិធីជ្រមុជក្នុងទឹកមែន ប៉ុន្ដែ ក្នុងចំណោមអ្នករាល់គ្នាមានម្នាក់ដែលអ្នករាល់គ្នាពុំស្គាល់ 27 លោកមកក្រោយខ្ញុំ លោកមានឋានៈខ្ពង់ខ្ពស់ណាស់ សូម្បីតែអោយខ្ញុំស្រាយខ្សែស្បែកជើងជូនលោក ក៏មិនសមនឹងឋានៈរបស់លោកផង»។ 28 ហេតុការណ៍នេះកើតមាន នៅភូមិបេតថានី ខាងនាយទន្លេយ័រដាន់ ត្រង់កន្លែងលោកយ៉ូហានធ្វើពិធីជ្រមុជទឹក ។ 29 នៅថ្ងៃបន្ទាប់ លោកយ៉ូហានឃើញព្រះយេស៊ូយាងតំរង់មករកលោក លោកក៏មានប្រសាសន៍ថា៖ «មើលហ្ន៎! លោកនេះហើយជាកូនចៀមរបស់ព្រះជាម្ចាស់ ដែលដកបាបចេញពីមនុស្សលោក 30 គឺលោកនេះហើយ ដែលខ្ញុំបានប្រាប់អ្នករាល់គ្នាថា "អ្នកដែលមកក្រោយខ្ញុំប្រសើរជាងខ្ញុំ ដ្បិតលោកមានជីវិតមុនខ្ញុំ"។ 31 កាលពីដើម ខ្ញុំពុំស្គាល់ឋានៈរបស់លោកទេ ប៉ុន្ដែ ខ្ញុំមកធ្វើពិធីជ្រមុជក្នុងទឹក ដើម្បីអោយលោកបង្ហាញខ្លួនអោយប្រជារាស្ដ្រអ៊ីស្រាអែលស្គាល់»។ 32 លោកយ៉ូហានបានផ្ដល់សក្ខីភាពថា៖ «ខ្ញុំបានឃើញព្រះវិញ្ញាណ យាងចុះពីស្ថានបរមសុខ ដូចសត្វព្រាប មកសណ្ឋិតលើលោក។ 33 ពីមុនខ្ញុំពុំស្គាល់ឋានៈលោកទេ ប៉ុន្ដែ ព្រះជាម្ចាស់ដែលបានចាត់ខ្ញុំអោយមកធ្វើពិធីជ្រមុជក្នុងទឹក ទ្រង់មានព្រះបន្ទូលមកខ្ញុំថា "អ្នកឃើញព្រះវិញ្ញាណ យាងចុះមកសណ្ឋិតលើអ្នកណា គឺអ្នកនោះហើយ ដែលធ្វើពិធីជ្រមុជក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ "។ 34 ខ្ញុំបានឃើញដូច្នោះមែនហើយខ្ញុំសូមបញ្ជាក់ថា លោកនេះពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន»។ 35 ថ្ងៃបន្ទាប់មកទៀត លោកយ៉ូហាននៅទីនោះដដែល ហើយមានសិស្សរបស់លោកពីរនាក់នៅជាមួយផង។ 36 លោកសំឡឹងមើលព្រះយេស៊ូយាងកាត់តាមនោះ ក៏មានប្រសាសន៍ថា៖ «មើលហ្ន៎!លោកនេះហើយជាកូនចៀមរបស់ព្រះជាម្ចាស់»។ 37 កាលសិស្សទាំងពីរបានឮពាក្យនេះ គេនាំគ្នាដើរតាមព្រះយេស៊ូទៅ។ 38 ព្រះយេស៊ូងាកមកក្រោយ ទតឃើញអ្នកទាំងពីរដើរតាម ព្រះអង្គក៏មានព្រះបន្ទូលសួរថា៖ «អ្នកទាំងពីរមករកអ្វី?»។ គេទូលព្រះអង្គថា៖ «រ៉ាប៊ី! (ពាក្យ"រ៉ាប៊ី"នេះប្រែថា"លោកគ្រូ") តើលោកនៅកន្លែងណា?»។ 39 ព្រះអង្គមានព្រះបន្ទូលទៅគេវិញថា៖«សុំអញ្ជើញមក អ្នកនឹងបានឃើញ!»។ គេក៏ទៅឃើញកន្លែងដែលព្រះអង្គគង់នៅ ហើយគេក៏នៅជាមួយព្រះអង្គនៅថ្ងៃនោះ (ពេលនោះប្រហែលជាម៉ោងបួនរសៀល)។ 40 ក្នុងចំណោមសិស្សទាំងពីរដែលបានឮពាក្យរបស់លោកយ៉ូហាន ហើយតាមព្រះយេស៊ូទៅនោះ មានម្នាក់ឈ្មោះអនទ្រេ ជាប្អូនរបស់លោកស៊ីម៉ូនពេត្រុស ។ 41 គាត់ទៅជួបលោកស៊ីម៉ូន ជាបងមុនគេប្រាប់ថា៖ «យើងបានរកព្រះមេស្ស៊ីឃើញហើយ!» (ពាក្យ"មេស្ស៊ី"នេះ ប្រែថា"ព្រះគ្រិស្ដ")។ 42 គាត់ក៏នាំលោកស៊ីម៉ូនទៅគាល់ព្រះយេស៊ូ។ ព្រះយេស៊ូសំឡឹងមើលលោកស៊ីម៉ូន ក៏មានព្រះបន្ទូលថា៖ «អ្នកឈ្មោះស៊ីម៉ូន ជាកូនរបស់លោកយ៉ូហាន អំណើះតទៅ អ្នកត្រូវមានឈ្មោះថា"កេផាស" (ពាក្យ"កេផាស" នេះ ប្រែថា ពេត្រុស )។ 43 លុះថ្ងៃបន្ទាប់មកទៀត ព្រះយេស៊ូសព្វព្រះហឫទ័យយាងទៅស្រុកកាលីឡេ។ ព្រះអង្គបានជួបលោកភីលីព ហើយមានព្រះបន្ទូលទៅគាត់ថា៖«សូមអញ្ជើញមកតាមខ្ញុំ»។ 44 លោកភីលីពជាអ្នកភូមិបេតសៃដាដូចលោកអនទ្រេ និង លោកពេត្រុសដែរ។ 45 លោកភីលីពទៅជួបលោកណាថាណែល ប្រាប់គាត់ថា៖«ព្រះអង្គដែលលោកម៉ូសេបានចារទុកក្នុងគម្ពីរវិន័យ ហើយគម្ពីរព្យាការីក៏មានចែងទុកដែរនោះ ឥឡូវនេះយើងបានជួបហើយ ព្រះអង្គមាននាមថាយេស៊ូជាអ្នកភូមិណាសារ៉ែតជាបុត្ររបស់ លោកយ៉ូសែប»។ 46 លោកណាថាណែលពោលតបទៅលោកភីលីពវិញថា៖ «ពុំដែលមានអ្វីល្អ អាចចេញពីភូមិណាសារ៉ែតបានឡើយ»។ 47 លោកភីលីពប្រាប់គាត់ថា៖ «សូមអញ្ជើញមកអ្នកនឹងបានឃើញ!»។ កាលព្រះយេស៊ូទតឃើញលោកណាថាណែលដើរមករកព្រះអង្គ ព្រះអង្គមានព្រះបន្ទូលអំពីគាត់ថា៖ «អ្នកនេះជាជាតិអ៊ីស្រាអែលដ៏ពិតប្រាកដមែន ដ្បិតគាត់គ្មានពុតត្បុតអ្វីក្នុងខ្លួនសោះ»។ 48 លោកណាថាណែលទូលសួរព្រះអង្គថា៖ «តើលោកគ្រូដែលស្គាល់ខ្ញុំពីអង្កាល់?»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ខ្ញុំបានឃើញអ្នក កាលអ្នកនៅក្រោមដើមឧទុម្ពរ មុនភីលីពហៅអ្នកទៅទៀត»។ 49 លោកណាថាណែលទូលព្រះអង្គថា៖ «ព្រះគ្រូ! ព្រះអង្គពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់ ហើយពិតជាព្រះមហាក្សត្ររបស់ជនជាតិអ៊ីស្រាអែលមែន»។ 50 ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «អ្នកបានជឿមកពីឮខ្ញុំនិយាយថា ខ្ញុំបានឃើញអ្នកនៅក្រោមដើមឧទុម្ពរ "ថ្ងៃក្រោយ អ្នកមុខតែឃើញការអស្ចារ្យលើសនេះទៅទៀត»។ 51 ព្រះអង្គមានព្រះបន្ទូលថែមទៀតថា៖ «ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា អ្នករាល់គ្នានឹងឃើញ ផ្ទៃមេឃបើកចំហ ហើយមានពួកទេវតា របស់ព្រះជាម្ចាស់ចុះឡើងនៅពីលើបុត្រមនុស្ស »។

យ៉ូហាន 2

1 បីថ្ងៃក្រោយមក មានគេរៀបពិធីមង្គលការនៅភូមិកាណា ក្នុងស្រុកកាលីឡេ។ មាតាព្រះយេស៊ូនៅទីនោះ 2 ហើយគេក៏បានយាងព្រះយេស៊ូ និង អញ្ជើញពួកសិស្ស របស់ព្រះអង្គ ទៅចូលរួមក្នុងពិធីមង្គលការនោះដែរ។ 3 ពេលនោះ គេខ្វះស្រាទំពាំងបាយជូរ។ មាតាព្រះយេស៊ូទូលព្រះអង្គថា៖ «គេអស់ស្រាទំពាំងបាយជូរហើយ!»។ 4 ព្រះយេស៊ូមានព្រះបន្ទូលទៅមាតាថា៖ «អ្នកម្ដាយអើយ! កុំរវល់នឹងរឿងនេះអី ពេលកំណត់របស់ខ្ញុំពុំទាន់មកដល់នៅឡើយទេ»។ 5 មាតារបស់ព្រះអង្គប្រាប់ទៅពួកអ្នកបំរើថា៖ «បើលោកប្រាប់អោយធ្វើអ្វី ចូរធ្វើតាមទៅ»។ 6 នៅទីនោះមានពាងប្រាំមួយដែលជនជាតិយូដាដាក់ទឹក សំរាប់ធ្វើពិធីជំរះកាយ។ ពាងនីមួយៗមានចំណុះប្រមាណជាពីរបីអំរែក។ 7 ព្រះយេស៊ូមានព្រះបន្ទូលទៅអ្នកបំរើថា៖ «សុំដងទឹកមកចាក់អោយពេញពាងទាំងនេះទៅ»។ គេក៏ដងទឹកចាក់ពេញពាង។ 8 ព្រះអង្គមានព្រះបន្ទូលថា៖ «ឥឡូវនេះ សុំដងយកទៅជូនលោកចៅមហាទៅ» គេក៏ដងយកទៅជូន។ 9 លោកចៅមហាភ្លក់ទឹក ដែលបានប្រែមកជាស្រាទំពាំងបាយជូរ។ គាត់មិនដឹងថា គេបានស្រានេះមកពីណាឡើយ មានតែពួកអ្នកបំរើដែលបានដងទឹក មកចាក់ពាងទើបដឹង។ 10 គាត់ហៅកូនកំឡោះមកនិយាយថា៖ «អ្នកផងទាំងពួងតែងយកស្រាទំពាំងបាយជូរឆ្ងាញ់ មកជូនភ្ញៀវជាមុន លុះភ្ញៀវពិសាច្រើនហើយ ទើបគេយកស្រាមិនសូវឆ្ងាញ់មកជូនតាមក្រោយ។ រីឯអ្នកវិញ ម្ដេចក៏ទុកស្រាឆ្ងាញ់មកទល់ឥឡូវដូច្នេះ!»។ 11 នេះជាទីសំគាល់ដំបូងបង្អស់ ដែលព្រះយេស៊ូបានធ្វើនៅភូមិកាណាក្នុងស្រុកកាលីឡេ។ ព្រះអង្គបានសំដែងសិរីរុងរឿងរបស់ព្រះអង្គ ហើយពួកសិស្សក៏បានជឿលើព្រះអង្គ។ 12 បន្ទាប់មក ព្រះអង្គយាងចុះទៅក្រុងកាពើណិម ជាមួយមាតា ព្រមទាំងបងប្អូន និង សិស្សរបស់ព្រះអង្គ ហើយស្នាក់នៅទីនោះមួយរយៈពេលខ្លី។ 13 បុណ្យចម្លង របស់ជនជាតិយូដាជិតមកដល់ហើយ ព្រះយេស៊ូក៏យាងឡើងទៅក្រុងយេរូសាឡឹម។ 14 នៅក្នុងបរិវេណព្រះវិហារ ព្រះអង្គឃើញអ្នកលក់គោ លក់ចៀម លក់ព្រាប និង អ្នកអង្គុយដូរប្រាក់។ 15 ព្រះអង្គយកខ្សែធ្វើរំពាត់ដេញអ្នកទាំងនោះ ព្រមទាំងចៀម និង គោរបស់គេចេញពីបរិវេណព្រះវិហារ ព្រះអង្គបាចប្រាក់អ្នកដូរប្រាក់ចោល ហើយផ្កាប់តុរបស់គេផង។ 16 ព្រះអង្គមានព្រះបន្ទូលទៅអ្នកលក់ព្រាបថា៖ «ចូរយករបស់ទាំងអស់នេះចេញទៅ កុំយកដំណាក់ព្រះបិតាខ្ញុំធ្វើជាកន្លែងលក់ដូរដូច្នេះឡើយ»។ 17 ពួកសិស្ស នឹកឃើញសេចក្ដីដែលមានចែងទុកក្នុងគម្ពីរថា៖ «មកពីទូលបង្គំស្រឡាញ់ព្រះដំណាក់របស់ព្រះអង្គ បានជាគេប្រហារជីវិតទូលបង្គំ»។ 18 ពេលនោះ ជនជាតិយូដាទូលសួរព្រះអង្គថា៖ «តើលោកមានទីសំគាល់អ្វី បង្ហាញអោយយើងដឹងថាលោកមានសិទ្ធិធ្វើការទាំងនេះ?»។ 19 ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយទៅគេថា៖ «ចូររុះព្រះវិហារ នេះចោលទៅ ខ្ញុំនឹងសង់ឡើងវិញក្នុងរវាងបីថ្ងៃ»។ 20 ជនជាតិយូដាតបថា៖ «គេបានចំណាយពេលសែសិបប្រាំមួយឆ្នាំ ដើម្បីសង់ព្រះវិហារនេះ រីឯលោក លោកនឹងសង់ឡើងវិញក្នុងរវាងតែបីថ្ងៃប៉ុណ្ណោះឬ?»។ 21 តាមពិត ព្រះយេស៊ូមានព្រះបន្ទូលសំដៅទៅលើព្រះវិហារដែលជារូបកាយរបស់ព្រះអង្គវិញឯណោះទេ។ 22 ពេលព្រះអង្គមានព្រះជន្មរស់ឡើងវិញ ពួកសិស្សនឹកឃើញថាព្រះអង្គមានព្រះបន្ទូលដូច្នេះ គេក៏ជឿព្រះគម្ពីរ ព្រមទាំងជឿព្រះបន្ទូលរបស់ព្រះយេស៊ូដែរ។ 23 ពេលព្រះយេស៊ូគង់នៅក្រុងយេរូសាឡឹម ក្នុងឱកាសបុណ្យចម្លង មានមនុស្សជាច្រើនបានជឿលើព្រះនាមព្រះអង្គ ដោយឃើញទីសំគាល់ដែលព្រះអង្គបានធ្វើ។ 24 ប៉ុន្ដែ ព្រះយេស៊ូពុំទុកចិត្ដគេទេ ដ្បិតព្រះអង្គស្គាល់ចិត្ដគំនិតអ្នកទាំងនោះ 25 មិនបាច់មាននរណាពន្យល់ព្រះអង្គអំពីចិត្ដមនុស្សឡើយ ព្រោះព្រះអង្គឈ្វេងយល់អ្វីៗទាំងអស់នៅក្នុងចិត្ដមនុស្ស។

យ៉ូហាន 3

1 មាននាម៉ឺនជាតិយូដាម្នាក់ ឈ្មោះនីកូដេម លោកនៅខាងគណៈផារីស៊ី ។ 2 លោកបានមកគាល់ព្រះយេស៊ូទាំងយប់ហើយទូលថា៖ «លោកគ្រូយើងខ្ញុំដឹងថាព្រះជាម្ចាស់បានចាត់លោកគ្រូអោយមកបង្រៀនយើងខ្ញុំ ដ្បិតគ្មាននរណាអាចធ្វើទីសំគាល់ដូចលោកគ្រូបានឡើយ វៀរលែងតែព្រះជាម្ចាស់គង់ជាមួយអ្នកនោះ»។ 3 ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំសូមជំរាបលោកអោយដឹងច្បាស់ថា ប្រសិនបើមនុស្សមិនកើតជាថ្មី ទេ គេមិនអាចឃើញព្រះរាជ្យ របស់ព្រះជាម្ចាស់បានឡើយ»។ 4 លោកនីកូដេមទូលសួរព្រះអង្គថា៖ «ចុះបើមនុស្សមានវ័យចាស់ទៅហើយ ធ្វើដូចម្ដេចអាចកើតម្ដងទៀតបាន? តើគេអាចចូលទៅក្នុងផ្ទៃម្ដាយ ហើយកើតម្ដងទៀតបានឬ?»។ 5 ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ខ្ញុំសូមជំរាបលោកអោយដឹងច្បាស់ថា ប្រសិនបើមនុស្សមិនកើតពីទឹក និង ពីព្រះវិញ្ញាណទេ គេពុំអាចចូលក្នុងព្រះរាជ្យព្រះជាម្ចាស់បានឡើយ។ 6 អ្នកណាកើតមកជាមនុស្ស អ្នកនោះនៅតែជាមនុស្សដដែល រីឯអ្នកដែលកើតពីព្រះវិញ្ញាណវិញមានព្រះវិញ្ញាណក្នុងខ្លួន។ 7 ពេលខ្ញុំជំរាបលោកថា "អ្នករាល់គ្នាត្រូវកើតជាថ្មី"សូមកុំឆ្ងល់អោយសោះ។ 8 ខ្យល់ចង់បក់ទៅទិសណាក៏បាន លោកឮស្នូរវា តែលោកពុំដឹងថាខ្យល់បក់មកពីទីណា ទៅទីណាឡើយ រីឯអ្នកដែលកើតមកពីព្រះវិញ្ញាណ ក៏ដូច្នោះដែរ»។ 9 លោកនីកូដេមទូលសួរព្រះអង្គថា៖ «តើការទាំងនេះអាចនឹងកើតឡើងដូចម្ដេចបាន?»។ 10 ព្រះយេស៊ូមានព្រះបន្ទូលថា៖ «លោកជាគ្រូរបស់ជនជាតិអ៊ីស្រាអែល ម្ដេចក៏លោកមិនជ្រាបសេចក្ដីទាំងនេះ? 11 ខ្ញុំសូមជំរាបលោកអោយដឹងច្បាស់ថា យើងនិយាយអំពីសេចក្ដីណាដែលយើងដឹង ហើយយើងធ្វើជាបន្ទាល់បញ្ជាក់នូវហេតុការណ៍ណាដែលយើងបានឃើញ តែអ្នករាល់គ្នាមិនទទួលសក្ខីភាពរបស់យើងទេ។ 12 ពេលខ្ញុំនិយាយអំពីហេតុការណ៍នៅលើផែនដី អ្នករាល់គ្នាមិនជឿទៅហើយ ចុះទំរាំបើខ្ញុំនិយាយអំពីហេតុការណ៍នៅស្ថានបរមសុខវិញ តើអ្នករាល់គ្នានឹងជឿដូចម្ដេចបាន!។ 13 ពុំដែលមាននរណាបានឡើងទៅស្ថានបរមសុខឡើយ គឺមានតែបុត្រមនុស្ស ប៉ុណ្ណោះ ដែលបានយាងចុះពីស្ថានបរមសុខមក។ 14 កាលនៅវាលរហោស្ថាន លោកម៉ូសេបានលើកពស់ឡើងយ៉ាងណា បុត្រមនុស្សនឹងត្រូវគេលើកឡើង យ៉ាងនោះដែរ 15 ដើម្បីអោយអស់អ្នកដែលជឿលើព្រះអង្គ មានជីវិតអស់កល្បជានិច្ច។ 16 ព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកខ្លាំងណាស់ ហេតុនេះហើយបានជាព្រះអង្គប្រទានព្រះបុត្រាតែមួយរបស់ព្រះអង្គមក ដើម្បីអោយអស់អ្នកដែលជឿលើព្រះបុត្រា មានជីវិតអស់កល្បជានិច្ច គឺមិនអោយគេវិនាសឡើយ។ 17 ព្រះជាម្ចាស់បានចាត់ព្រះបុត្រារបស់ព្រះអង្គ អោយយាងមកក្នុងលោកនេះ ពុំមែនដើម្បីដាក់ទោសមនុស្សលោកទេ គឺដើម្បីសង្គ្រោះមនុស្សលោក ដោយសារព្រះបុត្រាវិញ។ 18 អ្នកជឿលើព្រះបុត្រា មិនត្រូវទទួលទោសទេរីឯអ្នកមិនជឿ បានទទួលទោសរួចស្រេចទៅហើយ ព្រោះគេពុំបានជឿលើព្រះនាមព្រះបុត្រាតែមួយរបស់ព្រះជាម្ចាស់។ 19 ហេតុដែលបណ្ដាលអោយមានទោសនោះ គឺពន្លឺបានយាងមកក្នុងពិភពលោក ប៉ុន្ដែ មនុស្សលោកចូលចិត្ដភាពងងឹតជាងពន្លឺ ដ្បិតអំពើរបស់គេសុទ្ធតែអាក្រក់។ 20 អស់អ្នកដែលប្រព្រឹត្ដអំពើអាក្រក់តែងតែស្អប់ពន្លឺ ហើយមិនចូលមករកពន្លឺឡើយ ព្រោះខ្លាចគេឃើញអំពើដែលខ្លួនប្រព្រឹត្ដ។ 21 ផ្ទុយទៅវិញ អស់អ្នកដែលប្រព្រឹត្ដតាមសេចក្ដីពិត តែងតែចូលមករកពន្លឺ ដើម្បីអោយគេឃើញថា អំពើដែលខ្លួនប្រព្រឹត្ដនោះ ស្របតាមព្រះជាម្ចាស់មែន»។ 22 បន្ទាប់មក ព្រះយេស៊ូយាងទៅស្រុកយូដាជាមួយពួកសិស្ស ។ ព្រះអង្គស្នាក់នៅទីនោះជាមួយគេព្រមទាំងជ្រមុជទឹក អោយបណ្ដាជនផង។ 23 រីឯលោកយ៉ូហានវិញ លោកក៏ជ្រមុជទឹកអោយគេ នៅអេណូន ក្បែរភូមិសាលីមដែរ ព្រោះនៅទីនោះមានទឹកច្រើន។ មនុស្សម្នានាំគ្នាមករកលោក ហើយលោកជ្រមុជទឹកអោយ។ 24 កាលណោះលោកយ៉ូហានមិនទាន់ជាប់ឃុំឃាំងនៅឡើយទេ។ 25 ពេលនោះ ពួកសិស្សរបស់លោកយ៉ូហាន និង ជនជាតិយូដាម្នាក់ ជជែកគ្នាអំពីពិធីជំរះកាយអោយបានបរិសុទ្ធ ។ 26 គេនាំគ្នាទៅជួបលោកយ៉ូហាន ជំរាបថា៖ «លោកគ្រូ! បុរសដែលនៅជាមួយលោក ខាងនាយទន្លេយ័រដាន់ ពីថ្ងៃមុន ហើយដែលលោកផ្ដល់សក្ខីភាពអោយនោះ ឥឡូវនេះ គាត់កំពុងតែជ្រមុជទឹក អោយគេ មនុស្សទាំងអស់នាំគ្នាទៅរកគាត់»។ 27 លោកយ៉ូហានមានប្រសាសន៍តបទៅគេថា៖ «បើព្រះជាម្ចាស់មិនប្រទានអោយទេ គ្មាននរណាម្នាក់អាចធ្វើអ្វីកើតឡើយ។ 28 អ្នករាល់គ្នាជាបន្ទាល់ស្រាប់ហើយ ខ្ញុំបាននិយាយថា ខ្ញុំមិនមែនជាព្រះគ្រិស្ដទេ គឺព្រះជាម្ចាស់បានចាត់ខ្ញុំអោយមកមុនព្រះអង្គ។ 29 នៅក្នុងពិធីមង្គលការ កូនក្រមុំរៀបការនឹងអ្នកណា អ្នកនោះហើយជាស្វាមី។ រីឯមិត្ដសំឡាញ់របស់ស្វាមី គេឈរស្ដាប់នៅក្បែរគាត់ និង មានចិត្ដត្រេកអរក្រៃលែងដោយបានឮសំឡេងរបស់គាត់។ ខ្ញុំក៏ពោរពេញដោយអំណរដូច្នោះដែរ។ 30 ព្រះអង្គត្រូវតែចំរើនឡើង រីឯខ្ញុំវិញ ខ្ញុំត្រូវតែអន់ថយ។ 31 ព្រះអង្គដែលយាងពីស្ថានបរមសុខមក ទ្រង់មានឋានៈធំលើសគេទាំងអស់។ អ្នកដែលកើតពីលោកីយ៍នៅតែជាលោកីយ៍ដដែល ហើយនិយាយតែពីរឿងលោកីយ៍។ ព្រះអង្គដែលយាងពីស្ថានបរមសុខមកទ្រង់មានឋានៈធំលើសគេទាំងអស់។ 32 ព្រះអង្គធ្វើជាបន្ទាល់បញ្ជាក់ពីអ្វីៗទាំងអស់ ដែលទ្រង់បានឃើញ និង បានឮ ប៉ុន្ដែ គ្មាននរណាទទួលសក្ខីភាពរបស់ព្រះអង្គទេ។ 33 អ្នកដែលទទួលសក្ខីភាពរបស់ព្រះអង្គ បានបញ្ជាក់ថា ព្រះជាម្ចាស់បានសំដែងសេចក្ដីពិតមែន។ 34 ព្រះអង្គដែលព្រះជាម្ចាស់ចាត់អោយយាងមក ថ្លែងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ព្រោះព្រះជាម្ចាស់ប្រទានព្រះវិញ្ញាណមកព្រះអង្គ យ៉ាងបរិបូណ៌។ 35 ព្រះបិតាស្រឡាញ់ព្រះបុត្រា ហើយបានប្រគល់អ្វីៗទាំងអស់ អោយនៅក្រោមអំណាចរបស់ព្រះបុត្រា។ 36 អ្នកណាជឿលើព្រះបុត្រា អ្នកនោះមានជីវិតអស់កល្បជានិច្ច។ អ្នកណាមិនព្រមជឿលើព្រះបុត្រា អ្នកនោះមិនបានទទួលជីវិតឡើយ គឺគេត្រូវទទួលទោសពីព្រះជាម្ចាស់»។

យ៉ូហាន 4

1 ព្រះយេស៊ូជ្រាបថាពួកខាងគណៈផារីស៊ីបានឮគេនិយាយថា ព្រះអង្គមានសិស្ស ច្រើនជាងលោកយ៉ូហាន និង បានជ្រមុជទឹកអោយមនុស្សច្រើនជាងដែរ។ 2 តាមពិត ព្រះយេស៊ូពុំបានជ្រមុជទឹកអោយគេផ្ទាល់ព្រះអង្គឡើយ គឺពួកសិស្សវិញទេដែលជាអ្នកជ្រមុជទឹក។ 3 ព្រះអង្គក៏យាងចាកចេញពីស្រុកយូដា ត្រឡប់ទៅស្រុកកាលីឡេវិញ 4 ហើយត្រូវយាងកាត់តាមស្រុកសាម៉ារី។ 5 ព្រះអង្គបានយាងមកដល់ភូមិមួយរបស់ជនជាតិសាម៉ារី ឈ្មោះភូមិស៊ូខារ នៅជិតចំការដែលលោកយ៉ាកុបបានចែកអោយលោកយ៉ូសែបជាកូន។ 6 នៅទីនោះមានអណ្ដូងទឹកមួយឈ្មោះ "អណ្ដូងលោកយ៉ាកុប"។ ព្រះយេស៊ូអស់កម្លាំងក្នុងការធ្វើដំណើរ ក៏គង់នៅមាត់អណ្ដូង ពេលនោះប្រហែលជាថ្ងៃត្រង់។ 7 មានស្ដ្រីសាសន៍សាម៉ារីម្នាក់មកដងទឹក ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «ខ្ញុំសុំទឹកទទួលទានបន្ដិច»។ 8 (សិស្សនាំគ្នាទៅរកទិញស្បៀងអាហារនៅឯភូមិ)។ 9 ស្ដ្រីសាម៉ារីទូលព្រះអង្គថា៖ «លោកជាសាសន៍យូដា ម្ដេចក៏លោកមកសុំទឹកនាងខ្ញុំ ជាស្ដ្រីសាសន៍សាម៉ារីពិសាដូច្នេះ?» (ដ្បិតសាសន៍យូដា និង សាសន៍សាម៉ារីមិនត្រូវគ្នាទេ)។ 10 ព្រះយេស៊ូមានព្រះបន្ទូលតបទៅនាងថា៖ «ប្រសិនបើនាងស្គាល់ព្រះអំណោយទានរបស់ព្រះជាម្ចាស់ និង ស្គាល់អ្នកដែលនិយាយទៅកាន់នាងថា "ខ្ញុំសុំទឹកទទួលទានបន្ដិច" នោះនាងមុខជាសុំទឹកពីលោកវិញពុំខាន ហើយលោកនឹងអោយទឹកដល់នាង គឺជាទឹកដែលផ្ដល់ជីវិត»។ 11 នាងទូលព្រះអង្គថា៖ «លោកម្ចាស់!លោកគ្មានអ្វីដងទឹកសោះ រីឯអណ្ដូងសោតក៏ជ្រៅទៀតផង តើលោកបានទឹកដែលផ្ដល់ជីវិតនោះពីណាមក?។ 12 តើលោកមានឋានៈធំជាងលោកយ៉ាកុប ជាបុព្វបុរស របស់យើង ដែលបានទុកអណ្ដូងនេះអោយយើងឬ?។ លោកយ៉ាកុប និង កូនចៅរបស់លោកបានពិសាទឹកអណ្ដូងនេះហើយសត្វរបស់លោក ក៏បានផឹកទឹកអណ្ដូងនេះដែរ»។ 13 ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «អស់អ្នកដែលពិសាទឹកនេះ នៅតែស្រេកតទៅមុខទៀត 14 រីឯអ្នកដែលពិសាទឹកខ្ញុំអោយនោះ នឹងមិនស្រេកទៀតសោះឡើយ ដ្បិតទឹកខ្ញុំអោយនឹងបានទៅជាប្រភពទឹក ដែលផុសឡើងផ្ដល់ជីវិតអស់កល្បជានិច្ច»។ 15 ស្ដ្រីនោះទូលព្រះអង្គថា៖ «លោកម្ចាស់! សូមមេត្ដាផ្ដល់ទឹកនោះមកនាងខ្ញុំផងកុំអោយនាងខ្ញុំស្រេក និង កុំអោយរវល់មកដងទឹកអណ្ដូងនេះទៀត»។ 16 ព្រះអង្គមានព្រះបន្ទូលទៅនាងថា៖ «សុំអញ្ជើញទៅហៅប្ដីនាង រួចត្រឡប់មកវិញ»។ 17 ស្ដ្រីនោះទូលព្រះអង្គថា៖ «នាងខ្ញុំគ្មានប្ដីទេ»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «នាងនិយាយថា នាងគ្មានប្ដីដូច្នេះ ត្រូវមែន 18 ព្រោះនាងធ្លាប់មានប្ដីប្រាំមកហើយ រីឯបុរសដែលនៅជាមួយនាងសព្វថ្ងៃ មិនមែនជាប្ដីរបស់នាងទេ នាងនិយាយត្រង់មែន»។ 19 នាងទូលព្រះអង្គថា៖ «លោកម្ចាស់ នាងខ្ញុំយល់ថាលោកពិតជាព្យាការី មែន។ 20 បុព្វបុរសរបស់យើងនាំគ្នាថ្វាយបង្គំព្រះជាម្ចាស់នៅលើភ្នំនេះ តែពួកលោកជាសាសន៍យូដាតែងនិយាយថាត្រូវថ្វាយបង្គំព្រះអង្គនៅក្រុងយេរូសាឡឹមវិញ»។ 21 ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «នាងអើយជឿខ្ញុំចុះ ដល់ពេលកំណត់ មិនមែននៅលើភ្នំនេះឬ នៅក្រុងយេរូសាឡឹមទៀតទេ ដែលអ្នករាល់គ្នានឹងថ្វាយបង្គំព្រះបិតា។ 22 អ្នករាល់គ្នាមិនស្គាល់ព្រះអង្គដែលអ្នករាល់គ្នាថ្វាយបង្គំទេ រីឯយើងវិញ យើងស្គាល់ព្រះអង្គដែលយើងថ្វាយបង្គំ ដ្បិតការសង្គ្រោះចេញមកពីជនជាតិយូដា។ 23 ប៉ុន្ដែ ដល់ពេលកំណត់ គឺឥឡូវហ្នឹងហើយ អ្នកថ្វាយបង្គំដ៏ពិតប្រាកដ នឹងថ្វាយបង្គំព្រះបិតាតាមវិញ្ញាណ និង តាមសេចក្ដីពិត ដ្បិតព្រះបិតាសព្វព្រះហឫទ័យនឹងអ្នកថ្វាយបង្គំបែបនេះឯង។ 24 ព្រះជាម្ចាស់ជាវិញ្ញាណ ហេតុនេះអស់អ្នកដែលថ្វាយបង្គំព្រះអង្គ ត្រូវតែថ្វាយបង្គំតាមវិញ្ញាណ និង តាមសេចក្ដីពិត»។ 25 ស្ដ្រីនោះទូលព្រះអង្គថា៖ «នាងខ្ញុំដឹងហើយថា ព្រះមេស្ស៊ីហៅព្រះគ្រិស្ដ នឹងយាងមក។ កាលណាព្រះអង្គយាងមកដល់ ទ្រង់នឹងប្រទានអោយយើងដឹងសព្វគ្រប់ទាំងអស់»។ 26 ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «ខ្ញុំនេះហើយ គឺខ្ញុំដែលកំពុងតែនិយាយជាមួយនាង»។ 27 ពេលនោះ ពួកសិស្សត្រឡប់មកដល់ ឃើញព្រះអង្គកំពុងនិយាយជាមួយស្ដ្រីដូច្នេះ គេងឿងឆ្ងល់ជាខ្លាំង តែគ្មាននរណាទូលសួរព្រះអង្គ ថាព្រះអង្គសួររកអ្វីឬ ហេតុដូចម្ដេចក៏មានព្រះបន្ទូលជាមួយនាងឡើយ។ 28 ស្ដ្រីនោះទុកក្អមចោល រត់ចូលទៅក្នុងភូមិ ប្រាប់អ្នកស្រុកថា៖ 29 «សុំមកមើលបុរសម្នាក់ លោកមានប្រសាសន៍ប្រាប់ខ្ញុំ នូវអំពើទាំងប៉ុន្មានដែលខ្ញុំបានប្រព្រឹត្ដ។ លោកនោះជាព្រះគ្រិស្ដហើយមើលទៅ!»។ 30 អ្នកស្រុកនាំគ្នាចេញពីភូមិ ទៅរកព្រះយេស៊ូ។ 31 ក្នុងពេលជាមួយគ្នានោះ ពួកសិស្សទូលព្រះអង្គថា៖ «លោកគ្រូសូមអញ្ជើញពិសា!»។ 32 ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំមានអាហារបរិភោគហើយ ជាអាហារដែលអ្នករាល់គ្នាពុំស្គាល់»។ 33 ពួកសិស្សក៏និយាយគ្នាថា៖ «ប្រហែលជាមាននរណាម្នាក់យកអាហារមកជូនលោកហើយទេដឹង?»។ 34 ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «អាហាររបស់ខ្ញុំ គឺធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ ដែលបានចាត់ខ្ញុំអោយមក ព្រមទាំងបង្ហើយកិច្ចការរបស់ព្រះអង្គអោយបានសំរេច។ 35 អ្នករាល់គ្នាតែងពោលថា "បួនខែទៀតដល់រដូវចំរូត"។ រីឯខ្ញុំវិញ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ចូរមើលទៅវាលស្រែមើល៍ស្រូវទុំល្មមច្រូតហើយ។ 36 អ្នកច្រូតបានប្រាក់ឈ្នួលរបស់ខ្លួន ហើយកំពុងប្រមូលផលទុកសំរាប់ជីវិតអស់កល្បជានិច្ច ដូច្នេះអ្នកសាបព្រោះ និង អ្នកច្រូតកាត់បានសប្បាយរួមជាមួយគ្នា 37 ស្របតាមពាក្យចាស់លោកថាៈ"ម្នាក់ព្រោះ ម្នាក់ទៀតច្រូត"។ 38 ខ្ញុំបានចាត់អ្នករាល់គ្នាអោយទៅច្រូត នៅក្នុងស្រែដែលអ្នករាល់គ្នាពុំបានធ្វើការនឿយហត់ គឺអ្នកផ្សេងទៀតបានធ្វើការនឿយហត់ ហើយអ្នករាល់គ្នាទទួលផលពីការនឿយហត់របស់អ្នកទាំងនោះ»។ 39 ក្នុងភូមិនោះ មានអ្នកស្រុកសាម៉ារីជាច្រើនបានជឿលើព្រះយេស៊ូ ដោយសារពាក្យដែលស្ដ្រីនោះបានបញ្ជាក់ប្រាប់ថា "លោកមានប្រសាសន៍ប្រាប់ខ្ញុំនូវអំពើទាំងប៉ុន្មានដែលខ្ញុំបានប្រព្រឹត្ដ"។ 40 ហេតុនេះហើយបានជា កាលជនជាតិសាម៉ារីទៅគាល់ព្រះអង្គ គេអង្វរសូមព្រះអង្គគង់នៅជាមួយគេ ព្រះអង្គយល់ព្រមគង់នៅទីនោះពីរថ្ងៃ។ 41 មានមនុស្សច្រើនជាងនោះ ទៅទៀតបានជឿលើព្រះអង្គ ដោយបានឮព្រះបន្ទូលព្រះអង្គផ្ទាល់។ 42 ពួកគេនិយាយទៅកាន់ស្ដ្រីនោះថា៖ «ឥឡូវនេះ យើងជឿមិនមែនត្រឹមតែឮពាក្យនាងប៉ុណ្ណោះទេ គឺមកពីយើងបានឮព្រះអង្គមានព្រះបន្ទូលផ្ទាល់នឹងត្រចៀកថែមទៀតផង ហើយយើងដឹងថាព្រះអង្គពិតជាព្រះសង្គ្រោះរបស់មនុស្សលោកមែន»។ 43 ពីរថ្ងៃក្រោយមក ព្រះយេស៊ូយាងចាកចេញពីទីនោះឆ្ពោះទៅកាន់ស្រុកកាលីឡេ។ 44 ព្រះអង្គមានព្រះបន្ទូលថា៖ «គ្មានព្យាការីណាម្នាក់ត្រូវគេគោរពក្នុងស្រុកកំណើតរបស់ខ្លួនផ្ទាល់ឡើយ»។ 45 លុះព្រះអង្គយាងទៅដល់ស្រុកកាលីឡេ អ្នកស្រុកនាំគ្នាទទួលព្រះអង្គ ព្រោះគេបានឃើញការអស្ចារ្យទាំងប៉ុន្មាន ដែលព្រះអង្គបានសំដែង ក្នុងឱកាសពិធីបុណ្យចម្លង នៅក្រុងយេរូសាឡឹម ដ្បិតគេក៏បានទៅចូលរួមពិធីបុណ្យនោះដែរ។ 46 ព្រះអង្គយាងត្រឡប់ទៅភូមិកាណា ក្នុងស្រុកកាលីឡេម្ដងទៀត ជាភូមិដែលព្រះអង្គបានធ្វើអោយទឹកទៅជាស្រាទំពាំងបាយជូរ។ នៅទីនោះ មានអ្នករាជការម្នាក់ មកពីក្រុងកាពើណិម កូនប្រុសរបស់លោកមានជំងឺ។ 47 កាលលោកជ្រាបថា ព្រះយេស៊ូបានយាងពីស្រុកយូដាមកស្រុកកាលីឡេនេះ លោកក៏ទៅរកព្រះអង្គ ទូលអង្វរសូមព្រះអង្គយាងទៅប្រោសកូនរបស់លោកដែលកំពុងតែឈឺជិតផុតដង្ហើមនោះ អោយបានជាសះស្បើយ។ 48 ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ប្រសិនបើអ្នករាល់គ្នាមិនបានឃើញទីសំគាល់ និង ឫទ្ធិបាដិហារិយ៍ទេ អ្នករាល់គ្នាមុខជាមិនជឿឡើយ»។ 49 មន្ដ្រីនោះទូលព្រះអង្គថា៖ «លោកម្ចាស់អើយ សូមលោកអញ្ជើញមក ក្រែងកូនរបស់ខ្ញុំប្របាទស្លាប់»។ 50 ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «អញ្ជើញទៅចុះ កូនរបស់លោករស់ហើយ»។ បុរសនោះជឿព្រះបន្ទូលរបស់ព្រះយេស៊ូក៏ចេញដំណើរទៅ។ 51 ពេលលោកកំពុងតែដើរតាមផ្លូវត្រឡប់ទៅផ្ទះវិញ ពួកបំរើរបស់លោកនាំគ្នាចេញមកជំរាបថា កូនរបស់លោករស់ហើយ។ 52 លោកក៏សួរអ្នកបំរើអោយដឹងថាកូនរបស់លោកបានធូរស្បើយពីថ្មើរណា។ គេតបថា៖ «កូនរបស់លោកបាត់គ្រុនពីម្សិលមិញ វេលាម៉ោងមួយរសៀល»។ 53 ឪពុកដឹងថា គឺនៅម៉ោងនោះឯង ដែលព្រះយេស៊ូមានព្រះបន្ទូលមកគាត់ថា"កូនរបស់លោករស់ហើយ!"។ លោកជឿលើព្រះយេស៊ូ ហើយក្រុមគ្រួសាររបស់លោកទាំងមូល ក៏ជឿលើព្រះអង្គដែរ។ 54 នេះជាទីសំគាល់លើកទីពីរដែលព្រះយេស៊ូបានធ្វើ នៅពេលដែលព្រះអង្គវិលត្រឡប់ពីស្រុកយូដាមកស្រុកកាលីឡេវិញ។

យ៉ូហាន 5

1 ក្រោយមកទៀត មានពិធីបុណ្យមួយរបស់ជនជាតិយូដា ព្រះយេស៊ូយាងឡើងទៅក្រុងយេរូសាឡឹម។ 2 នៅក្រុងយេរូសាឡឹម ជិតខ្លោងទ្វារឈ្មោះ «ទ្វារចៀម» មានស្រះមួយដែលគេហៅជាភាសាហេប្រឺថា «ស្រះបេថែសដា» ក្បែរស្រះនោះ មានថែវប្រាំ។ 3 មានអ្នកជំងឺ មនុស្សខ្វាក់មនុស្សខ្វិន មនុស្សខូចជើង និង មនុស្សស្លាប់ដៃស្លាប់ជើងជាច្រើន ដេកនៅតាមថែវទាំងនោះ [រង់ចាំទឹកកំរើក 4 ដ្បិតយូរៗម្ដង មានទេវតា មួយរូប ចុះមកធ្វើអោយទឹកស្រះកំរើក អ្នកណាចុះទៅក្នុងទឹកកំរើកបានមុនគេអ្នកនោះនឹងបានជា ទោះបីមានជំងឺអ្វីក៏ដោយ]។ 5 នៅទីនោះ មានបុរសម្នាក់ពិការតាំងពីសាមសិបប្រាំបីឆ្នាំមកហើយ។ 6 ព្រះយេស៊ូទតឃើញគាត់ដេកដូច្នេះ ព្រះអង្គជ្រាបថា គាត់នៅទីនោះជាយូរមកហើយ ទ្រង់មានព្រះបន្ទូលសួរគាត់ថា៖ «តើអ្នកចង់ជាឬទេ?»។ 7 អ្នកនោះទូលព្រះអង្គថា៖ «លោកម្ចាស់អើយ ពេលទឹកកំរើក គ្មាននរណាយកខ្ញុំទៅដាក់ក្នុងស្រះសោះ ហើយពេលណាខ្ញុំទៅដល់មានម្នាក់ចុះទៅមុនខ្ញុំស្រេចទៅហើយ»។ 8 ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ចូរក្រោកឡើង យកគ្រែស្នែងរបស់អ្នក ហើយដើរទៅចុះ»។ 9 ពេលនោះស្រាប់តែបុរសនោះបានជាភ្លាម គាត់ក៏យកគ្រែស្នែងរបស់គាត់ដើរទៅ។ 10 រីឯថ្ងៃនោះ ជាថ្ងៃសប្ប័ទ ជនជាតិយូដាស្ដីអោយបុរសដែលបានជានោះថា៖ «ថ្ងៃនេះជាថ្ងៃសប្ប័ទ អ្នកគ្មានសិទ្ធិលីគ្រែស្នែងរបស់អ្នកដូច្នេះឡើយ»។ 11 គាត់ឆ្លើយទៅគេថា៖ «លោកដែលបានធ្វើអោយខ្ញុំជា ប្រាប់ខ្ញុំថា "ចូរយកគ្រែស្នែងរបស់អ្នកដើរទៅចុះ!"»។ 12 គេសួរគាត់ថា៖ «តើលោកណាប្រាប់អ្នកអោយយកគ្រែស្នែងដើរទៅដូច្នេះ?»។ 13 ប៉ុន្ដែ បុរសដែលបានជាមិនដឹងថានរណា បានប្រោសគាត់អោយជាឡើយ ដ្បិតព្រះយេស៊ូបានយាងចេញពីបណ្ដាជនដែលនៅកន្លែងនោះផុតទៅហើយ។ 14 ក្រោយមក ព្រះយេស៊ូជួបគាត់ក្នុងព្រះវិហារក៏មានព្រះបន្ទូលទៅគាត់ថា៖ «ឥឡូវនេះ អ្នកបានជាហើយ កុំប្រព្រឹត្ដអំពើបាបទៀតអោយសោះ ក្រែងលោកើតការអាក្រក់ដល់អ្នក លើសមុនទៅទៀត»។ 15 បុរសនោះចេញទៅប្រាប់ជនជាតិយូដាអោយដឹងថា គឺព្រះយេស៊ូដែលបានប្រោសគាត់អោយជា។ 16 ហេតុនេះហើយបានជាជនជាតិយូដានាំគ្នាបៀតបៀនព្រះយេស៊ូ ព្រោះព្រះអង្គធ្វើការនោះនៅថ្ងៃសប្ប័ទ។ 17 ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖«ព្រះបិតារបស់ខ្ញុំធ្វើការរហូតមកទល់សព្វថ្ងៃ ខ្ញុំក៏ធ្វើការដូចព្រះអង្គដែរ»។ 18 កាលឮព្រះបន្ទូលនេះ ជនជាតិយូដារឹតតែចង់ធ្វើគុតព្រះអង្គខ្លាំងឡើងៗ មិនមែនមកពីព្រះអង្គមិនបានគោរពតាមវិន័យ សំរាប់ថ្ងៃសប្ប័ទប៉ុណ្ណោះទេ គឺមកពីព្រះអង្គមានព្រះបន្ទូលថា ព្រះជាម្ចាស់ជាព្រះបិតារបស់ព្រះអង្គផ្ទាល់ថែមទៀត ព្រះអង្គលើកខ្លួនឡើងស្មើនឹងព្រះជាម្ចាស់។ 19 ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា ព្រះបុត្រាពុំអាចធ្វើអី្វដោយព្រះអង្គផ្ទាល់បានឡើយ គឺព្រះបុត្រាធ្វើតែកិច្ចការណា ដែលទ្រង់បានឃើញព្រះបិតាធ្វើប៉ុណ្ណោះ។ កិច្ចការអ្វីដែលព្រះបិតាធ្វើ ព្រះបុត្រាក៏ធ្វើកិច្ចការនោះដែរ។ 20 ព្រះបិតាមានព្រះហឫទ័យស្រឡាញ់ព្រះបុត្រា និង បង្ហាញអោយព្រះបុត្រាឃើញគ្រប់កិច្ចការដែលព្រះអង្គធ្វើ ព្រះបិតានឹងបង្ហាញអោយព្រះបុត្រាឃើញកិច្ចការធំជាងនេះទៅទៀត ដើម្បីអោយអ្នករាល់គ្នាងឿងឆ្ងល់។ 21 ដូចព្រះបិតាប្រោសមនុស្សស្លាប់អោយមានជីវិតរស់ឡើងវិញ ព្រះបុត្រាប្រទានជីវិតអោយនរណាក៏បាន ស្រេចតែនឹងព្រះហឫទ័យរបស់ព្រះអង្គ។ 22 ព្រះបិតាមិនដាក់ទោសនរណាឡើយ គឺព្រះអង្គបានប្រគល់អំណាចដាក់ទោសទាំងអស់អោយព្រះបុត្រាវិញ 23 ដើម្បីអោយមនុស្សគ្រប់ៗគ្នាគោរពព្រះបុត្រា ដូចគេគោរពព្រះបិតា។ អ្នកណាមិនគោរពព្រះបុត្រាទេអ្នកនោះក៏មិនគោរពព្រះបិតា ដែលបានចាត់ព្រះបុត្រាអោយយាងមកនោះដែរ។ 24 ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាស្ដាប់សេចក្ដីដែលខ្ញុំនិយាយហើយជឿលើព្រះអង្គដែលបានចាត់ខ្ញុំអោយមក អ្នកនោះមានជីវិតអស់កល្បជានិច្ច គេមិនត្រូវទទួលទោសឡើយ គឺបានឆ្លងផុតពីសេចក្ដីស្លាប់ទៅរកជីវិត។ 25 ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា ដល់ពេលកំណត់គឺឥឡូវនេះហើយ មនុស្សស្លាប់នឹងឮព្រះសូរសៀងព្រះបុត្រារបស់ព្រះជាម្ចាស់ ហើយអស់អ្នកដែលឮព្រះសូរសៀងនោះនឹងមានជីវិតរស់នៅ 26 ដ្បិតព្រះបិតាជាប្រភពនៃជីវិតយ៉ាងណា ព្រះអង្គក៏ប្រទានអោយព្រះបុត្រាធ្វើជាប្រភពនៃជីវិតយ៉ាងនោះដែរ 27 ហើយព្រះបិតាក៏ប្រទានអោយព្រះបុត្រាមានអំណាចដាក់ទោស ថែមទៀតផងព្រោះព្រះបុត្រាជាបុត្រមនុស្ស ។ 28 សុំកុំងឿងឆ្ងល់ឡើយ ដ្បិតដល់ពេលកំណត់ មនុស្សស្លាប់ទាំងប៉ុន្មាននឹងឮព្រះសូរសៀងរបស់ព្រះបុត្រា 29 ហើយចេញពីផ្នូរមក។ អ្នកដែលបានប្រព្រឹត្ដអំពើល្អនឹងរស់ឡើងវិញ ដើម្បីទទួលជីវិត រីឯអ្នកដែលបានប្រព្រឹត្ដអំពើអាក្រក់នឹងរស់ឡើងវិញ ដើម្បីទទួលទោស»។ 30 «ខ្ញុំមិនអាចធ្វើអ្វីដោយអំណាចខ្ញុំផ្ទាល់បានឡើយ ខ្ញុំវិនិច្ឆ័យគ្រប់ការទាំងអស់ តាមសេចក្ដីដែលព្រះបិតាមានព្រះបន្ទូលមកខ្ញុំ ហើយការវិនិច្ឆ័យរបស់ខ្ញុំត្រឹមត្រូវ ព្រោះខ្ញុំមិនប្រាថ្នាធ្វើតាមបំណងចិត្ដខ្ញុំឡើយ គឺធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គដែលបានចាត់អោយខ្ញុំមកនោះវិញ។ 31 ប្រសិនបើខ្ញុំធ្វើជាបន្ទាល់អោយខ្លួនខ្ញុំផ្ទាល់សក្ខីភាពរបស់ខ្ញុំមិនពិតទេ។ 32 ប៉ុន្ដែ មានម្នាក់ទៀតធ្វើជាបន្ទាល់អោយខ្ញុំ ហើយខ្ញុំដឹងថាសក្ខីភាពដែលអ្នកនោះថ្លែងអំពីខ្ញុំ ស្របតាមសេចក្ដីពិត។ 33 អ្នករាល់គ្នាបានចាត់គេអោយទៅសួរលោកយ៉ូហាន លោកក៏ផ្ដល់សក្ខីភាពអំពីសេចក្ដីពិត។ 34 ចំពោះខ្ញុំ ខ្ញុំមិនត្រូវការសក្ខីភាពពីមនុស្សណាឡើយតែខ្ញុំពោលដូចេ្នះ ដើម្បីអោយអ្នករាល់គ្នាទទួលការសង្គ្រោះ។ 35 លោកយ៉ូហាននេះប្រៀបបាននឹងចង្កៀងដែលកំពុងឆេះបំភ្លឺ ហើយអ្នករាល់គ្នាក៏ចង់រីករាយនឹងពន្លឺនោះ មួយស្របក់ដែរ។ 36 រីឯខ្ញុំវិញ ខ្ញុំមានសក្ខីភាពមួយប្រសើរជាងសក្ខីភាពរបស់លោកយ៉ូហានទៅទៀត។ ព្រះបិតាប្រទានអោយខ្ញុំបង្ហើយកិច្ចការទាំងអំបាលម៉ាន គឺកិច្ចការដែលខ្ញុំធ្វើនេះហើយ ជាសក្ខីភាពបញ្ជាក់ថា ព្រះអង្គបានចាត់ខ្ញុំអោយមកមែន។ 37 ព្រះបិតាដែលបានចាត់ខ្ញុំអោយមក ក៏បានធ្វើជាបន្ទាល់អោយខ្ញុំដែរ តែអ្នករាល់គ្នាមិនដែលបានឮព្រះសូរសៀងរបស់ព្រះអង្គ ហើយក៏មិនដែលបានឃើញព្រះភ័ក្ដ្ររបស់ព្រះអង្គផង។ 38 អ្នករាល់គ្នាគ្មានព្រះបន្ទូលរបស់ព្រះអង្គនៅក្នុងចិត្ដទេ ព្រោះអ្នករាល់គ្នា ពុំជឿអ្នកដែលព្រះបិតាបានចាត់អោយមក។ 39 អ្នករាល់គ្នាខំពិនិត្យពិច័យមើលគម្ពីរ ព្រោះនឹកស្មានថា នឹងបានជីវិតអស់កល្បជានិច្ច ដោយសារគម្ពីរទាំងនេះ គឺគម្ពីរនេះហើយធ្វើជាបន្ទាល់អោយខ្ញុំ 40 ប៉ុន្ដែ អ្នករាល់គ្នាមិនចង់មករកខ្ញុំដើម្បីអោយបានជីវិតឡើយ។ 41 ខ្ញុំមិនចង់ទទួលសិរីរុងរឿងពីមនុស្សទេ។ 42 ម៉្យាងទៀតខ្ញុំស្គាល់ចិត្ដអ្នករាល់គ្នា ហើយអ្នករាល់គ្នាគ្មានចិត្ដស្រឡាញ់ព្រះជាម្ចាស់សោះ។ 43 ខ្ញុំមក ក្នុងព្រះនាមព្រះបិតាខ្ញុំ តែអ្នករាល់គ្នាមិនទទួលខ្ញុំឡើយ។ ប្រសិនបើមានម្នាក់ទៀតមកក្នុងនាមខ្លួនគេផ្ទាល់ អ្នករាល់គ្នាមុខជាទទួលគេមិនខាន! 44 តើអោយអ្នករាល់គ្នាអាចជឿដូចម្ដេចបានបើអ្នករាល់គ្នាចូលចិត្ដទទួលសិរីរុងរឿងតែពីគ្នាទៅវិញទៅមកដូច្នេះ ហើយពុំស្វែងរកសិរីរុងរឿងពីព្រះជាម្ចាស់តែមួយគត់សោះនោះ? 45 កុំនឹកស្មានថាខ្ញុំនឹងចោទប្រកាន់អ្នករាល់គ្នា នៅចំពោះព្រះភ័ក្ដ្រព្រះបិតាឡើយ គឺលោកម៉ូសេជាទីសង្ឃឹមរបស់អ្នករាល់គ្នាវិញទេ ដែលនឹងចោទប្រកាន់។ 46 ប្រសិនបើអ្នករាល់គ្នាជឿពាក្យលោកម៉ូសេ អ្នករាល់គ្នាមុខជាជឿខ្ញុំមិនខាន ព្រោះលោកបានសរសេរទុកក្នុងគម្ពីរស្ដីអំពីខ្ញុំ 47 ប៉ុន្ដែ បើអ្នករាល់គ្នាមិនជឿសេចក្ដីដែលលោកបានសរសេរទុកទៅហើយនោះ ធ្វើម្ដេចនឹងអោយអ្នករាល់គ្នាជឿពាក្យរបស់ខ្ញុំបាន!»។

យ៉ូហាន 6

1 បន្ទាប់មក ព្រះយេស៊ូយាងទៅត្រើយខាងនាយសមុទ្រកាលីឡេ ដែលមានឈ្មោះថាសមុទ្រទីបេរាស។ 2 មានបណ្ដាជនច្រើនកុះករមកតាមព្រះអង្គ ព្រោះគេបានឃើញទីសំគាល់ដែលព្រះអង្គបានធ្វើ ដោយប្រោសអ្នកជំងឺអោយជា។ 3 ព្រះយេស៊ូយាងឡើងទៅលើភ្នំ ហើយគង់នៅទីនោះជាមួយពួកសិស្ស ។ 4 ពេលនោះ បុណ្យចម្លង ជាបុណ្យរបស់ជនជាតិយូដា កាន់តែខិតជិតណាស់ហើយ។ 5 ព្រះយេស៊ូទតឃើញបណ្ដាជនមកតាមព្រះអង្គច្រើនកុះករយ៉ាងនេះ ទ្រង់មានព្រះបន្ទូលទៅលោកភីលីពថា៖«តើយើងទៅរកទិញអាហារឯណាមកចែកអោយអ្នកទាំងនេះបរិភោគបាន?»។ 6 ព្រះអង្គមានព្រះបន្ទូលដូច្នេះ ដើម្បីល្បងមើលចិត្ដលោកភីលីព តាមពិត ព្រះអង្គជ្រាបអំពីកិច្ចការដែលព្រះអង្គបម្រុងនឹងធ្វើស្រេចទៅហើយ។ 7 លោកភីលីពទូលថា៖ «ទោះបីយើងយកប្រាក់ពីររយដួង ទៅទិញនំបុ័ងក៏មិនគ្រាន់ដែរ សូម្បីតែម្នាក់មួយដុំតូចៗក៏មិនបានផង»។ 8 មានសិស្សម្នាក់ឈ្មោះអនទ្រេ ជាប្អូនរបស់លោកស៊ីម៉ូនពេត្រុសទូលព្រះអង្គថា៖ 9 «នៅទីនេះ ក្មេងប្រុសម្នាក់មាននំបុ័ងប្រាំដុំ និង ត្រីតូចៗពីរកន្ទុយ។ ប៉ុន្ដែ បើមានតែប៉ុណ្ណឹងធ្វើម្ដេចនឹងអោយគ្រាន់សំរាប់មនុស្សដ៏ច្រើនយ៉ាងនេះ?»។ 10 ព្រះយេស៊ូមានព្រះបន្ទូលថា៖«សុំអោយគេអង្គុយចុះ»។ នៅទីនោះមានស្មៅច្រើន បណ្ដាជនក៏នាំគ្នាអង្គុយមានមនុស្សប្រុសទាំងអស់ប្រមាណប្រាំពាន់នាក់។ 11 ព្រះយេស៊ូយកនំបុ័ងមកកាន់ អរព្រះគុណព្រះជាម្ចាស់រួចប្រទានអោយអ្នកអង្គុយនៅទីនោះ។ រីឯត្រីវិញព្រះអង្គក៏ធ្វើដូច្នោះដែរ ទ្រង់ប្រទានអោយគេ តាមតែម្នាក់ៗចង់បាន។ 12 លុះគេបានបរិភោគឆ្អែតហើយព្រះយេស៊ូមានព្រះបន្ទូលទៅពួកសិស្សថា៖ «ចូរប្រមូលនំបុ័ងដែលនៅសល់ កុំអោយមានបាត់មួយដុំសោះឡើយ»។ 13 ពួកសិស្សនាំគ្នារើសសំណល់នំបុ័ងទាំងប្រាំដុំ ដែលបណ្ដាជនបរិភោគសល់ ប្រមូលដាក់បានពេញដប់ពីរល្អី?។ 14 កាលមនុស្សម្នាឃើញទីសំគាល់ដែលព្រះយេស៊ូបានធ្វើនោះ ក៏ពោលថា៖ «លោកនេះពិតជាព្យាការី ដែលត្រូវមកក្នុងពិភពលោកមែន»។ 15 ព្រះយេស៊ូជ្រាបថាគេបំរុងនឹងចាប់ព្រះអង្គយកទៅតែងតំាងជាស្ដេចដូច្នេះ ព្រះអង្គក៏យាងចាកចេញពីគេឡើងទៅលើភ្នំសាជាថ្មី តែមួយព្រះអង្គឯង។ 16 លុះដល់ល្ងាច ពួកសិស្ស នាំគ្នាចុះទៅមាត់សមុទ្រ។ 17 គេជិះទូកឆ្លងទៅក្រុងកាពើណិម នៅត្រើយម្ខាង។ ពេលនោះ ងងឹតហើយ តែព្រះយេស៊ូពុំទាន់យាងមករកគេនៅឡើយទេ 18 ខ្យល់បក់បោកមកយ៉ាងខ្លាំងបណ្ដាលអោយទឹកសមុទ្រមានរលកធំៗ។ 19 កាលគេចែវទូកបានចម្ងាយប្រមាណជាប្រាំ ឬ ប្រាំមួយគីឡូម៉ែត្រ ស្រាប់តែគេឃើញព្រះយេស៊ូយាងលើសមុទ្រ ចូលមកជិតទូកគេភ័យខ្លាចជាខ្លាំង។ 20 ប៉ុន្ដែ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំទេតើ កុំខ្លាចអី»។ 21 ពួកសិស្សចង់យាងព្រះអង្គចូលមកក្នុងទូក រំពេចនោះ ទូកក៏ទៅដល់ត្រើយ ចំកន្លែងដែលគេបំរុងនឹងទៅ។ 22 ថ្ងៃបន្ទាប់មកទៀត បណ្ដាជនដែលនៅត្រើយខាងនាយសមុទ្រ សង្កេតឃើញថា នៅកន្លែងនោះមានទូកតែមួយគត់ ហើយថាព្រះយេស៊ូពុំបានយាងចុះទូកជាមួយពួកសិស្ស ទេ គឺមានតែពួកសិស្សប៉ុណ្ណោះដែលបានជិះទូកចេញទៅ។ 23 ប៉ុន្ដែ មានទូកឯទៀតៗមកពីភូមិទីបេរាសចតនៅជិតកន្លែងដែលគេបានបរិភោគនំបុ័ង ក្រោយពីព្រះអម្ចាស់បានអរព្រះគុណ។ 24 កាលបណ្ដាជនពុំឃើញព្រះយេស៊ូ និង ពួកសិស្សនៅទីនោះទៀតគេក៏នាំគ្នាចុះទូកទាំងនោះឆ្លងទៅក្រុងកាពើណិមតាមរកព្រះអង្គ។ 25 បណ្ដាជនបានជួបព្រះអង្គនៅត្រើយម្ខាង គេទូលសួរព្រះអង្គថា៖ «លោកគ្រូ! តើលោកមកដល់ពីអង្កាល់?»។ 26 ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា អ្នករាល់គ្នាតាមរកខ្ញុំ មិនមែនមកពីអ្នករាល់គ្នាបានឃើញទីសំគាល់ទេ គឺមកពីអ្នករាល់គ្នាបានបរិភោគអាហារឆ្អែតតែប៉ុណ្ណោះ។ 27 កុំធ្វើកិច្ចការ ដើម្បីអោយគ្រាន់តែបានអាហារ ដែលតែងរលួយខូចនោះឡើយ គឺអោយបានអាហារដែលនៅស្ថិតស្ថេរ និង ផ្ដល់ជីវិតអស់កល្បជានិច្ចវិញ ជាអាហារដែលបុត្រមនុស្សនឹងប្រទានអោយអ្នករាល់គ្នា ដ្បិតបុត្រមនុស្សនេះហើយ ដែលព្រះជាម្ចាស់ជាព្រះបិតាបានដៅសញ្ញាសំគាល់»។ 28 គេនាំគ្នាទូលសួរព្រះអង្គថា៖ «តើអោយយើងខ្ញុំប្រព្រឹត្ដដូចម្ដេចដើម្បីនឹងធ្វើកិច្ចការរបស់ព្រះជាម្ចាស់?»។ 29 ព្រះយេស៊ូមានព្រះបន្ទូលថា៖«កិច្ចការរបស់ព្រះជាម្ចាស់គឺអោយអ្នករាល់គ្នាជឿលើអ្នក ដែលព្រះអង្គបានចាត់អោយមក»។ 30 គេទូលសួរព្រះអង្គទៀតថា៖ «តើលោកធ្វើការអ្វីជាទីសំគាល់អោយយើងខ្ញុំឃើញ និង ជឿលោក?តើលោកធ្វើកិច្ចការអ្វីខ្លះ?។ 31 បុព្វបុរសរបស់យើងបានបរិភោគនំម៉ាណា នៅវាលរហោស្ថាន ដូចមានសេចក្ដីចែងទុកក្នុងគម្ពីរថា "ព្រះអង្គបានប្រទានអោយគេបរិភោគនំបុ័ង ដែលធ្លាក់ពីស្ថានបរមសុខ មក"»។ 32 ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា មិនមែនលោកម៉ូសេទេ ដែលបានផ្ដល់អាហារ ពីស្ថានបរមសុខមកនោះ គឺព្រះបិតារបស់ខ្ញុំទេតើ ដែលប្រទានអាហារដ៏ពិតប្រាកដពីស្ថានបរមសុខ មកអោយអ្នករាល់គ្នា 33 ដ្បិតអាហារដែលព្រះជាម្ចាស់ប្រទានអោយនោះ គឺអ្នកដែលចុះពីស្ថានបរមសុខមក ហើយផ្ដល់ជីវិតអោយមនុស្សលោក»។ 34 គេនាំគ្នាទូលព្រះអង្គថា៖ «លោកម្ចាស់អើយ! សូមលោកប្រទានអាហារនោះអោយយើងខ្ញុំ រហូតតទៅ»។ 35 ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ខ្ញុំនេះហើយជាអាហារយដែលផ្ដល់ជីវិត។ អ្នកណាមករកខ្ញុំ លែងឃ្លានទៀតហើយ អ្នកណាជឿលើខ្ញុំ ក៏លែងស្រេកទៀតដែរ។ 36 ប៉ុន្ដែ ខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នារួចហើយថា "អ្នករាល់គ្នាបានឃើញខ្ញុំ តែអ្នករាល់គ្នាមិនជឿទេ"។ 37 អស់អ្នកដែលព្រះបិតាប្រទានមកខ្ញុំតែងតែមករកខ្ញុំ ហើយខ្ញុំមិនបោះបង់ចោលអ្នកដែលមករកខ្ញុំជាដាច់ខាត 38 ដ្បិតខ្ញុំចុះពីស្ថានបរមសុខមក ដើម្បីធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គដែលបានចាត់ខ្ញុំអោយមក គឺពុំមែនធ្វើតាមបំណងចិត្ដរបស់ខ្ញុំទេ។ 39 រីឯព្រះអង្គដែលបានចាត់ខ្ញុំអោយមកនោះ ទ្រង់មិនសព្វព្រះហឫទ័យអោយនរណាម្នាក់ ក្នុងបណ្ដាអស់អ្នកដែលព្រះអង្គប្រទានមកខ្ញុំត្រូវវិនាសអន្ដរាយឡើយ តែព្រះអង្គសព្វព្រះហឫទ័យអោយខ្ញុំប្រោសគេ អោយមានជីវិតរស់ឡើងវិញ នៅថ្ងៃចុងក្រោយបំផុត។ 40 ព្រះបិតារបស់ខ្ញុំសព្វព្រះហឫទ័យអោយអស់អ្នកដែលបានឃើញព្រះបុត្រា ហើយជឿលើព្រះអង្គមានជីវិតអស់កល្បជានិច្ច។ ខ្ញុំនឹងប្រោសអ្នកនោះអោយមានជីវិតរស់ឡើងវិញ នៅថ្ងៃចុងក្រោយបំផុតផង»។ 41 ជនជាតិយូដារអ៊ូរទាំពីព្រះយេស៊ូ ព្រោះព្រះអង្គមានព្រះបន្ទូលថា "ខ្ញុំជាអាហារដែលចុះមកពីស្ថានបរមសុខ "។ 42 គេពោលថា៖ «អ្នកនេះឈ្មោះយេស៊ូជាកូនរបស់លោកយ៉ូសែបទេតើ! យើងស្គាល់ទាំងឪពុកទាំងម្ដាយ ម្ដេចក៏គាត់ពោលថាគាត់ចុះមកពីស្ថានបរមសុខដូច្នេះ?»។ 43 ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ឈប់នាំគ្នារអ៊ូរទំាទៅ!។ 44 ប្រសិនបើព្រះបិតាដែលចាត់ខ្ញុំអោយមកមិនទាក់ទាញចិត្ដគេទេ គ្មាននរណាម្នាក់អាចមករកខ្ញុំបានឡើយ។ រីឯខ្ញុំខ្ញុំនឹងប្រោសអ្នកនោះអោយមានជីវិតរស់ឡើងវិញ នៅថ្ងៃចុងក្រោយបំផុត។ 45 ក្នុងគម្ពីរព្យាការី មានចែងទុកមកថា"ព្រះជាម្ចាស់នឹងប្រៀនប្រដៅមនុស្សទាំងអស់"។ អស់អ្នកដែលបានស្ដាប់ព្រះបិតា ហើយទទួលយកការប្រៀនប្រដៅរបស់ព្រះអង្គ មុខជាមករកខ្ញុំពុំខាន។ 46 សេចក្ដីនេះពុំមែនមានន័យថា មាននរណាម្នាក់បានឃើញព្រះបិតាឡើយ លើកលែងតែអ្នកមកពីព្រះជាម្ចាស់ប៉ុណ្ណោះគឺអ្នកនោះហើយដែលបានឃើញព្រះអង្គ។ 47 ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាជឿ អ្នកនោះមានជីវិតអស់កល្បជានិច្ច។ 48 ខ្ញុំនេះហើយជាអាហារដែលផ្ដល់ជីវិត។ 49 បុព្វបុរសរបស់អ្នករាល់គ្នាបានបរិភោគនំម៉ាណា នៅវាលរហោស្ថាន ហើយទទួលមរណភាពអស់ទៅ។ 50 រីឯអាហារដែលចុះមកពីស្ថានបរមសុខ មានប្រសិទ្ធភាពបែបនេះ គឺអ្នកណាបរិភោគអ្នកនោះមិនស្លាប់ឡើយ។ 51 ខ្ញុំនេះហើយជាអាហារដែលមានជីវិត ចុះមកពីស្ថានបរមសុខ។ អ្នកណាបរិភោគអាហារនេះ នឹងរស់នៅអស់កល្បជានិច្ច។ អាហារដែលខ្ញុំនឹងអោយនោះ គឺខ្លួនខ្ញុំ ផ្ទាល់ដែលត្រូវបូជាសំរាប់អោយមនុស្សលោកមានជីវិត»។ 52 ជនជាតិយូដាទាស់ទែងគ្នាយ៉ាងខ្លាំង ហើយគេនិយាយថា៖ «តើអ្នកនេះអាចអោយខ្លួនគាត់ផ្ទាល់ មកយើងបរិភោគដូចម្ដេចកើត?»។ 53 ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា ប្រសិនបើអ្នករាល់គ្នាមិនពិសាសាច់ និង លោហិតរបស់បុត្រមនុស្ស ទេ អ្នករាល់គ្នាគ្មានជីវិតក្នុងខ្លួនឡើយ។ 54 អ្នកណាពិសាសាច់ និង លោហិតរបស់ខ្ញុំ អ្នកនោះមានជីវិតអស់កល្បជានិច្ច ហើយខ្ញុំក៏នឹងប្រោសគេអោយមានជីវិតរស់ឡើងវិញ នៅថ្ងៃចុងក្រោយបំផុតផង។ 55 សាច់របស់ខ្ញុំជាអាហារដ៏ពិតប្រាកដ លោហិតរបស់ខ្ញុំក៏ជាភេសជ្ជៈដ៏ពិតប្រាកដដែរ។ 56 អ្នកណាពិសាសាច់ និង លោហិតរបស់ខ្ញុំ អ្នកនោះស្ថិតនៅក្នុងខ្ញុំ ហើយខ្ញុំក៏ស្ថិតនៅក្នុងអ្នកនោះដែរ។ 57 ព្រះបិតាដែលបានចាត់ខ្ញុំអោយមក ទ្រង់មានព្រះជន្មរស់ ហើយខ្ញុំមានជីវិតដោយសារព្រះអង្គយ៉ាងណាអ្នកបរិភោគខ្ញុំ ក៏នឹងមានជីវិតរស់ ដោយសារខ្ញុំយ៉ាងនោះដែរ។ 58 អាហារដែលបានចុះពីស្ថានបរមសុខមកមានប្រសិទ្ធភាពខុសពីអាហារដែលបុព្វបុរស របស់អ្នករាល់គ្នាបានបរិភោគ ដ្បិតលោកទទួលមរណភាពអស់ទៅហើយ។ រីឯអ្នកដែលបរិភោគអាហារនេះនឹងរស់នៅអស់កល្បជានិច្ច»។ 59 ព្រះយេស៊ូមានព្រះបន្ទូលទាំងនេះ នៅពេលព្រះអង្គបង្រៀនគេក្នុងសាលាប្រជុំ នៅក្រុងកាពើណិម។ 60 ក្រោយពីបានស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គហើយ ក្នុងចំណោមសិស្ស មានគ្នាច្រើនពោលថា៖ «ពាក្យទាំងនេះទាស់ត្រចៀកណាស់ តើនរណាអាចទ្រាំស្ដាប់បាន?»។ 61 ព្រះយេស៊ូឈ្វេងយល់ថា ពួកសិស្សរអ៊ូរទាំពីពាក្យទាំងនេះ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «តើពាក្យទាំងនេះនាំអោយអ្នករាល់គ្នារវាតចិត្ដ បាត់ជំនឿឬ? 62 ចុះបើអ្នករាល់គ្នាឃើញបុត្រមនុស្ស ឡើងទៅស្ថានដែលលោកនៅពីមុនវិញ តើចិត្ដអ្នករាល់គ្នានឹងទៅជាយ៉ាងណា?។ 63 មានតែព្រះវិញ្ញាណទេដែលផ្ដល់ជីវិត និស្ស័យលោកីយ៍គ្មានប្រយោជន៍អ្វីឡើយ។ រីឯពាក្យទាំងប៉ុន្មានដែលខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នា សុទ្ធតែចេញមកពីព្រះវិញ្ញាណដែលផ្ដល់ជីវិត។ 64 ប៉ុន្ដែក្នុងចំណោមអ្នករាល់គ្នា អ្នកខ្លះគ្មានជំនឿទេ»។ តាំងពីដើមដំបូងមក ព្រះយេស៊ូស្គាល់អស់អ្នកដែលគ្មានជំនឿ ព្រមទាំងស្គាល់អ្នកដែលនឹងក្បត់ព្រះអង្គ រួចស្រេចទៅហើយ។ 65 ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «ហេតុនេះបានជាខ្ញុំប្រាប់អ្នករាល់គ្នារួចមកហើយថា ប្រសិនបើព្រះបិតាមិនប្រោសប្រទានទេ នោះគ្មាននរណាអាចមករកខ្ញុំបានឡើយ»។ 66 ចាប់ពីពេលនោះមក ក្នុងចំណោមសិស្ស មានគ្នាច្រើនដកខ្លួនថយ ឈប់តាមព្រះអង្គទៀត។ 67 ព្រះយេស៊ូក៏មានព្រះបន្ទូលសួរសិស្សទាំងដប់ពីររូបថា៖ «ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាចង់ចេញទៅដែរឬ?»។ 68 លោកស៊ីម៉ូនពេត្រុសទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់ តើអោយយើងខ្ញុំទៅរកនរណាវិញ? ព្រះបន្ទូលរបស់ព្រះអង្គផ្ដល់ជីវិតអស់កល្បជានិច្ច។ 69 យើងខ្ញុំជឿហើយដឹងថា ព្រះអង្គពិតជាព្រះដ៏វិសុទ្ធដែលព្រះជាម្ចាស់ចាត់អោយមក »។ 70 ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «គឺខ្ញុំផ្ទាល់ដែលបានជ្រើសរើសអ្នកទាំងដប់ពីរមក ក៏ប៉ុន្ដែ ក្នុងចំណោមអ្នករាល់គ្នាមានម្នាក់ជាមារ»។ 71 ព្រះអង្គមានព្រះបន្ទូលសំដៅទៅលើយូដាស ជាកូនលោកស៊ីម៉ូនអ៊ីស្ការីយ៉ុត។ យូដាសនេះហើយដែលនឹងក្បត់ព្រះអង្គ ទោះបីគាត់ជាសិស្សមួយរូប ក្នុងចំណោមសិស្សទាំងដប់ពីរក៏ដោយ។

យ៉ូហាន 7

1 ក្រោយមក ព្រះយេស៊ូយាងចុះឡើងកាត់ស្រុកកាលីឡេ ដ្បិតព្រះអង្គមិនសព្វព្រះហឫទ័យយាងទៅស្រុកយូដាឡើយ ព្រោះជនជាតិយូដារកធ្វើគុតព្រះអង្គ។ 2 ពេលនោះ ជិតដល់ថ្ងៃបុណ្យមួយរបស់ជនជាតិយូដា ឈ្មោះបុណ្យបារាំ ។ 3 បងប្អូនព្រះយេស៊ូទូលព្រះអង្គថា៖ «សូមបងចាកចេញពីទីនេះទៅស្រុកយូដាទៅ ដើម្បីអោយសិស្សរបស់បងឃើញកិច្ចការដែលបងធ្វើ។ 4 អ្នកដែលចង់អោយគេស្គាល់ខ្លួនមិនធ្វើការអ្វីដោយលាក់កំបាំងឡើយ។ បើបងធ្វើការអស្ចារ្យយ៉ាងនេះត្រូវបង្ហាញអោយមនុស្សលោកឃើញផង»។ 5 បងប្អូនរបស់ព្រះយេស៊ូពុំជឿលើព្រះអង្គទេ។ 6 ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ពេលកំណត់របស់បងមិនទាន់មកដល់នៅឡើយទេ។ រីឯប្អូនៗវិញ ចង់ធ្វើអ្វីពេលណាក៏បាន។ 7 មនុស្សលោកមិនអាចស្អប់ប្អូនៗបានឡើយ ប៉ុន្ដែ គេស្អប់បង ព្រោះបងបានបញ្ជាក់ប្រាប់ថា អំពើដែលគេប្រព្រឹត្ដ សុទ្ធតែអាក្រក់។ 8 ចូរប្អូនៗឡើងទៅចូលរួមក្នុងពិធីបុណ្យទៅ បងមិនឡើងទៅទេ ព្រោះពេលកំណត់របស់បងមិនទាន់មកដល់នៅឡើយ»។ 9 ព្រះយេស៊ូមានព្រះបន្ទូលដូច្នោះហើយព្រះអង្គក៏គង់នៅក្នុងស្រុកកាលីឡេតទៅទៀត។ 10 កាលប្អូនៗរបស់ព្រះយេស៊ូធ្វើដំណើរទៅចូលរួមពិធីបុណ្យផុតអស់ទៅ ព្រះអង្គក៏យាងឡើងទៅដែរ ប៉ុន្ដែ ទ្រង់យាងទៅស្ងាត់ៗមិនអោយនរណាឃើញឡើយ។ 11 ក្នុងឱកាសបុណ្យនោះ ជនជាតិយូដាតាមរកព្រះយេស៊ូគេសួរគ្នាថា៖«តើលោកនៅឯណា?»។ 12 បណ្ដាជនខ្សឹបខ្សៀវគ្នាជាច្រើនស្ដីអំពីព្រះអង្គ ខ្លះថា«លោកនោះជាមនុស្សល្អ» ខ្លះទៀតថា «ទេ អ្នកនោះជាអ្នកបញ្ឆោតបណ្ដាជន»។ 13 ប៉ុន្ដែ គ្មាននរណាហ៊ាននិយាយអំពីព្រះអង្គដោយចំហឡើយ ព្រោះគេខ្លាចសាសន៍យូដា។ 14 លុះដល់ពាក់កណ្ដាលពិធីបុណ្យព្រះយេស៊ូយាងឡើងទៅព្រះវិហារ ហើយបង្រៀនបណ្ដាជន។ 15 ជនជាតិយូដាងឿងឆ្ងល់ជាខ្លាំង គេពោលថា៖«អ្នកនេះមិនបានរៀនសូត្រអ្វីសោះ ចុះម្ដេចបានជាគាត់ចេះដឹងជ្រៅជ្រះដូច្នេះ?»។ 16 ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖ «សេចក្ដីដែលខ្ញុំបង្រៀនមិនមែនចេញពីខ្ញុំទេ គឺចេញពីព្រះជាម្ចាស់ដែលបានចាត់ខ្ញុំអោយមក។ 17 អ្នកដែលចង់ធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់មុខជាដឹងថា សេចក្ដីដែលខ្ញុំបង្រៀននេះ មកពីព្រះអង្គ ឬមកពីខ្ញុំផ្ទាល់មិនខាន។ 18 អ្នកណានិយាយដោយសំអាងលើខ្លួនផ្ទាល់អ្នកនោះរកកិត្ដិយសសំរាប់តែខ្លួនឯងប៉ុណ្ណោះ។ រីឯអ្នកដែលរកតែសិរីរុងរឿងរបស់ព្រះអង្គដែលចាត់ខ្លួនអោយមកនិយាយតែសេចក្ដីពិតឥតកុហកឡើយ។ 19 លោកម៉ូសេប្រគល់ក្រឹត្យវិន័យទុកអោយអ្នករាល់គ្នារួចស្រេចហើយ ប៉ុន្ដែ ក្នុងចំណោមអ្នករាល់គ្នាគ្មាននរណាម្នាក់ប្រតិបត្ដិតាមក្រឹត្យវិន័យនោះទេ។ ហេតុអ្វីបានជាអ្នករាល់គ្នារកសម្លាប់ខ្ញុំដូច្នេះ?»។ 20 បណ្ដាជនតបទៅព្រះអង្គថា៖ «លោកពិតជាមានអារក្សចូលហើយ បានជានិយាយដូច្នេះ តើនរណារកសម្លាប់លោក?»។ 21 ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំបានធ្វើកិច្ចការតែមួយ ហើយអ្នកទាំងអស់គ្នាបែរជាងឿងឆ្ងល់ទៅវិញ។ 22 លោកម៉ូសេ បានបង្គាប់អ្នករាល់គ្នាអោយធ្វើពិធីកាត់ស្បែក (តាមពិត គឺបុព្វបុរស របស់អ្នករាល់គ្នាឯណោះ ជាអ្នកបង្គាប់អោយធ្វើពិធីនេះមិនមែនលោកម៉ូសេទេ) ហើយអ្នករាល់គ្នាធ្វើពិធីកាត់ស្បែកនៅថ្ងៃសប្ប័ទ ។ 23 បើអ្នករាល់គ្នាធ្វើពិធីកាត់ស្បែកនៅថ្ងៃសប្ប័ទ តែឥតបំពានលើវិន័យរបស់លោកម៉ូសេទេនោះ ចុះហេតុដូចម្ដេចបានជាអ្នករាល់គ្នាខឹងខ្ញុំដែលបានប្រោសមនុស្សមួយទាំងមូលអោយបានជា នៅថ្ងៃសប្ប័ទដូច្នេះ? 24 កុំនាំគ្នាវិនិច្ឆ័យដោយគ្រាន់តែឃើញផ្នែកខាងក្រៅនោះឡើយ ចូរវិនិច្ឆ័យអោយបានត្រឹមត្រូវវិញ»។ 25 មានអ្នកក្រុងយេរូសាឡឹមខ្លះពោលថា៖ «លោកនេះហើយដែលគេរកសម្លាប់ 26 ឥឡូវនេះ លោកនិយាយដោយចេញមុខ ចុះម្ដេចបានជាគ្មាននរណាថាអ្វីលោកដូច្នេះ?។ ប្រហែលអ្នកដឹកនាំរបស់យើងទទួលស្គាល់ថា លោកពិតជាព្រះគ្រិស្ដ ទេដឹង 27 ប៉ុន្ដែ ពេលព្រះគ្រិស្ដយាងមក គ្មាននរណាដឹងថាទ្រង់យាងមកពីណាទេ។ រីឯលោកនេះវិញ យើងដឹងហើយថាគាត់មកពីណា»។ 28 ពេលនោះ ព្រះយេស៊ូបង្រៀនបណ្ដាជនក្នុងព្រះវិហារ ព្រះអង្គបន្លឺព្រះសូរសៀងខ្លាំងៗថា៖ «អ្នករាល់គ្នាថាស្គាល់ខ្ញុំ ហើយដឹងថាខ្ញុំមកពីណាទៀត!។ ក៏ប៉ុន្ដែ ខ្ញុំមិនមែនមកក្នុងនាមខ្ញុំឡើយ ព្រះអង្គដែលចាត់ខ្ញុំអោយមក ទ្រង់សំដែងសេចក្ដីពិត តែអ្នករាល់គ្នាមិនស្គាល់ព្រះអង្គទេ។ 29 រីឯខ្ញុំវិញ ខ្ញុំស្គាល់ព្រះអង្គ ព្រោះខ្ញុំចេញមកពីព្រះអង្គ ហើយទ្រង់បានចាត់ខ្ញុំអោយមក»។ 30 ពេលនោះ ពួកគេរកចាប់ព្រះយេស៊ូ ប៉ុន្ដែ គ្មាននរណាហ៊ានលូកដៃចាប់ព្រះអង្គទេ ព្រោះពេលកំណត់របស់ព្រះអង្គ ពុំទាន់បានមកដល់នៅឡើយ។ 31 ក្នុងចំណោមបណ្ដាជន មានមនុស្សជាច្រើនបានជឿលើព្រះយេស៊ូគេពោលថា៖ «ពេលព្រះគ្រិស្ដយាងមក តើព្រះអង្គនឹងសំដែងទីសំគាល់ច្រើនជាងលោកនេះឬ?»។ 32 ពួកខាងគណៈផារីស៊ី បានដឹងសេចក្ដីទាំងអស់ដែលបណ្ដាជនខ្សឹបខ្សៀវគ្នាអំពីព្រះយេស៊ូ។ ពេលនោះពួកនាយកបូជាចារ្យ និង ពួកខាងគណៈផារីស៊ី ក៏ចាត់កងរក្សាព្រះវិហារ អោយមកចាប់ព្រះអង្គ។ 33 ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ខ្ញុំនៅជាមួយអ្នករាល់គ្នាតែមួយរយៈពេលដ៏ខ្លីទៀតប៉ុណ្ណោះ បន្ទាប់មក ខ្ញុំនឹងទៅឯព្រះអង្គដែលបានចាត់ខ្ញុំអោយមកនោះវិញហើយ។ 34 អ្នករាល់គ្នានឹងតាមរកខ្ញុំ តែរកមិនឃើញទេ ដ្បិតអ្នករាល់គ្នាពុំអាចទៅកន្លែងដែលខ្ញុំនៅនោះ បានឡើយ»។ 35 ជនជាតិយូដាសួរគ្នាថា៖ «តើគាត់បំរុងទៅណា បានជាយើងពុំអាចនឹងរកគាត់ឃើញដូច្នេះ? តើគាត់គិតទៅនៅជាមួយជនជាតិយូដាដែលខ្ចាត់ខ្ចាយក្នុងចំណោមជនជាតិក្រិក ហើយបង្រៀនពួកក្រិកឬ? 36 គាត់មានប្រសាសន៍ថា "អ្នករាល់គ្នានឹងតាមរកខ្ញុំតែរកមិនឃើញទេ ដ្បិតអ្នករាល់គ្នាពុំអាចទៅកន្លែងដែលខ្ញុំនៅនោះបានឡើយ"តើមានន័យដូចម្ដេច?»។ 37 នៅថ្ងៃបញ្ចប់ពិធីបុណ្យ ជាថ្ងៃឱឡារិកបំផុត ព្រះយេស៊ូឈរនៅមុខបណ្ដាជន បន្លឺព្រះសូរសៀងយ៉ាងខ្លាំងថា៖ «អ្នកណាស្រេកទឹក សុំអញ្ជើញមករកខ្ញុំ ហើយពិសាចុះ។ 38 អ្នកណាជឿលើខ្ញុំ នឹងមានទន្លេបង្ហូរទឹកផ្ដល់ជីវិត ចេញពីអ្នកនោះមក ដូចមានចែងទុកក្នុងគម្ពីរមកស្រាប់»។ 39 ព្រះអង្គមានព្រះបន្ទូលដូច្នេះសំដៅទៅលើព្រះវិញ្ញាណដែលអស់អ្នកជឿលើព្រះអង្គនឹងត្រូវទទួលដ្បិតពេលនោះ ព្រះជាម្ចាស់ពុំទាន់បានប្រទានព្រះវិញ្ញាណមកទេ ពីព្រោះព្រះយេស៊ូពុំទាន់សំដែងសិរីរុងរឿង នៅឡើយ។ 40 ក្រោយពីបានឮព្រះបន្ទូលរបស់ព្រះអង្គហើយ ក្នុងចំណោមបណ្ដាជន មានអ្នកខ្លះពោលថា៖«លោកនេះពិតជាព្យាការី ដែលយើងរង់ចាំនោះមែន!»។ 41 អ្នកខ្លះទៀតពោលថា៖«លោកនេះជាព្រះគ្រិស្ដ »។ ប៉ុន្ដែ មានអ្នកផ្សេងទៀតពោលជំទាស់ថា៖ «ព្រះគ្រិស្ដមិនមែនមកពីស្រុកកាលីឡេទេ 42 ដ្បិតមានចែងទុកក្នុងគម្ពីរថា "ព្រះគ្រិស្ដជាព្រះរាជវង្សរបស់ព្រះបាទដាវីឌ ហើយព្រះអង្គនឹងយាងមកពីភូមិបេថ្លេហិម ជាភូមិកំណើតរបស់ព្រះបាទដាវីឌ" »។ 43 បណ្ដាជនក៏បាក់បែកគ្នា ព្រោះតែព្រះអង្គ។ 44 ក្នុងចំណោមបណ្ដាជន មានអ្នកខ្លះចង់ចាប់ព្រះអង្គ ប៉ុន្ដែ គ្មាននរណាហ៊ានចាប់ព្រះអង្គឡើយ។ 45 កងរក្សាព្រះវិហារ វិលទៅជួបពួកនាយកបូជាចារ្យ និង ពួកខាងគណៈផារីស៊ី វិញ លោកទាំងនោះសួរពួកគេថា៖ «ហេតុដូចម្ដេចបានជាអ្នករាល់គ្នាមិនចាប់គាត់នាំយកមក?»។ 46 កងរក្សាព្រះវិហារឆ្លើយថា៖ «ពុំដែលមាននរណានិយាយដូចលោកនោះឡើយ»។ 47 ពួកខាងគណៈផារីស៊ីពោលទៅគេវិញថា៖ «អ្នករាល់គ្នាចាញ់បោកអ្នកនោះដែរឬ! 48 ក្នុងចំណោមអ្នកដឹកនាំ និង ក្នុងចំណោមពួកខាងគណៈផារីស៊ី គ្មាននរណាជឿលើអ្នកនោះសោះ 49 មានតែបណ្ដាជនដែលមិនស្គាល់ក្រឹត្យវិន័យទេ ដែលជឿ។ ពួកនោះសុទ្ធតែត្រូវបណ្ដាសា!»។ 50 ក្នុងចំណោមពួកខាងគណៈផារីស៊ី មានបុរសម្នាក់ឈ្មោះ នីកូដេម ជាអ្នកដែលបានទៅគាល់ព្រះយេស៊ូកាលពីមុន មានប្រសាសន៍ថា៖ 51 «តាមច្បាប់របស់យើង យើងមិនអាចដាក់ទោសនរណាម្នាក់បានឡើយ ដរាបណាមិនទាន់បានឮពាក្យរបស់គេ ហើយមិនបានដឹងអំពីកិច្ចការដែលគេបានប្រព្រឹត្ដសិនទេនោះ»។ 52 ពួកគេតបទៅលោកវិញថា៖ «តើលោកជាពួកកាលីឡេដែរឬ? សុំលោកពិចារណាមើល៍ពុំដែលមានព្យាការីណាម្នាក់កើតពីស្រុកកាលីឡេឡើយ»។ [ 53 បន្ទាប់មក ម្នាក់ៗក៏វិលត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ។

យ៉ូហាន 8

1 ព្រះយេស៊ូយាងទៅភ្នំដើមអូលីវ 2 លុះព្រលឹមឡើង ព្រះអង្គវិលត្រឡប់ទៅព្រះវិហារជាថ្មីម្ដងទៀត ប្រជាជនទាំងមូលនាំគ្នាមកគាល់ព្រះអង្គ ព្រះអង្គក៏គង់បង្រៀនពួកគេ។ 3 ពេលនោះ ពួកអាចារ្យ និង ពួកខាងគណៈផារីស៊ី នាំស្ដ្រីម្នាក់ ដែលគេទាន់កំពុងតែរួមសហាយស្មន់។ គេយកនាងនោះមកដាក់កណ្ដាលចំណោមប្រជុំជន 4 ហើយទូលព្រះយេស៊ូថា៖ «លោកគ្រូ យើងចាប់ស្ដ្រីនេះបាន ក្នុងពេលកំពុងរួមសហាយស្មន់។ 5 ក្នុងក្រឹត្យវិន័យ លោកម៉ូសេបានបង្គាប់អោយយើងយកដុំថ្ម គប់ស្ដ្រីប្រភេទនេះសម្លាប់ចោល។ ចុះលោកគ្រូវិញ តើលោកគ្រូគិតយ៉ាងណា?»។ 6 ពួកគេទូលដូច្នេះ ដោយមានបំណងរកលេសចោទប្រកាន់ព្រះអង្គ។ ប៉ុន្ដែ ព្រះយេស៊ូឱនព្រះកាយចុះហើយយកព្រះអង្គុលីគូសវាសលើដី។ 7 ដោយពួកគេចេះតែសួរព្រះអង្គខ្លាំងពេក ព្រះអង្គងើបព្រះភ័ក្ដ្រឡើង មានព្រះបន្ទូលទៅគេថា៖ «ក្នុងចំណោមអ្នករាល់គ្នា សុំអោយអ្នកដែលគ្មានបាបសោះយកដុំថ្មគប់នាងមុនគេទៅ!»។ 8 បន្ទាប់មក ព្រះអង្គឈ្ងោកព្រះភ័ក្ដ្រចុះហើយគូសវាសលើដីសាជាថ្មី។ 9 ពួកគេបានឮព្រះបន្ទូលរបស់ព្រះអង្គដូច្នេះ ក៏នាំគ្នាដកខ្លួនថយម្នាក់ម្ដងៗចាប់ផ្ដើមពីអ្នកមានវ័យចាស់ជាងគេទៅ នៅសល់តែព្រះយេស៊ូ និង ស្ដ្រីនោះប៉ុណ្ណោះ។ 10 ពេលនោះ ព្រះយេស៊ូងើបព្រះភ័ក្ដ្រឡើង មានព្រះបន្ទូលទៅនាងថា៖«នាងអើយ ពួកគេទៅណាអស់ហើយ គ្មាននរណាដាក់ទោសនាងទេឬ?»។ 11 នាងទូលព្រះអង្គថា៖ «គ្មានទេលោកម្ចាស់!»។ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖«ខ្ញុំក៏មិនដាក់ទោសនាងដែរ សុំអញ្ជើញទៅចុះ តែពីពេលនេះតទៅ កុំប្រព្រឹត្ដអំពើបាបទៀតឡើយ»។ ] 12 ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់បណ្ដាជនសាជាថ្មីថា៖ «ខ្ញុំជាពន្លឺបំភ្លឺពិភពលោក អ្នកណាមកតាមខ្ញុំអ្នកនោះនឹងមិនដើរក្នុងសេចក្ដីងងឹតឡើយ គឺគេមានពន្លឺនាំគេទៅកាន់ជីវិត»។ 13 ពួកខាងគណៈផារីស៊ី ទូលព្រះអង្គថា៖ «លោកធ្វើជាបន្ទាល់អោយខ្លួនលោកផ្ទាល់ សក្ខីភាពរបស់លោកមិនពិតទេ»។ 14 ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «ទោះបីខ្ញុំធ្វើជាបន្ទាល់អោយខ្លួនខ្ញុំផ្ទាល់ក៏ដោយ ក៏សក្ខីភាពរបស់ខ្ញុំនៅតែពិតដែរ ដ្បិតខ្ញុំដឹងថាខ្ញុំមកពីណា ហើយទៅណាផង។ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាពុំដឹងថា ខ្ញុំមកពីណាហើយទៅណាឡើយ។ 15 អ្នករាល់គ្នាវិនិច្ឆ័យតាមរបៀបលោកីយ៍។ រីឯខ្ញុំវិញ ខ្ញុំមិនវិនិច្ឆ័យទោសនរណាទេ 16 ប្រសិនបើខ្ញុំវិនិច្ឆ័យទោស ការវិនិច្ឆ័យរបស់ខ្ញុំក៏ស្របតាមសេចក្ដីពិតដែរ ព្រោះខ្ញុំមិនវិនិច្ឆ័យតែម្នាក់ខ្ញុំឡើយ គឺមានព្រះបិតាដែលបានចាត់ខ្ញុំអោយមកវិនិច្ឆ័យជាមួយខ្ញុំ។ 17 ក្នុងវិន័យរបស់អ្នករាល់គ្នាមានចែងទុកមកថា បើមានពីរនាក់ធ្វើជាបន្ទាល់ ទើបសក្ខីភាពយកជាការបាន។ 18 ខ្ញុំនេះហើយជាបន្ទាល់សំរាប់ខ្លួនខ្ញុំផ្ទាល់ ហើយព្រះបិតាដែលបានចាត់ខ្ញុំអោយមកក៏ធ្វើជាបន្ទាល់អោយខ្ញុំដែរ»។ 19 ពួកគេទូលសួរព្រះអង្គថា៖ «តើព្រះបិតារបស់លោកនៅឯណា?»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «អ្នករាល់គ្នាមិនស្គាល់ខ្ញុំ ហើយក៏មិនស្គាល់ព្រះបិតារបស់ខ្ញុំដែរ។ បើអ្នករាល់គ្នាស្គាល់ខ្ញុំ អ្នករាល់គ្នាមុខជាស្គាល់ព្រះបិតារបស់ខ្ញុំមិនខាន»។ 20 ព្រះយេស៊ូមានព្រះបន្ទូលទាំងនេះ កាលព្រះអង្គបង្រៀនបណ្ដាជនក្នុងព្រះវិហារ ត្រង់កន្លែងដាក់ហិបប្រាក់តង្វាយ ប៉ុន្ដែ គ្មាននរណាចាប់ព្រះអង្គទេ ព្រោះពេលកំណត់របស់ព្រះអង្គមិនទាន់មកដល់នៅឡើយ។ 21 ព្រះយេស៊ូមានព្រះបន្ទូលទៅគេទៀតថា៖ «ខ្ញុំនឹងចាកចេញទៅ ហើយអ្នករាល់គ្នានឹងតាមរកខ្ញុំតែអ្នករាល់គ្នានឹងត្រូវស្លាប់ ទាំងមានបាបជាប់ក្នុងខ្លួន។ ទីណាខ្ញុំទៅ ទីនោះ អ្នករាល់គ្នាពុំអាចនឹងទៅបានឡើយ»។ 22 ជនជាតិយូដានិយាយគ្នាថា៖ «តើលោកនឹងសម្លាប់ខ្លួនឬ បានជាលោកពោលថា"ទីណាខ្ញុំទៅ ទីនោះអ្នករាល់គ្នាពុំអាចនឹងទៅបាន"ដូច្នេះ?»។ 23 ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នាមានកំណើតនៅស្ថាននេះ រីឯខ្ញុំវិញ ខ្ញុំមានកំណើតមកពីស្ថានលើ។ អ្នករាល់គ្នាមានកំណើតពីនិស្ស័យលោកីយ៍នេះ រីឯខ្ញុំវិញ ខ្ញុំពុំមែនមានកំណើតពីនិស្ស័យលោកីយ៍នេះឡើយ។ 24 ហេតុនេះហើយបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នករាល់គ្នានឹងត្រូវស្លាប់ ទាំងមានបាបជាប់ក្នុងខ្លួន។ បើអ្នករាល់គ្នាមិនព្រមទទួលស្គាល់ឋានៈរបស់ខ្ញុំ ទេ អ្នករាល់គ្នានឹងត្រូវស្លាប់ ទាំងមានបាបជាប់ក្នុងខ្លួនជាមិនខាន»។ 25 គេទូលសួរព្រះអង្គថា៖«តើលោកមានឋានៈអ្វី?» ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំបានប្រាប់អ្នករាល់គ្នាតាំងពីដើមដំបូងមកម៉្លេះ។ 26 ខ្ញុំមានសេចក្ដីជាច្រើនដែលត្រូវនិយាយអំពីអ្នករាល់គ្នា ព្រមទាំងវិនិច្ឆ័យទោសអ្នករាល់គ្នាផង។ ប៉ុន្ដែ ព្រះអង្គដែលបានចាត់ខ្ញុំអោយមក ទ្រង់សំដែងសេចក្ដីពិត ហើយអ្វីៗដែលខ្ញុំបានឮពីព្រះអង្គ ខ្ញុំក៏យកមកថ្លែងប្រាប់មនុស្សលោកដែរ»។ 27 អ្នកទាំងនោះមិនយល់ថា ព្រះអង្គកំពុងតែមានព្រះបន្ទូលអំពីព្រះបិតាប្រាប់គេឡើយ។ 28 ព្រះយេស៊ូមានព្រះបន្ទូលទៅគេទៀតថា៖ «កាលណាអ្នករាល់គ្នាលើកបុត្រមនុស្សឡើង អ្នករាល់គ្នាមុខជានឹងស្គាល់ឋានៈរបស់ខ្ញុំ ពុំខាន ហើយអ្នករាល់គ្នានឹងដឹងថា ខ្ញុំមិនធ្វើការអ្វីមួយ ដោយសំអាងលើខ្លួនខ្ញុំផ្ទាល់ឡើយ គឺខ្ញុំថ្លែងតែសេចក្ដីណាដែលព្រះបិតាមានព្រះបន្ទូលប្រាប់មកខ្ញុំប៉ុណ្ណោះ។ 29 ព្រះអង្គដែលចាត់ខ្ញុំអោយមក ទ្រង់គង់នៅជាមួយខ្ញុំព្រះអង្គមិនចោលខ្ញុំអោយនៅតែម្នាក់ឯងឡើយ ដ្បិតខ្ញុំតែងប្រព្រឹត្ដកិច្ចការណា ដែលគាប់ព្រះហឫទ័យព្រះអង្គជានិច្ច»។ 30 ពេលព្រះយេស៊ូមានព្រះបន្ទូលដូច្នេះមានមនុស្សជាច្រើនជឿលើព្រះអង្គ។ 31 ពេលនោះ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ជនជាតិយូដា ដែលបានជឿលើព្រះអង្គថា៖ «ប្រសិនបើអ្នករាល់គ្នាស្ថិតនៅជាប់នឹងពាក្យរបស់ខ្ញុំ អ្នករាល់គ្នាពិតជាសិស្សរបស់ខ្ញុំមែន។ 32 អ្នករាល់គ្នានឹងស្គាល់សេចក្ដីពិត ហើយសេចក្ដីពិតនឹងរំដោះអ្នករាល់គ្នាអោយមានសេរីភាព»។ 33 គេនាំគ្នាទូលព្រះអង្គថា៖ «យើងខ្ញុំជាកូនចៅលោកអប្រាហាំ! យើងខ្ញុំមិនដែលធ្វើខ្ញុំបំរើអ្នកណាឡើយ ម្ដេចក៏លោកគ្រូថា "អ្នករាល់គ្នានឹងមានសេរីភាព"ដូច្នេះ?»។ 34 ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថាអ្នកណាប្រព្រឹត្ដអំពើបាប អ្នកនោះជាខ្ញុំបំរើរបស់អំពើបាប។ 35 ធម្មតា ខ្ញុំបំរើមិនដែលស្ថិតនៅក្នុងផ្ទះរបស់ម្ចាស់ជាប់រហូតទេ មានតែកូនរបស់ម្ចាស់ប៉ុណ្ណោះដែលស្ថិតនៅក្នុងផ្ទះជាប់រហូតតទៅ។ 36 ប្រសិនបើព្រះបុ្រតារំដោះអ្នករាល់គ្នា អ្នករាល់គ្នាពិតជាមានសេរីភាព។ 37 ខ្ញុំដឹងហើយថា អ្នករាល់គ្នាជាកូនចៅរបស់លោកអប្រាហាំ ក៏ប៉ុន្ដែ អ្នករាល់គ្នារកសម្លាប់ខ្ញុំ ព្រោះពាក្យរបស់ខ្ញុំមិនស្ថិតនៅក្នុងចិត្ដអ្នករាល់គ្នាឡើយ។ 38 ខ្ញុំនិយាយតែអំពីអ្វីៗដែលខ្ញុំបានឃើញនៅក្បែរព្រះបិតា រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាធ្វើតាមសេចក្ដីណាដែលអ្នករាល់គ្នាបានឮពីឪពុករបស់អ្នករាល់គ្នា»។ 39 គេទូលព្រះអង្គថា៖ «ឪពុករបស់យើង គឺលោកអប្រាហាំ»។ ព្រះយេស៊ូមានព្រះបន្ទូលតបវិញថា៖«បើអ្នករាល់គ្នាពិតជាកូនចៅលោកអប្រាហាំមែន អ្នករាល់គ្នាមុខជាធ្វើកិច្ចការ ដូចលោកអប្រាហាំធ្លាប់ធ្វើនោះមិនខាន 40 តែឥឡូវនេះ អ្នករាល់គ្នារកសម្លាប់ខ្ញុំមកពីខ្ញុំនិយាយសេចក្ដីពិត ដែលខ្ញុំបានឮពីព្រះជាម្ចាស់លោកអប្រាហាំមិនបានប្រព្រឹត្ដដូច្នេះទេ។ 41 អ្នករាល់គ្នាធ្វើកិច្ចការដែលឪពុកអ្នករាល់គ្នាប្រព្រឹត្ដ»។ គេទូលព្រះអង្គថា៖ «យើងខ្ញុំជាកូនពេញច្បាប់ យើងមានឪពុកតែមួយគត់ គឺព្រះជាម្ចាស់»។ 42 ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ប្រសិនបើព្រះជាម្ចាស់ពិតជាឪពុកអ្នករាល់គ្នាមែនម៉្លេះសមអ្នករាល់គ្នាស្រឡាញ់ខ្ញុំពុំខានដ្បិតខ្ញុំចេញពីព្រះជាម្ចាស់មកទីនេះ។ ខ្ញុំមិនមែនមកដោយចិត្ដឯងឡើយ គឺព្រះជាម្ចាស់បានចាត់ខ្ញុំអោយមក។ 43 ហេតុអ្វីបានជាអ្នករាល់គ្នាមិនយល់ពាក្យដែលខ្ញុំថ្លែងប្រាប់ដូច្នេះ? គឺមកពីអ្នករាល់គ្នាមិនអាចស្ដាប់ពាក្យរបស់ខ្ញុំបាន។ 44 អ្នករាល់គ្នាជាកូនចៅរបស់មារសាតាំង ហើយអ្នករាល់គ្នាចង់ធ្វើតាមចំណង់ចិត្ដឪពុកអ្នករាល់គ្នា។ តាំងពីដើមរៀងមកវាបានសម្លាប់មនុស្សហើយមិនកាន់តាមសេចក្ដីពិតទេ ព្រោះគ្មានសេចក្ដីពិតនៅក្នុងខ្លួនវាសោះ។ ពេលវានិយាយកុហក នោះវានិយាយចេញពីគំនិតវាផ្ទាល់ ព្រោះវាជាមេកុហកហើយជាឪពុកនៃអ្នកកុហក។ 45 រីឯខ្ញុំវិញ ខ្ញុំនិយាយសេចក្ដីពិតតែអ្នករាល់គ្នាមិនជឿខ្ញុំទេ។ 46 ក្នុងចំណោមអ្នករាល់គ្នាតើនរណាអាចចោទប្រកាន់ថាខ្ញុំប្រព្រឹត្ដអំពើបាបបាន? បើខ្ញុំនិយាយសេចក្ដីពិត ហេតុដូចម្ដេចបានជាអ្នករាល់គ្នាមិនជឿខ្ញុំ? 47 អ្នកណាកើតមកពីព្រះជាម្ចាស់ អ្នកនោះតែងស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គ។ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាមិនមែនកើតមកពីព្រះជាម្ចាស់ទេបានជាអ្នករាល់គ្នាមិនស្ដាប់ខ្ញុំដូច្នេះ»។ 48 ជនជាតិយូដាទូលព្រះអង្គថា៖ «យើងនិយាយថាលោកជាសាសន៍សាម៉ារី ហើយថាមានអារក្សចូលលោកនោះត្រូវមែន!»។ 49 ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «គ្មានអារក្សណាចូលខ្ញុំឡើយ តែខ្ញុំគោរពព្រះបិតារបស់ខ្ញុំ ហើយអ្នករាល់គ្នាបែរជាបន្ដុះបង្អាប់ខ្ញុំទៅវិញ។ 50 ខ្ញុំមិនរកសិរីរុងរឿងសំរាប់ខ្លួនខ្ញុំឡើយ គឺមានម្នាក់រកអោយខ្ញុំហើយវិនិច្ឆ័យទៀតផង។ 51 ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាកាន់តាមពាក្យរបស់ខ្ញុំ អ្នកនោះនឹងមិនស្លាប់សោះឡើយ»។ 52 ជនជាតិយូដាទូលព្រះអង្គថា៖ «ឥឡូវនេះ យើងដឹងច្បាស់ហើយថាលោកពិតជាមានអារក្សចូលមែន។ លោកអប្រាហាំ និង ពួកព្យាការី បានទទួលមរណភាពទៅហើយ រីឯលោកវិញ លោកហ៊ានពោលថា អ្នកណាកាន់តាមពាក្យលោក អ្នកនោះមិនស្លាប់សោះឡើយ។ 53 តើលោកមានឋានៈធំជាងលោកអប្រាហាំជាបុព្វបុរសរបស់យើង ដែលទទួលមរណភាពទៅហើយនោះឬ? រីឯពួកព្យាការី ក៏ទទួលមរណភាពទៅដែរ។ ចុះលោកលោកតាំងខ្លួនជាអ្វី?»។ 54 ព្រះយេស៊ូមានព្រះបន្ទូលថា៖ «បើខ្ញុំលើកតម្កើងខ្លួនខ្ញុំ សិរីរុងរឿងរបស់ខ្ញុំគ្មានតម្លៃអ្វីទាល់តែសោះ គឺព្រះបិតារបស់ខ្ញុំទេតើដែលលើកតម្កើងខ្ញុំ ព្រះអង្គនោះហើយដែលអ្នករាល់គ្នាថាជា "ព្រះរបស់យើង"។ 55 អ្នករាល់គ្នាមិនស្គាល់ព្រះអង្គទេរីឯខ្ញុំ ខ្ញុំស្គាល់ព្រះអង្គប្រសិនបើខ្ញុំថា ខ្ញុំមិនស្គាល់ព្រះអង្គទេ ខ្ញុំមុខជានិយាយកុហកដូចអ្នករាល់គ្នាដែរ។ ប៉ុន្ដែ ខ្ញុំស្គាល់ព្រះអង្គ ហើយកាន់តាមព្រះបន្ទូលរបស់ព្រះអង្គថែមទៀតផង។ 56 លោកអប្រាហាំជាឪពុករបស់អ្នករាល់គ្នាមានចិត្ដត្រេកអរពន់ប្រមាណ ដោយសង្ឃឹមថានឹងឃើញខ្ញុំមកដល់។ លោកក៏បានឃើញមែនហើយត្រេកអរសប្បាយ»។ 57 ជនជាតិយូដាពោលថា៖ «លោកមានអាយុមិនទាន់ទាំងបានហាសិបឆ្នាំផង ម្ដេចក៏ថាបានឃើញលោកអប្រាហាំដូច្នេះ?»។ 58 ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា មុនលោកអប្រាហាំកើតមក ខ្ញុំមានជីវិត រួចស្រេចទៅហើយ»។ 59 ពួកគេក៏រើសដុំថ្មបំរុងនឹងគប់សម្លាប់ព្រះអង្គ ប៉ុន្ដែ ព្រះយេស៊ូភៀសព្រះអង្គចេញពីព្រះវិហារ បាត់ទៅ។

យ៉ូហាន 9

1 ព្រះយេស៊ូយាងតាមផ្លូវ ទ្រង់ទតឃើញមនុស្សម្នាក់ខ្វាក់តាំងពីកំណើត។ 2 ពួកសិស្សទូលសួរព្រះអង្គថា៖ «ព្រះគ្រូ បុរសនេះកើតមកខ្វាក់ដូច្នេះ តើបណ្ដាលមកពីបាបរបស់នរណា? បាបរបស់គាត់ផ្ទាល់ ឬបាបរបស់ឪពុកម្ដាយគាត់?»។ 3 ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «គាត់ខ្វាក់ មិនមែនមកពីបាបរបស់ឪពុកម្ដាយគាត់ ឬ បាបរបស់គាត់ទេ គាត់ខ្វាក់ដូច្នេះ ដើម្បីអោយព្រះជាម្ចាស់បង្ហាញកិច្ចការរបស់ព្រះអង្គនៅក្នុងគាត់។ 4 យើងត្រូវធ្វើកិច្ចការរបស់ព្រះអង្គដែលបានចាត់ខ្ញុំអោយមក ទាន់នៅភ្លឺនៅឡើយ ដ្បិតដល់ពេលយប់ គ្មាននរណាអាចធ្វើការបានឡើយ។ 5 ពេលខ្ញុំស្ថិតនៅក្នុងពិភពលោកនេះខ្ញុំជាពន្លឺបំភ្លឺពិភពលោក»។ 6 កាលព្រះអង្គមានព្រះបន្ទូលដូច្នេះហើយ ព្រះអង្គស្ដោះទឹកព្រះឱស្ឋទៅលើដី ធ្វើភក់លាបភ្នែកមនុស្សខ្វាក់នោះ 7 រួចទ្រង់មានព្រះបន្ទូលទៅគាត់ថា៖ «សុំអញ្ជើញទៅលុបមុខនៅស្រះស៊ីឡោម ចុះ»(ពាក្យ"ស៊ីឡោម" នេះមានន័យថា អ្នកដែលគេចាត់អោយទៅ)។ គាត់ក៏ចេញទៅលុបមុខ ពេលត្រឡប់មកវិញ គាត់មើលឃើញ។ 8 អ្នកជិតខាង និង អស់អ្នកដែលធ្លាប់ឃើញគាត់សុំទានកាលពីមុន នាំគ្នាពោលថា៖ «បុរសនេះជាអ្នកដែលតែងអង្គុយសុំទានទេតើ!»។ 9 អ្នកខ្លះពោលថា៖ «គាត់មែន!»។ ខ្លះទៀតថា៖ «មិនមែនទេ អ្នកនេះមានមុខដូចគាត់!»។ រីឯបុរសនោះវិញ គាត់ពោលថា៖«គឺខ្ញុំហ្នឹងហើយ!»។ 10 គេក៏នាំគ្នាសួរគាត់ថា៖ «ម្ដេចបានជាភ្នែកអ្នកភ្លឺដូច្នេះ?»។ 11 គាត់ឆ្លើយថា៖ «មានលោកម្នាក់ឈ្មោះយេស៊ូបានធ្វើភក់យកមកលាបភ្នែកខ្ញុំ ហើយប្រាប់ខ្ញុំថា "សុំអញ្ជើញទៅលុបមុខនៅស្រះស៊ីឡោមចុះ!"ខ្ញុំក៏ទៅលុបមុខ ហើយខ្ញុំមើលឃើញ»។ 12 គេសួរគាត់ថា៖ «លោកនោះនៅឯណា?»។ គាត់ឆ្លើយថា៖ «ខ្ញុំមិនដឹងទេ!»។ 13 គេនាំអ្នកដែលខ្វាក់ពីមុននោះ ទៅជួបពួកខាងគណៈផារីស៊ី ។ 14 ថ្ងៃដែលព្រះយេស៊ូធ្វើភក់ និង ប្រោសអ្នកខ្វាក់អោយបានភ្លឺនោះជាថ្ងៃសប្ប័ទ 15 ហេតុនេះហើយបានជាពួកខាងគណៈផារីស៊ីនាំគ្នាសួរម្ដងទៀតអំពីហេតុការណ៍ដែលធ្វើអោយភ្នែកគាត់ភ្លឺ។ គាត់ឆ្លើយថា៖ «លោកបានយកភក់ដាក់ពីលើភ្នែកខ្ញុំ ខ្ញុំទៅលុបមុខ ហើយក៏មើលឃើញ»។ 16 ពួកខាងគណៈផារីស៊ីខ្លះពោលថា៖ «អ្នកនោះមិនមែនមកពីព្រះជាម្ចាស់ទេ ដ្បិតគាត់ពុំគោរពក្រឹត្យវិន័យ សំរាប់ថ្ងៃឈប់សំរាក»។ ខ្លះទៀតពោលថា៖«តើមនុស្សបាបអាចធ្វើទីសំគាល់ដូចម្ដេចបាន?»ពួកគេក៏បាក់បែកគ្នា។ 17 គេសួរអ្នកដែលខ្វាក់ពីមុននោះម្ដងទៀតថា៖ «ចុះអ្នកវិញ តើអ្នកថាលោកដែលធ្វើអោយអ្នកបានភ្លឺនោះជានរណា?»។ គាត់ឆ្លើយថា៖«លោកពិតជាព្យាការី មែន!»។ 18 ប៉ុនែ្ដ ជនជាតិយូដានៅតែមិនជឿថា កាលពីមុនបុរសនេះខ្វាក់ ហើយឥឡូវបានមើលឃើញនោះឡើយទាល់តែហៅឪពុកម្ដាយគាត់មកសួរសិន។ 19 គេសួរទៅឪពុកម្ដាយគាត់ថា៖ «អ្នកនេះពិតជាកូនរបស់អ្នកដែលអ្នកថាខ្វាក់ពីកំណើតមែនឬ ចុះឥឡូវម្ដេចក៏ភ្នែកគាត់ភ្លឺ?»។ 20 ឪពុកម្ដាយគាត់ឆ្លើយថា៖«យើងខ្ញុំដឹងថាវាពិតជាកូនរបស់យើងខ្ញុំមែន ហើយកើតមកខ្វាក់!។ 21 ត្រង់ឯភ្នែកវាបានភ្លឺដោយហេតុយ៉ាងណាៗនោះ យើងខ្ញុំមិនដឹងទេ ហើយនរណាបានធ្វើអោយភ្នែកវាភ្លឺនោះ ក៏យើងមិនដឹងដែរ!។ សូមអស់លោកសួរវាទៅ វាធំហើយ វាឆ្លើយខ្លួនឯងបាន»។ 22 ឪពុកម្ដាយគាត់និយាយដូច្នេះមកពីខ្លាចជនជាតិយូដា ព្រោះជនជាតិយូដារួមគំនិតគ្នា បណ្ដេញអស់អ្នកដែលទទួលស្គាល់ថាព្រះយេស៊ូជាព្រះគ្រិស្ដ ចេញពីសាលាប្រជុំ របស់គេ។ 23 ហេតុនេះហើយបានជាគាត់ពោលថា "វាធំហើយសូមសួរវាទៅ!"។ 24 ពួកខាងគណៈផារីស៊ី បានហៅបុរស ដែលខ្វាក់ពីមុននោះ មកសួរជាលើកទីពីរ។ គេពោលទៅគាត់ថា៖«ត្រូវនិយាយការពិតនៅចំពោះព្រះភ័ក្ដ្រព្រះជាម្ចាស់!យើងដឹងថាអ្នកនោះពិតជាមនុស្សបាបមែន!»។ 25 បុរសនោះតបថា៖«លោកនោះ ជាមនុស្សបាប ឬយ៉ាងណានោះ ខ្ញុំមិនដឹងទេ ខ្ញុំដឹងតែម៉្យាង គឺពីមុនខ្ញុំខ្វាក់ ឥឡូវនេះខ្ញុំមើលឃើញ»។ 26 ពួកគេសួរគាត់ថា៖ «តើអ្នកនោះបានធ្វើអ្វីដល់អ្នក? គាត់បានធ្វើអោយភ្នែកអ្នកភ្លឺ ដោយវិធីណា?»។ 27 គាត់ឆ្លើយទៅគេវិញថា៖ «ខ្ញុំបានជំរាបអស់លោករួចមកហើយតែអស់លោកពុំស្ដាប់ខ្ញុំទេ។ ហេតុដូចម្ដេចបានជាអស់លោកចង់អោយខ្ញុំនិយាយម្ដងទៀតដូច្នេះ? ប្រហែលអស់លោកចង់ធ្វើជាសិស្សរបស់លោកនោះដែរហើយមើលទៅ!»។ 28 ពួកខាងគណៈផារីស៊ីក៏ជេរប្រមាថគាត់ថា៖ «ឯងទេតើជាសិស្សរបស់គាត់! រីឯយើងវិញយើងជាសិស្សរបស់លោកម៉ូសេ!។ 29 យើងដឹងថាព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេមែន។ រីឯអ្នកនោះវិញ យើងមិនដឹងថាគាត់មកពីណាទេ!»។ 30 បុរសនោះនិយាយតបទៅគេថា៖ «លោកនោះបានធ្វើអោយភ្នែកខ្ញុំភ្លឺ តែអស់លោកមិនដឹងថា គាត់មកពីណាដូច្នេះ គួរអោយឆ្ងល់ណាស់។ 31 យើងដឹងស្រាប់ហើយថាព្រះជាម្ចាស់មិនស្ដាប់ពាក្យរបស់មនុស្សបាបទេ ព្រះអង្គស្ដាប់តែពាក្យរបស់អ្នកគោរពប្រណិប័តន៍ព្រះអង្គ និង ប្រព្រឹត្ដតាមព្រះហឫទ័យព្រះអង្គប៉ុណ្ណោះ។ 32 តាំងពីដើមរៀងមក យើងមិនដែលឮថាមាននរណាធ្វើអោយភ្នែកមនុស្សខ្វាក់ពីកំណើតបានភ្លឺនោះឡើយ។ 33 ប្រសិនបើលោកនោះមិនមកពីព្រះជាម្ចាស់ទេ លោកមិនអាចធ្វើការអ្វីបានទាល់តែសោះ»។ 34 ពួកគេនាំគ្នាពោលទៅគាត់ថា៖ «ឯងជាមនុស្សជាប់បាបពេញខ្លួនតាំងពីកំណើតមក ហើយឯងហ៊ានប្រដៅយើងទៀត!»។ គេក៏បណ្ដេញគាត់ចេញទៅខាងក្រៅ។ 35 ព្រះយេស៊ូជ្រាបថា គេបានបណ្ដេញគាត់ កាលព្រះអង្គជួបគាត់ ទ្រង់មានព្រះបន្ទូលសួរថា៖ «តើអ្នកជឿលើបុត្រមនុស្ស ឬទេ?»។ 36 គាត់ទូលព្រះអង្គថា៖ «លោកម្ចាស់អើយ តើនរណាជាបុត្រមនុស្ស សូមប្រាប់ខ្ញុំអោយដឹងផង ដើម្បីអោយខ្ញុំជឿលើព្រះអង្គ»។ 37 ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «អ្នកឃើញលោកស្រាប់ គឺអ្នកដែលកំពុងតែនិយាយជាមួយអ្នកហ្នឹងហើយជាបុត្រមនុស្ស»។ 38 គាត់ទូលព្រះយេស៊ូថា៖ «បពិត្រព្រះអម្ចាស់! ទូលបង្គំជឿលើព្រះអង្គហើយ»។ គាត់ក៏ក្រាបថ្វាយបង្គំព្រះអង្គ។ 39 បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ខ្ញុំមកក្នុងពិភពលោកនេះ ដើម្បីវិនិច្ឆ័យចិត្ដមនុស្ស គឺអោយមនុស្សខ្វាក់មើលឃើញ ហើយអោយមនុស្សមើលឃើញ ត្រឡប់ទៅជាខ្វាក់វិញ»។ 40 ពួកខាងគណៈផារីស៊ីខ្លះដែលនៅទីនោះ ជាមួយព្រះអង្គ បានឮដូច្នេះក៏ទូលព្រះអង្គថា៖ «ប្រហែលជាលោកចង់ថា យើងខ្ញុំនេះ ជាមនុស្សខ្វាក់ដែរហើយមើលទៅ!»។ 41 ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយទៅគេវិញថា៖ «ប្រសិនបើអ្នករាល់គ្នាខ្វាក់មែន អ្នករាល់គ្នាគ្មានបាបទេ។ ផ្ទុយទៅវិញ មកពីអ្នករាល់គ្នាថាខ្លួនមើលឃើញដូច្នេះហើយ បានជាអ្នករាល់គ្នានៅតែជាប់បាបរហូត»។

យ៉ូហាន 10

1 «ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាមិនចូលក្នុងក្រោលចៀមតាមទ្វារ តែផ្លោះចូលតាមកន្លែងផ្សេង អ្នកនោះជាចោរលួចចោរប្លន់។ 2 រីឯអ្នកដែលចូលតាមទ្វារ ពិតជាអ្នកគង្វាលរបស់ចៀម។ 3 ឆ្មំាទ្វារបើកទ្វារអោយគាត់ចូលហើយចៀមទាំងប៉ុន្មានស្ដាប់សំឡេងគាត់។ គាត់ហៅចៀមផ្ទាល់របស់គាត់តាម ឈ្មោះរបស់វារៀងៗខ្លួន រួចនាំចេញទៅខាងក្រៅ។ 4 លុះគាត់បញ្ចេញចៀមចេញពីក្រោលអស់ហើយ គាត់ដើរនាំមុខវា ហើយវាដើរតាមក្រោយគាត់ ពីព្រោះវាស្គាល់សំឡេងរបស់គាត់។ 5 ចៀមទាំងនោះមិនដើរតាមអ្នកដទៃជាដាច់ខាត ផ្ទុយទៅវិញ វារត់គេចចេញឆ្ងាយពីគេ ព្រោះវាមិនស្គាល់សំឡេងរបស់អ្នកដទៃឡើយ»។ 6 ព្រះយេស៊ូមាន ព្រះបន្ទូលជាប្រស្នានេះអោយគេស្ដាប់ ប៉ុន្ដែ គេពុំបានយល់ថាព្រះអង្គមានព្រះបន្ទូលអំពីរឿងអ្វីឡើយ។ 7 ព្រះយេស៊ូមានព្រះបន្ទូលទៅគេទៀតថា៖ «ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា ខ្ញុំហ្នឹងហើយជាទ្វារ សំរាប់អោយចៀមចេញចូល។ 8 អ្នកដែលមកមុនខ្ញុំទាំងប៉ុន្មាន សុទ្ធតែជាចោរលួចចោរប្លន់ទាំងអស់ចៀមមិនបានស្ដាប់សំឡេងអ្នកទាំងនោះឡើយ។ 9 ខ្ញុំហ្នឹងហើយជាទ្វារ អ្នកណាចូលតាមខ្ញុំ ព្រះជាម្ចាស់នឹងសង្គ្រោះអ្នកនោះ អ្នកនោះនឹងចេញចូល ព្រមទាំងរកឃើញចំណីអាហារ ថែមទៀតផង។ 10 ចោរវាមកគិតតែពីលួចប្លន់ គិតតែពីសម្លាប់ និង បំផ្លាញប៉ុណ្ណោះ។ រីឯខ្ញុំវិញ ខ្ញុំមកដើម្បីអោយមនុស្សលោក មានជីវិតហើយអោយគេមានជីវិតពេញបរិបូណ៌»។ 11 ខ្ញុំហ្នឹងហើយជាអ្នកគង្វាលដ៏ល្អ អ្នកគង្វាលដ៏ល្អតែងតែស៊ូប្ដូរជីវិត ដើម្បីចៀមរបស់ខ្លួន។ 12 រីឯអ្នកស៊ីឈ្នួលវិញកាលគេឃើញចចកមកដល់ គេរត់ចោលចៀមទុកអោយចចកខំាអូសយកទៅ ហើយដេញកំចាត់កំចាយជាមិនខាន ពីព្រោះអ្នកនោះមិនមែនជាអ្នកគង្វាល ហើយក៏មិនមែនជាម្ចាស់ របស់ចៀមផង។ 13 អ្នកនោះមិនខ្វល់ខ្វាយនឹងចៀមឡើយ ព្រោះគេគ្រាន់តែស៊ីឈ្នួលប៉ុណ្ណោះ។ ខ្ញុំហ្នឹងហើយជាអ្នកគង្វាលដ៏ល្អ។ 14 ខ្ញុំស្គាល់ចៀមរបស់ខ្ញុំ ចៀមរបស់ខ្ញុំក៏ស្គាល់ខ្ញុំ 15 គឺដូចព្រះបិតាស្គាល់ខ្ញុំ ហើយខ្ញុំស្គាល់ព្រះបិតាដូច្នោះដែរ។ ខ្ញុំស៊ូប្ដូរជីវិត ដើម្បីចៀមរបស់ខ្ញុំ។ 16 ខ្ញុំមានចៀមឯទៀតៗ ដែលមិននៅក្នុងក្រោលនេះទេ។ ខ្ញុំត្រូវតែនាំចៀមទាំងនោះមកដែរ។ ចៀមទាំងនោះនឹងស្ដាប់សំឡេងខ្ញុំ ហើយនៅពេលនោះនឹងមានហ្វូងចៀមតែមួយមានអ្នកគង្វាលតែមួយ។ 17 ព្រះបិតាស្រឡាញ់ខ្ញុំ ព្រោះខ្ញុំសុខចិត្ដស៊ូប្ដូរជីវិតដើម្បីអោយបានជីវិតនោះមកវិញ។ 18 គ្មាននរណាដកហូតជីវិតរបស់ខ្ញុំបានឡើយ គឺខ្ញុំស៊ូប្ដូរជីវិត ដោយខ្លួនខ្ញុំផ្ទាល់តែម្ដង។ ខ្ញុំមានអំណាចនឹងស៊ូប្ដូរជីវិតរបស់ខ្ញុំ ហើយខ្ញុំក៏មានអំណាចនឹងយកជីវិតនោះមកវិញ តាមបទបញ្ជាដែលខ្ញុំបានទទួលពីព្រះបិតាមក»។ 19 ព្រះបន្ទូលទាំងនេះធ្វើអោយជនជាតិយូដាបាក់បែកគ្នាម្ដងទៀត។ 20 មានគ្នាគេជាច្រើនពោលថា៖ «អ្នកនោះមានអារក្សចូល! គាត់វង្វេងស្មារតីហើយ! ស្ដាប់គាត់ធ្វើអ្វី?»។ 21 អ្នកខ្លះទៀតពោលថា៖ «ពាក្យទាំងនេះមិនមែនជាពាក្យរបស់មនុស្សដែលមានអារក្សចូលទេ! តើអារក្សអាចធ្វើអោយភ្នែកមនុស្សខ្វាក់ភ្លឺកើតឬ?»។ 22 ពេលនោះជារដូវរងា គេនាំគ្នាធ្វើបុណ្យរំលឹកពិធីឆ្លងព្រះវិហារ នៅក្រុងយេរូសាឡឹម។ 23 ព្រះយេស៊ូយាងចុះឡើងក្នុងថែវព្រះវិហារដែលមានឈ្មោះថា «ថែវព្រះបាទសាឡូម៉ូន»។ 24 ជនជាតិយូដានាំគ្នាចោមរោមព្រះអង្គទូលសួរថា៖ «តើលោកទុកអោយយើងខ្ញុំនៅរារែកក្នុងចិត្ដដល់ណាទៀត? ប្រសិនបើលោកពិតជាព្រះគ្រិស្ដ មែន សូមប្រាប់យើងខ្ញុំអោយត្រង់ៗមក»។ 25 ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «ខ្ញុំបានប្រាប់អ្នករាល់គ្នារួចមកហើយ តែអ្នករាល់គ្នាមិនជឿទេ។ កិច្ចការទាំងប៉ុន្មានដែលខ្ញុំបានធ្វើក្នុងព្រះនាមព្រះបិតារបស់ខ្ញុំ ជាសក្ខីភាព បញ្ជាក់អំពីខ្ញុំស្រាប់។ 26 ប៉ុន្ដែ អ្នករាល់គ្នាមិនជឿសោះ ព្រោះអ្នករាល់គ្នាមិននៅក្នុងចំណោមចៀមរបស់ខ្ញុំ។ 27 ចៀមរបស់ខ្ញុំតែងស្ដាប់សំឡេងខ្ញុំ ខ្ញុំស្គាល់ចៀមទាំងនោះ ហើយចៀមទាំងនោះមកតាមខ្ញុំ។ 28 ខ្ញុំអោយគេមានជីវិតអស់កល្បជានិច្ច គេមិនវិនាសអន្ដរាយឡើយហើយគ្មាននរណាអាចឆក់យកគេពីដៃខ្ញុំជាដាច់ខាត។ 29 ព្រះបិតាដែលបានប្រទានចៀមទាំងនោះមកអោយខ្ញុំ ទ្រង់មានអំណាចធំលើសអ្វីៗទាំងអស់គ្មាននរណាអាចឆក់យកគេពីព្រះហស្ដព្រះបិតាបានឡើយ។ 30 ខ្ញុំ និង ព្រះបិតាជាអង្គតែមួយ»។ 31 ជនជាតិយូដានាំគ្នារើសដុំថ្មម្ដងទៀត បំរុងនឹងគប់សម្លាប់ព្រះអង្គ។ 32 ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំបានបង្ហាញអោយអ្នករាល់គ្នាឃើញកិច្ចការដ៏ល្អប្រសើរជាច្រើន ដែលព្រះបិតាប្រទានអោយខ្ញុំធ្វើ។ ក្នុងបណ្ដាកិច្ចការទាំងនោះ តើកិច្ចការណាមួយដែលនាំអោយអ្នករាល់គ្នាយកដុំថ្មបំរុងនឹងគប់សម្លាប់ខ្ញុំ?»។ 33 ជនជាតិយូដាតបទៅព្រះអង្គថា៖ «យើងចង់សម្លាប់លោក មិនមែនមកពីលោកបានធ្វើកិច្ចការដ៏ល្អប្រសើរ ណាមួយនោះឡើយ គឺមកពីលោកបានពោលពាក្យប្រមាថព្រះជាម្ចាស់ ដ្បិតលោកជាមនុស្ស ហើយតាំងខ្លួនជាព្រះជាម្ចាស់»។ 34 ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ក្នុងវិន័យ របស់អ្នករាល់គ្នាមានចែងថា ព្រះជាម្ចាស់មានព្រះបន្ទូលថា អ្នករាល់គ្នាជាព្រះ។ 35 យើងមិនអាចលុបបំបាត់គម្ពីរបានឡើយ បើគម្ពីរហៅអស់អ្នកដែលទទួលព្រះបន្ទូលថាជា "ព្រះ" ដូច្នេះ 36 ចុះហេតុដូចម្ដេចបានជាពេលខ្ញុំប្រាប់អ្នករាល់គ្នាថា ខ្ញុំជាបុត្រារបស់ព្រះជាម្ចាស់ អ្នករាល់គ្នាបែរជាពោលថាខ្ញុំប្រមាថព្រះអង្គទៅវិញ? ព្រះបិតាបានប្រោសខ្ញុំអោយវិសុទ្ធ ហើយចាត់ខ្ញុំអោយមកក្នុងពិភពលោកនេះទៀតផង។ 37 ប្រសិនបើខ្ញុំមិនធ្វើការរបស់ព្រះបិតាទេនោះ សុំកុំជឿខ្ញុំឡើយ។ 38 ប៉ុន្ដែ បើខ្ញុំធ្វើកិច្ចការរបស់ព្រះអង្គ ទោះបីអ្នករាល់គ្នាមិនជឿខ្ញុំក៏ដោយ ក៏សុំជឿទៅលើកិច្ចការទាំងនោះចុះ ដើម្បីអោយបានដឹង ហើយរឹតតែដឹងទៀតថាព្រះបិតាស្ថិតនៅក្នុងខ្ញុំ ខ្ញុំស្ថិតនៅក្នុងព្រះបិតា»។ 39 គេរកចាប់ព្រះយេស៊ូម្ដងទៀត ប៉ុន្ដែព្រះអង្គគេចផុតពីគេទៅ។ 40 ព្រះយេស៊ូយាងទៅត្រើយខាងនាយទន្លេយ័រដាន់ជាថ្មីម្ដងទៀត ត្រង់កន្លែងដែលលោកយ៉ូហានធ្លាប់ជ្រមុជ ទឹក អោយបណ្ដាជនកាលពីមុន រួចព្រះអង្គគង់នៅទីនោះ។ 41 មានមនុស្សជាច្រើននាំគ្នាមកគាល់ព្រះអង្គ គេពោលថា៖ «លោកយ៉ូហានពុំបានធ្វើទីសំគាល់ណាមួយឡើយ ប៉ុន្ដែ ពាក្យទាំងប៉ុន្មានដែលគាត់និយាយអំពីលោកនេះ សុទ្ធតែត្រូវទាំងអស់»។ 42 មនុស្សជាច្រើននៅទីនោះបានជឿលើព្រះយេស៊ូ។

យ៉ូហាន 11

1 នៅភូមិបេតថានី មានបុរសម្នាក់ឈ្មោះ ឡាសារគាត់មានជំងឺ។ នាងម៉ាថា និង នាងម៉ារីជាបងស្រីរបស់គាត់ ក៏រស់នៅក្នុងភូមិនោះដែរ។ 2 នាងម៉ារីនេះ ជាស្ដ្រីម្នាក់ដែលបានចាក់ប្រេងក្រអូបលើព្រះបាទារបស់ព្រះអម្ចាស់ព្រមទាំងបានយកសក់របស់នាងមកជូតផង។ រីឯលោកឡាសារដែលឈឺនោះ ត្រូវជាប្អូនបង្កើតរបស់នាង។ 3 នាងទាំងពីរនាក់បានចាត់គេអោយទៅទូលព្រះយេស៊ូថា៖ «លោកម្ចាស់អ្នកដែលលោកស្រឡាញ់ កំពុងតែមានជំងឺ»។ 4 កាលព្រះយេស៊ូជ្រាបដំណឹងនេះ ព្រះអង្គមានព្រះបន្ទូលថា៖ «ជំងឺនេះកើតឡើង មិនមែនអោយគាត់បាត់បង់ជីវិតទេ គឺដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ព្រមទាំងអោយព្រះបុត្រារបស់ព្រះអង្គសំដែងសិរីរុងរឿងវិញ»។ 5 ព្រះយេស៊ូស្រឡាញ់នាងម៉ាថា ប្អូនស្រីរបស់នាង និង លោកឡាសារណាស់។ 6 កាលព្រះអង្គជ្រាបដំណឹងថា លោកឡាសារមានជំងឺ ព្រះអង្គគង់នៅកន្លែងដដែលនោះពីរថ្ងៃទៀត 7 បន្ទាប់មកព្រះអង្គមានព្រះបន្ទូលទៅពួកសិស្ស ថា៖ «យើងនាំគ្នាត្រឡប់ទៅស្រុកយូដាវិញ»។ 8 ពួកសិស្សទូលព្រះអង្គថា៖ «ព្រះគ្រូ ជនជាតិយូដា ទើបនឹងចង់យកដុំថ្មគប់ធ្វើគុតព្រះអង្គថ្មីៗនេះសោះ ហេតុដូចម្ដេចបានជាព្រះអង្គចង់វិលទៅស្រុកនោះវិញ!»។ 9 ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ក្នុងមួយថ្ងៃមានដប់ពីរម៉ោង អ្នកណាដើរនៅពេលថ្ងៃ អ្នកនោះមិនជំពប់ជើងដួលឡើយ ព្រោះគេឃើញពន្លឺរបស់ពិភពលោកនេះ។ 10 ផ្ទុយទៅវិញ អ្នកណាដើរនៅពេលយប់ អ្នកនោះមុខតែជំពប់ជើងដួលជាមិនខានព្រោះគេគ្មានពន្លឺនៅក្នុងខ្លួនទេ»។ 11 ក្រោយមក ព្រះអង្គមានព្រះបន្ទូលទៅគេថែមទៀតថា៖ «ឡាសារជាមិត្ដសំឡាញ់របស់យើងសំរាន្ដលក់ទៅ ហើយ ខ្ញុំត្រូវតែទៅដាស់គាត់ អោយភ្ញាក់ឡើងវិញ»។ 12 ពួកសិស្សទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់ ប្រសិនបើគាត់សំរាន្ដលក់ដូច្នេះគាត់នឹងបានជាវិញមិនខាន»។ 13 តាមពិតព្រះយេស៊ូចង់មានព្រះបន្ទូលថា លោកឡាសារស្លាប់បាត់ទៅហើយ ប៉ុន្ដែ ពួកសិស្សស្មានថាព្រះអង្គមានព្រះបន្ទូលថា គាត់សំរាន្ដលក់ធម្មតា។ 14 ហេតុនេះហើយបានជាព្រះអង្គមានព្រះបន្ទូលបញ្ជាក់យ៉ាងច្បាស់ថា៖ «ឡាសារស្លាប់ទៅហើយ 15 បើគិតពីប្រយោជន៍អ្នករាល់គ្នា ខ្ញុំសប្បាយចិត្ដ ដោយខ្ញុំមិនបាននៅទីនោះ ដើម្បីអោយអ្នករាល់គ្នាបានជឿ។ ឥឡូវនេះយើងនាំគ្នាទៅផ្ទះគាត់»។ 16 ពេលនោះ សិស្សថូម៉ាស់ ហៅឌីឌីម ពោលទៅសិស្សឯទៀតថា៖ «មក! យើងនាំគ្នាទៅរួមស្លាប់ជាមួយព្រះអង្គដែរ!»។ 17 កាលព្រះយេស៊ូយាងទៅដល់ ព្រះអង្គក៏ជ្រាបថាគេបានដាក់សពលោកឡាសារក្នុងផ្នូរ បួនថ្ងៃហើយ។ 18 ភូមិបេថានីមានចម្ងាយប្រមាណបីគីឡូម៉ែត្រពីក្រុងយេរូសាឡឹម។ 19 មានជនជាតិយូដាជាច្រើននាំគ្នាមកជួយរំលែកទុក្ខនាងម៉ាថា និង នាងម៉ារីក្នុងពេលប្អូនស្លាប់។ 20 កាលនាងម៉ាថាបានដឹងថា ព្រះយេស៊ូយាងមកដល់ នាងក៏ចេញទៅទទួលព្រះអង្គ រីឯនាងម៉ារីវិញ នាងអង្គុយនៅក្នុងផ្ទះ។ 21 នាងម៉ាថាទូលព្រះយេស៊ូថា៖ «លោកម្ចាស់ ប្រសិនបើលោកបាននៅទីនេះប្អូននាងខ្ញុំមិនស្លាប់ទេ។ 22 ប៉ុន្ដែ ឥឡូវនេះ នាងខ្ញុំដឹងថាបើលោកសុំអ្វីពីព្រះជាម្ចាស់ក៏ដោយ ព្រះអង្គមុខជានឹងប្រទានអោយមិនខាន»។ 23 ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «ប្អូននាងនឹងរស់ឡើងវិញ»។ 24 នាងទូលទៅព្រះអង្គវិញថា៖ «នាងខ្ញុំដឹងហើយ នៅថ្ងៃចុងក្រោយបំផុត កាលណាមនុស្សស្លាប់នឹងរស់ឡើងវិញ ប្អូននាងខ្ញុំក៏នឹងរស់ឡើងវិញដែរ»។ 25 ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «ខ្ញុំហ្នឹងហើយដែលប្រោសមនុស្សអោយរស់ឡើងវិញ ខ្ញុំនឹងផ្ដល់អោយគេមានជីវិត។ អ្នកណាជឿលើខ្ញុំ ទោះបីស្លាប់ទៅហើយក៏ដោយ ក៏នឹងបានរស់ជាមិនខាន។ 26 រីឯអស់អ្នកដែលកំពុងតែមានជីវិតនៅរស់ ហើយជឿលើខ្ញុំ មិនស្លាប់សោះឡើយ តើនាងជឿសេចក្ដីនេះឬទេ?»។ 27 នាងម៉ាថាទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! ខ្ញុំម្ចាស់ជឿថា ព្រះអង្គពិតជាព្រះគ្រិស្ដ ជាព្រះបុត្រារបស់ព្រះជាម្ចាស់ ហើយពិតជាព្រះអង្គដែលត្រូវយាងមកក្នុងពិភពលោកនេះមែន!»។ 28 នាងម៉ាថានិយាយដូច្នេះហើយ ក៏ចេញទៅហៅនាងម៉ារីជាប្អូន ដោយស្ងាត់ៗថា៖ «ព្រះគ្រូយាងមកដល់ហើយព្រះអង្គហៅប្អូនឯង»។ 29 នាងម៉ារីឮហើយក៏ស្ទុះក្រោកឡើង ទៅគាល់ព្រះយេស៊ូជាប្រញាប់។ 30 ពេលនោះ ព្រះអង្គពុំទាន់យាងចូលក្នុងភូមិនៅឡើយទេ គឺព្រះអង្គគង់នៅកន្លែងដែលនាងម៉ាថាទៅជួប។ 31 ជនជាតិយូដា ដែលមកជួយរំលែកទុក្ខក្នុងផ្ទះជាមួយនាងម៉ារី ឃើញនាងស្ទុះក្រោកឡើង ប្រញាប់ប្រញាល់ចេញទៅខាងក្រៅដូច្នេះ ក៏នាំគ្នាចេញទៅតាម ព្រោះគេស្មានថានាងទៅយំឯផ្នូរ។ 32 លុះនាងម៉ារីទៅដល់កន្លែងព្រះយេស៊ូគង់នៅហើយ នាងឃើញព្រះអង្គក៏ក្រាបទៀបព្រះបាទាទូលថា៖ «លោកម្ចាស់! ប្រសិនបើលោកបាននៅទីនេះ ប្អូនប្រុសនាងខ្ញុំមិនស្លាប់ទេ»។ 33 ពេលព្រះយេស៊ូឃើញនាងម៉ារី និង ជនជាតិយូដាដែលមកជាមួយនាងយំដូច្នេះ ព្រះអង្គរំជួលព្រះហឫទ័យ ហើយរន្ធត់ជាខ្លាំងផង។ 34 ព្រះអង្គមានព្រះបន្ទូលសួរថា៖ «តើអ្នករាល់គ្នាយកសពទៅទុកនៅឯណា?»។ គេទូលព្រះអង្គថា៖ «សូមអញ្ជើញមកលោកនឹងឃើញ»។ 35 ពេលនោះ ព្រះយេស៊ូទ្រង់ព្រះកន្សែង។ 36 ជនជាតិយូដានាំគ្នាពោលថា៖ «មើល៍! លោកស្រឡាញ់ឡាសារខ្លាំងណាស់!»។ 37 ប៉ុន្តែ នៅក្នុងចំណោមពួកគេ មានអ្នកខ្លះនិយាយថា៖ «លោកអាចធ្វើអោយមនុស្សខ្វាក់មើលឃើញ ម្ដេចក៏លោកមិនធ្វើអោយឡាសារគេចផុតពីស្លាប់ផងទៅ!»។ 38 ព្រះយេស៊ូរំជួលព្រះហឫទ័យម្ដងទៀត រួចយាងទៅផ្នូរ។ ផ្នូរនោះជារូងភ្នំមានថ្មបាំងនៅមាត់រូង។ 39 ព្រះយេស៊ូមានព្រះបន្ទូលថា៖«សុំយកថ្មនេះចេញ!»។ នាងម៉ាថាជាបងរបស់សពទូលព្រះអង្គថា៖«បពិត្រព្រះអម្ចាស់ សពធំក្លិនហើយ ព្រោះគេបានយកមកដាក់ តាំងពីបួនថ្ងៃម៉្លេះ»។ 40 ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖«ខ្ញុំបានប្រាប់នាងរួចមកហើយថាបើនាងជឿ នាងនឹងឃើញសិរីរុងរឿងរបស់ព្រះជាម្ចាស់»។ 41 គេក៏យកថ្មចេញពីមាត់ផ្នូរ។ ព្រះយេស៊ូងើបព្រះភ័ក្ដ្រទតទៅលើ មានព្រះបន្ទូលថា៖ «បពិត្រព្រះបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលទ្រង់ព្រះសណ្ដាប់ទូលបង្គំ។ 42 ចំពោះទូលបង្គំ ទូលបង្គំដឹងថា ព្រះអង្គទ្រង់ព្រះសណ្ដាប់ទូលបង្គំជានិច្ច ប៉ុន្ដែ ទូលបង្គំទូលព្រះអង្គដូច្នេះ ដើម្បីអោយបណ្ដាជនដែលនៅជុំវិញទូលបង្គំជឿថា ព្រះអង្គពិតជាបានចាត់ទូលបង្គំអោយមកមែន»។ 43 លុះព្រះអង្គមានព្រះបន្ទូលដូច្នេះហើយ ទ្រង់បន្លឺព្រះសូរសៀងខ្លាំងៗថា៖ «ឡាសារអើយ!ចេញមក!»។ 44 ពេលនោះ លោកឡាសារដែលបានស្លាប់ ក៏ចេញពីផ្នូរមក មានទាំងក្រណាត់រុំដៃជើង និង កន្សែងគ្របមុខផង។ ព្រះយេស៊ូមានព្រះបន្ទូលទៅពួកគេថា៖ «សុំស្រាយក្រណាត់ចេញពីគាត់ ហើយអោយគាត់ទៅចុះ»។ 45 ជនជាតិយូដាជាច្រើននាក់ ដែលមកផ្ទះនាងម៉ារីបានឃើញព្រះយេស៊ូធ្វើកិច្ចការទាំងនោះ ក៏ជឿលើព្រះអង្គ។ 46 ប៉ុន្ដែ មានគ្នាគេខ្លះទៅជួបពួកខាងគណៈផារីស៊ី រៀបរាប់នូវកិច្ចការដែលព្រះយេស៊ូបានធ្វើ។ 47 ពេលនោះ ពួកនាយកបូជាចារ្យ និង ពួកខាងគណៈផារីស៊ី បានកោះហៅក្រុមប្រឹក្សាជាន់ខ្ពស់ មកប្រជុំហើយពោលថា៖ «អ្នកនោះបានធ្វើទីសំគាល់ជាច្រើនតើយើងគិតធ្វើដូចម្ដេច?។ 48 ប្រសិនបើយើងបណ្ដោយអោយគាត់ធ្វើដូច្នេះតទៅទៀត ប្រជាជនមុខតែជឿទៅលើគាត់ទាំងអស់គ្នា ហើយជនជាតិរ៉ូមុំាងនឹងមកបំផ្លាញព្រះវិហារ និង បំបាត់ជាតិសាសន៍របស់យើងជាមិនខាន»។ 49 នៅក្នុងចំណោមពួកគេមានលោកម្នាក់ឈ្មោះ កៃផា ដែលជាមហាបូជាចារ្យនៅឆ្នាំនោះ លោកមានប្រសាសន៍ទៅគេថា៖ «អស់លោកពុំយល់អ្វីសោះ! 50 តើអស់លោកគិតមិនឃើញទេឬថា បើមនុស្សតែម្នាក់ស្លាប់ ជាប្រយោជន៍ដល់ប្រជារាស្ដ្រនោះ ប្រសើរជាងទុកអោយជាតិទាំងមូលត្រូវវិនាស!»។ 51 លោកមានប្រសាសន៍ដូច្នេះ មិនមែនផុសចេញពីគំនិតខ្លួនឯងផ្ទាល់ឡើយ គឺក្នុងឋានៈជាមហាបូជាចារ្យនៅឆ្នាំនោះ លោកបានទាយថាព្រះយេស៊ូត្រូវសោយទិវង្គត ដើម្បីជាប្រយោជន៍ដល់សាសន៍យូដា 52 មិនគ្រាន់តែជាប្រយោជន៍ដល់សាសន៍នេះប៉ុណ្ណោះទេគឺដើម្បីអោយកូនចៅរបស់ព្រះជាម្ចាស់ដែលបែកខ្ញែកគ្នា មករួបរួមជាប្រជាជនតែមួយ។ 53 តាំងពីថ្ងៃនោះមក ពួកនាយកបូជាចារ្យ និង ពួកខាងគណៈផារីស៊ី បានសំរេចធ្វើគុតព្រះយេស៊ូ។ 54 ហេតុដូច្នេះហើយបានជាព្រះអង្គមិនយាងទៅមក ដោយចេញមុខអោយជនជាតិយូដាឃើញទៀតឡើយ គឺព្រះអង្គចាកចេញពីទីនោះ ឆ្ពោះទៅតំបន់ជិតវាលរហោស្ថាន ត្រង់ភូមិមួយឈ្មោះអេប្រាអ៊ីមហើយទ្រង់ស្នាក់នៅ ក្នុងភូមិនោះជាមួយពួកសិស្ស ។ 55 ពេលនោះ ជិតដល់ថ្ងៃបុណ្យចម្លង របស់ជនជាតិយូដាហើយ។ អ្នកស្រុកជាច្រើន នាំគ្នាឡើងទៅក្រុងយេរូសាឡឹម មុនថ្ងៃបុណ្យ ដើម្បីធ្វើពិធីជំរះកាយអោយបានបរិសុទ្ធ ។ 56 គេរកព្រះយេស៊ូ ហើយនិយាយគ្នាទៅវិញទៅមកក្នុងព្រះវិហារ ថា៖ «អ្នកគិតដូចម្ដេច? លោកមិនហ៊ានមកចូលរួមក្នុងពិធីបុណ្យទេមើលទៅ!»។ 57 ពួកនាយកបូជាចារ្យ និង ពួកខាងគណៈផារីស៊ីបានចេញបញ្ជាថា បើអ្នកណាដឹងព្រះអង្គគង់នៅឯណា ត្រូវប្រាប់ពួកគេ ដើម្បីអោយគេចាប់ព្រះអង្គ។

យ៉ូហាន 12

1 ប្រាំមួយថ្ងៃ មុនបុណ្យចម្លង ព្រះយេស៊ូយាងមកភូមិបេតថានី ជាភូមិរបស់លោកឡាសារ ដែលព្រះអង្គបានប្រោសអោយរស់ឡើងវិញ។ 2 នៅទីនោះ គេរៀបចំជប់លៀងថ្វាយព្រះយេស៊ូ។ នាងម៉ាថាបំរើភ្ញៀវ រីឯលោកឡាសារអង្គុយរួមតុជាមួយព្រះយេស៊ូ និង អ្នកឯទៀត។ 3 នាងម៉ារីយកប្រេងក្រអូបកន្លះលីត្រ គឺប្រេងទេព្វិរូសុទ្ធដ៏មានតម្លៃលើសលប់ មកចាក់លាបព្រះបាទាព្រះយេស៊ូ រួចយកសក់នាងជូតក្លិនប្រេងក្រអូបសាយពេញផ្ទះ។ 4 ពេលនោះសិស្ស ម្នាក់ឈ្មោះយូដាសអ៊ីស្ការីយ៉ុត ដែលនឹងនាំគេមកចាប់ព្រះអង្គ ពោលឡើងថា៖ 5 «ម្ដេចក៏មិនយកប្រេងក្រអូប ដែលមានតម្លៃបីរយដួង ទៅលក់យកប្រាក់ចែកអោយជនក្រីក្រវិញ?»។ 6 គាត់និយាយដូច្នេះ មិនមែនមកពីគាត់យកចិត្ដទុកដាក់នឹងអ្នកក្រទេគឺមកពីគាត់ជាចោរ គាត់កាន់ថង់ប្រាក់ ហើយតែងលួចយកប្រាក់ដែលគេដាក់ក្នុងថង់នោះ។ 7 ប៉ុន្ដែ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ទុកអោយនាងធ្វើតាមបំណងចិត្ដនាងទៅ! នាងចាក់ប្រេងក្រអូបនេះសំរាប់ថ្ងៃបញ្ចុះសពខ្ញុំ។ 8 អ្នកក្រីក្រនៅជាមួយអ្នករាល់គ្នារហូត រីឯខ្ញុំវិញ ខ្ញុំមិននៅជាមួយអ្នករាល់គ្នារហូតទេ»។ 9 ជនជាតិយូដាច្រើនកុះករបានឮដំណឹងថា ព្រះអង្គគង់នៅភូមិបេតថានី គេនាំគ្នាមកមិនមែនគ្រាន់តែចង់ឃើញព្រះយេស៊ូប៉ុណ្ណោះទេ គឺចង់ឃើញលោកឡាសារដែលព្រះអង្គបានប្រោសអោយរស់ឡើងវិញនោះថែមទៀតផង។ 10 ពួកនាយកបូជាចារ្យ បានសំរេចចិត្ដសម្លាប់លោកឡាសារដែរ 11 ព្រោះតែគាត់នេះហើយ បានជាមានជនជាតិយូដាជាច្រើនបែកចេញពីពួកគេមកជឿលើព្រះយេស៊ូ។ 12 នៅថ្ងៃបន្ទាប់ មានបណ្ដាជនច្រើនកុះករមកចូលរួមធ្វើបុណ្យចម្លង ។ កាលគេឮដំណឹងថា ព្រះយេស៊ូយាងជិតដល់ក្រុងយេរូសាឡឹម 13 គេនាំគ្នាកាច់ធាងទន្សែ កាន់មកទទួលព្រះអង្គ ទាំងស្រែកថា៖ «ជយោ! សូមព្រះជាម្ចាស់ប្រទានពរដល់ ព្រះអង្គ ដែលយាងមក ក្នុងព្រះនាមព្រះអម្ចាស់ គឺព្រះមហាក្សត្ររបស់ជនជាតិអ៊ីស្រាអែល!» 14 ព្រះយេស៊ូរកបានកូនលាមួយ ហើយព្រះអង្គគង់លើខ្នងវា ស្របតាមសេចក្ដីដែលមានចែងទុកមកថា៖ 15 ប្រជាជន ក្រុងស៊ីយ៉ូនអើយ កុំភ័យខ្លាចអី! មើលហ្ន៎ ព្រះមហាក្សត្ររបស់អ្នក យាងមកដល់ហើយ ព្រះអង្គគង់លើខ្នងកូនលា»។ 16 នៅពេលនោះ ពួកសិស្ស ពុំបានយល់ហេតុការណ៍ទាំងនេះភ្លាមៗទេ។ លុះដល់ព្រះយេស៊ូបានសំដែងសិរីរុងរឿងហើយ ទើបគេនឹកឃើញថាហេតុការណ៍ទាំងនេះ មានចែងទុកអំពីព្រះអង្គ ហើយមហាជនក៏បានធ្វើកិច្ចការទាំងប៉ុន្មាន ថ្វាយព្រះអង្គស្របតាមគម្ពីរដែរ។ 17 អស់អ្នកដែលនៅជាមួយព្រះយេស៊ូកាលព្រះអង្គហៅលោកឡាសារចេញពីផ្នូរ ហើយប្រោសគាត់អោយរស់ឡើងវិញនោះនាំគ្នាផ្ដល់សក្ខីភាព អំពីកិច្ចការដែលព្រះអង្គបានធ្វើ។ 18 បណ្ដាជនមកទទួលព្រះអង្គ ដ្បិតគេបានឮថាព្រះអង្គបានធ្វើទីសំគាល់នេះ។ 19 ពួកខាងគណៈផារីស៊ីនិយាយគ្នាថា៖ «ឃើញទេ យើងមិនអាចឈ្នះបានឡើយ! មនុស្សម្នានាំគ្នាទៅតាមអ្នកនោះអស់!»។ 20 ក្នុងចំណោមអស់អ្នកដែលឡើងទៅថ្វាយបង្គំព្រះជាម្ចាស់ក្នុងឱកាសបុណ្យចម្លង មានជនជាតិក្រិកខ្លះដែរ។ 21 គេចូលទៅជិតលោកភីលីពជាអ្នកភូមិបេតសៃដាក្នុងស្រុកកាលីឡេ ហើយពោលថា៖ «លោកម្ចាស់! យើងខ្ញុំចង់ជួបលោកយេស៊ូ»។ 22 លោកភីលីពទៅប្រាប់លោកអនទ្រេ ហើយលោកអនទ្រេ និង លោកភីលីព ចូលទៅទូលព្រះយេស៊ូ។ 23 ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ឥឡូវនេះ ដល់ពេលកំណត់ដែលបុត្រមនុស្សត្រូវសំដែង សិរីរុងរឿងហើយ។ 24 ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា គ្រាប់ស្រូវធ្លាក់ដល់ដីហើយ បើមិនងាប់ទេ គ្រាប់នោះនៅតែមួយដដែល។ ផ្ទុយទៅវិញ បើគ្រាប់ស្រូវនោះងាប់វានឹងបង្កើតផលបានច្រើន។ 25 អ្នកណាស្រឡាញ់ជីវិតរបស់ខ្លួន អ្នកនោះនឹងបាត់បង់ជីវិតទៅ រីឯអ្នកដែលមិនជំពាក់ចិត្ដនឹងជីវិតរបស់ខ្លួន ក្នុងពិភពលោកនេះទេនឹងរក្សាជីវិតខ្លួនអោយនៅស្ថិតស្ថេរអស់កល្បជានិច្ច។ 26 បើអ្នកណាចង់បំរើខ្ញុំ អ្នកនោះត្រូវមកតាមខ្ញុំ ខ្ញុំនៅទីណា អ្នកបំរើរបស់ខ្ញុំក៏នឹងនៅទីនោះដែរ។ បើអ្នកណាបំរើខ្ញុំ ព្រះបិតានឹងលើកកិត្ដិយសអ្នកនោះ»។ 27 «ឥឡូវនេះ ទូលបង្គំរន្ធត់ចិត្ដណាស់ មិនដឹងជានឹងទូលថាដូចម្ដេចឡើយ។ ឱព្រះបិតាអើយ សូមសង្គ្រោះទូលបង្គំអោយរួចផុតពីទុក្ខលំបាក នៅពេលកំណត់នេះផង។ ប៉ុន្ដែ ទូលបង្គំមក ដើម្បីរងទុក្ខលំបាកក្នុងពេលកំណត់នេះហើយ។ 28 ព្រះបិតាអើយ សំដែងសិរីរុងរឿង ព្រះនាមរបស់ព្រះអង្គឡើង»។ ពេលនោះមានឮព្រះសូរសៀងពីលើមេឃមកថា៖ «យើងបានសំដែងសិរីរុងរឿងរបស់យើងហើយយើងក៏នឹងសំដែងសិរីរុងរឿងជាថ្មីទៀត»។ 29 បណ្ដាជននៅទីនោះ បានឮព្រះសូរសៀង ក៏ពោលថា«សន្ធឹកផ្គរលាន់» អ្នកខ្លះទៀត ពោលថា«មានទេវតា និយាយមកលោក»។ 30 ព្រះយេស៊ូមានព្រះបន្ទូលថា៖ «សំឡេងនេះ បន្លឺឡើងសំរាប់អ្នករាល់គ្នាមិនមែនសំរាប់ខ្ញុំទេ។ 31 ឥឡូវនេះ ដល់ពេលកាត់ទោសមនុស្សលោកហើយ ហើយចៅហ្វាយរបស់មនុស្សលោកនឹងត្រូវបណ្ដេញចេញទៅក្រៅ។ 32 រីឯខ្ញុំវិញ កាលណាគេលើកខ្ញុំឡើងពីដី ខ្ញុំនឹងទាញមនុស្សទាំងអស់មកឯខ្ញុំ»។ 33 ព្រះអង្គមានព្រះបន្ទូលដូច្នេះ ដើម្បីប្រាប់គេអំពីរបៀបដែលព្រះអង្គត្រូវសោយទិវង្គត។ 34 បណ្ដាជននាំគ្នាទូលអង្វរព្រះអង្គថា៖ «យើងបានដឹងតាមរយៈក្រឹត្យវិន័យថា ព្រះគ្រិស្ដ ត្រូវស្ថិតនៅអស់កល្បជានិច្ច ចុះម្ដេចក៏លោកមានប្រសាសន៍ថា បុត្រមនុស្សនឹងត្រូវគេលើកឡើងពីដីដូច្នេះ? 35 តើនរណាជាបុត្រមនុស្សនោះ?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ពន្លឺនៅជាមួយអ្នករាល់គ្នាតែបន្ដិច ទៀតប៉ុណ្ណោះ។ ចូរនាំគ្នាដើរ ក្នុងពេលដែលអ្នករាល់គ្នាកំពុងតែមានពន្លឺនៅឡើយ ក្រែងលោសេចក្ដីងងឹតតាមអ្នករាល់គ្នាទាន់ ដ្បិតអ្នកដើរក្នុងសេចក្ដីងងឹតពុំដឹងថាខ្លួនធ្វើដំណើរទៅទីណាទេ។ 36 ក្នុងពេលដែលអ្នករាល់គ្នានៅមានពន្លឺនៅឡើយ ចូរនាំគ្នាជឿលើពន្លឺ ដើម្បីអោយបានទៅជាបុត្រធីតានៃពន្លឺ»។ កាលព្រះយេស៊ូមានព្រះបន្ទូលដូច្នេះហើយ ទ្រង់យាងចេញទៅលាក់ខ្លួនមិនអោយបណ្ដាជនឃើញ។ 37 ទោះបីព្រះយេស៊ូធ្វើទីសំគាល់ជាច្រើនអោយគេឃើញយ៉ាងណាក៏ដោយ ក៏គេនៅតែពុំជឿលើព្រះអង្គដដែល 38 គឺស្របតាមសេចក្ដីដែលព្យាការី អេសាយបានថ្លែងទុកមកថា៖ «បពិត្រព្រះអម្ចាស់ តើនរណាជឿសេចក្ដី ដែលយើងនិយាយប្រាប់? តើព្រះអម្ចាស់បានសំដែងឫទ្ធិបារមី អោយនរណាឃើញ?»។ 39 គេពុំអាចជឿបានឡើយ ស្របតាមសេចក្ដីដែលព្យាការីអេសាយបានថ្លែងទៀតថា៖ 40 «ព្រះអង្គបានធ្វើអោយភ្នែកគេខ្វាក់ អោយចិត្ដគេរឹង មិនអោយភ្នែកគេមើលឃើញ មិនអោយប្រាជ្ញាគេយល់ ហើយមិនអោយគេងាកមករកយើង ក្រែងលោយើងប្រោសគេអោយបានជា»។ 41 ព្យាការីអេសាយពោលពាក្យទាំងនេះ មកពីលោកបានឃើញសិរីរុងរឿងរបស់ព្រះយេស៊ូ ហើយលោកក៏ថ្លែងទុកអំពីព្រះអង្គ។ 42 ក្នុងចំណោមអ្នកដឹកនាំ មានគ្នាច្រើននាក់ជឿលើព្រះអង្គដែរ ប៉ុន្ដែ អ្នកទាំងនោះពុំហ៊ានប្រកាសជំនឿរបស់ខ្លួនឡើយ ព្រោះខ្លាចពួកខាងគណៈផារីស៊ី និង ខ្លាចគេដេញចេញពីសាលាប្រជុំ 43 ដ្បិតពួកគេចូលចិត្ដទទួលសិរីរុងរឿងពីមនុស្សជាជាងទទួលសិរីរុងរឿងពីព្រះជាម្ចាស់។ 44 ព្រះយេស៊ូបន្លឺព្រះសូរសៀងខ្លាំងៗថា៖ «អ្នកណាជឿលើខ្ញុំ មិនត្រឹមតែជឿលើខ្ញុំប៉ុណ្ណោះទេ គឺជឿលើព្រះអង្គដែលបានចាត់ខ្ញុំអោយមកនោះដែរ។ 45 អ្នកណាឃើញខ្ញុំអ្នកនោះក៏ឃើញព្រះអង្គដែលបានចាត់ខ្ញុំអោយមកដែរ។ 46 ខ្ញុំជាពន្លឺ ខ្ញុំមកក្នុងពិភពលោកនេះ ដើម្បីកុំអោយអស់អ្នកដែលជឿលើខ្ញុំ ស្ថិតនៅក្នុងសេចក្ដីងងឹត។ 47 បើអ្នកណាឮពាក្យខ្ញុំហើយ តែមិនប្រតិបត្ដិតាម មិនមែនខ្ញុំទេដែលកាត់ទោសអ្នកនោះដ្បិតខ្ញុំមក មិនមែនដើម្បីកាត់ទោសមនុស្សលោកទេ គឺខ្ញុំមកសង្គ្រោះមនុស្សលោកវិញ។ 48 អ្នកណាផាត់ខ្ញុំចោល ហើយមិនទទួលពាក្យខ្ញុំ អ្នកនោះមានចៅក្រមកាត់ទោសរួចស្រេចទៅហើយ គឺពាក្យដែលខ្ញុំបាននិយាយនឹងកាត់ទោសគេ នៅថ្ងៃចុងក្រោយបង្អស់។ 49 ពាក្យដែលខ្ញុំបាននិយាយនេះ មិនមែនចេញមកពីខ្ញុំទេ គឺព្រះបិតាដែលបានចាត់ខ្ញុំអោយមក ទ្រង់បង្គាប់ខ្ញុំនូវសេចក្ដីដែលខ្ញុំត្រូវនិយាយ និង ថ្លែង។ 50 ខ្ញុំដឹងថាបទបញ្ជារបស់ព្រះអង្គផ្ដល់ជីវិតអស់កល្បជានិច្ច។ សេចក្ដីណាដែលខ្ញុំនិយាយ ខ្ញុំនិយាយដូចព្រះបិតាមានព្រះបន្ទូលមកខ្ញុំដែរ»។

យ៉ូហាន 13

1 នៅមុនថ្ងៃបុណ្យចម្លង ព្រះយេស៊ូជ្រាបថា ដល់ពេលកំណត់ដែលព្រះអង្គត្រូវឆ្លងពីលោកនេះ ឆ្ពោះទៅព្រះបិតាហើយ។ ដោយព្រះអង្គស្រឡាញ់សិស្សរបស់ព្រះអង្គដែលរស់នៅក្នុងលោកនេះ ទ្រង់ក៏ស្រឡាញ់គេរហូតដល់ទីបំផុត។ 2 ពេលនោះ ព្រះយេស៊ូ និង ពួកសិស្សកំពុងបរិភោគអាហារ មារសាតាំង បានធ្វើអោយយូដាសអ៊ីស្ការីយ៉ុតជាកូនលោកស៊ីម៉ូន មានគំនិតនាំគេមកចាប់ព្រះអង្គ។ 3 ព្រះយេស៊ូជ្រាបថា ព្រះបិតាបានប្រគល់អ្វីៗទាំងអស់មកក្រោមអំណាចព្រះអង្គ ហើយជ្រាបថា ព្រះអង្គយាងមកពីព្រះជាម្ចាស់ និង យាងទៅឯព្រះជាម្ចាស់វិញ។ 4 ព្រះអង្គក្រោកឡើង ដោះព្រះពស្ដ្រចេញ យកក្រមាមកក្រវាត់ចង្កេះ។ 5 បន្ទាប់មក ព្រះអង្គចាក់ទឹកក្នុងផើងមួយ រួចចាប់ផ្ដើមលាងជើងពួកសិស្ស ព្រមទាំងយកក្រមាពីចង្កេះមកជូតផង។ 6 ពេលព្រះអង្គហៀបនឹងលាងជើងអោយលោកស៊ីម៉ូនពេត្រុស លោកទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ មិនសមនឹងព្រះអង្គលាងជើងអោយទូលបង្គំសោះ!»។ 7 ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ពេលនេះ អ្នកមិនទាន់ដឹងថា ខ្ញុំកំពុងធ្វើអ្វីឡើយ ថ្ងៃក្រោយអ្នកមុខ តែយល់ជាមិនខាន»។ 8 លោកពេត្រុសទូលព្រះអង្គថា៖ «ទេ ព្រះអង្គមិនត្រូវលាងជើងទូលបង្គំជាដាច់ខាត!»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ប្រសិនបើខ្ញុំមិនលាងជើងអ្នកទេ នោះអ្នកមិនអាចរួមជាមួយខ្ញុំតទៅទៀតបានឡើយ»។ 9 លោកស៊ីម៉ូនក៏ទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ បើដូច្នេះសូមកុំលាងតែជើងប៉ុណ្ណោះ សូមលាងទាំងដៃ ទាំងក្បាលផង»។ 10 ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «អ្នកដែលបានងូតទឹករួច មិនបាច់លាងខ្លួនទេ គឺលាងតែជើង ដ្បិតខ្លួនគេស្អាតបរិសុទ្ធ ទាំងមូលហើយ។ អ្នករាល់គ្នាបានស្អាតបរិសុទ្ធ តែមិនមែនគ្រប់គ្នាទេ»។ 11 ព្រះអង្គមានព្រះបន្ទូលថា "អ្នករាល់គ្នាមិនមែនបរិសុទ្ធគ្រប់គ្នា"ដូច្នេះ មកពីព្រះអង្គជ្រាបអំពីអ្នកដែលហៀបនឹងនាំគេមកចាប់ព្រះអង្គ។ 12 កាលព្រះយេស៊ូលាងជើងអោយគេរួចហើយ ព្រះអង្គស្លៀកពាក់ឡើងវិញ យាងមកតុ ទាំងមានព្រះបន្ទូលសួរទៅគេថា៖ «តើអ្នករាល់គ្នាយល់អំពីកិច្ចការដែលខ្ញុំបានធ្វើ ចំពោះអ្នករាល់គ្នានេះឬទេ? 13 អ្នករាល់គ្នាហៅខ្ញុំថា ព្រះគ្រូ និង ព្រះអម្ចាស់ នោះត្រូវមែនគឺខ្ញុំហ្នឹងហើយ!។ 14 បើខ្ញុំជាព្រះអម្ចាស់ និង ជាព្រះគ្រូបានលាងជើងអោយអ្នករាល់គ្នាទៅហើយ អ្នករាល់គ្នាក៏ត្រូវតែលាងជើងអោយគ្នាទៅវិញទៅមកដែរ។ 15 ខ្ញុំបានធ្វើជាគំរូអោយអ្នករាល់គ្នាប្រព្រឹត្ដ ដូចខ្ញុំបានប្រព្រឹត្ដដល់អ្នករាល់គ្នា។ 16 ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា អ្នកបំរើមិនដែលធំជាងម្ចាស់ឡើយ រីឯអ្នកដែលគេចាត់អោយទៅក៏មិនដែលធំជាងអ្នកចាត់ខ្លួនអោយទៅនោះដែរ។ 17 ប្រសិនបើអ្នករាល់គ្នាដឹងសេចក្ដីនេះ ហើយប្រតិបត្ដិតាម អ្នករាល់គ្នាមុខជាមានសុភមង្គលមិនខាន។ 18 ខ្ញុំនិយាយដូច្នេះ មិនមែនសំដៅលើអ្នកទាំងអស់គ្នាទេ ដ្បិតខ្ញុំស្គាល់អស់អ្នកដែលខ្ញុំបានជ្រើសរើស តែខ្ញុំនិយាយនេះ ដើម្បីអោយបានស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរថាៈ "អ្នកបរិភោគអាហារជាមួយខ្ញុំ បានប្រឆាំងនឹងខ្ញុំ"។ 19 ខ្ញុំនិយាយប្រាប់អ្នករាល់គ្នា ពីឥឡូវនេះ អោយហើយមុនការណ៍ទាំងនោះកើតមាន។ កាលណាការណ៍ទាំងនោះមកដល់អ្នករាល់គ្នានឹងជឿថា ខ្ញុំពិតជាព្រះជាម្ចាស់មែន។ 20 ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាទទួលអ្នកដែលខ្ញុំនឹងចាត់អោយទៅ ក៏ដូចជាទទួលខ្ញុំ ហើយអ្នកណាទទួលខ្ញុំ ក៏ដូចជាទទួលព្រះអង្គដែលបានចាត់ខ្ញុំអោយមកនោះដែរ»។ 21 កាល ព្រះយេស៊ូមានព្រះបន្ទូលដូច្នេះ ហើយ ព្រះអង្គរន្ធត់ព្រះហឫទ័យក្រៃលែង ទ្រង់មានព្រះបន្ទូលបញ្ជាក់ទៀតថា៖ «ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា ក្នុងចំណោមអ្នករាល់គ្នា មានម្នាក់នឹងនាំគេមកចាប់ខ្ញុំ»។ 22 ពួកសិស្ស ងាកមើលមុខគ្នាទៅវិញទៅមក មិនដឹងថាព្រះអង្គមានព្រះបន្ទូលពីនរណា។ 23 សិស្សម្នាក់ដែលព្រះយេស៊ូស្រឡាញ់អង្គុយក្បែរព្រះអង្គ។ 24 លោកស៊ីម៉ូនពេត្រុសធ្វើសញ្ញាអោយគាត់សួរព្រះយេស៊ូថា ព្រះអង្គមានព្រះបន្ទូលពីនរណា។ 25 សិស្សនោះក៏អោនទៅជិតព្រះឱរាព្រះយេស៊ូទូលសួរថា៖ «បពិត្រព្រះអម្ចាស់ តើនរណាមួយ?»។ 26 ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់ថា៖ «ខ្ញុំជ្រលក់នំបុ័ងមួយដុំហុចទៅអោយអ្នកណា គឺអ្នកនោះហើយ»។ ព្រះអង្គជ្រលក់នំបុ័ងមួយដុំហុចទៅអោយយូដាសអ៊ីស្ការីយ៉ុតជាកូនរបស់លោកស៊ីម៉ូន។ 27 ពេលយូដាសទទួលដុំនំបុ័ងនោះ មារសាតាំង ក៏ចូលក្នុងចិត្ដគាត់។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖«កិច្ចការដែលអ្នកត្រូវធ្វើ ចូរធ្វើអោយឆាប់ៗទៅ!»។ 28 ក្នុងបណ្ដាអស់អ្នកដែលនៅរួមតុ គ្មាននរណាម្នាក់យល់ថា ហេតុអ្វីបានជាព្រះអង្គមានព្រះបន្ទូលដូច្នេះឡើយ។ 29 ដោយយូដាសកាន់ថង់ប្រាក់ អ្នកខ្លះនឹកស្មានថា ព្រះយេស៊ូប្រើគាត់អោយទៅទិញរបស់របរសំរាប់ពិធីបុណ្យ ឬ អោយយកប្រាក់ទៅចែកដល់ជនក្រីក្រ។ 30 យូដាសទទួលយកដុំនំបុ័ង រួចចេញទៅភ្លាម ពេលនោះ យប់ងងឹតហើយ។ 31 លុះយូដាសចេញផុតទៅ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ឥឡូវនេះ បុត្រមនុស្សបានសំដែងសិរីរុងរឿងហើយ ហើយព្រះជាម្ចាស់ក៏បានសំដែងសិរីរុងរឿងក្នុងបុត្រមនុស្សដែរ។ 32 បើព្រះជាម្ចាស់បានសំដែងសិរីរុងរឿងក្នុងបុត្រមនុស្ស ព្រះអង្គក៏នឹងសំដែងសិរីរុងរឿងរបស់បុត្រមនុស្ស ក្នុងព្រះអង្គផ្ទាល់ដែរ! ហើយព្រះអង្គនឹងសំដែងសិរីរុងរឿងរបស់បុត្រមនុស្សក្នុងពេលឆាប់ៗខាងមុខនេះ។ 33 ម្នាលកូនចៅអើយ ខ្ញុំនៅជាមួយអ្នករាល់គ្នាតែមួយរយៈពេលដ៏ខ្លីទៀត។ អ្នករាល់គ្នានឹងតាមរកខ្ញុំ ប៉ុន្ដែឥឡូវនេះ ខ្ញុំសុំប្រាប់អ្នករាល់គ្នាដូចខ្ញុំបានប្រាប់ជនជាតិយូដាមកហើយដែរថា អ្នករាល់គ្នាពុំអាចទៅកន្លែងដែលខ្ញុំទៅនោះបានឡើយ។ 34 ខ្ញុំអោយបទបញ្ជាថ្មីដល់អ្នករាល់គ្នា គឺត្រូវស្រឡាញ់គ្នាទៅវិញទៅមក។ អ្នករាល់គ្នាត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ។ 35 បើអ្នកស្រឡាញ់គ្នាទៅវិញទៅមកមនុស្សទាំងអស់មុខជាដឹងថា អ្នករាល់គ្នាពិតជាសិស្ស របស់ខ្ញុំមែន»។ 36 លោកស៊ីម៉ូនពេត្រុស ទូលសួរព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់ តើព្រះអង្គយាងទៅណា?»។ ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖ «កន្លែងដែលខ្ញុំទៅ អ្នកមិនអាចទៅតាមខ្ញុំនៅពេលនេះបានទេ ថ្ងៃក្រោយទើបអ្នកទៅបាន»។ 37 លោកពេត្រុសទូលព្រះអង្គទៀតថា៖ «បពិត្រព្រះអម្ចាស់ ហេតុដូចម្ដេចបានជាទូលបង្គំមិនអាចទៅតាមព្រះអង្គឥឡូវនេះ? ទូលបង្គំសុខចិត្ដស៊ូប្ដូរជីវិតសំរាប់ព្រះអង្គ»។ 38 ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «អ្នកសុខចិត្ដស៊ូប្ដូរជីវិតសំរាប់ខ្ញុំមែន! តែខ្ញុំសុំប្រាប់អោយអ្នកដឹងច្បាស់ថា មុនមាន់រងាវ អ្នកនឹងបដិសេធបីដងថាមិនស្គាល់ខ្ញុំ»។

យ៉ូហាន 14

1 «កុំរន្ធត់ចិត្ដធ្វើអ្វី អ្នករាល់គ្នាជឿលើព្រះជាម្ចាស់ហើយ សុំជឿលើខ្ញុំផង។ 2 ក្នុងដំណាក់របស់ព្រះបិតាខ្ញុំ មានលំនៅជាច្រើន។ បើពុំដូច្នោះទេ ខ្ញុំមិនបានប្រាប់អ្នករាល់គ្នាថា ខ្ញុំទៅរៀបចំកន្លែងទុកអោយអ្នករាល់គ្នាឡើយ។ 3 ពេលខ្ញុំទៅរៀបចំកន្លែងទុកអោយអ្នករាល់គ្នារួចហើយខ្ញុំនឹងត្រឡប់មកវិញ យកអ្នករាល់គ្នាទៅជាមួយខ្ញុំ ដើម្បីអោយអ្នករាល់គ្នាបាននៅកន្លែងដែលខ្ញុំនៅ។ 4 ឯកន្លែងដែលខ្ញុំទៅនោះ អ្នករាល់គ្នាក៏ស្គាល់ផ្លូវទៅដែរ»។ 5 លោកថូម៉ាសទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់ ធ្វើដូចម្ដេចអោយយើងខ្ញុំអាចស្គាល់ផ្លូវទៅបាន បើយើងខ្ញុំមិនដឹងថាព្រះអង្គយាងទៅទីណាផងនោះ»។ 6 ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំហ្នឹងហើយជាផ្លូវ ជាសេចក្ដីពិត និង ជាជីវិត។ គ្មាននរណាម្នាក់អាចទៅកាន់ព្រះបិតាបានឡើយ លើកលែងតែទៅតាមរយៈខ្ញុំ។ 7 បើអ្នករាល់គ្នាស្គាល់ខ្ញុំ អ្នករាល់គ្នាក៏ស្គាល់ព្រះបិតារបស់ខ្ញុំដែរ។ ឥឡូវនេះ អ្នករាល់គ្នាស្គាល់ព្រះអង្គហើយ ព្រមទាំងបានឃើញព្រះអង្គថែមទៀតផង»។ 8 លោកភីលីពទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! សូមបង្ហាញព្រះបិតាអោយយើងខ្ញុំឃើញផង នោះយើងខ្ញុំអស់ចិត្ដហើយ»។ 9 ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ភីលីពអើយ ខ្ញុំនៅជាមួយអ្នករាល់គ្នាតាំងពីយូរមកហើយ ម្ដេចអ្នកនៅតែមិនស្គាល់ខ្ញុំ!។ អ្នកណាបានឃើញខ្ញុំ ក៏បានឃើញព្រះបិតាដែរ។ ហេតុដូចម្ដេចបានជាអ្នកថាសូមបង្ហាញព្រះបិតាអោយ យើងខ្ញុំឃើញផងដូច្នេះ? 10 តើអ្នកមិនជឿថា ខ្ញុំនៅក្នុងព្រះបិតា ហើយព្រះបិតាគង់នៅក្នុងខ្ញុំទេឬ? សេចក្ដីដែលខ្ញុំនិយាយប្រាប់អ្នករាល់គ្នា មិនមែនចេញមកពីខ្ញុំផ្ទាល់ទេ គឺព្រះបិតាដែលស្ថិតនៅជាប់នឹងខ្ញុំ ទ្រង់បំពេញកិច្ចការរបស់ព្រះអង្គ។ 11 ពេលខ្ញុំនិយាយថា ខ្ញុំនៅក្នុងព្រះបិតាហើយព្រះបិតានៅក្នុងខ្ញុំ ចូរជឿខ្ញុំចុះ បើមិនជឿសេចក្ដីដែលខ្ញុំនិយាយនេះទេ ចូរជឿដោយឃើញកិច្ចការទាំងនោះទៅ។ 12 ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាជឿលើខ្ញុំ អ្នកនោះនឹងធ្វើកិច្ចការដែលខ្ញុំធ្វើដែរ ហើយនឹងធ្វើកិច្ចការធំជាងនេះទៅទៀត ពីព្រោះខ្ញុំទៅឯព្រះបិតា។ 13 អ្វីៗដែលអ្នករាល់គ្នាទូលសូមក្នុងនាមខ្ញុំ ខ្ញុំនឹងធ្វើកិច្ចការនោះជាមិនខាន ដើម្បីអោយព្រះបិតាសំដែងសិរីរុងរឿងក្នុងព្រះបុត្រា។ 14 បើអ្នករាល់គ្នាសូមអ្វីក្នុងនាមខ្ញុំ ខ្ញុំនឹងធ្វើកិច្ចការនោះ»។ 15 «ប្រសិនបើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ អ្នករាល់គ្នាពិតជាកាន់តាមបទបញ្ជារបស់ខ្ញុំ 16 ខ្ញុំនឹងទូលអង្វរព្រះបិតា ហើយទ្រង់ប្រទានព្រះដ៏ជួយការពារ មួយអង្គទៀត អោយគង់នៅជាមួយអ្នករាល់គ្នាជាដរាបតរៀងទៅ 17 ព្រះអង្គជាព្រះវិញ្ញាណដែលសំដែងសេចក្ដីពិត។ មនុស្សលោកពុំអាចទទួលព្រះអង្គបានទេ ព្រោះគេមើលព្រះអង្គមិនឃើញ ហើយក៏មិនស្គាល់ព្រះអង្គផង។ រីឯអ្នករាល់គ្នាវិញអ្នករាល់គ្នាស្គាល់ព្រះអង្គព្រោះព្រះអង្គស្ថិតនៅជាប់នឹងអ្នករាល់គ្នា ហើយព្រះអង្គនឹងគង់ក្នុងអ្នករាល់គ្នា។ 18 ខ្ញុំមិនចោលអ្នករាល់គ្នាអោយនៅកំព្រាឡើយ ខ្ញុំនឹងមករកអ្នករាល់គ្នាវិញ។ 19 បន្ដិចទៀត មនុស្សលោកនឹងលែងឃើញខ្ញុំទៀតហើយ។ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នានឹងឃើញខ្ញុំព្រោះខ្ញុំមានជីវិតរស់ ហើយអ្នករាល់គ្នាក៏នឹងមានជីវិតរស់ដែរ។ 20 នៅថ្ងៃនោះ អ្នករាល់គ្នានឹងដឹងថា ខ្ញុំនៅក្នុងព្រះបិតារបស់ខ្ញុំ ហើយអ្នករាល់គ្នានៅក្នុងខ្ញុំ ខ្ញុំក៏នៅក្នុងអ្នករាល់គ្នាដែរ។ 21 អ្នកណាមានបទបញ្ជារបស់ខ្ញុំ និង ប្រតិបត្ដិតាម គឺអ្នកនោះហើយដែលស្រឡាញ់ខ្ញុំ។ ព្រះបិតារបស់ខ្ញុំស្រឡាញ់អ្នកដែលស្រឡាញ់ខ្ញុំ ហើយខ្ញុំក៏ស្រឡាញ់អ្នកនោះដែរ ខ្ញុំនឹងបង្ហាញអោយអ្នកនោះស្គាល់ខ្ញុំថែមទៀតផង»។ 22 លោកយូដាស (មិនមែនយូដាសអ៊ីស្ការីយ៉ុតទេ) ទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់ ហេតុដូចម្ដេចបានជាព្រះអង្គបង្ហាញអោយតែយើងខ្ញុំស្គាល់ព្រះអង្គ មិនអោយមនុស្សលោកស្គាល់ផងដូច្នេះ?»។ 23 ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «អ្នកណាស្រឡាញ់ខ្ញុំអ្នកនោះនឹងប្រតិបត្ដិតាមពាក្យខ្ញុំ។ ព្រះបិតាខ្ញុំនឹងស្រឡាញ់អ្នកនោះ ហើយព្រះបិតា និង ខ្ញុំក៏នឹងមកតាំងលំនៅ នៅក្នុងអ្នកនោះដែរ។ 24 អ្នកណាមិនស្រឡាញ់ខ្ញុំ អ្នកនោះមិនប្រតិបត្ដិតាមពាក្យខ្ញុំឡើយ។ ពាក្យដែលអ្នករាល់គ្នាឮខ្ញុំនិយាយ មិនមែនជាពាក្យរបស់ខ្ញុំទេ គឺជាព្រះបន្ទូលរបស់ព្រះបិតាដែលបានចាត់ខ្ញុំអោយមក។ 25 ខ្ញុំបានប្រាប់សេចក្ដីទាំងនេះអោយអ្នករាល់គ្នាដឹងក្នុងពេលដែលខ្ញុំស្ថិតនៅជាមួយអ្នករាល់គ្នានៅឡើយ 26 ប៉ុន្ដែ ព្រះដ៏ជួយការពារ គឺព្រះវិញ្ញាណដ៏វិសុទ្ធ ដែលព្រះបិតាចាត់អោយមកក្នុងនាមខ្ញុំនឹងបង្រៀនសេចក្ដីទាំងអស់ដល់អ្នករាល់គ្នា ព្រមទាំងរំលឹកអ្វីៗដែលខ្ញុំបានប្រាប់អ្នករាល់គ្នាផង។ 27 ខ្ញុំទុកសេចក្ដីសុខសាន្ដអោយអ្នករាល់គ្នា ខ្ញុំផ្ដល់សេចក្ដីសុខសាន្ដរបស់ខ្ញុំអោយអ្នករាល់គ្នា។ សេចក្ដីសុខសាន្ដដែលខ្ញុំផ្ដល់អោយនេះ មិនដូចសេចក្ដីសុខសាន្ដដែលមនុស្សលោកអោយទេ។ ចូរកុំរន្ធត់ចិត្ដ កុំភ័យខ្លាចអោយសោះ។ 28 អ្នករាល់គ្នាបានឮខ្ញុំនិយាយរួចមកហើយថា ខ្ញុំនឹងចាកចេញទៅ រួចខ្ញុំមករកអ្នករាល់គ្នាវិញ។ ប្រសិនបើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ អ្នករាល់គ្នាមុខតែសប្បាយចិត្ដដោយខ្ញុំទៅឯព្រះបិតា ដ្បិតព្រះបិតាមានឋានៈធំជាងខ្ញុំ។ 29 ខ្ញុំប្រាប់អោយអ្នករាល់គ្នាដឹងឥឡូវនេះ មុនហេតុការណ៍ទាំងនោះកើតឡើង។ លុះដល់ហេតុការណ៍ទាំងនោះកើតឡើង អ្នករាល់គ្នានឹងជឿ។ 30 ខ្ញុំនិយាយជាមួយអ្នករាល់គ្នាមិនបានច្រើនទៀតទេ ព្រោះចៅហ្វាយរបស់លោកីយ៍កំពុងតែមកវាគ្មានអំណាចអ្វីលើខ្ញុំសោះ។ 31 វាមកដូច្នេះ ជាឱកាសអោយមនុស្សលោកដឹងថា ខ្ញុំស្រឡាញ់ព្រះបិតាហើយខ្ញុំសុខចិត្ដធ្វើតាមបង្គាប់របស់ព្រះអង្គ។ ចូរក្រោកឡើង យើងនាំគ្នាចេញពីទីនេះ»។

យ៉ូហាន 15

1 «ខ្ញុំហ្នឹងហើយជាដើមទំពាំងបាយជូរដ៏ពិតប្រាកដ រីឯព្រះបិតាខ្ញុំ ជាម្ចាស់ចំការ។ 2 មែកណានៅជាប់នឹងខ្ញុំ តែឥតមានផ្លែព្រះបិតាកាត់មែកនោះចោល។ រីឯមែកណាមានផ្លែព្រះអង្គលួសមែកនោះ ដើម្បីអោយមានផ្លែកាន់តែច្រើនឡើងទៀត។ 3 ពាក្យដែលខ្ញុំបានប្រាប់ ធ្វើអោយអ្នករាល់គ្នាបរិសុទ្ធរួចទៅហើយ។ 4 ចូរស្ថិតនៅជាប់នឹងខ្ញុំ ដូចខ្ញុំស្ថិតនៅជាប់នឹងអ្នករាល់គ្នាដែរ។ ប្រសិនបើមែកមិនស្ថិតនៅជាប់នឹងដើមទេ វាពុំអាចបង្កើតផលដោយឯកឯងបានឡើយ។ រីឯអ្នករាល់គ្នាក៏ដូច្នោះដែរ បើមិនស្ថិតនៅជាប់នឹងខ្ញុំទេ អ្នករាល់គ្នាពុំអាចបង្កើតផលបានទាល់តែសោះ។ 5 ខ្ញុំនេះហើយជាដើមទំពាំងបាយជូរ អ្នករាល់គ្នាជាមែក អ្នកណាស្ថិតនៅជាប់នឹងខ្ញុំ ហើយខ្ញុំនៅជាប់នឹងអ្នកនោះ ទើបអ្នកនោះបង្កើតផលបានច្រើន។ បើដាច់ពីខ្ញុំ អ្នករាល់គ្នាពុំអាចធ្វើអ្វីកើតឡើយ។ 6 អ្នកណាមិនស្ថិតនៅជាប់នឹងខ្ញុំ អ្នកនោះប្រៀបដូចជាមែកដែលគេបោះចោលទៅខាងក្រៅ ហើយស្វិតក្រៀម។ បន្ទាប់មក គេរើសមែកទាំងនោះបោះទៅក្នុងភ្លើងឆេះអស់ទៅ។ 7 បើអ្នករាល់គ្នាស្ថិតនៅជាប់នឹងខ្ញុំ ហើយបើពាក្យខ្ញុំស្ថិតនៅជាប់នឹងអ្នករាល់គ្នាចូរទូលសុំអ្វីៗតាមតែអ្នករាល់គ្នា ប្រាថ្នាចង់បានចុះ នោះអ្នករាល់គ្នាមុខតែបានទទួលជាមិនខាន។ 8 ព្រះបិតារបស់ខ្ញុំសំដែងសិរីរុងរឿង ដោយអ្នករាល់គ្នាបង្កើតផលផ្លែបានច្រើន និង ដោយអ្នករាល់គ្នាជាសិស្សរបស់ខ្ញុំមែន។ 9 ខ្ញុំបានស្រឡាញ់អ្នករាល់គ្នា ដូចព្រះបិតាស្រឡាញ់ខ្ញុំដែរ។ ចូរទុកសេចក្ដីស្រឡាញ់របស់ខ្ញុំអោយស្ថិតនៅជាប់នឹងអ្នករាល់គ្នាចុះ។ 10 បើអ្នករាល់គ្នាប្រតិបត្ដិតាមបទបញ្ជាទាំងប៉ុន្មានរបស់ខ្ញុំ អ្នករាល់គ្នាពិតជាទុកសេចក្ដីស្រឡាញ់របស់ខ្ញុំ អោយស្ថិតនៅជាប់នឹងអ្នករាល់គ្នាមែន ដូចខ្ញុំប្រតិបត្ដិតាមបទបញ្ជាទាំងប៉ុន្មានរបស់ព្រះបិតា ហើយទុកអោយសេចក្ដីស្រឡាញ់របស់ព្រះអង្គស្ថិតនៅជាប់នឹងខ្ញុំដែរ។ 11 ខ្ញុំបាននិយាយសេចក្ដីទាំងនេះប្រាប់អ្នករាល់គ្នា ដើម្បីអោយអំណររបស់ខ្ញុំស្ថិតនៅក្នុងអ្នករាល់គ្នា ហើយដើម្បីអោយអ្នករាល់គ្នាមានអំណរពេញលក្ខណៈ។ 12 នេះជាបទបញ្ជារបស់ខ្ញុំ ចូរអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ។ 13 គ្មាននរណាមានសេចក្ដីស្រឡាញ់ខ្លាំងជាងអ្នកដែលស៊ូប្ដូរជីវិត ដើម្បីមិត្ដសំឡាញ់របស់ខ្លួននោះឡើយ។ 14 បើអ្នករាល់គ្នាប្រព្រឹត្ដតាមសេចក្ដីដែលខ្ញុំបានបង្គាប់មក អ្នករាល់គ្នាពិតជាមិត្ដសំឡាញ់របស់ខ្ញុំមែន។ 15 ខ្ញុំមិនចាត់ទុកអ្នករាល់គ្នាជាអ្នកបំរើទៀតទេ ព្រោះអ្នកបំរើមិនយល់កិច្ចការដែលម្ចាស់របស់ខ្លួនប្រព្រឹត្ដនោះឡើយ។ ខ្ញុំចាត់ទុកអ្នករាល់គ្នាជាមិត្ដសំឡាញ់ ដ្បិតអ្វីៗដែលខ្ញុំបានឮពីព្រះបិតាមក ខ្ញុំក៏បានប្រាប់អោយអ្នករាល់គ្នាដឹងហើយដែរ។ 16 មិនមែនអ្នករាល់គ្នាទេដែលបានជ្រើសរើសខ្ញុំ គឺខ្ញុំទេតើដែលបានជ្រើសរើសអ្នករាល់គ្នា ហើយបានតែងតាំងអ្នករាល់គ្នាអោយទៅ និង បង្កើតផល ព្រមទាំងអោយផលរបស់អ្នករាល់គ្នានៅស្ថិតស្ថេរ។ ដូច្នេះអ្វីៗដែលអ្នករាល់គ្នាទូលសូមពីព្រះបិតាក្នុងនាមខ្ញុំ ព្រះអង្គនឹងប្រទានអោយអ្នករាល់គ្នាពុំខាន។ 17 រីឯសេចក្ដីដែលខ្ញុំបង្គាប់អ្នករាល់គ្នានោះគឺត្រូវស្រឡាញ់គ្នាទៅវិញទៅមក»។ 18 «ប្រសិនបើមនុស្សលោកស្អប់អ្នករាល់គ្នា ចូរដឹងថា គេបានស្អប់ខ្ញុំមុនស្អប់អ្នករាល់គ្នាទៅទៀត។ 19 ប្រសិនបើអ្នករាល់គ្នាកើតមកពីលោកីយ៍ នោះលោកីយ៍មុខជាស្រឡាញ់អ្នករាល់គ្នា ព្រោះអ្នករាល់គ្នានៅខាងគេ។ ប៉ុន្ដែ ខ្ញុំបានយកអ្នករាល់គ្នាចេញពីចំណោមលោកីយ៍មក ហើយអ្នករាល់គ្នាមិនកើតពីលោកីយ៍ទេ ហេតុនេះហើយបានជាលោកីយ៍ស្អប់អ្នករាល់គ្នា។ 20 ចូរនឹកចាំពាក្យដែលខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នាថា "អ្នកបំរើមិនធំជាងម្ចាស់ឡើយ"។ ប្រសិនបើគេបៀតបៀនខ្ញុំ គេមុខជាបៀតបៀនអ្នករាល់គ្នា ប្រសិនបើគេប្រតិបត្ដិតាមពាក្យខ្ញុំ គេមុខជាប្រតិបត្ដិតាមពាក្យរបស់អ្នករាល់គ្នាដែរ។ 21 ប៉ុន្ដែ គេប្រព្រឹត្ដអំពើទាំងនោះចំពោះអ្នករាល់គ្នា ព្រោះតែនាមខ្ញុំ ហើយគេពុំបានស្គាល់ព្រះអង្គដែលបានចាត់ខ្ញុំអោយមកទេ។ 22 ប្រសិនបើខ្ញុំមិនបានមកក្នុងលោកនេះ ហើយមិនបាននិយាយប្រាប់គេទេ គេគ្មានជាប់បាបអ្វីសោះ។ ប៉ុន្ដែ ឥឡូវនេះគេគ្មានអ្វីដោះសារអំពីបាបរបស់ខ្លួនឡើយ។ 23 អ្នកណាស្អប់ខ្ញុំ អ្នកនោះក៏ស្អប់ព្រះបិតារបស់ខ្ញុំដែរ។ 24 ប្រសិនបើខ្ញុំមិនបានធ្វើកិច្ចការ ក្នុងចំណោមពួកគេជាកិច្ចការដែលគ្មាននរណាម្នាក់បានធ្វើទេនោះ គេមុខជាមិនជាប់បាបអ្វីឡើយ តែឥឡូវនេះគេបានឃើញ ហើយស្អប់ទាំងខ្ញុំស្អប់ទាំងព្រះបិតាខ្ញុំទៀតផង 25 គឺស្របតាមសេចក្ដីដែលមានចែងទុកក្នុងវិន័យ របស់គេថា "គេបានស្អប់ខ្ញុំដោយគ្មានមូលហេតុអ្វីឡើយ"។ 26 រីឯព្រះដ៏ជួយការពារ ដែលខ្ញុំនឹងចាត់ពីព្រះបិតាអោយមករកអ្នករាល់គ្នា គឺជាព្រះវិញ្ញាណដែលសំដែងសេចក្ដីពិត ព្រះអង្គចេញពីព្រះបិតាមក។ កាលណាព្រះអង្គយាងមកដល់ ទ្រង់នឹងធ្វើជាបន្ទាល់អំពីខ្ញុំ 27 ហើយអ្នករាល់គ្នាក៏ធ្វើជាបន្ទាល់អំពីខ្ញុំដែរ ពីព្រោះអ្នករាល់គ្នានៅជាមួយខ្ញុំ តាំងពីដើមរៀងមក។

យ៉ូហាន 16

1 ខ្ញុំនិយាយសេចក្ដីទាំងនេះ ប្រាប់អ្នករាល់គ្នា ដើម្បីកុំអោយអ្នករាល់គ្នារវាតចិត្ដងាកចេញពីជំនឿ។ 2 គេនឹងបណ្ដេញអ្នករាល់គ្នាចេញពីសាលាប្រជុំ ហើយនៅថ្ងៃក្រោយ អស់អ្នកដែលសម្លាប់អ្នករាល់គ្នានឹកស្មានថាខ្លួនគោរពបំរើព្រះជាម្ចាស់។ 3 គេធ្វើដូច្នេះ មកពីគេមិនបានស្គាល់ព្រះបិតា ហើយក៏មិនស្គាល់ខ្ញុំផង។ 4 ខ្ញុំនិយាយសេចក្ដីនេះប្រាប់អ្នករាល់គ្នា លុះដល់ពេលកំណត់ អ្នករាល់គ្នានឹងនឹកឃើញថា ខ្ញុំបានប្រាប់អ្នករាល់ គ្នារួចស្រេចហើយ។ កាលពីមុន ខ្ញុំមិនបាននិយាយប្រាប់អ្នករាល់គ្នាទេ ពីព្រោះកាលណោះខ្ញុំនៅជាមួយអ្នករាល់ គ្នានៅឡើយ»។ 5 «ឥឡូវនេះ ខ្ញុំទៅឯព្រះអង្គដែលបានចាត់ខ្ញុំអោយមក ហើយក្នុងចំណោមអ្នករាល់គ្នា គ្មាននរណាសួរខ្ញុំថា"តើលោកអញ្ជើញទៅណា"ឡើយ។ 6 ពេលឮខ្ញុំនិយាយដូច្នេះ អ្នករាល់គ្នាព្រួយចិត្ដខ្លាំងណាស់។ 7 ប៉ុន្ដែ ខ្ញុំសូមប្រាប់អ្នករាល់គ្នាតាមត្រង់ថា បើខ្ញុំទៅ ទើបមានប្រយោជន៍ដល់អ្នករាល់គ្នា។ បើខ្ញុំមិនទៅទេព្រះដ៏ជួយការពារមិនយាងមករកអ្នករាល់គ្នាឡើយ។ ផ្ទុយទៅវិញ បើខ្ញុំទៅ ខ្ញុំនឹងចាត់ព្រះអង្គអោយមករកអ្នករាល់គ្នា។ 8 កាលណាព្រះអង្គយាងមកដល់ ព្រះអង្គនឹងបញ្ជាក់អោយមនុស្សលោកដឹងថា គេយល់ខុសអំពីបាប អំពីសេចក្ដីសុចរិត និង អំពីការកាត់ទោស។ 9 គេយល់ខុសអំពីបាប ព្រោះគេមិនជឿលើខ្ញុំ 10 អំពីសេចក្ដីសុចរិតព្រោះខ្ញុំទៅឯព្រះបិតា ហើយអ្នករាល់គ្នានឹងមិនឃើញខ្ញុំទៀតទេ 11 អំពីការកាត់ទោស ព្រោះចៅហ្វាយរបស់មនុស្សលោកនេះបានទទួលទោសរួចហើយ។ 12 ខ្ញុំមានសេចក្ដីឯទៀតៗជាច្រើន ដែលត្រូវនិយាយប្រាប់អ្នករាល់គ្នា តែអ្នករាល់គ្នាពុំអាចទទួលនៅពេលនេះបានទេ។ 13 កាលណាព្រះវិញ្ញាណនៃសេចក្ដីពិតយាងមកដល់ ព្រះអង្គនឹងណែនាំអ្នករាល់គ្នាអោយស្គាល់សេចក្ដីពិតគ្រប់ជំពូក ដ្បិតសេចក្ដីផ្សេងៗដែលព្រះអង្គថ្លែង មិនចេញមកពីព្រះអង្គផ្ទាល់ទេ គឺព្រះអង្គថ្លែងតែសេចក្ដីណាដែលទ្រង់ព្រះសណ្ដាប់ឮ ព្រមទាំងមានព្រះបន្ទូលប្រាប់អោយអ្នករាល់គ្នាដឹង អំពីហេតុការណ៍ដែលត្រូវកើតមាននៅថ្ងៃមុខផង។ 14 ព្រះអង្គនឹងសំដែងសិរីរុងរឿងរបស់ខ្ញុំ ព្រោះព្រះអង្គទទួលសេចក្ដីទាំងអស់ពីខ្ញុំ យកមកប្រាប់អ្នករាល់គ្នា។ 15 អ្វីៗដែលព្រះបិតាមានទាំងប៉ុន្មានសុទ្ធតែជារបស់ខ្ញុំទាំងអស់។ ហេតុនេះហើយបានជាខ្ញុំពោលថា ព្រះអង្គទទួលសេចក្ដីទាំងអស់ពីខ្ញុំយកមកប្រាប់អ្នករាល់គ្នា»។ 16 «បន្ដិចទៀត អ្នករាល់គ្នាលែងឃើញខ្ញុំហើយ តែបន្ដិចក្រោយមកទៀត អ្នករាល់គ្នានឹងឃើញខ្ញុំវិញ»។ 17 សិស្ស ខ្លះសួរគ្នាថា៖ «ព្រះអង្គមានព្រះបន្ទូលថា "បន្ដិចទៀត អ្នករាល់គ្នាលែងឃើញខ្ញុំ តែបន្ដិចក្រោយមកទៀត អ្នករាល់គ្នានឹងឃើញខ្ញុំវិញ" ហើយថា "ខ្ញុំនឹងទៅឯព្រះបិតា" តើព្រះអង្គចង់មានព្រះបន្ទូលអំពីអ្វី?»។ 18 គេសួរគ្នាទៀតថា៖ «ព្រះអង្គមានព្រះបន្ទូលថា "បន្ដិចទៀត"នោះ តើព្រះអង្គចង់មានព្រះបន្ទូលអំពីអ្វីយើងមិនយល់សោះ!»។ 19 ព្រះយេស៊ូជ្រាបថាគេចង់សួរព្រះអង្គ ទើបទ្រង់មានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នាសួរគ្នាទៅវិញទៅមក ចង់ដឹងអំពីពាក្យដែលខ្ញុំប្រាប់អ្នករាល់គ្នាថាបន្ដិចទៀត អ្នករាល់គ្នាលែងឃើញខ្ញុំ តែបន្ដិចក្រោយមកទៀត អ្នករាល់គ្នានឹងឃើញខ្ញុំវិញ"។ 20 ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា អ្នករាល់គ្នានឹងទ្រហោយំសោកសង្រេង តែមនុស្សលោកនឹងអរសប្បាយ អ្នករាល់គ្នានឹងកើតទុក្ខព្រួយ ប៉ុន្ដែ ទុក្ខព្រួយរបស់អ្នករាល់គ្នានឹងប្រែទៅជាអំណរសប្បាយវិញ។ 21 ពេលស្ដ្រីម្នាក់ហៀបឆ្លងទន្លេ នាងតែងព្រួយចិត្ដណាស់ ព្រោះដល់ពេលដែលនាងត្រូវឈឺចាប់ លុះដល់សំរាលកូនរួចហើយ នាងក៏ភ្លេចការឈឺចាប់ទាំងប៉ុន្មានអស់រលីង នាងសប្បាយចិត្ដ ព្រោះមានមនុស្សម្នាក់កើតមកក្នុងលោកនេះ។ 22 អ្នករាល់គ្នាក៏ដូច្នោះដែរ ឥឡូវនេះអ្នករាល់គ្នាព្រួយចិត្ដ ប៉ុន្ដែ ខ្ញុំនឹងជួបអ្នករាល់គ្នាសាជាថ្មី អ្នករាល់គ្នានឹងសប្បាយចិត្ដ ហើយគ្មាននរណាដកយកអំណរសប្បាយចេញពីចិត្ដអ្នករាល់គ្នាបានឡើយ។ 23 នៅពេលនោះ អ្នករាល់គ្នាលែងសួរអ្វីពីខ្ញុំទៀតហើយ។ ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា អ្វីៗដែលអ្នករាល់គ្នាទូលសូមព្រះបិតាក្នុងនាមខ្ញុំ ព្រះអង្គមុខជាប្រទានអោយអ្នករាល់គ្នាមិនខាន។ 24 មកទល់ពេលនេះ អ្នករាល់គ្នាពុំទាន់បានទូលសូមអ្វីក្នុងនាមខ្ញុំទេ ចូរទូលសូមទៅ អ្នករាល់គ្នានឹងបានទទួល ហើយអ្នករាល់គ្នានឹងមានអំណរពេញលក្ខណៈ»។ 25 «ខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នា អំពីសេចក្ដីទាំងនេះ ដោយប្រើប្រស្នា។ បន្ដិចទៀត ខ្ញុំនឹងនិយាយប្រាប់អ្នករាល់គ្នាយ៉ាងច្បាស់ៗអំពីព្រះបិតា ខ្ញុំមិនប្រើប្រស្នាទៀតទេ។ 26 នៅគ្រានោះ កាលណាអ្នករាល់គ្នាទូលសូមអ្វីៗពីព្រះបិតា ក្នុងនាមខ្ញុំ ខ្ញុំមិនប្រាប់អ្នករាល់គ្នាថា ខ្ញុំនឹងអង្វរព្រះអង្គអោយអ្នករាល់គ្នាឡើយ 27 ដ្បិតព្រះបិតាមានព្រះហឫទ័យស្រឡាញ់អ្នករាល់គ្នា ព្រោះអ្នករាល់គ្នាបានស្រឡាញ់ខ្ញុំ ហើយជឿថាខ្ញុំចេញពីព្រះជាម្ចាស់មក។ 28 ខ្ញុំបានចេញពីព្រះបិតាមកក្នុងលោកនេះ ហើយឥឡូវ ខ្ញុំចេញពីលោកនេះទៅឯព្រះបិតាវិញ»។ 29 ពួកសិស្ស ទូលព្រះអង្គថា៖ «ឥឡូវនេះ ព្រះអង្គមានព្រះបន្ទូលយ៉ាងច្បាស់ៗមកយើងខ្ញុំ ហើយព្រះអង្គមិនប្រើប្រស្នាទៀតទេ។ 30 ឥឡូវនេះ យើងខ្ញុំដឹងថាព្រះអង្គឈ្វេងយល់គ្រប់សេចក្ដីទាំងអស់ មិនបាច់មាននរណាទូលសួរព្រះអង្គឡើយ។ ហេតុនេះហើយបានជាយើងខ្ញុំជឿថា ព្រះអង្គចេញមកពីព្រះជាម្ចាស់មែន»។ 31 ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «ឥឡូវនេះអ្នករាល់គ្នាជឿមែនឬ! 32 ប៉ុន្ដែពេលកំណត់មកដល់គឺពេលនេះហើយ អ្នករាល់គ្នានឹងត្រូវខ្ចាត់ខ្ចាយ ម្នាក់ៗទៅតាមផ្លូវរៀងៗខ្លួន បោះបង់ចោលខ្ញុំអោយនៅម្នាក់ឯង។ តាមពិត ខ្ញុំមិននៅម្នាក់ឯងទេ មានព្រះបិតាគង់នៅជាមួយខ្ញុំ។ 33 ខ្ញុំនិយាយប្រាប់ដូច្នេះ ដើម្បីអោយអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខសាន្ដរួមជាមួយខ្ញុំ។ អ្នករាល់គ្នាជួបនឹងទុក្ខវេទនានៅក្នុងលោក ប៉ុន្ដែចូរមានសង្ឃឹមឡើង! ខ្ញុំបានឈ្នះលោកនេះហើយ»។

យ៉ូហាន 17

1 កាលព្រះយេស៊ូមានព្រះបន្ទូលដូច្នោះហើយ ព្រះអង្គងើបព្រះភ័ក្ដ្រទតទៅលើមេឃមានព្រះបន្ទូលថា៖ «បពិត្រព្រះបិតា ឥឡូវនេះដល់ពេលកំណត់ហើយ សូមសំដែងសិរីរុងរឿងរបស់បុត្រឡើង ដើម្បីអោយបុត្រសំដែង សិរីរុងរឿងរបស់ព្រះបិតាដែរ។ 2 ព្រះអង្គបានប្រទានអោយបុត្រមានអំណាច លើមនុស្សទាំងអស់ ដើម្បីអោយបុត្រផ្ដល់ជីវិតអស់កល្បជានិច្ច ដល់អស់អ្នកដែលព្រះអង្គប្រទានមកបុត្រ។ 3 រីឯជីវិតអស់កល្បជានិច្ចនោះ គឺអោយគេស្គាល់ព្រះអង្គ ដែលជាព្រះជាម្ចាស់ ដ៏ពិតតែមួយគត់ និង អោយគេស្គាល់ព្រះយេស៊ូគ្រិស្ដ ដែលព្រះអង្គចាត់អោយមក។ 4 ទូលបង្គំបានសំដែងសិរីរុងរឿងរបស់ព្រះអង្គនៅលើផែនដី ហើយទូលបង្គំក៏បានបង្ហើយកិច្ចការដែលព្រះអង្គបញ្ជាអោយទូលបង្គំធ្វើនោះចប់សព្វគ្រប់ដែរ។ 5 ព្រះបិតាអើយ ឥឡូវនេះ សូមលើកតម្កើងទូលបង្គំអោយមានសិរីរុងរឿងនៅជិតព្រះអង្គ គឺសិរីរុងរឿងដែល ទូលបង្គំធ្លាប់មាននៅជិតព្រះអង្គ តាំងពីមុនកំណើតពិភពលោកមក។ 6 ទូលបង្គំបានសំដែងព្រះនាមរបស់ព្រះអង្គអោយអស់អ្នក ដែលព្រះអង្គែញកចេញពីលោកនេះប្រទានមកទូលបង្គំស្គាល់ហើយ។ អ្នកទាំងនោះនៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គ ព្រះអង្គប្រទានគេមកអោយទូលបង្គំ ហើយគេបានប្រតិបត្ដិតាមព្រះបន្ទូលរបស់ព្រះអង្គ។ 7 ឥឡូវនេះ អ្នកទាំងនោះដឹងថា អ្វីៗដែលព្រះអង្គប្រទានមកទូលបង្គំ សុទ្ធតែមកពីព្រះអង្គទាំងអស់ 8 ដ្បិតទូលបង្គំបានប្រគល់ព្រះបន្ទូលដែលព្រះអង្គប្រទានមកទូលបង្គំទៅអោយគេ គេបានទទួលព្រះបន្ទូលទាំងនោះ ហើយទទួលស្គាល់យ៉ាងច្បាស់ថា ទូលបង្គំបានចេញមកពីព្រះអង្គមែន ព្រមទាំងជឿថាព្រះអង្គបានចាត់ទូលបង្គំអោយមកទៀតផង។ 9 ទូលបង្គំសូមអង្វរព្រះអង្គ អោយអ្នកទាំងនោះ ទូលបង្គំមិនអង្វរព្រះអង្គអោយមនុស្សលោកឡើយ គឺអង្វរអោយតែអស់អ្នកដែលព្រះអង្គប្រទានមកទូលបង្គំប៉ុណ្ណោះ ព្រោះអ្នកទាំងនោះនៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គ។ 10 អ្វីៗជារបស់ព្រះអង្គក៏ជារបស់ទូលបង្គំ ហើយអ្វីៗជារបស់ទូលបង្គំក៏ជារបស់ព្រះអង្គដែរ។ ទូលបង្គំសំដែងសិរីរុងរឿងក្នុងអ្នកទាំងនោះ។ 11 ទូលបង្គំមិននៅក្នុងលោកនេះទៀតទេ រីឯអ្នកទាំងនោះស្ថិតនៅក្នុងលោកនៅឡើយ ហើយទូលបង្គំទៅឯព្រះអង្គវិញ។ ឱព្រះបិតាដ៏វិសុទ្ធអើយ! សូមថែរក្សាអ្នកទាំងនោះ ដោយព្រះនាមព្រះអង្គផង គឺព្រះនាមនេះហើយដែលព្រះអង្គបានប្រទានមកទូលបង្គំ ដើម្បីអោយគេរួមគ្នាជាអង្គតែមួយ ដូចយើងជាអង្គតែមួយដែរ។ 12 កាលទូលបង្គំនៅជាមួយអ្នកទាំងនោះ ទូលបង្គំបានថែរក្សាគេ ដោយព្រះនាមដែលព្រះអង្គបានប្រទានមកទូលបង្គំ។ ទូលបង្គំបានការពារគេ ហើយគ្មាននរណាត្រូវវិនាសបាត់បង់ឡើយ លើកលែងតែម្នាក់ដែលត្រូវវិនាស ស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរប៉ុណ្ណោះ។ 13 ឥឡូវនេះ ទូលបង្គំទៅឯព្រះអង្គហើយទូលបង្គំនិយាយដូច្នេះ ពេលទូលបង្គំនៅក្នុងលោកនេះនៅឡើយ ដើម្បីអោយគេមានអំណររបស់ទូលបង្គំជាអំណរដ៏ពេញលក្ខណៈ។ 14 ទូលបង្គំបានប្រទានព្រះបន្ទូលរបស់ព្រះអង្គអោយគេ តែមនុស្សលោកស្អប់គេពីព្រោះគេមិនកើតពីនិស្ស័យ លោកីយ៍ទេដូចជាទូលបង្គំមិនកើតពីនិស្ស័យលោកីយ៍នេះដែរ។ 15 ទូលបង្គំមិនអង្វរព្រះអង្គ អោយយកគេចេញពីលោកនេះឡើយគឺសូមទ្រង់មេត្ដាការពារគេពីអំណាចមារ កំណាចវិញ។ 16 គេមិនកើតពីនិស្ស័យលោកីយ៍ទេ ដូចទូលបង្គំមិនកើតពីនិស្ស័យលោកីយ៍នេះដែរ។ 17 សូមប្រោសគេអោយវិសុទ្ធ ដោយសារសេចក្ដីពិត គឺព្រះបន្ទូលរបស់ព្រះអង្គនោះហើយជាសេចក្ដីពិត។ 18 ទូលបង្គំចាត់គេអោយទៅក្នុងលោក ដូចព្រះអង្គបានចាត់ទូលបង្គំអោយមកក្នុងលោកដែរ។ 19 រីឯទូលបង្គំវិញ ទូលបង្គំបូជាជីវិត ថ្វាយព្រះអង្គជាប្រយោជន៍ដល់គេដើម្បីអោយគេបានវិសុទ្ធដោយសារសេចក្ដីពិត។ 20 ទូលបង្គំមិនអង្វរព្រះអង្គអោយតែអ្នកទាំងនេះប៉ុណ្ណោះទេ គឺអង្វរអោយអស់អ្នកជឿលើទូលបង្គំ តាមរយៈពាក្យដែលអ្នកទាំងនេះថ្លែងប្រាប់ផងដែរ 21 សូមអោយគេទាំងអស់គ្នារួមជាអង្គតែមួយ។ ឱព្រះបិតាអើយ! ព្រះអង្គស្ថិតនៅជាប់នឹងទូលបង្គំ ហើយទូលបង្គំស្ថិតនៅជាប់នឹងព្រះអង្គយ៉ាងណា សូមអោយគេរួមគ្នាជាអង្គតែមួយនៅក្នុងយើងយ៉ាងនោះដែរ ដើម្បីអោយមនុស្សលាកជឿថា ព្រះអង្គបានចាត់ទូលបង្គំអោយមកមែន។ 22 រីឯសិរីរុងរឿងដែលព្រះអង្គប្រទានមកទូលបង្គំ ទូលបង្គំបានប្រគល់ទៅអោយគេហើយ ដើម្បីអោយគេរួមគ្នាជាអង្គតែមួយ ដូចយើងជាអង្គតែមួយដែរ 23 គឺអោយទូលបង្គំនៅក្នុងគេ ព្រះអង្គនៅក្នុងទូលបង្គំ ដើម្បីអោយគេរួមគ្នាជាអង្គតែមួយពិតប្រាកដមែន ហើយមនុស្សលោកទទួលស្គាល់ថា ព្រះអង្គបានចាត់ទូលបង្គំអោយមក ព្រមទាំងទទួលស្គាល់ថា ព្រះអង្គស្រឡាញ់គេ ដូចព្រះអង្គស្រឡាញ់ទូលបង្គំដែរ។ 24 ឱព្រះបិតាអើយ! ទូលបង្គំចង់អោយអស់អ្នកដែលព្រះអង្គប្រទានមកទូលបង្គំ បាននៅជាមួយទូលបង្គំ ឯកន្លែងដែលទូលបង្គំនៅនោះដែរ ដើម្បីអោយគេឃើញសិរីរុងរឿងដែលព្រះអង្គប្រទានមកទូលបង្គំ ព្រោះព្រះអង្គបានស្រឡាញ់ទូលបង្គំ តាំងពីមុនកំណើតពិភពលោកមកម៉្លេះ។ 25 ឱព្រះបិតាដ៏សុចរិតអើយ! មនុស្សលោកពុំបានស្គាល់ព្រះអង្គទេ រីឯទូលបង្គំវិញ ទូលបង្គំស្គាល់ព្រះអង្គ ហើយអ្នកទាំងនេះក៏ទទួលស្គាល់ថាព្រះអង្គបានចាត់ទូលបង្គំអោយមកមែន។ 26 ទូលបង្គំបានសំដែងព្រះនាមព្រះអង្គអោយគេស្គាល់ ហើយទូលបង្គំនឹងសំដែងអោយគេរឹតតែស្គាល់ថែមទៀត ដើម្បីអោយសេចក្ដីស្រឡាញ់របស់ព្រះអង្គចំពោះទូលបង្គំស្ថិតនៅក្នុងគេ ហើយទូលបង្គំក៏ស្ថិតនៅក្នុងគេដែរ»។

យ៉ូហាន 18

1 កាលព្រះយេស៊ូមានព្រះបន្ទូលដូច្នោះរួចហើយ ព្រះអង្គយាងទៅខាងនាយជ្រោះកេដ្រូន ជាមួយពួកសិស្ស ។ នៅទីនោះ មានសួនឧទ្យានមួយ ព្រះអង្គយាងចូលទៅក្នុងសួនឧទ្យាននោះជាមួយពួកសិស្ស។ 2 រីឯយូដាសជាអ្នកក្បត់ព្រះអង្គក៏ស្គាល់កន្លែងនោះដែរ ព្រោះជាកន្លែងដែលព្រះយេស៊ូ និង ពួកសិស្សធ្លាប់ជួបជុំគ្នាជាញឹកញាប់។ 3 ដូច្នេះយូដាសនាំកងទាហាន និង កងរក្សាព្រះវិហារចូលមក ទាំងកាន់ចន្លុះកាន់គោមកាន់អាវុធផង។ ពួកនាយកបូជាចារ្យ និង ពួកខាងគណៈផារីស៊ី បានចាត់អ្នកទាំងនោះអោយមក។ 4 ព្រះយេស៊ូឈ្វេងយល់ហេតុការណ៍ទាំងប៉ុន្មានដែលត្រូវកើតដល់ព្រះអង្គ ព្រះអង្គក៏យាងទៅមុខ មានព្រះបន្ទូលសួរគេថា៖ «អ្នករាល់គ្នាមករកនរណា?»។ 5 គេទូលព្រះអង្គថា៖ «រកឈ្មោះយេស៊ូជាអ្នកភូមិណាសារ៉ែត»។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «គឺខ្ញុំហ្នឹងហើយ»។ រីឯយូដាសជាអ្នកក្បត់ព្រះអង្គក៏នៅជាមួយពួកគេដែរ។ 6 កាលព្រះយេស៊ូមានព្រះបន្ទូលទៅគេថា "គឺខ្ញុំហ្នឹងហើយ" ដូច្នេះគេថយក្រោយ ហើយដួលដាច់ផ្ងារទាំងអស់គ្នា។ 7 ព្រះយេស៊ូមានព្រះបន្ទូលសួរគេម្ដងទៀតថា៖ «អ្នករាល់គ្នាមករកនរណា?» គេទូលថា៖ «រកឈ្មោះយេស៊ូ ជាអ្នកភូមិណាសារ៉ែត»។ 8 ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំបានប្រាប់អ្នករាល់គ្នាថា ខ្ញុំហ្នឹងហើយ បើអ្នករាល់គ្នាមករកខ្ញុំ ទុកអោយអ្នកទាំងនេះចេញទៅចុះ»។ 9 ព្រះអង្គមានព្រះបន្ទូលដូច្នេះ ស្របតាមសេចក្ដីដែលព្រះអង្គបានថ្លែងទុកមកថា "អស់អ្នកដែលព្រះអង្គប្រទានមកទូលបង្គំ ឥតមាននរណាម្នាក់ត្រូវវិនាសឡើយ" »។ 10 លោកស៊ីម៉ូនពេត្រុសមានដាវមួយគាត់ហូតកាប់អ្នកបំរើម្នាក់របស់លោកមហាបូជាចារ្យដាច់ស្លឹកត្រចៀកស្ដាំ អ្នកបំរើនោះឈ្មោះម៉ាលកុស។ 11 ព្រះយេស៊ូមាន ព្រះបន្ទូលទៅលោកពេត្រុសថា៖ «ស៊កដាវទៅក្នុងស្រោមវិញទៅ តើអ្នកមិនចង់អោយខ្ញុំផឹកពីពែងនៃទុក្ខលំបាក ដែលព្រះបិតាប្រទានមកខ្ញុំទេឬ?»។ 12 ពួកទាហាន និង មេបញ្ជាការរបស់គេ ព្រមទាំងកងរក្សាព្រះវិហារ របស់ជនជាតិយូដា នាំគ្នាចាប់ព្រះយេស៊ូហើយចងព្រះអង្គ។ 13 គេនាំព្រះអង្គទៅជួបលោកអាណមុនគេ ព្រោះលោកត្រូវជាឪពុកក្មេករបស់លោកកៃផាស ដែលកាន់តំណែងជាមហាបូជាចារ្យនៅឆ្នាំនោះ 14 គឺលោកកៃផាសនេះហើយ ដែលបានអោយយោបល់ទៅជនជាតិយូដាថា "គួរអោយមនុស្សតែម្នាក់ស្លាប់ ជាប្រយោជន៍ដល់ប្រជារាស្ដ្រ"។ 15 លោកស៊ីម៉ូនពេត្រុសដើរតាមព្រះយេស៊ូជាមួយសិស្ស ម្នាក់ទៀត លោកមហាបូជាចារ្យស្គាល់សិស្សម្នាក់នោះ ហេតុនេះហើយបានជាគាត់អាចចូលជាមួយព្រះយេស៊ូ ទៅទីធ្លាខាងក្នុងដំណាក់របស់លោកមហាបូជាចារ្យ ។ 16 រីឯលោកពេត្រុសវិញ គាត់ឈរនៅខាងក្រៅក្បែរមាត់ទ្វារ។ សិស្សដែលលោកមហាបូជាចារ្យស្គាល់នោះ ក៏ចេញមកនិយាយជាមួយស្ដ្រីម្នាក់ជាអ្នកយាមទ្វារ ហើយនាំលោកពេត្រុសចូលទៅខាងក្នុងដែរ។ 17 ស្ដ្រីបំរើជាអ្នកយាមទ្វារនិយាយទៅកាន់លោកពេត្រុសថា៖ «អ្នកឯងជាសិស្សរបស់អ្នកនោះដែរមែនឬ?»។ លោកពេត្រុសតបថា៖ «ទេ! មិនមែនទេ!»។ 18 ពួកអ្នកបំរើរបស់លោកមហាបូជាចារ្យ និង កងរក្សាព្រះវិហារនាំគ្នាបង្កាត់ភ្លើងអាំងព្រោះពេលនោះរងាណាស់។ លោកពេត្រុសក៏នៅអាំងភ្លើងជាមួយពួកគេដែរ។ 19 លោកមហាបូជាចារ្យ សួរព្រះយេស៊ូអំពីពួកសិស្ស របស់ព្រះអង្គ និង អំពីសេចក្ដីដែលព្រះអង្គបង្រៀន។ 20 ព្រះយេស៊ូមានព្រះបន្ទូលតបទៅលោកវិញថា៖ «ខ្ញុំបាននិយាយ ដោយចេញមុខប្រាប់មនុស្សលោក ខ្ញុំតែងបង្រៀននៅក្នុងសាលាប្រជុំ និង នៅក្នុងព្រះវិហារ ជាកន្លែងដែលជនជាតិយូដាទាំងអស់ជួបជុំគ្នា គឺឥតនិយាយក្នុងទីលាក់កំបាំងទេ។ 21 ហេតុដូចម្ដេចបានជាលោកសួរខ្ញុំ? សូមលោកសួរអស់អ្នកដែលបានឮសេចក្ដីខ្ញុំនិយាយនោះទៅ ដ្បិតគេសុទ្ធតែដឹងអំពីអ្វីៗដែលខ្ញុំបាននិយាយ»។ 22 ពេលឮព្រះយេស៊ូមានព្រះបន្ទូលដូច្នោះ ទាហានម្នាក់ក្នុងកងរក្សាព្រះវិហារដែលឈរនៅក្បែរនោះ ទះកំផ្លៀងព្រះអង្គទាំងពោលថា៖ «ម្ដេចក៏អ្នកឯងហ៊ានឆ្លើយរបៀបនេះទៅលោកមហាបូជាចារ្យ!»។ 23 ព្រះយេស៊ូមានព្រះបន្ទូលតបទៅទាហាននោះវិញថា៖ «បើខ្ញុំនិយាយខុសឆ្គង សុំប្រាប់មើល៍! តើមានឆ្គងត្រង់ណា! តែបើខ្ញុំនិយាយត្រឹមត្រូវ ម្ដេចក៏អ្នកវាយខ្ញុំ?»។ 24 ពេលនោះលោកអាណបញ្ជូនព្រះអង្គ ទាំងជាប់ចំណងទៅលោកកៃផាសជាមហាបូជាចារ្យ។ 25 លោកស៊ីម៉ូនពេត្រុសអាំងភ្លើងនៅទីនោះ។ មានគេសួរលោកថា៖ «អ្នកឯងជាសិស្សរបស់អ្នកនោះដែរមែនឬ?»។ លោកពេត្រុសប្រកែកថា៖ «ទេ! មិនមែនទេ!»។ 26 មានអ្នកបំរើរបស់មហាបូជាចារ្យ ម្នាក់ត្រូវជាបងប្អូននឹងអ្នក ដែលលោកពេត្រុសកាប់ដាច់ស្លឹកត្រចៀក ពោលថា៖ «ខ្ញុំក៏បានឃើញអ្នកឯងនៅក្នុងសួនជាមួយគាត់ដែរ!»។ 27 លោកពេត្រុសប្រកែកសាជាថ្មីម្ដងទៀត។ រំពេចនោះ ស្រាប់តែមាន់រងាវឡើង។ 28 បន្ទាប់មក គេបណ្ដើរព្រះយេស៊ូចេញពីដំណាក់លោកកៃផាស ទៅបន្ទាយរបស់លោកទេសាភិបាល។ ពេលនោះ ភ្លឺស្រាងៗហើយ។ ជនជាតិយូដាពុំបានចូលក្នុងបន្ទាយទេ ព្រោះគេខ្លាចមានបាប នាំអោយធ្វើពិធីជប់លៀងក្នុងឱកាសបុណ្យចម្លង មិនបាន។ 29 ដូច្នេះលោកពីឡាតចេញមកជួបពួកគេសួរថា៖ «តើអ្នករាល់គ្នាចោទប្រកាន់អ្នកនេះអំពីរឿងអ្វី?»។ 30 គេជំរាបលោកថា៖ «ប្រសិនបើគាត់មិនបានប្រព្រឹត្ដអំពើទុច្ចរិតទេ យើងខ្ញុំនាំគាត់មកជូនលោកធ្វើអ្វី!»។ 31 លោកពីឡាតមានប្រសាសន៍ទៅគេថា៖ «ចូរអ្នករាល់គ្នាយកគាត់ទៅវិនិច្ឆ័យទោស តាមវិន័យរបស់អ្នករាល់គ្នាទៅ»។ ជនជាតិយូដាជំរាបទៅលោកវិញថា៖ «យើងខ្ញុំគ្មានសិទ្ធិប្រហារជីវិតអ្នកណាសោះឡើយ»។ 32 គេនិយាយដូច្នេះ ស្របតាមសេចក្ដីដែលព្រះយេស៊ូមានព្រះបន្ទូលអំពីរបៀបព្រះអង្គត្រូវសោយទិវង្គត។ 33 លោកពីឡាតចូលទៅក្នុងបន្ទាយវិញ រួចហៅព្រះយេស៊ូមកសួរថា៖ «តើអ្នកជាស្ដេចរបស់ជនជាតិយូដាមែនឬ?»។ 34 ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «លោកមានប្រសាសន៍ដូច្នេះ តើមកពីគំនិតរបស់លោកផ្ទាល់ ឬ មានអ្នកផ្សេងទៀតជំរាបលោក?»។ 35 លោកពីឡាតតបវិញថា៖ «ខ្ញុំមិនមែនជាជនជាតិយូដាទេ! គឺជនជាតិរបស់អ្នក និង ពួកនាយកបូជាចារ្យទេតើ ដែលបានបញ្ជូនអ្នកមកខ្ញុំ តើអ្នកបានធ្វើអ្វី?»។ 36 ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «រាជ្យរបស់ខ្ញុំមិនមែននៅក្នុងលោកនេះទេ។ ប្រសិនបើរាជ្យរបស់ខ្ញុំនៅក្នុងលោកនេះមែន ពួកបំរើរបស់ខ្ញុំមុខជានាំគ្នាតយុទ្ធមិនអោយគេបញ្ជូនខ្ញុំទៅក្នុងកណ្ដាប់ដៃរបស់សាសន៍យូដាបានឡើយ។ ប៉ុន្ដែ រាជ្យរបស់ខ្ញុំ មិនមែននៅលោកនេះទេ»។ 37 លោកពីឡាតទូលសួរព្រះអង្គថា៖ «បើដូច្នេះ តើអ្នកជាស្ដេចមែនឬ?»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖«លោកទេតើ ដែលមានប្រសាសន៍ថា ខ្ញុំជាស្ដេច។ ខ្ញុំកើតមក ហើយខ្ញុំមកក្នុងលោកនេះ ដើម្បីផ្ដល់សក្ខីភាពអំពីសេចក្ដីពិត អ្នកណាកើតពីសេចក្ដីពិត អ្នកនោះនឹងស្ដាប់សំឡេងខ្ញុំ»។ 38 លោកពីឡាតទូលព្រះអង្គថា៖ «អ្វីទៅសេចក្ដីពិតនោះ?»។ លោកពីឡាតមានប្រសាសន៍ដូច្នោះហើយ ក៏ចេញទៅជួបជនជាតិយូដាជាថ្មីម្ដងទៀត ប្រាប់ថា៖«ខ្ញុំពុំឃើញអ្នកនេះមានទោសអ្វីសោះឡើយ។ 39 តាមទំនៀមទម្លាប់របស់អ្នករាល់គ្នា ខ្ញុំត្រូវដោះលែងអ្នកទោសម្នាក់ក្នុងឱកាសបុណ្យចម្លង ។ តើអ្នករាល់គ្នាចង់អោយខ្ញុំដោះលែងស្ដេចយូដាឬទេ?»។ 40 ពេលនោះគេនាំគ្នាស្រែកឡើងសាជាថ្មីថា៖ «កុំដោះលែងអ្នកនេះឡើយ សូមដោះលែងបារ៉ាបាសវិញ»។ រីឯឈ្មោះបារ៉ាបាសនេះជាចោរព្រៃ។

យ៉ូហាន 19

1 ពេលនោះ លោកពីឡាតបង្គាប់អោយទាហានយកព្រះយេស៊ូទៅវាយនឹងរំពាត់។ 2 ពួកទាហានយកបន្លាមកក្រងធ្វើជាមកុដបំពាក់ព្រះសិរសាព្រះអង្គហើយយកអាវពណ៌ក្រហមទុំមកពាក់អោយព្រះអង្គដែរ។ 3 បន្ទាប់មក គេនាំគ្នាចូលទៅជិតព្រះអង្គ ទាំងពោលថា៖ «ស្ដេចយូដាអើយ!សូមថ្វាយបង្គំ» ហើយក៏ទះកំផ្លៀងព្រះអង្គ។ 4 លោកពីឡាត ចេញទៅជួបជនជាតិយូដា សាជាថ្មីមានប្រសាសន៍ទៅគេថា៖ «មើល៍ខ្ញុំនាំគាត់មកខាងក្រៅ ដើម្បីអោយអ្នករាល់គ្នាដឹងថា ខ្ញុំពុំឃើញអ្នកនេះមានទោសអ្វីសោះ»។ 5 ពេលនោះ ព្រះយេស៊ូយាងចេញមក ទាំងពាក់ភួងបន្លាជាមកុដ និង ពាក់អាវពណ៌ក្រហមទុំផង។ លោកពីឡាតមានប្រសាសន៍ទៅគេថា៖ «មើល៍ មនុស្សហ្នឹងហើយ!»។ 6 កាលពួកនាយកបូជាចារ្យ និង កងរក្សាព្រះវិហារ ឃើញព្រះអង្គគេនាំគ្នាស្រែកឡើងថា៖ «ឆ្កាងទៅ! ឆ្កាងទៅ!»។ លោកពីឡាតមានប្រសាសន៍ថា៖ «ចូរអ្នករាល់គ្នាយកគាត់ទៅឆ្កាងខ្លួនឯងទៅ ដ្បិតខ្ញុំពុំឃើញអ្នកនេះមានទោសអ្វីសោះ»។ 7 ជនជាតិយូដាជំរាបលោកពីឡាតថា៖ «យើងខ្ញុំមានក្រឹត្យវិន័យហើយតាមក្រឹត្យវិន័យនោះ ជននេះត្រូវតែស្លាប់ ព្រោះគាត់តាំងខ្លួនជាព្រះបុត្រារបស់ព្រះជាម្ចាស់ »។ 8 កាលលោកពីឡាតឮដូច្នោះ លោករឹតតែភ័យខ្លាចថែមទៀត។ 9 លោកចូលទៅក្នុងបន្ទាយវិញ សួរព្រះយេស៊ូថា៖ «អ្នកមកពីណា?»។ ព្រះយេស៊ូពុំបានឆ្លើយតបទៅលោកវិញសោះ។ 10 ហេតុនេះលោកពីឡាតសួរព្រះអង្គថា៖ «ម្ដេចក៏អ្នកមិននិយាយមកខ្ញុំដូច្នេះ?អ្នកមិនដឹងថាខ្ញុំមានអំណាចដោះលែងអ្នកក៏បានឬឆ្កាងអ្នកក៏បានទេឬ?»។ 11 ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់ថា៖ «ប្រសិនបើមិនបានទទួលអំណាចពីស្ថានលើមកទេលោកគ្មានអំណាចលើខ្ញុំឡើយ ហេតុនេះហើយបានជាអ្នកដែលចាប់បញ្ជូនខ្ញុំមកលោក មានបាប ធ្ងន់ជាងលោកទៅទៀត»។ 12 តាំងពីពេលនោះមក លោកពីឡាតរកមធ្យោបាយដោះលែងព្រះយេស៊ូ ប៉ុន្ដែ ជនជាតិយូដានាំគ្នាស្រែកឡើងថា៖ «បើលោកដោះលែងជននេះ លោកមិនមែនជាមិត្ដសំឡាញ់របស់ព្រះចៅអធិរាជឡើយ ដ្បិតអ្នកណាតាំងខ្លួនជាស្ដេច អ្នកនោះប្រឆាំងនឹងព្រះចៅអធិរាជ!»។ 13 កាលលោកពីឡាតឮពាក្យនេះ លោកនាំព្រះយេស៊ូទៅខាងក្រៅ អោយគង់លើវេទិកាសំរាប់កាត់ក្ដី នៅត្រង់កន្លែងមួយ ឈ្មោះ"លានក្រាលថ្ម" ដែលគេហៅជាភាសាហេប្រឺថា "កាប្បាថា" 14 ពេលនោះ ជាថ្ងៃដែលគេរៀបចំបុណ្យចម្លង ហើយប្រមាណជាពេលថ្ងៃត្រង់។ លោកពីឡាតមានប្រសាសន៍ទៅកាន់ជនជាតិយូដាថា៖ «នេះនែ៎! ស្ដេចរបស់អ្នករាល់គ្នា»។ 15 ប៉ុន្ដែ ជនជាតិយូដាស្រែកឡើងថា៖ «សម្លាប់ចោលទៅ! ឆ្កាងទៅ!»។ លោកពីឡាតសួរពួកគេថា៖ «អោយខ្ញុំឆ្កាងស្ដេចរបស់អ្នករាល់គ្នាឬ?»។ ពួកនាយកបូជាចារ្យឆ្លើយឡើងថា៖ «ក្រៅពីព្រះចៅអធិរាជ យើងខ្ញុំគ្មានស្ដេចឯណាទៀតឡើយ»។ 16 ពេលនោះ លោកពីឡាតប្រគល់ព្រះយេស៊ូទៅអោយគេឆ្កាង។ គេនាំគ្នាចាប់ព្រះយេស៊ូយកទៅ។ 17 ព្រះយេស៊ូលីឈើឆ្កាងដោយផ្ទាល់ព្រះអង្គចេញពីទីក្រុង ឆ្ពោះទៅកន្លែងមួយឈ្មោះ "ទួលលលាដ៍ក្បាល"ដែលគេហៅជាភាសាហេប្រឺថា "គាល់កូថា" 18 គេឆ្កាងព្រះអង្គនៅទីនោះ។ គេឆ្កាងអ្នកទោសពីរនាក់ទៀតនៅសងខាងព្រះអង្គដែរ ព្រះយេស៊ូនៅកណ្ដាល។ 19 លោកពីឡាតអោយគេសរសេរប្រកាសបោះភ្ជាប់នឹងឈើឆ្កាង។ នៅលើប្រកាសនោះ មានសរសេរថា «យេស៊ូអ្នកភូមិណាសារ៉ែតជាស្ដេចយូដា»។ 20 ជនជាតិយូដាជាច្រើនបានមើលប្រកាសនោះ ដ្បិតកន្លែងដែលគេឆ្កាងព្រះយេស៊ូនៅក្បែរទីក្រុង ហើយប្រកាសនោះសរសេរជាអក្សរហេប្រឺ ឡាតាំង និង ក្រិក។ 21 ពួកនាយកបូជាចារ្យ របស់ជនជាតិយូដាជំរាបលោកពីឡាតថា៖ «សូមកុំសរសេរថា "ស្ដេចយូដា" ដូច្នេះ តែសរសេរថា"អ្នកនេះនិយាយថា ខ្ញុំជាស្ដេចយូដា"វិញ»។ 22 លោកពីឡាតមានប្រសាសន៍តបថា៖ «ខ្ញុំសរសេរយ៉ាងណាហើយ ត្រូវទុកយ៉ាងនោះទៅ!»។ 23 ក្រោយពីបានឆ្កាងព្រះយេស៊ូរួចហើយពួកទាហានយកសម្លៀកបំពាក់របស់ព្រះអង្គ មកធ្វើជាបួនចំណែកចែកគ្នាម្នាក់មួយចំណែកៗ។ រីឯអាវវែងរបស់ព្រះអង្គវិញ ជាអាវធ្វើពីក្រណាត់តែមួយផ្ទំាង គ្មានថ្នេរសោះតាំងពីលើដល់ក្រោម។ ដូច្នេះគេនិយាយគ្នាថា៖ 24 «កុំហែកអាវនេះ ធ្វើអ្វី យើងចាប់ឆ្នោតវិញ ដើម្បីអោយដឹងថាអាវនេះនឹងបានទៅលើអ្នកណា»។ ពួកទាហានធ្វើដូច្នេះ ស្របតាមសេចក្ដី ដែលមានចែងទុកក្នុងគម្ពីរមកថា៖ «គេបានយកសម្លៀកបំពាក់របស់ទូលបង្គំចែកគ្នាហើយចាប់ឆ្នោតយកអាវវែងរបស់ទូលបង្គំ»។ 25 មាតាព្រះយេស៊ូ ប្អូនស្រីមាតាព្រះអង្គ នាងម៉ារីជាភរិយាលោកក្លូប៉ាស និង នាងម៉ារីជាអ្នកស្រុកម៉ាដាឡា ឈរក្បែរឈើឆ្កាងរបស់ព្រះអង្គ។ 26 ព្រះយេស៊ូ ឃើញមាតា ព្រមទាំងសិស្សដែលព្រះអង្គស្រឡាញ់នោះឈរនៅជិត ទ្រង់មានព្រះបន្ទូលទៅមាតាថា៖ «អ្នកអើយ! នេះហើយកូនរបស់អ្នក»។ 27 បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅសិស្សថា៖ «នេះហើយម្ដាយរបស់អ្នក»។ តាំងពីពេលនោះមក សិស្សនោះយកគាត់មកនៅជាមួយ។ 28 បន្ទាប់មក ព្រះយេស៊ូជ្រាបថា ព្រះអង្គបានបង្ហើយកិច្ចការទាំងអស់ចប់សព្វគ្រប់ ព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំស្រេកទឹក» ដើម្បីអោយបានស្របតាមសេចក្ដីគ្រប់ប្រការ ដែលមានចែងទុកក្នុងគម្ពីរ។ 29 នៅទីនោះ មានក្រឡមួយមានទឹកខ្មេះពេញ។ ពួកទាហានយកសារាយស្ងួត ជ្រលក់ទឹកខ្មេះជោក រួចរុំនៅចុងត្រែងមួយដើម រុញទៅដល់ព្រះឱស្ឋរបស់ព្រះអង្គ។ 30 កាលព្រះយេស៊ូសោយទឹកខ្មេះហើយ ព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំបានសំរេចសព្វគ្រប់អស់ហើយ!»។ ព្រះអង្គក៏ឱនព្រះសិរសាចុះ ហើយប្រគល់វិញ្ញាណទៅ។ 31 ថ្ងៃនោះជាថ្ងៃរៀបចំបុណ្យចម្លង ជនជាតិយូដាមិនចង់អោយមានសាកសពជាប់នឹងឈើឆ្កាងនៅថ្ងៃសប្ប័ទ ឡើយ ព្រោះថ្ងៃសប្ប័ទនោះ ជាថ្ងៃបុណ្យធំ។ ហេតុនេះហើយបានជាគេសុំលោកពីឡាតចេញបញ្ជាទៅទាហានអោយបំបាក់ជើងអ្នកជាប់ឆ្កាងហើយយកសាកសពចុះមក។ 32 ពួកទាហាននាំគ្នាមកវាយបំបាក់ជើង អ្នកទោសទីមួយ និង អ្នកទោសទីពីរ ដែលជាប់លើឈើឆ្កាងជាមួយព្រះអង្គ។ 33 លុះមកដល់ព្រះយេស៊ូគេឃើញព្រះអង្គសោយទិវង្គតផុតទៅហើយ គេមិនបំបាក់ព្រះបាទាព្រះអង្គទេ 34 ប៉ុន្ដែទាហានម្នាក់យកលំពែងចាក់ត្រង់ចន្លោះឆ្អឹងជំនីរព្រះអង្គ ស្រាប់តែមានទឹក និង លោហិតហូរចេញមកមួយរំពេច។ 35 សិស្សម្នាក់ដែលបានឃើញ ធ្វើជាបន្ទាល់អំពីហេតុការណ៍នេះ ហើយសក្ខីភាពរបស់គាត់ពិតប្រាកដមែន។ ព្រះអង្គដឹងថាសិស្សនោះនិយាយសេចក្ដីពិត ដើម្បីអោយអ្នករាល់គ្នាជឿដែរ។ 36 ហេតុការណ៍នេះកើតឡើងស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរមកថា៖ «គ្មានឆ្អឹងណាមួយរបស់លោកត្រូវបាក់បែកឡើយ»។ 37 មានអត្ថបទគម្ពីរមួយទៀត ចែងថា៖«គេនាំគ្នាមើលអ្នកដែលគេចាក់ទម្លុះ»។ 38 បន្ទាប់មក លោកយ៉ូសែប ជាអ្នកស្រុកអើរីម៉ាថេបានទៅសុំច្បាប់លោកពីឡាត យកព្រះសពព្រះយេស៊ូ។ លោកយ៉ូសែបនេះក៏ជាសិស្ស របស់ព្រះយេស៊ូដែរតែមិនហ៊ានចេញមុខទេ ព្រោះខ្លាចជនជាតិយូដា។ លោកពីឡាតអនុញ្ញាតអោយ ហើយលោកយ៉ូសែបក៏មកដោះព្រះសពយកទៅ។ 39 រីលោកនីកូដេម ដែលមកគាល់ព្រះយេស៊ូទាំងយប់កាលពីមុន ក៏បានមកដែរ។ លោកយកជ័រល្វីងទេស លាយនឹងគ្រឿងក្រអូបប្រមាណជាកន្លះហាបមកផង។ 40 លោកទាំងពីរយកព្រះសពព្រះយេស៊ូមករុំនឹងសំពត់ស្នប អប់គ្រឿងក្រអូបតាមទំនៀមទម្លាប់ពិធីបញ្ចុះសពរបស់ជនជាតិយូដា។ 41 នៅកន្លែងគេឆ្កាងព្រះយេស៊ូមានសួនឧទ្យានមួយ ក្នុងសួននោះមានផ្នូរមួយថ្មី ពុំទាន់ដែលដាក់សពណានៅឡើយ។ 42 គេដាក់ព្រះយេស៊ូនៅក្នុងផ្នូរនោះព្រោះនៅជិតស្រាប់ ដ្បិតថ្ងៃនោះជាថ្ងៃរៀបចំបុណ្យចម្លង ។

យ៉ូហាន 20

1 នៅព្រឹកថ្ងៃអាទិត្យ កាលនៅងងឹតនៅឡើយ នាងម៉ារីជាអ្នកស្រុកម៉ាដាឡាចេញដំណើរឆ្ពោះទៅផ្នូរ ហើយឃើញថា មានគេយកថ្មចេញពីមាត់ផ្នូរផុតទៅហើយ។ 2 នាងក៏រត់មកជំរាបលោកស៊ីម៉ូនពេត្រុស និង សិស្ស ម្នាក់ទៀត ដែលព្រះយេស៊ូស្រឡាញ់ថា៖ «គេយកព្រះអម្ចាស់ចេញពីផ្នូរបាត់ហើយ យើងមិនដឹងជាគេយកទៅដាក់នៅឯណាទេ!»។ 3 លោកពេត្រុស និង សិស្សម្នាក់ទៀតនោះ ក៏ចេញទៅផ្នូរ។ 4 សិស្សទាំងពីររត់ទៅជាមួយគ្នាតែសិស្សម្នាក់នោះរត់លឿនជាងលោកពេត្រុស ទៅដល់ផ្នូរមុន។ 5 គាត់ឈ្ងោកមើលទៅ ឃើញសំពត់ស្នប តែគាត់មិនចូលទៅក្នុងផ្នូរឡើយ។ 6 លោកស៊ីម៉ូនពេត្រុសរត់តាមក្រោយមកដល់ គាត់ចូលទៅក្នុងផ្នូរ ហើយសម្លឹងមើលសំពត់ស្នបនៅទីនោះ 7 ព្រមទាំងក្រណាត់ដែលគេគ្របព្រះសិរសាព្រះអង្គ មូរទុកដោយឡែក គឺមិននៅជាមួយសំពត់ស្នបទេ។ 8 ពេលនោះ សិស្សដែលទៅដល់ផ្នូរមុន ក៏ចូលទៅខាងក្នុងដែរ គាត់បានឃើញ ហើយជឿ។ 9 កាលណោះ ពួកសិស្សពុំទាន់យល់អត្ថន័យគម្ពីរ ដែលចែងទុកមកថា ព្រះយេស៊ូត្រូវមានព្រះជន្មរស់ឡើងវិញនៅឡើយទេ។ 10 បន្ទាប់មកសិស្សទាំងពីរក៏នាំគ្នាវិលត្រឡប់ទៅផ្ទះ។ 11 នាងម៉ារីឈរយំនៅខាងក្រៅ ក្បែរមាត់ផ្នូរ។ នាងឈ្ងោកមើលទៅខាងក្នុងផ្នូរ ទាំងយំ 12 ឃើញទេវតា ពីររូបស្លៀកពាក់ស អង្គុយនៅត្រង់កន្លែង ដែលគេដាក់ព្រះសពព្រះយេស៊ូ ម្នាក់អង្គុយនៅខាងព្រះសិរសា ម្នាក់ទៀតនៅខាងចុងព្រះបាទា។ 13 ទេវតាពោលមកកាន់នាងថា៖ «នាងអើយ! ម្ដេចក៏នាងយំ?»។ នាងឆ្លើយទៅទេវតាវិញថា៖ «មានគេយកសពព្រះអម្ចាស់របស់នាងខ្ញុំទៅបាត់ មិនដឹងជាគេយកទៅដាក់នៅឯណាឡើយ»។ 14 ពេលនាងកំពុងតែនិយាយដូច្នេះ នាងបែរទៅក្រោយ ឃើញព្រះយេស៊ូឈរនៅទីនោះ តែនាងមិនដឹងថា ជាព្រះអង្គទេ។ 15 ព្រះយេស៊ូសួរនាងថា៖ «នាងអើយ!ម្ដេចក៏នាងយំ? នាងរកអ្នកណា?»។ នាងស្មានថាជាអ្នកថែរក្សាសួនច្បារ នាងក៏ទូលព្រះអង្គថា៖ «លោកម្ចាស់! ប្រសិនបើលោកបានយកសពទៅ សូមប្រាប់អោយនាងខ្ញុំដឹងផងលោកដាក់នៅឯណានាងខ្ញុំនឹងទៅយក»។ 16 ព្រះយេស៊ូមានព្រះបន្ទូលហៅនាងថា៖ «ម៉ារី!»។ នាងម៉ារីក៏បែរទៅរកព្រះអង្គ ហើយទូលព្រះអង្គជាភាសាហេប្រឺថា៖ «រ៉ាប៊ូនី!» ប្រែថា"ព្រះគ្រូ!"។ 17 ព្រះយេស៊ូមានព្រះបន្ទូលថា៖ «កុំឃាត់ខ្ញុំទុកអី ដ្បិតខ្ញុំមិនទាន់បានឡើងទៅឯព្រះបិតាខ្ញុំនៅឡើយ។ សុំទៅប្រាប់ពួកបងប្អូនខ្ញុំផងថា ខ្ញុំឡើងទៅឯព្រះបិតាខ្ញុំ ដែលជាព្រះបិតារបស់អ្នករាល់គ្នា ខ្ញុំឡើងទៅឯព្រះរបស់ខ្ញុំដែលជាព្រះរបស់អ្នករាល់គ្នាដែរ»។ 18 នាងម៉ារីជាអ្នកស្រុកម៉ាដាឡាចេញទៅ ជំរាបពួកសិស្សថា នាងបានឃើញព្រះអម្ចាស់ ព្រមទាំងជំរាបអំពីសេចក្ដីដែលព្រះអង្គមានព្រះបន្ទូលមកនាង។ 19 នៅល្ងាចថ្ងៃអាទិត្យនោះ ពួកសិស្ស នៅក្នុងផ្ទះខ្ទាស់ទ្វារយ៉ាងជាប់ ព្រោះខ្លាចជនជាតិយូដា។ ស្រាប់តែព្រះយេស៊ូយាងមកឈរនៅកណ្ដាលចំណោមពួកគេមានព្រះបន្ទូលថា៖ «សូមអោយអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខសាន្ដ!»។ 20 ព្រះអង្គមានព្រះបន្ទូលដូច្នេះ ទាំងបង្ហាញស្នាមរបួសនៅព្រះហស្ដ និង នៅត្រង់ឆ្អឹងជំនីរអោយគេឃើញផង។ ពួកសិស្សសប្បាយចិត្ដជាខ្លាំងដោយបានឃើញព្រះអម្ចាស់។ 21 ព្រះយេស៊ូមានព្រះបន្ទូលទៅគេសាជាថ្មីថា៖ «សូមអោយអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខសាន្ដ! ដូចព្រះបិតាបានចាត់ខ្ញុំអោយមកយ៉ាងណាខ្ញុំចាត់អ្នករាល់គ្នាអោយទៅយ៉ាងនោះដែរ»។ 22 បន្ទាប់ពីមានព្រះបន្ទូលហើយ ព្រះអង្គផ្លុំលើពួកគេ ទាំងមានព្រះបន្ទូលថា៖«ចូរទទួលព្រះវិញ្ញាណ!។ 23 បើអ្នករាល់គ្នាលើកលែងទោសអ្នកណាអោយរួចពីបាប ព្រះជាម្ចាស់ក៏នឹងលើកលែងទោសអ្នកនោះអោយរួចពីបាបដែរ។ ផ្ទុយទៅវិញ បើអ្នករាល់គ្នាប្រកាន់ទោសអ្នកណាអ្នកនោះមុខជាត្រូវជាប់ទោសមិនខាន»។ 24 កាលព្រះយេស៊ូយាងមកនោះ លោកថូម៉ាស ហៅឌីឌីម ជាសិស្ស ម្នាក់ ក្នុងចំណោមសិស្សទាំងដប់ពីរមិនបាននៅជាមួយពួកគេទេ។ 25 សិស្សឯទៀតៗប្រាប់គាត់ថា៖ «យើងបានឃើញព្រះអម្ចាស់»។ ប៉ុន្ដែ គាត់និយាយទៅពួកគេវិញថា៖ «បើខ្ញុំមិនឃើញស្នាមដែកគោលនៅបាតដៃ មិនបានដាក់ម្រាមដៃក្នុងស្នាមដែកគោល ហើយបើខ្ញុំមិនបានដាក់ដៃត្រង់ឆ្អឹងជំនីររបស់លោកទេ ខ្ញុំមិនជឿជាដាច់ខាត»។ 26 ប្រាំបីថ្ងៃក្រោយមកពួកសិស្សជួបជុំគ្នានៅក្នុងផ្ទះសាជាថ្មីលោកថូម៉ាស ក៏នៅជាមួយដែរ។ ពេលនោះទ្វារ ផ្ទះនៅខ្ទាស់ជាប់ព្រះយេស៊ូយាងមកឈរនៅកណ្ដាលចំណោមពួកគេ ទាំងមានព្រះបន្ទូលថា៖ «សូមអោយអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខសាន្ដ!»។ 27 បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅលោកថូម៉ាសថា៖ «មើលដៃខ្ញុំនេះ ចូរដាក់ម្រាមដៃអ្នកមក ហើយដាក់ដៃអ្នកត្រង់ឆ្អឹងជំនីរខ្ញុំ។ ចូរជឿទៅ! កុំរឹងរូសមិនព្រមជឿដូច្នេះ!»។ 28 លោកថូម៉ាសទូលព្រះអង្គថា៖ «ព្រះអង្គពិតជាព្រះអម្ចាស់ និង ជាព្រះរបស់ទូលបង្គំមែន!»។ 29 ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «អ្នកជឿមកពីអ្នកបានឃើញខ្ញុំ អ្នកណាជឿ ដោយឥតបានឃើញសោះ អ្នកនោះមានសុភមង្គល ហើយ!»។ 30 ព្រះយេស៊ូបានធ្វើទីសំគាល់ជាច្រើនទៀតអោយពួកសិស្សឃើញ តែគ្មានកត់ត្រាទុកក្នុងសៀវភៅនេះទេ។ 31 រីឯសេចក្ដីដែលមានកត់ត្រាមកនេះ គឺក្នុងគោលបំណងអោយអ្នករាល់គ្នាជឿថា ព្រះយេស៊ូពិតជាព្រះគ្រិស្ដ និង ពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់ ហើយអោយអ្នករាល់គ្នាដែលជឿមានជីវិត ដោយរួមជាមួយព្រះអង្គ។

យ៉ូហាន 21

1 ក្រោយមក ព្រះយេស៊ូបង្ហាញខ្លួនអោយពួកសិស្សឃើញម្ដងទៀត នៅមាត់សមុទ្រទីបេរាស គឺព្រះអង្គបង្ហាញអោយគេឃើញដូចតទៅ៖ 2 លោកស៊ីម៉ូនពេត្រុស លោកថូម៉ាសហៅឌីឌីម លោកណាថាណែល ពីភូមិកាណាក្នុងស្រុកកាលីឡេ កូនទាំងពីររបស់លោកសេបេដេ និង សិស្សរបស់ព្រះយេស៊ូពីរនាក់ទៀតនៅជុំគ្នា។ 3 លោកស៊ីម៉ូនពេត្រុសនិយាយទៅកាន់សិស្សឯទៀតៗថា៖ «ខ្ញុំទៅរកត្រី»។ គេពោលតបមកគាត់វិញថា៖ «យើងទៅជាមួយដែរ»។ គេក៏នាំគ្នាចេញទៅ ហើយចុះទូកទាំងអស់គ្នា ប៉ុន្ដែនៅយប់នោះ គេឥតបានត្រីសោះ។ 4 ព្រលឹមឡើង ព្រះយេស៊ូឈរនៅមាត់ច្រាំង ប៉ុន្ដែ ពួកសិស្សមិនដឹងថាជាព្រះអង្គទេ។ 5 ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «កូនចៅអើយ!មានអ្វីបរិភោគឬទេ?»។ គេទូលព្រះអង្គថា៖ «គ្មានទេ»។ 6 ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចូរទម្លាក់អួនខាងស្ដាំទូកទៅមុខជាបានត្រីមិនខាន»។ គេក៏ទម្លាក់អួន ហើយពុំអាចលើកអួនឡើងវិញបានឡើយ ព្រោះមានត្រីច្រើនពេក។ 7 ពេលនោះ សិស្សដែលព្រះយេស៊ូស្រឡាញ់ និយាយទៅលោកពេត្រុសថា៖ «ព្រះអម្ចាស់ទេតើ!»។ កាលលោកស៊ីម៉ូនពេត្រុសឮថា ព្រះអម្ចាស់ដូច្នេះ គាត់ក៏ស្លៀកពាក់ ដ្បិតគាត់នៅខ្លួនទទេ រួចលោតទៅក្នុងទឹក។ 8 សិស្សឯទៀតៗនាំគ្នាចូលទូកទៅមាត់ច្រំាង ទាំងទាញអួនដែលមានត្រីពេញទៅជាមួយផង ព្រោះគេមិននៅឆ្ងាយពីច្រំាងប៉ុន្មានទេ គឺប្រមាណជាពីររយហត្ថប៉ុណ្ណោះ។ 9 គេឡើងទៅលើគោកឃើញរងើកភ្លើង មានដាក់ត្រី និង នំបុ័ង អំាងពីលើផង។ 10 ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «សុំយកត្រីដែលអ្នករាល់គ្នាទើបនឹងចាប់បានមកណេះ!»។ 11 លោកស៊ីម៉ូនពេត្រុសចុះទៅក្នុងទូក ទាញអួនដែលមានត្រីពេញមកដាក់លើគោក គឺមានត្រីធំៗចំនួនមួយរយហាសិបបី។ ទោះបីមានត្រីច្រើនយ៉ាងនេះក៏ដោយ ក៏អួនមិនធ្លាយដែរ។ 12 ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «នាំគ្នាមកបរិភោគទៅ»។ គ្មានសិស្សណាម្នាក់ហ៊ានសួរព្រះអង្គថា "លោកជានរណា"ឡើយ ដ្បិតគេដឹងថាជាព្រះអម្ចាស់ទាំងអស់គ្នា។ 13 ព្រះយេស៊ូយាងទៅជិតពួកគេ ទ្រង់យកនំបុ័ងមកប្រទានអោយគេ ហើយយកត្រីមកប្រទានអោយគេដែរ។ 14 តាំងពីព្រះអង្គមានព្រះជន្មរស់ឡើងវិញមក នេះជាលើកទីបីហើយ ដែលព្រះយេស៊ូសំដែងព្រះអង្គអោយពួកសិស្សឃើញ។ 15 លុះគេបានបរិភោគរួចរាល់ហើយ ព្រះយេស៊ូមានព្រះបន្ទូលសួរលោកស៊ីម៉ូនពេត្រុសថា៖ «ស៊ីម៉ូនកូនលោកយ៉ូហានអើយ! តើអ្នកស្រឡាញ់ខ្ញុំ ជាងអ្នកទាំងនេះស្រឡាញ់ខ្ញុំឬ?»។ គាត់ទូលព្រះអង្គថា៖ «ក្រាបទូលព្រះអម្ចាស់! ព្រះអង្គជ្រាបស្រាប់ហើយថា ទូលបង្គំស្រឡាញ់ព្រះអង្គ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សុំថែរក្សាកូនចៀមរបស់ខ្ញុំផង!»។ 16 ព្រះអង្គមានព្រះបន្ទូលសួរគាត់ ជាលើកទីពីរថា៖ «ស៊ីម៉ូនកូនលោកយ៉ូហានអើយ! តើអ្នកស្រឡាញ់ខ្ញុំឬទេ?»។ លោកពេត្រុសទូលថា៖ «ក្រាបទូលព្រះអម្ចាស់! ព្រះអង្គជ្រាបស្រាប់ហើយថាទូលបង្គំស្រឡាញ់ព្រះអង្គ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សុំឃ្វាលហ្វូងចៀមរបស់ខ្ញុំផង!»។ 17 ព្រះអង្គមានព្រះបន្ទូលសួរគាត់ជាលើកទីបីថា៖ «ស៊ីម៉ូន កូនលោកយ៉ូហានអើយ! តើអ្នកស្រឡាញ់ខ្ញុំឬទេ»។ លោកពេត្រុសព្រួយចិត្ដណាស់ ព្រោះព្រះអង្គសួរគាត់ដល់ទៅបីលើកថា "អ្នកស្រឡាញ់ខ្ញុំឬទេ"ដូច្នេះ។ លោកទូលតបទៅព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! ព្រះអង្គជ្រាបអ្វីៗសព្វគ្រប់ទាំងអស់ ព្រះអង្គជ្រាបស្រាប់ហើយថា ទូលបង្គំស្រឡាញ់ព្រះអង្គ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សុំថែរក្សាហ្វូងចៀមរបស់ខ្ញុំផង។ 18 ខ្ញុំសុំប្រាប់អោយអ្នកដឹងច្បាស់ថា កាលអ្នកនៅក្មេង អ្នកក្រវាត់ចង្កេះខ្លួនឯង ហើយអ្នកទៅណាតាមតែចិត្ដអ្នកចង់។ លុះដល់អ្នកចាស់ អ្នកនឹងលើកដៃឡើង ហើយមានម្នាក់ទៀតក្រវាត់ចង្កេះអោយអ្នកទាំងនាំអ្នកទៅកន្លែងដែលអ្នកមិនចង់ទៅថែមទៀតផង»។ 19 ព្រះអង្គមានព្រះបន្ទូលដូច្នេះ បង្ហាញអំពីរបៀបដែលលោកពេត្រុសស្លាប់ ដើម្បីសំដែងសិរីរុងរឿងរបស់ព្រះជាម្ចាស់។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «សុំអញ្ជើញមកតាមខ្ញុំ!»។ 20 លោកពេត្រុសងាកមើលក្រោយឃើញសិស្ស ដែលព្រះយេស៊ូស្រឡាញ់ ដើរតាមមកដែរ។ សិស្សនោះហើយ ដែលបានអោនទៅជិតព្រះឱរារបស់ព្រះយេស៊ូនៅពេលជប់លៀង ហើយទូលសួរព្រះអង្គថា "បពិត្រព្រះអម្ចាស់! តើនរណានាំគេមកចាប់ព្រះអង្គ?"។ 21 កាលលោកពេត្រុសឃើញគាត់ លោកទូលសួរព្រះយេស៊ូថា៖ «ព្រះអម្ចាស់អើយ! រីឯអ្នកនោះវិញ តើនឹងមានកើតអ្វីដល់គាត់?»។ 22 ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់ថា៖ «ប្រសិនបើខ្ញុំចង់អោយគាត់មានជីវិតរស់រហូតដល់ខ្ញុំត្រឡប់មកវិញ តើនឹងកើតអំពល់អ្វីដល់អ្នក?។ 23 ឯអ្នក សុំអញ្ជើញមកតាមខ្ញុំ!»។ តាំងពីពេលនោះមក មានលេចឮពាក្យក្នុងចំណោមពួកបងប្អូនថា សិស្សនោះមិនត្រូវស្លាប់ទេ។ តាមពិត ព្រះយេស៊ូពុំបានប្រាប់លោកពេត្រុសថា សិស្សនោះមិនត្រូវស្លាប់ឡើយ ព្រះអង្គគ្រាន់តែមានព្រះបន្ទូលថា "ប្រសិនបើខ្ញុំចង់អោយគាត់មានជីវិតរស់រហូតដល់ខ្ញុំត្រឡប់មកវិញ តើនឹងកើតអំពល់អ្វីដល់អ្នក?"។ 24 សិស្ស នោះហើយ ដែលបានផ្ដល់សក្ខីភាព អំពីហេតុការណ៍ទាំងអស់នេះ ព្រមទាំងបានកត់ត្រាទុកមកផង។ យើងដឹងថាសក្ខីភាពរបស់គាត់ពិតជាត្រឹមត្រូវមែន។ 25 ព្រះយេស៊ូបានធ្វើកិច្ចការឯទៀតៗជាច្រើន។ ប្រសិនបើមានគេកត់ត្រាហេតុការណ៍ទាំងនោះអោយបានល្អិតល្អន់ ខ្ញុំយល់ថា ពិភពលោកនេះពុំអាចនឹងមានកន្លែងល្មម សំរាប់ទុកសៀវភៅដែលគេកត់ត្រានោះបានឡើយ។

កិច្ចការ 1

1 សូមជំរាបមកឯកឧត្ដមថេវភីល សូមជ្រាប! ក្នុងសៀវភៅទីមួយរបស់ខ្ញុំ ខ្ញុំបានរៀបរាប់អំពីកិច្ចការទាំងប៉ុន្មានដែលព្រះយេស៊ូបានធ្វើ និង អំពីសេចក្ដីទាំងប៉ុន្មានដែលព្រះអង្គបានបង្រៀន តាំងពីដើមរៀងមក 2 រហូតដល់ថ្ងៃដែលព្រះជាម្ចាស់លើកព្រះអង្គឡើងទៅស្ថានបរមសុខ គឺបន្ទាប់ពីព្រះអង្គបានផ្ដែផ្ដាំតាមរយៈព្រះវិញ្ញាណដ៏វិសុទ្ធ ដល់ក្រុមសាវ័ក ដែលព្រះអង្គបានជ្រើសរើស។ 3 ក្រោយពេលរងទុក្ខលំបាករួចហើយ ព្រះយេស៊ូបានបង្ហាញព្រះអង្គ តាមរបៀបផ្សេងៗអោយសាវ័កទាំងនោះឃើញថាព្រះអង្គមានព្រះជន្មរស់ពិតប្រាកដមែន។ ព្រះអង្គបានអោយគេឃើញអស់រយៈពេលសែសិបថ្ងៃ ព្រមទាំងមានព្រះបន្ទូលអំពីព្រះរាជ្យរបស់ព្រះជាម្ចាស់ផង។ 4 ពេលព្រះអង្គកំពុងសោយព្រះស្ងោយជាមួយក្រុមសាវ័ក ទ្រង់ហាមគេមិនអោយចេញទៅណាឆ្ងាយពីក្រុងយេរូសាឡឹមឡើយ «គឺត្រូវរង់ចាំទទួលព្រះវិញ្ញាណ តាមព្រះបន្ទូលសន្យារបស់ព្រះបិតា ដូចខ្ញុំបានប្រាប់អ្នករាល់គ្នារួចមកហើយថា 5 លោកយ៉ូហានបានធ្វើពិធីជ្រមុជ អោយគេក្នុងទឹក ប៉ុន្ដែ នៅប៉ុន្មានថ្ងៃទៀតអ្នករាល់គ្នានឹងទទួលពិធីជ្រមុជក្នុងព្រះវិញ្ញាណដ៏វិសុទ្ធវិញ»។ 6 ពេលនោះ ក្រុមសាវ័ក នៅជុំគ្នា គេទូលសួរព្រះយេស៊ូថា៖ «បពិត្រព្រះអម្ចាស់ តើព្រះអង្គនឹងតាំងរាជាណាចក្រអ៊ីស្រាអែលឡើងវិញនៅពេលនេះឬ?»។ 7 ព្រះអង្គមានព្រះបន្ទូលតបទៅគេវិញថា៖«ត្រង់ឯពេលវេលាដែលព្រះបិតាបានកំណត់ទុក ដោយអំណាចព្រះអង្គផ្ទាល់នោះ អ្នករាល់គ្នាមិនបាច់ដឹងទេ។ 8 ប៉ុន្ដែ អ្នករាល់គ្នានឹងទទួលឫទ្ធានុភាពមួយ គឺឫទ្ធានុភាពនៃព្រះវិញ្ញាណដ៏វិសុទ្ធមកសណ្ឋិតលើអ្នករាល់គ្នា។ អ្នករាល់គ្នានឹងធ្វើជាបន្ទាល់របស់ខ្ញុំ នៅក្នុងក្រុងយេរូសាឡឹម ក្នុងស្រុកយូដាទាំងមូល ក្នុងស្រុកសាម៉ារី និង រហូតដល់ស្រុកដាច់ស្រយាលនៃផែនដី»។ 9 លុះព្រះយេស៊ូមានព្រះបន្ទូលដូច្នោះរួចហើយ ហើយនៅពេលដែលក្រុមសាវ័កកំពុងតែមើលព្រះអង្គ នោះព្រះជាម្ចាស់ក៏លើកព្រះអង្គឡើងទៅលើមេឃ ព្រមទាំងមានពពក មកបាំងព្រះអង្គបាត់ពីភ្នែកគេទៅ។ 10 កាលពួកគេកំពុងតែសំឡឹងមើលទៅលើមេឃ នៅពេលព្រះអង្គយាងឡើងទៅនោះ ស្រាប់តែមានបុរសពីរនាក់ស្លៀកសពាក់សចូលមកជិតគេ 11 ពោលថា៖ «អ្នកស្រុកកាលីឡេអើយ! ហេតុដូចម្ដេចបានជាអ្នករាល់គ្នានៅតែឈរសំឡឹងមើលទៅលើមេឃដូច្នេះ?។ ព្រះយេស៊ូនោះ ព្រះជាម្ចាស់បានលើកពីកណ្ដាលចំណោមអ្នករាល់គ្នា ឡើងទៅស្ថានបរមសុខហើយ ព្រះអង្គនឹងយាងត្រឡប់មកវិញ តាមរបៀបដូចដែលអ្នករាល់គ្នាបានឃើញទ្រង់យាងឡើងទៅស្ថានបរមសុខដែរ»។ 12 ពេលនោះ ក្រុមសាវ័ក នាំគ្នាវិលត្រឡប់ពីភ្នំដើមអូលីវ ទៅក្រុងយេរូសាឡឹមវិញ ដែលមានចម្ងាយផ្លូវប្រមាណមួយគីឡូម៉ែត្រ។ 13 លុះបានមកដល់ផ្ទះហើយ គេឡើងទៅបន្ទប់ខាងលើ ជាកន្លែងដែលគេធ្លាប់ស្នាក់នៅ។ សាវ័កទាំងនោះ គឺលោកពេត្រុស លោកយ៉ូហាន លោកយ៉ាកុប លោកអនទ្រេ លោកភីលីព លោកថូម៉ាស លោកបារថូឡូមេ លោកម៉ាថាយ លោកយ៉ាកុបជាកូនលោកអាល់ផាយ លោកស៊ីម៉ូនហៅអ្នកជាតិនិយម និង លោកយូដាស ជាកូនរបស់លោកយ៉ាកុប។ 14 ពួកគេរួមចិត្ដគំនិតគ្នាព្យាយាមអធិស្ឋាន ដោយមានស្ដ្រីឯទៀតៗមាននាងម៉ារី ជាមាតារបស់ព្រះយេស៊ូ និង មានបងប្អូនរបស់ព្រះអង្គមកចូលរួមជាមួយផងដែរ។ 15 នៅគ្រានោះ មានបងប្អូនប្រមាណមួយរយម្ភៃនាក់នៅជុំគ្នា លោកពេត្រុសក្រោកឈរឡើងនៅកណ្ដាលពួកគេហើយពោលថា៖ 16 «បងប្អូនអើយ! ព្រះវិញ្ញាណដ៏វិសុទ្ធ បានថ្លែងទុកជាមុន តាមរយៈព្រះបាទដាវីឌ អំពីយូដាស ជាអ្នកនាំគេមកចាប់ព្រះយេស៊ូ។ ហេតុការណ៍នេះត្រូវតែកើតឡើងស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរមែន។ 17 យូដាសជាសមាជិកមួយរូបក្នុងក្រុមរបស់យើង ហើយបានទទួលចំណែកមុខងាររួមជាមួយយើងដែរ។ 18 គាត់យកប្រាក់ដែលបានមកពីអំពើទុច្ចរិតទៅទិញដីចំការមួយកន្លែង បន្ទាប់មក គាត់ដួលផ្កាប់មុខធ្លាយពោះ ចេញពោះវៀនមកក្រៅ។ 19 អ្នកក្រុងយេរូសាឡឹមដឹងរឿងនេះគ្រប់ៗគ្នា ហេតុនេះហើយបានជាគេហៅចំការនោះ តាមភាសារបស់គេថា "អាកិលដាម៉ា" មានន័យថា "ចំការឈាម"។ 20 ក្នុងគម្ពីរទំនុកតម្កើងមានចែងទុកអំពីហេតុការណ៍នេះថា៖ "ចូរអោយលំនៅរបស់អ្នកនោះ ក្លាយទៅជាទីស្ងាត់ជ្រងំ កុំអោយមាននរណារស់នៅទីនោះឡើយ" និង "ត្រូវអោយម្នាក់ទៀតទទួលយកតំណែងរបស់គាត់"។ 21 ហេតុនេះ ក្នុងចំណោមអស់អ្នកដែលបានមកតាមយើង នៅពេលព្រះយេស៊ូដឹកនាំយើង 22 គឺចាប់តាំងពីគ្រាដែលលោកយ៉ូហានបានធ្វើពិធីជ្រមុជទឹក ថ្វាយព្រះអង្គ រហូតដល់ពេលព្រះជាម្ចាស់លើកយកព្រះអង្គចេញពីយើងទៅ ត្រូវអោយមានម្នាក់ ធ្វើជាបន្ទាល់រួមជាមួយយើង អំពីព្រះអង្គមានព្រះជន្មរស់ឡើងវិញ»។ 23 គេបាននាំសិស្ស ពីររូបមក ម្នាក់ឈ្មោះយ៉ូសែបហៅបារសាបាសផង យូស្ទូសផង និង ម្នាក់ទៀតឈ្មោះម៉ាត់ធាស។ 24 បន្ទាប់មកគេនាំគ្នាអធិស្ឋានដូចតទៅ៖ «បពិត្រព្រះអម្ចាស់! ព្រះអង្គជ្រាបចិត្ដគំនិតរបស់មនុស្សទាំងអស់ ហេតុនេះសូមបង្ហាញអោយយើងខ្ញុំដឹងផងថា ក្នុងចំណោមបងប្អូនទាំងពីររូបនេះ តើព្រះអង្គសព្វព្រះហឫទ័យជ្រើសរើសអ្នកណា 25 អោយបំពេញមុខងារជាសាវ័កជំនួសយូដាស ដ្បិតយូដាសបានបោះបង់មុខងារនេះ ទៅឯកន្លែងរបស់គាត់»។ 26 សិស្សនាំគ្នាចាប់ឆ្នោត ត្រូវលើលោកម៉ាត់ធាស ហើយលោកម៉ាត់ធាសក៏បានចូលរួមក្នុងក្រុមសាវ័កដប់មួយរូបទៀត។

កិច្ចការ 2

1 នៅបុណ្យថ្ងៃទីហាសិប ពួកសិស្សបានរួមប្រជុំទាំងអស់គ្នា នៅកន្លែងតែមួយ។ 2 រំពេចនោះ ស្រាប់តែមានឮស្នូរសន្ធឹកពីលើមេឃ ដូចខ្យល់បក់បោកយ៉ាងខ្លាំងពេញក្នុងផ្ទះដែលគេនៅ។ 3 ពួកសិស្សបានឃើញហាក់ដូចជា មានអណ្ដាតភ្លើងបែកចេញពីគ្នា ចុះមកសណ្ឋិតលើពួកគេម្នាក់ៗ។ 4 អ្នកទាំងនោះបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ ហើយចាប់ផ្ដើមនិយាយភាសាផ្សេងៗពីគ្នា តាមព្រះវិញ្ញាណប្រោសប្រទានអោយ។ 5 ពេលនោះ មានជនជាតិយូដា ជាអ្នកគោរពប្រណិប័តន៍ព្រះជាម្ចាស់ មកពីប្រទេសនានា ក្នុងពិភពលោកទាំងមូល ស្នាក់នៅក្រុងយេរូសាឡឹមដែរ។ 6 ពេលស្នូរសន្ធឹកលាន់ឮយ៉ាងខ្លាំងដូច្នោះ មហាជននាំគ្នារត់មកមើល ហើយភ្ញាក់ផ្អើលក្រៃលែង ព្រោះម្នាក់ៗបានឮពួកសិស្សនិយាយភាសារបស់ខ្លួន។ 7 អ្នកទាំងនោះងឿងឆ្ងល់ខ្លាំងណាស់ គេស្ងើចសរសើរ ទាំងពោលថា៖ «អ្នកដែលកំពុងនិយាយនេះ សុទ្ធតែជាអ្នកស្រុកកាលីឡេទេតើ។ 8 ចុះហេតុដូចម្ដេចបានជាយើងឮគេនិយាយភាសារបស់យើងរៀងៗខ្លួនទៅវិញដូច្នេះ? 9 គឺទាំងអ្នកស្រុកផាថុស ស្រុកមេឌី ស្រុកអេឡំា ទាំងអ្នកស្រុកមេសូប៉ូតាមា ស្រុកយូដា ស្រុកកាប៉ាដូគា ស្រុកប៉ុនតុសស្រុកអាស៊ី 10 ស្រុកព្រីគាស្រុកប៉ាមភីលា ស្រុកអេស៊ីប ស្រុកលីប៊ីដែលនៅក្បែរស្រុកគីរ៉េន និង អស់អ្នកមកពីក្រុងរ៉ូម 11 ទាំងជនជាតិយូដា ទាំងអ្នកចូលសាសនាយូដា ទាំងអ្នកមកពីកោះក្រែត ទាំងជនជាតិអារ៉ាប់យើងបានឮគេថ្លែងអំពីស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ ជាភាសាយើងទាំងអស់គ្នាផ្ទាល់!»។ 12 អ្នកទាំងនោះងឿងឆ្ងល់ខ្លាំងណាស់ មិនដឹងគិតយ៉ាងណា គេសួរគ្នាទៅវិញទៅមកថា៖«តើហេតុការណ៍នេះ មានន័យដូចម្ដេច?»។ 13 ប៉ុន្តែ មានអ្នកខ្លះទៀតបែរជានិយាយចំអកថា៖ «ពួកអស់ហ្នឹងសុទ្ធតែស្រវឹងស្រាទេតើ!»។ 14 លោកពេត្រុសក៏ក្រោកឈរឡើងជាមួយសាវ័កដប់មួយរូបទៀត ហើយមានប្រសាសន៍ទៅកាន់បណ្ដាជនថា៖ «បងប្អូនយូដា និង បងប្អូនទាំងអស់ដែលស្នាក់នៅក្រុងយេរូសាឡឹមអើយ! សូមបងប្អូនជ្រាប ហើយផ្ទៀងត្រចៀកស្ដាប់ពាក្យរបស់ខ្ញុំ។ 15 អ្នកទាំងនេះមិនមែនស្រវឹងស្រាដូចបងប្អូនស្មាននោះទេ ព្រោះទើបតែម៉ោងប្រាំបួន ព្រឹកប៉ុណ្ណោះ!។ 16 ហេតុការណ៍នេះកើតមាន ស្របតាមសេចក្ដីដែលព្យាការី យ៉ូអែលបានថ្លែងទុកមកថា៖ 17 "ព្រះជាម្ចាស់មានព្រះបន្ទូលថា នៅគ្រាចុងក្រោយបង្អស់ យើងនឹងយកវិញ្ញាណយើងមកចាក់បង្ហូរ លើមនុស្សលោកផងទាំងពួង។ កូនប្រុសកូនស្រីរបស់អ្នករាល់គ្នា នឹងថ្លែងព្រះបន្ទូល ពួកយុវជននឹងនិមិត្ដឃើញការអស្ចារ្យ ហើយពួកចាស់ទុំរបស់អ្នករាល់គ្នា នឹងយល់សុបិននិមិត្ដ។ 18 នៅគ្រានោះយើងពិតជាយកវិញ្ញាណយើង មកចាក់បង្ហូរលើអ្នកបំរើទាំងប្រុសទាំងស្រី របស់យើង ហើយគេនឹងថ្លែងព្រះបន្ទូល។ 19 យើងនឹងសំដែងឫទ្ធិបាដិហារិយ៍នៅលើមេឃ សំដែងទីសំគាល់ផ្សេងៗនៅលើផែនដី គឺមានឈាមមានភ្លើង និង មានកំសួលផ្សែង។ 20 ព្រះអាទិត្យនឹងប្រែទៅជាងងឹតបាត់រស្មី ព្រះចន្ទនឹងប្រែទៅជាឈាម នៅមុនថ្ងៃព្រះអម្ចាស់យាងមក គឺជាថ្ងៃដ៏រុងរឿងឧត្ដុង្គឧត្ដម 21 ពេលនោះ អ្នកណាអង្វររកព្រះនាមព្រះអម្ចាស់ អ្នកនោះនឹងទទួលការសង្គ្រោះ"។ 22 បងប្អូនអ៊ីស្រាអែលអើយ សូមស្ដាប់ពាក្យនេះចុះ! ព្រះជាម្ចាស់បានរ៉ាប់រងទទួលលោកយេស៊ូ ជាអ្នកភូមិណាសារ៉ែត នៅមុខបងប្អូនទាំងអស់គ្នា ដោយព្រះអង្គបានសំដែងការអស្ចារ្យ ឫទ្ធិបាដិហារិយ៍ និង ទីសំគាល់ផ្សេងៗ នៅកណ្ដាលចំណោមបងប្អូន តាមរយៈលោកដូចបងប្អូនជ្រាបស្រាប់ហើយ។ 23 បងប្អូនបានចាប់បញ្ជូនលោកយេស៊ូនេះទៅអោយពួកជនពាល ឥតសាសនា ឆ្កាងលោក ដូចព្រះជាម្ចាស់បានកំណត់ទុក ដោយព្រះអង្គទ្រង់ញាណជាមុន។ 24 ព្រះជាម្ចាស់បានប្រោសលោកអោយរស់ឡើងវិញ ទ្រង់ដោះលែងលោកអោយរួចពីទុក្ខលំបាកនៃសេចក្ដីស្លាប់ ព្រោះសេចក្ដីស្លាប់មិនអាចឃុំលោកទុកបានឡើយ។ 25 ព្រះបាទដាវីឌមានរាជឱង្ការអំពីលោកយេស៊ូនេះថា៖ «ទូលបង្គំបានឃើញព្រះអម្ចាស់ នៅមុខទូលបង្គំជានិច្ច ព្រោះព្រះអង្គគង់នៅខាងស្ដាំទូលបង្គំ មិនអោយទូលបង្គំត្រូវញាប់ញ័រឡើយ។ 26 ហេតុនេះហើយបានជាចិត្ដទូលបង្គំរីករាយ ទូលបង្គំពោលពាក្យដោយអំណរដ៏លើសលប់ ហើយសូម្បីតែរូបកាយរបស់ទូលបង្គំ ក៏នឹងសំរាកដោយសេចក្ដីសង្ឃឹមដែរ 27 ដ្បិតព្រះអង្គនឹងមិនបោះបង់ព្រលឹងទូលបង្គំ ចោលនៅក្នុងស្ថានមនុស្សស្លាប់ឡើយ ហើយព្រះអង្គក៏មិនបណ្ដោយអោយ សពអ្នកបំរើរបស់ព្រះអង្គត្រូវរលួយដែរ។ 28 ព្រះអង្គបានបង្ហាញអោយទូលបង្គំស្គាល់ផ្លូវ ឆ្ពោះទៅកាន់ជីវិត ព្រះអង្គនឹងប្រទានអោយទូលបង្គំ មានសុភមង្គលដ៏ពេញលេញ ដោយព្រះអង្គគង់ជាមួយទូលបង្គំ»។ 29 បងប្អូនអើយ! ខ្ញុំសូមជំរាបបងប្អូនអោយបានច្បាស់អំពីព្រះបាទដាវីឌ ជាបុព្វបុរស របស់យើងនោះថា ព្រះអង្គបានសោយទិវង្គតផុតទៅហើយ គេបានបញ្ចុះព្រះសពរបស់ព្រះអង្គ រីឯផ្នូររបស់ព្រះអង្គក៏ស្ថិតនៅជាមួយយើង រហូតដល់សព្វថ្ងៃដែរ។ 30 ដោយព្រះបាទដាវីឌជាព្យាការីមួយរូប ទ្រង់ជ្រាបថា ព្រះជាម្ចាស់បានសន្យាយ៉ាងម៉ឹងម៉ាត់ជាមួយព្រះអង្គថា នឹងប្រទានអោយព្រះរាជវង្សរបស់ទ្រង់មួយអង្គ ឡើងស្នងរាជ្យ។ 31 ព្រះបាទដាវីឌបានឈ្វេងយល់ជាមុនថា ព្រះគ្រិស្ដ មានព្រះជន្មរស់ឡើងវិញ គឺទ្រង់មានរាជឱង្ការថាព្រះជាម្ចាស់ពុំទុកព្រះគ្រិស្ដចោលនៅក្នុងស្ថានមនុស្សស្លាប់ទេ ហើយក៏មិនទុកអោយសពព្រះអង្គត្រូវរលួយដែរ។ 32 ព្រះជាម្ចាស់បានប្រោសលោកយេស៊ូនេះអោយរស់ឡើងវិញ យើងខ្ញុំទាំងអស់គ្នាជាសាក្សី។ 33 ព្រះជាម្ចាស់បានលើកលោកយេស៊ូឡើងដោយឫទ្ធិបារមី របស់ព្រះអង្គ។ លោកយេស៊ូបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធពីព្រះបិតា តាមព្រះបន្ទូលសន្យាហើយចាក់បង្ហូរព្រះវិញ្ញាណនេះមកលើយើងខ្ញុំ ដូចបងប្អូនបានឃើញបានឮស្រាប់។ 34 ព្រះបាទដាវីឌមិនបានយាងឡើងទៅស្ថានបរមសុខ ទេ តែព្រះអង្គមានរាជឱង្ការថាៈ "ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់ ព្រះអម្ចាស់របស់ខ្ញុំថា សូមគង់ខាងស្ដាំយើង 35 ទំរាំដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់ព្រះអង្គ មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ"។ 36 ហេតុនេះ សូមអោយជនជាតិអ៊ីស្រាអែលទាំងមូលដឹងជាក់ច្បាស់ថា លោកយេស៊ូនេះ ដែលបងប្អូនបានឆ្កាង ព្រះជាម្ចាស់បានតែងតាំងលោកឡើងជាព្រះអម្ចាស់ និង ជាព្រះគ្រិស្ដ ហើយ»។ 37 កាលបណ្ដាជនបានឮសេចក្ដីទាំងនេះ ពួកគេរំជួលចិត្ដជាខ្លាំង ហើយសួរលោកពេត្រុស និង សាវ័កឯទៀតៗថា៖ «បងប្អូនអើយ! តើអោយយើងខ្ញុំធ្វើដូចម្ដេច?»។ 38 លោកពេត្រុសមានប្រសាសន៍ទៅគេថា៖ «សូមបងប្អូនកែប្រែចិត្ដគំនិត ហើយម្នាក់ៗត្រូវទទួលពិធីជ្រមុជទឹក ក្នុងព្រះនាមព្រះយេស៊ូគ្រិស្ដ ទៅ ដើម្បីព្រះជាម្ចាស់លើកលែងទោសបងប្អូនអោយរួចពីបាប ហើយបងប្អូននឹងទទួលព្រះវិញ្ញាណដ៏វិសុទ្ធ ដែលជាអំណោយទានរបស់ព្រះជាម្ចាស់ 39 ដ្បិតព្រះអង្គមានព្រះបន្ទូលសន្យានេះ ចំពោះបងប្អូនទាំងអស់គ្នា ចំពោះកូនចៅរបស់បងប្អូន និង ចំពោះអស់អ្នកដែលនៅឆ្ងាយៗទាំងប៉ុន្មានដែរ តាមតែព្រះអម្ចាស់ជាព្រះរបស់យើងត្រាស់ហៅ»។ 40 លោកពេត្រុសបានពន្យល់បញ្ជាក់ និង ដាស់តឿនពួកគេ ដោយពាក្យពេចន៍ជាច្រើនទៀតគឺលោកមានប្រសាសន៍ថា៖ «សូមបងប្អូនទទួលការសង្គ្រោះ អោយរួចផុតពីមនុស្សអាក្រក់សម័យនេះ»។ 41 អស់អ្នកដែលយល់ព្រមទទួលពាក្យរបស់លោក ក៏ទទួលពិធីជ្រមុជទឹក ហើយនៅថ្ងៃនោះ មានមនុស្សប្រមាណបីពាន់នាក់ ចូលមករួមក្នុងក្រុមសិស្ស ។ 42 សិស្សទាំងនោះព្យាយាមស្ដាប់សេចក្ដីបង្រៀនរបស់ក្រុមសាវ័ក រួមរស់ជាមួយគ្នាជាបងប្អូន ធ្វើពិធីកាច់នំបុ័ង និង ព្យាយាមអធិស្ឋាន។ 43 មនុស្សម្នាកោតស្ញប់ស្ញែងគ្រប់ៗគ្នា ដ្បិតក្រុមសាវ័កបានសំដែងឫទ្ធិបាដិហារិយ៍ និង ធ្វើទីសំគាល់ផ្សេងៗជាច្រើន។ 44 អស់អ្នកដែលបានជឿលើព្រះអម្ចាស់ មានចិត្ដគំនិតតែមួយហើយយករបស់របរ ដែលខ្លួនមាន មកដាក់រួមគ្នាទាំងអស់។ 45 គេលក់ទ្រព្យសម្បត្ដិ និង អ្វីៗជារបស់ខ្លួនយកប្រាក់មកចែកគ្នាតាមសេចក្ដីត្រូវការរបស់ពួកគេម្នាក់ៗ។ 46 ជារៀងរាល់ថ្ងៃ គេរួមចិត្ដគំនិតគ្នាព្យាយាមចូលព្រះវិហារ ធ្វើពិធីកាច់នំបុ័ងនៅតាមផ្ទះព្រមទាំងបរិភោគអាហារជាមួយគ្នាយ៉ាងសប្បាយរីករាយ និង ដោយចិត្ដស្មោះសរផង។ 47 គេនាំគ្នាសរសើរតម្កើងព្រះជាម្ចាស់ ហើយប្រជាជនទាំងមូលគោរពរាប់អានពួកគេទាំងអស់គ្នា។ ព្រះអម្ចាស់បន្ថែមចំនួនអ្នកដែលព្រះអង្គបានសង្គ្រោះ មកក្នុងក្រុមរបស់គេជារៀងរាល់ថ្ងៃ។

កិច្ចការ 3

1 នៅពេលអធិស្ឋាន ម៉ោងបីរសៀលលោកពេត្រុស និង លោកយ៉ូហានបានឡើងទៅព្រះវិហារ ជាមួយគ្នា។ 2 រៀងរាល់ថ្ងៃ មានគេសែងអ្នកពិការជើងពីកំណើតម្នាក់ មកដាក់នៅខ្លោងទ្វារព្រះវិហារឈ្មោះ «ទ្វារលំអ» ដើម្បីសុំទានអស់អ្នកដែលចូលទៅក្នុងព្រះវិហារ។ 3 កាលគាត់ឃើញលោកពេត្រុស និង លោកយ៉ូហានកំពុងដើរចូលព្រះវិហារ គាត់ក៏សុំទាន។ 4 លោកពេត្រុស និង លោកយ៉ូហានសំឡឹងមើលមុខគាត់ រួចពោលថា៖ «សូមមើលមកយើង!»។ 5 គាត់ក៏ក្រឡេកមើលទៅលោកទាំងពីរ ដោយសង្ឃឹមនឹងទទួលប្រាក់។ 6 ប៉ុន្ដែ លោកពេត្រុសមានប្រសាសន៍ទៅគាត់ថា៖ «ខ្ញុំគ្មានប្រាក់ គ្មានមាសទេតែអ្វីៗដែលខ្ញុំមាន ខ្ញុំសុំជូនអ្នក ដូច្នេះ ក្នុងព្រះនាមព្រះយេស៊ូគ្រិស្ដ ជាអ្នកភូមិណាសារ៉ែត ចូរក្រោកឡើង ដើរទៅចុះ!»។ 7 លោកចាប់ដៃស្ដាំគាត់អោយក្រោកឈរឡើង។ រំពេចនោះជើងរបស់គាត់ និង សន្លាក់ឆ្អឹង ក៏ប្រែជាមាំមួន 8 គាត់ក៏ស្ទុះឈរឡើងហើយដើរបាន។ គាត់ចូលក្នុងព្រះវិហារជាមួយសាវ័កទាំងពីររូប ទាំងដើរផង លោតផង និង សរសើរតម្កើងព្រះជាម្ចាស់ផង។ 9 ប្រជាជនទាំងអស់បានឃើញគាត់ដើរ និង ឮគាត់សរសើរតម្កើងព្រះជាម្ចាស់ 10 គេស្គាល់ជាក់ថាអ្នកនោះហើយដែលតែងអង្គុយសុំទាននៅខ្លោងទ្វារព្រះវិហារ ឈ្មោះ «ទ្វារលំអ» គេក៏ភ័យស្ញប់ស្ញែង ហើយងឿងឆ្ងល់ជាខ្លាំងអំពីហេតុការណ៍ដែលកើតមានដល់គាត់។ 11 បុរសនោះនៅជាប់ជាមួយលោកពេត្រុស និង លោកយ៉ូហានជានិច្ច។ ប្រជាជនទាំងមូលភ័យស្ញប់ស្ញែងណាស់ គេរត់ទៅចោមរោមលោកទាំងពីរនៅថែវសាឡូម៉ូន។ 12 លោកពេត្រុសឃើញដូច្នោះ ក៏មានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «បងប្អូនអ៊ីស្រាអែលអើយ! ហេតុដូចម្ដេចបានជាបងប្អូនងឿងឆ្ងល់អំពីហេតុការណ៍នេះ? ហេតុដូចម្ដេចបានជាបងប្អូនសំឡឹងមើលមកយើងខ្ញុំដូច្នេះ? តើបងប្អូនស្មានថាយើងខ្ញុំបានប្រោសបុរសនេះអោយដើររួច មកពីឫទ្ធានុភាពរបស់យើងខ្ញុំផ្ទាល់ ឬ មកពីយើងខ្ញុំចេះគោរពប្រណិប័តន៍ព្រះជាម្ចាស់?។ 13 ព្រះរបស់លោកអប្រាហំា របស់លោកអ៊ីសាក និង របស់លោកយ៉ាកុប ជាព្រះនៃបុព្វបុរសរបស់យើងទាំងអស់គ្នា ទ្រង់បានប្រទានសិរីរុងរឿងមកព្រះយេស៊ូ ជាអ្នកបំរើព្រះអង្គ។ បងប្អូនបានចាប់បញ្ជូនព្រះយេស៊ូទៅអោយគេកាត់ទោស ថែមទាំងបដិសេធមិនទទួលស្គាល់ព្រះអង្គ នៅចំពោះមុខលោកពីឡាត នៅពេលដែលលោកចង់ដោះលែងព្រះអង្គទៀតផង។ 14 បងប្អូនបានបដិសេធមិនទទួលស្គាល់ព្រះដ៏វិសុទ្ធ ព្រះដ៏សុចរិត ហើយបែរជាទាមទារសុំអោយគេដោះលែងឃាតកទៅវិញ។ 15 បងប្អូនបានអោយគេធ្វើគុតម្ចាស់នៃជីវិត ប៉ុន្ដែ ព្រះជាម្ចាស់បានប្រោសអោយព្រះអង្គមានព្រះជន្មរស់ឡើងវិញ យើងខ្ញុំជាសាក្សីអំពីហេតុការណ៍នេះ។ 16 ដោយសារយើងខ្ញុំជឿលើព្រះនាមព្រះយេស៊ូ គឺព្រះនាមព្រះអង្គហ្នឹងហើយ បានធ្វើអោយបុរសដែលបងប្អូនឃើញ ហើយស្គាល់នេះមានកម្លាំងឡើងវិញ។ គាត់បានជាទាំងស្រុង ដោយសារជំនឿលើព្រះយេស៊ូ ដូចបងប្អូនឃើញស្រាប់។ 17 បងប្អូនអើយ ខ្ញុំដឹងថាបងប្អូនទាំងអស់គ្នា និង ពួកនាម៉ឺនរបស់បងប្អូនបានប្រព្រឹត្ដដូច្នោះ ទាំងមិនដឹងខ្លួន។ 18 ប៉ុន្ដែ ព្រះជាម្ចាស់បានធ្វើអោយហេតុការណ៍នេះកើតឡើង ស្របតាមសេចក្ដីដែលព្រះអង្គប្រកាសទុកជាមុន តាមរយៈព្យាការីទាំងអស់ គឺថា ព្រះគ្រិស្ដរបស់ព្រះអង្គត្រូវតែរងទុក្ខលំបាក។ 19 ហេតុនេះ សូមកែប្រែចិត្ដគំនិត ហើយវិលមករកព្រះជាម្ចាស់វិញ ដើម្បីអោយព្រះអង្គលុបបំបាត់បាបរបស់បងប្អូន។ 20 ព្រះអម្ចាស់នឹងប្រទានអោយបងប្អូនបានស្គាល់ពេលសំរាក ព្រមទាំងប្រទានព្រះគ្រិស្ដយេស៊ូមកបងប្អូន ដូចព្រះអង្គគ្រោងទុកជាមុន។ 21 ឥឡូវនេះ ព្រះយេស៊ូគ្រិស្ដគង់នៅឯស្ថានបរមសុខ រហូតដល់ព្រះជាម្ចាស់រៀបចំអ្វីៗទាំងអស់ឡើងវិញ ដូចទ្រង់មានព្រះបន្ទូលទុក តាមរយៈពួកព្យាការីដ៏វិសុទ្ធ របស់ព្រះអង្គ នៅជំនាន់ដើមស្រាប់។ 22 លោកម៉ូសេមានប្រសាសន៍ថាៈ "ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នានឹងធ្វើអោយមានព្យាការីម្នាក់ដូចខ្ញុំងើបឡើងពីចំណោមបងប្អូនអ្នករាល់គ្នា អ្នករាល់គ្នាត្រូវស្ដាប់តាមសេចក្ដីទាំងប៉ុន្មាន ដែលលោកមានប្រសាសន៍ប្រាប់។ 23 រីឯអស់អ្នកដែលមិនព្រមស្ដាប់ព្យាការីនេះ នឹងត្រូវដកចេញពីចំណោមប្រជារាស្ដ្រ"។ 24 ព្យាការីទាំងប៉ុន្មានដែលបានថ្លែងព្រះបន្ទូល គឺចាប់តាំងពីលោកសាំយូអែលរៀងមក សុទ្ធតែបានថ្លែងទុកអំពីពេលសព្វថ្ងៃនេះ។ 25 បងប្អូនហ្នឹងហើយជាកូនចៅរបស់ព្យាការី ហើយបងប្អូនក៏ចូលរួមក្នុងសម្ពន្ធមេត្រី ដែលព្រះជាម្ចាស់បានចងជាមួយបុព្វបុរស ដែរដូចព្រះអង្គមានព្រះបន្ទូលទៅកាន់លោកអប្រាហំាថា "ក្រុមគ្រួសារទាំងអស់នៅផែនដីនឹងទទួលពរ តាមរយៈពូជពង្សរបស់អ្នក"។ 26 ព្រះជាម្ចាស់បានអោយអ្នកបំរើរបស់ព្រះអង្គងើបឡើង ហើយចាត់លោកអោយមករកបងប្អូនទាំងអស់គ្នាមុនគេបង្អស់ ដើម្បីប្រទានពរដល់បងប្អូន ដោយណែនាំម្នាក់ៗអោយងាកចេញពីអំពើទុច្ចរិត»។

កិច្ចការ 4

1 លោកពេត្រុស និង លោកយ៉ូហានកំពុងតែមានប្រសាសន៍ទៅកាន់ប្រជាជននៅឡើយ ស្រាប់តែពួកបូជាចារ្យ មេកងរក្សាព្រះវិហារ និង ពួកខាងគណៈសាឌូស៊ី មកដល់។ 2 ពួកគេទាស់ចិត្ដនឹងសាវ័កបង្រៀនប្រជាជន ទាំងប្រកាសថាមនុស្សស្លាប់នឹងរស់ឡើងវិញ ដោយសំអាងលើព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ។ 3 ពួកគេនាំគ្នាចាប់សាវ័កទាំងពីររូបយកទៅឃុំ ទុករហូតដល់ថ្ងៃបន្ទាប់ ដ្បិតពេលនោះល្ងាចណាស់ហើយ។ 4 ប៉ុន្ដែ ក្នុងចំណោមអស់អ្នកដែលបានឮព្រះបន្ទូល មានមនុស្សជាច្រើនជឿ ហើយចំនួនពួកគេបានកើនឡើង ប្រមាណប្រាំពាន់នាក់។ 5 លុះស្អែកឡើង ពួកមេដឹកនាំ ពួកព្រឹទ្ធាចារ្យ និង ពួកអាចារ្យ ប្រជុំគ្នានៅក្រុងយេរូសាឡឹម 6 ជាមួយលោកមហាបូជាចារ្យ អាណលោកកៃផា លោកយ៉ូហាន លោកអលេក្សានត្រុស និង ក្រុមគ្រួសាររបស់នាយកបូជាចារ្យទាំងអស់។ 7 លោកទាំងនោះបានបញ្ជាអោយគេនាំលោកពេត្រុស និង លោកយ៉ូហានមកឈរនៅមុខអង្គប្រជុំ រួចសួរថា៖ «អ្នកបានធ្វើការនេះសំអាងលើអំណាចអ្វី? ក្នុងនាមនរណា?»។ 8 ពេលនោះ លោកពេត្រុសបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ លោកមានប្រសាសន៍ទៅគេថា៖ 9 «សូមជំរាបអស់លោកជាអ្នកដឹកនាំប្រជាជន និង អស់លោកព្រឹទ្ធាចារ្យ! ថ្ងៃនេះអស់លោកសួរចម្លើយយើងខ្ញុំ ពីអំពើល្អដែលយើងខ្ញុំសង្គ្រោះអ្នកពិការអោយបានជា តាមរបៀបណានោះ។ 10 សូមអស់លោក និង ប្រជារាស្ដ្រអ៊ីស្រាអែលទាំងមូលជ្រាបថា បុរសដែលឈរនៅមុខអស់លោកទាំងមានសុខភាពល្អនេះ បានជាដោយសារព្រះនាមព្រះយេស៊ូគ្រិស្ដ ជាអ្នកភូមិណាសារ៉ែត ដែលអស់លោកបានឆ្កាង ហើយព្រះជាម្ចាស់បានប្រោសព្រះអង្គអោយមានព្រះជន្មរស់ឡើងវិញ។ 11 ព្រះអង្គហ្នឹងហើយជា "ថ្មដែលលោកទាំងអស់គ្នាជាជាងសំណង់បោះចោល បានត្រឡប់មកជាថ្មគ្រឹះដ៏សំខាន់បំផុតវិញ"។ 12 ក្រៅពីព្រះយេស៊ូ គ្មាននរណាម្នាក់អាចសង្គ្រោះមនុស្សបានទាល់តែសោះ ដ្បិតនៅក្រោមមេឃនេះ ព្រះជាម្ចាស់ពុំបានប្រទាននាមណាមួយផ្សេងទៀតមកមនុស្ស ដើម្បីសង្គ្រោះយើងនោះឡើយ»។ 13 កាលក្រុមប្រឹក្សាជាន់ខ្ពស់ ឃើញលោកពេត្រុស និង លោកយ៉ូហាន មានចិត្ដអង់អាចដូច្នេះ គេងឿងឆ្ងល់ណាស់ ដ្បិតគេដឹងថា លោកទាំងពីរជាមនុស្សសាមញ្ញ ពុំដែលបានរៀនសូត្រ ហើយគេដឹងច្បាស់ថា លោកទាំងពីរធ្លាប់នៅជាមួយព្រះយេស៊ូ។ 14 ប៉ុន្ដែ ពួកគេរកពាក្យឆ្លើយតបវិញមិនបានសោះ ព្រោះឃើញបុរសដែលបានជានោះឈរនៅជាមួយស្រាប់។ 15 ពួកគេក៏បញ្ជាអោយលោកទាំងពីរចេញពីអង្គប្រជុំ ហើយពិគ្រោះគ្នាថា៖ 16 «តើយើងគួរធ្វើអ្វីដល់អ្នកទាំងពីរនេះ? ដ្បិតអ្នកក្រុងយេរូសាឡឹមទាំងមូលដឹងច្បាស់ថា គេធ្វើទីសំគាល់អស្ចារ្យមួយដ៏វិសេស ដែលយើងមិនអាចបដិសេធបាន។ 17 ដូច្នេះតោងយើងហាមប្រាម និង គំរាមគេ កុំអោយប្រកាសប្រាប់នរណា អំពីឈ្មោះនោះតទៅទៀតឡើយដើម្បីកុំអោយរឿងនេះលេចឮខ្ចរខ្ចាយដល់ប្រជាជន»។ 18 ក្រុមប្រឹក្សាក៏ហៅសាវ័កទាំងពីរមក ហើយហាមប្រាម មិនអោយនិយាយ និង បង្រៀនអំពីព្រះនាមព្រះយេស៊ូជាដាច់ខាត។ 19 លោកពេត្រុស និង លោកយ៉ូហាន មានប្រសាសន៍តបទៅគេវិញថា៖ «សូមអស់លោកពិចារណាមើលនៅចំពោះព្រះភ័ក្ដ្រព្រះជាម្ចាស់ គួរអោយយើងខ្ញុំធ្វើតាមបង្គាប់អស់លោក ឬ ធ្វើតាមបង្គាប់របស់ព្រះអង្គ? 20 យើងខ្ញុំឈប់និយាយអំពីហេតុការណ៍ដែលយើងខ្ញុំបានឃើញបានឮនោះពុំកើតទេ»។ 21 ក្រុមប្រឹក្សាជាន់ខ្ពស់រកហេតុ ដើម្បីដាក់ទោសលោកទាំងពីរមិនបាន ក៏គំរាមសាជាថ្មីទៀត រួចដោះលែងអោយទៅវិញ ដ្បិតប្រជាជនលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ចំពោះហេតុការណ៍ដែលកើតមាននោះគ្រប់ៗគ្នា។ 22 រីឯបុរសដែលបានជាដោយរបៀបអស្ចារ្យនោះ មានអាយុជាងសែសិបឆ្នាំហើយ។ ពួកសិស្សអធិស្ឋានទូលអង្វរ 23 ក្រោយពីបានរួចខ្លួនហើយ លោកពេត្រុស និង លោកយ៉ូហាន នាំគ្នាទៅជួបពួកបងប្អូន រៀបរាប់អំពីសេចក្ដីទាំងប៉ុន្មានដែលពួកមហាបូជាចារ្យ និង ពួកព្រឹទ្ធាចារ្យបាននិយាយ។ 24 កាលពួកគេឮដូច្នោះ គេរួមចិត្ដគំនិតគ្នា ហើយបន្លឺសំឡេងទូលព្រះជាម្ចាស់ថា៖ «បពិត្រព្រះដ៏ជាចៅហ្វាយ ព្រះអង្គបានបង្កើតផ្ទៃមេឃ ផែនដីសមុទ្រ និង អ្វីៗសព្វសារពើនៅទីនោះ 25 ព្រះអង្គមានព្រះបន្ទូល ដោយសារព្រះវិញ្ញាណដ៏វិសុទ្ធ តាមរយៈអ្នកបំរើរបស់ព្រះអង្គ គឺព្រះបាទដាវីឌ ជាបុព្វបុរស យើងខ្ញុំថា៖ "ហេតុអ្វីបានជាជាតិសាសន៍ទាំងឡាយ នាំគ្នាបង្កើតកោលាហល? ហេតុអ្វីបានជាប្រជារាស្ដ្រនានា មានគំនិតឥតខ្លឹមសារដូច្នេះ? 26 ពួកស្ដេចនៅលើផែនដី និង ពួកមេដឹកនាំពួតដៃ រួមគំនិតគ្នាប្រឆាំងនឹងព្រះអម្ចាស់ ហើយប្រឆាំងនឹងព្រះគ្រិស្ដ របស់ព្រះអង្គ"។ 27 ប្រាកដមែន! នៅក្នុងក្រុងនេះ ស្ដេចហេរ៉ូដ និង លោកប៉ុនទាស-ពីឡាត់ បានរួមគ្នាប្រឆាំងនឹងព្រះយេស៊ូជាអ្នកបំរើដ៏វិសុទ្ធ របស់ព្រះអង្គ ដែលទ្រង់បានចាក់ប្រេងអភិសេកទាំងមានសាសន៍ដទៃទៀត និង ប្រជារាស្ដ្រអ៊ីស្រាអែលសមគំនិតផង។ 28 គេនាំគ្នាប្រព្រឹត្ដដូចព្រះអង្គបានកំណត់ទុកជាមុន តាមឫទ្ធិបារមី និង តាមព្រះតំរិះរបស់ព្រះអង្គ។ 29 ឥឡូវនេះ ឱព្រះអម្ចាស់អើយ សូមជ្រាបសេចក្ដីគំរាមរបស់ពួកគេ ហើយសូមប្រោសប្រទានអោយពួកអ្នកបំរើ ព្រះអង្គថ្លែងព្រះបន្ទូលដោយចិត្ដអង់អាចមោះមុតផង 30 សូមសំដែងបារមីអោយអ្នកជំងឺបានជា អោយមានទីសំគាល់ និង ឫទ្ធិបាដិហារិយ៍កើតឡើង ក្នុងព្រះនាមព្រះយេស៊ូជាអ្នកបំរើដ៏វិសុទ្ធ របស់ព្រះអង្គ»។ 31 កាលពួកគេទូលអង្វរព្រះជាម្ចាស់ដូច្នោះរួចហើយ កន្លែងដែលគេជួបជុំគ្នានោះក៏រញ្ជួយ គេបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធទាំងអស់គ្នា ហើយនាំគ្នាថ្លែងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយចិត្ដអង់អាច។ 32 អ្នក ជឿ ទាំង អំបាលម៉ាន មាន ចិត្ដថ្លើម តែ មួយ គ្មានអ្នកណាម្នាក់នឹកគិតថា ទ្រព្យសម្បត្ដិដែលខ្លួនមានជារបស់ខ្លួនផ្ទាល់នោះឡើយ គឺគេយកមកដាក់ជាសម្បត្ដិរួម ទាំងអស់។ 33 ក្រុមសាវ័ក បានប្រកបដោយឫទ្ធានុភាពដ៏ខ្លាំងក្លា ហើយនាំគ្នាផ្ដល់ សក្ខីភាពអំពីព្រះអម្ចាស់យេស៊ូមានព្រះជន្មរស់ឡើងវិញ។ ព្រះជាម្ចាស់ទ្រង់សំដែងព្រះហឫទ័យប្រណីសន្ដោសដ៏លើសលប់ ដល់ពួកគេទាំងអស់គ្នា។ 34 ក្នុងចំណោមពួកគេគ្មាននរណាខ្វះខាតអ្វីឡើយ។ អស់អ្នកដែលមានដីធ្លី ឬ ផ្ទះសម្បែងនាំគ្នាលក់ដីធ្លី និង ផ្ទះនោះយកប្រាក់ 35 មកជូនក្រុមសាវ័ក។ បន្ទាប់មកអ្នកជឿទាំងអស់គ្នាទទួលចំណែក តាមសេចក្ដីត្រូវការរៀងៗខ្លួន។ 36 មានបុរសម្នាក់ ឈ្មោះយ៉ូស្វេ ជាពួកលេវី ស្រុកកំណើតនៅកោះគីប្រុស ក្រុមសាវ័កបានដាក់ឈ្មោះគាត់ថា បារណាបាស ប្រែថា «អ្នកលើកទឹកចិត្ដគេ»។ 37 គាត់បានលក់ចំការរបស់គាត់ ហើយយកប្រាក់មកជូនក្រុមសាវ័កដែរ។

កិច្ចការ 5

1 មានបុរសម្នាក់ឈ្មោះអាណាណាស ភរិយាឈ្មោះសាភីរ៉ា។ គាត់ក៏បានលក់ដីរបស់គាត់ដែរ 2 ហើយសមគំនិតជាមួយភរិយា ទុកប្រាក់មួយចំណែកសំរាប់ខ្លួនឯង រួចយកប្រាក់ដែលនៅសល់ទៅជូនក្រុមសាវ័ក ។ 3 លោកពេត្រុសមានប្រសាសន៍ទៅគាត់ថា៖ «អាណាណាសអើយ! ហេតុដូចម្ដេចបានជាមារ សាតាំងនៅពេញក្នុងចិត្ដអ្នក រហូតដល់ទៅកុហកព្រះវិញ្ញាណដ៏វិសុទ្ធ ហើយទុកប្រាក់ដែលលក់ដីបាននោះមួយចំណែកដូច្នេះ? 4 កាលដើមឡើយ ដីនោះជាកម្មសិទ្ធិរបស់អ្នក លុះដល់អ្នកលក់ផុតទៅ ប្រាក់ដែលបានមកនោះអ្នកអាចប្រើប្រាស់តាមចិត្ដ! ចុះហេតុដូចម្ដេចបានជាអ្នកមានគំនិតប្រព្រឹត្ដយ៉ាងហ្នឹង?។ អ្នកបានកុហកព្រះជាម្ចាស់ គឺមិនមែនកុហកមនុស្សទេ»។ 5 កាលអាណាណាសបានឮពាក្យនេះ ក៏ដួលដាច់ខ្យល់ស្លាប់ទៅ។ រីឯអស់អ្នក ដែលបានឮដំណឹងនេះ ក៏ស្ញែងខ្លាចជាខ្លាំង។ 6 ពួកយុវជននាំគ្នាមករុំសពអាណាណាស ហើយសែងយកទៅកប់។ 7 ប្រមាណជាបីម៉ោងក្រោយមក ភរិយារបស់អាណាណាសចូលមកដល់ ដោយមិនបានដឹងហេតុការណ៍ដែលកើតមាននោះឡើយ។ 8 លោកពេត្រុសសួរនាងថា៖ «សូមប្រាប់ខ្ញុំមកមើល៍តើប្ដីនាង និង នាងលក់ដីបានប្រាក់ប៉ុណ្ណេះមែនឬ?»។ នាងឆ្លើយថា៖ «ចា៎ស! បានប្រាក់ប៉ុណ្ណឹងមែន»។ 9 លោកពេត្រុសក៏មានប្រសាសន៍ទៅនាងទៀតថា៖«ហេតុដូចម្ដេចបានជាអ្នកសមគំនិតគ្នាល្បងលព្រះវិញ្ញាណរបស់ព្រះអម្ចាស់ដូច្នេះ? មើល៍ហ្ន៎! ពួកអ្នកដែលបានបញ្ចុះសពប្ដីនាង មកដល់នៅមាត់ទ្វារហើយ គេនឹងសែងនាងយកទៅដែរ»។ 10 រំពេចនោះ នាងក៏ដួលនៅទៀបជើងរបស់លោក ហើយដាច់ខ្យល់ស្លាប់ទៅ។ ពេលពួកយុវជនចូលមកឃើញនាងស្លាប់ ក៏នាំគ្នាយកសពនាងទៅបញ្ចុះ នៅក្បែរសពប្ដីរបស់នាង។ 11 ក្រុមជំនុំ ទាំងមូល និង អស់អ្នកដែលបានឮដំណឹងនេះ ស្ញែងខ្លាចជាខ្លាំង។ 12 សាវ័កបាននាំគ្នាសំដែងទីសំគាល់ដ៏អស្ចារ្យ និង ឫទ្ធិបាដិហារិយ៍ជាច្រើន នៅក្នុងចំណោមប្រជាជន។ អ្នកជឿទាំងអស់រួមចិត្ដគំនិតគ្នា គេឈរនៅតាមថែវសាឡូម៉ូន។ 13 រីឯអ្នកឯទៀតៗគ្មាននរណាហ៊ានមកចូលរួមជាមួយគេឡើយ តែប្រជាជនកោតសរសើរគេគ្រប់ៗគ្នា។ 14 បណ្ដាជនទាំងប្រុសទាំងស្រីដែលជឿលើព្រះអម្ចាស់ បានមកចូលរួមកាន់តែច្រើនឡើងៗ។ 15 មនុស្សម្នាបានសែងអ្នកជំងឺមកដាក់នៅតាមផ្លូវ អោយដេកលើគ្រែស្នែង លើកន្ទេល ប្រាថ្នាយ៉ាងហោចណាស់គ្រាន់តែអោយស្រមោលលោកពេត្រុសបាំងលើអ្នកជំងឺណាម្នាក់ នៅពេលដែលលោកដើរកាត់តាមនោះក៏បានដែរ។ 16 មានមនុស្សជាច្រើននាំគ្នាធ្វើដំណើរមកពីភូមិនានា នៅជិតក្រុងយេរូសាឡឹម ទាំងសែងអ្នកជំងឺ និង អ្នកដែលមានវិញ្ញាណអាក្រក់ចូលមកជាមួយផងអ្នកទាំងនោះបានជាគ្រប់ៗគ្នា។ 17 ពេលនោះ លោកមហាបូជាចារ្យ និង អស់អ្នកដែលនៅជាមួយលោកទាំងប៉ុន្មាន គឺពួកខាងគណៈសាឌូស៊ី មានចិត្ដក្ដៅក្រហាយជាខ្លាំង។ 18 គេលើកគ្នាមកចាប់ក្រុមសាវ័ក យកទៅឃុំឃាំងនៅពន្ធនាគារសាធារណៈ។ 19 លុះដល់យប់ មានទេវតា របស់ព្រះអម្ចាស់ មកបើកទ្វារពន្ធនាគារអោយក្រុមសាវ័កចេញទាំងពោលថា៖ 20 «សូមអញ្ជើញទៅឈរក្នុងព្រះវិហារ ហើយប្រកាសព្រះបន្ទូលទាំងអស់ដែលផ្ដល់ជីវិតនេះអោយប្រជាជនស្ដាប់ទៅ»។ 21 កាលបានឮពាក្យទេវតា ក្រុមសាវ័កនាំគ្នាចូលទៅក្នុងព្រះវិហារតាំងពីព្រលឹម ហើយបង្រៀនប្រជាជន។ លោកមហាបូជាចារ្យ និង អស់អ្នកដែលនៅជាមួយលោក កោះហៅក្រុមប្រឹក្សាជាន់ខ្ពស់ និង ព្រឹទ្ធសភានៃប្រជាជនអ៊ីស្រាអែលមកជួបជុំគ្នា រួចចាត់អ្នកយាមអោយទៅនាំក្រុមសាវ័កពីពន្ធនាគារមក។ 22 ពេលទៅដល់ទីឃុំឃាំង គេពុំឃើញក្រុមសាវ័កទេ គេនាំគ្នាវិលមកវិញ រាយការណ៍ជំរាបអង្គប្រជុំថា៖ 23 «យើងខ្ញុំឃើញទីឃុំឃាំងនៅបិទជិតល្អណាស់ ហើយពួកអ្នកយាមក៏ឈរយាមនៅខាងមុខទ្វារដែរ តែពេលយើងខ្ញុំបើកទ្វារ ពុំឃើញមាននរណាម្នាក់នៅក្នុងទីនោះសោះ»។ 24 កាលមេកងរក្សាព្រះវិហារ និង ពួកនាយកបូជាចារ្យឮដូច្នោះ គេមិនដឹងជាត្រូវគិតយ៉ាងណាអំពីក្រុមសាវ័ក និង អំពីហេតុការណ៍ដែលកើតឡើងនោះឡើយ។ 25 ពេលនោះមានម្នាក់ចូលមកជំរាបអង្គប្រជុំថា៖ «ពួកអ្នកដែលអស់លោកបានចាប់ឃុំឃាំង កំពុងតែឈរបង្រៀនប្រជាជន ក្នុងព្រះវិហារឯណោះ!»។ 26 មេកងរក្សាព្រះវិហារ ក៏នាំទាហានចេញទៅចាប់ក្រុមសាវ័កបណ្ដើរមក តែឥតមានធ្វើបាបអ្វីទេ ព្រោះគេខ្លាចប្រជាជនយកដុំថ្មគប់។ 27 លុះនាំក្រុមសាវ័កមកដល់ហើយគេក៏អោយឈរនៅមុខក្រុមប្រឹក្សាជាន់ខ្ពស់លោកមហាបូជាចារ្យសួរក្រុមសាវ័កថា៖ 28 «យើងបានហាមប្រាមអ្នករាល់គ្នាមិនអោយបង្រៀនប្រជាជនក្នុងនាមអ្នកនោះជាដាច់ខាត តែឥឡូវនេះ អ្នករាល់គ្នាបែរជាបង្រៀនគេពាសពេញក្រុងយេរូសាឡឹមទាំងមូលទៅវិញ!។ អ្នករាល់គ្នាក៏ចង់ទម្លាក់កំហុសនៃការប្រហារជីវិតបុរសនោះមកលើយើងថែមទៀតផង!»។ 29 លោកពេត្រុស និង សាវ័កឯទៀតៗឆ្លើយឡើងថា៖ «យើងខ្ញុំត្រូវស្ដាប់បង្គាប់ព្រះជាម្ចាស់ជាជាងស្ដាប់បង្គាប់មនុស្ស។ 30 ព្រះនៃបុព្វបុរសរបស់យើងទ្រង់បានប្រោសលោកយេស៊ូ ដែលអស់លោកបានសម្លាប់ ដោយព្យួរនៅលើឈើនោះ អោយមានជីវិតរស់ឡើងវិញ។ 31 ព្រះជាម្ចាស់បានលើកលោកយេស៊ូឡើង ដោយឫទ្ធិបារមីរបស់ព្រះអង្គ ហើយតែងតាំងលោកជាព្រះអង្គម្ចាស់ និង ជាព្រះសង្គ្រោះ ដើម្បីអោយប្រជារាស្ដ្រអ៊ីស្រាអែលកែប្រែចិត្ដគំនិត ហើយព្រះជាម្ចាស់លើកលែងទោសអោយរួចពីបាប ។ 32 យើងខ្ញុំជាសាក្សីអំពីហេតុការណ៍ទាំងនេះហើយព្រះវិញ្ញាណដ៏វិសុទ្ធដែលព្រះជាម្ចាស់ប្រទានដល់អស់អ្នកស្ដាប់បង្គាប់ព្រះអង្គទ្រង់ក៏ជាសាក្សីដែរ»។ 33 កាលក្រុមប្រឹក្សាជាន់ខ្ពស់ឮដូច្នេះ គេក្រេវក្រោធជាខ្លាំង ហើយចង់សម្លាប់ក្រុមសាវ័កថែមទៀតផង។ 34 ប៉ុន្ដែ មានបុរសម្នាក់ខាងគណៈផារីស៊ី ឈ្មោះកាម៉ាលាល ជាអ្នកប្រាជ្ញខាងវិន័យ ដែលប្រជាជនគោរពគ្រប់ៗគ្នា ក្រោកឈរឡើងនៅមុខក្រុមប្រឹក្សាជាន់ខ្ពស់សុំអោយគេនាំក្រុមសាវ័កចេញពីទីនោះមួយស្របក់ 35 រួចមានប្រសាសន៍ទៅកាន់អង្គប្រជុំថា៖«អស់លោកជាជនជាតិអ៊ីស្រាអែលអើយ សូមប្រយ័ត្នចំពោះអំពើដែលអស់លោកប៉ុនប៉ងនឹងធ្វើដល់អ្នកទាំងនេះ។ 36 ក្នុងពេលថ្មីៗកន្លងទៅ មានម្នាក់ឈ្មោះថឺដាស បានតាំងខ្លួនឡើងជាវរជន ហើយប្រមូលបានមនុស្សប្រមាណជាបួនរយនាក់។ ថឺដាសត្រូវគេប្រហារជីវិត រីឯពួកអ្នកដែលចូលដៃជាមួយគាត់ ក៏ត្រូវបែកខ្ញែកគ្នាអស់គ្មានសល់។ 37 បន្ទាប់មក នៅជំនាន់ដែលគេជំរឿនប្រជាជន មានយូដាសជាអ្នកស្រុកកាលីឡេ បានលើកខ្លួនឡើង បញ្ចុះបញ្ចូលមនុស្សជាច្រើនអោយទៅតាមគាត់។ យូដាសក៏ត្រូវគេប្រហារជីវិតដែរ ហើយអស់អ្នកដែលចូលដៃជាមួយគាត់ក៏បែកខ្ញែកគ្នាអស់ទៅ។ 38 ឥឡូវនេះ ខ្ញុំសូមជំរាបអស់លោកថា សូមកុំរវីរវល់នឹងអ្នកទាំងនេះទៀតធ្វើអ្វី លែងគេអោយទៅវិញទៅ។ ប្រសិនបើគំរោងការ និង កិច្ចការដែលគេចាប់ផ្ដើមធ្វើមានប្រភពចេញមកពីមនុស្ស នោះមុខជារលាយសាបសូន្យមិនខាន 39 ផ្ទុយទៅវិញ បើកិច្ចការទាំងនោះមានប្រភពចេញមកពីព្រះជាម្ចាស់ អស់លោកពុំអាចរំលាយបានឡើយ។ ហេតុនេះ សូមប្រុងប្រយ័ត្ន ក្រែងលោអស់លោកបែរជាប្រឆាំងទាស់នឹងព្រះជាម្ចាស់ទៅវិញ»។ គេយល់ស្របតាមយោបល់របស់លោកកាម៉ាលាលទាំងអស់គ្នា 40 គេក៏ហៅក្រុមសាវ័កមកវិញ ហើយបញ្ជាអោយវាយនឹងរំពាត់ ទាំងហាមប្រាមមិនអោយប្រកាសអំពីព្រះនាមព្រះយេស៊ូទៀត រួចលែងអោយត្រឡប់ទៅវិញ។ 41 ក្រុមសាវ័កចាកចេញពីក្រុមប្រឹក្សាជាន់ខ្ពស់ ទាំងអរសប្បាយ ដ្បិតព្រះជាម្ចាស់បានប្រទានអោយគេមានកិត្ដិយសរងទុក្ខទោស ព្រោះតែព្រះនាមព្រះយេស៊ូ។ 42 ជារៀងរាល់ថ្ងៃ គេតែងតែបង្រៀនប្រជាជន និង ផ្សព្វផ្សាយដំណឹងល្អ អំពីព្រះយេស៊ូគ្រិស្ដ នៅក្នុងព្រះវិហារ និង នៅតាមផ្ទះឥតឈប់ឈរឡើយ។

កិច្ចការ 6

1 នៅគ្រានោះ ចំនួនសិស្សចេះតែកើនឡើងជាលំដាប់។ ជនជាតិយូដាដែលនិយាយភាសាក្រិកនាំគ្នារអ៊ូរទំាទាស់នឹងជនជាតិយូដាដែលនិយាយភាសាហេប្រឺថា នៅពេលចែកម្ហូបអាហារប្រចាំថ្ងៃ ពួកហេប្រឺមិនសូវយកចិត្ដទុកដាក់នឹងស្ដ្រីមេម៉ាយខាងពួកខ្លួនទេ។ 2 សាវ័ក ទាំងដប់ពីររូបក៏កោះហៅពួកសិស្សទាំងអស់មក ហើយមានប្រសាសន៍ថា៖ «មិនគួរអោយយើងខ្ញុំចោលការប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅបំរើតុឡើយ។ 3 ហេតុនេះបងប្អូនអើយ សូមនាំគ្នាជ្រើសរើសយកបុរសប្រាំពីររូបក្នុងចំណោមបងប្អូនដែលជាអ្នកមានកេរ្ដិ៍ឈ្មោះល្អ ហើយពោរពេញដោយព្រះវិញ្ញាណ និង ប្រាជ្ញាឈ្លាសវៃ។ យើងខ្ញុំនឹងតែងតាំងគេអោយបំពេញមុខងារនេះ។ 4 រីឯយើងខ្ញុំវិញ យើងខ្ញុំនឹងគិតតែពីអធិស្ឋាន និង បំរើព្រះបន្ទូល។ 5 ពួកសិស្សទាំងប៉ុន្មានពេញចិត្ដនឹងសេចក្ដីស្នើនេះណាស់ គេក៏ជ្រើសយកលោកស្ទេផាន ដែលពោរពេញដោយជំនឿ និង ដោយព្រះវិញ្ញាណដ៏វិសុទ្ធ លោកភីលីព លោកប្រូខូរ៉ុស លោកនីកាន័រ លោកទីម៉ូន លោកប៉ាមេណា និង លោកនីកូឡាស ជាអ្នកស្រុកអន់ទីយ៉ូក ដែលចូលសាសនាយូដា។ 6 គេនាំអ្នកទាំងនោះមកជួបក្រុមសាវ័ក ក្រុមសាវ័កក៏នាំគ្នាអធិស្ឋាន ហើយដាក់ដៃ ពីលើអ្នកទាំងនោះ។ 7 ព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏ឮសុសសាយកាន់តែខ្លាំងឡើងៗ ចំនួនសិស្សនៅក្រុងយេរូសាឡឹមបានកើនឡើងជាច្រើនឥតគណនា ហើយមានពួកបូជាចារ្យ ដ៏ច្រើនលើសលប់សុខចិត្ដ ប្រតិបត្ដិតាមជំនឿដែរ។ 8 លោកស្ទេផានបានញេរពេញដោយព្រះគុណ និង ឫទ្ធានុភាពដែលធ្វើអោយលោកសំដែងឫទ្ធិបាដិហារិយ៍ និង ទីសំគាល់ធំៗក្នុងចំណោមប្រជាជន។ 9 មានអ្នកខ្លះជាសមាជិកសាលាប្រជុំ ដែលគេហៅថា «សាលាប្រជុំពួកអ្នកងារពីដើម» និង អ្នកខ្លះពីចំណោមអ្នកស្រុកគីរេន អ្នកស្រុកអលេក្សានទ្រា និង អ្នកខ្លះទៀតពីចំណោមអ្នកស្រុកគីលីគា និង អ្នកស្រុកអាស៊ីនាំគ្នាជជែកជាមួយលោកស្ទេផាន 10 ប៉ុន្ដែ គេពុំអាចជជែកឈ្នះលោកស្ទេផានឡើយ ព្រោះលោកមានប្រសាសន៍ប្រកបដោយប្រាជ្ញាមកពីព្រះវិញ្ញាណ។ 11 ដូច្នេះអ្នកទាំងនេះនាំគ្នាសូកមនុស្សខ្លះអោយនិយាយថា៖ «យើងខ្ញុំបានឮអ្នកនេះ ពោលពាក្យប្រមាថលោកម៉ូសេ និង ប្រមាថព្រះជាម្ចាស់»។ 12 គេបានបំបះបំបោរប្រជាជនបំបះបំបោរពួកព្រឹទ្ធាចារ្យ និង ពួកអាចារ្យ រួចមកចាប់លោកស្ទេផានបញ្ជូនទៅក្រុមប្រឹក្សាជាន់ខ្ពស់ ។ 13 គេនាំសាក្សីក្លែងក្លាយមកចោទប្រកាន់លោកថា៖ «ជននេះចេះតែនិយាយប្រឆាំងនឹងព្រះវិហារ ប្រឆាំងនឹងក្រឹត្យវិន័យ ឥតឈប់ឈរ។ 14 យើងខ្ញុំបានឮគាត់និយាយថា ឈ្មោះយេស៊ូ ជាអ្នកភូមិណាសារ៉ែត នោះនឹងរុះព្រះវិហារចោលព្រមទាំងប្ដូរប្រពៃណីដែលលោកម៉ូសេបានទុកអោយយើងខ្ញុំថែមទៀតផង»។ 15 អស់អ្នកដែលអង្គុយនៅក្នុងក្រុមប្រឹក្សាជាន់ខ្ពស់ទាំងប៉ុន្មាន សំឡឹងមើលមកលោកស្ទេផានគ្រប់ៗគ្នា ហើយឃើញមុខរបស់លោកមានទ្រង់ទ្រាយដូចមុខរបស់ទេវតា ។

កិច្ចការ 7

1 លោកមហាបូជាចារ្យមានប្រសាសន៍សួរថា៖ «តើពិតជាដូច្នេះមែនឬ?» 2 លោកស្ទេផានឆ្លើយឡើងថា៖ «សូមជំរាបអស់លោកជាបងប្អូន និង ជាឪពុក សូមជ្រាប! កាលលោកអប្រាហំា ជាបុព្វបុរស របស់យើង រស់នៅឯស្រុកមេសូប៉ូតាមា គឺមុនពេលលោកទៅនៅស្រុកខារ៉ាន ព្រះជាម្ចាស់ប្រកបដោយសិរីរុងរឿង បានមកបង្ហាញព្រះអង្គអោយលោកឃើញ 3 ហើយមានព្រះបន្ទូលថា៖"ចូរចាកចេញពីស្រុកកំណើតរបស់អ្នក ចាកចេញពីញាតិសន្ដានរបស់អ្នក រួចធ្វើដំណើរទៅកាន់ស្រុកមួយដែលយើងនឹងបង្ហាញអ្នក!"។ 4 លោកអប្រាហំាក៏ចាកចេញពីស្រុកខាល់ដេទៅរស់នៅក្នុងស្រុកខារ៉ាន។ ក្រោយពេលឪពុករបស់លោកទទួលមរណភាពផុតទៅ ព្រះជាម្ចាស់បាននាំលោកចេញពីស្រុកនោះ មកនៅស្រុកដែលអស់លោករស់នៅសព្វថ្ងៃ។ 5 នៅស្រុកនេះ ព្រះជាម្ចាស់ពុំបានប្រទានដីធ្លីអោយលោកឡើយ គឺសូម្បីតែដីល្មមនឹងដាក់បាតជើង ក៏ព្រះអង្គមិនប្រទានអោយដែរ។ ប៉ុន្ដែ ព្រះអង្គបានសន្យាថា នឹងប្រគល់ស្រុកនេះទាំងមូលមកអោយលោក និង អោយពូជពង្សរបស់លោកទៅជំនាន់ក្រោយៗផង។ ពេលនោះ លោកអប្រាហំាគ្មានកូនទេ។ 6 ព្រះជាម្ចាស់មានព្រះបន្ទូលថាៈ "ពូជពង្សរបស់អ្នកនឹងអាស្រ័យនៅលើទឹកដីបរទេស។ អ្នកស្រុកនោះនឹងយកពូជពង្សរបស់អ្នកធ្វើជាខ្ញុំបំរើ ព្រមទាំងធ្វើទុក្ខទោសគេ អស់រយៈពេលបួនរយឆ្នាំ"។ 7 ព្រះជាម្ចាស់មានព្រះបន្ទូលទៀតថា "ប៉ុន្ដែ យើងនឹងដាក់ទោសជាតិសាសន៍ដែលយកពូជពង្សរបស់អ្នកធ្វើជាខ្ញុំបំរើ។ ក្រោយមកពូជពង្សរបស់អ្នកនឹងចាកចេញពីស្រុកនោះ មកគោរពថ្វាយបង្គំយើងនៅកន្លែងនេះ"។ 8 បន្ទាប់មក ព្រះជាម្ចាស់បានប្រោសប្រទានសម្ពន្ធមេត្រី អោយលោកអប្រាហំា ដោយយកពិធីកាត់ ស្បែក ធ្វើជាសញ្ញា។ ហេតុនេះហើយបានជាលោកអ៊ីសាកកើតបានប្រាំបីថ្ងៃ លោកអប្រាហំា ជាឪពុក បានធ្វើពិធីកាត់ស្បែកអោយ។ លោកអ៊ីសាកក៏បានធ្វើពិធីកាត់ស្បែកអោយលោកយ៉ាកុប ហើយលោកយ៉ាកុបក៏បានធ្វើពិធីកាត់ស្បែកអោយបុព្វបុរស ទាំងដប់ពីររូបដែរ។ 9 ពួកបុព្វបុរស មានចិត្ដ ច្រណែន ឈ្នានីស នឹង លោកយ៉ូសែប ក៏លក់លោកអោយគេនាំយកទៅធ្វើជាខ្ញុំបំរើនៅស្រុកអេស៊ីប។ 10 ប៉ុន្ដែ ព្រះជាម្ចាស់គង់ជាមួយលោក ព្រះអង្គបានរំដោះលោកអោយរួចផុតពីទុក្ខវេទនាទាំងប៉ុន្មាន។ ព្រះអង្គប្រទានអោយលោកមានប្រាជ្ញាវាងវៃ និង គាប់ព្រះហឫទ័យព្រះចៅផារ៉ោន ជាស្ដេចស្រុកអេស៊ីប។ ព្រះចៅផារ៉ោនបានតែងតាំងលោកអោយគ្រប់គ្រងស្រុកអេស៊ីប និង ត្រួតត្រាព្រះរាជវាំងទាំងមូលផង។ 11 ពេលនោះ មានកើតទុរ្ភិក្សពេញទាំងស្រុកអេស៊ីប និង ស្រុកកាណាន បណ្ដាលអោយមានទុក្ខវេទនាជាខ្លាំង បុព្វបុរសរបស់យើងរកអ្វីបរិភោគពុំបានឡើយ។ 12 ពេលលោកយ៉ាកុបឮដំណឹងថា នៅស្រុកអេស៊ីបមានស្រូវលោកក៏ចាត់ពួកបុព្វបុរសរបស់យើង អោយទៅស្រុកនោះជាលើកទីមួយ។ 13 នៅលើកទីពីរ លោកយ៉ូសែបបានប្រាប់អោយបងប្អូនរបស់លោក ស្គាល់លោក ហើយព្រះចៅផារ៉ោនក៏បានជ្រាបអំពីដើមកំណើតរបស់លោកយ៉ូសែបដែរ។ 14 បន្ទាប់មក លោកយ៉ូសែបបានចាត់គេអោយទៅអញ្ជើញលោកយ៉ាកុបជាឪពុក និង ញាតិសន្ដានទាំងអស់ ដែលមានគ្នាចិតសិបប្រាំនាក់នោះមក។ 15 លោកយ៉ាកុបក៏ចុះទៅស្រុកអេស៊ីប ហើយលោកទទួលមរណភាពទៅ ពួកបុព្វបុរសក៏ទទួលមរណភាពនៅស្រុកនោះដែរ។ 16 គេបានដឹកសពលោកយ៉ាកុប និង សពពួកបុព្វបុរសមកបញ្ចុះនៅភូមិស៊ីគែមក្នុងផ្នូរដែលលោកអប្រាហំាបានទិញពីកូនរបស់លោកហេម័រ នៅភូមិស៊ីគែមនោះ។ 17 លុះជិតដល់ពេលព្រះជាម្ចាស់ត្រូវបំពេញតាមព្រះបន្ទូលដែលព្រះអង្គសន្យាជាមួយលោកអប្រាហំាជនជាតិរបស់យើងបានកើនចំនួនកាន់តែច្រើនឡើងៗនៅស្រុកអេស៊ីប។ 18 បន្ទាប់មក មានស្ដេចថ្មី ឡើងគ្រងរាជ្យនៅស្រុកអេស៊ីប តែទ្រង់មិនស្គាល់លោកយ៉ូសែបទេ។ 19 ស្ដេចថ្មីនោះបានប្រើល្បិចអាក្រក់មកលើពូជសាសន៍យើង គឺទ្រង់បានធ្វើបាបបុព្វបុរសរបស់យើងរហូតដល់បង្ខំពួកគាត់អោយយកទារកតូចៗរបស់ខ្លួនទៅបំបរបង់ចោល ដើម្បីកុំអោយមានជីវិតរស់តទៅមុខទៀត។ 20 លោកម៉ូសេបានកើតនៅជំនាន់នោះហើយលោកជាទារកមួយដ៏ស្អាត ជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់។ ឪពុកម្ដាយបានចិញ្ចឹមលោកនៅក្នុងផ្ទះអស់រយៈពេលបីខែ។ 21 កាលគេបំបរបង់លោកចោល បុត្រីរបស់ស្ដេចផារ៉ោនបានរើសលោកយកមកចិញ្ចឹមបីបាច់ថែរក្សា ធ្វើជាកូន។ 22 លោកម៉ូសេបានទទួលការអប់រំ តាមចំណេះវិជ្ជាទាំងប៉ុន្មានរបស់ជនជាតិអេស៊ីប លោកមានសំនួនវោហារពូកែ ហើយប៉ិនប្រសប់ធ្វើកិច្ចការផ្សេងៗផង។ 23 លុះដល់លោកមានអាយុគំរប់សែសិបឆ្នាំ លោកក៏បានសំរេចចិត្ដទៅសួរសុខទុក្ខជនជាតិអ៊ីស្រាអែល ជាបងប្អូនរួមជាតិរបស់លោក។ 24 លោកបានឃើញជនរួមជាតិរបស់លោកម្នាក់ត្រូវគេធ្វើបាប លោកក៏ចេញមុខការពារ ហើយសងសឹកជំនួសអ្នកដែលត្រូវគេធ្វើបាប ដោយវាយសម្លាប់ជនជាតិអេស៊ីបនោះទៅ។ 25 លោកនឹកស្មានថា បងប្អូនរួមជាតិរបស់លោកមុខជាយល់ថា ព្រះជាម្ចាស់នឹងសង្គ្រោះពួកគេតាមរយៈលោកប៉ុន្ដែ ពួកគេពុំបានយល់ដូច្នោះឡើយ។ 26 នៅថ្ងៃបន្ទាប់លោកម៉ូសេបានប្រទះឃើញជនជាតិអ៊ីស្រាអែលខ្លះកំពុងវាយគ្នា លោកក៏មានប្រសាសន៍សំរុះសំរួលគេថាៈ "អ្នករាល់គ្នាជាបងប្អូននឹងគ្នា ហេតុដូចម្ដេចបានជាធ្វើបាបគ្នាឯងដូច្នេះ?"។ 27 ម្នាក់ដែលធ្វើបាបបងប្អូនបានច្រានលោកម៉ូសេចេញទាំងពោលថាៈ "នរណាបានតាំងអ្នកអោយធ្វើជាមេដឹកនាំ និង ជាចៅក្រមពីលើយើង? 28 តើអ្នកចង់សម្លាប់ខ្ញុំដូចអ្នកបានសម្លាប់អេស៊ីបម្នាក់ពីម្សិលមិញនោះដែរឬ?"។ 29 កាលលោកម៉ូសេឮពាក្យនេះ លោកក៏ភៀសខ្លួនទៅនៅស្រុកម៉ាឌាន។ នៅស្រុកនោះ លោកបានកូនប្រុសពីរនាក់។ 30 សែសិបឆ្នាំកន្លងមកទៀត មានទេវតា មួយរូបបានបង្ហាញខ្លួនអោយលោកឃើញ នៅវាលរហោស្ថានភ្នំស៊ីណៃ ក្នុងអណ្ដាតភ្លើងដែលកំពុងឆេះនៅគុម្ពោតមួយ។ 31 លោកម៉ូសេងឿងឆ្ងល់ ចំពោះហេតុដ៏អស្ចារ្យដែលលោកឃើញនោះណាស់។ ពេលលោកចូលទៅជិត ដើម្បីពិនិត្យមើល លោកបានឮព្រះសូរសៀងរបស់ព្រះអម្ចាស់ថាៈ 32 "យើងជាព្រះនៃបុព្វបុរសរបស់អ្នកគឺជាព្រះរបស់អប្រាហំា ព្រះរបស់អ៊ីសាក និង ព្រះរបស់យ៉ាកុប"។ លោកម៉ូសេភ័យញ័រជាខ្លាំង ពុំហ៊ានសំឡឹងមើលទេ។ 33 ព្រះអម្ចាស់មានព្រះបន្ទូលមកលោកថាៈ "ចូរដោះស្បែកជើងចេញ ដ្បិតកន្លែងដែលអ្នក ឈរនេះជាកន្លែងដ៏វិសុទ្ធ ។ 34 យើងបានឃើញប្រជារាស្ដ្ររបស់យើងរងទុក្ខលំបាកនៅស្រុកអេស៊ីប យើងក៏បានឮសំរែកសោកសៅរបស់គេដែរ យើងចុះមកនេះ ដើម្បីរំដោះពួកគេ។ ចូរមក! យើងនឹងចាត់ អ្នកអោយទៅស្រុកអេស៊ីបឥឡូវនេះ"។ 35 ជនជាតិអ៊ីស្រាអែល បានបដិសេធមិនទទួលស្គាល់លោកម៉ូសេនេះទេ ដោយពោលថា"នរណាបានតាំងអ្នកអោយធ្វើជាមេដឹកនាំ និង ជាចៅក្រមលើយើង?"។ ក៏ប៉ុន្ដែ ព្រះជាម្ចាស់បានចាត់លោកអោយទៅ ក្នុងឋានៈជាមេដឹកនាំ និង ជាអ្នករំដោះ ដោយមានជំនួយពីទេវតាដែលបានបង្ហាញខ្លួនអោយលោកឃើញក្នុងគុម្ពោត។ 36 គឺលោកម៉ូសេនេះហើយ ដែលបានដឹកនាំជនជាតិអ៊ីស្រាអែលចេញមក ទាំងសំដែងឫទ្ធិបាដិហារិយ៍ និង ទីសំគាល់ដ៏អស្ចារ្យ នៅស្រុកអេស៊ីប នៅសមុទ្រក្រហម និង នៅវាលរហោស្ថាន អស់រយៈពេលសែសិបឆ្នាំផង។ 37 លោកម៉ូសេនេះហើយ ដែលមានប្រសាសន៍ទៅកាន់ជនជាតិអ៊ីស្រាអែលថាៈ "ព្រះជាម្ចាស់នឹងធ្វើអោយមានព្យាការីម្នាក់ដូចខ្ញុំ ងើបឡើងពីចំណោមបងប្អូនរបស់អ្នករាល់គ្នា"។ 38 កាលជនជាតិអ៊ីស្រាអែលនៅជួបជុំគ្នាក្នុងវាលរហោស្ថាន គឺលោកម៉ូសេនេះហើយ ដែលនៅជាមួយទេវតាផង នៅជាមួយបុព្វបុរសផង។ ទេវតាបានថ្លែងព្រះបន្ទូលមកលោក នៅលើភ្នំស៊ីណៃ ហើយលោកបានទទួលព្រះបន្ទូលដែលផ្ដល់ជីវិត យកមកប្រគល់អោយយើងទាំងអស់គ្នា។ 39 បុព្វបុរសរបស់យើងមិនព្រមស្ដាប់បង្គាប់លោកទេ គឺគេបែរជានាំគ្នាជំទាស់នឹងលោក ហើយមានចិត្ដចង់វិលត្រឡប់ទៅស្រុកអេស៊ីបវិញ 40 ដោយពោលទៅកាន់លោកអើរ៉ុនថាៈ"សូមលោកឆ្លាក់រូបចម្លាក់ផ្សេងៗធ្វើជាព្រះដឹកនាំយើងដ្បិតលោកម៉ូសេ ដែលបាននាំយើងចេញពីស្រុកអេស៊ីបមកនោះ យើងមិនដឹងលោកទៅជា យ៉ាងណាហើយទេ!"។ 41 នៅគ្រានោះ គេក៏បានឆ្លាក់រូបកូនគោមួយ ហើយយកយញ្ញបូជាមកថ្វាយរូប ចម្លាក់នោះរួចនាំគ្នាសប្បាយរីករាយចំពោះវត្ថុដែលជាស្នាដៃរបស់ខ្លួន។ 42 ពេលនោះ ព្រះជាម្ចាស់ឈប់រវីរវល់នឹងគេទ្រង់បណ្ដោយគេអោយគោរពថ្វាយបង្គំផ្កាយទាំងឡាយនៅលើមេឃ ស្របនឹងសេចក្ដីដែលមានចែងទុកក្នុងគម្ពីរព្យាការីថាៈ "ប្រជារាស្ដ្រអ៊ីស្រាអែលអើយ! ក្នុងអំឡុងពេលសែសិបឆ្នាំនៅវាលរហោស្ថាន តើអ្នករាល់គ្នាដែលបានយកសត្វ ឬ យញ្ញបូជាអ្វីមកអោយយើងឬទេ?។ 43 អ្នករាល់គ្នាបានសែងខ្ទមរបស់ព្រះម៉ូឡុក និង សែងរូបផ្កាយតំណាងព្រះរេមផាន់ របស់អ្នករាល់គ្នា។ រូបសំណាកអស់ទាំងនេះអ្នករាល់គ្នាបានឆ្លាក់ ដើម្បីយកមកថ្វាយបង្គំ!។ ដូច្នេះយើងនឹងកៀរអ្នករាល់គ្នាយកទៅឆ្ងាយ ហួសស្រុកបាប៊ីឡូនទៅទៀត"។ 44 នៅវាលរហោស្ថាន បុព្វបុរសរបស់យើងមានព្រះពន្លា របស់ព្រះជាម្ចាស់សង់ឡើង ស្របតាមព្រះបន្ទូលដែលព្រះជាម្ចាស់បានបង្គាប់មកលោកម៉ូសេ គឺតាមគំរូដែលលោកបានឃើញ។ 45 បុព្វបុរសរបស់យើងបានទទួលព្រះពន្លាតៗគ្នា ហើយសែងចូលទៅក្នុងទឹកដីដែលរឹបយកពីជាតិសាសន៍នានា ក្រោមការដឹកនាំរបស់លោកយ៉ូស្វេគឺជាជាតិសាសន៍ដែលព្រះជាម្ចាស់បានដេញចេញពីមុខពួកគេ។ ព្រះពន្លានេះនៅគង់វង្សរហូតដល់ជំនាន់ព្រះបាទដាវីឌ។ 46 ព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងព្រះបាទដាវីឌ ព្រះបាទដាវីឌក៏បានទូលសូមអនុញ្ញាតពីព្រះអង្គ រកព្រះដំណាក់មួយថ្វាយព្រះរបស់លោកយ៉ាកុប 47 តែព្រះបាទសាឡូម៉ូនឯណោះវិញទេ ដែលបានសង់ព្រះដំណាក់នោះ។ 48 ព្រះដ៏ខ្ពង់ខ្ពស់បំផុតមិនគង់នៅក្នុងដំណាក់ដែលសង់ឡើងដោយដៃមនុស្សឡើយ ដូចព្យាការី បានថ្លែងទុកមកស្រាប់ថាៈ 49 "ផ្ទៃមេឃជាបល្ល័ង្ករបស់យើង ហើយផែនដីក៏ជាកំណល់ទ្រជើងយើងដែរ"។ ព្រះអម្ចាស់មានព្រះបន្ទូលថាៈ "តើអ្នករាល់គ្នានឹងសង់ដំណាក់បែបណា អោយយើងបាន? តើកន្លែងដែលយើងនឹងសំរាកនោះនៅឯណា? 50 គឺយើងទេតើដែលបានបង្កើត អ្វីៗទាំងនោះមក!"។ 51 អស់លោកចិត្ដរឹងរូសអើយ! អស់លោកមានចិត្ដមានត្រចៀកដូចសាសន៍ដទៃ ចេះតែជំទាស់ប្រឆាំងនឹងព្រះវិញ្ញាណដ៏វិសុទ្ធជានិច្ច គឺមិនខុសពីបុព្វបុរសរបស់អស់លោកទេ! 52 គ្មានព្យាការីណាម្នាក់ ដែលបុព្វបុរសរបស់អស់លោកមិនបានបៀតបៀននោះឡើយ។ បុព្វបុរសរបស់អស់លោកបានសម្លាប់អស់អ្នកដែលប្រកាសទុកជាមុនថា ព្រះដ៏សុចរិតនឹងយាងមក។ ឥឡូវនេះ អស់លោកបានចាប់ព្រះអង្គនោះបញ្ជូនទៅអោយគេ ហើយអស់លោកធ្វើគុតព្រះអង្គថែមទៀតផង។ 53 អស់លោកបានទទួលក្រឹត្យវិន័យ តាមរយៈទេវតាតែអស់លោកពុំបានប្រព្រឹត្ដតាមសោះ!»។ 54 កាលសមាជិកក្រុមប្រឹក្សាជាន់ខ្ពស់ឮដូច្នោះ គេក្រេវក្រោធជាខ្លាំងគេសង្កៀតធ្មេញដាក់លោកស្ទេផាន។ 55 រីឯលោកស្ទេផានវិញ លោកបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ លោកសំឡឹងមើលទៅលើមេឃ ឃើញសិរីរុងរឿងរបស់ព្រះជាម្ចាស់ និង ឃើញព្រះយេស៊ូឈរនៅខាងស្ដាំព្រះអង្គ។ 56 លោកមានប្រសាសន៍ថា៖ «មើលហ្ន៎!ខ្ញុំឃើញផ្ទៃមេឃបើកចំហ និង ឃើញបុត្រមនុស្ស ឈរនៅខាងស្ដាំព្រះជាម្ចាស់»។ 57 ពួកគេស្រែកឡើងយ៉ាងខ្លាំងទាំងយកដៃខ្ទប់ត្រចៀក ហើយនាំគ្នាស្ទុះទៅសង្គ្រុបពីលើលោក។ 58 គេបណ្ដេញលោកចេញពីទីក្រុង រួចយកដុំថ្មគប់សម្លាប់លោក។ ពួកអ្នកដែលជាសាក្សី បានយកសម្លៀកបំពាក់របស់ខ្លួនទៅទុក នៅក្បែរជើងយុវជនម្នាក់ឈ្មោះ សូល។ 59 នៅពេលគេគប់ដុំថ្មសម្លាប់នោះលោកស្ទេផានទូលអង្វរថា៖ «ព្រះអម្ចាស់យេស៊ូអើយសូមទទួលវិញ្ញាណរបស់ទូលបង្គំផង!»។ 60 បន្ទាប់មកលោកលុតជង្គង់ចុះ ហើយបន្លឺសំឡេងខ្លាំងៗថា៖ «ព្រះអម្ចាស់អើយ! សូមកុំប្រកាន់ទោសគេ ព្រោះតែអំពើបាបនេះធ្វើអ្វី»។ កាលបានទូលដូច្នោះហើយ លោកក៏ផុតដង្ហើមទៅ។

កិច្ចការ 8

1 លោកសូលបានយល់ស្របនឹងការសម្លាប់លោកស្ទេផានដែរ។ នៅថ្ងៃនោះ ក្រុមជំនុំ នៅក្រុងយេរូសាឡឹម ត្រូវគេបៀតបៀនជាខ្លាំង។ អ្នកជឿទាំងប៉ុន្មាន លើកលែងតែក្រុមសាវ័កចេញ បានបែកខ្ញែកគ្នាពាសពេញស្រុកយូដា និង ស្រុកសាម៉ារី។ 2 អស់អ្នកដែលគោរពប្រណិប័តន៍ព្រះជាម្ចាស់បាននាំគ្នាបញ្ចុះសពលោកស្ទេផាន និង យំសោកយ៉ាងខ្លាំងទៀតផង។ 3 រីឯលោកសូលវិញ លោកខំប្រឹងរំលាយក្រុមជំនុំដោយចូលពីផ្ទះមួយ ទៅផ្ទះមួយ ចាប់ពួកអ្នកជឿ ទាំងប្រុសទាំងស្រីយកទៅឃុំឃាំង។ 4 ពួកសិស្ស ដែលបែកខ្ញែកគ្នានោះ បានធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ ទាំងផ្សព្វផ្សាយដំណឹងល្អ អំពីព្រះបន្ទូល។ 5 លោកភីលីពបានធ្វើដំណើរទៅក្រុងមួយនៅស្រុកសាម៉ារី ហើយប្រកាសប្រាប់អ្នកក្រុងអំពីព្រះគ្រិស្ដ ។ 6 មហាជនរួមចិត្ដគំនិតគ្នាពេញចិត្ដនឹងពាក្យសំដីរបស់លោកភីលីព ព្រោះគេបានឮលោកមានប្រសាសន៍ និង បានឃើញទីសំគាល់ដ៏អស្ចារ្យ ដែលលោកបានធ្វើ 7 គឺមានវិញ្ញាណអាក្រក់ចេញពីមនុស្សជាច្រើនទាំងស្រែកខ្លាំងៗ និង មានមនុស្សខ្វិន មនុស្សស្លាប់ដៃជើងជាច្រើនបានជា។ 8 ប្រជាជននៅក្រុងនោះ មានអំណរសប្បាយដ៏លើសលប់។ 9 មានបុរសម្នាក់ ឈ្មោះស៊ីម៉ូន រស់នៅក្នុងក្រុងនោះតាំងពីមុនលោកភីលីពមកដល់ម៉្លេះ។ គាត់ជាគ្រូមន្ដអាគម ធ្វើអោយប្រជាជននៅស្រុកសាម៉ារីស្ងើចសរសើរគាត់ជាខ្លាំង ហើយគាត់អួតខ្លួនថាគាត់ជាអ្នកធំមួយរូប។ 10 ប្រជាជនទាំងតូចទាំងធំពេញចិត្ដនឹងគាត់គ្រប់ៗគ្នាគេពោលថា៖ «លោកនេះហើយជាឫទ្ធានុភាពរបស់ព្រះជាម្ចាស់ដែលជាឫទ្ធានុភាពដ៏ឧត្ដុង្គឧត្ដម»។ 11 ប្រជាជនពេញចិត្ដនឹងគាត់ដូច្នេះ ព្រោះគាត់បានសំដែងមន្ដអាគមអោយគេស្ងើចសរសើរអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ 12 កាលគេជឿដំណឹងល្អ អំពីព្រះរាជ្យ របស់ព្រះជាម្ចាស់ និង អំពីព្រះនាមព្រះយេស៊ូគ្រិស្ដ ដែលលោកភីលីពប្រកាសប្រាប់ គេក៏ទទួលពិធីជ្រមុជទឹក ទាំងប្រុស ទាំងស្រី។ 13 លោកស៊ីម៉ូនផ្ទាល់ក៏បានជឿដែរ ថែមទាំងបានទទួលពិធីជ្រមុជទឹកទៀតផង ហើយគាត់នៅជាប់នឹងលោកភីលីពជានិច្ច។ កាលគាត់បានឃើញទីសំគាល់ និង ការអស្ចារ្យដ៏ធំៗដែលកើតមាននៅពេលនោះ គាត់ក៏ស្ងើចសរសើរយ៉ាងខ្លាំង។ 14 ក្រុមសាវ័ក នៅក្រុងយេរូសាឡឹម បានឮដំណឹងថា អ្នកស្រុកសាម៉ារីនាំគ្នាទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់ ក៏ចាត់លោកពេត្រុស និង លោកយ៉ូហានអោយទៅជួបអ្នកទាំងនោះ។ 15 លុះទៅដល់ស្រុកសាម៉ារី សាវ័ក ទាំងពីរក៏ទូលអង្វរព្រះជាម្ចាស់ សុំអោយពួកអ្នកជឿបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធ 16 ដ្បិតព្រះវិញ្ញាណពុំទាន់យាងចុះមកសណ្ឋិតលើអ្នកណាម្នាក់ ក្នុងចំណោមពួកគេនៅឡើយទេ គឺគេគ្រាន់តែបានទទួលពិធីជ្រមុជទឹក ក្នុងព្រះនាមព្រះអម្ចាស់យេស៊ូប៉ុណ្ណោះ។ 17 ពេលនោះលោកពេត្រុស និង លោកយ៉ូហានបានដាក់ដៃ លើគេ ហើយគេក៏បានទទួលព្រះវិញ្ញាណដ៏វិសុទ្ធ។ 18 កាលលោកស៊ីម៉ូនឃើញថា ព្រះជាម្ចាស់ប្រទានព្រះវិញ្ញាណមកអ្នកជឿ ដោយសាវ័ក ដាក់ដៃលើដូច្នោះ គាត់ក៏យកប្រាក់មកជូនសាវ័កទាំងពីរ ហើយពោលថា៖ 19 «សូមលោកប្រគល់អោយខ្ញុំមានអំណាចនេះផង ដើម្បីអោយខ្ញុំដាក់ដៃលើអ្នកណា អ្នកនោះនឹងបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធដែរ»។ 20 លោកពេត្រុសតបទៅគាត់វិញថា៖«ចូរអោយប្រាក់របស់អ្នកវិនាសអន្ដរាយជាមួយអ្នកទៅ អ្នកនឹកស្មានថា អាចយកប្រាក់មកទិញព្រះអំណោយទានរបស់ព្រះជាម្ចាស់បាន! 21 អ្នកគ្មានចំណែក គ្មានសិទ្ធិអ្វីក្នុងកិច្ចការនេះឡើយ ដ្បិតចិត្ដរបស់អ្នកមិនទៀងត្រង់ចំពោះព្រះជាម្ចាស់ទាល់តែសោះ។ 22 ចូរលះបង់ចិត្ដគំនិតអាក្រក់ចោលទៅ ហើយទូលអង្វរព្រះអម្ចាស់ ក្រែងលោព្រះអង្គលើកលែងទោសអោយអ្នកដែលមានចិត្ដបែបនេះ 23 ដ្បិតខ្ញុំឃើញថាអ្នកមានចិត្ដខ្មៅហើយក៏នៅជាប់ចំណងអំពើទុច្ចរិតដែរ»។ 24 លោកស៊ីម៉ូនតបទៅវិញថា៖«សូមលោកទូលអង្វរព្រះអម្ចាស់អោយខ្ញុំផង ដើម្បីកុំអោយមានហេតុអាក្រក់ណាមួយកើតឡើងចំពោះរូបខ្ញុំ ដូចលោកមានប្រសាសន៍នោះឡើយ»។ 25 ក្រោយពីបានផ្ដល់សក្ខីភាព និង ប្រកាសព្រះបន្ទូលរបស់ព្រះអម្ចាស់រួចហើយ សាវ័កទាំងពីររូបក៏វិល ត្រឡប់ទៅក្រុងយេរូសាឡឹមវិញ ទាំងផ្សព្វផ្សាយដំណឹងល្អក្នុងភូមិជាច្រើន នៅស្រុកសាម៉ារីផង។ 26 ទេវតា របស់ព្រះអម្ចាស់ពោលមកកាន់លោកភីលីពថា៖ «សូមក្រោកឡើង ធ្វើដំណើរឆ្ពោះទៅទិសខាងត្បូង តាមផ្លូវចុះពីក្រុងយេរូសាឡឹមទៅក្រុងកាសាជាផ្លូវស្ងាត់នោះទៅ»។ លោកភីលីពក៏ក្រោក ឡើងចេញដំណើរទៅ។ 27 នៅតាមផ្លូវ មានជនជាតិអេត្យូពីមួយរូបជាមនុស្សកម្រៀវ លោកជាមន្ដ្រីជាន់ខ្ពស់របស់មហាក្សត្រិយានីកានដេស ដែលគ្រងរាជ្យនៅស្រុកអេត្យូពី ហើយលោកជាអ្នកកាន់កាប់ព្រះរាជទ្រព្យទាំងប៉ុន្មាន។ លោកបានមកថ្វាយបង្គំព្រះជាម្ចាស់នៅក្រុងយេរូសាឡឹម 28 ហើយធ្វើដំណើរវិលត្រឡប់ទៅវិញ ដោយជិះរទេះសេះទាំងអានគម្ពីរព្យាការី អេសាយផង។ 29 ព្រះវិញ្ញាណមានព្រះបន្ទូលមកលោកភីលីពថា៖ «ចូរទៅមុខ រួចចូលទៅជិតរទេះសេះនោះទៅ»។ 30 លោកភីលីពក៏រត់ទៅមុខ ហើយឮមន្ដ្រីអេត្យូពីអានគម្ពីរព្យាការីអេសាយលោកភីលីពសួរមន្ដ្រីនោះថា៖ «តើលោកយល់សេចក្ដីដែលលោកកំពុងតែអាននេះឬទេ?»។ 31 លោកមន្ដ្រីតបមកវិញថា៖«ធ្វើម្ដេចអោយខ្ញុំយល់បាន បើគ្មាននរណាពន្យល់ណែនាំសោះនោះ!»។ លោកក៏អញ្ជើញលោកភីលីពឡើងជិះរទេះសេះជាមួយ។ 32 រីឯអត្ថបទគម្ពីរដែលលោកកំពុងអាននោះគឺ៖ "លោកត្រូវគេនាំយកទៅដូចជាចៀម ដែលគេនាំទៅសម្លាប់ លោកពុំបានហើបមាត់ទាល់តែសោះ គឺប្រៀបដូចជាកូនចៀមដែលស្ងៀមស្ងាត់ នៅមុខអ្នកកាត់រោម។ 33 លោកត្រូវគេបន្ទាបបន្ថោក ហើយគេមិនរកយុត្ដិធម៌ជូនលោកឡើយ។ គ្មាននរណាអាចតំណាលអំពីពូជពង្ស របស់លោកបានទេ ព្រោះគេបានដកជីវិតរបស់លោក ចេញពីផែនដីនេះបាត់ទៅហើយ"។ 34 មន្ដ្រីនោះសួរលោកភីលីពថា៖«សូមប្រាប់ខ្ញុំផងតើព្យាការី មានប្រសាសន៍ដូច្នេះ សំដៅលើអ្នកណា? តើលោកមានប្រសាសន៍អំពីខ្លួនលោកផ្ទាល់ ឬ មានប្រសាសន៍អំពីអ្នកណាម្នាក់ផ្សេងទៀត?»។ 35 លោកភីលីពក៏ជំរាបជូនដំណឹងល្អអំពីព្រះយេស៊ូប្រាប់លោក ដោយចាប់ផ្ដើមពីអត្ថបទគម្ពីរនោះទៅ។ 36 លោកទាំងពីរចេះតែបន្ដដំណើរទៅមុខ។ លុះដល់កន្លែងមួយមានទឹក លោកមន្ដ្រីមានប្រសាសន៍ថា៖ «ទីនេះមានទឹកតើមានអ្វីឃាត់ខ្ញុំ មិនអោយទទួលពិធីជ្រមុជទឹក!»។ 37 លោកភីលីពមានប្រសាសន៍ទៅលោកមន្ដ្រីថា៖ «បើលោកជឿយ៉ាងស្មោះអស់ពីចិត្ដនោះ លោកអាចទទួលពិធីជ្រមុជទឹកបាន»។ លោកមន្ដ្រីឆ្លើយវិញថា៖ «ខ្ញុំជឿហើយថា ព្រះយេស៊ូគ្រិស្ដជាព្រះបុត្រារបស់ព្រះជាម្ចាស់»។ 38 លោកបញ្ជា អោយគេបញ្ឈប់រទេះសេះ។ លោកមន្ដ្រី និង លោកភីលីពចុះទៅក្នុងទឹកទាំងពីរនាក់ ហើយលោកភីលីពក៏ជ្រមុជទឹកជូនមន្ដ្រីនោះ។ 39 កាលលោកទាំងពីរឡើងពីទឹកមកវិញ ព្រះវិញ្ញាណនៃព្រះអម្ចាស់បានលើកលោកភីលីពយកចេញបាត់ទៅ លោកមន្ដ្រីលែងឃើញលោកភីលីពទៀតហើយ។ លោកមន្ដ្រីបន្ដដំណើរទៅមុខដោយចិត្ដត្រេកអរសប្បាយ។ 40 រីឯលោកភីលីព គេបែរជាឃើញលោកនៅឯក្រុងអាសូតឯណោះ។ បន្ទាប់មក លោកធ្វើដំណើរពីក្រុងមួយទៅក្រុងមួយទាំងផ្សព្វផ្សាយដំណឹងល្អ រហូតទៅដល់ក្រុងសេសារា។

កិច្ចការ 9

1 នៅពេលនោះ លោកសូលគិតតែពីគំរាម កំហែង និង សម្លាប់សិស្ស របស់ព្រះអម្ចាស់ជានិច្ច។ គាត់ទៅជួបលោកមហាបូជាចារ្យ 2 សុំលិខិតអនុញ្ញាតចូលទៅក្នុងសាលាប្រជុំនានានៅក្រុងដាម៉ាសក្រែងរកឃើញអ្នកខ្លះនៅទីនោះ ដែលដើរតាមមាគ៌ារបស់ព្រះអម្ចាស់ ទោះជាប្រុស ឬ ស្ដ្រីក្ដី គាត់នឹងចាប់ចងនាំយកមកក្រុងយេរូសាឡឹម។ 3 ពេលគាត់ធ្វើដំណើរទៅជិតដល់ក្រុងដាម៉ាសហើយ ស្រាប់តែមានពន្លឺមួយចាំងពីផ្ទៃមេឃមកជុំវិញគាត់។ 4 គាត់ក៏ដួលហើយឮសូរសំឡេងមួយពោលមកគាត់ថា៖ «សូលអើយសូល! ហេតុដូចម្ដេចបានជាអ្នកបៀតបៀនខ្ញុំ?»។ 5 លោកសូលសួរវិញថា៖ «លោកម្ចាស់អើយ! តើលោកជានរណា?»។ សំឡេងនោះក៏ឆ្លើយឡើងថា៖ «ខ្ញុំជាយេស៊ូដែលអ្នកកំពុងតែបៀតបៀន។ 6 ចូរក្រោកឡើង ហើយចូលទៅក្នុងទីក្រុង នៅទីនោះនឹងមានគេប្រាប់អ្នកថាត្រូវធ្វើអ្វីខ្លះ»។ 7 រីឯអស់អ្នកដែលធ្វើដំណើរជាមួយលោកសូលនាំគ្នាឈប់ គេនៅស្ងៀម រកនិយាយអ្វីមិនកើត ព្រោះគេបានឮសំឡេង តែពុំឃើញមាននរណាឡើយ។ 8 លោកសូលក្រោកឡើង ទោះបីគាត់ខំប្រឹងបើកភ្នែកយ៉ាងណាក៏ដោយ ក៏គាត់មើលអ្វីមិនឃើញដែរ។ គេដឹកដៃគាត់ នាំចូលទៅក្នុងក្រុងដាម៉ាស។ 9 ក្នុងរយៈពេលបីថ្ងៃ គាត់មិនអាចមើលឃើញ ហើយក៏មិនពិសាបាយពិសាទឹកសោះឡើយ។ 10 នៅក្រុងដាម៉ាស មានសិស្សមួយរូប ឈ្មោះអាណាណាស។ គាត់និមិត្ដឃើញព្រះអម្ចាស់មានព្រះបន្ទូលហៅគាត់ថា៖ «អាណាណាស!»។ គាត់ទូលតបថា៖ «ក្រាបទូលព្រះអម្ចាស់!»។ 11 ព្រះអម្ចាស់មានព្រះបន្ទូលមកគាត់ថា៖«ចូរក្រោកឡើង ទៅឯផ្លូវមួយឈ្មោះ"ផ្លូវត្រង់" សួររកឈ្មោះសូល ជាអ្នកស្រុកតើសុសនៅក្នុងផ្ទះយូដាស។ គាត់កំពុងតែអធិស្ឋាន 12 ហើយនិមិត្ដឃើញបុរសម្នាក់ ឈ្មោះអាណាណាសចូលមកដាក់ដៃ លើគាត់ ដើម្បីអោយគាត់មើលឃើញឡើងវិញ»។ 13 លោកអាណាណាសទូលព្រះអង្គថា៖«បពិត្រព្រះអម្ចាស់! ទូលបង្គំបានឮមនុស្សជាច្រើននិយាយថាបុរសនេះ បានធ្វើបាបប្រជារាស្ដ្រដ៏វិសុទ្ធ របស់ព្រះអង្គនៅក្រុងយេរូសាឡឹមខ្លាំងណាស់ 14 ហើយគាត់បានទទួលការអនុញ្ញាតពីលោកមហាបូជាចារ្យអោយមកទីនេះដើម្បីចាប់ចងអស់អ្នកដែលអង្វររកព្រះនាមព្រះអង្គ»។ 15 ប៉ុន្ដែ ព្រះអម្ចាស់មានព្រះបន្ទូលមកគាត់វិញថា៖ «អញ្ជើញទៅចុះ! ដ្បិតខ្ញុំជ្រើសរើសបុរសនេះ ដើម្បីប្រើគាត់អោយទៅប្រាប់ប្រជាជាតិ និង ស្ដេចនានា ព្រមទាំងប្រាប់ជនជាតិអ៊ីស្រាអែល អោយស្គាល់ឈ្មោះខ្ញុំ។ 16 ខ្ញុំនឹងបង្ហាញប្រាប់គាត់អោយដឹងថា គាត់ត្រូវរងទុក្ខលំបាកជាច្រើន ព្រោះតែឈ្មោះរបស់ខ្ញុំ»។ 17 លោកអាណាណាសក៏ចេញទៅ។ លុះទៅដល់ផ្ទះនោះហើយ គាត់ដាក់ដៃលើលោកសូល ហើយមានប្រសាសន៍ថា៖ «បងសូលអើយ! ព្រះអម្ចាស់យេស៊ូដែលបងបានឃើញ នៅតាមផ្លូវបងធ្វើដំណើរមកនោះ ទ្រង់បានចាត់ខ្ញុំមក ដើម្បីអោយបងអាចមើលឃើញឡើងវិញ និង អោយបងបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ »។ 18 រំពេចនោះ មានអ្វីមួយដូចស្រកាត្រី ជ្រុះពីភ្នែកលោកសូល លោកក៏មើលឃើញឡើងវិញ លោកក្រោកឡើងទទួលពិធីជ្រមុជទឹក ។ 19 បន្ទាប់មកលោកបរិភោគម្ហូបអាហារ ហើយមានកម្លាំងឡើងវិញ។ លោកស្នាក់នៅជាមួយពួកសិស្ស ដែលនៅក្រុងដាម៉ាស បួនដប់ថ្ងៃ។ 20 លោកចាប់ផ្ដើមប្រកាសនៅក្នុងសាលាប្រជុំ នានាភ្លាមថា ព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់។ 21 អស់អ្នកដែលបានឮលោកមានប្រសាសន៍ ងឿងឆ្ងល់ណាស់ គេពោលថា៖ «លោកនេះហើយដែលបានធ្វើទុក្ខបៀតបៀនអស់អ្នកដែលអង្វររកឈ្មោះយេស៊ូ នៅក្រុងយេរូសាឡឹម គាត់មកទីនេះ រកចាប់ចងគេនាំទៅជូនពួកមហាបូជាចារ្យ ទេតើ!»។ 22 រីឯលោកសូលវិញ លោកមានកម្លាំងចិត្ដកាន់តែខ្លាំងឡើងៗ ហើយលោកវែកញែកប្រាប់សាសន៍យូដា នៅក្រុងដាម៉ាសយ៉ាងច្បាស់លាស់ថា ព្រះយេស៊ូពិតជាព្រះគ្រិស្ដ ។ 23 យូរថ្ងៃក្រោយមកទៀត ជនជាតិយូដាបានសមគំនិតគ្នារកសម្លាប់លោកសូល 24 តែលោកបានជ្រាបគំរោងការរបស់គេ។ ពួកគេបាននាំគ្នាទៅចាំនៅទ្វារក្រុងទាំងយប់ទាំងថ្ងៃដើម្បីសម្លាប់លោក។ 25 ប៉ុន្ដែ នៅពេលយប់ ពួកសិស្សរបស់លោកបានដាក់លោកក្នុងជាលមួយ សំរូតចុះទៅខាងក្រៅកំពែងក្រុង។ 26 កាលលោកសូលមកដល់ក្រុងយេរូសាឡឹម លោកចង់ទៅចូលរួមក្នុងចំណោមពួកសិស្ស តែពួកគេខ្លាចលោកទាំងអស់គ្នា ព្រោះគេពុំជឿថាលោកជាសិស្សដែរនោះឡើយ។ 27 ពេលនោះ លោកបារណាបាសបានទទួលលោក ហើយនាំទៅជួបក្រុមសាវ័ក ទាំងរៀបរាប់អំពីលោកសូលបានឃើញព្រះអម្ចាស់នៅតាមផ្លូវ អំពីព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោក ហើយ និង រៀបរាប់អំពីលោកសូលមានប្រសាសន៍ដោយចិត្ដអង់អាចក្នុងព្រះនាមព្រះយេស៊ូ នៅក្រុងដាម៉ាសផងដែរ។ 28 ចាប់តាំងពីពេលនោះមក លោកសូលតែងតែចុះឡើងនៅក្រុងយេរូសាឡឹមជាមួយ ក្រុមសាវ័កជានិច្ច ព្រមទាំងមានប្រសាសន៍ដោយចិត្ដអង់អាចក្នុងព្រះនាមព្រះអម្ចាស់ថែមទៀតផង។ 29 លោកបានសន្ទនា និង ជជែកវែកញែកជាមួយសាសន៍យូដា ដែលនិយាយភាសាក្រិក តែពួកគេបែរជានាំគ្នាប៉ុនប៉ងសម្លាប់លោកទៅវិញ។ 30 កាលពួកបងប្អូនបានជ្រាបដំណឹងនេះ គេនាំលោកទៅក្រុងសេសារា ហើយបន្ទាប់មកអោយលោកទៅក្រុងតើសុស។ 31 ក្រុមជំនុំ បានប្រកបដោយសេចក្ដីសុខសាន្ដគ្រប់ទីកន្លែងក្នុងស្រុកយូដា ស្រុកកាលីឡេ និង ស្រុកសាម៉ារី។ ក្រុមជំនុំមានជំហរកាន់តែមាំមួនឡើងៗ ហើយគេរស់នៅដោយគោរពកោតខ្លាចព្រះអម្ចាស់ ព្រមទាំងមានចំនួនកើនឡើងជាលំដាប់ ដោយមានព្រះវិញ្ញាណដ៏វិសុទ្ធ ជួយលើកទឹកចិត្ដគេផង។ 32 លោកពេត្រុសបានធ្វើដំណើរទៅគ្រប់ទីកន្លែង។ លោកបានចុះទៅសួរសុខទុក្ខប្រជាជនដ៏វិសុទ្ធ នៅក្រុងលីដា។ 33 នៅក្រុងនោះ លោកឃើញបុរសម្នាក់ឈ្មោះអេណាស ឈឺក្រោកមិនរួច គាត់ដេកជាប់នឹងគ្រែប្រាំបីឆ្នាំមកហើយ។ 34 លោកពេត្រុសមានប្រសាសន៍ទៅគាត់ថា៖ «អេណាសអើយ! ព្រះយេស៊ូគ្រិស្ដ ប្រោសអ្នកអោយបានជាហើយ ចូរក្រោកឡើងរៀបចំគ្រែអ្នកទៅ!»។ លោកអេណាសក៏ក្រោកឡើងភ្លាម។ 35 អ្នកក្រុងលីដាទាំងអស់ និង អ្នកស្រុកនៅតំបន់សារ៉ូនបានឃើញគាត់ជាដូច្នេះ ក៏បែរចិត្ដគំនិតទៅរកព្រះអម្ចាស់។ 36 នៅក្រុងយ៉ុបប៉េ មានស្ដ្រីម្នាក់ ឈ្មោះតេប៊ីថា ភាសាក្រិកថា "ឌ័រកាស" នាងជាសិស្ស ដែរ នាងតែងប្រព្រឹត្ដអំពើល្អ និង ធ្វើទានជាច្រើន។ 37 នៅគ្រានោះ នាងមានជំងឺហើយស្លាប់ទៅ។ គេបានលាងសពរបស់នាងតម្កល់ទុកនៅបន្ទប់ខាងលើ។ 38 ក្រុងលីដានៅជិតក្រុងយ៉ុបប៉េ។ កាលពួកសិស្សឮដំណឹងថា លោកពេត្រុសស្ថិតនៅឯក្រុងលីដានោះ គេចាត់បុរសពីរនាក់អោយទៅអញ្ជើញលោកថា៖ «សូមលោកមេត្ដាប្រញាប់ធ្វើដំណើរបង្ហួសទៅកន្លែងយើងខ្ញុំផង»។ 39 លោកពេត្រុសក៏ចេញដំណើរមកជាមួយអ្នកទាំងពីរនោះភ្លាម។ ពេលលោកមកដល់ គេបានអញ្ជើញលោកឡើងទៅបន្ទប់ខាងលើស្ដ្រីមេម៉ាយទាំងប៉ុន្មានបាននាំគ្នាចូលមកជិតលោក ទាំងយំសោក និង បង្ហាញអាវវែង អាវក្រៅដែលនាងឌ័រកាសបានដេរ កាលនាងរស់នៅជាមួយគេនៅឡើយ។ 40 លោកពេត្រុសសុំអោយគេចេញទៅក្រៅទាំងអស់គ្នា រួចលោកលុតជង្គង់អធិស្ឋាន។ បន្ទាប់មក លោកបែរទៅរកសព មានប្រសាសន៍ថា៖ «តេប៊ីថាអើយ ក្រោកឡើង!»។ ពេលនោះ នាងក៏បើកភ្នែកហើយកាលនាងបានឃើញលោកពេត្រុស នាងក្រោកអង្គុយ។ 41 លោកចាប់ដៃនាងអោយក្រោកឈរ ហើយហៅពួកអ្នកជឿ និង ស្ដ្រីមេម៉ាយអោយចូលមកបង្ហាញនាងឌ័រកាស ដែលមានជីវិតរស់អោយគេឃើញ។ 42 អ្នកក្រុងយ៉ុបប៉េទាំងប៉ុន្មានបានដឹងរឿងនេះ ហើយច្រើននាក់ជឿលើព្រះអម្ចាស់។ 43 លោកពេត្រុសស្នាក់នៅក្រុងយ៉ុបប៉េ ជាយូរថ្ងៃតទៅទៀតក្នុងផ្ទះបុរសម្នាក់ឈ្មោះស៊ីម៉ូន ជាអ្នកសម្លាប់ស្បែក។

កិច្ចការ 10

1 នៅក្រុងសេសារា មានបុរសម្នាក់ឈ្មោះកូនេលាស ជានាយទាហានក្នុងកងវរសេនាតូចរ៉ូមុំាងមួយ ឈ្មោះ «កងវរសេនាតូចអ៊ីតាលី»។ 2 គាត់ និង ក្រុមគ្រួសាររបស់គាត់ទាំងមូល ជាអ្នកគោរពប្រណិប័តន៍ និង កោតខ្លាចព្រះជាម្ចាស់។ គាត់តែងចែកទានជាច្រើនអោយប្រជាជន ព្រមទាំងទូលអង្វរព្រះជាម្ចាស់គ្រប់ពេលវេលា។ 3 ថ្ងៃមួយប្រមាណជាម៉ោងបីរសៀលគាត់បាននិមិត្ដឃើញទេវតា មួយរូបរបស់ព្រះជាម្ចាស់យ៉ាងច្បាស់ ទេវតានោះចូលមកផ្ទះគាត់ ហៅគាត់ថា៖ «លោកកូនេលាសអើយ!»។ 4 លោកកូនេលាសសំឡឹងមើលទៅទេវតា ហើយមានប្រសាសន៍ទៅវិញ ទាំងភ័យខ្លាចថា៖ «លោកម្ចាស់អើយ! តើលោកមានការអ្វី?»។ ទេវតាពោលមកគាត់ថា៖ «ព្រះជាម្ចាស់ទ្រង់ព្រះសណ្ដាប់ពាក្យទូលអង្វររបស់លោកហើយ ព្រះអង្គក៏ជ្រាបអំពីទានរបស់លោកដែរព្រះអង្គមិនភ្លេចទេ។ 5 សុំលោកចាត់គេអោយទៅក្រុងយ៉ុបប៉េ ឥឡូវនេះ អញ្ជើញបុរសម្នាក់ឈ្មោះស៊ីម៉ូន ហៅពេត្រុសមក។ 6 គាត់ស្នាក់នៅផ្ទះអ្នកសម្លាប់ស្បែកម្នាក់ ឈ្មោះស៊ីម៉ូន ផ្ទះនោះនៅក្បែរមាត់សមុទ្រ»។ 7 កាលទេវតា ដែលបាននិយាយជាមួយគាត់ចេញផុតទៅ លោកកូនេលាសក៏ហៅអ្នកបំរើពីរនាក់ និង ទាហានម្នាក់ ដែលនៅក្រោមបញ្ជារបស់គាត់ជាយូរហើយ ហើយគោរពប្រណិប័តន៍ព្រះជាម្ចាស់ផងនោះអោយចូលមក។ 8 លោកបានរៀបរាប់ហេតុការណ៍ទាំងអស់ប្រាប់ពួកគេ រួចចាត់អោយទៅក្រុងយ៉ុបប៉េ។ 9 នៅថ្ងៃបន្ទាប់ អ្នកទាំងនោះធ្វើដំណើរទៅជិតដល់ក្រុងយ៉ុបប៉េ។ ប្រមាណជាថ្ងៃត្រង់ លោកពេត្រុសឡើងទៅអធិស្ឋាន នៅលើដំបូលផ្ទះ។ 10 ពេលនោះ លោកឃ្លាន ចង់ពិសាបាយ។ កាលគេកំពុងតែរៀបចំម្ហូបចំណីជូនលោកពិសា លោកបានលង់ស្មារតី 11 និមិត្ដឃើញផ្ទៃមេឃបើកចំហ ឃើញវត្ថុម៉្យាងដូចកំរាលតុមួយយ៉ាងធំ ដែលមានចងចុង ជាយទាំងបួនជ្រុងចុះពីលើមកដល់ដី។ 12 នៅលើកំរាលនោះ មានសត្វចតុប្បាទគ្រប់ប្រភេទ មានសត្វលូនវារ និង បក្សាបក្សី។ 13 មានព្រះសូរសៀងបញ្ជាមកគាត់ថា៖ «ពេត្រុសអើយ! ចូរសម្លាប់សត្វទាំងនេះបរិភោគទៅ!»។ 14 ប៉ុន្ដែ លោកពេត្រុសទូលទៅវិញថា៖ «ទេ ព្រះអម្ចាស់ ទូលបង្គំពុំដែលទទួលទានអ្វីដែលវិន័យហាមឃាត់ ឬ មិនបរិសុទ្ធ ទាល់តែសោះ»។ 15 បន្ទាប់មក លោកពេត្រុសបានឮព្រះសូរសៀងនោះ ជាលើកទីពីរថា៖ «អ្វីៗដែលព្រះជាម្ចាស់បានប្រោសអោយបរិសុទ្ធហើយ ចូរកុំចាត់ទុកថា វិន័យហាមឃាត់នោះឡើយ!»។ 16 ហេតុការណ៍នេះកើតមានដល់ទៅបីដង នៅទីបំផុត វត្ថុនោះក៏ឡើងទៅលើមេឃវិញភ្លាមបាត់ទៅ។ 17 លោកពេត្រុសកំពុងតែនឹកឆ្ងល់មិនដឹងជាត្រូវគិតដូចម្ដេច អំពីហេតុការណ៍ដែលលោកបាននិមិត្ដឃើញនោះ ស្រាប់តែពួកអ្នកដែលលោកកូនេលាសចាត់អោយមក បានមកដល់មាត់ទ្វារ ទាំងសាកសួររកផ្ទះរបស់លោកស៊ីម៉ូន។ 18 គេស្រែកសួរថា៖ «លោកស៊ីម៉ូនហៅពេត្រុសស្នាក់ក្នុងផ្ទះនេះឬទេ?»។ 19 ពេលលោកពេត្រុសកំពុងរិះគិតអំពីហេតុការណ៍ ដែលលោកនិមិត្ដឃើញនោះ ព្រះវិញ្ញាណមានព្រះបន្ទូលមកគាត់ថា៖ «មានបុរសបីនាក់កំពុងសួររកអ្នក 20 ចូរចុះទៅក្រោមចេញដំណើរទៅជាមួយគេភ្លាមទៅ កុំរារែកឡើយ ដ្បិតយើងនេះហើយដែលបានចាត់គេអោយមក»។ 21 លោកពេត្រុសក៏ចុះទៅក្រោម មានប្រសាសន៍ទៅបុរសទាំងបីនាក់នោះថា៖«ខ្ញុំនេះហើយដែលអ្នករាល់គ្នាកំពុងតែរក! តើអ្នកមកមានការអ្វី?។ 22 គេឆ្លើយថា៖ «លោកកូនេលាស ជានាយទាហាន បានចាត់យើងអោយមក គាត់ជាមនុស្សសុចរិត គោរពកោតខ្លាចព្រះជាម្ចាស់ ហើយជាមនុស្សម្នាក់ដែលប្រជាជាតិយូដា សរសើរគ្រប់ៗគ្នា។ ទេវតាដ៏វិសុទ្ធមួយរូបបានមកប្រាប់គាត់អោយអញ្ជើញលោកទៅផ្ទះគាត់ ដើម្បីស្ដាប់លោកមានប្រសាសន៍»។ 23 លោកពេត្រុសអញ្ជើញអ្នកទាំងនោះចូលក្នុងផ្ទះអោយស្នាក់នៅជាមួយ។ ព្រឹកឡើង លោកក៏ចេញដំណើរទៅជាមួយគេទាំងមានបងប្អូនខ្លះនៅក្រុងយ៉ុបប៉េ ជូនដំណើរទៅផង។ 24 នៅថ្ងៃបន្ទាប់មកទៀត លោកបានទៅដល់ក្រុងសេសារា។ រីឯលោកកូនេលាសវិញ គាត់បានអញ្ជើញញាតិសន្ដាន និង មិត្ដជិតដិតមកផ្ទះរបស់គាត់ ហើយទន្ទឹងរង់ចាំពួកលោកពេត្រុស។ 25 ពេលលោកពេត្រុសមកដល់ លោកកូនេលាសចេញទៅទទួល ក្រាបចុះទៀបជើងលោក។ 26 ប៉ុន្ដែ លោកពេត្រុសចាប់គាត់អោយក្រោកឡើង ទាំងពោលថា៖«អញ្ជើញក្រោកឡើង ខ្ញុំក៏ជាមនុស្សដែរទេតើ!»។ 27 លោកដើរចូលទៅខាងក្នុងបណ្ដើរសន្ទនាជាមួយលោកកូនេលាសបណ្ដើរ។ ដោយលោកឃើញមនុស្សជាច្រើននៅជុំគ្នា 28 លោកមានប្រសាសន៍ទៅគេថា៖«បងប្អូនជ្រាបឬទេ វិន័យ របស់សាសនាយូដា ហាមមិនអោយសាសន៍យូដាទាក់ទង ជាមួយជនបរទេស ឬ ក៏ចូលទៅក្នុងផ្ទះរបស់គេឡើយ។ ប៉ុន្ដែ ព្រះជាម្ចាស់បានបង្ហាញខ្ញុំអោយដឹងថា មិនត្រូវប្រកាន់នរណាម្នាក់ថា ជាមនុស្សដែលវិន័យហាមឃាត់មិនអោយទាក់ទង ឬ ជាមនុស្សមិនបរិសុទ្ធនោះឡើយ។ 29 ហេតុនេះហើយ បានជាខ្ញុំមកភ្លាម ឥតមានជំទាស់អ្វីសោះ នៅពេលដែលបងប្អូនហៅខ្ញុំមក។ ឥឡូវនេះ សុំប្រាប់ខ្ញុំមើល៍បងប្អូនហៅខ្ញុំមកមានការអ្វី?»។ 30 លោកកូនេលាសមានប្រសាសន៍ថា៖«កាលពីបីថ្ងៃមុន ពេលខ្ញុំកំពុងអធិស្ឋាន ក្នុងផ្ទះខ្ញុំ នៅម៉ោងបីរសៀល មានបុរសម្នាក់ស្លៀកសម្លៀកបំពាក់ភ្លឺត្រចះត្រចង់មកឈរនៅមុខខ្ញុំ ហើយពោលថា" 31 "លោកកូនេលាសអើយ ព្រះជាម្ចាស់ទ្រង់ព្រះសណ្ដាប់ពាក្យទូលអង្វររបស់លោកហើយ រីឯទានរបស់លោក ក៏ព្រះអង្គមិនភ្លេចដែរ។ 32 ឥឡូវនេះ ចូរចាត់គេអោយទៅហៅបុរសម្នាក់ឈ្មោះស៊ីម៉ូន ហៅពេត្រុស នៅក្រុងយ៉ុបប៉េមក។ គាត់ស្នាក់នៅផ្ទះរបស់លោកស៊ីម៉ូនជាអ្នកសម្លាប់ស្បែក ផ្ទះនោះស្ថិតនៅមាត់សមុទ្រ"។ 33 ខ្ញុំក៏បានចាត់គេអោយទៅអញ្ជើញលោកភ្លាម លោកមកដូច្នេះជាការប្រពៃណាស់។ ឥឡូវនេះ យើងខ្ញុំទាំងអស់គ្នាស្ថិតនៅទីនេះចំពោះព្រះភ័ក្ដ្រព្រះជាម្ចាស់រង់ចាំស្ដាប់សេចក្ដីទាំងប៉ុន្មាន ដែលព្រះអម្ចាស់បានបង្គាប់មកលោក»។ 34 ពេលនោះ លោកពេត្រុសចាប់ផ្ដើមមានប្រសាសន៍ថា៖ «ឥឡូវនេះ ខ្ញុំបានយល់យ៉ាងច្បាស់ហើយថា ព្រះជាម្ចាស់រាប់រកមនុស្សទួទៅឥតរើសមុខឡើយ 35 ក្នុងចំណោមជាតិសាសន៍ទាំងប៉ុន្មាន អ្នកណាក៏ដោយអោយតែគោរពកោតខ្លាចព្រះអង្គ ហើយប្រព្រឹត្ដអំពើសុចរិត ព្រះអង្គមុខជាគាប់ព្រះហឫទ័យនឹងអ្នកនោះមិនខាន។ 36 ព្រះអង្គបានប្រទានព្រះបន្ទូលមកអោយជនជាតិអ៊ីស្រាអែល ដោយនាំដំណឹងល្អ មកប្រាប់គេ អំពីសេចក្ដីសុខសាន្ដ តាមរយៈព្រះយេស៊ូគ្រិស្ដ គឺព្រះយេស៊ូនេះហើយ ដែលជាព្រះអម្ចាស់លើមនុស្សទាំងអស់។ 37 បងប្អូនជ្រាបហេតុការណ៍ដែលកើតឡើងនៅស្រុកយូដាទាំងមូលស្រាប់ហើយ ជាហេតុការណ៍ដែលបានចាប់ផ្ដើម នៅស្រុកកាលីឡេ គឺបន្ទាប់ពីពេលដែលលោកយ៉ូហានបានប្រកាសអោយបណ្ដាជនទទួលពិធីជ្រមុជទឹក។ 38 បងប្អូនបានជ្រាបថា ព្រះជាម្ចាស់បានចាក់ព្រះវិញ្ញាណដ៏វិសុទ្ធ និង ឫទ្ធានុភាព អភិសេកព្រះយេស៊ូ ជាអ្នកភូមិណាសារ៉ែត។ បងប្អូនក៏ជ្រាបដែរថាព្រះយេស៊ូបានយាងពីកន្លែងមួយទៅកន្លែងមួយ ទាំងប្រព្រឹត្ដអំពើល្អ និង ប្រោសអស់អ្នកដែលត្រូវមារ សង្កត់សង្កិនអោយបានជា ដ្បិតព្រះជាម្ចាស់គង់ជាមួយព្រះអង្គ។ 39 យើងជាបន្ទាល់អំពីកិច្ចការទាំងអស់ដែលព្រះអង្គបានធ្វើ នៅក្នុងដែនដីរបស់ជនជាតិយូដា និង នៅក្រុងយេរូសាឡឹម។ ពួកគេបាននាំគ្នាធ្វើគុតព្រះអង្គដោយព្យួរនៅលើឈើ។ 40 ព្រះជាម្ចាស់បានប្រោសព្រះអង្គអោយមានព្រះជន្មរស់ឡើងវិញនៅថ្ងៃទីបី និង ប្រោសប្រទានអោយព្រះអង្គបង្ហាញខ្លួន 41 ដល់អស់អ្នកដែលព្រះជាម្ចាស់បានជ្រើសរើសជាមុនអោយធ្វើជាបន្ទាល់ បានឃើញ គឺយើងហ្នឹងហើយជាបន្ទាល់ដែលបានបរិភោគជាមួយព្រះអង្គ ក្រោយពេលព្រះអង្គមានព្រះជន្មរស់ឡើងវិញ។ ព្រះជាម្ចាស់ពុំបានអោយព្រះយេស៊ូបង្ហាញខ្លួនអោយប្រជារាស្ដ្រទាំងមូលឃើញទេ។ 42 ព្រះយេស៊ូបានបញ្ជាអោយយើងធ្វើជាបន្ទាល់ប្រកាសប្រាប់ប្រជាជនថាព្រះជាម្ចាស់បានតែងតាំងព្រះអង្គអោយវិនិច្ឆ័យទោសមនុស្សរស់ និង មនុស្សស្លាប់។ 43 ព្យាការី ទាំងប៉ុន្មានសុទ្ធតែបានផ្ដល់សក្ខីភាពអំពីព្រះយេស៊ូថា អស់អ្នកដែលជឿលើព្រះអង្គ នឹងទទួលការលើកលែងទោសអោយរួចពីបាប ដោយសារព្រះនាមព្រះអង្គ»។ 44 លោកពេត្រុសកំពុងមានប្រសាសន៍នៅឡើយ ស្រាប់តែព្រះវិញ្ញាណដ៏វិសុទ្ធ យាងចុះមកសណ្ឋិតលើអស់អ្នកដែលស្ដាប់ព្រះបន្ទូល។ 45 ពួកអ្នកជឿជាសាសន៍យូដា ដែលមកជាមួយលោកពេត្រុស ងឿងឆ្ងល់ណាស់ ដោយព្រះជាម្ចាស់បានចាក់បង្ហូរព្រះវិញ្ញាណដ៏វិសុទ្ធប្រទានអោយសាសន៍ដទៃដែរ 46 ព្រោះគេបានឮសាសន៍ដទៃទាំងនោះនិយាយភាសាចំឡែកអស្ចារ្យ ព្រមទាំងលើកតម្កើងព្រះជាម្ចាស់ផង។ 47 ពេលនោះលោកពេត្រុសមានប្រសាសន៍ថា៖ «គ្មាននរណាអាចឃាត់យើង មិនអោយធ្វើពិធីជ្រមុជទឹកជូនអស់អ្នកដែលបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធ ដូចជាយើងបានទទួលដែរនោះទេ!»។ 48 លោកក៏បញ្ជាអោយគេធ្វើពិធីជ្រមុជទឹក ជូនអ្នកទាំងនោះក្នុងព្រះនាមព្រះយេស៊ូគ្រិស្ដ ។ បន្ទាប់មក ពួកគេសុំអោយលោកស្នាក់នៅជាមួយគេ បានយូរថ្ងៃបន្ដិចទៀត។

កិច្ចការ 11

1 ក្រុមសាវ័ក និង បងប្អូននៅស្រុកយូដាឮដំណឹងថា សាសន៍ដទៃបានទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ។ 2 កាលលោកពេត្រុសឡើងទៅដល់ក្រុងយេរូសាឡឹមវិញ អ្នកជឿដែលជាសាសន៍យូដា នាំគ្នារិះគន់លោកថា៖ 3 «លោកបានចូលក្នុងផ្ទះសាសន៍ដទៃ ហើយក៏បានបរិភោគជាមួយពួកគេថែមទៀតផង!»។ 4 លោកពេត្រុសក៏រៀបរាប់ប្រាប់គេយ៉ាងក្បោះក្បាយថា៖ 5 «កាលខ្ញុំនៅក្រុងយ៉ុបប៉េ ក្នុងពេលអធិស្ឋាន ខ្ញុំលង់ស្មារតីនិមិត្ដឃើញវត្ថុម៉្យាងដូចកំរាលតុមួយយ៉ាងធំ ដែលមានចងចុងជាយទាំងបួនជ្រុង ចុះពីលើមកដល់ខ្ញុំ។ 6 ពេលខ្ញុំពិនិត្យយ៉ាងដិតដល់ទៅ ខ្ញុំឃើញមានសត្វចតុប្បាទ សត្វព្រៃ សត្វលូនវារ និង បក្សាបក្សី។ 7 ខ្ញុំក៏បានឮព្រះសូរសៀងបញ្ជាមកខ្ញំថាៈ "ពេត្រុសអើយ! ចូរសម្លាប់សត្វទាំងនេះបរិភោគទៅ!"។ 8 ប៉ុន្ដែ ខ្ញុំទូលទៅវិញថាៈ "ទេព្រះអម្ចាស់ ទូលបង្គំពុំដែលទទួលទានអ្វីដែលវិន័យ ហាមឃាត់ ឬ មិនបរិសុទ្ធ ទាល់តែសោះ"។ 9 ព្រះសូរសៀងនោះក៏បន្លឺចុះពីលើមេឃមក ជាលើកទីពីរថាៈ "អ្វីៗដែលព្រះជាម្ចាស់បានប្រោសអោយបរិសុទ្ធហើយ ចូរកុំចាត់ទុកថាវិន័យហាមឃាត់នោះឡើយ!"។ 10 ហេតុការណ៍នេះបានកើតមានដល់ទៅបីដង ទើបវត្ថុនោះឡើងទៅលើមេឃវិញអស់។ 11 ពេលនោះ ស្រាប់តែមានបុរសបីនាក់ ដែលគេចាត់ពីក្រុងសេសារាអោយមករកខ្ញុំ បានមកដល់ផ្ទះដែលយើងស្នាក់នៅ។ 12 ព្រះវិញ្ញាណមានព្រះបន្ទូលប្រាប់ខ្ញុំអោយចេញដំណើរទៅជាមួយគេកុំរារែកឡើយ។ ពេលនោះ មានបងប្អូនប្រាំមួយនាក់ បានជូនដំណើរខ្ញុំទៅដែរ ហើយយើងបានទៅដល់ផ្ទះលោកកូនេលាស។ 13 លោកបានរៀបរាប់ប្រាប់យើងថា លោកបានឃើញទេវតាមកជួបលោកនៅក្នុងផ្ទះ ទាំងពោលថាៈ "សុំលោកចាត់មនុស្សអោយទៅក្រុងយ៉ុបប៉េ រកម្នាក់ឈ្មោះស៊ីម៉ូនហៅពេត្រុស 14 គាត់នឹងប្រកាសព្រះបន្ទូលដែលផ្ដល់ការសង្គ្រោះអោយលោក និង ក្រុមគ្រួសាររបស់លោកទាំងមូល"។ 15 នៅពេលខ្ញុំចាប់ផ្ដើមនិយាយ ព្រះវិញ្ញាណដ៏វិសុទ្ធក៏យាងចុះមកសណ្ឋិតលើពួកគេ ដូចព្រះអង្គបានយាងចុះមកសណ្ឋិតលើយើង កាលពីដើមដំបូងនោះដែរ។ 16 ពេលនោះ ខ្ញុំក៏នឹកឃើញព្រះបន្ទូលរបស់ព្រះអម្ចាស់ថា "លោកយ៉ូហានបានធ្វើពិធីជ្រមុជអោយគេក្នុងទឹក រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នានឹងទទួលពិធីជ្រមុជក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ"។ 17 ប្រសិនបើព្រះជាម្ចាស់ប្រទានព្រះអំណោយទានដល់គេ ដូចព្រះអង្គប្រទានមកយើង ដែលជឿលើព្រះអម្ចាស់យេស៊ូគ្រិស្ដដែរនោះ តើរូបខ្ញុំនេះមានអំណាចអ្វីនឹងឃាត់ឃាំងព្រះជាម្ចាស់បាន?»។ 18 កាលពួកអ្នកជឿបានឮសេចក្ដីទាំងនេះ គេក៏ធូរចិត្ដ ហើយនាំគ្នាលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ទាំងពោលថា៖ «សូម្បីតែសាសន៍ដទៃ ក៏ព្រះជាម្ចាស់ប្រោសប្រទានអោយគេកែប្រែចិត្ដគំនិត ដើម្បីទទួលជីវិតដែរ!»។ 19 ក្រោយពីជនជាតិយូដាបាន សម្លាប់លោកស្ទេផានហើយ ពួកគេក៏បៀតបៀនអ្នកជឿ ធ្វើអោយអ្នកទាំងនោះខ្ចាត់ខ្ចាយ អ្នកខ្លះទៅដល់ស្រុកភេនីស អ្នកខ្លះទៅដល់កោះគីប្រុស និង អ្នកខ្លះទៀតទៅដល់ក្រុងអន់ទីយ៉ូក។ អ្នកជឿទាំងនោះពុំបានប្រកាសព្រះបន្ទូលប្រាប់នរណាផ្សេងទៀតក្រៅពីសាសន៍យូដាឡើយ។ 20 ក៏ប៉ុន្ដែ មានអ្នកជឿខ្លះពីកោះគីប្រុស និង ពីស្រុកគីរេនមកដល់ក្រុងអន់ទីយ៉ូក ហើយផ្សព្វផ្សាយដំណឹងល្អ ស្ដីអំពីព្រះអម្ចាស់យេស៊ូ ប្រាប់ពួកអ្នកដែលនិយាយភាសាក្រិក។ 21 ព្រះអម្ចាស់បានជួយជ្រោមជ្រែងគេ ហើយមានមនុស្សដ៏ច្រើនលើសលប់បានជឿ ព្រមទាំងបែរចិត្ដគំនិតមករកព្រះអម្ចាស់ផង។ 22 ក្រុមជំនុំ នៅក្រុងយេរូសាឡឹមបានឮដំណឹងនេះក៏ចាត់លោកបារណាបាស អោយទៅក្រុងអន់ទីយ៉ូក។ 23 ពេលគាត់ទៅដល់ ហើយឃើញព្រះគុណរបស់ព្រះជាម្ចាស់ដូច្នេះ គាត់ត្រេកអរសប្បាយ។ គាត់ទូន្មានគេទាំងអស់គ្នាអោយប្ដេជ្ញាចិត្ដនៅស្មោះត្រង់នឹងព្រះអម្ចាស់ជានិច្ច។ 24 លោកបារណាបាសជាមនុស្សម្នាក់មានចិត្ដសប្បុរស ពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ និង ដោយជំនឿ។ ពេលនោះ មានបណ្ដាជនជាច្រើនបានមកចូលរួមជាមួយព្រះអម្ចាស់។ 25 បន្ទាប់មកទៀត លោកបារណាបាសចេញដំណើរទៅរកលោកសូល នៅក្រុងតើសុស។ 26 កាលបានជួបហើយ គាត់ក៏នាំលោកមកក្រុងអន់ទីយ៉ូក។ លោកទាំងពីរបានរស់នៅជាមួយក្រុមជំនុំ អស់រយៈពេលមួយឆ្នាំហើយបង្រៀនបណ្ដាជនជាច្រើនផង។ នៅក្រុងអន់ទីយ៉ូកនោះហើយ ដែលគេហៅពួកសិស្ស ជាលើកទីមួយថា «គ្រិស្ដបរិស័ទ»។ 27 នៅគ្រានោះ មានពួកព្យាការី ធ្វើដំណើរចុះពីក្រុងយេរូសាឡឹម មកដល់ក្រុងអន់ទីយ៉ូក។ 28 ក្នុងចំណោមព្យាការីទាំងនោះ មានម្នាក់ឈ្មោះអកាប៊ូស។ ដោយព្រះវិញ្ញាណបានបំភ្លឺ គាត់ក្រោកឡើងប្រាប់ពួកអ្នកជឿអោយដឹងថា បន្ដិចទៀតនឹងមានកើតទុរ្ភិក្សនៅលើផែនដីទាំងមូល (ទុរ្ភិក្សនោះក៏កើតមានមែនគឺនៅក្នុងរជ្ជកាលព្រះចៅអធិរាជក្លូឌាស )។ 29 ពួកសិស្ស នាំគ្នាសំរេចចិត្ដផ្ញើជំនួយ តាមសមត្ថភាពរៀងៗខ្លួន ទៅជូនបងប្អូននៅស្រុកយូដា។ 30 គេបានប្រមូលប្រាក់ ហើយផ្ញើតាមលោកបារណាបាស និង លោកសូលយកទៅជូនពួកព្រឹទ្ធាចារ្យ ។

កិច្ចការ 12

1 នៅគ្រានោះ ព្រះបាទហេរ៉ូដចាប់ផ្ដើមបៀតបៀនសមាជិកខ្លះនៃក្រុមជំនុំ ។ 2 ទ្រង់បានអោយគេប្រហារជីវិតលោកយ៉ាកុបជាបងរបស់លោកយ៉ូហាន។ 3 ដោយយល់ឃើញថាជនជាតិយូដាពេញចិត្ដ ទ្រង់ក៏ចាត់គេអោយទៅចាប់លោកពេត្រុសថែមទៀត។ ពេលនោះ ជាពេលបុណ្យនំបុ័ងឥតមេ ។ 4 ក្រោយពីបានចាប់លោកពេត្រុសយកទៅឃុំឃាំងរួចហើយ ស្ដេចក៏បញ្ជាអោយទាហានបួនក្រុមយាមលោក ក្នុងក្រុមនីមួយៗមានគ្នាបួននាក់។ ព្រះបាទហេរ៉ូដមានបំណងនឹងកាត់ទោសលោកនៅមុខប្រជាជន ក្រោយបុណ្យចម្លង ។ 5 ដូច្នេះ លោកពេត្រុសក៏ជាប់នៅក្នុងមន្ទីរឃុំឃាំងនៅពេលនោះទៅ។ ក្រុមជំនុំបាននាំគ្នាទូលអង្វរព្រះជាម្ចាស់ឥតស្រាកស្រាន្ដ សូមព្រះអង្គជួយលោក។ 6 នៅយប់មុនពេលដែលព្រះបាទហេរ៉ូដ យកលោកពេត្រុសទៅកាត់ទោស លោកសំរាន្ដទាំងជាប់ច្រវាក់ពីរខ្សែផង មានទាហានពីរនាក់នៅអមសងខាង ហើយក៏មានទាហានយាមនៅមាត់ទ្វារពន្ធនាគារដែរ។ 7 ពេលនោះ ទេវតា របស់ព្រះអម្ចាស់មកដល់ ហើយមានពន្លឺភ្លឺក្នុងទីឃុំឃាំង។ ទេវតាដាស់លោកពេត្រុសដោយកេះលោកពីចំហៀង ទាំងពោលថា៖ «សូមក្រោកឡើងជាប្រញាប់!»។ ច្រវាក់ក៏របូតធ្លាក់ពីដៃលោក។ 8 ទេវតាពោលមកកាន់លោកថា៖ «សូមក្រវាត់ចង្កេះ ហើយពាក់ស្បែកជើងទៅ!» លោកក៏ធ្វើតាម។ ទេវតាពោលមកលោកទៀតថា៖ «សូមពាក់អាវក្រៅ ហើយអញ្ជើញមកតាមខ្ញុំ»។ 9 លោកពេត្រុសក៏ចេញពីទីឃុំឃាំងដើរតាមក្រោយទេវតាទៅ។ លោកពុំនឹកស្មានថាការដែលទេវតាកំពុងធ្វើនេះ ជាការពិតទេ លោកស្មានតែលោកយល់សប្ដិ។ 10 ទេវតា និង លោកពេត្រុសបានឆ្លងផុតកន្លែងយាមទីមួយ និង កន្លែងយាមទីពីរ ហើយមកដល់ទ្វារដែកដែលបែរទៅរកទីក្រុង ទ្វារនោះរបើកនៅមុខអ្នកទាំងពីរ។ អ្នកទាំងពីរដើរទៅតាមដងផ្លូវមួយហើយរំពេចនោះ ស្រាប់តែទេវតាចេញបាត់ពីលោកពេត្រុសទៅ។ 11 លោកពេត្រុសបានដឹងខ្លួន ក៏ពោលថា៖ «ឥឡូវនេះ ខ្ញុំដឹងថាហេតុការណ៍នេះជាការពិតមែន ព្រះអម្ចាស់បានចាត់ទេវតារបស់ព្រះអង្គមកដោះលែងខ្ញុំ អោយរួចពីកណ្ដាប់ដៃរបស់ស្ដេចហេរ៉ូដ និង រួចពីបំណងដែលប្រជាជនយូដាបំរុងធ្វើមកលើរូបខ្ញុំ»។ 12 យល់ឃើញដូច្នោះហើយ លោកក៏ទៅផ្ទះនាងម៉ារីជាម្ដាយយ៉ូហាន ហៅម៉ាកុស ជាកន្លែងមានបងប្អូនជាច្រើនកំពុងជួបជុំគ្នាអធិស្ឋាន។ 13 នៅពេលលោកគោះទ្វារ មានស្ដ្រីបំរើម្នាក់ ឈ្មោះនាងរ៉ូដាចេញមកសួរ 14 នាងស្គាល់ថាជាសំឡេងរបស់លោកពេត្រុស។ ដោយនាងត្រេកអរខ្លាំងពេក នាងពុំបានបើកទ្វារអោយទេនាងបែរជារត់ចូលទៅជូនដំណឹងប្រាប់ពួកបងប្អូនថា៖ «លោកពេត្រុសមកដល់ហើយ លោកឈរនៅមាត់ទ្វារ»។ 15 គេនាំគ្នានិយាយមកកាន់នាងថា៖ «នាងឆ្កួតហើយ!» ប៉ុន្ដែ នាងបានប្រកែកវិញថា៖ «លោកពិតជាមកដល់មែន»។ 16 គេពោលថា៖ «ប្រហែលជាទេវតា របស់លោកទេដឹង!»។ លោកពេត្រុសនៅតែគោះទ្វារដដែល គេក៏ចេញទៅបើកទ្វារអោយ ហើយពេលឃើញលោក គេងឿងឆ្ងល់យ៉ាងខ្លាំង។ 17 លោកពេត្រុសធ្វើសញ្ញាអោយគេនៅស្ងៀម រួចរៀបរាប់អំពីរបៀបដែលព្រះអម្ចាស់បានជួយលោក អោយចេញរួចពីទីឃុំឃាំង។ លោកមានប្រសាសន៍ទៅគេថា៖ «សូមយកដំណឹងនេះទៅជំរាបលោកយ៉ាកុប និង ពួកបងប្អូនផង»។ បន្ទាប់មក លោកបានចេញពីទីនោះធ្វើដំណើរឆ្ពោះទៅកន្លែងមួយផ្សេងទៀត។ 18 លុះភ្លឺឡើង ពួកទាហាននាំគ្នាជ្រួលច្របល់យ៉ាងខ្លាំង ព្រោះមិនដឹងជាលោកពេត្រុសទៅណាបាត់។ 19 ព្រះបាទហេរ៉ូដបញ្ជាអោយគេរកលោក តែរកមិនឃើញសោះ ស្ដេចក៏អោយគេកាត់ទោសពួក អ្នកយាមរួចអោយគេនាំយកទៅសម្លាប់។ បន្ទាប់មក ស្ដេចយាងចុះពីស្រុកយូដាទៅប្រថាប់នៅក្រុងសេសារា។ 20 ព្រះបាទហេរ៉ូដមានទំនាស់ជាមួយអ្នកក្រុងទីរ៉ុស និង អ្នកក្រុងស៊ីដូន។ អ្នកទាំងនោះបានរួមចិត្ដគំនិតគ្នាចូលទៅគាល់ស្ដេច។ គេបានបញ្ចុះបញ្ចូលលោកបា្លសតុស ជាមហាតលិកអោយមកខាងគេ ហើយទូលសូមសន្ដិភាពពីស្ដេច ដ្បិតស្រុករបស់គេទទួលស្បៀងអាហារពីនគរព្រះបាទហេរ៉ូដ។ 21 លុះដល់ថ្ងៃកំណត់ ព្រះបាទហេរ៉ូដទ្រង់គ្រឿងគង់លើបល្ល័ង្ក ហើយមានព្រះរាជឱង្ការអោយប្រជាជនស្ដាប់។ 22 ប្រជាជននាំគ្នាស្រែកឡើងថា៖ «នេះជាព្រះសូរសៀងរបស់ព្រះ មិនមែនសំឡេងរបស់មនុស្សទេ!»។ 23 រំពេចនោះ ស្រាប់តែមានទេវតារបស់ព្រះជាម្ចាស់មកប្រហារស្ដេចហេរ៉ូដ ព្រោះទ្រង់ពុំបានថ្វាយ សិរីរុងរឿងទៅព្រះជាម្ចាស់។ ស្ដេចត្រូវដង្កូវចោះ ហើយក៏ផុតដង្ហើមទៅ។ 24 មនុស្សម្នាបានឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយចំនួនអ្នកជឿបានកើនឡើងជាលំដាប់។ 25 រីឯលោកបារណាបាស និង លោកសូល ក្រោយពីបានបំពេញកិច្ចការរបស់ខ្លួនចប់សព្វគ្រប់ហើយ លោកវិលត្រឡប់ទៅក្រុងយេរូសាឡឹមវិញ ដោយយកលោកយ៉ូហានហៅម៉ាកុស ទៅជាមួយផង។

កិច្ចការ 13

1 ក្នុងក្រុមជំនុំនៅក្រុងអន់ទីយ៉ូក មានព្យាការី និង គ្រូអាចារ្យ គឺមានលោកបារណាបាស លោកស៊ីម្មានហៅនីគើរ លោកលូគាសជាអ្នកស្រុកគីរេន លោកម៉ាណាអេន ដែលត្រូវគេចិញ្ចឹមជាមួយព្រះបាទហេរ៉ូដជាស្ដេចអនុរាជ កាលនៅពីក្មេង និង លោកសូល។ 2 នៅពេលដែលអ្នកទាំងនោះកំពុងតែធ្វើពិធីថ្វាយបង្គំព្រះអម្ចាស់ និង តមអាហារព្រះវិញ្ញាណដ៏វិសុទ្ធមានព្រះបន្ទូលថា៖«ចូរែញកបារណាបាស និង សូលចេញដោយឡែកដ្បិតយើងបានហៅអ្នកទាំងពីរមកអោយបំពេញកិច្ចការដែលយើងនឹងដាក់អោយធ្វើ»។ 3 ក្រោយពីបាននាំគ្នាតមអាហារ និង អធិស្ឋាន រួចហើយគេបានដាក់ដៃ លើលោកទាំងពីរ ហើយអោយលោកចេញទៅ។ 4 លោកបារណាបាស និង លោកសូល ដែលព្រះវិញ្ញាណដ៏វិសុទ្ធ បានចាត់អោយទៅនោះ បានធ្វើដំណើរទៅដល់ក្រុងសេលើស៊ា ហើយចុះសំពៅទៅកោះគីប្រុស។ 5 ពេលទៅដល់ក្រុងសាឡាមីន លោកទាំងពីរបានប្រកាសព្រះបន្ទូលព្រះជាម្ចាស់ នៅក្នុងសាលាប្រជុំ របស់ជនជាតិយូដា ដោយមានលោកយ៉ូហានជួយផង។ 6 បន្ទាប់មក លោកបាននាំគ្នាធ្វើដំណើរកាត់កោះនោះ រហូតទៅដល់ក្រុងប៉ាផូស។ នៅក្រុងនោះ លោកបានជួបគ្រូមន្ដអាគមជាតិយូដាម្នាក់ ឈ្មោះបារយេស៊ូជាព្យាការីក្លែងក្លាយ 7 គាត់រស់នៅជាមួយលោកស៊ើគាស-ប៉ូឡូស ដែលជារាជប្រតិភូរបស់ព្រះចៅអធិរាជរ៉ូមុំាង ហើយដែលជាមនុស្សមានប្រាជ្ញា។ លោកប្រតិភូចាត់គេអោយទៅអញ្ជើញលោកបារណាបាស និង លោកសូលមក ព្រោះលោកមានបំណងចង់ស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់។ 8 ប៉ុន្ដែ អេលីម៉ាស (ភាសាក្រិកប្រែថាគ្រូមន្ដអាគម) ចេះតែប្រឆាំងនឹងលោកទាំងពីរ ហើយរកមធ្យោបាយពង្វាងលោកប្រតិភូ អោយងាកចេញពីជំនឿ។ 9 ពេលនោះ លោកសូល ដែលហៅថាប៉ូល បានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ លោកសំឡឹងមើលទៅអេលីម៉ាស 10 ហើយមានប្រសាសន៍ថា៖ «នែ៎! ជនពោរពេញទៅដោយពុតត្បុត និង ល្បិចកិច្ចកលអើយ! អ្នកជាកូនរបស់មារ អ្នកជាសត្រូវនឹងអំពើសុចរិតគ្រប់យ៉ាង តើអ្នកនៅតែពង្វាងគេអោយងាកចេញពីមាគ៌ាដ៏ត្រឹមត្រូវរបស់ព្រះអម្ចាស់ដល់ណាទៀត!។ 11 ឥឡូវនេះ ព្រះបារមីរបស់ព្រះអម្ចាស់នឹងធ្វើអោយអ្នកខ្វាក់ភ្នែក លែងឃើញពន្លឺថ្ងៃអស់មួយរយៈ»។ រំពេចនោះ ស្រាប់តែភ្នែករបស់គាត់ងងឹតមើលអ្វីពុំឃើញ។ គាត់ដើរស្ទាបៗ វិលវល់ រកគេជួយដឹកដៃ។ 12 កាលលោកប្រតិភូឃើញហេតុការណ៍កើតឡើងដូច្នេះ លោកក៏ជឿ ហើយស្ញប់ស្ញែងនឹងសេចក្ដីដែលគេបង្រៀនអំពីព្រះអម្ចាស់ខ្លាំងណាស់។ 13 លោកប៉ូល និង មិត្ដភក្ដិរបស់លោកបានចុះសំពៅពីក្រុងប៉ាផូស ឆ្ពោះទៅក្រុងពើកាក្នុងស្រុកប៉ាមភីលា។ ពេលនោះ លោកយ៉ូហានបានបែកចេញពីពួកគេវិលត្រឡប់ទៅក្រុងយេរូសាឡឹមវិញ។ 14 រីឯលោកប៉ូល និង មិត្ដភក្ដិរបស់លោក បានបន្ដដំណើរពីក្រុងពើកា រហូតទៅដល់ក្រុងអន់ទីយ៉ូកក្នុងស្រុកពីស៊ីឌា។ នៅថ្ងៃសប្ប័ទ លោកទាំងពីរចូលទៅអង្គុយក្នុងសាលាប្រជុំ ។ 15 បន្ទាប់ពីបានអានគម្ពីរវិន័យ និង គម្ពីរព្យាការី រួចហើយ ពួកអ្នកទទួលខុសត្រូវលើសាលាប្រជុំ សុំអោយគេជំរាបពួកលោកប៉ូលថា៖ «បងប្អូនអើយ! បើបងប្អូនមានពាក្យអ្វីលើកទឹកចិត្ដប្រជាជន សូមមានប្រសាសន៍មកចុះ»។ 16 លោកប៉ូលក្រោកឡើងលើកដៃធ្វើសញ្ញា ហើយមានប្រសាសន៍ថា៖ «សូមជំរាបបងប្អូនជន ជាតិអ៊ីស្រាអែល និង បងប្អូនដែលជាអ្នកគោរពកោតខ្លាចព្រះជាម្ចាស់សូមជ្រាប! 17 ព្រះរបស់ជនជាតិអ៊ីស្រាអែលបានជ្រើសរើសបុព្វបុរសរបស់យើង និង ប្រទានអោយប្រជារាស្ដ្រនេះបានចំរើនឡើង នៅពេលគេស្នាក់នៅក្នុងប្រទេសអេស៊ីប។ បន្ទាប់មក ព្រះអង្គបាននាំគេចេញពីប្រទេសនោះ ដោយឫទ្ធិបារមីរបស់ព្រះអង្គ។ 18 ព្រះអង្គបានផ្គត់ផ្គង់ គេអស់រយៈពេលប្រមាណសែសិបឆ្នាំ នៅវាលរហោស្ថាន។ 19 ក្រោយពីព្រះអង្គរំលាយជាតិសាសន៍ទាំងប្រាំពីរនៅស្រុកកាណានរួចហើយ ព្រះអង្គបានប្រទានទឹកដីនោះអោយប្រជារាស្ដ្ររបស់ព្រះអង្គធ្វើជាកម្មសិទ្ធិ។ 20 ហេតុការណ៍ទាំងនោះកើតមានក្នុងអំឡុងពេលប្រមាណបួនរយហាសិបឆ្នាំ។ ក្រោយមក ព្រះអង្គប្រទានអោយមានអ្នកគ្រប់គ្រងរហូតដល់ជំនាន់ព្យាការីសាំយូអែល។ 21 បន្ទាប់មកទៀត គេបាននាំគ្នាទូលសូមស្ដេចមួយអង្គ ព្រះជាម្ចាស់ក៏ប្រទានព្រះបាទសូលជាបុត្ររបស់លោកគីស ក្នុងកុលសម្ពន្ធ បេនយ៉ាមីនអោយគ្រងរាជ្យអស់រយៈពេលសែសិបឆ្នាំ។ 22 ក្រោយពីបានដករាជ្យពីព្រះបាទសូល ព្រះជាម្ចាស់ប្រទានអោយព្រះបាទដាវីឌឡើងគ្រងរាជ្យ។ ព្រះអង្គប្រទានសក្ខីភាពអំពីព្រះបាទដាវីឌនេះថាៈ "យើងរកបានមនុស្សម្នាក់ ជាទីគាប់ចិត្ដយើងណាស់ គឺដាវីឌជាបុត្ររបស់អ៊ីសាយ ដ្បិតដាវីឌនឹងបំពេញតាមបំណងទាំងប៉ុន្មានរបស់យើង"។ 23 ក្នុងព្រះរាជវង្សរបស់ព្រះបាទដាវីឌនេះហើយ ដែលព្រះជាម្ចាស់ប្រទានអោយព្រះយេស៊ូកើតមក និង ធ្វើជាព្រះសង្គ្រោះរបស់ជនជាតិអ៊ីស្រាអែល ស្របតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ។ 24 មុននឹងព្រះយេស៊ូយាងមកដល់ លោកយ៉ូហានបានប្រកាសអោយជនជាតិអ៊ីស្រាអែលទាំងមូលកែប្រែចិត្ដគំនិត ដោយទទួលពិធីជ្រមុជទឹក។ 25 ពេលលោកយ៉ូហានបំពេញមុខងាររបស់លោក ចប់សព្វគ្រប់ហើយ លោកមានប្រសាសន៍ថាៈ"ខ្ញុំនេះមិនមែនជាអ្នក ដែលបងប្អូនទន្ទឹងរង់ចាំនោះទេ។ ឥឡូវនេះ មានលោកម្នាក់មកតាមក្រោយខ្ញុំ លោកមានឋានៈខ្ពង់ខ្ពស់ណាស់ បើខ្ញុំស្រាយខ្សែស្បែកជើងជូនលោក ក៏មិនសមនឹងឋានៈរបស់លោកផង"។ 26 បងប្អូនជាពូជពង្សលោកអប្រាហំា និង បងប្អូនដែលគោរពកោតខ្លាចព្រះជាម្ចាស់អើយ! ព្រះអង្គបានចាត់ព្រះបន្ទូល ស្ដីអំពីការសង្គ្រោះ មកអោយយើងទាំងអស់គ្នានេះហើយ 27 ដ្បិតអ្នកក្រុងយេរូសាឡឹម និង ពួកមេដឹកនាំរបស់គេ ពុំបានដឹងថាព្រះយេស៊ូជានរណាឡើយ។ គេបានកាត់ទោសព្រះអង្គ ស្របនឹងសេចក្ដីដែលព្យាការី ថ្លែងទុកមក ហើយគេអានរៀងរាល់ថ្ងៃសប្ប័ទ 28 ទោះបីគេរកកំហុសអ្វីមកកាត់ទោសលោកមិនឃើញក៏ដោយ ក៏គេនៅតែសុំអោយលោកពីឡាតប្រហារជីវិតព្រះអង្គដែរ។ 29 កាលគេបានធ្វើស្របនឹងសេចក្ដីដែលមានចែងទុកអំពីព្រះអង្គចប់សព្វគ្រប់ហើយ គេក៏យកព្រះសពព្រះអង្គចុះពីឈើឆ្កាងទៅបញ្ចុះក្នុងផ្នូរ។ 30 ប៉ុន្ដែ ព្រះជាម្ចាស់បានប្រោសព្រះអង្គអោយរស់ឡើងវិញ។ 31 ព្រះយេស៊ូបានបង្ហាញខ្លួនអោយអស់អ្នកដែលបានរួមដំណើរជាមួយព្រះអង្គ ពីស្រុកកាលីឡេ ទៅក្រុងយេរូសាឡឹមឃើញអស់រយៈពេលជាច្រើនថ្ងៃ។ ឥឡូវនេះ អ្នកទាំងនោះធ្វើជាបន្ទាល់របស់ព្រះអង្គ នៅចំពោះមុខប្រជាជនទៀតផង។ 32 រីឯយើងខ្ញុំវិញ យើងខ្ញុំសូមជូនដំណឹងល្អនេះប្រាប់បងប្អូនថាព្រះបន្ទូល ដែលព្រះជាម្ចាស់បានសន្យាជាមួយបុព្វបុរសរបស់យើង 33 ព្រះអង្គបានធ្វើតាម ដើម្បីជាប្រយោជន៍ដល់យើង ដែលជាពូជពង្សរបស់លោកទាំងនោះហើយ គឺព្រះអង្គបានប្រោសព្រះយេស៊ូអោយមានព្រះជន្មរស់ឡើងវិញ ដូចមានចែងទុកក្នុងទំនុកតម្កើងទីពីរថាៈ ព្រះអង្គជាបុត្ររបស់យើង គឺយើងដែលបានបង្កើតព្រះអង្គមក នៅថ្ងៃនេះ។ 34 ព្រះជាម្ចាស់បានប្រោសព្រះយេស៊ូអោយមានព្រះជន្មរស់ឡើងវិញ ដើម្បីកុំអោយព្រះសពព្រះអង្គត្រូវរលួយឡើយ ដូចមានចែងទុកមកថាៈ អ្វីៗដ៏វិសុទ្ធ និង ដ៏ជាទីទុកចិត្ដ ដែលយើងបានសន្យាថានឹងអោយដាវីឌ យើងនឹងប្រគល់អោយអ្នករាល់គ្នា។ 35 ហេតុនេះហើយបានជាមានចែងទុកក្នុងអត្ថបទគម្ពីរមួយទៀតថាៈ ព្រះអង្គមិនបណ្ដោយអោយសពអ្នកបំរើ ដ៏វិសុទ្ធរបស់ព្រះអង្គ រលួយឡើយ។ 36 ព្រះបាទដាវីឌបានបំរើព្រះជាម្ចាស់ តាមគំរោងការព្រះអង្គនៅជំនាន់នោះ រួចសោយទិវង្គតទៅ។ គេបានបញ្ចុះសពព្រះបាទដាវីឌក្នុងផ្នូរ ជាមួយព្រះអយ្យកោ ហើយសពរបស់ទ្រង់ក៏បានរលួយអស់ដែរ។ 37 រីឯព្រះយេស៊ូដែលព្រះជាម្ចាស់បានប្រោសអោយមានព្រះជន្មរស់ឡើងវិញនោះ ព្រះសពរបស់ព្រះអង្គពុំបានរលួយទេ។ 38 ដូច្នេះបងប្អូនអើយ! សូមបងប្អូនជ្រាបអោយច្បាស់ថា ព្រះជាម្ចាស់លើកលែងទោសអោយបងប្អូនរួចពីបាប តាមរយៈព្រះយេស៊ូ ដូចយើងបានជំរាបមកស្រាប់។ បងប្អូនពុំអាចទៅជាមនុស្សសុចរិត រួចផុតអំពើបាបទាំងប៉ុន្មានដោយគោរពតាមវិន័យរបស់លោកម៉ូសេបានឡើយ។ 39 ផ្ទុយទៅវិញ ព្រះជាម្ចាស់ប្រោសអោយអស់អ្នកជឿបានសុចរិត តាមរយៈព្រះយេស៊ូ។ 40 ហេតុនេះសូមបងប្អូនប្រយ័ត្ន ក្រែងត្រូវតាមសេចក្ដីដែលព្យាការី ថ្លែងទុកមកថា: 41 មនុស្សដែលចេះតែមើលងាយគេអើយ! ចូរនាំគ្នាមើលហើយងឿងឆ្ងល់ រួចវិនាសបាត់ទៅចុះ! ដ្បិតយើងនឹងធ្វើកិច្ចការមួយនៅជំនាន់ របស់អ្នករាល់គ្នា ជាកិច្ចការដែលអ្នករាល់គ្នាមិនជឿ ទោះបីជាគេរៀបរាប់ប្រាប់អ្នករាល់គ្នាក៏ដោយ" »។ 42 ពេលលោកប៉ូល និង លោកបារណាបាសចេញពីសាលាប្រជុំ ពួកគេបានអញ្ជើញលោកអោយមានប្រសាសន៍អំពីសេចក្ដីទាំងនេះ នៅថ្ងៃសប្ប័ទ ខាងមុខទៀត។ 43 លុះអង្គប្រជុំបែកគ្នាហើយ មានសាសន៍យូដា និង អ្នកចូលសាសនាយូដាជាច្រើននាក់ ដែលគោរពប្រណិប័តន៍ព្រះជាម្ចាស់ នាំគ្នាទៅតាមលោកប៉ូល និង លោកបារណាបាស។ លោកទាំងពីរបានសន្ទនាជាមួយពួកគេ ហើយក្រើនរំលឹកគេ អោយនៅខ្ជាប់ខ្ជួននឹងព្រះគុណរបស់ព្រះជាម្ចាស់ជានិច្ច។ 44 នៅថ្ងៃសប្ប័ទបន្ទាប់មកទៀត ប្រជាជននៅក្រុងនោះបានមកជួបជុំ ស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់ស្ទើរតែទាំងអស់គ្នា។ 45 កាលជនជាតិយូដាឃើញមហាជនដូច្នោះ គេមានចិត្ដច្រណែនជាខ្លាំង ក៏នាំគ្នានិយាយជំទាស់នឹងពាក្យដែលលោកប៉ូលមានប្រសាសន៍ ហើយថែមទាំងជេរប្រមាថលោកទៀតផង។ 46 លោកប៉ូល និង លោកបារណាបាសក៏មានប្រសាសន៍ទៅគេ ដោយចិត្ដអង់អាចថា៖ «មុនដំបូង យើងខ្ញុំត្រូវតែប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់ដល់បងប្អូន។ ប៉ុន្ដែ ដោយបងប្អូនបដិសេធមិនព្រមទទួលព្រះបន្ទូលនេះ ហើយដោយបងប្អូនយល់ឃើញថា ខ្លួនមិនសមនឹងទទួលជីវិតអស់កល្បជានិច្ចទេនោះ យើងខ្ញុំនឹងងាកទៅប្រកាសដល់សាសន៍ដទៃវិញ 47 ដ្បិតព្រះអម្ចាស់បានបង្គាប់មកយើងខ្ញុំថាៈ យើងបានតែងតំាងអ្នកអោយធ្វើជាពន្លឺ បំភ្លឺជាតិសាសន៍នានា និង អោយនាំការសង្គ្រោះរហូតទៅដល់ ស្រុកដាច់ស្រយាលនៃផែនដី" »។ 48 កាលសាសន៍ដទៃឮដូច្នោះ គេមានអំណររីករាយ ហើយនាំគ្នាលើកតម្កើងព្រះបន្ទូលរបស់ព្រះអម្ចាស់។ រីឯអស់អ្នកដែលព្រះជាម្ចាស់តំរូវអោយទទួលជីវិតអស់កល្បជានិច្ច ក៏នាំគ្នាជឿដែរ។ 49 ព្រះបន្ទូលរបស់ព្រះអម្ចាស់បានឮសុះសាយ ក្នុងស្រុកនោះទាំងមូល។ 50 ប៉ុន្ដែ សាសន៍យូដាបានញុះញង់ស្ដ្រីៗមានឋានៈខ្ពង់ខ្ពស់ដែលគោរពប្រណិប័តន៍ព្រះជាម្ចាស់ និង ញុះញង់ពួកនាម៉ឺននៅក្រុងនោះ អោយលើកគ្នាទៅបៀតបៀនលោកប៉ូល និង លោកបារណាបាស ព្រមទាំងដេញលោកទាំងពីរចេញពីដែនដីរបស់គេផង។ 51 លោកប៉ូល និង លោកបារណាបាសក៏រលាស់ធូលីដីចេញពីជើង របស់លោក រួចធ្វើដំណើរទៅក្រុងអ៊ីកូនាម។ 52 រីឯពួកសិស្ស នៅអន់ទីយ៉ូកវិញ គេបានពោរពេញដោយអំណរ និង ដោយព្រះវិញ្ញាណដ៏វិសុទ្ធ ។

កិច្ចការ 14

1 នៅក្រុងអ៊ីកូនាមក៏កើតមានដូច្នោះដែរ។ លោកប៉ូល និង លោកបារណាបាស បានចូលទៅក្នុងសាលាប្រជុំ របស់ជនជាតិយូដាហើយមានប្រសាសន៍រហូតដល់ជនជាតិយូដា និង ជនជាតិក្រិកដ៏ច្រើន លើសលប់នាំគ្នាជឿ។ 2 ប៉ុន្ដែ ជនជាតិយូដាដែលមិនព្រមជឿ បានញុះញង់សាសន៍ដទៃ និង ជំរុញគេអោយមានចិត្ដប៉ុនប៉ងធ្វើបាបពួកបងប្អូនទៀតផង។ 3 លោកប៉ូល និង លោកបារណាបាសស្នាក់នៅក្នុងក្រុងអ៊ីកូនាមជាយូរថ្ងៃ។ លោកទាំងពីរមានចិត្ដអង់អាច ដោយទុកចិត្ដលើព្រះអម្ចាស់ ដែលទ្រង់បានបញ្ជាក់ព្រះបន្ទូលអំពីព្រះគុណរបស់ព្រះអង្គ គឺទ្រង់ប្រោសប្រទានអោយលោកទាំងពីរសំដែងទីសំគាល់ដ៏អស្ចារ្យ និង ឫទ្ធិបាដិហារិយ៍ផ្សេងៗ។ 4 មនុស្សម្នានៅក្រុងនោះបានបាក់បែកគ្នា អ្នកខ្លះកាន់ខាងសាសន៍យូដាអ្នកខ្លះទៀតកាន់ខាងក្រុមសាវ័ក ។ 5 សាសន៍ដទៃ និង សាសន៍យូដា បានសមគំនិតគ្នាជាមួយពួកមេដឹកនាំរបស់គេ ចង់ធ្វើបាប និង ចង់យកដុំថ្មគប់សម្លាប់លោកទាំងពីរ។ 6 លោកប៉ូល និង លោកបារណាបាសយល់ថាសភាពការណ៍មិនស្រួល ក៏រត់ភៀសខ្លួនទៅស្រុកលូកៅនា គឺទៅក្រុងលីស្ដ្រា និង ក្រុងឌើបេ ព្រមទាំងតំបន់ដែលនៅជុំវិញ 7 ហើយផ្សព្វផ្សាយដំណឹងល្អ នៅទីនោះ។ 8 នៅក្រុងលីស្ដ្រា មានបុរសម្នាក់ពិការជើងតាំងពីកំណើតមក គាត់មិនអាចដើរបានឡើយ 9 គាត់អង្គុយស្ដាប់លោកប៉ូលមានប្រសាសន៍។ លោកប៉ូលសំឡឹងមើលគាត់ ហើយយល់ឃើញថា គាត់មានជំនឿគួរនឹងជាបាន 10 លោកក៏មានប្រសាសន៍ទៅគាត់ខ្លាំងៗថា៖ «សុំក្រោកឡើង ឈរអោយត្រង់!»។ បុរសនោះស្ទុះក្រោកឈរឡើង ហើយដើរបាន។ 11 កាលមហាជនឃើញការអស្ចារ្យដែលលោកប៉ូលបានធ្វើ គេក៏នាំគ្នាស្រែកហ៊ោជាភាសាលូកៅនាថា៖ «ព្រះបាននិម្មិតជាមនុស្ស ចុះមកគង់ជាមួយយើងហើយ!»។ 12 គេហៅលោកបារណាបាសថា «ព្រះសេយូស» និង ហៅលោកប៉ូលថា «ព្រះហ៊ើមេស» ព្រោះលោកជាអ្នកនាំពាក្យ។ 13 បូជាចារ្យរបស់ព្រះសេយូសដែលមានវិហារទល់មុខនឹងទីក្រុងបានដឹកគោឈ្មោលតុបតែងលំអដោយភួងផ្កា មកមាត់ទ្វារក្រុង ព្រោះគាត់ចង់ធ្វើបូជាយញ្ញរួមជាមួយមហាជន។ 14 កាលសាវ័ក បារណាបាស និង សាវ័កប៉ូល បានឮដំណឹងនេះ លោកក៏ហែកសម្លៀកបំពាក់ ហើយស្ទុះរត់ទៅរកប្រជាជន ទាំងស្រែកឡើងថា៖ 15 «ហេតុអ្វីបានជាបងប្អូននាំគ្នាធ្វើដូច្នេះ? យើងខ្ញុំក៏ជាមនុស្សធម្មតាដូចបងប្អូនដែរ យើងខ្ញុំនាំដំណឹងល្អ មកជំរាបជូនបងប្អូន គឺសូមបងប្អូនងាកចេញពីការថ្វាយបង្គំរូបសំណាកឥតប្រយោជន៍នេះ ហើយបែរមករកព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅវិញ ជាព្រះដែលបានបង្កើតផ្ទៃមេឃផែនដី សមុទ្រ និង អ្វីៗសព្វសារពើដែលមាននៅទីទាំងនោះផង។ 16 នៅជំនាន់មុនៗ ព្រះអង្គបានបណ្ដោយអោយជាតិសាសន៍នានា ដើរតាមមាគ៌ារៀងៗខ្លួន។ 17 ក៏ប៉ុន្ដែ ទោះជាយ៉ាងណាក៏ដោយ ព្រះអង្គនៅតែសំដែងព្រះហឫទ័យសប្បុរសមិនដែលអាក់ខានឡើយដើម្បីអោយគេបានស្គាល់ព្រះអង្គ គឺប្រទានទឹកភ្លៀងពីលើមេឃ និង ប្រទានភោគផលមកបងប្អូនតាមរដូវកាលធ្វើអោយបងប្អូន មានម្ហូបអាហារដ៏បរិបូណ៌ និង មានអំណរសប្បាយក្នុងចិត្ដផង»។ 18 ទោះបីលោកទាំងពីរមានប្រសាសន៍ដូច្នេះ ក៏លោករកឃាត់មហាជនមិនអោយធ្វើបូជាយញ្ញជូនលោកសឹងតែពុំបាន។ 19 បន្ទាប់មក មានជនជាតិយូដាមកពីក្រុងអន់ទីយ៉ូក និង ក្រុងអ៊ីកូនាម បានទាក់ទាញចិត្ដមហាជនអោយចូលទៅខាងគេ ហើយយកដុំថ្មគប់សម្លាប់លោកប៉ូល រួចអូសយកទៅចោលនៅខាងក្រៅទីក្រុង ព្រោះគេនឹកស្មានថា លោកស្លាប់បាត់ទៅហើយ។ 20 ប៉ុន្ដែ ក្រុមសិស្ស នាំគ្នាមកជុំវិញលោក លោកក៏ក្រោកឡើង វិលចូលទៅទីក្រុងវិញ។ លុះស្អែកឡើង លោកចេញដំណើរទៅក្រុងឌើបេជាមួយលោកបារណាបាស។ 21 លោកប៉ូល និង លោកបារណាបាសបានផ្សព្វផ្សាយដំណឹងល្អ នៅក្រុងឌើបេ ហើយណែនាំមនុស្សជាច្រើនអោយធ្វើជាសិស្ស ។ បន្ទាប់មក លោកវិលទៅក្រុងលីស្ដ្រា ក្រុងអ៊ីកូនាម និង ក្រុងអន់ទីយ៉ូកវិញ។ 22 លោកដាស់តឿនពួកសិស្សអោយតាំងចិត្ដមាំមួន និង លើកទឹកចិត្ដគេអោយមានជំនឿខ្ជាប់ខ្ជួន ដោយមានប្រសាសន៍ថា៖ «យើងត្រូវឆ្លងកាត់ទុក្ខវេទនាជាច្រើន ដើម្បីអោយបានចូលក្នុងព្រះរាជ្យ របស់ព្រះជាម្ចាស់»។ 23 លោកបានតែងតាំងពួកព្រឹទ្ធាចារ្យ នៅតាមក្រុមជំនុំនីមួយៗ។ លុះបានអធិស្ឋាន និង តមអាហាររួចហើយលោកទាំងពីរក៏ផ្ញើពួកសិស្ស ទុកនៅនឹងព្រះអម្ចាស់ដែលគេបានជឿ។ 24 បន្ទាប់មកទៀត លោកទាំងពីរធ្វើដំណើរឆ្លងកាត់ស្រុកពីស៊ីឌា មកដល់ស្រុកប៉ាមភីលា។ 25 លោកបានប្រកាសព្រះបន្ទូលនៅក្រុងពើកា រួចលោកនាំគ្នាចុះទៅក្រុងអាតាលា។ 26 នៅទីនោះលោកនាំគ្នាចុះសំពៅវិលត្រឡប់មកក្រុងអន់ទីយ៉ូកវិញ គឺនៅក្រុងអន់ទីយ៉ូកនេះហើយដែលក្រុមជំនុំបានផ្ញើលោកទាំងពីរទៅលើព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះជាម្ចាស់ ដើម្បីបំពេញកិច្ចការដែលលោកទើបនឹងបានសំរេចនេះ។ 27 កាលលោកទាំងពីរមកដល់ លោកប្រមូលក្រុមជំនុំអោយមកជួបជុំគ្នា ហើយរៀបរាប់អំពីកិច្ចការទាំងប៉ុន្មាន ដែលព្រះជាម្ចាស់បានធ្វើជាមួយពួកលោក និង រៀបរាប់អំពីរបៀបដែលព្រះអង្គបើកផ្លូវអោយសាសន៍ដទៃជឿ។ 28 បន្ទាប់មក លោកទាំងពីរស្នាក់នៅទីនោះជាមួយពួកសិស្សអស់រយៈពេលជាយូរក្រែល។

កិច្ចការ 15

1 មានអ្នកខ្លះមកពីស្រុកយូដានាំគ្នាប្រៀនប្រដៅពួកបងប្អូនថា៖ «ប្រសិនបើបងប្អូនមិនទទួល ពិធីកាត់ស្បែក តាមទំនៀមទម្លាប់របស់លោកម៉ូសេទេ បងប្អូនមិនអាចទទួលការសង្គ្រោះបានឡើយ»។ 2 លោកប៉ូល និង លោកបារណាបាសបានប្រកែកជំទាស់នឹងអ្នកទាំងនោះ ព្រមទាំងជជែកវែកញែកជាមួយពួកគេយ៉ាងខ្លាំង។ ពួកបងប្អូនបានសំរេចចិត្ដចាត់លោកប៉ូល និង លោកបារណាបាសអោយទៅក្រុងយេរូសាឡឹម ដោយមានបងប្អូនខ្លះទៀតទៅជាមួយផង ដើម្បីអោយទៅជំរាបក្រុមសាវ័ក និង ក្រុមព្រឹទ្ធាចារ្យ អំពីរឿងនេះ។ 3 ក្រុមជំនុំ បានជួយឧបត្ថម្ភពួកលោក ក្នុងការធ្វើដំណើរ។ លោកនាំគ្នាឆ្លងកាត់ស្រុកភេនីស ស្រុកសាម៉ារីទាំងរៀបរាប់ប្រាប់ពួកបងប្អូនយ៉ាងក្បោះក្បាយថា សាសន៍ដទៃបានបែរចិត្ដមករកព្រះជាម្ចាស់។ ដំណឹងនេះធ្វើអោយបងប្អូនគ្រប់ៗគ្នាមានអំណរសប្បាយយ៉ាងខ្លាំង។ 4 កាលមកដល់ក្រុងយេរូសាឡឹមហើយ ក្រុមជំនុំ ក្រុមសាវ័ក និង ក្រុមព្រឹទ្ធាចារ្យនាំគ្នាទទួលពួកលោក។ ពួកលោកក៏ជំរាបអំពីកិច្ចការទាំងប៉ុន្មាន ដែលព្រះជាម្ចាស់បានធ្វើជាមួយពួកលោក។ 5 ពេលនោះ មានបងប្អូនខ្លះខាងគណៈផារីស៊ីដែលជឿព្រះអម្ចាស់ ក្រោកឈរឡើង ពោលថា ត្រូវតែធ្វើពិធីកាត់ស្បែកអោយសាសន៍ដទៃ ហើយត្រូវបង្គាប់គេអោយប្រតិបត្ដិតាមវិន័យ របស់លោកម៉ូសេដែរ។ 6 ក្រុមសាវ័ក និង ក្រុមព្រឹទ្ធាចារ្យ ក៏ប្រជុំគ្នា ដើម្បីពិនិត្យពិច័យមើលសំណុំរឿងនេះ។ 7 ពេលនោះ មានការជជែកវែកែញកគ្នាយ៉ាងខ្លាំងទើបលោកពេត្រុសក្រោកឈរឡើង ហើយមានប្រសាសន៍ថា៖ «បងប្អូនអើយ បងប្អូនជ្រាបស្រាប់ហើយថា ព្រះជាម្ចាស់បានជ្រើសរើសខ្ញុំ ក្នុងចំណោមបងប្អូនតាំងតែពីថ្ងៃដំបូងមកម៉្លេះ ដើម្បីអោយខ្ញុំផ្សព្វផ្សាយដំណឹងល្អ ដល់សាសន៍ដទៃ អោយគេបានឮ និង បានជឿដែរ។ 8 ព្រះជាម្ចាស់ដែលឈ្វេងយល់ចិត្ដគំនិតរបស់មនុស្ស ទ្រង់បានបញ្ជាក់ថា ព្រះអង្គយល់ព្រមទទួល ពួកគេ ដោយប្រទានព្រះវិញ្ញាណដ៏វិសុទ្ធ អោយគេ ដូចព្រះអង្គបានប្រទានមកយើងដែរ។ 9 ព្រះអង្គមិនចាត់ទុកពួកគេផ្សេងពីពួកយើងឡើយ គឺទ្រង់បានសំអាតចិត្ដគេអោយបានបរិសុទ្ធ ដោយជំនឿ។ 10 ឥឡូវនេះហេតុដូចម្ដេចបានជាបងប្អូនជំទាស់ នឹងព្រះជាម្ចាស់ដូច្នេះ? នឹម ដែលបុព្វបុរសរបស់យើង និង ខ្លួនយើងផ្ទាល់ មិនអាចទ្រំាទ្របានផងនោះ ម្ដេចក៏បងប្អូនចង់យកទៅដាក់លើពួកសិស្សដែរ! 11 ទេមិនបានទេ!ដ្បិតយើងជឿថាទាំងសាសន៍យើង ទាំងសាសន៍គេ បានទទួលការសង្គ្រោះដោយសារព្រះគុណរបស់ព្រះអម្ចាស់យេស៊ូ»។ 12 ពេលនោះ អង្គប្រជុំទាំងមូលនៅស្ងៀមស្ងាត់ ស្ដាប់លោកប៉ូល និង លោកបារណាបាស មានប្រសាសន៍រៀបរាប់អំពីទីសំគាល់ដ៏អស្ចារ្យ និង ឫទ្ធិបាដិហារិយ៍ ដែលព្រះជាម្ចាស់បានសំដែង នៅកណ្ដាលចំណោមសាសន៍ដទៃតាមរយៈលោក។ 13 លុះលោកទាំងពីរមានប្រសាសន៍ចប់ហើយ លោកយ៉ាកុបក៏មានប្រសាសន៍ឡើងថា៖ 14 «បងប្អូនអើយ សូមស្ដាប់ខ្ញុំ! លោកស៊ីម៉ូនបានរៀបរាប់ថា កាលពីដើមដំបូង ព្រះជាម្ចាស់សព្វព្រះហឫទ័យជ្រើសរើសប្រជារាស្ដ្រមួយ ពីចំណោមជាតិសាសន៍នានាអោយធ្វើជាប្រជារាស្ដ្ររបស់ព្រះអង្គផ្ទាល់។ 15 រីឯព្រះបន្ទូលដែលពួកព្យាការី បានថ្លែងក៏ស្របនឹងសេចក្ដីនេះដែរ ដូចមានចែងទុកមកថា៖ 16 លុះក្រោយមក យើងនឹងវិលត្រឡប់មកវិញ យើងនឹងលើកពន្លារបស់ដាវីឌ ដែលរលំទៅនោះឡើងវិញ យើងនឹងសង់ដំណាក់ដែលបាក់បែកខ្ទេចខ្ទីឡើងវិញ 17 ពេលនោះមនុស្សម្នាដែលនៅសល់ នឹងស្វែងរកព្រះអម្ចាស់ ហើយជាតិសាសន៍នានាដែលជាប្រជារាស្ដ្រ របស់យើងក៏នឹងស្វែងរកយើងដែរ។ 18 នេះជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែល សំដែងការទាំងនេះអោយមនុស្សលោកស្គាល់ តាំងពីយូរអង្វែងរៀងមក។ 19 ហេតុនេះហើយបានជាខ្ញុំយល់ឃើញថា មិនគួរធ្វើអោយមានឧបសគ្គដល់សាសន៍ដទៃ ដែលបានបែរចិត្ដវិលមករកព្រះជាម្ចាស់វិញនោះឡើយ 20 ប៉ុន្ដែ គួរយើងសរសេរសំបុត្រទៅប្រាប់គេ កុំអោយបរិភោគម្ហូបអាហារដែលបានសែនរូបសំណាក គឺជាម្ហូបអាហារសៅហ្មងនោះជាដាច់ខាតកុំអោយរួមរស់ជាមួយគ្នា ដោយមិនរៀបការ កុំអោយបរិភោគសាច់សត្វដែលគេសម្លាប់ដោយច្របាច់ក និង កុំអោយបរិភោគឈាម 21 ដ្បិតតាំងពីសម័យដើមរៀងមក នៅតាមក្រុងនីមួយៗគេតែងប្រកាសវិន័យ របស់លោកម៉ូសេ ដោយអានគម្ពីររបស់លោក រៀងរាល់ថ្ងៃសប្ប័ទ នៅក្នុងសាលាប្រជុំ »។ 22 ពេលនោះ ក្រុមសាវ័ក ក្រុមព្រឹទ្ធាចារ្យ និង ក្រុមជំនុំទាំងមូលយល់ឃើញថា គួរតែជ្រើសយកបងប្អូនខ្លះក្នុងចំណោមពួកគេ ជាអ្នកដែលពួកបងប្អូនគោរពដើម្បីចាត់អោយទៅក្រុងអន់ទីយ៉ូកជាមួយលោកប៉ូល និង លោកបារណាបាស។ គេបានជ្រើសយកលោកយូដាសហៅបារសាបាស និង លោកស៊ីឡាស។ 23 ក្រុមជំនុំបានប្រគល់សំបុត្រមួយ អោយលោកទាំងពីរនាំយកទៅ ដែលមានសេចក្ដីដូចតទៅនេះ៖ «យើងខ្ញុំ ជាសាវ័ក ជាព្រឹទ្ធាចារ្យ និង ជាបងប្អូន សូមជំរាបសួរមកបងប្អូនជាសាសន៍ដទៃ ដែលរស់នៅក្រុងអន់ទីយ៉ូក ស្រុកស៊ីរី និង ស្រុកគីលីគា។ 24 យើងខ្ញុំបានទទួលដំណឹងថា មានពួកយើងខ្លះបាននាំអោយបងប្អូនជ្រួលច្របល់ មកពីពាក្យដែលគេនិយាយប្រាប់បងប្អូន បណ្ដាលអោយបងប្អូនមានកង្វល់ក្នុងចិត្ដ។ យើងខ្ញុំពុំបានចាត់អ្នកទាំងនោះអោយមកទេ។ 25 យើងខ្ញុំទាំងអស់គ្នាបានសំរេចចិត្ដជ្រើសរើសយកគ្នាយើងខ្លះ ចាត់អោយមកជួបបងប្អូនជាមួយលោកប៉ូល និង លោកបារណាបាសដ៏ជាទីស្រឡាញ់របស់យើង 26 ជាអ្នកដែលបានសុខចិត្ដបូជាជីវិតរបស់ខ្លួនបំរើព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់របស់យើង។ 27 ហេតុនេះយើងខ្ញុំសុំចាត់លោកយូដាស និង លោកស៊ីឡាស អោយនាំពាក្យដដែលនេះ យកមកជំរាបបងប្អូនស្ដាប់ផ្ទាល់តែម្ដង។ 28 ព្រះវិញ្ញាណដ៏វិសុទ្ធ និង យើងខ្ញុំយល់ឃើញថា មិនគួរយកវិន័យ ណាផ្សេងទៀតដែលមិនចាំបាច់មកបង្ខំបងប្អូនអោយប្រតិបត្ដិតាមឡើយ 29 យើងគ្រាន់តែសុំអោយបងប្អូនចៀសវាងកុំប្រព្រឹត្ដដូចតទៅនេះ គឺកុំបរិភោគម្ហូបអាហារដែលសែនរូបសំណាកកុំបរិភោគឈាម កុំបរិភោគសាច់សត្វដែលគេសម្លាប់ ដោយច្របាច់ក និង កុំរួមរស់ជាមួយគ្នាដោយមិនរៀបការ។ ប្រសិនបើបងប្អូនប្រតិបត្ដិដូច្នេះបាន នោះប្រពៃហើយ។ សូមអោយបងប្អូនបានប្រកបដោយសេចក្ដីសុខ»។ 30 ពួកអ្នកតំណាងក៏លាគេ ចេញដំណើរទៅដល់ក្រុងអន់ទីយ៉ូក ហើយប្រមូលអង្គប្រជុំ រួចប្រគល់សំបុត្រជូន។ 31 គេបានអានសំបុត្រហើយមានអំណរសប្បាយគ្រប់ៗគ្នា ព្រោះសំបុត្រនោះបានលើកទឹកចិត្ដពួកគេ។ 32 លោកយូដាស និង លោកស៊ីឡាស ដែលជាព្យាការី មានប្រសាសន៍ជាច្រើន ដើម្បីលើកទឹកចិត្ដ និង ពង្រឹងជំនឿរបស់បងប្អូន។ 33 បន្ដិចក្រោយមក ពួកបងប្អូនសុខចិត្ដអោយលោកទាំងពីរវិលត្រឡប់ទៅឯក្រុមជំនុំដែលបានចាត់គេអោយមកនោះវិញ ទាំងជូនពរអោយលោកធ្វើដំណើរប្រកបដោយសុខសាន្ដ។ 34 ប៉ុន្ដែ លោកស៊ីឡាសសំរេចចិត្ដស្នាក់នៅទីនោះបន្ដទៅទៀត។ 35 រីឯលោកប៉ូល និង លោកបារណាបាស ក៏បានស្នាក់នៅក្នុងក្រុងអន់ទីយ៉ូក ទាំងបង្រៀន និង ផ្សព្វផ្សាយដំណឹងល្អអំពីព្រះបន្ទូលរបស់ព្រះអម្ចាស់ រួមជាមួយបងប្អូនជាច្រើននាក់ទៀតផង។ 36 ប៉ុន្មានថ្ងៃកន្លងមកទៀត លោកប៉ូលមានប្រសាសន៍ទៅកាន់លោកបារណាបាសថា៖ «យើងត្រូវត្រឡប់ទៅសួរសុខទុក្ខបងប្អូននៅតាមក្រុងទាំងប៉ុន្មាន ដែលយើងបានផ្សព្វផ្សាយព្រះបន្ទូលរបស់ព្រះអម្ចាស់»។ 37 លោកបារណាបាសមានបំណងនាំលោកយ៉ូហាន ហៅម៉ាកុសទៅជាមួយដែរ 38 ប៉ុន្ដែ លោកប៉ូលយល់ឃើញថាមិនគួរនាំគាត់ទៅជាមួយឡើយ ព្រោះគាត់បានរត់ចោលពួកលោកកាលពីនៅក្រុងប៉ាមភីលា គឺគាត់មិនបានធ្វើការរួមជាមួយពួកលោកទេ។ 39 លោកទាំងពីរក៏ខ្វែងគំនិតគ្នាយ៉ាងខ្លាំង រហូតដល់ទៅបែកផ្លូវគ្នា។ លោកបារណាបាស បាននាំលោកម៉ាកុសទៅជាមួយរួចចុះសំពៅឆ្ពោះទៅកោះគីប្រុស។ 40 រីឯលោកប៉ូល លោកនាំលោកស៊ីឡាសទៅជាមួយ ដោយពួកបងប្អូនបានផ្ញើលោកទៅលើ ព្រះហឫទ័យប្រណីសន្ដោសរបស់ ព្រះអម្ចាស់ 41 លោកធ្វើដំណើរឆ្លងកាត់ស្រុកស៊ីរី និង ស្រុកគីលីគាទាំងពង្រឹងជំនឿក្រុមជំនុំនានាផង។

កិច្ចការ 16

1 លោកប៉ូលធ្វើដំណើរទៅដល់ក្រុងឌើបេ រួចទៅដល់ក្រុងលីស្ដ្រា។ នៅក្រុងលីស្ដ្រានោះ មានសិស្ស មួយរូបឈ្មោះធីម៉ូថេ ជាកូនរបស់ស្ដ្រីសាសន៍យូដាម្នាក់ជាអ្នកជឿ ឪពុកគាត់ជាសាសន៍ក្រិក 2 គាត់មានកេរ្ដិ៍ឈ្មោះល្អ ក្នុងចំណោមបងប្អូននៅក្រុងលីស្ដ្រា និង បងប្អូននៅក្រុងអ៊ីកូនាម។ 3 លោកប៉ូលមានបំណងនាំគាត់រួមដំណើរទៅជាមួយដែរ។ លោកក៏យកគាត់មកធ្វើ ពិធីកាត់ ស្បែក អោយព្រោះយោគយល់ដល់សាសន៍យូដានៅស្រុកនោះ ដ្បិតគេដឹងគ្រប់គ្នាថាឪពុកគាត់ជាសាសន៍ក្រិក។ 4 នៅតាមក្រុងនានា ដែលពួកលោកប៉ូលធ្វើដំណើរកាត់ លោកបានប្រាប់អ្នកជឿអោយដឹង អំពីសេចក្ដីសំរេចរបស់ក្រុមសាវ័ក និង ក្រុមព្រឹទ្ធាចារ្យ នៅក្រុងយេរូសាឡឹម ហើយសុំអោយគេអនុវត្ដតាម។ 5 ក្រុមជំនុំនានា ក៏មានជំនឿកាន់តែមាំមួនរៀងរាល់ថ្ងៃ ហើយមានគ្នាកាន់តែច្រើនជាលំដាប់។ 6 ព្រះវិញ្ញាណដ៏វិសុទ្ធ បានឃាត់ពួកលោកប៉ូល មិនអោយទៅប្រកាសព្រះបន្ទូលនៅស្រុកអាស៊ីទេ ហេតុនេះហើយបានជាលោកនាំគ្នាធ្វើដំណើរកាត់ស្រុកព្រីគា និង ដែនដីកាឡាទី។ 7 ពេលទៅដល់ជិតស្រុកមីស៊ាលោកមានបំណងទៅស្រុកប៊ីធូនា ប៉ុន្ដែ ព្រះវិញ្ញាណរបស់ព្រះយេស៊ូពុំអនុញ្ញាតអោយទៅទេ។ 8 ដូច្នេះ លោកក៏នាំគ្នាឆ្លងកាត់ស្រុកមីស៊ាទៅដល់ក្រុងត្រូអាស។ 9 នៅពេលយប់ លោកប៉ូលបាននិមិត្ដឃើញអ្នកស្រុកម៉ាសេដូនម្នាក់ ឈរអង្វរលោកថា៖ «សូមលោកឆ្លងមកស្រុកម៉ាសេដូន ជួយយើងខ្ញុំផង!»។ 10 ក្រោយពេលលោកបានឃើញនិមិត្ដហេតុអស្ចារ្យនេះ ហើយយើង ក៏រូតរះចេញដំណើរទៅស្រុកម៉ាសេដូន ព្រោះយើងជឿជាក់ថា ព្រះជាម្ចាស់ត្រាស់ហៅយើងអោយទៅផ្សព្វផ្សាយដំណឹងល្អដល់អ្នកស្រុកនោះ។ 11 នៅក្រុងត្រូអាស យើងបានចុះសំពៅ ធ្វើដំណើរតំរង់ឆ្ពោះទៅកោះសាម៉ូត្រាសតែម្ដង។ ស្អែកឡើងយើងបានទៅដល់ក្រុងនាប៉ូល 12 រួចយើងចេញដំណើរពីក្រុងនោះឆ្ពោះទៅក្រុងភីលីព ជាក្រុងធំជាងគេក្នុងស្រុកម៉ាសេដូន ហើយជាក្រុងដែលមានឯកសិទ្ធិពិសេសនៅក្នុងចក្រភពរ៉ូម៉ាំង។ យើងបានស្នាក់នៅក្រុងនោះជាច្រើនថ្ងៃ។ 13 នៅថ្ងៃសប្ប័ទ យើងបានចេញទៅខាងក្រៅទ្វារក្រុង សំដៅទៅមាត់ស្ទឹងមួយ ដោយនឹកគិតថានឹងមានកន្លែងអធិស្ឋាន ។ យើងក៏នាំគ្នាអង្គុយ ហើយនិយាយជាមួយពួកស្ដ្រីដែលមកជួបជុំគ្នានៅទីនោះ។ 14 មានស្ដ្រីម្នាក់ដែលគោរពកោតខ្លាចព្រះជាម្ចាស់ឈ្មោះលីឌា ជាអ្នកស្រុកធាទេរ៉ា និង ជាឈ្មួញក្រណាត់ពណ៌ក្រហមដ៏មានតម្លៃ។ ពេលនោះ នាងផ្ទៀងត្រចៀកស្ដាប់ព្រះអម្ចាស់ក៏បានបំភ្លឺចិត្ដគំនិតនាង អោយយកចិត្ដទុកដាក់នឹងសេចក្ដីដែលលោកប៉ូលមានប្រសាសន៍។ 15 បន្ទាប់ពីនាងបានទទួលពិធីជ្រមុជទឹកជាមួយក្រុមគ្រួសាររបស់នាងរួចហើយ នាងបានអញ្ជើញយើងទៅស្នាក់នៅផ្ទះនាងដោយពោលថា៖ «បើលោកយល់ឃើញថានាងខ្ញុំពិតជាជឿលើព្រះអម្ចាស់មែន សូមអញ្ជើញទៅស្នាក់នៅឯផ្ទះរបស់នាងខ្ញុំទៅ!»។ នាងបានទទូចសុំអោយ យើងយល់ព្រមតាមសេចក្ដីអញ្ជើញរបស់នាង។ 16 មានថ្ងៃមួយ ពេលយើងធ្វើដំណើរទៅកន្លែងអធិស្ឋាន មានស្រីបំរើគេម្នាក់មកជួបយើង នាងមានអារក្សភីថង់ចូលនាំអោយនាងចេះទាយ ធ្វើអោយពួកម្ចាស់របស់នាងបានទទួលកំរៃយ៉ាងច្រើន។ 17 នាងដើរតាមក្រោយលោកប៉ូល និង យើងទាំងស្រែកថា៖ «លោកទាំងនេះជាអ្នកបំរើរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត លោកនាំដំណឹងអំពីមាគ៌ានៃការសង្គ្រោះមកប្រាប់អ្នករាល់គ្នា»។ 18 នាងធ្វើបែបនេះអស់រយៈពេលជាច្រើនថ្ងៃ។ ដោយលោកប៉ូលទាស់ចិត្ដជាខ្លាំង ក៏ងាកទៅក្រោយ បញ្ជាវិញ្ញាណអាក្រក់ថា៖ «ក្នុងព្រះនាមព្រះយេស៊ូគ្រិស្ដ ចូរចេញពីនាងទៅ!»។ វិញ្ញាណអាក្រក់ក៏ចេញពីនាងភ្លាម។ 19 កាលពួកម្ចាស់របស់ស្រីបំរើនោះឃើញថាលែងមានសង្ឃឹមនឹងបានកំរៃអ្វីទៀត គេក៏នាំគ្នាចាប់លោកប៉ូល និង លោកស៊ីឡាស អូសយកទៅជូនចៅក្រមនៅលានសាធារណៈក្នុងទីក្រុង។ 20 ចៅក្រមនាំលោកទាំងពីរទៅជួបពួកអាជ្ញាធរ ពោលថា៖ «ជនជាតិយូដាទាំងនេះបង្កអោយមានចលាចលនៅក្នុងក្រុងយើង។ 21 គេនាំទំនៀមទម្លាប់ផ្សេងៗមកផ្សាយប្រាប់យើង ជាទំនៀមទម្លាប់ដែលយើងជនជាតិរ៉ូម៉ាំង គ្មានសិទ្ធិនឹងទទួល ឬ អនុវត្ដតាមបានឡើយ»។ 22 បណ្ដាជនក៏លើកគ្នាមកប្រឆាំងនឹងលោកទាំងពីរដែរ។ ពួកអាជ្ញាធរបានបញ្ជាអោយគេដោះសម្លៀកបំពាក់លោកប៉ូល និង លោកស៊ីឡាសចេញ រួចបញ្ជាអោយវាយនឹងរំពាត់។ 23 ក្រោយពីបានវាយលោកទាំងពីរច្រើនរំពាត់ហើយ គេក៏យកលោកទៅដាក់ក្នុងទីឃុំឃាំង ទាំងបញ្ជាអោយយាមយ៉ាងមធ្យ័តផង។ 24 ឆ្មាំគុកក៏យកលោកទាំងពីរទៅឃុំក្នុងគុកងងឹត និង ដាក់ខ្នោះជើង តាមបញ្ជាដែលគាត់បានទទួល។ 25 ប្រមាណជាពាក់កណ្ដាលអាធ្រាត្រ លោកប៉ូល និង លោកស៊ីឡាស នាំគ្នាអធិស្ឋាន និង ច្រៀងសរសើរតម្កើងព្រះជាម្ចាស់។ អ្នកទោសឯទៀតៗស្ដាប់លោកទាំងពីរ។ 26 រំពេចនោះ ស្រាប់តែមានរញ្ជួយផែនដីយ៉ាងខ្លាំង បណ្ដាលអោយកក្រើកដល់គ្រឹះទីឃុំឃាំង ទ្វារគុកទាំងប៉ុន្មានក៏របើកឡើងភ្លាម រីឯច្រវាក់ដែលគេដាក់អ្នកទោសក៏របូតចេញអស់ដែរ។ 27 ពេលនោះឆ្មាំគុកភ្ញាក់ឡើងលុះគាត់ឃើញទ្វារគុករបើកដូច្នេះគាត់ក៏ហូតដាវបំរុងនឹងសម្លាប់ខ្លួន ព្រោះនឹកស្មានថាអ្នកទោសរត់បាត់អស់ហើយ។ 28 ប៉ុន្ដែ លោកប៉ូលបានស្រែកឡើងយ៉ាងខ្លាំងៗថា៖ «កុំធ្វើបាបខ្លួនអី យើងទាំងអស់គ្នានៅ ឯនេះទេ!»។ 29 ឆ្មាំគុកសុំអោយគេយកភ្លើងមក រួចប្រញាប់ប្រញាល់ចូលទៅក្នុងគុក។ គាត់ក្រាបចុះនៅមុខ លោកប៉ូល និង លោកស៊ីឡាស ទាំងញាប់ញ័រ។ 30 គាត់នាំលោកទាំងពីរចេញមកក្រៅពោលថា៖ «លោកម្ចាស់! តើខ្ញុំប្របាទត្រូវធ្វើយ៉ាងណាដើម្បីអោយបានទទួលការសង្គ្រោះ?»។ 31 លោកតបទៅគាត់វិញថា៖ «សូមជឿលើព្រះអម្ចាស់យេស៊ូទៅនោះព្រះជាម្ចាស់នឹងសង្គ្រោះលោក ព្រមទាំងសង្គ្រោះក្រុមគ្រួសាររបស់លោកផងដែរ»។ 32 បន្ទាប់មកលោកទាំងពីរបានប្រកាសព្រះបន្ទូលរបស់ព្រះអម្ចាស់ប្រាប់គាត់ និង ប្រាប់អ្នកទាំងប៉ុន្មានដែលនៅក្នុងផ្ទះគាត់។ 33 ពេលនោះ ឆ្មាំគុកនាំលោកទាំងពីរមកលាងស្នាមរបួសទាំងយប់ ហើយគាត់ និង ក្រុមគ្រួសាររបស់គាត់ ក៏បានទទួលពិធីជ្រមុជទឹកភ្លាម។ 34 គាត់បាននាំលោកទាំងពីរឡើងទៅផ្ទះគាត់ រៀបចំម្ហូបអាហារជូន។ គាត់ និង ក្រុមគ្រួសាររបស់គាត់មានអំណរសប្បាយដោយបានជឿលើព្រះជាម្ចាស់។ 35 លុះភ្លឺឡើង ពួកអាជ្ញាធរបានចាត់តម្រួតអោយទៅប្រាប់ឆ្មាំគុកថា៖«ចូរដោះលែងអ្នកទាំងនោះទៅ!»។ 36 ឆ្មាំគុកបាននាំដំណឹងនេះទៅជំរាបលោកប៉ូលថា៖ «ពួកអាជ្ញាធរបានចាត់គេមកប្រាប់អោយដោះលែងលោកហើយដូច្នេះ សូមលោកចេញទៅអោយបានសុខសាន្ដចុះ»។ 37 ប៉ុន្ដែ លោកប៉ូលមានប្រសាសន៍ទៅតម្រួតទាំងនោះថា៖ «យើងជាជនជាតិរ៉ូម៉ាំង គេបានវាយយើងនឹងរំពាត់នៅមុខប្រជុំជន ដោយពុំបានជំនុំជំរះជាមុន ហើយក៏យកយើងមកដាក់គុកទៀត ឥឡូវនេះ គេចង់ដោះលែងយើងដោយស្ងាត់ៗ!ទេ មិនបានទេ! លោកទាំងនោះត្រូវតែមកដោះលែងយើងផ្ទាល់តែម្ដងទើបបាន»។ 38 ពួកតំរួតនាំពាក្យនេះទៅជំរាបពួកអាជ្ញាធរ។ កាលដឹងថាលោកទាំងពីរមានសញ្ញាតិរ៉ូម៉ាំងដូច្នេះ ពួកអាជ្ញាធរភ័យខ្លាចជាខ្លាំង។ 39 គេនាំគ្នាមកអង្វរករសុំទោសលោកទាំងពីរ រួចដោះលែងលោក និង អង្វរអោយលោកចាកចេញពីក្រុងនោះផង។ 40 លោកទាំងពីរចេញពីទីឃុំឃាំង ចូលទៅផ្ទះរបស់នាងលីឌា ហើយបានជួបពួកបងប្អូន ព្រមទាំងបានលើកទឹកចិត្ដគេទៀតផង រួចទើបលោកនាំគ្នាធ្វើដំណើរចេញទៅ។

កិច្ចការ 17

1 លោកប៉ូល និង លោកស៊ីឡាស ធ្វើដំណើរកាត់ក្រុងអាំភីប៉ូលី និង ក្រុងអប៉ុឡូនា ហើយទៅដល់ក្រុងថេស្សាឡូនិក។ នៅក្រុងនោះ មានសាលាប្រជុំ មួយរបស់សាសន៍យូដា។ 2 លោកប៉ូលបានចូលទៅសាលាប្រជុំតាមទម្លាប់របស់លោក ព្រមទាំងវែកញែកគម្ពីរជាមួយពួកគេរាល់ថ្ងៃសប្ប័ទ ក្នុងអំឡុងបីសបា្ដហ៍។ 3 លោកបរិយាយពន្យល់ប្រាប់គេថា ព្រះគ្រិស្ដត្រូវតែរងទុក្ខវេទនា និង មានព្រះជន្មរស់ឡើងវិញ។ លោកមានប្រសាសន៍ថា៖ «ព្រះគ្រិស្ដគឺព្រះយេស៊ូដែលខ្ញុំបានជំរាបបងប្អូននេះហើយ»។ 4 ជនជាតិយូដាខ្លះយល់ស្របតាម ហើយចូលមករួបរួមជាមួយលោកប៉ូល និង លោកស៊ីឡាស។ មានជនជាតិក្រិកដ៏ច្រើនលើសលប់ ដែលគោរពកោតខ្លាចព្រះជាម្ចាស់ និង មានស្ដ្រីៗជាច្រើន ក្នុងចំណោមអ្នកធំក៏ចូលមករួបរួមដែរ។ 5 រីឯជនជាតិយូដាវិញ គេមានចិត្ដច្រណែន ហើយប្រមូលពួកពាលដែលនៅតាមផ្លូវមកបំបះបំបោរប្រជាជន អោយកើតចលាចលក្នុងក្រុង។ គេបានទៅផ្ទះលោកយ៉ាសូន ក្នុងគោលបំណងចាប់លោកប៉ូល និង លោកស៊ីឡាស យកទៅអោយប្រជាជនកាត់ទោស 6 តែដោយគេរកលោកទាំងពីរមិនឃើញ គេក៏ចាប់លោកយ៉ាសូន និង បងប្អូនខ្លះទៀត អូសយកទៅជូនលោកអភិបាលក្រុង ទាំងស្រែកឡើងថា៖ «ពួកដែលបង្កអោយជ្រួលច្របល់ពេញពិភពលោកទាំងមូល បានមកដល់ទីនេះហើយ!។ 7 យ៉ាសូនបានទទួលពួកគេអោយស្នាក់នៅផ្ទះគាត់! អ្នកទាំងនោះបានប្រព្រឹត្ដខុសនឹងព្រះរាជក្រឹត្យរបស់ព្រះចៅអធិរាជ ដ្បិតពួកគេប្រកាសថាមានស្ដេចមួយអង្គទៀត នាមយេស៊ូ»។ 8 ពាក្យនេះបានធ្វើអោយបណ្ដាជន និង លោកអភិបាលក្រុងខ្វល់ចិត្ដ។ 9 គេបានសុំអោយលោកយ៉ាសូន និង អ្នកឯទៀតៗបង់ប្រាក់ធានា ទើបគេសុខចិត្ដដោះលែងអោយទៅវិញ។ 10 ពួកបងប្អូនបានបណ្ដោះលោកប៉ូល និង លោកស៊ីឡាស អោយចេញដំណើរទៅក្រុងបេរា នៅយប់នោះភ្លាម។ លុះទៅដល់ហើយ លោកទាំងពីរក៏ចូលទៅក្នុងសាលាប្រជុំ របស់សាសន៍យូដា។ 11 សាសន៍យូដានៅក្រុងនេះ មានសន្ដានចិត្ដល្អជាងសាសន៍យូដានៅក្រុងថេស្សាឡូនិក គឺគេបានទទួលព្រះបន្ទូលដោយចិត្ដស្មោះសរ ហើយពិនិត្យពិច័យមើលគម្ពីរជារៀងរាល់ថ្ងៃ ដើម្បីអោយដឹងថាសេចក្ដីដែលលោកប៉ូល និង លោកស៊ីឡាសមានប្រសាសន៍ប្រាប់គេ ពិតជាត្រឹមត្រូវមែន ឬ យ៉ាងណា។ 12 ក្នុងចំណោមពួកគេមានច្រើននាក់បានជឿ ហើយមានស្ដ្រីៗអ្នកមុខអ្នកការជាតិក្រិក និង មានបុរសជាច្រើនបានជឿដែរ។ 13 ប៉ុន្ដែ កាលសាសន៍យូដានៅក្រុងថេស្សាឡូនិក ដឹងថាលោកប៉ូលផ្សព្វផ្សាយព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្រុងបេរាដែរនោះ គេក៏នាំគ្នាមកបំបះបំបោរមហាជនអោយជ្រួលច្របល់ឡើង។ 14 ឃើញដូច្នោះ ពួកបងប្អូនបាននាំលោកប៉ូលឆ្ពោះទៅមាត់សមុទ្រភ្លាម រីឯលោកស៊ីឡាស និង លោកធីម៉ូថេវិញ ស្នាក់នៅទីនោះដដែល។ 15 ពួកអ្នកជូនដំណើរលោកប៉ូល បានមកជាមួយលោករហូតដល់ក្រុងអាថែន ទើបត្រឡប់ទៅវិញ ទាំងនាំពាក្យផ្ដែផ្ដាំពីលោកប៉ូល ទៅជំរាបលោកស៊ីឡាស និង លោកធីម៉ូថេ អោយមកតាមលោកយ៉ាងប្រញាប់បំផុត។ 16 ពេលលោកប៉ូលរង់ចាំលោកស៊ីឡាស និង លោកធីម៉ូថេ នៅក្រុងអាថែនលោកតឹងទ្រូងជាខ្លាំងដោយឃើញមានរូបសំណាកពាសពេញក្នុងក្រុងនេះ។ 17 លោកបានជជែកសន្ទនាជាមួយសាសន៍យូដា និង ជាមួយអ្នកដែលគោរពកោតខ្លាចព្រះជាម្ចាស់នៅក្នុងសាលាប្រជុំ ហើយរៀងរាល់ថ្ងៃ លោកសន្ទនាជាមួយអស់អ្នកដែលលោកជួបនៅតាមទីលានសាធារណៈក្នុងក្រុង។ 18 មានទស្សនវិទូខ្លះខាងអេពីគួរ និង ខាងស្ដូអ៊ីក ក៏បានសន្ទនាជាមួយលោកដែរ ខ្លះពោលថា៖ «តើអ្នកព្រោកប្រាជ្ញនេះចង់និយាយពីរឿងអ្វី?»។ ខ្លះទៀតពោលថា៖ «ប្រហែលគាត់ជាអ្នកឃោសនាអំពីព្រះរបស់សាសន៍បរទេសទេដឹង!»។ គេពោលដូច្នេះ មកពីឮលោកប៉ូលនិយាយពីដំណឹងល្អ ស្ដីអំពីព្រះយេស៊ូ និង អំពីការរស់ឡើងវិញ។ 19 គេក៏នាំលោកយកទៅមុខសភាក្រុង នៅទួលអើរីយ៉ូសហើយពោលមកលោកថា៖ «តើលោកអាចប្រាប់អោយយើងដឹង អំពីលទ្ធិថ្មីដែលលោកបង្រៀននោះបានឬទេ? 20 ដ្បិតយើងបានឮលោកថ្លែងរឿងចំឡែកៗ យើងចង់ដឹងអត្ថន័យណាស់»។ 21 អ្នកក្រុងអាថែន និង ជនបរទេសឯទៀតៗ ដែលរស់នៅក្នុងក្រុងនោះ មិនធ្វើអ្វីផ្សេងទៀតក្រៅពីនិយាយឬ ស្ដាប់រឿងថ្មីៗនោះឡើយ។ 22 លោកប៉ូលក្រោកឈរ នៅកណ្ដាលអង្គប្រជុំនៅទួលអើរីយ៉ូស ហើយមានប្រសាសន៍ថា៖«អស់លោកជាអ្នកក្រុងអាថែនអើយ! ខ្ញុំសង្កេតឃើញថាអស់លោកនិយមសាសនាខ្លាំងណាស់ 23 ពេលខ្ញុំដើរទៅមកក្នុងទីក្រុង ខ្ញុំឃើញមានបូជនីយដ្ឋានទាំងប៉ុន្មានដែលអស់លោកគោរពបូជា ហើយខ្ញុំក៏បានឃើញអាសនៈមួយដែលមានចារឹកអក្សរថា "សូមឧទ្ទិសដល់ព្រះដែលយើងពុំស្គាល់"។ ខ្ញុំនាំដំណឹងមកប្រាប់អស់លោកអំពីព្រះដែលអស់លោកថ្វាយបង្គំ ទាំងពុំស្គាល់ហ្នឹងហើយ។ 24 ព្រះជាម្ចាស់ដែលបានបង្កើតពិភពលោក និង បង្កើតអ្វីៗសព្វសារពើនៅក្នុងពិភពលោកនេះ ព្រះអង្គជាព្រះអម្ចាស់នៃស្ថានបរមសុខ និង ព្រះអម្ចាស់នៃផែនដី ព្រះអង្គមិនគង់នៅក្នុងព្រះវិហារដែលមនុស្សសង់នោះឡើយ 25 ហើយព្រះអង្គក៏មិនត្រូវការអោយមនុស្សបីបាច់ថែរក្សាព្រះអង្គដែរ ព្រោះព្រះអង្គទេតើដែលបានប្រទានជីវិត ប្រទានដង្ហើម និង ប្រទានរបស់សព្វគ្រប់ទាំងអស់មកមនុស្ស។ 26 ព្រះអង្គប្រទានអោយប្រជាជាតិនានា កើតចេញមកពីមនុស្សតែម្នាក់ ហើយអោយគេរស់នៅពាសពេញលើផែនដីទាំងមូល។ ព្រះអង្គបានកំណត់រដូវកាល និង កំណត់ព្រំដែនអោយមនុស្សរស់នៅ។ 27 ព្រះជាម្ចាស់ធ្វើដូច្នេះដើម្បីអោយគេស្វែងរកព្រះអង្គ ហើយបើគេខ្នះខ្នែងរកព្រះអង្គមែននោះប្រហែលជាគេនឹងរកព្រះអង្គឃើញ។ តាមពិត ព្រះជាម្ចាស់មិនគង់នៅឆ្ងាយពីយើងម្នាក់ៗទេ 28 ដ្បិតយើងមានជីវិត មានចលនា និង មានភាវៈជាមនុស្ស ដោយសារព្រះអង្គ។ អ្នកកវីខ្លះរបស់អស់លោកតែងពោលថា៖ "យើងក៏ជាពូជរបស់ព្រះអង្គដែរ"។ 29 ហេតុនេះ ប្រសិនបើយើងពិតជាពូជរបស់ព្រះជាម្ចាស់មែន យើងមិនត្រូវគិតថាព្រះអង្គមានសណ្ឋានដូចរូបសំណាក ធ្វើពីមាស ប្រាក់ ឬ ថ្មដែលជាក្បាច់រចនាកើតឡើង តាមការនឹកឃើញរបស់មនុស្សនោះឡើយ។ 30 ព្រះជាម្ចាស់មិនប្រកាន់ទោសមនុស្សលោកក្នុងគ្រាដែលគេមិនទាន់ស្គាល់ព្រះអង្គនៅសម័យមុនៗនោះទេ តែឥឡូវនេះ ព្រះអង្គប្រទានដំណឹងដល់មនុស្សទាំងអស់ដែលរស់នៅគ្រប់ទីកន្លែងអោយគេកែប្រែចិត្ដគំនិត 31 ដ្បិតព្រះអង្គបានកំណត់ថ្ងៃមួយទុក ដើម្បីវិនិច្ឆ័យទោសមនុស្ស តាមសេចក្ដីសុចរិត ដោយសារបុរសម្នាក់ដែលព្រះអង្គបានតែងតាំង។ ព្រះអង្គបានប្រោសបុរសនោះអោយរស់ឡើងវិញ ទុកជាភស្ដុតាងសំរាប់មនុស្សទាំងអស់»។ 32 កាលពួកគេបានឮសូរពាក្យ"រស់ឡើងវិញ" ដូច្នេះអ្នកខ្លះក៏ចំអកអោយ អ្នកខ្លះទៀតពោលថា៖ «ចាំលើកក្រោយ យើងនឹងស្ដាប់លោកមានប្រសាសន៍អំពីរឿងនេះទៀត»។ 33 លោកប៉ូលក៏ចាកចេញពីចំណោមពួកគេ។ 34 ប៉ុន្ដែ មានអ្នកខ្លះបានមកចូលរួមជាមួយលោកហើយជឿ។ ក្នុងចំណោមអ្នកទាំងនោះ មានលោកឌេវនីស ជាសមាជិកសភាក្រុង នៅទួលអើរីយ៉ូស និង មានស្ដ្រីម្នាក់ឈ្មោះនាងដាម៉ារីស ព្រមទាំងអ្នកឯទៀតៗផង។

កិច្ចការ 18

1 ក្រោយមក លោកប៉ូលបានចាកចេញពីក្រុងអាថែន ធ្វើដំណើរឆ្ពោះទៅក្រុងកូរិនថូស។ 2 នៅក្រុងនោះ លោកបានជួបជនជាតិយូដាម្នាក់ ឈ្មោះអគីឡា ជាអ្នកស្រុកប៉ុនតុស។ លោកអគីឡា និង នាងព្រីស៊ីលជាភរិយា ទើបនឹងមកពីស្រុកអ៊ីតាលី ព្រោះព្រះចៅអធិរាជក្លូឌាស បានចេញបញ្ជាអោយជនជាតិយូដាទាំងអស់ចាកចេញពីក្រុងរ៉ូម។ លោកប៉ូលទៅទាក់ទងនឹងអ្នកទាំងពីរ 3 ហើយស្នាក់នៅ និង ធ្វើការជាមួយគេ ព្រោះលោកមានមុខរបរដូចគ្នា គឺត្បាញក្រណាត់សំរាប់បោះជំរំ។ 4 រៀងរាល់ថ្ងៃសប្ប័ទ លោកតែងតែមានប្រសាសន៍ក្នុងសាលាប្រជុំ និង ខិតខំណែនាំ ទាំងសាសន៍យូដា ទាំងសាសន៍ក្រិកអោយជឿ។ 5 កាលលោកស៊ីឡាស និង លោកធីម៉ូថេ ធ្វើដំណើរពីស្រុកម៉ាសេដូនមកដល់ហើយ លោកប៉ូលក៏ចំណាយពេលទាំងអស់របស់លោក ដើម្បីប្រកាសព្រះបន្ទូល។ លោកបានបញ្ជាក់ប្រាប់សាសន៍យូដាថា ព្រះយេស៊ូពិតជាព្រះគ្រិស្ដ។ 6 ប៉ុន្ដែ ដោយសាសន៍យូដាចេះតែប្រឆាំងនឹងលោក ហើយជេរប្រមាថលោកទៀតផងនោះ លោកក៏រលាស់ធូលីដីពីអាវរបស់លោក ទាំងមានប្រសាសន៍ថា៖ «បើអ្នករាល់គ្នាវិនាសបាត់បង់នោះ គឺមកតែពីកំហុសរបស់អ្នករាល់គ្នាផ្ទាល់ប៉ុណ្ណោះ គ្មានជាប់ជំពាក់អ្វីជាមួយខ្ញុំទេចាប់ពីពេលនេះ ខ្ញុំនឹងទៅរកសាសន៍ដទៃវិញ»។ 7 លោកក៏ចាកចេញពីទីនោះឆ្ពោះទៅផ្ទះបុរសម្នាក់ ឈ្មោះយូស្ទូស ជាអ្នកគោរពកោតខ្លាចព្រះជាម្ចាស់ហើយផ្ទះគាត់នៅជាប់នឹងសាលាប្រជុំ ។ 8 រីឯលោកគ្រីសប៉ុស ដែលជាអ្នកទទួលខុសត្រូវលើសាលាប្រជុំ និង ក្រុមគ្រួសាររបស់លោកវិញ ក៏ជឿលើព្រះអម្ចាស់ដែរ។ មានអ្នកក្រុងកូរិនថូសជាច្រើនទៀត បានស្ដាប់លោកប៉ូល ហើយជឿ ព្រមទាំងទទួលពិធីជ្រមុជទឹក ផង។ 9 យប់មួយ លោកប៉ូលនិមិត្ដឃើញព្រះអម្ចាស់មានព្រះបន្ទូលមកលោកថា៖ «កុំខ្លាចអី ត្រូវនិយាយតទៅទៀត កុំនៅស្ងៀមឡើយ 10 ដ្បិតយើងស្ថិតនៅជាមួយអ្នក ហើយ ពុំមាននរណាអាចធ្វើបាបអ្នកបានទេ ព្រោះនៅក្រុងនេះ មានមនុស្សជាច្រើនជាប្រជារាស្ដ្ររបស់យើង»។ 11 លោកប៉ូលស្នាក់នៅក្រុងកូរិនថូស អស់រយៈពេលមួយឆ្នាំប្រាំមួយខែ លោកបង្រៀនព្រះបន្ទូលរបស់ព្រះជាម្ចាស់ដល់អ្នកក្រុងនោះ។ 12 នៅគ្រាដែលលោកកាលីយ៉ូកាន់តំណែងជារាជប្រតិភូរបស់ព្រះចៅអធិរាជរ៉ូម៉ាំង នៅស្រុកអាខៃសាសន៍យូដាបានសមគំនិតគ្នាប្រឆាំងនឹងលោកប៉ូល ហើយនាំលោកយកទៅសាលាកាត់ក្ដី 13 ទាំងចោទថា៖ «ជននេះបញ្ចុះបញ្ចូលមនុស្សម្នាអោយគោរពថ្វាយបង្គំព្រះជាម្ចាស់ តាមរបៀបមួយខុសច្បាប់»។ 14 ពេលលោកប៉ូលបំរុងនឹងហាមាត់និយាយ លោកកាលីយ៉ូមានប្រសាសន៍ទៅកាន់ជនជាតិយូដាថា៖«ជនជាតិយូដាអើយ ប្រសិនបើរឿងនេះទាក់ទងនឹងបទឧក្រិដ្ឋ ឬ បទល្មើសណាមួយនោះ ខ្ញុំមុខជាសុខចិត្ដស្ដាប់អ្នករាល់គ្នាមិនខាន។ 15 ប៉ុន្ដែ បើជារឿងជជែកវែកែញកស្ដីអំពីពាក្យពេចន៍អំពីឈ្មោះ ឬ អំពីធម៌វិន័យ របស់អ្នករាល់គ្នាទេនោះ ចូរដោះស្រាយខ្លួនឯងទៅ ខ្ញុំមិនព្រមកាត់ក្ដីអោយអ្នករាល់គ្នាអំពីរឿងនេះឡើយ»។ 16 លោកក៏ដេញពួកគេចេញពីសាលាកាត់ក្ដី។ 17 ពេលនោះពួកគេនាំគ្នាចាប់លោកសូស្ដែន ដែលជាអ្នកទទួលខុសត្រូវលើសាលាប្រជុំ មកវាយនៅមុខសាលាកាត់ក្ដីតែលោកកាលីយ៉ូមិនអើពើទេ។ 18 លោកប៉ូលបានស្នាក់នៅក្រុងកូរិនថូសជាយូរថ្ងៃ។ ក្រោយមក លោកក៏ជំរាបលាពួកបងប្អូន ចុះសំពៅឆ្ពោះទៅស្រុកស៊ីរី ដោយមាននាងព្រីស៊ីល និង លោកអគីឡាជូនដំណើរទៅជាមួយដែរ។ លោកបានកោរសក់លាបំណន់ នៅកំពង់ផែកេងគ្រា។ 19 លុះមកដល់ក្រុងអេភេសូ លោកប៉ូលក៏ជំរាបលានាងព្រីស៊ីល និង លោកអគីឡា។ លោកបានចូលទៅសាលាប្រជុំ ហើយសន្ទនាជាមួយសាសន៍យូដា។ 20 ពួកគេបានអង្វរសុំអោយលោកស្នាក់នៅទីនោះមួយរយៈ 21 តែលោកពុំព្រមនៅទេ លោកជំរាបលាគេទាំងពោលថា៖ «ប្រសិនបើព្រះជាម្ចាស់សព្វព្រះហឫទ័យខ្ញុំនឹងវិលមករកបងប្អូនវិញ» រួចលោកចុះសំពៅ ចេញពីក្រុងអេភេសូទៅ។ 22 លុះធ្វើដំណើរមកដល់ក្រុងសេសារា លោកបានឡើងទៅសួរសុខទុក្ខក្រុមជំនុំ បន្ទាប់មក លោកបន្ដដំណើរទៅដល់ក្រុងអន់ទីយ៉ូក។ 23 ក្រោយពីបានស្នាក់នៅក្រុងអន់ទីយ៉ូក យូរបន្ដិចមក លោកក៏ចេញដំណើរទៅសាជាថ្មីដោយឆ្លងកាត់ស្រុកកាឡាទី និង ស្រុកព្រីគាទាំងពង្រឹងជំនឿពួកសិស្ស ទាំងអស់ផង។ 24 មានជនជាតិយូដាម្នាក់ ឈ្មោះអប៉ូឡូស ជាអ្នកស្រុកអលេក្សានទ្រាបានមកនៅក្រុងអេភេសូ គាត់ជាមនុស្សមានវោហា ហើយស្គាល់គម្ពីរយ៉ាងល្អិតល្អន់។ 25 គាត់បានទទួលការអប់រំអំពីមាគ៌ារបស់ព្រះអម្ចាស់ និង មានចិត្ដឧស្សាហ៍មោះមុត គាត់ប្រកាសព្រះបន្ទូល ហើយប៉ិនប្រសប់បង្រៀនគេយ៉ាងច្បាស់លាស់អំពីព្រះយេស៊ូផង។ ក៏ប៉ុន្ដែ គាត់បានដឹងត្រឹមតែពិធីជ្រមុជទឹក របស់លោកយ៉ូហានប៉ុណ្ណោះ។ 26 គាត់បានបង្រៀនគេក្នុងសាលាប្រជុំ ដោយចិត្ដអង់អាច។ កាលនាងព្រីស៊ីល និង លោកអគីឡាបានឮគាត់បង្រៀនដូច្នេះ ក៏អញ្ជើញគាត់ទៅជាមួយ ព្រមទាំងពន្យល់គាត់ អោយរឹតតែស្គាល់មាគ៌ារបស់ព្រះជាម្ចាស់ថែមទៀត។ 27 បន្ទាប់មក ដោយលោកអប៉ូឡូសមានបំណងធ្វើដំណើរទៅកាន់ស្រុកអាខៃ ពួកបងប្អូនក៏នាំគ្នាលើកទឹកចិត្ដគាត់អោយទៅ ថែមទាំងសរសេរសំបុត្រទៅជំរាបពួកសិស្ស នៅស្រុកនោះ អោយទទួលគាត់ដោយរាក់ទាក់ផង។ លុះទៅដល់ គាត់បានខ្នះខ្នែងជួយអស់អ្នកនៅទីនោះដែលបានទទួលជឿ ដោយសារព្រះគុណរបស់ព្រះជាម្ចាស់។ 28 ដ្បិតគាត់ចេះផ្ចាញ់សាសន៍យូដានៅមុខប្រជុំជនទាំងអស់ និង វែកញែកគម្ពីរ បញ្ជាក់ប្រាប់គេថា ព្រះយេស៊ូពិតជាព្រះគ្រិស្ដ មែន។

កិច្ចការ 19

1 ពេលដែលលោកអប៉ូឡូសនៅ ក្រុងកូរិនថូស លោកប៉ូលបានឆ្លងកាត់តំបន់ខ្ពង់រាប ធ្វើដំណើរមកដល់ក្រុងអេភេសូ។ លោកបានជួបសិស្ស ខ្លះ ហើយសួរថា៖ 2 «កាលបងប្អូនចាប់ផ្ដើមជឿនោះតើបងប្អូនទទួលព្រះវិញ្ញាណដ៏វិសុទ្ធ ហើយឬនៅ?»។ គេតបមកលោកវិញថា៖ «យើងខ្ញុំមិនដែលទាំងឮថា មានព្រះវិញ្ញាណដ៏វិសុទ្ធផង!»។ 3 លោកសួរគេទៀតថា៖ «ដូច្នេះ តើបងប្អូនបានទទួលពិធីជ្រមុជទឹក ណា?»។ គេតបថា៖ «ពិធីជ្រមុជទឹករបស់លោកយ៉ូហាន»។ 4 លោកប៉ូលក៏មានប្រសាសន៍ថា៖ «លោកយ៉ូហានបានធ្វើពិធីជ្រមុជទឹកអោយអស់អ្នកដែលកែប្រែចិត្ដគំនិត ទាំងមានប្រសាសន៍ប្រាប់ប្រជាជនអោយជឿលើព្រះអង្គដែលយាងមកក្រោយលោក គឺព្រះយេស៊ូនេះហើយ»។ 5 ក្រោយបានឮលោកប៉ូលមានប្រសាសន៍ដូច្នោះ ពួកសិស្សក៏ទទួលពិធីជ្រមុជទឹកក្នុងព្រះនាមព្រះអម្ចាស់យេស៊ូ។ 6 លោកប៉ូលបានដាក់ដៃលើគេ ព្រះវិញ្ញាណដ៏វិសុទ្ធក៏យាងមកសណ្ឋិតលើគេហើយគេនាំគ្នានិយាយភាសាចំឡែកអស្ចារ្យ និង ថ្លែងព្រះបន្ទូលផង។ 7 អ្នកទាំងនោះមានគ្នាទាំងអស់ប្រមាណដប់ពីរនាក់។ 8 លោកប៉ូលបានចូលទៅសាលាប្រជុំ ហើយមានប្រសាសន៍ដោយចិត្ដអង់អាច ក្នុងអំឡុងពេលបីខែ។ លោកបានសន្ទនាជាមួយពួកគេអំពីព្រះរាជ្យ របស់ព្រះជាម្ចាស់ និង ខិតខំណែនាំពួកគេអោយជឿ។ 9 ប៉ុន្ដែ ដោយអ្នកខ្លះនៅតែមានចិត្ដមានះមិនព្រមជឿ ថែមទាំងប្រមាថមាគ៌ារបស់ព្រះអម្ចាស់នៅមុខប្រជុំជនផងនោះ លោកក៏ចាកចេញពីពួកគេ នាំសិស្សទៅដាច់ឡែកហើយបង្រៀនគេជារៀងរាល់ថ្ងៃនៅក្នុង សាលាទីរ៉ាណុស 10 លោកបានបង្រៀនគេអស់រយៈពេលពីរឆ្នាំ គឺរហូតទាល់តែអ្នកស្រុកអាស៊ីទាំងអស់ ទាំងសាសន៍យូដាទាំងសាសន៍ក្រិកបានឮព្រះបន្ទូលរបស់ព្រះអម្ចាស់។ 11 ពេលនោះ ព្រះអម្ចាស់បានធ្វើការអស្ចារ្យដ៏ធំៗជាច្រើនតាមរយៈលោកប៉ូល 12 គឺបើគេគ្រាន់តែយកក្រណាត់ ឬ កន្សែងដែលបានប៉ះលោកប៉ូល មកដាក់ពីលើអ្នកជំងឺអ្នកជំងឺនឹងបានជា ហើយវិញ្ញាណអាក្រក់ក៏នឹងចេញពីគេទៅដែរ។ 13 មានគ្រូដេញវិញ្ញាណអាក្រក់ជាតិយូដាខ្លះ តែងធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ ចង់ដេញវិញ្ញាណអាក្រក់ចេញពីមនុស្ស ដោយប្រើព្រះនាមព្រះអម្ចាស់យេស៊ូ គឺគេនិយាយទៅវិញ្ញាណអាក្រក់ថា៖«យើងបញ្ជាពួកឯង ក្នុងព្រះនាមព្រះយេស៊ូដែលលោកប៉ូលប្រកាស ចូរចេញទៅ!»។ 14 កូនប្រុសទាំងប្រាំពីររបស់លោកស្កេវ៉ា ដែលជានាយកបូជាចារ្យ របស់សាសន៍យូដា ក៏បានធ្វើដូច្នេះដែរ។ 15 វិញ្ញាណអាក្រក់បានតបមកអ្នកទាំងនោះវិញថា៖ «យើងស្គាល់ព្រះយេស៊ូហើយក៏ដឹងថាលោកប៉ូលជានរណាដែរ ចុះឯងរាល់គ្នាវិញឯងជានរណា?»។ 16 អ្នកដែលមានវិញ្ញាណអាក្រក់ចូលបានស្ទុះមកសង្កត់ពួកគេជាប់ ហើយវិញ្ញាណអាក្រក់មានកម្លាំងជាង រហូតទាល់តែធ្វើអោយអ្នកទាំងនោះរត់ចេញពីផ្ទះរបូតខោ របូតអាវ និង ត្រូវរបួសទៀតផង។ 17 មនុស្សម្នានៅក្រុងអេភេសូ ទាំងសាសន៍យូដា ទាំងសាសន៍ក្រិក បានដឹងរឿងនេះ ហើយកោតខ្លាចគ្រប់ៗគ្នា។ ពេលនោះ គេលើកតម្កើងព្រះនាមរបស់ព្រះអម្ចាស់យេស៊ូ។ 18 មានអ្នកជឿជាច្រើននាក់ បាននាំគ្នាមកទទួលសារភាពជាសាធារណៈ នូវអំពើដែលខ្លួនធ្លាប់ប្រព្រឹត្ដកាលពីមុន 19 ហើយក៏មានអស់អ្នកដែលធ្លាប់ប្រព្រឹត្ដអំពើអាបធ្មប់ ក៏បានយកក្បួនតម្រារបស់ខ្លួនមកដុតចោល នៅមុខគេឯងទាំងអស់គ្នាផង។ គេបានគិតគូររបស់ទាំងនោះ ឃើញថាមានតម្លៃប្រាំម៉ឺនដួង ។ 20 មកពីព្រះអម្ចាស់បានសំដែងព្រះចេស្ដាដូច្នេះហើយបានជាព្រះបន្ទូលរីកចំរើន និង មានប្រសិទ្ធភាពកាន់តែខ្លាំងឡើងៗ។ 21 ក្រោយពីព្រឹត្ដិការណ៍នោះមក ព្រះវិញ្ញាណណែនាំលោកប៉ូលអោយសំរេចចិត្ដទៅក្រុងយេរូសាឡឹម ដោយធ្វើដំណើរឆ្លងកាត់ស្រុកម៉ាសេដូន និង ស្រុកអាខៃ។ លោកមានប្រសាសន៍ថា៖«កាលណាទៅដល់ស្រុកនោះខ្ញុំត្រូវតែទៅក្រុងរ៉ូមទៀត»។ 22 លោកបានចាត់សហការីរបស់លោកពីររូប គឺលោកធីម៉ូថេ និង លោកអេរ៉ាស្ដុស អោយទៅស្រុកម៉ាសេដូនមុនរីឯលោកលោកស្នាក់នៅក្នុងស្រុកអាស៊ីមួយរយៈពេលសិន។ 23 នៅគ្រានោះ មានកើតការបះបោរមួយយ៉ាងខ្លាំងព្រោះតែមាគ៌ារបស់ព្រះអម្ចាស់។ 24 មានជាងចម្លាក់ម្នាក់ឈ្មោះដេមេទ្រាស ដែលបានធ្វើរូបវិហាររបស់ព្រះនាងឌីអានពីប្រាក់ ហើយគាត់បានផ្ដល់កំរៃជាច្រើនដល់ពួកកូនជាង។ 25 គាត់បានប្រមូលកូនជាងរបស់គាត់ និង អស់អ្នកដែលមានមុខរបរដូចគ្នាមក រួចពោលថា៖«បងប្អូនអើយ បងប្អូនជ្រាបស្រាប់ហើយថា យើងបានរស់ស្រួល ក៏ដោយសារតែមុខរបរនេះ 26 ហើយបងប្អូនក៏បានឃើញបានឮដែរថា ឈ្មោះប៉ូលនោះបញ្ចុះបញ្ចូលនាំ មហាជនអោយទៅតាមគាត់ មិនត្រឹមតែនៅក្រុងអេភេសូនេះប៉ុណ្ណោះទេគឺសឹងតែពេញស្រុកអាស៊ីទាំងមូលថែមទៀតផង ដោយពោលថា រូបព្រះដែលធ្វើដោយដៃមនុស្ស មិនមែនជាព្រះឡើយ។ 27 ការនេះមិនត្រឹមតែបន្ថោកបន្ទាបមុខរបររបស់យើងប៉ុណ្ណោះទេ គឺថែមទាំងធ្វើអោយព្រះវិហារនៃព្រះនាងឌីអានដ៏ប្រសើរឧត្ដមរបស់យើងត្រូវរលាយហើយកិត្ដិនាមរបស់ព្រះនាង ដែលអ្នកស្រុកអាស៊ី និង សកលលោកទាំងមូលធ្លាប់ថ្វាយបង្គំ មុខជាត្រូវធ្លាក់ចុះអន់ថយទៀតផង»។ 28 កាលបានឮពាក្យនេះហើយ គេខឹងយ៉ាងខ្លាំងក៏នាំគ្នាស្រែកឡើងថា៖ «ព្រះនាងឌីអានជាព្រះរបស់អ្នកក្រុងអេភេសូ ទ្រង់ប្រសើរឧត្ដម!»។ 29 ពេលនោះ មានកើតវឹកវរពាសពេញទីក្រុង គេលើកគ្នាដើរតំរង់ទៅលានមហោស្រព ទាំងអូសទាញលោកកៃយុស និង លោកអើរីស្ដាកជាអ្នកស្រុកម៉ាសេដូនដែលរួមដំណើរជាមួយលោកប៉ូលទៅផង។ 30 លោកប៉ូលមានបំណងទៅជួបប្រជាជនប៉ុន្ដែ ពួកសិស្ស បានឃាត់លោកមិនអោយទៅទេ 31 សូម្បីតែមន្ដ្រីក្រុងខ្លះដែលជាមិត្ដភក្ដិរបស់លោក ក៏បានចាត់គេអោយទៅជំរាបលោកមិនអោយទៅលានមហោស្រពដែរ។ 32 នៅពេលនោះ អ្នកខ្លះស្រែកយ៉ាងនេះ អ្នកខ្លះស្រែកយ៉ាងនោះ ដ្បិតមានកើតច្របូក ច្របល់ពេញអង្គប្រជុំទាំងមូល ហើយមានអ្នកខ្លះមិនទាំងដឹងថាគេមកប្រជុំគ្នារឿងអ្វីផង។ 33 ពេលនោះ ជនជាតិយូដាបានរុញបុរសម្នាក់ ឈ្មោះអលេក្សានត្រុសអោយចេញពីក្នុងចំណោមបណ្ដាជន ឡើងទៅឈរនៅខាងមុខ។ អលេក្សានត្រុសក៏លើកដៃធ្វើសញ្ញា ព្រោះគាត់ចង់ឆ្លើយដោះសានៅមុខប្រជាជន។ 34 ប៉ុន្ដែ កាលប្រជាជនឃើញថាគាត់ជាជនជាតិយូដា គេក៏ស្រែកឡើងព្រមគ្នាអស់រយៈពេលជិតពីរម៉ោងថា៖ «ព្រះនាងឌីអានជាព្រះរបស់អ្នកក្រុងអេភេសូទ្រង់ប្រសើរឧត្ដម!»។ 35 នៅទីបំផុត លោកលេខាធិការក្រុងបានឃាត់បណ្ដាជនអោយនៅស្ងៀម ដោយពោលថា៖«បងប្អូនជាអ្នកក្រុងអេភេសូអើយ! តើនរណាមិនដឹងថា ក្រុងអេភេសូ ជាក្រុងរបស់ព្រះនាងឌីអាន ដែលជាព្រះដ៏ប្រសើរឧត្ដម និង ជាក្រុងដែលមានរូបសំណាកធ្លាក់ចុះពីស្ថានសួគ៌មកនោះ!។ 36 ត្រង់នេះគ្មាននរណាអាចជំទាស់បានទេ សូមបងប្អូននៅស្ងៀមទៅ កុំប្រព្រឹត្ដដោយឥតពិចារណាដូច្នេះ។ 37 បងប្អូនបាននាំអ្នកទាំងនេះមក ប៉ុន្ដែ គេមិនបានប្លន់ព្រះវិហារ ឬ ក៏ពោលពាក្យអ្វីប្រមាថព្រះនាងរបស់យើងទេ។ 38 ប្រសិនបើលោកដេមេទ្រាស និង ពួកជាងដែលនៅជាមួយគាត់មានរឿងអ្វីទាស់នឹងនរណា ត្រូវនាំពាក្យបណ្ដឹងមកជូនអស់លោកជារាជប្រតិភូ រកយុត្ដិធម៌អោយនៅថ្ងៃជំនុំជំរះទៅ!។ 39 ប្រសិនបើបងប្អូនចង់តវ៉ាអំពីរឿងអ្វីទៀតនោះ ចាំដល់ពេលមានអង្គប្រជុំពេញច្បាប់ គេនឹងដោះស្រាយជូន។ 40 បើមិនដូច្នោះទេ សុំប្រយ័ត្ន ក្រែងយើងត្រូវជាប់ចោទថាជាអ្នកបះបោរ ព្រោះតែរឿងរ៉ាវដែលកើតមានឡើងនៅថ្ងៃនេះ ដ្បិតយើងគ្មានមូលហេតុអ្វី ដើម្បីដោះសាអំពីការប្រជុំគ្នានេះបានឡើយ»។ 41 គាត់មានប្រសាសន៍ដូច្នេះរួចហើយ ក៏ប្រាប់អង្គប្រជុំអោយបែកខ្ញែកគ្នាទៅ។

កិច្ចការ 20

1 លុះចលាចលនេះបានស្ងប់ទៅវិញហើយ លោកប៉ូលក៏ហៅពួកសិស្សមកលើកទឹកចិត្ដ រួចជំរាបលាគេ ធ្វើដំណើរទៅស្រុកម៉ាសេដូន។ 2 លោកធ្វើដំណើរកាត់ស្រុកនោះ ទាំងមានប្រសាសន៍លើកទឹកចិត្ដអ្នកជឿយ៉ាងច្រើនផង។ បន្ទាប់មក លោកក៏បានទៅដល់ស្រុកក្រិក 3 ហើយស្នាក់នៅស្រុកនោះអស់រយៈពេលបីខែ។ ពេលលោកហៀបនឹងចុះសំពៅធ្វើដំណើរទៅស្រុកស៊ីរី ជនជាតិយូដាបានឃុបឃិតគ្នាប៉ុនប៉ងធ្វើបាបលោក។ លោកជ្រាបដូច្នេះ ក៏សំរេចចិត្ដវិលត្រឡប់ទៅវិញ កាត់តាមស្រុកម៉ាសេដូន។ 4 អ្នកដែលបានរួមដំណើរជាមួយលោកនៅពេលនោះ មានលោកសូប៉ាត្រុស កូនរបស់លោកពីរូស ជាអ្នកស្រុកបេរា លោកអើរីស្ដាក និង លោកសេគុនដុស ជាអ្នកស្រុកថេស្សាឡូនិក លោកកៃយុសជាអ្នកស្រុកឌើបេ លោកធីម៉ូថេ ព្រមទាំងលោកទីឃីកុស និង លោកត្រូភីមជាអ្នកស្រុកអាស៊ីផង។ 5 បងប្អូនទាំងនេះបានចេញដំណើរទៅមុនហើយរង់ចាំយើងនៅក្រុងត្រូអាស 6 ចំណែកឯយើងវិញ ក្រោយថ្ងៃបុណ្យនំបុ័ងឥតមេ យើងចេញពីក្រុងភីលីព ទៅចុះសំពៅ។ ប្រាំថ្ងៃក្រោយមក យើងក៏បានមកដល់ក្រុងត្រូអាស ជួបជុំនឹងពួកគេរួចស្នាក់នៅទីនោះប្រាំពីរថ្ងៃ។ 7 នៅថ្ងៃទីមួយក្នុងសបា្ដហ៍នោះ យើងបានជួបជុំគ្នាដើម្បីធ្វើពិធីកាច់នំបុ័ង។ ដោយលោកប៉ូលត្រូវចេញដំណើរនៅថ្ងៃបន្ទាប់ លោកមានប្រសាសន៍ទៅកាន់អង្គប្រជុំ ហើយអធិប្បាយរហូតដល់ពាក់កណ្ដាលអធ្រាត្រ។ 8 ក្នុងបន្ទប់ដែលយើងប្រជុំគ្នានៅជាន់ខាងលើ មានចង្កៀងជាច្រើន។ 9 ពេលលោកប៉ូល កំពុងតែមានប្រសាសន៍ យ៉ាងយូរនោះ យុវជនម្នាក់ឈ្មោះ អ៊ើទីកុសអង្គុយនៅលើមាត់បង្អួច ហើយលង់លក់ ក៏ដាច់ផ្ងារធ្លាក់ពីជាន់ទីបីនោះមក។ ពេលគេលើកគាត់ឡើង គាត់ស្លាប់ផុតទៅហើយ។ 10 លោកប៉ូលចុះទៅក្រោម ឱនពីលើអ៊ើទីកុស ត្រកងគាត់លើកឡើង ទាំងពោលថា៖ «សូមបងប្អូនកុំបារម្ភអោយសោះ គាត់នៅរស់ទេ!»។ 11 កាលលោកឡើងទៅលើវិញ លោកក៏ធ្វើពិធីកាច់នំបុ័ង និង បរិភោគ។ បន្ទាប់មក លោកមានប្រសាសន៍បន្ដទៅទៀតយ៉ាងយូរ រហូតដល់ភ្លឺ ទើបលោកចេញដំណើរទៅ។ 12 គេបាននាំយុវជនដែលនៅមានជីវិតនោះទៅវិញ ហើយពួកគេធូរស្រាលក្នុងចិត្ដឥតឧបមា។ 13 រីឯយើងវិញ យើងបានចុះសំពៅទៅមុនធ្វើដំណើរដល់ក្រុងអាសុសដើម្បីចាំលោកប៉ូលនៅទីនោះ ដូចលោកបានគ្រោងទុក ព្រោះលោកចង់ធ្វើដំណើរដោយថ្មើរជើង។ 14 កាលលោកបានមកជួបជុំជាមួយពួកយើងនៅក្រុងអាសុសហើយ យើងក៏ទទួលលោកមកក្នុងសំពៅ រួចធ្វើដំណើរឆ្ពោះទៅក្រុងមីទូឡែន។ 15 យើងបានចេញពីទីនោះ បន្ដដំណើរតាមសមុទ្រ ទៅដល់ទន្ទឹមនឹងកោះឃីយ៉ូសនៅថ្ងៃបន្ទាប់។ នៅថ្ងៃបន្ទាប់មកទៀតយើងទៅដល់កោះសាម៉ូស ហើយនៅថ្ងៃទីបីយើងក៏បានទៅដល់ក្រុងមីលេត។ 16 លោកប៉ូលសំរេចចិត្ដមិនចូលក្រុងអេភេសូទេ ដើម្បីកុំអោយយឺតដំណើរនៅស្រុកអាស៊ី ដ្បិតលោកប្រញាប់ចង់ទៅដល់ក្រុងយេរូសាឡឹម អោយទាន់បុណ្យថ្ងៃទីហាសិប ប្រសិនបើអាចធ្វើទៅបាន។ 17 លោកប៉ូលបានចាត់គេពីក្រុងមីលេត អោយទៅអញ្ជើញពួកព្រឹទ្ធាចារ្យ នៃក្រុមជំនុំ នៅក្រុងអេភេសូមក។ 18 លុះគេបានមកដល់ហើយលោកមានប្រសាសន៍ទៅគេថា៖ «បងប្អូនជ្រាបស្រាប់ហើយ អំពីអាកប្បកិរិយាដែលខ្ញុំមានចំពោះបងប្អូនរាល់ពេលវេលា តាំងពីថ្ងៃដំបូងដែលខ្ញុំបានទៅ ដល់ស្រុកអាស៊ីម៉្លេះ 19 គឺខ្ញុំបានបំរើព្រះអម្ចាស់ ដោយចិត្ដសុភាពរាបសា ទាំងទឹកភ្នែក ទាំងលំបាក ដោយជនជាតិយូដា បានឃុបឃិតគ្នាប៉ុនប៉ងធ្វើបាបខ្ញុំ។ 20 ខ្ញុំបានជំរាប និង បង្រៀនបងប្អូន តាមទីសាធារណៈ និង តាមផ្ទះនូវសេចក្ដីទាំងប៉ុន្មានដែលមានសារប្រយោជន៍ដល់បងប្អូន ឥតមានលាក់លៀមត្រង់ណាសោះឡើយ 21 ខ្ញុំបានធ្វើជាបន្ទាល់អោយទាំងសាសន៍យូដាទាំងសាសន៍ក្រិក កែប្រែចិត្ដគំនិតមករកព្រះជាម្ចាស់ និង មានជំនឿលើព្រះយេស៊ូជាព្រះអម្ចាស់របស់យើងផង។ 22 ឥឡូវនេះ ព្រះវិញ្ញាណបានទាក់ទាញចិត្ដខ្ញុំអោយធ្វើដំណើរទៅក្រុងយេរូសាឡឹម ហើយខ្ញុំមិនដឹងថា នឹងមានហេតុការណ៍អ្វីកើតមានដល់ខ្ញុំ នៅក្រុងនោះឡើយ 23 គឺខ្ញុំគ្រាន់តែដឹង តាមព្រះវិញ្ញាណដ៏វិសុទ្ធបញ្ជាក់ប្រាប់ ពីក្រុងមួយទៅក្រុងមួយថា ខ្ញុំនឹងត្រូវគេចាប់ចងហើយនឹងត្រូវរងទុក្ខវេទនា។ 24 ប៉ុន្ដែ ខ្ញុំមិនខ្វល់នឹងជីវិតរបស់ខ្ញុំទេ អោយតែខ្ញុំបានបង្ហើយមុខងារ និង សំរេចកិច្ចការដែលព្រះអម្ចាស់យេស៊ូបានប្រទានអោយខ្ញុំធ្វើ គឺផ្ដល់សក្ខីភាព អំពីដំណឹងល្អ នៃព្រះគុណរបស់ព្រះជាម្ចាស់។ 25 ខ្ញុំធ្លាប់រស់នៅក្នុងចំណោមបងប្អូនទាំងអស់គ្នាទាំងប្រកាសដំណឹងល្អ អំពីព្រះរាជ្យរបស់ព្រះជាម្ចាស់ ប៉ុន្ដែ ឥឡូវនេះខ្ញុំដឹងថាបងប្អូននឹងលែងឃើញមុខខ្ញុំទៀតហើយ។ 26 ហេតុនេះបានជាខ្ញុំផ្ដល់សក្ខីភាពអោយបងប្អូនដឹងនៅថ្ងៃនេះថា ប្រសិនបើមានម្នាក់ក្នុងចំណោមបងប្អូនត្រូវវិនាសមិនមែនមកពីកំហុសរបស់ខ្ញុំទេ 27 ដ្បិតខ្ញុំបានជំរាបបងប្អូន អំពីគំរោងការទាំងមូលរបស់ព្រះជាម្ចាស់រួចហើយ ឥតមានលាក់លៀមត្រង់ណាសោះ 28 ដូច្នេះសូមបងប្អូនថែរក្សាខ្លួនឯង និង ថែរក្សាក្រុមអ្នកជឿទាំងមូលផង ព្រោះព្រះវិញ្ញាណដ៏វិសុទ្ធបានផ្ទុកផ្ដាក់អោយបងប្អូនធ្វើជាអ្នកទទួលខុសត្រូវនេះ ដើម្បីអោយបងប្អូនថែរក្សាក្រុមជំនុំរបស់ព្រះជាម្ចាស់ ដែលព្រះអង្គបានលោះមក ដោយសារព្រះលោហិតរបស់ព្រះអង្គផ្ទាល់។ 29 ខ្ញុំដឹងច្បាស់ថា ពេលខ្ញុំចេញផុតទៅ នឹងមានមនុស្សចិត្ដសាហាវដូចចចក នាំគ្នាចូលមកក្នុងចំណោមបងប្អូន គេនឹងធ្វើបាបក្រុមអ្នកជឿឥតត្រាប្រណីឡើយ 30 ថែមទាំងមានអ្នកខ្លះក្នុងចំណោមបងប្អូននាំគ្នាពោលពាក្យបញ្ឆោត ដើម្បីទាក់ទាញពួកសិស្សអោយទៅតាមគេទៀតផង។ 31 ហេតុនេះ សូមបងប្អូនប្រុងស្មារតីអោយមែនទែន ដោយនឹកចាំថា ខ្ញុំបានដាស់តឿន បងប្អូនគ្រប់ៗរូបទាំងទឹកភ្នែកក្នុងរវាងបីឆ្នាំ ទាំងយប់ ទាំងថ្ងៃ ឥតមានឈប់ឡើយ។ 32 ឥឡូវនេះ ខ្ញុំសូមផ្ញើបងប្អូននឹងព្រះជាម្ចាស់ ហើយផ្ញើនឹងព្រះបន្ទូលស្ដីអំពីព្រះគុណរបស់ព្រះអង្គ។ មានតែព្រះអង្គទេ ដែលអាចកសាងបងប្អូនឡើង ជាក្រុមជំនុំ ព្រមទាំងអោយបងប្អូនទទួលមត៌ករួមជាមួយប្រជាជនដ៏វិសុទ្ធ។ 33 ខ្ញុំមិនដែលចង់បានមាស ប្រាក់ ឬ សម្លៀកបំពាក់អ្វីពីនរណាឡើយ។ 34 បងប្អូនជ្រាបស្រាប់ហើយថា ខ្ញុំបានធ្វើការដោយផ្ទាល់ដៃ ដើម្បីផ្គត់ផ្គង់សេចក្ដីត្រូវការរបស់ខ្ញុំ និង សេចក្ដីត្រូវការរបស់អស់អ្នកដែលនៅជាមួយខ្ញុំ។ 35 ក្នុងគ្រប់កិច្ចការទាំងអស់ខ្ញុំតែងតែប្រាប់អោយបងប្អូនដឹងថា ត្រូវតែធ្វើការនឿយហត់បែបនេះឯង ដើម្បីជួយទំនុកបំរុងអស់អ្នកដែលក្រខ្សត់ ហើយត្រូវចងចាំព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូថាៈ "បើអោយ នោះនឹងបានសុភមង្គលច្រើនជាងទទួល"»។ 36 លោកមានប្រសាសន៍ដូច្នេះរួចហើយ ក៏លុតជង្គង់ចុះអធិស្ឋានជាមួយពួកគេទាំងអស់គ្នា។ 37 ពួកព្រឹទ្ធាចារ្យទាំងនោះ នាំគ្នាទ្រហោយំអោបកលោកប៉ូល ហើយថើបលោកទៀតផង 38 ជាពិសេស គេព្រួយចិត្ដមកពីលោកប៉ូលមានប្រសាសន៍ថាគេនឹងលែងឃើញមុខលោកទៀតហើយ។ បន្ទាប់មកគេក៏ជូនដំណើរលោករហូតដល់សំពៅ។

កិច្ចការ 21

1 ក្រោយពីបានលាពួកគេទាំងអាឡោះអាល័យហើយ យើងចេញសំពៅ តំរង់ឆ្ពោះទៅកោះកូស។ នៅថ្ងៃបន្ទាប់ យើងបានទៅដល់កោះរ៉ូដូស ហើយចេញពីកោះរ៉ូដូស ទៅដល់ក្រុងប៉ាតារ៉ា។ 2 មានសំពៅមួយត្រូវទៅស្រុកភេនីសយើងក៏ចុះសំពៅនោះចេញដំណើរទៅមុខទៀត។ 3 ពេលមកជិតដល់កោះគីប្រុស យើងវាងតាមខាងត្បូង បន្ដដំណើរឆ្ពោះទៅស្រុកស៊ីរី។ យើងបានចូលចតកំពង់ផែក្រុងទីរ៉ុស ដើម្បីយកទំនិញចេញពីសំពៅ។ 4 យើងបានជួបពួកសិស្ស នៅទីនោះ ហើយស្នាក់នៅជាមួយពួកគេ អស់រយៈពេលប្រាំពីរថ្ងៃ។ ដោយព្រះវិញ្ញាណសំដែងអោយគេដឹង គេបានឃាត់លោកប៉ូល មិនអោយឡើងទៅក្រុងយេរូសាឡឹមឡើយ។ 5 លុះប្រាំពីរថ្ងៃនោះកន្លងផុតទៅ យើងត្រូវចេញដំណើរទៅមុខទៀត។ បងប្អូនទាំងអស់ ព្រមទាំងភរិយា និង កូនចៅរបស់គេ ជូនដំណើរយើង រហូតដល់ខាងក្រៅទីក្រុង។ យើងនាំគ្នាលុតជង្គង់ អធិស្ឋាននៅមាត់សមុទ្រ។ 6 បន្ទាប់មក យើងបានជំរាបលាគ្នារួចចុះសំពៅ រីឯពួកគេវិញ ពួកគេវិលត្រឡប់ទៅផ្ទះរៀងៗខ្លួន។ 7 យើងបានបន្ដដំណើរពីក្រុងទីរ៉ុស ទៅដល់ក្រុងផ្ទោឡេម៉ៃស៍ ហើយដំណើរតាមផ្លូវទឹកក៏ចប់ត្រឹមណេះ។ យើងបានចូលទៅជំរាបសួរពួកបងប្អូននៅក្រុងផ្ទោឡេម៉ៃស៍ និង ស្នាក់នៅជាមួយពួកគេមួយថ្ងៃ។ 8 នៅថ្ងៃបន្ទាប់ យើងបន្ដដំណើរដល់ក្រុងសេសារា។ យើងបានចូលផ្ទះលោកភីលីព ជាអ្នកផ្សាយដំណឹងល្អ និង ជាម្នាក់នៅក្នុងចំណោមក្រុមប្រាំពីររូប ហើយយើងក៏ស្នាក់នៅផ្ទះគាត់។ 9 លោកភីលីពមានកូនក្រមុំបួននាក់ដែលថ្លែងព្រះបន្ទូល របស់ព្រះជាម្ចាស់។ 10 យើងស្នាក់នៅទីនោះជាច្រើនថ្ងៃ។ ពេលនោះ មានព្យាការីមួយរូបឈ្មោះអកាប៊ូសធ្វើដំណើរមកពីស្រុកយូដា។ 11 គាត់មកជួបយើង ហើយយកខ្សែក្រវាត់លោកប៉ូលមកចងជើងចងដៃរបស់ខ្លួនទាំងពោលថា៖ «ព្រះវិញ្ញាណដ៏វិសុទ្ធមានព្រះបន្ទូលថា នៅក្រុងយេរូសាឡឹមសាសន៍យូដានឹងចងដៃចងជើងម្ចាស់ខ្សែក្រវាត់នេះដូច្នេះដែរ ហើយថែមទាំងបញ្ជូនលោកទៅក្នុងកណ្ដាប់ដៃរបស់សាសន៍ដទៃផង»។ 12 កាលបានឮពាក្យនេះ ទាំងយើង ទាំងបងប្អូនដែលនៅក្រុងនោះ ក៏អង្វរលោកប៉ូលមិនអោយឡើងទៅក្រុងយេរូសាឡឹមឡើយ។ 13 ប៉ុន្ដែ លោកប៉ូលតបមកវិញថា៖ «ហេតុអ្វីបានជាបងប្អូននាំគ្នាយំ ព្រមទាំងធ្វើអោយខ្ញុំពិបាកចិត្ដដូច្នេះ?ខ្ញុំបានប្រុងប្រៀបខ្លួនរួចស្រេចហើយ មិនត្រឹមតែអោយគេចងប៉ុណ្ណោះទេ គឺថែមទាំងអោយគេសម្លាប់នៅក្រុងយេរូសាឡឹម ព្រោះតែព្រះនាមរបស់ព្រះអម្ចាស់យេស៊ូទៀតផង»។ 14 ដោយយើងពុំអាចឃាត់លោកបានទេនោះ យើងក៏ឈប់អង្វរលោក ហើយពោលថា៖ «សូមអោយបានសំរេចតាមព្រះហឫទ័យរបស់ព្រះអម្ចាស់ចុះ»។ 15 ក្រោយពីបានស្នាក់នៅទីនោះយូរបន្ដិចមក យើងរៀបចំខ្លួនទៅក្រុងយេរូសាឡឹម។ 16 ពួកសិស្ស នៅក្រុងសេសារាខ្លះ បានរួមដំណើរជាមួយយើង ហើយនាំយើងទៅស្នាក់នៅផ្ទះបុរសម្នាក់ឈ្មោះម៉្នាសុន ជាអ្នកកោះគីប្រុស និង ជាសិស្ស តាំងដើមដំបូងមក។ 17 ពេលទៅដល់ក្រុងយេរូសាឡឹម ពួកបងប្អូនបានទទួលយើងយ៉ាងរាក់ទាក់។ 18 នៅថ្ងៃបន្ទាប់ លោកប៉ូលបានទៅផ្ទះលោកយ៉ាកុប ជាមួយយើង រីឯពួកព្រឹទ្ធាចារ្យ ទាំងអស់ក៏ជួបជុំគ្នានៅទីនោះដែរ។ 19 ក្រោយពីបានជំរាបសួរពួកបងប្អូនរួចហើយ លោកប៉ូលរៀបរាប់យ៉ាងល្អិតល្អន់អំពីកិច្ចការដែលព្រះអម្ចាស់បានធើ្វក្នុងចំណោមសាសន៍ដទៃ តាមរយៈការងាររបស់លោក។ 20 កាលបានឮលោកប៉ូលមានប្រសាសន៍ដូច្នេះ គេនាំគ្នាលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ហើយពោលមកកាន់លោកថា៖ «បងអើយ បងឃើញទេ មានជនជាតិយូដារាប់ម៉ឺននាក់បានជឿ ហើយបងប្អូនទាំងនោះជាប់ចិត្ដនឹងក្រឹត្យវិន័យ ខ្លាំងណាស់។ 21 ប៉ុន្ដែ គេបានឮដំណឹងថា បងបានបង្រៀនជនជាតិយូដាទាំងអស់ដែលរស់នៅក្នុងចំណោមសាសន៍ដទៃ មិនអោយប្រតិបត្ដិតាមគម្ពីរវិន័យរបស់លោកម៉ូសេ ទេ គឺឮថាបងប្រាប់គេមិនអោយធ្វើពិធីកាត់ស្បែក កូនចៅ និង មិនអោយកាន់តាមទំនៀមទម្លាប់ផ្សេងៗឡើយ។ 22 បើដូច្នេះ តើត្រូវធ្វើដូចម្ដេច? គេមុខជាដឹងថាបងនៅទីនេះមិនខាន។ 23 សូមធ្វើតាមយោបល់យើងចុះ ដ្បិតគ្នាយើងបួននាក់មានជាប់បំណន់ 24 សូមបងនាំគេទៅ ហើយធ្វើពិធីជំរះកាយអោយបានបរិសុទ្ធ ជាមួយគេ ព្រមទាំងចេញប្រាក់អោយគេកោរសក់ផង ដើម្បីអោយមនុស្សម្នាដឹងគ្រប់គ្នាថា ដំណឹងដែលគេបានឮអំពីបងនោះមិនពិតទេ ផ្ទុយទៅវិញបងក៏ប្រព្រឹត្ដតាមក្រឹត្យវិន័យ ដែរ។ 25 រីឯសាសន៍ដទៃដែលបានជឿនោះ យើងបានសរសេរសេចក្ដីដែលយើងបានសំរេចជូនទៅគេរួចហើយថាកុំអោយបរិភោគសាច់ដែលបានសែនរូបសំណាក កុំបរិភោគឈាម កុំបរិភោគសាច់សត្វដែលសម្លាប់ដោយច្របាច់ក និង កុំរួមរស់ជាមួយគ្នាដោយឥតរៀបការ »។ 26 នៅថ្ងៃបន្ទាប់ លោកប៉ូលបាននាំបងប្អូនទាំងបួននាក់នោះទៅធ្វើពិធីជំរះកាយអោយបានបរិសុទ្ធ ជាមួយលោក។ លោកក៏ចូលទៅក្នុងព្រះវិហារ ប្រាប់គេអំពីពេលកំណត់ដែលពិធីជំរះកាយអោយបានបរិសុទ្ធនេះនឹងត្រូវចប់ និង ពេលកំណត់ ដែលម្នាក់ៗត្រូវថ្វាយតង្វាយ។ 27 លុះរយៈពេលមួយសបា្ដហ៍នោះជិតផុត មានជនជាតិយូដាមកពីស្រុកអាស៊ី បានឃើញលោកនៅក្នុងព្រះវិហារ ក៏បំបះបំបោរបណ្ដាជនទាំងមូលអោយនាំគ្នាចាប់លោក។ 28 ពួកគេស្រែកឡើងថា៖ «បងប្អូនជនជាតិអ៊ីស្រាអែលអើយ សូមជួយផង! ជននេះហើយដែលបានប្រៀនប្រដៅមនុស្សម្នានៅគ្រប់ទីកន្លែងអោយប្រឆាំងនឹងប្រជារាស្ដ្រអ៊ីស្រាអែល ប្រឆាំងនឹងក្រឹត្យវិន័យ ហើយប្រឆាំងនឹងព្រះវិហារ ។ គាត់ថែមទាំងបាននាំសាសន៍ក្រិកចូលមកក្នុងព្រះវិហារ គឺបង្អាប់បង្អោនទីកន្លែងដ៏វិសុទ្ធ នេះ»។ 29 គេថាដូច្នេះ មកពីគេបានឃើញលោកត្រូភីម ជាអ្នកក្រុងអេភេសូ នៅជាមួយលោកប៉ូលក្នុងទីក្រុង ហើយគេស្មានថា លោកបាននាំគាត់ចូលក្នុងព្រះវិហារដែរ។ 30 ពេលនោះ មានកើតចលាចលពេញទីក្រុង ប្រជាជននាំគ្នារត់មកពីគ្រប់ទិសទី។ គេបានចាប់លោកប៉ូលអូសចេញពីព្រះវិហារ រួចបិទទ្វារភ្លាម។ 31 នៅពេលដែលពួកគេបំរុងនឹងសម្លាប់លោកប៉ូល ដំណឹងអំពីចលាចលនៅក្រុងយេរូសាឡឹមក៏បានឮទៅដល់មេបញ្ជាការកងទាហានរ៉ូម៉ាំង 32 គាត់នាំកូនទាហាន និង នាយទាហាន រត់ទៅកាន់បណ្ដាជនភ្លាម។ កាលប្រជាជនបានឃើញមេបញ្ជាការ និង ពួកទាហាន គេឈប់វាយលោកប៉ូល។ 33 ពេលនោះ មេបញ្ជាការបានចូលទៅជិត ហើយចាប់លោក ព្រមទាំងបញ្ជាគេអោយដាក់ច្រវាក់ពីរថែមទៀតផង រួចទើបសាកសួរថា លោកប៉ូលនេះជានរណា បានធ្វើអ្វី។ 34 ប៉ុន្ដែ ក្នុងចំណោមបណ្ដាជនមានអ្នកខ្លះស្រែកយ៉ាងនេះ អ្នកខ្លះស្រែកយ៉ាងនោះ។ ដោយមានសំឡេងអឺងកងពេក លោកមេបញ្ជាការពុំអាចដឹងរឿងហេតុច្បាស់លាស់ឡើយ គាត់ក៏បញ្ជាគេអោយនាំលោកប៉ូលទៅបន្ទាយ។ 35 ពេលលោកប៉ូលមកដល់ជណ្ដើរបន្ទាយ ពួកទាហាននាំគ្នាសែងលោកព្រោះបណ្ដាជនមកតាមទាំងកំរោល 36 និង ស្រែកថា៖«សម្លាប់ចោលទៅ!»។ 37 នៅពេលគេហៀបនឹងនាំលោកប៉ូលចូលទៅក្នុងបន្ទាយ លោកមានប្រសាសន៍ទៅមេបញ្ជាការថា៖ «តើខ្ញុំមានសិទ្ធិនិយាយជាមួយលោកបន្ដិចបានឬទេ?»។ មេបញ្ជាការពោលមកលោកថា៖«អ្នកចេះនិយាយភាសាក្រិកដែរ! 38 ដូច្នេះ អ្នកមិនមែនជាជនជាតិអេស៊ីបដែលបានបំបះបំបោរប្រជាជនប៉ុន្មានថ្ងៃមុននេះ ហើយនាំពួកឧទ្ទាមបួនពាន់នាក់ ចូលព្រៃនោះទេឬ?»។ 39 លោកប៉ូលមានប្រសាសន៍ទៅគាត់ថា៖ «ខ្ញុំជាជនជាតិយូដា កើតនៅក្រុងតើសុស ជាក្រុងដ៏ល្បីល្បាញក្នុងស្រុកគីលីគានោះទេតើ! សូមលោកមេត្ដាអនុញ្ញាតអោយខ្ញុំនិយាយទៅកាន់ប្រជាជននេះផង»។ 40 លោកមេបញ្ជាការក៏អនុញ្ញាតអោយ។ លោកប៉ូលឈរ នៅលើកាំជណ្ដើរ ហើយលើកដៃធ្វើសញ្ញាទៅប្រជាជនពេលនោះប្រជាជននៅស្ងាត់ជ្រៀប ហើយលោកមានប្រសាសន៍ទៅគេជាភាសាហេប្រឺថា៖

កិច្ចការ 22

1 «បងប្អូន និង ចាស់ទុំទាំងអស់គ្នាអើយ សូមស្ដាប់ពាក្យដោះសារបស់ខ្ញុំសិន!»។ 2 កាលពួកគេឮលោកប៉ូលមានប្រសាសន៍ជាភាសាហេប្រឺដូច្នេះ គេរឹតតែស្ងៀមស្ងាត់ថែមទៀត។ លោកប៉ូលមានប្រសាសន៍ថា៖ 3 «ខ្ញុំជាជនជាតិយូដាកើតនៅក្រុងតើសុសក្នុងស្រុកគីលីគា។ ប៉ុន្ដែ ខ្ញុំបានមករស់នៅក្រុងយេរូសាឡឹមនេះតាំងពីកុមារ ហើយខ្ញុំបានទទួលការអប់រំ តាមក្រឹត្យវិន័យនៃបុព្វបុរសរបស់យើងយ៉ាងតឹងរ៉ឹងពីសំណាក់លោកកាម៉ាលាល។ ខ្ញុំបានខ្នះខ្នែងបំរើព្រះជាម្ចាស់ ដូចបងប្អូនទាំងអស់គ្នានៅថ្ងៃនេះដែរ។ 4 ខ្ញុំធ្លាប់បៀតបៀនអស់អ្នកដែលដើរតាមមាគ៌ារបស់ព្រះអម្ចាស់ រហូតដល់សម្លាប់គេហើយចាប់ចងមនុស្សប្រុសស្រីយកទៅឃុំឃាំងទៀតផង 5 ដូចមានលោកមហាបូជាចារ្យ និង ក្រុមព្រឹទ្ធាចារ្យ ជាសាក្សីស្រាប់។ ខ្ញុំបានទទួលលិខិតពីលោកទាំងនោះយកទៅជូនបងប្អូននៅក្រុងដាម៉ាស ដ្បិតខ្ញុំទៅទីនោះដើម្បីចាប់ចងពួកអ្នកដែលដើរតាមមាគ៌ានេះ យកមកធ្វើទោសនៅក្រុងយេរូសាឡឹម។ 6 ពេលខ្ញុំកំពុងតែធ្វើដំណើរទៅជិតដល់ក្រុងដាម៉ាសប្រមាណជាថ្ងៃត្រង់ ស្រាប់តែមានពន្លឺមួយដ៏ភ្លឺត្រចះត្រចង់ ចាំងពីផ្ទៃមេឃមកជុំវិញខ្ញុំ។ 7 ខ្ញុំក៏ដួល ហើយឮសំឡេងមួយពោលមកខ្ញុំថា "សូលអើយ សូល! ហេតុដូចម្ដេចបានជាអ្នកបៀតបៀនខ្ញុំដូច្នេះ?"។ 8 ខ្ញុំបានសួរវិញថា "លោកម្ចាស់អើយ តើលោកជានរណា?"។ សំឡេងនោះឆ្លើយមកខ្ញុំថា "ខ្ញុំជាយេស៊ូ អ្នកស្រុកណាសារ៉ែត ដែលអ្នកកំពុងតែបៀតបៀន"។ 9 រីឯអស់អ្នកដែលធ្វើដំណើរជាមួយខ្ញុំ ក៏បានឃើញពន្លឺនោះដែរ តែមិនបានឮព្រះសូរសៀងទេ។ 10 ខ្ញុំក៏សួរថា "ព្រះអម្ចាស់អើយ តើទូលបង្គំត្រូវធ្វើដូចម្ដេច?"។ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា"ចូរក្រោកឡើង ទៅក្រុងដាម៉ាសទៅនៅទីនោះ គេនឹងប្រាប់អ្នកអំពីកិច្ចការទាំងប៉ុន្មាន ដែលព្រះជាម្ចាស់បង្គាប់អោយអ្នកធ្វើ"។ 11 ដោយខ្ញុំពុំអាចមើលអ្វីឃើញ ព្រោះតែពន្លឺរស្មីដ៏រុងរឿងនោះ អស់អ្នកដែលនៅជាមួយខ្ញុំបានដឹកដៃនាំខ្ញុំទៅក្រុងដាម៉ាស។ 12 នៅក្រុងនោះមានបុរសម្នាក់ឈ្មោះអណាណាស ជាអ្នកគោរពប្រណិប័តន៍ព្រះជាម្ចាស់ស្របតាមក្រឹត្យវិន័យ ហើយជនជាតិយូដានៅក្រុងដាម៉ាសគោរពរាប់អានគាត់គ្រប់ៗគ្នា។ 13 គាត់មកឈរជិតខ្ញុំ ហើយពោលថា"បងសូលអើយ សូមអោយបងមើលឃើញវិញចុះ!"។ រំពេចនោះ ភ្នែកខ្ញុំក៏ភ្លឺឡើង ហើយខ្ញុំមើលឃើញគាត់។ 14 គាត់មានប្រសាសន៍ថា "ព្រះនៃបុព្វបុរស របស់យើង បានជ្រើសរើសបង ដើម្បីអោយបងស្គាល់ព្រះហឫទ័យរបស់ព្រះអង្គ អោយបងបានឃើញព្រះដ៏សុចរិត និង អោយបងបានឮព្រះបន្ទូលរបស់ព្រះអង្គផ្ទាល់តែម្ដង 15 ដ្បិតបងនឹងធ្វើជាបន្ទាល់របស់ព្រះអង្គ នៅមុខមនុស្សទាំងអស់ អំពីហេតុការណ៍ដែលបងបានឃើញ និង អំពីសេចក្ដីដែលបងបានឮ។ 16 ដូច្នេះ តើបងនៅបង្អែរបង្អង់ដល់កាលណាទៀត សូមក្រោកឡើង ទទួលពិធីជ្រមុជទឹក ហើយអង្វររកព្រះនាមព្រះអង្គទៅ ដើម្បីព្រះអង្គលាងបាប អោយ។ 17 ខ្ញុំវិលមកដល់ក្រុងយេរូសាឡឹមវិញ ហើយនៅពេលខ្ញុំកំពុងអធិស្ឋានក្នុងព្រះវិហារ ខ្ញុំលង់ស្មារតី 18 ឃើញព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា "ចូរប្រញាប់ចាកចេញពីក្រុងយេរូសាឡឹមភ្លាមទៅ ដ្បិតអ្នកក្រុងនេះមិនព្រមទទួលសក្ខីភាពដែលអ្នកនិយាយអំពីយើងទេ"។ 19 ខ្ញុំទូលថា "បពិត្រព្រះអម្ចាស់ អ្នកទាំងនោះបានដឹងស្រាប់ហើយថា ទូលបង្គំធ្លាប់ចូលទៅសាលាប្រជុំ នានា ចាប់អស់អ្នកដែលជឿព្រះអង្គយកទៅឃុំឃាំង និង វាយដំទៀតផង។ 20 នៅពេលគេសម្លាប់លោកស្ទេផានដែលជាបន្ទាល់របស់ព្រះអង្គ ទូលបង្គំក៏នៅទីនោះ ហើយបានយល់ស្របជាមួយពួកគេទាំងនៅយាមសម្លៀកបំពាក់របស់ពួកអ្នកដែលប្រហារជីវិតលោកផងដែរ"។ 21 ពេលនោះ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា "ទៅចុះ ដ្បិតយើងនឹងចាត់អ្នកអោយទៅរកសាសន៍ដទៃដែលនៅឆ្ងាយៗ"»។ 22 បណ្ដាជនបានស្ដាប់លោកប៉ូលមានប្រសាសន៍មកដល់ត្រឹមនេះ ក៏ស្រែកឡើងថា៖ «សូមសម្លាប់មនុស្សបែបនេះចោលទៅ កុំទុកអោយនៅរស់ឡើយ!»។ 23 គេនាំគ្នាស្រែក ទាំងបោះអាវរបស់ខ្លួន និង បាចធូលីដីឡើងលើទៀតផង។ 24 លោកមេបញ្ជាការបង្គាប់អោយគេនាំលោកប៉ូលចូលទៅក្នុងបន្ទាយ និង អោយគេវាយសួរចម្លើយ ចង់ដឹងមូលហេតុដែលនាំអោយបណ្ដាជនស្រែកប្រឆាំងនឹងលោកបែបនេះ។ 25 នៅពេលគេកំពុងយកខ្សែចងលោក លោកប៉ូលមានប្រសាសន៍ទៅកាន់នាយទាហានម្នាក់នៅជិតនោះថា៖ «តើអស់លោកមានសិទ្ធិវាយអ្នកដែលមានសញ្ជាតិរ៉ូម៉ាំង ដោយមិនកាត់ទោសជាមុនឬ!»។ 26 នាយទាហានឮពាក្យនេះ ក៏ទៅជំរាបលោកមេបញ្ជាការថា៖ «តើលោកគិតធ្វើអីហ្នឹង បុរសនោះជាជនជាតិរ៉ូម៉ាំងទេតើ»។ 27 លោកមេបញ្ជាការមកសួរលោកប៉ូលថា៖ «សុំប្រាប់ខ្ញុំមើល៍ តើអ្នកជាជនជាតិរ៉ូម៉ាំងមែនឬ?»។ លោកឆ្លើយថា៖«បាទ ខ្ញុំជាជនជាតិរ៉ូម៉ាំងមែន»។ 28 លោកមេបញ្ជាការក៏មានប្រសាសន៍ទៀតថា៖ «ខ្ញុំបានចំណាយប្រាក់ជាច្រើន ដើម្បីអោយបានសញ្ជាតិរ៉ូម៉ាំង»។ លោកប៉ូលតបថា៖«រីឯខ្ញុំវិញ ខ្ញុំមានសញ្ជាតិរ៉ូម៉ាំង តាំងពីកំណើតមកម៉្លេះ»។ 29 ពួកអ្នកដែលបំរុងនឹងសួរចម្លើយលោក នាំគ្នាដកខ្លួនថយពីទីនោះភ្លាម រីឯលោកមេបញ្ជាការក៏ភិតភ័យដែរ នៅពេលដឹងថាលោកប៉ូលមានសញ្ជាតិរ៉ូម៉ាំងដូច្នេះ ព្រោះគាត់បានអោយគេដាក់ច្រវាក់លោក។ 30 នៅថ្ងៃបន្ទាប់ ដោយលោកមេបញ្ជាការចង់ដឹងច្បាស់នូវមូលហេតុ ដែលនាំអោយជនជាតិយូដាចោទប្រកាន់លោកប៉ូល គាត់ក៏អោយគេដោះច្រវាក់ចេញពីលោក។ គាត់បញ្ជាអោយពួកនាយកបូជាចារ្យ និង ក្រុមប្រឹក្សាជាន់ខ្ពស់ ទាំងមូលជួបជុំគ្នា ហើយអោយនាំលោកប៉ូលចុះមកឈរនៅមុខអង្គប្រជុំ។

កិច្ចការ 23

1 លោកប៉ូលសម្លឹងមើលទៅក្រុមប្រឹក្សាជាន់ខ្ពស់ ហើយមានប្រសាសន៍ថា៖«បងប្អូនអើយ ខ្ញុំដឹងថាអំពើដែលខ្ញុំប្រព្រឹត្ដ នៅចំពោះព្រះភ័ក្ដ្រព្រះជាម្ចាស់ រហូតមកទល់សព្វថ្ងៃនេះសុទ្ធតែត្រឹមត្រូវទាំងអស់»។ 2 លោកមហាបូជាចារ្យ អណាណាស បង្គាប់អោយអស់អ្នកដែលឈរក្បែរលោកប៉ូល ទះមាត់លោក។ 3 លោកប៉ូលមានប្រសាសន៍ទៅលោកមហាបូជាចារ្យថា៖ «នែ៎ កំពែងទ្រុឌទ្រោមលាបពណ៌ស អើយ!ព្រះជាម្ចាស់នឹងវាយលោកជាមិនខាន។ លោកអង្គុយកាត់ក្ដីខ្ញុំតាមក្រឹត្យវិន័យ តែលោកបែរជាបង្គាប់អោយគេទះខ្ញុំ ខុសនឹងក្រឹត្យវិន័យទៅវិញ!»។ 4 ពួកអ្នកដែលនៅទីនោះពោលថា៖ «អ្នកហ៊ានប្រមាថលោក មហាបូជាចារ្យរបស់ ព្រះ ជាម្ចាស់ ផងឬ!»។ 5 លោកប៉ូលតបវិញថា៖ «បងប្អូនអើយខ្ញុំនិយាយដូច្នេះ មកពីខ្ញុំមិនបានដឹងថាលោកជាមហាបូជាចារ្យទេ ដ្បិតមានចែងទុកក្នុងគម្ពីរថាៈ "អ្នកមិនត្រូវនិយាយអាក្រក់ពីអ្នកដឹកនាំប្រជាជាតិរបស់អ្នកឡើយ" »។ 6 ដោយលោកប៉ូលជ្រាបថា នៅក្នុងអង្គប្រជុំមានមួយផ្នែកជាអ្នកខាងគណៈសាឌូស៊ី និង មួយផ្នែកទៀតខាងគណៈផារីស៊ី លោកក៏មានប្រសាសន៍ខ្លាំងៗនៅកណ្ដាលក្រុមប្រឹក្សាជាន់ខ្ពស់ថា៖«បងប្អូនអើយ ខ្ញុំជាអ្នកខាងគណៈផារីស៊ី ហើយឪពុកខ្ញុំក៏ជាអ្នកខាងគណៈផារីស៊ីដែរ។ គេយកខ្ញុំមកកាត់ទោស ព្រោះតែសេចក្ដីសង្ឃឹមរបស់យើងថា មនុស្សស្លាប់នឹងរស់ឡើងវិញ»។ 7 លោកប៉ូលមានប្រសាសន៍ដូច្នេះហើយ ពួកខាងគណៈផារីស៊ី និង ពួកខាងគណៈសាឌូស៊ី ឈ្លោះប្រកែកគ្នាធ្វើអោយបាក់បែកអង្គប្រជុំ។ 8 ពួកខាងគណៈសាឌូស៊ីពុំជឿថា មនុស្សស្លាប់នឹងរស់ឡើងវិញ និង ពុំជឿថា មានទេវតា ឬ មានអារក្សទេ រីឯពួកខាងគណៈផារីស៊ីវិញគេជឿថាមានទាំងអស់។ 9 ពេលនោះ គេនាំគ្នាស្រែកឡើងយ៉ាងទ្រហឹងអឺងអាប់ ហើយអាចារ្យខ្លះពីខាងគណៈផារីស៊ីក្រោកឡើងប្រកែកតវ៉ាយ៉ាងខ្លាំងថា៖ «យើងពុំឃើញបុរសនេះមានកំហុសអ្វីឡើយ ប្រហែលជាមានអារក្ស ឬ ទេវតា ណាមួយបាននិយាយមកកាន់គាត់ទេមើលទៅ!»។ 10 ដោយឃើញអង្គប្រជុំឈ្លោះប្រកែកគ្នាកាន់តែខ្លាំងឡើងៗ លោកមេបញ្ជាការក៏បញ្ជាអោយកងទាហានចុះមក នាំលោកប៉ូលចេញពីកណ្ដាលចំណោមពួកគេ ចូលទៅក្នុងបន្ទាយ ព្រោះគាត់ខ្លាចគេហែកហួរសម្លាប់លោក។ 11 នៅយប់បន្ទាប់ ព្រះអម្ចាស់យាងចូលមកជិតលោកប៉ូល រួចមានព្រះបន្ទូលថា៖ «ចូរក្លាហានឡើង! អ្នកត្រូវតែផ្ដល់សក្ខីភាពនៅក្រុងរ៉ូម ដូចអ្នកបានផ្ដល់សក្ខីភាពអំពីខ្ញុំ នៅក្រុងយេរូសាឡឹមនេះដែរ»។ 12 នៅថ្ងៃបន្ទាប់មកទៀត ជនជាតិយូដាបានឃុបឃិតគ្នា ហើយស្បថស្បែថានឹងមិនបរិភោគ ឬ ផឹកអ្វីឡើយ ដរាបណាមិនបានសម្លាប់លោកប៉ូលសិនទេនោះ។ 13 អស់អ្នកដែលបានឃុបឃិតគ្នានេះ មានចំនួនជាងសែសិបនាក់។ 14 គេបាននាំគ្នាទៅជួបពួកនាយកបូជាចារ្យ និង ពួកព្រឹទ្ធាចារ្យ ជំរាបថា៖ «យើងខ្ញុំបានស្បថស្បែថានឹងមិនប៉ះពាល់ម្ហូបអាហារអ្វីឡើយ ដរាបណាមិនបានសម្លាប់ប៉ូលសិនទេនោះ។ 15 ចំណែកខាងអស់លោកសូមចុះសំរុងជាមួយក្រុមប្រឹក្សាជាន់ខ្ពស់ឥឡូវនេះទៅ ហើយសុំអោយលោកមេបញ្ជាការនាំប៉ូលមកធ្វើហាក់ដូចជាអស់លោកចង់ពិនិត្យពិច័យមើលសំណុំរឿងរបស់គាត់ អោយបានដិតដល់ថែមទៀត។ រីឯយើងខ្ញុំវិញ យើងខ្ញុំបានប្រុងប្រៀបខ្លួនរួចស្រេចហើយ ដើម្បីសម្លាប់គាត់ មុននឹងគាត់មកជិតដល់»។ 16 ប៉ុន្ដែ ក្មួយប្រុសរបស់លោកប៉ូលបានដឹងកលល្បិចនេះ ក៏ចូលទៅក្នុងបន្ទាយជំរាបលោកប៉ូលអោយបានជ្រាប។ 17 លោកប៉ូលហៅនាយទាហានម្នាក់មកប្រាប់ថា៖ «សូមនាំយុវជននេះទៅជួបលោកមេបញ្ជាការទៅ ដ្បិតគេមានរឿងមួយជំរាបលោក»។ 18 នាយទាហាននាំយុវជននោះទៅជួបលោកមេបញ្ជាការ ជំរាបថា៖«អ្នកទោសឈ្មោះ ប៉ូលបានហៅខ្ញុំបាទ ហើយសុំអោយខ្ញុំបាទនាំយុវជននេះមកជួបលោក ព្រោះគេមានរឿងមួយជំរាបលោក»។ 19 លោកមេបញ្ជាការដឹកដៃយុវជននោះ នាំចេញទៅដាច់ឡែកពីគេ សួរថា៖«តើក្មួយមានរឿងអ្វីចង់ប្រាប់ខ្ញុំ?»។ 20 យុវជននោះជំរាបថា៖ «ជនជាតិយូដាបានព្រមព្រៀងគ្នាថានឹងមកសុំលោកអោយបញ្ជូនលោកប៉ូលទៅជួបក្រុមប្រឹក្សាជាន់ខ្ពស់នៅថ្ងៃស្អែក ដោយយកលេសថា ក្រុមប្រឹក្សាចង់ពិនិត្យមើល សំណុំរឿងរបស់គាត់អោយបានដិតដល់ថែមទៀត។ 21 សូមលោកកុំជឿអ្នកទាំងនោះឡើយ ព្រោះមានពួកគេជាងសែសិបនាក់ពួនស្ទាក់ចាំចាប់គាត់។ គេបានស្បថស្បែថានឹងមិនបរិភោគ ឬ ផឹកអ្វីឡើយ ដរាបណាមិនបានសម្លាប់លោកប៉ូលសិនទេនោះ។ ឥឡូវនេះ គេប្រុងប្រៀបរួចរាល់អស់ហើយ គេនៅចាំតែការយល់ស្របពីលោកប៉ុណ្ណោះ»។ 22 លោកមេបញ្ជាការបានអោយយុវជននោះត្រឡប់ទៅវិញ ទាំងផ្ដែផ្ដាំមិនអោយនិយាយប្រាប់នរណាថាខ្លួនបានជំរាបគាត់អំពីរឿងនេះឡើយ។ 23 បន្ទាប់មក លោកបានហៅនាយទាហានរបស់លោក ពីររូបមកប្រាប់ថា៖ «សុំលោករៀបចំពលថ្មើរជើងពីររយនាក់ ពលសេះចិតសិបនាក់ និង ពលកាន់លំពែងពីររយនាក់ ដើម្បីចេញដំណើរទៅក្រុងសេសារានៅវេលាម៉ោងប្រាំបួនយប់។ 24 សុំរៀបចំសេះ ជាជំនិះ សំរាប់លោកប៉ូលផង ដើម្បីនាំគាត់ទៅជួបលោកទេសាភិបាលភេលិច ដោយសុខសាន្ដ»។ 25 លោកមេបញ្ជាការបានសរសេរសំបុត្រមួយ ដូចតទៅនេះ៖ 26 «ខ្ញុំបាទឈ្មោះក្លូឌាសលូស៊ាសូមជំរាបមកឯកឧត្ដមភេលិច ជាទេសាភិបាល សូមទានជ្រាប។ 27 ជនជាតិយូដាបាននាំគ្នាចាប់បុរសនេះ បំរុងនឹងសម្លាប់ចោល។ កាលខ្ញុំបាទដឹងថា គាត់ជាជនជាតិរ៉ូម៉ាំងខ្ញុំបាទអោយទាហានទៅធ្វើអន្ដរាគមន៍រំដោះគាត់មក។ 28 ដោយខ្ញុំបាទចង់ដឹងមូលហេតុដែលនាំអោយគេចោទប្រកាន់គាត់ ខ្ញុំបាទក៏នាំគាត់ទៅជួបក្រុមប្រឹក្សាជាន់ខ្ពស់ របស់ពួកគេ។ 29 ខ្ញុំបាទបានឃើញថា ពួកគេគ្រាន់តែចោទប្រកាន់គាត់ អំពីបញ្ជាដែលទាក់ទងទៅនឹងធម៌វិន័យរបស់គេប៉ុណ្ណោះ គាត់មិនបានធ្វើអ្វីខុសដែលត្រូវមានទោសដល់ជីវិត ឬ ត្រូវជាប់ឃុំឃាំងឡើយ។ 30 បន្ទាប់មក មានគេប្រាប់ខ្ញុំបាទថា ជនជាតិយូដាបានឃុបឃិតគ្នាប៉ុនប៉ងសម្លាប់គាត់។ ហេតុនេះហើយបានជាខ្ញុំបាទបញ្ជូនគាត់មកឯកឧត្ដមភ្លាម ហើយខ្ញុំបាទបានប្រាប់អស់អ្នកដែលចោទប្រកាន់គាត់ អោយនាំពាក្យបណ្ដឹងមកជូនឯកឧត្ដមតែម្ដង»។ 31 ពួកទាហានយកលោកប៉ូលមក ហើយនាំទៅក្រុងអាន់ទីប៉ាទ្រីសទាំងយប់ តាមបញ្ជាដែលគេបានទទួល។ 32 នៅថ្ងៃបន្ទាប់គេបានវិលត្រឡប់មកបន្ទាយវិញ ដោយទុកតែពលសេះអោយបន្ដដំណើរជាមួយលោកប៉ូល។ 33 លុះទៅដល់ក្រុងសេសារា ពួកពលសេះបានយកសំបុត្រទៅជូនលោកទេសាភិបាល និង ប្រគល់លោកប៉ូលជូនផងដែរ។ 34 លោកទេសាភិបាលអានសំបុត្ររួចហើយ ក៏សួរលោកប៉ូលថាមកពីស្រុកណា។ កាលលោកជ្រាបថា លោកប៉ូលជាអ្នកស្រុកគីលីគា 35 លោកមានប្រសាសន៍ថា៖ «ចាំពួកចោទប្រកាន់អ្នកមកដល់សិន ទើបយើងសួរចម្លើយ»។ បន្ទាប់មក លោកបង្គាប់អោយគេយកលោកប៉ូលទៅឃុំទុកក្នុងវិមានរបស់ព្រះបាទហេរ៉ូដ។

កិច្ចការ

1 ប្រាំថ្ងៃក្រោយមកលោកមហាបូជាចារ្យអាណាណាស និង ពួកព្រឹទ្ធាចារ្យ មួយចំនួន បានធ្វើដំណើរមកដល់ មានទាំងមេធាវីម្នាក់ឈ្មោះទើទូលុស មកជាមួយផង។ ពួកគេបានប្ដឹងទៅលោកទេសាភិបាល ចោទប្រកាន់លោកប៉ូល។ 2 គេហៅលោកប៉ូលមក ហើយលោកទើទូលុសចោទប្រកាន់លោក ដូចតទៅនេះ៖ «សូមគោរពឯកឧត្ដមភេលិចសូមទានជ្រាបដោយសារតែឯកឧត្ដម និង ដោយការកែទំរង់ផ្សេងៗ ដែលឯកឧត្ដមបានធ្វើជាប្រយោជន៍ដល់ប្រជាជាតិនេះ យើងខ្ញុំបានប្រកបដោយសេចក្ដីសុខគ្រប់យ៉ាង ក្រោមការគ្រប់គ្រងដ៏ប៊ិនប្រសប់របស់ឯកឧត្ដម។ 3 យើងខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះឯកឧត្ដម ដែលបានប្រទានអ្វីៗនៅគ្រប់ទីកន្លែង និង គ្រប់ពេលវេលាមកយើងខ្ញុំ។ 4 ប៉ុន្ដែ ខ្ញុំបាទមិនចង់រំខានឯកឧត្ដមវែងឆ្ងាយទៀតទេ ខ្ញុំបាទគ្រាន់តែអង្វរឯកឧត្ដម សូមមេត្ដាស្ដាប់យើងខ្ញុំតែបន្ដិចប៉ុណ្ណោះ។ 5 យើងខ្ញុំយល់ឃើញថាជននេះជាមនុស្សចង្រៃឧត្បាត បង្កអោយកើតចលាចលក្នុងចំណោមជនជាតិយូដាទាំងអស់នៅលើពិភពលោកទាំងមូលគាត់ជាមេដឹកនាំពួកខាងគណៈណាសារ៉ែត។ 6 គាត់ថែមទាំងបានបន្ដុះបង្អាប់ព្រះវិហារ ទៀតផងហេតុនេះ បានជាយើងខ្ញុំចាប់គាត់ ចាយើងខ្ញុំចង់កាត់ទោសគាត់តាមក្រឹត្យវិន័យរបស់យើងខ្ញុំ 7 ប៉ុន្ដែ លោកមេបញ្ជាការលូស៊ាបានប្រើកម្លំាង ធ្វើអន្ដរាគមន៍យ៉ាងខ្លាំងដណ្ដើមយកគាត់ពីយើងខ្ញុំ 8 ហើយបានបង្គាប់អោយអស់អ្នកដែលចោទប្រកាន់ជននេះមកជួបឯកឧត្ដម។ សូមឯកឧត្ដមសួរគាត់ ផ្ទាល់តែម្ដងទៅ ឯកឧត្ដមមុខជាជ្រាបមូលហេតុទាំងអស់ដែលយើងខ្ញុំចោទប្រកាន់គាត់នោះមិនខាន»។ 9 ជនជាតិយូដាបានគាំទ្រពាក្យចោទប្រកាន់នេះ និង បញ្ជាក់ថាពិតជាត្រឹមត្រូវមែន។ 10 ពេលនោះ លោកទេសាភិបាលបានធ្វើសញ្ញាអោយលោកប៉ូលមានប្រសាសន៍ លោកប៉ូលក៏មានប្រសាសន៍ថា៖ «ខ្ញុំបាទដឹងថាឯកឧត្ដមជាអ្នកគ្រប់គ្រងលើប្រជាជាតិនេះ ច្រើនឆ្នាំមកហើយ ដូច្នេះ ខ្ញុំបាទសូមឆ្លើយការពារខ្លួន ទាំងទុកចិត្ដ។ 11 ខ្ញុំបាទបានធ្វើដំណើរទៅថ្វាយបង្គំព្រះជាម្ចាស់នៅក្រុងយេរូសាឡឹម កាលដប់ពីរថ្ងៃកន្លងទៅនេះ សូមឯកឧត្ដមស៊ើបសួរមើលចុះ 12 ទោះបីនៅក្នុងព្រះវិហារក្ដី នៅក្នុងសាលាប្រជុំ ឬ នៅក្នុងទីក្រុងក្ដីគ្មាននរណាម្នាក់បានឃើញខ្ញុំបាទជជែកវែកញែកជាមួយគេ ឬ ក៏បង្កអោយមានចលាចលក្នុងចំណោមបណ្ដាជនឡើយ។ 13 អស់លោកទាំងនេះគ្មានភស្ដុតាងអ្វី មកបញ្ជាក់ពាក្យចោទប្រកាន់របស់ខ្លួន ជូនឯកឧត្ដមទាល់តែសោះ។ 14 ប៉ុន្ដែ ខ្ញុំបាទសូមជំរាបឯកឧត្ដមថាខ្ញុំបាទគោរពប្រណិប័តន៍ព្រះនៃបុព្វបុរស ខ្ញុំបាទតាមមាគ៌ាមួយដែលលោកទាំងនេះចោទថាជាគណៈខុសឆ្គង។ ខ្ញុំបាទជឿសេចក្ដីទាំងប៉ុន្មានដែលមានចែងទុកក្នុងគម្ពីរវិន័យ និង គម្ពីរព្យាការី 15 ហើយខ្ញុំបាទសង្ឃឹមលើព្រះជាម្ចាស់ ដូចលោកទាំងនេះដែរ ថា ព្រះអង្គនឹងប្រោសទាំងមនុស្សសុចរិត ទាំងមនុស្សទុច្ចរិតអោយរស់ឡើងវិញ។ 16 ហេតុនេះហើយបានជាខ្ញុំបាទខំប្រឹងធ្វើយ៉ាងណា អោយមានចិត្ដស្អាតបរិសុទ្ធ គ្រប់ជំពូកចំពោះព្រះជាម្ចាស់ និង ចំពោះមនុស្សលោក។ 17 ខ្ញុំបាទបានចាកចេញពីក្រុងយេរូសាឡឹមជាច្រើនឆ្នាំ ហើយខ្ញុំបាទវិលត្រឡប់មកវិញ ដើម្បីជួយជនរួមជាតិរបស់ខ្ញុំបាទ និង ថ្វាយតង្វាយទៅព្រះជាម្ចាស់ផង។ 18 នៅពេលនោះ ពួកគេឃើញខ្ញុំបាទធ្វើពិធីជំរះកាយអោយបានបរិសុទ្ធនៅក្នុងព្រះវិហារ តែឥតមានការប្រជុំបណ្ដាជនឬ កើតវឹកវរអ្វីឡើយ។ 19 ប៉ុន្ដែ មានសាសន៍យូដាខ្លះមកពីស្រុកអាស៊ី នៅក្នុងព្រះវិហារពេលនោះដែរ គឺអ្នកទាំងនោះទេតើដែលសមនឹងមកជួបឯកឧត្ដម ដើម្បីចោទប្រកាន់ខ្ញុំបាទ ប្រសិនបើគេមានរឿងហេតុណាមួយទាស់នឹងខ្ញុំបាទ។ 20 ខ្ញុំបាទឈរមុខក្រុមប្រឹក្សាជាន់ខ្ពស់ស្រាប់ហើយ បើអស់លោកដែលនៅទីនេះ បានឃើញខ្ញុំបាទមានទោសអ្វី សូមថាមកចុះ 21 លើកលែងតែពាក្យដែលខ្ញុំបាទបាននិយាយយ៉ាងខ្លាំងៗនៅកណ្ដាលចំណោមពួកគេថា "បងប្អូនយកខ្ញុំមកកាត់ទោសនៅថ្ងៃនេះ ព្រោះតែខ្ញុំជឿថាមនុស្សស្លាប់នឹងរស់ឡើងវិញ"»។ 22 លោកភេលិចក៏បានជ្រាបច្បាស់លាស់អំពីមាគារបស់ព្រះអម្ចាស់ដែរ។ លោកប្រាប់ពួកគេអោយត្រឡប់ទៅវិញ ដោយពោលថា៖«ពេលលោកមេបញ្ជាការលូស៊ាមកដល់ ខ្ញុំនឹងវិនិច្ឆ័យសំណុំរឿងរបស់អស់លោក»។ 23 លោកបញ្ជាអោយគេយកលោកប៉ូលទៅឃុំ តែលោកទុកអោយលោកប៉ូលមានសេរីភាពខ្លះៗដែរ ព្រមទាំងបើកអោយអ្នកជិតដិតនឹងលោកប៉ូលចូលទៅជួយទំនុកបំរុងលោកថែមទៀតផង។ 24 ប៉ុន្មានថ្ងៃកន្លងមកទៀត លោកភេលិចបានមកជាមួយភរិយារបស់លោក គឺម្ចាស់ក្សត្រីយ៍ទ្រូស៊ីលជាជនជាតិយូដា លោកអោយគេទៅហៅលោកប៉ូលមក ហើយស្ដាប់លោកប៉ូលមានប្រសាសន៍អំពីជំនឿលើព្រះគ្រិស្ដយេស៊ូ។ 25 ប៉ុន្ដែ កាលលោកប៉ូលវែកញែកអំពីសេចក្ដីសុចរិត អំពីការទប់ចិត្ដនឹងតណ្ហា និង អំពីការវិនិច្ឆ័យទោសនៅអនាគតកាល លោកភេលិចក៏ភ័យ ហើយពោលទៅលោកប៉ូលថា៖«ឥឡូវនេះ ចូរអ្នកត្រឡប់ទៅវិញសិនចុះកាលណាខ្ញុំមានពេល ខ្ញុំនឹងហៅអ្នកមកទៀត!»។ 26 លោកភេលិចសង្ឃឹមថានឹងបានទទួលប្រាក់ពីលោកប៉ូល ហេតុនេះហើយបានជាលោកចាត់គេអោយទៅហៅលោកប៉ូល មកសន្ទនាជាមួយជារឿយៗ។ 27 ពីរឆ្នាំក្រោយមក លោកពរគាស-ភេស្ទុស ចូលកាន់តំណែងជំនួសលោកភេលិច។ ដោយលោកភេលិចចង់យកចិត្ដសាសន៍យូដា លោកបានទុកលោកប៉ូលអោយនៅជាប់ឃុំឃាំងដដែល។

កិច្ចការ 25

1 បន្ទាប់ពីបានទៅដល់ស្រុកនោះបីថ្ងៃ លោកភេស្ទុសធ្វើដំណើរពីក្រុងសេសារា ឆ្ពោះទៅក្រុងយេរូសាឡឹម។ 2 ពួកនាយកបូជាចារ្យ និង ពួកអ្នកធំនៃជនជាតិយូដាបាននាំគ្នាទៅជួបលោក ដើម្បីប្ដឹងពីលោកប៉ូល។ 3 ពួកគេបានទទូចសុំអោយលោកភេស្ទុសមេត្ដាអនុគ្រោះបញ្ជូនលោកប៉ូលមកក្រុងយេរូសាឡឹម ព្រោះពួកគេបានឃុបឃិតគ្នាថានឹងពួនស្ទាក់ ចាំសម្លាប់លោកតាមផ្លូវ។ 4 ប៉ុន្ដែ លោកភេស្ទុសតបទៅវិញថា លោកប៉ូលជាប់ឃុំឃាំងនៅក្រុងសេសារាឯណោះ រីឯខ្លួនលោកផ្ទាល់ លោកក៏ត្រូវត្រឡប់ទៅវិញ ក្នុងពេលបន្ដិចទៀតដែរ។ 5 លោកមានប្រសាសន៍ថា៖ «សុំអោយអ្នកដែលមានសមត្ថភាពក្នុងចំណោមអស់លោក អញ្ជើញទៅជាមួយខ្ញុំ ហើយបើឃើញថាបុរសនោះមានកំហុសអ្វី សុំចោទប្រកាន់គាត់ទៅ»។ 6 លោកភេស្ទុសស្នាក់នៅជាមួយពួកគេ បួនដប់ថ្ងៃប៉ុណ្ណោះ រួចលោកចុះទៅក្រុងសេសារាវិញ។ នៅថ្ងៃបន្ទាប់លោកបានអង្គុយនៅទីកាត់ក្ដី ហើយបង្គាប់អោយគេនាំលោកប៉ូលមក។ 7 ពេលលោកប៉ូលមកដល់ ជនជាតិយូដាដែលមកពីក្រុងយេរូសាឡឹម បាននាំគ្នាចោមរោមលោក ហើយចោទប្រកាន់យ៉ាងធ្ងន់ៗជាច្រើន តែគេពុំអាចបង្ហាញភស្ដុតាងអ្វីបានទេ។ 8 លោកប៉ូលមានប្រសាសន៍ការពារខ្លួនថា៖«ខ្ញុំពុំបានប្រព្រឹត្ដអ្វីខុសនឹងវិន័យរបស់សាសន៍យូដា ខុសនឹងព្រះវិហារ ឬ ក៏ខុសនឹងព្រះចៅអធិរាជឡើយ»។ 9 ដោយលោកភេស្ទុសចង់យកចិត្ដជនជាតិយូដា លោកមានប្រសាសន៍មកកាន់លោកប៉ូលថា៖«តើអ្នកចង់ឡើងទៅក្រុងយេរូសាឡឹម អោយគេកាត់ក្ដីអ្នកអំពីរឿងទាំងនេះនៅចំពោះមុខខ្ញុំឬទេ?»។ 10 លោកប៉ូលតបថា៖«ខ្ញុំបាទឈរនៅមុខតុលាការរបស់ព្រះចៅអធិរាជដូច្នេះ គឺទីនេះហើយដែលឯកឧត្ដមត្រូវកាត់ក្ដីអោយខ្ញុំបាទ។ ខ្ញុំបាទពុំបានធ្វើអ្វីខុសនឹងសាសន៍យូដាទេ ដូចឯកឧត្ដមជ្រាបច្បាស់ហើយ។ 11 ប្រសិនបើខ្ញុំបាទមានទោសអ្វីឬ បានប្រព្រឹត្ដអ្វីខុសសមនឹងមានទោសដល់ជីវិតនោះខ្ញុំបាទមិនរួញរានឹងស្លាប់ទេ។ ប៉ុន្ដែ ប្រសិនបើពាក្យដែលលោកទាំងនេះចោទខ្ញុំបាទមិនពិតទេ គ្មាននរណាម្នាក់មានសិទ្ធិប្រគល់ខ្ញុំបាទទៅអោយគេឡើយ។ ខ្ញុំបាទសូមឡើងទៅព្រះចៅអធិរាជវិញ»។ 12 លោកភេស្ទុសពិភាក្សាជាមួយក្រុមប្រឹក្សា ហើយមានប្រសាសន៍ថា៖«អ្នកបានសុំឡើងទៅព្រះចៅអធិរាជ ដូច្នេះ អ្នកនឹងទៅជួបព្រះចៅអធិរាជ!»។ 13 ប៉ុន្មានថ្ងៃក្រោយមកទៀត ព្រះបាទអគ្រីប៉ា និង ម្ចាស់ក្សត្រីយ៍បេរេនីស យាងមកដល់ក្រុងសេសារាដើម្បីសួរសុខទុក្ខលោកភេស្ទុស។ 14 ដោយស្ដេចគង់នៅទីនោះជាច្រើនថ្ងៃ លោកភេស្ទុសក៏ទូលស្ដេចពីរឿងលោកប៉ូលថា៖ «លោកភេលិចបានទុកបុរសម្នាក់ នៅក្នុងទីឃុំឃាំង។ 15 កាលទូលបង្គំទៅក្រុងយេរូសាឡឹមពួកនាយកបូជាចារ្យ និង ពួកព្រឹទ្ធាចារ្យ នៃសាសន៍យូដាបាននាំគ្នាប្ដឹងពីគាត់ ដោយសុំអោយទូលបង្គំកាត់ទោសគាត់។ 16 ទូលបង្គំបានប្រាប់លោកទាំងនោះវិញថា ជនជាតិរ៉ូម៉ាំងពុំធ្លាប់បញ្ជូននរណាម្នាក់ទៅអោយគេសម្លាប់ ដោយមិនបានអោយនិយាយតទល់ជាមួយអ្នកដើមចោទ ព្រមទាំងឆ្លើយការពារខ្លួនចំពោះពាក្យចោទជាមុនសិននោះឡើយ។ 17 លោកទាំងនោះនាំគ្នាមកទីនេះ ហើយនៅថ្ងៃបន្ទាប់ ទូលបង្គំបានអង្គុយនៅទីកាត់ក្ដី និង អោយគេនាំបុរសនោះមក ឥតបង្អង់ឡើយ។ 18 ពួកដើមចោទក៏នៅទីកាត់ក្ដីដែរ តែគេពុំបានចោទគាត់ពីអំពើអាក្រក់ណាមួយ ដូចទូលបង្គំនឹកស្មាននោះទេ 19 គឺមានតែជជែកវែកញែកអំពីរឿងសាសនារបស់គេ និង អំពីបុរសម្នាក់ឈ្មោះយេស៊ូ ដែលបានស្លាប់ហើយលោកប៉ូលថានៅមានជីវិតរស់នោះតែប៉ុណ្ណោះ។ 20 ចំណែកឯទូលបង្គំវិញ ទូលបង្គំមិនដឹងជាត្រូវគិតដូចម្ដេច ចំពោះការជជែកវែកញែកបែបនេះ ទូលបង្គំបានសួរគាត់ថា ចង់ទៅក្រុងយេរូសាឡឹម អោយគេកាត់ក្ដីអំពីរឿងទាំងនេះឬទេ 21 តែលោកប៉ូលបានសុំឡើងទៅព្រះមហាក្សត្រាធិរាជ ដើម្បីសុំអោយព្រះអង្គកាត់ក្ដី។ ទូលបង្គំចេញបញ្ជាអោយគេឃុំគាត់ទុករហូតដល់ពេលទូលបង្គំនឹងបញ្ជូនគាត់ទៅព្រះចៅអធិរាជ»។ 22 ព្រះបាទអគ្រីប៉ា មានរាជឱង្ការទៅលោកភេស្ទុសថា៖ «ខ្ញុំក៏ចង់ស្ដាប់បុរសនោះនិយាយដែរ»។ លោកតបវិញថា៖ «ព្រះករុណាអាចស្ដាប់គាត់នៅថ្ងៃស្អែក»។ 23 លុះស្អែកឡើងព្រះបាទអគ្រីប៉ា និង ម្ចាស់ក្សត្រីយ៍បេរេនីស បានយាងចូលក្នុងសាលសវនាការយ៉ាងអធិកអធម ដោយមានពួកនាយទាហានជាន់ខ្ពស់ និង ពួកនាម៉ឺនធំៗនៅក្រុងនោះ ហែហមមកជាមួយផង។ គេនាំលោកប៉ូលមកតាមបញ្ជារបស់លោកភេស្ទុស។ 24 លោកភេស្ទុសមានប្រសាសន៍ថា៖«សូមទូលព្រះរាជា និង ជំរាបអស់លោក ដែលនៅទីនេះ។ បុរសដែលព្រះរាជា និង អស់លោកឃើញនេះ ជាអ្នកដែលជនជាតិយូដាទាំងមូល ទាំងនៅក្រុងយេរូសាឡឹម ទាំងនៅក្រុងនេះ បាននាំគ្នាមកជួបខ្ញុំ ហើយស្រែកថា គាត់មិនត្រូវរស់តទៅទៀតទេ។ 25 ចំពោះខ្ញុំវិញ ខ្ញុំយល់ឃើញថាគាត់ពុំបានប្រព្រឹត្ដអ្វីខុស ដែលត្រូវមានទោសដល់ជីវិតនោះឡើយ ប៉ុន្ដែ ដោយខ្លួនគាត់ផ្ទាល់បានសុំឡើងទៅព្រះចៅអធិរាជ ខ្ញុំក៏សំរេចចិត្ដបញ្ជូនគាត់ទៅព្រះអង្គ។ 26 ខ្ញុំគ្មានមូលហេតុអ្វីច្បាស់លាស់ ដើម្បីសរសេរសេចក្ដីរាយការណ៍ថ្វាយព្រះមហាក្សត្រាធិរាជ អំពីសំណុំរឿងគាត់ទាល់តែសោះ។ ហេតុនេះហើយបានជាខ្ញុំអោយគេនាំគាត់មកជួបអស់លោក ជាពិសេស ជួបព្រះករុណាផ្ទាល់។ ដូច្នេះនៅពេលសួរចម្លើយគាត់រួច ខ្ញុំនឹងមានមូលហេតុ សរសេរសេចក្ដីរាយការណ៍បាន។ 27 ខ្ញុំយល់ឃើញថា បើបញ្ជូនអ្នកទោស ដោយមិនបញ្ជាក់ អំពីពាក្យចោទទៅជាមួយផងទេនោះ ដូចជាគ្មានន័យអ្វីសោះឡើយ»។

កិច្ចការ 26

1 ព្រះបាទអគ្រីប៉ាមានរាជឱង្ការទៅលោកប៉ូលថា៖ «អ្នកមានសិទ្ធិនិយាយការពារខ្លួននៅពេលនេះបាន!»។ លោកប៉ូលលើកដៃឡើង មានប្រសាសន៍ថា៖ 2 «បពិត្រព្រះរាជា ទូលបង្គំមានកិត្ដិយសធំណាស់ ដោយអាចឆ្លើយការពារខ្លួន នៅចំពោះព្រះភ័ក្ដ្រព្រះករុណាថ្ងៃនេះ អំពីពាក្យបណ្ដឹងទាំងប៉ុន្មានដែលសាសន៍យូដាចោទទូលបង្គំ 3 ដ្បិតព្រះករុណាជ្រាបយ៉ាងច្បាស់ អំពីទំនៀមទម្លាប់ផ្សេងៗរបស់សាសន៍យូដា និង អំពីសេចក្ដីដែលគេនិយមជជែកវែកែញក។ ហេតុនេះ សូមទ្រង់មេត្ដាព្រះសណ្ដាប់ទូលបង្គំ ដោយអនុគ្រោះផង។ 4 ជនជាតិយូដាទាំងមូលស្គាល់ប្រវត្ដិរបស់ទូលបង្គំ តាំងពីក្មេងមកស្រាប់ហើយ គេក៏ដឹងថាតាំងពីដើមមក ទូលបង្គំរស់នៅកណ្ដាលចំណោមជនជាតិរបស់ទូលបង្គំ និង នៅក្រុងយេរូសាឡឹម របៀបណាដែរ។ 5 គេបានស្គាល់ទូលបង្គំ តាំងពីយូរមកហើយ ពីដើម ទូលបង្គំជាអ្នកខាងគណៈផារីស៊ី ដែលជាគណៈតឹងរ៉ឹងជាងគេក្នុងសាសនារបស់យើង ប្រសិនបើពួកគេចង់ ពួកគេអាចធ្វើជាសាក្សីបាន។ 6 ប៉ុន្ដែ ឥឡូវនេះ គេយកទូលបង្គំមកវិនិច្ឆ័យទោស ព្រោះតែសេចក្ដីសង្ឃឹមលើព្រះបន្ទូល ដែលព្រះជាម្ចាស់បានសន្យាជាមួយបុព្វបុរស របស់យើង។ 7 កុលសម្ព័ន្ធ ទាំងដប់ពីររបស់យើងនាំគ្នាគោរពបំរើព្រះជាម្ចាស់ ទាំងយប់ ទាំងថ្ងៃ ឥតឈប់ឈរ ដោយសង្ឃឹមថា ព្រះបន្ទូលសន្យានោះ នឹងបានសំរេច។ បពិត្រព្រះរាជា ជនជាតិយូដាបានចោទប្រកាន់ទូលបង្គំ ព្រោះតែសេចក្ដីសង្ឃឹមនេះហើយ។ 8 ចុះហេតុដូចម្ដេចបានជាអស់លោកយល់ថា ការដែលព្រះជាម្ចាស់ប្រោសមនុស្សស្លាប់ អោយរស់ឡើងវិញ ជាការមួយមិនគួរអោយជឿដូច្នេះ! 9 ចំណែកឯទូលបង្គំផ្ទាល់ ពីដើមទូលបង្គំយល់ឃើញថា ត្រូវតែប្រឆាំងនឹងព្រះនាមព្រះយេស៊ូ ជាអ្នកភូមិណាសារ៉ែតគ្រប់យ៉ាងទាំងអស់ 10 ហើយទូលបង្គំបានប្រព្រឹត្ដដូច្នេះ នៅក្រុងយេរូសាឡឹមមែន គឺទូលបង្គំបានទទួលច្បាប់អនុញ្ញាតពីក្រុមនាយកបូជាចារ្យ ដើម្បីចាប់អស់អ្នកដែលជឿលើព្រះអម្ចាស់ជាច្រើននាក់យកទៅឃុំឃាំង។ នៅពេលគេសម្លាប់អ្នកទាំងនោះទូលបង្គំក៏យល់ស្របជាមួយដែរ។ 11 ទូលបង្គំតែងចូលទៅក្នុងសាលាប្រជុំ នានាជាញឹកញាប់ ដើម្បីធ្វើទុក្ខទោសអ្នកទាំងនោះ បង្ខំអោយគេលះបង់ចោលជំនឿរបស់ខ្លួន។ ទូលបង្គំខឹងគេជាខ្លាំងពន់ពេក រហូតដល់ទៅតាមបៀតបៀនគេក្នុងក្រុងនានា នៅបរទេសផង។ 12 ហេតុនេះហើយបានជាទូលបង្គំធ្វើដំណើរទៅក្រុងដាម៉ាសទាំងទទួលអំណាច និង ការអនុញ្ញាតពីក្រុមនាយកបូជាចារ្យ។ 13 បពិត្រព្រះរាជា នៅតាមផ្លូវ ប្រមាណជាថ្ងៃត្រង់ទូលបង្គំបានឃើញពន្លឺមួយភ្លឺជាងពន្លឺថ្ងៃទៅទៀតចាំងពីលើមេឃមកលើទូលបង្គំ និង លើអ្នកដែលរួមដំណើរជាមួយទូលបង្គំ។ 14 ពេលនោះ យើងខ្ញុំដួលទាំងអស់គ្នា ហើយទូលបង្គំបានឮសំឡេងពោលមកកាន់ទូលបង្គំជាភាសាហេប្រឺថា "សូលសូលអើយ! ហេតុដូចម្ដេចបានជាអ្នកបៀតបៀនខ្ញុំ? អ្នកខំប្រឹងតយុទ្ធនឹងខ្ញុំ ដូចគោជល់នឹងជន្លួញដូច្នេះ មិនកើតទេ"។ 15 ទូលបង្គំបានតបទៅវិញថា "លោកម្ចាស់អើយ តើលោកជានរណា?"។ ព្រះអម្ចាស់មានព្រះបន្ទូលមកទូលបង្គំវិញថា "ខ្ញុំជាយេស៊ូដែលអ្នកកំពុងតែបៀតបៀន។ 16 ចូរក្រោកឈរឡើង ខ្ញុំបង្ហាញខ្លួនអោយអ្នកឃើញ មកពីខ្ញុំបានជ្រើសរើសអ្នកអោយបំរើ ព្រមទាំងធ្វើជាបន្ទាល់អំពីហេតុការណ៍ដែលខ្ញុំបង្ហាញអោយអ្នកឃើញនៅពេលនេះ និង ហេតុការណ៍ឯទៀតៗ ដែលខ្ញុំនឹងបង្ហាញអោយអ្នកឃើញនៅពេលខាងមុខ។ 17 ខ្ញុំបានរំដោះអ្នកអោយរួចពីសាសន៍អ៊ីស្រាអែល និង សាសន៍ដទៃ។ ខ្ញុំចាត់អ្នកអោយទៅរកសាសន៍ទាំងនោះ 18 ដើម្បីបើកភ្នែកគេអោយភ្លឺអោយគេងាកចេញពីសេចក្ដីងងឹតបែរមករកពន្លឺ និង ងាកចេញពីអំណាចរបស់មារ សាតាំង បែរមករកព្រះជាម្ចាស់វិញ ព្រមទាំងទទួលការអត់ទោសអោយរួចពីបាប និង ទទួលមត៌ករួមជាមួយអស់អ្នកដែលព្រះជាម្ចាស់ប្រោសអោយបានវិសុទ្ធ ដោយមានជំនឿលើខ្ញុំ"។ 19 បពិត្រព្រះរាជា ទូលបង្គំពុំបានជំទាស់នឹងការអស្ចារ្យដែលទូលបង្គំនិមិត្ដឃើញនោះឡើយ។ 20 ទូលបង្គំបានប្រាប់ប្រជាជននៅក្រុងដាម៉ាសមុនគេបង្អស់ បន្ទាប់មក ប្រាប់ប្រជាជននៅក្រុងយេរូសាឡឹមនៅស្រុកយូដាទាំងមូល ហើយប្រាប់សាសន៍ដទៃអោយកែប្រែចិត្ដគំនិត និង បែរមករកព្រះជាម្ចាស់ ដោយប្រព្រឹត្ដអំពើផ្សេងៗបញ្ជាក់ថា គេពិតជាកែប្រែចិត្ដគំនិតមែន។ 21 មកពីហេតុនេះហើយបានជាសាសន៍យូដានាំគ្នាចាប់ទូលបង្គំនៅក្នុងព្រះវិហារ ព្រមទាំងប៉ុនប៉ងប្រហារជីវិតទូលបង្គំផង។ 22 ប៉ុន្ដែ ដោយព្រះជាម្ចាស់ការពារទូលបង្គំរហូតមកទល់ថ្ងៃនេះ បានជាទូលបង្គំនៅតែផ្ដល់សក្ខីភាពអំពីព្រះអង្គ នៅចំពោះមុខអ្នកតូចអ្នកធំ។ ទូលបង្គំពុំបាននិយាយអ្វីក្រៅពីសេចក្ដីដែលពួកព្យាការី និង លោកម៉ូសេ បានថ្លែងទុកអំពីហេតុការណ៍ដែលត្រូវតែកើតមាននោះឡើយ 23 ពោលគឺព្រះគ្រិស្ដ បានរងទុក្ខលំបាក ហើយមានព្រះជន្មរស់ឡើងវិញមុនគេបង្អស់ទ្រង់នឹងប្រទានដំណឹងអំពីពន្លឺនៃការសង្គ្រោះ ប្រាប់សាសន៍អ៊ីស្រាអែល និង សាសន៍ដទៃ»។ 24 កាលលោកប៉ូលកំពុងមានប្រសាសន៍ការពារ ខ្លួនដូច្នេះ លោកភេស្ទុសក៏បន្លឺសំឡេងឡើងយ៉ាងខ្លាំងថា៖ «ប៉ូលអើយ អ្នកវង្វេងស្មារតីហើយ! គឺអ្នករៀនសូត្រច្រើនពេក បានជាត្រឡប់ទៅជាវង្វេងស្មារតីដូច្នេះ!»។ 25 លោកប៉ូលតបវិញថា៖ «សូមជំរាបឯកឧត្ដមភេស្ទុសខ្ញុំបាទមិនមែនវង្វេងស្មារតីទេ ផ្ទុយទៅវិញ ខ្ញុំបាទនិយាយតែពាក្យពិត មានន័យត្រឹមត្រូវ។ 26 ព្រះរាជាក៏ជ្រាបអំពីហេតុការណ៍ទាំងនេះ រួចស្រេចទៅហើយដែរ ខ្ញុំបាទហ៊ាននិយាយនៅ ចំពោះមុខព្រះអង្គដោយឥតភ័យខ្លាចឡើយ ដ្បិតខ្ញុំបាទជឿជាក់ថាព្រះរាជាជ្រាបទាំងអស់ ព្រោះហេតុការណ៍នេះមិនមែនកើតឡើងស្ងាត់ៗ នៅកៀនកោះណាមួយនោះទេ។ 27 បពិត្រព្រះរាជា តើព្រះអង្គជឿពួកព្យាការីឬទេ? ទូលបង្គំដឹងថាព្រះអង្គពិតជាជឿមែន!»។ 28 ព្រះបាទអគ្រីប៉ាមានរាជឱង្ការទៅលោកប៉ូលថា៖ «នៅតែបន្ដិចទៀត អ្នកមុខជាធ្វើអោយខ្ញុំទៅជាគ្រិស្ដបរិស័ទហើយ!»។ 29 លោកប៉ូលទូលតបវិញថា៖ «ទោះបីនៅតែបន្ដិចទៀត ឬ យូរទៀតក្ដី ទូលបង្គំអង្វរព្រះជាម្ចាស់ សូមទ្រង់ប្រោសប្រណី មិនត្រឹមតែដល់ព្រះរាជាប៉ុណ្ណោះទេ គឺដល់អស់លោកដែលកំពុងស្ដាប់ទូលបង្គំនៅថ្ងៃនេះ សូមអោយព្រះរាជា និង អស់លោកបានដូចទូលបង្គំដែរ លើកលែងតែការជាប់ច្រវាក់នេះចេញ!»។ 30 ព្រះរាជា លោកទេសាភិបាល ព្រមទាំងម្ចាស់ក្សត្រីយ៍បេរេនីស និង អ្នកឯទៀតៗដែលអង្គុយនៅទីនោះ បាននាំគ្នាក្រោកឡើង 31 ហើយចាកចេញទៅទាំងនិយាយគ្នាថា៖ «បុរសនេះពុំបានធ្វើអ្វីខុសដែលត្រូវមានទោសដល់ជីវិត ឬ ត្រូវជាប់ច្រវាក់ឡើយ»។ 32 ព្រះបាទអគ្រីប៉ាមានរាជឱង្ការទៅកាន់ លោកភេស្ទុសថា៖«ប្រសិនបើបុរសនេះមិនបានសុំឡើងទៅដល់ព្រះចៅអធិរាជទេនោះ យើងអាចដោះលែងគាត់បាន»។

កិច្ចការ 27

1 នៅពេលគេសំរេចអោយចុះសំពៅចេញដំណើរ ឆ្ពោះទៅស្រុកអ៊ីតាលីគេប្រគល់លោកប៉ូល និង អ្នកទោសខ្លះទៀតទៅនាយទាហានម្នាក់ ឈ្មោះលោកយូលាសក្នុងកងទ័ពរបស់ព្រះមហាក្សត្រាធិរាជ។ 2 យើងបានចុះសំពៅដែលមកពីក្រុងអាដ្រាមីត រួចចេញដំណើរទៅ។ សំពៅនោះត្រូវចូលចតនៅស្រុកអាស៊ី។ លោកអើរីស្ដាកជាអ្នកស្រុកម៉ាសេដូន ដែលរស់នៅក្រុងថេស្សាឡូនីក ក៏បានរួមដំណើរជាមួយយើងដែរ។ 3 នៅថ្ងៃបន្ទាប់ យើងបានមកដល់ក្រុងស៊ីដូន។ លោកយូលាសមានចិត្ដសប្បុរសចំពោះលោកប៉ូលណាស់គាត់អនុញ្ញាតអោយលោកប៉ូលទៅផ្ទះមិត្ដភក្ដិ ដើម្បីអោយគេជួយឧបត្ថម្ភលោក។ 4 បន្ទាប់មកទៀត យើងបានចេញសំពៅពីក្រុងនោះ សសៀរតាមបណ្ដោយកោះគីប្រុស ព្រោះបញ្ច្រាសខ្យល់។ 5 យើងបានឆ្លងសមុទ្រជិតស្រុកគីលីគា និង ស្រុកប៉ាមភីលា ហើយមកដល់ក្រុងមីរ៉ាក្នុងស្រុកលូគា។ 6 នៅក្រុងនោះ លោកនាយទាហានរកបានសំពៅមួយ មកពីស្រុកអលេក្សានទ្រា ហើយត្រូវចេញទៅស្រុកអ៊ីតាលីគាត់ក៏នាំយើងចុះសំពៅនោះ។ 7 សំពៅទៅមុខសន្សឹមៗអស់រយៈពេលជាច្រើនថ្ងៃ ហើយបានមកដល់ទន្ទឹមនឹងក្រុងគ្នីដូស ទាំងលំបាកបំផុត។ ដោយខ្យល់បក់មកពីមុខ យើងក៏បត់សំពៅទៅរកជ្រោយសាលម៉ូនសសៀរតាមបណ្ដោយកោះក្រែតវិញ។ 8 យើងបន្ដដំណើរយ៉ាងលំបាកតាមបណ្ដោយកោះនោះ ហើយក៏បានមកដល់កន្លែងមួយឈ្មោះ"កំពង់ស្អាត" ដែលនៅជិតក្រុងឡាសេ។ 9 យើងបានខាតពេលជាច្រើនថ្ងៃ ហើយសំពៅទៅមុខកាន់តែពិបាក ដ្បិតពេលនោះ ជាពេលក្រោយថ្ងៃពិធីបុណ្យតមអាហារ។ លោកប៉ូលជូនយោបល់គេថា៖ 10 «ខ្ញុំយល់ថាបើយើងបន្ដដំណើរទៅមុខទៀតនោះ គ្រោះថ្នាក់ណាស់ មិនត្រឹមតែធ្វើអោយខូចខាតទំនិញ និង សំពៅប៉ុណ្ណោះទេ គឺថែមទាំងមានគ្រោះថ្នាក់ដល់ជីវិតយើងទៀតផង»។ 11 ប៉ុន្ដែ លោកនាយទាហានបានទុកចិត្ដអ្នកបើកសំពៅ និង នាយសំពៅជាងពាក្យរបស់លោកប៉ូល។ 12 ដោយកំពង់ផែនោះមិនមែនជាកន្លែងស្រួលស្នាក់អាស្រ័យ នៅរដូវរងា អ្នកសំពៅភាគច្រើនបានសំរេចចិត្ដអោយចេញសំពៅទៅមុខទៀត។ ប្រសិនបើអាចធ្វើបាន គេចង់ទៅដល់ក្រុងភេនីច ជាកំពង់ផែមួយនៅកោះក្រែតដែលបែរទៅរកទិសនិរតី និង ទិសពាយ័ព្យ ដើម្បីស្នាក់នៅទីនោះក្នុងរដូវរងា។ 13 ពេលនោះ មានខ្យល់បក់មកតិចៗពីទិសខាងត្បូង ពួកគេយល់ឃើញថាជាឱកាសល្អសំរាប់គំរោងការរបស់គេ គេក៏នាំគ្នាស្រាវយុថ្កា ហើយចេញសំពៅសសៀរៗកោះក្រែតទៅ។ 14 ប៉ុន្ដែ បន្ដិចក្រោយមក មានខ្យល់ព្យុះមួយយ៉ាងខ្លាំង ឈ្មោះ«ខ្យល់ព្យុះអ៊ើរ៉ាគ្លីដូន» បក់ពីកោះមក 15 នាំសំពៅទៅតាមខ្យល់ ហើយដោយយើងពុំអាចធ្វើអោយសំពៅបើកបញ្ច្រាសខ្យល់វិញបាន យើងក៏បណ្ដោយអោយសំពៅរសាត់ទៅតាមខ្យល់ទៅ។ 16 ពេលមកដល់ខាងត្បូងកោះតូចមួយឈ្មោះកោះក្លូដេ យើងបានលើកសំប៉ាន ឡើង ទាំងពិបាក 17 បន្ទាប់មកយើងយកខ្សែពួរ សំរាប់ប្រើនៅគ្រាមានអាសន្នមកចងព័ទ្ធជុំវិញសំពៅ ការពារកុំអោយធ្លាយ។ យើងក៏បានទម្លាក់ឈើបណ្ដែតចុះដែរ ក្រែងលោសំពៅទៅកឿងនៅឈូងសមុទ្រសៀរទីស រួចហើយទុកអោយសំពៅរសាត់ទៅតាមខ្យល់។ 18 នៅថ្ងៃបន្ទាប់ដោយខ្យល់ព្យុះបក់បោកមកខ្លាំងពេក គេបានទម្លាក់ទំនិញចោល។ 19 នៅថ្ងៃទីបី សូម្បីតែពួកអ្នកសំពៅ ក៏បោះគ្រឿងប្រដាប់សំពៅចោលដែរ។ 20 យើងមើលថ្ងៃ ឬ ផ្កាយមិនឃើញអស់រយៈពេលជាច្រើនថ្ងៃ ហើយដោយខ្យល់ព្យុះនៅតែមានសន្ទុះខ្លំាងដដែល នៅទីបំផុត យើងក៏លែងមានសង្ឃឹមថានឹងបានរួចជីវិត។ 21 យើងពុំបានបរិភោគអ្វី ជាយូរថ្ងៃ មកហើយ។ លោកប៉ូលក៏ក្រោកឈរ នៅកណ្ដាលចំណោម អស់អ្នកដែលនៅក្នុងសំពៅ ហើយមានប្រសាសន៍ថា៖ «បើបងប្អូនស្ដាប់ខ្ញុំ ហើយមិនចាកចេញពីកោះក្រែតមកទេនោះ បងប្អូនពិតជាមិនត្រូវអន្ដរាយខូចខាតដូច្នេះទេ។ 22 ប៉ុន្ដែ សូមបងប្អូនកុំអស់សង្ឃឹមអី! គ្មាននរណាម្នាក់ក្នុងចំណោមបងប្អូនត្រូវបាត់បង់ជីវិតឡើយ គឺមានតែសំពៅប៉ុណ្ណោះទេដែលត្រូវអន្ដរាយ។ 23 ព្រោះពីយប់មិញ មានទេវតា របស់ព្រះជាម្ចាស់ដែលខ្ញុំជឿ និង គោរពបំរើ បានមកជិតខ្ញុំ 24 ប្រាប់ថា "ប៉ូលអើយកុំខ្លាចអី ដ្បិតអ្នកត្រូវតែបានទៅឈរនៅមុខព្រះចៅអធិរាជ ហើយដោយព្រះជាម្ចាស់ប្រោសប្រណីអ្នក ព្រះអង្គនឹងសង្គ្រោះអស់អ្នកដែលរួមដំណើរជាមួយអ្នកអោយបានរួចជីវិតផងដែរ"។ 25 ហេតុនេះបងប្អូនអើយ ចូរមានចិត្ដក្លាហានឡើង ដ្បិតខ្ញុំជឿទុកចិត្ដលើព្រះជាម្ចាស់ថានឹងបានសំរេចដូចព្រះអង្គមានព្រះបន្ទូលមែន 26 គឺសំពៅយើងនឹងត្រូវទៅកឿង នៅកោះណាមួយ ជាមិនខាន»។ 27 សំពៅយើងបានរសាត់អណ្ដែតលើផ្ទៃសមុទ្រអាឌ្រា អស់រយៈពេលដប់បួនថ្ងៃមកហើយ។ ពេលនោះ ប្រមាណជាពាក់កណ្ដាលអធ្រាត្រពួកអ្នកសំពៅនឹកសង្ស័យថា ប្រហែលជាមកជិតដល់ដីគោកហើយ។ 28 គេបោះខ្សែសម្ទង់ទៅក្នុងទឹកឃើញថា មានជំរៅសាមសិបប្រាំពីរម៉ែត្រ។ លុះទៅមុខបន្ដិច គេបោះខ្សែសម្ទង់ទៅក្នុងទឹកម្ដងទៀត ឃើញថាមានជំរៅ ម្ភៃប្រាំបីម៉ែត្រ។ 29 ដោយខ្លាចក្រែងសំពៅរសាត់ទៅប៉ះនឹងថ្មពួកគេទម្លាក់យុថ្កាបួន នៅខាងកន្សៃ ហើយទន្ទឹងរង់ចាំភ្លឺ។ 30 ពួកអ្នកសំពៅចង់រត់ចោលសំពៅ គេក៏នាំគ្នាសំរូតសំប៉ានចុះទៅក្នុងសមុទ្រ ដោយយកលេសថាគេចង់ទាញយុថ្កាទៅដាក់នៅខាងក្បាលសំពៅវិញ។ 31 លោកប៉ូលមានប្រសាសន៍ទៅនាយទាហាន និង កូនទាហានថា៖ «ប្រសិនបើអ្នកទាំងនេះមិននៅក្នុងសំពៅទេ អស់លោកប្រាកដជាពុំអាចរួចជីវិតបានឡើយ»។ 32 ពួកទាហានក៏កាប់ផ្ដាច់ខ្សែ ទម្លាក់សំប៉ាននោះទៅក្នុងសមុទ្របាត់ទៅ។ 33 លុះទៀបភ្លឺ លោកប៉ូលអញ្ជើញគេទាំងអស់គ្នាអោយបរិភោគអាហារ ដោយមានប្រសាសន៍ថា៖ «បងប្អូនបានទ្រាំតមអាហារអស់រយៈពេលដប់បួនថ្ងៃមកហើយ បងប្អូនពុំបានពិសាអ្វីសោះ។ 34 ដូច្នេះ សូមបងប្អូនអញ្ជើញពិសាទៅ ដើម្បីអោយបានរួចជីវិត ដ្បិតនៅក្នុងចំណោមបងប្អូន សូម្បីតែសក់មួយសរសៃរបស់បងប្អូន ក៏មិនបាត់ផង»។ 35 លោកមានប្រសាសន៍ដូច្នោះហើយ ក៏យកនំបុ័ងមកអរព្រះគុណព្រះជាម្ចាស់នៅមុខពួកគេទាំងអស់គ្នា រួចលោកកាច់បរិភោគ។ 36 ពេលនោះ អ្នកដែលនៅក្នុងសំពៅមានកម្លាំងចិត្ដឡើងវិញគេក៏បរិភោគទាំងអស់គ្នា។ 37 នៅក្នុងសំពៅនោះ យើងមានគ្នាទាំងអស់ពីររយចិតសិបប្រាំមួយនាក់។ 38 កាលបរិភោគឆ្អែតហើយ គេក៏លើកបាវស្រូវទម្លាក់ទៅក្នុងសមុទ្រ ដើម្បីអោយស្រាលសំពៅ។ សំពៅលិច 39 លុះភ្លឺឡើង អ្នកសំពៅមើលស្រុកនោះមិនស្គាល់ទេគេឃើញតែឆកសមុទ្រ ដែលមានវាលខ្សាច់។ គេបានសំរេចចិត្ដចូលសំពៅទៅបង្កឿងនៅទីនោះ ប្រសិនបើអាចចូលទៅបាន។ 40 គេក៏ស្រាយខ្សែយុថ្កាទម្លាក់ចោលទៅក្នុងសមុទ្រ ព្រមទាំងស្រាយខ្សែចង្កូតចោលផងដែរ រួចគេលើកក្ដោងខាងមុខឡើង អោយសំពៅចូលទៅរកច្រាំង 41 ប៉ុន្ដែ សំពៅបានបុកខ្សាច់ ដែលនៅចន្លោះខ្សែទឹកពីរ បណ្ដាលអោយសំពៅកឿងនៅទីនោះទៅ ក្បាលសំពៅនៅជាប់នឹងថ្កល់ រីឯកន្សៃវិញ បានត្រូវបាក់បែក ដោយទឹករលកបក់បោកផ្ទប់មកយ៉ាងខ្លាំង។ 42 ពួកទាហានមានបំណងសម្លាប់អ្នកទោសទាំងអស់ចោល ដើម្បីកុំអោយនរណាម្នាក់ហែលទឹកគេចខ្លួនបានឡើយ។ 43 ប៉ុន្ដែ ដោយនាយទាហានចង់សង្គ្រោះជីវិតលោកប៉ូល គាត់ក៏ជំទាស់នឹងគោលបំណងរបស់កូនទាហានទាំងនោះ។ គាត់បានបញ្ជាអោយអស់អ្នកដែលចេះហែលទឹកលោតទៅក្នុងទឹក ហែលទៅរកគោកមុន 44 រីឯអ្នកមិនចេះហែលទឹក ត្រូវតោងបន្ទះក្ដារ ឬ តោងបំណែកសំពៅហែលទៅតាមក្រោយ។ ធ្វើដូច្នេះ គេបានទៅដល់ដីគោកដោយសុខសាន្ដគ្រប់ៗគ្នា។

កិច្ចការ 28

1 កាលបានរួចជីវិតហើយយើងដឹងថា កោះនោះឈ្មោះ កោះម៉ាល់ត៍។ 2 អ្នកកោះនោះបានទទួលយើង ដោយចិត្ដសប្បុរសរកអ្វីប្រៀបផ្ទឹមពុំបាន។ គេអញ្ជើញយើងទាំងអស់គ្នាមកជុំវិញភ្នក់ភ្លើងមួយយ៉ាងធំដែលគេបានដុត ដ្បិតពេលនោះមានភ្លៀងធ្លាក់ ហើយធាតុអាកាសក៏ត្រជាក់ណាស់ផង។ 3 លោកប៉ូលរើសមែកឈើមួយកងមកបោះក្នុងភ្លើង ស្រាប់តែមានពស់វែកមួយលូនចេញមក ដោយកំដៅភ្លើង ហើយចឹកដៃលោកជាប់។ 4 កាលអ្នកកោះនោះឃើញពស់ចឹកដៃលោកជាប់ដូច្នេះ ក៏និយាយគ្នាថា៖ «អ្នកនេះពិតជាបានសម្លាប់គេហើយ ទោះបីគាត់ទើបនឹងរួចខ្លួនពីសមុទ្រនោះក៏ដោយ ក៏ព្រះយុត្ដិធម៌ មិនទុកអោយគាត់នៅរស់រានមានជីវិតដែរ»។ 5 លោកប៉ូលបានរលាស់ពស់នោះទម្លាក់ទៅក្នុងភ្លើង តែលោកពុំឈឺចុកចាប់អ្វីទេ។ 6 អ្នកកោះនោះរង់ចាំមើលលោកប៉ូល ហើមខ្លួន ឬ ក៏ត្រូវដាច់ខ្យល់ ស្លាប់។ ប៉ុន្ដែ ក្រោយពីចាំមើលអស់រយៈពេលយ៉ាងយូរមក គេឃើញថាគ្មានហេតុអាក្រក់កើតដល់លោកសោះ គេក៏ដូរគំនិត ហើយបែរជាពោលថាលោកប៉ូលជាព្រះវិញ។ 7 នៅជិតនោះ មានដីមួយ កន្លែង ដែលជាកម្មសិទ្ធរបស់មេកន្ទ្រាញកោះ ឈ្មោះពូព្លាស។ គាត់បានទទួលយើងអោយស្នាក់នៅ យ៉ាងរាក់ទាក់ចំនួនបីថ្ងៃ។ 8 ឪពុករបស់លោកពូព្លាសសំរាន្ដនៅលើគ្រែ ព្រោះគាត់គ្រុនផង មួលផង។ លោកប៉ូលបានចូលទៅក្នុងផ្ទះគាត់ ហើយអធិស្ឋានដាក់ដៃ ពីលើ និង ប្រោសគាត់អោយបានជា។ 9 អ្នកជំងឺឯទៀតៗនៅលើកោះឃើញគាត់ជាដូច្នេះ គេក៏នាំគ្នាមកដែរ ហើយបានជាទាំងអស់គ្នា។ 10 ពួកគេបានសំដែងការគោរពគ្រប់យ៉ាង ចំពោះយើង។ នៅពេលយើងចេញដំណើរ ពួកគេបានជួយឧបត្ថម្ភនូវអ្វីៗដែលយើងត្រូវការ។ 11 បីខែក្រោយមក យើងចុះសំពៅមួយឈ្មោះ «ឌីអូស្គួរ» ជាសំពៅមកពីក្រុងអលេក្សានទ្រា ដែលបានចតនៅកោះនោះក្នុងអំឡុងពេលរដូវរងា។ 12 លុះមកដល់ក្រុងស៊ីរ៉ាគូស យើងបានស្នាក់នៅទីនោះ បីថ្ងៃ។ 13 បន្ទាប់មក យើងបានសសៀរតាមឆ្នេរសមុទ្រ ទៅដល់ក្រុងរេគាម។ ស្អែកឡើង មានខ្យល់បក់ មកពីទិសខាងត្បូង ហើយក្នុងរវាងតែពីរថ្ងៃ យើងមកដល់ក្រុងពូទីយ៉ូលី។ 14 នៅក្រុងនោះ យើងបាន ជួបពួកបងប្អូន គេអញ្ជើញយើងអោយស្នាក់នៅជាមួយអស់រយៈពេលប្រាំពីរថ្ងៃ។ រីឯដំណើររបស់យើងទៅកាន់ក្រុងរ៉ូម បានប្រព្រឹត្ដដូចតទៅៈ 15 ពួកបងប្អូននៅក្រុងរ៉ូមដឹងដំណឹងអំពីយើង ក៏នាំគ្នាធ្វើដំណើររហូតទៅដល់ផ្សារអាប់ភាស និង ភូមិផ្ទះសំណាក់បីខ្នង ដើម្បីទទួលយើង។ កាលលោកប៉ូលឃើញបងប្អូនទាំងនោះ លោកបានអរព្រះគុណព្រះជាម្ចាស់ ហើយមានចិត្ដក្លាហានឡើងវិញ។ 16 លុះយើងមកដល់ក្រុងរ៉ូមហើយ អាជ្ញាធរអនុញ្ញាតអោយលោកប៉ូលនៅផ្ទះមួយ តាមបំណងចិត្ដលោក តែគេដាក់ទាហានម្នាក់អោយនៅយាមលោក។ 17 បីថ្ងៃក្រោយមក លោកប៉ូលអញ្ជើញអ្នកមុខអ្នកការ ក្នុងចំណោមជនជាតិយូដាអោយមកជួបលោក។ លុះគេមកជួបជុំគ្នាហើយ លោកមានប្រសាសន៍ទៅគេថា៖ «បងប្អូនអើយ ខ្ញុំពុំបានធ្វើអ្វីប្រឆាំងនឹងប្រជាជាតិយើង ឬ ក៏ទាស់នឹងប្រពៃណីបុព្វបុរស យើងទេ តែគេបានចាប់ខ្ញុំឃុំឃាំងនៅក្រុងយេរូសាឡឹម និង បញ្ជូនខ្ញុំមកក្នុងកណ្ដាប់ដៃរបស់ជនជាតិរ៉ូម៉ាំង។ 18 កាលពួករ៉ូម៉ាំងសួរចម្លើយខ្ញុំរួចរាល់ហើយ គេចង់ដោះលែងខ្ញុំវិញព្រោះគេពុំឃើញខ្ញុំមាន កំហុសអ្វីគួរនឹងមានទោសដល់ជីវិតនោះឡើយ។ 19 ប៉ុន្ដែ ជនជាតិយូដាបាននាំគ្នាជំទាស់ ជាហេតុបង្ខំអោយខ្ញុំសុំឡើងមកដល់ព្រះចៅអធិរាជ។ រីឯខ្ញុំវិញ ខ្ញុំគ្មានគោលបំណងនឹងចោទប្រកាន់ប្រជាជាតិរបស់ខ្ញុំទេ។ 20 ហេតុនេះហើយបានជាខ្ញុំសុំជួប និង សុំនិយាយជាមួយបងប្អូន ដ្បិតខ្ញុំជាប់ចំណង ព្រោះតែសេចក្ដីសង្ឃឹមរបស់ជនជាតិអ៊ីស្រាអែល »។ 21 អ្នកទាំងនោះតបវិញថា៖ «យើងពុំបានទទួលសំបុត្រអ្វីពីស្រុកយូដា ស្ដីអំពីលោកឡើយ ហើយក៏គ្មានបងប្អូនណាម្នាក់មករាយការណ៍ ឬ និយាយអាក្រក់ពីលោកដែរ។ 22 យើងចង់ស្ដាប់លោកមានប្រសាសន៍អំពីគំនិតរបស់លោកព្រោះយើងដឹងថាមានគេជំទាស់នឹងគណៈរបស់លោកនៅគ្រប់ទីកន្លែង»។ 23 គេបានណាត់ពេលជួបលោកប៉ូលម្ដងទៀត នៅថ្ងៃណាមួយ។ លុះដល់ថ្ងៃនោះហើយ មានមនុស្សច្រើនជាងមុនមកផ្ទះលោកប៉ូល។ លោកបានវែកញែក និង ធ្វើជាបន្ទាល់អំពីព្រះរាជ្យ របស់ព្រះជាម្ចាស់ប្រាប់គេតាំងពីព្រឹករហូតដល់ល្ងាច ដោយលើកយកគម្ពីរវិន័យរបស់លោកម៉ូសេ និង គម្ពីរព្យាការី មកពន្យល់បញ្ជាក់ប្រាប់គេអំពីព្រះយេស៊ូ។ 24 មានពួកគេមួយផ្នែកបានជឿពាក្យដែលលោកមានប្រសាសន៍ តែមួយផ្នែកទៀតពុំព្រមជឿទេ។ 25 ដោយពួកគេចាកចេញពីទីនោះទៅ ទាំងខ្វែងគំនិតគ្នា លោកប៉ូលក៏មានប្រសាសន៍ទៅគេថា៖«ព្រះវិញ្ញាណដ៏វិសុទ្ធ មានព្រះបន្ទូលមកកាន់បុព្វបុរសយើង តាមរយៈព្យាការីអេសាយពិតជាត្រូវមែន គឺព្រះអង្គមានព្រះបន្ទូលថា៖ 26 ចូរទៅរកប្រជារាស្ដ្រនោះ ហើយប្រាប់ពួកគេថា: អ្នករាល់គ្នាស្ដាប់ឮមែនតែពុំយល់ទេ អ្នករាល់គ្នាមើលមែនតែពុំឃើញទេ 27 ដ្បិតចិត្ដរបស់ប្រជារាស្ដ្រនេះរឹងណាស់ គេបាននាំគ្នាខ្ទប់ត្រចៀក ហើយបិទភ្នែក ដើម្បីកុំអោយមើលឃើញកុំអោយស្ដាប់ឮ និង ដើម្បីកុំអោយយល់ ហើយក៏មិនចង់កែប្រែចិត្ដគំនិតដែរ ក្រែងលោយើងប្រោសគេអោយបានជា»។ 28 ហេតុនេះ សូមបងប្អូនជ្រាបថា ព្រះជាម្ចាស់បានប្រទានព្រះបន្ទូល ស្ដីអំពីការសង្គ្រោះរបស់ព្រះអង្គអោយសាសន៍ដទៃវិញព្រោះគេមុខជាស្ដាប់មិនខាន។ 29 កាលលោកប៉ូលមានប្រសាសន៍ដូច្នេះ ហើយ ជនជាតិយូដាក៏ចេញទៅ ទាំងជជែកគ្នាយ៉ាងខ្លាំងផង។ 30 លោកប៉ូល បានស្នាក់នៅផ្ទះ ដែលលោកបានជួលនោះអស់រយៈពេលពីរឆ្នាំ ហើយលោកតែងទទួលអស់អ្នកដែលមកជួបលោក។ 31 លោកបានប្រកាសព្រះរាជ្យរបស់ព្រះជាម្ចាស់ និង បង្រៀនគេអំពីព្រះយេស៊ូគ្រិស្ដ ដោយចិត្ដអង់អាច ហើយគ្មានអ្វីមករារាំងលោកឡើយ។

រ៉ូម 1

1 ខ្ញុំប៉ូល ជាអ្នកបំរើ របស់ព្រះគ្រិស្ដយេស៊ូព្រះជាម្ចាស់ បានត្រាស់ហៅខ្ញុំ អោយធ្វើជាសាវ័ក និង ជ្រើសរើសខ្ញុំ អោយប្រកាសដំណឹងល្អរបស់ព្រះអង្គ។ 2 ដំណឹងល្អនេះព្រះជាម្ចាស់បានសន្យាទុកជាមុនក្នុងព្រះគម្ពីរ តាមរយៈពួកព្យាការី របស់ព្រះអង្គ 3 ស្ដីអំពីព្រះបុត្រារបស់ព្រះអង្គ។ បើគិតតាមមនុស្សព្រះបុត្រាប្រសូតមកក្នុងព្រះរាជវង្សរបស់ព្រះបាទដាវីឌ 4 តែបើគិតតាមព្រះវិញ្ញាណ ដែលផ្ដល់អោយមនុស្សបានវិសុទ្ធ វិញ ព្រះជាម្ចាស់បានតែងតាំងព្រះអង្គ ជាព្រះបុត្រាប្រកបដោយឫទ្ធានុភាព ដោយប្រោសព្រះអង្គអោយមានព្រះជន្មរស់ឡើងវិញ។ 5 តាមរយៈព្រះបុត្រា គឺព្រះអម្ចាស់យេស៊ូគ្រិស្ដ យើងខ្ញុំបានទទួលព្រះគុណ និង មុខងារជាសាវ័កដើម្បីនាំជាតិសាសន៍ទាំងអស់ប្រតិបត្ដិតាមជំនឿ សំរាប់លើកតម្កើងព្រះនាមព្រះអង្គ។ 6 បងប្អូនដែលព្រះយេស៊ូគ្រិស្ដបានត្រាស់ហៅ ក៏នៅក្នុងចំណោមជាតិសាសន៍ទាំងនោះដែរ។ 7 សូមជំរាបមកបងប្អូនទាំងអស់នៅក្រុងរ៉ូមជាអ្នកដែលព្រះជាម្ចាស់ស្រឡាញ់ និង ត្រាស់ហៅអោយធ្វើជាប្រជាជនដ៏វិសុទ្ធ។ សូមព្រះជាម្ចាស់ ជាព្រះបិតារបស់យើង និង ព្រះយេស៊ូគ្រិស្ដជាអម្ចាស់ ប្រទានព្រះគុណ និង សេចក្ដីសុខសាន្ដដល់បងប្អូន!។ 8 ជាបឋមខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់របស់ខ្ញុំតាមរយៈព្រះយេស៊ូគ្រិស្ដ ព្រោះតែបងប្អូនទាំងអស់គ្នាដ្បិតគេតំណាលអំពីជំនឿរបស់បងប្អូនក្នុងសកលលោកទាំងមូល។ 9 ព្រះជាម្ចាស់ដែលខ្ញុំគោរពបំរើយ៉ាងស្មោះដោយប្រកាសដំណឹងល្អ អំពីព្រះបុត្រារបស់ព្រះអង្គទ្រង់ធ្វើជាសាក្សីស្រាប់ហើយថា ខ្ញុំតែងតែនឹកគិតដល់បងប្អូនជានិច្ច 10 គ្រប់ពេលខ្ញុំអធិស្ឋាន សូមព្រះអង្គប្រទានអោយខ្ញុំមានឱកាសមកសួរសុខទុក្ខបងប្អូន បើព្រះអង្គសព្វព្រះហឫទ័យ។ 11 ខ្ញុំមានបំណងចង់ជួបមុខបងប្អូនយ៉ាងខ្លាំងដើម្បីចែកព្រះអំណោយទានណាមួយរបស់ព្រះវិញ្ញាណជូនបងប្អូន អោយបងប្អូនបានមាំមួនឡើង 12 គឺថា ពេលយើងនៅជាមួយគ្នា យើងលើកទឹកចិត្ដគ្នាទៅវិញទៅមក ដោយជំនឿដែលយើងមានរួមគ្នា ទាំងបងប្អូនទាំងខ្ញុំ។ 13 បងប្អូនអើយ ខ្ញុំចង់អោយបងប្អូនបានជ្រាបយ៉ាងច្បាស់ថា ខ្ញុំមានគំរោងការចង់មកជួបបងប្អូនច្រើនលើកច្រើនសាហើយដើម្បីទទួលផលខ្លះក្នុងចំណោមបងប្អូន ដូចខ្ញុំធ្លាប់បានទទួលក្នុងចំណោមសាសន៍ឯទៀតៗដែរ ក៏ប៉ុន្ដែមកទល់ពេលនេះ ខ្ញុំចេះតែខកខានមិនបានមក។ 14 ខ្ញុំត្រូវតែបំពេញកិច្ចការក្នុងចំណោមសាសន៍ក្រិក និង ក្នុងចំណោមសាសន៍ដទៃទៀត ក្នុងចំណោមអ្នកប្រាជ្ញ និង ក្នុងចំណោមអ្នកល្ងង់។ 15 ដូច្នេះ ខ្ញុំក៏មានបំណងនាំដំណឹងល្អ មកជូនបងប្អូននៅក្រុងរ៉ូមនេះដែរ 16 ដ្បិតខ្ញុំមិនខ្មាសនឹងប្រកាសដំណឹងល្អទេ ព្រោះដំណឹងល្អនេះជាឫទ្ធានុភាពរបស់ព្រះជាម្ចាស់ សំរាប់សង្គ្រោះអស់អ្នកដែលជឿ គឺមុនដំបូងសាសន៍យូដា បន្ទាប់មក សាសន៍ក្រិក។ 17 ដំណឹងល្អនេះសំដែងអោយដឹងថា ព្រះជាម្ចាស់ប្រោសប្រទានអោយមនុស្សបានសុចរិត ដោយសារជំនឿ និង អោយគេកាន់តាមជំនឿ ដូចមានចែងទុកមកថាៈ «មនុស្សសុចរិតមានជីវិតរស់ ដោយសារជំនឿ»។ ទោសរបស់មនុស្សលោក 18 ព្រះជាម្ចាស់សំដែងព្រះពិរោធ ពីស្ថានបរមសុខ មក ប្រឆាំងនឹងការមិនគោរពប្រណិប័តន៍ ព្រះអង្គប្រឆាំង នឹងអំពើទុច្ចរិតគ្រប់យ៉ាងដែល មនុស្សលោកប្រព្រឹត្ដ ទាំងយកអំពើទុច្ចរិតនោះខ្ទប់សេចក្ដីពិតមិនអោយលេចចេញមក 19 ដ្បិតអ្វីៗដែលមនុស្សលោកអាចស្គាល់ពីព្រះជាម្ចាស់ នោះមានជាក់ច្បាស់ក្នុងចំណោមពួកគេហើយ ព្រោះព្រះអង្គបានសំដែងអោយគេឃើញ។ 20 លក្ខណៈដ៏ប្រសើរបំផុតរបស់ព្រះអង្គដែលមនុស្សមើលពុំឃើញ គឺឫទ្ធានុភាពដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចក្ដី ឬ ឋានៈរបស់ព្រះអង្គជាព្រះជាម្ចាស់ក្ដី ព្រះអង្គបានសំដែងអោយគេឃើញ តាំងពីកំណើតពិភពលោកមកម៉្លេះ នៅពេលណាដែលគេរិះគិតអំពីស្នាព្រះហស្ដរបស់ព្រះអង្គ។ ដូច្នេះ គេពុំអាចដោះសាខ្លួនបានឡើយ 21 ដ្បិតគេបានស្គាល់ព្រះជាម្ចាស់ តែពុំបានលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ អោយសមនឹងឋានៈរបស់ព្រះជាម្ចាស់ទេ ហើយគេក៏ពុំបានអរព្រះគុណព្រះអង្គទៀតផង។ ផ្ទុយទៅវិញ គេបានវង្វេងទៅតាមការរិះគិតរបស់ខ្លួន ហើយចិត្ដល្ងីល្ងើរបស់គេ ក៏បែរទៅជាងងឹតសូន្យសុងដែរ។ 22 គេអួតអាងថាខ្លួនមានប្រាជ្ញា តែបែរជាលេលាទៅវិញ។ 23 គេមិនបានលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ដែលគង់នៅអស់កល្បជានិច្ចទេ គឺបែរជាយករូបសំណាកដូចជារូបតំណាងមនុស្សដែលរមែងតែងតែស្លាប់ យករូបតំណាងសត្វស្លាប សត្វជើងបួន និង សត្វលូនវារ មកគោរពថ្វាយបង្គំជំនួសវិញ។ 24 ហេតុនេះហើយបានជាព្រះជាម្ចាស់បណ្ដោយអោយពួកគេប្រព្រឹត្ដអំពើសៅហ្មង តាមទំនើងចិត្ដលោភលន់របស់គេរហូតដល់ទៅបន្ថោករូបកាយរបស់ខ្លួនឯងផ្ទាល់ទៀតផង។ 25 ពួកគេនិយមព្រះក្លែងក្លាយ ជាជាងព្រះដ៏ពិតប្រាកដ ហើយនាំគ្នាថ្វាយបង្គំ និង គោរពបំរើអ្វីៗដែលព្រះជាម្ចាស់បង្កើត មកជំនួសគោរពបំរើព្រះដែលបានបង្កើតអ្វីៗទាំងអស់នោះវិញ។ សូមលើកតម្កើងព្រះអង្គអស់កល្បជានិច្ច! អាម៉ែន!។ 26 ហេតុនេះហើយបានជាព្រះជាម្ចាស់បណ្ដោយអោយពួកគេងប់នឹងតណ្ហាថោកទាប គឺស្រីៗនាំគ្នាលះបង់ការរួមបវេណីតាមរបៀបធម្មតា ទៅប្រព្រឹត្ដផ្ទុយពីធម្មជាតិវិញ 27 រីឯប្រុសៗក៏ដូច្នោះដែរ គេបានលះបង់ការរួមបវេណីជាមួយស្រីៗតាមរបៀបធម្មតា ហើយពុះកញ្ជ្រោលស្រើបស្រាលតែនឹងប្រុសៗគ្នាឯង។ គេប្រព្រឹត្ដអំពើដែលគួរអោយអៀនខ្មាស រវាងប្រុស និង ប្រុស។ ពួកគេទទួលទណ្ឌកម្មក្នុងរូបកាយគេផ្ទាល់ សមនឹងការវង្វេងរបស់គេ។ 28 ដោយពួកគេយល់ថា មិនបាច់ស្គាល់ព្រះជាម្ចាស់យ៉ាងច្បាស់ ព្រះអង្គក៏បណ្ដោយគេទៅតាមគំនិតឥតពិចារណារបស់ខ្លួន គឺអោយគេប្រព្រឹត្ដអំពើដែលមិនត្រូវប្រព្រឹត្ដ។ 29 ចិត្ដរបស់ពួកគេពោរពេញដោយគំនិតទុច្ចរិតគ្រប់យ៉ាង គំនិតអាក្រក់ គំនិតលោភលន់ គំនិតពាលពេញទៅដោយចិត្ដច្រណែនឈ្នានីស ចង់សម្លាប់គេឈ្លោះប្រកែកល្បិចកិច្ចកល និង អបាយមុខ។ ពួកគេចូលចិត្ដបរិហារកេរ្ដិ៍គ្នា 30 និយាយដើមគ្នា តាំងខ្លួនជាសត្រូវនឹងព្រះជាម្ចាស់ មានចិត្ដកំរោលឃោរឃៅមានអំនួតអួតបំប៉ោង ប្រសប់ខាងប្រព្រឹត្ដអំពើអាក្រក់ មិនស្ដាប់បង្គាប់ឪពុកម្ដាយ។ 31 ពួកគេជាមនុស្សល្ងីល្ងើមានចិត្ដមិនទៀង ជាមនុស្សអត់ចិត្ដ មិនចេះអាណិតអាសូរ។ 32 ពួកគេស្គាល់ការវិនិច្ឆ័យរបស់ព្រះជាម្ចាស់យ៉ាងច្បាស់ស្រាប់ហើយថា អ្នកណាប្រព្រឹត្ដបែបនេះនឹងត្រូវទទួលទោសដល់ស្លាប់។ គេមិនត្រឹមតែប្រព្រឹត្ដខ្លួនឯងប៉ុណ្ណោះទេគឺថែមទាំងយល់ស្របជាមួយអ្នកដែលប្រព្រឹត្ដអំពើបែបនោះផងដែរ។

រ៉ូម 2

1 ចំពោះអ្នក អ្នកថ្កោលទោសគេ ទោះបីអ្នកជានរណាក៏ដោយ ក៏អ្នកពុំអាចដោះសាខ្លួនបានដែរ។ ពេលណាអ្នកថ្កោលទោសគេអ្នកក៏ដាក់ទោសខ្លួនឯង ព្រោះអ្នកថ្កោលទោសគេ តែអ្នកបានប្រព្រឹត្ដដូចគេដែរ។ 2 យើងដឹងថាព្រះជាម្ចាស់ទ្រង់វិនិច្ឆ័យទោសអ្នកដែលប្រព្រឹត្ដដូច្នេះ គឺវិនិច្ឆ័យស្របតាមសេចក្ដីពិត។ 3 រីឯអ្នកអ្នកថ្កោលទោសគេដែលប្រព្រឹត្ដដូច្នេះ តែអ្នកប្រព្រឹត្ដដូចគេដែរនោះ តើអ្នកនឹកស្មានថានឹងបានរួចខ្លួនដោយព្រះជាម្ចាស់មិនវិនិច្ឆ័យទោសអ្នកឬ? 4 ឬមួយអ្នកមើលងាយព្រះហឫទ័យសប្បុរស ព្រះហឫទ័យយោគយល់ និង ព្រះហឫទ័យអត់ធ្មត់ដ៏ទូលំទូលាយរបស់ព្រះអង្គ! តើអ្នកមិនទទួលស្គាល់ថា ព្រះជាម្ចាស់មានព្រះហឫទ័យសប្បុរសដូច្នេះ ដើម្បីជំរុញអ្នកអោយកែប្រែចិត្ដគំនិតទេឬ? 5 ក៏ប៉ុន្ដែ ដោយអ្នកមានចិត្ដរឹងរូស មិនព្រមកែប្រែចិត្ដគំនិតទេនោះ អ្នកកំពុងតែសន្សំទោស ទុកសំរាប់ថ្ងៃព្រះជាម្ចាស់ទ្រង់ព្រះពិរោធ ជាថ្ងៃដែលព្រះអង្គនឹងសំដែងការវិនិច្ឆ័យទោសដោយយុត្ដិធម៌ 6 គឺព្រះជាម្ចាស់នឹងប្រទានផលអោយម្នាក់ៗតាមអំពើដែលខ្លួនបានប្រព្រឹត្ដ។ 7 ព្រះអង្គប្រទានជីវិតអស់កល្បជានិច្ច ដល់អស់អ្នកដែលព្យាយាមប្រព្រឹត្ដអំពើល្អ ហើយស្វែងរកសិរីរុងរឿងកិត្ដិយស និង អ្វីៗដែលមិនចេះសាបសូន្យ 8 តែទ្រង់ព្រះពិរោធ និង ដាក់ទោសយ៉ាងធ្ងន់ចំពោះអស់អ្នកដែលគិតតែឈ្លោះប្រកែក មិនព្រមស្ដាប់តាមសេចក្ដីពិត គឺបែរទៅស្ដាប់តាមសេចក្ដីទុច្ចរិតវិញ។ 9 ទុក្ខលំបាក ការតប់ប្រមល់ អន្ទះអន្ទែង នឹងកើតមានដល់អស់អ្នកដែលប្រព្រឹត្ដអំពើអាក្រក់ជាមិនខាន គឺមុនដំបូងដល់សាសន៍យូដាបន្ទាប់មក សាសន៍ក្រិក! 10 រីឯសិរីរុងរឿង កិត្ដិយស និង សេចក្ដីសុខសាន្ដ នឹងកើតមានដល់អស់អ្នកដែលប្រព្រឹត្ដអំពើល្អវិញមុនដំបូងដល់សាសន៍យូដា បន្ទាប់មក សាសន៍ក្រិក! 11 ដ្បិតព្រះជាម្ចាស់មិនរើសមុខនរណាឡើយ។ 12 អស់អ្នកដែលប្រព្រឹត្ដអំពើបាប ដោយមិនស្គាល់ក្រឹត្យវិន័យ របស់លោកម៉ូសេ នឹងត្រូវវិនាសទាំងគ្មានក្រឹត្យវិន័យ។ រីឯអស់អ្នកដែលប្រព្រឹត្ដអំពើបាប ដោយស្គាល់ក្រឹត្យវិន័យគេនឹងត្រូវទទួលទោស ស្របតាមក្រឹត្យវិន័យដែរ 13 ដ្បិតមិនមែនអ្នកឮក្រឹត្យវិន័យប៉ុណ្ណោះទេ ដែលបានសុចរិត នៅចំពោះព្រះភ័ក្ដ្រព្រះជាម្ចាស់ គឺអ្នកប្រតិបត្ដិតាមគម្ពីរវិន័យវិញឯណោះ ដែលព្រះអង្គប្រោសអោយបានសុចរិត។ 14 ពេលសាសន៍ដទៃដែលពុំស្គាល់ក្រឹត្យវិន័យ នាំគ្នាប្រតិបត្ដិតាមសេចក្ដីដែលក្រឹត្យវិន័យចែងទុក ដោយមិនដឹងខ្លួន គឺខ្លួនគេនោះហើយជាក្រឹត្យវិន័យ ទោះបីគេមិនស្គាល់ក្រឹត្យវិន័យក៏ដោយ។ 15 ត្រង់នេះគេបង្ហាញអោយឃើញថាកិច្ចការដែលគម្ពីរវិន័យចែងទុកអោយធ្វើនោះ មានចារឹកនៅក្នុងដួងចិត្ដរបស់គេស្រាប់ហើយ។ មនសិការរបស់គេ ព្រមទាំងការរិះគិតរបស់គេ ដែលនាំអោយមានការចោទប្រកាន់ខ្លួន ឬ ដោះសាខ្លួន ក៏ផ្ដល់សក្ខីភាពអំពីការនេះដែរ។ 16 ការនេះនឹងលេចមកអោយឃើញច្បាស់ នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក គឺព្រះអង្គនឹងវិនិច្ឆ័យតាមរយៈព្រះគ្រិស្ដយេស៊ូ នូវអំពើដែលគេប្រព្រឹត្ដ ដោយលាក់កំបាំងស្របតាមដំណឹងល្អ ដែលខ្ញុំផ្សព្វផ្សាយ។ សាសន៍យូដា និង ក្រឹត្យវិន័យ 17 ចំពោះអ្នកវិញ អ្នកមានឈ្មោះជាសាសន៍យូដាអ្នកពឹងផ្អែកលើក្រឹត្យវិន័យរបស់លោកម៉ូសេ ហើយអួតអាងខ្លួនថា ខ្លួនជិតស្និទ្ធនឹងព្រះជាម្ចាស់ 18 អ្នកស្គាល់ព្រះហឫទ័យរបស់ព្រះអង្គ និង បានទទួលការអប់រំពីក្រឹត្យវិន័យ អោយចេះរិះគិតពិចារណាមើលថា ការណាសំខាន់ជាងគេ 19 អ្នកជឿជាក់ថាខ្លួនជាអ្នកណែនាំមនុស្សខ្វាក់ ជាពន្លឺបំភ្លឺអ្នកដែលស្ថិតនៅក្នុងសេចក្ដីងងឹត 20 ជាគ្រូអប់រំមនុស្សល្ងង់ ជាគ្រូបង្រៀនមនុស្សតូចតាច ព្រោះអ្នកជឿជាក់ថា ការស្គាល់ព្រះជាម្ចាស់ និង សេចក្ដីពិតសុទ្ធតែមានចែងនៅក្នុងក្រឹត្យវិន័យទាំងអស់។ 21 អ្នកប្រៀនប្រដៅគេ ម្ដេចក៏អ្នកមិនប្រដៅខ្លួនឯងផង! អ្នកហាមគេមិនអោយលួច តែខ្លួនឯងក៏លួចគេដែរ! 22 អ្នកប្រាប់គេមិនអោយប្រព្រឹត្ដអំពើផិតក្បត់តែខ្លួនឯងក៏ផិតក្បត់ដែរ! អ្នកថាខ្លួនស្អប់ខ្ពើមព្រះក្លែងក្លាយ តែអ្នកបែរជាប្លន់វិហាររបស់ព្រះទាំងនោះទៅវិញ! 23 អ្នកអួតអាងលើក្រឹត្យវិន័យ តែអ្នកបែរជាបង្អាប់កិត្ដិយសព្រះជាម្ចាស់ ដោយប្រព្រឹត្ដល្មើសក្រឹត្យវិន័យ 24 ដូចមានចែងទុកមកថា «ព្រោះតែអ្នករាល់គ្នាបានជាសាសន៍ដទៃប្រមាថព្រះនាមរបស់ព្រះជាម្ចាស់»។ 25 ការកាត់ស្បែក មានប្រយោជន៍ លុះត្រាតែអ្នកប្រតិបត្ដិតាមក្រឹត្យវិន័យ ប៉ុន្ដែ បើអ្នកប្រព្រឹត្ដល្មើសក្រឹត្យវិន័យ ការកាត់ស្បែករបស់អ្នកទុកដូចជាមិនកាត់ទៅវិញ។ 26 ប្រសិនបើមនុស្សមិនកាត់ស្បែកកាន់តាមបទបញ្ជារបស់ក្រឹត្យវិន័យ ព្រះជាម្ចាស់ក៏ចាត់ទុកគេដូចជាបានកាត់ស្បែកដែរ!។ 27 ជនដែលមិនកាត់ស្បែកផ្នែកខាងរូបកាយតែប្រតិបត្ដិតាមក្រឹត្យវិន័យគេមុខជាដាក់ទោសអ្នកមិនខាន ព្រោះអ្នកមានវិន័យសរសេរជាលាយលក្ខណ៍អក្សរ ហើយបានទទួលពិធីកាត់ស្បែក តែអ្នកបែរជាប្រព្រឹត្ដល្មើសក្រឹត្យវិន័យ។ 28 សាសន៍យូដាដ៏ពិតប្រាកដ មិនស្ថិតនៅត្រង់សំបកក្រៅទេ រីឯការកាត់ស្បែកដ៏ពិតប្រាកដ ក៏មិនស្ថិតនៅត្រង់សញ្ញាលើរូបកាយនោះដែរ 29 សាសន៍យូដាដ៏ពិតប្រាកដ សំដៅទៅផ្នែកខាងក្នុងចិត្ដឯណោះវិញ រីឯការកាត់ស្បែកដ៏ពិតប្រាកដក៏ស្ថិតនៅលើចិត្ដដែរ គឺជាការកាត់ស្បែក ស្របតាមព្រះវិញ្ញាណ មិនមែនតាមគម្ពីរវិន័យជាលាយលក្ខណ៍អក្សរនោះឡើយ។ សាសន៍យូដាប្រភេទនេះ ទទួលការកោតសរសើរពីព្រះជាម្ចាស់ មិនមែនពីសំណាក់មនុស្សទេ។

រ៉ូម 3

1 ដូច្នេះតើសាសន៍យូដាប្រសើរជាងគេយ៉ាងណា ហើយការកាត់ស្បែកមានសារប្រយោជន៍យ៉ាងណាដែរ? 2 សាសន៍យូដាពិតជាប្រសើរលើសគេបំផុត គ្រប់វិស័យទាំងអស់មែន គឺមុនដំបូង ព្រះជាម្ចាស់បានប្រគល់ព្រះបន្ទូលមកអោយសាសន៍យូដា។ 3 បើដូច្នេះ ត្រូវគិតដូចម្ដេច? ដោយមានសាសន៍យូដាខ្លះមិនស្មោះត្រង់នឹងព្រះអង្គ តើចិត្ដមិនស្មោះត្រង់របស់គេនឹងនាំអោយព្រះជាម្ចាស់លែងមានព្រះហឫទ័យស្មោះត្រង់ដែរឬ? 4 មិនដូច្នោះទេ ទោះបីមនុស្សគ្រប់រូបសុទ្ធតែជាអ្នកកុហកក្ដី ក៏ព្រះជាម្ចាស់នៅតែមានព្រះហឫទ័យសច្ចៈដែរ ដូចមានចែងទុកមកថាៈ «ត្រូវអោយគេទទួលស្គាល់ថាព្រះអង្គសុចរិត ឥតល្អៀងក្នុងព្រះបន្ទូលសោះឡើយ ហើយព្រះអង្គនឹងមានជ័យជំនះ នៅពេលគេកាត់ក្ដីព្រះអង្គ»។ 5 ប្រសិនបើ អំពើទុច្ចរិតរបស់យើងបង្ហាញអោយឃើញថាព្រះជាម្ចាស់សុចរិត តើអោយយើងថាដូចម្ដេចទៅវិញ? ប្រសិនបើព្រះជាម្ចាស់ដាក់ទោសយើង តើបានសេចក្ដីថាព្រះអង្គមិនសុចរិតឬ? (ខ្ញុំនិយាយដូច្នេះគឺនិយាយតាមរបៀបមនុស្សលោក)។ 6 មិនដូច្នោះទេ! ប្រសិនបើព្រះជាម្ចាស់មិនសុចរិត តើអោយព្រះអង្គវិនិច្ឆ័យទោសមនុស្សលោកដូចម្ដេចកើត? 7 មួយវិញទៀត បើការកុហករបស់ខ្ញុំធ្វើអោយព្រះហឫទ័យសច្ចៈរបស់ព្រះជាម្ចាស់ លេចចេញមកយ៉ាងច្បាស់ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គមែននោះ ហេតុដូចម្ដេចបានជាខ្ញុំត្រូវតែទទួលទោស ក្នុងនាមជាមនុស្សបាបទៅវិញ? 8 បើដូច្នេះ ម្ដេចក៏យើងមិននាំគ្នាប្រព្រឹត្ដអំពើអាក្រក់ ដើម្បីអោយមានផលល្អកើតចេញមក ដូចអ្នកខ្លះដែលមួលបង្កាច់យើងថា យើងបាននិយាយបែបនេះ! អ្នកទាំងនោះមុខតែទទួលទោសជាពុំខាន! 9 បើដូច្នេះ យើងដែលជាសាសន៍យូដា តើយើងប្រសើរជាងគេឬ? ទេ យើងមិនប្រសើរជាងគេទាល់តែសោះ!ដ្បិតយើងបានបញ្ជាក់រួចមកហើយថា មនុស្សទាំងអស់ ទោះបីសាសន៍យូដាក្ដី សាសន៍ក្រិកក្ដីសុទ្ធតែមានបាបសោយរាជ្យពីលើទាំងអស់គ្នា 10 ដូចមានចែងទុកមកថា៖ «គ្មានមនុស្សណាសុចរិតឡើយ សូម្បីតែម្នាក់ក៏គ្មានផង 11 គ្មាននរណាម្នាក់ដឹងខុសត្រូវ គ្មាននរណាម្នាក់ស្វែងរកព្រះជាម្ចាស់។ 12 មនុស្សគ្រប់ៗរូបបានវង្វេង ចេញឆ្ងាយពីព្រះជាម្ចាស់ ហើយវិនាសបាត់បង់ជាមួយគ្នា គ្មាននរណាប្រព្រឹត្ដអំពើសប្បុរសសោះឡើយ សូម្បីតែម្នាក់ក៏គ្មានផង»។ 13 «បំពង់ករបស់គេប្រៀបបាននឹងផ្នូរខ្មោច នៅបើកចំហ អណ្ដាតរបស់គេគ្រលាស់តែពាក្យ បោកបញ្ឆោត មាត់របស់គេមានបង្កប់នូវពិសពស់វែក»។ 14 «មាត់របស់គេពោរពេញទៅដោយពាក្យ អពមង្គល និង ពាក្យជូរចត់»។ 15 «ជើងរបស់គេចាំតែឈានទៅបង្ហូរឈាម 16 គេទៅកន្លែងណា កន្លែងនោះខ្ទេចខ្ទីអន្ដរាយអស់។ 17 គេមិនស្គាល់ផ្លូវទៅកាន់សន្ដិភាពទេ»។ 18 «គេរស់ដោយមិនកោតខ្លាចព្រះជាម្ចាស់ សោះឡើយ»។ 19 យើងដឹងថា គ្រប់សេចក្ដីដែលមានចែងទុកក្នុងក្រឹត្យវិន័យ សុទ្ធតែចែងទុកសំរាប់អស់អ្នកដែលចំណុះក្រឹត្យវិន័យ ដើម្បីកុំអោយមនុស្សណាម្នាក់រកពាក្យដោះសាបាន ហើយអោយពិភពលោកទាំងមូលទទួលទោស នៅចំពោះព្រះភ័ក្ដ្ររបស់ព្រះជាម្ចាស់។ 20 ដូច្នេះ គ្មានមនុស្សណាបានសុចរិតនៅចំពោះព្រះភ័ក្ដ្រព្រះអង្គ ដោយការប្រព្រឹត្ដតាមក្រឹត្យវិន័យទេ ព្រោះគម្ពីរវិន័យគ្រាន់តែនាំអោយគេស្គាល់អំពើបាបប៉ុណ្ណោះ។ 21 ឥឡូវនេះ ព្រះជាម្ចាស់សំដែងអោយយើងដឹង អំពីរបៀបព្រះអង្គប្រោសមនុស្សអោយបានសុចរិត គឺព្រះអង្គមិនគិតពីក្រឹត្យវិន័យ ទេ ដូចគម្ពីរវិន័យ និង គម្ពីរព្យាការី បានបញ្ជាក់ទុកស្រាប់។ 22 ព្រះជាម្ចាស់ប្រោសអ្នកដែលមានជំនឿ លើព្រះយេស៊ូគ្រិស្ដអោយបានសុចរិត គឺព្រះអង្គធ្វើដូច្នេះចំពោះអស់អ្នកដែលជឿ។ មនុស្សទាំងអស់មិនខុសគ្នាត្រង់ណាឡើយ 23 គ្រប់ៗគ្នាសុទ្ធតែបានប្រព្រឹត្ដអំពើបាប ហើយគ្មានសិរីរុងរឿង របស់ព្រះជាម្ចាស់នៅជាមួយ 24 តែដោយសារព្រះគុណ និង ដោយសារការប្រោសលោះដែលស្ថិតនៅក្នុងអង្គព្រះគ្រិស្ដយេស៊ូ ព្រះអម្ចាស់ប្រោសគេអោយបានសុចរិតដោយឥតគិតថ្លៃ។ 25 ព្រះជាម្ចាស់បានតំរូវអោយព្រះយេស៊ូធ្វើជាយញ្ញបូជា សំរាប់លោះអស់អ្នកដែលមានជំនឿ អោយរួចពីបាប ដោយសារព្រះលោហិតរបស់ព្រះអង្គ។ ធ្វើដូច្នេះ ព្រះអង្គបង្ហាញរបៀបដែលព្រះអង្គប្រោសមនុស្សអោយបានសុចរិត គឺពីដើម ព្រះអង្គពុំបានដាក់ទោសមនុស្សលោកដែលប្រព្រឹត្ដអំពើបាប 26 ក្នុងគ្រាដែលព្រះអង្គមានព្រះហឫទ័យអត់ធ្មត់ដល់គេនោះទេ។ ឥឡូវនេះ ព្រះអង្គសព្វព្រះហឫទ័យបង្ហាញអំពីរបៀបដែលព្រះអង្គប្រោសមនុស្សអោយបានសុចរិត ដើម្បីសំដែងថាព្រះអង្គសុចរិត ហើយទ្រង់ប្រោសអ្នកដែលជឿលើព្រះយេស៊ូអោយបានសុចរិតផងដែរ។ 27 ដូច្នេះ តើមនុស្សអាចមានមូលហេតុអ្វីអួតអាងខ្លួនបាន? គ្មានទាល់តែសោះ! តើគេយកអ្វីជាទីពឹង? ពឹងលើការប្រព្រឹត្ដអំពើល្អឬ?ទេ គឺពឹងផ្អែកលើជំនឿវិញ 28 ដ្បិតយើងយល់ថា ព្រះជាម្ចាស់ប្រោសមនុស្សអោយបានសុចរិតមកពីគេមានជំនឿ មិនមែនមកពីគេប្រព្រឹត្ដតាមវិន័យឡើយ។ 29 បើមិនដូច្នោះទេ ព្រះអង្គជាព្រះរបស់សាសន៍យូដាតែប៉ុណ្ណោះ! តើព្រះអង្គមិនមែនជាព្រះរបស់សាសន៍ដទៃផងដែរទេឬ? មែន!ព្រះអង្គក៏ជាព្រះរបស់សាសន៍ដទៃដែរ។ 30 មានព្រះជាម្ចាស់តែមួយព្រះអង្គប៉ុណ្ណោះ ដែលប្រោសសាសន៍យូដាអោយបានសុចរិត មកពីគេមានជំនឿ ហើយក៏ប្រោសសាសន៍ដទៃអោយបានសុចរិត ដោយគេមានជំនឿដែរ។ 31 ដូច្នេះតើមានន័យថា យើងយកជំនឿមកលុបបំបាត់ក្រឹត្យវិន័យឬ? ទេ មិនមែនដូច្នោះទេ! គឺយើងធ្វើអោយក្រឹត្យវិន័យរឹតតែមានតម្លៃថែមទៀត។

រ៉ូម 4

1 ដូច្នេះ តើយើងគិតដូចម្ដេចចំពោះលោកអប្រាហាំដែលជាបុព្វបុរស របស់យើងផ្នែក ខាងសាច់ឈាម តើលោកបានទទួលអ្វីខ្លះ? 2 ប្រសិនបើលោកអប្រាហាំបានសុចរិត ដោយសារការប្រព្រឹត្ដអំពើល្អនោះ លោកអាចនឹងអួតអាងខ្លួនបានមែន។ ក៏ប៉ុន្ដែ នៅចំពោះព្រះភ័ក្ដ្រព្រះជាម្ចាស់ លោកពុំអាចអួតអាងបានទេ 3 ដ្បិតក្នុងគម្ពីរមានចែងថា«លោកអប្រាហាំជឿលើព្រះជាម្ចាស់ ហើយព្រះអង្គប្រោសលោកអោយបានសុចរិត ដោយយល់ដល់ជំនឿនេះ»។ 4 ធម្មតា អ្នកណាធ្វើការអ្វីមួយ គេពុំចាត់ទុកប្រាក់ឈ្នួលរបស់គេថាជាអំណោយទេ គឺចាត់ទុកជាប្រាក់ដែលខ្លួនត្រូវតែបាន។ 5 ចំពោះអ្នកដែលពុំបានប្រព្រឹត្ដតាមវិន័យ តែមានជំនឿលើព្រះជាម្ចាស់ដែលប្រោសមនុស្សមិនគោរពប្រណិប័តន៍ព្រះអង្គអោយបានសុចរិត ទ្រង់នឹងប្រោសអ្នកនោះអោយបានសុចរិតដោយយល់ដល់ជំនឿរបស់គេ។ 6 ហេតុនេះហើយបានជាព្រះបាទដាវីឌថ្លែងអំពីសុភមង្គល របស់អ្នក ដែលព្រះជាម្ចាស់ប្រោសអោយបានសុចរិត ដោយមិនគិតដល់ការប្រព្រឹត្ដអំពើល្អថាៈ 7 «អស់អ្នកដែលព្រះជាម្ចាស់អត់ទោស និង លុបបំបាត់អំពើបាបចោល ពិតជាមានសុភមង្គលហើយ! 8 បុរសណាដែលព្រះជាម្ចាស់មិនគិតគូរ ពីបាបរបស់ខ្លួនទេបុរសនោះពិតជាមានសុភមង្គលហើយ!»។ 9 តើមានតែសាសន៍យូដាទេឬ ដែលអាចទទួលសុភមង្គលនេះ ឬមួយសាសន៍ដទៃ ក៏អាចទទួលបានដែរ?។ យើងទើបនឹងនិយាយថា«ព្រះអង្គប្រោសលោកអប្រាហាំអោយបានសុចរិត ដោយយល់ដល់ជំនឿរបស់លោក»។ 10 តើព្រះជាម្ចាស់ប្រោសលោកអប្រាហាំអោយបានសុចរិតនៅពេលណា? ក្រោយពេលលោកទទួលពិធីកាត់ស្បែក ឬក៏មុននោះ? គឺនៅមុនពេលលោកទទួលពិធីកាត់ស្បែក មិនមែនក្រោយពេលកាត់ស្បែកហើយនោះទេ!។ 11 លោកបានទទួលពិធីកាត់ស្បែកតាមក្រោយ ទុកជាសញ្ញាបញ្ជាក់ថាលោកបានសុចរិត ដោយសារជំនឿដែលលោកមានកាលពីមិនទាន់កាត់ស្បែកនៅឡើយ។ ដូច្នេះ លោកបានទៅជាឪពុករបស់មនុស្សទាំងអស់ដែលមិនបានទទួលពិធីកាត់ស្បែកតែមានជំនឿ ហើយព្រះជាម្ចាស់ប្រោសគេអោយបានសុចរិត។ 12 លោកក៏ជាឪពុករបស់សាសន៍យូដាដែលកាត់ស្បែកដែរ ជាអ្នកដែលមិនត្រឹមតែបានទទួលពិធីកាត់ស្បែកប៉ុណ្ណោះទេ គឺថែមទាំងបានយកតំរាប់តាមជំនឿរបស់លោកអប្រាហាំជាឪពុករបស់យើង នៅគ្រាដែលលោកមិនទាន់ទទួលពិធីកាត់ស្បែកនៅឡើយនោះផង។ 13 ព្រះជាម្ចាស់មានព្រះបន្ទូលសន្យាមកលោកអប្រាហាំ និង ពូជពង្សរបស់លោកថា គេនឹងបានទទួលពិភពលោកទុកជាមត៌កដោយមិនគិតតាមក្រឹត្យវិន័យទេ គឺគិតតាមសេចក្ដីសុចរិតដែលបានមកពីជំនឿវិញ។ 14 ប្រសិនបើមនុស្សទទួលមត៌ក ដោយគោរពតាមក្រឹត្យវិន័យនោះ បានសេចក្ដីថាជំនឿគ្មានប្រយោជន៍អ្វីសោះ ហើយព្រះបន្ទូលសន្យាក៏គ្មានតម្លៃអ្វីដែរ 15 ដ្បិតក្រឹត្យវិន័យបង្កើតអោយមានព្រះពិរោធ តែទីណាគ្មានក្រឹត្យវិន័យ នៅទីនោះក៏គ្មានបទល្មើសក្រឹត្យវិន័យដែរ។ 16 ដូច្នេះ ព្រោះតែជំនឿដែលស្របតាមព្រះគុណ ព្រះបន្ទូលសន្យាត្រូវបានប្រទានមកចំពោះពូជពង្សលោកអប្រាហាំទាំងមូល មិនត្រឹមតែអស់អ្នកដែលប្រតិបត្ដិតាមក្រឹត្យវិន័យប៉ុណ្ណោះទេ តែសំរាប់អស់អ្នកដែលមានជំនឿដូចលោកអប្រាហាំ ជាឪពុករបស់យើងទាំងអស់គ្នាដែរ 17 ដូចមានចែងទុកមកថា «យើងបានតែងតាំងអ្នកអោយធ្វើជាឪពុករបស់ជាតិសាសន៍មួយចំនួនធំ»។ លោកជាឪពុករបស់យើង នៅចំពោះព្រះភ័ក្ដ្រព្រះជាម្ចាស់ជាព្រះដែលលោកបានជឿ គឺព្រះអង្គដែលប្រោសមនុស្សស្លាប់អោយរស់ឡើងវិញ ហើយបានត្រាស់ហៅអ្វីៗដែលគ្មានរូបរាងអោយកើតមាន។ 18 ទោះបីគ្មានអ្វីជាទីសង្ឃឹមក៏ដោយ ក៏លោកអប្រាហាំនៅតែមានសង្ឃឹម និង មានជំនឿ ហើយលោកក៏បានទៅជាឪពុករបស់ជាតិសាសន៍ជាច្រើន ស្របតាមព្រះបន្ទូលដែលមានថ្លែងទុកមកថា «ពូជពង្សរបស់អ្នកនឹងមានច្រើនយ៉ាងនេះ»។ 19 កាលណោះ លោកមានអាយុជិតមួយរយឆ្នំាហើយ ទោះបីលោកមើលមករូបកាយរបស់លោក ឃើញថាជិតស្លាប់ និង មើលទៅលោកយាយសារ៉ា ឃើញថាពុំអាចបង្កើតកូនបានសោះនោះក៏ដោយ ក៏ជំនឿរបស់លោកមិនអន់ថយដែរ។ 20 លោកមិនបាត់ជំនឿ ហើយមិនសង្ស័យនឹងព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់ទេ ផ្ទុយទៅវិញជំនឿរបស់លោកធ្វើអោយលោកមានកម្លាំងចិត្ដនឹងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ 21 ព្រោះលោកជឿប្រាកដក្នុងចិត្ដថា បើព្រះជាម្ចាស់សន្យាធ្វើអ្វី ព្រះអង្គពិតជាមានឫទ្ធានុភាពនឹងសំរេចតាមបានមិនខាន។ 22 ហេតុនេះហើយបានជា«ព្រះជាម្ចាស់ប្រោសលោកអោយបានសុចរិត»។ 23 ក៏ប៉ុន្ដែ សេចក្ដីដែលមានចែងថា «ព្រះជាម្ចាស់ប្រោសអោយបានសុចរិត»នេះមិនមែនសំដៅតែលើលោកអប្រាហាំប៉ុណ្ណោះទេ 24 គឺសំដៅមកយើងដែលព្រះជាម្ចាស់ប្រោសអោយបានសុចរិត ព្រោះយើងជឿលើព្រះអង្គដែលបានប្រោសព្រះយេស៊ូជាអម្ចាស់នៃយើងអោយមានព្រះជន្មរស់ឡើងវិញនេះដែរ។ 25 ព្រះយេស៊ូត្រូវគេបញ្ជូនទៅសម្លាប់ព្រោះតែកំហុសរបស់យើង ហើយព្រះជាម្ចាស់ប្រោសព្រះអង្គអោយមានព្រះជន្មរស់ឡើងវិញ ដើម្បីអោយយើងបានសុចរិត។

រ៉ូម 5

1 ដូច្នេះ ដោយព្រះជាម្ចាស់ប្រោសយើងអោយបានសុចរិត ព្រោះតែយើងមានជំនឿ យើងក៏មានសន្ដិភាពជាមួយនឹងព្រះអង្គតាមរយៈព្រះយេស៊ូគ្រិស្ដ ជាអម្ចាស់នៃយើងដែរ។ 2 ព្រោះតែព្រះគ្រិស្ដ និង ដោយសារជំនឿ យើងមានមាគ៌ាចូលទៅកាន់ជីវិតថ្មី ហើយយើងក៏ស្ថិតនៅក្នុងជីវិតថ្មីនេះយ៉ាងខ្ជាប់ខ្ជួនទាំងខ្ពស់មុខ ដោយសង្ឃឹមថានឹងបានទទួលសិរីរុងរឿងរបស់ព្រះជាម្ចាស់។ 3 មិនតែប៉ុណ្ណោះសោត នៅពេលយើងរងទុក្ខវេទនា យើងនៅតែខ្ពស់មុខដដែល ព្រោះយើងដឹងថា ទុក្ខវេទនានឹងនាំអោយយើងចេះអត់ធ្មត់ 4 ការអត់ធ្មត់នាំអោយយើងចេះស៊ូទ្រាំ ហើយការស៊ូទ្រាំនាំអោយយើងមានសេចក្ដីសង្ឃឹម។ 5 សេចក្ដីសង្ឃឹមមិនធ្វើអោយយើងខកចិត្ដឡើយ ព្រោះព្រះជាម្ចាស់បានចាក់បង្ហូរព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គមកក្នុងចិត្ដយើង ដោយប្រទានព្រះវិញ្ញាណដ៏វិសុទ្ធមកយើង។ 6 កាលយើងមិនទាន់មានកម្លាំងនៅឡើយ លុះដល់ពេលកំណត់ ព្រះគ្រិស្ដបានសោយទិវង្គតសំរាប់មនុស្សដែលមិនគោរពប្រណិប័តន៍ព្រះអង្គ។ 7 កម្រមាននរណាម្នាក់ស៊ូប្ដូរជីវិតដើម្បីមនុស្សសុចរិតណាស់ ប្រហែលជាមានម្នាក់ហ៊ានស៊ូប្ដូរជីវិតដើម្បីមនុស្សល្អដែរមើលទៅ! 8 រីឯព្រះជាម្ចាស់វិញ ព្រះអង្គបានបង្ហាញព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គចំពោះយើង គឺព្រះគ្រិស្ដបានសោយទិវង្គតសំរាប់យើង ក្នុងពេលដែលយើងនៅជាមនុស្សជាប់បាបនៅឡើយ។ 9 ឥឡូវនេះ បើព្រះជាម្ចាស់ ប្រោសយើងអោយបានសុចរិតដោយសារព្រះលោហិតរបស់ព្រះគ្រិស្ដយ៉ាងហ្នឹងទៅហើយ ព្រះអង្គរឹតតែសង្គ្រោះយើងអោយរួចពីព្រះពិរោធ ដោយសារព្រះគ្រិស្ដថែមទៀតជាពុំខាន។ 10 បើព្រះជាម្ចាស់សំរុះសំរួលយើងអោយជានានឹងព្រះអង្គវិញ ដោយព្រះបុត្រារបស់ព្រះអង្គសោយទិវង្គត ក្នុងគ្រាដែលយើងនៅជាសត្រូវនឹងព្រះអង្គនៅឡើយ ចំណង់បើឥឡូវនេះ យើងបានជានានឹងព្រះអង្គហើយ ព្រះអង្គក៏រឹតតែសង្គ្រោះយើងដោយសារព្រះជន្មរបស់ព្រះបុត្រាថែមទៀត ជាពុំខាន។ 11 មិនតែប៉ុណ្ណោះសោត យើងនឹងបានខ្ពស់មុខដោយពឹងលើព្រះជាម្ចាស់ តាមរយៈព្រះយេស៊ូគ្រិស្ដជាអម្ចាស់នៃយើង ដែលទ្រង់បានសំរុះសំរួលអោយយើងជានានឹងព្រះជាម្ចាស់វិញនៅពេលនេះ។ 12 តាមរយៈមនុស្សតែម្នាក់ បាប បានចូលមកក្នុងពិភពលោក ហើយតាមរយៈបាប សេចក្ដីស្លាប់ក៏ចូលមកដែរ។ ហេតុនេះហើយបានជាសេចក្ដីស្លាប់រាលដាលដល់មនុស្សគ្រប់ៗរូប ព្រោះគ្រប់គ្នាសុទ្ធតែបានប្រព្រឹត្ដអំពើបាប។ 13 មុនពេលមានក្រឹត្យវិន័យ បាបមាននៅក្នុងលោកនេះរួចស្រេចទៅហើយ តែព្រះជាម្ចាស់ពុំបានប្រកាន់ទោសមនុស្សលោកទេ ព្រោះគ្រានោះមិនទាន់មានក្រឹត្យវិន័យនៅឡើយ។ 14 ក៏ប៉ុន្ដែ តាំងពីសម័យលោកអដាំមកទល់នឹងសម័យលោកម៉ូសេ មច្ចុរាជបានសោយរាជ្យលើមនុស្សលោករួចស្រេចទៅហើយ ទោះបីគេពុំបានប្រព្រឹត្ដបទល្មើស ដូចលោកអដាំ ជានិមិត្ដរូបនៃព្រះគ្រិស្ដ ដែលត្រូវយាងមកនោះក៏ដោយ។ 15 ប៉ុនែ្ដ កំហុសរបស់លោកអដំា និង ព្រះអំណោយទានរបស់ព្រះជាម្ចាស់ មានលទ្ធផលខុសគ្នាទាំងស្រុង។ មនុស្សទួទៅត្រូវស្លាប់ ព្រោះតែកំហុសរបស់មនុស្សម្នាក់យ៉ាងណា ព្រះគុណរបស់ព្រះជាម្ចាស់ និង ព្រះអំណោយទានដែលបានមកពីព្រះគុណនេះ ក៏បានហូរមកលើមនុស្សទាំងអស់រឹតតែបរិបូណ៌ តាមរយៈមនុស្សម្នាក់ គឺព្រះយេស៊ូគ្រិស្ដយ៉ាងនោះដែរ។ 16 រីឯព្រះអំណោយទានរបស់ព្រះជាម្ចាស់ និង អំពើបាបរបស់មនុស្សតែម្នាក់វិញ ក៏មានលទ្ធផលខុសគ្នាទាំងស្រុងដែរ គឺដោយសារទោសរបស់មនុស្សតែម្នាក់ មនុស្សទាំងអស់ត្រូវជាប់ទោស។ រីឯព្រះអំណោយទានវិញ ធ្វើអោយមនុស្សបានសុចរិតទោះបីគេប្រព្រឹត្ដខុសជាច្រើនយ៉ាងណាក៏ដោយ។ 17 ព្រោះតែមនុស្សម្នាក់បានប្រព្រឹត្ដខុស ហើយដោយសារកំហុសរបស់មនុស្សម្នាក់សេចក្ដីស្លាប់បានសោយរាជ្យ តាមរយៈមនុស្សម្នាក់នេះដែរ។ រីឯអស់អ្នកដែលបានទទួលព្រះគុណ និង ព្រះអំណោយទាននៃសេចក្ដីសុចរិតដ៏បរិបូណ៌នោះវិញតាមរយៈមនុស្សតែម្នាក់គឺព្រះយេស៊ូគ្រិស្ដគេនឹងបានសោយរាជ្យក្នុងជីវិតនឹងរឹតតែប្រសើរថែមទៀត។ 18 សរុបមក ដោយសារកំហុសរបស់មនុស្សតែម្នាក់ មនុស្សទាំងអស់ត្រូវជាប់ទោសយ៉ាងណា ដោយសារអំពើសុចរិតរបស់មនុស្សតែម្នាក់ មនុស្សទាំងអស់ក៏បានសុចរិត និង បានទទួលជីវិតយ៉ាងនោះដែរ 19 ហើយមនុស្សទាំងអស់ជាប់បាប ដោយសារមនុស្សតែម្នាក់មិនស្ដាប់បង្គាប់យ៉ាងណា ព្រះជាម្ចាស់ក៏នឹងប្រោសមនុស្សទាំងអស់អោយបានសុចរិត ដោយសារមនុស្សតែម្នាក់បានស្ដាប់បង្គាប់យ៉ាងនោះដែរ។ 20 ក្រឹត្យវិន័យកើតមានឡើងដើម្បីធ្វើអោយកំហុសកើតមានកាន់តែច្រើនឡើងៗ។ នៅទីណាដែលមានបាប កាន់តែច្រើន ទីនោះព្រះគុណក៏រឹតតែមានច្រើនថែមទៀត។ 21 បាបសោយរាជ្យបណ្ដាលអោយមានសេចក្ដីស្លាប់យ៉ាងណា ព្រះគុណក៏នឹងសោយរាជ្យដោយសារសេចក្ដីសុចរិតយ៉ាងនោះដែរ ដើម្បីអោយមនុស្សលោកមានជីវិតអស់កល្បជានិច្ច តាមរយៈព្រះយេស៊ូគ្រិស្ដជាអម្ចាស់នៃយើង។

រ៉ូម 6

1 ដូច្នេះ យើងត្រូវគិតដូចម្ដេច? តើយើងត្រូវប្រព្រឹត្ដអំពើបាបតទៅមុខទៀតដើម្បីអោយព្រះគុណរឹតតែមានចំរើនឡើង 2 ទេ មិនកើតទេ! យើងទាំងអស់គ្នាដែលបានរួចផុតពីអំណាចបាប ហើយតើអោយយើងនៅតែប្រព្រឹត្ដអំពើបាបតទៅទៀតដូចម្ដេចកើត! 3 តើបងប្អូនមិនជ្រាបទេ ឬ យើងទាំងអស់គ្នាដែលបានទទួលពិធីជ្រមុជទឹក ដើម្បីរួមជាមួយព្រះគ្រិស្ដយេស៊ូនោះ គឺយើងបានជ្រមុជ រួមជាមួយព្រះអង្គដែលសោយទិវង្គត។ 4 ហេតុនេះ ដោយពិធីជ្រមុជទឹកដើម្បីរួមស្លាប់ជាមួយព្រះអង្គ យើងដូចជាបានចូលទៅក្នុងផ្នូររួមជាមួយព្រះអង្គដែរ។ ដូច្នេះ ព្រះគ្រិស្ដមានព្រះជន្មរស់ឡើងវិញ ដោយសារសិរីរុងរឿង របស់ព្រះបិតាយ៉ាងណា យើងក៏រស់នៅតាមរបៀបថ្មីយ៉ាងនោះដែរ។ 5 ប្រសិនបើយើងបានរួមស្លាប់ជាមួយព្រះអង្គដែលសោយទិវង្គត យើងក៏នឹងបានរួមជាមួយព្រះអង្គដែលមានព្រះជន្មរស់ឡើងវិញដែរ។ 6 យើងដឹងថា ចរិតចាស់របស់យើងបានជាប់ឆ្កាងជាមួយព្រះអង្គរួចហើយ ដើម្បីអោយខ្លួនយើងដែលជាប់បាបនេះត្រូវវិនាសសាបសូន្យ កុំអោយយើងធ្វើជាខ្ញុំបំរើរបស់បាបតទៅទៀត 7 ដ្បិតអ្នកដែលស្លាប់ មិនទាក់ទាមនឹងបាបទៀតទេ។ 8 ដូច្នេះ ប្រសិនបើយើងរួមស្លាប់ជាមួយព្រះគ្រិស្ដ យើងក៏ជឿថា យើងនឹងមានជីវិតរួមជាមួយព្រះអង្គដែរ 9 ព្រោះយើងដឹងថា ព្រះគ្រិស្ដដែលរស់ឡើងវិញនោះ ទ្រង់លែងសោយទិវង្គតហើយ មច្ចុរាជគ្មានអំណាច លើព្រះអង្គទៀតទេ 10 ដ្បិតព្រះអង្គបានសោយទិវង្គតនោះគឺសោយទិវង្គតអោយបានរួចផុតពីអំណាចបាប ម្ដងជាសូរេច។ ឥឡូវនេះ ព្រះអង្គមានព្រះជន្មរស់នោះ គឺរស់សំរាប់ព្រះជាម្ចាស់។ 11 រីឯបងប្អូនវិញក៏ដូច្នោះដែរ ចូរចាត់ទុកថាខ្លួនបានស្លាប់ រួចផុតពីអំណាចបាប ហើយបងប្អូនមានជីវិតរស់ សំរាប់ព្រះជាម្ចាស់ដោយរួមជាមួយព្រះគ្រិស្ដយេស៊ូ។ 12 ដូច្នេះ មិនត្រូវទុកអោយបាបសោយរាជ្យលើខ្លួនបងប្អូនដែលរមែងតែងតែស្លាប់ដើម្បីស្ដាប់តាមតណ្ហាលោភលន់របស់ខ្លួននោះឡើយ 13 ហើយក៏មិនត្រូវប្រគល់សរីរាង្គកាយរបស់បងប្អូន អោយទៅបំរើបាប និង ធ្វើជាឧបករណ៍សំរាប់ប្រព្រឹត្ដអំពើទុច្ចរិតដែរ គឺត្រូវថ្វាយខ្លួនទៅព្រះជាម្ចាស់ ដូចមនុស្សដែលបានរស់ឡើងវិញ ហើយប្រគល់សរីរាង្គកាយរបស់បងប្អូនទៅបំរើព្រះជាម្ចាស់ និង ធ្វើជាឧបករណ៍សំរាប់ប្រព្រឹត្ដអំពើសុចរិត។ 14 បាបនឹងលែងត្រួតត្រាលើបងប្អូនទៀតហើយ ព្រោះបងប្អូនមិនស្ថិតនៅក្រោមអំណាចរបស់ក្រឹត្យវិន័យទេ គឺស្ថិតនៅក្រោមព្រះគុណវិញ។ 15 បើដូច្នេះ ដោយយើងមិនស្ថិតនៅក្រោមអំណាចនៃក្រឹត្យវិន័យ តែស្ថិតនៅក្រោមព្រះគុណ តើយើងត្រូវតែប្រព្រឹត្ដអំពើបាបឬ? ទេ មិនកើតទេ! 16 បងប្អូនមិនដឹងទេឬ បើបងប្អូនប្រគល់ខ្លួនទៅបំរើ និង ស្ដាប់បង្គាប់ម្ចាស់ណា បងប្អូននឹងក្លាយទៅជាខ្ញុំបំរើរបស់អ្នកដែលបងប្អូនស្ដាប់បង្គាប់នោះ ឬមួយបងប្អូននឹងទៅជាខ្ញុំបំរើរបស់បាប ដែលនាំអោយបងប្អូនស្លាប់ឬមួយបងប្អូនស្ដាប់បង្គាប់ព្រះជាម្ចាស់ដែលនាំអោយបងប្អូនបានសុចរិត។ 17 សូមអរព្រះគុណព្រះជាម្ចាស់! ពីដើមបងប្អូនជាខ្ញុំបំរើរបស់បាបមែន តែដោយបងប្អូនបានស្ដាប់បង្គាប់យ៉ាងស្មោះអស់ពីចិត្ដ តាមគោលការណ៍នៃសេចក្ដីបង្រៀនដែលបងប្អូនបានទទួល 18 បងប្អូនក៏បានរួចពីអំណាចបាប មកបំរើសេចក្ដីសុចរិតវិញ។ 19 ខ្ញុំសូមនិយាយតាមរបៀបមនុស្សលោកទៅចុះ ព្រោះបងប្អូនជាមនុស្សទន់ខ្សោយ។ ពីដើម បងប្អូនបានប្រគល់សរីរាង្គកាយរបស់បងប្អូន អោយធ្វើជាខ្ញុំបំរើនៃអំពើសៅហ្មង និង អំពើទុយ៌ស ដែលនាំអោយប្រឆាំងនឹងព្រះជាម្ចាស់យ៉ាងណា ឥឡូវនេះ ចូរបងប្អូនប្រគល់សរីរាង្គកាយរបស់បងប្អូន ធ្វើជាខ្ញុំបំរើនៃសេចក្ដីសុចរិតដើម្បីអោយបងប្អូនបានវិសុទ្ធ យ៉ាងនោះដែរ។ 20 កាលបងប្អូននៅជាខ្ញុំបំរើរបស់បាបនៅឡើយ បងប្អូនគ្មានជាប់ទាក់ទាមអ្វីនឹងសេចក្ដីសុចរិតទេ។ 21 កាលណោះបងប្អូនបានទទួលផលអ្វី? គឺគ្មានអ្វីក្រៅពីកិច្ចការដែលនាំអោយបងប្អូនខ្មាសនៅពេលនេះឡើយ ជាកិច្ចការដែលបណ្ដាលអោយបងប្អូនស្លាប់! 22 តែឥឡូវនេះបងប្អូនបានរួចពីអំណាចបាប មកបំរើព្រះជាម្ចាស់វិញ។ បងប្អូនបានផលដែលធ្វើអោយបងប្អូនទៅជាវិសុទ្ធ ដើម្បីអោយមានជីវិតអស់កល្បជានិច្ច 23 ដ្បិតលទ្ធផលនៃបាប គឺសេចក្ដីស្លាប់ រីឯព្រះអំណោយទានរបស់ព្រះជាម្ចាស់វិញគឺជីវិតអស់កល្បជានិច្ចរួមជាមួយព្រះគ្រិស្ដយេស៊ូ ជាព្រះអម្ចាស់នៃយើង។

រ៉ូម 7

1 បងប្អូនអើយ ខ្ញុំសូមនិយាយចំពោះបងប្អូន ដែលស្ទាត់ជំនាញខាងច្បាប់ បងប្អូនជ្រាបស្រាប់ហើយថា ច្បាប់មានអំណាចលើមនុស្ស តែក្នុងពេលដែលគេនៅមានជីវិតនៅឡើយ។ 2 ឧបមាថា ស្ដ្រីម្នាក់មានប្ដីតាមច្បាប់ នាងនៅជាប់ជាមួយប្ដី តែក្នុងពេលដែលប្ដីមានជីវិតនៅឡើយប៉ុណ្ណោះ។ បើប្ដីស្លាប់នាងនឹងរួចផុតពីច្បាប់ដែលចងនាងអោយនៅជាប់នឹងប្ដីនោះហើយ។ 3 ដូច្នេះ ពេលប្ដីនៅរស់នៅឡើយ ប្រសិនបើនាងមានប្ដីមួយទៀត នាងមានឈ្មោះថាជាស្ដ្រីផិតក្បត់។ ផ្ទុយទៅវិញ បើប្ដីនាងស្លាប់ នាងមានសេរីភាពរួចផុតពីច្បាប់ ហើយបើនាងមានប្ដីមួយទៀត នាងឥតមានឈ្មោះថាជាស្ដ្រីផិតក្បត់ទេ។ 4 រីឯបងប្អូនវិញ ក៏ដូច្នោះដែរ ដោយសារព្រះកាយរបស់ព្រះគ្រិស្ដ បងប្អូនបានស្លាប់ រួចផុតពីក្រឹត្យវិន័យ ហើយទៅជាប់នឹងម្ចាស់មួយទៀត គឺជាប់នឹងព្រះគ្រិស្ដដែលមានព្រះជន្មរស់ឡើងវិញដើម្បីបង្កើតផលថ្វាយព្រះជាម្ចាស់ 5 ដ្បិតកាលយើងរស់នៅខាងនិស្ស័យលោកីយ៍នៅឡើយ ដោយមានក្រឹត្យវិន័យជំរុញ តណ្ហាអាក្រក់ផ្សេងៗបានសំដែងឥទ្ធិពលក្នុងសរីរាង្គកាយរបស់យើង ដើម្បីអោយយើងបង្កើតផលដែលបណ្ដាលអោយស្លាប់ 6 តែឥឡូវនេះ ដោយយើងបានស្លាប់ រួចផុតពីក្រឹត្យវិន័យហើយ គឺរួចផុតពីអ្វីៗដែលបានឃុំឃាំងយើង ដូច្នេះ យើងបំរើព្រះជាម្ចាស់ តាមរបៀបថ្មី ដែលមកពីព្រះវិញ្ញាណ មិនមែនបំរើតាមរបៀបចាស់ ដែលមកពីក្រឹត្យវិន័យសរសេរជាលាយលក្ខណ៍អក្សរនោះឡើយ។ 7 ដូច្នេះយើងគិតដូចម្ដេច? តើក្រឹត្យវិន័យគ្រាន់តែនាំអោយស្គាល់បាបប៉ុណ្ណោះ។ ប្រសិនបើក្រឹត្យវិន័យមិនហាមថា«កុំលោភលន់» នោះខ្ញុំមុខជាពុំដឹងថាការលោភលន់នេះជាអ្វីផង។ 8 បាប ក៏ឆ្លៀតឱកាសដែលបញ្ញត្ដិហាមឃាត់ខ្ញុំនោះបង្កើតអោយមានការលោភលន់គ្រប់យ៉ាងនៅក្នុងខ្លួនខ្ញុំ។ ប្រសិនបើគ្មានក្រឹត្យវិន័យទេបាបក៏រលាយសូន្យដែរ។ 9 ពីដើមខ្ញុំរស់នៅដោយគ្មានក្រឹត្យវិន័យ។ លុះបញ្ញត្ដិមកដល់បាបក៏កើតមានឡើង 10 រីឯខ្ញុំ ខ្ញុំក៏បាត់បង់ជីវិត។ ដូច្នេះ បញ្ញត្ដិដែលត្រូវនាំអោយខ្ញុំមានជីវិតនោះ បែរជាបណ្ដាលអោយខ្ញុំស្លាប់ទៅវិញ 11 ដ្បិតបាបបានឆ្លៀតឱកាសយកបញ្ញត្ដិមកបោកបញ្ឆោតខ្ញុំ ហើយធ្វើអោយខ្ញុំស្លាប់ដោយសារបញ្ញត្ដិនេះ។ 12 ដូច្នេះ ក្រឹត្យវិន័យដ៏វិសុទ្ធ រីឯបញ្ញត្ដិដ៏វិសុទ្ធសុចរិតហើយល្អដែរ។ 13 តើអ្វីៗដ៏ល្អនេះបែរជានាំអោយខ្ញុំស្លាប់ឬ? ទេ មិនមែនទេ! គឺបាបវិញទេតើដែលនាំអោយខ្ញុំស្លាប់។ បាបបានប្រើវិន័យដែលល្អធ្វើអោយខ្ញុំស្លាប់ ដើម្បីបង្ហាញអោយឃើញថាបាបពិតជាបាបមែនហើយតាមរយៈបញ្ញត្ដិបាបលេចចេញមករឹតតែអាក្រក់ហួសហេតុទៅទៀត។ 14 យើងដឹងស្រាប់ហើយថា ក្រឹត្យវិន័យមកពីព្រះវិញ្ញាណ រីឯខ្ញុំវិញ ខ្ញុំជាមនុស្សដែលមាននិស្ស័យលោកីយ៍លក់ខ្លួនដាច់ថ្លៃអោយបាប 15 ដ្បិតខ្ញុំមិនយល់អ្វីដែលខ្ញុំធ្វើទេ កិច្ចការណាដែលខ្ញុំចង់ធ្វើ ខ្ញុំមិនធ្វើ រីឯកិច្ចការណាដែលខ្ញុំស្អប់ ខ្ញុំបែរជាធ្វើទៅវិញ។ 16 ប្រសិនបើខ្ញុំធ្វើកិច្ចការណា ដែលខ្ញុំមិនចង់ធ្វើដូច្នេះ បានសេចក្ដីថាខ្ញុំយល់ស្របនឹងវិន័យ ហើយទទួលស្គាល់ថាក្រឹត្យវិន័យពិតជាល្អមែន។ 17 ដូច្នេះ មិនមែនខ្ញុំទេដែលប្រព្រឹត្ដកិច្ចការនោះ គឺបាបនៅក្នុងខ្ញុំវិញទេតើដែលប្រព្រឹត្ដ 18 ដ្បិតខ្ញុំដឹងថាអ្វីៗដែលល្អមិនស្ថិតនៅក្នុងខ្ញុំទេ ពោលគឺមិនស្ថិតនៅក្នុងខ្ញុំដែលមាននិស្ស័យលោកីយ៍ទេ។ ខ្ញុំមានឆន្ទៈនឹងធ្វើអំពើល្អ តែខ្ញុំគ្មានសមត្ថភាពនឹងប្រព្រឹត្ដអំពើល្អបានឡើយ។ 19 ខ្ញុំមិនប្រព្រឹត្ដអំពើល្អ ដែលខ្ញុំចង់ធ្វើនោះទេ តែបែរជាប្រព្រឹត្ដអំពើអាក្រក់ដែលខ្ញុំមិនចង់ធ្វើទៅវិញ។ 20 ប្រសិនបើខ្ញុំប្រព្រឹត្ដអំពើណាដែលខ្ញុំមិនចង់ធ្វើ បានសេចក្ដីថាមិនមែនខ្ញុំទៀតទេដែលប្រព្រឹត្ដដូច្នេះ គឺបាបស្ថិតនៅក្នុងខ្ញុំវិញទេតើ ដែលប្រព្រឹត្ដ។ 21 ដូច្នេះ ចំពោះខ្ញុំដែលចង់ធ្វើអំពើល្អ ខ្ញុំសង្កេតឃើញមានគោលការណ៍មួយនេះថាខ្ញុំមានសមត្ថភាពធ្វើបានតែអំពើអាក្រក់ប៉ុណ្ណោះ។ 22 ក្នុងជំរៅចិត្ដរបស់ខ្ញុំ ខ្ញុំពេញចិត្ដនឹងក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ណាស់ 23 ក៏ប៉ុន្ដែ ខ្ញុំឃើញថានៅក្នុងសរីរាង្គកាយរបស់ខ្ញុំ មានគោលការណ៍មួយទៀត ដែលតយុទ្ធនឹងមនសិការ របស់ខ្ញុំ ទាំងធ្វើអោយខ្ញុំជាប់ជាឈ្លើយធ្វើតាមបញ្ជារបស់បាបដែលស្ថិតនៅក្នុងសរីរាង្គកាយរបស់ខ្ញុំថែមទៀតផង។ 24 ខ្ញុំវេទនាណាស់! តើនរណានឹងដោះលែងខ្ញុំអោយរួចពីរូបកាយ ដែលរមែងតែងតែស្លាប់នេះបាន? 25 សូមអរព្រះគុណព្រះជាម្ចាស់ តាមរយៈព្រះយេស៊ូគ្រិស្ដជាអម្ចាស់នៃយើង។ ដូច្នេះ ដោយសារគំនិតប្រាជ្ញារបស់ខ្ញុំ ខ្ញុំធ្វើតាមក្រឹត្យវិន័យរបស់ព្រះជាម្ចាស់តែដោយសារខ្ញុំជាមនុស្សដែលមាននិស្ស័យលោកីយ៍ ខ្ញុំបែរជាធ្វើតាមបញ្ជារបស់បាប។

រ៉ូម 8

1 ឥឡូវនេះ អស់អ្នកដែលចូលរួមជាមួយព្រះគ្រិស្ដយេស៊ូ ឥតមានទោសពៃរ៍ទៀតឡើយ 2 ដ្បិតវិន័យរបស់ព្រះវិញ្ញាណដែលផ្ដល់ជីវិតក្នុងអង្គព្រះគ្រិស្ដយេស៊ូ បានរំដោះខ្ញុំអោយរួចផុតពីបាប និង ពីសេចក្ដីស្លាប់។ 3 ការអ្វីដែលក្រឹត្យវិន័យធ្វើពុំកើត ព្រោះនិស្ស័យលោកីយ៍បានធ្វើអោយក្រឹត្យវិន័យនោះទៅជាអស់ឫទ្ធិ ព្រះជាម្ចាស់បានសំរេចការនោះរួចទៅហើយ គឺព្រោះតែបាប ព្រះអង្គចាត់ព្រះបុត្រារបស់ព្រះអង្គផ្ទាល់ អោយយាងមក មាននិស្ស័យជាមនុស្សដូចមនុស្សឯទៀតៗដែលមានបាបដើម្បីដាក់ទោសបាបក្នុងនិស្ស័យជាមនុស្សដែលជាមនុស្ស។ 4 ព្រះអង្គធ្វើដូច្នេះដើម្បីប្រោសយើងអោយបានសុចរិត ស្របតាមការតំរូវរបស់ក្រឹត្យវិន័យ គឺចំពោះយើងដែលមិនរស់នៅតាមនិស្ស័យលោកីយ៍ តែរស់នៅតាមព្រះវិញ្ញាណវិញ 5 ដ្បិតអ្នកដែលរស់នៅតាមនិស្ស័យលោកីយ៍ គិតតែពីអ្វីៗដែលទាក់ទងនឹងលោកីយ៍រីឯអ្នកដែលរស់នៅតាមព្រះវិញ្ញាណ គិតតែពីអ្វីៗដែលទាក់ទងនឹងព្រះវិញ្ញាណ។ 6 ការគិតខាងលោកីយ៍នាំអោយស្លាប់ រីឯការគិតខាងព្រះវិញ្ញាណនាំអោយមានជីវិត និង សេចក្ដីសុខសាន្ដវិញ 7 ដ្បិតការគិតខាងលោកីយ៍ទាស់នឹងព្រះជាម្ចាស់ ព្រោះលោកីយ៍ពុំចុះចូលនឹងក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ទេ ហើយថែមទាំងគ្មានសមត្ថភាពនឹងចុះចូលបានផង។ 8 អស់អ្នកដែលរស់នៅក្នុងនិស្ស័យលោកីយ៍ ពុំអាចគាប់ព្រះហឫទ័យព្រះជាម្ចាស់បានឡើយ។ 9 ចំពោះបងប្អូន ដោយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់សណ្ឋិតនៅក្នុងបងប្អូន បងប្អូនមិនស្ថិតក្នុងនិស្ស័យលោកីយ៍ទៀតទេ គឺនៅខាងព្រះវិញ្ញាណ។ អ្នកណាគ្មានព្រះវិញ្ញាណរបស់ព្រះគ្រិស្ដ អ្នកនោះមិនមែនជាកូនចៅរបស់ព្រះអង្គទេ។ 10 ប្រសិនបើព្រះគ្រិស្ដគង់នៅក្នុងបងប្អូន ទោះបីរូបកាយរបស់បងប្អូនស្លាប់ ព្រោះតែបាបក៏ដោយក៏ព្រះវិញ្ញាណនៅតែផ្ដល់ជីវិតអោយបងប្អូនដែរ មកពីព្រះជាម្ចាស់ប្រោសបងប្អូនអោយបានសុចរិត។ 11 ប្រសិនបើព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ដែលបានប្រោសព្រះយេស៊ូអោយមានព្រះជន្មរស់ឡើងវិញ សណ្ឋិតនៅក្នុងបងប្អូនមែននោះ ព្រះជាម្ចាស់ដែលបានប្រោសព្រះគ្រិស្ដអោយមានព្រះជន្មរស់ឡើងវិញទ្រង់ក៏នឹងប្រទានអោយរូបកាយរបស់បងប្អូនដែលរមែងតែងតែស្លាប់នេះ មានជីវិតតាមរយៈព្រះវិញ្ញាណដែលសណ្ឋិតនៅក្នុងបងប្អូននោះដែរ។ 12 ហេតុនេះ បងប្អូនអើយ យើងមានជំពាក់ម៉្យាងតែមិនមែនជំពាក់នឹងនិស្ស័យលោកីយ៍ ដើម្បីរស់តាមនិស្ស័យលោកីយ៍ទៀតឡើយ។ 13 ប្រសិនបើបងប្អូនរស់នៅតាមនិស្ស័យលោកីយ៍ បងប្អូននឹងត្រូវស្លាប់ជាមិនខាន ផ្ទុយទៅវិញ ប្រសិនបើបងប្អូនពឹងផ្អែកលើព្រះវិញ្ញាណ ដើម្បីរំលាយរបៀបរស់នៅតាមនិស្ស័យលោកីយ៍បងប្អូនមុខតែមានជីវិត 14 ដ្បិតអស់អ្នកដែលព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ណែនាំ សុទ្ធតែជាបុត្ររបស់ព្រះជាម្ចាស់។ 15 បងប្អូនពុំបានទទួលវិញ្ញាណដែលធ្វើអោយបងប្អូនទៅជាខ្ញុំបំរើហើយអោយនៅតែភ័យខ្លាចទៀតទេ គឺបងប្អូនបានទទួលព្រះវិញ្ញាណដែលធ្វើអោយបងប្អូនទៅជាបុត្ររបស់ព្រះជាម្ចាស់។ ដោយសារព្រះវិញ្ញាណនេះ យើងបន្លឺសំឡេងឡើងថា«អ័ប្បា!» ឱព្រះបិតា! 16 គឺព្រះវិញ្ញាណផ្ទាល់ដែលផ្ដល់សក្ខីភាពអោយវិញ្ញាណរបស់យើងដឹងថា យើងពិតជាបុត្ររបស់ព្រះជាម្ចាស់មែន។ 17 ប្រសិនបើយើងពិតជាបុត្រមែន នោះយើងមុខជាទទួលមត៌កពុំខាន។ យើងនឹងទទួលមត៌កពីព្រះជាម្ចាស់ គឺទទួលមត៌ករួមជាមួយព្រះគ្រិស្ដ។ ដោយយើងរងទុក្ខលំបាករួមជាមួយព្រះអង្គដូច្នេះ យើងក៏នឹងទទួលសិរីរុងរឿងរួមជាមួយព្រះអង្គដែរ។ 18 ខ្ញុំយល់ឃើញថា ទុក្ខលំបាកនាបច្ចុប្បន្នកាល ពុំអាចប្រៀបផ្ទឹមនឹងសិរីរុងរឿង ដែលព្រះជាម្ចាស់សំដែងអោយយើងឃើញ នៅអនាគតកាលនោះបានឡើយ។ 19 អ្វីៗសព្វសារពើដែលព្រះអង្គបង្កើតមកកំពុងតែអន្ទះអន្ទែង ទន្ទឹងរង់ចាំពេលដែលព្រះជាម្ចាស់នឹងបង្ហាញបុត្ររបស់ព្រះអង្គ 20 ដ្បិតអ្វីៗទាំងអស់នោះបែរទៅជាឥតន័យតែមិនមែនដោយចិត្ដឯងទេ គឺព្រះជាម្ចាស់បានតំរូវដូច្នេះ។ ពិភពលោកនៅតែមានសង្ឃឹមថា 21 ព្រះអង្គនឹងលោះអោយរួចផុតពីវិនាសអន្ដរាយ ដើម្បីអោយមានសេរីភាព និង សិរីរុងរឿងនៃបុត្ររបស់ព្រះជាម្ចាស់។ 22 យើងដឹងហើយថា មកទល់ថ្ងៃនេះពិភពលោកទាំងមូលកំពុងតែស្រែកថ្ងូរ និង ឈឺចុកចាប់ដូចជាស្ដ្រីដែលហៀបនឹងសំរាលកូន។ 23 មិនត្រឹមតែពិភពលោកប៉ុណ្ណោះទេ សូម្បីតែយើង ដែលបានទទួលព្រះអំណោយទានដំបូងរបស់ព្រះវិញ្ញាណ ក៏ថ្ងូរក្នុងចិត្ដ ទាំងទន្ទឹងរង់ចាំព្រះជាម្ចាស់ប្រោសយើងអោយទៅជាបុត្ររបស់ព្រះអង្គ និង លោះរូបកាយយើងទាំងស្រុងដែរ 24 ដ្បិតយើងបានទទួលការសង្គ្រោះតែក្នុងសេចក្ដីសង្ឃឹមប៉ុណ្ណោះ។ ប្រសិនបើយើងបាន អ្វីដែលយើងសង្ឃឹមចង់បាននោះមិនមែនហៅថាសង្ឃឹមទៀតទេ ព្រោះអ្វីៗដែលយើងបានហើយ តើយើងសង្ឃឹមចង់បានដូចម្ដេចទៀត!។ 25 ផ្ទុយទៅវិញ ប្រសិនបើយើងសង្ឃឹមទៅលើអ្វីៗ ដែលយើងមិនទាន់មាន នោះយើងទន្ទឹងរង់ចាំដោយចិត្ដព្យាយាម។ 26 យ៉ាងណាមិញ ព្រះវិញ្ញាណក៏យាងមកជួយយើងដែលទន់ខ្សោយនេះដែរ ដ្បិតយើងពុំដឹងអធិស្ឋាន ដូចម្ដេច ដើម្បីអោយបានសមនោះឡើយ តែព្រះវិញ្ញាណផ្ទាល់ ទ្រង់ទូលអង្វរអោយយើង ដោយព្រះសូរសៀងដែលគ្មាននរណាអាចថ្លែងបាន។ 27 រីឯព្រះជាម្ចាស់ដែលឈ្វេងយល់ចិត្ដមនុស្ស ទ្រង់ជ្រាបព្រះបំណងរបស់ព្រះវិញ្ញាណ ព្រោះព្រះវិញ្ញាណទូលអង្វរអោយប្រជាជនដ៏វិសុទ្ធ ស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។ 28 យើងដឹងទៀតថា អ្វីៗទាំងអស់ផ្សំគ្នាឡើងដើម្បីអោយអស់អ្នកស្រឡាញ់ព្រះជាម្ចាស់ បានទទួលផលល្អ គឺអ្នកដែលព្រះអង្គបានត្រាស់ហៅមក ស្របតាមគំរោងការរបស់ព្រះអង្គ 29 ដ្បិតអស់អ្នកដែលព្រះអង្គបានជ្រើសរើស ទ្រង់ក៏បានតំរូវគេទុកជាមុនអោយមានលក្ខណៈដូចព្រះបុត្រារបស់ព្រះអង្គដែរ ដើម្បីអោយព្រះបុត្រាបានទៅជារៀមច្បង ក្នុងបណ្ដាបងប្អូនជាច្រើន។ 30 អស់អ្នកដែលព្រះអង្គបានតំរូវទុកជាមុននោះ ទ្រង់ក៏បានត្រាស់ហៅ ហើយអ្នកដែលព្រះអង្គបានត្រាស់ហៅនោះ ទ្រង់ក៏ប្រោសអោយគេបានសុចរិត រីឯអស់អ្នកដែលព្រះអង្គប្រោសអោយបានសុចរិត ទ្រង់ក៏ប្រទានអោយគេមានសិរីរុងរឿងដែរ។ 31 បើដូច្នេះតើយើងត្រូវគិតដូចម្ដេចទៀតអំពីសេចក្ដីទាំងនេះ? ប្រសិនបើព្រះជាម្ចាស់កាន់ខាងយើងហើយ តើនរណាអាចនឹងចោទប្រកាន់យើងបាន? 32 ព្រះអង្គពុំបានទុកព្រះបុត្រារបស់ព្រះអង្គផ្ទាល់ទេ គឺព្រះអង្គបានបញ្ជូនព្រះបុត្រានោះមកសំរាប់យើងទាំងអស់គ្នា បើដូច្នេះ ព្រះអង្គមុខជាប្រណីសន្ដោសប្រទានអ្វីៗទាំងអស់ មកយើងរួមជាមួយព្រះបុត្រានោះដែរ។ 33 តើនរណាអាចចោទប្រកាន់អស់អ្នកដែលព្រះជាម្ចាស់បានជ្រើសរើស បើព្រះអង្គប្រោសគេអោយបានសុចរិតហើយនោះ? 34 តើនរណាអាចដាក់ទោសគេបាន បើព្រះគ្រិស្ដយេស៊ូបានសោយទិវង្គត ហើយជាពិសេសទ្រង់មានព្រះជន្មរស់ឡើងវិញ គង់នៅខាងស្ដំាព្រះបិតា និង ទូលអង្វរអោយយើងដូច្នេះ? 35 តើនរណាអាចបំបែកយើងចេញពីព្រះហឫទ័យស្រឡាញ់របស់ព្រះគ្រិស្ដបាន? ទុក្ខវេទនា ឬ ការតប់ប្រមល់ អន្ទះអន្ទែងការបៀតបៀន ការស្រេកឃ្លាន ខ្វះសម្លៀកបំពាក់ គ្រោះថ្នាក់ ឬមួយត្រូវគេសម្លាប់? 36 ដូចមានចែងទុកមកថាៈ ព្រោះតែព្រះអង្គ យើងត្រូវគេរកសម្លាប់ពីព្រឹកដល់ល្ងាច គេចាត់ទុកយើងដូចជាចៀមដែលត្រូវគេ យកទៅសម្លាប់។ 37 ក៏ប៉ុន្ដែ ក្នុងការទាំងនោះ យើងមានជ័យជំនះលើសពីអ្នកមានជ័យជំនះទៅទៀត ដោយព្រះអម្ចាស់ដែលបានស្រឡាញ់យើង។ 38 ខ្ញុំជឿជាក់ថា ទោះបីសេចក្ដីស្លាប់ក្ដី ជីវិតក្ដី ទេវតា ក្ដី វត្ថុសក្ដិសិទ្ធិនានាក្ដី បច្ចុប្បន្នកាលក្ដី អនាគតកាលក្ដីអំណាចនានាក្ដី 39 អ្វីៗដែលនៅស្ថានលើក្ដី នៅស្ថានក្រោមក្ដី ឬ អ្វីៗផ្សេងទៀតដែលព្រះជាម្ចាស់បង្កើតមកក្ដី ក៏ពុំអាចបំបែកយើងចេញពីសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ដែលទ្រង់បានសំដែងអោយយើងឃើញ ក្នុងព្រះគ្រិស្ដយេស៊ូ ជាអម្ចាស់នៃយើងបានឡើយ។

រ៉ូម 9

1 ខ្ញុំសូមនិយាយសេចក្ដីពិត ដោយរួមជាមួយព្រះគ្រិស្ដ ខ្ញុំមិនកុហកទេ គឺខ្ញុំនិយាយដោយមានមនសិការរបស់ខ្ញុំផ្ទាល់ ជាសាក្សី និង ដោយមានព្រះវិញ្ញាណដ៏វិសុទ្ធបំភ្លឺថា 2 ខ្ញុំមានទុក្ខព្រួយជាខ្លាំង ហើយឈឺចុកចាប់ក្នុងចិត្ដជានិច្ចផង 3 ដ្បិតខ្ញុំបន់អោយតែខ្លួនខ្ញុំត្រូវបណ្ដាសា បែកចេញពីព្រះគ្រិស្ដ ព្រោះតែបងប្អូន និង ញាតិសន្ដាន ដែលជាសាច់សាលោហិតរបស់ខ្ញុំផ្ទាល់ 4 គឺសាសន៍អ៊ីស្រាអែល។ ព្រះជាម្ចាស់បានរាប់ពួកគេទុកជាបុត្ររបស់ព្រះអង្គ ពួកគេមានសិរីរុងរឿង មានសម្ពន្ធមេត្រី នានា មានគម្ពីរវិន័យ ស្គាល់របៀបគោរពបំរើព្រះអង្គ ទទួលព្រះបន្ទូលសន្យាផ្សេងៗ 5 មានបុព្វបុរស ហើយព្រះគ្រិស្ដក៏កើតមកជាមនុស្សក្នុងពូជពង្សរបស់ពួកគេថែមទៀតផង ព្រះអង្គជាព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់លើអ្វីៗទាំងអស់សូមលើកតម្កើងព្រះអង្គអស់កល្បជានិច្ចអាម៉ែន! 6 ក៏ប៉ុន្ដែ មិនមែនមានន័យថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់បែរទៅជាអសារឥតការនោះទេ ព្រោះអស់អ្នកដែលកើតមកពីពូជពង្សលោកអ៊ីស្រាអែល មិនមែនសុទ្ធតែជាសាសន៍អ៊ីស្រាអែលពិតប្រាកដឡើយ 7 ហើយអស់អ្នកដែលកើតពីពូជពង្សរបស់លោកអប្រាហាំ ក៏មិនមែនសុទ្ធតែជាកូនចៅរបស់លោកអប្រាហាំទាំងអស់គ្នាដែរ ដូចមានថ្លែងទុកមកថា «មានតែកូនចៅអ៊ីសាកប៉ុណ្ណោះ ដែលមានឈ្មោះថា ជាពូជពង្សរបស់អ្នក» 8 ពោលគឺមិនមែនកូនចៅដែលកើតមកតាមសាច់ឈាមធម្មតានោះទេ ដែលត្រូវរាប់ជាបុត្ររបស់ព្រះជាម្ចាស់មានតែកូនចៅដែលកើតមកតាមព្រះបន្ទូលសន្យាប៉ុណ្ណោះ ទើបរាប់ជាពូជពង្សបាន 9 ដ្បិតព្រះជាម្ចាស់មានព្រះបន្ទូលសន្យាថា «ឆ្នំាក្រោយ យើងនឹងមកក្នុងពេលដដែលនេះ ហើយនាងសារ៉ានឹងមានកូនប្រុសមួយ»។ 10 មិនតែប៉ុណ្ណោះសោត នាងរេបិកាក៏មានផ្ទៃពោះនឹងបុរសតែមួយ គឺលោកអ៊ីសាកជាបុព្វបុរសរបស់យើង។ 11 ព្រះជាម្ចាស់មានគំរោងការជ្រើសរើសមនុស្ស ដោយមិនគិតពីអំពើដែលគេប្រព្រឹត្ដនោះទេ គឺជ្រើសរើសតាមព្រះហឫទ័យរបស់ព្រះអង្គដែលត្រាស់ហៅ។ ដើម្បីអោយបានស្របតាមគំរោងការនេះ នៅពេលកូនភ្លោះនៅក្នុងផ្ទៃ ពុំទាន់បានប្រព្រឹត្ដអំពើល្អ ឬ អាក្រក់នៅឡើយផងនោះ 12 ទ្រង់ក៏មានព្រះបន្ទូលទៅនាងរេបិកាថា«កូនច្បងនឹងបំរើកូនប្អូន» 13 ដូចមានចែងទុកមកថា «យើងស្រឡាញ់យ៉ាកុបជាងអេសាវ»។ 14 ដូច្នេះ តើយើងត្រូវគិតដូចម្ដេច? តើព្រះជាម្ចាស់អយុត្ដិធម៌ឬ? ទេមិនមែនទេ! 15 ដ្បិតព្រះអង្គមានព្រះបន្ទូលទៅកាន់លោកម៉ូសេថាៈ «យើងនឹងមានចិត្ដមេត្ដាករុណាដល់នរណា ដែលយើងមេត្ដាករុណា ហើយយើងក៏នឹងអាណិតអាសូរនរណាដែលយើងអាណិតអាសូរដែរ»។ 16 ដូច្នេះ មិនមែនស្រេចតែបំណងចិត្ដ ឬការខំប្រឹងប្រែងរបស់មនុស្សឡើយ គឺស្រេចតែព្រះជាម្ចាស់ ដែលមានព្រះហឫទ័យមេត្ដាករុណានោះវិញ 17 ដ្បិតក្នុងគម្ពីរ ព្រះជាម្ចាស់មានព្រះបន្ទូលទៅកាន់ស្ដេចផារ៉ោនថា«យើងបានតាំងអ្នកជាស្ដេចដើម្បីបង្ហាញឫទ្ធានុភាពរបស់យើងតាមរយៈអ្នក និង អោយកិត្ដិនាមរបស់យើងបានឮខ្ចរខ្ចាយពាសពេញលើផែនដីទាំងមូល»។ 18 ដូច្នេះ ព្រះអង្គមេត្ដាករុណាដល់នរណាក៏បាន ស្រេចតែនឹងព្រះហឫទ័យរបស់ព្រះអង្គព្រះអង្គធ្វើអោយចិត្ដនរណាទៅជារឹងរូសក៏បាន ស្រេចតែព្រះហឫទ័យរបស់ព្រះអង្គដែរ។ 19 ប្រហែលជាអ្នកសួរខ្ញុំថា«បើដូច្នេះ ម្ដេចក៏ព្រះជាម្ចាស់នៅតែបន្ទោសមនុស្សទៀត? តើមាននរណាអាចប្រឆាំងនឹងព្រះហឫទ័យរបស់ព្រះអង្គ?»។ 20 ឱមនុស្សអើយ តើអ្នកមានឋានៈអ្វីបានជាហ៊ានជជែកតវ៉ានឹងព្រះជាម្ចាស់បែបនេះ? តើដីឥដ្ឋមានដែលនិយាយទៅកាន់ជាងស្មូនថា «ហេតុអ្វីបានជាលោកធ្វើអោយខ្ញុំមានរូបរាងយ៉ាងនេះ»ដែរឬទេ?។ 21 ជាងស្មូនយកដីទៅសូនធ្វើអ្វីក៏បាន គឺដីឥដ្ឋដដែលគាត់អាចយកទៅសូនធ្វើជារបស់ថ្លៃថ្នូរផង ហើយសូនធ្វើជារបស់ធម្មតាផង។ 22 រីឯព្រះជាម្ចាស់វិញ ព្រះអង្គសព្វព្រះហឫទ័យបង្ហាញព្រះពិរោធ និង សំដែងឫទ្ធានុភាពរបស់ព្រះអង្គ។ ដូច្នេះ ទ្រង់មានព្រះហឫទ័យអត់ធ្មត់យ៉ាងខ្លាំង ទ្រង់ស៊ូទ្រាំនឹងអស់អ្នកដែលត្រូវរងព្រះពិរោធហើយត្រូវវិនាសអន្ដរាយ។ 23 ព្រះអង្គក៏ចង់បង្ហាញសិរីរុងរឿងដ៏ប្រសើរលើសលប់របស់ព្រះអង្គចំពោះអស់អ្នកដែលព្រះអង្គមេត្ដាករុណាដែរ ជាអ្នកដែលព្រះអង្គបានតំរូវទុកជាមុនអោយទទួលសិរីរុងរឿង 24 ពោលគឺយើងទាំងអស់គ្នាដែលព្រះអង្គបានត្រាស់ហៅ មិនត្រឹមតែពីក្នុងចំណោមសាសន៍យូដាប៉ុណ្ណោះទេ គឺពីក្នុងចំណោមជាតិសាសន៍ដទៃថែមទៀតផង 25 ដូចមានថ្លែងទុកក្នុងគម្ពីរព្យាការី ហូសេថាៈ «អ្នកដែលមិនមែន ជាប្រជារាស្ដ្ររបស់យើង យើងនឹងហៅគេថាជាប្រជារាស្ដ្ររបស់យើង រីឯជាតិសាសន៍ដែលយើងមិនបានស្រឡាញ់ យើងនឹងហៅគេថាជាជាតិសាសន៍ដ៏ជាទីស្រឡាញ់របស់យើង 26 ហើយត្រង់ណាដែលមានពោលទៅ អ្នកទាំងនោះថា"អ្នករាល់គ្នាមិនមែនជា ប្រជារាស្ដ្ររបស់យើងទេ!" ត្រង់នោះគេនឹងមានឈ្មោះថាជាបុត្រ របស់ព្រះជាម្ចាស់ដ៏មានព្រះជន្មរស់»។ 27 រីឯព្យាការីអេសាយវិញ លោកបានប្រកាសអំពីសាសន៍អ៊ីស្រាអែលថាៈ ទោះបីសាសន៍អ៊ីស្រាអែលបានកើនចំនួនច្រើន ដូចខ្សាច់នៅឆ្នេរសមុទ្រហើយក៏ដោយ មានតែមួយចំនួនតូចសល់ពីស្លាប់ប៉ុណ្ណោះ ដែលនឹងទទួលការសង្គ្រោះ 28 ដ្បិតព្រះអម្ចាស់នឹងសំរេចតាមព្រះបន្ទូល របស់ព្រះអង្គគ្រប់ប្រការទាំងអស់ យ៉ាងឆាប់ៗនៅផែនដីនេះ។ 29 មួយវិញទៀត ព្យាការីអេសាយក៏បានថ្លែងទុកជាមុនមកថាៈ ប្រសិនបើព្រះអម្ចាស់នៃពិភពទាំងមូល មិនបានទុកកូនចៅយើងមួយចំនួន អោយនៅសល់ទេ នោះយើងនឹងវិនាសទៅដូចជាអ្នកក្រុងសូដុម ហើយយើងក៏ប្រៀបបីដូចជាអ្នកក្រុង កូម៉ូរ៉ាដែរ។ 30 ដូច្នេះ តើយើងត្រូវគិតដូចម្ដេច? សាសន៍ដទៃដែលពុំបានស្វះស្វែងរកសេចក្ដីសុចរិត បែរជាបានទទួលសេចក្ដីសុចរិតទៅវិញ គឺសេចក្ដីសុចរិតមកពីជំនឿ។ 31 រីឯសាសន៍អ៊ីស្រាអែល គេខំប្រឹងធ្វើតាមក្រឹត្យវិន័យ ដែលផ្ដល់សេចក្ដីសុចរិត តែពួកគេពុំបានសុចរិតតាមវិន័យនោះឡើយ។ 32 ហេតុអ្វីបានជាដូច្នេះ? គឺមកពួកគេពឹងលើការប្រព្រឹត្ដតាមវិន័យមិនពឹងលើជំនឿទេ។ ពួកគេជំពប់ដួលនឹង «ថ្មដែលនាំអោយគេជំពប់» 33 ដូចមានចែងទុកមកថាៈ យើងបានដាក់ថ្មមួយនៅក្រុងស៊ីយ៉ូន ជាថ្មដែលនាំអោយគេជំពប់ដួល ជាសិលាដែលនាំអោយគេរវាតចិត្ដបាត់ជំនឿ អ្នកណាជឿលើថ្មនេះ អ្នកនោះមុខជាមិនខកចិត្ដឡើយ។

រ៉ូម 10

1 បងប្អូនអើយ ខ្ញុំប៉ងប្រាថ្នាអស់ពីចិត្ដចង់តែអោយសាសន៍អ៊ីស្រាអែលបានទទួលការសង្គ្រោះ ហើយខ្ញុំក៏ទូលអង្វរព្រះជាម្ចាស់អោយពួកគេដែរ។ 2 ខ្ញុំហ៊ានធ្វើជាសាក្សីថា ពួកគេមានចិត្ដខ្នះខ្នែងបំរើព្រះជាម្ចាស់ខ្លាំងណាស់ តែគេបំរើទាំងល្ងិតល្ងង់។ 3 ដោយពួកគេពុំស្គាល់របៀបដែលព្រះជាម្ចាស់ប្រោសមនុស្សលោកអោយបានសុចរិត ពួកគេខំប្រឹងធ្វើអោយខ្លួនបានសុចរិត ដោយខ្លួនគេផ្ទាល់ គឺពុំព្រមទទួលរបៀបដែលព្រះជាម្ចាស់ប្រោសមនុស្សអោយបានសុចរិតនេះទេ។ 4 ក្រឹត្យវិន័យនាំមនុស្សឆ្ពោះទៅកាន់ព្រះគ្រិស្ដ ដើម្បីអោយអស់អ្នកដែលជឿបានសុចរិត។ 5 លោកម៉ូសេបានសរសេរទុកអំពីសេចក្ដីសុចរិតដែលមកពីក្រឹត្យវិន័យ ថាៈ «អ្នកណាប្រតិបត្ដិតាមអ្វីៗដែល មានចែងទុកក្នុងក្រឹត្យវិន័យ អ្នកនោះនឹងមានជីវិតដោយសារអំពើទាំងនោះ»។ 6 ចំពោះសេចក្ដីសុចរិតដែលមកពីជំនឿវិញ មានចែងថា «អ្នកមិនត្រូវសួរក្នុងចិត្ដថាតើអ្នកណានឹងឡើងទៅស្ថានបរមសុខ?» គឺថា ដើម្បីនឹងនាំព្រះគ្រិស្ដចុះមក 7 «តើអ្នកណានឹងចុះទៅស្ថានក្រោម?» គឺថាដើម្បីនាំព្រះគ្រិស្ដឡើងពីចំណោមមនុស្សស្លាប់មក 8 តែក្នុងគម្ពីរមានចែងដូចម្ដេច? គឺមានចែងថា «ព្រះបន្ទូលស្ថិតនៅក្បែរអ្នក នៅក្នុងមាត់អ្នក និង នៅក្នុងចិត្ដអ្នកដែរ»។ ព្រះបន្ទូលនេះជាព្រះបន្ទូលស្ដីអំពីជំនឿដែលយើងប្រកាស។ 9 ប្រសិនបើមាត់អ្នកប្រកាសថា ព្រះយេស៊ូពិតជាព្រះអម្ចាស់ ហើយបើចិត្ដអ្នកជឿថា ព្រះជាម្ចាស់ពិតជាបានប្រោសព្រះយេស៊ូអោយមានព្រះជន្មរស់ឡើងវិញមែន នោះអ្នកនឹងទទួលការសង្គ្រោះជាមិនខាន 10 ដ្បិតបើចិត្ដយើងជឿយើងនឹងបានសុចរិត ហើយបើមាត់យើងប្រកាសជំនឿនោះយើងនឹងទទួលការសង្គ្រោះ 11 ដូចមានថ្លែងទុកក្នុងគម្ពីរថា «អ្នកណាជឿលើព្រះអង្គ អ្នកនោះមុខជាមិនខកចិត្ដឡើយ»។ 12 ដូច្នេះ សាសន៍យូដា និង សាសន៍ក្រិកមិនប្លែកពីគ្នាត្រង់ណាទេ គេទាំងអស់គ្នាមានព្រះអម្ចាស់តែមួយដែលមានព្រះហឫទ័យទូលាយ ដល់អស់អ្នកអង្វររកព្រះអង្គ 13 ដ្បិត «អ្នកណាអង្វររកព្រះនាមព្រះអម្ចាស់ អ្នកនោះនឹងទទួលការសង្គ្រោះ»។ 14 ក៏ប៉ុន្ដែ អោយគេអង្វររកព្រះអង្គដូចម្ដេចកើត បើគេមិនជឿ? អោយគេជឿលើព្រះអង្គដូចម្ដេចកើតបើគេមិនដែលឮព្រះអង្គមានព្រះបន្ទូល? អោយគេឮដូចម្ដេចកើត បើគ្មាននរណាប្រកាស? 15 អោយមានអ្នកប្រកាសដូចម្ដេចកើត បើគ្មាននរណាចាត់អោយទៅប្រកាសផងនោះ? ដូចមានចែងទុកថាៈ «មើល៍ អ្នកដែលធ្វើដំណើរនាំដំណឹងដ៏ល្អៗមក ប្រសើររុងរឿងណាស់ហ្ន៎!»។ 16 ប៉ុន្ដែ មិនមែនមនុស្សគ្រប់គ្នាទេដែលព្រមស្ដាប់តាមដំណឹងល្អ ដូចព្យាការី អេសាយបានថ្លែងទុកមកថាៈ «បពិត្រព្រះអម្ចាស់តើនរណាជឿសេចក្ដីដែលយើងនិយាយអោយស្ដាប់?»។ 17 ដូច្នេះ ជំនឿកើតមកពីសេចក្ដីដែលយើងបានស្ដាប់ រីឯសេចក្ដីដែលយើងបានស្ដាប់នោះកើតមកពីព្រះបន្ទូលរបស់ព្រះគ្រិស្ដ។ 18 ក៏ប៉ុន្ដែ ខ្ញុំសូមសួរថា តើពួកគេមិនដែលបានឮទេឬ? ទេ ពួកគេប្រាកដជាបានឮហើយ! «សំឡេងរបស់គេបានឮខ្ចរខ្ចាយពាសពេញ លើផែនដីទាំងមូល ហើយពាក្យសំដីរបស់គេបានឮខ្ចរខ្ចាយ រហូត ដល់ស្រុកដាច់ស្រយាលនៃពិភពលោក»។ 19 ខ្ញុំសូមសួរទៀតថា តើសាសន៍អ៊ីស្រាអែលមិនបានយល់ទេឬ?។ លោកម៉ូសេបានថ្លែងមុនគេថាៈ «យើងនឹងធ្វើអោយអ្នករាល់គ្នាច្រណែន នឹងពួកអ្នកដែលមិនមែនជាប្រជាជាតិមួយ ដ៏ពិតប្រាកដ យើងនឹងធ្វើអោយអ្នករាល់គ្នាមានកំហឹង នឹងជាតិសាសន៍មួយដ៏ល្ងីល្ងើ»។ 20 រីឯព្យាការីអេសាយ លោកហ៊ាននិយាយលើសពីនេះទៅទៀតថាៈ «អស់អ្នកដែលមិនស្វែងរកយើង គេបានរកយើងឃើញ ហើយអស់អ្នកដែលមិនសុំអ្វីពីយើង យើងបានបង្ហាញខ្លួនអោយគេឃើញច្បាស់»។ 21 ចំពោះជនជាតិអ៊ីស្រាអែលវិញ លោកបានថ្លែងថាៈ «មួយថ្ងៃវាល់ល្ងាច យើងបានលូកដៃទៅរក ប្រជារាស្ដ្រដែលមិនស្ដាប់បង្គាប់ ហើយចេះតែប្រកែកជំទាស់»។

រ៉ូម 11

1 ដូច្នេះ ខ្ញុំសូមសួរថា តើព្រះជាម្ចាស់បានបោះបង់ចោលប្រជារាស្ដ្ររបស់ព្រះអង្គហើយឬ? ទេ ព្រះអង្គមិនបោះបង់ចោលគេទេ! ដ្បិតខ្លួនខ្ញុំផ្ទាល់ក៏ជាជាតិអ៊ីស្រាអែលដែរ ខ្ញុំជាពូជពង្សរបស់លោកអប្រាហាំ កើតក្នុងកុលសម្ព័ន្ធ បេនយ៉ាមីន។ 2 ព្រះជាម្ចាស់ពុំបានបោះបង់ប្រជារាស្ដ្ររបស់ព្រះអង្គ ជាប្រជារាស្ដ្រដែលព្រះអង្គជ្រើសរើសទុកជាមុននោះឡើយ។ តើបងប្អូនមិនជ្រាបសេចក្ដីដែលមានចែងទុកក្នុងគម្ពីរ ស្ដីអំពីព្យាការី អេលីយ៉ាទូលព្រះជាម្ចាស់ទាស់នឹងសាសន៍អ៊ីស្រាអែលទេឬ? គឺលោកទូលថាៈ 3 «បពិត្រព្រះអម្ចាស់ ពួកគេបាននាំគ្នាសម្លាប់ព្យាការីទាំងឡាយរបស់ព្រះអង្គ និង រំលំអាសនៈរបស់ព្រះអង្គ។ មានតែទូលបង្គំម្នាក់គត់ ដែលបានរួចខ្លួន តែពួកគេរកផ្ដាច់ជីវិតទូលបង្គំទៀត!»។ 4 តើព្រះជាម្ចាស់តបទៅលោកវិញដូចម្ដេច? គឺព្រះអង្គមានព្រះបន្ទូលថាៈ «យើងបានបំរុងទុកមនុស្សប្រាំពីរពាន់នាក់ អ្នកទាំងនេះពុំបានលុតជង្គង់ថ្វាយបង្គំព្រះបាលឡើយ»។ 5 រីឯបច្ចុប្បន្នកាលនេះក៏ដូច្នោះដែរ គឺមាននៅសល់មនុស្សមួយចំនួនដែលព្រះជាម្ចាស់បានជ្រើសរើស តាមព្រះគុណរបស់ព្រះអង្គ។ 6 ប្រសិនបើព្រះអង្គជ្រើសរើសគេ ដោយព្រះគុណដូច្នេះ បានសេចក្ដីថាមិនមែនមកពីគេប្រព្រឹត្ដតាមវិន័យឡើយ។ បើមកពីគេប្រព្រឹត្ដតាមវិន័យ ព្រះគុណលែងមានលក្ខណៈជាព្រះគុណទៀតហើយ។ 7 ដូច្នេះ តើយើងត្រូវគិតដូចម្ដេច? អ្វីៗដែលសាសន៍អ៊ីស្រាអែលខំស្វែងរកនោះ គេមិនបានទទួលទេ។ មានតែអ្នកដែលព្រះជាម្ចាស់ជ្រើសរើសប៉ុណ្ណោះទើបបានទទួល រីឯអ្នកឯទៀត ព្រះអង្គធ្វើអោយគេមានចិត្ដរឹងរូសវិញ 8 ដូចមានចែងទុកមកថាៈ «ព្រះជាម្ចាស់ទ្រង់ធ្វើអោយគេមានវិញ្ញាណ ស្ពឹកស្រពន់អោយភ្នែកគេមើលពុំឃើញ និង អោយត្រចៀកគេស្ដាប់ពុំឮ រហូតមកទល់ សព្វថ្ងៃនេះ»។ 9 ព្រះបាទដាវីឌក៏មានរាជឱង្ការថាៈ «សូមអោយតុរបស់ពួកគេ ក្លាយទៅជាអន្ទាក់ឬជាមង ដែលនាំអោយគេរវាតចិត្ដបាត់ជំនឿ និង អោយគេមានទោស!។ 10 សូមអោយភ្នែករបស់គេទៅជាងងឹត មើលលែងឃើញ ហើយសូមធ្វើអោយគេកោងខ្នង រហូតតទៅ»។ 11 ដូច្នេះ ខ្ញុំសូមសួរថាសាសន៍យូដាដែលជំពប់ដួលតើគេត្រូវដួលរហូតឬ? ទេ គេមិនដួលរហូតទេ! គឺកំហុសរបស់ពួកគេ បាននាំអោយសាសន៍ដទៃទទួលការសង្គ្រោះ ធ្វើអោយពួកគេមានចិត្ដច្រណែន។ 12 ប្រសិនបើកំហុសរបស់សាសន៍យូដា នាំអោយពិភពលោកទទួលព្រះពរដ៏លើសលប់ ហើយការចុះអន់ថយរបស់គេ នាំអោយសាសន៍ដទៃ ទទួលព្រះពរដ៏លើសលប់យ៉ាងហ្នឹងទៅហើយ ចុះទំរាំបើពួកគេបានចំរើនឡើងយ៉ាងពោរពេញវិញនោះ តើព្រះពរនឹងមានកាន់តែច្រើនលើសលប់យ៉ាងណាទៅទៀត?។ 13 ខ្ញុំសូមជំរាបបងប្អូនជាសាសន៍ដទៃ ក្នុងនាមខ្ញុំជាសាវ័ក សំរាប់សាសន៍ដទៃថា ខ្ញុំយកចិត្ដទុកដាក់បំពេញមុខងាររបស់ខ្ញុំ អោយបានល្អប្រសើរ 14 ក្នុងគោលបំណងអោយបងប្អូនរួមឈាមរបស់ខ្ញុំច្រណែន ដើម្បីសង្គ្រោះអ្នកខ្លះក្នុងចំណោមពួកគេ។ 15 ដោយសាសន៍អ៊ីស្រាអែលដាច់ចេញពីព្រះអង្គទៅ ធ្វើអោយមនុស្សលោកបានជានានឹងព្រះអង្គវិញយ៉ាងនេះទៅហើយ ចុះចំណង់បើព្រះអង្គទទួលគេសាជាថ្មី តើនឹងកើតមានយ៉ាងណាទៅទៀត?គឺប្រាកដជាមនុស្សស្លាប់នឹងរស់ឡើងវិញពុំខាន! 16 ប្រសិនបើ យើងយកផលដំបូងថ្វាយព្រះជាម្ចាស់ ម្សៅនំបុ័ងទាំងមូលក៏ជារបស់ព្រះអង្គដែរ ហើយប្រសិនបើឫសជារបស់ព្រះជាម្ចាស់ មែកក៏ជារបស់ព្រះអង្គដែរ។ 17 សាសន៍អ៊ីស្រាអែលប្រៀបបីដូចជាដើមអូលីវ ដែលគេកាត់មែកខ្លះចោល រីឯអ្នកវិញ អ្នកប្រៀបបីដូចជាមែកអូលីវព្រៃ ត្រូវគេយកមកផ្សាំជំនួសមែក ដែលគេកាត់ចោលនោះ។ ឥឡូវនេះ អ្នកស្រូបយកជីជាតិពីឫសរួមជាមួយមែកឯទៀតៗដែរ 18 ដូច្នេះ អ្នកមិនត្រូវអួតខ្លួន ដោយមើលងាយមែកដែលគេកាត់ចោលនោះឡើយ។ បើអ្នកចង់អួតខ្លួន តោងដឹងថា មិនមែនអ្នកទេដែលចិញ្ចឹមឫស គឺឫសវិញទេ តើដែលចិញ្ចឹមអ្នក! 19 ប្រហែលជាអ្នកពោលថា "ព្រះជាម្ចាស់បានកាត់មែកទាំងនោះចោលដើម្បីយកខ្ញុំមកផ្សាំជំនួស!"។ 20 មែនហើយ! ព្រះអង្គកាត់មែកទាំងនោះចោល មកពីមែកទាំងនោះគ្មានជំនឿ រីឯអ្នកវិញ អ្នកនៅជាប់នឹងដើមមកពីអ្នកមានជំនឿ។ ដូច្នេះ កុំលើកខ្លួនសោះឡើយត្រូវភ័យខ្លាចវិញ។ 21 ប្រសិនបើព្រះជាម្ចាស់ពុំបានទុកមែកពីកំណើតទេ ព្រះអង្គមុខជាពុំទុកអ្នកដែរ។ 22 ដូច្នេះ សូមគិតពិចារណាអំពីព្រះហឫទ័យសប្បុរស និង ព្រះហឫទ័យប្រិតប្រៀបរបស់ព្រះជាម្ចាស់ទៅ។ ព្រះអង្គប្រិតប្រៀបចំពោះអស់អ្នកដែលដួល ហើយទ្រង់មានព្រះហឫទ័យសប្បុរសចំពោះអ្នក លុះត្រាណាអ្នកនៅតែពឹងផ្អែកលើព្រះហឫទ័យសប្បុរសនេះ។ បើមិនដូច្នោះទេ ព្រះអង្គនឹងកាត់អ្នកចោលដែរ។ 23 ចំពោះពួកគេ ប្រសិនបើគេបោះបង់ចិត្ដ មិនជឿនោះចោល ព្រះជាម្ចាស់មុខតែផ្សាំគេវិញជាមិនខានដ្បិតព្រះអង្គមានឫទ្ធានុភាពអាចនឹងផ្សាំពួកគេសាជាថ្មីបាន។ 24 រីឯអ្នក បើអ្នកមានកំណើតពីដើមអូលីវព្រៃ ហើយត្រូវព្រះអង្គកាត់យកមកផ្សំានឹងដើមអូលីវស្រុកដែលមិនមែនជាដើមពីកំណើតរបស់អ្នកយ៉ាងហ្នឹងទៅហើយ ចុះទំរាំបើពួកគេវិញ ព្រះអង្គនឹងយកគេមកផ្សាំជាប់នឹងដើមពីកំណើតរបស់ខ្លួនវិញ រឹតតែងាយជាងនេះយ៉ាងណាទៅទៀត។ 25 បងប្អូនអើយ ខ្ញុំចង់អោយបងប្អូនជ្រាបយ៉ាងច្បាស់ពីគំរោងការដ៏លាក់កំបាំងនេះ ក្រែងលោបងប្អូនស្មានថាខ្លួនឯងមានប្រាជ្ញា។ គំរោងការដ៏លាក់កំបាំងនោះ គឺ សាសន៍អ៊ីស្រាអែលមួយចំនួនមានចិត្ដរឹងរូសរហូតដល់ពេលសាសន៍ដទៃទាំងអស់បានចូលមកទទួលការសង្គ្រោះ 26 ពេលនោះទើបសាសន៍អ៊ីស្រាអែលទាំងមូលនឹងទទួលការសង្គ្រោះដែរ ដូចមានចែងទុកមកថាៈ «ព្រះអង្គដែលរំដោះនឹងយាងចេញពី ក្រុងស៊ីយ៉ូន ព្រះអង្គនឹងដកអំពើទមិឡ ចេញពីកូនចៅ លោកយ៉ាកុប 27 នេះហើយជាសម្ពន្ធមេត្រី ដែលយើងនឹង ចងជាមួយពួកគេ នៅពេលដែលយើងដកអំពើបាប ចេញពីពួកគេ»។ 28 បើគិតតាមដំណឹងល្អ សាសន៍អ៊ីស្រាអែលជាសត្រូវនឹងព្រះជាម្ចាស់ ដើម្បីជាប្រយោជន៍ដល់បងប្អូន។ បើគិតតាមការជ្រើសរើសវិញ ព្រះជាម្ចាស់ស្រឡាញ់គេ មកពីព្រះអង្គគិតដល់បុព្វបុរសរបស់គេ។ 29 កាលណាព្រះជាម្ចាស់ប្រទានព្រះអំណោយទានហើយ ព្រះអង្គមិនដកហូតវិញទេ ហើយកាលណាព្រះអង្គត្រាស់ហៅ ទ្រង់ក៏មិនប្រែប្រួលដែរ។ 30 រីឯបងប្អូនពីដើមបងប្អូនមិនបានស្ដាប់បង្គាប់ព្រះជាម្ចាស់ទេ តែឥឡូវនេះ ដោយសាសន៍អ៊ីស្រាអែលមិនស្ដាប់បង្គាប់ព្រះអង្គ ព្រះអង្គក៏មេត្ដាករុណាដល់បងប្អូន។ 31 រីឯពួកគេវិញ ពួកគេមិនស្ដាប់បង្គាប់នៅពេលនេះ មកពីព្រះជាម្ចាស់មេត្ដាករុណាដល់បងប្អូន។ ដូច្នេះ ព្រះអង្គក៏មេត្ដាករុណាដល់ពួកគេនៅពេលនេះដែរ 32 ដ្បិតព្រះជាម្ចាស់បានបណ្ដោយអោយមនុស្សទាំងអស់មិនស្ដាប់បង្គាប់ព្រះអង្គ ដើម្បីសំដែងព្រះហឫទ័យមេត្ដាករុណាដល់មនុស្សទាំងអស់។ 33 ព្រះហឫទ័យទូលាយរបស់ព្រះជាម្ចាស់ ជ្រៅពន់ពេកណាស់ ហើយព្រះប្រាជ្ញាញាណ និង ព្រះតំរិះរបស់ព្រះអង្គក៏ខ្ពង់ខ្ពស់ដែរ! គ្មាននរណាអាចយល់ការសំរេចរបស់ព្រះអង្គបានឡើយ ហើយក៏គ្មាននរណាអាចយល់មាគ៌ារបស់ព្រះអង្គបានដែរ! 34 តើនរណាស្គាល់គំនិតរបស់ព្រះអម្ចាស់? តើនរណាបានថ្វាយយោបល់ទៅព្រះអង្គ? 35 តើនរណាបានថ្វាយអ្វីមួយទៅព្រះអង្គ ដើម្បីអោយព្រះអង្គតបស្នងសងគុណវិញ?។ 36 អ្វីៗទាំងអស់សុទ្ធតែមកពីព្រះអង្គ ដោយសារព្រះអង្គ និង សំរាប់ព្រះអង្គ!។ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ អស់កល្បជានិច្ច! អាម៉ែន!។

រ៉ូម 12

1 ហេតុនេះ បងប្អូនអើយ ខ្ញុំសូមដាស់តឿនបងប្អូនថាដោយព្រះជាម្ចាស់មានព្រះហឫទ័យអាណិតអាសូរបងប្អូន ចូរថ្វាយខ្លួនទៅព្រះអង្គ ទុកជាយញ្ញបូជាដ៏មានជីវិត ដ៏វិសុទ្ធ ហើយជាទីគាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់។ បើបងប្អូនធ្វើដូច្នេះ ទើបហៅថាគោរពបំរើព្រះអង្គតាមរបៀបត្រឹមត្រូវមែន។ 2 មិនត្រូវយកតំរាប់តាមនិស្ស័យលោកីយ៍នេះឡើយ ត្រូវទុកអោយព្រះជាម្ចាស់កែប្រែចិត្ដគំនិតបងប្អូនអោយទៅជាថ្មីទាំងស្រុងវិញ ដើម្បីអោយបងប្អូនចេះពិចារណាមើលថា ព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងអ្វីខ្លះគឺអ្វីដែលល្អ ដែលគាប់ព្រះហឫទ័យព្រះអង្គ និង គ្រប់លក្ខណៈ។ 3 ខ្ញុំសូមជំរាបបងប្អូន តាមព្រះអំណោយទានដែលព្រះជាម្ចាស់បានប្រទានមកខ្ញុំថា ម្នាក់ៗមិនត្រូវលើកតម្លៃខ្លួនឯងខ្ពស់ ហួសពីគំនិតដែលត្រូវគិតនោះឡើយ តែត្រូវគិតអោយបានសមរម្យតាមកំរិតនៃជំនឿ ដែលព្រះជាម្ចាស់ប្រទានអោយម្នាក់ៗ។ 4 រូបកាយមនុស្សយើងមានសរីរាង្គច្រើន ហើយសរីរាង្គនីមួយៗមានមុខងារខុសៗគ្នាយ៉ាងណា 5 យើងក៏ដូច្នោះដែរ យើងមានគ្នាច្រើនរួមជាព្រះកាយតែមួយក្នុងអង្គព្រះគ្រិស្ដ ហើយម្នាក់ៗជាសរីរាង្គរបស់គ្នាទៅវិញទៅមក។ 6 យើងមានព្រះអំណោយទានប្លែកៗពីគ្នា ស្របតាមព្រះគុណដែលព្រះជាម្ចាស់ប្រទានមកយើង។ ប្រសិនបើបងប្អូនណាទទួលព្រះអំណោយទានខាងថ្លែង ព្រះបន្ទូល ត្រូវថ្លែងអោយស្របតាមជំនឿ 7 អ្នកណាទទួលព្រះអំណោយទានខាងបំរើ ចូរបំរើទៅ អ្នកណាទទួលព្រះអំណោយទានខាងបង្រៀន ចូរបង្រៀនទៅ 8 អ្នកដែលលើកទឹកចិត្ដបងប្អូន ចូរលើកទឹកចិត្ដគេទៅ អ្នកដែលចែកទ្រព្យរបស់ខ្លួន ចូរចែកដោយចិត្ដស្មោះសរអ្នកដែលដឹកនាំ ចូរដឹកនាំដោយចិត្ដខ្នះខ្នែង អ្នកដែលចែកទានដល់ជនក្រីក្រចូរចែកអោយគេដោយចិត្ដត្រេកអរ។ 9 ចូរមានចិត្ដស្រឡាញ់ ដោយឥតលាក់ពុតឡើយ។ ចូរស្អប់ខ្ពើមអ្វីៗដែលអាក្រក់ ហើយជាប់ចិត្ដតែនឹងអ្វីៗដែលល្អវិញ។ 10 ចូរស្រឡាញ់រាប់អានគ្នាទៅវិញទៅមក ទុកដូចជាបងប្អូនបង្កើត។ ត្រូវលើកកិត្ដិយសគ្នាទៅវិញទៅមកដោយចិត្ដគោរព។ 11 ត្រូវឧស្សាហ៍ខ្នះខ្នែង កុំខ្ជឹលច្រអូសឡើយ។ ត្រូវបំរើព្រះអម្ចាស់ដោយចិត្ដក្លៀវក្លា។ 12 ចូរសប្បាយរីករាយដោយចិត្ដសង្ឃឹម។ ចូរកាន់ចិត្ដអត់ធ្មត់ក្នុងពេលមានទុក្ខលំបាក។ ចូរព្យាយាមអធិស្ឋាន ។ 13 ត្រូវជួយទំនុកបំរុងប្រជាជនដ៏វិសុទ្ធ ដែលខ្វះខាត ព្រមទាំងទទួលភ្ញៀវដោយរាក់ទាក់ផង។ 14 ត្រូវជូនពរអស់អ្នកដែលបៀតបៀនបងប្អូនត្រូវជូនពរគេ កុំដាក់បណ្ដាសាគេឡើយ។ 15 ចូរអរសប្បាយជាមួយអស់អ្នកដែលអរសប្បាយ ចូរយំសោកជាមួយអស់អ្នកដែលយំសោក។ 16 ត្រូវមានចិត្ដគំនិតចុះសំរុងគ្នាទៅវិញទៅមក។ មិនត្រូវមានគំនិតលើកខ្លួនឡើយតែត្រូវចាប់ចិត្ដនឹងអ្វីៗដែលទន់ទាបវិញ។ មិនត្រូវអួតខ្លួនថាជាអ្នកមានប្រាជ្ញាឡើយ។ 17 កុំប្រព្រឹត្ដអំពើអាក្រក់តបនឹងអំពើអាក្រក់ ត្រូវគិតតែពីប្រព្រឹត្ដអំពើល្អនៅចំពោះមុខមនុស្សទាំងអស់វិញ។ 18 ផ្នែកឯខាងបងប្អូន ប្រសិនបើបងប្អូនអាចធ្វើបាន ត្រូវរស់នៅដោយសុខសាន្ដជាមួយមនុស្សទាំងអស់ទៅ។ 19 បងប្អូនជាទីស្រឡាញ់អើយ មិនត្រូវសងសឹកដោយខ្លួនឯងឡើយ គឺទុកអោយព្រះជាម្ចាស់សំដែងព្រះពិរោធចំពោះគេវិញ ដ្បិតមានចែងទុកមកថាៈ «ព្រះអម្ចាស់មានព្រះបន្ទូលថា "ការសងសឹកស្រេចតែលើយើង គឺយើងទេតើដែលនឹងតបទៅគេ"។ 20 ផ្ទុយទៅវិញ "ប្រសិនបើខ្មាំងសត្រូវរបស់អ្នកឃ្លាន ចូរយកម្ហូបអាហារអោយគេបរិភោគទៅ ប្រសិនបើគេស្រេក ចូរអោយទឹកគេផឹកផងធ្វើដូច្នេះ ប្រៀបបីដូចជាប្រមូលរងើកភ្លើទៅដាក់ពីលើក្បាលរបស់គេ"»។ 21 មិនត្រូវចាញ់ការអាក្រក់ឡើយ គឺត្រូវឈ្នះការអាក្រក់ ដោយប្រព្រឹត្ដអំពើល្អវិញ។

រ៉ូម 13

1 មនុស្សគ្រប់រូបត្រូវស្ដាប់បង្គាប់អាជ្ញាធរ ដ្បិតអំណាចទាំងឡាយសុទ្ធតែមកពីព្រះជាម្ចាស់ គឺព្រះអង្គបានតែងតាំងអោយមានអំណាចទាំងនោះឡើង។ 2 ដូច្នេះ អ្នកដែលប្រឆាំងនឹងអាជ្ញាធរ ក៏ដូចជាប្រឆាំងនឹងរបៀបរៀបរយ ដែលព្រះជាម្ចាស់បានចាត់ចែងនោះដែរ ហើយអ្នកដែលប្រឆាំង មុខជាធ្វើអោយខ្លួនមានទោសមិនខាន។ 3 អ្នកប្រព្រឹត្ដអំពើល្អមិនខ្លាចអ្នកគ្រប់គ្រងស្រុកឡើយ មានតែអ្នកប្រព្រឹត្ដអំពើអាក្រក់ប៉ុណ្ណោះដែលខ្លាច។ បើអ្នកមិនចង់ខ្លាចអាជ្ញាធរទេចូរប្រព្រឹត្ដអំពើល្អទៅ នោះអាជ្ញាធរនឹងសរសើរអ្នកជាមិនខាន 4 ដ្បិតលោកទាំងនោះជាអ្នកបំរើព្រះជាម្ចាស់ ដើម្បីជំរុញអ្នកអោយប្រព្រឹត្ដល្អ។ ផ្ទុយទៅវិញ បើអ្នកប្រព្រឹត្ដអំពើអាក្រក់ចូរខ្លាចទៅ ដ្បិតអាជ្ញាធរមិនមែនកាន់អំណាចជាអាសារឥតការទេ គឺគេជាអ្នកបំរើព្រះជាម្ចាស់ ដើម្បីធ្វើទណ្ឌកម្ម ដាក់ទោស អ្នកដែលប្រព្រឹត្ដអំពើអាក្រក់។ 5 ដូច្នេះត្រូវស្ដាប់បង្គាប់អាជ្ញាធរ មិនមែនដោយខ្លាចទទួលទណ្ឌកម្មប៉ុណ្ណោះទេ គឺធ្វើដោយមានមនសិការ ផង។ 6 ហេតុនេះហើយបានជាបងប្អូនត្រូវតែបង់ពន្ធដារ ដ្បិតលោកទាំងនោះទទួលមុខងារពីព្រះជាម្ចាស់ ដើម្បីបំពេញកិច្ចការនេះយ៉ាងហ្មត់ចត់។ 7 ត្រូវជូនលោកទាំងនោះ នូវអ្វីដែលបងប្អូនត្រូវជូន គឺបង់អាករទៅលោកណា ដែលបងប្អូនត្រូវបង់ បង់ពន្ធទៅលោកណាដែលបងប្អូនត្រូវបង់ពន្ធ កោតខ្លាចលោកណាដែលបងប្អូនត្រូវកោតខ្លាចគោរពលោកណាដែលបងប្អូនត្រូវគោរព។ 8 មិនត្រូវជំពាក់អ្វីនរណា ក្រៅពីជំពាក់សេចក្ដីស្រឡាញ់គ្នាទៅវិញទៅមកនោះឡើយ ដ្បិតអ្នកណាស្រឡាញ់អ្នកដទៃ អ្នកនោះប្រតិបត្ដិតាមក្រឹត្យវិន័យ ពេញលក្ខណ 9 ព្រោះមានសេចក្ដីចែងទុកមកថា«កុំប្រព្រឹត្ដអំពើផិតក្បត់ កុំសម្លាប់មនុស្ស កុំលួចទ្រព្យសម្បត្ដិគេ កុំមានចិត្ដលោភលន់» ព្រមទាំងមានបទបញ្ជាឯទៀតដែលសរុបមកក្នុងពាក្យតែមួយនេះថាៈ«ចូរស្រឡាញ់បងប្អូនឯទៀតៗ អោយបានដូចស្រឡាញ់ខ្លួនឯងដែរ»។ 10 អ្នកមានចិត្ដស្រឡាញ់មិនដែលប្រព្រឹត្ដអាក្រក់ចំពោះបងប្អូនឯទៀតៗឡើយ ដ្បិតសេចក្ដីស្រឡាញ់ធ្វើអោយក្រឹត្យវិន័យបានពេញលក្ខណៈ។ 11 បងប្អូនជ្រាបហើយថា យើងកំពុងតែរស់នៅក្នុងគ្រាណា គឺដល់ពេលយើងត្រូវក្រោកពីដេក ដ្បិតឥឡូវនេះការសង្គ្រោះខិតមកជិតយើងជាងកាលយើងទើបនឹងជឿ។ 12 យប់ជិតផុតហើយ ហើយថ្ងៃក៏ជិតដល់ដែរ ដូច្នេះ យើងត្រូវលះបង់អំពើនៃសេចក្ដីងងឹតចោលទៅ ហើយប្រដាប់ខ្លួនដោយគ្រឿងសស្ដ្រាវុធនៃពន្លឺវិញ។ 13 ត្រូវរស់នៅអោយបានត្រឹមត្រូវ ដូចរស់នៅក្នុងពេលថ្ងៃគឺមិនស៊ីផឹកស្រវឹង មិនប្រព្រឹត្ដកាមតណ្ហាក្រៅតំរា មិនប្រាសចាកសីលធម៌ មិនឈ្លោះប្រកែក និង មិនច្រណែនឈ្នានីសគ្នា។ 14 ផ្ទុយទៅវិញត្រូវប្រដាប់ខ្លួន ដោយព្រះអម្ចាស់យេស៊ូគ្រិស្ដ ហើយកុំបណ្ដោយខ្លួនអោយខ្វល់ខ្វាយ តាមការលោភលន់របស់និស្ស័យមនុស្សនោះឡើយ។

រ៉ូម 14

1 ចូរទទួលបងប្អូនណាដែលមានជំនឿទន់ខ្សោយ ដោយរាក់ទាក់ មិនត្រូវរិះគន់យោបល់របស់គេឡើយ។ 2 បើមាននរណាម្នាក់ជឿថាខ្លួនមានសិទ្ធិបរិភោគអ្វីក៏បាន ហើយមានម្នាក់ទៀតដែលមានជំនឿទន់ខ្សោយ បរិភោគតែបន្លែ 3 មិនត្រូវអោយអ្នកបរិភោគអ្វីក៏បាន មើលងាយអ្នកដែលមិនបរិភោគនោះឡើយ រីឯអ្នកដែលមិនបរិភោគ ក៏មិនត្រូវវិនិច្ឆ័យអ្នកបរិភោគ ដ្បិតព្រះជាម្ចាស់ទទួលអ្នកនោះដែរ។ 4 តើអ្នកមានឋានៈអ្វី បានជាហ៊ានវិនិច្ឆ័យអ្នកបំរើរបស់គេដូច្នេះ? អ្នកបំរើនោះឈរក្ដីដួលក្ដីស្រេចតែនៅលើម្ចាស់របស់គាត់ទេ។ ក៏ប៉ុន្ដែ អ្នកបំរើនោះមុខជាឈរមាំមិនខាន ដ្បិតព្រះអម្ចាស់មានអំណាចជួយគាត់អោយឈរបាន។ 5 មានម្នាក់យល់ថា ថ្ងៃមួយសំខាន់ជាងថ្ងៃមួយតែម្នាក់ទៀតយល់ថា ថ្ងៃទាំងអស់សុទ្ធតែដូចគ្នា។ ម្នាក់ៗត្រូវយល់ឃើញតាមគំនិតរបស់ខ្លួនអោយបានដិតដល់ទៅ!។ 6 ចំពោះអ្នកដែលប្រកាន់ថាមានថ្ងៃសំខាន់ ឬ មិនសំខាន់នោះ គេប្រកាន់ដូច្នេះ ដើម្បីគោរពព្រះអម្ចាស់។ អ្នកដែលបរិភោគអ្វី ទាំងអស់ គេបរិភោគដើម្បីគោរពព្រះអម្ចាស់ ដ្បិតគេអរព្រះគុណព្រះអង្គ។ អ្នកដែលមិនបរិភោគ គេមិនបរិភោគ ដើម្បីគោរពព្រះអម្ចាស់ហើយគេក៏អរព្រះគុណ ព្រះអង្គដែរ 7 ព្រោះក្នុងចំណោមបងប្អូន គ្មាននរណាម្នាក់រស់ ឬ ស្លាប់សំរាប់ខ្លួនឯងឡើយ 8 ដ្បិតបើយើងរស់ យើងរស់សំរាប់ព្រះអម្ចាស់ ហើយបើយើងស្លាប់ ក៏ស្លាប់សំរាប់ព្រះអម្ចាស់ដែរ។ ទោះបីយើងរស់ក្ដីស្លាប់ក្ដីយើងថ្វាយខ្លួនទៅព្រះអម្ចាស់ជានិច្ច 9 ដ្បិតព្រះគ្រិស្ដបានសោយទិវង្គត និង មានព្រះជន្មរស់ឡើងវិញដើម្បីធ្វើជាព្រះអម្ចាស់ទាំងលើមនុស្សស្លាប់ទាំងលើមនុស្សរស់។ 10 រីឯអ្នក ហេតុដូចម្ដេចបានជាអ្នកថ្កោលទោសបងប្អូនរបស់អ្នក? ហេតុដូចម្ដេចបានជាអ្នកមើលងាយបងប្អូនរបស់អ្នក?។ យើងទាំងអស់គ្នានឹងទៅឈរនៅមុខតុលាការរបស់ព្រះជាម្ចាស់ 11 ដ្បិតមានចែងទុកមកថាៈ ព្រះអម្ចាស់មានព្រះបន្ទូលថា ពិតដូចយើងមានជីវិតរស់យ៉ាងណា មនុស្សទាំងអស់ពិតជាលុតជង្គង់ថ្វាយបង្គំយើង ហើយប្រកាសទទួលស្គាល់ព្រះជាម្ចាស់យ៉ាងនោះដែរ។ 12 ដូច្នេះ យើងត្រូវរៀបរាប់ទូលព្រះជាម្ចាស់នូវអំពើដែលខ្លួនយើងម្នាក់ៗបានប្រព្រឹត្ដ។ 13 ហេតុនេះ ហើយ បានជាយើងត្រូវតែឈប់ ថ្កោលទោសគ្នាទៅវិញទៅមក តែត្រូវប្ដេជ្ញាចិត្ដថាមិនត្រូវធ្វើអ្វីដែលនាំអោយបងប្អូនជំពប់ដួល ឬ រវាតចិត្ដបាត់ជំនឿនោះឡើយ។ 14 ដោយខ្ញុំរួមជាមួយព្រះអម្ចាស់យេស៊ូ ខ្ញុំដឹង ហើយជឿជាក់ថាគ្មានអ្វីមួយមិនបរិសុទ្ធ ឯកឯងនោះទេគឺទាល់តែមាននរណាម្នាក់ចាត់ទុកថាមិនបរិសុទ្ធ ទើបក្លាយទៅជាមិនបរិសុទ្ធ ចំពោះអ្នកដែលថានោះ។ 15 ប្រសិនបើអ្នកនាំអោយបងប្អូនអ្នកពិបាកចិត្ដព្រោះតែរឿងអាហារ នោះបានសេចក្ដីថាអ្នកមិនប្រព្រឹត្ដតាមសេចក្ដីស្រឡាញ់ទៀតទេ។ មិនត្រូវយកអាហារមកធ្វើអោយនរណាម្នាក់វិនាសបាត់បង់អោយសោះព្រោះព្រះគ្រិស្ដបានសោយទិវង្គតសំរាប់គេហើយ។ 16 អ្វីៗដែលអ្នករាល់គ្នាយល់ថាល្អ មិនត្រូវទុកអោយគេមានឱកាសនិយាយនិន្ទាបានឡើយ 17 ដ្បិតព្រះរាជ្យ របស់ព្រះជាម្ចាស់មិនមែនអាស្រ័យនៅលើការស៊ីផឹកនោះទេ គឺអាស្រ័យនៅលើសេចក្ដីសុចរិតសេចក្ដីសុខសាន្ដ និង អំណរដែលមកពីព្រះវិញ្ញាណដ៏វិសុទ្ធ។ 18 អ្នកណាបំរើព្រះគ្រិស្ដរបៀបនេះ អ្នកនោះនឹងបានគាប់ព្រះហឫទ័យព្រះជាម្ចាស់ ហើយមនុស្សផងទាំងពួងក៏គោរពរាប់អានគេដែរ។ 19 ដូច្នេះយើងត្រូវស្វែងរកអ្វីដែលនាំអោយមានសេចក្ដីសុខ និង អោយមានការអប់រំគ្នាទៅវិញទៅមក។ 20 មិនត្រូវបំផ្លាញកិច្ចការរបស់ព្រះជាម្ចាស់ ព្រោះតែរឿងអាហារនោះឡើយ។ តាមពិតអ្វីៗទាំងអស់សុទ្ធតែល្អបរិសុទ្ធ ក៏ប៉ុន្ដែ បើយើងបរិភោគអ្វីមួយដែលបណ្ដាលអោយអ្នកផ្សេងជំពប់ចិត្ដ បាត់ជំនឿនោះ គឺយើងបែរជាប្រព្រឹត្ដការអាក្រក់ទៅវិញ។ 21 ប្រសិនបើយើងមិនបរិភោគសាច់ មិនពិសាស្រា និង មិនប៉ះពាល់របស់ណាដែលធ្វើអោយបងប្អូនជំពប់ចិត្ដបាត់ជំនឿនោះ ជាការល្អប្រពៃហើយ។ 22 អ្វីៗដែលអ្នកជឿថាត្រឹមត្រូវ ចូររក្សាទុកតែម្នាក់ឯងនៅចំពោះព្រះភ័ក្ដ្រព្រះជាម្ចាស់ទៅ។ អ្នកណាមិនដាក់ទោសខ្លួនឯង ចំពោះការយល់ឃើញរបស់ខ្លួន អ្នកនោះមានសុភមង្គលហើយ! 23 ផ្ទុយទៅវិញ អ្នកណាមានចិត្ដសង្ស័យពីអាហារដែលខ្លួនបរិភោគ អ្នកនោះមានទោសហើយ ព្រោះការយល់ឃើញរបស់គេនោះ មិនមែនមកពីជំនឿទេ។ ការអ្វីដែលមិនមែនមកពីជំនឿសុទ្ធតែជាអំពើបាបទាំងអស់។

រ៉ូម 15

1 ចំពោះយើងដែលមានជំនឿមាំមួន យើងមានភារកិច្ចជួយអ្នក ដែលមានជំនឿទន់ខ្សោយ គឺមិនត្រូវធ្វើអ្វីតាមតែខ្លួនឯងពេញចិត្ដនោះឡើយ។ 2 យើងម្នាក់ៗតោងតែខំធ្វើអោយអ្នកដទៃពេញចិត្ដ ដើម្បីជាប្រយោជន៍ល្អដល់គេ និង ជួយគេអោយចំរើនឡើង 3 ដ្បិតព្រះគ្រិស្ដពុំបានស្វែងរកអ្វី ដែលធ្វើអោយគាប់ព្រះហឫទ័យរបស់ព្រះអង្គផ្ទាល់នោះឡើយ ផ្ទុយទៅវិញ មានចែងទុកមកថា «ពាក្យត្មះតិះដៀលរបស់អស់អ្នកដែលតិះដៀលព្រះអង្គ បានធ្លាក់មកលើទូលបង្គំ»។ 4 អ្វីៗដែលមានចែងទុកពីមុនមកគឺចែងទុកសំរាប់អប់រំយើង។ ដោយគម្ពីរជួយសំរាលទុក្ខយើង និង អោយយើងចេះស៊ូទ្រាំយើងមានសេចក្ដីសង្ឃឹម។ 5 សូមព្រះជាម្ចាស់ដែលជួយសំរាលទុក្ខ និង ជួយអោយចេះស៊ូទ្រាំ ប្រោសប្រទានអោយបងប្អូនរួមគ្នា មានចិត្ដគំនិតតែមួយ ស្របតាមព្រះគ្រិស្ដយេស៊ូ 6 ដើម្បីអោយបងប្អូនមានចិត្ដថ្លើមតែមួយ មានសំឡេងតែមួយ លើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូគ្រិស្ដ ជាអម្ចាស់នៃយើង។ 7 ដូច្នេះ ត្រូវទទួលគ្នាទៅវិញទៅមកដោយរាក់ទាក់ អោយបានដូចព្រះគ្រិស្ដទទួលបងប្អូនដែរ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់។ 8 ខ្ញុំសូមជំរាបបងប្អូនថា ព្រះគ្រិស្ដបានមកធ្វើជាអ្នកបំរើរបស់សាសន៍ដែលកាត់ស្បែក ដើម្បីសំរេចតាមព្រះបន្ទូល ដែលព្រះជាម្ចាស់បានសន្យាចំពោះបុព្វបុរស និង សំដែងព្រះហឫទ័យសច្ចៈរបស់ព្រះអង្គ។ 9 រីឯសាសន៍ដទៃវិញ គេលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ដោយព្រះអង្គសំដែងព្រះហឫទ័យមេត្ដាករុណាដល់គេ ដូចមានចែងទុកមកថាៈ «ហេតុនេះហើយបានជាទូលបង្គំប្រកាសទទួល ស្គាល់ព្រះអង្គក្នុងចំណោមជាតិសាសន៍នានា ហើយទូលបង្គំនឹងច្រៀងលើកតម្កើង ព្រះកិត្ដិនាមរបស់ព្រះអង្គ»។ 10 មានចែងទៀតថាៈ «ជាតិសាសន៍ទាំងឡាយអើយចូរមានអំណរ ជាមួយប្រជារាស្ដ្ររបស់ព្រះអង្គទៅ!»។ 11 ហើយមានចែងទៀតថាៈ «ជាតិសាសន៍ទាំងឡាយអើយ ចូរកោតសរសើរព្រះអម្ចាស់ ត្រូវអោយប្រជារាស្ដ្រផងទាំងពួង ច្រៀងសរសើរព្រះអង្គ»។ 12 ព្យាការីអេសាយក៏មានប្រសាសន៍ថាៈ «ពូជរបស់លោកអ៊ីសាយនឹងមកដល់ ព្រះអង្គនឹងក្រោកឡើង ដើម្បីដឹកនាំជាតិសាសន៍នានា ហើយជាតិសាសន៍ទាំងនោះ នឹងសង្ឃឹមលើព្រះអង្គ»។ 13 សូមព្រះជាម្ចាស់ ជាប្រភពនៃសេចក្ដីសង្ឃឹមប្រោសបងប្អូនដែលមានជំនឿ អោយបានពោរពេញដោយអំណរ និង សេចក្ដីសុខសាន្ដគ្រប់ប្រការ ដើម្បីអោយបងប្អូនមានសង្ឃឹមយ៉ាងបរិបូណ៌ហូរហៀរដោយឫទ្ធានុភាពរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ។ 14 បងប្អូនអើយ ខ្ញុំជឿជាក់ថា បងប្អូនមានចិត្ដសប្បុរសណាស់ ហើយក៏មានចំណេះជ្រៅជ្រះ និង មានសមត្ថភាពអាចទូន្មានគ្នាទៅវិញទៅមកបានថែមទៀតផង។ 15 ក៏ប៉ុន្ដែ នៅត្រង់ចំណុចខ្លះ ខ្ញុំសរសេរមករំលឹកដាស់តឿនបងប្អូនយ៉ាងធ្ងន់ៗបន្ដិច ដោយសំអាងលើមុខងារ ដែលព្រះជាម្ចាស់ប្រោសប្រទានមកខ្ញុំ 16 អោយបំរើព្រះគ្រិស្ដយេស៊ូសំរាប់សាសន៍ដទៃ។ ខ្ញុំប្រកាសដំណឹងល្អរបស់ព្រះជាម្ចាស់ជាមុខងារមួយដ៏ពិសិដ្ឋ ដើម្បីនាំសាសន៍ដទៃមកថ្វាយខ្លួនទុកជាតង្វាយដែលគាប់ព្រះហឫទ័យព្រះអង្គ និង ជាតង្វាយដែលព្រះវិញ្ញាណដ៏វិសុទ្ធប្រោសអោយបានវិសុទ្ធ។ 17 ដោយហេតុនេះខ្ញុំបានខ្ពស់មុខដោយរួមជាមួយព្រះគ្រិស្ដយេស៊ូ ចំពោះកិច្ចការដែលខ្ញុំបានធ្វើថ្វាយព្រះជាម្ចាស់ 18 ដ្បិតខ្ញុំមិនហ៊ានលើកយកអ្វីផ្សេងមកនិយាយក្រៅពីការដែលព្រះគ្រិស្ដបានធ្វើតាមរយៈខ្ញុំ ទោះបីតាមពាក្យសំដីក្ដី ឬ តាមកិច្ចការក្ដី ដើម្បីនាំសាសន៍ដទៃអោយមកស្ដាប់បង្គាប់ព្រះជាម្ចាស់នោះឡើយ។ 19 ព្រះអង្គសំដែងឫទ្ធានុភាពនៃទីសំគាល់ និង ឫទ្ធិបាដិហារិយ៍ ព្រះអង្គសំដែងឫទ្ធានុភាពរបស់ព្រះវិញ្ញាណ។ ដូច្នេះ ខ្ញុំបានផ្សព្វផ្សាយដំណឹងល្អរបស់ព្រះគ្រិស្ដសព្វគ្រប់ នៅគ្រប់ទីកន្លែង ចាប់តាំងពីក្រុងយេរូសាឡឹម រហូតទៅដល់តំបន់អ៊ីលីរីកុន។ 20 ក៏ប៉ុន្ដែ ខ្ញុំបានតាំងចិត្ដប្រកាសដំណឹងល្អតែនៅកន្លែងណាដែលគេមិនទាន់ឮព្រះនាមព្រះគ្រិស្ដនៅឡើយ ដើម្បីចៀសវាងសង់ពីលើគ្រឹះដែលអ្នកផ្សេងបានចាក់រួចមកហើយ 21 គឺអោយបានស្របតាមសេចក្ដីដែលមានចែងទុកមកថាៈ «អស់អ្នកដែលមិនទាន់បានទទួលដំណឹង អំពីព្រះអង្គ មុខជាឃើញ ហើយអស់អ្នកដែលមិនទាន់បានឮ មុខជាបានយល់»។ 22 ការនេះហើយ ដែលធ្វើអោយខ្ញុំខកខានជាច្រើនដង មិនបានមកសួរសុខទុក្ខបងប្អូន។ 23 ប៉ុន្ដែ ឥឡូវកិច្ចការរបស់ខ្ញុំក្នុងភូមិភាគទាំងនេះចប់សព្វគ្រប់ហើយ។ ម៉្យាងទៀត តាំងពីយូរឆ្នំាមកហើយ ខ្ញុំមានបំណងមកសួរសុខទុក្ខបងប្អូនជាខ្លាំង 24 នៅពេលណាខ្ញុំទៅស្រុកអេស៉្បាញ។ ខ្ញុំសង្ឃឹមថានឹងបានឆៀងចូលមកជួបបងប្អូនដើម្បីអោយបងប្អូនជួយខ្ញុំបន្ដដំណើរទៅស្រុកនោះ ក្រោយពីខ្ញុំបានសប្បាយចិត្ដ ស្នាក់នៅជាមួយបងប្អូនបន្ដិចមក។ 25 ប៉ុន្ដែ ពេលនេះខ្ញុំធ្វើដំណើរទៅក្រុងយេរូសាឡឹម ដើម្បីបំរើប្រជាជនដ៏វិសុទ្ធ 26 ដ្បិតបងប្អូននៅស្រុកម៉ាសេដូន និង ស្រុកអាខៃ បានមូលមតិគ្នាចូលប្រាក់ទៅជួយបងប្អូនក្រីក្រ ក្នុងចំណោមប្រជាជនដ៏វិសុទ្ធ នៅក្រុងយេរូសាឡឹម។ 27 បងប្អូនទាំងនោះបានសំរេចចិត្ដដូច្នេះ ព្រោះគេមានជំពាក់បំណុលម៉្យាង គឺបងប្អូនសាសន៍ដទៃបានទទួលសម្បត្ដិខាងវិញ្ញាណ រួមជាមួយសាសន៍យូដាយ៉ាងណា គេក៏ត្រូវយកសម្បត្ដិខាងលោកីយ៍ទៅជួយសាសន៍យូដាយ៉ាងនោះដែរ។ 28 ពេលណាខ្ញុំបំពេញកិច្ចការនេះចប់ គឺប្រគល់ប្រាក់ដែលប្រមូលបានទៅអោយគេជាផ្លូវការរួចរាល់ហើយ ខ្ញុំនឹងចេញដំណើរទៅស្រុកអេស៉្បាញ ដោយឆៀងចូលមកសួរសុខទុក្ខបងប្អូន។ 29 ខ្ញុំដឹងថាពេលខ្ញុំមករកបងប្អូននោះ ខ្ញុំមានទាំងព្រះពរគ្រប់យ៉ាងរបស់ព្រះគ្រិស្ដមកជាមួយផង។ 30 បងប្អូនអើយខ្ញុំសូមដាស់តឿនបងប្អូន ក្នុងនាមព្រះយេស៊ូគ្រិស្ដជាអម្ចាស់នៃយើង និង ដោយសេចក្ដីស្រឡាញ់ដែលមកពីព្រះវិញ្ញាណថា សូមតយុទ្ធជាមួយខ្ញុំដោយទូលអង្វរព្រះជាម្ចាស់អោយខ្ញុំផង 31 ដើម្បីអោយខ្ញុំរួចផុតពីកណ្ដាប់ដៃរបស់អ្នកស្រុកយូដាដែលមិនជឿ និង ដើម្បីអោយប្រជាជនដ៏វិសុទ្ធនៅក្រុងយេរូសាឡឹមបានទទួលជំនួយដែលខ្ញុំនាំយកទៅនោះដោយអំណរ។ 32 ដូច្នេះ ខ្ញុំនឹងមកដល់បងប្អូន ទាំងសប្បាយចិត្ដ ហើយប្រសិនបើព្រះជាម្ចាស់សព្វព្រះហឫទ័យ ខ្ញុំនឹងសម្រាកនៅជាមួយបងប្អូន។ 33 សូមព្រះជាម្ចាស់ ជាប្រភពនៃសេចក្ដីសុខសាន្ដ គង់ជាមួយបងប្អូនទាំងអស់គ្នា!អាម៉ែន!។

រ៉ូម 16

1 ខ្ញុំសូមផ្ដែផ្ដាំមកបងប្អូនអំពីនាងភីបេដែលជាបងប្អូនរបស់យើង គាត់បំរើក្រុមជំនុំនៅក្រុងកេងគ្រា 2 សូមបងប្អូនទទួលគាត់ ក្នុងព្រះនាមព្រះអម្ចាស់អោយបានសមជាប្រជាជនដ៏វិសុទ្ធ។ សូមបងប្អូនជួយគាត់ក្នុងករណីណា ដែលគាត់ត្រូវការអោយបងប្អូនជួយ ដ្បិតគាត់បានជួយរ៉ាប់រងបងប្អូនជាច្រើននាក់ ហើយក៏បានជួយខ្ញុំផងដែរ។ 3 សូមជំរាបសួរនាងព្រីស៊ីល និង លោកអគីឡាអោយខ្ញុំផង។ គាត់ទាំងពីរនាក់បានធ្វើការបំរើព្រះគ្រិស្ដរួមជាមួយខ្ញុំ 4 គាត់បានស៊ូប្ដូរជីវិតដើម្បីជួយសង្គ្រោះខ្ញុំ ហើយមិនត្រឹមតែខ្ញុំម្នាក់ប៉ុណ្ណោះទេដែលអរគុណគាត់ ក្រុមជំនុំទាំងមូលរបស់សាសន៍ដទៃ ក៏អរគុណគាត់ដែរ។ 5 សូមជំរាបសួរក្រុមជំនុំដែលជួបជុំគ្នាក្នុងផ្ទះគាត់អោយខ្ញុំផង។ សូមជំរាបសួរលោកអេប៉ៃណែត ដ៏ជាទីស្រឡាញ់របស់ខ្ញុំ ដែលបានថ្វាយខ្លួនចំពោះព្រះគ្រិស្ដមុនគេបង្អស់ នៅស្រុកអាស៊ី។ 6 សូមជំរាបសួរនាងម៉ារីដែលបាននឿយហត់យ៉ាងច្រើនដើម្បីបងប្អូន។ 7 សូមជំរាបសួរលោកអាន់ត្រូនីក និង នាងយូនាសជាសាច់ញាតិរបស់ខ្ញុំ ដែលបានជាប់ឃុំឃាំងជាមួយខ្ញុំនោះដែរ អ្នកទាំងពីរជាសាវ័ក ដែលគេគោរពរាប់អានខ្លាំងណាស់ ហើយគាត់ក៏បានជឿព្រះគ្រិស្ដមុនខ្ញុំផង។ 8 សូមជំរាបសួរលោកអាំភ្លាស ដ៏ជាទីស្រឡាញ់របស់ខ្ញុំក្នុងព្រះអម្ចាស់។ 9 សូមជំរាបសួរលោកអ៊ើបាន់ ដែលធ្វើការបំរើព្រះគ្រិស្ដរួមជាមួយយើង និង ជំរាបសួរលោកស័តាឃីសដ៏ជាទីស្រឡាញ់របស់ខ្ញុំផង។ 10 សូមជំរាបសួរលោកអពេលេស ដែលបានបង្ហាញជំនឿរឹងប៉ឹងលើព្រះគ្រិស្ដ។ សូមជំរាបសួរបងប្អូន ដែលជាក្រុមញាតិរបស់លោកេអីរិស្ដូប៊ូល។ 11 សូមជំរាបសួរលោកហេរ៉ូឌានជាសាច់ញាតិរបស់ខ្ញុំ។ សូមជំរាបសួរបងប្អូនដែលជឿព្រះអម្ចាស់ និង ជាក្រុមញាតិលោកេណីគីស។ 12 សូមជំរាបសួរនាងទ្រីភែន និង នាងទ្រីផូស នាងទាំងពីរបាននឿយហត់បំរើព្រះអម្ចាស់។ សូមជំរាបសួរនាងពើស៊ីសដ៏ជាទីស្រឡាញ់ ដែលបាននឿយហត់បំរើព្រះអម្ចាស់។ 13 សូមជំរាបសួរលោករូភូស ដែលព្រះអម្ចាស់បានជ្រើសរើស និង ជំរាបសួរម្ដាយរបស់គាត់ដែលខ្ញុំចាត់ទុកដូចជាម្ដាយរបស់ខ្ញុំដែរ។ 14 សូមជំរាបសួរលោកអស៊ីងគ្រីត លោកផ្លេគូន លោកហ៊ើម៉ាសលោកប៉ាត្រូបាស លោកហ៊ើមេស និង បងប្អូនដែលនៅជាមួយគេ។ 15 សូមជំរាបសួរលោកភីឡូឡូក នាងយូលាស លោកនេរើស និង ប្អូនស្រីគាត់ ព្រមទាំងជំរាបសួរលោកអូលីមប៉ាស និង ប្រជាជនដ៏វិសុទ្ធទាំងអស់ដែលនៅជាមួយគេផងដែរ។ 16 សូមបងប្អូនជំរាបសួរគ្នាទៅវិញទៅមកដោយស្និទ្ធស្នាលផង។ ក្រុមជំនុំទាំងអស់របស់ព្រះគ្រិស្ដ សូមជំរាបសួរមកបងប្អូន។ 17 បងប្អូនអើយ ខ្ញុំសូមដាស់តឿនបងប្អូនអោយប្រុងប្រយ័ត្ន នឹងពួកអ្នកដែលបង្កអោយមានការបាក់បែកគ្នា និង នាំអោយបងប្អូនរវាតចិត្ដចេញពីជំនឿ ដោយគេប្រព្រឹត្ដផ្ទុយពីសេចក្ដីបង្រៀន ដែលបងប្អូនបានទទួលសូមបងប្អូនចៀសចេញអោយឆ្ងាយពីអ្នកទាំងនោះទៅ 18 ដ្បិតមនុស្សប្រភេទនេះមិនបំរើព្រះគ្រិស្ដជាអម្ចាស់នៃយើងទេ គឺគេបំរើក្រពះរបស់គេវិញ ហើយបញ្ឆោតអ្នកដែលមានចិត្ដស្លូតត្រង់ ដោយប្រើពាក្យសំដីពីរោះៗ និង ពាក្យបញ្ចើចបញ្ចើ។ 19 រីឯបងប្អូនវិញ មនុស្សម្នាដឹងគ្រប់គ្នាថាបងប្អូនស្ដាប់បង្គាប់ព្រះអម្ចាស់។ ហេតុនេះហើយបានជាខ្ញុំមានអំណរ ព្រោះតែបងប្អូន ហើយខ្ញុំចង់អោយបងប្អូនមានប្រាជ្ញាធ្វើការអ្វីដែលល្អ ឥតទាក់ទាមនឹងការអ្វីដែលអាក្រក់។ 20 ព្រះជាម្ចាស់ ជាប្រភពនៃសេចក្ដីសុខសាន្ដនឹងកំទេចមារ សាតាំង អោយនៅក្រោមបាតជើងរបស់បងប្អូនក្នុងពេលឆាប់ៗ។ សូមអោយបងប្អូនបានប្រកបដោយព្រះគុណរបស់ព្រះយេស៊ូជាអម្ចាស់នៃយើង។ 21 លោកធីម៉ូថេដែលធ្វើការរួមជាមួយខ្ញុំ សូមជំរាបសួរមកបងប្អូន ហើយលោកលូគាស លោកយ៉ាសូន និង លោកសូសិប៉ាត្រុសដែលជាសាច់ញាតិរបស់ខ្ញុំក៏សូមជំរាបសួរមកបងប្អូនដែរ។ 22 ខ្ញុំទើទាសជាអ្នកសរសេរលិខិតនេះ សូមជំរាបសួរមកបងប្អូន ក្នុងព្រះនាមព្រះអម្ចាស់ដែរ។ 23 លោកកៃយុសដែលទទួលខ្ញុំ និង ទទួលក្រុមជំនុំទាំងមូល អោយជួបជុំគ្នានៅផ្ទះគាត់ សូមជំរាបសួរមកបងប្អូនលោកអេរ៉ាស្ទុស ជាមេឃ្លំាងប្រាក់របស់ក្រុង និង លោកក្វើតុស ជាបងប្អូនយើង ក៏សូមជំរាបសួរមកបងប្អូនដែរ។ 24 សូមអោយបងប្អូនបានប្រកបដោយព្រះគុណរបស់ព្រះយេស៊ូគ្រិស្ដជាអម្ចាស់នៃយើង! អាម៉ែន!។ 25 ព្រះជាម្ចាស់មានឫទ្ធានុភាព នឹងធ្វើអោយបងប្អូនមានជំនឿខ្ជាប់ខ្ជួន ស្របតាមដំណឹងល្អរបស់ខ្ញុំ និង ស្របតាមពាក្យដែលខ្ញុំប្រកាសអំពីព្រះយេស៊ូគ្រិស្ដ តាមតែព្រះជាម្ចាស់បានសំដែងអំពីគំរោងការដ៏លាក់កំបាំងដែលព្រះអង្គលាក់ទុកតាំងពីដើមរៀងមក 26 តែទ្រង់បានសំដែងអោយយើងស្គាល់នៅពេលនេះតាមរយៈគម្ពីរព្យាការី និង ស្របតាមព្រះបញ្ជារបស់ព្រះជាម្ចាស់ ដែលគង់នៅអស់កល្បជានិច្ច ដើម្បីអោយជាតិសាសន៍ទាំងអស់បានស្គាល់ ហើយអោយគេជឿ និង ស្ដាប់តាម។ 27 មានតែព្រះជាម្ចាស់មួយព្រះអង្គគត់ ដែលប្រកបដោយព្រះប្រាជ្ញាញាណ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ តាមរយៈព្រះយេស៊ូគ្រិស្ដអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន!។

កូរិនថូស 1

1 ខ្ញុំ ប៉ូល ជាអ្នកដែលព្រះជាម្ចាស់សព្វព្រះហឫទ័យត្រាស់ហៅ អោយធ្វើជាសាវ័ករបស់ព្រះគ្រិស្ដ យេស៊ូ ខ្ញុំ និង លោកសូស្ដែន 2 សូមជំរាបមកក្រុមជំនុំ របស់ព្រះជាម្ចាស់នៅក្រុងកូរិនថូស។ ព្រះជាម្ចាស់បានត្រាស់ហៅបងប្អូនអោយធ្វើជាប្រជារាស្ដ្រដ៏វិសុទ្ធ ព្រមទាំងប្រោសប្រទានអោយបានវិសុទ្ធ ក្នុងអង្គព្រះគ្រិស្ដយេស៊ូ រួមជាមួយបងប្អូនទាំងអស់ដែលអង្វររកព្រះនាមព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើងនៅគ្រប់ទីកន្លែង។ ព្រះអង្គជាព្រះអម្ចាស់របស់បងប្អូនទាំងនោះ ហើយក៏ជាព្រះអម្ចាស់របស់យើងដែរ។ 3 សូមព្រះជាម្ចាស់ ជាព្រះបិតារបស់យើង និង ព្រះអម្ចាស់យេស៊ូគ្រិស្ដ ប្រទានព្រះគុណ និង សេចក្ដីសុខសាន្ដដល់បងប្អូន!។ 4 ខ្ញុំតែងតែអរព្រះគុណព្រះជាម្ចាស់ជានិច្ច ព្រោះព្រះអង្គបានប្រណីសន្ដោសដល់បងប្អូនដោយបងប្អូនរួមជាមួយព្រះគ្រិស្ដយេស៊ូ។ 5 ដោយរួមជាមួយព្រះអង្គបងប្អូនបានបរិបូណ៌សព្វគ្រប់ទាំងអស់ ទាំងខាងព្រះបន្ទូល ទាំងខាងការស្គាល់ព្រះអង្គ។ 6 សក្ខីភាពរបស់ព្រះគ្រិស្ដបានស្ថិតនៅក្នុងបងប្អូនយ៉ាងខ្ជាប់ខ្ជួន។ 7 ហេតុនេះ នៅពេលដែលបងប្អូនកំពុងរង់ចាំព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើងយាងមកយ៉ាងរុងរឿងនោះ បងប្អូនមិនខ្វះព្រះអំណោយទានអ្វីឡើយ។ 8 ព្រះអង្គនឹងធ្វើអោយបងប្អូនបានខ្ជាប់ខ្ជួនរហូតដល់ទីបំផុត ឥតមានទោសពៃរ៍អ្វី នៅថ្ងៃដែលព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់នៃយើងយាងមកដល់។ 9 ព្រះជាម្ចាស់មានព្រះហឫទ័យស្មោះត្រង់ ព្រះអង្គបានត្រាស់ហៅបងប្អូនអោយរួមរស់ជាមួយព្រះបុត្រារបស់ព្រះអង្គ គឺព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់នៃយើង។ 10 បងប្អូនអើយ ខ្ញុំសូមទូន្មានបងប្អូនក្នុងព្រះនាមព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់នៃយើងថា ចូរមានចិត្ដគំនិតតែមួយ កុំបាក់បែកគ្នាឡើយ ត្រូវចុះសំរុងគ្នាទាំងស្រុងដោយមានគំនិតតែមួយ និង មានយោបល់តែមួយ។ 11 បងប្អូនអើយ តាមរយៈក្រុមគ្រួសាររបស់នាងក្លូអេ ខ្ញុំបានឮដំណឹងថាមានកើតការទាស់ទែងគ្នាក្នុងចំណោមបងប្អូន 12 គឺម្នាក់ពោលថា «ខ្ញុំជាកូនចៅរបស់លោកប៉ូល!» ម្នាក់ថា «ខ្ញុំជាកូនចៅរបស់លោកអប៉ូឡូស!»ម្នាក់ថា «ខ្ញុំជាកូនចៅរបស់លោកកេផាស!» និង ម្នាក់ទៀតថា «ខ្ញុំជាកូនចៅរបស់ព្រះគ្រិស្ដ!»។ 13 តើព្រះគ្រិស្ដបែងចែកជាច្រើនភាគឬ? តើប៉ូលឬដែលគេឆ្កាងសំរាប់បងប្អូន? ឬមួយក៏បងប្អូនបានទទួលពិធីជ្រមុជទឹក ក្នុងនាមប៉ូល? 14 ខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់ ដោយខ្ញុំពុំបានធ្វើពិធីជ្រមុជទឹកជូននរណាម្នាក់ ក្នុងចំណោមបងប្អូនឡើយ លើកលែងតែលោកគ្រីសប៉ុស និង លោកកៃយុសប៉ុណ្ណោះ។ 15 ហេតុនេះគ្មាននរណាម្នាក់អាចពោលថា ខ្លួនបានទទួលពិធីជ្រមុជទឹកក្នុងនាមខ្ញុំឡើយ។ 16 ខ្ញុំក៏បានធ្វើពិធីជ្រមុជទឹកជូនក្រុមគ្រួសាររបស់លោកស្ទេផាណាសដែរ ក្រៅពីនេះ ខ្ញុំមិនចាំថាខ្ញុំបានធ្វើពិធីជ្រមុជទឹកជូនអ្នកណាផ្សេងទៀតទេ។ 17 ព្រះគ្រិស្ដពុំបានចាត់ខ្ញុំអោយមកធ្វើពិធីជ្រមុជទឹកឡើយ គឺទ្រង់ចាត់ខ្ញុំអោយមកផ្សព្វផ្សាយដំណឹងល្អ វិញ។ ប៉ុន្ដែ ខ្ញុំផ្សព្វផ្សាយមិនមែនដោយប្រើពាក្យពេចន៍ តាមប្រាជ្ញាឡើយ ក្រែងធ្វើអោយការសោយទិវង្គតរបស់ព្រះគ្រិស្ដនៅលើឈើឆ្កាងទៅជាអស់ខ្លឹមសារ។ 18 អ្នកដែលត្រូវវិនាសអន្ដរាយ ចាត់ទុកដំណឹងអំពីព្រះគ្រិស្ដ សោយទិវង្គត នៅលើឈើឆ្កាង ថាលេលារីឯយើងដែលកំពុងតែទទួលការសង្គ្រោះវិញ យើងជឿថា ដំណឹងនេះជាឫទ្ធានុភាពរបស់ព្រះជាម្ចាស់ 19 ដ្បិតមានចែងទុកមកថាៈ «យើងនឹងរំលាយប្រាជ្ញារបស់ពួកអ្នកប្រាជ្ញ ហើយធ្វើអោយតំរិះរបស់ពួកអ្នកចេះដឹងរលាយសាបសូន្យទៅដែរ»។ 20 ដូច្នេះ អ្នកប្រាជ្ញគ្រូបាធ្យាយ និង អ្នកដេញដោលនាសម័យនេះធ្វើអ្វីកើត បើព្រះជាម្ចាស់បានធ្វើអោយប្រាជ្ញារបស់លោកីយ៍នេះ ទៅជាលេលាវិញនោះ!។ 21 ដោយប្រាជ្ញារបស់ខ្លួន មនុស្សលោកពុំបានស្គាល់ព្រះជាម្ចាស់ តាមអ្វីៗដែលព្រះប្រាជ្ញាញាណរបស់ព្រះអង្គសំដែងអោយគេស្គាល់នោះបានឡើយ ហេតុនេះហើយបានជាព្រះជាម្ចាស់សព្វព្រះហឫទ័យសង្គ្រោះអ្នកជឿ ដោយពាក្យប្រកាសដែលមនុស្សលោកចាត់ទុកថាលេលានោះ។ 22 សាសន៍យូដាសុំមើលទីសំគាល់ដ៏អស្ចារ្យ សាសន៍ក្រិកចង់ឃើញភស្ដុតាងតាមប្រាជ្ញា 23 រីឯយើងវិញ យើងប្រកាសអំពីព្រះគ្រិស្ដ ដែលសោយទិវង្គតនៅលើឈើឆ្កាង។ សាសន៍យូដាយល់ឃើញថាពាក្យប្រកាសនេះរារំាងគេមិនអោយជឿ ហើយសាសន៍ដទៃយល់ឃើញថាជារឿងលេលា។ 24 ប៉ុន្ដែ ចំពោះអស់អ្នកដែលព្រះជាម្ចាស់បានត្រាស់ហៅ ទាំងសាសន៍យូដាទាំងសាសន៍ក្រិក គេចាត់ទុកព្រះគ្រិស្ដថាជាឫទ្ធានុភាព និង ជាព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់វិញ។ 25 អ្វីៗដែលមនុស្សលោកយល់ថាជាគំនិតលេលារបស់ព្រះជាម្ចាស់នោះ ប្រសើរលើសប្រាជ្ញារបស់មនុស្សទៅទៀត ហើយអ្វីៗដែលមនុស្សលោកយល់ថាជាការទន់ខ្សោយរបស់ព្រះជាម្ចាស់ ក៏ប្រសើរលើសកម្លាំងរបស់មនុស្សដែរ។ 26 បងប្អូនអើយ សូមគិតមើលចុះ តើបងប្អូនជាមនុស្សបែបណាបានជាព្រះជាម្ចាស់ត្រាស់ហៅ គឺក្នុងចំណោមបងប្អូន ពុំសូវមានអ្នកប្រាជ្ញខាងលោកីយ៍នេះទេ ហើយក៏ពុំសូវមានអ្នកធំ និង អ្នកត្រកូលខ្ពស់ដែរ។ 27 ផ្ទុយទៅវិញ ព្រះជាម្ចាស់បានជ្រើសរើសអ្វីៗដែលមនុស្សលោកចាត់ទុកថាលេលាមកផ្ចាញ់ពួកអ្នកប្រាជ្ញព្រះអង្គបានជ្រើសរើសអ្វីៗដែលមនុស្សលោកចាត់ទុកថាទន់ខ្សោយ មកផ្ចាញ់ពួកអ្នកខ្លាំងពូកែ។ 28 ព្រះជាម្ចាស់បានជ្រើសរើសអ្វីៗ ដែលមនុស្សលោកចាត់ទុកថាទាបថោក គួរអោយមាក់ងាយ ហើយគ្មានតម្លៃមកផ្ចាញ់អ្វីៗដែលមនុស្សលោក ចាត់ទុកថាថ្លៃថ្នូរវិញ។ 29 ដូច្នេះ គ្មានមនុស្សណាអាចអួតអាងនៅចំពោះព្រះភ័ក្ដ្រព្រះជាម្ចាស់បានឡើយ 30 គឺព្រះអង្គហើយ ដែលបានប្រោសអោយបងប្អូនមានតម្លៃ ដោយចូលរួមជាមួយព្រះគ្រិស្ដយេស៊ូ ដែលបានទៅជាប្រាជ្ញាមកពីព្រះជាម្ចាស់ សំរាប់យើង។ ព្រះអង្គប្រទានអោយយើងបានសុចរិត បានវិសុទ្ធ និង លោះយើងអោយមានសេរីភាព។ 31 ដូច្នេះ អ្នកណាចង់អួតអាង ត្រូវអួតអាងអំពីកិច្ចការដែលព្រះអម្ចាស់បានធ្វើ ដូចមានចែងទុកមកស្រាប់។

កូរិនថូស 2

1 បងប្អូនអើយ រីឯខ្ញុំវិញ កាលខ្ញុំមកជូនដំណឹង អំពីគំរោងការដ៏លាក់កំបាំងរបស់ព្រះជាម្ចាស់ ដល់បងប្អូន ខ្ញុំមិនបានប្រើសំនួនវោហារ ឬប្រាជ្ញាខ្ពស់ៗទេ។ 2 ពេលខ្ញុំនៅជាមួយបងប្អូន ខ្ញុំយល់ឃើញថា មិនគួរគប្បីអោយខ្ញុំដឹងអ្វី ក្រៅពីព្រះយេស៊ូគ្រិស្ដនោះឡើយ ជាពិសេស អំពីព្រះយេស៊ូគ្រិស្ដដែលបានសោយទិវង្គតនៅលើឈើឆ្កាង។ 3 ខ្ញុំបានមករកបងប្អូនទាំងទន់ខ្សោយ ទាំងភ័យខ្លាច ទាំងញាប់ញ័រយ៉ាងខ្លាំង។ 4 ពាក្យសំដីដែលខ្ញុំនិយាយ និង ប្រកាសមិនមែនជាពាក្យបញ្ចុះបញ្ចូលដ៏ប៊ិនប្រសប់នោះទេ គឺព្រះវិញ្ញាណបានសំដែងឫទ្ធានុភាពវិញ 5 ដើម្បីកុំអោយជំនឿរបស់បងប្អូនពឹងផ្អែកលើប្រាជ្ញារបស់មនុស្សលោក តែពឹងផ្អែកលើឫទ្ធានុភាពរបស់ព្រះជាម្ចាស់។ 6 ក៏ប៉ុន្ដែ សេចក្ដីដែលយើងប្រៀនប្រដៅក្នុងចំណោមអ្នកដែលមានជំនឿគ្រប់លក្ខណៈហើយនោះ ក៏ជាប្រាជ្ញាម៉្យាងដែរ តែមិនមែនជាប្រាជ្ញារបស់មនុស្សលោក ឬ ជាប្រាជ្ញារបស់អ្នកគ្រប់គ្រងមនុស្សលោកនេះដែលនឹងត្រូវវិនាសសាបសូន្យទៅនោះទេ។ 7 យើងប្រៀនប្រដៅអំពីប្រាជ្ញារបស់ព្រះជាម្ចាស់ដែលព្រះអង្គបង្កប់ន័យទុកតាមគំរោងការដ៏លាក់កំបាំងរបស់ព្រះអង្គ តាំងពីមុនកំណើតពិភពលោកមកម៉្លេះ គឺព្រះអង្គបានគ្រោងទុកថានឹងប្រទានសិរីរុងរឿងមកយើង។ 8 គ្មាននរណាម្នាក់ក្នុងចំណោមអ្នកគ្រប់គ្រងមនុស្សលោកនេះបានស្គាល់ប្រាជ្ញារបស់ព្រះអង្គទេ។ ប្រសិនបើគេពិតជាបានស្គាល់មែន គេមិនឆ្កាងព្រះអម្ចាស់ប្រកបដោយសិរីរុងរឿងនោះឡើយ។ 9 ប៉ុន្ដែដូចមានចែងទុកមកថា៖ «អ្វីៗដែលភ្នែកមើលមិនឃើញ អ្វីៗដែលត្រចៀកស្ដាប់មិនឮ និង អ្វីៗដែលចិត្ដមនុស្សនឹកមិនដល់នោះ ព្រះជាម្ចាស់បានរៀបចំទុក សំរាប់អស់អ្នកដែលស្រឡាញ់ព្រះអង្គ»។ 10 ព្រះជាម្ចាស់បានសំដែងអោយយើងដឹងអំពីគំរោងការដ៏លាក់កំបាំងនោះ តាមរយៈព្រះវិញ្ញាណ ដ្បិតព្រះវិញ្ញាណឈ្វេងយល់អ្វីៗទាំងអស់ សូម្បីតែជំរៅព្រះហឫទ័យរបស់ព្រះជាម្ចាស់ក៏ទ្រង់ឈ្វេងយល់ដែរ។ 11 ចំពោះមនុស្សលោក គ្មាននរណាយល់អំពីមនុស្សបានក្រៅពីវិញ្ញាណដែលនៅក្នុងខ្លួនគេនោះទេ។ រីឯព្រះជាម្ចាស់ក៏ដូច្នោះដែរ គ្មាននរណាម្នាក់យល់អំពីព្រះអង្គបាន ក្រៅពីព្រះវិញ្ញាណរបស់ព្រះជាម្ចាស់នោះឡើយ។ 12 ចំពោះយើង យើងពុំបានទទួលវិញ្ញាណលោកីយ៍ទេ គឺយើងបានទទួលព្រះវិញ្ញាណដែលមកពីព្រះជាម្ចាស់ដើម្បីអោយស្គាល់អ្វីៗដែលព្រះអង្គប្រោសប្រទានមកយើង។ 13 យើងនិយាយសេចក្ដីទាំងនេះ ដោយមិនប្រើពាក្យពេចន៍ដែលប្រាជ្ញារបស់មនុស្សបង្រៀននោះឡើយ គឺយើងប្រើតែពាក្យណាដែលព្រះវិញ្ញាណបង្រៀន ដើម្បីពន្យល់សេចក្ដីពិតខាងវិញ្ញាណដល់មនុស្សដែលបានទទួលព្រះវិញ្ញាណ។ 14 រីឯមនុស្សដែលពុំបានទទួលព្រះវិញ្ញាណ ក៏ពុំអាចទទួលសេចក្ដីណាដែលមកពីព្រះវិញ្ញាណបានដែរ ព្រោះគេយល់ថាសេចក្ដីទាំងនោះជារឿងលេលា ហើយគេពុំអាចយល់បានទេ មានតែព្រះវិញ្ញាណប៉ុណ្ណោះដែលប្រទានអោយមនុស្សយើងអាចវិនិច្ឆ័យសេចក្ដីទាំងនោះបាន។ 15 រីឯអ្នកដែលបានទទួលព្រះវិញ្ញាណវិនិច្ឆ័យបានទាំងអស់ ហើយគ្មានអ្នកណាវិនិច្ឆ័យអ្នកនោះបានឡើយ 16 ដ្បិតក្នុងគម្ពីរមានចែងថា៖ «តើអ្នកណាស្គាល់គំនិតរបស់ព្រះអម្ចាស់? តើអ្នកណាអាចថ្វាយយោបល់ ព្រះអង្គបាន?»។ រីឯយើងវិញ យើងមានគំនិតរបស់ព្រះគ្រិស្ដ ហើយ។

កូរិនថូស 3

1 បងប្អូនអើយ រីឯខ្ញុំវិញ ខ្ញុំពុំអាចនិយាយជាមួយបងប្អូនដូចនិយាយទៅកាន់អ្នកដែលបានទទួលព្រះវិញ្ញាណនោះឡើយ គឺខ្ញុំនិយាយទៅកាន់បងប្អូន ដូចនិយាយទៅកាន់មនុស្សលោកីយ៍ ឬ និយាយទៅកាន់កូនខ្ចីខាងជំនឿ។ 2 ខ្ញុំបានអោយទឹកដោះបងប្អូនពិសា គឺពុំបានអោយចំណីអាហាររឹងៗទេព្រោះបងប្អូនពុំអាចទទួលបាន។ សូម្បីតែនៅពេលនេះក្ដី ក៏បងប្អូននៅតែពុំអាចទទួលបានដែរ 3 មកពីបងប្អូននៅតែមានចិត្ដគំនិតជាមនុស្សលោកីយ៍ដដែល។ ក្នុងចំណោមបងប្អូន បើនៅតែមានការច្រណែនទាស់ទែងគ្នាដូច្នេះសអោយឃើញថាបងប្អូននៅតែមានចិត្ដគំនិតជាមនុស្សលោកីយ៍ ហើយបងប្អូនរស់នៅតាមរបៀបមនុស្សធម្មតាដដែល។ 4 ពេលមានម្នាក់និយាយថា «ខ្ញុំជាកូនចៅរបស់លោកប៉ូល!» និង ម្នាក់ទៀតថា «ខ្ញុំជាកូនចៅរបស់លោកអប៉ូឡូស!» នោះ សអោយឃើញថាបងប្អូននៅតែមានរបៀបរស់នៅ ដូចមនុស្សធម្មតា ពិតមែន! 5 តើលោកអប៉ូឡូសមានឋានៈអ្វី? រីឯប៉ូលមានឋានៈអ្វីដែរ? អ្នកទាំងពីរគ្រាន់តែជាអ្នកបំរើដែលណែនាំបងប្អូនអោយមានជំនឿប៉ុណ្ណោះ គឺម្នាក់ៗបំពេញតែកិច្ចការដែលព្រះអម្ចាស់ប្រទានអោយធ្វើ។ 6 ខ្ញុំជាអ្នកដាំហើយលោកអប៉ូឡូសជាអ្នកស្រោចទឹក ប៉ុន្ដែ ព្រះជាម្ចាស់ទេតើដែលធ្វើអោយដុះ។ 7 ដូច្នេះ អ្នកដាំ និង អ្នកស្រោចទឹកមិនសំខាន់អ្វីឡើយ គឺព្រះជាម្ចាស់ដែលធ្វើអោយដុះឯណោះទើបសំខាន់។ 8 អ្នកដាំ និង អ្នកស្រោចទឹកមិនខុសគ្នាទេ ម្នាក់ៗនឹងទទួលរង្វាន់តាមទម្ងន់កិច្ចការដែលខ្លួនបានធ្វើ 9 ដ្បិតយើងខ្ញុំជាអ្នកធ្វើការរួមជាមួយព្រះជាម្ចាស់បងប្អូនជាស្រែរបស់ព្រះជាម្ចាស់ ហើយក៏ជាដំណាក់ដែលព្រះអង្គបានសង់ដែរ។ 10 ខ្ញុំបានចាក់គ្រឹះ ដូចជាមេជាងមួយរូបដ៏ជំនាញ តាមព្រះគុណដែលព្រះជាម្ចាស់ប្រោសប្រទានអោយខ្ញុំហើយមានម្នាក់ទៀតមកសង់ពីលើ។ ប៉ុន្ដែ ម្នាក់ៗត្រូវប្រយ័ត្នអំពីរបៀបដែលខ្លួនសង់ពីលើ 11 ដ្បិតគ្មាននរណាអាចចាក់គ្រឹះមួយផ្សេងទៀត ក្រៅពីគ្រឹះដែលបានចាក់រួចមកហើយនោះទេ ពោលគឺព្រះយេស៊ូគ្រិស្ដ ។ 12 ប្រសិនបើអ្នកណាយក មាស ប្រាក់ ពេជ្រ ឈើ ចំបើង ឬ ស្បូវ មកសង់ពីលើគ្រឹះនេះ 13 នៅថ្ងៃព្រះជាម្ចាស់យាងមកវិនិច្ឆ័យទោស លទ្ធផលនៃស្នាដៃដែលម្នាក់ៗបានធ្វើ នឹងលេចចេញមក ព្រោះថ្ងៃនោះនឹងមកដល់ដូចភ្លើង ហើយភ្លើងនឹងល្បងលមើលស្នាដៃដែលម្នាក់ៗបានធ្វើ។ 14 បើស្នាដៃនរណាម្នាក់ដែលបានសង់លើគ្រឹះនៅស្ថិតស្ថេរ អ្នកនោះនឹងទទួលរង្វាន់។ 15 បើស្នាដៃនរណាម្នាក់ត្រូវឆេះ អ្នកនោះក៏នឹងបាត់រង្វាន់ដែរ ប៉ុន្ដែគេនឹងរួចជីវិតដូចជាឆ្លងកាត់ភ្លើង។ 16 បងប្អូនមិនជ្រាបថាខ្លួនជាព្រះវិហារ របស់ព្រះជាម្ចាស់ទេឬ! បងប្អូនមិនជ្រាបថាព្រះវិញ្ញាណរបស់ព្រះជាម្ចាស់សណ្ឋិតនៅក្នុងបងប្អូនទេឬ!។ 17 ប្រសិនបើនរណាម្នាក់កំទេចព្រះវិហាររបស់ព្រះជាម្ចាស់ ព្រះអង្គនឹងកំទេចអ្នកនោះវិញ ដ្បិតព្រះវិហាររបស់ព្រះជាម្ចាស់ ជាព្រះវិហារដ៏វិសុទ្ធ គឺបងប្អូនហ្នឹងហើយជាព្រះវិហារនោះ។ 18 សូមកុំបញ្ឆោតខ្លួនឯងអោយសោះ ប្រសិនបើមាននរណាម្នាក់ក្នុងចំណោមបងប្អូននឹកស្មានថា ខ្លួនជាអ្នកប្រាជ្ញតាមរបៀបលោកីយ៍នេះ អ្នកនោះត្រូវតែធ្វើជាមនុស្សលីលាសិន ដើម្បីអោយបានទៅជាអ្នកប្រាជ្ញ។ 19 ព្រះជាម្ចាស់ចាត់ទុកប្រាជ្ញារបស់លោកីយ៍នេះថា លេលា ដូចមានចែងទុកមកថា«ព្រះអង្គយកកលល្បិចរបស់ពួកអ្នកប្រាជ្ញមកផ្ចាញ់ពួកគេផ្ទាល់»។ 20 មានចែងទុកទៀតថា «ព្រះអម្ចាស់ជ្រាបថាគំនិតរបស់ពួកអ្នកប្រាជ្ញគ្មានខ្លឹមសារអ្វីទេ»។ 21 ហេតុនេះមិនត្រូវអោយនរណាម្នាក់អួតអាងដោយយកមនុស្សជាបង្គោលឡើយ ដ្បិតអ្វីៗទាំងអស់សុទ្ធតែសំរាប់បំរើបងប្អូន 22 ទោះបីប៉ូលក្ដី លោកអប៉ូឡូសក្ដី លោកកេផាសក្ដី ពិភពលោកនេះក្ដី ជីវិតក្ដីសេចក្ដីស្លាប់ក្ដី អ្វីៗដែលមាននៅពេលនេះ ឬ នៅពេលអនាគតក្ដីសុទ្ធតែសំរាប់បំរើបងប្អូនទាំងអស់។ 23 រីឯបងប្អូនវិញ បងប្អូនបំរើព្រះគ្រិស្ដ ហើយព្រះគ្រិស្ដបំរើព្រះជាម្ចាស់។

កូរិនថូស 4

1 ហេតុនេះ សូមបងប្អូនចាត់ទុកយើងថាជាអ្នកបំរើរបស់ព្រះគ្រិស្ដ និង ជាអ្នកមើលខុសត្រូវលើគំរោងការដ៏លាក់កំបាំង របស់ព្រះជាម្ចាស់។ 2 រីឯអ្នកមើលខុសត្រូវគួរតែមានចិត្ដស្មោះត្រង់។ 3 ចំពោះរូបខ្ញុំ ទោះបីបងប្អូនក្ដី ឬ មនុស្សលោកក្ដី វាយតម្លៃខ្ញុំថាជាមនុស្សបែបណាក៏ដោយ ខ្ញុំមិនអំពល់អ្វីទេហើយរូបខ្ញុំផ្ទាល់ ក៏ខ្ញុំមិនវាយតម្លៃខ្លួនឯងដែរ 4 ដ្បិតក្នុងចិត្ដខ្ញុំ ខ្ញុំយល់ឃើញថា ខ្ញុំគ្មានធ្វើអ្វីខុសឡើយ។ ប៉ុន្ដែ មិនមែនការយល់ឃើញរបស់ខ្ញុំនេះទេ ដែលធ្វើអោយខ្ញុំបានសុចរិត មានតែព្រះអម្ចាស់ប៉ុណ្ណោះដែលវិនិច្ឆ័យខ្ញុំ។ 5 ហេតុនេះ សូមបងប្អូនកុំវិនិច្ឆ័យទោសនរណាមុនពេលកំណត់ឡើយ ត្រូវរង់ចាំព្រះអម្ចាស់យាងមកដល់សិន គឺព្រះអង្គនឹងយកអ្វីៗដែលមនុស្សបង្កប់ទុកក្នុងទីងងឹត មកដាក់នៅទីភ្លឺ ហើយព្រះអង្គនឹងបង្ហាញបំណងដែលលាក់ទុកក្នុងចិត្ដមនុស្ស។ នៅពេលនោះ ព្រះជាម្ចាស់នឹងសរសើរមនុស្សម្នាក់ៗទៅតាមការដែលខ្លួនបានប្រព្រឹត្ដ។ 6 បងប្អូនអើយ ព្រោះតែបងប្អូនហើយ បានជាខ្ញុំលើកយករឿងលោកអប៉ូឡូស និង ខ្លួនខ្ញុំផ្ទាល់មកនិយាយជាឧទាហរណ៍ ដើម្បីអោយបងប្អូនយល់ថា មិនត្រូវធ្វើអ្វីហួសពីសេចក្ដីដែលមានសរសេរក្នុងសំបុត្រនេះឡើយ។ ក្នុងចំណោមបងប្អូន ក៏មិនត្រូវអោយមាននរណាអួតខ្លួនដោយកាន់ជើងម្នាក់ ហើយប្រឆាំងនឹងម្នាក់ទៀតដែរ។ 7 តើមានអ្វីដែលធ្វើអោយអ្នកប្រសើរជាងអ្នកឯទៀតៗ? អ្វីៗដែលអ្នកមាន គឺសុទ្ធតែបានទទួលពីព្រះជាម្ចាស់ទេតើ!។ បើអ្នកបានទទួលពីព្រះអង្គដូច្នេះ ហេតុដូចម្ដេចបានជាអ្នកអួតខ្លួនធ្វើហាក់ដូចជាមិនមែនមកពីព្រះអង្គទៅវិញ? 8 បងប្អូនបានឆ្អែតស្កប់ស្កល់ហើយ! បងប្អូនមានស្ដុកស្ដម្ភហើយ! បងប្អូនបានឡើងសោយរាជ្យហើយ តែយើងអត់បានទេ!។ ខ្ញុំចង់អោយបងប្អូនបានឡើងសោយរាជ្យពិតប្រាកដមែន ដើម្បីអោយយើងបានឡើងសោយរាជ្យ រួមជាមួយបងប្អូនផង។ 9 បើតាមខ្ញុំយល់ឃើញព្រះជាម្ចាស់ប្រទានអោយយើង ដែលជាសាវ័ក មានឋានៈទាបជាងគេ គឺទុកដូចជាអ្នកដែលត្រូវគេកាត់ទោសប្រហារជីវិតនៅទីសាធារណៈអោយគ្រប់ៗគ្នាឃើញ ទាំងទេវតា ទាំងមនុស្សលោក។ 10 យើងជាមនុស្សលេលា ព្រោះតែព្រះគ្រិស្ដ រីឯបងប្អូនវិញ បងប្អូនជាអ្នកចេះដឹងរួមជាមួយព្រះគ្រិស្ដ យើងជាមនុស្សទន់ខ្សោយ តែបងប្អូនជាមនុស្សខ្លាំងពូកែ បងប្អូនមានសិរីរុងរឿង តែយើងត្រូវគេមើលងាយ។ 11 សូម្បីតែនៅពេលនេះក្ដីយើងនៅតែឃ្លាននៅតែស្រេក ខ្វះសម្លៀកបំពាក់មានគេវាយហើយរស់នៅអនាថាដដែល។ 12 យើងធ្វើការចិញ្ចឹមជីវិតយ៉ាងនឿយហត់ដោយកម្លាំងខ្លួនឯងផ្ទាល់។ ពេលគេជេរយើង យើងអោយពរគេវិញ ពេលគេបៀតបៀន យើងស៊ូទ្រំា 13 ពេលគេនិយាយមួលបង្កាច់យើង យើងនិយាយទៅគេវិញដោយរាក់ទាក់។ មកទល់ពេលនេះយើងប្រៀបបីដូចជាសំរាមរបស់លោកីយ៍ និង ជាមនុស្សគ្មានគេរាប់រក។ 14 ខ្ញុំសរសេរសេចក្ដីនេះមកជូនបងប្អូន មិនមែនក្នុងគោលបំណងចង់អោយបងប្អូនអៀនខ្មាសទេ គឺចង់ទូន្មានបងប្អូន ដូចទូន្មានកូនជាទីស្រឡាញ់របស់ខ្ញុំដែរ។ 15 ទោះបីបងប្អូនមានគ្រូអាចារ្យមួយម៉ឺននាក់ណែនាំតាមមាគ៌ាព្រះគ្រិស្ដក៏ដោយ ក៏បងប្អូនគ្មានឪពុកច្រើនដែរ គឺមានតែខ្ញុំហ្នឹងហើយដែលបានបង្កើតបងប្អូនមកអោយរួមរស់ជាមួយព្រះយេស៊ូគ្រិស្ដ ដោយបាននាំដំណឹងល្អ មកជូនបងប្អូន។ 16 ដូច្នេះ ខ្ញុំសុំទូន្មានបងប្អូនថា សូមយកតំរាប់តាមខ្ញុំ។ 17 ក្នុងករណីនេះ ខ្ញុំបានចាត់លោកធីម៉ូថេ ជាកូនដ៏ជាទីស្រឡាញ់របស់ខ្ញុំដែលស្មោះត្រង់នឹងព្រះអម្ចាស់អោយមករកបងប្អូន។ គាត់នឹងរំលឹកបងប្អូន អំពីរបៀបរស់នៅស្របតាមមាគ៌ារបស់ព្រះគ្រិស្ដ ដូចខ្ញុំតែងប្រៀនប្រដៅក្រុមជំនុំទាំងអស់នៅគ្រប់ទីកន្លែងស្រាប់។ 18 អ្នកខ្លះនឹកស្មានថា ខ្ញុំនឹងមិនមករកបងប្អូនទេ គេក៏នាំគ្នាអួតបំប៉ាង។ 19 ប្រសិនបើព្រះអម្ចាស់សព្វព្រះហឫទ័យ ខ្ញុំនឹងមករកបងប្អូនក្នុងពេលឆាប់ៗ។ ពេលនោះខ្ញុំមុខជាឃើញកិច្ចការដែលអ្នកអួតទាំងនោះប្រព្រឹត្ដផ្ទាល់នឹងភ្នែកតែម្ដង គឺមិនត្រឹមតែឮពាក្យសំដីរបស់គេប៉ុណ្ណោះទេ 20 ដ្បិតព្រះរាជ្យ របស់ព្រះជាម្ចាស់មិនមែនស្ថិតនៅលើពាក្យសំដីទេ គឺស្ថិតនៅលើការប្រព្រឹត្ដវិញ។ 21 តើបងប្អូនចង់អោយខ្ញុំធ្វើអ្វី? អោយខ្ញុំមករកបងប្អូនដោយយករំពាត់មកជាមួយឬ ក៏ចង់អោយយកសេចក្ដីស្រឡាញ់ និង ចិត្ដស្លូតបូតមកជាមួយ?

កូរិនថូស 5

1 មានលេចឮនៅគ្រប់ទីកន្លែងថា ក្នុងចំណោមបងប្អូន មានកើតរឿងកាមគុណថោកទាបដ៏អាក្រក់ហួសហេតុ សូម្បីតែនៅក្នុងចំណោមសាសន៍ដទៃ ក៏មិនដែលមានរឿងដូច្នេះផង គឺមានម្នាក់បានរួមរ័កជាមួយប្រពន្ធចុងឪពុករបស់ខ្លួន។ 2 ប៉ុណ្ណឹងហើយ បងប្អូននៅតែអួតបំប៉ោងទៀត! ម្ដេចក៏បងប្អូនមិននាំគ្នាកាន់ទុក្ខ ដកជនដែលប្រព្រឹត្ដអំពើថោកទាបនោះ ចេញពីចំណោមបងប្អូនទៅ!។ 3 ចំពោះខ្ញុំផ្ទាល់ ថ្វីដ្បិតតែរូបកាយខ្ញុំមិននៅជាមួយបងប្អូន តែវិញ្ញាណខ្ញុំនៅជាមួយបងប្អូនជានិច្ច ហើយខ្ញុំក៏បានដាក់ទោសជនដែលប្រព្រឹត្ដអំពើបែបនេះ រួចស្រេចទៅហើយ គឺដូចជាខ្ញុំនៅជាមួយបងប្អូនដែរ។ 4 ពេលបងប្អូនរួមប្រជុំគ្នាក្នុងព្រះនាមព្រះអម្ចាស់យេស៊ូ វិញ្ញាណខ្ញុំក៏នៅជាមួយ ហើយឫទ្ធានុភាពរបស់ព្រះអង្គក៏ស្ថិតនៅជាមួយដែរ 5 ត្រូវតែបញ្ជូនមនុស្សបែបនេះទៅមារ សាតាំងដើម្បីអោយរូបកាយរបស់គាត់វិនាស តែវិញ្ញាណរបស់គាត់នឹងទទួលការសង្គ្រោះនៅថ្ងៃព្រះអម្ចាស់យាងមក។ 6 បងប្អូនមិនគួរអួតខ្លួនសោះឡើយ! បងប្អូនមិនជ្រាបទេឬ "មេតែបន្ដិចអាចធ្វើអោយម្សៅទាំងមូលដោរឡើងបាន!"។ 7 សូមបងប្អូនជំរះខ្លួនអោយបានបរិសុទ្ធ ផុតពីមេម្សៅចាស់នោះទៅ ដើម្បីអោយបងប្អូនបានទៅជាម្សៅថ្មី ដែលគ្មានមេ ដ្បិតគេបានសម្លាប់ព្រះគ្រិស្ដធ្វើជាយញ្ញបូជារបស់យើង ក្នុងឱកាសបុណ្យចម្លង រួចស្រេចទៅហើយ។ 8 ហេតុនេះ យើងត្រូវធ្វើពិធីបុណ្យចម្លង ដោយមិនប្រើនំបុ័ងដែលមានមេម្សៅចាស់ ឬមេនៃអំពើអាក្រក់ និង អំពើថោកទាបនោះឡើយ គឺយើងប្រើនំបុ័ងឥតមេជាសញ្ញានៃចិត្ដបរិសុទ្ធ និង ចិត្ដស្មោះត្រង់របស់យើង។ 9 ក្នុងសំបុត្ររបស់ខ្ញុំ ខ្ញុំបានសរសេរមកជំរាបបងប្អូនថា កុំទាក់ទងនឹងអ្នកដែលប្រព្រឹត្ដកាមគុណថោកទាប អោយសោះ។ 10 ខ្ញុំនិយាយដូច្នេះមិនមែនសំដៅទៅលើអ្នកដែលប្រព្រឹត្ដកាមគុណថោកទាបទូទៅក្នុងលោកនេះ ឬ សំដៅទៅលើអ្នកលោភលន់ចង់បានទ្រព្យគេ អ្នកប្លន់យកទ្រព្យគេ ឬ អ្នកថ្វាយបង្គំព្រះក្លែងក្លាយនោះឡើយ បើដូច្នេះមានតែចាកចេញពីលោកនេះ! 11 ខ្ញុំសរសេរមកបងប្អូន ដើម្បីកុំអោយបងប្អូនទាក់ទងនឹងអស់អ្នកដែលមានឈ្មោះថាជាគ្រិស្ដបរិស័ទ ហើយបែរជាប្រព្រឹត្ដកាមគុណថោកទាប មានចិត្ដលោភលន់ចង់បានទ្រព្យគេថ្វាយបង្គំព្រះក្លែងក្លាយជេរប្រមាថគេ ប្រមឹក ឬ ប្លន់យកទ្រព្យគេ។ មួយវិញទៀត សូមកុំបរិភោគរួម ជាមួយជនប្រភេទនេះឡើយ។ 12 ខ្ញុំមិនវិនិច្ឆ័យទោសអស់អ្នកដែលនៅខាងក្រៅក្រុមជំនុំទេ ព្រោះមិនមែនជានាទីរបស់ខ្ញុំ។ ម្ដេចក៏បងប្អូនមិនវិនិច្ឆ័យទោសអស់អ្នកដែលនៅខាងក្នុង! 13 ចំពោះអ្នកដែលនៅខាងក្រៅ ព្រះជាម្ចាស់នឹងវិនិច្ឆ័យទោសគេ រីឯបងប្អូនវិញ «ត្រូវដកមនុស្សអាក្រក់ចេញពីចំណោមអ្នករាល់គ្នាទៅ»។

កូរិនថូស 6

1 ក្នុងចំណោមបងប្អូន កាលណាម្នាក់ទាស់នឹងម្នាក់ទៀត ម្ដេចក៏ហ៊ានទៅរកចៅក្រមដែលមិនស្គាល់ព្រះជាម្ចាស់អោយកាត់ក្ដី មិនទុកអោយប្រជាជនដ៏វិសុទ្ធកាត់ក្ដីវិញ! 2 បងប្អូនមិនជ្រាបទេឬថាប្រជាជនដ៏វិសុទ្ធ នឹងវិនិច្ឆ័យទោសពិភពលោកនេះ! ប្រសិនបើបងប្អូនវិនិច្ឆ័យទោសពិភពលោកដូច្នេះ ហេតុដូចម្ដេចបានជាបងប្អូនថា ខ្លួនមិនសមនឹងអារកាត់រឿងរ៉ាវដ៏តូចបំផុតនេះ? 3 បងប្អូនមិនជ្រាបទេឬ សូម្បីតែពួកទេវតា ក៏យើងវិនិច្ឆ័យទោសទៅហើយ ចុះទំរាំបើរឿងរ៉ាវក្នុងជីវិតនេះវិញ ម្ដេចក៏យើងអារកាត់មិនកើត! 4 ពេលបងប្អូនមានរឿងប្ដឹងផ្ដល់គ្នាអំពីបញ្ហាក្នុងជីវិតនេះ ម្ដេចក៏បងប្អូនទៅរកពួកអ្នកដែលក្រុមជំនុំមិនរាប់រកអោយ មកកាត់ក្ដីដូច្នេះ។ 5 ខ្ញុំនិយាយនេះ ដើម្បីអោយបងប្អូនអៀនខ្លួន។ ក្នុងចំណោមបងប្អូនតើគ្មាននរណាមានប្រាជ្ញាអាចនឹងអារកាត់រឿងរ៉ាវដែលកើតឡើងរវាងបងប្អូន សូម្បីតែម្នាក់ក៏គ្មានផងដែរឬ? 6 បងប្អូនបែរជាប្ដឹងផ្ដល់គ្នាឯង ហើយនៅមុខអ្នកមិនជឿថែមទៀតផង! 7 គ្រាន់តែបងប្អូនប្ដឹងផ្ដល់គ្នាឯងនោះ ខុសទាំងស្រុងទៅហើយ។ ហេតុអ្វីបានជាបងប្អូនមិនស៊ូទ្រំានឹងអំពើអយុត្ដិធម៌? ហេតុអ្វីបានជាមិនព្រមអោយគេរឹបយកទ្រព្យរបស់បងប្អូន? 8 ផ្ទុយទៅវិញ គឺបងប្អូនទេតើដែលជាអ្នកប្រព្រឹត្ដអំពើអយុត្ដិធម៌ ហើយរឹបយកទ្រព្យពីគេ ដែលសុទ្ធតែជាបងប្អូនរបស់ខ្លួនថែមទៀត។ 9 បងប្អូនមិនជ្រាបទេឬថា អ្នកប្រព្រឹត្ដអំពើទុច្ចរិត ពុំអាចទទួលព្រះរាជ្យ ព្រះជាម្ចាស់ទុកជាមត៌កបានឡើយ! សូមបងប្អូនកុំយល់ច្រឡំអោយសោះ អស់អ្នកដែលប្រព្រឹត្ដអំពើប្រាសចាកសីលធម៌ ពួកថ្វាយបង្គំព្រះក្លែងក្លាយ ពួកមានសហាយស្មន់ ពួកជនពាលពួកអ្នករួមសង្វាសនឹងភេទដូចគ្នា 10 ពួកចោរប្លន់ ពួកលោភលន់ចង់បានទ្រព្យគេ ពួកប្រមឹក ពួកជេរប្រមាថពួកប្លន់យកទ្រព្យគេ ពុំអាចទទួលព្រះរាជ្យរបស់ព្រះជាម្ចាស់ទុកជាមត៌កបានឡើយ។ 11 កាលពីដើម បងប្អូនខ្លះក៏ជាមនុស្សប្រភេទនោះដែរ។ ប៉ុន្ដែ ព្រះជាម្ចាស់លាងសំអាតបងប្អូន ប្រោសប្រទានអោយបងប្អូនបានវិសុទ្ធ ព្រមទាំងអោយបងប្អូនបានសុចរិត ក្នុងព្រះនាមព្រះអម្ចាស់យេស៊ូគ្រិស្ដ តាមរយៈព្រះវិញ្ញាណនៃព្រះជាម្ចាស់របស់យើងរួចស្រេចហើយ។ 12 ខ្ញុំមានសិទ្ធិនឹងធ្វើអ្វីៗទាំងអស់បាន ក៏ប៉ុន្ដែ ការទាំងនោះមិនមែនសុទ្ធតែមានប្រយោជន៍ដល់ខ្ញុំទេ។ ខ្ញុំមានសិទ្ធិនឹងធ្វើអ្វីៗទាំងអស់បាន តែខ្ញុំមិនបណ្ដោយអោយអ្វីមួយធ្វើជាចៅហ្វាយលើខ្ញុំបានឡើយ។ 13 អ្នកខ្លះពោលថា «ចំណីអាហារសំរាប់ចំអែតក្រពះ ហើយក្រពះសំរាប់ទទួលចំណីអាហារ»។ ក៏ប៉ុន្ដែ ព្រះជាម្ចាស់នឹងរំលាយ ទាំងចំណីអាហារ ទាំងក្រពះចោល។ រីឯរូបកាយវិញ ពុំមែនសំរាប់ប្រព្រឹត្ដអំពើប្រាសចាកសីលធម៌ទេ គឺសំរាប់ថ្វាយទៅព្រះអម្ចាស់ ហើយព្រះអង្គក៏ជាម្ចាស់លើរូបកាយដែរ។ 14 ព្រះជាម្ចាស់ដែលបានប្រោសព្រះយេស៊ូជាអម្ចាស់ អោយមានព្រះជន្មរស់ឡើងវិញ ទ្រង់ក៏នឹងប្រោសយើងអោយមានជីវិតរស់ឡើងវិញ ដោយសារឫទ្ធានុភាពរបស់ព្រះអង្គដែរ។ 15 បងប្អូនមិនជ្រាបទេឬថា រូបកាយរបស់បងប្អូនជាសរីរាង្គនៃព្រះកាយព្រះគ្រិស្ដ? ដូច្នេះ តើគប្បីអោយខ្ញុំយកសរីរាង្គព្រះគ្រិស្ដ ទៅធ្វើជាសរីរាង្គរបស់ស្ដ្រីពេស្យាឬ? 16 ទេ មិនបានជាដាច់ខាត! តើបងប្អូនមិនជ្រាបទេឬថា អ្នកណារួមរ័ក្សជាមួយស្ដ្រីពេស្យា អ្នកនោះក៏រួមជារូបកាយតែមួយរបស់នាងដែរ ដ្បិតមានសេចក្ដីថ្លែងទុកក្នុងគម្ពីរថា «អ្នកទាំងពីរនឹងទៅជារូបកាយតែមួយ»។ 17 រីឯអ្នកដែលរួមរស់ជាមួយព្រះអម្ចាស់ ក៏មានវិញ្ញាណតែមួយរួមជាមួយព្រះអង្គដែរ។ 18 ចូរគេចអោយផុតពីអំពើប្រាសចាកសីលធម៌។ អំពើបាបឯទៀតៗដែលមនុស្សប្រព្រឹត្ដជាអំពើបាបមិនធ្វើអោយរូបកាយសៅហ្មងទេ។ ប៉ុន្ដែ អ្នកណាប្រព្រឹត្ដអំពើប្រាសចាកសីលធម៌ អ្នកនោះប្រព្រឹត្ដអំពើបាប ដែលនាំអោយសៅហ្មងដល់រូបកាយរបស់ខ្លួន។ 19 បងប្អូនមិនជ្រាបទេឬថា រូបកាយរបស់បងប្អូន ជាព្រះវិហាររបស់ព្រះវិញ្ញាណដ៏វិសុទ្ធដែលគង់នៅក្នុងបងប្អូន ជាព្រះវិញ្ញាណដែលបងប្អូនបានទទួលពីព្រះជាម្ចាស់។ បងប្អូនមិនមែនជាម្ចាស់លើខ្លួនឯងទៀតទេ 20 ដ្បិតព្រះអង្គបានបង់ថ្លៃយ៉ាងច្រើនលើសលប់ ដើម្បីលោះបងប្អូន។ ហេតុនេះចូរប្រើរូបកាយរបស់បងប្អូន ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់។

កូរិនថូស 7

1 បងប្អូនបានសរសេរសំបុត្រទៅខ្ញុំថា ប្រសិនបើបុរសមិនប៉ះពាល់ស្ដ្រីទេនោះ ជាការប្រសើរ។ 2 ប៉ុន្ដែ ដើម្បីចៀសវាងកុំអោយមានការប្រាសចាកសីលធម៌ បុរសម្នាក់ៗត្រូវមានប្រពន្ធ ហើយស្ដ្រីម្នាក់ៗក៏ត្រូវមានប្ដីដែរ។ 3 ប្ដីត្រូវបំពេញករណីយកិច្ចជាប្ដី ចំពោះប្រពន្ធរបស់ខ្លួន រីឯប្រពន្ធក៏ត្រូវធ្វើដូច្នោះចំពោះប្ដីវិញដែរ។ 4 ប្រពន្ធគ្មានសិទ្ធិអ្វីនឹងប្រើរូបកាយរបស់ខ្លួនតាមអំពើចិត្ដទេ ព្រោះរូបកាយនោះជារបស់ប្ដី រីឯប្ដីវិញក៏ដូច្នោះដែរ គេគ្មានសិទ្ធិអ្វីនឹងប្រើរូបកាយរបស់ខ្លួនតាមអំពើចិត្ដទេ ព្រោះជារបស់ប្រពន្ធ។ 5 មិនត្រូវបង្អត់គ្នាទៅវិញទៅមកឡើយ លើកលែងតែបានព្រមព្រៀងគ្នា ដើម្បីទុកពេលមួយរយៈសំរាប់អធិស្ឋាន ប៉ុណ្ណោះ។ រួចហើយ ចូររួមរស់ជាមួយគ្នាដូចធម្មតាវិញទៅ ក្រែងលោមារ សាតាំងល្បួងចិត្ដបងប្អូន មកពីទ្រាំមិនបាន។ 6 ខ្ញុំនិយាយដូច្នេះ ដើម្បីបើកសិទ្ធិអោយបងប្អូន មិនមែនចង់បង្គាប់បងប្អូនទេ។ 7 ខ្ញុំចង់អោយមនុស្សទាំងអស់បានដូចខ្ញុំដែរ ក៏ប៉ុន្ដែម្នាក់ៗបានទទួលព្រះអំណោយទានមួយរៀងៗខ្លួន ពីព្រះជាម្ចាស់ម្នាក់ទទួលយ៉ាងនេះ ម្នាក់ទៀតទទួលយ៉ាងនោះ។ 8 ខ្ញុំសូមប្រាប់អស់អ្នកដែលនៅលីវ និង ស្ដ្រីមេម៉ាយថា គួរតែនៅលីវដូចខ្ញុំទៅ ល្អជាង។ 9 ប៉ុន្ដែ បើទ្រាំមិនបានទេ ចូររៀបការចុះ ព្រោះបើរៀបការ ប្រសើរជាងទុកអោយចិត្ដនៅពុះកញ្ជ្រោល។ 10 ខ្ញុំសូមបង្គាប់អស់អ្នកដែលមានគូស្រករហើយថា ភរិយាមិនត្រូវចាកចោលស្វាមីរបស់ខ្លួនឡើយ (មិនមែនខ្ញុំទេជាអ្នកបង្គាប់ គឺព្រះអម្ចាស់ទេតើដែលបង្គាប់)។ 11 ប្រសិនបើនាងបានជាចាកចោលប្ដីហើយ មិនត្រូវយកប្ដីទៀតទេ ឬ មួយត្រូវតែទៅជានានឹងប្ដីនាងវិញ។ រីឯប្ដី ក៏មិនត្រូវលែងប្រពន្ធរបស់ខ្លួនដែរ។ 12 ចំពោះអ្នកឯទៀតៗ (សេចក្ដីនេះមិនមែនមកពីព្រះអម្ចាស់ទេ គឺមកពីខ្ញុំផ្ទាល់) ខ្ញុំសូមជំរាបថា ប្រសិនបើបងប្អូនណាមានភរិយាជាអ្នកមិនជឿ ហើយបើនាងយល់ព្រមរស់នៅជាមួយ កុំលែងនាងឡើយ។ 13 រីឯស្ដ្រីមានប្ដីជាអ្នកមិនជឿវិញ បើប្ដីយល់ព្រមរស់នៅជាមួយនាង នោះក៏មិនត្រូវលែងគេដែរ 14 ដ្បិតព្រះជាម្ចាស់ប្រោសប្ដីដែលមិនជឿ អោយចូលរួមក្នុងប្រជាជនរបស់ព្រះអង្គតាមរយៈភរិយា ហើយព្រះអង្គក៏ប្រោសភរិយាដែលមិនជឿ អោយចូលរួមក្នុងប្រជាជនរបស់ព្រះអង្គ តាមរយៈប្ដីដែលជាអ្នកជឿនោះដែរ។ បើសេចក្ដីខាងលើនេះមិនពិត កូនចៅរបស់បងប្អូនមិនបរិសុទ្ធ ទេ!។ ក៏ប៉ុន្ដែតាមពិត ព្រះជាម្ចាស់បានប្រោសក្មេងទាំងនោះ អោយចូលរួមក្នុងប្រជាជនរបស់ព្រះអង្គរួចស្រេចទៅហើយ។ 15 បើគូស្រករដែលមិនជឿ ចាកចោលបងប្អូនដែលជាអ្នកជឿ អោយគេទៅចុះ បងប្អូនប្រុស ឬ ស្រីនោះគ្មានកំហុសអ្វីក្នុងរឿងនេះទេ។ ព្រះជាម្ចាស់បានត្រាស់ហៅយើងអោយមករស់ក្នុងសេចក្ដីសុខសាន្ដ។ 16 បងប្អូនជាស្ដ្រីដែលមានប្ដីហើយ តើនាងអាចដឹងដូចម្ដេចបានថា នាងនឹងសង្គ្រោះប្ដីរបស់នាង? រីឯបងប្អូនដែលមានភរិយា តើអ្នកអាចដឹងដូចម្ដេចបានថា អ្នកនឹងសង្គ្រោះភរិយារបស់អ្នក? 17 ក្រៅពីនេះ ម្នាក់ៗត្រូវតែរស់នៅអោយបានស្របតាមព្រះអំណោយទានដែលព្រះអម្ចាស់ប្រទានអោយ។ នៅពេលព្រះជាម្ចាស់ត្រាស់ហៅ បើម្នាក់ៗមានភាពយ៉ាងណា ត្រូវតែរស់អោយស្របតាមភាពនោះតទៅមុខទៀតទៅ។ ខ្ញុំតែងបង្គាប់អោយក្រុមជំនុំ ទាំងអស់ធ្វើតាមសេចក្ដីនេះ។ 18 នៅពេលព្រះជាម្ចាស់ត្រាស់ហៅ បើអ្នកណាម្នាក់កាត់ស្បែក រួចហើយ មិនត្រូវលុបបំបាត់ការកាត់ស្បែកនោះឡើយ បើមិនកាត់ស្បែកនៅពេលព្រះអង្គត្រាស់ហៅ ក៏មិនបាច់កាត់ស្បែកដែរ។ 19 ការកាត់ស្បែក ឬ មិនកាត់ស្បែកនោះ គ្មានសារៈសំខាន់អ្វីសោះ មានតែការប្រតិបត្ដិតាមបទបញ្ជា របស់ព្រះជាម្ចាស់វិញទេដែលសំខាន់។ 20 នៅពេលព្រះអង្គត្រាស់ហៅបើម្នាក់ៗមានភាពយ៉ាងណា ត្រូវតែរស់អោយស្របតាមភាពនោះតទៅមុខទៀតទៅ។ 21 ពេលព្រះអង្គត្រាស់ហៅ បើបងប្អូនជាខ្ញុំបំរើគេកុំខ្វល់ខ្វាយអ្វី។ ប៉ុន្ដែ បើបងប្អូនអាចរួចខ្លួន ត្រូវឆ្លៀតឱកាសអោយបានទៅជាអ្នកជាចុះ 22 ដ្បិតខ្ញុំបំរើណាដែលព្រះអម្ចាស់ត្រាស់ហៅ ខ្ញុំបំរើនោះបានរួចខ្លួន ហើយមានឋានៈជាអ្នកជានៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គ ចំពោះអ្នកជាណាដែលព្រះអង្គត្រាស់ហៅ អ្នកនោះទៅជាខ្ញុំបំរើព្រះគ្រិស្ដ។ 23 ព្រះអង្គបានលោះបងប្អូន ដោយបង់ថ្លៃយ៉ាងច្រើន ហេតុនេះសូមកុំបណ្ដោយខ្លួនអោយធ្លាក់ទៅជាខ្ញុំបំរើរបស់មនុស្សទៀតឡើយ។ 24 បងប្អូនអើយ កាលព្រះជាម្ចាស់ត្រាស់ហៅបងប្អូន បើបងប្អូនមានភាពយ៉ាងណា ចូរម្នាក់ៗស្ថិតក្នុងភាពនោះនៅចំពោះព្រះភ័ក្ដ្រព្រះអង្គតទៅមុខទៀតទៅ។ 25 រីឯអ្នកដែលមិនទាន់មានគូស្រករ ខ្ញុំពុំបានទទួលបញ្ជាអ្វីពីព្រះអម្ចាស់ទេ ក៏ប៉ុន្ដែ ខ្ញុំសូមជូនយោបល់ ក្នុងនាមខ្ញុំជាមនុស្សគួរអោយទុកចិត្ដព្រោះព្រះអង្គមានព្រះហឫទ័យមេត្ដាករុណាចំពោះរូបខ្ញុំ។ 26 ខ្ញុំយល់ឃើញថា បើគ្មានគូស្រករដូច្នេះប្រសើរហើយ គឺយោងតាមសភាពការណ៍ដ៏តឹងតែងសព្វថ្ងៃនេះ បើមនុស្សមានភាពដូច្នេះប្រសើរមែន។ 27 បើបងប្អូនមានប្រពន្ធហើយ កុំលែងនាងអោយសោះ! បើបងប្អូនមិនទាន់មានប្រពន្ធមិនបាច់រកប្រពន្ធទេ។ 28 បើបងប្អូនរៀបការ មិនមែនមានន័យថាបងប្អូនប្រព្រឹត្ដអំពើបាបឡើយ ហើយបើស្ដ្រីក្រមុំម្នាក់រៀបការ នោះនាងក៏គ្មានបាបអ្វីដែរ ប៉ុន្ដែ អ្នកដែលមានគូស្រករទាំងនោះ នឹងជួបប្រទះការលំបាកផ្សេងៗក្នុងជីវិតមិនខាន។ ខ្ញុំចង់អោយបងប្អូនចៀសផុតពីការលំបាកទាំងនោះ។ 29 បងប្អូនអើយ ខ្ញុំសូមជំរាបបងប្អូនថា ពេលវេលាកាន់តែកៀកណាស់ហើយ។ ពីពេលនេះទៅមុខអស់អ្នកដែលមានប្រពន្ធហើយ ត្រូវកាន់ចិត្ដដូចជាគ្មានប្រពន្ធ 30 អស់អ្នកដែលយំសោក ដូចជាមិនយំសោកអស់អ្នកដែលអរសប្បាយ ដូចជាមិនអរសប្បាយ អស់អ្នកដែលទិញ ដូចជាមិនមែនម្ចាស់ទ្រព្យ 31 ហើយអស់អ្នកដែលប្រើប្រាស់សម្បត្ដិលោកីយ៍ ក៏ត្រូវកាន់ចិត្ដដូចជាមិនបានប្រើប្រាស់ដែរ ដ្បិតពិភពលោកនេះនឹងត្រូវប្រែប្រួលជាមិនខាន។ 32 ខ្ញុំមិនចង់អោយបងប្អូនខ្វល់ខ្វាយអ្វីឡើយ។ អ្នកណាគ្មានប្រពន្ធ អ្នកនោះខ្វល់ខ្វាយនឹងព្រះអម្ចាស់ ធ្វើយ៉ាងណាអោយបានគាប់ព្រះហឫទ័យព្រះអង្គ។ 33 រីឯអ្នកមានប្រពន្ធវិញ គេខ្វល់ខ្វាយនឹងរឿងក្នុងលោកនេះ ធ្វើយ៉ាងណាអោយបានគាប់ចិត្ដប្រពន្ធ 34 ហើយចិត្ដអ្នកនោះត្រូវប្រទាញប្រទង់។ ចំពោះស្ដ្រីដែលគ្មានប្ដី និង ស្ដ្រីក្រមុំ នាងខ្វល់ខ្វាយនឹងរឿងព្រះអម្ចាស់ ដើម្បីថ្វាយទាំងរូបកាយ ទាំងវិញ្ញាណទៅព្រះអង្គ។ រីឯស្ដ្រីដែលមានប្ដីវិញ នាងខ្វល់ខ្វាយនឹងរឿងក្នុងលោកនេះធ្វើយ៉ាងណាអោយបានគាប់ចិត្ដប្ដី។ 35 ខ្ញុំនិយាយដូច្នេះ ដើម្បីជាប្រយោជន៍ដល់បងប្អូនមិនមែនចង់បំបាត់សេរីភាពរបស់បងប្អូនទេ គឺខ្ញុំចង់អោយបងប្អូនរស់នៅបានល្អប្រសើរជាប់ចិត្ដនឹងព្រះអម្ចាស់ដោយឥតរារែកឡើយ។ 36 ប្រសិនបើមានអ្នកណាម្នាក់យល់ឃើញថា បើមិនរៀបការជាមួយគូដណ្ដឹងរបស់ខ្លួនទេ នឹងនាំអោយបាក់មុខ ហើយបើចិត្ដរបស់គេឆាបឆួលចង់យកនាងត្រូវធ្វើតាមចិត្ដខ្លួននឹកឃើញទៅចុះ គឺរៀបការជាមួយនាងទៅ គ្មានបាបអ្វីទេ។ 37 រីឯអ្នកដែលប្ដេជ្ញាចិត្ដយ៉ាងម៉ឺងម៉ាត់ ដោយគ្មាននរណាបង្ខំ គឺយល់ឃើញថាអាចទប់ចិត្ដបាន ហើយសំរេចចិត្ដថានឹងមិនប៉ះពាល់គូដណ្ដឹងរបស់ខ្លួនទេនោះគាត់ធ្វើត្រឹមត្រូវហើយ។ 38 ដូច្នេះអ្នកណារៀបការជាមួយគូដណ្ដឹងរបស់ខ្លួន ប្រសើរហើយ រីឯអ្នកដែលមិនរៀបការវិញ ក៏រឹតតែប្រសើរថែមទៀត។ 39 ភរិយាត្រូវនៅជាប់នឹងប្ដីជានិច្ច ដរាបណាប្ដីនៅរស់ តែបើប្ដីស្លាប់ នាងមានសេរីភាពនឹងរៀបការជាមួយនរណាក៏បាន ស្រេចតែចិត្ដនាងអោយតែរៀបការជាមួយអ្នកជឿព្រះអម្ចាស់ដូចគ្នា។ 40 ក៏ប៉ុន្ដែ តាមយោបល់ខ្ញុំ ប្រសិនបើនាងមិនយកប្ដីទៀតទេនោះ នាងនឹងបានសប្បាយជាង។ ខ្ញុំនិយាយដូច្នេះ ព្រោះខ្ញុំយល់ថា ខ្ញុំក៏មានព្រះវិញ្ញាណរបស់ព្រះជាម្ចាស់គង់ជាមួយដែរ។

កូរិនថូស 8

1 ឥឡូវនេះ សូមរិះគិតអំពីបញ្ហាសាច់ដែលគេបានសែនព្រះក្លែងក្លាយ រួចហើយ។ យើងដឹងហើយថា យើងសុទ្ធតែចេះដឹងទាំងអស់គ្នា។ ការចេះដឹង រមែងនាំអោយអួតបំប៉ោង រីឯសេចក្ដីស្រឡាញ់រមែងតែងតែជួយកសាង។ 2 ប្រសិនបើមានអ្នកណាម្នាក់នឹកស្មានថា ខ្លួនចេះដឹងហើយ បានសេចក្ដីថា អ្នកនោះនៅមិនទាន់ចេះដឹងដូចដែលខ្លួនត្រូវចេះដឹងនោះឡើយ។ 3 ផ្ទុយទៅវិញ អ្នកណាស្រឡាញ់ព្រះជាម្ចាស់ ព្រះអង្គក៏ស្គាល់អ្នកនោះដែរ។ 4 ដូច្នេះ ចំពោះបញ្ហាបរិភោគសាច់ដែលគេបានសែនព្រះក្លែងក្លាយ យើងដឹងហើយថាក្នុងលោកនេះក្រៅពីព្រះជាម្ចាស់មួយព្រះអង្គ គ្មានព្រះឯណាទៀតសោះឡើយ។ 5 ទោះបីមានអ្វីៗ ដែលមនុស្សលោកចាត់ទុកជាព្រះនៅលើមេឃ ឬ នៅលើផែនដីក៏ដោយ (ដ្បិតគេជឿថាព្រះក៏មានច្រើនម្ចាស់ក៏មានច្រើន) 6 ក៏យើងជឿថា មានព្រះជាម្ចាស់តែមួយព្រះអង្គប៉ុណ្ណោះ។ ព្រះអង្គជាព្រះបិតាដែលបានបង្កើតអ្វីៗសព្វសារពើមក ហើយយើងមានជីវិតរស់សំរាប់ព្រះអង្គ។ យើងជឿទៀតថា មានព្រះអម្ចាស់តែមួយព្រះអង្គប៉ុណ្ណោះ គឺព្រះយេស៊ូគ្រិស្ដ ។ អ្វីៗសព្វសារពើកើតមកដោយសារព្រះអង្គ ហើយយើងមានជីវិតរស់ក៏ដោយសារព្រះអង្គដែរ។ 7 ប៉ុន្ដែ មិនមែនគ្រប់គ្នាទេ ដែលដឹងសេចក្ដីនេះ។ អ្នកខ្លះនៅតែជំពាក់ចិត្ដនឹងព្រះក្លែងក្លាយនៅឡើយ គេបរិភោគសាច់ទាំងនោះទុកដូចជាសំណែន ហើយដោយគេរិះគិតមិនបានដិតដល់ ក៏នឹកស្មានថា ខ្លួនត្រូវសៅហ្មង។ 8 តាមពិត មិនមែនចំណីអាហារទេ ដែលធ្វើអោយយើងបានខិតចូលជិតព្រះជាម្ចាស់។ បើយើងមិនបានបរិភោគយើងក៏មិនខាតអ្វី ហើយបើយើងបរិភោគក៏មិនចំណេញអ្វីដែរ។ 9 ហេតុនេះសូមបងប្អូនប្រុងប្រយ័ត្នខ្លួន កុំអោយសិទ្ធិសេរីភាពរបស់បងប្អូននាំអោយអ្នកដែលមានជំនឿទន់ខ្សោយធ្លាក់ក្នុងអំពើបាបនោះឡើយ។ 10 បងប្អូនជាអ្នកចេះដឹងអើយ ប្រសិនបើនរណាម្នាក់ដែលមានមនសិការទន់ខ្សោយ ឃើញបងប្អូនអង្គុយបរិភោគក្នុងវិហាររបស់ព្រះក្លែងក្លាយ នោះគេមុខជាយល់ឃើញថា ខ្លួនអាចបរិភោគសាច់ដែលបានសែនព្រះក្លែងក្លាយជាមិនខាន។ 11 ព្រះគ្រិស្ដបានសោយទិវង្គត ដើម្បីសង្គ្រោះអ្នកទន់ខ្សោយនោះ ប៉ុន្ដែ ការចេះដឹងរបស់បងប្អូន បែរជានាំគេអោយវិនាសអន្ដរាយទៅវិញ! 12 ដោយបងប្អូនប្រព្រឹត្ដអំពើបាបបែបនេះចំពោះបងប្អូនឯទៀតៗ និង ធ្វើអោយមនសិការរបស់គេកាន់តែអាប់ឱនថែមទៀត នោះបងប្អូនក៏ដូចជាបានប្រព្រឹត្ដអំពើបាបចំពោះព្រះគ្រិស្ដផ្ទាល់ដែរ។ 13 ហេតុនេះ ប្រសិនបើចំណីអាហារណាមួយធ្វើអោយបងប្អូនរបស់ខ្ញុំធ្លាក់ក្នុងអំពើបាប ខ្ញុំនឹងមិនបរិភោគសាច់ទៀតជាដាច់ខាតដើម្បីកុំអោយបងប្អូនខ្ញុំរវាតចិត្ដបាត់ជំនឿ។

កូរិនថូស 9

1 តើខ្ញុំគ្មានសេរីភាពទេឬ? តើខ្ញុំមិនមែនជាសាវ័ក ទេឬ? តើខ្ញុំមិនបានឃើញព្រះយេស៊ូជាព្រះអម្ចាស់របស់យើងទេឬ? តើបងប្អូនមិនមែនជាស្នាដៃរបស់ខ្ញុំ ក្នុងការបំរើព្រះអម្ចាស់ទេឬ? 2 ទោះបីមានអ្នកខ្លះមិនរាប់ខ្ញុំថាជាសាវ័កក៏ដោយ ក៏បងប្អូនត្រូវតែរាប់ខ្ញុំថាជាសាវ័កដែរ។ ដោយបងប្អូនមានជីវិតរួមជាមួយព្រះអម្ចាស់ បងប្អូនជាភស្ដុតាងបញ្ជាក់ថា ខ្ញុំពិតជាមានមុខងារជាសាវ័កមែន។ 3 ខ្ញុំសូមឆ្លើយចំពោះអស់អ្នកដែលចោទប្រកាន់ខ្ញុំដូចតទៅនេះ : 4 តើយើងគ្មានសិទ្ធិនឹងទទួលទានបាយទឹកទេឬ? 5 តើយើងគ្មានសិទ្ធិនឹងនាំស្ដ្រីម្នាក់ដែលមានជំនឿទៅជាមួយ ដូចសាវ័កឯទៀតៗ ដូចបងប្អូនរបស់ព្រះអម្ចាស់ និង ដូចលោកកេផាសទេឬ? 6 ឬមួយមានតែខ្ញុំ និង លោកបារណាបាសប៉ុណ្ណោះទេ ដែលត្រូវតែធ្វើការចិញ្ចឹមជីវិត? 7 មិនដែលមាននរណាបំរើកងទ័ព ហើយចេញសោហ៊ុយខ្លួនឯងឡើយ មិនដែលមាននរណាដំាទំពំាងបាយជូរ ហើយមិនបរិភោគផ្លែនោះទេ ក៏មិនដែលមាននរណាចិញ្ចឹមហ្វូងសត្វ ហើយមិនពិសាទឹកដោះរបស់សត្វក្នុងហ្វូងនោះដែរ។ 8 ខ្ញុំនិយាយដូច្នេះ មិនមែនត្រឹមតែតាមរបៀបរបស់មនុស្សទេ សូម្បីតែក្នុងក្រឹត្យវិន័យ ក៏មានចែងដូចគ្នាដែរ 9 គឺក្នុងវិន័យរបស់លោកម៉ូសេមានចែងទុកថាៈ «កុំឃ្លុំមាត់គោ នៅពេលបញ្ជាន់ស្រូវនោះឡើយ»។ តាមពិត ព្រះជាម្ចាស់មិនខ្វល់ខ្វាយនឹងគោទេ 10 ព្រះអង្គមានព្រះបន្ទូលដូច្នេះ មកពីព្រះអង្គគិតដល់យើង។ ពិតមែនហើយ ក្នុងគម្ពីរមានចែងទុកដូច្នេះសំរាប់យើង។ អ្នកដែលភ្ជួររាស់ ត្រូវសង្ឃឹមថានឹងបានផល ហើយអ្នកបោកបែន ក៏ត្រូវសង្ឃឹមថានឹងបានផលដែរ។ 11 យើងបានសាបព្រោះព្រះបន្ទូលដែលជាពូជខាងវិញ្ញាណនៅក្នុងបងប្អូន ហើយយើងច្រូតយកផល ជាសម្បត្ដិលោកីយ៍ពីបងប្អូន តើមានអ្វីគួរអោយអស្ចារ្យ! 12 ប្រសិនបើអ្នកផ្សេងមានសិទ្ធិទទួលផលពីបងប្អូនយ៉ាងនេះទៅហើយ តើយើងមិនរឹតតែមានសិទ្ធិលើសអ្នកទាំងនោះទៀតឬ? ក៏ប៉ុន្ដែយើងពុំបានប្រើសិទ្ធិនេះទេ ផ្ទុយទៅវិញ យើងសុខចិត្ដស៊ូទ្រំាគ្រប់បែបយ៉ាង ដើម្បីកុំអោយមានឧបសគ្គចំពោះដំណឹងល្អ របស់ព្រះគ្រិស្ដ ។ 13 បងប្អូនជ្រាបស្រាប់ហើយថា អស់អ្នកបំពេញមុខងារក្នុងព្រះវិហារតែងតែទទួលចំណីអាហារពីព្រះវិហារ ហើយអស់អ្នកថ្វាយយញ្ញបូជានៅលើអាសនៈ ក៏ទទួលសាច់ពីអាសនៈដែរ។ 14 រីឯព្រះអម្ចាស់វិញ ព្រះអង្គបានបង្គាប់មកថា អស់អ្នកដែលផ្សព្វផ្សាយដំណឹងល្អត្រូវតែចិញ្ចឹមជីវិតដោយសារដំណឹងល្អនោះ។ 15 ចំពោះខ្ញុំ ខ្ញុំពុំដែលប្រើសិទ្ធិទាំងនេះទាល់តែសោះហើយខ្ញុំសរសេរដូច្នេះ ក៏ពុំមែនចង់ទាមទារយកសិទ្ធិនោះមកប្រើដែរ សូវស្លាប់ល្អជាង! គ្មាននរណាអាចដកយកកិត្ដិយសនេះ ចេញពីខ្ញុំបានឡើយ។ 16 ខ្ញុំមិនត្រូវអួតថាការផ្សាយដំណឹងល្អជាកិត្ដិយសរបស់ខ្ញុំនោះទេ ព្រោះជាភារកិច្ចមួយដែលខ្ញុំត្រូវតែធ្វើដោយខានមិនបាន។ ប្រសិនបើខ្ញុំមិនផ្សាយដំណឹងល្អទេ សូមអោយខ្ញុំវេទនាទៅចុះ!។ 17 ប្រសិនបើខ្ញុំស្ម័គ្រចិត្ដផ្សាយដំណឹងល្អដោយខ្លួនឯង ខ្ញុំត្រូវតែទទួលបៀវត្សរ៍។ ផ្ទុយទៅវិញបើកិច្ចការនេះជាភារកិច្ចរបស់ខ្ញុំ ខ្ញុំត្រូវតែបំពេញតាមតែព្រះអង្គផ្ទុកផ្ដាក់អោយខ្ញុំធ្វើ។ 18 ដូច្នេះ តើខ្ញុំនឹងបានទទួលបៀវត្សរ៍ឯណា! បៀវត្សរ៍របស់ខ្ញុំ គឺអោយតែខ្ញុំបានផ្សាយដំណឹងល្អ ដោយឥតគិតថ្លៃ ឥតប្រើសិទ្ធិជាអ្នកផ្សាយដំណឹងល្អឡើយ។ 19 ទោះបីខ្ញុំជាមនុស្សមានសេរីភាព គ្មានជាប់ចំណងរបស់នរណាក៏ដោយ ក៏ខ្ញុំសុខចិត្ដដាក់ខ្លួន ធ្វើជាខ្ញុំបំរើរបស់មនុស្សទាំងអស់ដែរដើម្បីនាំមនុស្សជាច្រើន អោយមានជំនឿលើព្រះគ្រិស្ដ។ 20 កាលខ្ញុំនៅជាមួយសាសន៍យូដា ខ្ញុំធ្វើដូចសាសន៍យូដា ដើម្បីនាំគេអោយមានជំនឿលើព្រះគ្រិស្ដ។ ទោះបីខ្លួនខ្ញុំផ្ទាល់មិនស្ថិតនៅក្រោមក្រឹត្យវិន័យ ក៏ដោយកាលណាខ្ញុំនៅជាមួយអស់អ្នកដែលស្ថិតនៅក្រោមអំណាចរបស់ក្រឹត្យវិន័យខ្ញុំក៏ធ្វើដូចអ្នកដែលស្ថិតនៅក្រោមអំណាចរបស់ក្រឹត្យវិន័យដែរ។ 21 កាលខ្ញុំនៅជាមួយអស់អ្នកដែលគ្មានក្រឹត្យវិន័យ ខ្ញុំធ្វើដូចអ្នកដែលគ្មានក្រឹត្យវិន័យ ដើម្បីនាំពួកគេអោយមានជំនឿលើព្រះគ្រិស្ដ (តាមពិត ខ្ញុំមិនមែនជាអ្នកគ្មានក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ទេ ដ្បិតខ្ញុំស្ថិតនៅក្រោមក្រឹត្យវិន័យរបស់ព្រះគ្រិស្ដ)។ 22 កាលខ្ញុំនៅជាមួយអ្នកមានជំនឿទន់ខ្សោយ ខ្ញុំក៏ធ្វើដូចជាអ្នកមានជំនឿទន់ខ្សោយដែរ ដើម្បីនាំពួកគេអោយមានជំនឿលើព្រះគ្រិស្ដ។ ខ្ញុំធ្វើអោយបានដូចមនុស្សទាំងអស់ ក្នុងគ្រប់កាលៈទេសៈដើម្បីសង្គ្រោះអ្នកខ្លះ តាមគ្រប់មធ្យោបាយទាំងអស់។ 23 ព្រោះតែដំណឹងល្អខ្ញុំសុខចិត្ដធ្វើអ្វីៗទាំងអស់ ដើម្បីអោយបានចូលរួមទទួលផលពីដំណឹងល្អនោះ។ 24 បងប្អូនជ្រាបស្រាប់ហើយថា អស់អ្នកដែលរត់ប្រណាំងនៅកីឡាដ្ឋាន គេរត់ទាំងអស់គ្នា ប៉ុន្ដែ មានតែម្នាក់ប៉ុណ្ណោះ ដែលបានទទួលរង្វាន់។ សូមបងប្អូនរត់តាមរបៀបនោះដែរទៅ ដើម្បីអោយបានទទួលរង្វាន់។ 25 អ្នកប្រកួតកីឡាទាំងអស់តែងតែលត់ដំខ្លួន ដោយធ្វើតាមក្បួនតំរាគ្រប់យ៉ាង ដើម្បីអោយបានទទួលភួងជ័យ ដែលនឹងរលាយសាបសូន្យទៅ។ រីឯយើងវិញយើងនឹងទទួលភួងជ័យ ដែលមិនចេះរលាយសាបសូន្យឡើយ។ 26 ហេតុនេះ ចំពោះរូបខ្ញុំ ខ្ញុំមិនរត់ដូចជាមិនស្គាល់ទីដៅនោះទេ ខ្ញុំក៏មិនប្រដាល់ខ្យល់ដែរ។ 27 ផ្ទុយទៅវិញ ខ្ញុំលត់ដំរូបកាយខ្ញុំយ៉ាងតឹងតែង ហើយខ្ញុំធ្វើម្ចាស់លើរូបកាយខ្លួនឯង ក្រែងលោក្រោយពីបានផ្សាយដំណឹងល្អដល់អ្នកឯទៀតៗហើយ ខ្លួនខ្ញុំផ្ទាល់បែរជាត្រូវគេផាត់ចោលទៅវិញ។

កូរិនថូស 10

1 បងប្អូនអើយខ្ញុំចង់អោយបងប្អូនជ្រាបថា បុព្វបុរស របស់យើងសុទ្ធតែបានដើរក្រោមពពក និង បានដើរឆ្លងសមុទ្រទាំងអស់គ្នា។ 2 ពួកលោកបានទទួលពិធីជ្រមុជក្នុងពពក និង ក្នុងសមុទ្រ រួមជាមួយលោកម៉ូសេ។ 3 បុព្វបុរសទាំងនោះបានបរិភោគអាហារដែលមកពីព្រះវិញ្ញាណ 4 និង បានពិសាទឹកដែលមកពីព្រះវិញ្ញាណដូចគ្នាទាំងអស់ ដ្បិតពួកលោកបានពិសាទឹកហូរចេញពីថ្មដាដែលមកពីព្រះវិញ្ញាណ ជាថ្មដាដែលរួមដំណើរជាមួយពួកលោក ថ្មនេះ គឺព្រះគ្រិស្ដ។ 5 ប៉ុន្ដែ មានបុព្វបុរសមួយចំនួនធំស្លាប់នៅវាលរហោស្ថាន ព្រោះពួកលោកមិនបានគាប់ព្រះហឫទ័យព្រះជាម្ចាស់ទេ។ 6 ហេតុការណ៍ទាំងនោះជាមេរៀនសំរាប់យើង ដើម្បីកុំអោយយើងមានចិត្ដប៉ងប្រាថ្នាអាក្រក់ ដូចពួកបុព្វបុរសឡើយ។ 7 សូមកុំថ្វាយបង្គំព្រះក្លែងក្លាយដូចបុព្វបុរសខ្លះអោយសោះ ដ្បិតមានចែងទុកមកថា «ប្រជាជនអង្គុយបរិភោគបាយទឹក បន្ទាប់មក គេនាំគ្នាក្រោកឡើងរំាសប្បាយ»។ 8 យើងមិនត្រូវបណ្ដោយខ្លួន អោយប្រាសចាកសីលធម៌ដូចបុព្វបុរសខ្លះ ដែលជាហេតុនាំអោយគេស្លាប់អស់ពីរម៉ឺនបីពាន់នាក់ ក្នុងរយៈពេលតែមួយថ្ងៃ។ 9 យើងមិនត្រូវល្បងលមើលឫទ្ធិបារមីរបស់ព្រះអម្ចាស់ ដូចបុព្វបុរសខ្លះបានល្បង ហើយត្រូវស្លាប់ ដោយពស់ចឹកនោះអោយសោះ។ 10 សូមកុំរអ៊ូរទំា ដូចបុព្វបុរសខ្លះដែលបានរអ៊ូរទំាហើយត្រូវមច្ចុរាជប្រហារជីវិតនោះឡើយ។ 11 ហេតុការណ៍ទាំងនេះកើតមានដល់ពួកលោក ទុកជាមេរៀន ហើយមានចែងទុកក្នុងគម្ពីរ ដើម្បីទូន្មានពួកយើងដែលរស់នៅជំនាន់ចុងក្រោយបង្អស់នេះ។ 12 ដូច្នេះ បើអ្នកណានឹកស្មានថាខ្លួនមានជំហរមំាមួនអ្នកនោះត្រូវប្រយ័ត្នក្រែងលោជំពប់ដួលទៅវិញ។ 13 គ្មានការល្បួងណាមួយកើតមានដល់បងប្អូន ក្រៅពី ការល្បួងដែលមនុស្ស លោកតែងជួបប្រទះនោះឡើយ។ ព្រះជាម្ចាស់មានព្រះហឫទ័យស្មោះត្រង់ ទ្រង់មិនបណ្ដោយអោយមារ ល្បួងបងប្អូនហួសពីកម្លំាងបងប្អូនទេ ប៉ុន្ដែ នៅពេលបងប្អូនជួបការល្បួង ព្រះអង្គនឹងប្រទានមធ្យោបាយអោយបងប្អូនចេញរួច និង អោយបងប្អូនអាចទ្រំាទ្របាន។ 14 ហេតុនេះ បងប្អូនជាទីស្រឡាញ់អើយ មិនត្រូវថ្វាយបង្គំព្រះក្លែងក្លាយឡើយ។ 15 ខ្ញុំនិយាយជាមួយបងប្អូន ដូចជានិយាយទៅកាន់អ្នកមានប្រាជ្ញាដែរ សូមបងប្អូនពិចារណាសេចក្ដីដែលខ្ញុំនិយាយនេះ ដោយខ្លួនឯងផ្ទាល់ទៅ។ 16 ពេលយើងលើកពែងនៃព្រះពរឡើង ដើម្បីអរព្រះគុណព្រះជាម្ចាស់ មានន័យថា យើងចូលរួមជាមួយព្រះលោហិតរបស់ព្រះគ្រិស្ដ រីឯពេលដែលយើងកាច់នំបុ័ង ក៏មានន័យថាយើងចូលរួមជាមួយព្រះកាយរបស់ព្រះគ្រិស្ដដែរ។ 17 មាននំបុ័ងតែមួយប៉ុណ្ណោះ ទោះបីយើងមានគ្នាច្រើនក្ដី ក៏យើងរួមគ្នាមកជារូបកាយតែមួយដែរ ព្រោះយើងទាំងអស់គ្នាបានទទួលចំណែកពីនំបុ័ងតែមួយ។ 18 សូមរិះគិតអំពីជនជាតិអ៊ីស្រាអែលមើល៍អស់អ្នកបរិភោគសាច់សត្វដែលគេថ្វាយជាយញ្ញបូជា ក៏បានចូលរួម ជាមួយនឹងព្រះជាម្ចាស់ ដោយសារសាច់ដែលគេបានថ្វាយនោះដែរ។ 19 ខ្ញុំនិយាយនេះមានន័យដូចម្ដេច? តើសាច់ដែលគេសែនទៅព្រះក្លែងក្លាយមានសារសំខាន់អ្វី ហើយព្រះក្លែងក្លាយមានសារសំខាន់អ្វីដែរ? 20 ទេ! គ្មានសារសំខាន់អ្វីទាំងអស់! ផ្ទុយទៅវិញ អ្វីៗដែលគេសែននោះគេសែនអារក្ស គឺមិនមែនថ្វាយព្រះជាម្ចាស់ទេ។ ហេតុនេះហើយបានជាខ្ញុំមិនចង់អោយបងប្អូនចូលរួមរស់ជាមួយពួកអារក្សទាល់តែសោះ។ 21 បងប្អូនមិនអាចលើកពែងរបស់ព្រះអម្ចាស់ពិសាផង ហើយលើកពែងរបស់ពួកអារក្សពិសាផងបានទេ។ បងប្អូនក៏មិនអាចរួមតុជាមួយព្រះអម្ចាស់ផង ហើយរួមតុជាមួយពួកអារក្សផងបានដែរ។ 22 ឬមួយក៏យើងចង់អោយព្រះអម្ចាស់មានព្រះហឫទ័យច្រណែន? តើយើងខ្លាំងពូកែជាងព្រះអង្គឬ? 23 យើងមានសិទ្ធិនឹងធ្វើអ្វីៗទាំងអស់បាន ប៉ុន្ដែ ការទាំងនោះ មិនមែនសុទ្ធតែមានប្រយោជន៍ទេ។ យើងមានសិទ្ធិនឹងធ្វើអ្វីៗទាំងអស់បាន ប៉ុន្ដែ ការទាំងនោះមិនមែនសុទ្ធតែធ្វើអោយចំរើនឡើងបានឡើយ។ 24 កុំអោយមាននរណាម្នាក់ស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន គឺត្រូវស្វែងរកប្រយោជន៍សំរាប់អ្នកដទៃវិញ។ 25 បងប្អូនអាចបរិភោគអ្វីៗដែលគេលក់នៅតាមផ្សារបានតាមចិត្ដ មិនបាច់សួរដេញដោល ព្រោះខ្លាចធ្វើខុសនឹងមនសិការរបស់ខ្លួននោះឡើយ 26 ដ្បិត«ផែនដី និង អ្វីៗដែលស្ថិតនៅលើផែនដី សុទ្ធតែជាកម្មសិទ្ធិរបស់ព្រះអម្ចាស់ទាំងអស់»។ 27 ប្រសិនបើមានអ្នកមិនជឿអញ្ជើញបងប្អូនទៅពិសាបាយ ហើយបងប្អូនយល់ព្រមទៅ សូមពិសាម្ហូបអាហារ ទាំងប៉ុន្មានដែលគេលើកមកជូនបងប្អូន មិនបាច់សួរដេញដោល ព្រោះខ្លាចធ្វើខុសនឹងមនសិការនោះឡើយ!។ 28 ប៉ុន្ដែ បើគេប្រាប់បងប្អូនថា «ម្ហូបនេះជាម្ហូបសែន» សូមកុំពិសាអោយសោះ។ ធ្វើដូច្នេះ មកពីយល់ដល់អ្នកដែលបានប្រាប់បងប្អូន និង មកពីមនសិការដាស់តឿន។ 29 ខ្ញុំមិននិយាយអំពីមនសិការរបស់បងប្អូនទេ គឺសំដៅទៅលើមនសិការរបស់អ្នកដែលបានប្រាប់បងប្អូននោះវិញ។ ហេតុអ្វីបានជាសេរីភាពរបស់ខ្ញុំក្នុងការប្រព្រឹត្ដ បែរជាត្រូវសំរបទៅតាមមនសិការរបស់អ្នកដទៃដូច្នេះ? 30 ប្រសិនបើខ្ញុំទទួលទានអាហារទាំងអរព្រះគុណព្រះជាម្ចាស់ ហេតុអ្វីបានជាគេរិះគន់ខ្ញុំអំពីអាហារដែលខ្ញុំបានអរព្រះគុណព្រះអង្គរួចហើយនោះទៅវិញ? 31 ដូច្នេះ ទោះបីបងប្អូនពិសាម្ហូបអាហារអ្វី ពិសាភេសជ្ជៈអ្វី ឬ ទោះបីបងប្អូនធ្វើការអ្វីក៏ដោយ ត្រូវធ្វើទាំងអស់ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់។ 32 សូមបងប្អូនកុំធ្វើអោយសាសន៍យូដាសាសន៍ក្រិក ឬ ក្រុមជំនុំ របស់ព្រះជាម្ចាស់ ជំពប់ចិត្ដឡើយ។ 33 រីឯខ្ញុំវិញក៏ដូច្នោះដែរ ខ្ញុំខំប្រឹងផ្គាប់ចិត្ដមនុស្សទាំងអស់ ក្នុងគ្រប់កិច្ចការ ខ្ញុំមិនស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួនទេ គឺស្វែងរកប្រយោជន៍សំរាប់មនុស្សទាំងអស់ ដើម្បីអោយគេទទួលការសង្គ្រោះ។

កូរិនថូស 11

1 សូមយកតំរាប់តាមខ្ញុំ ដូចខ្លួនខ្ញុំផ្ទាល់បានយកតំរាប់តាមព្រះគ្រិស្ដ ដែរ។ 2 ខ្ញុំសូមសរសើរបងប្អូន ដោយបងប្អូននឹកដល់ខ្ញុំក្នុងគ្រប់កាលៈទេសៈ ហើយប្រតិបត្ដិតាមពាក្យទូន្មានទាំងប៉ុន្មាន ដែលខ្ញុំបានយកមកជូនបងប្អូន។ 3 ក៏ប៉ុន្ដែ ខ្ញុំចង់អោយបងប្អូនជ្រាបថា ព្រះគ្រិស្ដនាំមុខ បុរសគ្រប់រូបបុរសនាំមុខស្ដ្រី ហើយព្រះជាម្ចាស់នាំមុខព្រះគ្រិស្ដ។ 4 បុរសណាអធិស្ឋាន ឬថ្លែងព្រះបន្ទូល ទាំងមានពាក់អ្វីពីលើក្បាល បុរសនោះបន្ថោកព្រះគ្រិស្ដ។ 5 ផ្ទុយទៅវិញស្ដ្រីណាអធិស្ឋាន ឬ ថ្លែងព្រះបន្ទូល ដោយមិនទទូរស្បៃពីលើក្បាលទេស្ដ្រីនោះបន្ថោកប្ដីរបស់ខ្លួន ធ្វើយ៉ាងនេះ ប្រៀបបីដូចជានាងកោរសក់ដែរ។ 6 បើស្ដ្រីណាមិនទទូរស្បៃពីលើក្បាលទេ អោយនាងកោរសក់តែម្ដងទៅ! ប៉ុន្ដែ បើការកាត់សក់ ឬកោរសក់នាំអោយស្ដ្រីៗអាម៉ាស់មុខដូច្នេះ នាងត្រូវតែទទូរស្បៃ។ 7 ប្រុសៗមិនត្រូវទទូរស្បៃពីលើក្បាលឡើយ ព្រោះខ្លួនជាតំណាង ព្រះជាម្ចាស់ និង សំដែងសិរីរុងរឿងរបស់ព្រះអង្គអោយគេឃើញ។ រីឯស្ដ្រីវិញ នាងសំដែងសិរីរុងរឿងរបស់ប្ដីអោយគេឃើញ 8 ដ្បិតបុរសដើមដំបូងមិនបានកើតចេញពីស្ដ្រីឡើយ គឺស្ដ្រីទេតើដែលកើតចេញពីបុរស 9 ហើយព្រះជាម្ចាស់ពុំបានបង្កើតបុរសមកសំរាប់ស្ដ្រីទេ គឺព្រះអង្គបង្កើតស្ដ្រីសំរាប់បុរសវិញ។ 10 ហេតុនេះដោយយោគយល់ដល់ពួកទេវតា ស្ដ្រីៗត្រូវតែទទូរស្បៃ ជាសញ្ញាថានាងស្ថិតនៅ ក្រោមអំណាចប្ដីរបស់ខ្លួន។ 11 ក៏ប៉ុន្ដែ ក្នុងការរស់នៅរួមជាមួយព្រះអម្ចាស់ស្ដ្រីត្រូវការបុរសជាចាំបាច់ ហើយបុរសក៏ត្រូវការស្ដ្រីជាចាំបាច់ដែរ។ 12 ព្រះជាម្ចាស់បានយកស្ដ្រីចេញមកពីបុរសយ៉ាងណា បុរសក៏កើតចេញមកពីស្ដ្រីយ៉ាងនោះដែរ ហើយអ្វីៗទាំងអស់សុទ្ធតែកើតមកពីព្រះជាម្ចាស់។ 13 សូមបងប្អូនពិចារណាមើលខ្លួនឯងទៅចុះថា តើស្ដ្រីៗអធិស្ឋានទៅកាន់ព្រះជាម្ចាស់ ដោយមិនទទូរស្បៃសមឬ មិនសម? 14 សូម្បីតែធម្មជាតិក៏បានបង្ហាញអោយយើងដឹងដែរថា បើប្រុសៗទុកសក់វែងនោះ គឺជាការអាម៉ាស់មុខណាស់ 15 ផ្ទុយទៅវិញ សក់វែងជាសិរីរុងរឿងរបស់ស្ដ្រី។ តាមពិតព្រះជាម្ចាស់ប្រទានអោយស្ដ្រីៗមានសក់វែង ទុកដូចជាស្បៃនៅលើក្បាលរបស់នាង។ 16 ប្រសិនបើនរណាម្នាក់ចង់ប្រកែកតវ៉ាអំពីរឿងនេះ តោងដឹងថាយើងមិនដែលមានទម្លាប់នេះទេហើយក្រុមជំនុំ របស់ព្រះជាម្ចាស់ក៏មិនដែលមានដែរ។ 17 ក្រៅពីសេចក្ដីដែលខ្ញុំបានរៀបរាប់មកនេះខ្ញុំពុំអាចសរសើរបងប្អូនបានឡើយ ព្រោះការប្រជុំរបស់បងប្អូន ពុំបានធ្វើអោយបងប្អូនចំរើនឡើងទេ គឺបែរជាបណ្ដាលអោយអន់ថយទៅៗ 18 ជាបឋម ខ្ញុំបានឮដំណឹងថា នៅពេលបងប្អូនរួមប្រជុំគ្នាជាក្រុមជំនុំ នោះបងប្អូនបានបាក់បែកគ្នាជាបក្សជាពួក។ ត្រង់នេះ ខ្ញុំជឿខ្លះៗដែរ។ 19 ត្រូវតែមានការខ្វែងគំនិតក្នុងចំណោមបងប្អូនដូច្នេះឯង ដើម្បីអោយដឹងថាអ្នកណាពិតជាមានចិត្ដស៊ូទ្រាំយ៉ាងស្មោះមែន។ 20 ពេលបងប្អូនប្រជុំគ្នា បងប្អូនមិនបរិភោគពិធីជប់លៀងរបស់ព្រះអម្ចាស់ ទេ 21 ព្រោះម្នាក់ៗគិតតែពីប្រញាប់ប្រញាល់បរិភោគម្ហូបអាហារដែលខ្លួនយកមក នាំអោយអ្នកខ្លះគ្មានអ្វីបរិភោគអ្នកខ្លះស្រវឹង។ 22 តើបងប្អូនគ្មានផ្ទះសែម្បងសំរាប់ពិសាបាយទឹកទេឬ? ឬមួយមកពីបងប្អូនប្រមាថមាក់ងាយក្រុមជំនុំរបស់ព្រះជាម្ចាស់ និង ចង់ធ្វើអោយអ្នកដែលគ្មានអ្វីបរិភោគត្រូវអៀនខ្មាស?។ តើត្រូវអោយខ្ញុំនិយាយមកកាន់បងប្អូនដោយរបៀបណា? អោយខ្ញុំសរសើរបងប្អូនឬ? ទេខ្ញុំពុំអាចសរសើរបងប្អូនក្នុងរឿងនេះបានទេ! 23 រីឯខ្ញុំ ខ្ញុំបានជំរាបបងប្អូននូវសេចក្ដីដែលខ្ញុំបានទទួលពីព្រះអម្ចាស់មកថា នៅយប់ដែលព្រះអម្ចាស់យេស៊ូត្រូវគេចាប់បញ្ជូនទៅឆ្កាង ព្រះអង្គយកនំបុ័ងមកកាន់ 24 ទ្រង់អរព្រះគុណព្រះជាម្ចាស់ហើយកាច់នំបុ័ងនោះ ទាំងមានព្រះបន្ទូលថា"នេះជារូបកាយខ្ញុំ ដែលត្រូវបូជាសំរាប់អ្នករាល់គ្នា។ ចូរធ្វើដូច្នេះ ដើម្បីរំលឹកដល់ខ្ញុំ"។ 25 លុះជប់លៀងរួចហើយ ព្រះអង្គធ្វើតាមបែបដដែល ទ្រង់យកពែងមកកាន់ ទាំងមានព្រះបន្ទូលថា"នេះជាពែងនៃសម្ពន្ធមេត្រី ថ្មី ចងឡើង ដោយលោហិតរបស់ខ្ញុំ។ គ្រប់ពេលដែលអ្នករាល់គ្នាពិសា ចូរធ្វើដូច្នេះ ដើម្បីរំលឹកដល់ខ្ញុំ"។ 26 រៀងរាល់ពេលដែលបងប្អូនពិសានំបុ័ង និង ពិសាពីពែងនេះ បងប្អូនប្រកាសអំពីព្រះអម្ចាស់សោយទិវង្គត រហូតដល់ព្រះអង្គយាងមកវិញ។ 27 ហេតុនេះ ប្រសិនបើអ្នកណាពិសានំបុ័ង និង ពិសាពីពែងរបស់ព្រះអម្ចាស់ដោយមិនសមរម្យ អ្នកនោះនឹងមានកំហុស ដោយមិនបានគោរពព្រះកាយ និង ព្រះលោហិតរបស់ព្រះអម្ចាស់។ 28 ដូច្នេះម្នាក់ៗត្រូវពិនិត្យពិច័យមើលចិត្ដគំនិតរបស់ខ្លួនឯងសិន សឹមពិសានំបុ័ង និង ពិសាពីពែងរបស់ព្រះអម្ចាស់ 29 ដ្បិតអ្នកណាពិសានំបុ័ង និង ពិសាពីពែងនោះ ដោយមិនបានយល់ដល់ព្រះកាយរបស់ព្រះអម្ចាស់ទេ អ្នកនោះយកទោសមកដាក់លើខ្លួនឯងផ្ទាល់។ 30 ហេតុនេះហើយបានជានៅក្នុងចំណោមបងប្អូនមានគ្នាច្រើនខ្សោយកម្លាំង និង ឈឺ ហើយមានមួយចំនួនធំបានស្លាប់។ 31 ប្រសិនបើយើងពិនិត្យពិច័យមើលខ្លួនឯង ព្រះអម្ចាស់នឹងមិនវិនិច្ឆ័យទោសយើងទេ។ 32 ប៉ុន្ដែ បើព្រះអម្ចាស់វិនិច្ឆ័យទោសយើង មកពីព្រះអង្គចង់កែយើងដើម្បីកុំអោយយើងទទួលទោសជាមួយលោកីយ៍។ 33 ហេតុនេះ បងប្អូនអើយ នៅពេលបងប្អូនជួបជុំគ្នាបរិភោគពិធីជប់លៀងរបស់ព្រះអម្ចាស់ ត្រូវចាំគ្នាផង។ 34 ប្រសិនបើអ្នកណាឃ្លាន អ្នកនោះត្រូវពិសាបាយពីផ្ទះអោយហើយទៅ ដើម្បីចៀសវាងកុំអោយការប្រជុំរបស់បងប្អូនទៅជាមានទោសទៅវិញ។ ចំពោះបញ្ហាឯទៀតៗ ខ្ញុំនឹងដោះស្រាយជូន នៅពេលខ្ញុំមកដល់។

កូរិនថូស 12

1 បងប្អូនអើយ ខ្ញុំចង់អោយបងប្អូនជ្រាបយ៉ាងច្បាស់ អំពីព្រះអំណោយទានរបស់ព្រះវិញ្ញាណ។ 2 បងប្អូនជ្រាបស្រាប់ហើយថា កាលបងប្អូនមិនទាន់ស្គាល់ព្រះអង្គនៅឡើយ បងប្អូនបានបណ្ដោយខ្លួនទៅគោរពព្រះក្លែងក្លាយដែលមិនចេះនិយាយ។ 3 ហេតុនេះ ខ្ញុំសូមជំរាបបងប្អូនអោយដឹងថា ប្រសិនបើអ្នកណាម្នាក់មានព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ណែនាំ អ្នកនោះពុំអាចពោលថា «ព្រះយេស៊ូត្រូវបណ្ដាសា» កើតទេ ហើយបើគ្មានព្រះវិញ្ញាណដ៏វិសុទ្ធ ណែនាំទេនោះ ក៏គ្មាននរណាម្នាក់អាចពោលថា «ព្រះយេស៊ូជាព្រះអម្ចាស់» បានដែរ។ 4 មានព្រះអំណោយទានផ្សេងៗពីគ្នា តែមានព្រះវិញ្ញាណតែមួយព្រះអង្គទេ ដែលប្រទានអោយ។ 5 មានមុខងារផ្សេងៗពីគ្នា តែយើងបំរើព្រះអម្ចាស់តែមួយព្រះអង្គដដែល។ 6 មានសកម្មភាពផ្សេងៗពីគ្នា តែមានព្រះជាម្ចាស់តែមួយព្រះអង្គទេ ដែលបំពេញសកម្មភាពទាំងនោះ នៅក្នុងមនុស្សទាំងអស់។ 7 ព្រះវិញ្ញាណប្រោសប្រទានអោយម្នាក់ៗសំដែងព្រះអំណោយទាន ដើម្បីជាប្រយោជន៍រួម 8 គឺព្រះអង្គប្រទានអោយម្នាក់ចេះនិយាយប្រកបដោយប្រាជ្ញា ហើយព្រះវិញ្ញាណដដែលប្រទានអោយម្នាក់ទៀតចេះនិយាយ ដោយយល់គំរោងការដ៏លាក់កំបាំងរបស់ព្រះជាម្ចាស់។ 9 ព្រះវិញ្ញាណដដែលប្រទានអោយម្នាក់ទៀតមានជំនឿ ព្រះវិញ្ញាណដដែលប្រទានអោយម្នាក់ទៀតចេះប្រោសមនុស្សអោយជាពីជំងឺ 10 អោយម្នាក់ទៀតចេះធ្វើការអស្ចារ្យ អោយម្នាក់ទៀតចេះថ្លែង ព្រះបន្ទូល អោយម្នាក់ទៀតចេះស្ទង់មើលវិញ្ញាណល្អ ឬ អាក្រក់ អោយម្នាក់ទៀតចេះនិយាយភាសាចំឡែកអស្ចារ្យ អោយម្នាក់ទៀត ចេះបកប្រែន័យភាសាទាំងនោះ 11 ប៉ុន្ដែ មានព្រះវិញ្ញាណតែមួយដដែល ដែលបំពេញសកម្មភាពទាំងអស់ ហើយប្រទានអោយម្នាក់ៗមានព្រះអំណោយទានផ្សេងៗពីគ្នា តាមព្រះហឫទ័យរបស់ព្រះអង្គ។ 12 ព្រះគ្រិស្ដ ប្រៀបបានទៅនឹងរូបកាយមួយ ដែលចែកចេញជាច្រើនផ្នែក។ ទោះបីមានសរីរាង្គច្រើនយ៉ាងណាក៏ដោយ ក៏សរីរាង្គទាំងអស់ផ្សំគ្នាជារូបកាយតែមួយដែរ។ 13 យើងទាំងអស់គ្នា ទោះបីជាសាសន៍យូដាក្ដី សាសន៍ក្រិកក្ដី អ្នកងារក្ដី អ្នកជាក្ដី ក៏យើងបានទទួលពិធីជ្រមុជ ក្នុងព្រះវិញ្ញាណតែមួយ ដើម្បីផ្សំគ្នាឡើងជាព្រះកាយតែមួយ ហើយយើងទាំងអស់គ្នាសុទ្ធតែបានទទួលព្រះវិញ្ញាណតែមួយដែរ។ 14 រូបកាយមិនមែនមានសរីរាង្គតែមួយទេ គឺមានច្រើន។ 15 បើជើងនិយាយថា «ខ្ញុំមិនមែនដៃដូច្នេះខ្ញុំមិនមែនជាចំណែករបស់រូបកាយទេ» ក៏ជើងនោះនៅតែជាចំណែករបស់រូបកាយដដែល។ 16 បើត្រចៀកនិយាយថា «ខ្ញុំមិនមែនភ្នែក ដូច្នេះ ខ្ញុំមិនមែនជាចំណែករបស់រូបកាយទេ» ក៏ត្រចៀកនោះនៅតែជាចំណែករបស់រូបកាយដដែល។ 17 ប្រសិនបើរូបកាយទាំងមូលសុទ្ធតែជាភ្នែក ធ្វើម្ដេចនឹងស្ដាប់ឮបាន? ហើយបើរូបកាយទាំងមូលសុទ្ធតែជាត្រចៀក ធ្វើម្ដេចនឹងដឹងក្លិនបាន? 18 តាមពិត ព្រះជាម្ចាស់ប្រទានអោយសរីរាង្គនីមួយៗមានមុខងារ ស្របតាមព្រះហឫទ័យរបស់ព្រះអង្គ។ 19 ប្រសិនបើទាំងអស់ជាសរីរាង្គតែមួយ តើរូបកាយនៅឯណា? 20 តាមពិត សរីរាង្គមានច្រើនតែរូបកាយមានតែមួយប៉ុណ្ណោះ។ 21 ភ្នែកពុំអាចនិយាយទៅដៃថា «អញមិនត្រូវការឯង» បានទេ រីឯក្បាលក៏ពុំអាចនិយាយទៅកាន់ជើងថា «អញមិនត្រូវការឯងទាំងពីរ» បានដែរ។ 22 ផ្ទុយទៅវិញ សរីរាង្គណាដែលគេចាត់ទុកថាខ្សោយជាងគេ យើងត្រូវការសរីរាង្គនោះជាចាំបាច់ 23 ហើយសរីរាង្គណាដែលយើងចាត់ទុកថាមិនសូវថ្លៃថ្នូរ យើងគោរពសរីរាង្គនោះខ្លាំងជាងគេទាំងអស់។ សរីរាង្គណាដែលមិនសូវសមរម្យ យើងគោរពយ៉ាងពិសេសទៅវិញ។ 24 រីឯសរីរាង្គណាដែលសមរម្យហើយ សរីរាង្គនោះមិនត្រូវការអោយយើងយកចិត្ដទុកដាក់ទេ។ ព្រះជាម្ចាស់បានរៀបចំរូបកាយរបស់យើង ដោយប្រទានសេចក្ដីថ្លៃថ្នូរ ដល់សរីរាង្គណាដែលខ្វះខាត 25 ដើម្បីកុំអោយមានការបាក់បែកគ្នានៅក្នុងរូបកាយ គឺអោយសរីរាង្គយកចិត្ដទុកដាក់ជួយគ្នាទៅវិញទៅមក។ 26 ប្រសិនបើមានសរីរាង្គណាមួយឈឺចុកចាប់ សរីរាង្គទាំងអស់ក៏ឈឺចុកចាប់ជាមួយដែរ ប្រសិនបើមានសរីរាង្គណាមួយបានថ្លៃថ្នូរ សរីរាង្គទាំងអស់ក៏អរសប្បាយជាមួយដែរ។ 27 បងប្អូនជាព្រះកាយរបស់ព្រះគ្រិស្ដ ហើយម្នាក់ៗជាសរីរាង្គនៃព្រះកាយនេះ តាមចំណែករៀងៗខ្លួន។ 28 ក្នុងក្រុមជំនុំមុនដំបូងបង្អស់ ព្រះជាម្ចាស់បានតែងតាំងអោយមានសាវ័ក បន្ទាប់មក ព្រះអង្គតែងតាំងអ្នកថ្លែងព្រះបន្ទូល បន្ទាប់មកទៀត ព្រះអង្គតែងតាំងអ្នកបង្រៀន។ បន្ទាប់ពីនោះ មានព្រះអំណោយទានខាងធ្វើការអស្ចារ្យ ព្រះអំណោយទានខាងប្រោសអ្នកជំងឺអោយជា ព្រះអំណោយទានខាងជួយអ្នកដទៃ ព្រះអំណោយទានខាងណែនាំព្រះអំណោយទានខាងនិយាយភាសាចំឡែកអស្ចារ្យ ។ 29 តើគ្រប់គ្នាសុទ្ធតែជាសាវ័កឬ? គ្រប់គ្នាសុទ្ធតែជាអ្នកថ្លែងព្រះបន្ទូលឬ? គ្រប់គ្នាសុទ្ធតែជាអ្នកបង្រៀនឬ? គ្រប់គ្នាសុទ្ធតែធ្វើការអស្ចារ្យឬ? 30 តើគ្រប់គ្នាសុទ្ធតែទទួលព្រះអំណោយទានខាងប្រោសអ្នកជំងឺអោយជាឬ? គ្រប់គ្នាសុទ្ធតែមានព្រះអំណោយទាន ខាងនិយាយភាសាចំឡែកអស្ចារ្យឬ? គ្រប់គ្នាសុទ្ធតែមានព្រះអំណោយទានខាងបកប្រែភាសាចំឡែកអស្ចារ្យឬ? 31 ចូរប៉ងប្រាថ្នាចង់បានព្រះអំណោយទានណាដែលសំខាន់ៗជាងគេ។ ក៏ប៉ុន្ដែ ខ្ញុំចង់បង្ហាញប្រាប់បងប្អូនអំពីមាគ៌ាមួយទៀត ដែលប្រសើរលើសលប់បំផុត។

កូរិនថូស 13

1 ទោះបី ខ្ញុំចេះនិយាយភាសារបស់មនុស្សលោក និង ភាសារបស់ទេវតាក្ដី បើសិនជាខ្ញុំគ្មានសេចក្ដីស្រឡាញ់ទេ ខ្ញុំប្រៀបដូចជាសំឡេងគងដែលលាន់ឮឡើង ឬ ដូចជាស្គរដែលឮរំពងឡើងតែប៉ុណ្ណោះ។ 2 ទោះបីខ្ញុំទទួលព្រះអំណោយទានខាងថ្លែងព្រះបន្ទូល និង ស្គាល់គំរោងការដ៏លាក់កំបាំងទាំងអស់ ព្រមទាំងមានចំណេះគ្រប់យ៉ាង ហើយទោះបីខ្ញុំមានជំនឿមាំ រហូតដល់ធ្វើអោយភ្នំរើពីកន្លែងមួយទៅកន្លែងមួយទៀតបានក្ដី តែបើសិនជាខ្ញុំគ្មានសេចក្ដីស្រឡាញ់ទេនោះ ខ្ញុំជាមនុស្សឥតបានការអ្វីទាំងអស់។ 3 ទោះបីខ្ញុំយកទ្រព្យសម្បត្ដិ របស់ខ្ញុំទាំងប៉ុន្មានទៅចែកទានក្ដី ទោះបីខ្ញុំសុខចិត្ដអោយគេយករូបកាយខ្ញុំទៅដុតទាំងរស់ក្ដី តែបើសិនជាខ្ញុំគ្មានសេចក្ដីស្រឡាញ់ទេនោះ ក៏គ្មានប្រយោជន៍អ្វីដល់ខ្ញុំដែរ។ 4 អ្នកមានចិត្ដស្រឡាញ់ តែងតែអត់ធ្មត់ ជួយធុរៈគេ ហើយមិនចេះឈ្នានីសគេទេ។ អ្នកមានចិត្ដស្រឡាញ់មិនវាយឫកខ្ពស់ មិនអួតបំប៉ាងឡើយ។ 5 អ្នកមានចិត្ដស្រឡាញ់ មិនប្រព្រឹត្ដអំពើថោកទាប មិនស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន មិនមួម៉ៅ មិនចងគំនុំ 6 មិនអបអរនឹងអំពើទុច្ចរិតទេ តែរីករាយនឹងសេចក្ដីពិតវិញ។ 7 អ្នកមានចិត្ដស្រឡាញ់ អត់ឱនអោយទាំងអស់ ជឿទាំងអស់ សង្ឃឹមទាំងអស់ហើយទ្រំាទ្រទាំងអស់។ 8 សេចក្ដីស្រឡាញ់មិនសាបសូន្យសោះឡើយ តែការថ្លែង ព្រះបន្ទូលមុខជាត្រូវអស់ខ្លឹមសារ ការនិយាយភាសាចំឡែកអស្ចារ្យ នឹងត្រូវចប់ រីឯចំណេះក៏នឹងអស់ខ្លឹមសារទៅដែរ។ 9 សព្វថ្ងៃនេះ យើងចេះដឹងត្រឹមតែមួយផ្នែកប៉ុណ្ណោះ ហើយយើងក៏ថ្លែងព្រះបន្ទូល បានត្រឹមតែមួយផ្នែកប៉ុណ្ណោះដែរ។ 10 លុះដល់ពេលយើងដឹងសព្វគ្រប់ហើយ អ្វីៗដែលយើងស្គាល់តែមួយផ្នែកនឹងអស់ខ្លឹមសារ។ 11 កាលពីក្មេង ខ្ញុំនិយាយស្ដីដូចកូនក្មេង ខ្ញុំមានគំនិតដូចជាកូនក្មេង ហើយខ្ញុំរិះគិតដូចកូនក្មេងដែរ។ លុះខ្ញុំពេញវ័យ ខ្ញុំបានបោះបង់អ្វីៗទាំងអស់ដែលជាលក្ខណៈរបស់កូនក្មេងចោល។ 12 សព្វថ្ងៃនេះយើងស្គាល់ព្រះជាម្ចាស់មិនច្បាស់ទេ គឺស្គាល់ព្រាលៗដូចជាមើលក្នុងកញ្ចក់ នៅពេលខាងមុខ ទើបយើងឃើញព្រះអង្គទល់មុខគ្នា។ សព្វថ្ងៃ ខ្ញុំស្គាល់ព្រះអង្គបានត្រឹមតែមួយផ្នែកប៉ុណ្ណោះ ពេលខាងមុខទើបខ្ញុំស្គាល់ព្រះអង្គច្បាស់ ដូចព្រះអង្គស្គាល់ខ្ញុំយ៉ាងច្បាស់ដែរ។ 13 ឥឡូវនេះមានសេចក្ដីបីយ៉ាង គឺ ជំនឿ សេចក្ដីសង្ឃឹម សេចក្ដីស្រឡាញ់។ ប៉ុន្ដែ សេចក្ដីស្រឡាញ់វិសេសជាងគេបំផុត។

កូរិនថូស 14

1 ចូរខំប្រឹងអោយមានចិត្ដស្រឡាញ់ចូរប៉ងប្រាថ្នាចង់បានព្រះអំណោយទានរបស់ព្រះវិញ្ញាណដែរ ជាពិសេស ការថ្លែងព្រះបន្ទូល ។ 2 អ្នកណានិយាយភាសាចំឡែកអស្ចារ្យ អ្នកនោះនិយាយទៅកាន់ព្រះជាម្ចាស់ មិនមែននិយាយទៅកាន់មនុស្សទេ ដ្បិតគ្មាននរណាយល់ន័យ ព្រោះព្រះវិញ្ញាណនាំចិត្ដអ្នកនោះអោយថ្លែងពីសេចក្ដីដ៏លាក់កំបាំង។ 3 ផ្ទុយទៅវិញអ្នកណាថ្លែង ព្រះបន្ទូលអ្នកនោះនិយាយទៅកាន់មនុស្សដើម្បីជួយកសាង ដាស់តឿន និង លើកទឹកចិត្ដគេ។ 4 អ្នកណានិយាយភាសាចំឡែកអស្ចារ្យ អ្នកនោះកសាងតែខ្លួនឯងប៉ុណ្ណោះ រីឯអ្នកថ្លែងព្រះបន្ទូលវិញ កសាងក្រុមជំនុំ។ 5 ខ្ញុំចង់អោយបងប្អូនចេះនិយាយភាសាចំឡែកអស្ចារ្យទាំងអស់គ្នា ក៏ប៉ុន្ដែ លើសពីនេះទៅទៀត ខ្ញុំចង់អោយបងប្អូនចេះថ្លែងព្រះបន្ទូល។ អ្នកថ្លែងព្រះបន្ទូលសំខាន់ជាងអ្នកនិយាយភាសាចំឡែកអស្ចារ្យទៅទៀត លើកលែងតែអ្នកនិយាយនោះបកប្រែអោយគេយល់ ដើម្បីកសាងក្រុមជំនុំទើបសំខាន់។ 6 បងប្អូនអើយ ប្រសិនបើខ្ញុំមករកបងប្អូន ទាំងនិយាយភាសាចំឡែកអស្ចារ្យ តើមានប្រយោជន៍អ្វីដល់បងប្អូន? បើខ្ញុំមក ដោយនាំយកសេចក្ដីដែលព្រះជាម្ចាស់បានសំដែងប្រាប់ ឬ និយាយអំពីគំរោងការរបស់ព្រះជាម្ចាស់អោយបងប្អូនដឹង ថ្លែងព្រះបន្ទូល ឬ បង្រៀន ទើបមានប្រយោជន៍ដល់បងប្អូនជាង។ 7 ប្រសិនបើឧបករណ៍តន្ដ្រី ដូចជាខ្លុយ ឬ ពិណ មានសំឡេងមិនខុសពីគ្នាទេ ធ្វើម្ដេចនឹងអោយយើងដឹងថាជាសំឡេងខ្លុយ ឬ សំឡេងពិណបាន? 8 បើត្រែបញ្ចេញសំឡេងមិនច្បាស់ តើនរណានឹងរៀបចំខ្លួនទៅច្បំាង?។ 9 រីឯបងប្អូន ក៏ដូច្នោះដែរ ប្រសិនបើបងប្អូននិយាយភាសាចំឡែកអស្ចារ្យ តែមិនបកស្រាយន័យទេនោះ ធ្វើម្ដេចនឹងអោយគេដឹងសេចក្ដីដែលបងប្អូននិយាយនោះកើត? ដូច្នេះបងប្អូននិយាយឥតបានការអ្វីសោះ! 10 ក្នុងលោកនេះ មានពាក្យជាច្រើនឥតគណនា តែពាក្យនីមួយៗសុទ្ធតែមានន័យ។ 11 ប៉ុន្ដែ ប្រសិនបើខ្ញុំមិនយល់ន័យនៃពាក្យណាមួយទេនោះ អ្នកនិយាយមើលមកខ្ញុំដូចជាជនបរទេស ហើយខ្ញុំមើលទៅអ្នកនិយាយនោះវិញ ដូចជាជនបរទេសដែរ។ 12 រីឯបងប្អូនវិញ បើបងប្អូនប៉ងប្រាថ្នាចង់បានព្រះអំណោយទានរបស់ព្រះវិញ្ញាណ ដូច្នេះ ត្រូវរកអោយបានច្រើនបរិបូណ៌ទៅ ជាពិសេស រកព្រះអំណោយទានសំរាប់កសាងក្រុមជំនុំ ។ 13 ហេតុនេះ អ្នកដែលនិយាយភាសាចំឡែកអស្ចារ្យត្រូវអធិស្ឋាន សុំអោយចេះបកប្រែន័យផង។ 14 ប្រសិនបើខ្ញុំអធិស្ឋានជាភាសាចំឡែក វិញ្ញាណខ្ញុំនៅអធិស្ឋានពិតមែន ប៉ុន្ដែ ប្រាជ្ញារបស់ខ្ញុំនៅស្ងៀម ឥតរិះគិតអ្វីទេ។ 15 ដូច្នេះ តើខ្ញុំត្រូវធ្វើដូចម្ដេច? ខ្ញុំនឹងអធិស្ឋានដោយប្រើវិញ្ញាណរបស់ខ្ញុំ ហើយខ្ញុំក៏នឹងអធិស្ឋាន ដោយប្រើប្រាជ្ញារបស់ខ្ញុំផងដែរ។ ខ្ញុំនឹងច្រៀង ដោយប្រើវិញ្ញាណរបស់ខ្ញុំ ហើយខ្ញុំក៏នឹងច្រៀងដោយប្រើប្រាជ្ញារបស់ខ្ញុំផងដែរ។ 16 បើបងប្អូនអរព្រះគុណព្រះអង្គ ដោយវិញ្ញាណរបស់បងប្អូនតែប៉ុណ្ណោះ ធ្វើម្ដេចនឹងអោយអ្នកដែលគ្រាន់តែមកស្ដាប់ អាចនឹងពោលពាក្យ «អាម៉ែន» យល់ស្របនឹងពាក្យអរព្រះគុណរបស់បងប្អូនបាន ប្រសិនបើគ្នាមិនដឹងថាបងប្អូននិយាយអ្វីផងនោះ! 17 បងប្អូនបានអរព្រះគុណដូច្នេះ ល្អវិសេសវិសាលហើយ តែបងប្អូនពុំបានកសាងជំនឿអ្នកដែលមកស្ដាប់នោះទេ។ 18 ខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់ ព្រោះខ្ញុំចេះនិយាយភាសាចំឡែកអស្ចារ្យលើសបងប្អូនទាំងអស់គ្នាទៅទៀត 19 ក៏ប៉ុន្ដែ នៅក្នុងក្រុមជំនុំ ខ្ញុំចូលចិត្ដនិយាយតែពាក្យប្រាំម៉ាត់ដែលគេយល់ ដើម្បីទូន្មានអ្នកឯទៀតៗជាជាងនិយាយភាសាចំឡែកអស្ចារ្យមួយម៉ឺនម៉ាត់ ដែលគ្មាននរណាស្ដាប់បាន។ 20 បងប្អូនអើយ សូមកុំមានគំនិតដូចកូនក្មេងឡើយ។ ចំពោះអំពើអាក្រក់ សូមមានគំនិតដូចកូនខ្ចីចុះ តែខាងរបៀបគិតវិញ ត្រូវចេះគិតអោយសមជាមនុស្សពេញវ័យ។ 21 ព្រះអម្ចាស់មានព្រះបន្ទូល ដូចមានចែងទុកក្នុងក្រឹត្យវិន័យថាៈ «យើងនិយាយទៅកាន់ប្រជារាស្ដ្រនេះ តាមរយៈសាសន៍ដែលនិយាយភាសាដទៃ តាមរយៈបបូរមាត់ជនបរទេស ប៉ុន្ដែទោះជាយ៉ាងនេះក៏ដោយ ក៏គេនៅតែមិនស្ដាប់យើងដដែល»។ 22 ការនិយាយភាសាចំឡែកអស្ចារ្យ ជាទីសំគាល់មួយសំរាប់អ្នកមិនជឿ គឺមិនមែនសំរាប់អ្នកជឿទេ។ រីឯការថ្លែងព្រះបន្ទូលវិញ ជាទីសំគាល់មួយសំរាប់អ្នកជឿ មិនមែនសំរាប់អ្នកមិនជឿនោះឡើយ។ 23 ដូច្នេះ នៅពេលប្រជុំគ្នា ប្រសិនបើក្រុមជំនុំ ទាំងមូលនាំគ្នានិយាយភាសាចំឡែកអស្ចារ្យនោះ ហើយប្រសិនបើមានអ្នកដែលគ្រាន់តែមកស្ដាប់ ឬ អ្នកមិនជឿចូលមក គេមុខជាពោលថា បងប្អូនសុទ្ធតែជាមនុស្សវិកលចរិតមិនខាន!។ 24 ផ្ទុយទៅវិញ បើបងប្អូនថ្លែងព្រះបន្ទូលទាំងអស់គ្នា ហើយមានអ្នកមិនជឿ ឬ អ្នកដែលគ្រាន់តែចង់ស្ដាប់ចូលមក នោះពាក្យទាំងអស់ដែលគេបានឮ មុខជានាំអោយគេដឹងថាខ្លួនមានកំហុស ត្រូវជាប់ទោស។ 25 ពេលនោះ គំនិតលាក់កំបាំងលេចចេញពីចិត្ដរបស់គេ ហើយគេក៏ក្រាបចុះ ដាក់មុខដល់ដីថ្វាយបង្គំព្រះជាម្ចាស់ទាំងប្រកាសថាៈ«ព្រះជាម្ចាស់ពិតជាគង់នៅក្នុងចំណោមបងប្អូនមែន!»។ 26 បងប្អូនអើយ ដូច្នេះតើត្រូវធ្វើដូចម្ដេច?។ ពេលបងប្អូនរួមប្រជុំគ្នា ប្រសិនបើម្នាក់ច្រៀងបទលើកតម្កើងព្រះជាម្ចាស់ ម្នាក់បង្រៀន ម្នាក់ពន្យល់សេចក្ដីដែលព្រះជាម្ចាស់សំដែងប្រាប់ ម្នាក់និយាយភាសាចំឡែកអស្ចារ្យ ម្នាក់ទៀតបកប្រែ ត្រូវធ្វើការទាំងអស់នេះ ដើម្បីកសាងក្រុមជំនុំ។ 27 បើបងប្អូននិយាយភាសាចំឡែកអស្ចារ្យ ត្រូវអោយពីរ ឬ បីនាក់យ៉ាងច្រើននិយាយ ហើយនិយាយម្នាក់ម្ដងៗ ដោយមានអ្នកបកប្រែផងដែរ។ 28 ប្រសិនបើគ្មានអ្នកបកប្រែទេនោះបងប្អូនត្រូវនៅស្ងៀម កុំនិយាយភាសាចំឡែកអស្ចារ្យក្នុងក្រុមជំនុំឡើយ ចូរនិយាយតែក្នុងចិត្ដ និង និយាយទៅកាន់ព្រះជាម្ចាស់បានហើយ។ 29 រីឯការថ្លែងព្រះបន្ទូលវិញ ត្រូវអោយពីរ ឬ បីនាក់ថ្លែង ហើយអ្នកឯទៀតៗត្រូវពិចារណាមើល។ 30 បើមាននរណាម្នាក់ដែលអង្គុយក្នុងអង្គប្រជុំនោះ បានទទួលគំនិតអ្វីមួយពីព្រះជាម្ចាស់ ត្រូវអោយអ្នកកំពុងនិយាយផ្អាកសិន 31 ដ្បិតបងប្អូនទាំងអស់គ្នាអាចថ្លែងព្រះបន្ទូលម្នាក់ម្ដងៗដើម្បីបានទទួលការអប់រំ និង ទទួលការលើកទឹកចិត្ដគ្រប់ៗគ្នា។ 32 ព្រះអំណោយទានខាងការថ្លែងព្រះបន្ទូលស្ថិតនៅក្រោមអំណាចរបស់អ្នកថ្លែងព្រះបន្ទូល 33 ដ្បិតព្រះជាម្ចាស់មិនសព្វព្រះហឫទ័យនឹងការខ្វះសណ្ដាប់ធ្នាប់ទេ គឺព្រះអង្គសព្វព្រះហឫទ័យនឹងសេចក្ដីសុខសាន្ដ។ 34 សូមអោយស្ដ្រីៗនៅស្ងៀមក្នុងអង្គប្រជុំ ដូចមានទម្លាប់នៅក្នុងក្រុមជំនុំទាំងប៉ុន្មានរបស់ព្រះជាម្ចាស់។ នាងគ្មានសិទ្ធិនិយាយអ្វីក្នុងពេលប្រជុំទេគឺត្រូវនៅស្ងៀម ស្ដាប់គេ ដូចមានចែងទុកមកក្នុងក្រឹត្យវិន័យស្រាប់។ 35 ប្រសិនបើនាងចង់ដឹងរឿងអ្វីមួយ ត្រូវសួរប្ដីនាងឯផ្ទះទៅ ព្រោះស្ដ្រីៗនិយាយក្នុងក្រុមជំនុំ មិនសមរម្យទេ។ 36 តើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ចេញមកពីចំណោមបងប្អូនឬ? ឬមួយមានតែបងប្អូនប៉ុណ្ណោះទេដែលបានទទួលព្រះបន្ទូល? 37 ប្រសិនបើនរណាម្នាក់នឹកស្មានថា ខ្លួនជាអ្នកថ្លែងព្រះបន្ទូល ឬស្មានថា ខ្លួនជាអ្នកទទួលអំណោយទានពីព្រះវិញ្ញាណ ត្រូវអោយអ្នកនោះទទួលស្គាល់ថា សេចក្ដីដែលខ្ញុំសរសេរជូនមកបងប្អូននេះ ក៏ជាបទបញ្ជារបស់ព្រះអម្ចាស់ដែរ 38 ហើយប្រសិនបើមានអ្នកណាម្នាក់មិនព្រមទទួលស្គាល់បទបញ្ជានេះទេ ព្រះជាម្ចាស់ក៏មិនទទួលស្គាល់អ្នកនោះដែរ។ 39 ហេតុនេះ បងប្អូនអើយ ចូរប្រាថ្នាចង់ថ្លែងព្រះបន្ទូល ហើយមិនត្រូវហាមឃាត់គេមិនអោយនិយាយភាសាចំឡែកអស្ចារ្យឡើយ 40 ត្រូវធ្វើការទាំងអស់នេះ ដោយសមរម្យ និង ដោយមានសណ្ដាប់ធ្នាប់។

កូរិនថូស 15

1 បងប្អូនអើយ ខ្ញុំសូមរំលឹកបងប្អូនដំណឹងល្អ ដែលខ្ញុំបានប្រកាសប្រាប់បងប្អូន ជាដំណឹងល្អដែលបងប្អូនបានទទួល និង បានជឿយ៉ាងខ្ជាប់ខ្ជួនស្រាប់ហើយ។ 2 ប្រសិនបើបងប្អូនមិនឃ្លាតចាកពីដំណឹងល្អ ដែលខ្ញុំបានប្រកាសប្រាប់បងប្អូនទេនោះ បងប្អូននឹងទទួលការសង្គ្រោះ តាមរយៈដំណឹងល្អនេះដែរ។ បើឃ្លាតចាកជំនឿរបស់បងប្អូនមុខតែឥតប្រយោជន៍។ 3 មុនដំបូងបង្អស់ ខ្ញុំជំរាបជូនបងប្អូននូវសេចក្ដីដែលខ្ញុំបានទទួល គឺថាព្រះគ្រិស្ដបានសោយទិវង្គត ដើម្បីរំដោះបាបយើង ស្របតាមគម្ពីរ។ 4 គេបានបញ្ចុះព្រះសពព្រះអង្គនៅក្នុងផ្នូរ ហើយព្រះអង្គមានព្រះជន្មរស់ឡើងវិញនៅថ្ងៃទីបី ស្របតាមគម្ពីរ។ 5 ព្រះអង្គបានបង្ហាញខ្លួនអោយលោកកេផាសឃើញ រួចអោយក្រុមសាវ័ក ទាំងដប់ពីររូបឃើញដែរ។ 6 បន្ទាប់មក ព្រះអង្គបានបង្ហាញខ្លួន អោយបងប្អូនជាងប្រាំរយនាក់ឃើញក្នុងពេលជាមួយគ្នា។ ក្នុងចំណោម បងប្អូនទាំងនោះមានភាគច្រើននៅរស់នៅឡើយ តែមានអ្នកខ្លះ បានទទួលមរណភាព ផុតទៅហើយ។ 7 បន្ទាប់មកទៀតព្រះអង្គបានបង្ហាញខ្លួនអោយលោកយ៉ាកុបឃើញ រួចអោយសាវ័កទាំងអស់ឃើញ។ 8 ក្រោយបង្អស់ ព្រះអង្គបានបង្ហាញខ្លួនអោយខ្ញុំ ដែលប្រៀបបីដូចជាកូនកើតមិនគ្រប់ខែនេះឃើញដែរ 9 ដ្បិតក្នុងចំណោមសាវ័កទាំងអស់ ខ្ញុំជាអ្នកតូចជាងគេ ហើយមិនសមនឹងមានឈ្មោះជាសាវ័កទៀតផង ព្រោះខ្ញុំបានបៀតបៀនក្រុមជំនុំរបស់ព្រះជាម្ចាស់។ 10 ប៉ុន្ដែ ហេតុដែលខ្ញុំបានដូចសព្វថ្ងៃនេះ ក៏មកតែពីព្រះគុណរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ ព្រះគុណរបស់ព្រះអង្គមកលើខ្ញុំ មិនមែនឥតប្រយោជន៍ទេ ផ្ទុយទៅវិញ ខ្ញុំបានធ្វើការច្រើនជាងសាវ័កទាំងនោះទៅទៀត ក៏ប៉ុន្ដែ មិនមែនខ្ញុំទេដែលធ្វើការ គឺព្រះគុណរបស់ព្រះជាម្ចាស់ដែលស្ថិតនៅជាមួយខ្ញុំទេតើដែលបានសំរេចគ្រប់កិច្ចការ។ 11 ហេតុនេះ ទោះបីខ្ញុំក្ដី ទោះបីសាវ័កទាំងនោះក្ដី យើងប្រកាសដំណឹងល្អ នេះ ជាដំណឹងល្អដែលបងប្អូនបានជឿ។ 12 ប្រសិនបើយើងប្រកាសថា ព្រះគ្រិស្ដ មានព្រះជន្មរស់ឡើងវិញ ហេតុអ្វីបានជាមានអ្នកខ្លះក្នុងចំណោមបងប្អូន បែរជាពោលថា មនុស្សស្លាប់មិនរស់ឡើងវិញដូច្នេះ? 13 ប្រសិនបើមនុស្សស្លាប់មិនរស់ឡើងវិញទេនោះ ព្រះគ្រិស្ដក៏មិនមានព្រះជន្មរស់ឡើងវិញដែរ 14 ហើយបើព្រះគ្រិស្ដមិនបានរស់ឡើងវិញទេ សេចក្ដីដែលយើងប្រកាសមុខជាគ្មានន័យអ្វីសោះឡើយ ហើយជំនឿរបស់បងប្អូន ក៏គ្មានន័យអ្វីដែរ។ 15 បើដូច្នេះ បានសេចក្ដីថា យើងជាបន្ទាល់ក្លែងក្លាយ អំពីព្រះជាម្ចាស់ដោយផ្ដល់សក្ខីភាពខុសថា ព្រះអង្គបានប្រោសព្រះគ្រិស្ដអោយរស់ឡើងវិញ។ ប៉ុន្ដែ ប្រសិនបើមនុស្សស្លាប់មិនរស់ឡើងវិញទេនោះ ព្រះអង្គក៏មិនបានប្រោសព្រះគ្រិស្ដអោយរស់ឡើងវិញដែរ 16 ដ្បិតបើមនុស្សស្លាប់មិនរស់ឡើងវិញទេ ព្រះគ្រិស្ដក៏មិនរស់ឡើងវិញដែរ 17 ហើយបើព្រះគ្រិស្ដមិនបានរស់ឡើងវិញទេ ជំនឿរបស់បងប្អូនគ្មានន័យអ្វីទាល់តែសោះ បងប្អូននៅតែជាប់បាបដដែល។ 18 រីឯអស់អ្នកដែលស្លាប់រួមជាមួយព្រះគ្រិស្ដក៏ត្រូវវិនាសសាបសូន្យទាំងអស់គ្នាដែរ។ 19 ប្រសិនបើយើងសង្ឃឹមទៅលើព្រះគ្រិស្ដ សំរាប់តែជីវិតនេះប៉ុណ្ណោះទេ យើងជាអ្នកវេទនាជាងគេបំផុតក្នុងចំណោមមនុស្សទាំងអស់ហើយ! 20 ប៉ុន្ដែ ព្រះគ្រិស្ដពិតជាមានព្រះជន្មរស់ឡើងវិញមែន។ ក្នុងចំណោមមនុស្សស្លាប់ ព្រះអង្គមានព្រះជន្មរស់ឡើងវិញមុនគេបង្អស់។ 21 បើមនុស្សលោកត្រូវស្លាប់ ព្រោះតែមនុស្សម្នាក់ គេក៏នឹងរស់ឡើងវិញដោយសារមនុស្សតែម្នាក់ដែរ។ 22 មនុស្សទាំងអស់បានស្លាប់រួមជាមួយលោកអដាំយ៉ាងណា គេក៏នឹងរស់ឡើងវិញរួមជាមួយព្រះគ្រិស្ដយ៉ាងនោះដែរ 23 ម្នាក់ៗតាមលំដាប់លំដោយ គឺព្រះគ្រិស្ដមានព្រះជន្មរស់ឡើងវិញមុនគេបង្អស់ បន្ទាប់មក អស់អ្នកដែលជាសិស្ស របស់ព្រះគ្រិស្ដនឹងរស់ឡើងវិញ នៅពេលព្រះអង្គយាងមកដល់។ 24 បន្ទាប់មកទៀត នឹងដល់អវសានកាល គឺនៅពេលនោះ ព្រះគ្រិស្ដនឹងប្រគល់ព្រះរាជ្យ ថ្វាយព្រះជាម្ចាស់ជាព្រះបិតា ក្រោយពីបានរំលំរាជ្យអំណាច និង ឫទ្ធិទាំងប៉ុន្មាន រួចស្រេចហើយ។ 25 ព្រះគ្រិស្ដត្រូវតែគ្រងរាជ្យ ទំរាំដល់ព្រះជាម្ចាស់បង្ក្រាបខ្មំាងសត្រូវទាំងប៉ុន្មាន មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ។ 26 សត្រូវចុងក្រោយបង្អស់ ដែលនឹងត្រូវរំលាយចោលនោះ គឺសេចក្ដីស្លាប់។ 27 ព្រះជាម្ចាស់បានដាក់អ្វីៗទាំងអស់នៅក្រោមព្រះបាទា របស់ព្រះគ្រិស្ដរួចស្រេចហើយ។ ក៏ប៉ុន្ដែ កាលព្រះជាម្ចាស់មានព្រះបន្ទូលថា "ព្រះអង្គបង្ក្រាបអ្វីៗទាំងអស់អោយនៅក្រោមព្រះបាទារបស់ព្រះគ្រិស្ដ" ដូច្នេះ មិនមែនរាប់បញ្ចូលព្រះអង្គផ្ទាល់ ដែលបានបង្ក្រាបអ្វីៗទាំងអស់ មកដាក់ក្រោមអំណាចរបស់ព្រះគ្រិស្ដនោះទេ ទ្រង់មិនស្ថិតនៅក្រោមអំណាចរបស់ព្រះគ្រិស្ដឡើយ។ 28 លុះដល់ពេលអ្វីៗទាំងអស់ស្ថិតនៅក្រោមអំណាចរបស់ព្រះគ្រិស្ដហើយ ទើបព្រះបុត្រាផ្ទាល់នឹងចុះចូលក្រោមអំណាចព្រះបិតាដែលបានបង្ក្រាបអ្វីៗទាំងអស់អោយនៅក្រោមអំណាចព្រះអង្គនោះវិញដែរ ដើម្បីអោយព្រះជាម្ចាស់បានគ្រងរាជ្យលើអ្វីៗទាំងអស់ ក្នុងគ្រប់ប្រការទាំងអស់។ 29 ប្រសិនបើមនុស្សស្លាប់មិនរស់ឡើងវិញទាល់តែសោះ ហេតុដូចម្ដេចបានជាមានគេទទួលពិធីជ្រមុជទឹក សំរាប់ពួកអ្នកដែលស្លាប់ទៅហើយដូច្នេះ តើគេទទួលពិធីជ្រមុជទឹក សំរាប់អ្នកស្លាប់ទាំងនោះ បានប្រយោជន៍អ្វី? 30 រីឯយើងវិញ យើងស៊ូប្ដូរជីវិតតទល់នឹងគ្រោះថ្នាក់ គ្រប់ពេលវេលានោះបានប្រយោជន៍អ្វីដែរ? 31 បងប្អូនអើយរៀងរាល់ថ្ងៃ ខ្ញុំប្រឈមមុខតទល់នឹងសេចក្ដីស្លាប់ជានិច្ច។ ខ្ញុំសូមបញ្ជាក់ប្រាប់បងប្អូនថា សេចក្ដីនេះ ពិតមែន ដូចបងប្អូនជាកិត្ដិយសរបស់ខ្ញុំ នៅចំពោះព្រះភ័ក្ដ្រព្រះគ្រិស្ដយេស៊ូ ជាព្រះអម្ចាស់របស់យើងស្រាប់ហើយ។ 32 ប្រសិនបើខ្ញុំគិតតាមតែទស្សនៈរបស់មនុស្សប៉ុណ្ណោះ តើខ្ញុំតយុទ្ធនឹងសត្វសាហាវនៅក្រុងអេភេសូបានប្រយោជន៍អ្វី? ប្រសិនបើមនុស្សស្លាប់មិនរស់ឡើងវិញទេ ចូរយើងនាំគ្នាគិតតែពីស៊ីផឹកទៅ ព្រោះថ្ងៃស្អែកយើងមុខតែស្លាប់មិនខាន។ 33 សូមបងប្អូនកុំភ័ន្ដច្រឡំ "មិត្ដអាក្រក់តែងនាំអោយខូចទម្លាប់ល្អ"។ 34 ហេតុនេះ ចូរភ្ញាក់ខ្លួនឡើង កុំប្រព្រឹត្ដអំពើបាបសោះឡើយ។ មានអ្នកខ្លះក្នុងចំណោមបងប្អូនមិនស្គាល់ព្រះជាម្ចាស់ទេ ខ្ញុំនិយាយដូច្នេះដើម្បីអោយបងប្អូនខ្មាសខ្លួន។ 35 ប្រហែលជាមានម្នាក់ចង់សួរថាៈ «តើមនុស្សស្លាប់នឹងរស់ឡើងវិញបែបដូចម្ដេច? តើអ្នករស់ឡើងវិញមានរូបកាយយ៉ាងណា?»។ 36 មនុស្សឆោតល្ងង់អើយ! គ្រាប់ពូជដែលអ្នកសាបព្រោះទៅ វាមានជីវិតបាន លុះត្រាតែវាស្លាប់សិន។ 37 គ្រាប់ពូជដែលអ្នកសាបព្រោះទៅនោះ មិនមែនមានរូបរាងដូចដើមដែលនឹងដុះនោះឡើយ គឺគ្រាន់តែជាគ្រាប់មួយ ដូចជាគ្រាប់ស្រូវ ឬ គ្រាប់អ្វីមួយផ្សេងទៀតប៉ុណ្ណោះ 38 ប៉ុន្ដែ ព្រះជាម្ចាស់ប្រទានអោយគ្រាប់នោះមានរូបរាង ស្របតាមព្រះហឫទ័យរបស់ព្រះអង្គ ហើយព្រះអង្គប្រទានអោយគ្រាប់ពូជនីមួយៗដុះ ឡើងមានរូបរាងរបស់វាផ្ទាល់។ 39 រីឯសត្វលោកទាំងអស់ ក៏មានសាច់ផ្សេងៗពីគ្នាដែរ គឺមនុស្សមានសាច់ម៉្យាង សត្វចតុប្បាទមានសាច់ម៉្យាង សត្វស្លាបមានសាច់ម៉្យាង ហើយត្រីមានសាច់ម៉្យាង។ 40 រូបកាយនៅស្ថានសួគ៌ និង រូបកាយនៅលើផែនដីក៏ខុសពីគ្នាដែរ។ រូបកាយនៅស្ថានសួគ៌មានពន្លឺរស្មីរុងរឿង ជាងរូបកាយនៅលើផែនដី។ 41 ពន្លឺថ្ងៃភ្លឺខុសពីពន្លឺលោកខែ និង ពន្លឺផ្កាយ ហើយសូម្បីតែផ្កាយក៏មានពន្លឺប្លែកៗពីគ្នា។ 42 ចំណែកមនុស្សស្លាប់ ដែលរស់ឡើងវិញ ក៏ដូច្នោះដែរ រូបកាយដែលគេកប់ក្នុងដីរមែងតែងតែរលួយ រីឯរូបកាយដែលរស់ឡើងវិញ មិនចេះរលួយទេ។ 43 រូបកាយដែលគេកប់ក្នុងដី ជារូបកាយដ៏ថោកទាប រីឯរូបកាយដែលរស់ឡើងវិញ ជារូបកាយប្រកបដោយសិរីរុងរឿង រូបកាយដែលគេកប់ក្នុងដី ជារូបកាយដ៏ទន់ខ្សោយ រីឯរូបកាយដែលរស់ឡើងវិញ ជារូបកាយប្រកបដោយឫទ្ធានុភាព។ 44 រូបកាយដែលគេកប់ក្នុងដីជារូបកាយធម្មជាតិ រីឯរូបកាយដែលរស់ឡើងវិញ ជារូបកាយប្រកបដោយព្រះវិញ្ញាណ។ ប្រសិនបើមានរូបកាយធម្មជាតិមែន រូបកាយប្រកបដោយវិញ្ញាណក៏មានដែរ។ 45 ហេតុនេះហើយបានជាមានចែងទុកមកថា «មនុស្សទីមួយ គឺលោកអដាំបានទទួលជីវិត»។ រីឯលោកអដាំចុងក្រោយបង្អស់ បានទៅជាព្រះវិញ្ញាណដែលផ្ដល់ជីវិត។ 46 មិនមែនរូបកាយប្រកបដោយព្រះវិញ្ញាណទេដែលកើតមុន គឺរូបកាយធម្មជាតិវិញឯណោះទេតើដែលបានកើតមុន ទើបរូបកាយប្រកបដោយព្រះវិញ្ញាណ កើតមកតាមក្រោយ។ 47 មនុស្សទីមួយ កើតចេញពីដីមក មានលក្ខណៈជាដី។ រីឯមនុស្សទីពីរវិញកើតមកពីស្ថានបរមសុខ ។ 48 អស់អ្នកដែលកើតពីដីក៏មានលក្ខណៈដូចអ្វីៗនៅលើដីនេះ ហើយអស់អ្នកដែលកើតពីស្ថានបរមសុខ ក៏មានលក្ខណៈដូចព្រះអង្គ ដែលនៅស្ថានបរមសុខដែរ។ 49 យើងមានទ្រង់ទ្រាយដូចមនុស្សដែលមានលក្ខណៈជាដីយ៉ាងណា យើងក៏នឹងមានទ្រង់ទ្រាយ ដូចព្រះអង្គដែលគង់នៅស្ថានបរមសុខយ៉ាងនោះដែរ។ 50 បងប្អូនអើយ ខ្ញុំចង់និយាយថា រូបកាយដែលធ្វើពីសាច់ពីឈាម ពុំអាចទទួលព្រះរាជ្យ របស់ព្រះជាម្ចាស់ទុកជាមត៌កបានឡើយហើយអ្វីៗដែលរមែងតែងតែរលួយ ក៏ពុំអាចទទួលអ្វីដែលមិនចេះរលួយនោះបានដែរ។ 51 ខ្ញុំសូមជំរាបបងប្អូនអំពីគំរោងការដ៏លាក់កំបាំងមួយគឺថា យើងមិនស្លាប់ទាំងអស់គ្នាទេ ប៉ុន្ដែ យើងនឹងត្រូវប្រែទ្រង់ទ្រាយទាំងអស់គ្នា 52 ក្នុងរយៈពេលដ៏ខ្លី គឺតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ។ នៅពេលឮសំឡេងត្រែចុងក្រោយ (ដ្បិតនឹងមានសំឡេងត្រែបន្លឺឡើង) មនុស្សស្លាប់នឹងរស់ឡើងវិញ ទាំងមានរូបកាយដែលមិនចេះរលួយ រីឯយើង យើងនឹងត្រូវប្រែទ្រង់ទ្រាយដែរ 53 ព្រោះរូបកាយ ដែលរមែងតែងតែរលួយនេះ ត្រូវតែទទួលយកភាពដែលមិនចេះរលួយ ហើយរូបកាយដែលរមែងតែងតែស្លាប់នេះត្រូវទទួលយកភាពអមតៈ។ 54 នៅពេលរូបកាយដែលតែងតែរលួយនេះបានទទួលភាពមិនចេះរលួយ ហើយនៅពេលរូបកាយដែលរមែងតែងតែស្លាប់នេះ បានទទួលភាពអមតៈហើយនោះ ព្រះបន្ទូលដែលមានចែងទុកក្នុងគម្ពីរនឹងបានសំរេចគឺថាៈ «ជ័យជំនះបានបំបាត់មច្ចុរាជចោលហើយ! 55 មច្ចុរាជអើយ តើទ្រនិចរបស់ឯងនៅឯណា? មច្ចុរាជអើយតើអំណាចប្រហារជីវិតរបស់ឯងនៅឯណា?»។ 56 ទ្រនិចនៃសេចក្ដីស្លាប់នោះ មកពីអំពើបាប រីឯអំណាចនៃអំពើបាបមកពីក្រឹត្យវិន័យ ។ 57 សូមអរព្រះគុណព្រះជាម្ចាស់ ព្រោះព្រះអង្គប្រទានអោយយើងមានជ័យជំនះ ដោយសារព្រះអម្ចាស់យេស៊ូគ្រិស្ដ ។ 58 ហេតុនេះ បងប្អូនជាទីស្រឡាញ់អើយ ចូរមានចិត្ដរឹងប៊ឹងមំាមួនឡើង។ ចូរខំប្រឹងធ្វើកិច្ចការរបស់ព្រះអម្ចាស់ អោយបានចំរើនឡើងជានិច្ច ដោយដឹងថា កិច្ចការដែលបងប្អូនធ្វើរួមជាមួយព្រះអម្ចាស់ ទាំងនឿយហត់នោះ មិនមែនឥតប្រយោជន៍ឡើយ។

កូរិនថូស 16

1 រីឯការរៃប្រាក់ផ្ញើទៅជូនបងប្អូននៅយេរូសាឡឹមវិញ សូមបងប្អូនចាត់ចែងដូចខ្ញុំបានផ្ដែផ្ដាំដល់ក្រុមជំនុំនានា នៅស្រុកកាឡាទីដែរ 2 គឺ រាល់ថ្ងៃអាទិត្យ សូមបងប្អូនយកប្រាក់ទុកដោយឡែកនៅផ្ទះអោយហើយ តាមតែម្នាក់ៗអាចសន្សំបានមិនបាច់ចាំខ្ញុំមកដល់ ទើបនាំគ្នារៃប្រាក់នោះឡើយ។ 3 កាលណាខ្ញុំមកដល់ ខ្ញុំនឹងចាត់អស់អ្នកដែលបងប្អូនជ្រើសរើស អោយយកអំណោយទាននេះទៅក្រុងយេរូសាឡឹម ទាំងកាន់សំបុត្រទៅជាមួយផង។ 4 បើយល់ឃើញថាគួរអោយខ្ញុំទៅដែរនោះ ពួកគេនឹងធ្វើដំណើរទៅជាមួយខ្ញុំ។ 5 ពេលណាខ្ញុំបានឆ្លងកាត់ស្រុកម៉ាសេដូនរួចហើយ ខ្ញុំនឹងមកសួរសុខទុក្ខបងប្អូនដែរ (ដ្បិតខ្ញុំត្រូវតែឆ្លងកាត់ស្រុកម៉ាសេដូន)។ 6 ប្រហែលជាខ្ញុំនឹងស្នាក់នៅជាមួយបងប្អូន ឬ ត្រូវនៅជាមួយបងប្អូនក្នុងរដូវរងានេះផងដើម្បីអោយបងប្អូនជួយខ្ញុំក្នុងការបន្ដដំណើរទៅមុខទៀត។ 7 លើកនេះ ខ្ញុំមិនចង់មកជួបបងប្អូន ដោយគ្រាន់តែឆៀងចូលមួយភ្លែតនោះទេ ប្រសិនបើព្រះអម្ចាស់អនុញ្ញាតអោយ ខ្ញុំសង្ឃឹមថានឹងស្នាក់នៅជាមួយបងប្អូនបានយូរក្រែលបន្ដិច។ 8 ក៏ប៉ុន្ដែ ខ្ញុំត្រូវស្នាក់នៅក្រុងអេភេសូ នេះរហូតដល់បុណ្យថ្ងៃទីហាសិប 9 ដ្បិតទ្វារបើកចំហ យ៉ាងធំ សំរាប់អោយខ្ញុំបំពេញកិច្ចការនៅទីនោះ ទោះបីមានអ្នកប្រឆំាងច្រើនយ៉ាងណាក៏ដោយ។ 10 ប្រសិនបើលោកធីម៉ូថេមកដល់ សូមបងប្អូនរាក់ទាក់ទទួលគាត់ កុំអោយគាត់ព្រួយបារម្ភក្នុងចំណោមបងប្អូន ដ្បិតគាត់ធ្វើការបំរើព្រះអម្ចាស់ដូចខ្ញុំដែរ។ 11 ហេតុនេះ កុំអោយមាននរណាម្នាក់មើលងាយគាត់ឡើយតែត្រូវជួយជ្រោមជ្រែងគាត់ អោយបន្ដដំណើរទៅដល់កន្លែងខ្ញុំដោយសុខសាន្ដផង ដ្បិតខ្ញុំ និង បងប្អូននៅទីនោះ រង់ចាំគាត់។ 12 រីឯលោកអប៉ូឡូសវិញ ខ្ញុំបានដាស់តឿនគាត់ជារឿយៗអោយមកសួរសុខទុក្ខបងប្អូន ទាំងនាំបងប្អូនឯទៀតៗមកជាមួយផង ក៏ប៉ុន្ដែ គាត់ពុំទាន់បានសំរេចចិត្ដថា នឹងមកក្នុងពេលឆាប់ៗនេះទេគាត់នឹងអញ្ជើញមក នៅពេលណាឱកាសហុចអោយ។ 13 ចូរបងប្អូនប្រុងស្មារតី ត្រូវកាន់ជំនឿអោយបានខ្ជាប់ខ្ជួន ត្រូវមានចិត្ដក្លាហាន និង មានកម្លាំងមំាមួនឡើង។ 14 ក្នុងចំណោមបងប្អូន ត្រូវធ្វើគ្រប់កិច្ចការទាំងអស់ ដោយសេចក្ដីស្រឡាញ់។ 15 បងប្អូនអើយ ខ្ញុំសូមផ្ដែផ្ដាំបងប្អូនអំពីរឿងមួយទៀត។ ដូចបងប្អូនជ្រាបស្រាប់ហើយថានៅស្រុកអាខៃនេះ ក្រុមគ្រួសាររបស់លោកស្ទេផាណាសជឿមុនគេ ហើយក៏បានស្ម័គ្រចិត្ដបំរើប្រជាជនដ៏វិសុទ្ធ។ 16 ដូច្នេះសូមបងប្អូនគោរពចុះចូលនឹងមនុស្សដ៏ប្រសើរបែបនេះវិញ ព្រមទាំងគោរពអស់អ្នកដែលធ្វើការទាំងនឿយហត់ រួមជាមួយបងប្អូនទាំងនេះដែរ។ 17 ខ្ញុំសប្បាយចិត្ដ ដោយបានលោកស្ទេផាណាសលោកភ័រទីណាទូស និង លោកអខៃគូសមកទីនេះ។ ខ្ញុំនឹកបងប្អូន ទាំងអស់គ្នាខ្លាំងណាស់ តែអ្នកទាំងបីបានធ្វើ អោយខ្ញុំធូរស្បើយក្នុងចិត្ដ 18 ព្រោះគេបានសំរាលទុក្ខខ្ញុំ ដូចគេបានសំរាលទុក្ខបងប្អូនដែរ។ ហេតុនេះសូមបងប្អូនគោរពមនុស្សដ៏ប្រសើរបែបនេះផង។ 19 ក្រុមជំនុំទាំងឡាយនៅស្រុកអាស៊ី សូមជំរាបសួរមកបងប្អូន។ លោកអគីឡា និង នាងព្រីស៊ីល ព្រមទាំងក្រុមជំនុំនៅផ្ទះគាត់ ក៏សូមជំរាបសួរមកបងប្អូនក្នុងព្រះនាមព្រះអម្ចាស់ដែរ។ 20 បងប្អូនទាំងអស់គ្នានៅទីនេះ ក៏សូមជំរាបសួរមកបងប្អូនដែរ។ សូមបងប្អូនជំរាបសួរគ្នាទៅវិញទៅមក ដោយស្និទ្ធស្នាលផង។ 21 ខ្ញុំ ប៉ូល សរសេរពាក្យជំរាបសួរនេះមកបងប្អូនដោយដៃខ្ញុំផ្ទាល់។ 22 បើអ្នកណាមិនស្រឡាញ់ព្រះអម្ចាស់ អោយអ្នកនោះត្រូវបណ្ដាសាទៅចុះ! ម៉ារ៉ាណាថាធ! 23 សូមអោយបងប្អូនបានប្រកបដោយព្រះគុណរបស់ព្រះអម្ចាស់យេស៊ូ! 24 ខ្ញុំស្រឡាញ់បងប្អូនទាំងអស់គ្នា ក្នុងព្រះគ្រិស្ដ យេស៊ូ។

2 Corinthians 1

1 ខ្ញុំប៉ូល ដែលព្រះជាម្ចាស់សព្វព្រះហឫទ័យតែងតាំងជាសាវ័ក របស់ព្រះគ្រិស្ដយេស៊ូ ខ្ញុំ និង លោកធីម៉ូថេ សូមជំរាបមកក្រុមជំនុំរបស់ព្រះជាម្ចាស់នៅក្រុងកូរិនថូស និង ជំរាបមកប្រជាជនដ៏វិសុទ្ធ ទាំងអស់ នៅស្រុកអាខៃទាំងមូល។ 2 សូមព្រះជាម្ចាស់ជាព្រះបិតារបស់យើង និង ព្រះអម្ចាស់យេស៊ូគ្រិស្ដប្រទានព្រះគុណ និង សេចក្ដីសុខសាន្ដដល់បងប្អូន! 3 សូមលើកតម្កើងព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូ ជាអម្ចាស់នៃយើង។ ព្រះអង្គជាព្រះបិតាប្រកបដោយព្រះហឫទ័យមេត្ដាករុណា និង ជាព្រះដែលជួយសំរាលទុក្ខគ្រប់បែបយ៉ាងទាំងអស់។ 4 ព្រះអង្គសំរាលទុក្ខយើង នៅពេលយើងមានទុក្ខវេទនាសព្វបែបយ៉ាង ដើម្បីអោយយើងអាចសំរាលទុក្ខអស់អ្នកដែលមានទុក្ខវេទនា ព្រោះព្រះជាម្ចាស់ប្រទានអោយយើងផ្ទាល់បានធូរស្បើយរួចហើយដែរ។ 5 យើងរួមទុក្ខលំបាកផ្សេងៗជាមួយព្រះគ្រិស្ដកាន់តែច្រើនយ៉ាងណា យើងក៏បានធូរស្រាលពីទុក្ខតាមរយៈព្រះគ្រិស្ដ កាន់តែច្រើនយ៉ាងនោះដែរ។ 6 បើយើងត្រូវរងទុក្ខវេទនា គឺដើម្បីអោយព្រះអង្គសំរាលទុក្ខ និង សង្គ្រោះបងប្អូន។ បើយើងបានធូរស្បើយក្នុងចិត្ដហើយនោះ គឺដើម្បីអោយបងប្អូនបានធូរស្បើយក្នុងចិត្ដធ្វើអោយបងប្អូនអាចស៊ូទ្រាំនឹងទុក្ខលំបាកផ្សេងៗដូចយើងដែរ។ 7 ដូច្នេះ កាលណាយើងគិតពីបងប្អូន យើងមានសង្ឃឹមយ៉ាងមុតមាំដោយដឹងថា បងប្អូនរងទុក្ខលំបាករួមជាមួយយើងយ៉ាងណា បងប្អូនក៏នឹងបានធូរស្រាល រួមជាមួយយើងយ៉ាងនោះដែរ។ 8 បងប្អូនអើយ យើងចង់អោយបងប្អូនជ្រាបយ៉ាងច្បាស់អំពីទុក្ខវេទនាដែលកើតមានដល់យើងនៅស្រុកអាស៊ីនេះ។ យើងបានរងទុក្ខយ៉ាងខ្លាំងហួសពីកម្លំាងដែលយើងអាចទ្រាំបាន រហូតដល់យើងអស់សង្ឃឹមថានឹងរស់រានមានជីវិតតទៅមុខទៀតផង។ 9 យើងនឹកក្នុងចិត្ដថាគេនឹងដាក់ទោសយើងដល់ស្លាប់។ រឿងនេះកើតឡើង ដើម្បីកុំអោយយើងពឹងផ្អែកលើខ្លួនឯង គឺពឹងផ្អែកលើព្រះជាម្ចាស់ ដែលប្រោសមនុស្សស្លាប់អោយរស់ឡើងវិញ។ 10 ព្រះអង្គបានរំដោះយើងអោយរួចផុតពីការស្លាប់ដ៏សែនវេទនានេះ ហើយព្រះអង្គក៏នឹងរំដោះយើងតទៅមុខទៀតដែរ។ ពិតមែនហើយយើងសង្ឃឹមថា ព្រះអង្គនឹងរំដោះយើងទៀតជាមិនខាន។ 11 រីឯបងប្អូនវិញ បងប្អូនក៏បានជួយយើង ដោយទូលអង្វរព្រះជាម្ចាស់។ ហេតុនេះ ព្រះអង្គប្រោសប្រណីដល់យើង ដោយមានគ្នាច្រើនទូលអង្វរ ហើយក៏នឹងមានគ្នាជាច្រើនអរព្រះគុណព្រះអង្គអំពីយើងដែរ។ 12 សតិសម្បជញ្ញៈរបស់យើងបានបញ្ជាក់ប្រាប់យើងថា ឥរិយាបថដែលយើងប្រកាន់យកក្នុងលោកនេះពិតជាត្រូវមែន ជាពិសេស របៀបដែលយើងប្រព្រឹត្ដចំពោះបងប្អូន ដោយចិត្ដស្មោះសរ និង ដោយសុទ្ធចិត្ដចេញមកពីព្រះជាម្ចាស់។ យើងមិនបានធ្វើតាមប្រាជ្ញារបស់លោកីយ៍ទេតែធ្វើតាមព្រះគុណរបស់ព្រះជាម្ចាស់វិញ ត្រង់នេះហើយដែលធ្វើអោយយើងបានខ្ពស់មុខ។ 13 យើងមិនសរសេរសេចក្ដីណាផ្សេងទៀតមកជូនបងប្អូន ក្រៅពីសេចក្ដីដែលបងប្អូនអាន និង យល់ស្រាប់ហើយនោះឡើយ។ ខ្ញុំសង្ឃឹមថាបងប្អូនមុខជាយល់សេចក្ដីនេះជាក់ច្បាស់សព្វគ្រប់មិនខាន 14 ដូចបងប្អូនយល់មួយផ្នែករួចមកហើយថា យើងបានធ្វើអោយបងប្អូនខ្ពស់មុខហើយបងប្អូនក៏នឹងធ្វើអោយយើងខ្ពស់មុខនៅថ្ងៃព្រះអម្ចាស់យេស៊ូនៃយើងទ្រង់យាងមកនោះដែរ។ 15 ដោយខ្ញុំមានសេចក្ដីសង្ឃឹមដ៏មុតមាំនេះហើយ បានជាខ្ញុំមានបំណងចង់មករកបងប្អូនជាមុនសិន ដើម្បីអោយព្រះជាម្ចាស់ប្រោសប្រណីបងប្អូនសាជាថ្មីម្ដងទៀត។ 16 បន្ទាប់មក ខ្ញុំនឹងចាកចេញពីបងប្អូនឆ្ពោះទៅស្រុកម៉ាសេដូន ហើយវិលពីស្រុកម៉ាសេដូនមករកបងប្អូនវិញ ដើម្បីអោយបងប្អូនជួយខ្ញុំបន្ដដំណើរទៅស្រុកយូដាទៀត។ 17 ខ្ញុំសំរេចចិត្ដធ្វើដូច្នេះ តើខ្ញុំសំរេចដោយឥតបើគិតឬ? ឬមួយគំរោងការរបស់ខ្ញុំកើតមកពីគំនិតលោកីយ៍ បានជាខ្ញុំនិយាយបាតដៃជាខ្នងដៃ ដូច្នេះ? 18 មានព្រះជាម្ចាស់ជាសាក្សីស្រាប់ហើយ យើងមិននិយាយមកកាន់បងប្អូន ដោយពោលពាក្យប្រែប្រួលបាតដៃជាខ្នងដៃនោះទេ 19 ដ្បិតព្រះគ្រិស្ដយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់ដែលយើងប្រកាស គឺទាំងខ្ញុំ ទាំងលោកស៊ីលវ៉ាន និង លោកធីម៉ូថេប្រកាសក្នុងចំណោមបងប្អូននោះ ព្រះអង្គមិនប្រែប្រួលបាតដៃជាខ្នងដៃសោះឡើយ នៅក្នុងព្រះអង្គមានតែពាក្យសច្ចៈប៉ុណ្ណោះ។ 20 ព្រះគ្រិស្ដបានធ្វើអោយព្រះបន្ទូលសន្យាទាំងប៉ុន្មានរបស់ព្រះជាម្ចាស់បានសំរេចសព្វគ្រប់ទាំងអស់។ ហេតុនេះហើយបានជាយើងពោលពាក្យ«អាម៉ែន »ទៅកាន់ព្រះជាម្ចាស់ តាមរយៈព្រះគ្រិស្ដ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។ 21 គឺព្រះជាម្ចាស់ហើយ ដែលប្រទានអោយយើង និង បងប្អូនមានជំនឿខ្ជាប់ខ្ជួនលើព្រះគ្រិស្ដ ព្រមទាំងបានចាក់ប្រេងលើយើងផង 22 ហើយព្រះអង្គក៏បានដៅសញ្ញាសំគាល់របស់ព្រះអង្គលើយើង និង ប្រទានព្រះវិញ្ញាណមកបញ្ចំាចិត្ដយើងផងដែរ។ 23 ខ្ញុំសូមជំរាបបងប្អូន ដោយមានព្រះជាម្ចាស់ជាសាក្សីថា ហេតុដែលខ្ញុំមិនទាន់បានទៅក្រុងកូរិនថូសនោះ គឺមកពីខ្ញុំយោគយល់ដល់បងប្អូន (បើមិនពិតទេសូមព្រះអង្គផ្ដាច់ជីវិតខ្ញុំចុះ)។ 24 យើងមិនចង់ត្រួតត្រាលើជំនឿរបស់បងប្អូនទេ ដ្បិតជំនឿរបស់បងប្អូនមាំមួនរួចស្រេចទៅហើយ យើងគ្រាន់តែចង់ធ្វើការរួមជាមួយបងប្អូន ដើម្បីអោយបងប្អូនមានអំណរ តែប៉ុណ្ណោះ។

2 Corinthians 2

1 ដូច្នេះ ខ្ញុំសំរេចថាខ្ញុំមិនវិលមករកបងប្អូនវិញ ទាំងព្រួយចិត្ដនោះឡើយ។ 2 បើខ្ញុំធ្វើអោយបងប្អូនព្រួយចិត្ដទៅហើយ តើនរណានឹងធ្វើអោយខ្ញុំសប្បាយ ក្រៅពីអ្នកដែលខ្ញុំបានធ្វើអោយព្រួយចិត្ដនោះ? 3 សំបុត្រដែលខ្ញុំបានសរសេរមកជូនបងប្អូនមានគោលបំណងចៀសវាងកុំអោយខ្ញុំព្រួយចិត្ដ នៅពេលខ្ញុំមកដល់ គឺកុំអោយខ្ញុំកើតទុក្ខព្រួយ ពីអស់អ្នកដែលត្រូវធ្វើអោយខ្ញុំមានអំណរនោះឡើយ។ ខ្ញុំជឿជាក់ថាពេលខ្ញុំមានអំណរបងប្អូនទាំងអស់គ្នាក៏មានអំណររួមជាមួយខ្ញុំដែរ។ 4 ខ្ញុំសរសេរមកបងប្អូន ទាំងតឹងទ្រូង ទាំងពិបាកចិត្ដ ទាំងស្រក់ទឹកភ្នែក តែមិនមែនចង់ធ្វើអោយបងប្អូនព្រួយចិត្ដទេ គឺចង់សំដែងអោយបងប្អូនដឹងអំពីសេចក្ដីស្រឡាញ់ដ៏លើសលប់របស់ខ្ញុំចំពោះបងប្អូន។ 5 ប្រសិនបើនរណាម្នាក់បង្កើតអោយមានទុក្ខព្រួយ មិនមែនធ្វើអោយខ្ញុំព្រួយចិត្ដទេ គឺគាត់ធ្វើអោយបងប្អូនទាំងអស់គ្នាព្រួយចិត្ដ ឬ យ៉ាងហោចណាស់ ក៏អោយបងប្អូនមួយចំនួនព្រួយចិត្ដ (ខ្ញុំថាដូច្នេះ មកពីមិនចង់បំផ្លើស)។ 6 បើបងប្អូនភាគច្រើនបានដាក់ទោសមនុស្សបែបនេះ ល្មមហើយ។ 7 សូមបងប្អូនអត់ទោសអោយគាត់ និង លើកទឹកចិត្ដគាត់ផងទៅ ក្រែងលោគាត់ពិបាកចិត្ដខ្លាំងពេករហូតដល់ទៅអស់សង្ឃឹម។ 8 ដូច្នេះខ្ញុំសូមទូន្មានបងប្អូនធ្វើយ៉ាងណា បង្ហាញអោយឃើញថាបងប្អូនស្រឡាញ់គាត់។ 9 ខ្ញុំសរសេរមកដើម្បីលចិត្ដបងប្អូនមើល ចង់ដឹងថាតើបងប្អូនពិតជាស្ដាប់តាមសេចក្ដីទាំងអស់ដែលខ្ញុំបានបង្គាប់ ឬ យ៉ាងណា។ 10 បើបងប្អូនលើកលែងទោសអោយអ្នកណា ខ្ញុំក៏លើកលែងទោសអោយអ្នកនោះដែរ។ ចំពោះខ្លួនខ្ញុំផ្ទាល់ (ប្រសិនបើមានហេតុដែលខ្ញុំត្រូវអត់ទោសអោយនរណាម្នាក់) ខ្ញុំលើកលែងទោសអោយគេ ព្រោះតែបងប្អូន ដោយខ្ញុំយល់ដល់ព្រះគ្រិស្ដ 11 ដើម្បីកុំអោយយើងចាញ់បោកមារ សាតាំង ដ្បិតយើងស្គាល់គំរោងការរបស់វាស្រាប់ហើយ។ 12 ពេលខ្ញុំបានទៅដល់ក្រុងត្រូអាស ដើម្បីផ្សព្វផ្សាយដំណឹងល្អ របស់ព្រះគ្រិស្ដ ទោះបីព្រះអម្ចាស់បានបើកឱកាស អោយខ្ញុំក៏ដោយ ក៏ចិត្ដខ្ញុំពុំបានស្ងប់ដែរព្រោះរកលោកទីតុសមិនឃើញ។ 13 ហេតុនេះ ខ្ញុំក៏លាពួកបងប្អូននៅក្រុងត្រូអាសធ្វើដំណើរឆ្ពោះទៅស្រុកម៉ាសេដូន។ 14 សូមអរព្រះគុណព្រះជាម្ចាស់ ដែលប្រទានអោយយើងមានជ័យជំនះរួមជាមួយព្រះគ្រិស្ដជានិច្ច។ ព្រះអង្គប្រោសប្រទានអោយមនុស្សនៅគ្រប់ទីកន្លែងបានស្គាល់ព្រះអង្គតាមរយៈយើង ដែលប្រៀបបីដូចជាក្លិនក្រអូបសាយគ្រប់ទិសទី!។ 15 ចំពោះព្រះជាម្ចាស់ គឺយើងនេះហើយជាក្លិនក្រអូបរបស់ព្រះគ្រិស្ដ ក្នុងចំណោមអស់អ្នកដែលបានទទួលការសង្គ្រោះ និង ក្នុងចំណោមអស់អ្នកដែលកំពុងតែវិនាសអន្ដរាយ។ 16 ចំពោះអ្នកវិនាស យើងជាក្លិននៃសេចក្ដីស្លាប់ដែលនាំអោយគេស្លាប់ ចំពោះអ្នកដែលបានទទួលការសង្គ្រោះយើងជាក្លិននៃជីវិត ដែលនាំអោយគេមានជីវិត។ តើនរណាមានសមត្ថភាព អាចនឹងបំពេញកិច្ចការនេះបាន? 17 យើងមិនមែនជាអ្នកក្លែងបន្លំព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដូចមនុស្សមួយចំនួនធំនោះឡើយ គឺយើងនិយាយដោយសុទ្ធចិត្ដ ក្នុងនាមព្រះជាម្ចាស់ នៅចំពោះព្រះភ័ក្ដ្រព្រះជាម្ចាស់ និង នៅក្នុងអង្គព្រះគ្រិស្ដ។

2 Corinthians 3

1 តើយើងចាប់ផ្ដើមតែងតាំងខ្លួនឯង សាជាថ្មីទៀតឬ? ឬមួយក៏យើងត្រូវតែធ្វើដូចអ្នកខ្លះ គឺត្រូវការយកលិខិតតែងតាំងមកជូនបងប្អូនឬ សុំលិខិតតែងតាំងពីបងប្អូនវិញ? 2 បងប្អូនហ្នឹងហើយជាលិខិតរបស់យើង ជាលិខិតសរសេរនៅក្នុងដួងចិត្ដរបស់យើងដែលមនុស្សទាំងអស់អាចស្គាល់ និង អានបាន។ 3 បងប្អូនពិតជាលិខិតរបស់ព្រះគ្រិស្ដ មែន ជាលិខិតដែលព្រះអង្គសរសេរផ្ញើមកតាមកិច្ចការដែលយើងបំពេញ។ លិខិតនេះមិនមែនសរសេរដោយទឹកខ្មៅទេ គឺសរសេរឡើងដោយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មរស់ មិនមែនជាលិខិតសរសេរនៅលើផ្ទាំងថ្មទេ គឺសរសេរក្នុងសាច់ក្នុងដួងចិត្ដរបស់បងប្អូន។ 4 យើងមានសេចក្ដីទុកចិត្ដដ៏មុតមាំនៅចំពោះព្រះភ័ក្ដ្រព្រះជាម្ចាស់បែបនេះ ក៏ព្រោះតែព្រះគ្រិស្ដនេះហើយ។ 5 យើងមិនអាចចាត់ទុកថាខ្លួនយើងមានសមត្ថភាពនឹងធ្វើកិច្ចការអ្វីមួយបានដោយខ្លួនយើងផ្ទាល់ឡើយ គឺព្រះជាម្ចាស់ឯណោះដែលប្រទានអោយយើងមានសមត្ថភាពអាចធ្វើបាន។ 6 ព្រះអង្គក៏ប្រទានអោយយើងមានសមត្ថភាពធ្វើជាអ្នកបំរើសម្ពន្ធមេត្រី ថ្មីដែរជាសម្ពន្ធមេត្រីដែលមិនមែនចងឡើង ដោយសរសេរជាលាយលក្ខណ៍អក្សរនោះទេ គឺចងឡើងដោយព្រះវិញ្ញាណវិញដ្បិតក្រឹត្យវិន័យ ដែលសរសេរជាលាយលក្ខណ៍អក្សរបណ្ដាលអោយស្លាប់ រីឯព្រះវិញ្ញាណទ្រង់ប្រទានជីវិត។ 7 ក្រឹត្យវិន័យដែលចារឹកលើផ្ទាំងសិលា មានសិរីរុងរឿងយ៉ាងខ្លាំង រហូតដល់ទៅជនជាតិអ៊ីស្រាអែលមិនអាចសំឡឹងមើលមុខលោកម៉ូសេបាន ព្រោះតែសិរីរុងរឿងភ្លឺចាំងពីផ្ទៃមុខលោក ហើយជាសិរីរុងរឿងស្ថិតនៅតែមួយរយៈប៉ុណ្ណោះ។ ប្រសិនបើមុខងារបំរើក្រឹត្យវិន័យដែលបណ្ដាលអោយស្លាប់នេះ មានសិរីរុងរឿងយ៉ាងហ្នឹងទៅហើយ 8 ចុះទំរាំបើមុខងារបំរើព្រះវិញ្ញាណវិញ តើនឹងមានសិរីរុងរឿងលើសនេះយ៉ាងណាទៅទៀត? 9 ប្រសិនបើមុខងារដែលធ្វើអោយមនុស្សទទួលទោស មានសិរីរុងរឿងយ៉ាងហ្នឹងទៅហើយ ចុះទំរាំបើមុខងារដែលធ្វើអោយមនុស្សបានសុចរិត វិញ តើនឹងរឹងរឹតតែមានសិរីរុងរឿង ប្រសើរលើសលប់យ៉ាងណាទៅទៀត? 10 ប្រសិនបើយើងប្រៀបធៀបសិរីរុងរឿងពីសម័យដើម នឹងសិរីរុងរឿងដ៏ខ្ពង់ខ្ពស់បំផុតនាបច្ចុប្បន្នកាលនេះ យើងនឹងឃើញថាសិរីរុងរឿងពីដើម ដូចជាមិនរុងរឿងទាល់តែសោះ។ 11 ដូច្នេះ ប្រសិនបើអ្វីៗដែលមិនស្ថិតស្ថេរមានសិរីរុងរឿងទៅហើយ ចុះទំរាំបើអ្វីៗដែលនៅស្ថិតស្ថេរវិញតើនឹងរឹតតែមានសិរីរុងរឿងយ៉ាងណាទៅ? 12 ដោយយើងមានសេចក្ដីសង្ឃឹមយ៉ាងនេះ យើងក៏មានចិត្ដរឹងប៉ឹង ឥតរង្គើដែរ។ 13 យើងមិនធ្វើដូចលោកម៉ូសេទេ គឺលោកបានយកស្បៃមកបាំងមុខ កុំអោយជនជាតិអ៊ីស្រាអែលសំឡឹងមើលរស្មីដែលមិនស្ថិតស្ថេរនោះចេញបាត់ពីផ្ទៃមុខលោក។ 14 ប៉ុន្ដែ គំនិតរបស់ជនជាតិអ៊ីស្រាអែលនៅងងឹតសូន្យ ដ្បិតរហូតមកទល់សព្វថ្ងៃ ពេលគេអានគម្ពីរសម្ពន្ធមេត្រី ចាស់ស្បៃដដែលនោះនៅបាំងគំនិតរបស់គេ។ ស្បៃនៅបាំងគេដដែលលុះដល់គេចូលរួមជាមួយព្រះគ្រិស្ដ ទើបស្បៃនោះរសាត់បាត់ទៅ។ 15 មកទល់សព្វថ្ងៃនេះ ពេលគេអានគម្ពីររបស់លោកម៉ូសេមានស្បៃមួយនៅបាំងចិត្ដគេមិនអោយយល់ 16 ក៏ប៉ុន្ដែ «នៅពេលគេបែរចិត្ដគំនិតរកព្រះអម្ចាស់ ស្បៃនោះចេញពីគេបាត់ទៅ» 17 ដ្បិតព្រះអម្ចាស់ជាព្រះវិញ្ញាណ នៅទីណាមានព្រះវិញ្ញាណរបស់ព្រះអម្ចាស់នៅទីនោះក៏មានសេរីភាពដែរ។ 18 យើងទាំងអស់គ្នា ដែលគ្មានស្បៃនៅបាំងមុខយើងបញ្ចេញសិរីរុងរឿងរបស់ព្រះអម្ចាស់ដែលចាំងមកលើយើង ហើយយើងនឹងផ្លាស់ប្រែអោយបានដូចព្រះអង្គ គឺមានសិរីរុងរឿងកាន់តែភ្លឺឡើងៗ។ នេះហើយជាស្នាព្រះហស្ដរបស់ព្រះវិញ្ញាណនៃព្រះអម្ចាស់។

2 Corinthians 4

1 បើព្រះជាម្ចាស់មានព្រះហឫទ័យមេត្ដាករុណា ប្រគល់មុខងារនេះមកអោយយើងបំពេញយើងមិនបាក់ទឹកចិត្ដឡើយ។ 2 យើងបដិសេធមិនប្រព្រឹត្ដការលួចលាក់ណាដែលគួរអោយអៀនខ្មាស នោះទេ ហើយយើងក៏មិនបោកបញ្ឆោតគេ ឬ ក្លែងបន្លំព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ។ ផ្ទុយទៅវិញ យើងបង្ហាញអោយមនុស្សលោកស្គាល់សេចក្ដីពិត ទាំងនាំគេអោយទុកចិត្ដលើយើង នៅចំពោះព្រះភ័ក្ដ្រព្រះជាម្ចាស់។ 3 ប្រសិនបើអត្ថន័យនៃដំណឹងល្អ នៅតែលាក់កំបាំង គឺលាក់កំបាំងតែចំពោះអស់អ្នកដែលត្រូវវិនាសអន្ដរាយប៉ុណ្ណោះ 4 ជាអ្នកមិនជឿដែលត្រូវព្រះនៃលោកីយ៍នេះធ្វើអោយចិត្ដគំនិតរបស់គេ ទៅជាងងឹត មិនអោយគេឃើញពន្លឺរស្មីដ៏រុងរឿងនៃដំណឹងល្អរបស់ព្រះគ្រិស្ដជាតំណាង របស់ព្រះជាម្ចាស់នោះឡើយ។ 5 យើងមិនប្រកាសអំពីខ្លួនយើងទេ គឺយើងប្រកាសអំពីព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់ ហើយយើងដាក់ខ្លួនជាអ្នកបំរើបងប្អូន ព្រោះតែព្រះយេស៊ូនេះហើយ។ 6 ព្រះជាម្ចាស់ដែលមានព្រះបន្ទូលថា «ចូរអោយមានពន្លឺភ្លឺចេញពីងងឹត!» ទ្រង់ក៏បានបំភ្លឺចិត្ដគំនិតរបស់យើងអោយស្គាល់យ៉ាងច្បាស់ នូវសិរីរុងរឿងរបស់ព្រះជាម្ចាស់ ដែលភ្លឺចាំងពីព្រះភ័ក្ដ្ររបស់ព្រះគ្រិស្ដដែរ។ 7 យើងមានមុខងារដ៏ប្រសើរនេះ ប្រៀបបីដូចជាឆ្នាំងដីដែលមានកំណប់នៅខាងក្នុង ដើម្បីអោយមនុស្សលោកឃើញថា ឫទ្ធានុភាពដ៏ប្រសើរខ្ពង់ខ្ពស់នេះជាឫទ្ធានុភាពរបស់ព្រះជាម្ចាស់មិនមែនជារបស់យើងទេ។ 8 គេសង្កត់សង្កិនយើងគ្រប់យ៉ាងមែន តែយើងមិនភ័យបារម្ភអ្វីឡើយ យើងទ័លច្រកមែន តែយើងនៅតែទៅមុខរួច 9 គេបៀតបៀនយើងមែន តែព្រះជាម្ចាស់មិនបោះបង់យើងចោលឡើយ គេវាយដំយើងមែន តែយើងមិនស្លាប់បាត់បង់ជីវិតឡើយ។ 10 ក្នុងរូបកាយយើង យើងផ្ទុកសេចក្ដីឈឺចាប់ របស់ព្រះយេស៊ូជានិច្ច ដើម្បីអោយគេឃើញព្រះជន្មរបស់ព្រះអង្គនៅក្នុងរូបកាយយើង។ 11 ព្រោះតែព្រះយេស៊ូ យើងដែលកំពុងរស់តែងតែប្រឈមមុខទល់នឹងសេចក្ដីស្លាប់ជានិច្ច ដើម្បីអោយគេឃើញព្រះជន្មរបស់ព្រះអង្គនៅក្នុងរូបកាយយើងដែលរមែងតែងតែស្លាប់។ 12 ដូច្នេះ សេចក្ដីស្លាប់ចេះតែយាយីយើង រីឯបងប្អូនវិញ បងប្អូនចេះតែមានជីវិតចំរើនឡើង។ 13 ដោយយើងមានវិញ្ញាណដែលនាំអោយជឿ ស្របតាមសេចក្ដីដែលមានចែងទុកមកថា «ខ្ញុំជឿហេតុនេះហើយបានជាខ្ញុំនិយាយ» យើងក៏ជឿដែរ ហេតុនេះហើយបានជាយើងនិយាយ។ 14 យើងដឹងថា ព្រះអង្គដែលបានប្រោសព្រះអម្ចាស់យេស៊ូអោយមានព្រះជន្មរស់ឡើងវិញ ទ្រង់ក៏នឹងប្រោសយើងអោយរស់ឡើងវិញ រួមជាមួយព្រះយេស៊ូដែរ ព្រមទាំងនាំយើងទៅនៅក្បែរព្រះអង្គរួមជាមួយបងប្អូនថែមទៀតផង។ 15 ហេតុការណ៍ទាំងនេះកើតឡើង ជាប្រយោជន៍ដល់បងប្អូន គឺអោយព្រះគុណបានចំរើនកាន់តែច្រើនឡើងៗ ដើម្បីអោយមានគ្នាមួយចំនួនធំ អរព្រះគុណព្រះជាម្ចាស់កាន់តែច្រើនឡើង និង លើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។ 16 ហេតុនេះហើយបានជាយើងមិនបាក់ទឹកចិត្ដឡើយ ទោះបីរូបកាយរបស់យើងចេះតែទ្រុឌទ្រោមទៅៗក៏ដោយ ក៏ជំរៅចិត្ដយើង កាន់តែចំរើនឡើងជារៀងរាល់ថ្ងៃដែរ 17 ដ្បិតទុក្ខលំបាកបន្ដិចបន្ដួចដែលយើងជួបប្រទះម្ដងម្កាលនោះ ធ្វើអោយយើងមានសិរីរុងរឿងដ៏ប្រសើរលើសលប់ ជាសិរីរុងរឿងនៅស្ថិតស្ថេរអស់កល្បជានិច្ច ដែលរកអ្វីមកប្រៀបផ្ទឹមពុំបាន។ 18 ដូច្នេះយើងមិនចាប់អារម្មណ៍នឹងអ្វីៗ ដែលភ្នែកមើលឃើញឡើយ គឺយើងចាប់អារម្មណ៍នឹងអ្វីៗ ដែលភ្នែកមើលមិនឃើញនោះវិញ ដ្បិតអ្វីៗដែលភ្នែកមើលឃើញនៅស្ថិតស្ថេរតែមួយរយៈប៉ុណ្ណោះ តែអ្វីៗដែលភ្នែកមើលមិនឃើញនៅស្ថិតស្ថេរអស់កល្បជានិច្ច។

2 Corinthians 5

1 យើងដឹងហើយថា រូបកាយរបស់យើងនៅលើផែនដីនេះ ប្រៀបដូចជាជំរកមួយដែលត្រូវរលាយសូន្យទៅ តែយើងមានវិមានមួយនៅស្ថានបរមសុខ ជាលំនៅស្ថិតស្ថេរអស់កល្បជានិច្ច ដែលពុំមែនជាស្នាដៃរបស់មនុស្សឡើយ គឺជាស្នាព្រះហស្ដរបស់ព្រះជាម្ចាស់។ 2 ឥឡូវនេះ យើងតែងតែត្អូញត្អែរសង្វាតចង់បានរូបកាយសួគ៌មកគ្របពីលើរូបកាយនេះថែមទៀត 3 គឺអោយតែយើងបានរូបកាយថ្មីប្រសើរជាជាងគ្មាន។ 4 ពេលស្ថិតនៅក្នុងរូបកាយនេះនៅឡើយ យើងតែងតែត្អូញត្អែរ និង ពិបាកចិត្ដ។ យើងមិនចង់ដោះរូបកាយនេះចោលទេ គឺចង់ពាក់រូបកាយថ្មីពីលើថែមទៀត ដើម្បីអោយជីវិតលេបបំបាត់នូវអ្វីៗដែលរមែងតែងតែស្លាប់នេះ។ 5 ព្រះជាម្ចាស់ផ្ទាល់បានតំរូវអោយយើងផ្លាស់ប្រែដូច្នេះ ព្រះអង្គក៏បានប្រទានព្រះវិញ្ញាណ មកបញ្ចំាចិត្ដយើងផងដែរ។ 6 ដូច្នេះ យើងមានចិត្ដក្លាហានជានិច្ច។ យើងដឹងថាដរាបណាយើងស្ថិតនៅក្នុងរូបកាយនេះ យើងឃ្លាតឆ្ងាយពីព្រះអម្ចាស់ 7 ដ្បិតយើងដើរដោយមានជំនឿមិនមែនដោយមើលឃើញនោះទេ។ 8 យើងមានចិត្ដក្លាហាន យើងចូលចិត្ដឃ្លាតឆ្ងាយពីរូបកាយនេះ ហើយទៅនៅជិតព្រះអម្ចាស់ប្រសើរជាង។ 9 ទោះបីយើងស្ថិតនៅក្នុងរូបកាយនេះ ឬ ក៏ត្រូវឃ្លាតឆ្ងាយពីរូបកាយនេះក្ដី យើងមានបំណងធ្វើយ៉ាងណាអោយតែបានគាប់ព្រះហឫទ័យព្រះអង្គ 10 ដ្បិតយើងទាំងអស់គ្នានឹងត្រូវទៅឈរនៅមុខទីកាត់ក្ដីរបស់ព្រះគ្រិស្ដ ដើម្បីអោយម្នាក់ៗទទួលផល តាមអំពើដែលខ្លួនបានប្រព្រឹត្ដ កាលពីនៅរស់ក្នុងរូបកាយនេះនៅឡើយ ទោះបីជាអំពើនោះល្អ ឬអាក្រក់ក្ដី។ 11 ដោយយើងបានស្គាល់ការគោរពកោតខ្លាចព្រះជាម្ចាស់ហើយ យើងក៏ខិតខំណែនាំមនុស្សលោកអោយជឿដែរ។ ព្រះជាម្ចាស់ស្គាល់ចិត្ដយើង (ខ្ញុំសង្ឃឹមថា នៅក្នុងសតិសម្បជញ្ញៈរបស់បងប្អូន បងប្អូនក៏ស្គាល់ចិត្ដយើងដែរ)។ 12 យើងមិនតែងតាំងខ្លួនឯង នៅចំពោះមុខបងប្អូនសាជាថ្មីទៀតទេ តែយើងជូនឱកាសអោយបងប្អូនបានខ្ពស់មុខ ព្រោះតែយើងវិញ ដើម្បីអោយបងប្អូនអាចឆ្លើយតប នឹងអស់អ្នកដែលអួតខ្លួនតែពីអ្វីៗនៅខាងក្រៅហើយមិនគិតពីអ្វីៗក្នុងចិត្ដទេ។ 13 ប្រសិនបើគេថា យើងជាមនុស្សវង្វេងស្មារតីនោះយើងវង្វេងស្មារតី ព្រោះតែព្រះជាម្ចាស់ ហើយប្រសិនបើគេថាយើងជាមនុស្សដឹងខុសត្រូវ នោះយើងដឹងខុសត្រូវព្រោះតែបងប្អូន 14 ដ្បិតព្រះហឫទ័យស្រឡាញ់របស់ព្រះគ្រិស្ដបានជំរុញយើង ដោយយើងយល់ឃើញថា បើមនុស្សម្នាក់ស្លាប់សំរាប់មនុស្សទាំងអស់ នោះមនុស្សទាំងអស់ក៏ដូចជាបានស្លាប់ដែរ។ 15 ព្រះអង្គបានសោយទិវង្គតសំរាប់មនុស្សទាំងអស់ ដើម្បីអោយអស់អ្នកដែលមានជីវិត លែងរស់សំរាប់ខ្លួនឯងទៀតហើយ គឺរស់សំរាប់ព្រះអង្គដែលបានសោយទិវង្គត និង មានព្រះជន្មរស់ឡើងវិញសំរាប់គេ។ 16 ដូច្នេះ ពីពេលនេះតទៅយើងឈប់រាប់នរណាម្នាក់តាមរបៀបមនុស្សទៀត ហើយទោះបីយើងធ្លាប់ស្គាល់ព្រះគ្រិស្ដកាលព្រះអង្គនៅជាមនុស្សធម្មតាក៏ដោយ ក៏ឥឡូវនេះ យើងមិនស្គាល់ព្រះអង្គ តាមរបៀបមុនទៀតឡើយ។ 17 ប្រសិនបើអ្នកណាម្នាក់នៅរួមជាមួយព្រះគ្រិស្ដ អ្នកនោះបានកើតជាថ្មីអ្វីៗពីអតីតកាលបានកន្លងផុតទៅហើយអ្វីៗទាំងអស់បានប្រែមកជាថ្មីវិញ។ 18 ការទាំងនេះកើតមកពីព្រះជាម្ចាស់ ដែលសំរុះសំរួលយើង អោយជានានឹងព្រះអង្គវិញ ដោយសារព្រះគ្រិស្ដ ហើយប្រទានអោយយើងមានមុខងារសំរុះសំរួលមនុស្សម្នាអោយជានានឹងព្រះអង្គវិញដែរ។ 19 នៅក្នុងអង្គព្រះគ្រិស្ដ ព្រះជាម្ចាស់បានសំរុះសំរួលមនុស្សលោកអោយជានានឹងព្រះអង្គដោយមិនប្រកាន់ទោសគេឡើយ។ ព្រះអង្គក៏ដាក់ព្រះបន្ទូលនៃការសំរុះសំរួលនេះមកក្នុងយើងដែរ។ 20 ដូច្នេះយើងជាទូតរបស់ព្រះគ្រិស្ដ គឺដូចជាព្រះជាម្ចាស់មានព្រះបន្ទូលដាស់តឿនបងប្អូន តាមរយៈយើងដែរ។ យើងសូមអង្វរបងប្អូនក្នុងព្រះនាមព្រះគ្រិស្ដថា ទុកអោយព្រះជាម្ចាស់សំរុះសំរួលបងប្អូនអោយជានានឹងព្រះអង្គវិញទៅ។ 21 ព្រះគ្រិស្ដគ្មានបាបទាល់តែសោះ តែព្រះជាម្ចាស់បានធ្វើអោយព្រះអង្គទៅជាតួបាបសំរាប់យើង ដើម្បីប្រោសយើងអោយបានសុចរិត រួមជាមួយព្រះគ្រិស្ដដែរ។

2 Corinthians 6

1 ដោយយើងធ្វើការរួមជាមួយព្រះជាម្ចាស់ យើងសូមទូន្មានបងប្អូនថា កុំទទួលព្រះគុណរបស់ព្រះអង្គ យកមកទុកចោលជាអសារឥតការឡើយ 2 ដ្បិតព្រះជាម្ចាស់មានព្រះបន្ទូលថា: «យើងបានឆ្លើយតបមកអ្នក នៅគ្រាណាដែលយើងគាប់ចិត្ដ យើងបានជួយអ្នកនៅថ្ងៃណាដែលយើង សង្គ្រោះមនុស្សលោក។ គ្រាដែលព្រះជាម្ចាស់គាប់ព្រះហឫទ័យ គឺឥឡូវនេះហើយ! គឺឥឡូវនេះហើយ ជាថ្ងៃដែលព្រះជាម្ចាស់សង្គ្រោះមនុស្សលោក! 3 យើងមិនចង់អោយកើតមានរឿងអ្វីមួយដែលបណ្ដាលអោយនរណាម្នាក់ជំពប់ចិត្ដ បាត់ជំនឿឡើយដើម្បីកុំអោយគេបន្ទោសមុខងាររបស់យើង។ 4 ផ្ទុយទៅវិញ យើងតាំងខ្លួនជាអ្នកបំរើរបស់ព្រះជាម្ចាស់ ក្នុងគ្រប់កាលៈទេសៈទាំងអស់ ដោយស៊ូទ្រាំយ៉ាងខ្លាំង ដោយជួបនឹងទុក្ខលំបាកខ្វះខាត ភ័យបារម្ភ 5 គេវាយដំយើងគេឃុំឃាំងយើង គេលើកគ្នាមកប្រឆាំងនឹងយើង។ យើងធ្វើការធ្ងន់ អត់ងងុយ អត់អាហារ។ 6 យើងតាំងខ្លួនជាអ្នកបំរើរបស់ព្រះជាម្ចាស់ ដោយមានចិត្ដបរិសុទ្ធ ដោយស្គាល់ព្រះជាម្ចាស់ ដោយមានចិត្ដអត់ធ្មត់ ចិត្ដសប្បុរស ដោយព្រះវិញ្ញាណដ៏វិសុទ្ធ ដោយមានចិត្ដស្រឡាញ់ឥតពុតត្បុត 7 ដោយប្រកាសសេចក្ដីពិត ដោយឫទ្ធានុភាពរបស់ព្រះជាម្ចាស់។ យើងយកសេចក្ដីសុចរិត ធ្វើជាអាវុធវាយប្រយុទ្ធ និង ការពារ 8 ទាំងទ្រាំទ្រ នៅពេលគេគោរពយើងក្ដី បន្ទាបបន្ថោកយើងក្ដី នៅពេលគេនិយាយអាក្រក់ ឬ និយាយល្អពីយើងក្ដី។ គេចាត់ទុកយើងថាជាជនបោកប្រាស់ តែយើងជាមនុស្សទៀងត្រង់។ 9 គេចាត់ទុកយើងដូចជាអ្នកដែលគ្មាននរណាស្គាល់ តែមនុស្សទាំងអស់ស្គាល់យើងយ៉ាងច្បាស់។ គេចាត់ទុកយើងដូចជាមនុស្សហៀបនឹងស្លាប់ តែយើងពិតជានៅមានជីវិត។ គេធ្វើទារុណកម្មយើងតែយើងគ្មានទោសដល់ស្លាប់ទេ។ 10 គេធ្វើអោយយើងមានទុក្ខព្រួយ តែយើងសប្បាយចិត្ដជានិច្ច។ យើងដូចជាអ្នកក្រ តែយើងបានធ្វើអោយមនុស្សជាច្រើនទៅជាអ្នកមាន យើងដូចជាគ្មានអ្វីសោះតែយើងមានសព្វគ្រប់ទាំងអស់វិញ។ 11 បងប្អូនអ្នកក្រុងកូរិនថូសអើយ យើងនិយាយមកបងប្អូនដោយស្មោះអស់ពីចិត្ដឥតលាក់លៀមអ្វីឡើយ 12 យើងមិនចង្អៀតចង្អល់ចំពោះបងប្អូនទេ គឺបងប្អូនទេតើ ដែលមានចិត្ដចង្អៀតចង្អល់។ 13 ខ្ញុំនិយាយមកបងប្អូន ដូចនិយាយទៅកាន់កូនចៅរបស់ខ្ញុំ ដូច្នេះ សូមបងប្អូនមានចិត្ដទូលាយជាមួយយើង ដូចជាយើងមានចិត្ដទូលាយចំពោះបងប្អូនដែរ។ 14 សូមកុំសេពគប់ជាមួយអ្នកមិនជឿឡើយ។ តើសេចក្ដីសុចរិត និង សេចក្ដីទុច្ចរិតចូលរួមជាមួយគ្នាកើតឬទេ? តើពន្លឺ និង ភាពងងឹត ចូលរួមជាមួយគ្នាកើតឬទេ? 15 តើព្រះគ្រិស្ដ និង មារ សាតាំងចុះសំរុងគ្នាកើតឬទេ? តើអ្នកជឿ និង អ្នកមិនជឿមានទំនាក់ទំនងអ្វីនឹងគ្នា? 16 តើព្រះវិហារ របស់ព្រះជាម្ចាស់ និង ព្រះក្លែងក្លាយចូលគ្នាចុះឬទេ? យើងទាំងអស់គ្នាជាព្រះវិហាររបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មរស់ដូចព្រះអង្គមានព្រះបន្ទូលថាៈ «យើងនឹងស្ថិតនៅជាមួយពួកគេ ព្រមទាំងរស់នៅជាមួយពួកគេដែរ។ យើងនឹងធ្វើជាព្រះរបស់គេ ហើយគេនឹងធ្វើជាប្រជារាស្ដ្ររបស់យើង»។ 17 ហេតុនេះហើយបានជាព្រះអម្ចាស់មានព្រះបន្ទូលថាៈ «ចូរចេញពីចំណោមអ្នកទាំងនោះ ហើយញែកខ្លួនចេញអោយដាច់ពីពួកគេ កុំប៉ះពាល់អ្វីដែលមិនបរិសុទ្ធ ឡើយ នោះយើងនឹងទទួលអ្នករាល់គ្នា 18 យើងនឹងធ្វើជាឪពុករបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នាក៏ធ្វើជាកូនប្រុសកូនស្រីរបស់យើងដែរ»។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត។

2 Corinthians 7

1 បងប្អូនជាទីស្រឡាញ់អើយ បើយើងបានទទួលព្រះបន្ទូលសន្យាដ៏អស្ចារ្យយ៉ាងនេះហើយ យើងត្រូវជំរះខ្លួនអោយបានបរិសុទ្ធ ចាកផុតពីសៅហ្មងគ្រប់យ៉ាង ទាំងខាងរូបកាយ ទាំងខាងវិញ្ញាណ ដើម្បីអោយបានវិសុទ្ធ ទាំងស្រុង ដោយគោរពកោតខ្លាចព្រះជាម្ចាស់។ 2 សូមបងប្អូនយល់ចិត្ដយើងផង! យើងពុំបានបោកប្រាស់នរណា ពុំបានធ្វើអោយនរណាហិនហោច ឬ ក៏កេងប្រវ័ញ្ចនរណាម្នាក់ឡើយ។ 3 ខ្ញុំនិយាយដូច្នេះ មិនមែនចង់ចោទប្រកាន់បងប្អូនទេ ដ្បិតខ្ញុំបានជំរាបបងប្អូនរួចស្រេចហើយថា យើងស្រឡាញ់បងប្អូន និង ស៊ូស្លាប់រស់ជាមួយបងប្អូនជានិច្ច។ 4 ខ្ញុំទុកចិត្ដលើបងប្អូនយ៉ាងខ្លាំង ហើយខ្ញុំបានខ្ពស់មុខ ព្រោះតែបងប្អូនដែរ។ ខ្ញុំក៏បានធូរស្បើយក្នុងចិត្ដយ៉ាងច្រើន ព្រមទាំងមានអំណរសប្បាយពន់ប្រមាណ ទោះបីយើងកំពុងតែរងទុក្ខវេទនាខ្លាំងយ៉ាងនេះក៏ដោយ។ 5 តាំងពីយើងបានទៅដល់ស្រុកម៉ាសេដូន រូបកាយយើងពុំដែលបានសំរាកសោះឡើយ។ យើងបានរងទុក្ខវេទនាសព្វបែបយ៉ាងគឺផ្នែកខាងក្រៅ គេធ្វើបាបយើង ហើយនៅខាងក្នុងចិត្ដ យើងចេះតែបារម្ភ។ 6 ក៏ប៉ុន្ដែ ព្រះជាម្ចាស់ដែលតែងតែសំរាលទុក្ខអ្នកទន់ទាប ទ្រង់បានសំរាលទុក្ខយើងដោយលោកទីតុសទៅដល់។ 7 យើងធូរចិត្ដ មិនមែនត្រឹមតែបានលោកទីតុសទៅដល់ប៉ុណ្ណោះទេ គឺមកពីបងប្អូនបានសំរាលទុក្ខគាត់ផងដែរ។ គាត់បាននាំដំណឹងមកថា បងប្អូនមានចិត្ដចង់ជួបខ្ញុំយ៉ាងខ្លាំង បងប្អូនបង្ហូរទឹកភ្នែកព្រមទាំងឈឺឆ្អាលនឹងខ្ញុំ ជាហេតុធ្វើអោយខ្ញុំមានអំណររឹតតែខ្លាំងឡើងថែមទៀត។ 8 ប្រសិនបើសេចក្ដីដែលខ្ញុំសរសេរក្នុងសំបុត្រនេះ ធ្វើអោយបងប្អូនព្រួយចិត្ដ ក៏ខ្ញុំមិនស្ដាយក្រោយដែរ។ ប្រសិនបើខ្ញុំស្ដាយក្រោយ (ដ្បិតខ្ញុំយល់ថា សំបុត្រនេះនឹងនាំអោយបងប្អូនព្រួយចិត្ដមួយគ្រាមែន) 9 ក៏ខ្ញុំសប្បាយចិត្ដនៅពេលនេះ ខ្ញុំសប្បាយ មិនមែនមកពីបងប្អូនព្រួយចិត្ដនោះទេ គឺមកពីដឹងថា ទុក្ខព្រួយនឹងនាំអោយបងប្អូនកែប្រែចិត្ដគំនិត ដ្បិតបងប្អូនព្រួយចិត្ដដូច្នេះស្របតាមព្រះជាម្ចាស់។ ហេតុនេះ យើងពុំបានធ្វើអោយបងប្អូនខូចខាតអ្វីឡើយ។ 10 តាមពិតទុក្ខព្រួយស្របតាមព្រះជាម្ចាស់បែបនេះ តែងតែនាំអោយកែប្រែចិត្ដគំនិតដើម្បីទទួលការសង្គ្រោះ ហើយយើងមិនស្ដាយក្រោយឡើយ។ រីឯទុក្ខព្រួយតាមបែបលោកីយ៍តែងតែនាំអោយស្លាប់វិញ។ 11 សូមគិតមើល៍ទុក្ខព្រួយដែលស្របតាមព្រះជាម្ចាស់ដូច្នេះ មានផលប្រយោជន៍ចំពោះបងប្អូនយ៉ាងណា គឺបងប្អូនមានចិត្ដខ្នះខ្នែង ហើយលើសពីនេះទៅទៀត បងប្អូនចេះសុំទោសទាស់ចិត្ដនឹងអំពើអាក្រក់ មានចិត្ដគោរពកោតខ្លាចមានចិត្ដប៉ងប្រាថ្នាយ៉ាងខ្លាំង មានចិត្ដឈឺឆ្អាល ហើយបងប្អូនក៏ចេះដាក់ទោសអ្នកប្រព្រឹត្ដអំពើអាក្រក់ដែរ។ ការទាំងនេះ បង្ហាញអោយឃើញថា បងប្អូនគ្មានសៅហ្មងអ្វីទាំងអស់នៅក្នុងរឿងនេះ។ 12 ដូច្នេះ ហេតុដែលខ្ញុំសរសេរមកបងប្អូន មិនមែនមកពីគិតដល់អ្នកប្រព្រឹត្ដអាក្រក់ ឬ គិតដល់អ្នកដែលរងនូវអំពើអាក្រក់នោះឡើយ ខ្ញុំសរសេរមក ដើម្បីអោយបងប្អូនមានឱកាសបង្ហាញទឹកចិត្ដខ្នះខ្នែងរបស់បងប្អូនចំពោះយើង នៅមុខព្រះជាម្ចាស់។ 13 ការនេះហើយដែលបានសំរាលទុក្ខយើង។ ប៉ុន្ដែ លើសពីនេះ យើងក៏មានអំណររឹតតែខ្លាំងថែមទៀត ដោយឃើញលោកទីតុសមានអំណរសប្បាយ ព្រោះបងប្អូនទាំងអស់គ្នាបានជួយគាត់អោយស្ងប់ចិត្ដ លែងព្រួយបារម្ភ។ 14 ប្រសិនបើខ្ញុំបានខ្ពស់មុខបន្ដិចដោយនិយាយសរសើរពីបងប្អូនប្រាប់គាត់ ក៏ខ្ញុំមិនខ្មាសគាត់ដែរ។ សេចក្ដីដែលយើងសរសើរពីបងប្អូនប្រាប់លោកទីតុស គាត់នឹងឃើញថាជាការពិតមែន ដូចយើងធ្លាប់តែនិយាយអ្វីៗគ្រប់យ៉ាងប្រាប់បងប្អូន ស្របតាមសេចក្ដីពិតយ៉ាងនោះដែរ។ 15 ពេលគាត់នឹកឃើញថា បងប្អូនទាំងអស់គ្នាតែងតែយកចិត្ដទុកដាក់ស្ដាប់បង្គាប់ និង ទទួលគាត់ដោយគោរពកោតខ្លាចញាប់ញ័រផងនោះ គាត់មានចិត្ដស្រឡាញ់បងប្អូនរឹតតែខ្លាំងឡើងៗ។ 16 ខ្ញុំត្រេកអរណាស់ ព្រោះខ្ញុំអាចទុកចិត្ដបងប្អូន ក្នុងគ្រប់កិច្ចការទាំងអស់។

2 Corinthians 8

1 បងប្អូនអើយយើង សូមជំរាបបងប្អូនអំពីព្រះគុណ ដែលព្រះជាម្ចាស់បានប្រោសប្រទានដល់ក្រុមជំនុំ នានា នៅស្រុកម៉ាសេដូន 2 គឺទោះបីបងប្អូនទាំងនោះកំពុងជួបប្រទះទុក្ខវេទនាជាច្រើនយ៉ាងណាក្ដី ក៏គេមានអំណរខ្លាំងក្រៃលែង ហើយទោះបីគេក្រតោកយ៉ាកយ៉ាងណាក្ដី ក៏គេនៅតែមានចិត្ដសទ្ធាជ្រះថ្លាដ៏លើសលប់ដែរ។ 3 បងប្អូនទាំងនោះបានចូលប្រាក់តាមសមត្ថភាពរបស់ខ្លួន ហើយខ្ញុំសូមបញ្ជាក់ថាគេធ្វើលើសពីសមត្ថភាព និង ដោយស្ម័គ្រអស់ពីចិត្ដទៀតផង។ 4 ពួកគេបានទទូចសុំយើងមេត្ដាអនុញ្ញាត អោយគេចូលរួមបំរើការងារនេះ គឺផ្ញើប្រាក់ទៅជួយប្រជាជនដ៏វិសុទ្ធ។ 5 គេធ្វើដូច្នេះ លើសពីសេចក្ដីសង្ឃឹមរបស់យើងទៅទៀត គឺមុនដំបូង គេថ្វាយខ្លួនទៅព្រះអម្ចាស់ បន្ទាប់មក គេក៏ដាក់ខ្លួនបំរើយើង ស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរ។ 6 ហេតុនេះហើយបានជាយើងអង្វរលោកទីតុស អោយមកបង្ហើយការប្រមូលតង្វាយនេះពីបងប្អូន ដូចគាត់បានចាប់ផ្ដើមរួចមកហើយ។ 7 បងប្អូនបានចំរើនឡើងយ៉ាងបរិបូណ៌គ្រប់វិស័យទាំងអស់ គឺមានជំនឿ មានសំនួនវោហារមានចំណេះ មានចិត្ដខ្នះខ្នែងគ្រប់យ៉ាង ព្រមទាំងមានចិត្ដស្រឡាញ់យើងផង។ ហេតុនេះចំញេះការប្រមូលតង្វាយ ចូរចំរើនឡើងយ៉ាងបរិបូណ៌ដូច្នោះដែរ។ 8 ខ្ញុំនិយាយបែបនេះ មិនមែនបញ្ជាបងប្អូនទេ គឺខ្ញុំគ្រាន់តែចង់ស្ទង់មើលចិត្ដស្រឡាញ់ដ៏ស្មោះរបស់បងប្អូន ដោយនិយាយអំពីការខ្នះខ្នែងរបស់អ្នកឯទៀតៗប៉ុណ្ណោះ 9 ដ្បិតបងប្អូនស្គាល់ព្រះគុណរបស់ព្រះអម្ចាស់យេស៊ូគ្រិស្ដ ស្រាប់ហើយ គឺព្រះអង្គមានសម្បត្ដិដ៏ច្រើន ទ្រង់បានដាក់ខ្លួនមកជាអ្នកក្រ ព្រោះតែបងប្អូន ដើម្បីអោយបងប្អូនបានទៅជាអ្នកមានដោយភាពក្រីក្ររបស់ព្រះអង្គ។ 10 ត្រង់នេះ ខ្ញុំគ្រាន់តែជូនយោបល់បងប្អូនប៉ុណ្ណោះ។ គួរគប្បីបង្ហើយកិច្ចការដែលបងប្អូនបានចាប់ផ្ដើមធ្វើតាំងពីឆ្នាំទៅ។ បងប្អូនមិនត្រឹមតែបានចាប់ផ្ដើមធ្វើមុនគេប៉ុណ្ណោះទេ គឺថែមទាំងបានផ្ដើមគំនិតទៀតផង។ 11 ដូច្នេះ សូមបងប្អូនបង្ហើយការនេះឥឡូវចុះ។ បងប្អូនមានឆន្ទៈផ្ដើមគំនិតនេះយ៉ាងណា ត្រូវធ្វើអោយបានសំរេចជាស្ថាពរ តាមសមត្ថភាពដែលបងប្អូនមានយ៉ាងនោះដែរ។ 12 កាលណាយើងមានឆន្ទៈល្អ យើងនឹងបានគាប់ព្រះហឫទ័យព្រះជាម្ចាស់ តាមអ្វីៗដែលយើងមានគឺមិនមែនតាមអ្វីៗដែលយើងគ្មាននោះទេ។ 13 ក៏ប៉ុន្ដែ មិនត្រូវអោយបងប្អូនជួយអ្នកដទៃរហូតដល់ខ្លួនឯងខ្វះខាតនោះឡើយ គឺគ្រាន់តែធ្វើអោយមានស្មើៗគ្នាប៉ុណ្ណោះ។ 14 ក្នុងកាលៈទេសៈសព្វថ្ងៃអ្វីៗដែលបងប្អូនមានលើសពីសេចក្ដីត្រូវការ បងប្អូនយកទៅផ្គត់ផ្គង់អស់អ្នកដែលខ្វះខាត លុះដល់ថ្ងៃមួយ ពេលបងប្អូនខ្វះខាតគេនឹងយកអ្វីៗដែលគេមានលើសពីសេចក្ដីត្រូវការ មកផ្គត់ផ្គង់បងប្អូនវិញ។ ធ្វើដូច្នេះ ទើបមានស្មើៗគ្នា 15 ដូចមានសេចក្ដីចែងទុកមកថាៈ «អ្នកប្រមូលបានច្រើន ក៏មិនមានច្រើនជ្រុលរីឯអ្នកដែលប្រមូលបានបន្ដិចបន្ដួចក៏មិនខ្វះខាតអ្វីដែរ»។ 16 សូមអរព្រះគុណព្រះជាម្ចាស់ ដែលបានប្រោសប្រទានអោយលោកទីតុសមានចិត្ដខ្នះខ្នែងចង់ជួយបងប្អូនដូចយើងដែរ 17 ដ្បិតគាត់បានយល់ព្រមធ្វើតាមសំណូមពររបស់យើង ហើយលើសពីនេះ គាត់ក៏មានចិត្ដខ្នះខ្នែងសំរេចចិត្ដដោយខ្លួនឯងធ្វើដំណើរមករកបងប្អូន។ 18 យើងបានចាត់ បងប្អូនម្នាក់អោយមកជាមួយគាត់ គឺបងប្អូនម្នាក់ ដែលក្រុមជំនុំ ទាំងអស់កោតសរសើរក្នុងការផ្សព្វផ្សាយដំណឹងល្អ ។ 19 មិនតែប៉ុណ្ណោះសោត ក្រុមជំនុំបានជ្រើសរើសគាត់ អោយរួមដំណើរជាមួយយើង ក្នុងមុខងារប្រមូលតង្វាយនេះ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះអម្ចាស់ និង ដើម្បីសំដែងឆន្ទៈល្អរបស់យើងដែរ។ 20 យើងចង់ចៀសវាងមិនអោយគេរិះគន់យើងអំពីរបៀបចាត់ចែងប្រាក់ដែលរៃបានដ៏ច្រើននេះឡើយ 21 ដ្បិតយើងចង់ធ្វើការល្អ មិនត្រឹមតែនៅចំពោះព្រះភ័ក្ដ្រព្រះអម្ចាស់ប៉ុណ្ណោះទេ គឺថែមទាំងនៅចំពោះមុខមនុស្សទាំងអស់ទៀតផង។ 22 យើងបានចាត់បងប្អូនយើងម្នាក់ទៀតអោយមកជាមួយអ្នកទាំងពីរ។ យើងធ្លាប់ល្បងលមើលចិត្ដគាត់ជាច្រើនលើកច្រើនសា ហើយឃើញថាគាត់ពិតជាមានចិត្ដខ្នះខ្នែងមែន។ លើកនេះគាត់បានបង្ហាញនូវទឹកចិត្ដខ្នះខ្នែងជាងមុនទៅទៀត ព្រោះគាត់ទុកចិត្ដបងប្អូនខ្លាំងណាស់។ 23 ចំពោះលោកទីតុស គាត់ជាសហការីរបស់ខ្ញុំ ហើយគាត់ធ្វើការរួមជាមួយខ្ញុំ ដើម្បីបំរើបងប្អូន។ រីឯបងប្អូនពីរនាក់ទៀត ជាតំណាងរបស់ក្រុមជំនុំ និង ជាសិរីរុងរឿងរបស់ព្រះគ្រិស្ដ។ 24 ដូច្នេះ សូមបងប្អូនសំដែងអោយក្រុមជំនុំនានាឃើញថា បងប្អូនស្រឡាញ់គេពិតមែន និង ឃើញថា សេចក្ដីដែលយើងនិយាយសរសើរពីបងប្អូនប្រាប់គេនោះ ពិតជាត្រឹមត្រូវមែន។

2 Corinthians 9

1 ចំពោះរឿងផ្ញើជំនួយទៅជូនប្រជាជនដ៏វិសុទ្ធ នោះមិនបាច់អោយខ្ញុំសរសេរជំរាបបងប្អូនទេ 2 ខ្ញុំស្គាល់ឆន្ទៈល្អរបស់បងប្អូនស្រាប់ហើយ ហើយខ្ញុំក៏បាននិយាយសរសើរពីបងប្អូនប្រាប់អ្នកស្រុកម៉ាសេដូនថា «បងប្អូននៅស្រុកអាខៃបានរៀបចំខ្លួនជាស្រេច តាំងពីឆ្នាំទៅម៉្លេះ»។ ចិត្ដខ្នះខ្នែងរបស់បងប្អូនបានជំរុញអ្នកឯទៀតជាច្រើន អោយមានចិត្ដស្ទុះស្ទាឡើង។ 3 ខ្ញុំបានចាត់ពួកបងប្អូនខ្លះមក ដើម្បីអោយឃើញថាពាក្យដែលយើងនិយាយសរសើរពីបងប្អូនត្រង់ចំណុចនេះ មិនមែនខុសទេ គឺបងប្អូនពិតជារៀបចំខ្លួនជាស្រេចដូចខ្ញុំនិយាយមែន។ 4 ប្រសិនបើបងប្អូននៅស្រុកម៉ាសេដូនមកជាមួយខ្ញុំ ហើយឃើញថាបងប្អូនមិនទាន់រៀបចំខ្លួនទេនោះ មិនត្រឹមតែយើងប៉ុណ្ណោះទេដែលត្រូវអាម៉ាស់មុខបងប្អូនក៏នឹងត្រូវអាម៉ាស់មុខដែរ មកពីយើងទុកចិត្ដលើបងប្អូនខ្លាំងពេក។ 5 ហេតុនេះហើយបានជាខ្ញុំយល់ឃើញថា ត្រូវតែសុំអោយបងប្អូននៅទីនោះធ្វើដំណើរមករកបងប្អូនមុនខ្ញុំ ដើម្បីរៀបចំប្រាក់ជំនួយដែលបងប្អូនសន្យានោះអោយបានរួចរាល់។ ការនេះ សអោយឃើញថាបងប្អូនបានចូលប្រាក់ដោយចិត្ដទូលាយ មិនមែនដោយចង្អៀតចង្អល់ទេ។ 6 សូមចងចាំថាអ្នកណាព្រោះតិច អ្នកនោះក៏ច្រូតបានផលតិចដែរ រីឯអ្នកដែលព្រោះច្រើនបរិបូណ៌ ក៏ច្រូតបានផលច្រើនបរិបូណ៌ដែរ។ 7 ហេតុនេះ ម្នាក់ៗត្រូវតែចូលប្រាក់តាមតែខ្លួនសំរេចចិត្ដ ដោយមិននឹកស្ដាយ ឬ ទើសទ័លឡើយ ដ្បិតព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងអ្នកណាដែលធ្វើអំណោយដោយចិត្ដរីករាយ។ 8 ព្រះអង្គអាចនឹងប្រទានពរដ៏ហូរហៀរគ្រប់យ៉ាង ដល់បងប្អូន ដើម្បីអោយបងប្អូនមានអ្វីៗទាំងអស់ដែលបងប្អូនត្រូវការដ៏ចាំបាច់នោះជានិច្ច ហើយថែមទាំងនៅសល់បរិបូណ៌សំរាប់ចែកទានផង 9 ដូចមានចែងទុកមកថាៈ «ព្រះអង្គចែក ព្រះអង្គប្រទានអោយអ្នកក្រ សេចក្ដីសុចរិតរបស់ព្រះអង្គនៅស្ថិតស្ថេរ រហូតតរៀងទៅ»។ 10 ព្រះអង្គដែល «ប្រទានគ្រាប់ពូជដល់អ្នកសាបព្រោះ និង ប្រទានចំណីអាហារអោយគេផងនោះ» ទ្រង់ក៏ផ្គត់ផ្គង់គ្រាប់ពូជអោយបងប្អូន និង អោយគ្រាប់ពូជនោះកើនចំនួនឡើងដែរ ហើយព្រះអង្គនឹងធ្វើអោយសេចក្ដីសុចរិតរបស់បងប្អូន បង្កើតផលបានច្រើនឡើងថែមទៀត។ 11 ព្រះអង្គនឹងធ្វើអោយបងប្អូនទៅជាអ្នកមានគ្រប់វិស័យទាំងអស់ ដើម្បីអោយបងប្អូនមានចិត្ដសទ្ធាជ្រះថ្លាគ្រប់ជំពូក និង អោយអ្នកឯទៀតៗអរព្រះគុណព្រះជាម្ចាស់ដោយយើងជួយគេ 12 ដ្បិតមុខងារប្រមូលប្រាក់នេះ មិនត្រឹមតែជួយផ្គត់ផ្គង់សេចក្ដីត្រូវការរបស់អ្នកជឿប៉ុណ្ណោះទេ គឺថែមទាំងជួយគេអោយអរព្រះគុណព្រះជាម្ចាស់កាន់តែច្រើនឡើងទៀតផង។ 13 ពេលគេយល់តម្លៃនៃកិច្ចការដែលបងប្អូនធ្វើនេះ គេនាំគ្នាលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ព្រោះបងប្អូនសំដែងអោយគេឃើញថា បងប្អូនពិតជាប្រតិបតិ្ដតាមដំណឹងល្អ របស់ព្រះគ្រិស្ដដែលបងប្អូនប្រកាស ហើយបងប្អូនមានចិត្ដទូលាយ ដោយយករបស់របរមកចែកជាមួយពួកគេ និង ជាមួយមនុស្សទាំងអស់។ 14 គេទូលអង្វរព្រះជាម្ចាស់អោយបងប្អូនដោយចិត្ដស្រឡាញ់ ព្រោះតែព្រះគុណដ៏ច្រើនលើសលុបដែលព្រះជាម្ចាស់ប្រទានមកបងប្អូន។ 15 សូមអរព្រះគុណព្រះជាម្ចាស់ ចំពោះព្រះអំណោយទានដ៏ប្រសើរបំផុតរបស់ព្រះអង្គ រកថ្លែងពុំបាន។

2 Corinthians 10

1 ខ្ញុំប៉ូល ដែលគេតែងនិយាយថា ពេលនៅជាមួយបងប្អូន ខ្ញុំមានឫកពារសុភាព តែពេលនៅឆ្ងាយ ហ៊ានតឹងរ៉ឹងដាក់បងប្អូន ខ្ញុំសូមដាស់តឿនបងប្អូនដោយចិត្ដស្លូតបូត និង ដោយចិត្ដល្អសប្បុរសមកពីព្រះគ្រិស្ដ 2 ខ្ញុំសូមអង្វរបងប្អូនថា កុំបង្ខំចិត្ដខ្ញុំអោយបែរទៅជាតឹងតែង នៅពេលខ្ញុំមកដល់នោះឡើយ ដ្បិតខ្ញុំបានតាំងចិត្ដរួចស្រេចហើយថា ខ្ញុំមិនខ្លាចនឹងស្ដីបន្ទោសអស់អ្នកដែលចោទថា យើងរស់នៅតាមរបៀបនិស្ស័យលោកីយ៍នោះទេ។ 3 ទោះបីយើងមាននិស្ស័យជាមនុស្សក៏ដោយ ក៏យើងមិនតយុទ្ធតាមរបៀបមនុស្សលោកីយ៍ដែរ 4 ដ្បិតគ្រឿងសស្ដ្រាវុធដែលយើងប្រើ មិនមែនជាអាវុធខាងរបស់មនុស្សទេ គឺជាអាវុធដ៏ មានឫទ្ធានុភាពមកពីព្រះជាម្ចាស់ដែលអាចរំលំកំពែងបន្ទាយនានា។ យើងរំលំការរិះគិត 5 និង គំនិតឆ្មើងកន្ទ្រើងទាំងប៉ុន្មាន ដែលរារំាងមិនអោយស្គាល់ព្រះជាម្ចាស់។ យើងកៀរប្រមូលចិត្ដគំនិត អោយមកស្ដាប់បង្គាប់ព្រះគ្រិស្ដវិញ។ 6 នៅពេលណាបងប្អូនស្ដាប់បង្គាប់ទាំងស្រុង ហើយនោះ យើងក៏ប្រុងប្រៀបខ្លួនដាក់ទោសអស់អ្នកដែលមិនស្ដាប់បង្គាប់ដែរ។ 7 សុំបងប្អូនពិចារណាអោយបានច្បាស់លាស់! ប្រសិនបើនរណាម្នាក់ជឿជាក់ថា ខ្លួនជាកូនចៅរបស់ព្រះគ្រិស្ដ អ្នកនោះតោងគិតអោយច្បាស់ថា បើខ្លួនជាកូនចៅរបស់ព្រះគ្រិស្ដ យើងក៏ជាកូនចៅរបស់ព្រះអង្គដូចគាត់ដែរ។ 8 ព្រះអម្ចាស់ប្រទានអំណាចអោយយើង ដើម្បីកសាងបងប្អូន មិនមែនដើម្បីបំផ្លាញបងប្អូនទេ។ ទោះបីខ្ញុំបាននិយាយអួតខ្លួនជ្រុលបន្ដិចអំពីអំណាចនោះ ក៏ខ្ញុំមិនអៀនខ្មាសដែរ។ 9 ខ្ញុំមិនចង់អោយបងប្អូនស្មានថា ខ្ញុំមានបំណងបំភ័យបងប្អូន តាមសំបុត្រទាំងនេះឡើយ 10 ដ្បិតមានគេថា «ពាក្យក្នុងសំបុត្ររបស់ប៉ូលធ្ងន់ៗណាស់ ហើយក៏តឹងរ៉ឹងផង តែពេលគាត់នៅទីនេះគាត់មិនហ៊ានធ្វើអ្វីនរណាទេហើយក៏គ្មានវោហារអ្វីដែរ »។ 11 អ្នកដែលនិយាយដូច្នេះត្រូវគិតថា ពេលយើងមិននៅ យើងនិយាយបែបណា ពេលយើងនៅជាមួយ យើងក៏នឹងប្រព្រឹត្ដបែបនោះដែរ។ 12 យើងមិនហ៊ានលើកខ្លួនអោយស្មើនឹងអ្នកខ្លះដែលតែងតំាងខ្លួនឯង ឬ ក៏ប្រៀបផ្ទឹមខ្លួនយើងទៅនឹងគេនោះឡើយ។ អ្នកទាំងនោះបានលើកខ្លួនតាំងជារង្វាស់ សំរាប់វាស់ខ្លួនឯង ហើយប្រៀបផ្ទឹមខ្លួនឯងទៅនឹងខ្លួនឯង! គេគ្មានប្រាជ្ញាទាល់តែសោះ! 13 រីឯយើងវិញយើងមិនអួតខ្លួនហួសកំរិតទេ គឺយើងធ្វើតាមកំរិតនៃព្រំដែនដែលព្រះជាម្ចាស់បានកំណត់ទុក ដោយប្រទានអោយយើងបានមកដល់ស្រុកបងប្អូននេះ។ 14 បងប្អូនស្ថិតនៅក្នុងព្រំដែន ដែលព្រះជាម្ចាស់បានកំណត់ទុកអោយយើង ដូច្នេះ នៅពេលយើងបានមកដល់ទីនេះមុនគេដើម្បីនាំដំណឹងល្អរបស់ព្រះគ្រិស្ដ យើងមិនធ្វើអ្វីហួសកំណត់ព្រំដែននេះទេ។ 15 យើងមិនអួតខ្លួនហួសកំរិត គឺមិនអួតអំពីកិច្ចការដែលអ្នកដទៃបានធ្វើនោះឡើយ។ យើងសង្ឃឹមថាជំនឿរបស់បងប្អូននឹងចំរើនឡើង ហើយយើងអាចនឹងបំពេញកិច្ចការកាន់តែប្រសើរឡើងថែមទៀតក្នុងចំណោមបងប្អូន តាមព្រំដែន ដែលព្រះជាម្ចាស់បានកំណត់ទុកអោយយើង។ 16 បន្ទាប់មក យើងនឹងផ្សព្វផ្សាយដំណឹងល្អនៅតាមតំបន់នានានៅខាងនាយស្រុកបងប្អូន ដោយមិនអួតខ្លួនអំពីកិច្ចការ ដែលអ្នកដទៃបានធ្វើរួចស្រេចមកហើយក្នុងតំបន់របស់គេឡើយ។ 17 អ្នកណាចង់អួតអាងត្រូវអួតអាង អំពីកិច្ចការដែលព្រះអម្ចាស់បានធ្វើ។ 18 អ្នកដែលគួរអោយគេទុកចិត្ដ មិនមែនអ្នកដែលតែងតាំងខ្លួនឯងទេ គឺអ្នកដែលព្រះអម្ចាស់តែងតាំងនោះវិញ។

2 Corinthians 11

1 សូមបងប្អូនអត់អោនអោយខ្ញុំផង ពេលនេះ ខ្ញុំនិយាយដូចជាមនុស្សលេលាសូមអត់អោនអោយខ្ញុំផង! 2 ព្រោះខ្ញុំប្រច័ណ្ឌ បងប្អូនដោយចិត្ដប្រច័ណ្ឌមកពីព្រះជាម្ចាស់ ដ្បិតខ្ញុំបានដណ្ដឹងបងប្អូន អោយធ្វើជាគូដណ្ដឹងនឹងស្វាមីតែមួយគត់ គឺខ្ញុំនាំបងប្អូនមក ដូចជានាំក្រមុំព្រហ្មចារី យកទៅថ្វាយព្រះគ្រិស្ដ ។ 3 ប៉ុន្ដែខ្ញុំក៏បារម្ភថា ពស់បានល្បួងនាងអេវ៉ា ដោយកលល្បិចរបស់វាយ៉ាងណា ចិត្ដគំនិតរបស់បងប្អូនបែរទៅជាសៅហ្មង លះបង់ចិត្ដស្មោះសរ និង ចិត្ដបរិសុទ្ធ ចំពោះព្រះគ្រិស្ដយ៉ាងនោះដែរ 4 ព្រោះថាពេលមាននរណាម្នាក់មកប្រកាសអំពីព្រះយេស៊ូណាមួយផ្សេងទៀត ក្រៅពីព្រះយេស៊ូដែលយើងប្រកាសនោះ ឬ មួយបើបងប្អូនទទួលវិញ្ញាណណាផ្សេង ក្រៅពីព្រះវិញ្ញាណដែលបងប្អូនបានទទួលហើយ ឬ ក៏ដំណឹងល្អ ណាមួយទៀត ក្រៅពីដំណឹងល្អដែលបងប្អូនបានទទួលនោះ បងប្អូនចេះតែអត់អោនអោយគេយ៉ាងស្រួលៗ។ 5 ខ្ញុំយល់ឃើញថា ខ្ញុំមិនមែនអន់ជាងអស់អ្នកដែលតាំងខ្លួនជាមហាសាវ័កទាំងនោះ ត្រង់កន្លែងណាមួយឡើយ 6 ថ្វីដ្បិតតែខ្ញុំមិនសូវមានវោហាក៏ដោយ ផ្នែកខាងចំណេះ ខ្ញុំក៏មិនអន់ដែរ ដូចយើងធ្លាប់បានបង្ហាញអោយបងប្អូនឃើញ ក្នុងគ្រប់វិស័យ និង គ្រប់ពេលវេលាស្រាប់ហើយ។ 7 ពេលខ្ញុំប្រកាសដំណឹងល្អ របស់ព្រះជាម្ចាស់ ប្រាប់បងប្អូនដោយឥតគិតថ្លៃនោះ ខ្ញុំបានបន្ទាបខ្លួនដើម្បីអោយបងប្អូន បានថ្កើងឡើង។ តើខ្ញុំធ្វើដូច្នេះបានសេចក្ដីថាខ្ញុំធ្វើខុសឬ?។ 8 ខ្ញុំបានទទួលប្រាក់ពីក្រុមជំនុំ ឯទៀតៗធ្វើអោយគេខ្វះខាតខ្លះៗ ដើម្បីបំរើបងប្អូន។ 9 ពេលខ្ញុំនៅជាមួយបងប្អូនបើខ្ញុំខ្វះខាតអ្វីៗខ្ញុំពុំបានធ្វើជាបន្ទុកដល់នរណាម្នាក់ឡើយ ដ្បិតបងប្អូនមកពីស្រុកម៉ាសេដូនបានជួយផ្គត់ផ្គង់ នូវអ្វីៗដែលខ្ញុំត្រូវការ។ ក្នុងគ្រប់កិច្ចការ ខ្ញុំបានចៀសវាង កុំអោយខ្លួនខ្ញុំទៅជាបន្ទុកដល់បងប្អូន ហើយខ្ញុំនឹងចៀសវាងតទៅមុខទៀត។ 10 ខ្ញុំសូមបញ្ជាក់ ដោយមានសេចក្ដីពិតរបស់ព្រះគ្រិស្ដនៅក្នុងខ្លួនថា ក្នុងស្រុកអាខៃទាំងមូល គ្មាននរណាអាចបង្អាប់កិត្ដិយសខ្ញុំត្រង់ចំណុចនេះបានឡើយ។ 11 ហេតុអ្វីបានជាខ្ញុំធ្វើដូច្នេះ? តើមកពីខ្ញុំមិនស្រឡាញ់បងប្អូនឬ? ទេ! ព្រះជាម្ចាស់ជ្រាបស្រាប់ហើយថា ខ្ញុំស្រឡាញ់បងប្អូន។ 12 ការដែលខ្ញុំធ្វើនេះ ខ្ញុំនឹងធ្វើតទៅមុខទៀត ដើម្បីកុំអោយអស់អ្នកដែលចង់រកលេសនឹងអួតខ្លួន ដោយពោលថា គេធ្វើការដូចយើងដែរនោះអាចរកលេសបានសោះឡើយ។ 13 ជនប្រភេទនោះ សុទ្ធតែជាសាវ័កក្លែងក្លាយ អ្នកបន្លំធ្វើការ អ្នកក្លែងខ្លួនធ្វើជាសាវ័ករបស់ព្រះគ្រិស្ដ ។ 14 ត្រង់នេះ សូមកុំឆ្ងល់អ្វីឡើយ សូម្បីតែមារ សាតាំងផ្ទាល់ ក៏បានក្លែងខ្លួនធ្វើជាទេវតានៃពន្លឺដែរ។ 15 ដូច្នេះ បើពួកអ្នកបំរើរបស់វាក្លែងខ្លួនធ្វើជាអ្នកបំរើសេចក្ដីសុចរិតនោះ គ្មានអ្វីចំឡែកសោះឡើយ។ អ្នកទាំងនោះនឹងវិនាស ស្របតាមអំពើដែលខ្លួនបានប្រព្រឹត្ដជាមិនខាន។ 16 ខ្ញុំសូមបញ្ជាក់ម្ដងទៀតថាកុំអោយនរណាម្នាក់យល់ថាខ្ញុំជាមនុស្សលេលាឡើយ ឬមួយទុកអោយខ្ញុំលេលាទៅចុះដើម្បីអោយខ្ញុំអាចអួតខ្លួនបន្ដិចដែរ។ 17 សេចក្ដីដែលខ្ញុំនិយាយនេះ ខ្ញុំមិននិយាយស្របតាមព្រះអម្ចាស់ទេ គឺខ្ញុំនិយាយដូចជាមនុស្សលេលាវិញដោយយល់ឃើញថា ខ្ញុំមានហេតុនឹងអួតខ្លួនប្រាកដមែន។ 18 ដោយមានមនុស្សជាច្រើនលើកខ្លួនតាមរបៀបលោកីយ៍ នោះខ្ញុំក៏អាចនឹងលើកខ្លួនឯងតាមរបៀបលោកីយ៍ដែរ! 19 បងប្អូនជាមនុស្សដឹងខុសត្រូវតែបងប្អូនចេះទ្រាំទ្រនឹងមនុស្សលេលាបាន 20 គឺទ្រាំទ្រអោយគេជិះជាន់ កេងប្រវ័ញ្ច រឹបអូសយករបស់ទ្រព្យ ប្រមាថមាក់ងាយ និង អោយគេទះកំផ្លៀងផង។ 21 ខ្ញុំសូមជំរាបថា គួរអោយខ្មាសណាស់! យើងហាក់បីដូចជាទន់ខ្សោយពេក។ ក៏ប៉ុន្ដែ បើគេហ៊ានអះអាងត្រង់ចំណុចណាមួយ (ខ្ញុំនិយាយដូចជាមនុស្សលេលាមែន) ខ្ញុំក៏ហ៊ានត្រង់ចំណុចនោះដូចគេដែរ។ 22 អ្នកទាំងនោះជាសាសន៍ហេប្រឺឬ? ខ្ញុំក៏ជាសាសន៍ហេប្រឺដែរ! អ្នកទាំងនោះជាសាសន៍អ៊ីស្រាអែលឬ? ខ្ញុំក៏ជាសាសន៍អ៊ីស្រាអែលដែរ! អ្នកទាំងនោះជាពូជពង្សរបស់លោកអប្រាហាំឬ? ខ្ញុំក៏ជាពូជពង្សរបស់លោកដែរ! 23 អ្នកទាំងនោះជាអ្នកបំរើរបស់ព្រះគ្រិស្ដ ឬ? ខ្ញុំសូមនិយាយដូចជាមនុស្សវង្វេងស្មារតីទាំងស្រុងទៅចុះថា ខ្ញុំជាអ្នកបំរើរបស់ព្រះអង្គលើសអ្នកទាំងនោះទៅទៀត។ ខ្ញុំធ្វើការនឿយហត់ច្រើនជាងអ្នកទាំងនោះ ខ្ញុំបានជាប់ឃុំឃាំងច្រើនជាង ខ្ញុំត្រូវគេវាយដំច្រើនជាងហួសប្រមាណ ហើយខ្ញុំក៏មានគ្រោះថ្នាក់ជិតស្លាប់ជាញឹកញាប់ដែរ។ 24 ខ្ញុំត្រូវជនជាតិយូដាវាយសាមសិបប្រាំបួនរំពាត់ ចំនួនប្រាំដង។ 25 គេវាយខ្ញុំនឹងដំបងចំនួនបីលើក គេយកដុំថ្មគប់សម្លាប់ខ្ញុំម្ដង ខ្ញុំត្រូវលិចសំពៅបីដង ហើយមានម្ដងខ្ញុំអណ្ដែតនៅក្នុងសមុទ្រមួយថ្ងៃមួយយប់។ 26 ពេលខ្ញុំធ្វើដំណើរ ខ្ញុំតែងតែជួបប្រទះគ្រោះថ្នាក់ជាញឹកញាប់នៅតាមទន្លេ គ្រោះថ្នាក់ ដោយចោរប្លន់ គ្រោះថ្នាក់មកពីជនរួមជាតិរបស់ខ្ញុំ គ្រោះថ្នាក់មកពីសាសន៍ដទៃ គ្រោះថ្នាក់ក្នុងទីក្រុង គ្រោះថ្នាក់នៅវាលរហោស្ថាន គ្រោះថ្នាក់នៅក្នុងសមុទ្រ គ្រោះថ្នាក់ ព្រោះតែពួកបងប្អូនក្លែងក្លាយ។ 27 ខ្ញុំបានធ្វើការទាំងនឿយលំបាក និង ត្រូវអត់ងងុយ អត់បាយអត់ទឹកជាញឹកញាប់។ ខ្ញុំត្រូវតមអាហារត្រូវរងា និង ខ្វះខាតសម្លៀកបំពាក់ជាញឹកញាប់។ 28 លើសពីនេះទៅទៀតខ្ញុំខ្វល់ខ្វាយរៀងរាល់ថ្ងៃ ដោយគិតដល់ក្រុមជំនុំទាំងអស់ផងដែរ! 29 ប្រសិនបើមានអ្នកណាម្នាក់ទន់ខ្សោយ ខ្ញុំក៏ទន់ខ្សោយដែរ ប្រសិនបើមានអ្នកណាម្នាក់ឃ្លាតចេញពីជំនឿ ខ្ញុំឈឺចុកចាប់ណាស់! 30 ប្រសិនបើខ្ញុំត្រូវអួតខ្លួន នោះខ្ញុំនឹងអួតតែអំពីភាពទន់ខ្សោយរបស់ខ្ញុំប៉ុណ្ណោះ។ 31 ព្រះជាម្ចាស់ដែលជាព្រះបិតារបស់ព្រះអម្ចាស់យេស៊ូ ទ្រង់ជ្រាបស្រាប់ហើយថា ខ្ញុំមិននិយាយកុហកទេ (សូមលើកតម្កើងព្រះអង្គអស់កល្បជានិច្ច!)។ 32 កាលខ្ញុំនៅក្រុងដាម៉ាស លោកអភិបាលរបស់ស្ដេចអើរេតាស បានដាក់ទាហានអោយយាមទ្វារក្រុង ដើម្បីចាំចាប់ខ្ញុំ 33 ប៉ុន្ដែគេបានដាក់ខ្ញុំក្នុងជាលមួយសំរូតចុះតាមបង្អួចកំពែងហើយខ្ញុំបានគេចផុតពីកណ្ដាប់ដៃលោក។

2 Corinthians 12

1 តើខ្ញុំត្រូវតែអួតខ្លួនឬ? ទោះបីអួតខ្លួនគ្មានប្រយោជន៍អ្វីក៏ដោយ ក៏ខ្ញុំសូមនិយាយអំពីការអស្ចារ្យដែលព្រះអម្ចាស់បានប្រោសអោយខ្ញុំនិមិត្ដឃើញ និង សំដែងអោយខ្ញុំដឹង។ 2 ខ្ញុំស្គាល់បុរសម្នាក់ដែលជឿព្រះគ្រិស្ដ កាលពីដប់បួនឆ្នាំមុន ព្រះអម្ចាស់បានលើកគាត់ឡើងទៅដល់ស្ថានសួគ៌ជាន់ទីបី (ប៉ុន្ដែ ខ្ញុំមិនដឹងថា រូបកាយគាត់ឡើងទៅ ឬ មួយគាត់គ្រាន់តែនិមិត្ដឃើញ មានតែព្រះជាម្ចាស់ប៉ុណ្ណោះទ្រង់ជ្រាប)។ 3 ខ្ញុំក៏ដឹងថា ព្រះអម្ចាស់លើកបុរសនោះទៅដល់ស្ថានបរមសុខ (ប៉ុន្ដែ ខ្ញុំមិនដឹងថារូបកាយរបស់គាត់ឡើងទៅ ឬ មួយគាត់គ្រាន់តែនិមិត្ដឃើញមានតែព្រះជាម្ចាស់ប៉ុណ្ណោះទ្រង់ជ្រាប)។ 4 គាត់បានឮព្រះបន្ទូលដ៏អស្ចារ្យរកថ្លែងពុំបាន ដែលគ្មានមនុស្សណាមានសិទ្ធិនឹងនិយាយឡើងវិញបានទេ។ 5 ខ្ញុំអួតតែពីបុរសនោះ រីឯខ្ញុំវិញ ខ្ញុំមិនអួតខ្លួនខ្ញុំផ្ទាល់ឡើយ ខ្ញុំអួតតែពីភាពទន់ខ្សោយរបស់ខ្ញុំប៉ុណ្ណោះ។ 6 ប្រសិនបើខ្ញុំចង់អួតខ្លួន ខ្ញុំក៏មិនមែនល្ងីល្ងើដែរ ព្រោះខ្ញុំគ្រាន់តែនិយាយសេចក្ដីពិត។ ប៉ុន្ដែ ខ្ញុំសុខចិត្ដនៅស្ងៀមវិញ ក្រែងលោមាននរណាម្នាក់ស្មានថា ខ្ញុំមានឋានៈខ្ពស់លើសពីភាពដែលគេឃើញ និង លើសពីពាក្យដែលខ្ញុំនិយាយ។ 7 ព្រះជាម្ចាស់បានដាក់បន្លាមួយក្នុងរូបកាយខ្ញុំ ដើម្បីកុំអោយខ្ញុំអួតខ្លួន ព្រោះតែការអស្ចារ្យដ៏ប្រសើរបំផុតដែលព្រះអង្គបានសំដែងអោយខ្ញុំឃើញ គឺដូចជាមានតំណាងរបស់មារ សាតាំងមកធ្វើទារុណកម្មខ្ញុំ កុំអោយខ្ញុំអួតខ្លួនបានឡើយ។ 8 ខ្ញុំបានអង្វរព្រះអម្ចាស់ចំនួនបីដង សូមទ្រង់មេត្ដាដកយកបន្លានេះចេញពីរូបកាយខ្ញុំ។ 9 ក៏ប៉ុន្ដែ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា «ព្រះគុណរបស់យើងបានផ្ដល់មកល្មមគ្រប់គ្រាន់សំរាប់អ្នកហើយ ដ្បិតឫទ្ធានុភាពរបស់យើងនឹងលេចចេញមកយ៉ាងខ្លាំងបំផុត ក្នុងមនុស្សទន់ខ្សោយ»។ ដូច្នេះ ខ្ញុំចូលចិត្ដអួតខ្លួនអំពីភាពទន់ខ្សោយរបស់ខ្ញុំជាងដើម្បីអោយឫទ្ធានុភាពរបស់ព្រះគ្រិស្ដមក សណ្ឋិតលើខ្ញុំ។ 10 ហេតុនេះព្រោះតែព្រះគ្រិស្ដ ខ្ញុំអរសប្បាយនៅពេលទន់ខ្សោយនៅពេលគេជេរប្រមាថ នៅពេលខ្វះខាត នៅពេលគេបៀតបៀន នៅពេលតប់ប្រមល់ដ្បិតពេលណាខ្ញុំទន់ខ្សោយ គឺពេលនោះហើយដែលខ្ញុំមានកម្លាំង។ 11 ខ្ញុំនិយាយដូច្នេះដូចជាមនុស្សលេលាហើយ គឺមកពីបងប្អូនបង្ខំខ្ញុំ ដ្បិតបងប្អូនហ្នឹងហើយដែលត្រូវគាំទ្រខ្ញុំទោះបីខ្ញុំជាមនុស្សឥតបានការក្ដី ក៏ខ្ញុំមិនអន់ជាងមហាសាវ័កទាំងនោះដែរ។ 12 មានសញ្ញាសំគាល់ផ្សេងៗដែលបញ្ជាក់ថា ខ្ញុំជាសាវ័កបានកើតឡើងក្នុងចំណោមបងប្អូនគឺមានការអត់ធ្មត់គ្រប់យ៉ាង មានទីសំគាល់ឫទ្ធិបាដិហារិយ៍ និង ការអស្ចារ្យផ្សេងៗ។ 13 បងប្អូនមិនបានទទួលអ្វីតិចជាងក្រុមជំនុំឯទៀតៗនោះឡើយ វៀរលែងតែខ្ញុំមិនដែលបានធ្វើជាបន្ទុកដល់បងប្អូនប៉ុណ្ណោះ សូមបងប្អូនអភ័យទោសអោយខ្ញុំចំពោះភាពអយុត្ដិធម៌នេះផង។ 14 ឥឡូវនេះ ខ្ញុំរៀបចំខ្លួនជាស្រេច ដើម្បីមករកបងប្អូនជាលើកទីបី ប៉ុន្ដែ ខ្ញុំមិនធ្វើជាបន្ទុកដល់បងប្អូនទេ ព្រោះខ្ញុំមក មិនមែនប្រាថ្នាចង់បានសម្បត្ដិរបស់បងប្អូនឡើយ គឺចង់បានបងប្អូនផ្ទាល់តែម្ដង។ ធម្មតា កូនចៅមិនដែលប្រមូលសម្បត្ដិជូនឪពុកម្ដាយទេ គឺឪពុកម្ដាយវិញទេតើ ដែលប្រមូលសម្បត្ដិ ទុកអោយកូន! 15 ចំពោះខ្ញុំ ខ្ញុំពេញចិត្ដនឹងចំណាយអ្វីៗដែលខ្ញុំមាន ហើយខ្ញុំក៏ចំណាយខ្លួនខ្ញុំថែមទៀត ដើម្បីជាប្រយោជន៍ដល់ជីវិត បងប្អូនដែរ។ បើខ្ញុំស្រឡាញ់បងប្អូនខ្លាំងយ៉ាងហ្នឹងទៅហើយ តើបងប្អូនស្រឡាញ់ខ្ញុំតិចជាងឬ? 16 យើងសន្មតទៅចុះថា ខ្ញុំពុំបានធ្វើជាបន្ទុកដល់បងប្អូនមែន តែប្រហែលជាមានអ្នកខ្លះថាខ្ញុំជាមនុស្សមានពុតត្បុត ប្រើកលល្បិចបោកប្រាសបងប្អូន។ 17 តើខ្ញុំមានដែលបោកប្រាសបងប្អូន តាមរយៈអ្នកដែលខ្ញុំចាត់មករកបងប្អូន នោះទេ? 18 ខ្ញុំបានអង្វរលោកទីតុសអោយមករកបងប្អូនហើយខ្ញុំក៏ចាត់បងប្អូនម្នាក់ទៀតអោយមកជាមួយគាត់ដែរតើលោកទីតុសបានបោកប្រាសបងប្អូនឬ? តើយើងទាំងពីរនាក់មិនបានប្រកាន់យកចិត្ដគំនិត និង ដើរតាមគន្លងតែមួយទេឬ? 19 តាំងពីយូរមកហើយប្រហែលជាបងប្អូនចេះតែស្មានថា យើងនិយាយដោះសានៅចំពោះមុខបងប្អូន! ទេ! យើងនិយាយដោយរួមជាមួយព្រះគ្រិស្ដនៅចំពោះព្រះភ័ក្ដ្រព្រះជាម្ចាស់។ បងប្អូនជាទីស្រឡាញ់អើយ! យើងនិយាយសេចក្ដីទាំងនេះ ដើម្បីកសាងជំនឿបងប្អូនតែប៉ុណ្ណោះ 20 ដ្បិតខ្ញុំបារម្ភខ្លាចក្រែងលោពេលខ្ញុំមកដល់ ខ្ញុំមិនឃើញបងប្អូនមានលក្ខណៈ ដូចដែលខ្ញុំចង់ឃើញ ហើយក៏ខ្លាចក្រែងបងប្អូនឃើញខ្ញុំខុសពីលក្ខណៈដែលបងប្អូនចង់ឃើញនោះដែរ។ ខ្ញុំបារម្ភក្រែងលោមានការទាស់ទែងគ្នា ច្រណែនគ្នា ខឹងសម្បារ ប្រណាំងប្រជែងនិយាយដើមគ្នា បរិហាកេរ្ដិ៍គ្នា អួតបំប៉ាងខ្វះសណ្ដាប់ធ្នាប់។ 21 ខ្ញុំបារម្ភក្រែងលោពេលខ្ញុំមកដល់លើកក្រោយ ព្រះរបស់ខ្ញុំនឹងបំបាក់មុខខ្ញុំនៅចំពោះមុខបងប្អូនហើយខ្ញុំត្រូវយំសោក ព្រោះតែបងប្អូនជាច្រើននាក់ដែលបានប្រព្រឹត្ដអំពើបាបកាលពីមុន តែមិនទាន់បានកែប្រែចិត្ដគំនិត លះបង់អំពើសៅហ្មងប្រាសចាកសីលធម៌ និង កាមគុណថោកទាបដែលខ្លួនបានប្រព្រឹត្ដនៅឡើយ។

2 Corinthians 13

1 នេះជាលើកទីបីហើយ ដែលខ្ញុំមករកបងប្អូន។ ត្រូវសំរួលរឿងទាំងអស់ ដោយមានសាក្សីពីរ ឬ បីនាក់។ 2 កាលខ្ញុំនៅជាមួយបងប្អូនជាលើកទីពីរ ខ្ញុំបាននិយាយសេចក្ដីនេះរួចស្រេចហើយ ហើយឥឡូវនេះ ពេលដែលខ្ញុំនៅឆ្ងាយ ខ្ញុំសូមជំរាបអស់អ្នកដែលបានប្រព្រឹត្ដអំពើបាបកាលពីមុន និង សូមជំរាបអ្នកឯទៀតៗទាំងអស់ អោយបានដឹងជាមុនថា បើខ្ញុំវិលមករកបងប្អូនវិញនោះខ្ញុំនឹងមិនប្រណីអ្នកណាម្នាក់ឡើយ 3 ដ្បិតបងប្អូនចង់បានភស្ដុតាងថា ព្រះគ្រិស្ដមានព្រះបន្ទូលតាមរយៈខ្ញុំ។ ព្រះអង្គមិនទន់ខ្សោយចំពោះបងប្អូនទេ គឺព្រះអង្គបង្ហាញឫទ្ធានុភាពនៅកណ្ដាលចំណោមបងប្អូនវិញ។ 4 ព្រះអង្គត្រូវគេឆ្កាងដោយព្រះអង្គមានភាពទន់ខ្សោយ ប៉ុន្ដែ ព្រះអង្គមានព្រះជន្មរស់ ដោយឫទ្ធានុភាពរបស់ព្រះជាម្ចាស់។ រីឯយើងវិញក៏ដូច្នោះដែរ យើងទន់ខ្សោយរួមជាមួយព្រះអង្គមែន ប៉ុន្ដែ ដោយយល់ដល់បងប្អូនយើងមានជីវិតរស់រួមជាមួយព្រះអង្គ ដោយឫទ្ធានុភាពរបស់ព្រះជាម្ចាស់។ 5 សូមបងប្អូនល្បងមើលខ្លួនឯងទៅ តើបងប្អូននៅតែមានជំនឿមែនឬយ៉ាងណា សូមបងប្អូនពិនិត្យពិច័យខ្លួនឯងមើលទៅចុះ! បងប្អូនមិនទទួលស្គាល់ទេ ឬ ថាព្រះយេស៊ូគ្រិស្ដគង់នៅក្នុងបងប្អូន! ឬមួយមានតែបងប្អូនឃើញថា ព្រះអង្គមិនគង់នៅជាមួយ! 6 ខ្ញុំសង្ឃឹមថា បងប្អូនពិតជាដឹងថា ព្រះអង្គគង់នៅជាមួយយើងមែន។ 7 យើងទូលអង្វរព្រះជាម្ចាស់ សូមកុំអោយបងប្អូនប្រព្រឹត្ដអំពើអាក្រក់អ្វីឡើយ។ យើងគ្មានបំណងចង់បង្ហាញភស្ដុតាងថា យើងមានព្រះអង្គគង់ជាមួយហើយនោះទេ យើងគ្រាន់តែចង់ឃើញបងប្អូនប្រព្រឹត្ដអំពើល្អប៉ុណ្ណោះ ទោះបីការពិនិត្យពិច័យនេះបែរជាបង្ហាញថា យើងគ្មានភស្ដុតាងអំពីព្រះអង្គគង់ជាមួយក៏ដោយ 8 ដ្បិតយើងមិនអាចប្រឆាំងនឹងសេចក្ដីពិតបានឡើយ គឺយើងគ្រាន់តែអាចបំរើសេចក្ដីពិតប៉ុណ្ណោះ។ 9 យើងសប្បាយចិត្ដ នៅពេលណាយើងទន់ខ្សោយ ហើយបងប្អូនមានកម្លាំង។ យើងអធិស្ឋានសុំសេចក្ដីតែមួយនេះគឺសូមអោយបងប្អូនបានគ្រប់លក្ខណៈ។ 10 ហេតុនេះហើយបានជាពេលខ្ញុំនៅឆ្ងាយ ខ្ញុំសរសេរសេចក្ដីនេះមកជូនបងប្អូន។ ដូច្នេះ កាលណាខ្ញុំមកដល់ខ្ញុំមិនបាច់និយាយតឹងរ៉ឹងមកកាន់បងប្អូន តាមអំណាចដែលព្រះអម្ចាស់បានប្រទានមកខ្ញុំនោះឡើយ។ ព្រះអង្គប្រទានអំណាចនេះមកខ្ញុំ មិនមែនដើម្បីបំផ្លាញទេគឺដើម្បីកសាងវិញ។ 11 នៅទីបញ្ចប់ បងប្អូនអើយចូរមានអំណរឡើង ចូរខំប្រឹងអោយបានគ្រប់លក្ខណៈ ចូរលើកទឹកចិត្ដគ្នា ចូរមានចិត្ដគំនិតតែមួយចូររស់នៅដោយសុខសាន្ដជាមួយគ្នា នោះព្រះជាម្ចាស់ដែលជាប្រភពនៃសេចក្ដីស្រឡាញ់ និង សេចក្ដីសុខសាន្ដ មុខជាគង់ជាមួយបងប្អូនមិនខាន។ 12 ចូរជំរាបសួរគ្នាទៅវិញទៅមក ដោយស្និទ្ធស្នាលផង។ បងប្អូនដ៏វិសុទ្ធ ទាំងអស់ ក៏សូមជំរាបសួរមកបងប្អូនដែរ។ 13 សូមអោយបងប្អូនបានប្រកបដោយព្រះគុណរបស់ព្រះអម្ចាស់យេស៊ូគ្រិស្ដ សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ និង ការរួមរស់ក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ ។

កាឡាទី 1

1 ខ្ញុំប៉ូលជាសាវ័ក ដែលមិនមែនតែងតាំងឡើងដោយមនុស្សលោក ឬ ដោយជនណាម្នាក់នោះឡើយ គឺតែងតាំងឡើង ដោយព្រះយេស៊ូគ្រិស្ដ និង ព្រះជាម្ចាស់ជាព្រះបិតា ដែលប្រោសព្រះអង្គអោយមានព្រះជន្មរស់ឡើងវិញ។ 2 ខ្ញុំ និង បងប្អូនទាំងអស់ដែលនៅជាមួយខ្ញុំ សូមជំរាបមកក្រុមជំនុំទាំងឡាយនៅស្រុកកាឡាទី។ 3 សូមព្រះជាម្ចាស់ ជាព្រះបិតានៃយើង និង ព្រះអម្ចាស់យេស៊ូគ្រិស្ដ ប្រទានព្រះគុណ និង សេចក្ដីសុខដល់បងប្អូន។ 4 ព្រះអម្ចាស់យេស៊ូបានបូជាព្រះជន្មរបស់ព្រះអង្គផ្ទាល់ ព្រោះតែបាបរបស់យើង ព្រះអង្គបានរំដោះយើងអោយរួចផុតពីលោកីយ៍ដ៏អាក្រក់នេះ ស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ជាព្រះបិតារបស់យើង។ 5 សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ!អាម៉ែន! 6 ខ្ញុំឆ្ងល់ណាស់ ដោយឃើញបងប្អូនឆាប់ងាកចេញពីព្រះជាម្ចាស់ដែលបានត្រាស់ហៅបងប្អូន ស្របតាមព្រះគុណរបស់ព្រះជាម្ចាស់ជាព្រះបិតានៃយើងហើយបងប្អូនបែរទៅរកដំណឹងល្អមួយផ្សេងទៀត 7 តាមពិតគ្មានដំណឹងល្អណាមួយផ្សេងទៀតឡើយ គឺមានតែអ្នកខ្លះបានធ្វើអោយកើតវឹកវរ និង ចង់បំភ្លៃដំណឹងល្អរបស់ព្រះគ្រិស្ដប៉ុណ្ណោះ។ 8 ប្រសិនបើមាននរណាម្នាក់ទោះបីយើងក្ដី ឬ ទេវតា ណាមួយពីស្ថានបរមសុខ ក្ដីនាំដំណឹងល្អណាផ្សេងមកប្រាប់បងប្អូន ខុសប្លែកពីដំណឹងល្អដែលយើងបាននាំមកជូនបងប្អូន សូមអោយអ្នកនោះត្រូវបណ្ដាសាទៅចុះ! 9 ដូចយើងបានជំរាបមកស្រាប់ហើយ តែខ្ញុំក៏សូមជំរាបម្ដងទៀតថា ប្រសិនបើនរណាម្នាក់នាំដំណឹងល្អផ្សេងមកជូនបងប្អូនខុសប្លែកពីដំណឹងល្អដែលបងប្អូនធ្លាប់ទទួល សូមអោយអ្នកនោះត្រូវបណ្ដាសាចុះ! 10 ឥឡូវនេះ តើខ្ញុំចង់ផ្គាប់ចិត្ដមនុស្ស ឬ ធ្វើអោយគាប់ព្រះហឫទ័យព្រះជាម្ចាស់? តើខ្ញុំស្វែងរកអោយមនុស្សពេញចិត្ដឬ? ប្រសិនបើខ្ញុំនៅតែចង់អោយមនុស្សពេញចិត្ដនោះ មានន័យថា ខ្ញុំលែងជាអ្នកបំរើរបស់ព្រះគ្រិស្ដទៀតហើយ! 11 បងប្អូនអើយ ខ្ញុំសូមជំរាបបងប្អូនថា ដំណឹងល្អ ដែលខ្ញុំបាននាំមកជូនបងប្អូនមិនមែនមានប្រភពចេញមកពីមនុស្សលោកទេ 12 រីឯខ្ញុំផ្ទាល់ ខ្ញុំក៏ពុំបានទទួលឬរៀនពីមនុស្សណាម្នាក់ដែរ គឺព្រះយេស៊ូគ្រិស្ដ ឯណោះ ដែលបានសំដែងអោយខ្ញុំស្គាល់។ 13 បងប្អូនបានឮគេនិយាយអំពីកិរិយាមារយាទរបស់ខ្ញុំកាលពីដើមស្រាប់ហើយ គឺពេលខ្ញុំកាន់សាសនាយូដានៅឡើយ ខ្ញុំបានបៀតបៀនក្រុមជំនុំរបស់ព្រះជាម្ចាស់ យ៉ាងកាចសាហាវបំផុត ហើយខ្ញុំក៏ចង់កំទេចក្រុមជំនុំនេះទៀតផង។ 14 ខ្ញុំបានកាន់សាសនាយូដាយ៉ាងល្អប្រសើរជាងអស់អ្នកដែលមានអាយុស្រករៗខ្ញុំ និង ជាជនរួមជាតិរបស់ខ្ញុំទៅទៀត ដ្បិតខ្ញុំមានចិត្ដខ្នះខ្នែងកាន់តាមប្រពៃណីបុព្វបុរសរបស់ខ្ញុំហួសប្រមាណ។ 15 ក៏ប៉ុន្ដែ ព្រះជាម្ចាស់បានជ្រើសរើសខ្ញុំទុកដោយឡែក តាំងពីក្នុងផ្ទៃម្ដាយមកម៉្លេះ ហើយព្រះអង្គបានត្រាស់ហៅខ្ញុំដោយព្រះគុណរបស់ព្រះអង្គ។ 16 នៅពេលព្រះអង្គសព្វព្រះហឫទ័យសំដែងអោយខ្ញុំស្គាល់ព្រះបុត្រារបស់ព្រះអង្គ ដើម្បីអោយខ្ញុំនាំដំណឹងល្អអំពីព្រះបុត្រាទៅជូនសាសន៍ដទៃ ខ្ញុំពុំបានទៅសួរយោបល់ពីមនុស្សណាម្នាក់ឡើយ។ 17 ខ្ញុំក៏ពុំបានឡើងទៅក្រុងយេរូសាឡឹម ដើម្បីជួបអស់លោកដែលជាសាវ័ក មុនខ្ញុំដែរ គឺខ្ញុំបានធ្វើដំណើរទៅស្រុកអារ៉ាប់រួចក៏ត្រឡប់មកក្រុងដាម៉ាសវិញ។ 18 បីឆ្នំាក្រោយមក ខ្ញុំបានឡើងទៅក្រុងយេរូសាឡឹម ដើម្បីអោយបានស្គាល់លោកពេត្រុស ហើយខ្ញុំស្នាក់នៅជាមួយលោក អស់រយៈពេលដប់ប្រាំថ្ងៃ។ 19 ប៉ុន្ដែ ខ្ញុំពុំបានជួបនឹងសាវ័ក ណាផ្សេងទៀតឡើយ លើកលែងតែលោកយ៉ាកុប ជាបងប្អូនរបស់ព្រះអម្ចាស់ប៉ុណ្ណោះ។ 20 សេចក្ដីដែលខ្ញុំសរសេរមកជូនបងប្អូននេះ ឥតកុហកទេ មានព្រះជាម្ចាស់ជាសាក្សីស្រាប់។ 21 បន្ទាប់មកទៀត ខ្ញុំបានធ្វើដំណើរទៅតំបន់ផ្សេងៗនៅស្រុកស៊ីរី និង ស្រុកគីលីគា 22 តែក្រុមជំនុំនានាដែលជឿព្រះគ្រិស្ដនៅស្រុកយូដា ពុំបានស្គាល់មុខខ្ញុំទេ។ 23 បងប្អូនទាំងនោះគ្រាន់តែបានឮគេនិយាយថា "អ្នកដែលបៀតបៀនយើងកាលពីដើម ឥឡូវនេះ គាត់បែរជាផ្សព្វផ្សាយដំណឹងល្អ អំពីជំនឿដែលគាត់ចង់កំទេចពីមុននោះទៅវិញ!"។ 24 គេក៏នាំគ្នាលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ព្រោះតែខ្ញុំ។

កាឡាទី 2

1 ដប់បួនឆ្នាំក្រោយមក ខ្ញុំក៏បានឡើងទៅក្រុងយេរូសាឡឹមម្ដងទៀត ជាមួយលោកបារណាបាស ទាំងនាំលោកទីតុសទៅជាមួយដែរ។ 2 ខ្ញុំឡើងទៅក្រុងយេរូសាឡឹមដូច្នេះ មកពីព្រះជាម្ចាស់បំភ្លឺចិត្ដអោយដឹងថា ខ្ញុំត្រូវទៅ។ ខ្ញុំបានរៀបរាប់ប្រាប់បងប្អូនដែលនៅទីនោះ អំពីដំណឹងល្អដែលខ្ញុំប្រកាសដល់សាសន៍ដទៃ ហើយខ្ញុំក៏បានរៀបរាប់ប្រាប់អស់លោក ជាអ្នកដឹកនាំដាច់ឡែកពីគេដែរ ដើម្បីកុំអោយកិច្ចការដែលខ្ញុំកំពុងតែធ្វើ ឬ បានធ្វើរួចមកហើយត្រឡប់ទៅជាអសារឥតការវិញ។ 3 រីឯលោកទីតុសដែលទៅជាមួយខ្ញុំទោះបីគាត់ជាសាសន៍ក្រិកក្ដី ក៏គេពុំបានបង្ខំគាត់អោយទទួលពិធីកាត់ស្បែក ដែរ 4 ថ្វីដ្បិតតែមានពួកបងប្អូនក្លែងក្លាយ ជ្រៀតខ្លួនចូលមកក្នុងចំណោមយើង ដើម្បីឈ្លបមើលសេរីភាពដែលយើងមានក្នុងអង្គព្រះគ្រិស្ដយេស៊ូ ក្នុងគោលបំណងធ្វើអោយយើងធ្លាក់ទៅជាទាសករវិញ។ 5 យើងពុំបានសុខចិត្ដធ្វើតាមពួកគេឡើយ សូម្បីតែមួយភ្លែតក៏មិនធ្វើតាមផង ដើម្បីរក្សាការពារសេចក្ដីពិតនៃដំណឹងល្អសំរាប់បងប្អូន។ 6 រីឯបងប្អូនដែលគេគោរពទុកជាអ្នកដឹកនាំនោះវិញ (នៅពេលនោះ គេមានឋានៈជាអ្វីក៏ដោយ ក៏ខ្ញុំមិនរវល់ដែរ ដ្បិតព្រះជាម្ចាស់មិនរើសមុខនរណាទេ) អ្នកដឹកនាំទាំងនោះពុំបានបង្ខំខ្ញុំអោយធ្វើអ្វីផ្សេងទៀតឡើយ។ 7 ផ្ទុយទៅវិញ គេបានឃើញថា ព្រះជាម្ចាស់ប្រគល់មុខងារផ្សព្វផ្សាយដំណឹងល្អ ដល់សាសន៍ដទៃមកអោយខ្ញុំដូចព្រះអង្គបានប្រគល់មុខងារផ្សព្វផ្សាយដំណឹងល្អដល់សាសន៍យូដា អោយលោកពេត្រុសដែរ 8 ដ្បិតព្រះជាម្ចាស់ ដែលប្រោសប្រទានអោយលោកពេត្រុសអាចបំពេញមុខងារជាសាវ័ក សំរាប់សាសន៍យូដាយ៉ាងណា ព្រះអង្គក៏ប្រោសប្រទានអោយខ្ញុំអាចបំពេញមុខងារជាសាវ័ក សំរាប់សាសន៍ដទៃយ៉ាងនោះដែរ។ 9 កាលលោកយ៉ាកុបលោកកេផាស និង លោកយ៉ូហាន ដែលពួកបងប្អូនចាត់ទុកដូចជាបង្គោលរបស់ក្រុមជំនុំបានទទួលស្គាល់ថា ព្រះជាម្ចាស់ប្រណីសន្ដោសដល់ខ្ញុំដូច្នេះ អស់លោកក៏បានចាប់ដៃខ្ញុំ និង ចាប់ដៃលោកបារណាបាស ទុកជាសញ្ញាថាយើងរួបរួមគ្នា គឺលោកបារណាបាស និង ខ្ញុំទៅផ្សាយដំណឹងល្អដល់សាសន៍ដទៃ រីឯពួកលោកវិញ លោកទៅផ្សាយដំណឹងល្អដល់សាសន៍យូដា។ 10 ពួកលោកគ្រាន់តែសុំអោយយើងគិតគូរដល់ជនក្រីក្រ ជាកិច្ចការដែលខ្ញុំខ្នះខ្នែងបំពេញស្រាប់ហើយ។ 11 ក៏ប៉ុន្ដែ នៅពេលដែលលោកពេត្រុសបានមកដល់ក្រុងអន់ទីយ៉ូក ខ្ញុំក៏បានជំទាស់នឹងលោកនៅមុខគេឯងទាំងអស់គ្នា ព្រោះលោកបានធ្វើខុស។ 12 លោកយ៉ាកុបបានចាត់អ្នកខ្លះអោយមក ហើយមុនពេលដែលអ្នកទាំងនោះមកដល់ លោកពេត្រុសតែងបរិភោគរួមជាមួយពួកបងប្អូនសាសន៍ដទៃ តែពេលអ្នកទាំងនោះមកដល់ លោកបែរជាដកខ្លួនថយចេញដាច់ឡែក ពីបងប្អូនសាសន៍ដទៃ ព្រោះលោកខ្លាចបងប្អូនសាសន៍យូដា។ 13 បងប្អូនសាសន៍យូដាឯទៀតៗនាំគ្នាលាក់ពុតដូចលោក គឺសូម្បីតែលោកបារណាបាសផ្ទាល់ ក៏ត្រូវគេអូសទាញអោយលាក់ពុតដូចគេដែរ។ 14 ពេលខ្ញុំឃើញបងប្អូនទាំងនោះលែងដើរត្រង់តាមសេចក្ដីពិតនៃដំណឹងល្អហើយនោះ ខ្ញុំក៏ជំរាបលោកពេត្រុសនៅមុខគេឯងទាំងអស់គ្នាថាៈ "បើលោកដែលជាសាសន៍យូដាលែងប្រព្រឹត្ដតាមរបៀបសាសន៍យូដាទៀត តែបែរជាប្រព្រឹត្ដតាមរបៀបសាសន៍ដទៃដូច្នេះ តើលោកអាចបង្ខំសាសន៍ដទៃអោយធ្វើដូចសាសន៍យូដាម្ដេចកើត?"។ 15 រីឯយើងវិញ យើងជាជាតិយូដាពីកំណើតមកយើងមិនមែនជាអ្នកមានបាបដូចសាសន៍ដទៃនោះទេ។ 16 យើងដឹងថា ព្រះជាម្ចាស់ពុំប្រោសមនុស្សអោយបានសុចរិត ដោយការប្រព្រឹត្ដតាមក្រឹត្យវិន័យទេ គឺបានសុចរិតដោយសារជំនឿលើព្រះយេស៊ូគ្រិស្ដវិញ។ ដូច្នេះយើងក៏បានជឿលើព្រះគ្រិស្ដយេស៊ូដែរ ដើម្បីព្រះជាម្ចាស់ប្រោសយើងអោយបានសុចរិត តាមរយៈជំនឿរបស់ព្រះគ្រិស្ដ គឺមិនមែនដោយបានប្រព្រឹត្ដតាមក្រឹត្យវិន័យនោះទេ ព្រោះគ្មានមនុស្សបានសុចរិតដោយប្រព្រឹត្ដតាមក្រឹត្យវិន័យឡើយ។ 17 ប៉ុន្ដែ ប្រសិនបើយើងប្រាថ្នាចង់បានសុចរិតតាមរយៈព្រះគ្រិស្ដ ហើយបែរជាឃើញថាយើងជាមនុស្សជាប់បាបដូចគេនោះ តើបានសេចក្ដីថា ព្រះគ្រិស្ដនាំអោយយើងជាប់បាបឬ? ទេ មិនមែនដូច្នោះទេ! 18 ប្រសិនបើខ្ញុំសង់ឡើងវិញ នូវអ្វីដែលខ្ញុំបានកំទេចចោលហើយនោះបានសេចក្ដីថាខ្ញុំប្រព្រឹត្ដល្មើសក្រឹត្យវិន័យ។ 19 ដោយសារក្រឹត្យវិន័យ ខ្ញុំបានរួចពីអំណាចរបស់ក្រឹត្យវិន័យដើម្បីអោយខ្ញុំមានជីវិតរស់នៅសំរាប់ព្រះជាម្ចាស់។ ខ្ញុំបានជាប់ឆ្កាងរួមជាមួយព្រះគ្រិស្ដ 20 ដូច្នេះ មិនមែនខ្ញុំទៀតទេដែលរស់នៅ គឺព្រះគ្រិស្ដទេតើ ដែលមានព្រះជន្មរស់នៅក្នុងរូបកាយខ្ញុំ។ រីឯជីវិត ដែលខ្ញុំរស់ជាមនុស្ស នាបច្ចុប្បន្នកាលនេះ ខ្ញុំរស់ដោយមានជំនឿទៅលើព្រះបុត្រារបស់ព្រះជាម្ចាស់ ដែលបានស្រឡាញ់ខ្ញុំ និង បានបូជាព្រះជន្មសំរាប់ខ្ញុំ។ 21 ខ្ញុំមិនលុបបំបាត់ព្រះគុណរបស់ព្រះជាម្ចាស់ឡើយ ប្រសិនបើមនុស្សយើងបានសុចរិតដោយសារវិន័យនោះ បានសេចក្ដីថាព្រះគ្រិស្ដសោយទិវង្គតឥតបានការអ្វីទេ!

កាឡាទី 3

1 ឱបងប្អូនអ្នកស្រុកកាឡាទីអើយ ម្ដេចក៏ល្ងល្ងើម៉្លេះ! តើបងប្អូនត្រូវអំពើរបស់នរណា? បងប្អូនបានទទួលសេចក្ដីបរិយាយអំពីព្រះយេស៊ូគ្រិស្ដ ដែលត្រូវគេឆ្កាងនោះ យ៉ាងច្បាស់លាស់ហើយទេតើ! 2 ខ្ញុំគ្រាន់តែចង់ដឹងសេចក្ដីមួយប៉ុណ្ណោះ សូមបងប្អូនប្រាប់ខ្ញុំមើល៍តើបងប្អូនបានទទួលព្រះវិញ្ញាណ មកពីបានប្រព្រឹត្ដតាមក្រឹត្យវិន័យ ឬ មកពីជឿដំណឹងល្អដែលបងប្អូនបានស្ដាប់? 3 ម្ដេចក៏បងប្អូនល្ងីល្ងើម៉្លេះ! បងប្អូនបានចាប់ផ្ដើមជីវិតថ្មីដោយព្រះវិញ្ញាណ តែឥឡូវនេះម្ដេចក៏ចង់បញ្ចប់តាមរបៀបលោកីយ៍វិញដូច្នេះ? 4 បងប្អូនមានការពិសោធន៍យ៉ាងច្រើននោះ តើអសារឥតការឬ? ទេ មិនមែនឥតបានការឡើយ! 5 ព្រះជាម្ចាស់បានប្រទានព្រះវិញ្ញាណមកបងប្អូន និង បញ្ចេញសកម្មភាពដោយសំដែងបាដិហារិយ៍ផ្សេងៗក្នុងចំណោមបងប្អូននោះ តើព្រះអង្គធ្វើដូច្នេះ មកពីបងប្អូនប្រព្រឹត្ដតាមក្រឹត្យវិន័យឬ មកពីបងប្អូនបានជឿដំណឹងល្អ ដែលបងប្អូនបានស្ដាប់? 6 លោកអប្រាហាំជឿលើព្រះជាម្ចាស់ ហើយព្រះអង្គប្រោសលោកអោយបានសុចរិតដោយយល់ដល់ជំនឿនេះ។ 7 ដូច្នេះសូមបងប្អូនយល់ថា អ្នកណាមានជំនឿ អ្នកនោះហើយជាកូនចៅរបស់លោកអប្រាហំា។ 8 ក្នុងគម្ពីរមានគ្រោងទុកជាមុនថា ព្រះជាម្ចាស់នឹងប្រោសសាសន៍ដទៃអោយបានសុចរិតដោយសារជំនឿ ហើយលោកអប្រាហាំបានទទួលដំណឹងល្អនេះជាមុន ថា«ជាតិសាសន៍ទាំងអស់នឹងទទួលពរ ដោយសារអ្នក»។ 9 ហេតុនេះអស់អ្នកដែលមានជំនឿក៏បានទទួលព្រះពររួមជាមួយលោកអប្រាហាំ ដែលជាអ្នកមានជំនឿនោះដែរ។ 10 រីឯអស់អ្នកដែលពឹងផ្អែកលើការប្រព្រឹត្ដតាមក្រឹត្យវិន័យនោះវិញ គេត្រូវបណ្ដាសាហើយ ដ្បិតមានចែងទុកមកថា «អ្នកណាមិនប្រតិបត្ដិតាមសេចក្ដីទាំងប៉ុន្មាន ដែលមានចែងទុកក្នុងគម្ពីរវិន័យយ៉ាងខ្ជាប់ខ្ជួនទេនោះ អ្នកនោះត្រូវបណ្ដាសាហើយ»។ 11 មួយវិញទៀត យើងដឹងច្បាស់ថា គ្មាននរណាម្នាក់បានសុចរិតនៅចំពោះព្រះភ័ក្ដ្រព្រះជាម្ចាស់ ដោយពឹងលើក្រឹត្យវិន័យនោះឡើយ ដ្បិត«មនុស្សសុចរិតនឹងមានជីវិតដោយសារជំនឿ»។ 12 រីឯក្រឹត្យវិន័យប្លែកពីជំនឿទាំងស្រុងព្រោះមានចែងថា «អ្នកណាប្រតិបត្ដិតាមសេចក្ដីទាំងនេះ អ្នកនោះនឹងមានជីវិតដោយបានប្រព្រឹត្ដតាមសេចក្ដីទាំងនេះ»។ 13 ដោយព្រះគ្រិស្ដបានទទួលបណ្ដាសាសំរាប់យើង ទ្រង់លោះយើងអោយរួចផុតពីបណ្ដាសាដែលមកពីក្រឹត្យវិន័យ ដ្បិតមានចែងទុកមកថា«អ្នកណាដែលត្រូវគេព្យួរជាប់នឹងឈើ អ្នកនោះត្រូវបណ្ដាសាហើយ!»។ 14 ហេតុការណ៍នេះកើតមានដូច្នេះ ដើម្បីអោយព្រះពរដែលលោកអប្រាហំាទទួល បានហូរទៅដល់សាសន៍ដទៃ តាមរយៈព្រះគ្រិស្ដយេស៊ូដែរ ហើយអោយយើងទទួលព្រះវិញ្ញាណដែលព្រះជាម្ចាស់បានសន្យាប្រទានមក ដោយយើងមានជំនឿ។ 15 បងប្អូនអើយ ខ្ញុំសូមលើកយកឧទាហរណ៍មួយមកជំរាបថាប្រសិនបើពាក្យបណ្ដាំរបស់មនុស្សមានចែងទុកត្រឹមត្រូវហើយ គ្មាននរណាម្នាក់លុបបំបាត់ឬបន្ថែមបន្ថយអ្វីបានទេ។ 16 យ៉ាងណាមិញ ព្រះជាម្ចាស់មានព្រះបន្ទូលសន្យាដល់លោកអប្រាហាំ និង ដល់ពូជពង្សរបស់លោក។ ក្នុងគម្ពីរពុំមានចែងថា «ដល់ពូជពង្សទាំងឡាយ» ដូចជាចង់សំដៅទៅលើពូជពង្សដ៏ច្រើនឡើយ គឺសំដៅទៅលើពូជពង្សតែម្នាក់ប៉ុណ្ណោះ : «ដល់ពូជពង្សរបស់អ្នក» ពោលគឺព្រះគ្រិស្ដ។ 17 ខ្ញុំនិយាយដូច្នេះ ចង់ពន្យល់ថាព្រះជាម្ចាស់បានទុកពាក្យបណ្ដាំមួយយ៉ាងត្រឹមត្រូវ រួចស្រេចហើយ។ រីឯក្រឹត្យវិន័យដែលមកដល់ បួនរយសាមសិបឆ្នាំក្រោយមកទៀតនោះ ពុំបានលុបបំបាត់ពាក្យបណ្ដាំរបស់ព្រះអង្គឡើយបើពុំនោះទេ ព្រះបន្ទូលសន្យាមុខជាបាត់ខ្លឹមសារមិនខាន។ 18 ប្រសិនបើព្រះជាម្ចាស់ប្រទានមត៌កមកមនុស្ស ព្រោះគេប្រព្រឹត្ដតាមក្រឹត្យវិន័យ បានសេចក្ដីថា គេមិនទទួលមត៌កនោះតាមព្រះបន្ទូលសន្យាទៀតឡើយ។ ក៏ប៉ុន្ដែ ព្រះជាម្ចាស់ប្រណីសន្ដោសលោកអប្រាហាំ ដោយសារព្រះបន្ទូលសន្យារបស់ព្រះអង្គ។ 19 បើដូច្នោះ តើក្រឹត្យវិន័យមានប្រយោជន៍អ្វី? ក្រឹត្យវិន័យកើតមានមកតាមក្រោយ ដើម្បីបង្ហាញបទល្មើសរបស់មនុស្ស ហើយមានខ្លឹមសាររហូតដល់ពូជពង្ស ដែលត្រូវទទួលមត៌កតាមព្រះបន្ទូលសន្យាយាងមកដល់។ ពួកទេវតា បាននាំយកក្រឹត្យវិន័យនេះមក តាមរយៈមនុស្សម្នាក់ដែលជួយធ្វើអន្ដរាគមន៍។ 20 ប៉ុន្ដែ ប្រសិនបើមានតែម្នាក់នោះ មិនបាច់អោយមាននរណាធ្វើអន្ដរាគមន៍ឡើយ។ រីឯព្រះជាម្ចាស់វិញ មានតែមួយព្រះអង្គប៉ុណ្ណោះ។ 21 ដូច្នេះ តើបានសេចក្ដីថា ក្រឹត្យវិន័យទាស់នឹងព្រះបន្ទូលសន្យាឬ? ទេ មិនមែនដូច្នោះទេ! ប្រសិនបើក្រឹត្យវិន័យដែលមនុស្សបានទទួល អាចផ្ដល់ជីវិត បានសេចក្ដីថា មនុស្សនឹងបានសុចរិតដោយសារក្រឹត្យវិន័យមែន 22 ក៏ប៉ុន្ដែ ក្នុងគម្ពីរមានចែងថា អ្វីៗទាំងអស់សុទ្ធតែនៅក្រោមអំណាចបាប ដើម្បីអោយអស់អ្នកជឿបានទទួលផល ស្របតាមព្រះបន្ទូលសន្យា ព្រោះគេមានជំនឿលើព្រះយេស៊ូគ្រិស្ដ។ 23 មុនពេលជំនឿមកដល់យើងជាប់ឃុំឃំាងក្រោមអំណាចរបស់ក្រឹត្យវិន័យ ទាំងរង់ចាំជំនឿដែលនឹងត្រូវលេចចេញមក។ 24 ដូច្នេះក្រឹត្យវិន័យមាននាទីណែនាំយើងទៅកាន់ព្រះគ្រិស្ដ ដើម្បីអោយយើងបានសុចរិតដោយសារជំនឿ។ 25 កាលណាជំនឿមកដល់ហើយ យើងមិនស្ថិតនៅក្រោមឱវាទរបស់អ្វីដែលណែនាំយើងនោះទៀតទេ 26 ដ្បិតដោយសារជំនឿលើព្រះគ្រិស្ដយេស៊ូ បងប្អូនសុទ្ធតែជាបុត្ររបស់ព្រះជាម្ចាស់។ 27 បងប្អូនទាំងអស់គ្នាដែលបានទទួលពិធីជ្រមុជទឹក ដើម្បីអោយបានរួមជាមួយព្រះគ្រិស្ដ បងប្អូនក៏មានព្រះគ្រិស្ដនៅជាប់ជាមួយដែរ។ 28 ដូច្នេះ គ្មានសាសន៍យូដា គ្មានសាសន៍ ក្រិកទៀតទេ ហើយក៏គ្មានអ្នកងារ គ្មានអ្នកជា គ្មានបុរស គ្មានស្ដ្រីទៀតដែរគឺបងប្អូនទាំងអស់បានរួមគ្នាមកជាអង្គតែមួយ ក្នុងព្រះគ្រិស្ដយេស៊ូ។ 29 ប្រសិនបើបងប្អូនចូលរួមជាមួយព្រះគ្រិស្ដ បងប្អូនជាពូជពង្សរបស់លោកអប្រាហំា ហើយក៏ត្រូវទទួលមត៌កតាមព្រះបន្ទូលសន្យាដែរ។

កាឡាទី 4

1 ខ្ញុំសូមជំរាបថា ដរាបណាកូនដែលត្រូវទទួលមត៌កនៅក្មេងនៅឡើយ គេមិនខុសពីខ្ញុំបំរើទេ ថ្វីដ្បិតតែគេជាម្ចាស់លើទ្រព្យសម្បត្ដិទាំងអស់ក៏ដោយ 2 កូននោះនៅក្រោមការឃុំគ្រងរបស់អ្នកអាណាព្យាបាល និង អ្នកមើលខុសត្រូវលើទ្រព្យសម្បត្ដិ រហូតដល់ពេលដែលឪពុកបានកំណត់ទុក។ 3 រីឯយើងវិញក៏ដូច្នោះដែរ កាលនៅក្មេងខ្ចីនៅឡើយ យើងធ្វើជាខ្ញុំបំរើនៃអ្វីៗជាអរូប ដែលមានឥទ្ធិពលលើលោកីយ៍នេះ 4 ប៉ុន្ដែ លុះដល់ពេលកំណត់ហើយ ព្រះជាម្ចាស់ក៏ចាត់ព្រះបុត្រារបស់ព្រះអង្គអោយមក ប្រសូតចេញពីស្ដ្រីហើយប្រសូតក្រោមអំណាចរបស់វិន័យផង 5 ដើម្បីលោះអស់អ្នកដែលស្ថិតនៅក្រោមអំណាចវិន័យ និង អោយយើងទទួលឋានៈជាបុត្រ របស់ព្រះអង្គ។ 6 បងប្អូនពិតជាបុត្ររបស់ព្រះជាម្ចាស់មែន ព្រោះព្រះអង្គបានចាត់ព្រះវិញ្ញាណនៃព្រះបុត្រារបស់ព្រះអង្គ អោយមកសណ្ឋិតក្នុងចិត្ដយើង គឺព្រះវិញ្ញាណនេះហើយ ដែលបន្លឺព្រះសូរសៀងឡើងថា «អប្បា! ឱព្រះបិតា!»។ 7 ដូច្នេះ អ្នកមិនមែនជាខ្ញុំបំរើទៀតទេ គឺអ្នកជាបុត្ររបស់ព្រះអង្គវិញ។ បើអ្នកជាបុត្រមែន អ្នកក៏ត្រូវទទួលមត៌កដែលព្រះជាម្ចាស់ប្រទានអោយនោះដែរ។ 8 កាលពីដើម បងប្អូនពុំស្គាល់ព្រះជាម្ចាស់ទេ ហើយក៏ធ្វើជាខ្ញុំបំរើរបស់ព្រះនានា ដែលមិនមែនជាព្រះពិតប្រាកដ។ 9 តែឥឡូវនេះ បងប្អូនស្គាល់ព្រះជាម្ចាស់ បើនិយាយអោយចំ ព្រះអង្គបានស្គាល់បងប្អូនហើយ ហេតុដូចម្ដេចបានជាបងប្អូនបែរជាវិលទៅចុះចូលនឹងអ្វីៗជាអរូប ដែលមានឥទ្ធិពលក្នុងលោកីយ៍ ហើយចង់បំរើឥទ្ធិពលដ៏ទន់ខ្សោយ គ្មានបារមីទាំងនោះ សាជាថ្មីវិញដូច្នេះ? 10 បើបងប្អូនគោរពថ្ងៃខែ គោរពរដូវ និង គោរពឆ្នំា។ 11 ខ្ញុំបារម្ភក្រែងតែការនឿយហត់ដែលខ្ញុំធ្វើសំរាប់បងប្អូន ត្រឡប់ទៅជាឥតបានផលអ្វីសោះ។ 12 បងប្អូនអើយខ្ញុំអង្វរបងប្អូនថាសូមកាន់ចិត្ដអោយបានដូចខ្ញុំ ដូចខ្ញុំបានកាន់ចិត្ដដូចបងប្អូនដែរ។ បងប្អូនពុំបានធ្វើអ្វីខុសចំពោះខ្ញុំទេ។ 13 បងប្អូនជ្រាបស្រាប់ហើយថា ខ្ញុំបាននាំដំណឹងល្អមកជូនបងប្អូនជាលើកទីមួយ មកពីខ្ញុំមានសុខភាពទន់ខ្សោយ។ 14 ក៏ប៉ុន្ដែ ទោះបីជំងឺរបស់ខ្ញុំបានបណ្ដាលអោយបងប្អូនលំបាកយ៉ាងណាក៏ដោយ ក៏បងប្អូនពុំបានមើលងាយ ឬ ស្អប់ខ្ពើមខ្ញុំដែរ ផ្ទុយទៅវិញ បងប្អូនបានទទួលខ្ញុំ ទុកដូចទទួលទេវតា របស់ព្រះជាម្ចាស់ ឬ ដូចទទួលព្រះគ្រិស្ដយេស៊ូដែរ។ 15 តើអំណរសប្បាយដែលបងប្អូនធ្លាប់មានកាលពីមុននោះនៅឯណា? ដ្បិតខ្ញុំហ៊ានធ្វើជាសាក្សីថា នៅពេលនោះ សូម្បីតែភ្នែករបស់បងប្អូនក៏បងប្អូនសុខចិត្ដខ្វេះអោយខ្ញុំដែរ ប្រសិនបើបងប្អូនអាចធ្វើបាន។ 16 ឥឡូវនេះ តើបងប្អូនចាត់ទុកខ្ញុំជាសត្រូវ មកពីខ្ញុំនិយាយសេចក្ដីពិតឬ? 17 រីឯពួកគេវិញ គេយកចិត្ដទុកដាក់នឹងបងប្អូនណាស់ តែក្នុងគោលបំណងមិនល្អទេ គេចង់បំបែកបងប្អូនចេញពីយើង ដើម្បីអោយបងប្អូនយកចិត្ដទុកដាក់ចំពោះគេវិញតែប៉ុណ្ណោះ។ 18 ការយកចិត្ដទុកដាក់ដោយមានគោលបំណងល្អគ្រប់ពេលវេលានោះ ត្រឹមត្រូវហើយ គឺមិនគ្រាន់តែនៅពេលដែលខ្ញុំនៅជាមួយប៉ុណ្ណោះទេ។ 19 កូនចៅអើយ ខ្ញុំឈឺចាប់ក្នុងការបង្កើតអ្នករាល់គ្នាសាជាថ្មី ប្រៀបបីដូចស្ដ្រីឈឺចាប់នៅពេលហៀបនឹងឆ្លងទន្លេយ៉ាងនោះដែរ គឺរហូតទាល់តែព្រះគ្រិស្ដបានកើតជារូបរាងឡើង ក្នុងអ្នករាល់គ្នា។ 20 ខ្ញុំចង់នៅជិតបងប្អូនឥឡូវនេះណាស់ ដើម្បីនិយាយជាមួយបងប្អូនផ្ទាល់ តាមរបៀបមួយផ្សេងទៀត ដ្បិតខ្ញុំទ័លគំនិត មិនដឹងជាត្រូវសរសេរយ៉ាងដូចម្ដេចមកបងប្អូនទេ។ 21 បងប្អូនដែលជាអ្នកចង់ចុះចូលនឹងក្រឹត្យវិន័យអើយ សូមប្រាប់ខ្ញុំមើល៍ តើបងប្អូនមិនយល់សេចក្ដីដែលក្រឹត្យវិន័យចែងទុកមកទេឬ? 22 ក្នុងគម្ពីរមានចែងទុកមកថា លោកអប្រាហំាមានកូនប្រុសពីរនាក់ គឺម្នាក់ជាកូនរបស់ស្ដ្រីអ្នកងារម្នាក់ទៀតជាកូនរបស់ស្ដ្រីអ្នកជា។ 23 ក៏ប៉ុន្ដែ កូនរបស់ស្ដ្រីអ្នកងារនោះ ជាកូនកើតមកតាមរបៀបលោកីយ៍ រីឯកូនរបស់ស្ដ្រីអ្នកជាវិញ កើតមកតាមព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់។ 24 យើងអាចចាត់ទុករឿងនេះជានិមិត្ដរូបមួយដែរ ដ្បិតស្ដ្រីទាំងពីរនេះជាតំណាងសម្ពន្ធមេត្រី ពីរម្នាក់ជាតំណាងនៃសម្ពន្ធមេត្រីដែលចងនៅភ្នំស៊ីណៃ គឺនាងហាការដែលបង្កើតកូនជាខ្ញុំបំរើ។ 25 នាងហាការ ជាតំណាងភ្នំស៊ីណៃនៅស្រុកអារ៉ាប់ ជានិមិត្ដរូបនៃក្រុងយេរូសាឡឹមសព្វថ្ងៃនេះ ដ្បិតនាងហាការ និង កូនចៅរបស់នាង សុទ្ធតែជាអ្នកងារ។ 26 រីឯក្រុងយេរូសាឡឹមនៅស្ថានលើវិញ គឺស្ដ្រីអ្នកជាដែលជាមាតារបស់យើងហ្នឹងហើយ 27 ដ្បិតមានចែងទុកមកថាៈ «នាងជាស្ដ្រីអារនាងជាស្ដ្រីមិនបាន បង្កើតកូនអើយ ចូរអរសប្បាយឡើង! នាងពុំធ្លាប់ឈឺផ្ទៃអើយ ចូរបន្លឺសំឡេងស្រែកដោយអំណរឡើង! ដ្បិតកូនរបស់ស្ដ្រីដែលប្ដីបោះបង់ចោលនោះ នឹងមានចំនួនច្រើនជាងកូនរបស់ស្ដ្រី ដែលមានប្ដីទៅទៀត។ » 28 បងប្អូនអើយ បងប្អូនបានកើតមក តាមព្រះបន្ទូលសន្យាដូចលោកអ៊ីសាកដែរ។ 29 ប៉ុន្ដែ ពីអតីតកាលកូនដែលកើតមកតាមរបៀបលោកីយ៍ បានធ្វើទុក្ខបៀតបៀនកូន ដែលកើតមកតាមព្រះវិញ្ញាណយ៉ាងណានៅបច្ចុប្បន្នកាលក៏នឹងមានយ៉ាងនោះដែរ។ 30 តើក្នុងគម្ពីរមានចែងទុកដូចម្ដេច?គឺមានចែងថាៈ«ចូរបណ្ដេញស្ដ្រីអ្នកងារ និង កូនរបស់នាងចេញទៅ ដ្បិតកូនរបស់ស្ដ្រីអ្នកងារពុំត្រូវទទួលមត៌ក រួមជាមួយកូនរបស់ស្ដ្រីអ្នកជាឡើយ»។ 31 ហេតុនេះ បងប្អូនអើយយើងមិនមែនជាកូនរបស់ស្ដ្រីអ្នកងារទេ គឺជាកូនរបស់ស្ដ្រីអ្នកជា។

កាឡាទី 5

1 ព្រះគ្រិស្ដ បានរំដោះយើងអោយមានសេរី ភាពពិតប្រាកដ ហេតុនេះ ចូររក្សាសេរីភាពនេះអោយបានខ្ជាប់ខ្ជួន កុំបណ្ដោយខ្លួនធ្លាក់ទៅជាខ្ញុំបំរើទៀតឡើយ។ 2 រីឯខ្ញុំ ប៉ូលខ្ញុំសូមជំរាបបងប្អូនថា ប្រសិនបើបងប្អូនទទួលពិធីកាត់ស្បែក នោះ ព្រះគ្រិស្ដលែងមានប្រយោជន៍អ្វីដល់បងប្អូនទៀតហើយ។ 3 ចំពោះអស់អ្នកដែលចង់ទទួលពិធីកាត់ស្បែក ខ្ញុំសូមបញ្ជាក់ប្រាប់ម្ដងទៀតថា ត្រូវតែកាន់តាមក្រឹត្យវិន័យទាំងស្រុងផងទៅ។ 4 ប្រសិនបើបងប្អូនណាចង់បានសុចរិតដោយពឹងផ្អែកលើក្រឹត្យវិន័យ បងប្អូននោះបែកចេញពីព្រះគ្រិស្ដ ហើយក៏ដាច់ចេញពីព្រះគុណរបស់ព្រះជាម្ចាស់ដែរ។ 5 រីឯយើងវិញ ដោយយើងមានជំនឿ ព្រះវិញ្ញាណជួយយើងអោយទន្ទឹងរង់ចាំព្រះជាម្ចាស់ប្រោសយើងអោយបានសុចរិត ស្របតាមសេចក្ដីសង្ឃឹមរបស់យើងជាមិនខាន។ 6 ចំពោះអ្នកដែលរួមរស់ជាមួយព្រះគ្រិស្ដយេស៊ូ ការកាត់ស្បែក ឬ មិនកាត់ស្បែកនោះមិនសំខាន់អ្វីឡើយ គឺមានតែជំនឿដែលនាំអោយប្រព្រឹត្ដអំពើផ្សេងៗ ដោយចិត្ដស្រឡាញ់ប៉ុណ្ណោះទើបសំខាន់។ 7 បងប្អូនបានចាប់ផ្ដើមជឿល្អណាស់ តើនរណារារំាងបងប្អូនមិនអោយស្ដាប់បង្គាប់សេចក្ដីពិតដូច្នេះ? 8 ការបញ្ចុះបញ្ចូលបែបនេះ មិនមែនមានប្រភពមកពីព្រះជាម្ចាស់ដែលបានត្រាស់ហៅបងប្អូនទេ។ 9 «មេម្សៅតែបន្ដិចអាចធ្វើអោយម្សៅទាំងមូលដោរឡើងបាន»។ 10 ចំពោះខ្ញុំ ព្រះអម្ចាស់ធ្វើអោយខ្ញុំទុកចិត្ដបងប្អូនថា បងប្អូនមុខជាមិនបែកគំនិត ទៅរកអ្វីផ្សេងសោះឡើយ។ រីឯអ្នកដែលធ្វើអោយបងប្អូនកើតវឹកវរនោះវិញ ទោះជានរណាក៏ដោយ គេត្រូវតែទទួលទោស។ 11 បងប្អូនអើយចំពោះខ្ញុំវិញ ប្រសិនបើខ្ញុំប្រកាសអោយធ្វើពិធីកាត់ស្បែកទៀតនោះ ម្ដេចក៏គេនៅតែបៀតបៀនខ្ញុំទៀត? ប្រសិនបើខ្ញុំប្រកាសដូច្នេះដំណឹងល្អអំពីព្រះគ្រិស្ដជាប់ឆ្កាង នឹងលែងធ្វើអោយគេរវាតចិត្ដ ឃ្លាតចាកពីជំនឿទៀតហើយ។ 12 អ្នកដែលនាំអោយបងប្អូនជ្រួលច្របល់បែបនេះ ត្រូវតែអោយគេក្រៀវខ្លួនឯងតែម្ដងទៅ។ 13 បងប្អូនអើយ ព្រះជាម្ចាស់បានត្រាស់ហៅបងប្អូនអោយមានសេរីភាព ក៏ប៉ុន្ដែ សូមកុំយកសេរីភាពនេះមកធ្វើជាលេស ដើម្បីរស់តាមនិស្ស័យលោកីយ៍សោះឡើយផ្ទុយទៅវិញ ត្រូវបំរើគ្នាទៅវិញទៅមកដោយចិត្ដស្រឡាញ់ 14 ដ្បិតក្រឹត្យវិន័យទាំងមូលសរុបមកត្រឹមតែឃ្លាមួយនេះថា «អ្នកត្រូវស្រឡាញ់បងប្អូនឯទៀតៗអោយបានដូចស្រឡាញ់ខ្លួនឯងដែរ»។ 15 បើបងប្អូនប្រខាំគ្នា និង ហែកហួរគ្នាទៅវិញទៅមកដូច្នេះ ចូរប្រយ័ត្នក្រែងលោបងប្អូនត្រូវវិនាសអន្ដរាយ ដោយសារតែគ្នាឯង។ 16 ខ្ញុំសូមជំរាបថា ចូររស់នៅអោយស្របតាមព្រះវិញ្ញាណ នោះបងប្អូននឹងមិនបំពេញតាមបំណងចិត្ដលោភលន់របស់និស្ស័យលោកីយ៍ទៀតឡើយ 17 ដ្បិតបំណងលោភលន់របស់និស្ស័យលោកីយ៍ តែងតែទាស់នឹងព្រះវិញ្ញាណ ហើយព្រះវិញ្ញាណក៏មានបំណងទាស់នឹងនិស្ស័យលោកីយ៍ដែរ។ និស្ស័យលោកីយ៍ និង ព្រះវិញ្ញាណផ្ទុយគ្នាទាំងស្រុង ដូច្នេះបងប្អូនពុំអាចធ្វើអ្វីដែលបងប្អូនចង់ធ្វើនោះបានឡើយ។ 18 ប្រសិនបើព្រះវិញ្ញាណណែនាំបងប្អូន បងប្អូនលែងនៅក្រោមអំណាចរបស់ក្រឹត្យវិន័យទៀតហើយ។ 19 យើងស្គាល់ច្បាស់នូវអំពើផ្សេងៗដែលកើតចេញមកពីនិស្ស័យលោកីយ៍ គឺមានអំពើប្រាសចាកសីលធម៌អំពើសៅហ្មង កាមគុណថោកទាប 20 ការថ្វាយបង្គំព្រះក្លែងក្លាយ វិជ្ជាធ្មប់ ឈ្លោះប្រកែកគ្នា បាក់បែកគ្នាច្រណែនគ្នាកំហឹងឃោរឃៅ ប្រកួតប្រជែងគ្នាប្រឆាំងគ្នា ប្រកាន់បក្សពួក 21 ឈ្នានីសគ្នា ប្រមឹកស៊ីផឹកជ្រុល និង អំពើផ្សេងៗទៀត ដែលស្រដៀងនឹងអំពើទាំងនេះដែរ។ ខ្ញុំសូមជំរាបអោយបងប្អូនដឹងជាមុន ដូចខ្ញុំបាននិយាយរួចមកហើយថា អស់អ្នកដែលប្រព្រឹត្ដអំពើទាំងអស់នេះ ពុំអាចទទួលព្រះរាជ្យ របស់ព្រះជាម្ចាស់ទុកជាមត៌កបានឡើយ។ 22 រីឯផលដែលកើតមកពីព្រះវិញ្ញាណវិញគឺសេចក្ដីស្រឡាញ់ អំណរ សេចក្ដីសុខសាន្ដ ចិត្ដអត់ធ្មត់ ចិត្ដសប្បុរស ចិត្ដសន្ដោសមេត្ដា ជំនឿ 23 ចិត្ដស្លូតបូតចេះទប់ចិត្ដខ្លួនឯង។ គ្មានវិន័យណាជំទាស់នឹងសេចក្ដីទាំងនេះទេ។ 24 អស់អ្នកដែលរួមជាមួយ ព្រះគ្រិស្ដយេស៊ូបានឆ្កាងតណ្ហា និង បំណងលោភលន់ផ្សេងៗរបស់និស្ស័យលោកីយ៍នោះចោលហើយ។ 25 ប្រសិនបើយើងមានជីវិតដោយសារព្រះវិញ្ញាណមែន យើងក៏ត្រូវប្រតិបត្ដិតាមព្រះវិញ្ញាណដែរ។ 26 យើងមិនត្រូវអួតបំប៉ោង រករឿងគ្នាទៅវិញទៅមក និង ឈ្នានីសគ្នានោះឡើយ។

កាឡាទី 6

1 បងប្អូនអើយ ប្រសិនបើមាននរណាម្នាក់ត្រូវគេទាន់ នៅពេលកំពុងតែធ្វើអំពើអាក្រក់ណាមួយ បងប្អូនដែលមានព្រះវិញ្ញាណនៅក្នុងខ្លួនត្រូវកែតំរង់អ្នកនោះ ដោយចិត្ដស្លូតបូត។ ក៏ប៉ុន្ដែ តោងប្រយ័ត្នខ្លួន ក្រែងលោអ្នកត្រូវធ្លាក់ក្នុងការល្បួងដូចគេដែរ។ 2 ត្រូវជួយរំលែកទុក្ខធុរៈគ្នាទៅវិញទៅមក ធ្វើយ៉ាងនេះ ទើបបងប្អូនបំពេញតាមក្រឹត្យវិន័យរបស់ព្រះគ្រិស្ដ ទាំងស្រុង។ 3 ប្រសិនបើនរណាម្នាក់ស្មានថាខ្លួនជាមនុស្សសំខាន់ តែតាមពិតខ្លួនជាអ្នកឥតបានការអ្នកនោះបញ្ឆោតខ្លួនឯងហើយ។ 4 ម្នាក់ៗត្រូវពិនិត្យពិច័យមើលអំពើដែលខ្លួនប្រព្រឹត្ដ ប្រសិនបើរកឃើញហេតុដែលធ្វើអោយខ្លួនឯង ខ្ពស់មុខនោះ គឺរកឃើញតែនៅក្នុងខ្លួនឯងផ្ទាល់ មិនមែនដោយប្រៀបផ្ទឹមទៅនឹងអ្នកដទៃទេ 5 ដ្បិតម្នាក់ៗទទួលខុសត្រូវលើអំពើដែលខ្លួនប្រព្រឹត្ដ។ 6 ចំពោះអ្នកដែលទទួលការអប់រំខាងព្រះបន្ទូល ត្រូវយកអ្វីៗទាំងប៉ុន្មានដែលខ្លួនមានមួយចំណែក មកចែកដល់អ្នកដែលអប់រំខ្លួននោះផង។ 7 សូមបងប្អូនកុំយល់ច្រឡំ គ្មាននរណាមើលងាយព្រះជាម្ចាស់បានទេ។ បើមនុស្សម្នាក់សាបព្រោះគ្រាប់ពូជណា គេនឹងច្រូតបានផល តាមពូជនោះឯង។ 8 អ្នកណាសាបព្រោះតាមនិស្ស័យលោកីយ៍របស់ខ្លួន អ្នកនោះក៏នឹងច្រូតយកផល ដែលតែងតែរលួយមកពីលោកីយ៍ដែរ។ រីឯអ្នកដែលសាបព្រោះខាងព្រះវិញ្ញាណវិញ នឹងច្រូតយកផល ជាជីវិតអស់កល្បជានិច្ចមកពីព្រះវិញ្ញាណ។ 9 យើងមិនត្រូវនឿយណាយនឹងប្រព្រឹត្ដអំពើល្អឡើយ ដ្បិតប្រសិនបើយើងមិនបាក់ទឹកចិត្ដទេនោះ ដល់ពេលកំណត់យើងនឹងច្រូតបានផលជាមិនខាន។ 10 ហេតុនេះ ពេលយើងមានឱកាសនៅឡើយ យើងត្រូវប្រព្រឹត្ដអំពើល្អចំពោះមនុស្សទាំងអស់ ជាពិសេស ចំពោះបងប្អូនរួមជំនឿ។ 11 តួអក្សរធំៗដែលបងប្អូនឃើញនេះ គឺខ្ញុំបានសរសេរមកបងប្អូនដោយដៃខ្ញុំផ្ទាល់។ 12 អស់អ្នកដែលចង់បានកិត្ដិយសខាងលោកីយ៍ បានបង្ខំបងប្អូនអោយកាត់ស្បែក ក្នុងគោលបំណងកុំអោយមានគេបៀតបៀន ព្រោះតែឈើឆ្កាងរបស់ព្រះគ្រិស្ដប៉ុណ្ណោះ។ 13 ចំពោះអ្នកដែលកាត់ស្បែកទាំងនោះខ្លួនគេផ្ទាល់ពុំកាន់តាមក្រឹត្យវិន័យទេ គឺគេចង់អោយបងប្អូនកាត់ស្បែក ដើម្បីអោយគេអាចអួតខ្លួនថា គេបានកាត់ស្បែកអោយបងប្អូន។ 14 រីឯខ្ញុំវិញ ខ្ញុំមិនអួតខ្លួនអំពីអ្វី ក្រៅពីឈើឆ្កាងរបស់ព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់នៃយើងឡើយ។ ដោយសារឈើឆ្កាងនេះអ្វីៗក្នុងពិភពលោកលែងមានទាក់ទាមនឹងខ្ញុំទៀតហើយ ហើយខ្ញុំក៏លែងមានទាក់ទាមអ្វីនឹងពិភពលោកទៀតដែរ។ 15 ការកាត់ស្បែកឬ មិនកាត់ស្បែកមិនសំខាន់អ្វីទេ មានតែការកើតជាថ្មីវិញឯណោះទើបសំខាន់។ 16 សូមព្រះជាម្ចាស់ប្រទានសេចក្ដីសុខសាន្ដ និង មេត្ដាករុណាដល់អស់អ្នកដែលអនុវត្ដតាមគោលគំនិតនេះ និង ដល់ប្រជារាស្ដ្រអ៊ីស្រាអែលរបស់ព្រះអង្គ។ 17 អំណើះតទៅ សូមកុំអោយនរណាម្នាក់ធ្វើអោយខ្ញុំពិបាកចិត្ដទៀតឡើយ ដ្បិតខ្ញុំមានស្លាកស្នាម របស់ព្រះយេស៊ូ នៅក្នុងរូបកាយខ្ញុំស្រាប់ហើយ។ 18 បងប្អូនអើយសូមព្រះគុណរបស់ព្រះអម្ចាស់យេស៊ូគ្រិស្ដនៃយើងស្ថិតនៅជាមួយវិញ្ញាណរបស់បងប្អូន។ អាម៉ែន។

អេភេសូ 1

1 ខ្ញុំ ប៉ូល ព្រះជាម្ចាស់សព្វព្រះហឫទ័យតាំងជាសាវ័ក របស់ព្រះគ្រិស្ដ យេស៊ូ សូមជំរាបមកបងប្អូនជាប្រជារាស្ដ្រដ៏វិសុទ្ធ [នៅក្រុងអេភេសូ] ដែលជឿលើព្រះគ្រិស្ដយេស៊ូ។ 2 សូមព្រះជាម្ចាស់ជាព្រះបិតារបស់យើង និង ព្រះអម្ចាស់យេស៊ូគ្រិស្ដប្រទានព្រះគុណ និង សេចក្ដីសុខសាន្ដដល់បងប្អូន។ 3 សូមលើកតម្កើងព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់នៃយើង ដែលបានប្រោសប្រទានព្រះពរគ្រប់យ៉ាងផ្នែកខាងវិញ្ញាណពីស្ថានបរមសុខ មកយើង ក្នុងអង្គព្រះគ្រិស្ដ។ 4 ព្រះអង្គបានជ្រើសរើសយើងក្នុងអង្គព្រះគ្រិស្ដ តាំងពីមុនកំណើតពិភពលោកមកម៉្លេះដើម្បីអោយយើងបានវិសុទ្ធ និង ឥតសៅហ្មងនៅចំពោះព្រះភ័ក្ដ្រព្រះអង្គ ព្រោះព្រះអង្គមានព្រះហឫទ័យស្រឡាញ់យើង។ 5 ព្រះអង្គបានតំរូវយើងទុកជាមុន អោយធ្វើជាបុត្ររបស់ព្រះអង្គ ដោយសារព្រះយេស៊ូគ្រិស្ដ ស្របនឹងព្រះបំណងដ៏សប្បុរសរបស់ព្រះអង្គ 6 ដើម្បីអោយយើងលើកតម្កើងសិរីរុងរឿងនៃព្រះគុណ ដែលទ្រង់បានប្រោសប្រទានមកយើង ក្នុងអង្គព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។ 7 ដោយយើងរួមក្នុងអង្គព្រះគ្រិស្ដនេះ ព្រះជាម្ចាស់បានលោះយើង ដោយព្រះលោហិតរបស់ព្រះអង្គ និង លើកលែងទោសអោយយើងបានរួចពីបាប ស្របតាមព្រះគុណដ៏លើសលប់របស់ព្រះអង្គ។ 8 ព្រះជាម្ចាស់ប្រណីសន្ដោសយើងយ៉ាងខ្លាំងបំផុត គឺទ្រង់ប្រទានអោយយើងមានតំរិះ និង ប្រាជ្ញាដ៏វាងវៃគ្រប់យ៉ាង។ 9 ព្រះអង្គបានប្រោសអោយយើងស្គាល់គំរោងការដ៏លាក់កំបាំង នៃព្រះហឫទ័យរបស់ព្រះអង្គ តាមព្រះបំណងដ៏សប្បុរស ដែលទ្រង់បានសំរេចទុកជាមុនដោយព្រះអង្គផ្ទាល់។ 10 ព្រះអង្គចាត់ចែងគំរោងការនេះអោយបានសំរេចនៅគ្រាចុងក្រោយបំផុត គឺប្រមូលអ្វីៗទាំងអស់ដែលនៅស្ថានបរមសុខ និង នៅលើផែនដីអោយរួមគ្នានៅក្នុងអង្គព្រះគ្រិស្ដ ជាម្ចាស់តែមួយ។ 11 ព្រះជាម្ចាស់បានជ្រើសរើសយើងទុកដោយឡែកក្នុងអង្គព្រះគ្រិស្ដ ព្រះអង្គបានតំរូវយើងទុកជាមុនដូច្នេះ ស្របតាមផែនការរបស់ព្រះអង្គ ដែលសំរេចគ្រប់កិច្ចការទាំងអស់តាមព្រះហឫទ័យរបស់ព្រះអង្គ 12 ដើម្បីអោយយើងលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ គឺយើងដែលបានសង្ឃឹមលើព្រះគ្រិស្ដមុនគេបង្អស់។ 13 ដោយរួមក្នុងអង្គព្រះគ្រិស្ដ បងប្អូនបានស្ដាប់ព្រះបន្ទូលនៃសេចក្ដីពិត ជាដំណឹងល្អដែលសង្គ្រោះបងប្អូន។ ក្នុងអង្គព្រះគ្រិស្ដបងប្អូនក៏បានជឿ ហើយបានទទួលសញ្ញាដៅសំគាល់ពីព្រះវិញ្ញាណដ៏វិសុទ្ធ តាមព្រះបន្ទូលសន្យាដែរ។ 14 ព្រះជាម្ចាស់ប្រទានព្រះវិញ្ញាណនេះ មកបញ្ចំាចិត្ដយើងអោយដឹងថា យើងនឹងទទួលមត៌ក នៅពេលព្រះអង្គលោះប្រជារាស្ដ្ររបស់ព្រះអង្គ ជាស្ថាពរ ដើម្បីអោយគេលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។ 15 ហេតុនេះ តាំងពីពេលដែលខ្ញុំបានឮគេតំណាលអំពីជំនឿរបស់បងប្អូន ក្នុងអង្គព្រះអម្ចាស់យេស៊ូ និង អំពីសេចក្ដីស្រឡាញ់របស់បងប្អូនចំពោះប្រជាជនដ៏វិសុទ្ធ ទាំងអស់ 16 នោះខ្ញុំអរព្រះគុណព្រះជាម្ចាស់ឥតឈប់ឈរ ព្រោះតែបងប្អូន។ ពេលខ្ញុំអធិស្ឋាន ខ្ញុំតែងតែនឹកគិតដល់បងប្អូនជានិច្ច 17 សូមអោយព្រះរបស់ព្រះយេស៊ូគ្រិស្ដជាអម្ចាស់នៃយើង គឺព្រះបិតាប្រកបដោយសិរីរុងរឿង ប្រទានព្រះវិញ្ញាណ អោយបងប្អូនមានប្រាជ្ញា និង សំដែងអោយបងប្អូនស្គាល់ព្រះអង្គយ៉ាងច្បាស់។ 18 សូមព្រះបិតាបំភ្លឺចិត្ដគំនិតបងប្អូនអោយយល់ថា ដោយព្រះអង្គត្រាស់ហៅបងប្អូន បងប្អូនមានសេចក្ដីសង្ឃឹមយ៉ាងណា និង យល់ថា ដោយបងប្អូនទទួលមត៌ករួមជាមួយប្រជាជនដ៏វិសុទ្ធ បងប្អូននឹងមានសិរីរុងរឿងដ៏ប្រសើរលើសលប់យ៉ាងណាដែរ!។ 19 សូមទ្រង់ប្រទានអោយបងប្អូនយល់ទៀតថា ឫទ្ធានុភាពដ៏អស្ចារ្យបំផុតដែលព្រះអង្គសំដែងមក ជាប្រយោជន៍ដល់យើងជាអ្នកជឿ មានទំហំធំធេងយ៉ាងណា ស្របតាមមហិទ្ធិឫទ្ធិនៃព្រះចេស្ដាដ៏ខ្លាំងក្លា ដែលទ្រង់បានសំដែងក្នុងអង្គព្រះគ្រិស្ដ។ 20 ព្រះអង្គបានសំដែងមហិទ្ធិឫទ្ធិនេះ ដោយប្រោសព្រះគ្រិស្ដអោយមានព្រះជន្មរស់ឡើងវិញ និង អោយគង់នៅខាងស្ដំាព្រះអង្គនៅស្ថានបរមសុខ 21 ខ្ពស់ជាងវត្ថុសក្ដិសិទ្ធិគ្រប់យ៉ាងខ្ពស់ ជាងអ្វីៗដែលមានអំណាចមានឫទ្ធិមានបារមីគ្រប់គ្រង និង ខ្ពស់លើសអ្វីៗដែលមានឈ្មោះមិនត្រឹមតែនៅលោកនេះទេ គឺនៅលោកខាងមុខទៀតផង។ 22 ព្រះជាម្ចាស់បានបង្ក្រាបអ្វីៗទាំងអស់ អោយនៅក្រោមព្រះបាទារបស់ព្រះគ្រិស្ដ ព្រមទាំងប្រទានអោយព្រះអង្គគង់នៅលើអ្វីៗទាំងអស់ ធ្វើជាសិរសាលើក្រុមជំនុំ 23 ដែលជាព្រះកាយរបស់ព្រះអង្គ។ ក្រុមជំនុំនេះបានពោរពេញដោយ គ្រប់លក្ខណសម្បត្ដិរបស់ព្រះគ្រិស្ដ ហើយព្រះគ្រិស្ដផ្ទាល់ ក៏បានពោរពេញដោយគ្រប់លក្ខណសម្បត្ដិរបស់ព្រះជាម្ចាស់ដែរ។

អេភេសូ 2

1 ចំពោះបងប្អូន បងប្អូនបានស្លាប់ ព្រោះតែកំហុស និង អំពើបាបរបស់បងប្អូនរួចផុតទៅហើយ។ 2 ពីដើម បងប្អូនបានរស់នៅតាមរបៀបលោកីយ៍នេះគឺតាមវត្ថុសក្ដិសិទ្ធដែលគ្រប់គ្រងពិភពលោកនេះ ជាវិញ្ញាណដែលមានឥទ្ធិពលនៅក្នុងអស់អ្នកប្រឆាំងនឹងព្រះជាម្ចាស់នៅបច្ចុប្បន្នកាលនេះ។ 3 រីឯយើងទាំងអស់គ្នាវិញ ពីដើមយើងក៏ដូចពួកគេដែរ យើងបានបណ្ដោយខ្លួនទៅតាមតណ្ហាលោភលន់នៃនិស្ស័យលោកីយ៍របស់យើង យើងប្រព្រឹត្ដអំពើផ្សេងៗតាមបំណងចិត្ដគំនិតរបស់លោកីយ៍។ ពីកំណើតមកយើងជាមនុស្ស ដែលត្រូវតែទទួលទោសពីព្រះជាម្ចាស់ ដូចមនុស្សឯទៀតៗដែរ 4 ក៏ប៉ុន្ដែ ព្រះជាម្ចាស់ដែលតែងតែមានព្រះហឫទ័យអាណិតមេត្ដាដ៏ច្រើនពន់ប្រមាណនោះព្រះអង្គមានព្រះហឫទ័យស្រឡាញ់យើងខ្លាំងបំផុត 5 គឺទោះបីយើងស្លាប់ដោយសារអំពើបាបរបស់យើងហើយក៏ដោយ ក៏ព្រះអង្គបានប្រោសប្រទានអោយយើងមានជីវិតរស់ រួមជាមួយព្រះគ្រិស្ដវិញដែរ។ ព្រះជាម្ចាស់បានសង្គ្រោះបងប្អូន ដោយសារព្រះគុណ។ 6 ព្រះអង្គបានប្រោសយើងអោយរស់ឡើងវិញរួមជាមួយព្រះគ្រិស្ដយេស៊ូ និង អោយយើងអង្គុយលើបល្ល័ង្គនៅស្ថានបរមសុខ រួមជាមួយព្រះអង្គដែរ។ 7 ព្រះអង្គបង្ហាញព្រះហឫទ័យសប្បុរសចំពោះយើង ក្នុងអង្គព្រះគ្រិស្ដយេស៊ូដូច្នេះ ដើម្បីបង្ហាញអោយមនុស្សគ្រប់ជំនាន់ខាងមុខស្គាល់ព្រះគុណដ៏ប្រសើរលើសលប់បំផុតរបស់ព្រះអង្គ 8 ព្រះអង្គសង្គ្រោះបងប្អូនដោយសារព្រះគុណ តាមរយៈជំនឿ។ ការសង្គ្រោះមិនមែនមកពីបងប្អូនទេគឺជាព្រះអំណោយទានរបស់ព្រះជាម្ចាស់ 9 ហើយក៏មិនមែនមកពីមនុស្សប្រព្រឹត្ដអំពើល្អដែរ ដើម្បីកុំអោយនរណាម្នាក់អួតខ្លួនបាន។ 10 យើងជាស្នាព្រះហស្ដដែលព្រះជាម្ចាស់បានបង្កើតមក ក្នុងអង្គព្រះគ្រិស្ដយេស៊ូ ដើម្បីអោយយើងប្រព្រឹត្ដអំពើល្អដែលព្រះអង្គបានបំរុងទុកជាមុនសំរាប់អោយយើងប្រព្រឹត្ដតាម។ 11 ដូច្នេះ សូមបងប្អូនចងចាំថាៈ ពីដើមបងប្អូនកើតមកជាសាសន៍ដទៃ ហើយសាសន៍យូដាដែលចាត់ទុកថាខ្លួនជា «ពួកកាត់ស្បែក» ហៅបងប្អូនថា«ពួកមិនកាត់ស្បែក» ព្រោះគេសំគាល់ទៅលើសញ្ញាមួយដែលគេធ្វើលើរូបកាយ។ 12 កាលណោះ បងប្អូននៅឆ្ងាយពីព្រះគ្រិស្ដ គ្មានសិទ្ធិចូលជាតិអ៊ីស្រាអែល គ្មានទំនាក់ទំនងអ្វីនឹងសម្ពន្ធមេត្រី ដែលចងឡើងដោយព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់ទេ បងប្អូនរស់នៅក្នុងលោកនេះដោយ គ្មានទីសង្ឃឹម ហើយក៏គ្មានព្រះជាម្ចាស់ដែរ។ 13 កាលពីដើម បងប្អូននៅឆ្ងាយមែន ក៏ប៉ុន្ដែ ឥឡូវនេះ ដោយបងប្អូនរួមក្នុងអង្គព្រះយេស៊ូគ្រិស្ដ បងប្អូនបានមកនៅជិតដោយសារព្រះលោហិតរបស់ព្រះគ្រិស្ដ។ 14 គឺព្រះគ្រិស្ដហើយដែលជាសន្ដិភាពរបស់យើង ព្រះអង្គបានប្រមូលសាសន៍ទាំងពីរអោយរួមគ្នាមកជាប្រជារាស្ដ្រតែមួយ។ ក្នុងព្រះកាយរបស់ព្រះអង្គ ព្រះអង្គបានរំលំជញ្ជាំងដែលបំបាក់បំបែកយើងអោយទៅជាបច្ចាមិត្ដនឹងគ្នា។ 15 ព្រះអង្គបានលុបបំបាត់ក្រឹត្យវិន័យ ដែលមានបទបញ្ជា និង ក្បួនតម្រាផ្សេងៗចោល ដើម្បីបង្រួបបង្រួមសាសន៍ទាំងពីរអោយទៅជាមនុស្សថ្មីតែមួយ ក្នុងព្រះអង្គផ្ទាល់ព្រមទាំងនាំសន្ដិភាពមកផង។ 16 ដោយព្រះអង្គសោយទិវង្គតនៅលើឈើឆ្កាង ទ្រង់បានសំរុះសំរួលសាសន៍ទាំងពីរអោយរួមគ្នាជារូបកាយតែមួយ និង ធ្វើអោយគេស្រុះស្រួលជាមួយព្រះជាម្ចាស់វិញ ទាំងកំចាត់ការស្អប់គ្នាចោលផង។ 17 ព្រះអង្គបានយាងមក «ទាំងនាំដំណឹងល្អ អំពីសន្ដិភាពមកអោយបងប្អូនដែលនៅឆ្ងាយ និង នាំសន្ដិភាពមកអោយអស់អ្នកដែលនៅជិតដែរ»។ 18 ដោយសារព្រះគ្រិស្ដនេះហើយ ដែលយើងទាំងពីរសាសន៍មានផ្លូវចូលទៅរកព្រះបិតា ដោយរួមក្នុងព្រះវិញ្ញាណតែមួយ។ 19 ហេតុនេះ បងប្អូនលែងជាជនបរទេស ឬជាអាណិកជនទៀតហើយ គឺបងប្អូនជាជនរួមជាតិជាមួយប្រជាជនដ៏វិសុទ្ធ និង ជាក្រុមគ្រួសាររបស់ព្រះជាម្ចាស់។ 20 ព្រះអង្គបានកសាងបងប្អូនឡើងជាសំណង់ ដោយមានក្រុមសាវ័ក និង ព្យាការី ជាគ្រឹះ និង មានព្រះគ្រិស្ដយេស៊ូផ្ទាល់ជាថ្មដ៏សំខាន់។ 21 គឺព្រះគ្រិស្ដហើយ ដែលធ្វើអោយសំណង់ទាំងមូលភ្ជាប់គ្នាយ៉ាងមាំ និង ធ្វើអោយចំរើនឡើង ទៅជាព្រះវិហារ ដ៏វិសុទ្ធមួយ រួមជាមួយព្រះអម្ចាស់។ 22 រីឯបងប្អូនក៏ដូច្នោះដែរដោយបងប្អូនរួមជាមួយព្រះអង្គ បងប្អូនបានផ្គុំគ្នាឡើង ធ្វើជាព្រះដំណាក់របស់ព្រះជាម្ចាស់ ក្នុងព្រះវិញ្ញាណ។

អេភេសូ 3

1 ហេតុនេះហើយបានជាខ្ញុំ ប៉ូល ដែលជាប់ឃុំឃាំង ព្រោះតែព្រះគ្រិស្ដយេស៊ូ ដើម្បីជាប្រយោជន៍ដល់បងប្អូនសាសន៍ដទៃ...។ 2 បងប្អូនប្រហែលជាបានឮគេនិយាយអំពីមុខងារដែលព្រះជាម្ចាស់ប្រណីសន្ដោសអោយខ្ញុំបំពេញ ដើម្បីជាប្រយោជន៍ដល់បងប្អូននោះហើយមើលទៅ។ 3 ព្រះអង្គបានបង្ហាញគំរោងការដ៏លាក់កំបាំងអោយខ្ញុំស្គាល់ ដូចខ្ញុំទើបនឹងសរសេរយ៉ាងខ្លីខាងលើនេះស្រាប់។ 4 ពេលបងប្អូនអានសេចក្ដីនោះ បងប្អូនមុខជាដឹងថាខ្ញុំបានយល់ច្បាស់អំពីគំរោងការដ៏លាក់កំបាំងរបស់ព្រះគ្រិស្ដ។ 5 នៅជំនាន់ដើម មនុស្សម្នាពុំបានស្គាល់គំរោងការនេះ ដូចព្រះជាម្ចាស់បានបង្ហាញអោយក្រុមសាវ័ក និង ព្យាការី ដ៏វិសុទ្ធ របស់ព្រះអង្គ នាបច្ចុប្បន្នកាលស្គាល់ តាមរយៈព្រះវិញ្ញាណនោះឡើយ 6 គឺថាដោយសារដំណឹងល្អ សាសន៍ដទៃមានសិទ្ធិចូលរួមទទួលមត៌ក មានសិទ្ធិចូលរួមក្នុងព្រះកាយតែមួយ និង មានសិទ្ធិទទួលព្រះពរ តាមព្រះបន្ទូលសន្យារួមជាមួយសាសន៍អ៊ីស្រាអែល ក្នុងអង្គព្រះគ្រិស្ដយេស៊ូដែរ។ 7 ខ្ញុំបានទទួលមុខងារបំរើដំណឹងល្អនេះ តាមព្រះអំណោយទាននៃព្រះគុណរបស់ព្រះជាម្ចាស់មកលើរូបខ្ញុំ គឺជាព្រះអំណោយទានដែលព្រះអង្គប្រោសប្រទានមកខ្ញុំ ដោយឫទ្ធានុភាពដ៏ខ្លាំងពូកែរបស់ព្រះអង្គ។ 8 ទោះបីខ្ញុំមានឋានៈតូចជាងគេបំផុតក្នុងចំណោមប្រជាជនដ៏វិសុទ្ធ ក្ដី ក៏ព្រះជាម្ចាស់បានផ្ដល់ព្រះគុណនេះមកខ្ញុំ ដើម្បីនាំដំណឹងល្អទៅប្រាប់សាសន៍ដទៃ អំពីព្រះជន្មដ៏បរិបូណ៌បំផុតរបស់ព្រះគ្រិស្ដ ដែលមនុស្សលោកគិតមិនដល់នោះដែរ។ 9 ព្រះជាម្ចាស់ក៏ប្រណីសន្ដោសអោយខ្ញុំបំភ្លឺមនុស្សទាំងអស់ស្គាល់របៀបព្រះអង្គចាត់ចែងគំរោងការដែលលាក់ទុក តាំងពីអស់កល្បជានិច្ចរៀងមក ក្នុងព្រះជាម្ចាស់ផ្ទាល់ ដែលបានបង្កើតអ្វីៗសព្វសារពើ។ 10 នៅពេលនេះ ដោយសារក្រុមជំនុំ វត្ថុសក្ដិសិទ្ធិ និង អំណាចនានានៅស្ថានលើ បានស្គាល់ព្រះប្រាជ្ញាញាណគ្រប់វិស័យរបស់ព្រះជាម្ចាស់ 11 តាមផែនការដែលព្រះអង្គបានគ្រោងទុក តាំងពីអស់កល្បជានិច្ចរៀងមក ហើយទ្រង់បានសំរេច ដោយសារព្រះគ្រិស្ដយេស៊ូជាព្រះអម្ចាស់នៃយើង។ 12 ដោយរួមក្នុងអង្គព្រះគ្រិស្ដ និង ដោយមានជំនឿលើព្រះអង្គយើងមានចិត្ដអង់អាច និង មានផ្លូវចូលទៅរកព្រះជាម្ចាស់ ទាំងទុកចិត្ដ។ 13 ហេតុនេះ សូមបងប្អូនកុំធ្លាក់ទឹកចិត្ដ ដោយខ្ញុំរងទុក្ខវេទនា ដើម្បីជាប្រយោជន៍ដល់បងប្អូននោះឡើយ ទុក្ខវេទនាទាំងនេះជាសិរីរុងរឿងរបស់បងប្អូនវិញទេ។ 14 ហេតុនេះហើយបានជាខ្ញុំក្រាបថ្វាយបង្គំព្រះបិតា 15 ដែលជាប្រភពនៃក្រុមគ្រួសារទាំងអស់ ទាំងនៅស្ថានបរមសុខ ទាំងនៅផែនដី 16 សូមព្រះអង្គមេត្ដាប្រោសបងប្អូន អោយមានកម្លាំងមាំមួនផ្នែកខាងក្នុងជំរៅចិត្ដ ដោយព្រះវិញ្ញាណរបស់ព្រះអង្គ តាមសិរីរុងរឿងដ៏ប្រសើរបំផុតរបស់ព្រះអង្គ។ 17 សូមព្រះគ្រិស្ដគង់នៅក្នុងចិត្ដបងប្អូនដោយជំនឿ និង សូមអោយបងប្អូនបានចាក់ឫសយ៉ាងមាំមួនក្នុងសេចក្ដីស្រឡាញ់ 18 ដើម្បីអោយបងប្អូនមានសមត្ថភាពអាចយល់ រួមជាមួយប្រជាជនដ៏វិសុទ្ធ ទាំងមូល នូវទទឹង បណ្ដោយ ជំរៅ និង កំពស់ 19 គឺអោយបងប្អូនស្គាល់ព្រះហឫទ័យស្រឡាញ់របស់ព្រះគ្រិស្ដ ដែលប្រសើរហួសពីការយល់ឃើញរបស់មនុស្ស ដើម្បីអោយបងប្អូនបានពោរពេញដោយគ្រប់លក្ខណសម្បត្ដិរបស់ព្រះជាម្ចាស់។ 20 ព្រះជាម្ចាស់អាចធ្វើអ្វីៗទាំងអស់ ហួសពីសេចក្ដីសុំ និង ហួសពីអ្វីៗដែលយើងនឹកគិត ដោយសារឫទ្ធានុភាពរបស់ព្រះអង្គដែលបំពេញសកម្មភាពនៅក្នុងយើង 21 សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គក្នុងក្រុមជំនុំ និង ក្នុងព្រះគ្រិស្ដយេស៊ូ នៅគ្រប់ជំនាន់អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន។

អេភេសូ 4

1 ហេតុនេះ ខ្ញុំដែលជាប់ឃុំឃាំង សូមដាស់តឿនបងប្អូនក្នុងព្រះនាមព្រះអម្ចាស់ថា ដោយព្រះជាម្ចាស់បាន ត្រាស់ហៅបងប្អូន ចូររស់នៅ អោយបានសមរម្យនឹងការត្រាស់ហៅនោះទៅ។ 2 ចូរបន្ទាបខ្លួន មានចិត្ដស្លូតបូត និង ចេះអត់ធ្មត់ ព្រមទាំងទ្រាំទ្រគ្នាទៅវិញទៅមកដោយសេចក្ដីស្រឡាញ់។ 3 ចូរយកចិត្ដទុកដាក់រក្សាឯកភាពដែលមកពីព្រះវិញ្ញាណ ដោយយកសេចក្ដីសុខសាន្ដធ្វើជាចំណងប្រាស្រ័យទាក់ទងគ្នា។ 4 ព្រះកាយមានតែមួយ ហើយព្រះវិញ្ញាណក៏មានតែមួយ ដូចព្រះជាម្ចាស់បានត្រាស់ហៅបងប្អូនអោយមានសេចក្ដីសង្ឃឹមតែមួយនោះដែរ។ 5 ព្រះអម្ចាស់មានតែមួយ ជំនឿមានតែមួយ ពិធីជ្រមុជទឹក មានតែមួយ។ 6 ព្រះជាម្ចាស់មានតែមួយ ព្រះអង្គជាព្រះបិតារបស់មនុស្សទាំងអស់ ព្រះអង្គខ្ពង់ខ្ពស់លើសអ្វីៗទាំងអស់ហើយព្រះអង្គធ្វើការតាមរយៈមនុស្សទាំងអស់ និង សណ្ឋិតនៅក្នុងមនុស្សទាំងអស់។ 7 ព្រះអង្គបានផ្ដល់ព្រះគុណមកអោយយើងម្នាក់ៗតាមកំរិតព្រះអំណោយទាន ដែលព្រះគ្រិស្ដប្រទានមកយើង។ 8 ហេតុនេះហើយបានជាមានថ្លែងទុកថា ព្រះអង្គបានយាងឡើងទៅស្ថានខ្ពស់ ព្រះអង្គបាននាំពួកជាប់ជាឈ្លើយទៅជាមួយ ហើយព្រះអង្គប្រទានព្រះអំណោយទាន ផ្សេងៗដល់មនុស្សលោក»។ 9 ពាក្យថា"យាងឡើងទៅ"នោះ បានសេចក្ដីថាដូចម្ដេច? គឺបានសេចក្ដីថាព្រះអង្គបានយាងចុះមកផែនដីដ៏ទាបនេះជាមុនសិន។ 10 ព្រះអង្គដែលបានយាងចុះមកនោះ ជាព្រះអង្គដែលបានយាងឡើងទៅទីដ៏ខ្ពស់បំផុតនៃស្ថានបរមសុខ ដើម្បីបំពេញអ្វីៗទាំងអស់។ 11 គឺព្រះអង្គហើយ ដែលបានប្រទានអោយអ្នកខ្លះមានមុខងារជាសាវ័ក អោយអ្នកខ្លះថ្លែងព្រះបន្ទូល អ្នកខ្លះផ្សាយដំណឹងល្អ អ្នកខ្លះជាអ្នកគង្វាល និង អ្នកខ្លះទៀតជាអ្នកបង្រៀន 12 ដើម្បីរៀបចំប្រជាជនដ៏វិសុទ្ធអោយបំពេញមុខងារបំរើ និង កសាងព្រះកាយរបស់ព្រះគ្រិស្ដឡើង 13 រហូតដល់យើងទាំងអស់រួមគ្នា មានជំនឿតែមួយ មានគំនិតតែមួយ ក្នុងការស្គាល់ព្រះបុត្រារបស់ព្រះជាម្ចាស់ និង ទៅជាមនុស្សពេញវ័យ ឡើងដល់កំពស់របស់ព្រះគ្រិស្ដដែលបំពេញអ្វីៗទាំងអស់។ 14 ដូច្នេះ យើងមិនមែនជាកូនក្មេងដែលរេរា ត្រូវខ្យល់នៃគោលលទ្ធិនានា ផាត់ចុះផាត់ឡើង នោះទៀតឡើយ ហើយក៏លែងចាញ់បោក ឬ ចាញ់កលល្បិចមនុស្សដែលពូកែនាំអោយវង្វេងនោះទៀតដែរ។ 15 ផ្ទុយទៅវិញ បើយើងប្រព្រឹត្ដតាមសេចក្ដីពិតដោយចិត្ដស្រឡាញ់ យើងនឹងបានចំរើនឡើងគ្រប់វិស័យទាំងអស់ ឆ្ពោះទៅកាន់ព្រះគ្រិស្ដជាសិរសា 16 គឺព្រះអង្គហើយ ដែលធ្វើអោយព្រះកាយទាំងមូលបានផ្គុំគ្នា និង ភ្ជាប់គ្នាឡើងយ៉ាងមាំ ដោយសារសន្លាក់ឆ្អឹងទាំងប៉ុន្មានដែលបំរើព្រះកាយ តាមកំរិតសមត្ថភាពរបស់សរីរាង្គនីមួយៗ ដើម្បីអោយព្រះកាយនោះចំរើន និង កសាងឡើង ក្នុងសេចក្ដីស្រឡាញ់។ 17 ដូច្នេះ ខ្ញុំសូមជំរាបបងប្អូន និង បញ្ជាក់ក្នុងព្រះនាមព្រះអម្ចាស់ថា សូមកុំរស់នៅដូចសាសន៍ដទៃ ដែលប្រព្រឹត្ដតាមប្រាជ្ញាដ៏ឥតប្រយោជន៍របស់គេនោះទៀតឡើយ។ 18 គំនិតអ្នកទាំងនោះងងឹតសូន្យសុង គេនៅឆ្ងាយពីព្រះជន្មរបស់ព្រះជាម្ចាស់ ព្រោះគេមិនស្គាល់ព្រះអង្គ ហើយមានចិត្ដរឹងរូសទៀតផង។ 19 ដោយពួកគេលែងដឹងខុសត្រូវ គេនាំគ្នាប្រាសចាកសីលធម៌ បណ្ដោយខ្លួនទៅប្រព្រឹត្ដអំពើអបាយមុខគ្រប់យ៉ាង តាមតែចិត្ដលោភលន់របស់គេ។ 20 រីឯបងប្អូនវិញ បងប្អូនពុំបានទទួលការអប់រំអំពីព្រះគ្រិស្ដរបៀបនេះទេ។ 21 ប្រសិនបើបងប្អូនបានឮគេនិយាយអំពីព្រះយេស៊ូ ហើយប្រសិនបើបងប្អូនបានទទួលការអប់រំអំពីព្រះអង្គ ស្របតាមសេចក្ដីពិតដែលមកពីព្រះអង្គមែន 22 បងប្អូនត្រូវតែលះបង់កិរិយាមារយាទ ដែលបងប្អូនធ្លាប់កាន់ពីដើម គឺត្រូវដោះជីវិតចាស់ដែលកំពុងតែវិនាស តាមការលោភលន់បញ្ឆោតចិត្ដនេះចោលទៅ។ 23 ត្រូវប្រែគំនិតប្រាជ្ញា និង វិញ្ញាណអោយបានថ្មីឡើង 24 ហើយត្រូវពាក់ជីវិតថ្មីដ៏សុចរិត និង វិសុទ្ធ មកពីសេចក្ដីពិត ជាជីវិតដែលព្រះជាម្ចាស់បានបង្កើត ស្របតាមព្រះហឫទ័យរបស់ព្រះអង្គ។ 25 ហេតុនេះ សូមបងប្អូនឈប់និយាយកុហកទៅ «ម្នាក់ៗត្រូវនិយាយតែសេចក្ដីពិតទៅកាន់បងប្អូនឯទៀតៗ» ដ្បិតយើងជាសរីរាង្គរបស់គ្នាទៅវិញទៅមក។ 26 ប្រសិនបើបងប្អូនខឹង សូមប្រយ័ត្នកុំប្រព្រឹត្ដអំពើបាប» កុំទុកកំហឹងរហូតដល់ថ្ងៃលិចនោះឡើយ។ 27 កុំហុចឱកាសអោយមារ មកល្បួងបងប្អូន។ 28 អ្នកណាធ្លាប់លួចកុំលួចទៀត ផ្ទុយទៅវិញ ត្រូវខំប្រឹងធ្វើការដោយចិត្ដទៀងត្រង់ ដើម្បីយកផលទៅជួយអ្នកដែលខ្វះខាត។ 29 កុំអោយមានពាក្យអាស្រូវណាមួយចេញពីមាត់បងប្អូនឡើយ ផ្ទុយទៅវិញ ត្រូវនិយាយតែពាក្យល្អដែលជួយកសាងជំនឿអ្នកដទៃ ប្រសិនបើគេត្រូវការ ព្រមទាំងនាំព្រះពរមកអោយអ្នកស្ដាប់ផងដែរ។ 30 កុំធ្វើអោយព្រះវិញ្ញាណដ៏វិសុទ្ធ របស់ព្រះជាម្ចាស់ ព្រួយព្រះហឫទ័យសោះឡើយ ដ្បិតព្រះអង្គបានដៅសញ្ញាសំគាល់របស់ព្រះវិញ្ញាណមកលើបងប្អូនទុកសំរាប់ថ្ងៃដែលព្រះអង្គនឹងយាងមកលោះយើង។ 31 សូមបងប្អូនកំចាត់ចិត្ដជូរចត់ ចិត្ដក្ដៅក្រហាយកំហឹង សំរែកឡូឡា ពាក្យជេរប្រមាថ ព្រមទាំងសេចក្ដីអាក្រក់គ្រប់បែបយ៉ាង ចេញពីចំណោមបងប្អូនទៅ។ 32 ត្រូវមានចិត្ដសប្បុរស និង ចេះអាណិតមេត្ដាដល់គ្នាទៅវិញទៅមក។ ត្រូវប្រណីសន្ដោសគ្នាទៅវិញទៅមកដូចព្រះជាម្ចាស់បានប្រណីសន្ដោសបងប្អូន ដោយសារព្រះគ្រិស្ដដែរ។

អេភេសូ 5

1 សូមបងប្អូនយកតំរាប់តាមព្រះជាម្ចាស់ចុះ ព្រោះបងប្អូនជាបុត្រធីតាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។ 2 ចូររស់នៅដោយមានចិត្ដស្រឡាញ់ ដូចព្រះគ្រិស្ដបានស្រឡាញ់យើង ហើយបានបូជាព្រះជន្មសំរាប់យើង ទុកជាតង្វាយថ្វាយព្រះជាម្ចាស់ និង ទុកជាយញ្ញបូជាដែលគាប់ព្រះហឫទ័យព្រះអង្គ។ 3 ដោយបងប្អូនជាប្រជាជនដ៏វិសុទ្ធ មិនត្រូវអោយមានឮនិយាយអំពីការប្រាសចាកសីលធម៌អបាយមុខគ្រប់យ៉ាង ឬ ការលោភលន់ក្នុងចំណោមបងប្អូនសោះឡើយ 4 ហើយក៏មិនត្រូវពោលពាក្យទ្រគោះបោះបោកពាក្យឡេះឡោះ ឬ ពាក្យអាសអាភាសដែរ ព្រោះពាក្យទាំងនេះមិនសមរម្យទេផ្ទុយទៅវិញ ត្រូវពោលពាក្យអរព្រះគុណព្រះជាម្ចាស់។ 5 ចូរដឹងអោយច្បាស់ថាអ្នកប្រាសចាកសីលធម៌ អ្នកប្រព្រឹត្ដអំពើអបាយមុខ និង អ្នកលោភលន់ដែលយកទ្រព្យសម្បត្ដិធ្វើជាព្រះមិនអាចទទួលមត៌កក្នុងព្រះរាជ្យ របស់ព្រះគ្រិស្ដ និង របស់ព្រះជាម្ចាស់បានជាដាច់ខាត។ 6 សូមកុំអោយនរណាម្នាក់បោកបញ្ឆោតបងប្អូន ដោយពាក្យសំដីឥតខ្លឹមសារសោះឡើយ ព្រោះអំពើទាំងនេះហើយដែលនាំអោយព្រះជាម្ចាស់ព្រះពិរោធនឹងពួកអ្នកប្រឆាំងព្រះអង្គ។ 7 ដូច្នេះ សូមកុំសេពគប់ជាមួយពួកគេជាដាច់ខាត។ 8 កាលពីដើម បងប្អូនងងឹតមែន ប៉ុន្ដែ ឥឡូវនេះបងប្អូនជាពន្លឺ ដោយបានរួមជាមួយព្រះអម្ចាស់ ដូច្នេះ ចូររស់នៅអោយសមជាមនុស្សដែលមានពន្លឺក្នុងខ្លួន ទៅ។ 9 ផលនៃពន្លឺនោះ គឺសេចក្ដីសប្បុរស សេចក្ដីសុចរិត និង សេចក្ដីពិតគ្រប់បែបយ៉ាង។ 10 ត្រូវរិះគិតមើលអោយដឹងថា ការណាគាប់ព្រះហឫទ័យព្រះអម្ចាស់ 11 ហើយមិនត្រូវចូលរួមក្នុងការប្រព្រឹត្ដអំពើឥតផលប្រយោជន៍ ដែលមកពីសេចក្ដីងងឹតនោះឡើយ សូវបើកមុខអំពើទាំងនោះអោយគេឃើញ។ 12 ចំពោះអំពើណាដែលគេប្រព្រឹត្ដដោយលួចលាក់ សូម្បីតែយកមកនិយាយក៏គួរអោយខ្មាសណាស់ទៅហើយ។ 13 ក៏ប៉ុន្ដែ កាលណាអំពើទាំងនោះបានបើកមុខហើយ វានឹងលេចចេញមកអោយគេឃើញច្បាស់នៅក្រោមពន្លឺ 14 ដ្បិតអំពើណាដែលលេចមកអោយគេឃើញហើយនោះបានប្រែទៅជាពន្លឺ។ ហេតុនេះហើយបានជាមានថ្លែងទុកមកថាៈ «អ្នកដេកលក់អើយ ចូរភ្ញាក់ឡើង ចូរក្រោកឡើងចេញពីចំណោមមនុស្សស្លាប់ ព្រះគ្រិស្ដនឹងភ្លឺចាំងមកលើអ្នក»។ 15 ដូច្នេះ ចូរប្រុងប្រយ័ត្នអំពីរបៀបដែលបងប្អូនរស់នៅអោយមែនទែន មិនត្រូវកាន់មារយាទដូចមនុស្សឥតប្រាជ្ញាឡើយ គឺត្រូវកាន់មារយាទដូចមនុស្សមានប្រាជ្ញាវិញ។ 16 ត្រូវចេះប្រើប្រាស់ពេលវេលា ដ្បិតសម័យនេះអាក្រក់ណាស់។ 17 ហេតុនេះមិនត្រូវធ្វើជាមនុស្សឥតគំនិតឡើយ តែត្រូវរិះគិត អោយយល់ព្រះហឫទ័យរបស់ព្រះអម្ចាស់។ 18 កុំស្រវឹងស្រាព្រោះស្រាបណ្ដាលអោយថោកទាប ផ្ទុយទៅវិញ ត្រូវអោយបានពោរពេញដោយព្រះវិញ្ញាណ។ 19 ចូរនិយាយគ្នាទៅវិញទៅមកដោយប្រើទំនុកតម្កើង បទសរសើរព្រះជាម្ចាស់ និង បទចំរៀងមកពីព្រះវិញ្ញាណ។ ចូរច្រៀង និង លើកតម្កើងព្រះអម្ចាស់អោយអស់ពីចិត្ដ។ 20 ត្រូវអរព្រះគុណព្រះជាម្ចាស់ ជាព្រះបិតាគ្រប់ពេលវេលា និង គ្រប់កិច្ចការក្នុងព្រះនាមព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់នៃយើង។ 21 បងប្អូនដែលកោតខ្លាចព្រះគ្រិស្ដ ត្រូវគោរពចុះចូលគ្នាទៅវិញទៅមក។ 22 បងប្អូនជាស្ដ្រីដែលមានស្វាមី ត្រូវគោរពចុះចូលនឹងស្វាមីរៀងៗខ្លួន ដូចជាគោរពចុះចូលនឹងព្រះអម្ចាស់ដែរ 23 ដ្បិតស្វាមីនាំមុខភរិយា ដូចព្រះគ្រិស្ដនាំមុខក្រុមជំនុំ ហើយជាព្រះសង្គ្រោះរបស់ក្រុមជំនុំដែលជាព្រះកាយព្រះអង្គ។ 24 ហេតុនេះ ក្រុមជំនុំគោរពចុះចូលនឹងព្រះគ្រិស្ដយ៉ាងណា ភរិយាក៏ត្រូវគោរពចុះចូលនឹងស្វាមីរៀងៗខ្លួនក្នុងគ្រប់កិច្ចការទាំងអស់យ៉ាងនោះដែរ។ 25 ចំពោះបងប្អូនដែលមានប្រពន្ធវិញ ចូរស្រឡាញ់ភរិយា ដូចព្រះគ្រិស្ដបានស្រឡាញ់ក្រុមជំនុំដែរ ព្រះអង្គបូជាព្រះជន្មរបស់ព្រះអង្គផ្ទាល់ សំរាប់ក្រុមជំនុំ 26 ដើម្បីប្រោសអោយក្រុមជំនុំបានទៅជាវិសុទ្ធ ទាំងជំរះអោយបានស្អាតបរិសុទ្ធ ដោយលាងក្នុងទឹក និង ដោយសារព្រះបន្ទូល។ 27 ព្រះអង្គសព្វព្រះហឫទ័យនាំក្រុមជំនុំនេះមកថ្វាយព្រះអង្គផ្ទាល់ ជាក្រុមជំនុំដ៏រុងរឿង ឥតស្លាកស្នាម ឥតជ្រីវជ្រួញ និង ឥតខ្ចោះត្រង់ណាឡើយ គឺអោយបានទៅជាវិសុទ្ធ ឥតសៅហ្មង។ 28 ដូច្នេះស្វាមីត្រូវស្រឡាញ់ភរិយា អោយបានដូចស្រឡាញ់រូបកាយរបស់ខ្លួនដែរ។ អ្នកណាស្រឡាញ់ភរិយា អ្នកនោះស្រឡាញ់ខ្លួនឯង។ 29 ពុំដែលមាននរណាម្នាក់ស្អប់រូបកាយរបស់ខ្លួនឡើយ ផ្ទុយទៅវិញ គេតែងចិញ្ចឹមបីបាច់ថែរក្សារូបកាយនោះ ដូចព្រះគ្រិស្ដចិញ្ចឹមបីបាច់ថែរក្សាក្រុមជំនុំ 30 ព្រោះយើងទាំងអស់គ្នាជាសរីរាង្គនៃព្រះកាយរបស់ព្រះអង្គ។ 31 ហេតុនេះហើយបានជាបុរសត្រូវចាកចេញពីឪពុកម្ដាយ ទៅរួមរស់ជាមួយភរិយារបស់ខ្លួន ហើយអ្នកទាំងពីរនឹងបានទៅជារូបកាយតែមួយ។ 32 គំរោងការដ៏លាក់កំបាំងនេះមានអត្ថន័យជ្រៅណាស់ ខ្ញុំនិយាយសេចក្ដីនេះ សំដៅលើព្រះគ្រិស្ដ និង ក្រុមជំនុំតែប៉ុណ្ណោះ។ 33 ទោះជាយ៉ាងណាក៏ដោយបងប្អូនម្នាក់ៗត្រូវស្រឡាញ់ភរិយារៀងៗខ្លួន ដូចស្រឡាញ់ខ្លួនឯង ហើយភរិយាក៏ត្រូវគោរពស្វាមីរបស់ខ្លួនដែរ។

អេភេសូ 6

1 កុមារាកុមារីអើយ ចូរស្ដាប់បង្គាប់មាតាបិតា ដោយយល់ដល់ព្រះអម្ចាស់ ធ្វើដូច្នេះទើបត្រឹមត្រូវ។ 2 «ចូរគោរពមាតាបិតា (នេះជាបទបញ្ជាទីមួយ ដែលមានទាំងព្រះបន្ទូលសន្យាជាប់មកជាមួយផង) 3 ដើម្បីអោយបានសេចក្ដីសុខ និង មានអាយុវែងនៅលើផែនដីនេះ»។ 4 រីឯបងប្អូនដែលជាឪពុកវិញ កុំធ្វើអោយកូនរបស់ខ្លួនមួម៉ៅនោះឡើយ តែត្រូវអប់រំវាដោយពាក្យប្រៀនប្រដៅ និង ដំបូន្មានស្របតាមព្រះអម្ចាស់។ 5 បងប្អូនជាខ្ញុំបំរើអើយ ចូរស្ដាប់បង្គាប់ម្ចាស់របស់ខ្លួនក្នុងលោកនេះ ដោយគោរពកោតខ្លាចញាប់ញ័រ និង ដោយចិត្ដស្មោះសរដូចស្ដាប់បង្គាប់ព្រះគ្រិស្ដដែរ 6 មិនត្រូវធ្វើដូច្នេះដើម្បីគ្រាន់តែអោយម្ចាស់ទាំងនោះឃើញថា បងប្អូនចង់ផ្គាប់ចិត្ដមនុស្សឡើយ គឺត្រូវធ្វើដូចជាខ្ញុំបំរើព្រះគ្រិស្ដ ដែលយកចិត្ដទុកដាក់ ធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។ 7 ត្រូវបំរើម្ចាស់ដោយស្ម័គ្រចិត្ដ ដូចបំរើព្រះអម្ចាស់ ពុំមែនបំរើមនុស្សទេ 8 ដោយដឹងថាមនុស្សម្នាក់ៗ ទោះជាអ្នកងារ ឬអ្នកជាក្ដីនឹងទទួលរង្វាន់ពីព្រះអម្ចាស់ តាមអំពើល្អដែលខ្លួនបានប្រព្រឹត្ដ។ 9 រីឯបងប្អូនដែលជាម្ចាស់វិញ ចូរប្រព្រឹត្ដចំពោះអ្នកបំរើរបស់បងប្អូនបែបនោះដែរ គឺមិនត្រូវគំរាមកំហែងគេឡើយ។ តោងដឹងថា ទាំងពួកគេ ទាំងបងប្អូនមានម្ចាស់តែមួយនៅស្ថានបរមសុខ ហើយព្រះអង្គមិនរើសមុខនរណាសោះឡើយ។ 10 មួយវិញទៀត ចូរទាញយកកម្លាំង ដោយរួមជាមួយព្រះអម្ចាស់ និង ដោយសារព្រះចេស្ដាដ៏ខ្លាំងក្លារបស់ព្រះអង្គ។ 11 ចូរបងប្អូនប្រដាប់ខ្លួនដោយគ្រឿងសស្ដ្រាវុធទាំងប៉ុន្មានរបស់ព្រះជាម្ចាស់ ដើម្បីអាចតតាំងនឹងកលល្បិចរបស់មារ 12 ដ្បិតយើងមិនមែនតយុទ្ធទល់នឹងមនុស្សទេ គឺតយុទ្ធទល់នឹង វត្ថុសក្ដិសិទ្ធិ ទល់នឹងអ្វីៗដែលមានអំណាច ទល់នឹងមេត្រួតត្រាក្នុងលោកីយ៍ដ៏ងងឹតនេះ ហើយតយុទ្ធទល់នឹងឥទ្ធិពលអរូបិយដ៏អាក្រក់ទាំងឡាយដែលនៅស្ថានលើដែរ។ 13 ហេតុនេះចូរបងប្អូនប្រើគ្រឿងសស្ដ្រាវុធទាំងប៉ុន្មានរបស់ព្រះជាម្ចាស់ទៅ ដើម្បីអោយបងប្អូនអាចតទល់នៅថ្ងៃអពមង្គល ហើយមានជំហររឹងប៉ឹងដដែល ដោយបានប្រើគ្រប់មធ្យោបាយ។ 14 ដូច្នេះ ចូរមានជំហររឹងប៉ឹងឡើង ចូរយកសេចក្ដីពិតមកក្រវាត់ចង្កេះ យកសេចក្ដីសុចរិតធ្វើជាអាវក្រោះ 15 យកចិត្ដប្រុងប្រៀបផ្សាយដំណឹងល្អ អំពីសេចក្ដីសុខសាន្ដ មកពាក់ជាស្បែកជើង។ 16 ជាពិសេស ចូរយកជំនឿធ្វើជាខែលដើម្បីអោយបងប្អូនអាចពន្លត់ព្រួញភ្លើង ទាំងប៉ុន្មានរបស់មារ កំណាច។ 17 ចូរទទួលការសង្គ្រោះយកមកធ្វើជាមួកដែក និង យកព្រះបន្ទូលរបស់ព្រះជាម្ចាស់មកធ្វើជាដាវរបស់ព្រះវិញ្ញាណ។ 18 ចូរអធិស្ឋាន គ្រប់ពេលវេលា តាមការណែនាំរបស់ព្រះវិញ្ញាណ ដោយប្រើទាំងពាក្យអធិស្ឋាន ទាំងពាក្យអង្វរគ្រប់យ៉ាង ហើយប្រុងស្មារតីទូលអង្វរព្រះជាម្ចាស់ ដោយចិត្ដព្យាយាមបំផុតសំរាប់ប្រជាជនដ៏វិសុទ្ធ ទាំងអស់។ 19 ចូរអង្វរព្រះអង្គសំរាប់ខ្ញុំផង សូមព្រះអង្គប្រទានអោយខ្ញុំរកបានពាក្យត្រឹមត្រូវ នៅពេលណាខ្ញុំហាមាត់និយាយ សូមប្រទានអោយខ្ញុំមានចិត្ដអង់អាច នាំគេអោយស្គាល់គំរោងការដ៏លាក់កំបាំងនៃដំណឹងល្អ 20 ទោះបីខ្ញុំជាប់ឃុំឃាំងក៏ដោយ ក៏ខ្ញុំនៅតែជាទូតនៃដំណឹងល្អនេះដែរ ដូច្នេះ សូមទូលអង្វរព្រះអង្គអោយខ្ញុំមានចិត្ដអង់អាច និយាយតាមដែលខ្ញុំត្រូវនិយាយ។ 21 លោកទីឃីកុស ជាបងប្អូនដ៏ជាទីស្រឡាញ់របស់យើង និង ជាអ្នកបំរើដ៏ស្មោះត្រង់របស់ព្រះអម្ចាស់ នឹងជំរាបបងប្អូនអំពីសុខទុក្ខរបស់ខ្ញុំ និង អំពីកិច្ចការដែលខ្ញុំធ្វើនោះដែរ។ 22 ខ្ញុំចាត់គាត់មករកបងប្អូន ក្នុងគោលបំណងអោយបងប្អូនបានដឹងដំណឹងពីយើង និង អោយគាត់លើកទឹកចិត្ដបងប្អូនទៀតផង។ 23 សូមព្រះជាម្ចាស់ជាព្រះបិតា និង ព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់ ប្រទានសេចក្ដីសុខសាន្ដ និង សេចក្ដីស្រឡាញ់ ព្រមទាំងជំនឿមកបងប្អូន។ 24 សូមព្រះគុណរបស់ព្រះជាម្ចាស់ស្ថិតនៅជាមួយអស់អ្នកដែលស្រឡាញ់ព្រះអម្ចាស់យេស៊ូគ្រិស្ដនៃយើង ដោយឥតមានចិត្ដប្រែប្រួលឡើយ។

ភីលីព 1

1 យើងខ្ញុំប៉ូល និង ធីម៉ូថេ ជាអ្នកបំរើរបស់ព្រះគ្រិស្ដ យេស៊ូ សូមជំរាបមកប្រជាជនដ៏វិសុទ្ធ ទាំងអស់ដែលរួមជាមួយព្រះគ្រិស្ដយេស៊ូនៅក្រុងភីលីព ព្រមទាំងអស់លោកអភិបាល និង អ្នកជំនួយសូមជ្រាប។ 2 សូមព្រះជាម្ចាស់ជាព្រះបិតារបស់យើង និង ព្រះអម្ចាស់យេស៊ូគ្រិស្ដប្រទានព្រះគុណ និង សេចក្ដីសុខសាន្ដដល់បងប្អូន។ 3 ពេលណាខ្ញុំនឹកគិតដល់បងប្អូន ខ្ញុំតែងតែអរព្រះគុណព្រះជាម្ចាស់របស់ខ្ញុំជានិច្ច 4 គឺគ្រប់ពេលខ្ញុំទូលអង្វរព្រះជាម្ចាស់សំរាប់បងប្អូនទាំងអស់គ្នា ខ្ញុំទូលអង្វរដោយចិត្ដរីករាយជាដរាប 5 ព្រោះបងប្អូនរួមចំណែកក្នុងការផ្សាយដំណឹងល្អតាំងពីថ្ងៃដំបូង រហូតមកទល់សព្វថ្ងៃ។ 6 ខ្ញុំជឿជាក់ថាព្រះអង្គដែលបានចាប់ផ្ដើមធ្វើការល្អនៅក្នុងបងប្អូនទ្រង់ក៏នឹងបង្ហើយការនេះរហូតដល់ថ្ងៃព្រះគ្រិស្ដយេស៊ូយាងមក។ 7 ខ្ញុំមានចិត្ដគំនិតបែបនេះចំពោះបងប្អូនទាំងអស់គ្នាពិតជាត្រឹមត្រូវមែនព្រោះចិត្ដខ្ញុំនៅជាប់ជំពាក់នឹងបងប្អូនជានិច្ច ហើយទោះបីខ្ញុំនៅជាប់ឃុំឃាំងក្ដី ឬ ពេលខ្ញុំនិយាយ និង ពង្រឹងដំណឹងល្អ ក្ដីបងប្អូនទាំងអស់គ្នា ក៏បានរួមចំណែកជាមួយខ្ញុំក្នុងកិច្ចការដែលព្រះជាម្ចាស់ប្រណីសន្ដោស អោយខ្ញុំបំពេញនេះដែរ។ 8 ព្រះជាម្ចាស់ជាសាក្សីស្រាប់ហើយថា ខ្ញុំស្រឡាញ់បងប្អូនទាំងអស់គ្នាយ៉ាងខ្លាំង ដោយចិត្ដអាណិតមេត្ដាមកពីព្រះគ្រិស្ដយេស៊ូ។ 9 ខ្ញុំទូលអង្វរព្រះជាម្ចាស់ដូចតទៅនេះ គឺសូមអោយបងប្អូនមានសេចក្ដីស្រឡាញ់ដ៏លើសលប់ កាន់តែខ្លាំងឡើងៗ ធ្វើអោយបងប្អូនចេះដឹងច្បាស់ និង យល់សព្វគ្រប់ទាំងអស់ 10 ដើម្បីអោយបងប្អូនចេះពិចារណាមើលថា ការអ្វីប្រសើរជាងគេ។ ដូច្នេះ នៅថ្ងៃព្រះគ្រិស្ដយាងមក បងប្អូននឹងបានបរិសុទ្ធ ឥតមានកំហុសអ្វីឡើយ 11 ហើយបងប្អូននឹងបានពោរពេញដោយផល នៃសេចក្ដីសុចរិតដែលមកពីព្រះយេស៊ូគ្រិស្ដ សំរាប់លើកតម្កើងសិរីរុងរឿង និង កោតសរសើរព្រះជាម្ចាស់។ 12 បងប្អូនអើយ ខ្ញុំចង់អោយបងប្អូនជ្រាបថា ហេតុការណ៍ដែលកើតមានដល់ខ្ញុំនោះ បែរជាជួយដំណឹងល្អវិញទេ 13 គឺនៅក្នុងសាលាកាត់ក្ដីទាំងមូល និង នៅគ្រប់ទីកន្លែងឯទៀតៗ មនុស្សម្នាបានឃើញយ៉ាងច្បាស់ថាខ្ញុំជាប់ឃុំឃាំង ព្រោះតែព្រះគ្រិស្ដ។ 14 ដោយឃើញខ្ញុំជាប់ ឃុំឃាំងដូច្នេះ បងប្អូនភាគច្រើនទុកចិត្ដលើព្រះអម្ចាស់ ហើយរឹតតែមានចិត្ដក្លាហានប្រកាសព្រះបន្ទូលឥតភ័យខ្លាចអ្វីឡើយ។ 15 មានបងប្អូនខ្លះប្រកាសដំណឹងល្អអំពីព្រះគ្រិស្ដ ដោយចិត្ដច្រណែនឈ្នានីសចង់ប្រណាំងប្រជែង តែបងប្អូនខ្លះទៀតប្រកាសដោយមានឆន្ទៈល្អ 16 បងប្អូនទាំងនេះប្រកាស ដោយចិត្ដស្រឡាញ់ ព្រោះដឹងថាព្រះអម្ចាស់បានតែងតាំងខ្ញុំអោយការពារដំណឹងល្អ។ 17 រីឯអ្នកដែលផ្សាយដំណឹងអំពីព្រះគ្រិស្ដ ដោយគំនិតប្រកួតចង់ឈ្នះនោះវិញ គេមានគោលបំណងមិនបរិសុទ្ធ ទេគឺគេស្មានថា នឹងធ្វើអោយខ្ញុំរឹងរឹតតែវេទនា ក្នុងទីឃុំឃាំងថែមទៀត។ 18 មិនថ្វីទេ! ទោះជាយ៉ាងណាក៏ដោយ បើគេមានគំនិតវៀចវេរក្ដី ស្មោះសរក្ដី ក៏គេផ្សាយដំណឹងអំពីព្រះគ្រិស្ដដែរ ខ្ញុំសប្បាយចិត្ដនឹងការនេះ ហើយខ្ញុំនឹងសប្បាយចិត្ដតទៅមុខទៀត 19 ដ្បិតខ្ញុំដឹងថា ការនេះនឹងធ្វើអោយខ្ញុំទទួលការសង្គ្រោះទៅវិញទេ ដោយបងប្អូនអង្វរព្រះជាម្ចាស់អោយខ្ញុំ ហើយដោយព្រះវិញ្ញាណរបស់ព្រះយេស៊ូគ្រិស្ដជួយខ្ញុំដែរ។ 20 ខ្ញុំទន្ទឹងរង់ចាំយ៉ាងខ្លាំងអស់ពីចិត្ដ និង សង្ឃឹមលើព្រះអង្គខ្ញុំមិនត្រូវអាម៉ាស់មុខត្រង់ណាឡើយ។ ផ្ទុយទៅវិញ ពេលនេះក៏ដូចជាពេលណាទាំងអស់ខ្ញុំនៅតែមានចិត្ដរឹងប៉ឹងឥតរង្គើទោះបីខ្ញុំត្រូវរស់ ឬស្លាប់ក្ដីខ្ញុំនឹងលើកតម្កើងព្រះគ្រិស្ដក្នុងរូបកាយខ្ញុំ។ 21 ចំពោះខ្ញុំ បើរស់ ខ្ញុំរស់រួមជាមួយព្រះគ្រិស្ដ ហើយបើស្លាប់ ខ្ញុំក៏បានចំណេញដែរ។ 22 ប៉ុន្ដែ បើខ្ញុំរស់ក្នុងលោកនេះតទៅទៀត ធ្វើអោយកិច្ចការរបស់ខ្ញុំបានផល ខ្ញុំមិនដឹងជាជ្រើសរើសយកផ្លូវណាឡើយ!។ 23 ចិត្ដខ្ញុំរារែកទាំងសងខាង គឺម៉្យាងខ្ញុំប៉ងប្រាថ្នាចង់ លាចាកលោកនេះ ទៅនៅជាមួយព្រះគ្រិស្ដនោះ ប្រសើរជាងឆ្ងាយណាស់ 24 ម៉្យាងទៀត បើខ្ញុំនៅរស់ក្នុងលោកនេះតទៅមុខ នោះមានប្រយោជន៍ជាងសំរាប់បងប្អូន។ 25 ខ្ញុំជឿជាក់ និង ដឹងថាខ្ញុំនឹងនៅរស់ ហើយស្នាក់នៅជាមួយបងប្អូនទាំងអស់គ្នា ដើម្បីអោយបងប្អូនបានចំរើនឡើង ទាំងមានអំណរមកពីជំនឿ 26 និង ដើម្បីអោយបងប្អូនរឹងរឹតតែខ្ពស់មុខថែមទៀត ដោយបានរួមជាមួយព្រះគ្រិស្ដយេស៊ូ ព្រោះតែខ្ញុំនៅពេលដែលខ្ញុំវិលមកជួបបងប្អូនវិញ។ 27 សូមបងប្អូនកាន់កិរិយាមារយាទ អោយបានសមរម្យនឹងដំណឹងល្អរបស់ព្រះគ្រិស្ដផង ទោះបីខ្ញុំមកឃើញបងប្អូនក្ដី ឬ នៅឆ្ងាយបានឮដំណឹងពីបងប្អូនក្ដី សូមអោយខ្ញុំបានដឹងថា បងប្អូនមានជំហរមាំមួន ដោយមានចិត្ដគំនិតតែមួយ ព្រមទាំងរួមចិត្ដថ្លើមគ្នាតយុទ្ធ ដើម្បីជំនឿលើដំណឹងល្អទៀតផង 28 គឺបងប្អូនមិនញញើតនឹងពួកអ្នកប្រឆាំង ត្រង់ប្រការណាមួយឡើយ ជាភស្ដុតាងសអោយឃើញថា ពួកគេនឹងត្រូវវិនាសអន្ដរាយ រីឯបងប្អូនវិញ បងប្អូននឹងទទួលការសង្គ្រោះ។ ការនេះកើតមកពីព្រះជាម្ចាស់ 29 ដ្បិតព្រះអង្គប្រណីសន្ដោស បងប្អូនអោយបំរើព្រះគ្រិស្ដដោយមិនគ្រាន់តែជឿលើព្រះអង្គប៉ុណ្ណោះទេ គឺថែមទាំងរងទុក្ខលំបាក ដើម្បីព្រះអង្គទៀតផង។ 30 បងប្អូនបានតយុទ្ធរួមជាមួយខ្ញុំ ដូចបងប្អូនធ្លាប់បានឃើញខ្ញុំតយុទ្ធស្រាប់ហើយ ហើយដូចបងប្អូនឮថាខ្ញុំកំពុងតែតយុទ្ធនៅឡើយ។

ភីលីព 2

1 ដូច្នេះ ប្រសិនបើបងប្អូនពិតជាបានទទួលការដាស់តឿនអ្វីមួយ ដោយរួមជាមួយព្រះគ្រិស្ដ ប្រសិនបើសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ពិតជាលើកទឹកចិត្ដបងប្អូនប្រសិនបើព្រះវិញ្ញាណ ពិតជាប្រទានអោយបងប្អូនរួមរស់ជាមួយគ្នា ឬ ប្រសិនបើបងប្អូនពិតជាមានចិត្ដអាណិតអាសូរ និង ចិត្ដមេត្ដាករុណា 2 សូមបំពេញអំណររបស់ខ្ញុំ ដោយបងប្អូនមានចិត្ដគំនិតតែមួយ មានសេចក្ដីស្រឡាញ់តែមួយមានចិត្ដថ្លើមតែមួយ និង មានឆន្ទៈតែមួយ។ 3 កុំធ្វើអ្វីដោយចង់ប្រកួតប្រជែងគ្នា ឬ ដោយអួតបំប៉ោងឡើយ ផ្ទុយទៅវិញ ត្រូវដាក់ខ្លួនហើយចាត់ទុកអ្នកឯទៀតៗថាប្រសើរជាងខ្លួន។ 4 ក្នុងចំណោមបងប្អូនម្នាក់ៗកុំគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនឡើយ គឺត្រូវគិតដល់ប្រយោជន៍អ្នកដទៃវិញ។ 5 ព្រះគ្រិស្ដយេស៊ូមានចិត្ដគំនិតយ៉ាងណា បងប្អូនត្រូវមានចិត្ដគំនិតយ៉ាងនោះដែរ។ 6 ទោះបីព្រះអង្គមានឋានៈជាព្រះជាម្ចាស់ ក៏ដោយក៏ព្រះអង្គពុំបានក្ដោបក្ដាប់ ឋានៈដែលស្មើនឹងព្រះជាម្ចាស់នេះ ទុកជាកម្មសិទ្ធិដាច់មុខរបស់ព្រះអង្គឡើយ។ 7 ផ្ទុយទៅវិញ ព្រះអង្គបានលះបង់អ្វីៗទាំងអស់ មកយកឋានៈជាទាសករ ព្រះអង្គបានទៅជាមនុស្សដូចមនុស្សឯទៀតៗ ហើយក៏រស់នៅក្នុងភាពជា មនុស្សសាមញ្ញដែរ។ 8 ព្រះអង្គបានដាក់ខ្លួន ធ្វើតាមព្រះបញ្ជា រហូតដល់សោយទិវង្គត គឺរហូតដល់សោយទិវង្គតលើឈើឆ្កាងថែមទៀតផង។ 9 ហេតុនេះហើយបានជាព្រះជាម្ចាស់ លើកតម្កើងព្រះអង្គឡើងយ៉ាងខ្ពង់ខ្ពស់បំផុត ព្រមទាំងប្រោសប្រទានអោយព្រះអង្គ មានព្រះនាមប្រសើរលើសអ្វីៗទាំងអស់ 10 ដើម្បីអោយអ្វីៗទាំងអស់ ទាំងនៅស្ថានបរមសុខ ទាំងនៅលើផែនដី ទាំងនៅក្រោមដី នាំគ្នាក្រាបថ្វាយបង្គំ នៅពេលណាឮព្រះនាមព្រះយេស៊ូ 11 និង អោយមនុស្សគ្រប់ភាសាប្រកាសឡើងថា ព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់ ដើម្បីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ ជាព្រះបិតា។ 12 ហេតុនេះ បងប្អូនជាទីស្រឡាញ់អើយ ដូចបងប្អូនធ្លាប់តែស្ដាប់បង្គាប់ជារៀងដរាបមកហើយនោះ ចូរស្ដាប់បង្គាប់តទៅមុខទៀតទៅ គឺមិនត្រឹមតែពេលខ្ញុំនៅជាមួយប៉ុណ្ណោះទេ ជាពិសេសពេលខ្ញុំនៅឆ្ងាយ សូមបងប្អូនខំប្រឹងធ្វើការទាំងគោរពកោតខ្លាច និង ញាប់ញ័រស្របតាមការសង្គ្រោះដែលបងប្អូនបានទទួល 13 ដ្បិតព្រះជាម្ចាស់ទេតើ ដែលធ្វើអោយបងប្អូនមានទាំងបំណង មានទាំងសមត្ថភាពអាចនឹងប្រព្រឹត្ដតាមព្រះបំណងដ៏សប្បុរសរបស់ព្រះអង្គ។ 14 ចូរធ្វើកិច្ចការទាំងអស់ដោយឥតរអ៊ូរទំា ឬ ជជែកតវ៉ាឡើយ 15 ដើម្បីអោយបងប្អូនបានល្អឥតខ្ចោះ ឥតសៅហ្មង ជាបុត្ររបស់ព្រះជាម្ចាស់ដែលឥតមានកំហុស ក្នុងចំណោមមនុស្សវៀចវេរ និង ខិលខូចនៅជំនាន់នេះ។ បងប្អូនភ្លឺក្នុងចំណោមពួកគេ ដូចពន្លឺដែលបំភ្លឺពិភពលោក 16 ទាំងនាំព្រះបន្ទូលដែលផ្ដល់ជីវិតមកអោយពួកគេ។ បើបងប្អូនធ្វើដូច្នេះ ខ្ញុំនឹងបានខ្ពស់មុខនៅថ្ងៃព្រះគ្រិស្ដយាងមក ព្រោះកិច្ចការដែលខ្ញុំបានខំប្រឹងធ្វើ ទាំងនឿយហត់នោះ មិនមែនអសារឥតការទេ។ 17 ទោះបីខ្ញុំត្រូវបង្ហូរឈាម ទុកជាសក្ការបូជាបន្ថែមពីលើយញ្ញបូជា និង ពីលើតង្វាយនៃជំនឿរបស់បងប្អូន ខ្ញុំមានអំណរសប្បាយពីការនេះ ហើយខ្ញុំក៏សប្បាយចិត្ដរួមជាមួយបងប្អូនទាំងអស់គ្នាដែរ។ 18 រីឯបងប្អូនវិញ សូមអោយបងប្អូនមានអំណរ ហើយសប្បាយ ចិត្ដរួមជាមួយខ្ញុំផង។ 19 ដោយរួមជាមួយព្រះអម្ចាស់យេស៊ូ ខ្ញុំសង្ឃឹមថា នឹងចាត់លោកធីម៉ូថេមករកបងប្អូន ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីអោយខ្ញុំបានធូរស្បើយក្នុងចិត្ដដោយទទួលដំណឹងពីបងប្អូន 20 ដ្បិតក្រៅពីគាត់គ្មាននរណា ជួយរំលែកទឹកចិត្ដរបស់ខ្ញុំ ហើយគ្មាននរណាខ្វល់ខ្វាយនឹងបងប្អូនពិតប្រាកដទេ។ 21 អ្នកឯទៀតៗគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនទាំងអស់គ្នា គេមិនគិតពីប្រយោជន៍របស់ព្រះយេស៊ូគ្រិស្ដទេ។ 22 បងប្អូនជ្រាបអំពីទឹកចិត្ដរបស់គាត់ស្រាប់ហើយថា គាត់ពួតដៃជាមួយខ្ញុំ ដូចកូននឹងឪពុកដើម្បីបំរើដំណឹងល្អ។ 23 ដូច្នេះ ខ្ញុំសង្ឃឹមថានឹងចាត់គាត់មករកបងប្អូនក្នុងពេលឆាប់ៗ នៅពេលណារឿងរ៉ាវខ្ញុំបានជ្រះស្រឡះ។ 24 ដោយរួមជាមួយព្រះអម្ចាស់ខ្ញុំជឿជាក់ថា ខ្លួនខ្ញុំផ្ទាល់ក៏មុខជាមកក្នុងពេលឆាប់ៗខាងមុខនេះដែរ។ 25 ខ្ញុំយល់ឃើញទៀតថា ត្រូវតែចាត់លោកអេប៉ោប្រូឌីត ជាបងប្អូន និង ជាសហការីរបស់ខ្ញុំ ហើយជាអ្នកតយុទ្ធរួមជាមួយខ្ញុំ អោយមករកបងប្អូនជាចាំបាច់។ បងប្អូនបានចាត់គាត់អោយមកជួយឧបត្ថម្ភខ្ញុំនៅពេលខ្ញុំត្រូវការ។ 26 គាត់មានបំណងចង់មកជួបបងប្អូនទាំងអស់គ្នាខ្លាំងណាស់ ហើយគាត់ក៏ពិបាកចិត្ដ ព្រោះងប្អូនបានទទួលដំណឹងថាគាត់មានជំងឺ។ 27 គាត់ឈឺធ្ងន់ ជិតស្លាប់មែន ក៏ប៉ុន្ដែ ព្រះជាម្ចាស់អាណិតគាត់ គឺព្រះអង្គមិនត្រឹមតែអាណិតគាត់ប៉ុណ្ណោះទេ ព្រះអង្គក៏អាណិតខ្ញុំដែរ ដើម្បីកុំអោយខ្ញុំមានទុក្ខត្រួតពីលើទុក្ខ។ 28 ហេតុនេះហើយ បានជាខ្ញុំខំខ្នះខ្នែងចាត់គាត់អោយមកជួបបងប្អូន ដើម្បីអោយបងប្អូនមានអំណរ សប្បាយដោយឃើញ គាត់សាជាថ្មីហើយអោយខ្ញុំផ្ទាល់ឈប់ព្រួយចិត្ដ។ 29 សូមទទួលគាត់ទុកដូចជា បងប្អូនរួមជំនឿដោយអរសប្បាយជាទីបំផុតសូមគោរពមនុស្សបែបគាត់នេះផង 30 ដ្បិតគាត់ជិតបាត់បង់ជីវិត ព្រោះតែកិច្ចការរបស់ព្រះគ្រិស្ដ គឺគាត់បានស៊ូប្ដូរជីវិត ដើម្បីជួយខ្ញុំជំនួសបងប្អូន ដែលពុំអាចមកជួយខ្ញុំបាន។

ភីលីព 3

1 មួយវិញទៀត បងប្អូនអើយ ចូរមានអំណរសប្បាយ ដោយបានរួមជាមួយព្រះអម្ចាស់។ ខ្ញុំមិនធុញទ្រាន់នឹងសរសេរសេចក្ដីដដែលៗនេះមកបងប្អូនឡើយ ខ្ញុំសរសេរដូច្នេះដើម្បីពង្រឹងជំនឿ របស់បងប្អូន។ 2 ចូរប្រយ័ត្ននឹងពួកឆ្កែ ចូរប្រយ័ត្ននឹងពួកអ្នកដែលធ្វើការមិនត្រឹមត្រូវ ចូរប្រយ័ត្ននឹង ពួកអ្នកកាត់ស្បែកក្លែងក្លាយ 3 ដ្បិតយើងឯណេះវិញទេ ដែលជាអ្នកកាត់ស្បែកពិតប្រាកដ គឺយើងរាល់គ្នាដែលជាអ្នកគោរពថ្វាយបង្គំព្រះជាម្ចាស់តាមព្រះវិញ្ញាណ យើងអួតអាងលើព្រះគ្រិស្ដ យេស៊ូ យើងមិនពឹងផ្អែកលើលោកីយ៍ទេ។ 4 ខ្ញុំក៏មានហេតុនឹងពឹងផ្អែកលើលោកីយ៍បានដែរ។ ប្រសិនបើអ្នកឯទៀតៗស្មានថា ខ្លួនអាចពឹងផ្អែកលើលោកីយ៍ ខ្ញុំរឹតតែមានហេតុពឹងផ្អែកលើលោកីយ៍ច្រើនជាងអ្នកនោះទៅទៀត 5 គឺខ្ញុំបានទទួលពិធីកាត់ស្បែក ពេលខ្ញុំកើតបានប្រាំបីថ្ងៃ ខ្ញុំជាពូជសាសន៍អ៊ីស្រាអែលក្នុងកុលសម្ពន្ធបេនយ៉ាមីន ខ្ញុំជាហេប្រឺកើតពីជាតិហេប្រឺ។ រីឯផ្នែកក្រឹត្យវិន័យ វិញ ខ្ញុំនៅខាងគណៈផារីស៊ី 6 បើនិយាយពីខ្នះខ្នែង ខ្ញុំបានខ្នះខ្នែងរហូតដល់ទៅបៀតបៀនក្រុមជំនុំទៀតផង។ បើនិយាយពីសេចក្ដីសុចរិត ដែលមកពីការកាន់តាមក្រឹត្យវិន័យនោះវិញខ្ញុំគ្មានកំហុសត្រង់ណាសោះឡើយ។ 7 ក៏ប៉ុន្ដែ អ្វីៗដែលខ្ញុំធ្លាប់គិតថា មានតម្លៃសំរាប់ខ្ញុំនោះ ខ្ញុំចាត់ទុកទាំងអស់ថា ឥតបានការទៅវិញ ព្រោះតែព្រះគ្រិស្ដ 8 គឺខ្ញុំចាត់ទុកអ្វីៗទាំងអស់ដូចជាឥតបានកា រព្រោះតែបានស្គាល់ព្រះគ្រិស្ដយេស៊ូជាព្រះអម្ចាស់របស់ខ្ញុំ ដែលជាការមួយដ៏ប្រសើរវិសេសវិសាលបំផុត។ ព្រោះតែព្រះអង្គ ខ្ញុំសុខចិត្ដខាតបង់អ្វីៗទាំងអស់ ហើយខ្ញុំចាត់ទុកអ្វីៗទាំងអស់នេះដូចជាសំរាមអោយតែខ្ញុំបានព្រះគ្រិស្ដ 9 និង អោយតែខ្ញុំបានរួមជាមួយព្រះអង្គ។ ខ្ញុំមិនមែនបានសុចរិតដោយកាន់តាមក្រឹត្យវិន័យនោះឡើយ គឺបានសុចរិតដោយជឿលើព្រះគ្រិស្ដ ហើយសេចក្ដីសុចរិតនេះមកពីព្រះជាម្ចាស់ ជាសេចក្ដីសុចរិតដែលស្ថិតនៅលើជំនឿ 10 បំណងរបស់ខ្ញុំ គឺចង់ស្គាល់ព្រះគ្រិស្ដ និង ស្គាល់ឫទ្ធានុភាពដែលបានប្រោសព្រះអង្គអោយមានព្រះជន្មរស់ឡើងវិញ ព្រមទាំងចូលរួមជាមួយព្រះអង្គដែលរងទុក្ខលំបាក ហើយអោយបានដូចព្រះអង្គដែលសោយទិវង្គត 11 ដើម្បីអោយខ្ញុំមានជីវិតរស់ឡើងវិញ ប្រសិនបើអាចរស់ឡើងវិញបាន។ 12 ខ្ញុំមិនថា ខ្ញុំបានទៅដល់ទីដៅ ឬ បានគ្រប់លក្ខណៈហើយនោះទេ គឺខ្ញុំកំពុងតែរត់ទៅមុខដើម្បីចាប់អោយបាន ដ្បិតខ្លួនខ្ញុំផ្ទាល់ ក៏ត្រូវព្រះគ្រិស្ដយេស៊ូចាប់ខ្ញុំជាមុនដែរ។ 13 បងប្អូនអើយ ចំពោះរូបខ្ញុំផ្ទាល់ ខ្ញុំយល់ឃើញថាខ្ញុំមិនទាន់បានទៅដល់ទីដៅនៅឡើយ ទេខ្ញុំមានបំណងតែមួយ គឺបំភ្លេចអ្វីៗទាំងអស់ដែលខ្ញុំរត់ហួសមកហើយ ដើម្បីផ្ចង់ចិត្ដឆ្ពោះទៅរកអ្វីៗដែលនៅខាងមុខ។ 14 ខ្ញុំរត់តំរង់ទៅរកទីដៅ ដើម្បីអោយបានទទួលរង្វាន់ពីព្រះជាម្ចាស់ ដែលទ្រង់បានត្រាស់ហៅយើង ពីស្ថានបរមសុខអោយទទួលរួមក្នុងអង្គព្រះគ្រិស្ដយេស៊ូ។ 15 ដូច្នេះ យើងទាំងអស់គ្នាដែលជា« មនុស្សគ្រប់លក្ខណៈ»ត្រូវតែមានគំនិតបែបនេះឯង។ ប្រសិនបើបងប្អូនមានគំនិតផ្សេងត្រង់ចំណុច ណាមួយព្រះជាម្ចាស់មុខជាបំភ្លឺបងប្អូនអោយដឹងមិនខាន។ 16 ទោះបីយើងបានដល់ត្រឹមណាក៏ដោយ យើងត្រូវតែទៅមុខ ឆ្ពោះទៅរកទិសដៅដដែល។ 17 បងប្អូនអើយ ចូរយកតំរាប់តាមខ្ញុំ។ ចូរសំឡឹងមើលអស់អ្នកដែលរស់នៅ ស្របតាមគំរូដែលយើងបានដាក់អោយបងប្អូនឃើញ នោះទៅ។ 18 ខ្ញុំធ្លាប់បានជំរាបបងប្អូនជារឿយៗមកហើយ ហើយនៅពេលនេះទៀត ខ្ញុំក៏សូមជំរាបបងប្អូន ទាំងទឹកភ្នែកថា មានបងប្អូនជាច្រើននាក់រស់នៅ ជាសត្រូវនឹងឈើឆ្កាងរបស់ព្រះគ្រិស្ដ ។ 19 ដល់ទីបំផុតអ្នកទាំងនោះត្រូវវិនាសអន្ដរាយគេយកក្រពះធ្វើជាព្រះ យកកេរ្ដិ៍ខ្មាសធ្វើជាកិត្ដិយស ហើយគិតតែពីអ្វីៗដែលនៅលើផែនដីនេះប៉ុណ្ណោះ។ 20 រីឯយើងវិញ មាតុភូមិរបស់យើងនៅស្ថានបរមសុខ ហើយយើងនៅទន្ទឹងរង់ចាំព្រះសង្គ្រោះ គឺព្រះអម្ចាស់យេស៊ូគ្រិស្ដយាងមកពីស្ថាននោះ។ 21 ព្រះអង្គនឹងបំផ្លាស់បំប្រែរូបកាយដ៏ថោកទាបរបស់យើងនេះ អោយបានដូចព្រះកាយ ប្រកបដោយសិរីរុងរឿងរបស់ព្រះអង្គ ដោយមហិទ្ធិឫទ្ធិ ដែលធ្វើអោយព្រះអង្គបង្ក្រាបអ្វីៗទាំងអស់នៅក្រោមអំណាចរបស់ព្រះអង្គ។

ភីលីព 4

1 បងប្អូនជាទីស្រឡាញ់អើយ ខ្ញុំចង់ជួបបងប្អូនខ្លាំងណាស់ បងប្អូនជាអំណរសប្បាយ និង ជាកិត្ដិយសរបស់ខ្ញុំ! បងប្អូនជាទីស្រឡាញ់អើយ ចូរស្ថិតនៅអោយបានខ្ជាប់ខ្ជួនរួមជាមួយព្រះអម្ចាស់ដូច្នេះតរៀងទៅ! 2 ខ្ញុំសូមទូន្មាននាងអ៊ើរ៉ូឌា និង នាងស៊ុនទីច ថាចូរមានចិត្ដគំនិតតែមួយ អោយសមជាអ្នករួមរស់ជាមួយព្រះអម្ចាស់។ 3 រីឯអ្នកវិញ មិត្ដដ៏ស្មោះត្រង់អើយ សូមជួយនាងទាំងពីរនាក់នេះផង ដ្បិតនាងធ្លាប់បានតយុទ្ធរួមជាមួយខ្ញុំ ព្រោះតែដំណឹងល្អ ជាមួយលោកក្លេមេន ព្រមទាំងជាមួយអ្នកឯទៀតៗ ដែលបានធ្វើការជាមួយខ្ញុំ ហើយដែលមានឈ្មោះនៅក្នុងបញ្ជីជីវិតនោះផងដែរ។ 4 ចូរបងប្អូនអរសប្បាយ ដោយរួមជាមួយព្រះអម្ចាស់ជានិច្ច ខ្ញុំសូមជំរាបបងប្អូនម្ដងទៀតថា ចូរអរសប្បាយឡើង! 5 ចូរសំដែងអោយមនុស្សម្នាទាំងអស់ស្គាល់សន្ដានចិត្ដសប្បុរសរបស់បងប្អូន ព្រះអម្ចាស់ជិតយាងមកដល់ហើយ។ 6 សូមកុំខ្វល់ខ្វាយនឹងអ្វីឡើយ ផ្ទុយទៅវិញ ក្នុងគ្រប់កាលៈទេសៈទាំងអស់ត្រូវទូលព្រះជាម្ចាស់អោយជ្រាបពីសំណូមពររបស់បងប្អូន ដោយអធិស្ឋាន និង ទូលអង្វរទាំងអរ ព្រះគុណព្រះអង្គផង។ 7 ធ្វើដូច្នេះ សេចក្ដីសុខសាន្ដរបស់ព្រះជាម្ចាស់ដែលហួសពីការស្មាន របស់មនុស្សនឹងស្ថិតជាប់ក្នុងចិត្ដគំនិតបងប្អូន ដែលរួមក្នុងអង្គព្រះគ្រិស្តយេស៊ូមិនខាន។ 8 ជាទីបញ្ចប់ បងប្អូនអើយ សូមបងប្អូនគិតតែអំពីអ្វីៗដែលពិតថ្លៃថ្នូរ សុចរិត បរិសុទ្ធគួរអោយស្រឡាញ់ គួរអោយគោរព និង គំនិតណាដែលល្អឥតខ្ចោះគួរអោយកោតសរសើរ។ 9 សេចក្ដីដែលបងប្អូនបានរៀនបានទទួល និង បានឮពីខ្ញុំហើយការអ្វីដែលបងប្អូនបានឃើញខ្ញុំធ្វើនោះ ចូរបងប្អូនប្រព្រឹត្ដតាមទៅ។ ធ្វើដូច្នេះ ព្រះជាម្ចាស់ជាប្រភពនៃសេចក្ដីសុខសាន្ដនឹងគង់ជាមួយបងប្អូនមិនខាន។ 10 ខ្ញុំមានអំណរក្នុងព្រះអម្ចាស់យ៉ាងខ្លាំងដោយដឹងថា បងប្អូនបាននឹកគិតដល់ខ្ញុំជាថ្មីឡើងវិញ។ កាលពីមុនបងប្អូនក៏បាននឹកគិតដល់ខ្ញុំដែ រតែបងប្អូនគ្មានឱកាសនឹងសំដែងទឹកចិត្ដរបស់បងប្អូនចំពោះខ្ញុំ។ 11 ខ្ញុំនិយាយដូច្នេះមិនមែនមកពីខ្ញុំខ្វះខាតទេ ដ្បិតខ្ញុំបានរៀនអោយចេះស្កប់ចិត្ដ ក្នុងគ្រប់កាលៈទេសៈ។ 12 ទោះបីទ័លក្រក្ដី មានបរិបូណ៌ក្ដី ខ្ញុំក៏ចេះរស់ដែរ។ ខ្ញុំបានអប់រំចិត្ដក្នុងគ្រប់កាលៈទេសៈ និង គ្រប់ទីកន្លែង គឺថាទោះបីបរិភោគឆ្អែតក្ដី អត់ឃ្លានក្ដី មានបរិបូណ៌ក្ដី ឬ ខ្វះខាតក្ដីខ្ញុំស្កប់ចិត្ដជានិច្ច។ 13 ខ្ញុំអាចទ្រំាបានទាំងអស់ ដោយរួមជាមួយព្រះអង្គដែលប្រទានកម្លាំងអោយខ្ញុំ។ 14 ទោះជាយ៉ាងណាក្ដី បងប្អូនរួមជាមួយខ្ញុំក្នុងពេលខ្ញុំមានទុក្ខវេទនាដូច្នេះ ជាការប្រសើរណាស់។ 15 បងប្អូននៅក្រុងភីលីពអើយ បងប្អូនជ្រាបស្រាប់ហើយថា តាំងពីខ្ញុំបានចាប់ផ្ដើមផ្សព្វផ្សាយដំណឹងល្អ គឺតាំងពីខ្ញុំបានចាកចេញពីស្រុកម៉ាសេដូនមកនោះ ក្រៅពីបងប្អូន គ្មានក្រុមជំនុំ ណាបានជួយខ្ញុំ ក្នុងការចំណាយឬចំណូលឡើយ។ 16 កាលខ្ញុំនៅក្រុងថេស្សាឡូនិកបងប្អូន បានផ្ញើប្រាក់ទៅជួយ តាមសេចក្ដីត្រូវការរបស់ខ្ញុំដល់ទៅពីរបីលើក។ 17 ត្រង់ណេះ មិនមែនមានន័យថា ខ្ញុំប្រាថ្នាចង់បានជំនួយពីបងប្អូនទេ តែខ្ញុំចង់អោយបងប្អូនបានទទួលព្រះពរដ៏បរិបូណ៌។ 18 ខ្ញុំបានទទួលសព្វគ្រប់ទាំងអស់ហើយ ហើយខ្ញុំមានបរិបូណ៌ថែមទៀត ឥឡូវនេះ ខ្ញុំមានរឹតតែច្រើន ដោយបានទទួលអំណោយពីបងប្អូន តាមរយៈលោកអេប៉ោប្រូឌីត។ អំណោយទាំងនេះប្រៀបបីដូចជាក្លិនក្រអូបឈ្ងុយឈ្ងប់ ជាយញ្ញបូជាដែលព្រះជាម្ចាស់គាប់ព្រះហឫទ័យ និង យល់ព្រមទទួល។ 19 ព្រះរបស់ខ្ញុំនឹងបំពេញសេចក្ដីត្រូវការគ្រប់យ៉ាងរបស់បងប្អូន ស្របតាមសិរីរុងរឿងដ៏ប្រសើរបំផុតរបស់ព្រះអង្គ ដោយរួមក្នុងអង្គព្រះគ្រិស្ដយេស៊ូ។ 20 សូមលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ ជាព្រះបិតារបស់យើង អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន! 21 សូមជំរាបសួរប្រជាជនដ៏វិសុទ្ធ គ្រប់ៗរូប ក្នុងអង្គព្រះគ្រិស្ដ យេស៊ូអោយខ្ញុំផង។ 22 បងប្អូនដែលនៅជាមួយខ្ញុំ សូមជំរាបសួរមកបងប្អូនទាំងអស់គ្នា។ បងប្អូនទាំងអស់ដែលជាប្រជាជនដ៏វិសុទ្ធ ជាពិសេសបងប្អូនដែលជាអ្នករាជការរបស់ព្រះចៅអធិរាជ ក៏សូមជំរាបសួរមកបងប្អូនដែរ។ 23 សូមព្រះគុណរបស់ព្រះអម្ចាស់យេស៊ូគ្រិស្ដនៃយើង ស្ថិតនៅជាមួយវិញ្ញាណរបស់បងប្អូន!

កូឡូស 1

1 ខ្ញុំ ប៉ូល ដែលព្រះជាម្ចាស់សព្វព្រះហឫទ័យតែងតាំងជាសាវ័ករបស់ព្រះគ្រិស្ដយេស៊ូ និង លោកធីម៉ូថេ 2 សូមជំរាបមកប្រជារាស្ដ្រដ៏វិសុទ្ធ និង បងប្អូនដែលជឿលើព្រះគ្រិស្ដនៅក្រុងកូឡូស។ សូមព្រះជាម្ចាស់ជាព្រះបិតារបស់យើង ប្រទានព្រះគុណ និង សេចក្ដីសុខសាន្ដដល់បងប្អូន។ 3 យើងសូមអរព្រះគុណព្រះជាម្ចាស់ជាព្រះបិតារបស់ព្រះយេស៊ូគ្រិស្ដ ជាអម្ចាស់នៃយើងជានិច្ច គ្រប់ពេលដែលយើងអធិស្ឋាន អោយបងប្អូន 4 ដ្បិតយើងបានឮគេនិយាយអំពីជំនឿរបស់បងប្អូនលើព្រះគ្រិស្ដយេស៊ូ និង អំពីសេចក្ដីស្រឡាញ់របស់បងប្អូន ចំពោះប្រជាជនដ៏វិសុទ្ធ ទាំងអស់ 5 ព្រោះតែសេចក្ដីសង្ឃឹមដែលព្រះអង្គបំរុងទុកសំរាប់បងប្អូននៅស្ថានបរមសុខ ។ បងប្អូនបានស្គាល់សេចក្ដីសង្ឃឹមនេះ ដោយសារព្រះបន្ទូលនៃសេចក្ដីពិតគឺដំណឹងល្អ 6 ដែលបានមកដល់បងប្អូន។ ចាប់តាំងពីថ្ងៃដែលបងប្អូនបានទទួល និង បានស្គាល់ព្រះគុណរបស់ព្រះជាម្ចាស់ ស្របតាមសេចក្ដីពិតនោះមក ដំណឹងល្អនេះបានបង្កើតផល និង ចំរើនឡើងក្នុងចំណោមបងប្អូន ដូចនៅក្នុងពិភពលោកទាំងមូលដែរ។ 7 បងប្អូនបានទទួលការអប់រំនេះ ពីសំណាក់លោកអេប៉ាប្រាសដ៏ជាទីស្រឡាញ់ ដែលរួមការងារជាមួយយើង។ គាត់ ជាអ្នកបំរើដ៏ស្មោះត្រង់របស់ព្រះគ្រិស្ដ សំរាប់បងប្អូន។ 8 គាត់បានប្រាប់អោយយើងដឹងច្បាស់ អំពីសេចក្ដីស្រឡាញ់ដែលព្រះវិញ្ញាណប្រទានមកបងប្អូន។ 9 ហេតុនេះ ចំពោះយើង តាំងពីយើងឮដំណឹងពីបងប្អូន យើងចេះតែអធិស្ឋាន និង ទូលអង្វរព្រះជាម្ចាស់ អោយបងប្អូន ឥតឈប់ឈរឡើយ ដើម្បីអោយបងប្អូនស្គាល់ព្រះហឫទ័យរបស់ព្រះអង្គយ៉ាងច្បាស់ ដោយមានគ្រប់ប្រាជ្ញា និង តំរិះដែលមកពីព្រះវិញ្ញាណ។ 10 សូមអោយបងប្អូនរស់នៅបានសមរម្យនឹងព្រះអម្ចាស់ ដើម្បីអោយបានគាប់ ព្រះហឫទ័យព្រះអង្គក្នុងគ្រប់វិស័យទាំងអស់។ ដូច្នេះ បងប្អូននឹងបង្កើតផលផ្លែក្នុងគ្រប់អំពើល្អដែលបងប្អូនធ្វើ ហើយបងប្អូននឹងស្គាល់ព្រះជាម្ចាស់កាន់តែច្បាស់ឡើងៗ។ 11 សូមអោយបងប្អូនមានកម្លាំងមាំមួនគ្រប់ជំពូក ដោយព្រះចេស្ដាដ៏រុងរឿងរបស់ព្រះអង្គ ដើម្បីអោយបងប្អូនអាចស៊ូទ្រាំនឹងអ្វីៗទាំងអស់ និង ចេះអត់ធ្មត់ទៀតផង។ 12 ចូរអរព្រះគុណព្រះបិតា ដោយចិត្ដរីករាយ ព្រោះព្រះអង្គបានប្រោសប្រទានអោយបងប្អូន មានសមត្ថភាពអាចទទួលចំណែកមត៌ក រួមជាមួយប្រជាជនដ៏វិសុទ្ធ នៅក្នុងពន្លឺ។ 13 ព្រះអង្គបានរំដោះយើងអោយរួចផុតពីអំណាចនៃសេចក្ដីងងឹត ហើយចម្លងយើងចូលទៅក្នុងព្រះរាជ្យ នៃព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។ 14 ដោយយើងរួមក្នុងអង្គព្រះបុត្រាព្រះអង្គបានលោះយើង និង លើកលែងទោសយើងអោយរួចពីបាប។ 15 ព្រះគ្រិស្ដជាតំណាងរបស់ព្រះជាម្ចាស់ ដែលយើងមើលពុំឃើញ ព្រះអង្គជារៀមច្បងនៃអ្វីៗទាំងអស់ ដែលព្រះជាម្ចាស់បានបង្កើតមក 16 ដ្បិតព្រះជាម្ចាស់បានបង្កើតអ្វីៗសព្វសារពើក្នុងអង្គព្រះគ្រិស្ដ ទាំងនៅស្ថានបរមសុខ ទាំងនៅលើផែនដី ទាំងអ្វីៗដែលមើលឃើញ ទាំងអ្វីៗដែលមើលមិនឃើញទាំងទេវរាជ្យ ទាំងអ្វីៗដែលមានបារមីគ្រប់គ្រង ទាំងវត្ថុសក្ដិសិទ្ធិ និង អំណាចនានា ព្រះជាម្ចាស់បានបង្កើតទាំងអស់មក ដោយសារព្រះគ្រិស្ដ និង សំរាប់ព្រះគ្រិស្ដ។ 17 ព្រះគ្រិស្ដមានព្រះជន្មមុនអ្វីៗទាំងអស់ ហើយអ្វីៗទាំងអស់ក៏នៅស្ថិតស្ថេររួមគ្នា ដោយសារព្រះអង្គដែរ។ 18 ព្រះអង្គជាសិរសានៃព្រះកាយរបស់ព្រះអង្គគឺក្រុមជំនុំ ព្រះអង្គជាដើមកំណើតនៃអ្វីៗទាំងអស់។ ក្នុងចំណោមមនុស្សស្លាប់ទាំងអស់ ព្រះអង្គមានព្រះជន្មរស់ឡើងវិញមុនគេ ដើម្បីធ្វើជាប្រមុខក្នុងគ្រប់វិស័យទាំងអស់ 19 ដ្បិតព្រះជាម្ចាស់សព្វព្រះហឫទ័យអោយ គ្រប់លក្ខណសម្បត្ដិរបស់ព្រះអង្គស្ថិតនៅក្នុងព្រះគ្រិស្ដ។ 20 ព្រះជាម្ចាស់បានសំរុះសំរួលអ្វីៗទាំងអស់ នៅលើផែនដី និង នៅស្ថានបរមសុខ អោយជានានឹងព្រះអង្គវិញ ដោយសារព្រះគ្រិស្ដ និង សំរាប់ព្រះគ្រិស្ដ គឺព្រះជាម្ចាស់បានធ្វើអោយមានសន្ដិភាព ដោយព្រះបុត្រាបង្ហូរព្រះលោហិតនៅលើឈើឆ្កាង។ 21 ចំពោះបងប្អូនវិញ ពីដើម បងប្អូននៅខាងក្រៅប្រជារាស្ដ្ររបស់ព្រះជាម្ចាស់ ហើយជាសត្រូវនឹងព្រះអង្គ ព្រោះតែគំនិត និង អំពើអាក្រក់របស់បងប្អូន។ 22 តែឥឡូវនេះព្រះអង្គបានសំរុះសំរួលបងប្អូនអោយជានានឹងព្រះអង្គវិញ ដោយព្រះបុត្រាដែលកើតមកជាមនុស្ស បានសោយទិវង្គត ដើម្បីអោយបងប្អូនបានវិសុទ្ធ ឥតសៅហ្មង ឥតកំហុស និង អាចឈរនៅចំពោះព្រះភ័ក្ដ្ររបស់ព្រះអង្គ។ 23 ក៏ប៉ុន្ដែ បងប្អូនត្រូវតែកាន់ជំនឿអោយបានរឹងប៉ឹងខ្ជាប់ខ្ជួន ដើម្បីកុំអោយឃ្លាតចាកពីសេចក្ដីសង្ឃឹមដែលបងប្អូនមាន តាំងពីបានឮដំណឹងល្អ មកនោះ គឺជាដំណឹងល្អដែលគេបានប្រកាសដល់មនុស្សលោកទាំងអស់នៅក្រោមមេឃ ហើយខ្ញុំប៉ូលបានទទួលមុខងារបំរើដំណឹងល្អនេះដែរ។ 24 ឥឡូវនេះ ខ្ញុំមានអំណរ ដោយរងទុក្ខលំបាកសំរាប់បងប្អូន ព្រោះខ្ញុំរងទុក្ខលំបាកក្នុងរូបកាយដូច្នេះ ដើម្បីជួយបំពេញទុក្ខលំបាករបស់ព្រះគ្រិស្ដ សំរាប់ព្រះកាយរបស់ព្រះអង្គ ដែលជាក្រុមជំនុំ ។ 25 ខ្ញុំបានទទួលមុខងារបំរើក្រុមជំនុំនេះ តាមការចាត់ចែង ដែលព្រះជាម្ចាស់បានផ្ទុកផ្ដាក់អោយខ្ញុំធ្វើ គឺណែនាំបងប្អូនអោយស្គាល់ព្រះបន្ទូលរបស់ព្រះអង្គបានសព្វគ្រប់។ 26 នេះហើយជាគំរោងការដ៏លាក់កំបាំងដែលព្រះជាម្ចាស់បានលាក់ ទុកតាំងពីយូរអង្វែងតរៀងមក មិនអោយមនុស្សជំនាន់មុនៗស្គាល់ឡើយ តែឥឡូវនេះ ព្រះអង្គបានបង្ហាញអោយ ប្រជាជនដ៏វិសុទ្ធ របស់ព្រះអង្គស្គាល់។ 27 ព្រះជាម្ចាស់សព្វព្រះហឫទ័យអោយប្រជាជនដ៏វិសុទ្ធនេះ ស្គាល់សិរីរុងរឿងដ៏ប្រសើរបំផុតនៃគំរោងការនេះនៅក្នុងចំណោមសាសន៍ដទៃ ពោលគឺព្រះគ្រិស្ដគង់នៅក្នុងបងប្អូន ព្រះអង្គប្រទានអោយបងប្អូនមានសង្ឃឹមថា នឹងបានទទួលសិរីរុងរឿងរបស់ព្រះអង្គ។ 28 ដូច្នេះ យើងផ្សព្វផ្សាយដំណឹងអំពីព្រះគ្រិស្ដនេះហើយយើងដាស់តឿន និង ប្រៀនប្រដៅ មនុស្សគ្រប់ៗរូបដោយប្រើប្រាជ្ញាគ្រប់យ៉ាង ធ្វើអោយគេទាំងអស់គ្នាបានគ្រប់លក្ខណៈក្នុងអង្គព្រះគ្រិស្ដ។ 29 ខ្ញុំធ្វើការនឿយហត់ដើម្បីសំរេចគោលដៅនេះឯង គឺខំប្រឹងតយុទ្ធដោយប្រើមហិទ្ធិឫទ្ធិរបស់ព្រះអង្គ ដែលកំពុងតែមានសកម្មភាពក្នុងរូបខ្ញុំយ៉ាងខ្លាំង។

កូឡូស 2

1 ខ្ញុំចង់អោយបងប្អូនជ្រាបថា ខ្ញុំតយុទ្ធខ្លាំងក្លាយ៉ាងណា សំរាប់បងប្អូន សំរាប់អស់អ្នកនៅស្រុកឡៅឌីសេ និង អស់អ្នកដែលមិនធ្លាប់បានឃើញមុខខ្ញុំផ្ទាល់ 2 គឺខ្ញុំចង់លើកទឹកចិត្ដបងប្អូនទាំងនោះ អោយរួបរួមគ្នាក្នុងសេចក្ដីស្រឡាញ់ ដើម្បីអោយគេមានប្រាជ្ញាវាងវៃបំផុត យល់សព្វគ្រប់ទាំងអស់ និង ស្គាល់ច្បាស់នូវគំរោងការដ៏លាក់កំបាំងរបស់ព្រះជាម្ចានិងព្រះបិតានិងព្រះគ្រិស្ដ 3 ដ្បិតព្រះតំរិះ និង ព្រះប្រាជ្ញាញាណ ដ៏ខ្ពង់ខ្ពស់របស់ព្រះជាម្ចាស់ សុទ្ធតែលាក់ទុកក្នុងអង្គព្រះគ្រិស្ដហ្នឹងហើយ។ 4 ខ្ញុំនិយាយដូច្នេះ ដើម្បីការពារកុំអោយនរណាម្នាក់អាចមកបញ្ឆោតបងប្អូន ដោយពាក្យសំដីដ៏ពីរោះៗនោះឡើយ។ 5 ថ្វីដ្បិតតែរូបកាយខ្ញុំ នៅឆ្ងាយពីបងប្អូនតែចិត្ដខ្ញុំនៅជាប់ជាមួយបងប្អូន ហើយខ្ញុំក៏មានអំណរដោយឃើញ បងប្អូនមានសណ្ដាប់ធ្នាប់ និង មានជំនឿមាំមួនលើព្រះគ្រិស្ដ។ 6 ដូច្នេះ បើបងប្អូនបានទទួលព្រះគ្រិស្ដយេស៊ូ ទុកជាព្រះអម្ចាស់យ៉ាងណា ហើយចូររស់នៅរួមជាមួយព្រះអង្គយ៉ាងនោះតទៅទៀតទៅ។ 7 ចូរចាក់ឫស និង កសាងជីវិតលើព្រះអង្គ ចូររក្សាជំនឿអោយបានរឹងប៉ឹង ស្របតាមសេចក្ដីប្រៀនប្រដៅដែលបងប្អូនបានទទួល ហើយត្រូវអរព្រះគុណព្រះជាម្ចាស់អោយបានេច្រីនលើសលប់។ 8 ចូរប្រុងប្រយ័ត្ន កុំអោយនរណាម្នាក់មកទាក់ទាញបងប្អូនបាន ដោយប្រើទស្សនវិជ្ជា ឬ ប្រើពាក្យបោកបញ្ឆោតឥតខ្លឹមសា រស្របតាមសេចក្ដីប្រៀនប្រដៅរបស់មនុស្សតៗគ្នាមក និង ស្របតាមអ្វីៗជាអរូបដែលមានឥទ្ធិពលលើលោកីយ៍ គឺមិនស្របតាមព្រះគ្រិស្ដទេ 9 ដ្បិតគ្រប់លក្ខណសម្បត្ដិរបស់ព្រះជាម្ចាស់ ស្ថិតនៅយ៉ាងពោរពេញក្នុងរូបកាយព្រះគ្រិស្ដ។ 10 រីឯបងប្អូនក៏បានពោរពេញដូច្នោះដែរ ដោយរួមក្នុងអង្គព្រះគ្រិស្ដ ដែលជាម្ចាស់លើវត្ថុសក្ដិសិទ្ធិ និង លើអ្វីៗទាំងអស់ដែលមានអំណាច។ 11 ក្នុងអង្គព្រះគ្រិស្ដ បងប្អូនក៏បានទទួលពិធីកាត់ស្បែក ដែរ តែមិនមែនដោយដៃមនុស្សទេ។ គឺបងប្អូនបានទទួលពិធីកាត់ស្បែក តាមរបៀបព្រះគ្រិស្ដ ដោយដោះរូបកាយដែលជាប់និស្ស័យលោកីយ៍នេះចេញ។ 12 ពេលបងប្អូនទទួលពិធីជ្រមុជទឹក បងប្អូនត្រូវកប់ក្នុងផ្នូររួមជាមួយព្រះគ្រិស្ដ ហើយដោយបងប្អូនរួមក្នុងអង្គព្រះគ្រិស្ដ បងប្អូនក៏មានជីវិតរស់ឡើងវិញរួមជាមួយព្រះអង្គដែ រព្រោះបងប្អូនមានជំនឿលើឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ដែលបានប្រោសព្រះគ្រិស្ដអោយមានព្រះជន្មរស់ឡើងវិញ។ 13 ពីដើម បងប្អូនបានស្លាប់មកពីកំហុសរបស់បងប្អូន និង មកពីបងប្អូនពុំបានទទួលពិធីកាត់ស្បែកខាងរូបកាយមែន តែឥឡូវនេះ ព្រះជាម្ចាស់បានប្រោសអោយបងប្អូនមានជីវិត រួមជាមួយព្រះគ្រិស្ដ។ ព្រះអង្គបានលើកលែងទោសទាំងប៉ុន្មានរបស់យើង។ 14 ព្រះអង្គបានលុបបញ្ជីដែលចោទប្រកាន់ទាស់ នឹងយើងតាមវិន័យនោះចោល។ ព្រះអង្គបានដកបញ្ជីនេះចេញ ដោយយកទៅបោះភ្ជាប់នឹងឈើឆ្កាង។ 15 ព្រះអង្គបានដកឫទ្ធិចេញពីវត្ថុសក្ដិសិទ្ធិ និង ពីអ្វីៗដែលមានអំណាច គឺព្រះអង្គបានបំបាក់មុខពួកវាជាសាធារណៈ ទាំងនាំវាទៅជាឈ្លើយក្នុងពេលហែក្បួនជ័យជំនះរបស់ព្រះអង្គ។ 16 ហេតុនេះ មិនត្រូវអោយនរណាម្នាក់ថ្កោលទោសបងប្អូន អំពីរឿងចំណីអាហារភេសជ្ជៈ ឬ អំពីរឿងបុណ្យទាន បុណ្យចូលខែ និង ថ្ងៃសប្ប័ទ នោះឡើយ។ 17 ការទាំងអស់នេះគ្រាន់តែជាស្រមោលនៃអ្វីៗ ដែលនឹងកើតមាននៅអនាគតកាលប៉ុណ្ណោះ រីឯអ្វីៗដែលពិតវិញ គឺព្រះគ្រិស្ដ។ 18 មិនត្រូវអោយនរណាម្នាក់មកបង្វែរបងប្អូនចេញពីរង្វាន់ដែលបងប្អូនត្រូវទទួល ដោយធ្វើឫកជា ដាក់ខ្លួនឬគោរពទេវតា នោះឡើយ។ ជនបែបនេះតែងយកការនិមិត្ដឃើញរបស់ខ្លួនមកធ្វើជាទីសំអាងហើយគេអួតបំប៉ោងឥតបានការតាមគំនិតលោកីយ៍។ 19 គេមិននៅជាប់ជាមួយព្រះគ្រិស្ដជាព្រះសិរសាទេ គឺព្រះសិរសានេះហើយ ដែលផ្គត់ផ្គង់អោយព្រះកាយទាំងមូលតភ្ជាប់គ្នាដោយសន្លាក់ឆ្អឹង និង សរសៃព្រមទាំងចំរើនឡើងតាមតែព្រះជាម្ចាស់ ប្រទានអោយ។ 20 បងប្អូនបានស្លាប់រួមជាមួយព្រះគ្រិស្ដ ហើយក៏រួចពីអ្វីៗជាអរូបដែលមានឥទ្ធិពលក្នុងលោកីយ៍ដែរ ចុះហេតុដូចម្ដេចបានជាបងប្អូននៅតែធ្វើតាមក្បួនតម្រាផ្សេងៗ ហាក់បីដូចជាបងប្អូននៅតែពឹងផ្អែកលើលោកីយ៍នេះទៀត? 21 «កុំយក! កុំភ្លក់! កុំប៉ះពាល់!» 22 បញ្ញត្ដិទាំងនេះសុទ្ធតែជាបទបញ្ជា និង សេចក្ដីប្រៀនប្រដៅរបស់មនុស្សលោក ជាប់ទាក់ទងនឹងអ្វីៗដែលត្រូវរលួយដោយការប្រើប្រាស់។ 23 សេចក្ដីក្នុងបញ្ញត្ដិទាំងនេះទំនងដូចជាមានប្រាជ្ញា គឺអោយគោរពថ្វាយបង្គំដោយស្ម័គ្រចិត្ដ អោយដាក់ខ្លួន និង លត់ដំខ្លួនជាដើមតែតាមពិតគ្មានតម្លៃអ្វីសោះ បានត្រឹមតែបំពេញសេចក្ដីប៉ងប្រាថ្នារបស់និស្ស័យលោកីយ៍ប៉ុណ្ណោះ។

កូឡូស 3

1 ដូច្នេះ ប្រសិនបើបងប្អូនបានរស់ឡើងវិញរួមជាមួយព្រះគ្រិស្ដមែន ចូរស្វែងរកអ្វីៗនៅស្ថានលើ ជាស្ថានដែលព្រះគ្រិស្ដគង់នៅខាងស្ដំាព្រះជាម្ចាស់នោះវិញ។ 2 ចូរគិតពីអ្វីៗ ដែលនៅស្ថានលើ កុំគិតពីអ្វីនៅលើផែនដីនេះឡើយ 3 ដ្បិតបងប្អូនបានស្លាប់ផុតទៅហើយ ហើយជីវិតរបស់បងប្អូនក៏បានកប់ទុកជាមួយព្រះគ្រិស្ដក្នុង ព្រះជាម្ចាស់ដែរ។ 4 ពេលព្រះគ្រិស្ដដែលជាជីវិតរបស់បងប្អូនលេចមក បងប្អូនក៏នឹងលេចមកជាមួយព្រះគ្រិស្ដ ប្រកបដោយសិរីរុងរឿងដែរ។ 5 ដូច្នេះ សូមបងប្អូនសម្លាប់អ្វីៗខាងលោកីយ៍ចោលទៅ គឺអំពើប្រាសចាកសីលធម៌ អំពើសៅហ្មង ចិត្ដស្រើបស្រាលបំណងប្រាថ្នាអាក្រក់ និង ចិត្ដលោភលន់ គឺយកទ្រព្យសម្បត្ដិធ្វើជាព្រះ។ 6 ព្រោះតែអំពើទាំងនោះហើយ បានជាព្រះជាម្ចាស់ ទ្រង់ព្រះពិរោធនឹងពួកអ្នកប្រឆាំងព្រះអង្គ។ 7 កាលពីដើមបងប្អូនប្រព្រឹត្ដអំពើទាំងនោះ ហើយក៏រស់នៅបែបដូច្នោះដែរ។ 8 តែឥឡូវនេះ សូមបងប្អូនបោះបង់កំហឹងចិត្ដក្ដៅក្រហាយ ចិត្ដអាក្រក់ពាក្យជេរប្រមាថ ពាក្យទ្រគោះបោះបោកដែលចេញពីមាត់របស់បងប្អូនចោលទៅ។ 9 កុំនិយាយកុហកគ្នាទៅវិញទៅមកឡើយ ដ្បិតបងប្អូនបានដោះជីវិតចាស់ និង ទម្លាប់អាក្រក់ទាំង ប៉ុន្មានរបស់ជីវិតនោះចោលហើយ 10 បងប្អូនក៏បានពាក់ជីវិតថ្មី ដែលកាន់តែចំរើនថ្មីឡើងៗ អោយបានដូចព្រះជាម្ចាស់ដែលបង្កើតមនុស្សជាថ្មី ដើម្បីអោយបងប្អូនស្គាល់ព្រះអង្គយ៉ាងច្បាស់។ 11 ដូច្នេះ លែងមានសាសន៍ក្រិកឬសាសន៍យូដាពួកកាត់ស្បែក ឬ មិនកាត់ស្បែកមនុស្សព្រៃឬពួកព្នង និង លែងមានអ្នកងារឬអ្នកជាទៀតឡើយ ដ្បិតព្រះគ្រិស្ដបានបំពេញអ្វីៗទាំងអស់ ហើយព្រះអង្គសណ្ឋិតនៅ ក្នុងមនុស្សទាំងអស់។ 12 ដោយព្រះជាម្ចាស់បានជ្រើសរើសបងប្អូនធ្វើជាប្រជាជនដ៏វិសុទ្ធ និង ជាទីស្រឡាញ់របស់ព្រះអង្គ បងប្អូនត្រូវតែកាន់ចិត្ដអាណិតមេត្ដា ចិត្ដល្អសប្បុរសចេះបន្ទាបខ្លួនមានចិត្ដ ស្លូតបូត និង ចិត្ដខន្ដីអត់ធ្មត់។ 13 ត្រូវចេះទ្រាំទ្រគ្នាទៅវិញទៅមក ហើយប្រសិនបើបងប្អូនណាម្នាក់មានរឿងអ្វីមួយនឹងម្នាក់ទៀត ត្រូវតែអត់ទោសអោយគ្នាទៅវិញទៅមក។ ព្រះអម្ចាស់បានអត់ទោសអោយបងប្អូនយ៉ាងណា ចូរអត់ទោសអោយគ្នាទៅវិញទៅមកយ៉ាងនោះដែរ។ 14 លើសពីនេះទៅទៀត ត្រូវមានចិត្ដស្រឡាញ់ ដ្បិតសេចក្ដីស្រឡាញ់ធ្វើអោយបងប្អូនរួបរួមគ្នាពេញលក្ខណៈ។ 15 សូមអោយសេចក្ដីសុខសាន្ដរបស់ព្រះគ្រិស្ដ សោយរាជ្យនៅក្នុងចិត្ដបងប្អូនព្រោះព្រះជាម្ចាស់បានត្រាស់ហៅបងប្អូនអោយមករួមគ្នាក្នុងព្រះកាយតែមួយ ដើម្បីអោយបងប្អូនប្រកបដោយសេចក្ដីសុខសាន្ដ។ ត្រូវអរព្រះគុណព្រះអង្គជានិច្ច។ 16 សូមព្រះបន្ទូលរបស់ព្រះគ្រិស្ដសណ្ឋិតនៅក្នុងបងប្អូនអោយបានបរិបូណ៌។ ចូរប្រៀនប្រដៅ និង ដាស់តឿនគ្នាទៅវិញទៅមក ដោយប្រាជ្ញាគ្រប់យ៉ាង។ ចូរច្រៀងអរព្រះគុណព្រះជាម្ចាស់ក្នុងចិត្ត ដោយប្រើទំនុកតម្កើងបទសរសើរ និង បទចំរៀងមកពីព្រះវិញ្ញាណ។ 17 ការអ្វីក៏ដោយដែលបងប្អូនធ្វើ ទោះជាពាក្យសំដីឬកាយវិការក្ដីត្រូវធ្វើក្នុងព្រះនាមព្រះអម្ចាស់យេស៊ូទាំងអស់ ទាំងអរព្រះគុណព្រះជាម្ចាស់ជាព្រះបិតា តាមរយៈព្រះអង្គផង។ 18 បងប្អូនជាស្ដ្រីដែលមានស្វាមីអើយ ត្រូវគោរពចុះចូលនឹងស្វាមីរៀងៗខ្លួន អោយបានស្របតាមរបៀបអ្នកជឿលើព្រះអម្ចាស់។ 19 បងប្អូនដែលមានភរិយាអើយ ត្រូវស្រឡាញ់ភរិយារបស់ខ្លួន ហើយមិនត្រូវមួម៉ៅដាក់នាងឡើយ។ 20 កុមារាកុមារីអើយ ចូរស្ដាប់បង្គាប់មាតាបិតាក្នុងគ្រប់កិច្ចការទាំងអស់ ធ្វើដូច្នេះ ទើបគាប់ព្រះហឫទ័យព្រះអម្ចាស់។ 21 បងប្អូនដែលមានកូនអើយ កុំដុកដាន់កូនរបស់ខ្លួនឡើយ ក្រែងលោវាបាក់ទឹកចិត្ដ។ 22 បងប្អូនជាខ្ញុំបំរើអើយ ចូរស្ដាប់បង្គាប់ម្ចាស់របស់ខ្លួនក្នុងលោកនេះ គ្រប់ជំពូកទាំងអស់។ ត្រូវធ្វើដូច្នេះ មិនគ្រាន់តែអោយម្ចាស់ទាំងនោះឃើញ ដូចជាបងប្អូនចង់ផ្គាប់ចិត្ដមនុស្សឡើយ គឺត្រូវធ្វើដោយចិត្ដស្មោះសរ និង ដោយគោរពកោតខ្លាចព្រះអម្ចាស់។ 23 គ្រប់កិច្ចការដែលបងប្អូនធ្វើ ចូរធ្វើអោយអស់ពីចិត្ដ ដូចជាធ្វើថ្វាយព្រះអម្ចាស់ដែរ គឺមិនមែនធ្វើសំរាប់មនុស្សលោកទេ 24 ដោយដឹងថា បងប្អូនមុខជាទទួលមត៌កពីព្រះអម្ចាស់ទុកជាកំរៃមិនខាន។ ម្ចាស់ដ៏ពិតប្រាកដ គឺព្រះគ្រិស្ដចូរបំរើព្រះអង្គទៅ។ 25 អ្នកណាធ្វើការអ្វីដោយទុច្ចរិត អ្នកនោះក៏នឹងទទួលផល តាមអំពើទុច្ចរិតនោះដែរ ដ្បិតព្រះជាម្ចាស់មិនរើសមុខនរណាឡើយ។

កូឡូស 4

1 បងប្អូនដែលជាម្ចាស់អើយ ត្រូវប្រព្រឹត្ដអំពើណាដែលសុចរិត និង យុត្ដិធម៌ដល់អ្នកបំរើរបស់ខ្លួនដោយដឹងថា បងប្អូនផ្ទាល់ ក៏មានម្ចាស់មួយព្រះអង្គនៅស្ថានបរមសុខ ដែរ។ 2 ចូរព្យាយាមអធិស្ឋាន ហើយប្រុងស្មារតីក្នុងការអធិស្ឋាននេះ ទាំងអរព្រះគុណព្រះជាម្ចាស់ផង។ 3 ចូរទូលអង្វរព្រះជាម្ចាស់អោយយើងដែរ ដើម្បីព្រះអង្គបើកទ្វារចំហអោយយើងមានឱកាសប្រកាសព្រះបន្ទូល គឺប្រកាសអំពីគំរោងការដ៏លាក់កំបាំងរបស់ព្រះគ្រិស្ដ ដ្បិតខ្ញុំជាប់ឃុំឃាំង ព្រោះតែគំរោងការនេះឯង។ 4 សូមទូលអង្វរព្រះអង្គ អោយខ្ញុំអាចបកស្រាយយ៉ាង ច្បាស់លាស់តាមដែលខ្ញុំត្រូវនិយាយ។ 5 ចូរប្រព្រឹត្ដចំពោះ អស់អ្នកដែលមិនមែនជាគ្រិស្ដបរិស័ទ ដោយប្រើប្រាជ្ញា និង ចេះប្រើប្រាស់ពេលវេលាផង។ 6 សូមបងប្អូននិយាយពាក្យសំដីទន់ភ្លន់ជានិច្ចមានខ្លឹមសារ ដើម្បីអោយបងប្អូនអាចឆ្លើយទៅម្នាក់ៗដោយសមរម្យ។ 7 លោកទីឃីកុស ជាបងប្អូនដ៏ជាទីស្រឡាញ់របស់យើងជាអ្នកបំរើដ៏ស្មោះត្រង់ និង ជាសហការីរបស់ខ្ញុំក្នុងកិច្ចការរបស់ព្រះអម្ចាស់ នឹងជំរាបបងប្អូនអោយបានជ្រាបសព្វគ្រប់អំពីសុខទុក្ខរបស់ខ្ញុំ។ 8 ខ្ញុំចាត់គាត់អោយមករកបងប្អូន ក្នុងគោលបំណងនេះឯង គឺអោយបងប្អូនបានដឹងដំណឹងពីយើង និង អោយគាត់លើកទឹកចិត្ដបងប្អូនទៀតផង។ 9 ខ្ញុំចាត់គាត់អោយមកជាមួយលោកអូណេស៊ីម ជាបងប្អូនដ៏ស្មោះត្រង់ និង ដ៏ជាទីស្រឡាញ់ជាអ្នកដែលនៅស្រុកជាមួយបងប្អូន។ អ្នកទាំងពីរនឹងជំរាបបងប្អូនអោយជ្រាបអំពីសភាពការណ៍នៅទីនេះ។ 10 លោកអើរីស្ដាក ដែលជាប់ឃុំឃាំងជាមួយខ្ញុំ សូមជំរាបសួរមកបងប្អូន ហើយលោកម៉ាកុសដែលត្រូវជាសាច់ញាតិនឹងលោកបារណាបាស ក៏សូមជំរាបសួរមកបងប្អូនដែរ (បងប្អូនបានទទួលពាក្យផ្ដាំផ្ញើស្ដីអំពីគាត់ស្រាប់ ហើយប្រសិនបើគាត់មក សូមបងប្អូនទទួលដោយរាក់ទាក់ផង)។ 11 រីឯលោកយេស៊ូហៅយូស្ទូស ក៏សូមជំរាបសួរមកបងប្អូនផងដែរ។ ក្នុងចំណោមជនជាតិយូដា មានតែបងប្អូនបីនាក់នេះប៉ុណ្ណោះ ដែលធ្វើការសំរាប់ព្រះរាជ្យ ព្រះជាម្ចាស់ជាមួយខ្ញុំ ហើយក៏បានលើកទឹកចិត្ដខ្ញុំទៀតផង។ 12 លោកអេប៉ាប្រាសដែលនៅស្រុកជាមួយបងប្អូន ក៏សូមជំរាបសួរមកបងប្អូនដែរ។ គាត់ជាអ្នកបំរើព្រះគ្រិស្ដយេស៊ូ ហើយគាត់តែងតែតយុទ្ធសំរាប់បងប្អូនដោយអធិស្ឋាន ឥតឈប់ឈរ ដើម្បីអោយបងប្អូនមានជំហររឹងប៉ឹង បានគ្រប់លក្ខណៈ និង សុខចិត្ដធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ គ្រប់ជំពូកទាំងអស់។ 13 ខ្ញុំហ៊ានធ្វើជាសាក្សីថា គាត់បានខំប្រឹងខ្នះខ្នែងយ៉ាងខ្លាំង សំរាប់បងប្អូនសំរាប់អស់អ្នកនៅស្រុកឡៅឌីសេ និង អស់អ្នកនៅស្រុកហេរ៉ាប៉ូល។ 14 លោកគ្រូពេទ្យ លូកាដ៏ជាទីស្រឡាញ់របស់យើង និង លោកដេម៉ាស ក៏សូមជំរាបសួរមកបងប្អូនដែរ។ 15 សូមជំរាបសួរបងប្អូននៅស្រុកឡៅឌីសេ និង ជំរាបសួរនាងនឹមផាសព្រមទាំងក្រុមជំនុំដែល តែងប្រជុំគ្នានៅក្នុងផ្ទះគាត់នោះផង។ 16 ពេលណាបងប្អូនអានសំបុត្រនេះរួចហើយ សូមលៃលកយ៉ាងណាអោយ ក្រុមជំនុំនៅស្រុកឡៅឌីសេអានផង ហើយបងប្អូនក៏ត្រូវអានសំបុត្រដែលមកពីស្រុកឡៅឌីសេ ដែរ។ 17 សូមជំរាបលោកអើឃីពថា ត្រូវយកចិត្ដទុកដាក់ចំពោះមុខងារដែលលោកបានទទួលពីព្រះអម្ចាស់ គឺត្រូវបំពេញកិច្ចការនេះអោយបានល្អ។ 18 ពាក្យជំរាបសួរនេះខ្ញុំប៉ូលសរសេរដោយដៃខ្ញុំផ្ទាល់។ សូមបងប្អូនកុំភ្លេចថាខ្ញុំជាប់ឃុំឃាំង។ សូមអោយបងប្អូនបានប្រកបដោយព្រះគុណ។

1 ថេស្សាឡូនិក 1

1 យើងខ្ញុំ ប៉ូល ស៊ីលវ៉ាន និង ធីម៉ូថេសូមជំរាបមកក្រុមជំនុំ នៅក្រុងថេស្សាឡូនិក ដែលរួមជាមួយព្រះជាម្ចាស់ជាព្រះបិតា និង ជាមួយព្រះអម្ចាស់យេស៊ូគ្រិស្ដ។ សូមព្រះអង្គប្រទានព្រះគុណ និង សេចក្ដីសុខសាន្ដដល់បងប្អូន។ 2 យើងតែងតែអរព្រះគុណព្រះជាម្ចាស់ អំពីបងប្អូនទាំងអស់គ្នាជានិច្ច ហើយនៅពេលយើងអធិស្ឋាន យើងតែងនឹកគិតដល់បងប្អូនជាដរាប។ 3 នៅចំពោះព្រះភ័ក្ដ្រព្រះជាម្ចាស់ជាព្រះបិតារបស់យើង យើងនឹកចាំអំពីកិច្ចការដែលបងប្អូន បានធ្វើដោយជំនឿ អំពីការនឿយហត់ដែលបងប្អូនបំពេញ ដោយចិត្ដស្រឡាញ់ និង អំពីការស៊ូទ្រំារបស់បងប្អូន ដោយចិត្ដសង្ឃឹមលើព្រះយេស៊ូគ្រិស្ដជាអម្ចាស់នៃយើង។ 4 បងប្អូនជាទីស្រឡាញ់របស់ព្រះអម្ចាស់អើយ យើងដឹងហើយថា ព្រះអង្គបានជ្រើសរើសបងប្អូន 5 ដ្បិតយើងបាននាំដំណឹងល្អ មកជូនបងប្អូន មិនមែនត្រឹមតែដោយពាក្យសំដីប៉ុណ្ណោះទេ គឺដោយមានឫទ្ធានុភាព មានព្រះវិញ្ញាណដ៏វិសុទ្ធ និង មានចិត្ដជឿជាក់ទាំងស្រុងថែមទៀតផង។ កាលយើងនៅជាមួយបងប្អូន យើងបានប្រព្រឹត្ដយ៉ាងណា សំរាប់ជាប្រយោជន៍បងប្អូន ដូចបងប្អូនជ្រាបស្រាប់ហើយ។ 6 បងប្អូនបានយកតំរាប់តាមយើង និង យកតំរាប់តាមព្រះអម្ចាស់ គឺទោះបីបងប្អូនជួបប្រទះនឹងទុក្ខវេទនាធ្ងន់ធ្ងរយ៉ាងណាក៏ដោយ ក៏បងប្អូនបានទទួលព្រះបន្ទូលទាំងមានអំណរមកពីព្រះវិញ្ញាណដ៏វិសុទ្ធដែរ។ 7 ហេតុនេះបងប្អូនបាន ទៅជាគំរូដល់អ្នកជឿទាំងអស់នៅស្រុកម៉ាសេដូន និង ស្រុកអាខៃ 8 ដ្បិតព្រះបន្ទូលរបស់ព្រះអម្ចាស់ដែលចេញពីបងប្អូនទៅនោះ មិនត្រឹមតែលាន់ឮសុសសាយក្នុងស្រុកម៉ាសេដូន និង ស្រុកអាខៃប៉ុណ្ណោះទេ គឺជំនឿរបស់បងប្អូនលើព្រះជាម្ចាស់បានឮខ្ចរខ្ចាយទៅគ្រប់ទីកន្លែង។ ដូច្នេះ យើងមិនបាច់ និយាយអ្វីទៀតឡើយ។ 9 មនុស្សម្នារៀបរាប់អំពីរបៀបដែលបងប្អូនទទួលយើងនៅពេលយើងមក រកបងប្អូន និង អំពីរបៀបដែលបងប្អូនលះបង់ព្រះក្លែងក្លាយបែរមករកព្រះជាម្ចាស់ ដើម្បីគោរពបំរើ ព្រះអង្គដែលមានព្រះជន្មរស់ និង ជាព្រះដ៏ពិតប្រាកដ។ 10 បងប្អូនក៏ទន្ទឹងរង់ចាំព្រះបុត្រារបស់ព្រះអង្គយាងពីស្ថានបរមសុខ មក គឺព្រះយេស៊ូដែលព្រះអង្គបានប្រោសអោយមានព្រះជន្មរស់ឡើងវិញ។ ព្រះយេស៊ូនេះប្រោសយើងអោយរួចផុតពីព្រះពិរោធដែលកំពុងតែមក។

1 ថេស្សាឡូនិក 2

1 បងប្អូនអើយ បងប្អូនផ្ទាល់ ក៏ជ្រាបស្រាប់ហើយថា យើងមករកបងប្អូនមិនមែនឥតប្រយោជន៍ទេ 2 គឺក្រោយពេលយើងបានរងទុក្ខលំបាក និង ត្រូវគេជេរប្រមាថនៅក្រុងភីលីពនោះមក ដូចបងប្អូនជ្រាបស្រាប់ ព្រះជាម្ចាស់បានប្រទានអោយយើងមានចិត្ដអង់អាចប្រកាសដំណឹងល្អ របស់ព្រះអង្គដល់បងប្អូន ទោះបីត្រូវតយុទ្ធពុះពារខ្លាំងយ៉ាងណាក៏ដោយ។ 3 សេចក្ដីដែលយើងទូន្មាន មិនមែនមកពីការភាន់ច្រឡំ មកពីគោលបំណងមិនល្អ ឬ កលល្បិចណាឡើយ។ 4 មុននឹងប្រគល់មុខងារផ្សាយដំណឹងល្អមកយើងព្រះជាម្ចាស់បានល្បងមើលចិត្ដយើង យ៉ាងណាយើងក៏និយាយយ៉ាងនោះដែរ យើងមិននិយាយដើម្បីផ្គាប់ចិត្ដមនុស្សទេគឺដើម្បីអោយគាប់ព្រះហឫទ័យព្រះជាម្ចាស់ដែលល្បងមើលចិត្ដយើងនោះវិញ។ 5 បងប្អូនជ្រាបហើយថា យើងមិនដែលពោលពាក្យបញ្ចើចបញ្ចើទាល់តែសោះ យើងក៏មិនដែលធ្វើអ្វី ដោយលាក់គំនិតលោភលន់ចង់បានប្រាក់ដែរ មានព្រះជាម្ចាស់ជាសាក្សីស្រាប់។ 6 យើងពុំបានស្វែងរកកិត្ដិយសដែលមកពីមនុស្សទេ ទោះបីពីសំណាក់បងប្អូនឬពីសំណាក់អ្នកឯទៀតៗក្ដី។ 7 ក្នុងឋានៈជាសាវ័ក របស់ព្រះគ្រិស្ដ ថ្វីដ្បិតតែយើងមានសិទ្ធិបង្គាប់បញ្ជាបងប្អូនក្ដី ក៏យើងរស់ក្នុងចំណោមបងប្អូនដោយស្លូតបូតដូច មាតាបីបាច់ថែរក្សាកូនខ្ចីដែរ។ 8 ដោយយើងជាប់ចិត្ដស្រឡាញ់ បងប្អូនខ្លាំងយ៉ាងនេះ យើងមានបំណង មិនត្រឹមតែប្រគល់ដំណឹងល្អជូនបងប្អូនប៉ុណ្ណោះទេ គឺរហូតដល់ទៅស៊ូប្ដូរជីវិត សំរាប់បងប្អូនថែមទៀតផង ដ្បិតយើងស្រឡាញ់បងប្អូនខ្លាំងណាស់!។ 9 បងប្អូនអើយបងប្អូនពិតជានឹកចាំកិច្ចការដែលយើងបានធ្វើ ទាំងនឿយហត់នោះមិនខាន គឺនៅពេលយើងប្រកាសដំណឹងល្អរបស់ព្រះជាម្ចាស់ដល់បងប្អូន យើងខំធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីកុំអោយនរណាម្នាក់ក្នុងចំណោមបងប្អូនពិបាកនឹងផ្គត់ផ្គង់យើង។ 10 យើងបានរស់នៅជាមួយបងប្អូនជាអ្នកជឿ ដោយឥរិយាបថដ៏ល្អវិសុទ្ធ សុចរិត ឥតកំហុសយើងមានទាំងបងប្អូន ទាំងព្រះជាម្ចាស់ជាសាក្សីស្រាប់។ 11 បងប្អូនក៏ជ្រាបថា យើងបានប្រព្រឹត្ដចំពោះបងប្អូនម្នាក់ៗ ដូចឪពុកប្រព្រឹត្ដចំពោះកូនដែរ 12 គឺយើងបានទូន្មាន និង លើកទឹកចិត្ដបងប្អូន ហើយយើងក៏បានអង្វរករបងប្អូនអោយរស់នៅយ៉ាងសមរម្យ ស្របតាមព្រះជាម្ចាស់ ដែលបានត្រាស់ហៅបងប្អូនមកចូលរួមក្នុងព្រះរាជ្យ និង សិរីរុងរឿងរបស់ព្រះអង្គ។ 13 ហេតុនេះហើយបានជាយើងចេះតែអរព្រះគុណព្រះជាម្ចាស់ជានិច្ច ព្រោះនៅពេលដែលយើង នាំដំណឹងល្អមកជូនបងប្អូនស្ដាប់ បងប្អូនបានទទួលយក ដោយពុំចាត់ទុកថាជាពាក្យសំដីរបស់មនុស្សទេ គឺទុកដូចជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ តាមពិតជាព្រះបន្ទូលរបស់ព្រះអង្គមែន ហើយព្រះបន្ទូលនេះកំពុងតែបង្កើតផលក្នុងបងប្អូនជាអ្នកជឿ។ 14 បងប្អូនអើយបងប្អូនបានយកតំរាប់តាមក្រុមជំនុំ របស់ព្រះជាម្ចាស់នៅស្រុកយូដា ដែលរួមក្នុងអង្គព្រះគ្រិស្ដយេស៊ូនោះដែរ ដ្បិតបងប្អូនបានរងទុក្ខលំបាក ដោយជនរួមជាតិរបស់បងប្អូនធើ្វបាប ដូចអ្នកនៅស្រុកយូដាត្រូវជនជាតិយូដាធ្វើបាបដែរ។ 15 អ្នកទាំងនោះបានធ្វើគុតព្រះអម្ចាស់យេស៊ូ និង សម្លាប់ពួកព្យាការី ព្រមទាំងធ្វើទុក្ខបៀតបៀនយើងទៀតផង។ អ្នកទាំងនោះមិនគាប់ព្រះហឫទ័យព្រះជាម្ចាស់ទេ ហើយគេក៏ជាខ្មាំងសត្រូវនឹងមនុស្សលោកទាំងអស់! 16 ពួកគេបានរារាំងយើងមិនអោយប្រកាសដំណឹងល្អដល់ជាតិសាសន៍ដទៃទេ ដើម្បីកុំអោយជាតិសាសន៍ទាំងនោះទទួលការសង្គ្រោះ ធ្វើដូច្នេះ អំពើបាបរបស់ពួកគេចេះតែកើនឡើងៗ ដល់កំរិតហើយនៅទីបំផុតពួកគេនឹងត្រូវទទួលទោសមិនខាន។ 17 បងប្អូនអើយ ចំពោះយើងវិញ ទោះបីយើងនៅឆ្ងាយពីបងប្អូនមួយគ្រាក្ដី គឺនៅឆ្ងាយតែរូបកាយប៉ុណ្ណោះ ឯចិត្ដយើងនៅជាប់នឹងបងប្អូនជានិច្ច ហើយយើងខំប្រឹងប្រែងរកគ្រប់មធ្យោបាយ ដើម្បីអោយបានមកជួបបងប្អូន ព្រោះយើងចង់ឃើញមុខបងប្អូនខ្លាំងណាស់។ 18 ហេតុនេះហើយបានជាយើង គឺខ្ញុំផ្ទាល់ ប៉ូល បានរកឱកាសមកជួបមុខបងប្អូនពីរបីលើកហើយ ក៏ប៉ុន្ដែមារ សាតាំងចេះតែរារំាងដំណើរយើង។ 19 បងប្អូនហ្នឹងហើយ ដែលធ្វើអោយយើងមានសង្ឃឹមមានអំណរសប្បាយ និង មានកិត្ដិយស នាំអោយយើងបានខ្ពស់មុខនៅចំពោះព្រះភ័ក្ដ្រ ព្រះអម្ចាស់យេស៊ូនៅពេលព្រះអង្គយាងមក។ ក្រៅពីបងប្អូនគ្មានអ្នកឯណាទៀតឡើយ!។ 20 បងប្អូនពិតជាសិរីរុងរឿង និង ជាអំណររបស់យើងមែន។

1 ថេស្សាឡូនិក 3

1 ដោយយើងពុំអាចទ្រាំតទៅទៀតបានយើង ក៏សំរេចចិត្ដស្នាក់នៅក្រុងអាថែន តែគ្នាយើង 2 ហើយចាត់លោកធីម៉ូថេជាបងប្អូនរបស់យើងដែលធ្វើការរួមជាមួយព្រះជាម្ចាស់ក្នុងការប្រកាសដំណឹងល្អ របស់ព្រះគ្រិស្ដ អោយមកជួយពង្រឹង និង ដាស់តឿនបងប្អូនអោយមានជំនឿរឹងប៉ឹងឡើង 3 ដើម្បីកុំអោយមាននរណាម្នាក់ធ្លាក់ទឹកចិត្ដ ព្រោះតែទុក្ខវេទនាដែលកំពុងកើតមាននៅពេលនេះឡើយ បងប្អូនជ្រាបស្រាប់ហើយថា ព្រះជាម្ចាស់បានតំរូវអោយយើងជួបប្រទះនឹងទុក្ខវេទនាយ៉ាងនេះឯង។ 4 កាលយើងនៅជាមួយបងប្អូននៅឡើយ យើងបានជំរាបបងប្អូនរួចហើយថា យើងមុខជានឹងជួបទុក្ខវេទនា។ ទុក្ខវេទនានេះក៏កើតមានមែន ដូចបងប្អូនជ្រាបស្រាប់។ 5 ហេតុនេះ ដោយខ្ញុំពុំអាចទ្រំាតទៅទៀតបាន ខ្ញុំក៏ចាត់លោកធីម៉ូថេអោយមកយកដំណឹងអំពីជំនឿរបស់បងប្អូន ព្រោះខ្ញុំខ្លាចក្រែងលោមេល្បួងមកល្បួងបងប្អូនបាន បណ្ដាលអោយការនឿយហត់របស់យើង បែរទៅជាអសារបង់វិញ។ 6 ឥឡូវនេះ លោកធីម៉ូថេទើបនឹងវិលត្រឡប់ទៅដល់យើងវិញ ហើយគាត់បាននាំដំណឹងល្អ អំពីជំនឿ និង អំពីសេចក្ដីស្រឡាញ់របស់បងប្អូនមកប្រាប់យើង។ គាត់ប្រាប់យើងថាបងប្អូន នៅនឹកចាំពីយើងជានិច្ច ហើយមានបំណងចង់ជួបយើងវិញ យ៉ាងខ្លាំងដូចយើងចង់ជួបបងប្អូនដែរ។ 7 ហេតុនេះ បងប្អូនអើយ ជំនឿរបស់បងប្អូនបានធ្វើអោយចិត្ដ យើងបែរជាធូរស្រាលវិញ ទោះបីយើងពិបាកចិត្ដគ្រប់យ៉ាង និង មានទុក្ខវេទនាយ៉ាងណាក្ដី។ 8 ដោយបងប្អូនស្ថិតនៅខ្ជាប់ខ្ជួន ជាមួយព្រះអម្ចាស់ដូច្នេះ យើងក៏ដូចជាមានជីវិតរស់វិញដែរ។ 9 យើងពុំដឹងជារកពាក្យអ្វីមកថ្លែង អរព្រះគុណព្រះជាម្ចាស់អំពីបងប្អូននោះឡើយ ព្រោះតែបងប្អូនធ្វើអោយយើងមានអំណររីករាយ នៅចំពោះព្រះភ័ក្ដ្រព្រះជាម្ចាស់របស់យើង។ 10 ទាំងយប់ទាំងថ្ងៃ យើងទទូចសូមព្រះអង្គមេត្ដាប្រោសអោយបានឃើញមុខបងប្អូន ព្រមទាំងប្រទានអោយជំនឿរបស់បងប្អូនបានពេញលក្ខណៈ កុំបីមានចន្លោះត្រង់ណាឡើយ។ 11 សូមព្រះជាម្ចាស់ផ្ទាល់ ជាព្រះបិតារបស់យើង និង ព្រះយេស៊ូជាអម្ចាស់នៃយើងទ្រង់រៀបចំផ្លូវអោយយើងមករកបងប្អូន។ 12 សូមព្រះអម្ចាស់ប្រទានអោយបងប្អូនមានសេចក្ដីស្រឡាញ់ ដល់គ្នាទៅវិញទៅមក និង ស្រឡាញ់មនុស្សទាំងអស់ កាន់តែខ្លាំងឡើងៗ ជាអនេកដូចយើងបានស្រឡាញ់បងប្អូនដែរ។ 13 សូមព្រះអង្គប្រទានអោយចិត្ដគំនិតរបស់បងប្អូនមានជំហររឹងប៉ឹងអោយបងប្អូនបានវិសុទ្ធឥតខ្ចោះ នៅចំពោះព្រះភ័ក្ដ្រព្រះជាម្ចាស់ជាព្រះបិតារបស់យើង ក្នុងពេលព្រះយេស៊ូជាអម្ចាស់នៃយើងយាងមក ជាមួយប្រជាជនដ៏វិសុទ្ធទាំងអស់របស់ព្រះអង្គ!

1 ថេស្សាឡូនិក 4

1 បងប្អូនអើយ បងប្អូនបានរៀនពីយើងអំពីរបៀបរស់នៅ ដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់ ហើយបានប្រព្រឹត្ដតាមទៀតផង។ ដូច្នេះ នៅទីបំផុតយើងសូមអង្វរ និង សូមដាស់តឿនបងប្អូន ក្នុងព្រះនាមព្រះអម្ចាស់យេស៊ូថា សូមអោយបងប្អូនបានប្រសើរលើសនេះទៅទៀត! 2 បងប្អូនជ្រាបស្រាប់ហើយថា យើងបានទូន្មានបងប្អូនក្នុងព្រះនាមព្រះអម្ចាស់យេស៊ូយ៉ាងណា។ 3 ព្រះហឫទ័យរបស់ព្រះជាម្ចាស់ គឺអោយបងប្អូនបានវិសុទ្ធ អោយបងប្អូនចៀសវាងអំពើប្រាសចាកសីលធម៌។ 4 ម្នាក់ៗត្រូវចេះរួមរស់ជាមួយភរិយារបស់ខ្លួន ដោយវិសុទ្ធ និង ថ្លៃថ្នូរ 5 ឥតបណ្ដោយខ្លួនទៅតាមចំណង់តណ្ហា ដូចសាសន៍ដទៃដែលមិនស្គាល់ព្រះជាម្ចាស់នោះឡើយ។ 6 មិនត្រូវអោយបងប្អូនណាម្នាក់ប្រព្រឹត្ដអ្វីខុសចំពោះបងប្អូនឯទៀតៗ ឬ រំលោភលើសិទ្ធិគេក្នុងរឿងនេះឡើយ ដ្បិតព្រះអម្ចាស់នឹងដាក់ទោសអ្នកប្រព្រឹត្ដអំពើទាំងនេះ ដូចយើងបាននិយាយ និង បញ្ជាក់រួចស្រេចហើយ។ 7 ព្រះជាម្ចាស់ត្រាស់ហៅយើងមក មិនមែនអោយរស់នៅក្នុងអំពើថោកទាបនោះឡើយ គឺអោយយើងបានវិសុទ្ធវិញ។ 8 ដូច្នេះ អ្នកណាបដិសេធមិនទទួលដំបូន្មាននេះ មិនត្រឹមតែបដិសេធមិនទទួលមនុស្សប៉ុណ្ណោះទេ គឺបដិសេធមិនទទួលព្រះជាម្ចាស់ដែលបានប្រទានព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះអង្គមកបងប្អូននោះតែម្ដង។ 9 រីឯការស្រឡាញ់គ្នាជាបងប្អូនវិញ យើងមិនចាំបាច់សរសេរមកទូន្មានបងប្អូនទេ ដ្បិតបងប្អូនបានរៀនពីព្រះជាម្ចាស់អោយចេះស្រឡាញ់គ្នាទៅវិញទៅមក 10 ដូចបងប្អូនបានស្រឡាញ់បងប្អូនទាំងអស់នៅស្រុកម៉ាសេដូនទាំងមូលស្រាប់ហើយ។ ក៏ប៉ុន្ដែ បងប្អូនអើយ យើងសូមដាស់តឿនបងប្អូនថា សូមស្រឡាញ់អោយបានប្រសើរលើសនេះទៅទៀត!។ 11 ចូរយកចិត្ដទុកដាក់រស់នៅអោយបានស្រគត់ស្រគំ គិតតែពីកិច្ចការខ្លួនឯង និង ធ្វើការដោយកម្លាំងខ្លួនឯងផ្ទាល់ ដូចយើងបានផ្ដាំផ្ញើបងប្អូនរួចស្រេចហើយ។ 12 ធ្វើដូច្នេះ អ្នកដែលមិនមែនជាគ្រិស្ដបរិស័ទនឹងគោរពបងប្អូន ហើយបងប្អូនក៏លែងត្រូវការអោយគេជួយទៀតផង។ 13 បងប្អូនអើយ យើងចង់អោយបងប្អូនជ្រាបយ៉ាងច្បាស់ អំពីអស់អ្នកដែលបានស្លាប់ ផុតទៅហើយ ដើម្បីកុំអោយបងប្អូនព្រួយចិត្ដ ដូចអ្នកឯទៀតៗ ដែលគ្មានសេចក្ដីសង្ឃឹមនោះឡើយ។ 14 ប្រសិនបើយើងជឿថា ព្រះយេស៊ូពិតជាបានសោយទិវង្គត ហើយមានព្រះជន្មរស់ឡើងវិញមែន យើងក៏ជឿថា ព្រះជាម្ចាស់នឹងនាំបងប្អូនដែលបានស្លាប់ទៅហើយ អោយទៅនៅជាមួយព្រះអង្គដោយសារព្រះយេស៊ូដែរ។ 15 យើងសូមបញ្ជាក់ប្រាប់បងប្អូន តាមព្រះបន្ទូលរបស់ព្រះអម្ចាស់ថា យើងដែលមានជីវិតរស់នៅឡើយ នៅពេលព្រះអម្ចាស់យាងមក យើងមិនទៅមុនអ្នកដែលបានស្លាប់នោះទេ 16 ដ្បិតនៅពេលមានឮស្នូរជាសញ្ញាលាន់ឡើង ហើយនៅពេលឮសំឡេងមហាទេវតា និង សំឡេងត្រែរបស់ព្រះជាម្ចាស់ ព្រះអម្ចាស់ផ្ទាល់ទ្រង់នឹងយាងចុះពីស្ថានបរមសុខមក។ អស់អ្នកជឿលើព្រះគ្រិស្ដដែលបានស្លាប់ទៅនោះ នឹងរស់ឡើងវិញជាមុន 17 បន្ទាប់មក ទើបព្រះអម្ចាស់លើកយើងដែលនៅរស់នៅឡើយ អោយឡើងទៅក្នុងពពក ជាមួយបងប្អូនទាំងនោះ ដើម្បីជួបនឹងព្រះអង្គក្នុងអាកាសវេហាស៍ ហើយយើងនឹងស្ថិតនៅជាមួយព្រះអម្ចាស់រហូតតទៅ។ 18 ដូច្នេះ សូមបងប្អូនយកពាក្យទាំងនេះមកសំរាលទុក្ខគ្នាទៅវិញទៅមក។

1 ថេស្សាឡូនិក 5

1 ចំពោះពេលវេលា និង ពេលកំណត់នោះយើងមិនបាច់សរសេរមកប្រាប់បងប្អូនទេ 2 ដ្បិតបងប្អូនផ្ទាល់ជ្រាបច្បាស់ហើយថា ថ្ងៃដែលព្រះអម្ចាស់យាងមក ប្រៀបបីដូចជាចោរចូលលួចនៅពេលយប់។ 3 ពេលណាមនុស្សម្នាពោលថា "មានសន្ដិភាពហើយ! មានសន្ដិសុខហើយ!" ពេលនោះមហន្ដរាយនឹងកើតមានដល់គេមួយរំពេចពុំអាចគេចផុតបានឡើយ គឺប្រៀបបីដូចជាស្ដ្រីឈឺ ផ្ទៃមុនសំរាលកូនដែរ។ 4 រីឯបងប្អូនវិញ បងប្អូនអើយបងប្អូនមិនមែនស្ថិតនៅក្នុងសេចក្ដីងងឹត បណ្ដោយអោយថ្ងៃនោះមកដល់ដោយមិនដឹងខ្លួនដូចជាពេលចោរចូលលួចនោះឡើយ។ 5 បងប្អូនទាំងអស់គ្នាមានពន្លឺនៅក្នុងខ្លួនមានថ្ងៃនៅក្នុងខ្លួន យើងមិនមែនរស់នៅក្នុងយប់អន្ធការ និង ក្នុងសេចក្ដីងងឹតទេ។ 6 ហេតុនេះយើងមិនត្រូវដេកលក់ដូចអ្នកឯទៀតៗឡើយ ផ្ទុយទៅវិញ ត្រូវប្រុងស្មារតីហើយភ្ញាក់ខ្លួនជានិច្ច។ 7 អស់អ្នកដែលដេកលក់តែងដេកលក់នៅពេលយប់ ហើយអស់អ្នកស្រវឹងស្រាក៏តែងស្រវឹងនៅពេលយប់ដែរ។ 8 រីឯយើងដែលមានថ្ងៃនៅក្នុងខ្លួនវិញ យើងត្រូវភ្ញាក់ខ្លួនដោយយកជំនឿ និង សេចក្ដីស្រឡាញ់មកពាក់ធ្វើជាអាវក្រោះព្រមទាំងយកសេចក្ដីសង្ឃឹមលើការសង្គ្រោះមកពាក់ធ្វើជាមួកដែក 9 ដ្បិតព្រះជាម្ចាស់មិនបានតំរូវអោយយើងទទួលទោសឡើយ គឺព្រះអង្គអោយយើងទទួលការសង្គ្រោះដោយសារព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់នៃយើង 10 បានសោយទិវង្គតសំរាប់យើង ដើម្បីអោយយើងរស់រួមជាមួយព្រះអង្គ ទោះបីយើងនៅរស់ក្ដីស្លាប់ក្ដី។ 11 ដូច្នេះចូរលើកទឹកចិត្ដគ្នា និង អប់រំគ្នាទៅវិញទៅមក ដូចបងប្អូនកំពុងតែធ្វើនេះស្រាប់។ 12 បងប្អូនអើយ យើងសូមអង្វរបងប្អូនអោយចេះគោរពអស់អ្នកដែលធ្វើការនឿយហត់ ក្នុងចំណោមបងប្អូន ជាអ្នកនាំមុខបងប្អូនក្នុងមាគ៌ាព្រះអម្ចាស់ និង អប់រំបងប្អូន។ 13 ត្រូវលើកតម្លៃបងប្អូនទាំងនោះអោយបានខ្ពស់បំផុត ទាំងមានចិត្ដស្រឡាញ់ដោយយល់ដល់កិច្ចការដែលគេបំពេញនោះផង។ ត្រូវរស់នៅអោយបានសុខជាមួយគ្នា។ 14 បងប្អូនអើយយើង សូមដាស់តឿនបងប្អូនថា ចូរព្រមានអស់អ្នកដែលរស់គ្មានសណ្ដាប់ធ្នាប់ ចូរសំរាលទុក្ខអស់អ្នកដែលបាក់ទឹកចិត្ដ ជួយទ្រទ្រង់អស់អ្នកទន់ខ្សោយ និង មានចិត្ដអត់ធ្មត់ចំពោះ មនុស្សទួទៅផង។ 15 ចូរប្រយ័ត្នកុំ អោយនរណាម្នាក់ប្រព្រឹត្ដអំពើអាក្រក់តបនឹងអំពើអាក្រក់ឡើយ តែត្រូវសង្វាតធ្វើអំពើល្អជានិច្ច គឺធ្វើចំពោះបងប្អូនគ្នាឯង និង ចំពោះមនុស្សទួទៅ។ 16 ចូរមានអំណរសប្បាយជានិច្ច 17 ចូរអធិស្ឋានឥតឈប់ឈរ 18 ចូរអរព្រះគុណព្រះជាម្ចាស់គ្រប់កាលៈទេសៈទាំងអស់ ដ្បិតព្រះអង្គសព្វព្រះហឫទ័យអោយបងប្អូន ដែលរួមជាមួយព្រះគ្រិស្ដយេស៊ូធ្វើដូច្នេះឯង។ 19 កុំរារាំងសកម្មភាពរបស់ព្រះវិញ្ញាណឡើយ 20 កុំមើលងាយការថ្លែងព្រះបន្ទូល 21 ចូរពិចារណាមើលគ្រប់សេចក្ដីទាំងអស់ ហើយស្រង់យកនូវសេចក្ដីណាដែលល្អ។ 22 ត្រូវចៀសចេញអោយផុតពីអំពើអាក្រក់គ្រប់បែបយ៉ាង។ 23 សូមព្រះជាម្ចាស់ ជាប្រភពនៃសេចក្ដីសុខសាន្ដប្រោសបងប្អូនអោយបានវិសុទ្ធ ទាំងស្រុង។ សូមព្រះអង្គថែរក្សាខ្លួនបងប្អូនទាំងមូល ទាំងវិញ្ញាណ ទាំងព្រលឹង ទាំងរូបកាយអោយបានស្អាតឥត សៅហ្មងនៅថ្ងៃព្រះយេស៊ូគ្រិស្ដជាអម្ចាស់នៃយើងយាងមក។ 24 ព្រះអង្គដែលបានត្រាស់ហៅបងប្អូនមក ទ្រង់មានព្រះហឫទ័យស្មោះត្រង់ ព្រះអង្គនឹងសំរេច ការនេះជាពុំខាន។ 25 បងប្អូនអើយ សូមអធិស្ឋាន អោយយើងផង។ 26 សូមជំរាបសួរពួកបងប្អូនទាំងអស់ ដោយស្និទ្ធស្នាល។ 27 ខ្ញុំសូមអង្វរបងប្អូន ក្នុងព្រះនាមព្រះអម្ចាស់ថា សូមអានសំបុត្រនេះ អោយបងប្អូនទាំងអស់គ្នាស្ដាប់ផង។ 28 សូមអោយបងប្អូនប្រកបដោយព្រះគុណរបស់ព្រះយេស៊ូគ្រិស្ដ ជាអម្ចាស់នៃយើង។

2 ថេស្សាឡូនិក 1

1 យើងខ្ញុំ ប៉ូល ស៊ីលវ៉ាន និង ធីម៉ូថេ សូមជំរាបមកក្រុមជំនុំ នៅក្រុងថេស្សាឡូនិក ដែលរួមជាមួយព្រះជាម្ចាស់ជាព្រះបិតានៃយើង និង រួមជាមួយព្រះអម្ចាស់យេស៊ូគ្រិស្ដ ។ 2 សូមព្រះជាម្ចាស់ជាព្រះបិតា និង ព្រះអម្ចាស់យេស៊ូគ្រិស្ដប្រទានព្រះគុណ និង សេចក្ដីសុខសាន្ដដល់បងប្អូន។ 3 បងប្អូនអើយ យើងត្រូវតែអរព្រះគុណព្រះជាម្ចាស់ស្ដីអំពីបងប្អូនជានិច្ច យើងធ្វើដូច្នេះពិតជាត្រឹមត្រូវមែន ព្រោះជំនឿរបស់បងប្អូនកាន់តែចំរើនឡើង ហើយបងប្អូនក៏មានចិត្ដស្រឡាញ់គ្នាទៅវិញ ទៅមករឹតតែខ្លាំងឡើងៗដែរ។ 4 ដូច្នេះ យើងបានខ្ពស់មុខ នៅចំពោះក្រុមជំនុំ នានារបស់ព្រះជាម្ចាស់ ព្រោះតែបងប្អូន ដ្បិតបងប្អូនចេះស៊ូទ្រំា និង មានជំនឿ ទោះបីត្រូវគេធ្វើទុក្ខបៀតបៀន និង ត្រូវរងទុក្ខវេទនាគ្រប់បែបយ៉ាងក៏ដោយ។ 5 ហេតុការណ៍នេះ សអោយឃើញថា ព្រះជាម្ចាស់ទ្រង់វិនិច្ឆ័យត្រឹមត្រូវណាស់ គឺទុក្ខលំបាករបស់បងប្អូនធ្វើអោយបងប្អូនសមនឹងចូលទៅក្នុងព្រះរាជ្យ របស់ព្រះជាម្ចាស់មែន ដ្បិតបងប្អូនរងទុក្ខលំបាក ព្រោះតែព្រះរាជ្យនេះឯង។ 6 ព្រះជាម្ចាស់នឹងសំរេចការមួយដ៏ត្រឹមត្រូវ គឺព្រះអង្គនាំទុក្ខវេទនាយកមកសងពួកអ្នកដែលធ្វើ អោយបងប្អូនវេទនា 7 ហើយព្រះអង្គនឹងប្រទានអោយបងប្អូនដែលរងទុក្ខវេទនា បានសំរាកជាមួយយើង នៅពេលព្រះអម្ចាស់យេស៊ូលេចចេញពីស្ថានបរមសុខ មក ជាមួយពួកទេវតា ដ៏មានឫទ្ធានុភាព។ 8 ព្រះអង្គយាងមកក្នុងភ្លើងសន្ធោសន្ធៅ ដើម្បីធ្វើទោសអស់អ្នកដែលមិនស្គាល់ព្រះជាម្ចាស់ និង អស់អ្នកដែលមិនស្ដាប់តាមដំណឹងល្អ របស់ព្រះយេស៊ូជាអម្ចាស់នៃយើង។ 9 ពួកគេនឹងទទួលទោស គឺត្រូវវិនាសអន្ដរាយអស់កល្បជានិច្ច។ ពួកគេនៅឆ្ងាយពីព្រះភ័ក្ដ្រព្រះអម្ចាស់ និង ឆ្ងាយពីឥទ្ធិឫទ្ធិប្រកបដោយសិរីរុងរឿងរបស់ព្រះអង្គ។ 10 នៅថ្ងៃនោះ ពេលព្រះអង្គយាងមក ប្រជាជនដ៏វិសុទ្ធ នឹងលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ហើយអស់អ្នកដែលជឿក៏នាំគ្នាស្ងើចសរសើរព្រះអង្គដែរ។ ចំពោះបងប្អូនវិញ បងប្អូនបានជឿសក្ខីភាពរបស់យើង។ 11 ហេតុនេះហើយបានជាយើងចេះតែអធិស្ឋានអោយបងប្អូនជានិច្ច សូមព្រះជាម្ចាស់ នៃយើងប្រទានអោយបងប្អូនរស់នៅបានសមនឹងការត្រាស់ហៅរបស់ព្រះអង្គ។ សូមព្រះអង្គប្រទានអោយបងប្អូនអាចបំពេញបំណងដ៏ល្អគ្រប់យ៉ាង និង អោយជំនឿរបស់បងប្អូនបង្កើតផលបានបរិបូណ៌ ដោយសារឫទ្ធានុភាពរបស់ព្រះអង្គ។ 12 ដូច្នេះព្រះនាមរបស់ព្រះយេស៊ូជាអម្ចាស់នៃយើង មានសិរីរុងរឿងនៅក្នុងបងប្អូន ហើយបងប្អូនក៏មានសិរីរុងរឿងក្នុងព្រះអង្គដោយសារព្រះគុណរបស់ព្រះជាម្ចាស់នៃយើង និង ព្រះអម្ចាស់យេស៊ូគ្រិស្ដដែរ។

2 ថេស្សាឡូនិក 2

1 បងប្អូនអើយ ចំពោះពេលដែលព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់នៃយើង យាងមកយ៉ាងរុងរឿង ហើយដែលយើងត្រូវជួបជុំជាមួយព្រះអង្គនោះ យើងសូមអង្វរបងប្អូនថា 2 កុំប្រញាប់ជ្រួលច្របល់ក្នុងចិត្ដ ឬ ភ័យស្លន់ស្លោដោយគ្រាន់តែឮគេថា ដល់ថ្ងៃព្រះអម្ចាស់យាងមកហើយ។ ប្រហែលជាមានអ្នកខ្លះថា ព្រះវិញ្ញាណបានបំភ្លឺអោយគេដឹង ឬថាមានពាក្យសំដី និង មានសំបុត្រណាមួយពីយើងបញ្ជាក់ដូច្នេះ។ 3 កុំអោយនរណាម្នាក់មកបញ្ឆោតបងប្អូន ដោយប្រការណាមួយបានជាដាច់ខាត ដ្បិតមុននឹងព្រះអម្ចាស់យាងមកត្រូវតែមានអ្នកជឿលះបង់ជំនឿ និង មេប្រឆាំងសាសនាដែលត្រូវវិនាសនោះ ចេញមុខមកជាមុនសិន។ 4 មេប្រឆាំងនោះលើកខ្លួនឡើង ខ្ពស់លើសអ្វីៗទាំងអស់ដែលមនុស្ស លោកគោរពថ្វាយបង្គំទុកជាព្រះ គឺរហូតដល់ទៅហ៊ានអង្គុយនៅក្នុងទីសក្ការៈរបស់ព្រះជាម្ចាស់ ហើយប្រកាសខ្លួនឯងថាជាព្រះជាម្ចាស់ថែមទៀតផង។ 5 កាលខ្ញុំនៅជាមួយបងប្អូន ខ្ញុំធ្លាប់បាននិយាយប្រាប់បងប្អូនសព្វគ្រប់ហើយ តើបងប្អូននៅចាំឬទេ? 6 ឥឡូវនេះ បងប្អូនស្គាល់អ្វីដែលឃាត់ឃាំងមេប្រឆាំងនោះ ហើយវាចេញមុខមកបាន លុះត្រាតែពេលកំណត់របស់វាមកដល់។ 7 គំរោងការលាក់កំបាំងរបស់មេប្រឆាំងសាសនា នោះមានសកម្មភាពនៅពេលនេះស្រាប់ហើយ គឺនៅចាំតែអ្វីដែលកំពុងឃាត់ឃាំងវានេះចេញទៅបាត់ប៉ុណ្ណោះ 8 វានឹងចេញមុខមក ហើយព្រះអម្ចាស់យេស៊ូនឹងបំផ្លាញវាដោយខ្យល់ ដែលចេញពីព្រះឱស្ឋរបស់ព្រះអង្គរួចហើយ នៅពេលព្រះអង្គយាងមក ព្រះអង្គនឹងជាន់កំទេចវាដោយរស្មីរុងរឿងរបស់ព្រះអង្គ។ 9 រីឯមេប្រឆាំងសាសនានោះវិញ វាមកដល់ដោយអំណាចមារ សាតាំង គឺវាសំដែងការអស្ចារ្យទីសំគាល់ និង ឫទ្ធិបាដិហារិយ៍បោកប្រាស់សព្វបែបយ៉ាង។ 10 វានឹងប្រើអំពើទុច្ចរិតគ្រប់យ៉ាង ដើម្បីបោកបញ្ឆោតអស់អ្នកដែលត្រូវវិនាសអន្ដរាយ ព្រោះគេពុំព្រមទទួលពុំព្រមស្រឡាញ់សេចក្ដីពិតដែលអាចសង្គ្រោះគេទេ។ 11 ហេតុនេះហើយបានជាព្រះជាម្ចាស់ចាត់ឥទ្ធិពលមួយមកធ្វើអោយគេវង្វេង និង អោយគេជឿលើពាក្យភូតភរ 12 ដើម្បីអោយពួកអ្នកដែលមិនព្រមជឿសេចក្ដីពិត ហើយចូលចិត្ដអំពើទុច្ចរិត ត្រូវទទួលទោស។ 13 ចំពោះយើងវិញ បងប្អូនដ៏ជាទីស្រឡាញ់របស់ព្រះអម្ចាស់អើយ យើងត្រូវតែអរព្រះគុណ ព្រះជាម្ចាស់អំពីបងប្អូនជានិច្ច ដ្បិតព្រះជាម្ចាស់បានជ្រើសរើសបងប្អូន អោយទទួលការសង្គ្រោះមុនគេដោយព្រះវិញ្ញាណប្រោសបងប្អូនអោយបានវិសុទ្ធ និង ដោយបងប្អូនមានជំនឿលើសេចក្ដីពិត។ 14 ព្រះអង្គត្រាស់ហៅបងប្អូនដោយសារដំណឹងល្អរបស់យើង ដើម្បីអោយបងប្អូនទទួលការសង្គ្រោះនេះ គឺអោយមានសិរីរុងរឿងរបស់ព្រះយេស៊ូគ្រិស្ដជាអម្ចាស់នៃយើង។ 15 ហេតុនេះបងប្អូនអើយ ចូរស្ថិតនៅអោយបានខ្ជាប់ខ្ជួន ហើយកាន់តាមសេចក្ដីដែលយើងបានទទួលយកមកបង្រៀនបងប្អូន ដោយផ្ទាល់មាត់ក្ដីឬតាមសំបុត្រក្ដី។ 16 ព្រះជាម្ចាស់ ជាព្រះបិតានៃយើង មានព្រះហឫទ័យស្រឡាញ់យើង ព្រះអង្គបានសំរាលទុក្ខយើងអស់កល្បជានិច្ច ដោយសារព្រះគុណហើយប្រទានអោយយើងមានសេចក្ដីសង្ឃឹមដ៏ល្អប្រសើរ។ សូមព្រះយេស៊ូគ្រិស្ដផ្ទាល់ជាព្រះអម្ចាស់នៃយើង និង ព្រះបិតា 17 សំរាលទុក្ខបងប្អូន ព្រមទាំងប្រទានអោយបងប្អូនមានជំហររឹងប៉ឹង ក្នុងគ្រប់កិច្ចការដែលបងប្អូនធ្វើ និង ពាក្យសំដីល្អដែលបងប្អូននិយាយ។

2 ថេស្សាឡូនិក 3

1 នៅទីបំផុត បងប្អូនអើយ សូមអធិស្ឋានអោយយើងផង ដើម្បីអោយព្រះបន្ទូលរបស់ព្រះអម្ចាស់បានផ្សព្វផ្សាយយ៉ាងឆាប់រហ័សតទៅទៀត និង បានរុងរឿងដូចនៅក្នុងចំណោមបងប្អូនដែរ។ 2 សូមអធិស្ឋានអោយយើងគេចផុតពីមនុស្សពាល ពីមនុស្សអាក្រក់ ដ្បិតមិនមែនគ្រប់គ្នាទេដែលមានជំនឿ។ 3 ព្រះអម្ចាស់មានព្រះហឫទ័យស្មោះត្រង់ ព្រះអង្គនឹងប្រោសប្រទានអោយបងប្អូនមានជំហររឹងប៉ឹង និង ការពារបងប្អូនកុំអោយធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់មេកំណាច។ 4 នៅចំពោះព្រះភ័ក្ដ្រព្រះអម្ចាស់ យើងទុកចិត្ដបងប្អូនថា បងប្អូនតែងតែប្រព្រឹត្ដតាមពាក្យរំលឹកដាស់តឿនរបស់យើង ហើយបងប្អូនក៏នឹងប្រព្រឹត្ដតាមតទៅមុខទៀតដែរ។ 5 សូមព្រះអម្ចាស់ដឹកនាំចិត្ដគំនិតបងប្អូន អោយស្រឡាញ់ព្រះជាម្ចាស់ និង មានចិត្ដស៊ូទ្រាំដែលព្រះគ្រិស្ដប្រទានអោយ។ 6 បងប្អូនអើយ យើងសូមរំលឹកដាស់តឿនបងប្អូន ក្នុងព្រះនាមព្រះយេស៊ូគ្រិស្ដជាអម្ចាស់នៃយើងថា ចូរចៀសចេញអោយឆ្ងាយពីបងប្អូនណាដែលរស់នៅដោយឥតសណ្ដាប់ធ្នាប់ ផ្ទុយនឹងរបៀបដែលយើងបានទទួលយកមកបង្រៀនបងប្អូន។ 7 បងប្អូនជ្រាបស្រាប់ហើយថា ត្រូវយកតំរាប់តាមយើងបែបណា ដ្បិតយើងពុំបានរស់នៅក្នុងចំណោមបងប្អូន ដោយឥតសណ្ដាប់ធ្នាប់នោះឡើយ 8 យើងពុំបានទទួលទានម្ហូបអាហាររបស់នរណាម្នាក់ដោយឥតបង់ប្រាក់ទេ។ យើងខំប្រឹងធ្វើការហត់នឿយ ទាំងយប់ ទាំងថ្ងៃ កុំអោយនរណាម្នាក់ពិបាកនឹងផ្គត់ផ្គង់យើង។ 9 ត្រង់នេះមិនមែនមានន័យថា យើងគ្មានសិទ្ធិនឹងអោយគេផ្គត់ផ្គង់នោះឡើយ ប៉ុន្ដែ យើងធ្វើដូច្នេះទុកជាគំរូអោយបងប្អូនយកតំរាប់តាម 10 ព្រោះកាលយើងនៅជាមួយបងប្អូន យើងបានទូន្មានបងប្អូនថា អ្នកណាមិនព្រមធ្វើការ អ្នកនោះក៏មិនត្រូវបរិភោគដែរ។ 11 យើងបានឮដំណឹងថាមានអ្នកខ្លះក្នុងចំណោមបងប្អូនរស់នៅដោយឥតសណ្ដាប់ធ្នាប់ គេហាក់ដូចជារវល់ញាប់ដៃញាប់ជើង តែឥតធ្វើការអ្វីទាល់តែសោះ។ 12 យើងសូមទូន្មាន និង សូមដាស់តឿនបងប្អូនប្រភេទនោះ ក្នុងនាមព្រះអម្ចាស់យេស៊ូគ្រិស្ដថា សូមអញ្ជើញធ្វើការអោយបានស្រួលបួលឡើង និង បរិភោគអាហារដែលបានមកពីកម្លាំងញើសខ្លួនឯងទៅ។ 13 ចំពោះបងប្អូនវិញ បងប្អូនអើយ សូមប្រព្រឹត្ដអំពើល្អកុំរសាយចិត្ដឡើយ។ 14 បើអ្នកណាមិនស្ដាប់តាមសេចក្ដីដែលយើងសរសេរក្នុងសំបុត្រនេះទេ សូមចំណាំមុខទុកហើយកុំទាក់ទងជាមួយអ្នកនោះ ដើម្បីអោយគាត់ខ្មាសគេ 15 ប៉ុន្ដែ មិនត្រូវចាត់ទុកគាត់ជាមារសត្រូវឡើយ គឺត្រូវដាស់តឿនគាត់ទុកដូចជាបងប្អូនវិញ។ 16 សូមព្រះអម្ចាស់ជាប្រភពនៃសេចក្ដីសុខសាន្ដប្រទានសេចក្ដីសុខសាន្ដគ្រប់ប្រការ មកបងប្អូនគ្រប់ពេលវេលា! សូមព្រះអម្ចាស់គង់ជាមួយបងប្អូនទាំងអស់គ្នា! 17 ពាក្យសួរសុខទុក្ខនេះខ្ញុំប៉ូលបានសរសេរដោយដៃខ្ញុំផ្ទាល់។ នេះជាហត្ថលេខាដែលខ្ញុំបានចុះ ក្នុងគ្រប់លិខិតខ្ញុំសរសេរដូច្នេះ។ 18 សូមអោយបងប្អូនទាំងអស់គ្នាបានប្រកបដោយ ព្រះគុណរបស់ព្រះយេស៊ូគ្រិស្ដជាអម្ចាស់នៃយើង!

1 ធីម៉ូថេ 1

ខ្ញុំ ប៉ូល ជាសាវ័ករបស់ព្រះគ្រិស្ដយេស៊ូ តាមបញ្ជារបស់ព្រះជាម្ចាស់ ជាព្រះសង្គ្រោះនៃយើង និង តាមបញ្ជារបស់ព្រះគ្រិស្ដយេស៊ូ ជាទីសង្ឃឹមនៃយើង 2 មកដល់ធីម៉ូថេជាកូនដ៏ពិតប្រាកដរបស់ខ្ញុំក្នុងជំនឿ។ សូមព្រះជាម្ចាស់ ជាព្រះបិតា និង ព្រះគ្រិស្ដយេស៊ូ ជាព្រះអម្ចាស់នៃយើងប្រទានព្រះគុណព្រះហឫទ័យមេត្ដាករុណា និង សេចក្ដីសុខសាន្ដដល់អ្នក។ 3 ខ្ញុំបានផ្ដែផ្ដាំអ្នក នៅពេលខ្ញុំចេញដំណើរទៅស្រុកម៉ាសេដូនរួចហើយថា ចូរស្នាក់នៅក្រុងអេភេសូនេះ ដើម្បីហាមប្រាមអ្នកខ្លះ កុំអោយបង្រៀនគោលលទ្ធិណាផ្សេងទៀតឡើយ 4 ហើយក៏កុំអោយជាប់ចិត្ដទៅលើរឿងព្រេង និង ទៅលើបញ្ជីវង្សត្រកូលដ៏វែងអន្លាយនោះដែរ។ រឿងទាំងនេះបង្កអោយតែមានការជជែកវែកញែក ជាជាងគិតអំពីគំរោងការរបស់ព្រះជាម្ចាស់ដែលយើងស្គាល់ តាមជំនឿ។ 5 ហេតុដែលខ្ញុំអោយហាមប្រាមដូច្នេះ គឺក្នុងគោលបំណងចង់អោយគេមានសេចក្ដីស្រឡាញ់ផុសចេញពីចិត្ដបរិសុទ្ធ ពីមនសិការជ្រះថ្លា និង ពីជំនឿឥតពុតត្បុត។ 6 អ្នកខ្លះបានងាកចេញពីគោលការណ៍នេះ ហើយក៏ត្រូវវង្វេងវង្វាន់និយាយពាក្យសំដីឥតខ្លឹមសារ 7 គេចង់តាំងខ្លួនជាអ្នកប្រាជ្ញខាងវិន័យ តែគេមិនយល់ទាំងពាក្យដែលខ្លួននិយាយ ទាំងសេចក្ដីដែលខ្លួនបញ្ជាក់ថាពិតនោះផង។ 8 យើងដឹងហើយថា ក្រឹត្យវិន័យ ល្អប្រសើរ លុះត្រាតែយើងប្រើតាមក្បួនខ្នាត។ 9 យើងតោងដឹងទៀតថា ក្រឹត្យវិន័យមិនមែនចែងទុក សំរាប់មនុស្សសុចរិត ទេ គឺសំរាប់មនុស្សដែលគ្មានក្រឹត្យវិន័យ មនុស្សមិនស្ដាប់បង្គាប់ មនុស្សមិនគោរពប្រណិប័តន៍ព្រះជាម្ចាស់ មនុស្សបាប ពួកអ្នកបំផ្លាញ និង ប្រមាថទីសក្ការៈ ពួកអ្នកសម្លាប់ឪពុកម្ដាយ សម្លាប់គេ 10 ពួកប្រាសចាកសីលធម៌ ពួករួមសង្វាសនឹងភេទដូចគ្នាពួកឈ្មួញមនុស្ស ពួកកុហក ពួកស្បថបំពាន និង ពួកអ្នកដែលប្រព្រឹត្ដអ្វីៗប្រឆាំងនឹងសេចក្ដីប្រៀនប្រដៅដ៏ត្រឹមត្រូវ 11 ស្របតាមដំណឹងល្អ ស្ដីអំពីព្រះជាម្ចាស់ប្រកបដោយសិរីរុងរឿង និង សុភមង្គលជាដំណឹងល្អ ដែលព្រះអង្គបានផ្ញើទុកនឹងខ្ញុំ។ 12 ខ្ញុំសូមអរព្រះគុណព្រះគ្រិស្ដយេស៊ូ ជាអម្ចាស់នៃយើង ដែលបានប្រទានកម្លាំងមកខ្ញុំ ទ្រង់បានរាប់ខ្ញុំជាមនុស្សគួរអោយទុកចិត្ដ ហើយតែងតាំងខ្ញុំអោយបំរើព្រះអង្គ។ 13 ទោះបីពីដើមខ្ញុំធ្លាប់ប្រមាថ បៀតបៀន និង ប្រព្រឹត្ដអំពើឃោរឃៅក៏ដោយ ក៏ព្រះអង្គមានព្រះហឫទ័យមេត្ដាករុណាដល់ខ្ញុំដែរ ព្រោះកាលណោះ ខ្ញុំគ្មានជំនឿ ហើយមិនយល់កិច្ចការដែលខ្ញុំប្រព្រឹត្ដ។ 14 ប៉ុន្ដែ ព្រះគុណរបស់ព្រះអម្ចាស់នៃយើងមានច្រើនពន់ប្រមាណ ទ្រង់ប្រោសអោយខ្ញុំមានជំនឿ និង មានសេចក្ដីស្រឡាញ់ ដោយរួមក្នុងអង្គព្រះគ្រិស្ដយេស៊ូ។ 15 ពាក្យនេះគួរអោយជឿ ហើយសមនឹងទទួលយកទាំងស្រុង គឺថាព្រះគ្រិស្ដយេស៊ូបានយាងមកក្នុងពិភពលោកដើម្បីសង្គ្រោះមនុស្សបាបដូចរូបខ្ញុំនេះជាអាទិ។ 16 ព្រះជាម្ចាស់ទ្រង់មានព្រះហឫទ័យមេត្ដាករុណាចំពោះខ្ញុំដូច្នេះ ដើម្បីអោយព្រះគ្រិស្ដយេស៊ូសំដែងព្រះហឫទ័យអត់ធ្មត់គ្រប់ចំពូក ដល់ខ្ញុំមុនគេ និង អោយខ្ញុំធ្វើជាគំរូដល់អស់អ្នកដែលនឹងជឿលើព្រះអង្គ ហើយទទួលជីវិតអស់កល្បជានិច្ច។ 17 សូមអោយព្រះមហាក្សត្រ ដែលគង់នៅអស់កល្បជានិច្ច ជាព្រះជាម្ចាស់តែមួយព្រះអង្គ មានព្រះជន្មមិនចេះសាបសូន្យ ដែលមនុស្សមើលពុំឃើញ បានប្រកបដោយព្រះកិត្ដិនាម និង សិរីរុងរឿង អស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន! 18 ធីម៉ូថេ កូនសំឡាញ់អើយខ្ញុំសូមផ្ដាំផ្ញើមកអ្នកស្របតាមព្រះបន្ទូលដែលគេថ្លែងទុកអំពីអ្នកស្រាប់។ ចូរពឹងផ្អែកលើព្រះបន្ទូលនេះ ដើម្បីពុះពារតយុទ្ធអោយបានល្អប្រសើរ 19 ដោយមានជំនឿ និង មានមនសិការល្អ។ អ្នកខ្លះលែងមានមនសិការល្អបែបនេះ បណ្ដាលអោយជំនឿរបស់គេលិចលង់។ 20 ក្នុងចំណោមអ្នកទាំងនោះ មានហ៊ីមេនាស និង អលេក្សានត្រុសជាដើម។ ខ្ញុំបានប្រគល់ពួកគេ ទៅក្នុងកណ្ដាប់ដៃរបស់មារសាតាំង ដើម្បីអោយគេរៀនឈប់ប្រមាថព្រះជាម្ចាស់ទៀត។

1 ធីម៉ូថេ 2

1 ជាបឋម ខ្ញុំសូមផ្ដែផ្ដាំអោយគេទូលសូមព្រះជាម្ចាស់អធិស្ធាន និង អង្វរព្រះអង្គទាំងអរព្រះគុណ សំរាប់មនុស្សទាំងអស់ផង។ 2 ត្រូវទូលអង្វរសំរាប់ស្ដេច និង អ្នកកាន់អំណាចគ្រប់ៗរូប ដើម្បីអោយយើងរស់នៅបានសុខក្សេមក្សាន្ដ គ្មានចលាចល ទាំងគោរពប្រណិប័តន៍ព្រះជាម្ចាស់អស់ពីចិត្ដ និង មានជីវិតថ្លៃថ្នូរ។ 3 នេះហើយជាការល្អ និង គាប់ព្រះហឫទ័យព្រះជាម្ចាស់ ជាព្រះសង្គ្រោះរបស់យើង 4 ដែលទ្រង់សព្វព្រះហឫទ័យអោយមនុស្សទាំងអស់ បានទទួលការសង្គ្រោះ និង បានស្គាល់សេចក្ដីពិតយ៉ាងច្បាស់ 5 ដ្បិតមានព្រះជាម្ចាស់តែមួយ មានស្ពានមេត្រីតែមួយរវាងព្រះជាម្ចាស់ និង មនុស្សលោក គឺព្រះគ្រិស្ដយេស៊ូដែលជាមនុស្ស។ 6 ព្រះអង្គបានបូជាព្រះជន្ម ដើម្បីលោះមនុស្សទាំងអស់។ នេះជាសក្ខីភាពមួយ ដែលព្រះអង្គបានបង្ហាញនៅពេលកំណត់។ 7 ព្រះអង្គបានតែងតាំងខ្ញុំអោយប្រកាសសក្ខីភាពនេះ អោយខ្ញុំធ្វើជាសាវ័ក និង ធ្វើជាគ្រូអប់រំសាសន៍ដទៃអំពីជំនឿ និង អំពីសេចក្ដីពិត។ ខ្ញុំនិយាយពិត ឥតកុហកទេ។ 8 ហេតុនេះហើយបានជានៅគ្រប់ទីកន្លែង ខ្ញុំចង់អោយបុរសៗអធិស្ឋាន ទាំងលើកដៃឡើងលើដោយចិត្ដបរិសុទ្ធ ឥតមានកំហឹង ឬ ប្រកែកគ្នាឡើយ។ 9 ខ្ញុំក៏ចង់អោយស្រ្តីៗស្លៀកពាក់បែបសមរម្យ រាបសាមិនសង្ហារ។ នាងមិនត្រូវតែងខ្លួន ដោយក្រងសក់អោយឆើតឆាយហួស ឬ ដោយពាក់មាសពេជ្រ និង គ្រឿងអលង្ការថ្លៃៗឡើយ 10 តែត្រូវតុបតែងខ្លួន ដោយប្រព្រឹត្ដអំពើល្អ អោយបានសមរម្យជាស្ដ្រីដែលគោរពប្រណិប័តន៍ព្រះជាម្ចាស់វិញ។ 11 ពេលរៀនព្រះគម្ពីរស្ដ្រីៗត្រូវនៅស្ងៀម ហើយស្ដាប់បង្គាប់ទាំងស្រុង។ 12 ខ្ញុំមិនអនុញ្ញាតអោយស្ដ្រីណាបង្រៀនឬត្រួតត្រាលើប្ដីឡើយ គឺអោយនាងនៅស្ងៀមវិញ 13 ដ្បិតព្រះជាម្ចាស់បានបង្កើតលោកអដំាជាមុន រួចបង្កើតនាងអេវ៉ាតាមក្រោយ។ 14 មិនមែនលោកអដំាទេដែលចាញ់បោក គឺនាងអេវ៉ាវិញទេតើ ដែលចាញ់បោកទាំងរំលោភលើបញ្ញត្ដិរបស់ព្រះជាម្ចាស់ទៀតផង។ 15 ក៏ប៉ុន្ដែ ព្រះអង្គសង្គ្រោះស្ដ្រី មកពីនាងបង្កើតកូនហើយលុះត្រាតែនាងមានជំនឿខ្ជាប់ខ្ជួន មានចិត្ដស្រឡាញ់ មានកិរិយាវិសុទ្ធ និង សុភាពរាបសាផង។

1 ធីម៉ូថេ 3

1 ពាក្យនេះគួរអោយជឿ គឺថា ប្រសិនបើបងប្អូនណាម្នាក់ ចង់បានមុខងារជាអភិបាលគាត់មានបំណងបំពេញមុខងារដ៏ប្រសើរហើយ។ 2 អ្នកអភិបាលត្រូវមានគុណសម្បត្ដិល្អឥតខ្ចោះ ត្រូវមានភរិយាតែមួយប៉ុណ្ណោះ មិនស្រវឹងស្រា មានចិត្ដធ្ងន់មានកិរិយាមារយាទល្អ ចេះទទួលភ្ញៀវ ចេះបង្រៀន 3 មិនចំណូលស្រា មិនចេះឈ្លោះប្រកែក គឺមានចិត្ដសប្បុរស មិនចេះរករឿងមិនស្រឡាញ់ប្រាក់ឡើយ។ 4 គាត់ត្រូវចេះមើលខុស្រតូវលើក្រុមគ្រួសាររបស់គាត់ផ្ទាល់ ព្រមទាំងអោយកូនចៅរបស់គាត់ចេះស្ដាប់បង្គាប់ និង មានកិរិយាថ្លៃថ្នូរទាំងស្រុង 5 ព្រោះថា ប្រសិនបើមនុស្សម្នាក់មិនចេះមើលខុសត្រូវលើក្រុមគ្រួសាររបស់ខ្លួនផង ធ្វើម្ដេចនឹងអោយគាត់មើលខុសត្រូវលើក្រុមជំនុំ របស់ព្រះជាម្ចាស់កើត!។ 6 មិនត្រូវអោយអ្នកដែលទើបនឹងជឿធ្វើជាអភិបាលឡើយ ក្រែងលោគាត់អួតបំប៉ោង ហើយទៅជាមានទោសដូចមារ ។ 7 មួយវិញទៀត អ្នកអភិបាលត្រូវតែមានកេរ្ដិ៍ឈ្មោះល្អពីសំណាក់អស់អ្នក ដែលមិនមែនជាគ្រិស្ដបរិស័ទផងដែរក្រែងគេប្រមាថមើលងាយ ហើយធ្លាក់ទៅក្នុងអន្ទាក់របស់មារ។ 8 រីឯអ្នកជំនួយ វិញ ក៏ដូច្នោះដែរ ត្រូវតែមានកិរិយាថ្លៃថ្នូរ និយាយពាក្យសច្ចៈមិនចំណូលស្រាជ្រុល មិនរកប្រាក់តាមរបៀបថោកទាប។ 9 គាត់ត្រូវកាន់តាមជំនឿ ដែលព្រះជាម្ចាស់បានសំដែងអោយស្គាល់ ដោយមនសិការបរិសុទ្ធ។ 10 ត្រូវល្បងមើលចិត្ដគេជាមុនសិន ប្រសិនបើមិនឃើញមានទាស់ត្រង់ណាទេនោះ ទុកអោយគេបំពេញមុខងារជាអ្នកជំនួយទៅចុះ។ 11 ចំពោះស្ដ្រីៗវិញក៏ដូច្នោះដែរ ត្រូវតែមានកិរិយាថ្លៃថ្នូរ មិនចេះនិយាយដើមគេ មិនស្រវឹងស្រា និង មានចិត្ដស្មោះត្រង់ក្នុងគ្រប់កិច្ចការទាំងអស់។ 12 អ្នកជំនួយត្រូវមានភរិយាតែមួយប៉ុណ្ណោះ ហើយចេះមើលខុសត្រូវកូនចៅ និង ក្រុមគ្រួសាររបស់ខ្លួនឯងផ្ទាល់ផង 13 ដ្បិតបងប្អូនណាបំពេញមុខងារជាអ្នកជំនួយបានល្អ នឹងបានទទួលកិត្ដិយស ព្រមទាំងមានចិត្ដអង់អាចមុះមុត ដោយអាងលើជំនឿក្នុងអង្គព្រះគ្រិស្ដយេស៊ូ។ 14 ខ្ញុំសរសេរសំបុត្រនេះ ទាំងសង្ឃឹមថានឹងបានមកជួបអ្នកក្នុងពេលឆាប់ៗ 15 ក៏ប៉ុន្ដែ បើខ្ញុំក្រមកដល់សំបុត្រនេះនឹងជួយអ្នកអោយដឹងថា ត្រូវប្រព្រឹត្ដយ៉ាងណាៗ ក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ គឺក្នុងក្រុមជំនុំ របស់ព្រះដ៏មានព្រះជន្មរស់។ ក្រុមជំនុំនេះជាសសរ និង ជាគ្រឹះទ្រទ្រង់សេចក្ដីពិត។ 16 ពិត​ប្រាកដ​ជា​សេចក្តី​អាថ៌កំបាំង​របស់​សាសនា​នៃ​យើង នោះ​ជ្រាល​ជ្រៅ​ណាស់ គឺ​ដែល​ព្រះ​បាន​លេច​មក​ក្នុង​សាច់​ឈាម បាន​រាប់​ជា​សុចរិត​ដោយ​ព្រះវិញ្ញាណ ពួក​ទេវតា​បាន​ឃើញ​ទ្រង់ មនុស្ស​បាន​ប្រកាស​ប្រាប់​ពី​ទ្រង់​ដល់​ពួក​សាសន៍​ដ៏ទៃ មាន​គេ​ជឿ​ដល់​ទ្រង់​ក្នុង​លោកីយ៍​នេះ រួច​ព្រះ​បាន​លើក​ទ្រង់​ឡើង​ទៅ​ក្នុង​សិរីល្អ​វិញ។

1 ធីម៉ូថេ 4

1 ព្រះវិញ្ញាណមានព្រះបន្ទូលយ៉ាងច្បាស់ថា នៅគ្រាចុងក្រោយ នឹងមានអ្នកខ្លះបោះបង់ចោលជំនឿ ទៅជាប់ចិត្ដនឹងវិញ្ញាណបោកបញ្ឆោត ហើយទៅជាប់ចិត្ដនឹងសេចក្ដីប្រៀនប្រដៅរបស់អារក្ស។ 2 គេចាញ់បោកពុតត្បុតរបស់មេបោកប្រាស់។ មនសិការរបស់អ្នកទាំងនោះជាប់ជាខ្ញុំបំរើរបស់អារក្ស។ 3 ពួកគេហាមប្រាមមិនអោយយកប្ដីប្រពន្ធ មិនអោយបរិភោគអាហារខ្លះដែលព្រះជាម្ចាស់បានបង្កើតមក ដើម្បីអោយអ្នកជឿដែលស្គាល់សេចក្ដីពិតបរិភោគ ទាំងអរព្រះគុណ។ 4 អ្វីៗដែលព្រះជាម្ចាស់បានបង្កើតមកសុទ្ធតែល្អទាំងអស់ មិនត្រូវចោលណាមួយឡើយ គឺត្រូវទទួលទាំងអរព្រះគុណវិញ 5 ដ្បិតព្រះបន្ទូលរបស់ព្រះជាម្ចាស់ និង ពាក្យអរព្រះគុណ បានធ្វើអោយអាហារទាំងអស់ទៅជាវិសុទ្ធហើយ។ 6 បើអ្នកយកសេចក្ដីទាំងនេះ ទៅពន្យល់បងប្អូន នោះអ្នកពិតជាបំរើព្រះគ្រិស្ដយេស៊ូយ៉ាងល្អប្រសើរ ស្របតាមការអប់រំអំពីជំនឿ និង សេចក្ដីបង្រៀនដ៏ត្រឹមត្រូវដែលអ្នកបានខិតខំរៀនយ៉ាងដិតដល់នោះមែន។ 7 កុំរវីរវល់នឹងរឿងព្រេងដ៏ឥតខ្លឹមសាររបស់យាយចាស់ៗឡើយ តែត្រូវហាត់គោរពប្រណិប័តន៍ ព្រះជាម្ចាស់វិញ។ 8 ការហាត់ប្រាណមានប្រយោជន៍តែបន្ដិចបន្ដួចប៉ុណ្ណោះ រីឯការគោរពប្រណិប័តន៍ព្រះជាម្ចាស់វិញ មានប្រយោជន៍គ្រប់ចំពូកទាំងអស់ ហើយផ្ដល់ជីវិតនាបច្ចុប្បន្នកាល និង ជីវិតទៅអនាគតកាល តាមព្រះបន្ទូលសន្យា។ 9 ពាក្យដូចតទៅនេះគួរអោយជឿ សមនឹងទទួលយកទាំងស្រុង គឺថាៈ 10 យើងធ្វើការនឿយហត់យើងខំប្រឹងតយុទ្ធ មកពីយើងសង្ឃឹមលើព្រះជាម្ចាស់ដ៏មានព្រះជន្មរស់ ព្រះអង្គជាព្រះសង្គ្រោះរបស់មនុស្សលោកទាំងអស់ ជាពិសេសរបស់អ្នកជឿ។ 11 អ្នកត្រូវដាស់តឿន និង បង្រៀនសេចក្ដីទាំងនេះ។ 12 កុំបណ្ដោយអោយនរណាមើលងាយអ្នក ព្រោះអ្នកនៅក្មេង ផ្ទុយទៅវិញ ក្នុងការនិយាយស្ដីក្ដី កិរិយាមារយាទក្ដី ចិត្ដស្រឡាញ់ក្ដី ជំនឿក្ដី និង ចិត្ដបរិសុទ្ធក្ដី ត្រូវធ្វើជាគំរូដល់អស់អ្នកជឿ។ 13 ចូរឧស្សាហ៍អានគម្ពីរឧស្សាហ៍ដាស់តឿន និង បង្រៀនបងប្អូនកុំខាន ទំរំាខ្ញុំមកដល់។ 14 កុំធ្វេសប្រហែសនឹងព្រះអំណោយទាន ដែលស្ថិតនៅក្នុងអ្នក គឺជាព្រះអំណោយទាន ដែលអ្នកបានទទួល ដោយពាក្យដែលគេបានថ្លែងប្រាប់ក្នុងនាមព្រះអម្ចាស់ និង ដោយក្រុមព្រឹទ្ធាចារ្យ បានដាក់ដៃ លើ 15 ត្រូវយកចិត្ដទុកដាក់បំពេញមុខងារនេះ និង ព្យាយាមតទៅមុខទៀតដើម្បីអោយគ្រប់គ្នាឃើញថា អ្នកពិតជាបានចំរើនឡើងមែន។ 16 ត្រូវប្រយ័ត្នប្រយែងលើខ្លួនឯង ប្រយ័ត្នប្រយែងនឹងសេចក្ដីដែលអ្នកបង្រៀន ដោយព្យាយាមធ្វើដូច្នេះ អ្នកនឹងសង្គ្រោះទាំងខ្លួនអ្នកផង ទាំងបងប្អូនដែលស្ដាប់អ្នកផង។

1 ធីម៉ូថេ 5

1 កុំស្ដីបន្ទោសមនុស្សចាស់តឹងរ៉ឹងពេក តែត្រូវទូន្មានគាត់ទុកដូចជាឪពុក ត្រូវទូន្មានក្មេងៗទុកដូចជាប្អូន 2 ទូន្មានស្ដ្រីចាស់ៗទុកដូចជាម្ដាយ និង ស្ដ្រីក្មេងៗទុកដូចជាប្អូន ដោយចិត្ដបរិសុទ្ធទាំងស្រុង។ 3 ត្រូវជួយស្ដ្រីមេម៉ាយ ណាដែលគ្មានទីពឹង។ 4 ប្រសិនបើស្ដ្រីមេម៉ាយណាមានកូន ឬ មានចៅ ត្រូវអោយកូនចៅទាំងនោះរៀនបំពេញករណីយកិច្ចរបស់ខ្លួនចំពោះក្រុមគ្រួសារ និង ចេះសងគុណឪពុកម្ដាយធ្វើដូច្នេះ ទើបបានគាប់ព្រះហឫទ័យព្រះជាម្ចាស់។ 5 ចំពោះស្ដ្រីមេម៉ាយណាដែលគ្មានទីពឹង រស់នៅតែម្នាក់ឯង ស្ដ្រីមេម៉ាយនោះសង្ឃឹមលើព្រះជាម្ចាស់ ហើយព្យាយាមទូលអង្វរ និង អធិស្ឋាន ទាំងយប់ទាំងថ្ងៃ។ 6 រីឯស្ដ្រីមេម៉ាយណាដែលគិតតែពីស្រើបស្រាល ថ្វីដ្បិតតែនៅរស់ក៏ដោយ ក៏ហាក់ដូច ជាស្លាប់ដែរ។ 7 អ្នកត្រូវដាស់តឿននាងតាមសេចក្ដីទាំងនេះ ដើម្បីកុំអោយនាងមានកំហុស។ 8 អ្នកណាមិនរវល់ថែទាំសាច់ញាតិរបស់ខ្លួនជាពិសេស មិនថែទាំអ្នកដែលនៅក្នុងក្រុមគ្រួសាររបស់ខ្លួនផ្ទាល់ អ្នកនោះបានក្បត់ជំនឿរបស់ខ្លួន ហើយអាក្រក់ជាងអ្នកមិនជឿទៅទៀត។ 9 ស្ដ្រីដែលអ្នកត្រូវរាប់បញ្ចូលទៅក្នុងបញ្ជីស្ដ្រីមេម៉ាយ តោងមានអាយុពីហុកសិបឆ្នំាឡើងទៅ ហើយធ្លាប់មានប្ដីតែមួយប៉ុណ្ណោះ។ 10 គាត់ត្រូវមានឈ្មោះថាបានប្រព្រឹត្ដអំពើល្អ គឺបានអប់រំចិញ្ចឹមកូនចៅ បានទទួលភ្ញៀវបានលាងជើងជូនប្រជាជនដ៏វិសុទ្ធ បានជួយធុរៈអ្នកដែលមានទុក្ខលំបាក និង យកចិត្ដទុកដាក់ ប្រព្រឹត្ដអំពើល្អសព្វបែបយ៉ាង។ 11 ចំពោះស្ដ្រីមេម៉ាយដែលនៅក្មេងវិញ កុំចុះក្នុងបញ្ជីឡើយ ដ្បិតនៅពេលដែលនាងស្រើបស្រាលចង់បានប្ដីទៀតនោះ នាងមុខជាដាច់ចេញពីព្រះគ្រិស្ដមិនខាន 12 ហើយបណ្ដាលអោយខ្លួនមានទោស ដោយផ្ដាច់ពាក្យដែលខ្លួនបានសន្យាពីមុន។ 13 មួយវិញទៀត ពួកនាងមិនធ្វើការអ្វីទេ គឺមានទម្លាប់ដើរពីផ្ទះមួយទៅផ្ទះមួយ។ ពួកនាងមិនគ្រាន់តែអត់ធ្វើអ្វីប៉ុណ្ណោះទេ គឺថែមទាំងនិយាយប៉ប៉ាច់ប៉ប៉ោច និយាយបេះបួយ និង និយាយពីការផ្សេងៗដែលមិនត្រូវនិយាយ។ 14 ហេតុនេះ ខ្ញុំចង់អោយស្ដ្រីមេម៉ាយ ដែលនៅក្មេងរៀបការសាជាថ្មីអោយមានកូនចៅ និង មើលការខុសត្រូវក្នុងផ្ទះរបស់ខ្លួនទៅ ដើម្បីកុំអោយអ្នកប្រឆាំងមានឱកាសចាប់កំហុសបានឡើយ 15 ដ្បិតមាននាងខ្លះបានឃ្លាតចាកពីមាគ៌ាល្អ បែរទៅតាមមារ សាតាំងរួចទៅហើយ។ 16 ប្រសិនបើស្ដ្រីម្នាក់ដែលជាអ្នកជឿ មានស្ដ្រីមេម៉ាយខ្លះក្នុងក្រុមញាតិរបស់គាត់ គាត់ត្រូវជួយទំនុកបំរុងនាងទាំងនោះផង មិនត្រូវទុកអោយក្រុមជំនុំ ពិបាកផ្គត់ផ្គង់នាងឡើយ ធ្វើដូច្នេះ ក្រុមជំនុំអាចនឹងជួយទំនុកបំរុងស្ដ្រីមេម៉ាយដែលគ្មានទីពឹង។ 17 ព្រឹទ្ធាចារ្យ ទាំងឡាយណា នាំមុខក្រុមជំនុំបានល្អប្រពៃ ត្រូវលើកកិត្ដិយសគាត់មួយទ្វេជាពីរជាពិសេសចំពោះព្រឹទ្ធាចារ្យណាដែលនឿយហត់ប្រកាសព្រះបន្ទូល និង បង្រៀនគេ 18 ដ្បិតមានចែងទុកក្នុងគម្ពីរថា «កុំឃ្លុំមាត់គោនៅពេលបញ្ជាន់ស្រូវឡើយ» ហើយ«កម្មករត្រូវតែទទួលប្រាក់ឈ្នួល»។ 19 បើមានគេចោទប្រកាន់ព្រឹទ្ធាចារ្យណាម្នាក់ កុំទទួលពាក្យចោទរបស់គេអោយសោះ លើកលែងតែមានសាក្សីពីរ ឬ បីនាក់។ 20 បើមានបងប្អូនណាប្រព្រឹត្ដអំពើបាប ចូរបន្ទោសអ្នកទាំងនោះនៅមុខគេឯងទាំងអស់គ្នា ដើម្បីអោយបងប្អូនឯទៀតៗខ្លាចដែរ។ 21 ខ្ញុំសុំអង្វរអ្នក នៅចំពោះព្រះភ័ក្ដ្រព្រះជាម្ចាស់នៅចំពោះព្រះភ័ក្ដ្រព្រះគ្រិស្ដយេស៊ូ និង នៅចំពោះមុខទេវតា ដែលព្រះអង្គបានជ្រើសរើសថាចូរធ្វើតាមពាក្យដែលខ្ញុំផ្ដែផ្ដាំទាំងនេះ ដោយឥតកាន់ជើង ឬ រើសមុខបងប្អូនណាឡើយ។ 22 កុំប្រញាប់ដាក់ដៃតែងតាំងអ្នកណាម្នាក់ពេក ដើម្បីកុំអោយចូលរួមក្នុងអំពើបាបរបស់អ្នកដទៃ។ ចូររក្សាខ្លួនអោយបានបរិសុទ្ធ ។ 23 កុំពិសាតែទឹកទៀតឡើយ ចូរពិសាស្រាខ្លះៗផងទៅ ដើម្បីអោយស្រួលរំលាយអាហារ ព្រោះអ្នកមានជំងឺជាញឹកញាប់។ 24 អំពើបាបរបស់អ្នកខ្លះបានលេចមកអោយគេឃើញច្បាស់ មុនពេលវិនិច្ឆ័យទោស តែអំពើបាបរបស់អ្នកខ្លះទៀតនឹងលេចមកនៅពេលក្រោយ។ 25 រីឯអំពើល្អក៏នឹងលេចមកអោយគេឃើញយ៉ាងច្បាស់ដូច្នោះដែរ ហើយសូម្បីតែអំពើល្អដែលមិនទាន់លេចមក ក៏ពុំអាចនៅលាក់កំបាំងបានឡើយ។

1 ធីម៉ូថេ 6

1 ចំពោះបងប្អូនដែលជាទាសករ ត្រូវគោរពម្ចាស់របស់ខ្លួន ទុកដូចជាមនុស្សដែលសមនឹងទទួលកិត្ដិយសគ្រប់យ៉ាង ដើម្បីកុំអោយនរណាម្នាក់និយាយមួលបង្កាច់ព្រះនាមនៃព្រះជាម្ចាស់ និង មួលបង្កាច់សេចក្ដីបង្រៀនរបស់យើងបានឡើយ។ 2 បងប្អូនទាំងឡាយណាមានម្ចាស់ជាអ្នកជឿ មិនត្រូវធ្វេសប្រហែសក្នុងការគោរពគាត់ ដោយយល់ថាគាត់ជាបងប្អូននោះឡើយ ផ្ទុយទៅវិញ ត្រូវបំរើម្ចាស់ទាំងនោះអោយរឹតតែប្រសើរឡើងថែមទៀត ដោយយល់ថា អ្នកដែលទទួលការបំរើដ៏ល្អនេះ គឺជាអ្នកជឿ និង ជាបងប្អូនដ៏ជាទីស្រឡាញ់។ អ្នកត្រូវបង្រៀន និង ដាស់តឿនគេតាមសេចក្ដីទាំងនេះ។ 3 ប្រសិនបើមាននរណាម្នាក់បង្រៀនសេចក្ដីណាផ្សេង ហើយមិនយកចិត្ដទុកដាក់នឹងព្រះបន្ទូលដ៏ត្រឹមត្រូវរបស់ព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់នៃយើង និង មិនយកចិត្ដទុកដាក់នឹងសេចក្ដីបង្រៀន ស្របតាមការគោរពប្រណិប័តន៍ព្រះជាម្ចាស់ទេនោះ 4 អ្នកនោះជាមនុស្សអួតបំប៉ោង គ្មានដឹងអ្វីទាំងអស់។ គេដូចជាមានជំងឺ ចេះតែជជែកវែកញែក និង ឈ្លោះប្រកែកអំពីពាក្យពេចន៍។ ការទាំងនេះបង្កអោយតែមានការច្រណែនឈ្នានីស ការបាក់បែកការជេរប្រមាថ ការមិនទុកចិត្ដគ្នា 5 និង នាំអោយអស់អ្នកដែលមានគំនិតខូច គ្មានសេចក្ដីពិតក្នុងខ្លួន ជជែកតវ៉ាមិនចេះចប់មិនចេះហើយ។ ពួកគេចាត់ទុកថាការគោរពប្រណិប័តន៍ព្រះជាម្ចាស់ ជាមធ្យោបាយរកទ្រព្យសម្បត្ដិ។ 6 ចំពោះអ្នកដែលចេះស្កប់ចិត្ដនឹងអ្វីដែលខ្លួនមាន ការគោរពប្រណិប័តន៍ព្រះជាម្ចាស់ពិតជា មធ្យោបាយដ៏ប្រសើរ ដើម្បីរកទ្រព្យសម្បត្ដិមែន! 7 ដ្បិតយើងពុំបានយកអ្វីចូលមកក្នុងលោកនេះ ហើយយើងក៏ពុំអាចយកអ្វីចេញពីលោកនេះទៅបានដែរ!។ 8 ដូច្នេះ ប្រសិនបើយើងមានម្ហូបអាហារ មានសម្លៀកបំពាក់ នោះយើងស្កប់ចិត្ដហើយ។ 9 រីឯអស់អ្នកដែលចង់មានចង់បានរមែងតែងតែចាញ់ការល្បួង ជាប់អន្ទាក់ដោយចិត្ដប៉ងប្រាថ្នាលេលា និង ចង្រៃជាច្រើន ដែលពន្លិចមនុស្សអោយវិនាសអន្ដរាយ 10 ដ្បិតការស្រឡាញ់ប្រាក់ ជាឫសគល់នៃអំពើអាក្រក់គ្រប់បែបយ៉ាង។ ដោយបណ្ដោយខ្លួនអោយស្រឡាញ់ប្រាក់ដូច្នេះ បងប្អូនខ្លះបានវង្វេងចេញឆ្ងាយពីជំនឿ ព្រមទាំងធ្វើបាបខ្លួនឯងអោយវេទនា ឈឺផ្សាជាច្រើនថែមទៀតផង។ 11 ចំពោះអ្នកវិញ អ្នកបំរើរបស់ព្រះជាម្ចាស់អើយ ត្រូវគេចចេញអោយឆ្ងាយពីការទាំងនេះ។ ចូរស្វែងរកសេចក្ដីសុចរិត ការគោរពប្រណិប័តន៍ព្រះជាម្ចាស់ជំនឿ សេចក្ដីស្រឡាញ់ ចិត្ដអត់ធ្មត់ ចិត្ដស្លូតបូត។ 12 ត្រូវពុះពារតយុទ្ធ សំរាប់ជំនឿអោយបានល្អប្រសើរ ហើយឈោងចាប់យកជីវិតអស់កល្បជានិច្ច ដ្បិតព្រះជាម្ចាស់បានត្រាស់ហៅអ្នកមកអោយទទួលជីវិតអស់កល្បជានិច្ចនេះ ដូចអ្នកបានទទួលស្គាល់ ក្នុងពេលប្រកាសជំនឿយ៉ាងល្អប្រពៃ នៅចំពោះមុខមនុស្សជាច្រើន ដែលជាសាក្សី។ 13 នៅចំពោះព្រះភ័ក្ដ្រព្រះជាម្ចាស់ដែលប្រទានអោយអ្វីៗទាំងអស់មានជីវិត និង នៅចំពោះព្រះភ័ក្ដ្រព្រះគ្រិស្ដយេស៊ូ ដែលបានផ្ដល់សក្ខីភាពដោយប្រកាសជំនឿយ៉ាងល្អប្រពៃ នៅមុខលោកប៉ុនទាស-ពីឡាត ខ្ញុំសុំដាស់តឿនអ្នកថា 14 ចូរប្រតិបត្ដិតាមបទបញ្ជាអោយបានល្អឥតខ្ចោះ ឥតកំហុស រហូតដល់ពេលព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់នៃយើងយាងមក 15 នៅពេលកំណត់ដែលព្រះជាម្ចាស់នឹងបង្ហាញអោយឃើញ។ ព្រះជាម្ចាស់ប្រកបដោយសុភមង្គល មានតែព្រះអង្គមួយគត់ដែលជាព្រះអធិបតី ព្រះអង្គជាព្រះមហាក្សត្រធំលើសមហាក្សត្រនានា ជាព្រះអម្ចាស់ធំលើសអម្ចាស់នានា 16 មានតែព្រះអង្គមួយគត់ដែលមានព្រះជន្មអមតៈ ព្រះអង្គគង់នៅក្នុងពន្លឺដែលគ្មាននរណាអាចចូលជិតបានឡើយ ហើយក៏គ្មានមនុស្សណាបានឃើញ និង អាចឃើញព្រះអង្គបានដែរ សូមលើកតម្កើងព្រះកិត្ដិនាម និង ព្រះចេស្ដា របស់ព្រះអង្គអស់កល្បជានិច្ច!អាម៉ែន! 17 ចូរដាស់តឿនពួកអ្នកមាន នៅលោកីយ៍នេះ កុំអោយអួតខ្លួន និង យកទ្រព្យសម្បត្ដិដែលមិនទៀងធ្វើជាទីសង្ឃឹមឡើយ គឺត្រូវសង្ឃឹមលើព្រះជាម្ចាស់ដែលប្រទានអោយយើងមានអ្វីៗទាំងអស់ យ៉ាងបរិបូណ៌សំរាប់អោយយើងប្រើប្រាស់នោះវិញ។ 18 ត្រូវអោយគេប្រព្រឹត្ដអំពើល្អ អោយគេធ្វើជាអ្នកមានផ្នែកខាងបុណ្យទាន អោយគេមានចិត្ដទូលាយ ចេះចែករំលែកដល់អ្នកឯទៀតៗ 19 ធ្វើដូច្នេះ គេនឹងសន្សំសម្បត្ដិដ៏ល្អគង់វង្ស សំរាប់លោកខាងមុខដើម្បីទទួលជីវិតដ៏ពិតប្រាកដ។ 20 ធីម៉ថេអើយ អ្វីៗដែលព្រះជាម្ចាស់បានផ្ញើនឹងអ្នកចូររក្សាទុកទៅ។ ត្រូវជៀសវាងពាក្យសម្តីឥតន័យ ឥតខ្លឹមសារ និង ចៀសវាងការជជែកទាស់ទែងអំពីចំណេះក្លែងក្លាយ។ 21 មានអ្នកខ្លះប្រកាន់យកចំណេះបែបនេះ ហើយត្រូវវងេ្វងចេញពីជំនឿ។ សូមអោយបងប្អូនបានប្រកបដោយព្រះគុណ។

2 ធីម៉ូថេ 1

1 ខ្ញុំ ប៉ូល ជាសាវ័ករបស់ព្រះគ្រិស្ដយេស៊ូ តាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ខ្ញុំបានទទួលមុខងារប្រកាសអំពីជីវិត ដែលយើងមានក្នុងអង្គព្រះគ្រិស្ដយេស៊ូ ស្របតាមព្រះបន្ទូលសន្យា 2 មកដល់ធីម៉ូថេ ជាកូនដ៏ជាទីស្រឡាញ់ សូមព្រះជាម្ចាស់ជាព្រះបិតា និង ព្រះគ្រិស្ដយេស៊ូ ជាព្រះអម្ចាស់នៃយើងប្រទានព្រះគុណព្រះហឫទ័យមេត្ដាករុណា និង សេចក្ដីសុខសាន្ដដល់អ្នក។ 3 ខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់ ដែលខ្ញុំគោរពបំរើបន្ដពីបុព្វបុរស ដោយមនសិការបរិសុទ្ធ ហើយរាល់ពេលខ្ញុំអធិស្ឋាន ខ្ញុំតែងតែនឹកគិតដល់អ្នកទាំងយប់ទាំងថ្ងៃ ឥតឈប់ឈរ។ 4 ខ្ញុំនឹកឃើញទឹកភ្នែករបស់អ្នក ហើយចង់ជួបអ្នកជាថ្មីយ៉ាងខ្លាំង ដើម្បីអោយខ្ញុំបានពោរពេញដោយអំណរ។ 5 ខ្ញុំក៏នៅនឹកចាំពីជំនឿឥតលាក់ពុតរបស់អ្នក គឺជាជំនឿដែលលោកយាយឡូអ៊ីសជាជីដូន និង អ្នកស្រីអឺនីសជាម្ដាយរបស់អ្នកធ្លាប់មានមុនអ្នក ខ្ញុំជឿជាក់ថា អ្នកក៏មានជំនឿនេះដែរ។ 6 ហេតុនេះហើយ បានជាខ្ញុំសុំរំលឹកដាស់តឿនអ្នកថា ចូរធ្វើអោយព្រះអំណោយទានរបស់ព្រះជាម្ចាស់ ដែលអ្នកបានទទួល ដោយខ្ញុំដាក់ដៃ លើនោះ មានសកម្មភាពឡើងវិញ 7 ដ្បិតព្រះជាម្ចាស់ពុំបានប្រទានអោយយើងមានវិញ្ញាណដែលនាំអោយខ្លាចទេ គឺព្រះអង្គប្រទានអោយយើងទទួលវិញ្ញាណដែលផ្ដល់កម្លាំង សេចក្ដីស្រឡាញ់ និង ចិត្ដធ្ងន់។ 8 ដូច្នេះ មិនត្រូវខ្មាសនឹងផ្ដល់សក្ខីភាពអំពីព្រះអម្ចាស់របស់យើង ឬ ខ្មាសនឹងខ្ញុំជាប់ឃុំឃាំង ព្រោះតែព្រះអង្គនោះឡើយ។ ផ្ទុយទៅវិញ អ្នកត្រូវតែរងទុក្ខវេទនារួមជាមួយខ្ញុំ សំរាប់ដំណឹងល្អ ដោយពឹងផ្អែកលើឫទ្ធានុភាពរបស់ព្រះជាម្ចាស់។ 9 ព្រះអង្គហ្នឹងហើយ ដែលបានសង្គ្រោះយើង និង បានត្រាស់ហៅយើងអោយមកធ្វើជាប្រជារាស្ដ្រដ៏វិសុទ្ធ របស់ព្រះអង្គ។ ព្រះអង្គត្រាស់ហៅយើងដូច្នេះ មិនមែនមកពីអំពើដែលយើងបានប្រព្រឹត្ដនោះទេ គឺស្របតាមគំរោងការ និង ស្របតាមព្រះគុណ ដែលទ្រង់បានប្រទានមកយើង ក្នុងអង្គព្រះគ្រិស្ដយេស៊ូតាំងពីមុនកាលសម័យទាំងអស់មកម៉្លេះ។ 10 ឥឡូវនេះ ព្រះអង្គបានសំដែងអោយយើងស្គាល់ ព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះអង្គ ដោយព្រះគ្រិស្ដយេស៊ូជាព្រះសង្គ្រោះរបស់យើង យាងមកក្នុងលោកនេះ។ ព្រះគ្រិស្ដបានបំបាត់អំណាចនៃសេចក្ដីស្លាប់ ព្រមទាំងបំភ្លឺយើងអោយស្គាល់ជីវិតអមតៈ ដោយសារដំណឹងល្អ ។ 11 ព្រះជាម្ចាស់បានតែងតាំងខ្ញុំ អោយប្រកាសដំណឹងល្អនេះ ក្នុងឋានៈជាសាវ័ក និង ជាគ្រូអប់រំ។ 12 ហេតុនេះហើយបានជាខ្ញុំរងទុក្ខលំបាកទាំងនេះ ប៉ុន្ដែ ខ្ញុំមិនខ្មាសឡើយដ្បិតខ្ញុំដឹងថា ខ្ញុំបានជឿលើព្រះអង្គណា ហើយខ្ញុំក៏ជឿជាក់ថា ព្រះអង្គនោះមានឫទ្ធានុភាពនឹងរក្សាអ្វីៗ ដែលព្រះអង្គផ្ញើទុកនឹងខ្ញុំ អោយបានគង់វង្ស រហូតដល់ថ្ងៃព្រះអង្គយាងមក។ 13 ចូរចងចាំព្រះបន្ទូលដ៏ត្រឹមត្រូវរបស់ព្រះអម្ចាស់ដែលអ្នកបានទទួលពីខ្ញុំ ទុកធ្វើជាគោលនៃជំនឿ និង សេចក្ដីស្រឡាញ់ដែលយើងមាន ដោយរួមក្នុងអង្គព្រះគ្រិស្ដយេស៊ូ។ 14 អ្វីៗដ៏ល្អដែលព្រះអង្គផ្ញើទុកនឹងអ្នក ត្រូវរក្សាអោយបានគង់វង្ស ដោយព្រះវិញ្ញាណដ៏វិសុទ្ធដែលសណ្ឋិតនៅក្នុងយើង។ 15 បងប្អូននៅស្រុកអាស៊ី បានបោះបង់ខ្ញុំចោលទាំងអស់គ្នា មានភីកែឡូស និង ហ៊ើម៉ូគេនជាដើម ដូចអ្នកដឹងស្រាប់ហើយ។ 16 សូមព្រះអម្ចាស់សំដែងព្រះហឫទ័យមេត្ដាករុណា ដល់ក្រុមគ្រួសាររបស់លោកអូនេស៊ីភ័រដ្បិតគាត់តែងតែលើកទឹកចិត្ដខ្ញុំជាញឹកញាប់ ហើយគាត់ក៏មិនដែលខ្មាស ព្រោះតែខ្ញុំជាប់ឃុំឃាំងនោះឡើយ។ 17 មិនតែប៉ុណ្ណោះសោត ពេលគាត់មកដល់ក្រុងរ៉ូម គាត់បានស្វះស្វែងដើររកខ្ញុំ ទាល់តែជួប។ 18 សូមព្រះអម្ចាស់ប្រោសប្រទាន អោយគាត់បានទទួលព្រះហឫទ័យមេត្ដាករុណាពីព្រះអម្ចាស់ នៅថ្ងៃព្រះអង្គយាងមក។ អ្នកដឹងច្បាស់ជាងគេស្រាប់ហើយថា កាលខ្ញុំនៅក្រុងអេភេសូ គាត់បានជួយ ជ្រោមជ្រែងខ្ញុំយ៉ាងណាខ្លះ។

2 ធីម៉ូថេ 2

1 ដូច្នេះ កូនអើយ ចូរមានកម្លាំងឡើង ដោយពឹងផ្អែកលើព្រះគុណដែលយើងមានដោយរួមជាមួយព្រះគ្រិស្ដយេស៊ូ។ 2 សេចក្ដីទាំងអស់ដែលអ្នកបានឮពីខ្ញុំនៅមុខសាក្សីជាច្រើននាក់ ត្រូវប្រគល់អោយបងប្អូនណាដែលស្មោះត្រង់ និង មានសមត្ថភាពអាចបង្រៀនបន្ដទៅអ្នកផ្សេងទៀតចុះ។ 3 ចូររួមរងទុក្ខលំបាក ក្នុងឋានៈជាទាហានដ៏ល្អរបស់ព្រះគ្រិស្ដយេស៊ូ។ 4 ពេលទាហានចេញទៅច្បំាង គេមិនគិតពីបញ្ហាក្នុងជីវិតសាមញ្ញនេះទេ គឺគេគិតតែធ្វើយ៉ាងណា អោយអ្នកដែលកេណ្ឌខ្លួនពេញចិត្ដ។ 5 រីឯកីឡាករវិញ គេអាចទទួលភួងជ័យបាន លុះត្រាតែគេប្រកួតត្រឹមត្រូវតាមក្បួន។ 6 កសិករដែលបានធ្វើការយ៉ាងនឿយហត់ ត្រូវតែទទួលភោគផលមុនគេ។ 7 ចូរពិចារណាអោយយល់សេចក្ដីដែលខ្ញុំនិយាយនេះ ដ្បិតព្រះអម្ចាស់នឹងប្រទានអោយអ្នក មានប្រាជ្ញា អាចយល់បានទាំងអស់។ 8 ចូរនឹកដល់ព្រះយេស៊ូគ្រិស្ដ ដែលមានព្រះជន្មរស់ឡើងវិញ ព្រះអង្គជាប់ព្រះញាតិវង្សនឹងព្រះបាទដាវីឌស្របតាមដំណឹងល្អដែលខ្ញុំប្រកាស។ 9 ខ្ញុំរងទុក្ខលំបាកព្រោះតែដំណឹងល្អនេះ រហូតដល់ត្រូវគេចាប់ចង ដូចជាបានប្រព្រឹត្ដអំពើអាក្រក់។ រីឯព្រះបន្ទូលរបស់ព្រះជាម្ចាស់វិញ គេពុំអាចចាប់ចងបានឡើយ។ 10 ហេតុនេះហើយបានជាខ្ញុំសុខចិត្ដស៊ូទ្រាំគ្រប់យ៉ាង ដោយយល់ដល់អ្នកដែលព្រះជាម្ចាស់ បានជ្រើសរើស ដើម្បីអោយពួកគេទទួលការសង្គ្រោះ ដោយរួមក្នុងអង្គព្រះគ្រិស្ដយេស៊ូ ព្រមទាំងទទួល សិរីរុងរឿងដ៏នៅស្ថិតស្ថេរអស់កល្បជានិច្ចនោះដែរ។ 11 ពាក្យនេះគួរអោយជឿ គឺថាៈ ប្រសិនបើយើងរួមស្លាប់ជាមួយព្រះអង្គ យើងក៏នឹងមានជីវិតរស់ រួមជាមួយព្រះអង្គដែរ។ 12 ប្រសិនបើយើងស៊ូទ្រាំ យើងនឹងបានគ្រងរាជ្យជាមួយព្រះអង្គ។ ប្រសិនបើយើងបដិសេធមិនទទួលស្គាល់ព្រះអង្គ ព្រះអង្គក៏នឹងបដិសេធមិនទទួលស្គាល់យើងវិញដែរ។ 13 ប្រសិនបើយើងមិនស្មោះត្រង់ ព្រះអង្គនៅតែស្មោះត្រង់ដដែល ដ្បិតព្រះអង្គពុំអាចបដិសេធព្រះអង្គផ្ទាល់បានឡើយ។ 14 អ្នកត្រូវរំលឹកដាស់តឿនបងប្អូន ទាំងបញ្ជាក់យ៉ាងម៉ឹងម៉ាត់ នៅចំពោះព្រះភ័ក្ដ្រព្រះជាម្ចាស់អោយគេចៀសវាងឈ្លោះប្រកែកគ្នា អំពីពាក្យពេចន៍ព្រោះគ្មានផលប្រយោជន៍អ្វីឡើយ គឺនាំតែកើតអន្ដរាយដល់អ្នកស្ដាប់ប៉ុណ្ណោះ។ 15 ចូរខំប្រឹងធ្វើយ៉ាងណា អោយបានគាប់ព្រះហឫទ័យព្រះជាម្ចាស់ និង ចូលជិតព្រះអង្គក្នុងឋានៈជាកម្មករដែលគ្មានអ្វីនាំអោយអៀនខ្មាស ព្រោះខ្លួនបានចែកផ្សាយព្រះបន្ទូលនៃសេចក្ដីពិត យ៉ាងត្រឹមត្រូវ។ 16 ត្រូវចៀសវាងពាក្យព្រោកប្រាជ្ញដែលគ្មានន័យ គ្មានខ្លឹមសារ ដ្បិតពួកអ្នកចូលចិត្ដពាក្យព្រោកប្រាជ្ញបែបនេះ រមែងតែងតែឃ្លាតចេញពីព្រះជាម្ចាស់កាន់តែឆ្ងាយទៅៗ។ 17 ពាក្យសំដីរបស់ពួកគេ ប្រៀបបីដូចជាដំបៅ ស៊ីរូងកាន់តែជ្រៅទៅៗ ក្នុងចំណោមអ្នកទាំងនោះមានហ៊ីមេណាស និង ភីលេត។ 18 អ្នកទាំងពីរបានឃ្លាតឆ្ងាយពីសេចក្ដីពិត ដោយពោលថា មនុស្សស្លាប់បានរស់ឡើងវិញ រួចហើយ គេក៏បានបង្វែរបងប្អូនខ្លះអោយលះបង់ជំនឿ។ 19 ក៏ប៉ុន្ដែ ទោះជាយ៉ាងណាក៏ដោយ គ្រឹះដ៏មាំដែលព្រះជាម្ចាស់បានចាក់នោះនៅតែស្ថិតស្ថេររឹងប៉ឹងដដែល ហើយនៅលើគ្រឹះនោះមានចារឹកពាក្យជាសញ្ញាសំគាល់ថាៈ «ព្រះអម្ចាស់ស្គាល់កូនចៅរបស់ព្រះអង្គ» ហើយ «អ្នកណាប្រកាសថាខ្លួនគោរពព្រះនាមព្រះអម្ចាស់ អ្នកនោះត្រូវតែងាកចេញអោយផុតពីអំពើទុច្ចរិត»។ 20 នៅក្នុងផ្ទះមួយដ៏ធំ មិនមែនមានតែគ្រឿងប្រដាប់ធ្វើពីមាស ឬ ពីប្រាក់ប៉ុណ្ណោះទេ គឺមានគ្រឿងប្រដាប់ធ្វើពីឈើ និង ធ្វើពីដីដែរ មួយផ្នែកសំរាប់ប្រើប្រាស់ក្នុងឱកាសពិសេស មួយផ្នែកទៀត សំរាប់ប្រើប្រាស់ជាធម្មតា។ 21 ដូច្នេះ ប្រសិនបើអ្នកណាម្នាក់ជំរះខ្លួនបានបរិសុទ្ធ ផុតពីអំពើអាក្រក់ទាំងនេះហើយ ព្រះជាម្ចាស់នឹងប្រើអ្នកនោះទុកដូចជាឧបករណ៍វិសេស វិសុទ្ធ មានប្រយោជន៍ដល់ម្ចាស់ និង ប្រើប្រាស់សំរាប់ធ្វើអំពើល្អគ្រប់យ៉ាង។ 22 ចូរគេចចេញអោយផុតពីតណ្ហានៃយុវវ័យ ហើយខំប្រឹងស្វែងរកសេចក្ដីសុចរិត ជំនឿ សេចក្ដីស្រឡាញ់ សេចក្ដីសុខសាន្ដ ជាមួយអស់អ្នកដែលគោរពព្រះអម្ចាស់ដោយចិត្ដបរិសុទ្ធ នោះវិញ។ 23 ចូរចៀសវាងការជជែកវែកញែកដ៏ល្ងីល្ងើផ្ដេសផ្ដាស ត្រូវដឹងថា ការជជែកវែកញែកបែបនេះ បង្កអោយតែមានជម្លោះប៉ុណ្ណោះ 24 រីឯអ្នកបំរើរបស់ព្រះអម្ចាស់ មិនត្រូវអោយមានការឈ្លោះប្រកែកគ្នាឡើយ ផ្ទុយទៅវិញ ត្រូវរួសរាយចំពោះមនុស្សទួទៅ ត្រូវចេះបង្រៀន និង អធ្យាស្រ័យដល់គេ 25 ត្រូវមានចិត្ដស្លូតបូត ប្រដៅពួកអ្នកប្រឆាំង ក្រែងលោព្រះជាម្ចាស់នឹងប្រោសប្រទានអោយគេកែប្រែចិត្ដគំនិត ដើម្បីអោយគេបានស្គាល់សេចក្ដីពិតយ៉ាងច្បាស់ 26 ព្រមទាំងភ្ញាក់ស្មារតីឡើងវិញ ហើយដោះខ្លួនរួចពីអន្ទាក់របស់មារ ដែលបានចាប់ចងគេ បង្ខំអោយធ្វើតាមបំណងរបស់វា។

2 ធីម៉ូថេ 3

1 អ្នកត្រូវដឹងអោយច្បាស់ថា នៅពេលចុងក្រោយបង្អស់ នឹងមានគ្រាលំបាក 2 មនុស្សម្នានឹងមានចិត្ដអាត្មានិយម ស្រឡាញ់ប្រាក់ ក្រអឺតក្រទមអួតខ្លួន ប្រមាថព្រះជាម្ចាស់ មិនស្ដាប់បង្គាប់ឪពុកម្ដាយ រមឹលគុណ បំផ្លាញអ្វីៗដែលជាសក្ការៈ 3 គេជាមនុស្សអត់ចិត្ដ គ្មានអធ្យាស្រ័យ និយាយមួលបង្កាច់ មិនចេះទប់ចិត្ដ ឃោរឃៅ ស្អប់អំពើល្អ 4 ជាមនុស្សមានចិត្ដក្បត់ឆាប់ច្រឡោត អួតបំប៉ោង ចូលចិត្ដសប្បាយជាជាងស្រឡាញ់ព្រះជាម្ចាស់។ 5 គេសំដែងអាការៈខាងក្រៅជាអ្នកគោរពប្រណិប័តន៍ព្រះជាម្ចាស់ ប៉ុន្ដែ គេបដិសេធមិនទទួល ស្គាល់ឫទ្ធានុភាព ដែលបានមកពីការគោរពប្រណិប័តន៍ព្រះអង្គនោះឡើយ។ ចូរចៀសចេញអោយឆ្ងាយ ពីមនុស្សប្រភេទនេះទៅ។ 6 ក្នុងចំណោមពួកគេ អ្នកខ្លះបានឆ្លៀតចូលផ្ទះនានា ហើយទាក់យកស្ដ្រីឆោតៗ ដែលពោរពេញទៅដោយអំពើបាប ជាស្ដ្រីបណ្ដោយខ្លួនទៅតាមតណ្ហាគ្រប់យ៉ាងផង។ 7 ស្ដ្រីៗទាំងនោះរៀនមិនចេះចប់ ហើយនៅតែមិនអាចស្គាល់សេចក្ដីពិតដដែល។ 8 យ៉ាណែស និង យ៉ាមប្រេស បានប្រឆាំងនឹងលោកម៉ូសេយ៉ាងណា អ្នកទាំងនេះក៏ប្រឆាំងនឹងសេចក្ដីពិតយ៉ាងនោះដែរ។ ពួកគេជាមនុស្សមានគំនិតខូច ហើយជំនឿរបស់គេឥតបានការអ្វីទាល់តែសោះ។ 9 គេពុំអាចទៅមុខទៀតបានឆ្ងាយឡើយ ដ្បិតមនុស្សម្នានឹងឃើញគំនិតលេលារបស់គេដូចអ្នកនៅពីសម័យដើមបានឃើញគំនិតលេលារបស់យ៉ាណែស និង យ៉ាមប្រេសដែរ។ 10 ចំពោះអ្នកវិញ អ្នកបានយកចិត្ដទុកដាក់ស្ដាប់ខ្ញុំនៅពេលដែលខ្ញុំបង្រៀន អ្នកបានឃើញកិរិយារបស់ខ្ញុំឃើញគំរោងការ ជំនឿ ការអត់ធ្មត់ការស្រឡាញ់ និង ការស៊ូទ្រាំរបស់ខ្ញុំ 11 អ្នកបានឃើញគេបៀតបៀនខ្ញុំ និង ឃើញទុក្ខលំបាកដែលកើតមានដល់ខ្ញុំ នៅក្រុងអន់ទីយ៉ូក ក្រុងអ៊ីកូនាម និង ក្រុងលីស្ដ្រា។ ខ្ញុំបានរងទុក្ខវេទនាដោយគេបៀតបៀនយ៉ាងខ្លាំង ក៏ប៉ុន្ដែ ព្រះអម្ចាស់បានរំដោះខ្ញុំអោយរួចផុតទាំងអស់។ 12 អស់អ្នកដែលចង់រស់នៅ ដោយគោរពប្រណិប័តន៍ព្រះជាម្ចាស់ក្នុងព្រះគ្រិស្ដយេស៊ូ មុខជាត្រូវគេបៀតបៀនដូច្នេះឯង។ 13 រីឯមនុស្សអាក្រក់ និង អ្នកបោកប្រាសវិញ គេចេះតែប្រព្រឹត្ដអំពើអាក្រក់កាន់តែច្រើនឡើងៗទាំងនាំអ្នកផ្សេងអោយវង្វេង ហើយខ្លួនគេផ្ទាល់ក៏វង្វេងដែរ។ 14 ចំពោះអ្នក ត្រូវកាន់តាមសេចក្ដីដែលអ្នកបានរៀន និង យកធ្វើជាគោលជំនឿ អោយខ្ជាប់ខ្ជួនឡើង! អ្នកដឹងច្បាស់ហើយថា អ្នកបានរៀនសេចក្ដីទាំងនេះពីនរណាមក!។ 15 អ្នកស្គាល់ព្រះគម្ពីរតាំងតែពីនៅកុមារម៉្លេះ ហើយព្រះគម្ពីរអាចផ្ដល់អោយអ្នកមានប្រាជ្ញាដើម្បីនឹងទទួលការសង្គ្រោះ ដោយមានជំនឿលើព្រះគ្រិស្ដយេស៊ូ។ 16 គ្រប់អត្ថបទគម្ពីរ សុទ្ធតែព្រះជាម្ចាស់ប្រទានព្រះវិញ្ញាណមកបំភ្លឺអោយតែង និង មានប្រយោជន៍សំរាប់បង្រៀន រកខុសត្រូវ កែតម្រង់ និង អប់រំអោយរស់តាមសេចក្ដីសុចរិត 17 ក្នុងគោលបំណងអោយអ្នកបំរើរបស់ព្រះជាម្ចាស់ មានសមត្ថភាព និង ប្រុងប្រៀបខ្លួនជាស្រេច ដើម្បីប្រព្រឹត្ដអំពើល្អគ្រប់ជំពូក។

2 ធីម៉ូថេ 4

1 ខ្ញុំសុំបញ្ជាក់យ៉ាងម៉ឺងម៉ាត់ នៅចំពោះព្រះភ័ក្ដ្រព្រះជាម្ចាស់ និង នៅចំពោះព្រះភ័ក្ដ្រព្រះគ្រិស្ដយេស៊ូ ដែលនឹងវិនិច្ឆ័យទោសទាំងមនុស្សរស់ ទាំងមនុស្សស្លាប់ ហើយខ្ញុំសូមបញ្ជាក់ក្នុងព្រះនាមព្រះអង្គដែលយាងមកយ៉ាងឱឡារឹក ដើម្បីគ្រងរាជ្យនោះថា 2 ចូរប្រកាសព្រះបន្ទូល ព្រមទាំងនិយាយហើយនិយាយទៀត ទោះមានឱកាសល្អក្ដី មិនល្អក្ដី ត្រូវពន្យល់គេអោយដឹងខុសត្រូវ ស្ដីបន្ទោស ដាស់តឿន និង បង្រៀនគេ ដោយចិត្ដអត់ធ្មត់គ្រប់ជំពូក 3 ដ្បិតនឹងមានគ្រាមួយ ដែលមនុស្សលោកមិនព្រមស្ដាប់សេចក្ដីបង្រៀនដ៏ត្រឹមត្រូវទៀតឡើយផ្ទុយទៅវិញ គេរកគ្រូមកបង្រៀនតាមទំនើងចិត្ដរបស់គេ គ្រាន់តែអោយពីរោះត្រចៀកប៉ុណ្ណោះ។ 4 គេងាកចេញពីសេចក្ដីពិត ហើយបែរទៅស្ដាប់រឿងព្រេងនិទានវិញ។ 5 ចំពោះអ្នក អ្នកត្រូវមានស្មារតីរឹងប៉ឹងគ្រប់វិស័យទាំងអស់ ត្រូវស៊ូទ្រាំនឹងទុក្ខលំបាក ត្រូវបំពេញកិច្ចការជាអ្នកផ្សព្វផ្សាយដំណឹងល្អ ព្រមទាំងបំពេញមុខងាររបស់ខ្លួនអោយបានល្អប្រសើរផង។ 6 រីឯខ្ញុំវិញ ខ្ញុំបានបូជាជីវិតរួចស្រេចហើយ ហើយក៏ដល់ពេលកំណត់ ដែលខ្ញុំត្រូវចាកចេញពីលោកនេះដែរ។ 7 ខ្ញុំបានពុះពារតយុទ្ធល្អប្រសើរ ខ្ញុំបានរត់ដល់ទីដៅ ហើយខ្ញុំនៅតែកាន់ជំនឿជាប់ដដែល។ 8 ឥឡូវនេះ ព្រះអម្ចាស់ជាចៅក្រមដ៏សុចរិតបានបំរុងភួងជ័យនៃសេចក្ដីសុចរិតទុកសំរាប់ខ្ញុំ ហើយព្រះអង្គនឹងប្រទានអោយខ្ញុំ នៅថ្ងៃដែលព្រះអង្គយាងមក ទ្រង់មិនត្រឹមតែប្រទានអោយខ្ញុំម្នាក់ប៉ុណ្ណោះទេ គឺប្រទានអោយអស់អ្នកដែលមានចិត្ដស្រឡាញ់ ទន្ទឹងរង់ចំាព្រះអង្គយាងមកយ៉ាងឱឡារិកនោះដែរ។ 9 ចូរលៃលកទៅរកខ្ញុំជាប្រញាប់។ 10 លោកដេម៉ាសបានបោះបង់ចោលខ្ញុំ ព្រោះគាត់ស្រឡាញ់លោកីយ៍នេះ ហើយចេញដំណើរទៅក្រុងថេស្សាឡូនិក។ លោកក្រេសេនបានទៅស្រុកកាឡាទី ហើយលោកទីតុសទៅស្រុកដាល់ម៉ាទា។ 11 មានតែលោកលូកាម្នាក់ប៉ុណ្ណោះ ដែលនៅជាមួយខ្ញុំ។ ចូរនាំលោកម៉ាកុសទៅជាមួយផង ដ្បិតគាត់អាចជួយបំពេញមុខងាររបស់ខ្ញុំបាន។ 12 ខ្ញុំបានចាត់ លោកទីឃីកុសអោយទៅក្រុងអេភេសូ។ 13 ពេលអ្នកចេញទៅ ចូរយកអាវធំដែល ខ្ញុំទុកនៅផ្ទះលោកការប៉ុសនៅក្រុងត្រូអាស ព្រមទាំងយកសៀវភៅមកជាមួយផង ជាពិសេសក្រាំងស្បែក។ 14 លោកអលេក្សានត្រុសជាជាងដែក បានធ្វើបាបខ្ញុំយ៉ាងច្រើន។ ព្រះអម្ចាស់នឹងតបស្នងទៅគាត់វិញ តាមអំពើដែលគាត់បានប្រព្រឹត្ដនោះ ជាមិនខាន។ 15 អ្នកក៏ត្រូវប្រយ័ត្ននឹងគាត់ដែរ ដ្បិតគាត់ប្រឆាំងយ៉ាងខ្លាំងនឹងសេចក្ដីដែលយើងប្រកាស។ 16 ពេលដែលខ្ញុំត្រូវឆ្លើយដោះសាខ្លួន នៅលើកទីមួយគ្មានបងប្អូនណាម្នាក់មកជួយគាំទ្រខ្ញុំទេ គឺគេបោះបង់ចោលខ្ញុំទាំងអស់គ្នា សូមព្រះជាម្ចាស់កុំប្រកាន់ទោសគេឡើយ!។ 17 មានតែព្រះអម្ចាស់ប៉ុណ្ណោះដែលបានគាំទ្រ និង ប្រទានអោយខ្ញុំមានកម្លាំង ដើម្បីអោយខ្ញុំអាចប្រកាសព្រះបន្ទូលយ៉ាងក្បោះក្បាយអោយសាសន៍ដទៃទាំងអស់គ្នាស្ដាប់។ ព្រះអង្គក៏បានដោះលែងខ្ញុំ អោយរួចពីមាត់សឹង្ហដែរ។ 18 ព្រះអម្ចាស់នឹងរំដោះខ្ញុំអោយរួចពីការអាក្រក់គ្រប់យ៉ាង ហើយព្រះអង្គនឹងសង្គ្រោះខ្ញុំដើម្បីអោយខ្ញុំបានចូលទៅក្នុងព្រះរាជ្យ របស់ព្រះអង្គនៅស្ថានបរមសុខ។ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ អស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន! 19 សូមជំរាបសួរនាងព្រីស៊ីល និង លោកអគីឡាព្រមទាំងក្រុមគ្រួសារលោកអូនេស៊ីភ័រផង។ 20 លោកអេរ៉ាស្ទុស ស្នាក់នៅក្រុងកូរិនថូស ហើយខ្ញុំបានទុកលោកត្រូភីម ដែលឈឺអោយនៅក្រុងមីលេត។ 21 ចូរលៃលកទៅអោយបានមុនរដូវត្រជាក់ កុំបីខាន។ លោកអ៊ើប៊ូឡូស លោកពូដេន លោកលីណូសនាងក្លូឌាស និង បងប្អូនឯទៀតៗទាំងអស់សូមជំរាបសួរមកអ្នក។ 22 សូមព្រះអម្ចាស់គង់នៅជាមួយវិញ្ញាណរបស់អ្នក! សូមអោយបងប្អូនប្រកបដោយព្រះគុណ! អាម៉ែន។

ទីតុស 1

1 ខ្ញុំ ប៉ូល ជាអ្នកបំរើរបស់ព្រះជាម្ចាស់ និង ជាសាវ័ករបស់ព្រះយេស៊ូគ្រិស្ដ ។ ព្រះជាម្ចាស់ចាត់ខ្ញុំអោយនាំអស់អ្នកដែលព្រះអង្គបានជ្រើសរើសអោយមានជំនឿ និង ស្គាល់ច្បាស់នូវសេចក្ដីពិត ដែលជាគ្រឹះនៃការគោរពប្រណិប័តន៍ព្រះអង្គ។ 2 អ្នកទាំងនោះសង្ឃឹមថានឹងទទួលជីវិតអស់កល្បជានិច្ច ដែលព្រះជាម្ចាស់បានសន្យា តាំងពីមុនកាលសម័យទាំងអស់ ព្រះអង្គមិនកុហកទេ។ 3 នៅពេលកំណត់ ព្រះអង្គបានសំដែងព្រះបន្ទូលរបស់ព្រះអង្គ ហើយប្រគល់ព្រះបន្ទូលនេះមកអោយខ្ញុំប្រកាស តាមបញ្ជារបស់ព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់យើង។ 4 មកដល់ទីតុស ជាកូនដ៏ពិតប្រាកដ ខាងជំនឿដែលយើងមានរួមគ្នា។ សូមព្រះជាម្ចាស់ជាព្រះបិតា និង ព្រះគ្រិស្ដយេស៊ូជាព្រះសង្គ្រោះនៃយើង ប្រទានអោយអ្នកបានប្រកបដោយព្រះគុណ និង សេចក្ដីសុខសាន្ដ។ 5 ខ្ញុំបានទុកអ្នកអោយនៅកោះក្រែត ដើម្បីចាត់ចែងកិច្ចការដែលនៅសល់ អោយមានរបៀបរៀបរយ និង តែងតាំងព្រឹទ្ធាចារ្យ នៅតាមក្រុងនីមួយៗដូចខ្ញុំបានផ្ដាំរួចហើយ 6 គឺត្រូវយកអ្នកណាដែលឥតមានកំហុស មានភរិយាតែមួយមានកូនចៅជាអ្នកជឿ ហើយគ្មាននរណាចោទប្រកាន់ថា ជាកូនខិលខូចមិនចេះស្ដាប់បង្គាប់។ 7 ក្នុងឋានៈជាអ្នកមើលខុសត្រូវលើកិច្ចការរបស់ព្រះជាម្ចាស់ អ្នកអភិបាល ត្រូវតែឥតកំហុសមិនក្រអឺតក្រទមមិនឆាប់ខឹងមិនចំណូលស្រាមិនចេះឈ្លោះប្រកែកឬរកប្រាក់តាមរបៀបថោកទាបនោះឡើយ។ 8 ផ្ទុយទៅវិញ គាត់ត្រូវចេះទទួលភ្ញៀវ ស្រឡាញ់អំពើល្អ មានចិត្ដធ្ងន់សុចរិតចិត្ដបរិសុទ្ធ ចេះទប់ចិត្ដ 9 ជាប់ចិត្ដនឹងព្រះបន្ទូលជាគ្រឹះនៃជំនឿ ស្របតាមសេចក្ដីដែលគេបានរៀន ដើម្បីអោយមានសមត្ថភាព ដាស់តឿនអ្នកដទៃតាមសេចក្ដីបង្រៀនដ៏ត្រឹមត្រូវ ព្រមទាំងចេះរកខុសត្រូវតបតនឹងពួកអ្នកប្រឆាំងផង។ 10 មានមនុស្សជាច្រើន ជាពិសេស ក្នុងចំណោមសាសន៍យូដា ដែលជាអ្នកជឿមានចិត្ដរឹងរូស ព្រោកប្រាជ្ញឥតបានការ និង បោកប្រាសគេទៀតផង។ 11 ត្រូវបំបិទមាត់អ្នកទាំងនោះដ្បិតពួកគេបានធ្វើអោយកើតវឹកវរ ក្នុងក្រុមគ្រួសារជាច្រើនដោយបង្រៀនអំពីសេចក្ដីដែលមិនត្រូវបង្រៀន ដើម្បីបោកយកប្រាក់យ៉ាងថោកទាប។ 12 មានម្នាក់ក្នុងចំណោមពួកគេដែលជាព្យាការី របស់គេផ្ទាល់ពោលថាៈ «អ្នកស្រុកក្រែតសុទ្ធតែជាមេកុហកជាសត្វតិរច្ឆានដ៏សាហាវ និង ជាមេកំជិល ដែលគិតតែពីស៊ីផឹក!»។ 13 ពាក្យនេះពិតណាស់! ដូច្នេះ ត្រូវស្ដីបន្ទោសគេយ៉ាងតឹងរ៉ឹង ដើម្បីអោយគេមានជំនឿត្រឹមត្រូវ 14 កុំអោយជាប់ចិត្ដនឹងរឿងព្រេងរបស់សាសន៍យូដា និង ជាប់ចិត្ដទៅលើបទបញ្ជាផ្សេងៗរបស់ ពួកអ្នកដែលបានងាកចេញពីសេចក្ដីពិតបានតែងនោះឡើយ។ 15 ចំពោះអ្នកដែលមានចិត្ដបរិសុទ្ធអ្វីៗទាំងអស់សុទ្ធតែបរិសុទ្ធ រីឯអ្នកដែលមានចិត្ដសៅហ្មង និង មិនជឿអ្វីៗទាំងអស់សុទ្ធតែមិនបរិសុទ្ធ ព្រោះប្រាជ្ញា និង មនសិការរបស់គេសុទ្ធតែសៅហ្មង។ 16 គេប្រកាសថាខ្លួនស្គាល់ព្រះជាម្ចាស់ហើយ ប៉ុន្ដែ តាមអំពើដែលគេប្រព្រឹត្ដគេបែរជាបដិសេធមិនទទួលស្គាល់ព្រះអង្គទៅវិញ។ អ្នកទាំងនោះសុទ្ធតែជាមនុស្សគួរអោយស្អប់ខ្ពើម ជាមនុស្សរឹងទទឹងហើយពុំអាចប្រព្រឹត្ដអំពើល្អបានឡើយ។

ទីតុស 2

1 ចំពោះអ្នកវិញ ត្រូវនិយាយតែសេចក្ដីណា ដែលស្របតាមសេចក្ដីបង្រៀនដ៏ត្រឹមត្រូវ។ 2 ចូរជំរាបលោកតាចាស់ៗ កុំអោយស្រវឹងស្រា ត្រូវមានកិរិយាថ្លៃថ្លូរមានចិត្ដធ្ងន់មានជំនឿស្អាតស្អំមានចិត្ដស្រឡាញ់ និង ចេះស៊ូទ្រំា។ 3 រីឯលោកយាយចាស់ៗវិញ ក៏ដូច្នោះដែរ ចូរជំរាបគាត់ អោយកាន់កិរិយាមារយាទសមជាអ្នកដែលមានជីវិតដ៏វិសុទ្ធ កុំអោយនិយាយមួលបង្កាច់គេ ឬ ចំណូលស្រាឡើយ។ គាត់ត្រូវចេះផ្ដល់យោបល់ល្អៗ 4 ដើម្បីជួយអប់រំស្ដ្រីៗដែលនៅក្មេងអោយចេះស្រឡាញ់ស្វាមី និង ស្រឡាញ់កូនរបស់ខ្លួន 5 អោយមានចិត្ដធ្ងន់មានចរិយាបរិសុទ្ធ យកចិត្ដទុកដាក់នឹងកិច្ចការក្នុងផ្ទះសំបែងមានចិត្ដល្អ គោរពចុះចូលនឹងស្វាមីរៀងៗខ្លួន។ ធ្វើដូច្នេះគ្មាននរណាអាចមួលបង្កាច់ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានឡើយ។ 6 រីឯពួកយុវជនវិញ ចូរដាស់តឿនគេអោយមានចិត្ដធ្ងន់គ្រប់វិស័យទាំងអស់។ 7 ចូរប្រព្រឹត្ដអំពើល្អធ្វើជាគំរូដល់គេគឺបង្រៀនគេយ៉ាងស្អាតស្អំ និង ថ្លៃថ្នូរ 8 និយាយពាក្យសំដីត្រឹមត្រូវដែលរករិះគន់មិនកើត។ ធ្វើដូច្នេះ ពួកអ្នកប្រឆាំងនឹងបាក់មុខ ព្រោះគេរកអ្វីនិយាយអាក្រក់ពីយើងមិនបាន។ 9 ចូរប្រាប់បងប្អូន ដែលជាខ្ញុំបំរើ អោយស្ដាប់បង្គាប់ម្ចាស់រៀងៗខ្លួនក្នុងគ្រប់កិច្ចការទាំងអស់ ត្រូវធ្វើអោយម្ចាស់ពេញចិត្ដ មិនត្រូវជំទាស់នឹងគាត់ 10 មិនត្រូវគៃបន្លំយកអ្វីពីម្ចាស់ឡើយ ផ្ទុយទៅវិញ ត្រូវសំដែងចិត្ដល្អស្មោះត្រង់ទាំងស្រុងជានិច្ច ដើម្បីលើកកិត្ដិយសសេចក្ដីបង្រៀនអំពីព្រះជាម្ចាស់ ជាព្រះសង្គ្រោះរបស់យើងក្នុងគ្រប់កិច្ចការទាំងអស់។ 11 ព្រះជាម្ចាស់បានសំដែងអោយយើងស្គាល់ព្រះគុណព្រះអង្គ ជាព្រះគុណដែលផ្ដល់ការសង្គ្រោះដល់មនុស្សទាំងអស់ 12 ហើយអប់រំយើងអោយលះបង់ចិត្ដ ដែលមិនចេះគោរពប្រណិប័តន៍ព្រះជាម្ចាស់ចោល អោយលះបង់សេចក្ដីប៉ងប្រាថ្នាខាងលោកីយ៍ ដើម្បីអោយយើងរស់នៅក្នុងលោកនេះដោយមានចិត្ដធ្ងន់សុចរិត និង គោរពប្រណិប័តន៍ព្រះជាម្ចាស់ 13 ទាំងទន្ទឹងរង់ចាំសុភមង្គល តាមសេចក្ដីសង្ឃឹមរបស់យើង ហើយរង់ចាំព្រះយេស៊ូគ្រិស្ដជាព្រះជាម្ចាស់ដ៏ឧត្ដមបំផុត និង ជាព្រះសង្គ្រោះនៃយើងយាងមកប្រកបដោយសិរីរុងរឿង។ 14 ព្រះអង្គបានបូជាព្រះជន្មរបស់ព្រះអង្គផ្ទាល់សំរាប់យើង ដើម្បីលោះយើងអោយរួចផុតពីអំពើទុច្ចរិតគ្រប់យ៉ាង និង ជំរះប្រជារាស្ដ្រមួយទុកសំរាប់ព្រះអង្គផ្ទាល់ ជាប្រជារាស្ដ្រដែលខ្នះខ្នែងប្រព្រឹត្ដអំពើល្អ។ 15 អ្នកត្រូវបង្រៀនសេចក្ដីនេះទាំងដាស់តឿន និង ស្ដីបន្ទោសដោយប្រើអំណាចពេញទី។ កុំអោយនរណាមើលងាយអ្នកបានឡើយ។

ទីតុស 3

1 ចូររំលឹកដាស់តឿនបងប្អូន អោយគោរពចុះចូលនឹងអាជ្ញាធរ ចុះចូលនឹងរដ្ឋអំណាចអោយគេចេះស្ដាប់បង្គាប់ និង ប្រុងប្រៀបប្រព្រឹត្ដអំពើល្អគ្រប់យ៉ាង។ 2 កុំអោយគេនិយាយអាក្រក់ពីនរណា កុំអោយគេបង្ករឿងតែអោយគេមានចិត្ដសប្បុរស និង បង្ហាញចិត្ដស្លូតបូត គ្រប់យ៉ាងចំពោះមនុស្សទាំងអស់វិញ។ 3 ពីដើមយើងក៏ជាមនុស្សឥតដឹងខុសត្រូវ រឹងទទឹងវង្វេងមាគ៌ា វក់នឹងសេចក្ដីប៉ងប្រាថ្នា និង ការស្រើបស្រាលគ្រប់បែបយ៉ាង មានចិត្ដកំណាច និង ច្រណែនឈ្នានីសជាមនុស្សគួរអោយស្អប់ខ្ពើមព្រមទាំងស្អប់គ្នាទៅវិញទៅមកទៀតផង។ 4 ក៏ប៉ុន្ដែ នៅពេលដែលព្រះជាម្ចាស់ ជាព្រះសង្គ្រោះនៃយើងសំដែងព្រះហឫទ័យសប្បុរស និង ព្រះហឫទ័យស្រឡាញ់ចំពោះមនុស្សលោក 5 ព្រះអង្គក៏បានសង្គ្រោះយើង តាមព្រះហឫទ័យមេត្ដាករុណារបស់ព្រះអង្គ គឺមិនមែនមកពីយើងបានប្រព្រឹត្ដអំពើសុចរិតនោះទេ។ ព្រះអង្គសង្គ្រោះយើងដោយលាងជំរះយើងអោយបានកើតជាថ្មី និង ប្រទានអោយយើងមានជីវិតថ្មីដោយសារព្រះវិញ្ញាណដ៏វិសុទ្ធ។ 6 ព្រះអង្គចាក់បង្ហូរព្រះវិញ្ញាណនេះមកលើយើងយ៉ាងបរិបូណ៌ តាមរយៈព្រះយេស៊ូគ្រិស្ដ ជាព្រះសង្គ្រោះរបស់យើង 7 ដើម្បីអោយយើងបានសុចរិត ដោយសារព្រះគុណរបស់ព្រះអង្គ ហើយអោយយើងបានទទួលជីវិតអស់កល្បជានិច្ចជាមត៌ក តាមសេចក្ដីសង្ឃឹមរបស់យើង។ 8 ពាក្យនេះគួរអោយជឿខ្ញុំចង់អោយអ្នកនិយាយ ហើយនិយាយទៀតបញ្ជាក់អំពីសេចក្ដីទាំងនេះ ដើម្បីអោយអស់អ្នកដែលជឿលើព្រះជាម្ចាស់ខិតខំយកចិត្ដ ទុកដាក់ប្រព្រឹត្ដអំពើល្អ។ ការនេះហើយដែលល្អប្រសើរ និង មានប្រយោជន៍ដល់មនុស្សលោក! 9 ចូរចៀសវាងការជជែកវែកញែកដ៏លេលា ជជែកអំពីបញ្ជីវង្សត្រកូល ចៀសវាងទាស់ទែងគ្នា និង ឈ្លោះប្រកែកគ្នាអំពីក្រឹត្យវិន័យ ដ្បិតការទាំងនេះឥតមានផលប្រយោជន៍ឥតបានការអ្វីទាំងអស់។ 10 ចំពោះអ្នកដែលបង្កអោយមានការបាក់បែកគ្នា ត្រូវព្រមានគេមួយលើកជាពីរលើកហើយបណ្ដេញគេអោយចេញទៅ 11 ដោយដឹងថាជនប្រភេទនេះជាមនុស្សខូចគេប្រព្រឹត្ដអំពើបាប និង ដាក់ទោសខ្លួនឯង។ ពាក្យដាស់តឿនចុងក្រោយ 12 ខ្ញុំចាត់លោកអើតេម៉ាស ឬ លោកទីឃីកុសអោយមករកអ្នក។ កាលណាគាត់មកដល់ចូរលៃលកទៅរកខ្ញុំនៅក្រុងនីកូប៉ូលកុំបីខាន ដ្បិតខ្ញុំបានសំរេចចិត្ដថានឹងស្នាក់នៅទីនោះក្នុងរដូវត្រជាក់។ 13 ចូរលៃលកផ្គត់ផ្គង់លោកមេធាវីសេណាស និង លោកអប៉ូឡូសអោយបន្ដដំណើរទៅផងកុំអោយលោកទាំងពីរខ្វះខាតអ្វីឡើយ។ 14 ត្រូវអោយបងប្អូនយើងរៀនប្រព្រឹត្ដអំពើល្អ អោយបានប្រសើរលើសគេ ដើម្បីជួយផ្គត់ផ្គង់សេចក្ដីត្រូវការដ៏ចាំបាច់ផ្សេងៗ កុំអោយគេទៅជាមនុស្សមិនបង្កើតផល។ 15 ពួកបងប្អូនទាំងអស់ដែលនៅជាមួយខ្ញុំ សូមជំរាបសួរមកអ្នក។ សូមជំរាបសួរបងប្អូនរួម ជំនឿដ៏ជាទីស្រឡាញ់របស់យើងផង។ សូមអោយបងប្អូនទាំងអស់ គ្នាបានប្រកបដោយព្រះគុណ។

ភីលេម៉ូន

1 ខ្ញុំ ប៉ូល នៅជាប់ឃុំឃាំងព្រោះតែព្រះគ្រិស្ដយេស៊ូ ព្រមទាំងធីម៉ូថេជាបងប្អូន សូមជំរាបមកលោកភីលេម៉ូនជាទីស្រឡាញ់ដែលរួមការងារជាមួយយើង 2 សូមជំរាបមកប្អូនស្រីអាប់ភា ជំរាបមកលោកអើឃីពដែលតយុទ្ធរួមជាមួយយើង និង សូមជំរាបមកក្រុមជំនុំ ដែលប្រជុំគ្នាក្នុងផ្ទះរបស់លោកប្អូនសូមជ្រាប។ 3 សូមព្រះជាម្ចាស់ជាព្រះបិតារបស់យើង និង ព្រះយេស៊ូគ្រិស្ដជាអម្ចាស់ប្រទានព្រះគុណ និង សេចក្ដីសុខសាន្ដដល់បងប្អូន។ 4 រាល់ពេលអធិស្ឋាន ខ្ញុំតែងតែនឹកដល់លោកប្អូន ហើយអរព្រះគុណព្រះជាម្ចាស់របស់ខ្ញុំជានិច្ច 5 ដ្បិតខ្ញុំបានឮគេនិយាយអំពីសេចក្ដីស្រឡាញ់ និង ជំនឿរបស់លោកប្អូន ចំពោះព្រះអម្ចាស់យេស៊ូ និង ចំពោះប្រជាជនដ៏វិសុទ្ធទាំងអស់។ 6 សូមព្រះអង្គប្រទានអោយការរួមរស់ក្នុងជំនឿ ជំរុញចិត្ដលោកប្អូនអោយស្គាល់ច្បាស់នូវការល្អគ្រប់យ៉ាងដែលយើងត្រូវធ្វើថ្វាយព្រះគ្រិស្ដ ។ 7 ខ្ញុំមានអំណរ និង មានកម្លាំងចិត្ដយ៉ាងខ្លាំងដោយឃើញថា លោកប្អូនមានចិត្ដស្រឡាញ់ ដ្បិតលោកប្អូនបានធ្វើអោយប្រជាជនដ៏វិសុទ្ធ មានចិត្ដស្ងប់។ 8 ទោះបីខ្ញុំមានសិទ្ធិពេញទីនឹងបង្គាប់លោកប្អូនក្នុងនាមព្រះគ្រិស្ដ អោយធ្វើអ្វីដែលលោកប្អូនត្រូវធ្វើក្ដី 9 ក៏ខ្ញុំចូលចិត្ដយកសេចក្ដីស្រឡាញ់មកអង្វរលោកប្អូនវិញដែរ។ ខ្ញុំ ប៉ូល ដែលកាន់តែចាស់ហើយ ឥឡូវនេះ ក៏ជាប់ឃុំឃាំងព្រោះតែព្រះគ្រិស្ដយេស៊ូថែមទៀត 10 ខ្ញុំសូមអង្វរលោកប្អូនអោយកូនរបស់ខ្ញុំគឺអូនេស៊ីមដែលខ្ញុំបានបង្កើត នៅពេលជាប់ឃុំឃាំង។ 11 ពីដើមគាត់គ្មានប្រយោជន៍អ្វីសំរាប់លោកប្អូនមែនប៉ុន្ដែឥឡូវនេះ គាត់ប្រាកដជាមានប្រយោជន៍សំរាប់ លោកប្អូនក៏ដូចជាមានប្រយោជន៍សំរាប់ខ្ញុំដែរ។ 12 ខ្ញុំសូមចាត់គាត់ ដែលប្រៀបបីដូចជាថ្លើមប្រមាត់របស់ខ្ញុំ អោយវិលមករកលោកប្អូនវិញ។ 13 ខ្ញុំមានបំណងចង់ទុកគាត់អោយនៅជាមួយខ្ញុំដែរ ដើម្បីអោយនៅបំរើខ្ញុំជំនួសលោកប្អូនក្នុងពេលខ្ញុំជាប់ឃុំឃាំង ព្រោះតែដំណឹងល្អ នេះ 14 ក៏ប៉ុន្ដែ ខ្ញុំមិនចង់ធ្វើអ្វី ដោយគ្មានការយល់ព្រមពីលោកប្អូនឡើយ ដើម្បីកុំអោយលោកប្អូនធ្វើអំពើល្អទាំងទើស ទាំងទ័ល គឺធ្វើដោយស្ម័គ្រចិត្ដវិញ។ 15 អូនេស៊ីមត្រូវតែឃ្លាតឆ្ងាយពីលោកប្អូនមួយរយៈមែន ដើម្បីអោយលោកប្អូនបានទទួលគាត់វិញអស់កល្បជានិច្ច 16 មិនមែនក្នុងឋានៈជាខ្ញុំបំរើទៀតទេ គឺក្នុងឋានៈជាបងប្អូនដ៏ជាទីស្រឡាញ់ ដូច្នេះ ប្រសើរជាងខ្ញុំបំរើទៅទៀត។ គាត់ជាបងប្អូនដ៏ជាទីស្រឡាញ់យ៉ាងខ្លាំងរបស់ខ្ញុំ ហើយចំពោះលោកប្អូនគាត់ក៏រឹតតែជាទីស្រឡាញ់ថែមទៀត ទាំងខាងលោកីយ៍ ទាំងខាងព្រះអម្ចាស់។ 17 ដូច្នេះ ប្រសិនបើលោកប្អូនរាប់ខ្ញុំ ទុកជាបងប្អូនរួមជំនឿមែនសូមទទួលគាត់អោយបាន ដូចទទួលខ្ញុំផ្ទាល់ដែរ។ 18 ប្រសិនបើគាត់ធ្វើអ្វីខុសចំពោះលោកប្អូន ឬ ប្រសិនបើគាត់ជំពាក់អ្វីលោកប្អូនសូមគិតទៅលើខ្ញុំចុះ។ 19 ខ្ញុំ ប៉ូល ខ្ញុំសរសេរពាក្យនេះដោយដៃខ្ញុំផ្ទាល់ថាខ្ញុំនឹងសងលោកប្អូនវិញ(ខ្ញុំមិនបាច់រំលឹកថាលោកប្អូនក៏នៅជំពាក់ខ្ញុំផងដែរនោះទេគឺនៅជំពាក់រូបលោកប្អូនផ្ទាល់តែម្ដង)។ 20 លោកប្អូនអើយសូមលោកប្អូនមេត្ដាជួយខ្ញុំដោយយល់ដល់ព្រះអម្ចាស់ ហើយសូមធ្វើអោយចិត្ដខ្ញុំបានស្ងប់ក្នុងអង្គព្រះគ្រិស្ដផង។ 21 ខ្ញុំសរសេរមកលោកប្អូន ដោយជឿជាក់ថាលោកប្អូនមុខជាស្ដាប់តាមសំណូមពររបស់ខ្ញុំ។ ខ្ញុំក៏ដឹងថាលោកប្អូននឹងធ្វើលើសពីពាក្យដែលខ្ញុំសុំទៅទៀត។ 22 ព្រមជាមួយគ្នានេះ សូមលោកប្អូនរៀបចំកន្លែងមួយសំរាប់អោយខ្ញុំស្នាក់ផង ដ្បិតខ្ញុំសង្ឃឹមថានឹងបានមកជួបបងប្អូនមិនខាន ព្រោះបងប្អូនបានទូលអង្វរព្រះជាម្ចាស់អោយខ្ញុំ។ 23 លោកអេប៉ាប្រាស ដែលជាប់ឃុំឃាំងជាមួយខ្ញុំ ព្រោះតែព្រះគ្រិស្ដយេស៊ូសូមជំរាបសួរមក លោកប្អូន 24 ហើយលោកម៉ាកុស លោកអើរីស្ដាក លោកដេម៉ាស និង លោកលូកា ដែលរួមការងាររបស់ខ្ញុំក៏សូមជំរាបសួរមកលោកប្អូនដែរ។ 25 សូមព្រះគុណរបស់ព្រះអម្ចាស់ យេស៊ូគ្រិស្ដនៃយើងស្ថិតនៅជាមួយវិញ្ញាណរបស់បងប្អូន។

ហេប្រឺ 1

1 នៅជំនាន់ដើម ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់បុព្វបុរស យើង ជាច្រើនលើកច្រើនសា ដោយប្រើរបៀបផ្សេងៗជាច្រើនតាមរយៈពួកព្យាការី ។ 2 គ្រានេះជាគ្រាចុងក្រោយបំផុត ព្រះអង្គមានព្រះបន្ទូលមកយើងតាមរយៈព្រះបុត្រា។ ព្រះអង្គបានប្រគល់អ្វីៗទាំងអស់អោយព្រះបុត្រាគ្រប់គ្រងជាមត៌ក ព្រះអង្គក៏បានបង្កើតពិភពទាំងមូលដោយសារព្រះបុត្រាដែរ។ 3 ព្រះបុត្រានេះ ជារស្មីនៃសិរីរុងរឿងរបស់ព្រះជាម្ចាស់ និង មានលក្ខណៈដូចព្រះអង្គបេះបិទ។ ព្រះបុត្រាទ្រទ្រង់អ្វីៗទាំងអស់ដោយសារព្រះបន្ទូលប្រកបដោយឫទ្ធានុភាព។ លុះព្រះអង្គប្រោស មនុស្សអោយបានបរិសុទ្ធ ផុតពីបាប រួចហើយទ្រង់ក៏គង់នៅខាងស្ដាំព្រះដ៏ឧត្ដុង្គឧត្ដមនាស្ថានដ៏ខ្ពង់ខ្ពស់បំផុត។ 4 ព្រះបុត្រាបានទទួលព្រះនាមប្រសើរលើសពួកទេវតា យ៉ាងណាទ្រង់ក៏ទទួលឋានៈប្រសើរជាងពួកទេវតាយ៉ាងនោះដែរ។ 5 ព្រះជាម្ចាស់ពុំដែលមានព្រះបន្ទូលទៅកាន់ទេវតាណាថា៖ «ព្រះអង្គជាបុត្ររបស់យើង គឺយើងហ្នឹងហើយដែលបានទទួលព្រះអង្គធ្វើជាបុត្រនៅថ្ងៃនេះ» ឬមានព្រះបន្ទូលថា៖ «យើងនឹងធ្វើជាបិតារបស់ព្រះអង្គ ហើយព្រះអង្គនឹងទៅជាបុត្រារបស់យើង»សោះឡើយ។ 6 មួយវិញទៀត នៅពេលព្រះជាម្ចាស់ចាត់បុត្រច្បងអោយមកផែនដីនេះ ទ្រង់មានព្រះបន្ទូលថា៖ «ទេវតា ទាំងអស់របស់ព្រះជាម្ចាស់ ត្រូវក្រាបថ្វាយបង្គំព្រះបុត្រា»។ 7 ព្រះជាម្ចាស់មានព្រះបន្ទូលអំពីពួកទេវតាថា៖ «ព្រះអង្គបានយកពួកទេវតាធ្វើជាខ្យល់ និង យកពួកអ្នកបំរើរបស់ព្រះអង្គធ្វើជាអណ្ដាតភ្លើង»។ 8 ចំពោះព្រះបុត្រាវិញ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «បពិត្រព្រះជាម្ចាស់បល្ល័ង្ករបស់ព្រះអង្គ នៅស្ថិតស្ថេរអស់កល្បជានិច្ច ហើយព្រះអង្គគ្រងរាជ្យដោយយុត្ដិធម៌»។ 9 ព្រះអង្គសព្វព្រះហឫទ័យតែនឹងសេចក្ដីសុចរិត ទ្រង់មិនសព្វព្រះហឫទ័យនឹងអំពើទុច្ចរិតទេ។ ហេតុនេះព្រះជាម្ចាស់ជាព្រះរបស់ព្រះអង្គ បានចាក់ប្រេងអភិសេកព្រះអង្គ អោយមានអំណរសប្បាយដ៏លើសលប់ គឺអោយព្រះអង្គបានប្រសើរជាង មិត្ដភក្ដិរបស់ព្រះអង្គ»។ 10 ព្រះជាម្ចាស់មានព្រះបន្ទូលទៀតថា៖ បពិត្រព្រះអម្ចាស់! ព្រះអង្គបានបង្កើតផែនដីតាំងពីដើមដំបូងមកម៉្លេះ ហើយផ្ទៃមេឃក៏ជាស្នាព្រះហស្ដរបស់ព្រះអង្គដែរ។ 11 ផែនដី និង ផ្ទៃមេឃមុខជារលាយបាត់ទៅ តែព្រះអង្គនៅស្ថិតស្ថេររហូត។ ផែនដី និង ផ្ទៃមេឃមុខជាចាស់ទៅដូចសម្លៀកបំពាក់ 12 ព្រះអង្គនឹងបត់ទាំងផែនដី ទាំងផ្ទៃមេឃទុក ដូចគេបត់អាវធំផែនដី និង ផ្ទៃមេឃនឹងរេចរឹលទៅ ដូចសម្លៀកបំពាក់ចំពោះព្រះអង្គវិញ ទ្រង់មិនប្រែប្រួលឡើយ ហើយព្រះជន្មាយុរបស់ព្រះអង្គក៏មិនចេះអស់ដែរ។ 13 មួយវិញទៀត ព្រះជាម្ចាស់ក៏មិនដែលមានព្រះបន្ទូលទៅកាន់ទេវតាណាថា៖ «សូមគង់នៅខាងស្ដាំយើង ទំរាំដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់ព្រះអង្គ មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ»។ 14 ទេវតាទាំងនោះសុទ្ធតែជាវិញ្ញាណដែលនៅបំរើព្រះជាម្ចាស់។ ព្រះអង្គចាត់ពួកលោកអោយមក បំពេញមុខងារជាប្រយោជន៍ដល់អស់អ្នកដែលត្រូវទទួលការសង្គ្រោះទុកជាមត៌ក!

ហេប្រឺ 2

1 ហេតុនេះហើយបានជាយើងត្រូវយកចិត្ដទុកដាក់នឹងសេចក្ដីប្រៀនប្រដៅដែលយើងបានស្ដាប់អោយមែនទែន ក្រែងលោយើងត្រូវរសាត់បាត់ទៅ។ 2 ប្រសិនបើព្រះបន្ទូលដែលពួកទេវតាថ្លែងប្រាប់យកជាការបាន ហើយបើអ្នកដែលប្រព្រឹត្ដល្មើស និង មិនស្ដាប់តាម បានទទួលទោសយ៉ាងហ្នឹងទៅហើយ 3 ចុះចំណង់បើយើងវិញ ធ្វើម្ដេចនឹងអោយរួចខ្លួនបានបើយើងធ្វេសប្រហែសនឹងការ សង្គ្រោះដ៏ថ្លៃវិសេសនេះ? ជាបឋមព្រះអម្ចាស់បានថ្លែងអំពីការសង្គ្រោះ ហើយអស់អ្នកដែលបានស្ដាប់ក៏បញ្ជាក់ប្រាប់យើងដែរ។ 4 ព្រះជាម្ចាស់ផ្ដល់សក្ខីភាពរួមជាមួយពួកគេដោយសំដែងទីសំគាល់ឫទ្ធិបាដិហារិយ៍ ការអស្ចារ្យគ្រប់យ៉ាងព្រមទាំងចែកព្រះអំណោយទានរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ មកស្របតាមព្រះហឫទ័យព្រះអង្គផង។ 5 ព្រះជាម្ចាស់ពុំបានប្រគល់អោយពួកទេវតា ត្រួតត្រាពិភពលោកខាងមុខ ដូចយើងធ្លាប់និយាយនោះទេ។ 6 ផ្ទុយទៅវិញមានម្នាក់បានផ្ដល់សក្ខីភាពនៅក្នុងវគ្គមួយដែលចែងថា៖ «តើមនុស្សមានឋានៈអ្វីបានជាព្រះអង្គនឹកដល់គេដូច្នេះ តើបុត្រមនុស្សជាអ្វីដែរបានជាព្រះអង្គយក ព្រះហឫទ័យទុកដាក់នឹងគេយ៉ាងនេះ»? 7 «ព្រះអង្គបានធ្វើអោយគេមានឋានៈទាបជាង ទេវតាតែមួយរយៈប៉ុណ្ណោះ ព្រះអង្គប្រទានសិរីរុងរឿង និង កិត្ដិយសដល់គេទុកជាមកុដរាជ្យ» 8 ព្រះអង្គបានបង្ក្រាបអ្វីៗទាំងអស់អោយ នៅក្រោមជើងរបស់គេ»។ ព្រះជាម្ចាស់បានបង្ក្រាបអ្វីៗទាំងអស់ ឥតទុកអោយមានអ្វីមួយនៅសល់ដែលពុំបានចុះចូលនោះឡើយ។ ក៏ប៉ុន្ដែ នៅពេលនេះ យើងពុំឃើញថា អ្វីៗសព្វសារពើសុទ្ធតែបានចុះចូលនឹងអំណាចរបស់មនុស្សហើយនោះទេ 9 តែយើងឃើញថា ព្រះយេស៊ូដែលមានឋានៈទាបជាងពួកទេវតាមួយរយៈ ព្រោះទ្រង់បានរងទុក្ខ និង សោយទិវង្គតនោះ ឥឡូវនេះព្រះអង្គទទួលសិរីរុងរឿង និង ព្រះកិត្ដិនាមទុកជាមកុដរាជ្យ។ ដោយសារព្រះគុណរបស់ព្រះជាម្ចាស់ ព្រះគ្រិស្ដបានសោយទិវង្គតសំរាប់មនុស្សគ្រប់ៗរូប។ 10 អ្វីៗទាំងអស់មានជីវិតដោយសារព្រះជាម្ចាស់ និង សំរាប់ព្រះអង្គទ្រង់សព្វព្រះហឫទ័យនឹងនាំ បុត្រធីតាជាច្រើនអោយទទួលសិរីរុងរឿង ដូច្នេះ គួរគប្បីព្រះអង្គ ប្រោសប្រទានអោយម្ចាស់នៃការសង្គ្រោះបានគ្រប់លក្ខណៈដោយរងទុក្ខលំបាក។ 11 ព្រះយេស៊ូដែលប្រោសមនុស្សអោយបានវិសុទ្ធ និង មនុស្សដែលព្រះអង្គប្រោសអោយបាន វិសុទ្ធនោះចេញមកពីប្រភពតែមួយ។ ហេតុនេះហើយបានជាព្រះយេស៊ូមិនខ្មាសនឹងហៅគេថា ជាបងប្អូនរបស់ព្រះអង្គឡើយ 12 គឺព្រះអង្គមានព្រះបន្ទូលថា៖ «ទូលបង្គំនឹងផ្សាយដំណឹងអំពីព្រះនាម របស់ព្រះអង្គអោយបងប្អូនទូលបង្គំស្គាល់ ទូលបង្គំនឹងច្រៀងលើកតម្កើងព្រះអង្គនៅក្នុងអង្គប្រជុំ»។ 13 ព្រះយេស៊ូមានព្រះបន្ទូលទៀតថា៖ «ទូលបង្គំទុកចិត្ដលើព្រះអង្គ» ហើយថា«ខ្ញុំនៅឯនេះរួមជាមួយនឹងកូនចៅ ដែលព្រះជាម្ចាស់ប្រទានអោយខ្ញុំ»។ 14 ដោយកូនចៅនោះជាប់សាច់ឈាមជាមួយគ្នា ព្រះអង្គក៏បានយកឋានៈជាមនុស្សរួមជាមួយគេដែរ ហើយព្រះអង្គសោយទិវង្គត ដើម្បីកំទេចមារ ដែលមានអំណាចលើសេចក្ដីស្លាប់ 15 និង ដើម្បីរំដោះអស់អ្នកដែលជាប់ជាទាសករមួយជីវិតព្រោះតែខ្លាចស្លាប់។ 16 ព្រះយេស៊ូពិតជាពុំបានយាងមកជួយពួកទេវតា ទេ គឺព្រះអង្គមកជួយពូជពង្សរបស់លោកអប្រាហាំវិញ។ 17 ហេតុនេះហើយបានជាព្រះអង្គត្រូវតែមានលក្ខណៈដូច បងប្អូនរបស់ព្រះអង្គគ្រប់ជំពូកទាំងអស់ ដើម្បីធ្វើជាមហាបូជាចារ្យ ដែលមានចិត្ដមេត្ដាករុណាមានចិត្ដស្មោះត្រង់ក្នុងការបំរើព្រះជាម្ចាស់ និង ដើម្បីរំដោះប្រជាជនអោយរួចផុតពីបាប ផង។ 18 ដោយព្រះអង្គផ្ទាល់បានរងទុក្ខលំបាក នៅពេលជួបការល្បងលព្រះអង្គក៏អាចជួយ អស់អ្នកដែលជួបនឹងការល្បងលបានដែរ។

ហេប្រឺ 3

1 បងប្អូនដ៏វិសុទ្ធ អើយ ព្រះជាម្ចាស់ក៏បានត្រាស់ហៅបងប្អូនដែរ! ចូរគិតពិចារណាមើលអំពីព្រះយេស៊ូជាទូត ដែលព្រះជាម្ចាស់បានចាត់អោយមក និង ជាមហាបូជាចារ្យ ដែលនាំអោយយើងមានជំនឿដូចយើងប្រកាសនោះទៅ។ 2 ព្រះយេស៊ូមានព្រះហឫទ័យស្មោះត្រង់ចំពោះព្រះជាម្ចាស់ ដែលបានតែងតាំងព្រះអង្គ ដូចលោកម៉ូសេមានចិត្ដស្មោះត្រង់ចំពោះកិច្ចការក្នុងព្រះដំណាក់ដែរ។ 3 អ្នកសង់ផ្ទះមានកិត្ដិយស ប្រសើរលើសផ្ទះយ៉ាងណា ព្រះយេស៊ូក៏គួរនឹងទទួលសិរីរុងរឿង ប្រសើរលើសលោកម៉ូសេយ៉ាងនោះដែរ 4 ដ្បិតផ្ទះទាំងឡាយសុទ្ធតែមានគេបានសង់ឡើង រីឯព្រះជាម្ចាស់វិញ ព្រះអង្គបានសង់គ្រប់អ្វីៗទាំងអស់។ 5 ចំពោះលោកម៉ូសេលោកមានចិត្ដស្មោះត្រង់នឹងកិច្ចការ ក្នុងព្រះដំណាក់ទាំងមូលក្នុងឋានៈលោកជាអ្នកបំរើ ដើម្បីផ្ដល់សក្ខីភាពពីព្រះបន្ទូលដែលព្រះជាម្ចាស់នឹងថ្លែង។ 6 រីឯព្រះគ្រិស្ដវិញ ព្រះអង្គមានព្រះហឫទ័យស្មោះត្រង់ ក្នុងឋានៈជាព្រះបុត្រា ដែលគ្រប់គ្រងលើព្រះដំណាក់ផ្ទាល់របស់ព្រះអង្គ គឺយើងទាំងអស់គ្នាហ្នឹងហើយជាព្រះដំណាក់របស់ព្រះអង្គ ប្រសិនបើយើងនៅកាន់ចិត្ដរឹងប៉ឹង និង ពឹងផ្អែកលើសេចក្ដីសង្ឃឹមរបស់យើងជាប់ជានិច្ចមែននោះ។ 7 ហេតុនេះដូចព្រះវិញ្ញាណដ៏វិសុទ្ធ មានព្រះបន្ទូលថា៖ «ថ្ងៃនេះប្រសិនបើអ្នករាល់គ្នាឮព្រះសូរសៀងរបស់ព្រះអង្គ 8 មិនត្រូវមានចិត្ដរឹងរូសដូចនៅគ្រាបះបោរ ក្នុងថ្ងៃដែលគេល្បងលព្រះអង្គ នៅវាលរហោស្ថាននោះឡើយ 9 បុព្វបុរសរបស់អ្នករាល់គ្នាបានល្បងលយើង ដើម្បីសាកមើលយើង ហើយគេឃើញកិច្ចការដែលយើងបានធ្វើ ក្នុងអំឡុងពេលសែសិបឆ្នាំ។ 10 ហេតុនេះហើយបានជាយើងទាស់ចិត្ដនឹង មនុស្សនៅជំនាន់នោះណាស់ ហើយយើងបានពោលថាៈ ចិត្ដរបស់ពួកគេចេះតែវង្វេងរហូតទៅ គេពុំស្គាល់មាគ៌ារបស់យើងឡើយ 11 យើងខឹងនឹងពួកគេ ហើយប្ដេជ្ញាថា មិនអោយពួកគេចូលមកសំរាក ជាមួយយើងជាដាច់ខាត»។ 12 ដូច្នេះបងប្អូនអើយ ចូរប្រយ័ត្នក្រែងលោនរណាម្នាក់ ក្នុងចំណោមបងប្អូន បែរជាមានចិត្ដអាក្រក់លែងជឿ រហូតដល់ទៅងាកចេញពីព្រះជាម្ចាស់ដ៏មានព្រះជន្មរស់។ 13 ផ្ទុយទៅវិញចូរដាស់តឿនគ្នាទៅវិញទៅមក ជារៀងរាល់ថ្ងៃ គឺគ្រប់ពេលដែលមានចែងក្នុងគម្ពីរថា«ថ្ងៃនេះ!» នៅឡើយ ដើម្បីកុំអោយបងប្អូនណាម្នាក់ប្រកាន់ចិត្ដរឹងរូសដោយចាញ់បោកបាប ។ 14 ប្រសិនបើយើងរក្សាជំហររឹងប៉ឹង ដែលយើងមានតាំងពីដំបូងមករហូតដល់ចុងបញ្ចប់មែននោះ យើងបានចូលរួមជាមួយព្រះគ្រិស្ដហើយ 15 ព្រោះក្នុងគម្ពីរមានចែងថា «ថ្ងៃនេះប្រសិនបើអ្នករាល់គ្នាឮព្រះសូរសៀងរបស់ព្រះអង្គ មិនត្រូវមានចិត្ដរឹងរូសដូចនៅគ្រាបះបោរនោះឡើយ»។ 16 តើនរណាខ្លះបានឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ ហើយបែរជានាំគ្នាបះបោរ? អស់អ្នកដែលលោកម៉ូសេបាននាំចេញពីស្រុកអេស៊ីបមកនោះឬ? 17 ក្នុងអំឡុងពេលសែសិបឆ្នាំនោះ តើព្រះជាម្ចាស់ទ្រង់ព្រះពិរោធនឹងនរណាខ្លះ? ព្រះអង្គទ្រង់ព្រះពិរោធនឹងអស់អ្នកដែលបានប្រព្រឹត្ដអំពើបាប ហើយត្រូវស្លាប់ចោលឆ្អឹងនៅវាលរហោស្ថាននោះឬ? 18 តើព្រះអង្គបានប្ដេជ្ញាថាមិនអោយនរណាខ្លះចូលមកសំរាកជាមួយព្រះអង្គ? គឺអស់អ្នកដែលមិនព្រមស្ដាប់បង្គាប់ព្រះអង្គនោះឬ? 19 ដូច្នេះ យើងឃើញថាពួកគេពុំបានចូលទៅសំរាកមកពីពួកគេគ្មានជំនឿ។

ហេប្រឺ 4

1 ព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់ ដែលថាអោយយើងចូលទៅសំរាកជាមួយព្រះអង្គនោះ នៅស្ថិតស្ថេរនៅឡើយ ដូច្នេះ យើងត្រូវភ័យខ្លាចក្រែងលោមានបងប្អូនណាម្នាក់នឹកស្មានថាខ្លួនចូលទៅមិនទាន់ 2 ដ្បិតយើងក៏បានទទួលដំណឹងល្អ ដូចពួកគេដែរ។ ក៏ប៉ុន្ដែ ព្រះបន្ទូលដែលគេស្ដាប់ គ្មានប្រយោជន៍អ្វីដល់គេទេ ព្រោះព្រះបន្ទូលដែលគេបានឮនោះ ពុំបានជ្រួតជ្រាបចូលក្នុងចិត្ដគេដោយជំនឿឡើយ។ 3 ព្រះជាម្ចាស់មានព្រះបន្ទូលថា «យើងខឹងនឹងពួកគេ ហើយប្ដេជ្ញាថា មិនអោយពួកគេចូលមកសំរាក ជាមួយយើងជាដាច់ខាត»។ ចំពោះយើងជាអ្នកជឿវិញ យើងបានចូលមកសំរាកជាមួយព្រះអង្គហើយ។ ពិតមែនហើយ ព្រះជាម្ចាស់បានបង្ហើយកិច្ចការរបស់ព្រះអង្គ តាំងពីកំណើតពិភពលោកមកម៉្លេះ 4 ដ្បិតមានចែងទុកត្រង់វគ្គមួយស្ដីអំពីថ្ងៃទីប្រាំពីរថាៈ ព្រះជាម្ចាស់បង្ហើយកិច្ចការទាំងអស់នៅថ្ងៃទីប្រាំពីររួចព្រះអង្គក៏សំរាក។ 5 ក្នុងអត្ថបទគម្ពីរខាងលើនេះមានចែងសាជាថ្មីថាៈ «ពួកគេនឹងមិនបានចូលទៅសំរាកជាមួយយើងជាដាច់ខាត»។ 6 ព្រះជាម្ចាស់បានតំរូវអោយអ្នកខ្លះចូលទៅសំរាក ក៏ប៉ុន្ដែ ដោយអស់អ្នកដែលទទួលដំណឹងល្អ ពីមុនមិនបានចូលព្រោះគេមិនស្ដាប់បង្គាប់ 7 ព្រះអង្គក៏កំណត់យក"ថ្ងៃនេះ"មួយទៀត គឺព្រះអង្គមានព្រះបន្ទូលតាមរយៈព្រះបាទដាវីឌ ជាយូរអង្វែងក្រោយមកទៀត ដូចមានចែងទុកនៅខាងលើនេះស្រាប់ថាៈ «ថ្ងៃនេះ ប្រសិនបើអ្នករាល់គ្នាឮព្រះសូរសៀងរបស់ព្រះអង្គ មិនត្រូវមានចិត្ដរឹងរូសឡើយ»។ 8 ប្រសិនបើលោកយ៉ូស្វេ នាំប្រជារាស្ដ្រអោយបានសំរាកមែន ក្រោយមកទៀតនោះ ព្រះជាម្ចាស់មុខជាពុំមានព្រះបន្ទូលអំពីថ្ងៃមួយផ្សេងទៀតឡើយ។ 9 ដូច្នេះ ព្រះជាម្ចាស់បានតំរូវទុកអោយមានថ្ងៃសំរាកមួយទៀត សំរាប់ប្រជារាស្ដ្ររបស់ព្រះអង្គដូចព្រះអង្គសំរាកនៅថ្ងៃទីប្រាំពីរដែរ 10 ដ្បិតអ្នកណាចូលទៅសំរាកជាមួយព្រះជាម្ចាស់ អ្នកនោះបានបង្ហើយកិច្ចការរបស់ខ្លួនដូចព្រះជាម្ចាស់បង្ហើយកិច្ចការរបស់ព្រះអង្គដែរ។ 11 ហេតុនេះយើង ត្រូវតែខ្នះខ្នែងចូលទៅរកសំរាកជាមួយព្រះអង្គនោះវិញ កុំអោយមាននរណាម្នាក់ធ្លាក់ខ្លួនទៅយកតំរាប់តាមពួកអ្នកដែលមិនស្ដាប់បង្គាប់នោះឡើយ 12 ដ្បិតព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជាព្រះបន្ទូលដ៏មានជីវិត និង មានមហិទ្ធិឫទ្ធិមុតជាងដាវមុខពីរទៅទៀត។ ព្រះបន្ទូលនេះចាក់ទម្លុះចូលទៅកាត់ព្រលឹង និង វិញ្ញាណដាច់ចេញពីគ្នាកាត់សន្លាក់ឆ្អឹង និង ខួរឆ្អឹងចេញពីគ្នា។ ព្រះបន្ទូលវិនិច្ឆ័យឆន្ទៈ និង គំនិតនៅក្នុងជំរៅចិត្ដមនុស្ស។ 13 គ្មានសត្វលោកណាមួយដែលព្រះបន្ទូលមើលមិនឃើញឡើយ ចំពោះព្រះនេត្ររបស់ព្រះអង្គអ្វីៗទាំងអស់នៅទទេ ឥតបិទបាំងទាល់តែសោះ។ យើងត្រូវទូលរៀបរាប់ថ្វាយព្រះបន្ទូលពីគ្រប់កិច្ចការទាំងអស់។ 14 ដោយយើងមានមហាបូជាចារ្យ មួយរូបដ៏ប្រសើរឧត្ដម ដែលបានយាងកាត់ស្ថានបរមសុខ គឺព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់ យើងត្រូវតែកាន់ជំនឿដែលយើងប្រកាសនោះ អោយបានមាំមួន 15 ដ្បិតយើងមានមហាបូជាចារ្យ ដែលអាចរួមសុខទុក្ខជាមួយយើងជាមនុស្សទន់ខ្សោយ គឺព្រះអង្គក៏ត្រូវរងការល្បងលគ្រប់ជំពូក ដូចយើងដែរតែទ្រង់មិនបានប្រព្រឹត្ដអំពើបាបសោះឡើយ 16 ហេតុនេះ យើងត្រូវចូលទៅកាន់បល្ល័ង្កនៃព្រះគុណ ទាំងទុកចិត្ដ ដើម្បីអោយបានទទួលព្រះហឫទ័យមេត្ដា និង ព្រះគុណទុកជាជំនួយនៅពេលណាដែលយើងត្រូវការ។

ហេប្រឺ 5

1 គេជ្រើសរើសមហាបូជាចារ្យគ្រប់ៗរូបពីចំណោមមនុស្ស ហើយតែងតាំងសំរាប់អោយទាក់ទងជាមួយព្រះជាម្ចាស់ ដើម្បីជាប្រយោជន៍ដល់មនុស្សលោកក្នុងការថ្វាយតង្វាយ និង ថ្វាយយញ្ញបូជារំដោះបាបមនុស្ស។ 2 លោកមហាបូជាចារ្យអាចមានអធ្យាស្រ័យដល់មនុស្សល្ងិតល្ងង់ និង មនុស្សវង្វេងបានព្រោះខ្លួនលោកផ្ទាល់ក៏ទន់ខ្សោយ 3 ហើយដោយលោកទន់ខ្សោយ ដូច្នេះ លោកត្រូវថ្វាយយញ្ញបូជាសំរាប់អោយខ្លួនលោកផ្ទាល់ និង ប្រជារាស្ដ្ររួចពីបាប។ 4 គ្មាននរណាតាំងខ្លួនឯងអោយបំពេញមុខងារដ៏ប្រសើរនេះបានឡើយ គឺទាល់តែព្រះជាម្ចាស់ត្រាស់ហៅដូចលោកអើរ៉ុន ទើបបំពេញបាន។ 5 រីឯព្រះគ្រិស្ដវិញក៏ដូច្នោះដែរ ព្រះអង្គពុំបានលើកតម្កើងព្រះអង្គផ្ទាល់ធ្វើជាមហាបូជាចារ្យឡើយ គឺព្រះជាម្ចាស់ទេតើដែលបានតែងតាំងព្រះអង្គ ដោយមានព្រះបន្ទូលមកកាន់ព្រះអង្គថា៖ «ព្រះអង្គជាបុត្ររបស់យើង គឺយើងហ្នឹងហើយដែលបាន ទទួលព្រះអង្គធ្វើជាបុត្រនៅថ្ងៃនេះ»។ 6 ព្រះជាម្ចាស់ក៏មានព្រះបន្ទូលនៅក្នុងវគ្គមួយទៀតថា៖ «ព្រះអង្គជាបូជាចារ្យអស់កល្បតរៀងទៅ តាមរបៀបព្រះបាទម៉ិលគីស្សាដែក»។ 7 កាលព្រះគ្រិស្ដរស់នៅក្នុងលោកនេះនៅឡើយ ព្រះអង្គបានបន្លឺសំឡេងយ៉ាងខ្លាំង និង បង្ហូរទឹកភ្នែកទូលអង្វរទូលសូមព្រះជាម្ចាស់ ដែលអាចសង្គ្រោះព្រះអង្គអោយរួចពីស្លាប់។ ដោយព្រះគ្រិស្ដបានគោរពប្រណិប័តន៍ព្រះជាម្ចាស់ នោះព្រះជាម្ចាស់ក៏ប្រោសប្រទានតាមពាក្យទូលអង្វរ។ 8 ថ្វីដ្បិតតែព្រះអង្គជាព្រះបុត្រាក៏ដោយ ព្រះអង្គក៏បានរៀនស្ដាប់បង្គាប់ដោយរងទុក្ខលំបាក។ 9 បន្ទាប់ពីព្រះអង្គបានគ្រប់លក្ខណៈហើយ ទ្រង់ក៏បានទៅជាប្រភពនៃការសង្គ្រោះដ៏នៅស្ថិតស្ថេរអស់កល្បជានិច្ច សំរាប់អស់អ្នកដែលស្ដាប់បង្គាប់ព្រះអង្គ 10 ហើយព្រះជាម្ចាស់ក៏ប្រកាសតែងតាំងព្រះអង្គជាមហាបូជាចារ្យ តាមរបៀបព្រះបាទម៉ិលគីស្សាដែកដែរ។ 11 ត្រង់ចំណុចនេះ យើងមានសេចក្ដីជាច្រើនដែលត្រូវនិយាយ ជាសេចក្ដីដែលពិបាកពន្យល់ ព្រោះបងប្អូនបែរជាក្រនឹងយល់។ 12 តាមពិតបងប្អូនគួរតែបានធ្វើជាគ្រូបង្រៀនគេតាំងពីយូរយារណាស់មកហើយ ក៏ប៉ុន្ដែ បងប្អូនត្រូវការអោយគេបង្រៀនអំពីសេចក្ដីខ្លះៗ ដែលនៅខាងដើមដំបូងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើងវិញ បងប្អូនបែរជាត្រូវការទឹកដោះ គឺមិនមែនត្រូវការអាហាររឹងទេ។ 13 អ្នកដែលត្រូវការទឹកដោះពុំអាចយល់ការប្រៀនប្រដៅអំពីសេចក្ដីសុចរិតបានឡើយ ព្រោះគេនៅជាកូនខ្ចី។ 14 មានតែមនុស្សពេញវ័យប៉ុណ្ណោះ ដែលអាចទទួលអាហាររឹងបាន ព្រោះគេធ្លាប់មានការពិសោធន៍ចេះវែកញែកស្គាល់ល្អ ស្គាល់អាក្រក់។

ហេប្រឺ 6

1 ហេតុនេះ ត្រូវឈោងចាប់យកសេចក្ដីណាដែលមានខ្លឹមសារ គ្រប់លក្ខណៈរបស់មនុស្សពេញវ័យដោយទុកសេចក្ដីផ្សេងៗនៅដើមដំបូងស្ដីអំពីព្រះគ្រិស្ដនោះសិន យើងមិនបាច់ចាក់គ្រឹះសាជាថ្មីទៀតទេ គឺដូចជានិយាយអំពីការកែប្រែចិត្ដគំនិត ឈប់ប្រព្រឹត្ដអំពើឥតបានការ អំពីជំនឿលើព្រះជាម្ចាស់ 2 អំពីសេចក្ដីបង្រៀនពីការជ្រមុជផ្សេងៗ អំពីពិធីដាក់ដៃ អំពីការរស់ឡើងវិញ ឬ អំពីការវិនិច្ឆ័យ ទោសអស់កល្បជានិច្ចនោះឡើយ។ 3 ប្រសិនបើព្រះជាម្ចាស់សព្វព្រះហឫទ័យ យើងនឹងបរិយាយអំពីសេចក្ដីដូចតទៅនេះ។ 4 មានអ្នកខ្លះបានទទួលពន្លឺម្ដងរួចហើយ ថែមទាំងបានស្គាល់ឱជារសនៃព្រះអំណោយទានពីស្ថានបរមសុខ បានរួមចំណែកជាមួយព្រះវិញ្ញាណដ៏វិសុទ្ធ 5 ព្រមទាំងស្គាល់ឱជារសនៃព្រះបន្ទូលដ៏ល្អវិសេសរបស់ព្រះជាម្ចាស់ និង ស្គាល់ឫទ្ធានុភាព ទាំងឡាយនៃបរលោកទៀតផង។ 6 ប្រសិនបើគេបែរជាធ្លាក់ខ្លួនបាត់ជំនឿវិញនោះគេមុខជាពុំអាចកែប្រែចិត្ដគំនិតសាជាថ្មីម្ដងទៀតបានឡើយ ដ្បិតខ្លួនគេផ្ទាល់បានឆ្កាងព្រះបុត្រារបស់ព្រះជាម្ចាស់សាជាថ្មី ព្រមទាំងបានបន្ថោកកិត្ដិយសព្រះអង្គជាសាធារណៈផង។ 7 ដីណាទទួលទឹកភ្លៀងដែលធ្លាក់មកជាញឹកញាប់ ហើយផ្ដល់ភោគផលល្អដល់អ្នកភ្ជួររាស់ដីនោះក៏ទទួលព្រះពរពី ព្រះជាម្ចាស់ដែរ។ 8 ផ្ទុយទៅវិញប្រសិនបើដីនោះដុះសុទ្ធតែបន្លា និង អញ្ចាញគេនឹងចាត់ទុកថាគ្មាន តម្លៃជិតត្រូវបណ្ដាសាហើយគេមុខជាដុតចោលមិនខាន។ 9 ក៏ប៉ុន្ដែ បងប្អូនដ៏ជាទីស្រឡាញ់អើយ ទោះបីយើងនិយាយបែបនេះក៏ដោយ ក៏យើងជឿជាក់ថាបងប្អូនស្ថិតនៅលើមាគ៌ាដ៏ល្អប្រសើរបំផុតឆ្ពោះទៅរកការសង្គ្រោះ 10 ដ្បិតព្រះជាម្ចាស់មិនមែនអយុត្ដិធម៌ទេ ទ្រង់មិនភ្លេចអំពើដែល បងប្អូនបានប្រព្រឹត្ដហើយក៏មិនភ្លេច សេចក្ដីស្រឡាញ់ ដែលបងប្អូនបានសំដែងចំពោះព្រះនាមព្រះអង្គ ដោយបងប្អូនបានបំរើប្រជាជនដ៏វិសុទ្ធកាលពីដើម និង ឥឡូវនេះដែរ។ 11 យើងចង់អោយបងប្អូនម្នាក់ៗ នៅតែមានចិត្ដខ្នះខ្នែងរហូតដល់ចុងបញ្ចប់ គឺធ្វើអោយសេចក្ដីសង្ឃឹមរបស់បងប្អូនបានពេញលក្ខណៈ 12 ដើម្បីកុំអោយបងប្អូនក្លាយទៅជាខ្ជិលច្រអូស តែអោយយកតំរាប់តាមអស់អ្នកដែលបានទទួលមត៌ក តាមព្រះបន្ទូលសន្យា ព្រោះគេមានជំនឿ និង ចេះស៊ូទ្រាំ។ 13 នៅពេលដែលព្រះជាម្ចាស់មានព្រះបន្ទូលសន្យានឹងលោកអប្រាហាំ ព្រះអង្គបានស្បថដោយយក ព្រះអង្គផ្ទាល់ធ្វើជាប្រធាន ព្រោះគ្មាននរណាមានឋានៈធំជាងព្រះអង្គធ្វើជាប្រធានសម្បថបានឡើយ។ 14 ព្រះអង្គមានព្រះបន្ទូលថាៈ «យើងនឹងអោយពរអ្នកយ៉ាងច្រើនបរិបូណ៌ ហើយក៏នឹងធ្វើអោយពូជពង្ស របស់អ្នកបានកើនចំនួនច្រើនឡើងដែរ»។ 15 ដោយលោកអប្រាហាំព្យាយាមទន្ទឹងរង់ចាំ លោកក៏បានទទួលតាមព្រះបន្ទូលសន្យាមែន។ 16 មនុស្សតែងតែស្បថដោយយកអ្វីៗធំជាងខ្លួនមកធ្វើជាប្រធាន ហើយសម្បថនោះធ្វើអោយពាក្យសំដីរបស់គេយកជាការបាន ដើម្បីបញ្ចប់ការទាស់ទែងគ្នាគ្រប់យ៉ាង។ 17 ព្រះជាម្ចាស់ក៏សព្វព្រះហឫទ័យបង្ហាញអោយអស់អ្នកដែលទទួលមត៌កតាមព្រះបន្ទូលសន្យាបានដឹងរឹតតែច្បាស់ថា បើព្រះអង្គសំរេចព្រះហឫទ័យយ៉ាងណាហើយនោះទ្រង់មិនប្រែប្រួលទេ។ ហេតុនេះ ព្រះអង្គមានព្រះបន្ទូលស្បថថែមលើព្រះបន្ទូលសន្យាទៀត។ 18 ចំពោះយើងដែលបានលះបង់អ្វីៗទាំងអស់ ដើម្បីឈោងចាប់យកសេចក្ដីសង្ឃឹមដែលព្រះអង្គដាក់ នៅខាងមុខយើងព្រះអង្គក៏បានលើកទឹកចិត្ដយើងយ៉ាងខ្លាំងដោយមានព្រះបន្ទូលទាំងពីរយ៉ាងដែលពុំចេះប្រែប្រួល ហើយព្រះជាម្ចាស់មិនចេះកុហក ក្នុងព្រះបន្ទូលនេះឡើយ។ 19 សេចក្ដីសង្ឃឹមនេះប្រៀបបីដូចជាយុថ្កាមួយដ៏ជាប់មាំមួន សំរាប់ព្រលឹងរបស់យើង ហើយក៏បានចូលហួស វាំងននទៅក្នុងទីសក្ការៈថែមទៀតផង 20 គឺឆ្ពោះទៅកាន់កន្លែងដែលព្រះយេស៊ូ បានយាងចូលទៅមុនដើម្បីជាប្រយោជន៍ដល់យើង ហើយព្រះអង្គក៏បានទទួលឋានៈជាមហាបូជាចារ្យ រហូតអស់កល្បជានិច្ច តាមរបៀបព្រះបាទម៉ិលគីស្សាដែក។

ហេប្រឺ 7

1 ព្រះបាទម៉ិលគីស្សាដែកនេះ ជាព្រះមហាក្សត្រនៅក្រុងសាឡឹម និង ជាបូជាចារ្យ របស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត។ ទ្រង់បានទៅជួបលោកអប្រាហាំ ដែលវិលមកពីវាយឈ្នះស្ដេចនានា ហើយទ្រង់ជូនពរលោក។ 2 លោកអប្រាហាំបានយកអ្វីៗទាំងអស់ដែលលោកមានចំនួនមួយភាគដប់ មកថ្វាយព្រះបាទម៉ិលគីស្សាដែក។ ព្រះនាមរបស់ស្ដេចអង្គនេះមានន័យថា«ស្ដេចប្រកបដោយសេចក្ដីសុចរិត» ហើយទ្រង់ជាស្ដេចក្រុងសាឡឹមថែមទៀតដែលមានន័យថា «ស្ដេចនៃសេចក្ដីសុខសាន្ដ»។ 3 ទ្រង់គ្មានមាតាបិតា និង គ្មានវង្សត្រកូលទេ ហើយជីវិតរបស់ស្ដេច ក៏គ្មានដើមកំណើត និង ចុងបញ្ចប់ដែរ។ ទ្រង់ដូចព្រះបុត្រារបស់ព្រះជាម្ចាស់ ហើយស្ថិតនៅជាបូជាចារ្យ រហូតតរៀងទៅ។ 4 សូមបងប្អូនពិចារណាមើលចុះ ព្រះបាទម៉ិលគីស្សាដែកនេះមានឋានៈធំប៉ុនណា បានជាលោកអប្រាហាំបុព្វបុរស របស់យើង យកអ្វីៗដែលលោករឹបអូសបានពីចំបាំងចំនួនមួយភាគដប់មកថ្វាយដូច្នេះ! 5 អស់អ្នកក្នុងពូជពង្សរបស់លោកលេវី ដែលបានទទួលមុខងារជាបូជាចារ្យ នោះ ក៏បានទទួលបញ្ជាអោយហូតយកតង្វាយមួយភាគដប់ ពីប្រជាជនស្របតាម ក្រឹត្យវិន័យ គឺហូតយកពីអស់អ្នកជាសាច់ឈាមរបស់ខ្លួន ដែលជាពូជពង្សរបស់លោកអប្រាហាំដូចគ្នា។ 6 ចំណែកឯព្រះបាទម៉ិលគីស្សាដែកវិញលោកគ្មានជាប់សាច់ញាតិអ្វីនឹងកូនចៅលោកលេវីទេ តែលោកបានយកទ្រព្យចំនួនមួយភាគដប់ពីលោកអប្រាហាំ! ទ្រង់ក៏ជូនពរដល់លោកអប្រាហាំដែលបានទទួលព្រះបន្ទូលសន្យា! 7 ធម្មតាអ្នកទទួលពរមានឋានៈតូចជាងអ្នកអោយពរ ត្រង់ចំណុចនេះ យើងពុំអាចប្រកែកបានឡើយ។ 8 លោកលេវីដែលទទួលតង្វាយមួយភាគនោះជាមនុស្សរមែងតែងតែស្លាប់។ រីឯព្រះបាទម៉ិលគីស្សាដែកវិញ ទ្រង់មានព្រះជន្មរស់ដូចគម្ពីរបានបញ្ជាក់ស្រាប់។ 9 យើងអាចពោលអោយអស់សេចក្ដីថា សូម្បីតែលោកលេវី ដែលតែងទទួលតង្វាយមួយភាគដប់ ក៏បានយកអ្វីៗមួយភាគដប់ ថ្វាយព្រះបាទម៉ិលគីស្សាដែកតាមរយៈលោកអប្រាហាំដែរ 10 ដ្បិតនៅពេលដែលព្រះបាទម៉ិលគីស្សាដែក ទៅជួបលោកអប្រាហាំនោះ លោកលេវីស្ថិតនៅក្នុងលោកអប្រាហាំនៅឡើយ។ 11 មុខងារបូជាចារ្យ ជាគ្រឹះនៃគម្ពីរវិន័យរបស់ប្រជារាស្ដ្រអ៊ីស្រាអែល។ ប្រសិនបើមុខងារជាបូជាចារ្យ បានគ្រប់លក្ខណៈដោយសារពួកលេវីហើយនោះ តើចាំបាច់តែងតាំងបូជាចារ្យមួយទៀតតាមរបៀប ព្រះបាទម៉ិលគីស្សាដែកធ្វើអ្វី? ម្ដេចក៏មិននិយាយពីបូជាចារ្យ តាមរបៀបលោកអើរ៉ុនទៅវិញ។ 12 ប្រសិនបើមានការផ្លាស់ប្ដូរមុខងារបូជាចារ្យ នោះក៏ត្រូវតែមានការផ្លាស់ប្ដូរក្រឹត្យវិន័យដែរ។ 13 រីឯបូជាចារ្យដែលមានចែងក្នុងអត្ថបទទាំងនេះ ទ្រង់កើតក្នុងកុលសម្ព័ន្ធមួយដែលគ្មាននរណាម្នាក់ធ្លាប់ធ្វើជាបូជាចារ្យឡើយ។ 14 យើងសុទ្ធតែបានដឹងច្បាស់ទាំងអស់គ្នាថា ព្រះអម្ចាស់នៃយើងប្រសូតមកក្នុងកុលសម្ព័ន្ធ យូដា។ ពេលលោកម៉ូសេនិយាយអំពីបូជាចារ្យ លោកពុំដែលនិយាយពីកុលសម្ព័ន្ធនេះទេ។ 15 ប្រសិនបើមានការតែងតាំងបូជាចារ្យមួយរូបទៀត ដូចព្រះបាទម៉ិលគីស្សាដែក សេចក្ដីនេះក៏រឹតតែច្បាស់ជាងទៅទៀត។ 16 ព្រះអង្គមិនបានទទួលមុខងារជាបូជាចារ្យ តាមវិន័យដែលជាបទបញ្ជារបស់មនុស្សឡើយ គឺទ្រង់បានទទួលមុខងារនេះតាមឫទ្ធានុភាពនៃព្រះជន្មមិនចេះសាបសូន្យ 17 ដ្បិតគម្ពីរបានផ្ដល់សក្ខីភាពអំពីព្រះអង្គថា «ព្រះអង្គជាបូជាចារ្យអស់កល្បតរៀងទៅ តាមរបៀបព្រះបាទម៉ិលគីស្សាដែក»។ 18 ដូច្នេះ បទបញ្ជាដែលមានពីមុនមក ត្រូវលុបបំបាត់ចោលហើយព្រោះគ្មានប្រសិទ្ធភាពគ្មានសារៈប្រយោជន៍អ្វីទេ 19 ដ្បិតក្រឹត្យវិន័យពុំបានធ្វើអោយអ្វីមួយទៅជាគ្រប់លក្ខណៈឡើយ។ ម៉្យាងទៀតសេចក្ដីសង្ឃឹមមួយដ៏ប្រសើរជាងបានមកដល់ ហើយដោយសារសេចក្ដីសង្ឃឹមនេះយើងអាចចូល ទៅជិតព្រះជាម្ចាស់បាន។ 20 លើសពីនេះ មានព្រះបន្ទូលសម្បថ។ បូជាចារ្យឯទៀតៗ បានទទួលមុខងារជាបូជាចារ្យ ដោយគ្មានព្រះបន្ទូលសម្បថទេ។ 21 រីឯព្រះយេស៊ូវិញ ទ្រង់បានទទួលមុខងារជាបូជាចារ្យ ដោយព្រះជាម្ចាស់ទ្រង់បានស្បថ គឺព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់ព្រះអង្គថា «"ព្រះអង្គជាបូជាចារ្យអស់កល្បជានិច្ច" ព្រះអម្ចាស់ទ្រង់បានស្បថ ហើយទ្រង់នឹងមិនប្រែប្រួលឡើយ»។ 22 ដូច្នេះ ដោយមានព្រះបន្ទូលសម្បថយ៉ាងនេះ បានសេចក្ដីថាព្រះយេស៊ូធានារ៉ាប់រង នូវសម្ពន្ធមេត្រី មួយរឹតតែប្រសើរជាងទៅទៀត។ 23 លើសពីនេះ មានគ្នាជាច្រើនបានធ្វើបូជាចារ្យតៗគ្នា ព្រោះពួកគេតែងតែស្លាប់ ពុំអាចធ្វើបូជាចារ្យជាអចិន្ដ្រៃយ៍បានឡើយ។ 24 រីឯព្រះយេស៊ូវិញ ព្រះអង្គមានមុខងារជាបូជាចារ្យ ដែលពុំអាចផ្ទេរទៅអោយនរណាបានទេ ព្រោះព្រះអង្គគង់នៅអស់កល្បជានិច្ច។ 25 ហេតុនេះហើយបានជាព្រះអង្គក៏អាចសង្គ្រោះអស់អ្នកដែលចូលមកជិតព្រះជាម្ចាស់ តាមរយៈព្រះអង្គបានជាស្ថាពរ ដ្បិតព្រះអង្គមានព្រះជន្មរស់រហូត ដើម្បីទូលអង្វរព្រះជាម្ចាស់អោយពួកគេ។ 26 មានតែមហាបូជាចារ្យដ៏ប្រសើរដូចព្រះយេស៊ូនេះ ហើយ ដែលយើងត្រូវការ គឺមហាបូជាចារ្យដ៏វិសុទ្ធ ស្លូតត្រង់ ឥតសៅហ្មង ខុសប្លែកពីមនុស្សបាប ព្រមទាំងខ្ពង់ខ្ពស់លើស ស្ថានបរមសុខ ទៅទៀត។ 27 ព្រះអង្គមិនត្រូវការថ្វាយយញ្ញបូជារៀងរាល់ថ្ងៃ ដូចមហាបូជាចារ្យឯទៀតៗថ្វាយ ព្រោះបាបខ្លួនឯងផ្ទាល់ផង និង បាបប្រជាជនផងនោះឡើយ ដ្បិតព្រះអង្គបានថ្វាយព្រះកាយព្រះអង្គផ្ទាល់ជាយញ្ញបូជាម្ដងជាសូរេច។ 28 ក្រឹត្យវិន័យបានតែងតាំងមនុស្សទន់ខ្សោយអោយធ្វើជាមហាបូជាចារ្យ។ រីឯព្រះបន្ទូលសម្បថ ដែលមានមកតាមក្រោយក្រឹត្យវិន័យ បានតែងតាំងព្រះបុត្រាដែលគ្រប់លក្ខណៈអស់កល្បជានិច្ច អោយធ្វើជាមហាបូជាចារ្យវិញ។

ហេប្រឺ 8

1 គោលដ៏សំខាន់បំផុត ក្នុងសេចក្ដីដែលយើងកំពុងតែបរិយាយនេះ គឺថា យើងមានមហាបូជាចារ្យ មួយ គង់នៅខាងស្ដាំបល្ល័ង្ករបស់ព្រះជាម្ចាស់ដ៏ឧត្ដុងឧត្ដមនៅស្ថានបរមសុខ។ 2 ព្រះអង្គនៅបំរើក្នុងទីសក្ការៈ និង ក្នុងព្រះពន្លា ដ៏ពិតប្រាកដដែលព្រះអម្ចាស់បានដំឡើង គឺមិនមែនមនុស្សដំឡើងទេ។ 3 ចំពោះមហាបូជាចារ្យគ្រប់ៗរូប គេតែងតាំងអោយថ្វាយតង្វាយ និង ថ្វាយយញ្ញបូជា ដូច្នេះ លោកត្រូវតែរកអ្វីយកទៅថ្វាយជាចាំបាច់។ 4 ប្រសិនបើព្រះគ្រិស្ដគង់នៅផែនដីនេះ ព្រះអង្គមិនមែនជាបូជាចារ្យទេព្រោះមានបូជាចារ្យឯទៀតៗ សំរាប់យកតង្វាយទៅថ្វាយស្របតាមក្រឹត្យវិន័យរួចស្រេចទៅហើយ។ 5 អ្នកទាំងនោះធ្វើពិធីផ្សេងៗ តាមគំរូ និង តាមស្រមោលនៃពិធីនៅស្ថានបរមសុខ ដូចព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ នៅពេលដែលហៀបនឹងសង់ព្រះពន្លាថាៈ «ចូរប្រុងប្រយ័ត្ន អ្នកត្រូវធ្វើសព្វគ្រប់ទាំងអស់តាមគំរូដែលយើងបានបង្ហាញអោយអ្នកឃើញនៅលើភ្នំ»។ 6 ឥឡូវនេះ ព្រះគ្រិស្ដបានទទួលមុខងារប្រសើរជាងបូជាចារ្យទាំងនោះទៅទៀត ព្រោះព្រះអង្គជាស្ពាននៃសម្ពន្ធមេត្រី មួយប្រសើរជាងជាសម្ពន្ធមេត្រីដែលចងឡើង ដោយសារព្រះបន្ទូលសន្យាដ៏ប្រសើរជាង។ 7 ប្រសិនបើសម្ពន្ធមេត្រីមុនល្អឥតខ្ចោះ ហើយមិនបាច់រកសម្ពន្ធមេត្រីទីពីរ មកជំនួសឡើយ។ 8 ព្រះជាម្ចាស់មានព្រះបន្ទូលស្ដីបន្ទោសប្រជារាស្ដ្ររបស់ព្រះអង្គដូចតទៅ៖ ព្រះអម្ចាស់មានព្រះបន្ទូលថា «បន្ដិចទៀតយើងនឹងចងសម្ពន្ធមេត្រីមួយថ្មី ជាមួយពូជពង្សរបស់អ៊ីស្រាអែល និង ពូជពង្សរបស់យូដា។ 9 សម្ពន្ធមេត្រីថ្មីនេះមិនដូចសម្ពន្ធមេត្រីដែល យើងបានចងជាមួយបុព្វបុរសរបស់គេ នៅថ្ងៃដែលយើងដឹកដៃបុព្វបុរសទាំងនោះ ចេញពីស្រុកអេស៊ីបឡើយ។ ពួកគេពុំបានគោរពតាមសម្ពន្ធមេត្រី ដែលយើងបានចងជាមួយគេនោះអោយបានខ្ជាប់ខ្ជួនទេ យើងក៏លែងរវីរវល់នឹងពួកគេដែរ» នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ 10 ព្រះអម្ចាស់មានព្រះបន្ទូលថា «លុះគ្រានេះកន្លងផុតទៅ យើងនឹងចងសម្ពន្ធមេត្រីជាមួយពូជពង្ស អ៊ីស្រាអែលដូចតទៅៈ យើងនឹងដាក់ក្រឹត្យវិន័យរបស់យើងទាំងប៉ុន្មានក្នុងប្រាជ្ញារបស់ពួកគេ យើងនឹងចារក្រឹត្យវិន័យទាំងនោះទុក នៅក្នុងចិត្ដរបស់ពួកគេយើងនឹងបានទៅជាព្រះរបស់ពួកគេ ហើយគេជាប្រជារាស្ដ្ររបស់យើង។ 11 ពេលនោះនឹងលែងមាននរណា បង្រៀនជនរួមជាតិរបស់ខ្លួន ហើយក៏លែងមាននរណានិយាយប្រាប់បងប្អូនរបស់ខ្លួនថា "ត្រូវតែស្គាល់ព្រះអម្ចាស់"ទៀតហើយ ព្រោះតាំងពីអ្នកតូចបំផុតរហូតដល់អ្នកធំ គេនឹងស្គាល់យើងគ្រប់ៗគ្នា 12 ដ្បិតយើងនឹងអត់ឱនអោយគេ ចំពោះអំពើទុច្ចរិតដែលគេបានប្រព្រឹត្ដ ហើយយើងក៏មិននឹកនាពីអំពើបាបរបស់គេទៀតដែរ»។ 13 ដោយព្រះអង្គហៅសម្ពន្ធមេត្រីនេះ ថាជាសម្ពន្ធមេត្រីថ្មីដូច្នេះព្រះអង្គចាត់ទុកសម្ពន្ធមេត្រី មុនថាជាសម្ពន្ធមេត្រីចាស់។ ធម្មតាអ្វីៗដែលចាស់ ហើយកាន់តែចាស់ទៅៗនោះមុខជា ត្រូវសាបសូន្យបាត់ទៅមិនខាន។

ហេប្រឺ 9

1 ក្នុងសម្ពន្ធមេត្រីទីមួយ មានក្បួនផ្សេងៗសំរាប់គោរពបំរើព្រះជាម្ចាស់ និង មានទីសក្ការៈនៅលើផែនដីនេះ 2 ព្រោះគេបានដំឡើងព្រះពន្លា មួយ ហើយគេហៅផ្នែកខាងមុខថា"ទីសក្ការៈ" នៅទីនោះមានដាក់ជើងចង្កៀង តុ និង នំបុ័ងតង្វាយ។ 3 បន្ទាប់មក ខាងក្រោយវាំងននទីពីរ មានព្រះពន្លាមួយទៀតហៅថា "ទីសក្ការៈបំផុត"។ 4 នៅទីនោះ មានភាជន៍មួយធ្វើពីមាស សំរាប់ដុតគ្រឿងក្រអូប និង មានហិប នៃសម្ពន្ធមេត្រីស្រោបមាសជុំវិញ ហើយក្នុងហិបនោះ មានពានមាសមួយដែលគេដាក់នំម៉ាណា មានដំបងរបស់លោកអើរ៉ុន ដែលមានផ្ការីកចេញមក និង មានបន្ទះថ្មនៃសម្ពន្ធមេត្រីផង។ 5 នៅពីលើហិបនៃសម្ពន្ធមេត្រី មានរូបចេរូប៊ីន ត្រដាងស្លាបបាំងពីលើកន្លែងថ្វាយឈាមសុំអោយរួចពីបាប រូបនោះបង្ហាញពីវត្ដមានរបស់ព្រះជាម្ចាស់។ ប៉ុន្ដែ យើងមិនបាច់រៀបរាប់អោយបានល្អិតល្អន់ នៅពេលនេះទេ។ 6 អ្វីៗទាំងអស់រៀបរយដូច្នេះហើយ ក្រុមបូជាចារ្យក៏នាំគ្នាចូលទៅគោរពបំរើនៅផ្នែក ខាងមុខនៃព្រះពន្លានោះជាប្រក្រតី។ 7 រីឯព្រះពន្លាខាងក្នុងវិញ មានតែលោកមហាបូជាចារ្យប៉ុណ្ណោះ ដែលចូលទៅបានមួយឆ្នាំម្ដង។ លោកត្រូវតែយកឈាមសត្វចូលទៅថ្វាយព្រះជាម្ចាស់ ដើម្បីលាង កំហុសរបស់ខ្លួនលោកផ្ទាល់ និង កំហុសរបស់ប្រជាជន។ 8 ត្រង់នេះ ព្រះវិញ្ញាណដ៏វិសុទ្ធ បង្ហាញអោយយើងដឹងថា ដរាបណាផ្នែកខាងមុខនៃព្រះពន្លានៅស្ថិតស្ថេរនៅឡើយ ផ្លូវចូលទៅក្នុងទីសក្ការៈ ក៏ពុំទាន់បើកចំហអោយយើងចូលទៅបានដែរ។ 9 នេះហើយជានិមិត្ដរូប សំរាប់បច្ចុប្បន្នកាល គឺមានន័យថាតង្វាយ និង យញ្ញបូជាដែលមនុស្សយកមកថ្វាយព្រះជាម្ចាស់ ពុំអាចធ្វើអោយមនសិការរបស់អ្នកដែលមកគោរពបំរើទៅជាគ្រប់លក្ខណៈ បានឡើយ។ 10 ពិធីទាំងនោះគ្រាន់តែជាក្បួនតម្រារបស់មនុស្ស អំពីម្ហូបអាហារភេសជ្ជៈ និង អំពីការប្រោះទឹកផ្សេងៗប៉ុណ្ណោះ ជាពិធីដែលប្រជាជនត្រូវធ្វើ ទំរាំដល់ពេលព្រះជាម្ចាស់កែទំរង់អ្វីៗទាំងអស់ឡើងវិញ។ 11 រីឯព្រះគ្រិស្ដវិញ ព្រះអង្គបានយាងមក ក្នុងឋានៈជាមហាបូជាចារ្យ ដែលនាំទៅកាន់សម្បត្ដិនៅលោកខាងមុខ។ ព្រះអង្គបានយាងកាត់ ព្រះពន្លាមួយដ៏ប្រសើរឧត្ដម និង ល្អគ្រប់លក្ខណៈជាង ជាព្រះពន្លាដែលមិនមែនសង់ឡើងដោយដៃមនុស្សពោល គឺមិនមែនជាព្រះពន្លាដែលស្ថិតនៅក្នុងលោកនេះឡើយ។ 12 ព្រះអង្គពុំបានយកឈាមពពែឈ្មោលឬឈាមកូនគោទេ គឺយកព្រះលោហិតរបស់ព្រះអង្គផ្ទាល់ចូលទៅថ្វាយ ក្នុងទីសក្ការៈម្ដងជាសូរេច ទាំងលោះយើងអស់កល្បជានិច្ចផង។ 13 ប្រសិនបើឈាមពពែឈ្មោល និង ឈាមគោបា ព្រមទាំងផេះគោញីស្ទាវដែលគេបាចលើមនុស្សសៅហ្មង ធ្វើអោយរូបកាយគេបានបរិសុទ្ធ និង អោយគេទៅជាវិសុទ្ធយ៉ាងហ្នឹងទៅហើយ 14 ចំណង់បើព្រះលោហិតរបស់ព្រះគ្រិស្ដវិញ តើនឹងរឹតតែជំរះមនសិការយើងអោយបានរួចផុតពីអំពើឥតបានការ ដើម្បីគោរពបំរើព្រះជាម្ចាស់ដ៏មានព្រះជន្មរស់ខ្លាំងយ៉ាងណាទៅទៀត? គឺដោយសារព្រះវិញ្ញាណ ដែលគង់នៅអស់កល្បជានិច្ច ព្រះគ្រិស្ដបានថ្វាយព្រះអង្គផ្ទាល់ទៅព្រះជាម្ចាស់ទុកដូចជាយញ្ញបូជាឥតសៅហ្មង។ 15 ហេតុនេះ ព្រះអង្គជាស្ពាននៃសម្ពន្ធមេត្រីមួយថ្មី ដើម្បីអោយអស់អ្នកដែលព្រះជាម្ចាស់ ត្រាស់ហៅ ទទួលមត៌កដ៏ស្ថិតស្ថេរអស់កល្បជានិច្ច តាមព្រះបន្ទូលសន្យាព្រោះព្រះគ្រិស្ដបានសោយទិវង្គត ដើម្បីលោះមនុស្សលោកអោយរួចផុតពីទោសដែលគេបានប្រព្រឹត្ដល្មើសកាលនៅក្រោមសម្ពន្ធមេត្រីទីមួយ។ 16 ធម្មតា គេអាចចែកកេរមត៌ក តាមពាក្យបណ្ដាំបាន លុះត្រាតែមានសេចក្ដីបញ្ជាក់ថា អ្នកដែលបានចែងពាក្យបណ្ដាំនោះ ស្លាប់ទៅហើយ 17 ព្រោះពាក្យបណ្ដាំអាចយកជាការបានតែនៅពេលណាដែលម្ចាស់បណ្ដាំនោះស្លាប់ប៉ុណ្ណោះ បើម្ចាស់បណ្ដាំនៅរស់គេពុំអាចអនុវត្ដតាមពាក្យបណ្ដាំនោះបានឡើយ។ 18 ហេតុនេះ សូម្បីតែសម្ពន្ធមេត្រីពីមុន ក៏ចាប់ផ្ដើមយកជាការបានទាល់តែមានការបង្ហូរឈាម។ 19 ពេលលោកម៉ូសេប្រកាសបទបញ្ជាទាំងអស់ ស្របតាមក្រឹត្យវិន័យ អោយប្រជាជនទាំងមូលស្ដាប់រួចហើយ លោកយករោមចៀមដែលជ្រលក់ពណ៌ក្រហម និង ស្លឹកហ៊ីសុបមកជ្រលក់ឈាមកូនគោ ឈាមពពែឈ្មោល និង ទឹកប្រោះលើគម្ពីរព្រមទាំងលើប្រជាជនទាំងមូល 20 លោកមានប្រសាសន៍ថាៈ «នេះជាលោហិតនៃសម្ពន្ធមេត្រី ដែលព្រះជាម្ចាស់បានបង្គាប់អោយអ្នករាល់គ្នាកាន់តាម»។ 21 ន្ទាប់មក លោកក៏បានប្រោះឈាមនោះលើព្រះពន្លា និង លើប្រដាប់ប្រដាទាំងអស់ ដែលប្រើប្រាស់សំរាប់គោរពបំរើព្រះជាម្ចាស់ដែរ។ 22 តាមក្រឹត្យវិន័យ អ្វីៗស្ទើរតែទាំងអស់បានបរិសុទ្ធដោយសារឈាម ប្រសិនបើគ្មានការបង្ហូរឈាមទេក៏គ្មានការលើកលែងទោសដែរ។ 23 អ្វីៗដែលគ្រាន់តែជាតំណាង តាមគំរូនៅស្ថានបរមសុខ បានបរិសុទ្ធ ដោយពិធីទាំងនេះទៅហើយចំណង់បើគំរូផ្ទាល់ដែលស្ថិតនៅស្ថានបរមសុខនោះវិញ ត្រូវតែមានយញ្ញបូជាដ៏ប្រសើរជាងនេះទៅទៀតទើបបានបរិសុទ្ធ។ 24 ព្រះគ្រិស្ដពុំបានយាងចូលក្នុងទីសក្ការៈសង់ឡើង ដោយស្នាដៃមនុស្ស ដែលគ្រាន់តែជាតំណាងនៃទីសក្ការៈដ៏ពិតប្រាកដនោះឡើយ គឺព្រះអង្គបានយាងទៅចូលក្នុងស្ថានបរមសុខតែម្ដង។ ឥឡូវនេះ ព្រះអង្គស្ថិតនៅចំពោះព្រះភ័ក្ដ្រព្រះជាម្ចាស់ ដើម្បីជាប្រយោជន៍ដល់យើង។ 25 ព្រះគ្រិស្ដពុំបានបូជាព្រះជន្មព្រះអង្គផ្ទាល់ច្រើនដង ដូចលោកមហាបូជាចារ្យ ដែលតែងតែយកឈាមសត្វចូលទៅក្នុងទីសក្ការៈ ជារៀងរាល់ឆ្នាំនោះឡើយ។ 26 បើព្រះអង្គបូជាព្រះជន្មច្រើនដង ព្រះអង្គមុខជាត្រូវរងទុក្ខលំបាកច្រើនលើកច្រើនសា តាំងពីកំណើតពិភពលោកមក។ តាមពិតនៅគ្រាចុងក្រោយនេះ ព្រះអង្គបានយាងមកតែម្ដងគត់ ដើម្បីលុបបំបាត់បាបដោយព្រះអង្គបានបូជាព្រះជន្ម។ 27 មនុស្សលោកទាំងអស់ត្រូវស្លាប់តែមួយដង រួចត្រូវព្រះជាម្ចាស់វិនិច្ឆ័យទោសយ៉ាងណា 28 ព្រះគ្រិស្ដក៏បានថ្វាយព្រះជន្មរបស់ព្រះអង្គតែមួយដង ធ្វើជាយញ្ញបូជា ដើម្បីដកបាបចេញពីមនុស្សទាំងអស់យ៉ាងនោះដែរ។ ព្រះអង្គនឹងយាងមកម្ដងទៀត តែលើកនេះគ្មានទាក់ទាមអ្វីនឹងបាបទេ គឺព្រះអង្គយាងមកសង្គ្រោះអស់អ្នកដែលទន្ទឹងរង់ចាំព្រះអង្គ។

ហេប្រឺ 10

1 ក្រឹត្យវិន័យ គ្រាន់តែជាស្រមោលនៃសម្បត្ដិនៅលោកខាងមុខប៉ុណ្ណោះ គឺមិនមែនធ្វើអោយមនុស្សយើងឃើញសម្បត្ដិទាំងនោះប្រត្យក្សច្បាស់ទេ។ ហេតុនេះ ក្រឹត្យវិន័យពុំអាចធ្វើអោយអស់អ្នកដែលចូលមកថ្វាយសក្ការបូជា បានគ្រប់លក្ខណៈឡើយ ទោះបីគេថ្វាយយញ្ញបូជា ដដែលៗជារៀងរាល់ឆ្នាំមិនចេះចប់មិនចេះហើយក៏ដោយ។ 2 ប្រសិនបើពួកអ្នកដែលគោរពបំរើព្រះជាម្ចាស់តាមរបៀបនេះ បានបរិសុទ្ធ ម្ដងជាសូរេចហើយនោះ គេមុខជាដឹងថាខ្លួនគ្មានជាប់បាបទៀតទេ ហើយគេក៏លែងមកថ្វាយយញ្ញបូជា ទៀតដែរ។ 3 ក៏ប៉ុន្ដែ ដោយការថ្វាយយញ្ញបូជាទាំងនោះជារៀងរាល់ឆ្នាំ គេតែងតែនាំគ្នារំលឹកពីអំពើបាប 4 ព្រោះឈាមគោបា និង ឈាមរបស់ពពែឈ្មោលពុំអាចដកបាបបានឡើយ។ 5 ហេតុនេះ នៅពេលដែលព្រះគ្រិស្ដយាងចូលមកក្នុងពិភពលោក ព្រះអង្គមានព្រះបន្ទូលទៅកាន់ព្រះជាម្ចាស់ថា៖ «ព្រះអង្គមិនចង់បានយញ្ញបូជាឬតង្វាយអ្វីទេ តែព្រះអង្គបានធ្វើរូបកាយមួយអោយទូលបង្គំ 6 ព្រះអង្គមិនសព្វព្រះហឫទ័យនឹងតង្វាយដុត ឬយញ្ញបូជាសុំអោយរួចពីបាបឡើយ 7 ដូច្នេះទូលបង្គំពោលថាៈ បពិត្រព្រះជាម្ចាស់ ឥឡូវនេះទូលបង្គំសូមមក ធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ ស្របតាមសេចក្ដីដែលមានចែងទុកពីទូលបង្គំនៅក្នុងគម្ពីរ»។ 8 ជាបឋម ព្រះគ្រិស្ដមានព្រះបន្ទូលថា «ព្រះអង្គមិនចង់បាន ហើយព្រះអង្គក៏មិនសព្វព្រះហឫទ័យនឹងយញ្ញបូជា តង្វាយផ្សេងៗ តង្វាយដុតទាំងមូល ឬ យញ្ញបូជារំដោះបាប» ដែលគេថ្វាយទៅព្រះជាម្ចាស់ស្របតាមក្រឹត្យវិន័យដែរ។ 9 បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលថា «ឥឡូវនេះ ទូលបង្គំសូម មកធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ»។ ដូច្នេះ ព្រះអង្គបានលុបបំបាត់របៀបគោរពបំរើព្រះជាម្ចាស់ពីមុនចោល ហើយយករបៀបថ្មីមកតាំងជំនួសវិញ។ 10 ព្រះយេស៊ូគ្រិស្ដថ្វាយព្រះកាយរបស់ព្រះអង្គ ម្ដងជាសូរេច តាមព្រះហឫទ័យព្រះជាម្ចាស់ ហេតុនេះហើយបានជាព្រះអង្គប្រោសយើងអោយបានវិសុទ្ធ។ 11 បូជាចារ្យ គ្រប់ៗរូបតែងតែឈរបំពេញមុខងាររបស់ខ្លួនជារៀងរាល់ថ្ងៃ ហើយថ្វាយយញ្ញបូជាដដែលៗជាញឹកញាប់ ជាយញ្ញបូជាដែលពុំអាចដកបាបបានជាដាច់ខាត។ 12 រីឯព្រះគ្រិស្ដវិញ បន្ទាប់ពីព្រះអង្គបានថ្វាយយញ្ញបូជាតែមួយ ដើម្បីរំដោះបាបរួចហើយ ព្រះអង្គគង់នៅខាងស្ដាំព្រះជាម្ចាស់រហូតតទៅ។ 13 ឥឡូវនេះ ព្រះអង្គរង់ចាំព្រះជាម្ចាស់បង្ក្រាបខ្មាំងសត្រូវរបស់ព្រះអង្គ អោយចុះចូលក្រោមព្រះបាទាព្រះអង្គ។ 14 ដោយសារតង្វាយតែមួយគត់ ព្រះគ្រិស្ដធ្វើអោយអស់អ្នកដែលទ្រង់បានប្រោសអោយវិសុទ្ធ ហើយនោះបានគ្រប់លក្ខណៈរហូតតទៅ។ 15 ព្រះវិញ្ញាណដ៏វិសុទ្ធ ក៏បានបញ្ជាក់ប្រាប់យើងដែរ គឺមុនដំបូង ទ្រង់មានព្រះបន្ទូលថា៖ 16 «ព្រះអម្ចាស់មានព្រះបន្ទូលថា លុះគ្រានេះកន្លងផុតទៅ យើងនឹងចង សម្ពន្ធមេត្រីជាមួយគេដូចតទៅនេះ យើងនឹងដាក់ក្រឹត្យវិន័យទាំងប៉ុន្មានរបស់យើង ក្នុងចិត្ដរបស់ពួកគេ យើងនឹងចារក្រឹត្យវិន័យ ទាំងនោះទុកក្នុងប្រាជ្ញារបស់ពួកគេដែរ»។ 17 បន្ទាប់មក ព្រះវិញ្ញាណមានព្រះបន្ទូលបន្ថែមទៀតថា៖ «ហើយយើងក៏មិននឹកនាពីអំពើបាប និង អំពើទុច្ចរិតរបស់គេទៀតដែរ»។ 18 ដូច្នេះ ប្រសិនបើព្រះជាម្ចាស់លើកលែងទោសហើយនោះ មិនបាច់ថ្វាយតង្វាយសុំអោយរួចពីបាបទៀតឡើយ។ 19 ហេតុនេះ បងប្អូនអើយ យើងមានចិត្ដរឹងប៉ឹងចូលមកក្នុងទីសក្ការៈ ដោយសារព្រះលោហិតរបស់ព្រះយេស៊ូ 20 ព្រោះព្រះអង្គបានបើកមាគ៌ាមួយថ្មី ជាមាគ៌ាដែលមានជីវិត ដោយទ្រង់ឆ្លងកាត់វាំងននពោល គឺរូបកាយរបស់ព្រះអង្គដែលកើតមកជាមនុស្ស។ 21 ដោយយើងមានមហាបូជាចារ្យ មួយរូប ដែលគ្រប់គ្រងលើព្រះដំណាក់របស់ព្រះជាម្ចាស់ដូច្នេះ 22 យើងត្រូវនាំគ្នាចូលទៅជិតព្រះអង្គដោយចិត្ដទៀងត្រង់ ពោរពេញដោយជំនឿមាំមួន និង មានចិត្ដបរិសុទ្ធ ជ្រះស្រឡះពីគំនិតសៅហ្មង ព្រមទាំងមានរូបកាយលាងដោយទឹកដ៏បរិសុទ្ធផង។ 23 ត្រូវរក្សាសេចក្ដីសង្ឃឹម ដែលយើងប្រកាសនោះអោយបានខ្ជាប់ខ្ជួន កុំអោយរង្គើឡើយ ដ្បិតព្រះជាម្ចាស់មានព្រះបន្ទូលសន្យាយ៉ាងណា ទ្រង់ក៏នឹងធ្វើតាមយ៉ាងនោះដែរ។ 24 តោងយើងមើលថែរក្សាគ្នាទៅវិញទៅមក ដើម្បីជួយដាស់តឿនគ្នាអោយមានចិត្ដស្រឡាញ់ និង ប្រព្រឹត្ដអំពើល្អ។ 25 មិនត្រូវលះបង់ការប្រជុំគ្នា ដូចអ្នកខ្លះធ្លាប់ធ្វើនោះឡើយផ្ទុយទៅវិញ យើងត្រូវលើកទឹកចិត្ដគ្នាទៅវិញទៅមក អោយរឹតតែខ្លាំងឡើង ដោយឃើញថាថ្ងៃនៃព្រះអម្ចាស់កាន់តែជិតមកដល់ហើយ។ 26 ក្រោយពីយើងបានស្គាល់សេចក្ដីពិតច្បាស់ ហើយប្រសិនបើយើងប្រព្រឹត្ដអំពើបាបដោយចេតនានោះ មុខជាគ្មានយញ្ញបូជាណាអាចធ្វើអោយយើងរួចពីបាបបានទៀតឡើយ 27 គឺមានតែភិតភ័យរង់ចាំការវិនិច្ឆ័យទោស និង រង់ចាំភ្លើងដ៏សន្ធោសន្ធៅដែលចាំតែឆាបឆេះពួកអ្នកប្រឆាំងប៉ុណ្ណោះ! 28 នរណាម្នាក់បំពានលើវិន័យរបស់លោកម៉ូសេ ហើយបើមានសាក្សីពីរ ឬ បីនាក់ដឹងឮគេមុខជាប្រហារជីវិតអ្នកនោះឥតត្រាប្រណីឡើយ។ 29 ចុះចំណង់បើអ្នកដែលមើលងាយព្រះបុត្រារបស់ព្រះជាម្ចាស់ ដោយបន្ថោកព្រះលោហិតនៃសម្ពន្ធមេត្រី ជាព្រះលោហិតដែលប្រោសអោយគេបានទៅជាវិសុទ្ធ ហើយប្រសិនបើគេត្មះតិះដៀលព្រះវិញ្ញាណនៃព្រះគុណសូមបងប្អូនគិតមើល៍ តើគេនឹងត្រូវទទួលទោសខ្លាំងយ៉ាងណាទៅទៀត! 30 ដ្បិតយើងស្គាល់ព្រះជាម្ចាស់ដែលមានព្រះបន្ទូលថា «ការសងសឹកស្រេចតែនៅលើយើង គឺយើងទេតើដែលនឹងតបស្នងដល់គេ» ហើយ «ព្រះអម្ចាស់នឹងវិនិច្ឆ័យទោសប្រជារាស្ដ្ររបស់ព្រះអង្គ»។ 31 គ្មានអ្វីគួរអោយភ័យខ្លាចជាងត្រូវព្រះដ៏មានព្រះជន្មគង់នៅ វិនិច្ឆ័យទោសឡើយ! 32 ក៏ប៉ុន្ដែ សូមនឹកចាំពីគ្រាដំបូង ដែលបងប្អូនទើបនឹងទទួលពន្លឺពីព្រះជាម្ចាស់ថ្មីៗ។ ពេលនោះ បងប្អូនបានតស៊ូយ៉ាងខ្លាំង ហើយបងប្អូនក៏បានរងទុក្ខលំបាកជាច្រើន 33 ពេលខ្លះបងប្អូន ត្រូវគេប្រមាថមើលងាយ ធ្វើបាបនៅមុខប្រជុំជន និង ពេលខ្លះទៀតបងប្អូនរួមទុក្ខជាមួយអ្នកដែលត្រូវគេធ្វើបាបដែរ។ 34 បងប្អូនបានរួមទុក្ខជាមួយអស់អ្នកដែលជាប់ឃុំឃាំង បងប្អូនសុខចិត្ដអោយគេរឹបអូសយកទ្រព្យសម្បត្ដិរបស់បងប្អូនដោយរីករាយ ដ្បិតបងប្អូនដឹងថាបងប្អូនមានសម្បត្ដិសួគ៌ដែលប្រសើរជាង ហើយនៅស្ថិតស្ថេររហូត។ 35 ហេតុនេះសូមបងប្អូនកុំលះបង់ចិត្ដរឹងប៉ឹងដែលនឹងធ្វើអោយបងប្អូនទទួលរង្វាន់ យ៉ាងធំនោះឡើយ 36 គឺត្រូវមានចិត្ដស៊ូទ្រាំ ដើម្បីធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ និង ទទួលផលតាមព្រះបន្ទូលសន្យា 37 ដ្បិតនៅតែបន្ដិចទៀត គឺក្នុងពេលឆាប់ៗខាងមុខ ព្រះអង្គដែលត្រូវយាងមក ទ្រង់នឹងយាងមកដល់ជាមិនខាន ព្រះអង្គមិនបង្អង់ឡើយ។ 38 «រីឯអ្នកសុចរិតជាកូនចៅរបស់យើងវិញ គេនឹងមានជីវិតរស់ដោយសារជំនឿតែបើគេថយក្រោយ យើងលែងពេញចិត្ដនឹងគេហើយ»។ 39 ចំពោះយើងវិញ យើងមិនមែនជាអ្នកថយក្រោយអោយត្រូវវិនាសបាត់បង់នោះទេ គឺយើងជាអ្នកជឿដើម្បីសង្គ្រោះជីវិត។

ហេប្រឺ 11

1 ជំនឿធ្វើអោយយើងមានអ្វីៗដែលយើងសង្ឃឹមថានឹងបាន និង ធ្វើអោយស្គាល់ជាក់ច្បាស់នូវអ្វីៗដែលយើងមើលពុំឃើញ។ 2 ព្រោះតែជំនឿហ្នឹងហើយបានជាចាស់ៗនៅជំនាន់ដើមបានទទួលកេរ្ដិ៍ឈ្មោះល្អ។ 3 ដោយសារជំនឿ យើងយល់ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបង្កើតពិភពលោកមក។ ដូច្នេះ អ្វីៗដែលយើងមើលឃើញមិនមែនកើតចេញមកពីអ្វីៗដែលមានរូបរាងនោះឡើយ។ 4 ដោយសារជំនឿ លោកអេបិលបានថ្វាយយញ្ញបូជាមួយទៅព្រះជាម្ចាស់ជាយញ្ញបូជា ប្រសើរជាងយញ្ញបូជារបស់លោកកាអ៊ីន។ ដោយសារជំនឿហ្នឹងហើយ បានជាព្រះជាម្ចាស់ផ្ដល់សក្ខីភាពថា លោកជាមនុស្សសុចរិត។ ព្រះអង្គគាប់ព្រះហឫទ័យនឹងតង្វាយរបស់លោកហើយដោយសារជំនឿ ទោះបីលោកអេបិលស្លាប់បាត់ទៅហើយក្ដី ក៏លោកនៅតែមានប្រសាសន៍នៅឡើយ។ 5 ដោយសារជំនឿ លោកហេណុកត្រូវព្រះជាម្ចាស់លើកឡើងទៅស្ថានបរមសុខ រួចផុតពីសេចក្ដី ស្លាប់ហើយគ្មាននរណារកលោកឃើញទៀតឡើយ ព្រោះព្រះអង្គបានលើក លោកឡើងទៅ។ មុនពេលព្រះអង្គលើកលោកឡើងទៅនោះលោកបានទទួលសក្ខីភាពថា ព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងលោក។ 6 បើគ្មានជំនឿគ្មាននរណាអាចគាប់ព្រះហឫទ័យព្រះអង្គបានឡើយ។ អ្នកចូលមកជិតព្រះជាម្ចាស់ត្រូវតែជឿថា ពិតជាមានព្រះជាម្ចាស់មែន ហើយជឿថាព្រះអង្គនឹងប្រទានរង្វាន់ដល់អស់អ្នក ដែលស្វែងរកព្រះអង្គ។ 7 ដោយសារជំនឿ លោកណូអេបានទទួលដំណឹងពីព្រះជាម្ចាស់ អំពីហេតុការណ៍ដែលពុំទាន់ឃើញមាននៅឡើយ លោកក៏ស្ដាប់តាម ដោយគោរពប្រណិប័តន៍ គឺលោកបានសង់ទូកមួយយ៉ាងធំ ដើម្បីសង្គ្រោះក្រុមគ្រួសាររបស់លោក។ ដូច្នេះ ដោយសារជំនឿលោកបានដាក់ទោសពិភពលោក ហើយក៏បានទទួលសេចក្ដីសុចរិតទុកជាមត៌ក គឺជាសេចក្ដីសុចរិតដែលមកពីជំនឿ។ 8 ដោយសារជំនឿ លោកអប្រាហាំស្ដាប់បង្គាប់ព្រះជាម្ចាស់ ដែលបានត្រាស់ហៅលោក ហើយចេញដំណើរទៅកាន់ស្រុកមួយដែលលោកនឹងទទួលទុកជាមត៌ក។ លោកចេញដំណើរទៅទាំងពុំដឹងថាត្រូវទៅណាផង។ 9 ដោយសារជំនឿលោក បានមករស់នៅជាអាណិកជនក្នុងស្រុកដែលព្រះជាម្ចាស់បានសន្យាថានឹងប្រទានអោយ គឺលោកបានបោះជំរំនៅជាមួយលោកអ៊ីសាក និង លោកយ៉ាកុបដែលត្រូវទទួលទឹកដីនោះជាមត៌ករួមជាមួយលោកតាមព្រះបន្ទូលសន្យាដដែល។ 10 លោកអប្រាហាំទន្ទឹងរង់ចាំទទួលក្រុងមួយដែលនឹងមានគ្រឹះរឹងមាំមួន ជាក្រុងដែលព្រះជាម្ចាស់បានធ្វើគំរោង និង សង់ឡើង។ 11 ដោយសារជំនឿ លោកស្រីសារ៉ាអាចទទួលសមត្ថភាពនឹងមានកូនបន្ដពូជពង្សបានថ្វី ដ្បិតតែគាត់មានវ័យចាស់ណាស់ហើយក៏ដោយ ព្រោះគាត់យល់ថាបើព្រះជាម្ចាស់សន្យាយ៉ាងណាព្រះអង្គមុខជាធ្វើតាមយ៉ាងនោះដែរ។ 12 ហេតុនេះហើយបានជាមានមនុស្សច្រើនឥតគណនា ដូចផ្កាយនៅលើមេឃ និង គ្រាប់ខ្សាច់នៅឆ្នេរសមុទ្រកើតចេញមកពីមនុស្សតែម្នាក់ដែលចាស់ជិត ស្លាប់ទៅហើយនោះផង។ 13 បុព្វបុរសទាំងនេះ បានស្លាប់ទៅទាំងនៅមានជំនឿដដែល ពួកលោកឥតបានទទួលអ្វីៗតាមព្រះបន្ទូលសន្យាទេ តែបានឃើញ និង អបអរទទួលពីចម្ងាយហើយប្រកាសទទួលស្គាល់ថា ពួកលោកគ្រាន់តែជាជនបរទេសដែលធ្វើដំណើរលើផែនដីនេះប៉ុណ្ណោះ។ 14 អ្នកណានិយាយដូច្នេះ បង្ហាញអោយឃើញច្បាស់ថាគេស្វែងរកមាតុភូមិមួយ។ 15 ប្រសិនបើបុព្វបុរសទាំងនោះ នឹកស្រុកដែលលោកបានចាកចេញមក លោកមុខជាមានឱកាសវិលត្រឡប់ទៅវិញពុំខាន។ 16 តាមពិតពួកលោកចង់បានមាតុភូមិមួយដ៏ល្អប្រសើរជាងគឺមាតុភូមិនៅស្ថានបរមសុខ ឯណោះ។ ហេតុនេះហើយបានជាព្រះជាម្ចាស់មិនខ្មាសនឹងអោយគេហៅព្រះអង្គ ថាជាព្រះរបស់បុព្វបុរសទាំងនោះឡើយ ដ្បិតព្រះអង្គបានរៀបចំក្រុងមួយសំរាប់ពួកលោករួចទៅហើយ។ 17 ដោយសារជំនឿ លោកអប្រាហាំបានយកអ៊ីសាកទៅថ្វាយជាយញ្ញបូជា នៅពេលព្រះជាម្ចាស់ល្បងលមើលចិត្ដលោក។ លោកថ្វាយកូនតែមួយគត់របស់លោក ថ្វីដ្បិតតែលោកបានទទួលព្រះបន្ទូលសន្យា 18 ហើយថ្វីដ្បិតតែព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកថា« អ៊ីសាកនឹងបន្ដពូជពង្សអោយអ្នក»ក៏ដោយ។ 19 លោកយល់ឃើញថា ព្រះជាម្ចាស់មានឫទ្ធានុភាពអាចប្រោសមនុស្សស្លាប់អោយរស់ឡើងវិញបាន។ ហេតុនេះ លោកក៏បានទទួលកូនមកវិញដែលជានិមិត្ដរូបមួយ។ 20 ដោយសារជំនឿ លោកអ៊ីសាកបានអោយពរលោកយ៉ាកុប និង លោកអេសាវទុកសំរាប់អនាគត។ 21 ដោយសារជំនឿ ពេលលោកយ៉ាកុបហៀបនឹងទទួលមរណភាព លោកបានអោយពរដល់កូនៗរបស់លោកយ៉ូសែប ហើយលោកថ្វាយបង្គំព្រះជាម្ចាស់ដោយបន្ទន់ខ្លួនលើឈើច្រត់។ 22 ដោយសារជំនឿ ពេលលោកយ៉ូសែបជិតលាចាកលោកនេះទៅ លោកបានថ្លែងទុកថា កូនចៅអ៊ីស្រាអែលនឹងចាកចេញពីស្រុកអេស៊ីប ហើយលោកផ្ដាំគេអោយធ្វើយ៉ាងណាៗចំពោះធាតុរបស់លោក។ 23 ដោយសារជំនឿ ពេលលោកម៉ូសេកើតមកឪពុកម្ដាយបានលាក់លោកទុកចំនួនបីខែ ព្រោះឃើញទារកស្អាត ហើយគាត់មិនកោតខ្លាចបញ្ជារបស់ស្ដេចទេ។ 24 ដោយសារជំនឿ លុះដល់ម៉ូសេធំពេញវ័យហើយ លោកមិនព្រមអោយគេហៅលោកថា ជាកូនរបស់បុត្រីព្រះចៅផារ៉ោនទេ។ 25 លោកសុខចិត្ដស៊ូទ្រាំរងទុក្ខលំបាករួមជាមួយប្រជារាស្ដ្ររបស់ព្រះជាម្ចាស់ ជាជាងសប្បាយ នឹងអំពើបាបតែមួយភ្លែត។ 26 លោកយល់ឃើញថា លោករងការប្រមាថមើលងាយដូចព្រះគ្រិស្ដប្រសើរជាងបាន ទ្រព្យសម្បត្ដិនានានៅស្រុកអេស៊ីប ដ្បិតលោកជាប់ចិត្ដនឹងរង្វាន់ដែលនៅខាងមុខ។ 27 ដោយសារជំនឿ លោកបានចាកចេញពីស្រុកអេស៊ីបឥតខ្លាចស្ដេចខ្ញាល់ឡើយ ដ្បិតលោកកាន់ចិត្ដរឹងប៉ឹងហាក់បីដូចជាឃើញព្រះជាម្ចាស់ ដែលមនុស្សពុំអាចមើលឃើញ។ 28 ដោយសារជំនឿ លោកបានធ្វើពិធីបុណ្យចម្លង និង ប្រោះឈាម ដើម្បីកុំអោយមច្ចុរាជ បៀតបៀនកូនច្បងរបស់ជនជាតិអ៊ីស្រាអែលបានឡើយ។ 29 ដោយសារជំនឿជនជាតិអ៊ីស្រាអែលបានឆ្លងសមុទ្រក្រហម ដូចដើរលើដីគោករីឯជនជាតិអេស៊ីបដែលខំឆ្លងមកដែរត្រូវទឹកសមុទ្រគ្របពីលើស្លាប់អស់ទៅ។ 30 ដោយសារជំនឿ ជនជាតិអ៊ីស្រាអែលនាំគ្នាដើរជុំវិញក្រុងយេរីខូចំនួនប្រាំពីរថ្ងៃ ហើយកំពែងក្រុងក៏រលំអស់។ 31 ដោយសារជំនឿ នាងរ៉ាហាប ជាស្ដ្រីពេស្យាពុំបានវិនាសអន្ដរាយជាមួយ ពួកអ្នកដែលប្រឆាំងនឹងព្រះជាម្ចាស់ឡើយ ព្រោះនាងបានទទួលពួកអ្នកស៊ើបការណ៍ដោយមេត្រីភាព។ 32 តើខ្ញុំអាចនិយាយអ្វីទៀត? ខ្ញុំគ្មានពេលនឹងនិយាយអំពីរឿងលោកគេឌាន លោកបារ៉ាក់ លោកសាំសុន លោកយ៉ែបថា ព្រះបាទដាវីឌ លោកសាំយូអែល និង ព្យាការីនានាទេ។ 33 ដោយសារជំនឿ លោកទាំងនោះបានច្បាំងនឹងនគរផ្សេងៗ បានប្រព្រឹត្ដអំពើសុចរិតបានទទួលអ្វីៗដែលព្រះជាម្ចាស់សន្យាប្រទានអោយបានបិទមាត់សឹង្ហ 34 បានពន្លត់ភ្លើងដែលឆេះសន្ធោសន្ធៅបានគេចផុតពីមុខដាវ មានកម្លាំងឡើងវិញនៅពេលធ្លាក់ខ្លួនឈឺ ខ្លាំងពូកែនៅពេលច្បាំង ធ្វើអោយខ្មាំងសត្រូវបាក់ទ័ព។ 35 ស្ដ្រីៗបានឃើញក្រុមគ្រួសាររបស់ខ្លួនដែលស្លាប់ទៅហើយនោះ មានជីវិតរស់ឡើងវិញ។ អ្នកខ្លះសុខចិត្ដអោយគេធ្វើទារុណកម្ម មិនព្រមអោយនរណាដោះលែងឡើយ ដើម្បីអោយបានជីវិតរស់ឡើងវិញក៏ប្រសើរជាង។ 36 អ្នកខ្លះទៀតសុខចិត្ដអោយគេចំអកឡកឡឺយ អោយគេវាយដំ ហើយថែមទាំងអោយគេដាក់ច្រវាក់ឃុំឃាំងថែមទៀតផង។ 37 អ្នកខ្លះត្រូវគេយកដុំថ្មគប់សម្លាប់ ត្រូវគេសម្លាប់ដោយអារនឹងរណា ត្រូវគេសម្លាប់ដោយមុខដាវ ត្រូវរសាត់អណ្ដែតពីកន្លែងមួយទៅកន្លែងមួយមានតែស្បែកចៀម និង ស្បែកពពែបិទបាំងខ្លួនខ្វះខាតសព្វគ្រប់ទាំងអស់ហើយ ត្រូវគេជិះជាន់សង្កត់សង្កិនធ្វើបាបថែមទៀតផង។ 38 លោកីយ៍ពុំសក្ដិសមនឹងអោយអ្នកនោះរស់នៅជាមួយឡើយ ដូច្នេះ គេទៅរស់នៅតែលតោលតាមវាលរហោស្ថាន តាមភ្នំតាមរូងភ្នំ និង តាមរអាងភ្នំ។ 39 ទោះបីអ្នកទាំងនោះទទួលសក្ខីភាពល្អ ព្រោះតែជំនឿរបស់ខ្លួនក្ដី ក៏គេពុំបានទទួលអ្វីៗតាមព្រះបន្ទូលសន្យាដែរ។ 40 ដោយព្រះជាម្ចាស់គ្រោងទុកថានឹងប្រទានអ្វីៗដ៏ល្អប្រសើរមកយើង ទ្រង់ពុំបានប្រោសអ្នកទាំងនោះអោយបានគ្រប់លក្ខណៈមុនយើងឡើយ។

ហេប្រឺ 12

1 ដោយមានមនុស្សជាច្រើនឥតគណនា ធ្វើជាបន្ទាល់ទុកអោយយើងយ៉ាងនេះទៅ ហើយយើងត្រូវលះបង់ចោលអ្វីៗទាំងអស់ដែលជាបន្ទុកពីលើយើង និង លះបង់អំពើបាបដែល រឹបរួតយើងនេះចោលទៅ ហើយព្យាយាមរត់តំរង់ទៅមុខតាមព្រះអម្ចាស់ដាក់អោយយើងរត់។ 2 ត្រូវសំឡឹងមើលទៅព្រះយេស៊ូ ដែលជាដើមកំណើតនៃជំនឿ ហើយធ្វើអោយជំនឿនេះបានគ្រប់លក្ខណៈ។ ព្រះអង្គសុខចិត្ដលះបង់អំណរ ដែលបំរុងទុកសំរាប់ព្រះអង្គ ហើយរងទុក្ខលំបាកនៅលើឈើឆ្កាងឥតខ្លាចខ្មាសសោះឡើយ។ ឥឡូវនេះ ព្រះអង្គគង់នៅខាងស្ដាំបល្ល័ង្ករបស់ព្រះជាម្ចាស់។ 3 សូមបងប្អូនគិតពីព្រះអង្គដែលបានស៊ូទ្រាំនឹងមនុស្សបាបដែលប្រឆាំងព្រះអង្គយ៉ាងខ្លាំងនោះទៅ ដើម្បីកុំអោយបងប្អូននឿយណាយបាក់ទឹកចិត្ដឡើយ។ 4 បងប្អូនពុំទាន់បានតយុទ្ធទល់នឹងបាបរហូតដល់ទៅបង្ហូរឈាមទេ 5 តែបងប្អូនបែរជាភ្លេចព្រះបន្ទូលទូន្មានរបស់ព្រះជាម្ចាស់មកកាន់បងប្អូនដូចឪពុកទូន្មានកូនដែរគឺថាៈ «កូនអើយមិនត្រូវធ្វេសប្រហែសនឹង ការវាយប្រដៅរបស់ព្រះអម្ចាស់ឡើយ ហើយក៏មិនត្រូវធ្លាក់ទឹកចិត្ដ នៅពេលព្រះអង្គស្ដីបន្ទោសដែរ 6 ដ្បិតព្រះអម្ចាស់ប្រដៅ អ្នកដែលព្រះអង្គស្រឡាញ់ ហើយវាយអ្នកដែលព្រះអង្គទទួលជាកូន»។ 7 បងប្អូនស៊ូទ្រាំនឹងការប្រដៅបែបនេះ មកពីព្រះជាម្ចាស់រាប់បងប្អូនថាជាកូន។ តើមានកូនណាដែលឪពុកមិនវាយប្រដៅ? 8 ប្រសិនបើបងប្អូនមិនបានទទួលការវាយប្រដៅ ដូចកូនឯទៀតៗទទួលទេនោះ បានសេចក្ដីថា បងប្អូនជាកូនឥតខាន់ស្លាមិនមែនជាកូនពេញច្បាប់ឡើយ។ 9 ឪពុករបស់យើងផ្នែកខាងសាច់ឈាមធ្លាប់វាយប្រដៅយើងហើយយើងនៅតែគោរពគាត់។ រីឯព្រះបិតាជាម្ចាស់លើជីវិតទាំងអស់នោះវិញ យើងត្រូវស្ដាប់បង្គាប់ព្រះអង្គអោយរឹតតែខ្លាំងទៅទៀត ដើម្បីអោយបានទទួលជីវិត។ 10 ឪពុកយើងតែងវាយប្រដៅតែមួយរយៈពេលខ្លី តាមគាត់យល់ឃើញ។ រីឯព្រះជាម្ចាស់វិញ ព្រះអង្គវាយប្រដៅជាប្រយោជន៍ដល់យើង ដើម្បីប្រទានអោយយើងបានវិសុទ្ធ រួមជាមួយព្រះអង្គដែរ។ 11 ការវាយប្រដៅតែងតែធ្វើអោយមានទុក្ខព្រួយភ្លាមៗ មិនមែនធ្វើអោយសប្បាយទេ។ ក្រោយមក ទើបការវាយប្រដៅផ្ដល់អោយអស់អ្នកដែលបានទទួលការអប់រំតាមរបៀបនេះមានសេចក្ដីសុខសាន្ដ និង សេចក្ដីសុចរិត ទុកជាផល។ 12 ហេតុនេះ«ចូរលើកដៃដែលរួយឡើងហើយតំរង់ជង្គង់ដែលទន់នោះអោយរឹងប៉ឹងឡើងដែរ»។ 13 ត្រូវរៀបចំផ្លូវអោយបានត្រង់ដើម្បីស្រួលដើរកុំអោយអ្នកខូចជើងរឹតតែខូចជើងថែមទៀត គឺអោយគេបានជាវិញប្រសើរជាង។ 14 ចូរខិតខំអោយបានសុខជាមួយមនុស្សទាំងអស់ ព្រមទាំងខិតខំអោយបានវិសុទ្ធ ទៀតផងបើមិនបានវិសុទ្ធទេ គ្មាននរណាអាចឃើញព្រះអម្ចាស់បានឡើយ។ 15 ចូរប្រយ័ត្នប្រយែង ក្រែងលោកមានបងប្អូនណាម្នាក់ឃ្លាតចេញពីព្រះគុណរបស់ព្រះជាម្ចាស់។ មិនត្រូវទុកអោយការអាស្រូវចាក់ឫស ដុះឡើងបណ្ដាលអោយកើតរឿងរ៉ាវហើយបំពុលចិត្ដគំនិតបងប្អូនជាច្រើននោះឡើយ។ 16 ចូរប្រយ័ត្នប្រយែង កុំអោយបងប្អូនណាម្នាក់ប្រាសចាកសីលធម៌ ឬ មានចិត្ដប្រមាថអ្វីៗដែលសក្ការៈ ដូចលោកអេសាវបានលក់សិទ្ធិជាកូនច្បង ព្រោះតែចង់បានម្ហូបមួយចាននោះអោយសោះ។ 17 បងប្អូនជ្រាបស្រាប់ហើយថា ក្រោយមក នៅពេលគាត់ចង់ទទួលពរទុកជាមត៌ក ឪពុកបានផាត់គាត់ចោល ទោះបីគាត់ខំទទូចអង្វរសុំទាំងទឹកភ្នែកក៏ដោយ ក៏គាត់ពុំអាចធ្វើអោយឪពុកដូរគំនិតបានដែរ។ 18 បងប្អូនពុំបានចូលមកជិតភ្នំមួយដែលអាចពាល់បានជាភ្នំដែលមានភ្លើងឆេះ ដែលមានភាពងងឹតសូន្យសុងមានខ្យល់ព្យុះនោះឡើយ 19 ហើយបងប្អូនក៏ពុំបានឮស្នូរត្រែ និង ឮព្រះសូរសៀងដែរ។ ពេលជនជាតិអ៊ីស្រាអែលឮគេបានអង្វរសុំកុំអោយព្រះអង្គមានព្រះបន្ទូលទៀត 20 ព្រោះគេពុំអាចទ្រាំទ្រនឹងព្រះបញ្ជានេះបានទេគឺថាៈ «នរណាប៉ះភ្នំនេះ សូម្បីតែសត្វក៏ដោយក៏ត្រូវតែយកដុំថ្មគប់សម្លាប់ចោលដែរ»។ 21 នេះជាអព្ភូតហេតុមួយគួរអោយស្ញែងខ្លាចណាស់បានជាលោកម៉ូសេមានប្រសាសន៍ថាៈ «ខ្ញុំភ័យខ្លាចយ៉ាងខ្លាំង ហើយក៏ញ័ររន្ធត់ទៀតផង»។ 22 ផ្ទុយទៅវិញ បងប្អូនចូលមកជិតភ្នំស៊ីយ៉ូន មកជិតក្រុងរបស់ព្រះដ៏មានព្រះជន្មរស់ គឺក្រុងយេរូសាឡឹមនៅស្ថានបរមសុខដែលមានទេវតា រាប់លានរាប់កោដិ 23 និង មានក្រុមជំនុំរបស់ពួករៀមច្បង ដែលមានឈ្មោះកត់ទុកនៅស្ថានបរមសុខកំពុងជួបជុំគ្នាយ៉ាងអធិកអធម។ បងប្អូនចូលមកជិតព្រះជាម្ចាស់ ដែលវិនិច្ឆ័យមនុស្សទាំងអស់ និង ចូលមកជិតវិញ្ញាណក្ខ័ន្ធអ្នកសុចរិតដែលបានគ្រប់លក្ខណៈ 24 បងប្អូនចូលមកជិតព្រះយេស៊ូដែលជាស្ពាននៃសម្ពន្ធមេត្រី ថ្មី ហើយចូលមកជិតព្រះលោហិតសំរាប់ប្រោះ គឺជាព្រះលោហិតដែលទូលអង្វរ ប្រសើរជាងលោហិតរបស់លោកអេបិលទៅទៀត។ 25 ចូរប្រយ័ត្ន! បើព្រះអង្គមានព្រះបន្ទូលមកកាន់បងប្អូន សូមកុំបដិសេធមិនព្រមស្ដាប់នោះឡើយ។ ប្រសិនបើពួកអ្នកដែលបដិសេធមិនព្រមស្ដាប់ពាក្យមនុស្សទូន្មានគេនៅលើផែនដី មិនអាចគេចផុតពីទោសយ៉ាងហ្នឹងទៅហើយ ចំណង់បើយើងផ្ទាល់បើយើងព្រងើយកន្ដើយមិនព្រមស្ដាប់ព្រះអង្គ ដែលមានព្រះបន្ទូលមកកាន់យើងពីស្ថានបរមសុខវិញ នោះយើងរឹតតែពុំអាចគេចផុតពីទោសបានឡើយ។ 26 ពីដើម ព្រះសូរសៀងរបស់ព្រះអង្គបានធ្វើអោយកក្រើកផែនដី ឥឡូវនេះ ព្រះអង្គមានព្រះបន្ទូលសន្យាថាៈ«ម្ដងនេះទៀតយើងនឹងធ្វើអោយកក្រើកមិនត្រឹមតែផែនដីប៉ុណ្ណោះទេគឺកក្រើកទាំងផ្ទៃមេឃផងដែរ»។ 27 ពាក្យ«ម្ដងនេះទៀត»បង្ហាញអោយឃើញច្បាស់ថា អ្វីៗដែលព្រះជាម្ចាស់បង្កើតមកនឹងត្រូវកក្រើក ហើយរលាយសូន្យអស់ទៅ គឺមានតែអ្វីៗមិនកក្រើកប៉ុណ្ណោះទេដែលនៅសល់។ 28 ដោយយើងបានទទួលព្រះរាជ្យ មួយដែលមិនចេះកក្រើក ដូច្នេះ យើងត្រូវតែដឹងគុណ ហើយគោរពបំរើព្រះជាម្ចាស់តាមរបៀបដែលព្រះអង្គគាប់ព្រះហឫទ័យ ដោយចិត្ដគោរពប្រណិប័តន៍ និង គោរពកោតខ្លាចព្រះអង្គ 29 ដ្បិតព្រះរបស់យើងដូចជាភ្លើងដែលឆេះសន្ធោសន្ធៅ។

ហេប្រឺ 3

1 ចូរស្រឡាញ់គ្នាជាបងប្អូនអោយបានជាប់ជានិច្ច។ 2 សូមកុំភ្លេចទទួលអ្នកដទៃយ៉ាងរាក់ទាក់។ ដោយទទួលអ្នកដទៃដូច្នេះ អ្នកខ្លះបានទទួលទេវតា ទាំងមិនដឹងខ្លួន។ 3 ចូរគិតដល់អស់អ្នកដែលជាប់ឃុំឃាំងហាក់បីដូចជាបងប្អូននៅជាប់ឃុំឃាំង រួមជាមួយគេ ហើយគិតដល់អស់អ្នកដែលត្រូវគេធ្វើបាប ព្រោះបងប្អូនក៏មានរូបកាយចេះឈឺចាប់ដូចគេដែរ។ 4 សូមបងប្អូនទាំងអស់គ្នាលើកតម្លៃការរស់នៅជាស្វាមីភរិយា គឺមិនត្រូវក្បត់ចិត្ដគ្នាឡើយ ដ្បិតព្រះជាម្ចាស់នឹងវិនិច្ឆ័យទោសអ្នកប្រព្រឹត្ដអំពើប្រាសចាកសីលធម៌ និង ផិតក្បត់។ 5 កុំបណ្ដោយខ្លួនអោយឈ្លក់នឹងការស្រឡាញ់ប្រាក់ឡើយ គឺត្រូវស្កប់ចិត្ដនឹងទ្រព្យសម្បត្ដិដែលបងប្អូនមាននៅពេលនេះដ្បិតព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងមិនទុកអ្នកចោលហើយក៏មិនបោះបង់អ្នកចោលដែរ»។ 6 ហេតុនេះហើយបានជាយើងហ៊ាននិយាយដោយចិត្ដរឹងប៉ឹងថា «ព្រះអម្ចាស់នឹងជួយខ្ញុំខ្ញុំមិនខ្លាចអ្វីឡើយ។ តើមនុស្សអាចធ្វើអ្វីខ្ញុំកើត?»។ 7 ចូរបងប្អូនគិតដល់អ្នកដឹកនាំបងប្អូន ដែលបានប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់អោយបងប្អូនស្ដាប់។ ចូរពិចារណាមើលជីវិតរបស់លោកទាំងនោះដែលចប់របៀបណា ហើយយកតំរាប់តាម ជំនឿរបស់លោកទៅ។ 8 ព្រះយេស៊ូគ្រិស្ដមិនប្រែប្រួលឡើយ ពីដើម សព្វថ្ងៃ និង រហូតដល់អស់កល្អជានិច្ចព្រះអង្គនៅតែដដែល។ 9 សូមកុំបណ្ដោយខ្លួនទៅតាមលទ្ធិផ្សេងៗពីខាងក្រៅឡើយ គួរគប្បីតាំងចិត្ដគំនិតអោយបានរឹងប៉ឹងដោយសារព្រះគុណ គឺមិនមែនដោយកាន់វិន័យស្ដីអំពីអាហារទេ វិន័យទាំងនោះគ្មានប្រយោជន៍ដល់អ្នកដែលកាន់សោះ។ 10 យើងមានអាសនៈមួយ ដែលពួកបូជាចារ្យធ្វើការក្នុងព្រះពន្លា គ្មានសិទ្ធិនឹងយកតង្វាយពីអាសនៈនោះមកបរិភោគបានឡើយ។ 11 លោកមហាបូជាចារ្យ តែងយកឈាមសត្វចូលទៅថ្វាយព្រះជាម្ចាស់ក្នុងទីសក្ការៈ ដើម្បីសុំអោយរួចពីបាប រីឯសាច់សត្វនោះវិញ គេយកទៅដុតខាងក្រៅជំរំ។ 12 ព្រះយេស៊ូក៏ដូច្នោះដែរព្រះអង្គរងទុក្ខទោសនៅខាងក្រៅទីក្រុង ដើម្បីប្រោសប្រជាជនអោយបានវិសុទ្ធ ដោយសារព្រះលោហិតរបស់ព្រះអង្គផ្ទាល់។ 13 ដូច្នេះ យើងត្រូវតែចាកចេញពីជំរំទៅរកព្រះអង្គ ទាំងស៊ូទ្រាំអោយគេប្រមាថមើលងាយរួមជាមួយព្រះអង្គដែរ 14 ដ្បិតក្នុងលោកនេះ យើងគ្មានក្រុងដែលនៅស្ថិតស្ថេរគង់វង្សរហូតឡើយ យើងខំស្វែងរក ក្រុងដែលនឹងមាននៅពេលខាងមុខនោះវិញ។ 15 ចូរយើងថ្វាយយញ្ញបូជា សំរាប់លើកតម្កើងព្រះជាម្ចាស់ជានិច្ច តាមរយៈព្រះយេស៊ូ គឺជាពាក្យហូរចេញពីបបូរមាត់យើងដែលប្រកាសព្រះនាមព្រះអង្គ។ 16 កុំភ្លេចធ្វើទាន និង ជួយគ្នាទៅវិញទៅមក ដ្បិតព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងយញ្ញបូជាបែបនេះ។ 17 ចូរទុកចិត្ដលើអ្នកដឹកនាំបងប្អូន ព្រមទាំងស្ដាប់បង្គាប់លោកទាំងនោះទៀតផង ដ្បិតលោកតែងតែថែរក្សាព្រលឹងបងប្អូនជានិច្ច ព្រោះលោកនឹងទទួលខុសត្រូវលើបងប្អូននៅចំពោះព្រះភ័ក្ដ្រព្រះជាម្ចាស់។ បើបងប្អូនស្ដាប់បង្គាប់លោក លោកនឹងបំពេញមុខងារនេះដោយអំណរ គឺមិនមែនដោយថ្ងូរទេ។ ប្រសិនបើពួកលោកបំពេញមុខងារ ទាំងថ្ងូរ បងប្អូនមុខជាគ្មានទទួលផលប្រយោជន៍អ្វីឡើយ។ 18 សូមអធិស្ឋាន អោយយើងផង ដ្បិតយើងជឿជាក់ថាយើងមានមនសិការល្អ និង មានឆន្ទៈចង់ប្រព្រឹត្ដយ៉ាងល្អត្រឹមត្រូវក្នុងគ្រប់កាលៈទេសៈ 19 ជាពិសេស ខ្ញុំសូមអង្វរបងប្អូនមេត្ដាអធិស្ឋានអោយខ្ញុំអាចវិលត្រឡប់មករកបងប្អូនវិញ ក្នុងពេលឆាប់ៗ។ 20 ព្រះជាម្ចាស់ជាប្រភពនៃសេចក្ដីសុខសាន្ដ បានប្រោសព្រះយេស៊ូជាព្រះអម្ចាស់នៃយើងអោយមានព្រះជន្មរស់ឡើងវិញ។ ព្រះគ្រិស្ដជាគង្វាលដ៏ប្រសើរឧត្ដមរបស់ហ្វូងចៀម ព្រោះព្រះអង្គបានចងសម្ពន្ធមេត្រីមួយថ្មី ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច ដោយសារព្រះលោហិតរបស់ព្រះអង្គ។ 21 សូមព្រះជាម្ចាស់ប្រទានអោយបងប្អូនមានសមត្ថភាពនឹងប្រព្រឹត្ដអំពើល្អគ្រប់យ៉ាង តាមព្រះហឫទ័យរបស់ព្រះអង្គ។ សូមព្រះអង្គសំរេចការអ្វីដែលគាប់ព្រះហឫទ័យព្រះអង្គនៅក្នុងយើងតាមរយៈព្រះយេស៊ូគ្រិស្ដ។ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន! 22 បងប្អូនអើយ ខ្ញុំសូមអង្វរបងប្អូនអោយទទួលពាក្យទូន្មានទាំងនេះទៅ ដ្បិតខ្ញុំបានសរសេរមកបងប្អូនដោយត្រួសៗប៉ុណ្ណោះ។ 23 សូមជ្រាបថា លោកធីម៉ូថេជាបងប្អូនរបស់យើងបានរួចពីឃុំឃាំងហើយ។ ប្រសិនបើគាត់មក ដល់ឆាប់ៗខ្ញុំនឹងមកជួបបងប្អូនជាមួយគាត់ដែរ។ 24 សូមជំរាបសួរ អ្នកដឹកនាំទាំងអស់របស់បងប្អូន ព្រមទាំងប្រជាជនដ៏វិសុទ្ធ ទាំងអស់ផង។ បងប្អូននៅស្រុកអ៊ីតាលីក៏សូមជំរាបសួរមកបងប្អូនដែរ។ 25 សូមអោយបងប្អូនទាំងអស់គ្នាបានប្រកបដោយព្រះគុណ។

យ៉ាកុប 1

1 ខ្ញុំ យ៉ាកុប ជាអ្នកបំរើព្រះជាម្ចាស់ និង ជាអ្នកបំរើព្រះអម្ចាស់យេស៊ូគ្រិស្ដ សូមជំរាបមកកុលសម្ព័ន្ធ ទាំងដប់ពីរ ដែលបែកខ្ញែកគ្នាក្នុងពិភពលោកទាំងមូល សូមជ្រាប។ ការល្បងជំនឿ និង ការល្បួង 2 បងប្អូនអើយ ទុក្ខលំបាកគ្រប់យ៉ាង ដែលបងប្អូនត្រូវឆ្លងកាត់នោះ សូមចាត់ទុកថាជាការដែលធ្វើអោយបងប្អូនមានអំណរដ៏បរិបូណ៌វិញ 3 ដោយដឹងថា ការល្បងល មើលជំនឿរបស់បងប្អូន នឹងនាំអោយបងប្អូនចេះស៊ូទ្រាំ។ 4 ក៏ប៉ុន្ដែ ត្រូវអោយការស៊ូទ្រាំនេះ បង្កើតចេញជាផលផ្លែដ៏ល្អគ្រប់លក្ខណៈ ដើម្បីអោយបងប្អូនបានគ្រប់លក្ខណៈ មានគុណសម្បត្ដិល្អសព្វគ្រប់ ឥតខ្វះត្រង់ណាឡើយ។ 5 ក្នុងចំណោមបងប្អូន ប្រសិនបើមាននរណាម្នាក់ខ្វះប្រាជ្ញា អ្នកនោះត្រូវតែទូលសូមពីព្រះជាម្ចាស់។ ព្រះអង្គនឹងប្រទានអោយជាមិនខាន ដ្បិតទ្រង់ប្រទានអោយមនុស្សទាំងអស់ ដោយព្រះហឫទ័យទូលាយ ឥតបន្ទោសឡើយ 6 ក៏ប៉ុន្ដែ អ្នកនោះត្រូវទូលសូម ដោយចិត្ដជឿ ឥតសង្ស័យអ្វីសោះ ដ្បិតអ្នកដែលមានចិត្ដសង្ស័យ ប្រៀបបាននឹងរលកសមុទ្រត្រូវបក់បោកចុះឡើងទៅតាមខ្យល់។ 7 មនុស្សប្រភេទនេះ មិនត្រូវនឹកស្មានថានឹងបានទទួលអ្វីពីព្រះអម្ចាស់ឡើយ 8 ព្រោះគេជាមនុស្សមានចិត្ដពីរ មិនដែលនឹងនក្នុងកិច្ចការទាំងប៉ុន្មានដែលខ្លួនប្រព្រឹត្ដទេ។ 9 សូមអោយបងប្អូនដែលក្រីក្របានខ្ពស់មុខឡើង ដោយព្រះជាម្ចាស់លើកតម្កើងគេហើយ។ 10 រីឯបងប្អូនដែលជាអ្នកមានវិញ ក៏ត្រូវខ្ពស់មុខឡើងដែរ ដោយព្រះជាម្ចាស់បន្ទាបគេចុះ ដ្បិតអ្នកមាននឹងត្រូវរុះរោយទៅដូចផ្កា។ 11 លុះដល់ថ្ងៃរះពេញកំដៅហើយ ដើមក៏ស្វិតក្រៀម ផ្កាក៏រុះរោយ ហើយលំអរបស់វាក៏រលាយបាត់ទៅ។ អ្នកមានក៏នឹងត្រូវរុះរោយបាត់ ទៅជាមួយកិច្ចការដែលខ្លួនប្រព្រឹត្ដដែរ។ 12 អ្នកណាស៊ូទ្រាំនឹងទុក្ខលំបាក អ្នកនោះពិតជាមានសុភមង្គល ដ្បិតក្រោយដែលព្រះជាម្ចាស់បានល្បងលគេមើលរួចហើយគេនឹងទទួលជីវិតទុកជារង្វាន់ ដែលព្រះអង្គបានសន្យានឹងប្រទានអោយអស់អ្នកដែលស្រឡាញ់ព្រះអង្គ។ 13 ពេលនរណាម្នាក់ជួបនឹងការល្បួង មិនត្រូវពោលថា «ព្រះជាម្ចាស់ល្បួងខ្ញុំ»ឡើយ ដ្បិតគ្មានអ្វីអាចល្បួងព្រះជាម្ចាស់អោយធ្វើអំពើអាក្រក់បានឡើយ ហើយព្រះអង្គផ្ទាល់ក៏មិនល្បួងនរណាដែរ។ 14 ម្នាក់ៗជួបនឹងការល្បួង មកតែពីចិត្ដលោភលន់របស់ខ្លួនឯងផ្ទាល់ទាក់ទាញ និង លួងលោមបញ្ឆោតប៉ុណ្ណោះ។ 15 ចិត្ដលោភលន់រមែងតែងតែបង្កើតអំពើបាប លុះដល់អំពើបាបចំរើនដល់កំរិតហើយក៏បណ្ដាលអោយស្លាប់។ 16 បងប្អូនជាទីស្រឡាញ់អើយ សូមកុំយល់ច្រឡំឡើយ។ 17 គ្រប់អំណោយដ៏ល្អវិសេស និង អ្វីៗទាំងប៉ុន្មានដ៏គ្រប់លក្ខណៈដែលយើងបានទទួល សុទ្ធតែមកពីស្ថានលើទាំងអស់ គឺមកពីព្រះបិតាដែលបង្កើតពន្លឺ។ ព្រះអង្គមិនចេះប្រែក្រឡាស់ទេ ហើយនៅក្នុងព្រះអង្គ សូម្បីតែស្រមោលនៃការប្រែប្រួលក៏គ្មានផង។ 18 ព្រះអង្គសព្វព្រះហឫទ័យបង្កើតយើងមក ដោយសារព្រះបន្ទូលនៃសេចក្ដីពិត ដើម្បីអោយយើងបានទៅជាផលដំបូងម៉្យាង នៃអ្វីៗទាំងអស់ដែលព្រះអង្គបង្កើតមក។ 19 បងប្អូនជាទីស្រឡាញ់អើយ បងប្អូនសុទ្ធតែជាអ្នកចេះដឹងហើយ ក៏ប៉ុន្ដែ ម្នាក់ៗត្រូវប្រុងប្រៀបស្ដាប់តែកុំប្រញាប់និយាយ កុំប្រញាប់ខឹង 20 ដ្បិតអ្នកមានកំហឹង ពុំអាចធ្វើអ្វីស្របតាមសេចក្ដីសុចរិត របស់ព្រះជាម្ចាស់បានឡើយ។ 21 ហេតុនេះ បងប្អូនត្រូវលះបង់ចិត្ដសៅហ្មងគ្រប់យ៉ាង និង ចិត្ដកំរោលឃោរឃៅទាំងប៉ុន្មាននោះចោលទៅហើយកាន់ចិត្ដស្លូតបូត ទទួលព្រះបន្ទូលដែលព្រះជាម្ចាស់បានបណ្ដុះក្នុងបងប្អូន ព្រោះព្រះបន្ទូលនេះអាចនឹងសង្គ្រោះព្រលឹងរបស់បងប្អូន។ 22 ចូរប្រតិបត្ដិតាមព្រះបន្ទូល កុំគ្រាន់តែស្ដាប់ទាំងបញ្ឆោតចិត្ដខ្លួនឯងប៉ុណ្ណោះឡើយ។ 23 អ្នកណាស្ដាប់ព្រះបន្ទូលហើយ មិនប្រតិបត្ដិតាម អ្នកនោះប្រៀបបាននឹងមនុស្សម្នាក់ឆ្លុះកញ្ចក់មើលមុខខ្លួន 24 លុះពិនិត្យមើលរួចហើយ ក៏ចេញទៅស្រាប់តែភ្លេចមិនដឹងថាមុខខ្លួនឯងដូចម្ដេចផង។ 25 រីឯអ្នកដែលយកចិត្ដទុកដាក់ពិនិត្យមើលក្រឹត្យវិន័យដ៏គ្រប់លក្ខណៈ ជាក្រឹត្យវិន័យដែលផ្ដល់សេរីភាព ហើយព្យាយាមប្រតិបត្ដិតាមយ៉ាងដិតដល់ គឺមិនគ្រាន់តែស្ដាប់ រួចភ្លេចអស់ទៅអ្នកនោះនឹងមានសុភមង្គល ក្នុងកិច្ចការដែលខ្លួនធ្វើជាមិនខាន។ 26 ប្រសិនបើនរណាម្នាក់ នឹកស្មានថា ខ្លួន ជាអ្នកកាន់សាសនា តែមិនចេះទប់អណ្ដាតខ្លួន អ្នកនោះបញ្ឆោតខ្លួនឯងហើយ ហើយសាសនាដែលខ្លួនកាន់នោះ ក៏គ្មានប្រយោជន៍អ្វីដែរ។ 27 រីឯសាសនាដ៏បរិសុទ្ធ ឥតខ្ចោះនៅចំពោះព្រះភ័ក្ដ្រព្រះបិតាជាម្ចាស់វិញ គឺស្ថិតនៅលើការទៅ សួរសុខទុក្ខក្មេងកំព្រា និង ស្ដ្រីមេម៉ាយដែលមានទុក្ខលំបាក ព្រមទាំងស្ថិតនៅលើការរក្សាខ្លួនអោយផុតពីអំពើសៅហ្មងរបស់លោកីយ៍នេះ។

យ៉ាកុប 2

1 បងប្អូនអើយ បងប្អូនមានជំនឿលើព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់ប្រកបដោយសិរីរុងរឿងរបស់យើងហើយ ដូច្នេះ សូមកុំប្រកាន់វណ្ណៈអោយសោះ។ 2 ពេលបងប្អូនរួមប្រជុំគ្នាឧបមាថាម្នាក់ចូលមកមានពាក់ចិញ្ចៀនមាស និង មានសម្លៀកបំពាក់ភ្លឺផ្លេកហើយម្នាក់ទៀតជាអ្នកក្រ ស្លៀកពាក់រហែករយ៉ីរយ៉ៃចូលមកដែរ 3 ប្រសិនបើបងប្អូន រាក់ទាក់ទទួលអ្នកស្លៀកពាក់ភ្លឺផ្លេកនោះទាំងពោលថា «សូមលោកអញ្ជើញមកអង្គុយនៅកន្លែងកិត្ដិយសឯណេះ!» ហើយពោលទៅកាន់អ្នកក្រថា «ទៅឈរនៅកៀននោះទៅ!» ឬ ថា «មកអង្គុយនៅក្រោមកន្លែងខ្ញុំដាក់ជើងឯណេះ!» 4 តើមិនបានសេចក្ដីថា បងប្អូនរាប់រកមនុស្សក្នុងចំណោមបងប្អូន ដោយរើសមុខ ហើយបងប្អូនវិនិច្ឆ័យគេដោយគំនិតអាក្រក់ទេឬ? 5 បងប្អូនជាទីស្រឡាញ់អើយ សូមស្ដាប់ខ្ញុំព្រះជាម្ចាស់បានជ្រើសរើសអ្នកក្រក្នុងលោកនេះ អោយទៅជាអ្នកមានផ្នែកខាងជំនឿ និង អោយទទួលព្រះរាជ្យ ដែលទ្រង់បានសន្យាថា ប្រទានអោយអស់អ្នកស្រឡាញ់ព្រះអង្គ ទុកជាមត៌ក។ 6 រីឯបងប្អូន បងប្អូនបែរជាបន្ថោកអ្នកក្រទៅវិញ! តើមិនមែនពួកអ្នកមានទេឬដែលបានជិះជាន់សង្កន់សង្កិនបងប្អូន និង អូសទាញបងប្អូនយកទៅអោយតុលាការកាត់ទោស! 7 តើអ្នកទាំងនោះមិនបានប្រមាថមាក់ងាយព្រះនាមដ៏ប្រសើរបំផុតដែលជាទីពឹងរបស់បងប្អូនទេឬ! 8 ប្រសិនបើបងប្អូនប្រតិបត្ដិតាមក្រឹត្យវិន័យរបស់ព្រះរាជ្យ ស្របតាមគម្ពីរ ពោលគឺ «ត្រូវស្រឡាញ់បងប្អូនឯទៀតៗ អោយបានដូចស្រឡាញ់ខ្លួនឯងដែរ» នោះបងប្អូនពិតជាបានសំរេចកិច្ចការមួយដ៏ល្អប្រសើរហើយ។ 9 ផ្ទុយទៅវិញ ប្រសិនបើបងប្អូននាំគ្នាប្រកាន់វណ្ណៈ បានសេចក្ដីថាបងប្អូនប្រព្រឹត្ដអំពើបាប ហើយក្រឹត្យវិន័យចាត់ទុកបងប្អូនជាអ្នកប្រព្រឹត្ដបទល្មើស 10 ដ្បិតអ្នកណាប្រតិបត្ដិតាមក្រឹត្យវិន័យទាំងមូល តែធ្វើខុសត្រង់ចំណុចណាមួយក៏ដូចជាខុសនឹងក្រឹត្យវិន័យទាំងមូលដែរ។ 11 ព្រះជាម្ចាស់មានព្រះបន្ទូលថា «កុំប្រព្រឹត្ដអំពើផិតក្បត់» ហើយព្រះអង្គមានព្រះបន្ទូលទៀតថា «កុំសម្លាប់មនុស្ស»។ ប្រសិនបើអ្នកមិនប្រព្រឹត្ដអំពើផិតក្បត់ទេ តែសម្លាប់គេ នោះបានសេចក្ដីថាអ្នកប្រព្រឹត្ដល្មើសនឹងក្រឹត្យវិន័យហើយ។ 12 បងប្អូនត្រូវនិយាយ និង ប្រព្រឹត្ដអោយស្របនឹងក្រឹត្យវិន័យដែលផ្ដល់សេរីភាព គឺមានតែក្រឹត្យវិន័យនោះហើយដែលនឹងវិនិច្ឆ័យបងប្អូន 13 ដ្បិតអ្នកណាគ្មានចិត្ដមេត្ដាករុណា ព្រះជាម្ចាស់ក៏នឹងវិនិច្ឆ័យទោសអ្នកនោះដោយឥតមេត្ដាករុណាដែរ។ អ្នកមានចិត្ដមេត្ដាករុណា មិនខ្លាចព្រះអង្គវិនិច្ឆ័យទោសឡើយ។ 14 បងប្អូនអើយប្រសិនបើមានម្នាក់ពោលថាខ្លួនមានជំនឿ តែមិនប្រព្រឹត្ដអំពើល្អទេ តើមានប្រយោជន៍អ្វី? តើជំនឿនេះអាចធ្វើអោយគេទទួលការសង្គ្រោះបានឬ? 15 ប្រសិនបើបងប្អូនប្រុស ឬ ស្រីណាម្នាក់ គ្មានសម្លៀកបំពាក់បិទបាំងខ្លួន និង គ្មានម្ហូបអាហារបរិភោគរាល់ថ្ងៃ 16 ហើយមានម្នាក់ ក្នុងចំណោមបងប្អូន ពោលទៅគាត់ថា «សូមអញ្ជើញទៅដោយសុខសាន្ដ សូមអោយបានក្ដៅស្រួល សូមបរិភោគអោយបានឆ្អែត!» តែមិនអោយអ្វីៗដែលគេត្រូវការ តើពាក្យទាំងនេះមានប្រយោជន៍អ្វី? 17 រីឯជំនឿវិញក៏ដូច្នោះដែរ ប្រសិនបើគ្មានការប្រព្រឹត្ដអំពើល្អទេ ជំនឿនោះស្លាប់តែម្ដង! 18 ប្រសិនបើមានម្នាក់ពោលថាៈ អ្នកឯងមានជំនឿ រីឯខ្ញុំ ខ្ញុំប្រព្រឹត្ដអំពើល្អ។ សូមបង្ហាញជំនឿរបស់អ្នកដែលឥតមានការប្រព្រឹត្ដអំពើល្អអោយខ្ញុំមើលមើល៍ នោះខ្ញុំនឹងបង្ហាញអោយអ្នកឃើញជំនឿរបស់ខ្ញុំ ដោយអំពើល្អដែលខ្ញុំបានប្រព្រឹត្ដ។ 19 អ្នកជឿថាព្រះជាម្ចាស់មានតែមួយព្រះអង្គ ត្រឹមត្រូវហើយ ក៏ប៉ុន្ដែពួកអារក្សក៏ជឿដូច្នេះដែរ ហើយថែមទាំងភ័យញាប់ញ័រទៀតផង។ 20 ឱមនុស្សឥតប្រាជ្ញាអើយ! ជំនឿដែលគ្មានការប្រព្រឹត្ដអំពើល្អ ជាជំនឿឥតបានការអ្វីទាំងអស់ តើអ្នកចង់យល់ទេ! 21 លោកអប្រាហាំជាបុព្វបុរសរបស់យើងបានសុចរិត ដោយសារអំពើដែលលោកប្រព្រឹត្ដ គឺលោកបានយកអ៊ីសាកជាកូនទៅដាក់នៅលើអាសនៈ ដើម្បីថ្វាយជាយញ្ញបូជា។ 22 អ្នកឃើញទេ ជំនឿរបស់លោកបានរួមជាមួយអំពើដែលលោកប្រព្រឹត្ដ ហើយអំពើដែលលោកប្រព្រឹត្ដ ធ្វើអោយជំនឿបានពេញលក្ខណៈ 23 ស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរថា «លោកអប្រាហាំជឿលើព្រះជាម្ចាស់ ហើយព្រះអង្គប្រោសលោកអោយបានសុចរិត ដោយយល់ដល់ជំនឿនេះ» លោកក៏មានឈ្មោះថាជាមិត្ដសំឡាញ់របស់ព្រះជាម្ចាស់ដែរ។ 24 ដូច្នេះ បងប្អូនឃើញថាព្រះជាម្ចាស់ប្រោសមនុស្សអោយបានសុចរិត ដោយសារអំពើល្អដែលគេប្រព្រឹត្ដ គឺមិនត្រឹមតែដោយសារជំនឿប៉ុណ្ណោះទេ។ 25 នាងរ៉ាហាប់ជាស្ដ្រីពេស្យាក៏បានសុចរិត ដោយសារអំពើដែលនាងប្រព្រឹត្ដដែរ ព្រោះនាងបានទទួលពួកអ្នកនាំសារអោយស្នាក់នៅ ហើយអោយគេចាកចេញទៅវិញ តាមផ្លូវមួយផ្សេងទៀត។ 26 រូបកាយដែលគ្មានវិញ្ញាណជារូបកាយស្លាប់យ៉ាងណា ជំនឿដែលគ្មានការប្រព្រឹត្ដអំពើល្អ ក៏ជាជំនឿស្លាប់យ៉ាងនោះដែរ។

យ៉ាកុប 3

1 បងប្អូនអើយ កុំចង់ធ្វើគ្រូច្រើនគ្នាពេក ដ្បិតបងប្អូនជ្រាបស្រាប់ហើយថា ព្រះជាម្ចាស់វិនិច្ឆ័យទោសយើងជាគ្រូ យ៉ាងតឹងរ៉ឹងជាងគេ។ 2 យើងទាំងអស់គ្នាតែងតែធ្វើខុសជាច្រើន។ អ្នកណាឥតធ្វើខុស ដោយពាក្យសំដីអ្នកនោះជាមនុស្សគ្រប់លក្ខណៈ អាចត្រួតលើខ្លួនឯងទាំងមូលបាន។ 3 ប្រសិនបើយើងដាក់ដែកបង្ខាំក្នុងមាត់សេះ ដើម្បីអោយវាស្ដាប់បង្គាប់យើង នោះយើងអាចញាក់ខ្លួនវាទាំងមូល អោយទៅណាក៏បាន។ 4 សូមគិតពីសំពៅដែរ ទោះបីវាធំប៉ុនណា ហើយមានខ្យល់បក់មកខ្លាំងយ៉ាងណាក៏ដោយ ក៏អ្នកបើកសំពៅអាចបត់បែនបានតាមបំណងចិត្ដ ដោយសារចង្កូតដ៏តូចមួយ។ 5 រីឯអណ្ដាតក៏ដូច្នោះដែរ វាជាសរីរាង្គមួយតូចមែន តែពូកែធ្វើការសម្បើមណាស់។ មើលចុះ សូម្បីតែផ្កាភ្លើងមួយតូច ក៏អាចធ្វើអោយឆេះព្រៃមួយយ៉ាងធំបានដែរ! 6 អណ្ដាតក៏ជាភ្លើងម៉្យាង ជាពិភពនៃអំពើទុច្ចរិត។ អណ្ដាតជាផ្នែកមួយក្នុងចំណោមសរីរាង្គរបស់យើង ដែលធ្វើអោយរូបកាយទាំងមូលទៅជាសៅហ្មង និង ធ្វើអោយដំណើរជីវិតរបស់យើងត្រូវខ្លោចផ្សា ព្រោះមានភ្លើងនរកនៅក្នុងអណ្ដាតនេះ។ 7 មនុស្សជាតិអាចផ្សាំងសត្វគ្រប់ប្រភេទបានទាំងអស់ទាំងសត្វព្រៃ ទាំងសត្វស្លាប ហើយសត្វលូនវារ សត្វនៅក្នុងទឹក ក៏មនុស្សផ្សំាងបានដែរ 8 ប៉ុន្ដែគ្មានជនណាម្នាក់អាចផ្សំាងអណ្ដាតបានឡើយ ព្រោះវាជាគ្រឿងមួយដ៏ចង្រៃ ដែលចេះតែគន្លាស់ជានិច្ចពោរពេញទៅដោយពឹសពុល បណ្ដាលអោយស្លាប់ទៀតផង។ 9 ដោយសារអណ្ដាត យើងអរព្រះគុណព្រះអម្ចាស់ជាព្រះបិតា ហើយដោយសារអណ្ដាតដដែលយើងក៏ជេរប្រទេចផ្ដាសាមនុស្សដែលព្រះអង្គបានបង្កើតមក អោយមានលក្ខណៈដូចព្រះអង្គដែរ 10 គឺទាំងពាក្យអរព្រះគុណ ទាំងពាក្យជេរប្រទេចផ្ដាសា ហូរចេញមកពីមាត់តែមួយ! បងប្អូនអើយ ធ្វើដូច្នេះមិនកើតទេ!។ 11 តើប្រភពទឹកអាចបង្ហូរចេញជាទឹកសាបផងជាទឹកភ្លាវផង ពីរន្ធតែមួយបានឬ? 12 បងប្អូនអើយ ដើមឧទុម្ពរអាចអោយផ្លែជាអូលីវ ឬ ដើមទំពាំងបាយជូរអាចអោយផ្លែជា ឧទុម្ពរបានឬ? រន្ធទឹកប្រៃពុំអាចបង្ហូរចេញជាទឹកសាបបានឡើយ។ 13 ក្នុងចំណោមបងប្អូន បើអ្នកណាមានប្រាជ្ញា និង ចេះដឹង សូមសំដែងកិរិយាមារយាទរបស់ខ្លួនអោយអ្នកដទៃឃើញថា អំពើដែលខ្លួនប្រព្រឹត្ដសុទ្ធតែផុសចេញមកពីចិត្ដស្លូតបូត និង ពីប្រាជ្ញាទាំងស្រុង។ 14 ផ្ទុយទៅវិញ ប្រសិនបើបងប្អូនមានចិត្ដច្រណែនឈ្នានីស និង មានចិត្ដប្រណាំងប្រជែងគ្នានោះ សូមកុំអួតខ្លួន កុំកុហកទាស់នឹងសេចក្ដីពិតអោយសោះ។ 15 ប្រាជ្ញាបែបនេះ មិនមែនជាប្រាជ្ញាមកពីព្រះជាម្ចាស់ទេ គឺជាប្រាជ្ញារបស់លោកីយ៍ ប្រាជ្ញារបស់មនុស្ស និង ប្រាជ្ញារបស់អារក្ស 16 ដ្បិតទីណាមានការច្រណែន ប្រណាំងប្រជែងគ្នា ទីនោះតែងតែមានការខ្វះសណ្ដាប់ធ្នាប់ និង មានរឿងអាស្រូវគ្រប់យ៉ាង។ 17 រីឯប្រាជ្ញាមកពីព្រះជាម្ចាស់វិញ ដំបូងបង្អស់ ជាប្រាជ្ញាបរិសុទ្ធ បន្ទាប់មកជាប្រាជ្ញាផ្ដល់សន្ដិភាព មានអធ្យាស្រ័យ ទុកចិត្ដគ្នាពោរពេញទៅដោយចិត្ដមេត្ដាករុណា និង បង្កើតផលល្អគ្រប់យ៉ាង ឥតមានលំអៀង ឥតមានពុតត្បុត។ 18 អស់អ្នកកសាងសន្ដិភាព តែងសាបព្រោះសន្ដិភាព ហើយច្រូតយកផលជាជីវិតសុចរិត ។

យ៉ាកុប 4

1 ការទាស់ទែង ឈ្លោះប្រកែកគ្នាក្នុងចំណោមបងប្អូន កើតមកពីអ្វី? តើមិនមែនមកពីចិត្ដស្រើបស្រាល ដែលប្រទាញប្រទង់គ្នា នៅក្នុងសរីរាង្គរបស់បងប្អូនទេឬ? 2 បងប្អូនមានចិត្ដលោភលន់ តែមិនបានដូចការប៉ងប្រាថ្នាទេ បងប្អូនក៏សម្លាប់ និង ឈ្នានីសគេ ហើយនៅតែគ្មានបានផលអ្វី បងប្អូនឈ្លោះប្រកែក និង ទាស់ទែងគ្នា ក៏នៅតែពុំបានទទួលអ្វីដែរ ព្រោះបងប្អូនមិនទូលសូមពីព្រះជាម្ចាស់។ 3 បងប្អូនទូលសូមដែរ តែឥតបានទទួល ព្រោះបងប្អូនទូលសូមដោយបំណងអាក្រក់ គឺបងប្អូនចង់បានសំរាប់តែបំពេញចិត្ដស្រើបស្រាលរបស់ខ្លួនប៉ុណ្ណោះ។ 4 មនុស្សក្បត់ចិត្ដអើយ! បងប្អូនមិនជ្រាបទេឬថាការស្រឡាញ់លោកីយ៍ ធ្វើអោយខ្លួនទៅជាសត្រូវនឹងព្រះជាម្ចាស់? អ្នកណាចង់ធ្វើជាមិត្ដសំឡាញ់នឹងលោកីយ៍ អ្នកនោះតាំងខ្លួនជាសត្រូវនឹងព្រះជាម្ចាស់! 5 តើបងប្អូនស្មានថាសេចក្ដីដែលមានចែងទុកក្នុងគម្ពីរឥតបានការអ្វីទេឬ គឺថា ព្រះជាម្ចាស់មានព្រះហឫទ័យស្រឡាញ់វិញ្ញាណដែលព្រះអង្គប្រទាន អោយមកគង់ក្នុងបងប្អូនរហូតដល់ប្រច័ណ្ឌ។ 6 ប៉ុន្ដែ ព្រះអង្គមានព្រះហឫទ័យប្រណីសន្ដោសខ្លាំងជាងនេះទៅទៀត ដ្បិតមានចែងទុកក្នុងគម្ពីរថា«ព្រះជាម្ចាស់ប្រឆាំងនឹងមនុស្សមានអំនួត តែទ្រង់ប្រណីសន្ដោសអស់អ្នកដែលដាក់ខ្លួន»។ 7 ដូច្នេះ សូមបងប្អូនគោរពចុះចូលព្រះជាម្ចាស់ហើយប្រឆាំងនឹងមារ នោះវាមុខជារត់ចេញឆ្ងាយពីបងប្អូនមិនខាន។ 8 សូមចូលទៅជិតព្រះជាម្ចាស់ នោះព្រះអង្គនឹងយាងមកជិតបងប្អូនវិញដែរ។ មនុស្សបាបអើយ ចូរជំរះខ្លួនអោយបានបរិសុទ្ធ ទៅ! មនុស្សមានចិត្ដពីរអើយ ចូរជំរះចិត្ដគំនិតអោយបានស្អាតឡើង! 9 ចូរទទួលស្គាល់ថាខ្លួនធ្លាក់ដល់កំរិតណាហើយ ចូរកាន់ទុក្ខ និង សោកសង្រេង ព្រមទាំងធ្វើអោយសំណើចក្អាកក្អាយរបស់អ្នករាល់គ្នាប្រែទៅជាទុក្ខសោក ហើយអោយអំណរសប្បាយរបស់អ្នករាល់គ្នាប្រែទៅជាទុក្ខព្រួយវិញ។ 10 ចូរបន្ទាបខ្លួននៅចំពោះព្រះភ័ក្ដ្រព្រះជាម្ចាស់ នោះព្រះអង្គនឹងលើកតម្កើងអ្នករាល់គ្នាជាមិនខាន។ 11 បងប្អូនអើយ មិនត្រូវនិយាយដើមគ្នាទៅវិញទៅមកឡើយ។ អ្នកណានិយាយដើម ឬ ថ្កោលទោសបងប្អូនណាម្នាក់អ្នកនោះក៏ដូចជានិយាយដើមក្រឹត្យវិន័យ និង ថ្កោលទោសក្រឹត្យវិន័យដែរ។ ប្រសិនបើអ្នកថ្កោលទោសក្រឹត្យវិន័យបានសេចក្ដីថា អ្នកមិនមែនកាន់ក្រឹត្យវិន័យទេ គឺអ្នកថ្កោលទោសក្រឹត្យវិន័យទៅវិញ។ 12 មានតែព្រះជាម្ចាស់មួយព្រះអង្គគត់ដែលបង្កើតក្រឹត្យវិន័យ ហើយទ្រង់ជាចៅក្រមវិនិច្ឆ័យទោស។ មានតែព្រះអង្គប៉ុណ្ណោះដែលអាចសង្គ្រោះ និង ធ្វើអោយវិនាស។ រីឯអ្នកវិញ តើអ្នកមានឋានៈអ្វី បានជាហ៊ានថ្កោលទោសបងប្អូនឯទៀតៗដូច្នេះ! 13 ឥឡូវនេះចំពោះបងប្អូនដែលពោលថា «ថ្ងៃនេះឬ ស្អែក យើងនឹងធ្វើដំណើរទៅក្រុងមួយ ហើយស្នាក់នៅក្រុងនោះមួយឆ្នាំដើម្បីរកស៊ី និង បានចំណេញ!» ខ្ញុំសូមជំរាបថា 14 បងប្អូនពុំដឹងថាថ្ងៃស្អែកជីវិតបងប្អូននឹងទៅជាយ៉ាងណាឡើយ! បងប្អូនប្រៀបបីដូចជាចំហាយទឹក ដែលមានតែមួយភ្លែត រួចក៏រសាត់បាត់ទៅ។ 15 បងប្អូនគួរតែពោលថា «បើព្រះអម្ចាស់សព្វព្រះហឫទ័យ យើងនឹងមានជីវិតរស់ ហើយយើងធ្វើការនេះ ឬ ធ្វើការនោះ» 16 តែឥឡូវនេះ បងប្អូនបែរជាក្អេងក្អាងអួតបំប៉ោងទៅវិញ។ ការអួតក្អេងក្អាងបែបនេះអាក្រក់ណាស់។ 17 ប្រសិនបើអ្នកណាចេះធ្វើអំពើល្អ តែមិនព្រមធ្វើ អ្នកនោះប្រព្រឹត្ដអំពើបាបហើយ។

យ៉ាកុប 5

1 ចំពោះអ្នកមានវិញ ចូរស្រែកទ្រហោយំទៅ ព្រោះទុក្ខលំបាកនឹងកើតមានដល់អ្នករាល់គ្នាជាពុំខាន! 2 ទ្រព្យសម្បត្ដិរបស់អ្នករាល់គ្នារលួយអស់ ហើយសម្លៀកបំពាក់របស់អ្នករាល់គ្នាក៏ត្រូវកណ្ដៀរស៊ីដែរ។ 3 មាសប្រាក់របស់អ្នករាល់គ្នាត្រូវច្រែះស៊ី ហើយច្រែះនេះធ្វើជាបន្ទាល់ទាស់នឹងអ្នករាល់គ្នា ព្រមទាំងស៊ីសាច់អ្នករាល់គ្នា ដូចភ្លើងឆេះសុសដែរ។ គ្រានេះ ជាគ្រាចុងក្រោយបំផុត អ្នករាល់គ្នាបានប្រមូលទ្រព្យសម្បត្ដិទុក 4 ឥតបើកប្រាក់ឈ្នួលអោយពួកកម្មករដែលច្រូតកាត់ក្នុងស្រែរបស់អ្នករាល់គ្នាឡើយ។ មើល៍!សំរែកអ្នកច្រូតទាំងនោះបានលាន់ទៅដល់ព្រះអម្ចាស់នៃពិភពទាំងមូល ។ 5 អ្នករាល់គ្នារស់នៅលើផែនដីនេះយ៉ាងសម្បូណ៌សប្បាយ ថ្កុំថ្កើងរុងរឿង ហើយអ្នករាល់គ្នាបំពេញចំណង់ចិត្ដខ្លួនយ៉ាងឆ្អែតស្កប់ស្កល់ ដូចនៅថ្ងៃដែលគេសម្លាប់សត្វ។ 6 អ្នករាល់គ្នាបានដាក់ទោស និង ប្រហារជីវិតមនុស្សសុចរិត តែគេពុំបានប្រឆាំងតបតនឹងអ្នករាល់គ្នាវិញឡើយ។ 7 ដូច្នេះ បងប្អូនអើយ ត្រូវមានចិត្ដអត់ធ្មត់រហូតដល់ពេលព្រះអម្ចាស់យាងមកយ៉ាងរុងរឿង។ មើលចុះ!អ្នកភ្ជួររាស់ទន្ទឹងរង់ចាំភោគផលដ៏ថ្លៃវិសេសដែលដីផ្ដល់អោយ ដោយចិត្ដអត់ធ្មត់ រហូតដល់បានផលនៅដើមរដូវ និង ចុងរដូវ។ 8 បងប្អូនក៏ដូច្នោះដែរ ចូរមានចិត្ដអត់ធ្មត់តាំងចិត្ដអោយរឹងប៉ឹង ដ្បិតព្រះអម្ចាស់ជិតយាងមកដល់ហើយ។ 9 បងប្អូនអើយមិនត្រូវរអ៊ូរទាំនឹងគ្នាទៅវិញទៅមកឡើយ ដើម្បីកុំអោយមានទោស ដ្បិតព្រះជាម្ចាស់ដែលជាចៅក្រម ទ្រង់ឈរនៅមាត់ទ្វារស្រាប់ហើយ។ 10 បងប្អូនអើយ ចូរយកតំរាប់តាមពួកព្យាការី ដែលបានរងទុក្ខលំបាក និង មានចិត្ដអត់ធ្មត់ ហើយថ្លែងព្រះបន្ទូលក្នុងព្រះនាមព្រះអម្ចាស់។ 11 យើងតែងតែសរសើរអស់អ្នកដែលចេះស៊ូទ្រាំថាជាអ្នកមានសុភមង្គល។ បងប្អូនធ្លាប់ឮគេនិយាយស្រាប់ហើយថា លោកយ៉ូបចេះស៊ូទ្រាំយ៉ាងណាៗនោះ ហើយបងប្អូនក៏ឃើញដែរថា នៅទីបំផុត ព្រះអម្ចាស់អោយគាត់បានទៅជាយ៉ាងណា ដ្បិតព្រះអម្ចាស់មានព្រះហឫទ័យអាណិតអាសូរ និង មេត្ដាករុណាយ៉ាងក្រៃលែង។ 12 ជាពិសេស បងប្អូនអើយ កុំស្បថអោយសោះ គឺកុំយកមេឃ យកផែនដី ឬ យកអ្វីផ្សេងទៀតមកធ្វើជាប្រធានសម្បថឡើយ។ បើថា«មែន»អោយប្រាកដជា «មែន» «ទេ» អោយប្រាកដជា« ទេ» ដើម្បីកុំអោយមានទោស។ 13 ក្នុងចំណោមបងប្អូន បើមាននរណាម្នាក់កើតទុក្ខលំបាក ត្រូវអោយគាត់អធិស្ឋាន បើមាននរណាអរសប្បាយ ត្រូវច្រៀងបទលើកតម្កើងព្រះជាម្ចាស់។ 14 ក្នុងចំណោមបងប្អូន បើនរណាមានជំងឺ ត្រូវអញ្ជើញព្រឹទ្ធាចារ្យរបស់ក្រុមជំនុំមក ដើម្បីអោយលោកទាំងនោះអធិស្ឋានអោយគាត់ និង លាបប្រេង អោយក្នុងព្រះនាមព្រះអម្ចាស់។ 15 ពាក្យអធិស្ឋានដែលផុសចេញមកពីជំនឿ នឹងសង្គ្រោះអ្នកជំងឺនោះ ហើយព្រះអម្ចាស់នឹងប្រោសគាត់អោយក្រោកឡើងវិញ ប្រសិនបើគាត់បានប្រព្រឹត្ដអំពើបាបព្រះអង្គនឹងលើកលែងទោសអោយ។ 16 ដូច្នេះ សូមបងប្អូនលន់តួបាបដល់គ្នាទៅវិញទៅមក ព្រមទាំងអធិស្ឋានអោយគ្នាទៅវិញទៅមកផង ដើម្បីអោយបានជាសះស្បើយ។ ពាក្យទូលអង្វររបស់មនុស្សសុចរិត មានប្រសិទ្ធភាពខ្លាំងណាស់។ 17 ព្យាការី អេលីយ៉ាជាមនុស្សដូចយើងដែរ លោកបានអធិស្ឋានអស់ពីចិត្ដ សុំកុំអោយមានភ្លៀងធ្លាក់ នោះក៏គ្មានភ្លៀងធ្លាក់លើផែនដី អស់រយៈពេលបីឆ្នាំប្រាំមួយខែ។ 18 បន្ទាប់មក លោកអធិស្ឋានសាជាថ្មី មេឃក៏បង្អុរភ្លៀងមក ហើយដីក៏បង្កើតភោគផលដែរ។ 19 បងប្អូនអើយ ក្នុងចំណោមបងប្អូន ប្រសិនបើមាននរណាម្នាក់បានវង្វេងចេញឆ្ងាយពីសេចក្ដីពិត ហើយបើមានម្នាក់ទៀតនាំគាត់អោយវិលត្រឡប់មកវិញ 20 តោងដឹងថា អ្នកដែលនាំមនុស្សបាបអោយងាកចេញពីមាគ៌ាដែលគេវង្វេងនោះ បានសង្គ្រោះជីវិតគេអោយរួចពីស្លាប់ ព្រមទាំងគ្របបាំងអំពើបាបដ៏ច្រើនលើសលប់ផង។

1 ពេត្រុស 1

1 ខ្ញុំពេត្រុសជាសាវ័ក របស់ព្រះយេស៊ូគ្រិស្ដ សូមជំរាបមកបងប្អូនដែលព្រះជាម្ចាស់បានជ្រើសរើស ហើយដែលបែកខ្ញែកគ្នា ទៅរស់ជាអាណិកជន នៅស្រុកប៉ុនតុស ស្រុកកាឡាទី ស្រុកកាប៉ាដូគាស្រុកអាស៊ី និង ស្រុកប៊ីធូនា។ 2 ព្រះជាម្ចាស់ ជាព្រះបិតា បានជ្រើសរើសបងប្អូន តាមគំរោងការដែលព្រះអង្គគ្រោងទុកពីមុនមក ដោយព្រះវិញ្ញាណប្រោសបងប្អូនអោយបានវិសុទ្ធ ដើម្បីអោយបងប្អូនស្ដាប់បង្គាប់ព្រះយេស៊ូគ្រិស្ដ និង អោយព្រះអង្គប្រោះព្រះលោហិតរបស់ព្រះអង្គលើបងប្អូន។ សូមអោយបងប្អូនបានប្រកបដោយព្រះគុណ និង សេចក្ដីសុខសាន្ដកាន់តែច្រើនឡើងៗ។ 3 សូមសរសើរតម្កើងព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់នៃយើង។ ព្រះជាម្ចាស់បានប្រោសយើង អោយកើតជាថ្មី ដោយប្រោសព្រះយេស៊ូគ្រិស្ដ អោយមានព្រះជន្មរស់ឡើងវិញ ស្របតាមព្រះហឫទ័យមេត្ដាករុណាដ៏លើសលប់របស់ព្រះអង្គ ដូច្នេះ យើងមានសេចក្ដីសង្ឃឹមដែលមិនចេះសាបសូន្យ 4 ហើយយើងនឹងទទួលមត៌ក ដែលមិនចេះរលួយ មិនចេះសៅហ្មង មិនចេះស្រពោន។ ព្រះជាម្ចាស់បំរុងទុកមត៌កនេះអោយបងប្អូននៅស្ថានបរមសុខ 5 ហើយឫទ្ធានុភាពរបស់ព្រះអង្គថែរក្សាបងប្អូន ដោយសារជំនឿ ដើម្បីអោយបងប្អូនទទួលការសង្គ្រោះ ដែលព្រះអង្គបានរៀបចំទុកជាស្រេច ហើយដែលទ្រង់នឹងសំដែងនៅគ្រាចុងក្រោយបំផុត។ 6 ហេតុនេះហើយបានជាបងប្អូនមានចិត្ដរីករាយយ៉ាងខ្លាំង ទោះបីពេលនេះ បងប្អូនព្រួយចិត្ដដោយជួបនឹងទុក្ខលំបាកផ្សេងៗក្នុងមួយរយៈពេលខ្លីក៏ដោយ។ 7 ទុក្ខលំបាកទាំងនេះនឹងលត់ដំ ជំនឿរបស់បងប្អូនអោយមានតម្លៃលើសមាស ដែលតែងតែរលាយសូន្យនោះទៅទៀត គឺមាសដែលសំរាំងក្នុងភ្លើង។ នៅថ្ងៃដែលព្រះយេស៊ូគ្រិស្ដសំដែងខ្លួនអោយមនុស្សលោកឃើញ ជំនឿរបស់បងប្អូននឹងទទួលការសរសើរ ទទួលសិរីរុងរឿង និង កិត្ដិយសជាមិនខាន។ 8 បងប្អូនមិនដែលបានឃើញព្រះអង្គទេ តែបងប្អូនស្រឡាញ់ព្រះអង្គទោះបីបងប្អូននៅតែពុំទាន់ឃើញព្រះអង្គក្ដី ក៏បងប្អូនជឿលើព្រះអង្គ ហើយមានអំណរសប្បាយដ៏រុងរឿងរកថ្លែងពុំបាន 9 ព្រោះបងប្អូនបានទទួលការសង្គ្រោះសំរាប់ព្រលឹងខ្លួន ដែលជាទីដៅនៃជំនឿរបស់បងប្អូន។ 10 ព្យាការី ដែលថ្លែងព្រះបន្ទូល អំពីព្រះគុណដែលបំរុងសំរាប់បងប្អូនបាននាំគ្នាស្រាវជ្រាវ និង រិះរកចង់ដឹងអំពីការសង្គ្រោះនេះ។ 11 ព្រះវិញ្ញាណរបស់ព្រះគ្រិស្ដដែលគង់នៅក្នុងព្យាការីទាំងនោះ បានបញ្ជាក់ប្រាប់ជាមុនអំពីទុក្ខលំបាករបស់ព្រះគ្រិស្ដ និង អំពីសិរីរុងរឿងដែលព្រះអង្គនឹងទទួលតាមក្រោយ។ ពួកលោកក៏បានរិះគិតចង់ដឹងថា តើព្រឹត្ដិការណ៍នេះនឹងកើតមាននៅជំនាន់ណាក្នុងកាលៈទេសៈណា។ 12 ព្រះជាម្ចាស់បានសំដែងអោយព្យាការីទាំងនោះដឹងថា សេចក្ដីដែលពួកលោកថ្លែង មិនមែនសំរាប់ពួកលោកទេ គឺសំរាប់បងប្អូនវិញ។ ឥឡូវនេះពួកអ្នកផ្សព្វផ្សាយដំណឹងល្អ បាននាំដំណឹងមកប្រាប់បងប្អូនអំពីសេចក្ដីទាំងនោះ ក្រោមការណែនាំរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ ដែលព្រះជាម្ចាស់បានចាត់ពីស្ថានបរមសុខមក។ សូម្បីតែពួកទេវតា ក៏ប្រាថ្នាចង់យល់ជំរៅនៃសេចក្ដីទាំងនោះដែរ។ 13 ហេតុនេះ សូមបងប្អូនប្រុងប្រៀបចិត្ដគំនិតអោយមែនទែន កុំភ្លេចខ្លួនអោយសោះ ត្រូវមានចិត្ដសង្ឃឹមទាំងស្រុងទៅលើព្រះគុណថា ដែលព្រះជាម្ចាស់ប្រោសប្រទានអោយបងប្អូននៅថ្ងៃព្រះយេស៊ូគ្រិស្ដ នឹងសំដែងព្រះអង្គ អោយមនុស្សលោកឃើញ។ 14 ចូរធ្វើដូចកូនដែលចេះស្ដាប់បង្គាប់ គឺមិនត្រូវធ្វើតាមចិត្ដប៉ងប្រាថ្នាដែលបងប្អូនធ្លាប់មានកាលមិនទាន់ស្គាល់ព្រះអង្គ នោះឡើយ 15 ផ្ទុយទៅវិញ ព្រះអង្គដែលបានត្រាស់ហៅបងប្អូន ទ្រង់វិសុទ្ធ យ៉ាងណា បងប្អូនក៏ត្រូវតែវិសុទ្ធ ក្នុងគ្រប់កិច្ចការ ដែលបងប្អូនប្រព្រឹត្ដយ៉ាងនោះដែរ 16 ដ្បិតក្នុងគម្ពីរមានចែងទុកថា៖ «អ្នករាល់គ្នាត្រូវតែវិសុទ្ធ ព្រោះយើងវិសុទ្ធ»។ 17 មួយវិញទៀត ប្រសិនបើបងប្អូនអង្វររកព្រះជាម្ចាស់ក្នុងឋានៈព្រះអង្គជាព្រះបិតា ចូររស់នៅដោយគោរពកោតខ្លាចព្រះអង្គ ក្នុងពេលដែលបងប្អូនស្នាក់នៅលើផែនដីនេះ ដ្បិតព្រះអង្គនឹងវិនិច្ឆ័យមនុស្សតាមអំពើដែលម្នាក់ៗបានប្រព្រឹត្ដ ឥតរើសមុខនរណាឡើយ។ 18 បងប្អូនជ្រាបស្រាប់ហើយថា ព្រះជាម្ចាស់បានលោះបងប្អូនអោយរួចពីរបៀបរស់នៅដ៏ឥតន័យ ដែលជាដំណែលតពីបុព្វបុរស របស់បងប្អូន មិនមែនដោយសារអ្វីៗដែលតែងតែរលាយសាបសូន្យទៅ ដូចជាមាសឬប្រាក់ទេ 19 គឺដោយសារព្រះលោហិតដ៏ថ្លៃវិសេសរបស់ព្រះគ្រិស្ដ ដែលប្រៀបបាននឹងកូនចៀមដ៏ល្អឥតខ្ចោះ ឥតស្លាកស្នាម។ 20 ព្រះជាម្ចាស់បានជ្រើសតាំងព្រះគ្រិស្ដ មុនកំណើតពិភពលោកទៅទៀត ហើយបានបង្ហាញព្រះអង្គអោយមនុស្សលោកឃើញនៅគ្រាចុងក្រោយនេះ ព្រោះតែបងប្អូន។ 21 តាមរយៈព្រះគ្រិស្ដ បងប្អូនជឿលើព្រះជាម្ចាស់ដែលបានប្រោសព្រះអង្គអោយមានព្រះជន្មរស់ឡើងវិញ ហើយប្រទានសិរីរុងរឿងមកព្រះអង្គ ដើម្បីអោយបងប្អូនមានជំនឿ និង មានសង្ឃឹមលើព្រះជាម្ចាស់។ 22 បងប្អូនបានជំរះព្រលឹងអោយបានបរិសុទ្ធ ដោយស្ដាប់តាមសេចក្ដីពិត ដើម្បីអោយបងប្អូនចេះស្រឡាញ់គ្នាយ៉ាងស្មោះស្ម័គ្រ ដូចបងប្អូនបង្កើត។ ចូរស្រឡាញ់គ្នាទៅវិញទៅមកអោយអស់ពីចិត្ដទៅ។ 23 ព្រះជាម្ចាស់បានប្រោសបងប្អូនអោយកើតជាថ្មី មិនមែនដោយពូជដែលតែងតែរលួយទេ គឺដោយពូជមិនចេះរលួយដែលជាព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ព្រះបន្ទូលនេះផ្ដល់ជីវិតហើយនៅស្ថិតស្ថេរជាដរាប 24 ដ្បិតមនុស្សគ្រប់ៗរូបប្រៀបបាននឹងស្មៅ រីឯសិរីរុងរឿងទាំងប៉ុន្មានរបស់គេប្រៀបបាននឹងផ្កា ស្មៅតែងតែក្រៀមហើយផ្កាក៏រុះរោយដែរ 25 ប៉ុន្ដែព្រះបន្ទូលរបស់ព្រះអម្ចាស់នៅស្ថិតស្ថេរអស់កល្បជានិច្ច។ ព្រះបន្ទូលនេះគឺជាដំណឹងល្អ ដែលគេបាននាំយកមកជូនបងប្អូន។

1 ពេត្រុស 2

1 ហេតុនេះចូរបងប្អូនលះបង់ការអាក្រក់គ្រប់យ៉ាង លះបង់ល្បិចកិច្ចកលទាំងប៉ុន្មានការលាក់ពុត ចិត្ដច្រណែនឈ្នានីស និង ការនិយាយដើមគេគ្រប់យ៉ាងនោះចោលទៅ! 2 ចូរប្រាថ្នាចង់បានព្រះបន្ទូល ដូចទារកដែលទើបនឹងកើតប្រាថ្នាចង់បានទឹកដោះសុទ្ធ ដើម្បីអោយបងប្អូនបានចំរើនឡើងតាមរយៈព្រះបន្ទូលនេះ និង ទទួលការសង្គ្រោះ 3 បើបងប្អូនពិតជាបានក្រេបជញ្ជក់ដឹងថា ព្រះអម្ចាស់មានព្រះហឫទ័យសប្បុរសមែននោះ! 4 សូមបងប្អូនចូលមកជិតព្រះគ្រិស្ដ ជាសិលាដ៏មានជីវិត ជាសិលាដែលមនុស្សលោកបានបោះបង់ចោលតែព្រះជាម្ចាស់បានរើសយក ព្រោះទ្រង់ឈ្វេងយល់ថាមានតម្លៃវិសេស។ 5 រីឯបងប្អូនវិញ បងប្អូនប្រៀបបាននឹងថ្មដ៏មានជីវិតដែរ ដូច្នេះ ចូរផ្គុំគ្នាឡើង កសាងជាព្រះដំណាក់របស់ព្រះវិញ្ញាណ ធ្វើជាក្រុមបូជាចារ្យដ៏វិសុទ្ធ ដើម្បីថ្វាយយញ្ញបូជាខាងវិញ្ញាណ ជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ តាមរយៈព្រះយេស៊ូគ្រិស្ដ 6 ដ្បិតក្នុងគម្ពីរមានចែងថា៖ «យើងបានរើសយកថ្មគ្រឹះមួយដ៏សំខាន់ ហើយមានតម្លៃ យើងដាក់ថ្មនោះនៅក្រុងស៊ីយ៉ូន។ អ្នកណាជឿលើថ្មនោះ អ្នកនោះមុខជាមិនត្រូវខកចិត្ដឡើយ»។ 7 ថ្មនេះមានតម្លៃវិសេស សំរាប់បងប្អូនជាអ្នកជឿ។ រីឯអ្នកដែលមិនជឿវិញ «ថ្មដែលពួកជាងសង់ផ្ទះ បោះបង់ចោល បានត្រឡប់មកជាថ្មគ្រឹះដ៏សំខាន់បំផុត 8 ជាថ្មដែលនាំអោយគេជំពប់ដួលជាសិលាដែលនាំអោយគេរវាតចិត្ដបាត់ជំនឿ»។ អ្នកទាំងនោះជំពប់ដួល ដូចព្រះជាម្ចាស់បានគ្រោងទុកមកស្រាប់ មកពីគេពុំព្រមជឿព្រះបន្ទូល 9 រីឯបងប្អូនវិញ បងប្អូនជាពូជសាសន៍ដែលព្រះអង្គបានជ្រើសរើស ជាក្រុមបូជាចារ្យរបស់ព្រះមហាក្សត្រ ជាជាតិសាសន៍ដ៏វិសុទ្ធ ជាប្រជារាស្ដ្រដែលព្រះជាម្ចាស់បានយកមកធ្វើជាកម្មសិទ្ធិផ្ទាល់របស់ព្រះអង្គ ដើម្បីអោយបងប្អូនប្រកាសដំណឹងអំពីស្នាព្រះហស្ដដ៏អស្ចារ្យ របស់ព្រះអង្គដែលបានហៅបងប្អូនអោយចេញពីទីងងឹត មកកាន់ពន្លឺដ៏រុងរឿងរបស់ព្រះអង្គ។ 10 ពីដើមបងប្អូនមិនមែនជាប្រជារាស្ដ្ររបស់ព្រះជាម្ចាស់ទេ តែឥឡូវនេះបងប្អូនជាប្រជារាស្ដ្ររបស់ព្រះអង្គហើយ ពីដើមបងប្អូនពុំបានទទួលព្រះហឫទ័យមេត្ដាករុណាទេ តែឥឡូវនេះ បងប្អូនបានទទួលព្រះហឫទ័យមេត្ដាករុណាហើយ។ 11 បងប្អូនជាទីស្រឡាញ់អើយ ខ្ញុំសូមទូន្មានបងប្អូនជាជនបរទេស និង ជាអ្នកស្នាក់នៅជាបណ្ដោះអាសន្ន ក្នុងលោកនេះថា កុំបណ្ដោយខ្លួនទៅតាមតណ្ហា ដែលតែងតែប្រឆាំងនឹងព្រលឹងនោះឡើយ។ 12 ត្រូវកាន់កិរិយាមារយាទអោយបានថ្លៃថ្នូរនៅក្នុងចំណោមសាសន៍ដទៃ។ ដូច្នេះ ត្រង់ចំណុចណាដែលគេចោទថាបងប្អូនប្រព្រឹត្ដអាក្រក់ គេបែរជាឃើញអំពើល្អរបស់បងប្អូនទៅវិញ ហើយនៅថ្ងៃដែលព្រះជាម្ចាស់យាងមក គេនឹងលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គថែមទៀតផង។ 13 សូមគោរពចុះចូលអំណាចនានា នៅលើផែនដីនេះដោយយល់ដល់ព្រះអម្ចាស់ គឺត្រូវគោរពចុះចូលព្រះរាជា ក្នុងឋានៈលោកជាអ្នកមានអំណាចធំជាងគេ 14 ត្រូវគោរពចុះចូលនឹងលោកទេសាភិបាលទាំងឡាយ ក្នុងឋានៈលោកជាតំណាងរបស់ព្រះរាជា ដែលទ្រង់ចាត់អោយមកធ្វើទោសអស់អ្នកដែលប្រព្រឹត្ដអំពើអាក្រក់ និង សរសើរអស់អ្នកដែលប្រព្រឹត្ដអំពើល្អ។ 15 ព្រះជាម្ចាស់សព្វព្រះហឫទ័យអោយបងប្អូនបំបិទមាត់ពួកមនុស្សខ្លៅ ដោយបងប្អូនប្រព្រឹត្ដអំពើល្អ 16 អោយសមនឹងឋានៈជាមនុស្សមានសេរីភាព ក៏ប៉ុន្ដែ កុំប្រើសេរីភាពនេះ ដើម្បីគ្របបាំងអំពើអាក្រក់ឡើយ គឺត្រូវប្រព្រឹត្ដអោយសមនឹងឋានៈបងប្អូន ដែលជាអ្នកបំរើរបស់ព្រះជាម្ចាស់។ 17 ចូរគោរពមនុស្សគ្រប់ៗរូបចូរស្រឡាញ់បងប្អូនរួមជំនឿ ចូរគោរពកោតខ្លាចព្រះជាម្ចាស់ និង គោរពព្រះរាជាផង។ 18 បងប្អូនដែលជាអ្នកបំរើអើយ! ត្រូវគោរពចុះចូលនឹងម្ចាស់របស់ខ្លួន ដោយគោរពកោតខ្លាចទាំងស្រុង មិនត្រឹមតែគោរពចុះចូលនឹងម្ចាស់ណាដែលល្អ និង មានចិត្ដសប្បុរសប៉ុណ្ណោះទេ គឺត្រូវចុះចូលនឹងម្ចាស់ដែលកាចផងដែរ។ 19 បើមានបងប្អូនណាម្នាក់រងទុក្ខលំបាក ដោយអយុត្ដិធម៌ ហើយស៊ូទ្រាំ ព្រោះយល់ដល់ព្រះជាម្ចាស់ តោងចាត់ទុកថា ព្រះអង្គប្រណីសន្ដោសដល់បងប្អូននោះហើយ។ 20 ប្រសិនបើបងប្អូនស៊ូទ្រាំរងទារុណកម្មមកពីបានប្រព្រឹត្ដអំពើអាក្រក់ណាមួយ បងប្អូនគ្មានកិត្ដិយសអ្វីទេ! ផ្ទុយទៅវិញ ប្រសិនបើបងប្អូនបានប្រព្រឹត្ដអំពើល្អ តែស៊ូទ្រាំនឹងទុក្ខលំបាក នោះមកពីព្រះជាម្ចាស់ប្រណីសន្ដោសដល់បងប្អូន។ q1 21 ព្រះអង្គត្រាស់ហៅបងប្អូនមក អោយរងទុក្ខលំបាកយ៉ាងនេះ ព្រោះព្រះគ្រិស្ដ ក៏បានរងទុក្ខលំបាក សំរាប់បងប្អូន ទុកជាគំរូអោយ បងប្អូនដើរតាមគន្លងរបស់ព្រះអង្គដែរ។ 22 ព្រះអង្គពុំដែលបានប្រព្រឹត្ដអំពើបាបសោះ ហើយក៏ពុំដែលមានព្រះបន្ទូលវៀចវេរណា ចេញពីព្រះឱស្ឋរបស់ព្រះអង្គឡើយ។ 23 ទោះបីគេជេរប្រមាថព្រះអង្គ ក៏ព្រះអង្គមិនតបតទៅគេវិញដែរ ព្រះអង្គបានរងទុក្ខលំបាក តែព្រះអង្គពុំបានគំរាមកំហែងគេវិញទេ ព្រះអង្គផ្ញើជីវិតទៅលើព្រះជាម្ចាស់ ដែលទ្រង់វិនិច្ឆ័យដោយយុត្ដិធម៌។ 24 ព្រះគ្រិស្ដ បានផ្ទុកបាប របស់យើង ក្នុងព្រះកាយរបស់ព្រះអង្គ ដែលជាប់លើឈើឆ្កាង ដើម្បីអោយយើងលែងជំពាក់ជំពិន នឹងបាបតទៅមុខទៀត ហើយអោយយើងមានជីវិត ដោយប្រព្រឹត្តតែអំពើសុចរិត ។ បងប្អូនបានជាសះស្បើយដោយសារ ស្នាមរបួសរបស់ព្រះអង្គ 25 ដ្បិតបងប្អូនប្រៀបដូចជាចៀមដែលវង្វេង តែឥឡូវនេះបងប្អូនបានវិលត្រឡប់មករក អ្នកគង្វាល និង អ្នកថែរក្សាព្រលឹង របស់បងប្អូនវិញហើយ។

1 ពេត្រុស 3

1 រីឯបងប្អូនស្រ្ដីៗដែលមានស្វាមីក៏ដូច្នោះដែរ ត្រូវគោរពចុះចូលនឹងស្វាមីរៀងៗខ្លួន ដើម្បីអោយកិរិយាមារយាទរបស់បងប្អូនទាក់ទាញចិត្ដស្វាមីខ្លះដែលមិនជឿព្រះបន្ទូល អោយបានស្គាល់ព្រះអង្គ ដោយមិនបាច់បញ្ចេញពាក្យសំដីទេ 2 គឺគេគ្រាន់តែឃើញបងប្អូនមានកិរិយាបរិសុទ្ធ និង ចេះគោរពកោតខ្លាច។ 3 កុំតុបតែងខ្លួនតែសំបកក្រៅ ដូចជាក្រងសក់ ពាក់មាស ឬ ក៏ពាក់អាវល្អប្រណីតនោះឡើយ 4 តែត្រូវតុបតែងខាងក្នុងជំរៅចិត្ដរបស់បងប្អូន ដោយគ្រឿងលំអដែលមិនចេះរលាយ ហើយមានតម្លៃដ៏លើសលប់នៅចំពោះព្រះភ័ក្ដ្រព្រះជាម្ចាស់នោះវិញ គឺមានចិត្ដស្លូតបូត ស្រគត់ស្រគំ។ 5 នៅជំនាន់ដើមស្ដ្រីៗដ៏វិសុទ្ធ ដែលសង្ឃឹមលើព្រះជាម្ចាស់ តែងកាន់ចិត្ដគំនិតយ៉ាងនេះឯង គឺបានតុបតែងខ្លួន ដោយការគោរពចុះចូលនឹងស្វាមីរៀងៗខ្លួន 6 ដូចជាលោកស្រីសារ៉ា ដែលបានស្ដាប់បង្គាប់លោកអប្រាហាំ ទាំងហៅលោកថា «លោកម្ចាស់»ផង។ ប្រសិនបើបងប្អូនប្រព្រឹត្ដអំពើល្អ ហើយមិនភ័យខ្លាចអ្វីទេនោះ បងប្អូននេះហើយជាពូជពង្សរបស់គាត់។ 7 រីឯបងប្អូនដែលជាស្វាមីក៏ដូច្នោះដែរ ម្នាក់ៗត្រូវរួមរស់ជាមួយភរិយារបស់ខ្លួន ដោយយល់ថា ស្ដ្រីៗជាមនុស្សទន់ខ្សោយជាងខ្លួន។ ត្រូវគោរពនាង ទុកដូចជាអ្នកត្រូវរួមទទួលជីវិត ដែលព្រះជាម្ចាស់ប្រោសប្រណីប្រទានមកបងប្អូនជាមត៌ក ដើម្បីកុំអោយមានអ្វីមករារំាងការអធិស្ឋានរបស់បងប្អូនឡើយ។ 8 នៅទីបញ្ចប់ ត្រូវមានចិត្ដគំនិតតែមួយ និង រួមសុខទុក្ខជាមួយគ្នា។ ត្រូវមានចិត្ដស្រឡាញ់គ្នាទៅវិញទៅមកដូចបងប្អូនបង្កើត មានចិត្ដអាណិតមេត្ដា និង សុភាព។ 9 កុំប្រព្រឹត្ដអំពើអាក្រក់ តបនឹងអំពើអាក្រក់ កុំជេរប្រមាថតបនឹងអ្នកដែលជេរប្រមាថបងប្អូន គឺត្រូវជូនពរគេវិញ ដ្បិតព្រះជាម្ចាស់បានត្រាស់ហៅបងប្អូនអោយប្រព្រឹត្ដដូច្នេះឯង ដើម្បីអោយបងប្អូនបានទទួលព្រះពររបស់ព្រះអង្គតាមព្រះបន្ទូលសន្យា។ 10 «អ្នកណាស្រឡាញ់ជីវិត និង ចង់បានសុភមង្គល អ្នកនោះត្រូវទប់មាត់កុំពោលពាក្យអាក្រក់ ព្រមទាំងទប់បបូរមាត់ កុំអោយនិយាយបោកបញ្ឆោត។ 11 អ្នកនោះត្រូវចៀសវាងកុំប្រព្រឹត្ដអំពើអាក្រក់ ហើយត្រូវប្រព្រឹត្ដអំពើល្អ និង ខិតខំស្វែងរកសេចក្ដីសុខសាន្ដ 12 ដ្បិតព្រះអម្ចាស់ទតមើលមកមនុស្សសុចរិត ហើយទ្រង់ព្រះសណ្ដាប់ពាក្យទូលអង្វររបស់គេ ប៉ុន្ដែ ព្រះអង្គជំទាស់នឹងអស់អ្នកដែលប្រព្រឹត្ដអំពើអាក្រក់»។ 13 ប្រសិនបើបងប្អូនខ្នះខ្នែងប្រព្រឹត្ដអំពើល្អ តើនរណានឹងធ្វើបាបបងប្អូន 14 យ៉ាងណាមិញ បើបងប្អូនរងទុក្ខវេទនា ព្រោះតែសេចក្ដីសុចរិត នោះបងប្អូនមានសុភមង្គលហើយ។ សូមកុំភ័យខ្លាចមនុស្សលោកឡើយ ហើយក៏មិនត្រូវតប់ប្រមល់ដែរ 15 តែត្រូវទុកអោយព្រះគ្រិស្ដ ជាព្រះអម្ចាស់ សំដែងព្រះបារមីក្នុងចិត្ដគំនិតរបស់បងប្អូនវិញ។ ត្រូវប្រុងប្រៀបខ្លួនឆ្លើយតទល់នឹងអស់អ្នក ដែលសាកសួរអំពីសេចក្ដីសង្ឃឹមរបស់បងប្អូននោះជានិច្ច 16 ប៉ុន្ដែ ត្រូវឆ្លើយទៅគេ ដោយទន់ភ្លន់ដោយគោរព និង ដោយមានមនសិការល្អ ដើម្បីអោយអស់អ្នកដែលចង់មួលបង្កាច់កិរិយាល្អរបស់បងប្អូនជាអ្នកជឿព្រះគ្រិស្ដ ត្រង់ចំណុចណាមួយបែរជាត្រូវខ្មាសទៅវិញ។ 17 សូវរងទុក្ខដោយប្រព្រឹត្ដអំពើល្អ ជាជាងប្រព្រឹត្ដអំពើអាក្រក់ ប្រសិនបើព្រះជាម្ចាស់សព្វព្រះហឫទ័យយ៉ាងនេះ។ 18 សូម្បីតែព្រះគ្រិស្ដ ក៏ព្រះអង្គបានសោយទិវង្គតម្ដងជាសូរេច ព្រោះតែបាបដែរ គឺព្រះដ៏សុចរិត បានសោយទិវង្គត ជាប្រយោជន៍ដល់មនុស្សទុច្ចរិត ដើម្បីនាំបងប្អូនទៅថ្វាយព្រះជាម្ចាស់។ កាលព្រះអង្គមានឋានៈជាមនុស្ស ទ្រង់ត្រូវគេធ្វើគុត តែព្រះជាម្ចាស់បានប្រោសព្រះអង្គអោយមានព្រះជន្មរស់ ដោយសារព្រះវិញ្ញាណវិញ។ 19 នៅពេលនោះ ព្រះអង្គបានយាងទៅប្រកាសព្រះបន្ទូលដល់វិញ្ញាណក្ខ័ន្ធ ដែលជាប់ឃុំឃាំង 20 ជាវិញ្ញាណក្ខ័ន្ធរបស់អ្នកបះបោរប្រឆាំងនឹងព្រះជាម្ចាស់កាលពីសម័យដើម ក្នុងពេលដែលព្រះអង្គអត់ធ្មត់នៅសម័យលោកណូអេសង់ទូកធំ។ មានមនុស្សមួយចំនួនតូច ដែលបានចូលទៅក្នុងទូក និង បានរួចជីវិតដោយសារទឹក គឺមានតែប្រាំបីនាក់ប៉ុណ្ណោះ។ 21 នេះជានិមិត្ដរូបនៃពិធីជ្រមុជទឹក ដែលសង្គ្រោះបងប្អូននាបច្ចុប្បន្នកាល តែពិធីជ្រមុជទឹកមិនមែនជាពិធីលាងជំរះរូបកាយនោះទេ គឺជាការថ្វាយជីវិតទាំងស្រុងទៅព្រះជាម្ចាស់ដោយមនសិការល្អវិញ។ ពិធីជ្រមុជទឹកនេះសង្គ្រោះបងប្អូន ដោយសារព្រះយេស៊ូគ្រិស្ដមានព្រះជន្មរស់ឡើងវិញ 22 ព្រះអង្គបានយាងឡើងទៅស្ថានបរមសុខ គង់នៅខាងស្ដាំព្រះជាម្ចាស់ ហើយពួកទេវតា ព្រមទាំងវត្ថុស័ក្ដិសិទ្ធិនានាដែលមានអំណាច និង ឫទ្ធានុភាពនានា ចុះចូលនឹងព្រះអង្គទាំងអស់។

1 ពេត្រុស 4

1 ហេតុនេះ បើព្រះគ្រិស្ដបានរងទុក្ខលំបាកកាលព្រះអង្គមានឋានៈជាមនុស្ស បងប្អូនត្រូវប្រកាន់ចិត្ដគំនិតដូចព្រះអង្គដែរ ដ្បិតអ្នកណាស៊ូទ្រាំរងទុក្ខលំបាកខាងរូបកាយ អ្នកនោះលែងទាក់ទាមអ្វីនឹងបាប ទៀតហើយ 2 ដើម្បីអោយបានរស់ ស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ក្នុងកំឡុងពេលនៃអាយុជីវិតដែលនៅសល់ក្នុងលោកនេះ គឺមិនរស់នៅតាមចំណង់តណ្ហារបស់មនុស្សទៀតទេ។ 3 ពីដើម បងប្អូនរស់នៅតាមរបៀបដែលអស់អ្នកមិនស្គាល់ព្រះជាម្ចាស់ ចូលចិត្ដនោះយូរពេកហើយ គឺបានប្រព្រឹត្ដអំពើអបាយមុខ លោភលន់ ប្រមឹក ស៊ីផឹកជ្រុល និង ថ្វាយបង្គំព្រះក្លែងក្លាយនានា គួរអោយខ្ពើម។ 4 ពួកគេងឿងឆ្ងល់ ដោយឃើញបងប្អូនពុំចូលរួមជាមួយគេ ក្នុងការប្រព្រឹត្ដអំពើថោកទាបហួសហេតុទាំងនោះទៀត ហើយគេក៏និយាយប្រមាថបងប្អូន។ 5 អ្នកទាំងនោះនឹងត្រូវឆ្លើយរៀបរាប់ ពីអំពើដែលខ្លួនប្រព្រឹត្ដនៅចំពោះព្រះភ័ក្ដ្រព្រះអង្គដែលប្រុងប្រៀបនឹងវិនិច្ឆ័យទោស ទាំងមនុស្សរស់ ទាំងមនុស្សស្លាប់។ 6 ហេតុនេះ សូម្បីតែមនុស្សស្លាប់ ក៏ព្រះអង្គបាននាំដំណឹងល្អទៅអោយគេឮដែរ។ ដូច្នេះ ទោះបីពួកគេត្រូវទទួលការវិនិច្ឆ័យទោសតាមរបៀបមនុស្ស ក្នុងពេលគេរស់នៅក្នុងលោកីយ៍នេះក៏ដោយ ក៏គេអាចមានជីវិតរស់ស្របតាមព្រះជាម្ចាស់ដោយសារព្រះវិញ្ញាណដែរ។ 7 អ្វីៗទាំងអស់ជិតរលាយសូន្យហើយ ហេតុនេះ ត្រូវគិតអោយវែងឆ្ងាយ និង ភ្ញាក់ស្មារតីឡើង ដើម្បីអោយអធិស្ឋាន កើត។ 8 ជាបឋម ត្រូវមានចិត្ដស្រឡាញ់គ្នាទៅវិញទៅមកជានិច្ច ដ្បិតសេចក្ដីស្រឡាញ់រមែងគ្របបាំងអំពើបាបដ៏ច្រើនលើសលប់។ 9 ត្រូវចេះទទួលគ្នាទៅវិញទៅមក ដោយរាក់ទាក់ឥតរអ៊ូរទាំឡើយ។ 10 បងប្អូនម្នាក់ៗបានទទួលព្រះអំណោយទានផ្សេងៗពីគ្នាហើយ ដូច្នេះ ចូរយកព្រះអំណោយទានទាំងនេះទៅបំរើអ្នកឯទៀតៗ អោយសមនឹងនាទីរបស់បងប្អូន ជាអ្នកចាត់ចែងដ៏ល្អដែលចែកព្រះអំណោយទាន គ្រប់បែបយ៉ាងរបស់ព្រះជាម្ចាស់។ 11 បើអ្នកណានិយាយ ត្រូវនិយាយអោយស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ បើអ្នកណាបំរើ ត្រូវបំរើតាមកម្លាំងដែលព្រះជាម្ចាស់ប្រទានអោយ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ក្នុងគ្រប់កិច្ចការទាំងអស់ តាមរយៈព្រះយេស៊ូគ្រិស្ដ។ សូមលើកតម្កើងសិរីរុងរឿង និង ព្រះចេស្ដារបស់ព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន! 12 បងប្អូនជាទីស្រឡាញ់អើយ! ចំពោះទុក្ខលំបាកដ៏ខ្លាំង ដែលកើតមានដើម្បីលត់ដំបងប្អូននោះ សូមកុំងឿងឆ្ងល់ ដោយគិតថាជាព្រឹត្ដិការណ៍អ្វីមួយដ៏ចំឡែកឡើយ។ 13 ផ្ទុយទៅវិញ ចូរមានចិត្ដរីករាយឡើង ព្រោះបងប្អូនរងទុក្ខលំបាកផ្សេងៗរួមជាមួយព្រះគ្រិស្ដ ។ បងប្អូនមុខជាមានអំណរសប្បាយយ៉ាងខ្លាំង នៅពេលព្រះអង្គបង្ហាញសិរីរុងរឿងរបស់ព្រះអង្គ។ 14 ប្រសិនបើមានគេត្មះតិះដៀលបងប្អូន ព្រោះតែព្រះនាមរបស់ព្រះគ្រិស្ដ នោះបងប្អូនមានសុភមង្គល ហើយ ដ្បិតព្រះវិញ្ញាណប្រកបដោយសិរីរុងរឿង គឺព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ស្ថិតនៅលើបងប្អូន។ 15 ក្នុងចំណោមបងប្អូន សូមកុំអោយមាននរណាម្នាក់រងទុក្ខលំបាក ព្រោះបានសម្លាប់គេ លួចគេ ប្រព្រឹត្ដអំពើអាក្រក់ ឬ ឡូកឡំក្នុងរឿងរ៉ាវរបស់អ្នកដទៃឡើយ។ 16 ប៉ុន្ដែ បើបងប្អូនណារងទុក្ខលំបាក ក្នុងនាមជាគ្រិស្ដបរិស័ទ កុំអៀនខ្មាសអោយសោះ ផ្ទុយទៅវិញ បងប្អូននោះត្រូវតែលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ព្រោះតែនាមនេះ។ 17 ពេលកំណត់ ដែលព្រះជាម្ចាស់ចាប់ផ្តើមវិនិច្ឆ័យទោសមនុស្សលោកមកដល់ហើយ គឺទ្រង់វិនិច្ឆ័យទោសប្រជារាស្ដ្ររបស់ព្រះអង្គមុនគេ។ ប្រសិនបើព្រះអង្គចាប់ផ្ដើមវិនិច្ឆ័យទោសពីយើងទៅហើយ ចុះទំរាំបើអស់អ្នកដែលពុំ ព្រមជឿដំណឹងល្អរបស់ព្រះជាម្ចាស់វិញ តើនឹងធ្លាក់ទៅដល់កំរិតណា!។ 18 បើមនុស្សសុចរិត រួចជីវិតទាំងពិបាកយ៉ាងហ្នឹងទៅហើយ ចុះទំរាំបើមនុស្សទុច្ចរិត និង មនុស្សបាបវិញ តើនឹងទៅជាយ៉ាងណា!។ 19 ហេតុនេះ អស់អ្នកដែលរងទុក្ខលំបាកស្របតាមព្រះហឫទ័យព្រះជាម្ចាស់ ត្រូវប្រព្រឹត្ដអំពើល្អ ហើយផ្ញើជីវិតលើព្រះអាទិករ ដែលមានព្រះហឫទ័យស្មោះត្រង់។

1 ពេត្រុស 5

1 ចំពោះព្រឹទ្ធាចារ្យ ដែលនៅក្នុងចំណោមបងប្អូន ក្នុងនាមខ្ញុំជាព្រឹទ្ធាចារ្យដូចគ្នា ហើយជាបន្ទាល់អំពីទុក្ខលំបាករបស់ព្រះគ្រិស្ដ និង ជាអ្នករួមទទួលសិរីរុងរឿង ដែលនឹងត្រូវលេចមក ខ្ញុំសូមដាស់តឿនថាៈ 2 សូមមើលថែរក្សាហ្វូងចៀម ដែលព្រះជាម្ចាស់ផ្ញើទុកនឹងបងប្អូន ដោយចិត្ដស្មោះស្ម័គ្រ ស្របតាមព្រះហឫទ័យព្រះជាម្ចាស់គឺមិនមែនដោយទើសទ័ល ឬ ដោយចង់បានកំរៃអ្វីដែរ តែត្រូវមើលថែរក្សាដោយសុទ្ធចិត្ដ។ 3 កុំប្រើអំណាចជិះជាន់អស់អ្នកដែលព្រះជាម្ចាស់ប្រទានមកអោយបងប្អូនថែរក្សានោះឡើយ គឺត្រូវធ្វើជាគំរូដល់ហ្វូងចៀមវិញ។ 4 ពេលអ្នកគង្វាលដ៏ឧត្ដមយាងមកដល់ បងប្អូននឹងទទួលមកុដដ៏រុងរឿងដែលមិនចេះអាប់រស្មី។ 5 រីឯពួកយុវជនវិញក៏ដូច្នោះដែរ ត្រូវគោរពចុះចូលនឹងព្រឹទ្ធាចារ្យ ។ ចូរទាក់ទងគ្នាទៅវិញទៅមក ដោយសុភាពរាបសា ដ្បិត «ព្រះជាម្ចាស់ប្រឆាំងនឹងអស់អ្នកដែលអួតខ្លួន តែទ្រង់ប្រណីសន្ដោសអស់អ្នកដែលដាក់ខ្លួនវិញ»។ 6 ដូច្នេះ ត្រូវដាក់ខ្លួននៅក្រោមព្រះហស្ដដ៏មានឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ដើម្បីអោយព្រះអង្គលើកតម្កើងបងប្អូន នៅពេលដែលព្រះអង្គបានកំណត់ទុក។ 7 ចូរផ្ទេរទុក្ខកង្វល់ទាំងប៉ុន្មានរបស់បងប្អូនទៅព្រះអង្គទៅ ដ្បិតទ្រង់យកព្រះហឫទ័យទុកដាក់នឹងបងប្អូន។ 8 ត្រូវភ្ញាក់ខ្លួន ហើយប្រុងស្មារតីជានិច្ច! ដ្បិតមារ ជាសត្រូវនឹងបងប្អូនកំពុងតែក្រវែលជុំវិញបងប្អូន ដូចសឹង្ហក្រវែល ទាំងគ្រហឹម រកត្របាក់ស៊ីអ្នកណាម្នាក់។ 9 ចូរប្រឆាំងនឹងវា ហើយមានជំនឿមាំមួនឡើង ដោយដឹងថា បងប្អូនរួមជំនឿឯទៀតៗនៅក្នុងសកលលោកទាំងមូល ក៏ត្រូវរងទុក្ខលំបាកដូចបងប្អូនដែរ។ 10 បន្ទាប់ពីបងប្អូនបានរងទុក្ខលំបាកមួយរយៈពេលខ្លីនេះរួចហើយ ព្រះជាម្ចាស់ប្រកបដោយព្រះគុណគ្រប់យ៉ាង ដែលបានត្រាស់ហៅបងប្អូន អោយទទួលសិរីរុងរឿងដ៏ស្ថិតស្ថេរអស់កល្បជានិច្ចរួមជាមួយព្រះគ្រិស្ដ ព្រះអង្គនឹងលើកបងប្អូនអោយមានជំហរឡើងវិញ ប្រទានអោយបងប្អូនបានរឹងប៉ឹង មានកម្លាំង និង អោយបងប្អូនបានមាំមួន ឥតរង្គើឡើយ។ 11 សូមអោយព្រះអង្គបានប្រកបដោយព្រះចេស្ដា សូមលើកតម្កើងព្រះចេស្ដារបស់ព្រះអង្គ អស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន! 12 ខ្ញុំសរសេរលិខិតដ៏ខ្លីផ្ញើមកជូនបងប្អូននេះ ដោយមានលោកស៊ីលវ៉ាន ជាអ្នកស្មោះត្រង់បានជួយ ដើម្បីលើកទឹកចិត្ដបងប្អូន និង បញ្ជាក់ប្រាប់បងប្អូនថា បងប្អូនពិតជាស្ថិតនៅជាប់ក្នុងព្រះគុណរបស់ព្រះជាម្ចាស់មែន។ 13 ក្រុមជំនុំ នៅក្រុងបាប៊ីឡូន សូមជំរាបសួរមកបងប្អូន ហើយលោកម៉ាកុសជាកូនរបស់ខ្ញុំ សូមជំរាបសួរមកបងប្អូនដែរ។ 14 ចូរជំរាបសួរគ្នាទៅវិញទៅមកដោយស្និទ្ធស្នាល។ សូមអោយបងប្អូនទាំងអស់ ដែលរួមរស់នឹងព្រះគ្រិស្ដ បានប្រកបដោយសេចក្ដីសុខសាន្ដ។

2 ពេត្រុស 1

1 ខ្ញុំ ស៊ីម៉ូនពេត្រុស ជាអ្នកបំរើ និង ជាសាវ័ក របស់ព្រះយេស៊ូគ្រិស្ដ សូមជំរាបមកបងប្អូនដែលបានទទួលជំនឿ ដោយសារសេចក្ដីសុចរិត របស់ព្រះយេស៊ូគ្រិស្ដ ជាព្រះជាម្ចាស់ និង ជាព្រះសង្គ្រោះរបស់យើង។ ជំនឿរបស់បងប្អូន ក៏មានតម្លៃដូចជំនឿរបស់យើងដែរ។ 2 ដោយបងប្អូនស្គាល់ព្រះជាម្ចាស់ និង ស្គាល់ព្រះយេស៊ូជាអម្ចាស់នៃយើងសូមអោយបងប្អូនបានប្រកបដោយព្រះគុណ និង សេចក្ដីសុខសាន្ដកាន់តែច្រើនឡើងៗ។ 3 ឫទ្ធានុភាពរបស់ ព្រះជាម្ចាស់ ប្រទានអោយយើងមានអ្វីៗទាំងអស់ សំរាប់ជីវិតរស់នៅ និង សំរាប់គោរពប្រណិប័តន៍ព្រះអង្គ។ ឫទ្ធានុភាពនោះនាំយើងអោយស្គាល់ព្រះអង្គ ដែលបានត្រាស់ហៅយើង ដោយសារសិរីរុងរឿងរបស់ព្រះអង្គផ្ទាល់ និង ដោយសារព្រះបារមីរបស់ព្រះអង្គ។ 4 ដោយសារសិរីរុងរឿង និង ព្រះបារមីនេះ ព្រះអង្គបានប្រទានព្រះអំណោយទានដ៏មានតម្លៃវិសេសបំផុតមកយើង តាមព្រះបន្ទូលសន្យា ដើម្បីអោយបងប្អូនមានលក្ខណៈជាព្រះជាម្ចាស់ រួមជាមួយព្រះអង្គ ដោយបោះបង់ចោលសេចក្ដីរលួយដែលមកពីការលោភលន់ក្នុងលោកីយ៍។ 5 ហេតុនេះបងប្អូនត្រូវខ្នះខ្នែងអោយអស់ពីសមត្ថភាពបន្ថែមកិរិយាល្អឥតខ្ចោះ ពីលើជំនឿបន្ថែមការស្គាល់ព្រះអង្គពីលើកិរិយាល្អ 6 បន្ថែមការចេះទប់ចិត្ដពីលើការស្គាល់ព្រះអង្គ បន្ថែមការព្យាយាមតស៊ូពីលើការចេះទប់ចិត្ដ បន្ថែមការគោរពប្រណិប័តន៍ព្រះជាម្ចាស់ពីលើការព្យាយាមតស៊ូ 7 បន្ថែមភាតរភាព ពីលើការគោរពប្រណិប័តន៍ព្រះជាម្ចាស់ និង បន្ថែមសេចក្ដីស្រឡាញ់ ពីលើភាតរភាព។ 8 ប្រសិនបើបងប្អូនមានគុណសម្បត្ដិទាំងនេះពេញបរិបូណ៌ក្នុងខ្លួនហើយ គុណសម្បត្ដិទាំងនេះមុខជានាំបងប្អូនអោយមានសកម្មភាព និង បង្កើតផល ដើម្បីបានស្គាល់ព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើងយ៉ាងច្បាស់។ 9 ផ្ទុយទៅវិញ បើអ្នកណាគ្មានគុណសម្បត្ដិទាំងនេះទេ អ្នកនោះជាមនុស្សខ្វាក់ មើលឃើញមិនបានវែងឆ្ងាយ គេភ្លេចថាព្រះជាម្ចាស់បានលាងជំរះគេពីអំពើបាប ដែលគេប្រព្រឹត្ដពីអតីតកាល។ 10 ហេតុនេះ បងប្អូនអើយ ចូរខំប្រឹងយកចិត្ដទុកដាក់ ធ្វើអោយការត្រាស់ហៅ និង ការជ្រើសរើសរបស់ព្រះជាម្ចាស់បានកាន់តែខ្ជាប់ខ្ជួនឡើងថែមទៀត។ ធ្វើយ៉ាងនេះ បងប្អូនមុខជាមិនជំពប់ដួលឡើយ។ 11 ដូច្នេះ បងប្អូននឹងទទួលសិទ្ធិដ៏ធំទូលំទូលាយ អាចចូលទៅក្នុងព្រះរាជ្យ ដែលនៅស្ថិតស្ថេរ អស់កល្បជានិច្ច គឺព្រះរាជ្យរបស់ព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់ និង ជាព្រះសង្គ្រោះរបស់យើង។ 12 ហេតុនេះ ខ្ញុំនឹងរំលឹកដាស់តឿនបងប្អូនអំពីសេចក្ដីទាំងនោះជានិច្ច ទោះបីបងប្អូនបានដឹង និង នៅតែកាន់តាមសេចក្ដីពិត ដែលបងប្អូនបានទទួលយ៉ាងខ្ជាប់ខ្ជួនហើយក៏ដោយ។ 13 ដរាបណាខ្ញុំនៅមានជីវិតរស់ក្នុងលោកីយ៍នេះនៅឡើយ ខ្ញុំយល់ឃើញថា ត្រូវតែរំលឹកបងប្អូនអោយភ្ញាក់ស្មារតី។ 14 ខ្ញុំដឹងថា ខ្ញុំនឹងត្រូវលាចាកលោកនេះក្នុងពេលឆាប់ៗខាងមុខ ដូចព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់នៃយើងបានសំដែងអោយខ្ញុំដឹងស្រាប់។ 15 ប៉ុន្ដែ ខ្ញុំនឹងខ្នះខ្នែងធ្វើយ៉ាងណា អោយបងប្អូនអាចនឹកឃើញសេចក្ដីទាំងនោះ គ្រប់កាលៈទេសៈទាំងអស់ ក្រោយពេលខ្ញុំចាកលោកនេះទៅ។ 16 យើងពុំបានយករឿងប្រឌិតផ្សេងៗ មកណែនាំបងប្អូន អោយស្គាល់ឫទ្ធានុភាពរបស់ព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់នៃយើង និង អោយដឹងថា ព្រះអង្គត្រូវយាងមកនោះឡើយ គឺយើងបានឃើញភាពថ្កុំថ្កើងរុងរឿងរបស់ព្រះអង្គ ផ្ទាល់នឹងភ្នែកតែម្ដង 17 ដ្បិតព្រះអង្គបានទទួលកិត្ដិនាម និង សិរីរុងរឿងពីព្រះជាម្ចាស់ជាព្រះបិតាមក នៅពេលដែលមានព្រះសូរសៀងលាន់ឮ ចេញពីសិរីរុងរឿងដ៏ឧត្ដុង្គឧត្ដមមកកាន់ព្រះអង្គថាៈ "នេះជាព្រះបុត្រាដ៏ជាទីស្រឡាញ់របស់យើង យើងគាប់ចិត្ដនឹងព្រះអង្គណាស់!"។ 18 យើងបានឮព្រះសូរសៀងនេះពីលើមេឃមក កាលយើងនៅជាមួយព្រះអង្គនៅលើភ្នំដ៏វិសុទ្ធ។ 19 យើងក៏មានពាក្យព្យាការី បានថ្លែងទុកមកផងដែរ ដែលជាគោលមួយដ៏មាំមួន។ បើបងប្អូនផ្ចង់ចិត្ដទៅកាន់ពាក្យនេះ ពិតជាត្រឹមត្រូវហើយ ព្រោះពាក្យនេះប្រៀបបាននឹងចង្កៀងដែលបំភ្លឺក្នុងទីងងឹត រហូតដល់ថ្ងៃរះ និង រហូតដល់ផ្កាយព្រឹករះឡើង ក្នុងចិត្ដបងប្អូន។ 20 ជាបឋម សូមបងប្អូនជ្រាបថា គ្មាននរណាម្នាក់អាចបកស្រាយពាក្យរបស់ព្យាការីដែលមានចែងទុកមកក្នុងគម្ពីរ តាមគំនិតរបស់ខ្លួនបានឡើយ 21 ដ្បិតព្រះបន្ទូលដែលព្យាការីបានថ្លែងទុកមកនោះ មិនមែនចេញពីបំណងចិត្ដរបស់មនុស្សទេ គឺព្រះវិញ្ញាណដ៏វិសុទ្ធវិញឯណោះ ដែលជំរុញចិត្ដលោកទាំងនោះអោយថ្លែងព្រះបន្ទូលក្នុងព្រះនាមព្រះជាម្ចាស់។

2 ពេត្រុស 2

1 កាលពីសម័យដើម មានព្យាការី ក្លែងក្លាយស្ថិតនៅក្នុងចំណោមប្រជារាស្ដ្រ។ ក្នុងចំណោមបងប្អូនក៏ដូច្នោះដែរ គឺនឹងមានគ្រូក្លែងក្លាយមកស៊កសៀត បញ្ចូលលទ្ធិខុស ដែលបណ្ដាលអោយវិនាស គេបដិសេធពុំព្រមទទួលស្គាល់ព្រះអម្ចាស់ដែលបានលោះគេអោយរួចពីបាបនោះទេ គេមុខជាត្រូវវិនាសអន្ដរាយយ៉ាងទាន់ហន់មិនខាន។ 2 មនុស្សជាច្រើននឹងដើរតាមពួកគេទៅប្រព្រឹត្ដអំពើអបាយមុខ ហើយមនុស្សម្នានឹងប្រមាថមាគ៌ានៃសេចក្ដីពិត ព្រោះតែអ្នកទាំងនោះ។ 3 ពួកគេនឹងបោកប្រាសបងប្អូនចង់បានប្រាក់ ដោយពោលពាក្យបញ្ឆោត ប៉ុន្ដែ ព្រះអង្គបានកាត់ទោសពួកគេតាំងពីយូរយារណាស់មកហើយ ហើយព្រះអង្គឥតប្រហែសនឹងបំផ្លាញគេឡើយ 4 ដ្បិតព្រះជាម្ចាស់ពុំបានយោគយល់ដល់ពួកទេវតា ដែលប្រព្រឹត្ដអំពើបាបទេ ទ្រង់បានរុញពួកគេទម្លាក់ទៅក្នុងនរកអវិចីដែលងងឹតសូន្យ ហើយគេជាប់ឃុំឃំាងនៅទីនោះរង់ចាំពេលព្រះអង្គវិនិច្ឆ័យទោស។ 5 ព្រះអង្គក៏ពុំបានយោគយល់ដល់ពិភពលោកនាបុរាណកាលដែរ គឺព្រះអង្គបានធ្វើអោយទឹកជន់លិចពិភពលោកដ៏ទុច្ចរិតនោះ។ ព្រះអង្គទុកជីវិតមនុស្សតែប្រាំបីនាក់ប៉ុណ្ណោះអោយនៅរស់ គិតទាំងលោកណូអេជាអ្នកប្រកាសសេចក្ដីសុចរិត នោះផង។ 6 ព្រះអង្គបានដាក់ទោសក្រុងសូដុម និង ក្រុងកូម៉ូរ៉ា អោយរលាយទៅជាផេះទុកជាការព្រមានដល់មនុស្សទុច្ចរិតទៅថ្ងៃក្រោយ។ 7 ព្រះអង្គបានដោះលែងតែលោកឡុតជាមនុស្សសុចរិត ព្រោះគាត់ព្រួយចិត្ដដោយឃើញមនុស្សអាក្រក់នៅជំនាន់នោះ វក់វីនឹងកាមគុណដ៏ថោកទាប។ 8 រៀងរាល់ថ្ងៃ លោកឡុតជាមនុស្សសុចរិត ដែលរស់នៅកណ្ដាលចំណោមមនុស្សអាក្រក់ទាំងនោះ បានក្រំគ្រាក្នុងចិត្ដដ៏សុចរិតរបស់គាត់ ព្រោះឃើញ ហើយឮនូវអំពើទុច្ចរិតទាំងប៉ុន្មានរបស់ពួកគេ។ 9 យ៉ាងនេះហើយ ដែលព្រះអម្ចាស់អាចដោះលែងអស់អ្នកគោរពប្រណិប័តន៍ព្រះអង្គ អោយរួចពីទុក្ខលំបាក តែព្រះអង្គទុកមនុស្សទុច្ចរិត សំរាប់ដាក់ទណ្ឌកម្ម នៅថ្ងៃដែលព្រះអង្គនឹងវិនិច្ឆ័យទោសមនុស្សលោក 10 ជាពិសេសព្រះអង្គដាក់ទណ្ឌកម្មអស់អ្នកដែលប្រព្រឹត្ដអំពើថោកទាប បំពេញតាមតណ្ហារបស់និស្ស័យលោកីយ៍ ហើយមាក់ងាយអំណាចរបស់ព្រះជាម្ចាស់។ គ្រូក្លែងក្លាយទាំងនោះវាយឫកខ្ពស់ ព្រហើនក្អេងក្អាង មិនញញើតនឹងជេរប្រមាថពួកទេវតា ដែលប្រកបដោយសិរីរុងរឿងឡើយ។ 11 សូម្បីតែទេវតា ដែលមានកម្លាំង និង ឫទ្ធានុភាពខ្លាំងជាងអ្នកទាំងនោះ ក៏ពុំដែលចោទប្រកាន់ប្រមាថទេវតានៅមុខព្រះជាម្ចាស់ដែរ។ 12 រីឯអ្នកទាំងនោះវិញពួកគេប្រៀបបាននឹងសត្វតិរច្ឆានដែលកើតមកសំរាប់តែជាប់អន្ទាក់ និង ត្រូវវិនាសអន្ដរាយ ពួកគេនាំគ្នាជេរប្រមាថអ្វីៗដែលគេពុំស្គាល់។ ពួកគេមុខជាត្រូវវិនាសសូន្យទៅ ដូចសត្វតិរច្ឆានដែរ។ 13 អ្នកប្រព្រឹត្ដអំពើទុច្ចរិត នឹងទទួលផលពីអំពើទុច្ចរិតដែលខ្លួនបានប្រព្រឹត្ដ។ អ្នកទាំងនោះត្រេកត្រអាលនឹងការស្រើបស្រាលរបស់ខ្លួនទាំងថ្ងៃ ពួកគេជាមនុស្សមានចិត្ដកខ្វក់ថោកទាប ហើយនៅពេលបរិភោគអាហាររួមជាមួយបងប្អូន គេសប្បាយចិត្ដចំពោះការបោកប្រាស់របស់ខ្លួនបែបនេះណាស់។ 14 គេគិតតែពីរំពៃមើលស្រីៗដោយចិត្ដស្រើបស្រាល និង ប្រព្រឹត្ដអំពើបាបមិនចេះស្កប់ឡើយ។ ពួកគេតែងទាក់ទាញចិត្ដអស់អ្នកដែលមានជំនឿទន់ខ្សោយ ហើយពួកគេពូកែខាងលោភលន់ចង់បានប្រាក់។ អ្នកទាំងនោះសុទ្ធតែជាមនុស្សត្រូវបណ្ដាសា!។ 15 ពួកគេបានបោះបង់មាគ៌ាត្រឹមត្រូវចោល ងាកទៅដើរតាមផ្លូវលោកបាឡាមជាកូនរបស់លោកបេអ៊រ និង ជាអ្នកស្រឡាញ់ប្រាក់ដែលគេជួលអោយប្រព្រឹត្ដអំពើទុច្ចរិត។ 16 ប៉ុន្ដែ ព្យាការី នេះបានទទួលការស្ដីប្រដៅ ព្រោះគាត់ប្រព្រឹត្ដល្មើសវិន័យ គឺសត្វពាហនៈដែលមិនចេះនិយាយ បែរជានិយាយភាសាមនុស្ស ឃាត់គាត់កុំអោយប្រព្រឹត្ដអំពើលេលាយ៉ាងនោះឡើយ។ 17 អ្នកទាំងនោះប្រៀបបាននឹងប្រភពទឹកហួតហែង ឬ ពពកដែលត្រូវខ្យល់ព្យុះផាត់ គេនឹងត្រូវធ្លាក់ទៅក្នុងទីងងឹតសូន្យសុងជាមិនខាន។ 18 គេព្រោកប្រាជ្ញអំពីរឿងសម្បើមអស្ចារ្យ តែគ្មានខ្លឹមសារអ្វីសោះ ហើយប្រើតណ្ហាលោភលន់តាមនិស្ស័យលោកីយ៍ មកទាក់ទាញអស់អ្នកដែលទើបនឹងរួចពីចំណោមពួកវង្វេង។ 19 ពួកគេសន្យាថានឹងផ្ដល់សេរីភាពអោយអ្នកទាំងនោះ តែខ្លួនឯងផ្ទាល់ជាខ្ញុំកញ្ជះនៃសេចក្ដីអន្ដរាយ ដ្បិតម្នាក់ៗជាខ្ញុំកញ្ជះនៃអ្វីៗដែលមានអំណាចលើខ្លួន។ 20 ប្រសិនបើអ្នកណាបានលះបង់អំពើសៅហ្មងនៃលោកីយ៍ ដោយបានស្គាល់ព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់ និង ជាព្រះសង្គ្រោះយ៉ាងច្បាស់ហើយ តែបែរជាបណ្ដោយអោយអំពើសៅហ្មងនេះ មានអំណាចរួបរឹត និង ដឹកនាំសាជាថ្មី ជីវិតរបស់អ្នកនោះនឹងក្លាយទៅជាអាក្រក់ ជាងមុនទៅទៀត។ 21 គួរកុំអោយអ្នកនោះស្គាល់មាគ៌ាសុចរិត ជាជាងអោយស្គាល់ ហើយបែរជាងាកចេញពីបទបញ្ជាដ៏វិសុទ្ធដែលខ្លួនបានទទួល។ 22 ហេតុការណ៍ដែលកើតមានដល់គេនេះ សអោយឃើញថា សេចក្ដីដែលសុភាសិតចែងទុកមកនោះពិតជាត្រឹមត្រូវមែន គឺ «ឆ្កែរមែងតែងតែវិលទៅរកកំអួតរបស់វាវិញជ្រូកដែលទើបនឹងលាងស្អាតក៏រមែងតែងតែវិលទៅននៀលភក់វិញដែរ»។

2 ពេត្រុស 3

1 បងប្អូនជាទីស្រឡាញ់អើយ នេះជាសំបុត្រទីពីរ ដែលខ្ញុំសរសេរផ្ញើមកជូនបងប្អូន។ សេចក្ដីក្នុងសំបុត្រទាំងពីរនេះ ខ្ញុំបានរំលឹកដាស់តឿនបងប្អូន អោយមានចិត្ដគំនិតត្រឹមត្រូវជានិច្ច។ 2 សូមបងប្អូនកុំភ្លេចសេចក្ដីដែលអស់លោកព្យាការី ដ៏វិសុទ្ធ បានថ្លែងទុកមក និង បទបញ្ជាដែលព្រះអម្ចាស់ជាព្រះសង្គ្រោះបានបង្រៀន តាមរយៈសាវ័កនានារបស់បងប្អូន។ 3 ជាបឋម សូមជ្រាបថា នៅគ្រាចុងក្រោយបំផុត នឹងមានពួកអ្នកដែលរស់នៅតាមចិត្ដលោភលន់របស់ខ្លួន ហើយចំអកឡកឡឺយដាក់បងប្អូន 4 គេនឹងពោលថាៈ«បើព្រះអង្គសន្យាថាយាងមកមែននោះ តើឥឡូវទ្រង់នៅឯណា? តាំងពីបុព្វបុរស របស់យើងស្លាប់អស់ទៅ គ្មានអ្វីផ្លាស់ប្ដូរទេ គឺនៅតែដដែល ដូចកាលពីព្រះអង្គបង្កើតពិភពលោក!»។ 5 គេនិយាយដូច្នេះ មកពីគេធ្វើជាភ្លេចថា កាលពីបុរាណ ផ្ទៃមេឃ និង ផែនដីកកើតចេញពីទឹក ហើយផ្សំឡើងពីធាតុទឹក ដោយសារព្រះបន្ទូលរបស់ព្រះជាម្ចាស់។ 6 បន្ទាប់មក ដោយទឹកដដែលពិភពលោកបានលិចលង់ នៅគ្រាទឹកជំនន់ធំ។ 7 មួយវិញទៀត ព្រះបន្ទូលដដែលនេះបានថ្លែងថា ផ្ទៃមេឃ និង ផែនដីនាបច្ចុប្បន្នកាល នឹងត្រូវបំរុងទុកអោយភ្លើងឆេះរំលាយ នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សទុច្ចរិតអោយវិនាសអន្ដរាយ។ 8 បងប្អូនជាទីស្រឡាញ់អើយ សូមបងប្អូនកុំភ្លេចចំណុចមួយនេះថា នៅចំពោះព្រះភ័ក្ដ្រព្រះអម្ចាស់ មួយថ្ងៃប្រៀបបាននឹងមួយពាន់ឆ្នាំ ហើយមួយពាន់ឆ្នាំ ក៏ប្រៀបបាននឹងមួយថ្ងៃដូច្នោះដែរ។ 9 ព្រះអម្ចាស់នឹងយាងមក តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ ឥតបង្អែរបង្អង់ ដូចអ្នកខ្លះនឹកស្មាននោះឡើយ។ ព្រះអង្គសំដែងព្រះហឫទ័យអត់ធ្មត់ចំពោះបងប្អូន ព្រោះទ្រង់មិនសព្វព្រះហឫទ័យអោយនរណាម្នាក់ត្រូវវិនាសទេ គឺទ្រង់សព្វព្រះហឫទ័យអោយមនុស្សលោកគ្រប់ៗរូបកែប្រែចិត្ដគំនិតវិញ។ 10 ថ្ងៃដែលព្រះអម្ចាស់យាងមក ប្រៀបបានទៅនឹងពេលចោរចូលលួចដូច្នោះដែរ។ នៅគ្រានោះ ផ្ទៃមេឃនឹងរលាយសូន្យទៅ ដោយសន្ធឹកខ្ទរខ្ទារធាតុនានានឹងឆេះរលាយសូន្យអស់ទៅ ហើយព្រះជាម្ចាស់នឹងវិនិច្ឆ័យទោស ទាំងផែនដី ទាំងអ្វីៗដែលនៅលើផែនដីដែរ។ 11 បើអ្វីៗទាំងនោះមុខតែរលាយសូន្យយ៉ាងនេះទៅហើយ បងប្អូនត្រូវមានចរិយាដ៏វិសុទ្ធ និង គោរពកោតខ្លាចព្រះជាម្ចាស់ អោយមែនទែន!។ 12 ចូរទន្ទឹងរង់ចាំ និង ខ្នះខ្នែង ធ្វើអោយថ្ងៃដែលព្រះជាម្ចាស់ត្រូវយាងមកនោះ កាន់តែឆាប់មកដល់ គឺជាថ្ងៃដែលផ្ទៃមេឃនឹងត្រូវឆេះរលាយ ហើយធាតុនានានឹងឆេះរលាយសូន្យអស់ទៅដែរ។ 13 យើងទន្ទឹងរង់ចាំផ្ទៃមេឃថ្មី និង ផែនដីថ្មីដែលប្រកបដោយសេចក្ដីសុចរិតតាមព្រះបន្ទូលសន្យា។ 14 ដូច្នេះ បងប្អូនជាទីស្រឡាញ់អើយ ក្នុងពេលដែលបងប្អូនទន្ទឹងរង់ចាំហេតុការណ៍ទាំងនេះ ចូរខ្នះខ្នែងធ្វើយ៉ាងណា អោយព្រះជាម្ចាស់ឃើញថា បងប្អូនល្អឥតខ្ចោះ ឥតសៅហ្មង និង ឃើញបងប្អូនរស់នៅដោយសុខសាន្ដ។ 15 តោងយល់ថា ព្រះអម្ចាស់នៃយើងមានព្រះហឫទ័យអត់ធ្មត់ មកពីព្រះអង្គចង់សង្គ្រោះបងប្អូនដូចលោកប៉ូលជាបងប្អូនដ៏ជាទីស្រឡាញ់របស់យើងបានសរសេរមកជូនបងប្អូន តាមប្រាជ្ញាដែលព្រះជាម្ចាស់ប្រទានអោយលោកស្រាប់ហើយ។ 16 ក្នុងគ្រប់សំបុត្រដែលលោកបរិយាយអំពីរឿងទាំងនេះ លោកតែងតែសរសេរដូច្នេះឯង។ ក្នុងសំបុត្រទាំងនោះ មានសេចក្ដីខ្លះពិបាកយល់ ធ្វើអោយអ្នកល្ងង់ និង អ្នកដែលគ្មានជំនឿរឹងប៉ឹង បកស្រាយខុសអត្ថន័យ ដូចគេធ្លាប់បកស្រាយអត្ថបទគម្ពីរឯទៀតៗខុសន័យដែរបណ្ដាលអោយខ្លួនគេត្រូវវិនាសអន្ដរាយ។ 17 រីឯបងប្អូនវិញ បងប្អូនជាទីស្រឡាញ់អើយ បងប្អូនបានជ្រាបសព្វគ្រប់ជាមុនហើយ។ ដូច្នេះ ត្រូវប្រុងប្រយ័ត្នខ្លួន កុំបណ្ដោយជនពាលនាំបងប្អូនអោយវង្វេង ហើយមិនត្រូវបាត់បង់គោលជំហរដ៏រឹងប៉ឹងរបស់បងប្អូនឡើយ។ 18 ផ្ទុយទៅវិញ សូមបងប្អូនបានចំរើនឡើង ក្នុងព្រះគុណ និង ការស្គាល់ព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់ និង ជាព្រះសង្គ្រោះរបស់យើងកាន់តែខ្លាំងឡើងៗ។ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គនៅពេលឥឡូវនេះ ព្រមទាំងរហូតដល់អស់កល្បជានិច្ចតរៀងទៅ។ អាម៉ែន។

1 យ៉ូហាន 1

1 ព្រះបន្ទូលដែលផ្ដល់ជីវិត គង់នៅកាលពីដើមដំបូងបង្អស់ យើងបានឮព្រះបន្ទូលនេះ បានឃើញផ្ទាល់នឹងភ្នែក បានរំពឹងគិត និង បានពាល់ដោយដៃយើងផ្ទាល់ 2 (ដ្បិតជីវិត នេះបានលេចមកអោយយើងឃើញ ហើយយើងសូមផ្ដល់សក្ខីភាព និង សូមជូនដំណឹងមកបងប្អូន អំពីជីវិតអស់កល្បជានិច្ច ដែលបែរទៅរក ព្រះបិតា និង លេចមកអោយយើងឃើញ)។ 3 យើងសូមជូនដំណឹងអំពីព្រះបន្ទូលដែលយើងបានឃើញ និង បានឮនោះដល់បងប្អូន ដើម្បីអោយបងប្អូនបានចូលរួមរស់ជាមួយយើង រីឯយើងវិញ យើងក៏រួមរស់ជាមួយព្រះបិតា និង ជាមួយព្រះយេស៊ូគ្រិស្ដ ជាព្រះបុត្រារបស់ព្រះអង្គ។ 4 យើងសរសេរសេចក្ដីទាំងនេះមកជូនបងប្អូន ដើម្បីអោយយើងមានអំណរពេញលក្ខណៈ។ 5 ដំណឹងដែលយើងបានឮពីព្រះយេស៊ូគ្រិស្ដ ហើយយកមកជំរាបជូនបងប្អូននេះ មានសេចក្ដីដូចតទៅៈព្រះជាម្ចាស់ជាពន្លឺ គ្មានសេចក្ដីងងឹតនៅក្នុងព្រះអង្គទាល់តែសោះ។ 6 ប្រសិនបើយើងពោលថាយើងរួមរស់ជាមួយព្រះអង្គតែយើងបែរជារស់ ក្នុងសេចក្ដីងងឹតទៅវិញនោះ យើងនិយាយកុហកហើយ គឺយើងមិនប្រតិបត្ដិតាមសេចក្ដីពិតទេ។ 7 ប៉ុន្ដែ ប្រសិនបើយើងរស់ ក្នុងពន្លឺ ដូចព្រះអង្គផ្ទាល់ដែលគង់នៅក្នុងពន្លឺនោះយើងនឹងបានរួមរស់ជាមួយគ្នាទៅវិញទៅមក ហើយព្រះលោហិតរបស់ព្រះយេស៊ូ ជាព្រះបុត្រារបស់ព្រះអង្គជំរះយើងអោយបានបរិសុទ្ធ រួចពីគ្រប់អំពើបាបទាំងអស់។ 8 ប្រសិនបើយើងពោលថា យើងគ្មានបាបសោះ នោះយើងបញ្ឆោតខ្លួនឯង ហើយសេចក្ដីពិតក៏មិនស្ថិតនៅក្នុងយើងដែរ។ 9 ប៉ុន្ដែ បើយើងទទួលសារភាពអំពើបាបរបស់យើង នោះព្រះជាម្ចាស់ដែលមានព្រះហឫទ័យស្មោះស្ម័គ្រ និង សុចរិត ទ្រង់នឹងអត់ទោសយើងអោយរួចពីបាប ព្រមទាំងជំរះយើងអោយបានបរិសុទ្ធ រួចពីគ្រប់អំពើទុច្ចរិតទាំងអស់ផង។ 10 ប្រសិនបើយើងពោលថា យើងគ្មានបាបសោះ នោះដូចជាយើងចោទថាព្រះជាម្ចាស់កុហកទៅវិញហើយព្រះបន្ទូលរបស់ព្រះអង្គមិនស្ថិតនៅក្នុងខ្លួនយើងទេ។

1 យ៉ូហាន 2

1 ម្នាលកូនចៅទាំងឡាយអើយ ខ្ញុំសរសេរសេចក្ដីទាំងនេះ មកអ្នករាល់គ្នាដើម្បីកុំអោយអ្នករាល់គ្នាប្រព្រឹត្ដអំពើបាប។ ប៉ុន្ដែ ប្រសិនបើមាននរណាម្នាក់ប្រព្រឹត្ដអំពើបាប យើងមានព្រះដ៏ជួយការពារមួយព្រះអង្គ គង់នៅទល់មុខព្រះបិតា គឺព្រះយេស៊ូគ្រិស្ដដ៏សុចរិត។ 2 ព្រះអង្គបានបូជាព្រះជន្ម ដើម្បីលោះយើងអោយរួចពីបាប ហើយមិនត្រឹមតែលោះយើងប៉ុណ្ណោះទេ គឺថែមទាំងលោះមនុស្សលោកទាំងមូលផងដែរ។ 3 ប្រសិនបើយើងកាន់តាមបទបញ្ជារបស់ព្រះអង្គនោះទើបយើងដឹងថា យើងបានស្គាល់ព្រះអង្គមែន។ 4 អ្នកណាពោលថា «ខ្ញុំស្គាល់ព្រះអង្គហើយ» តែមិនកាន់តាមបទបញ្ជារបស់ព្រះអង្គ អ្នកនោះនិយាយកុហកហើយសេចក្ដីពិតមិនស្ថិតនៅក្នុងខ្លួនគេទេ។ 5 រីឯអ្នកដែលកាន់តាមព្រះបន្ទូលរបស់ព្រះអង្គ សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ពិតជាស្ថិតនៅក្នុងអ្នកនោះ គ្រប់លក្ខណៈមែន។ យើងអាចដឹងថា យើងពិតជាស្ថិតនៅក្នុងព្រះអង្គដោយសេចក្ដីនេះ 6 គឺអ្នកណាអះអាងថាខ្លួនស្ថិតនៅក្នុងព្រះអង្គ អ្នកនោះត្រូវតែរស់នៅតាមរបៀបដូចព្រះអម្ចាស់ធ្លាប់រស់ដែរ។ 7 កូនចៅជាទីស្រឡាញ់អើយ ខ្ញុំមិនសរសេរបទបញ្ជា ថ្មីណាមួយមកជូនអ្នករាល់គ្នាឡើយ គឺខ្ញុំសរសេរបទបញ្ជាចាស់ ជាបទបញ្ជាដែលអ្នករាល់គ្នាបានទទួលតាំងពីដើមរៀងមក។ បទបញ្ជា ចាស់នេះ ជាព្រះបន្ទូលដែលអ្នករាល់គ្នាធ្លាប់បានឮរួចមកហើយ។ 8 យ៉ាងណាមិញបទបញ្ជាថ្មីដែលខ្ញុំសរសេរមកអ្នករាល់គ្នាពិតជាថ្មីក្នុងអង្គព្រះគ្រិស្ដ និង ក្នុងអ្នករាល់គ្នា ដ្បិតសេចក្ដីងងឹតកំពុងតែរសាត់បាត់ទៅ រីឯពន្លឺដ៏ពិតប្រាកដបានភ្លឺឡើងហើយ។ 9 អ្នកណាអះអាងថាខ្លួនស្ថិតនៅក្នុងពន្លឺ តែស្អប់បងប្អូនអ្នកនោះស្ថិតនៅក្នុងសេចក្ដីងងឹតនៅឡើយ។ 10 អ្នកណាស្រឡាញ់បងប្អូន អ្នកនោះស្ថិតនៅក្នុងពន្លឺហើយគ្មានអ្វីធ្វើអោយគាត់រវាតចិត្ដចេញពីជំនឿឡើយ។ 11 រីឯអ្នកណាស្អប់បងប្អូន អ្នកនោះស្ថិតនៅក្នុងសេចក្ដីងងឹត គេរស់ក្នុងសេចក្ដីងងឹត ទាំងពុំដឹងថាខ្លួនកំពុងទៅណាផង ព្រោះសេចក្ដីងងឹតបានធ្វើអោយភ្នែករបស់គេទៅជាខ្វាក់។ 12 ម្នាលកូនចៅទាំងឡាយអើយ ខ្ញុំសរសេរមកអ្នករាល់គ្នាថា ព្រះជាម្ចាស់បានលើកលែងទោសអ្នកអោយរួចពីបាប ដោយសារព្រះនាមរបស់ព្រះយេស៊ូ។ 13 ចាស់ទុំទាំងឡាយអើយ ខ្ញុំសរសេរមកអ្នករាល់គ្នាថា អ្នកបានស្គាល់ព្រះអង្គដែលគង់នៅតាំងពីមុនកំណើតអ្វីៗទាំងអស់។ យុវជនទាំងឡាយអើយ ខ្ញុំសរសេរមកអ្នករាល់គ្នាថា អ្នកបានឈ្នះមារ កំណាចហើយ។ 14 ក្មេងៗទាំងឡាយអើយ ខ្ញុំបានសរសេរមកអ្នករាល់គ្នាថា អ្នកបានស្គាល់ព្រះបិតា។ ចាស់ទុំទាំងឡាយអើយ ខ្ញុំបានសរសេរមកអ្នករាល់គ្នាថាអ្នកបានស្គាល់ព្រះអង្គ ដែលគង់នៅតាំងពីមុនកំណើតអ្វីៗទាំងអស់។ យុវជនទាំងឡាយអើយ ខ្ញុំបានសរសេរមកអ្នករាល់គ្នាថា អ្នកមានកម្លាំងពលំ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏ស្ថិតនៅក្នុងអ្នក ហើយអ្នកបានឈ្នះមារកំណាច។ 15 កុំស្រឡាញ់លោកីយ៍ និង អ្វីៗនៅក្នុងលោកីយ៍នេះឡើយ។ អ្នកណាស្រឡាញ់លោកីយ៍ សេចក្ដីស្រឡាញ់របស់ព្រះបិតាមិនស្ថិតនៅក្នុងអ្នកនោះទេ។ 16 អ្វីៗនៅក្នុងលោកីយ៍នេះ ដូចជាចិត្ដលោភលន់របស់មនុស្ស ចិត្ដលោភលន់ចង់បានអ្វីៗដែលភ្នែកមើលឃើញ និង អំនួត ព្រោះមានទ្រព្យសម្បត្ដិ មិនមែនមកពីព្រះបិតាទេ គឺមកពីគំនិតលោកីយ៍វិញ។ 17 លោកីយ៍នេះកំពុងតែរសាត់បាត់ទៅ ហើយចិត្ដលោភលន់របស់មនុស្សលោកក៏កំពុងតែរសាត់បាត់ទៅដែរ។ ផ្ទុយទៅវិញ អ្នកដែលប្រព្រឹត្ដតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ នឹងនៅស្ថិតស្ថេរគង់វង្សអស់កល្បជានិច្ច។ 18 ម្នាលកូនចៅទាំងឡាយអើយ ពេលនេះ ជាពេលចុងក្រោយបំផុត ដូចអ្នករាល់គ្នាបានឮស្រាប់ហើយថាមានមេប្រឆាំង ព្រះគ្រិស្ដម្នាក់កំពុងតែមក។ ឥឡូវនេះ មានមេប្រឆាំងព្រះគ្រិស្ដជាច្រើននាក់មកដល់មែន ជាហេតុនាំអោយយើងដឹងថា គ្រានេះជាគ្រាចុងក្រោយបំផុតហើយ។ 19 អ្នកទាំងនោះបានចេញពីចំណោមពួកយើងទៅ តែពួកគេមិនមែនជាគ្នាយើងទេ បើគេជាគ្នាយើងមែន គេមុខជានៅជាមួយយើងរហូតមិនខាន។ ប៉ុន្ដែ គេចាកចេញពីយើងទៅដូច្នេះបង្ហាញអោយឃើញថាពួកគេមិនមែនសុទ្ធតែជាគ្នាយើងទាំងអស់ទេ។ 20 រីឯអ្នករាល់គ្នាវិញ ព្រះដ៏វិសុទ្ធ បានចាក់ប្រេង មកលើអ្នករាល់គ្នា ហើយអ្នកក៏បានចេះដឹងទាំងអស់គ្នា។ 21 ខ្ញុំសរសេរមកអ្នករាល់គ្នា មិនមែនមកពីអ្នករាល់គ្នាមិនស្គាល់សេចក្ដីពិតនោះទេ គឺខ្ញុំសរសេរមកព្រោះអ្នករាល់គ្នាស្គាល់សេចក្ដីពិតរួចហើយ ហើយគ្មានពាក្យកុហកណាកើតមកពីសេចក្ដីពិតទាល់តែសោះ។ 22 តើនរណាជាអ្នកកុហក? គឺគ្មាននរណាក្រៅពីអ្នកដែលបដិសេធមិនទទួលស្គាល់ព្រះយេស៊ូ ថាជាព្រះគ្រិស្ដ នោះឡើយ។ អ្នកណាបដិសេធមិនទទួលស្គាល់ទាំងព្រះបិតា ទាំងព្រះបុត្រា គឺអ្នកនោះហើយជាមេប្រឆាំង ព្រះគ្រិស្ដ។ 23 អ្នកណាមិនទទួលស្គាល់ព្រះបុត្រា អ្នកនោះក៏គ្មានព្រះបិតាគង់ជាមួយដែរ រីឯអ្នកដែលទទួលស្គាល់ព្រះបុត្រា ទើបមានព្រះបិតាគង់ជាមួយ។ 24 ចំពោះអ្នករាល់គ្នាវិញ ចូរទុកអោយសេចក្ដីដែលអ្នករាល់គ្នាធ្លាប់បានឮ តាំងពីដើមដំបូងរៀងមក ស្ថិតនៅជាប់នឹងអ្នករាល់គ្នាចុះ។ ប្រសិនបើសេចក្ដីដែលអ្នករាល់គ្នាបានឮតាំងពីដើមដំបូងរៀងមក ស្ថិតនៅជាប់នឹងអ្នករាល់គ្នាមែន នោះអ្នករាល់គ្នាក៏ស្ថិតនៅជាប់នឹងព្រះបុត្រា និង ព្រះបិតាដែរ។ 25 រីឯព្រះបន្ទូលដែលព្រះអង្គបានសន្យាជាមួយយើងនោះ គឺព្រះអង្គប្រទានជីវិតអស់កល្បជានិច្ចមកយើង។ 26 ខ្ញុំសរសេរមកអ្នករាល់គ្នា ស្ដីអំពីពួកអ្នកដែលបានមកបញ្ឆោតអ្នករាល់គ្នាអោយវង្វេង។ 27 ព្រះវិញ្ញាណដែលព្រះអម្ចាស់ប្រទានមកអ្នករាល់គ្នា ទ្រង់គង់នៅក្នុងអ្នករាល់គ្នាស្រាប់ហើយ ហេតុនេះ អ្នករាល់គ្នាមិនត្រូវការអោយនរណាមកបង្រៀនអ្នករាល់គ្នាឡើយ។ បើព្រះវិញ្ញាណបង្រៀនគ្រប់សេចក្ដីដល់អ្នករាល់គ្នា (ព្រះអង្គមិនកុហកទេ ព្រះអង្គជាសេចក្ដីពិត) ដូច្នេះ អ្នករាល់គ្នាស្ថិតនៅជាប់នឹងព្រះគ្រិស្ដ ដូចព្រះវិញ្ញាណបានបង្រៀនអ្នករាល់គ្នាស្រាប់ហើយ។ 28 ឥឡូវនេះ កូនចៅទាំងឡាយអើយ ចូរស្ថិតនៅជាប់នឹងព្រះយេស៊ូចុះ ដើម្បីអោយយើងមានចិត្ដរឹងប៉ឹងនៅថ្ងៃដែលព្រះអង្គយាងមកយ៉ាងរុងរឿង ហើយពេលព្រះអង្គយាងមកនោះ យើងនឹងមិនត្រូវអៀនខ្មាសនៅចំពោះព្រះភ័ក្ដ្រព្រះអង្គឡើយ។ 29 អ្នករាល់គ្នាដឹងស្រាប់ហើយថា ព្រះអង្គសុចរិត ហេតុនេះ ចូរអ្នករាល់គ្នាដឹងដែរថា អស់អ្នកដែលប្រព្រឹត្ដតាមសេចក្ដីសុចរិត សុទ្ធតែកើតមកពីព្រះអង្គទាំងអស់។

1 យ៉ូហាន 3

1 សូមគិតមើល៍ព្រះបិតាមានព្រះហឫទ័យស្រឡាញ់យើងខ្លាំងដល់កំរិតណា គឺព្រះអង្គស្រឡាញ់យើងរហូតដល់ទៅហៅយើងថាជាបុត្ររបស់ព្រះអង្គ ហើយយើងពិតជាបុត្ររបស់ព្រះអង្គមែន! ហេតុនេះហើយបានជាមនុស្សលោកមិនស្គាល់យើង មកពីគេមិនបានស្គាល់ព្រះអង្គ។ 2 កូនចៅជាទីស្រឡាញ់អើយ! ពេលនេះ យើងទាំងអស់គ្នាជាបុត្ររបស់ព្រះជាម្ចាស់ ហើយដែលយើងនឹងទៅជាយ៉ាងណាៗនោះ ព្រះអង្គពុំទាន់សំដែងអោយយើងដឹងនៅឡើយទេ។ ប៉ុន្ដែ នៅពេលព្រះគ្រិស្ដយាងមកដល់ យើងនឹងបានដូចព្រះអង្គដែរ ដ្បិតព្រះអង្គមានភាពយ៉ាងណាយើងនឹងឃើញព្រះអង្គយ៉ាងនោះ។ 3 អ្នកណាមានសេចក្ដីសង្ឃឹមលើព្រះអង្គបែបនេះ អ្នកនោះបានជំរះខ្លួនអោយបរិសុទ្ធ ដូចព្រះអង្គបរិសុទ្ធដែរ។ 4 អ្នកណាប្រព្រឹត្ដអំពើបាប អ្នកនោះបំពានលើវិន័យ ដ្បិតអំពើបាបជាការបំពានលើវិន័យ។ 5 អ្នករាល់គ្នាដឹងស្រាប់ហើយថា ព្រះយេស៊ូយាងមក ដើម្បីដកបាបចេញពីមនុស្សលោក ដ្បិតគ្មានបាបនៅក្នុងព្រះអង្គទាល់តែសោះ។ 6 អ្នកណាស្ថិតនៅជាប់នឹងព្រះអង្គ អ្នកនោះមិនប្រព្រឹត្ដអំពើបាបទេ រីឯអ្នកប្រព្រឹត្ដអំពើបាប មិនដែលបានឃើញព្រះអង្គព្រមទាំងមិនស្គាល់ព្រះអង្គផង។ 7 កូនចៅទាំងឡាយអើយ សុំកុំអោយនរណាម្នាក់មកបញ្ឆោតអ្នករាល់គ្នាឡើយ។ អ្នកណាប្រព្រឹត្ដអំពើសុចរិត អ្នកនោះជាមនុស្សសុចរិត ដូចព្រះយេស៊ូទ្រង់សុចរិតដែរ។ 8 អ្នកណាប្រព្រឹត្ដអំពើបាប អ្នកនោះកើតចេញពីមារ ដ្បិតមារបានប្រព្រឹត្ដអំពើបាប តាំងពីដើមរៀងមក។ ព្រះបុត្រារបស់ព្រះជាម្ចាស់បានយាងមក ដើម្បីរំលាយកិច្ចការរបស់មារ។ 9 អ្នកដែលកើតមកពីព្រះជាម្ចាស់ មិនប្រព្រឹត្ដអំពើបាបទេ ដ្បិតពូជរបស់ព្រះអង្គស្ថិតនៅក្នុងអ្នកនោះ ហើយអ្នកនោះពុំអាចប្រព្រឹត្ដអំពើបាបបានឡើយ ព្រោះគេកើតមកពីព្រះជាម្ចាស់។ 10 ត្រង់ហ្នឹងហើយ ដែលបង្ហាញអោយឃើញច្បាស់ថាអ្នកណាជាបុត្ររបស់ព្រះជាម្ចាស់ អ្នកណាជាកូនចៅរបស់មារ ។ អ្នកណាមិនប្រព្រឹត្ដអំពើសុចរិត អ្នកនោះមិនមែនកើតមកពីព្រះជាម្ចាស់ទេ ហើយអ្នកណាមិនស្រឡាញ់បងប្អូនអ្នកនោះក៏មិនមែនកើតមកពីព្រះអង្គដែរ។ 11 ដំណឹងដែលបងប្អូនបានទទួល តាំងពីដើមដំបូងរៀងមកនោះ គឺយើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក។ 12 យើងមិនត្រូវធ្វើដូចកាអ៊ីន ដែលកើតចេញមកពីមារ កំណាច ហើយបានកាត់កប្អូនរបស់ខ្លួននោះឡើយ។ ហេតុអ្វីបានជាគាត់សម្លាប់ប្អូនដូច្នេះ? គឺមកពីអំពើដែលគាត់ធ្លាប់ប្រព្រឹត្ដសុទ្ធតែអាក្រក់ រីឯអំពើដែលប្អូនរបស់គាត់ប្រព្រឹត្ដសុទ្ធតែសុចរិត ។ 13 បងប្អូនអើយប្រសិនបើមនុស្សលោកស្អប់បងប្អូន សូមកុំងឿងឆ្ងល់ឡើយ។ 14 យើងដឹងហើយថា យើងបានឆ្លងផុតពីសេចក្ដីស្លាប់មកកាន់ជីវិត ព្រោះយើងចេះស្រឡាញ់បងប្អូន។ អ្នកណាមិនចេះស្រឡាញ់ អ្នកនោះស្ថិតនៅក្នុងសេចក្ដីស្លាប់។ 15 អ្នកណាស្អប់បងប្អូនរបស់ខ្លួន អ្នកនោះជាឃាតក។ បងប្អូនដឹងស្រាប់ហើយថា ឃាតកគ្មានជីវិតអស់កល្បជានិច្ចស្ថិតនៅក្នុងខ្លួនទេ។ 16 យើងស្គាល់សេចក្ដីស្រឡាញ់ស្រាប់ហើយ គឺព្រះយេស៊ូបានបូជាព្រះជន្មរបស់ព្រះអង្គ សំរាប់យើង ហេតុនេះ យើងត្រូវបូជាជីវិតសំរាប់បងប្អូនដែរ។ 17 ប្រសិនបើនរណាម្នាក់មានសម្បត្ដិលោកីយ៍ ហើយឃើញបងប្អូនរបស់ខ្លួនខ្វះខាត តែបែរជាមិនអាណិតអាសូរគេទេនោះ ធ្វើដូចម្ដេចនឹងអោយសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ស្ថិតនៅក្នុងខ្លួនអ្នកនោះកើត! 18 កូនចៅអើយ យើងមិនត្រូវស្រឡាញ់ត្រឹមតែបបូរមាត់ ឬ ពាក្យសំដីប៉ុណ្ណោះទេ គឺត្រូវស្រឡាញ់តាមអំពើដែលយើងប្រព្រឹត្ដ និង តាមសេចក្ដីពិតវិញ។ 19 ត្រង់ហ្នឹងហើយដែលយើងដឹងថា យើងកើតមកពីសេចក្ដីពិត ហើយចិត្ដយើងមិនភ័យខ្លាចនៅចំពោះព្រះភ័ក្ដ្រព្រះអង្គទេ។ 20 ហេតុនេះ ប្រសិនបើចិត្ដគំនិតរបស់យើង ដាក់ទោសយើង នោះព្រះជាម្ចាស់ដែលធំជាងចិត្ដរបស់យើង ទ្រង់ឈ្វេងយល់ទាំងអស់។ 21 កូនចៅជាទីស្រឡាញ់អើយ ប្រសិនបើចិត្ដគំនិតរបស់យើងមិនដាក់ទោសយើងទេ នោះយើងនឹងមានចិត្ដរឹងប៉ឹងនៅចំពោះព្រះភ័ក្ដ្រព្រះអង្គ។ 22 អ្វីៗក៏ដោយអោយតែយើងទូលសូម យើងមុខជាទទួលពីព្រះអង្គមិនខានព្រោះយើងកាន់តាមបទបញ្ជារបស់ព្រះអង្គ និង ប្រព្រឹត្ដអំពើណាដែលគាប់ព្រះហឫទ័យព្រះអង្គ។ 23 រីឯបទបញ្ជា របស់ព្រះអង្គមានដូចតទៅ គឺយើងត្រូវជឿលើព្រះនាមព្រះយេស៊ូគ្រិស្ដ ជាព្រះបុត្រារបស់ព្រះអង្គ និង ត្រូវស្រឡាញ់គ្នាទៅវិញទៅមក តាមបទបញ្ជាដែលព្រះអង្គប្រទានមកយើង។ 24 អ្នកណាកាន់តាមបទបញ្ជា របស់ព្រះអង្គ អ្នកនោះស្ថិតនៅជាប់នឹងព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ក៏ស្ថិតនៅជាប់នឹងអ្នកនោះដែរ។ ត្រង់ហ្នឹងហើយដែលយើងដឹងថា ព្រះជាម្ចាស់ស្ថិតនៅជាប់នឹងយើង ដោយសារព្រះវិញ្ញាណដែលព្រះអង្គប្រទានមកយើង។

1 យ៉ូហាន 4

1 កូនចៅជាទីស្រឡាញ់អើយ សូមកុំជឿអស់អ្នកដែលថា ខ្លួនមានព្រះវិញ្ញាណគង់នៅជាមួយនោះឡើយ ត្រូវល្បងលគេមើល ដើម្បីអោយដឹងថា វិញ្ញាណនេះមកពីព្រះជាម្ចាស់មែនឬយ៉ាងណាដ្បិតមានព្យាការី ក្លែងក្លាយជាច្រើនបានមកក្នុងលោកនេះ។ 2 បងប្អូនអាចស្គាល់ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បាននៅត្រង់នេះ គឺអ្នកណា ប្រកាសជំនឿថា ព្រះយេស៊ូគ្រិស្ដ បានយាងមកកើតជាមនុស្ស អ្នកនោះមានព្រះវិញ្ញាណមកពីព្រះជាម្ចាស់មែន 3 តែអ្នកណាមិនទទួលស្គាល់ថាព្រះយេស៊ូកើតមកជាមនុស្សទេ អ្នកនោះមិនកើតមកពីព្រះជាម្ចាស់ឡើយ គឺមកពីមេប្រឆាំងព្រះគ្រិស្ដវិញ ដូចអ្នករាល់គ្នាបានទទួលដំណឹងថា មានមេប្រឆាំងនឹងព្រះគ្រិស្ដកំពុងតែមក ឥឡូវនេះគេក៏នៅក្នុងពិភពលោកស្រាប់។ 4 កូនចៅអើយ អ្នករាល់គ្នាកើតមកពីព្រះជាម្ចាស់ ហើយអ្នករាល់គ្នាបានឈ្នះព្យាការី ក្លែងក្លាយទាំងនោះដ្បិតព្រះអង្គដែលគង់នៅក្នុងអ្នករាល់គ្នា ទ្រង់មានអំណាចធំជាងម្ចាស់លោកីយ៍នេះទៅទៀត។ 5 អ្នកទាំងនោះកើតមកពីលោកីយ៍ ហេតុនេះហើយបានជាពាក្យសំដីរបស់គេចេញពីលោកីយ៍ ហើយមនុស្សលោកស្ដាប់គេ។ 6 រីឯយើងវិញ យើងកើតមកពីព្រះជាម្ចាស់ អ្នកណាស្គាល់ព្រះជាម្ចាស់ អ្នកនោះក៏ស្ដាប់យើងដែរ អ្នកណាមិនកើតមកពីព្រះជាម្ចាស់ទេ អ្នកនោះមិនស្ដាប់យើងឡើយ គឺត្រង់ហ្នឹងហើយដែលយើងអាចដឹងថាព្រះវិញ្ញាណសំដែងសេចក្ដីពិត ខុសពីវិញ្ញាណដែលនាំអោយវង្វេងនោះយ៉ាងណា។ 7 កូនចៅជាទីស្រឡាញ់អើយ យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក ព្រោះសេចក្ដីស្រឡាញ់កើតមកពីព្រះជាម្ចាស់។ អ្នកណាមានចិត្ដស្រឡាញ់ អ្នកនោះកើតមកពីព្រះជាម្ចាស់ ហើយក៏ស្គាល់ព្រះជាម្ចាស់ដែរ។ 8 រីឯអ្នកដែលមិនចេះស្រឡាញ់ មិនបានស្គាល់ព្រះជាម្ចាស់ទេ ដ្បិតព្រះជាម្ចាស់ជាសេចក្ដីស្រឡាញ់។ 9 ព្រះជាម្ចាស់បានសំដែងព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គក្នុងចំណោមយើង គឺព្រះអង្គបានចាត់ព្រះបុត្រា តែមួយគត់របស់ព្រះអង្គអោយយាងមកក្នុងលោកនេះ ដើម្បីអោយយើងមានជីវិតដោយសារព្រះបុត្រា។ 10 សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់មានដូចតទៅនេះ មិនមែនយើងទេដែលបានស្រឡាញ់ព្រះអង្គ គឺព្រះអង្គទេតើដែលបានស្រឡាញ់យើង និង បានចាត់ព្រះបុត្រារបស់ព្រះអង្គអោយយាងមកបូជាព្រះជន្ម លោះយើងអោយរួចពីបាបផង។ 11 កូនចៅជាទីស្រឡាញ់អើយ ប្រសិនបើព្រះជាម្ចាស់បានស្រឡាញ់យើងដល់កំរិតនេះទៅហើយ យើងក៏ត្រូវស្រឡាញ់គ្នាទៅវិញទៅមកដែរ។ 12 ពុំដែលមាននរណាបានឃើញព្រះជាម្ចាស់ឡើយ។ ប្រសិនបើយើងស្រឡាញ់គ្នាទៅវិញទៅមកព្រះជាម្ចាស់ស្ថិតនៅជាប់នឹងយើង ហើយព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គ នឹងបានគ្រប់លក្ខណៈនៅក្នុងយើងដែរ។ 13 យើងដឹងថាយើងស្ថិតនៅជាប់នឹងព្រះអង្គ ហើយព្រះអង្គស្ថិតនៅជាប់នឹងយើង ដោយទ្រង់បានចែកព្រះវិញ្ញាណរបស់ព្រះអង្គមកយើង។ 14 រីឯយើងវិញ យើងបានឃើញ ហើយយើងផ្ដល់សក្ខីភាពថា ព្រះបិតាបានចាត់ព្រះបុត្រាអោយយាងមកសង្គ្រោះមនុស្សលោក។ 15 អ្នកណាប្រកាសជំនឿថាព្រះយេស៊ូពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់ ព្រះជាម្ចាស់ស្ថិតនៅជាប់នឹងអ្នកនោះ ហើយអ្នកនោះក៏ស្ថិតនៅជាប់នឹងព្រះអង្គដែរ។ 16 រីឯយើងវិញ យើងបានស្គាល់ព្រះហឫទ័យស្រឡាញ់របស់ព្រះជាម្ចាស់ក្នុងចំណោមយើង ហើយយើងក៏បានជឿ។ ព្រះជាម្ចាស់ជាសេចក្ដីស្រឡាញ់ អ្នកណាស្ថិតនៅជាប់នឹងសេចក្ដីស្រឡាញ់ អ្នកនោះស្ថិតនៅជាប់នឹងព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ក៏ស្ថិតនៅជាប់នឹងអ្នកនោះដែរ។ 17 បើសេចក្ដីស្រឡាញ់ ពិតជាបាន គ្រប់លក្ខណៈនៅក្នុងយើងមែន នោះយើងនឹងមានចិត្ដរឹងប៉ឹងនៅថ្ងៃព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក ដ្បិតក្នុងលោកនេះ យើងមានរបៀបរស់នៅដូចព្រះយេស៊ូដែរ។ 18 បើយើងមានសេចក្ដីស្រឡាញ់ក្នុងខ្លួន យើងឥតមានភ័យខ្លាចទេ តែសេចក្ដីស្រឡាញ់ដ៏គ្រប់លក្ខណៈ បណ្ដេញការភ័យខ្លាចអោយចេញផុតទៅបានថែមទៀតផង។ អ្នកណានៅភ័យខ្លាច អ្នកនោះតែងតែខ្លាចទទួលទណ្ឌកម្ម ដូច្នេះ សេចក្ដីស្រឡាញ់ពុំទាន់បានគ្រប់លក្ខណៈនៅក្នុងខ្លួនគេឡើយ។ 19 រីឯយើងវិញ យើងមានចិត្ដស្រឡាញ់ ព្រោះព្រះអង្គបានស្រឡាញ់យើងជាមុន។ 20 បើនរណាម្នាក់ពោលថា "ខ្ញុំស្រឡាញ់ព្រះជាម្ចាស់" តែស្អប់បងប្អូនរបស់ខ្លួន អ្នកនោះនិយាយកុហកហើយ។ អ្នកណាមិនស្រឡាញ់ បងប្អូនដែល ខ្លួនមើលឃើញ ក៏ ពុំ អាចស្រឡាញ់ព្រះជាម្ចាស់ដែលខ្លួនមើលពុំឃើញនោះបានដែរ។ 21 យើងបានទទួលបទបញ្ជានេះពីព្រះអង្គថា «អ្នកណាស្រឡាញ់ព្រះជាម្ចាស់ អ្នកនោះក៏ត្រូវស្រឡាញ់បងប្អូនដែរ»។

1 យ៉ូហាន 5

1 អ្នកណាជឿថាព្រះយេស៊ូពិតជាព្រះគ្រិស្ដ អ្នកនោះកើតមកពីព្រះជាម្ចាស់ ហើយអ្នកណាស្រឡាញ់ព្រះបិតា អ្នកនោះក៏ស្រឡាញ់អ្នកដែលកើតមកពីព្រះអង្គដែរ។ 2 ដោយយើងស្រឡាញ់ព្រះជាម្ចាស់ និង ប្រតិបត្ដិតាមបទបញ្ជាទាំងប៉ុន្មាន យើងនឹងដឹងថា យើងពិតជាស្រឡាញ់បុត្ររបស់ព្រះជាម្ចាស់។ 3 យើងមានសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ក្នុងខ្លួនមែន លុះត្រាតែយើងកាន់តាមបទបញ្ជាទាំងប៉ុន្មាន។ បទបញ្ជារបស់ព្រះអង្គមិនតឹងតែងទេ 4 ព្រោះអស់អ្នកដែលកើតមកពីព្រះជាម្ចាស់សុទ្ធតែឈ្នះលោកីយ៍នេះគឺជំនឿរបស់យើងហ្នឹងហើយ ដែលបានឈ្នះលោកីយ៍។ 5 តើអ្នកណាអាចឈ្នះលោកីយ៍បាន? គឺអ្នកដែលជឿថា ព្រះយេស៊ូពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់។ 6 ព្រះយេស៊ូគ្រិស្ដនេះហើយ ដែលបានយាងមកក្នុងលោកនេះ ដោយទឹក និង លោហិត មិនត្រឹមតែដោយទឹកប៉ុណ្ណោះទេ គឺដោយទឹក និង លោហិតផង។ ព្រះវិញ្ញាណបានផ្ដល់សក្ខីភាពថា សេចក្ដីនេះពិតជាត្រឹមត្រូវមែន ដ្បិតព្រះវិញ្ញាណជាសេចក្ដីពិត។ 7 មានបន្ទាល់បីគឺ 8 ព្រះវិញ្ញាណទឹក និង លោហិត ហើយបន្ទាល់ទាំងបីនេះ រួមគ្នាផ្ដល់សក្ខីភាពតែមួយ។ 9 ព្រះជាម្ចាស់បានផ្ដល់សក្ខីភាពអំពីព្រះបុត្រារបស់ព្រះអង្គ។ យើងតែងតែទទួលស្គាល់សក្ខីភាពរបស់មនុស្ស រីឯសក្ខីភាពរបស់ព្រះជាម្ចាស់រឹងរឹតតែធំជាងនោះទៅទៀត។ 10 អ្នកណាជឿលើព្រះបុត្រារបស់ព្រះជាម្ចាស់ អ្នកនោះមានសក្ខីភាពរបស់ព្រះអង្គនៅក្នុងខ្លួន អ្នកណាមិនជឿព្រះជាម្ចាស់ទេ អ្នកនោះចាត់ទុកថា ព្រះអង្គកុហកទៅវិញ ព្រោះគេមិនជឿលើសក្ខីភាពដែលព្រះជាម្ចាស់បានប្រទានមក ស្ដីអំពីព្រះបុត្រារបស់ព្រះអង្គ។ 11 រីឯសក្ខីភាពនោះមានដូចតទៅនេះ គឺព្រះជាម្ចាស់បានប្រទានជីវិតអស់កល្បជានិច្ចមកយើង ហើយជីវិតនេះស្ថិតនៅក្នុងព្រះបុត្រារបស់ព្រះអង្គ។ 12 អ្នកណាមានព្រះបុត្រា អ្នកនោះក៏មានជីវិតដែរ ហើយអ្នកណាគ្មានព្រះបុត្រារបស់ព្រះជាម្ចាស់ទេ អ្នកនោះគ្មានជីវិតនេះឡើយ។ 13 ខ្ញុំសរសេរសេចក្ដីនេះមកអ្នករាល់គ្នា ដើម្បីអោយអ្នករាល់គ្នាដឹងថា អ្នករាល់គ្នាដែលជឿលើព្រះនាមព្រះបុត្រារបស់ព្រះជាម្ចាស់ មានជីវិតអស់កល្បជានិច្ចហើយ។ 14 ហេតុនេះហើយបានជាយើងមានចិត្ដរឹងប៉ឹងនៅចំពោះព្រះភ័ក្ដ្រព្រះអង្គ គឺថា ប្រសិនបើយើងទូលសូមអ្វី ស្របតាមព្រះហឫទ័យរបស់ព្រះអង្គ នោះទ្រង់នឹងព្រះសណ្ដាប់យើងជាមិនខាន។ 15 បើយើងដឹងថា ព្រះអង្គទ្រង់ព្រះសណ្ដាប់យើង ទោះបីយើងទូលសូមអ្វីពីព្រះអង្គក៏ដោយ យើងដឹងថា យើងបានទទួលអ្វីៗដែលយើងទូលសូមនោះរួចហើយ។ 16 ប្រសិនបើអ្នកណាម្នាក់ ឃើញបងប្អូនប្រព្រឹត្ដអំពើបាបដែលមិនបណ្ដាលអោយស្លាប់ ត្រូវតែទូលអង្វរព្រះជាម្ចាស់ ហើយព្រះអង្គនឹងប្រទានជីវិតអោយបងប្អូននោះ។ ខ្ញុំនិយាយតែពីអំពើបាបដែលមិនបណ្ដាលអោយស្លាប់ប៉ុណ្ណោះ។ មានអំពើបាបម៉្យាងដែលបណ្ដាលអោយស្លាប់ ចំពោះអំពើបាបនោះ ខ្ញុំមិនសុំអោយទូលអង្វរទេ។ 17 អំពើទុច្ចរិតទាំងប៉ុន្មាន សុទ្ធតែជាអំពើបាបទាំងអស់ប៉ុន្ដែ មានអំពើបាបខ្លះមិនបណ្ដាលអោយស្លាប់ឡើយ។ 18 យើងដឹងហើយថា អ្នកកើតមកពីព្រះជាម្ចាស់ មិនប្រព្រឹត្ដអំពើបាបឡើយ ដ្បិតព្រះបុត្រាដែលកើតពីព្រះជាម្ចាស់មក ទ្រង់ការពារអ្នកនោះ ហើយមារ កំណាចពុំអាចយាយីគេបានឡើយ។ 19 យើងដឹងថា យើងកើតមកពីព្រះជាម្ចាស់ រីឯមនុស្សលោកទាំងមូលស្ថិតនៅក្រោមអំណាចរបស់មារកំណាច។ 20 យើងក៏ដឹងដែរថា ព្រះបុត្រារបស់ព្រះជាម្ចាស់បានយាងមក ទ្រង់ប្រទានប្រាជ្ញាអោយយើងស្គាល់ព្រះដ៏ពិតប្រាកដ ហើយយើងក៏ស្ថិតនៅក្នុងព្រះដ៏ពិតប្រាកដ ដោយរួមក្នុងអង្គព្រះយេស៊ូគ្រិស្ដ ជាព្រះបុត្រារបស់ព្រះអង្គ គឺព្រះអង្គហើយ ដែលជាព្រះជាម្ចាស់ដ៏ពិតប្រាកដ ព្រះអង្គជាជីវិតអស់កល្បជានិច្ច។ 21 កូនចៅអើយ ចូរចៀសអោយផុតពីការគោរពព្រះក្លែងក្លាយ។

2 យ៉ូហាន 1

1 ខ្ញុំជាចាស់ទុំ សូមជំរាបមកលោកស្រី ដែលព្រះជាម្ចាស់បានជ្រើសរើស និង ជំរាបមកកូនចៅរបស់លោកស្រីដែលខ្ញុំស្រឡាញ់ តាមសេចក្ដីពិត មិនមែនតែខ្ញុំប៉ុណ្ណោះទេដែលស្រឡាញ់ គឺអស់អ្នកដែលបានស្គាល់សេចក្ដីពិត ក៏ស្រឡាញ់ដែរ 2 ព្រោះតែសេចក្ដីពិតនៅជាប់នឹងយើងឥឡូវនេះ ហើយក៏នឹងនៅជាមួយយើង រៀងរហូតអស់កល្បជានិច្ច។ 3 សូមព្រះជាម្ចាស់ជាព្រះបិតា និង ព្រះយេស៊ូគ្រិស្ដ ជាព្រះបុត្រារបស់ព្រះអង្គ ប្រទានព្រះគុណព្រះហឫទ័យមេត្ដាករុណា និង សេចក្ដីសុខសាន្ដមកយើងក្នុងសេចក្ដីពិត និង ក្នុងសេចក្ដីស្រឡាញ់។ 4 ខ្ញុំសប្បាយចិត្ដណាស់ ដោយបានឃើញកូនចៅរបស់លោកស្រីមួយចំនួន ប្រតិបត្ដិតាមសេចក្ដីពិត ស្របតាមបទបញ្ជាដែលយើងបានទទួលពីព្រះបិតាមក។ 5 ឥឡូវនេះ ខ្ញុំសូមអង្វរលោកស្រីថា យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក។ ខ្ញុំមិនសរសេរបទបញ្ជាថ្មីផ្ញើមកជូនទេ នេះគឺជាបទបញ្ជាដែលយើងបានទទួល តាំងពីដើមដំបូងមកម៉្លេះ។ 6 សេចក្ដីស្រឡាញ់មានដូចតទៅៈ យើងត្រូវតែប្រតិបត្ដិតាមបទបញ្ជាទាំងប៉ុន្មាន។ នេះហើយជាបទបញ្ជាដែលអ្នករាល់គ្នាបានឮតាំងពីដើមដំបូងមក ដើម្បីអោយអ្នករាល់គ្នាប្រតិបត្ដិតាម។ 7 មានអ្នកបោកបញ្ឆោតជាច្រើននាក់ បានចូលមកក្នុងលោកនេះ ពួកគេពុំទទួលស្គាល់ថាព្រះយេស៊ូគ្រិស្ដ បានយាងមកជាមនុស្សទេ។ ជនប្រភេទនេះហើយដែលជាអ្នកបោកបញ្ឆោត និង ជាមេប្រឆាំង ព្រះគ្រិស្ដ។ 8 ចូរមើលគ្នាឯងអោយមែនទែន ក្រែងខូចផលប្រយោជន៍នៃកិច្ចការដែលអ្នករាល់គ្នាបានធ្វើ។ ផ្ទុយទៅវិញ ចូរខំអោយបានទទួលរង្វាន់ដ៏បរិបូណ៌។ 9 អ្នកណាមិនស្ថិតនៅជាប់នឹងព្រះឱវាទរបស់ព្រះគ្រិស្ដ គឺទៅហួស អ្នកនោះគ្មានព្រះជាម្ចាស់គង់ជាមួយទេ។ អ្នកណាស្ថិតនៅជាប់នឹងព្រះឱវាទរបស់ព្រះគ្រិស្ដ ទើបមានព្រះបិតា និង ព្រះបុត្រាគង់ជាមួយ។ 10 ប្រសិនបើមាននរណាម្នាក់មករកអ្នករាល់គ្នា តែមិននាំព្រះឱវាទនេះមកទេ កុំទទួលគេនៅក្នុង ផ្ទះអ្នករាល់គ្នាឡើយ ហើយក៏មិនត្រូវជំរាបសួរគេផង 11 ដ្បិតអ្នកណាជំរាបសួរមនុស្សបែបនេះក៏ដូចជាសមគំនិត នឹងអំពើអាក្រក់របស់គេដែរ។ 12 ខ្ញុំមានសេចក្ដីឯទៀតៗជាច្រើន ដែលត្រូវជំរាបអ្នករាល់គ្នា តែខ្ញុំមិនចង់សរសេរផ្ញើមក តាមរយៈក្រដាស និង ទឹកខ្មៅនេះទេ គឺខ្ញុំសង្ឃឹមថានឹងមកជួបអ្នករាល់គ្នានិយាយផ្ទាល់មាត់តែម្ដង ដើម្បីអោយយើងមានអំណរពេញលក្ខណៈ។ 13 កូនចៅបងស្រីរបស់លោកស្រី គឺបងស្រីដែលព្រះអង្គបានជ្រើសរើសនោះ ក៏សូមជំរាបសួរមកលោកស្រីដែរ។

3 យ៉ូហាន 1

1 ខ្ញុំជាចាស់ទុំ សូមជំរាបមកប្អូនកៃយុស ជាទីស្រឡាញ់ដែលខ្ញុំស្រឡាញ់តាមសេចក្ដីពិត។ 2 ប្អូនជាទីស្រឡាញ់ ខ្ញុំសូមជូនពរអោយប្អូនបានប្រកបដោយសេចក្ដីសុខ គ្រប់ជំពូកទាំងអស់ គឺអោយប្អូនមានសុខភាពល្អបរិបូណ៌ ដូចព្រលឹងរបស់ប្អូន ដែលបានប្រកបដោយសេចក្ដីសុខហើយនោះដែរ។ 3 នៅពេលបងប្អូនយើងមកដល់ ហើយរៀបរាប់ប្រាប់ខ្ញុំថាប្អូនស្ថិតនៅជាប់នឹងសេចក្ដីពិតដូចប្អូនប្រតិបត្ដិតាមសេចក្ដីពិតជានិច្ចនោះ ខ្ញុំសប្បាយចិត្ដខ្លាំងណាស់។ 4 គ្មានអ្វីអាចធ្វើអោយខ្ញុំមានអំណរ ខ្លាំងជាងបានឮថាកូនចៅរបស់ខ្ញុំប្រតិបត្ដិតាមសេចក្ដីពិតនោះឡើយ។ 5 ប្អូនជាទីស្រឡាញ់ ប្អូនប្រព្រឹត្ដស្របតាមជំនឿរបស់ប្អូនមែន គឺបានជួយទំនុកបំរុងបងប្អូនយើង ទោះបីគេជាជនបរទេសក៏ដោយ។ 6 បងប្អូនទាំងនោះបានផ្ដល់សក្ខីភាព នៅមុខក្រុមជំនុំ អំពីសេចក្ដីស្រឡាញ់របស់ប្អូន។ ពេលពួកគេចេញដំណើរទៅ សូមប្អូនជួយផ្គត់ផ្គង់គេតាមរបៀប ដែលគួរអោយគាប់ព្រះហឫទ័យព្រះជាម្ចាស់ផង 7 ដ្បិតគេធ្វើដំណើរទៅនោះ ព្រោះតែព្រះនាមរបស់ព្រះអម្ចាស់ហ្នឹងហើយ ហើយគេពុំបានទទួលអ្វីពីសាសន៍ដទៃទេ។ 8 ដូច្នេះ យើងត្រូវតែជួយទំនុកបំរុងមនុស្សបែបនេះ ដើម្បីអោយយើងបានធ្វើការរួមជាមួយសេចក្ដីពិតដែរ។ 9 ខ្ញុំបានផ្ញើសំបុត្រដ៏ខ្លី មកជូនក្រុមជំនុំ តែឌីអូត្រែបដែលចូលចិត្ដធ្វើធំជាងគេ ពុំព្រមទទួលស្គាល់យើងទេ។ 10 ដូច្នេះ កាលខ្ញុំមកដល់ ខ្ញុំនឹងរំលឹកពីអំពើដែលគាត់បានប្រព្រឹត្ដ គឺគាត់ដើរនិយាយបរិហារអាក្រក់ពីយើង។ មិនតែប៉ុណ្ណោះសោត គាត់បានបដិសេធមិនព្រមទទួលបងប្អូនយើងទេ ព្រមទាំងឃាត់ឃំាងអស់អ្នកដែលចង់ទទួល មិនអោយទទួល និង ដេញគេចេញពីក្រុមជំនុំថែមទៀតផង។ 11 ប្អូនជាទីស្រឡាញ់ កុំយកតំរាប់តាមអំពើអាក្រក់ឡើយ សូមយកតំរាប់តាមអំពើល្អវិញ។ អ្នកណាប្រព្រឹត្ដអំពើល្អ អ្នកនោះកើតមកពីព្រះជាម្ចាស់ រីឯអ្នកប្រព្រឹត្ដអំពើអាក្រក់ ពុំដែលបានឃើញព្រះជាម្ចាស់ឡើយ។ 12 ចំណែកឯដេមេទ្រាសវិញ ពួកបងប្អូនបាននិយាយល្អពីគាត់គ្រប់ៗគ្នា ហើយសូម្បីតែសេចក្ដីពិតផ្ទាល់ ក៏បានផ្ដល់សក្ខីភាពល្អអំពីគាត់ដែរ។ រីឯយើងវិញ យើងសុំផ្ដល់សក្ខីភាពល្អអំពីគាត់ដែរ ប្អូនដឹងស្រាប់ហើយថា សក្ខីភាពរបស់យើងជាសេចក្ដីពិត។ 13 ខ្ញុំមានសេចក្ដីឯទៀតៗជាច្រើន ដែលត្រូវសរសេរផ្ញើមក តែខ្ញុំមិនចង់សរសេរដោយទឹកខ្មៅ និង ស្លាបប៉ាកកាទេ។ 14 ខ្ញុំសង្ឃឹមថានឹងបានមកជួបប្អូនក្នុងពេលឆាប់ៗខាងមុខ ហើយយើងនឹងនិយាយជាមួយគ្នា ផ្ទាល់មាត់តែម្ដង។ 15 សូមអោយប្អូនបានប្រកបដោយសេចក្ដីសុខសាន្ដ! មិត្ដភក្ដិទាំងអស់ ក៏សូមជំរាបសួរមកប្អូនដែរ។ សូមជំរាបសួរមកមិត្ដភក្ដិគ្រប់ៗរូប ដែលនៅទីនេះផង។

យូដាស 1

1 ខ្ញុំ យូដាស ជាអ្នកបំរើរបស់ព្រះយេស៊ូគ្រិស្ដ និង ជាប្អូនរបស់លោកយ៉ាកុប សូមជំរាបមកបងប្អូនដែលព្រះជាម្ចាស់ជាព្រះបិតាបានត្រាស់ហៅ គឺអ្នកដែលព្រះអង្គស្រឡាញ់ ហើយបំរុងទុកសំរាប់ព្រះយេស៊ូគ្រិស្ដសូមជ្រាប។ 2 សូមព្រះជាម្ចាស់មេត្ដាករុណា ប្រទានសេចក្ដីសុខសាន្ដ និង សេចក្ដីស្រឡាញ់ដល់បងប្អូន យ៉ាងបរិបូណ៌។ 3 បងប្អូនជាទីស្រឡាញ់ ខ្ញុំមានបំណងចង់សរសេរមកបងប្អូនអំពីការសង្គ្រោះដែលយើងបានទទួលរួមគ្នានោះខ្លាំងណាស់ ហើយក៏មានមូលហេតុបង្ខំខ្ញុំអោយសរសេរលិខិតនេះមកដាស់តឿនបងប្អូន អោយតយុទ្ធការពារជំនឿ ដែលព្រះជាម្ចាស់បានប្រទានដល់ប្រជាជនដ៏វិសុទ្ធ ម្ដងជាសូរេច 4 ដ្បិតមានអ្នកខ្លះបានបន្លំខ្លួនចូលមកក្នុងចំណោមបងប្អូន ពួកគេជាមនុស្សមិនគោរពប្រណិប័តន៍ព្រះជាម្ចាស់ ពួកគេបានបង្ខូចព្រះគុណរបស់ព្រះនៃយើងអោយក្លាយទៅជារឿងអាសអាភាស ហើយបដិសេធមិនព្រមទទួលស្គាល់ព្រះយេស៊ូគ្រិស្ដ ជាចៅហ្វាយ និង ជាព្រះអម្ចាស់តែមួយគត់របស់យើងដែរ។ អ្នកទាំងនោះនឹងទទួលទោសដូចមានចែងទុកជាមុន តាំងពីយូរយារណាស់មកហើយ។ 5 បងប្អូនបានជ្រាបសេចក្ដីទាំងនេះរួចស្រេចហើយ តែខ្ញុំចង់រំលឹកបងប្អូនថា ក្រោយពេលដែលព្រះអម្ចាស់បានសង្គ្រោះប្រជារាស្ដ្រអ៊ីស្រាអែលអោយចេញផុតពីប្រទេសអេស៊ីបមក ព្រះអង្គបានធ្វើអោយអ្នកមិនព្រមជឿត្រូវវិនាសអន្ដរាយ។ 6 រីឯពួកទេវតា ដែលពុំបានរក្សាឋានៈរបស់ខ្លួន តែបែរជាបោះបង់ចោលលំនៅរបស់ខ្លួនផ្ទាល់ទៅវិញនោះ ព្រះជាម្ចាស់បានឃុំគេទុកក្នុងទីងងឹត ហើយគេនៅជាប់ចំណងអស់កល្បជានិច្ច រង់ចាំថ្ងៃដ៏អស្ចារ្យដែលព្រះជាម្ចាស់នឹងវិនិច្ឆ័យទោស។ 7 រីឯក្រុងសូដុម ក្រុងកូម៉ូរ៉ា និង ក្រុងឯទៀតៗដែលនៅជិតខាងក៏ដូច្នោះដែរ ពួកអ្នកក្រុងបាននាំគ្នាប្រព្រឹត្ដអំពើប្រាសចាកសីលធម៌ ដូចទេវតាទាំងនោះ គឺកាត់រករួមបវេណីផ្ទុយពីធម្មជាតិ។ ពួកគេបានទទួលទណ្ឌកម្ម នៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច ទុកជាការព្រមានដល់អ្នកឯទៀតៗ។ 8 ពួកទាំងនេះក៏ប្រព្រឹត្ដដូច្នោះដែរ គំនិតរវើរវាយរបស់គេ បានធ្វើអោយរូបកាយខ្លួនទៅជាសៅហ្មង គេមើលងាយអំណាចរបស់ព្រះអម្ចាស់ និង ជេរប្រមាថពួកទេវតាដែលប្រកបដោយសិរីរុងរឿង។ 9 នៅពេលមហាទេវតាមីកែលប្រកែកជាមួយនឹងមារ តវ៉ាអំពីសពរបស់លោកម៉ូសេនោះ លោកក៏ពុំហ៊ានដាក់ទោសវា ដោយជេរប្រមាថឡើយ គឺលោកគ្រាន់តែពោលថា«សូមព្រះអម្ចាស់ដាក់ទោសឯង!»។ 10 រីឯអ្នកទាំងនោះវិញ គេនាំគ្នាជេរប្រមាថអ្វីៗដែលខ្លួនពុំស្គាល់ហើយអ្វីៗដែលគេស្គាល់តាមសភាវគតិដូចសត្វតិរច្ឆាន បណ្ដាលអោយតែខ្លួនគេត្រូវវិនាសប៉ុណ្ណោះ។ 11 អ្នកទាំងនោះត្រូវវេទនាជាពុំខាន ដ្បិតគេបានដើរតាមផ្លូវរបស់លោកកាអ៊ីន។ ពួកគេបានបណ្ដោយខ្លួនអោយវង្វេង ដូចលោកបាឡាម ព្រោះតែចង់បានប្រាក់ ពួកគេក៏វិនាសអន្ដរាយ ព្រោះតែការបះបោរ ដូចលោកកូរេដែរ។ 12 នៅពេលដែលបងប្អូនបរិភោគអាហាររួមគ្នាដោយចិត្ដស្រឡាញ់ អ្នកទាំងនោះបានធ្វើអោយមានល្អក់កករ គឺគេនាំគ្នាស៊ីផឹកបំពេញក្រពះ ឥតអៀនខ្មាសទាល់តែសោះ។ ពួកគេប្រៀបបានទៅនឹងពពកឥតមានភ្លៀង ដែលរសាត់តាមខ្យល់ ប្រៀបបាននឹងដើមឈើគ្មានផ្លែក្នុងរដូវផ្លែ ហើយជាដើមឈើរលើងឫស ដែលងាប់ពីរដងទៅហើយ 13 ពួកគេប្រៀបបីដូចជារលកសមុទ្រដ៏កំណាចបក់បោកបែកពពុះ គួរអោយអៀនខ្លួន។ ពួកគេប្រៀបបានទៅនឹងផ្កាយវង្វេងទិស ដែលព្រះជាម្ចាស់បំរុងទុកអោយស្ថិតនៅក្នុងទីងងឹតសូន្យសុងអស់កល្បជានិច្ច! 14 លោកហេណុក ដែលជាបុព្វបុរសតំណទីប្រាំពីរក្រោយលោកអដាំ បានថ្លែងទុកអំពីអ្នកទាំងនោះដូចតទៅ៖«មើល! ព្រះអម្ចាស់យាងមកជាមួយប្រជាជនដ៏វិសុទ្ធ របស់ព្រះអង្គ ដែលមានចំនួនដ៏ច្រើនអនេកអនន្ដ 15 ដើម្បីវិនិច្ឆ័យទោសមនុស្សទួទៅ និង បង្ហាញអោយមនុស្សទាំងអស់ដែលមិនគោរពប្រណិប័តន៍ព្រះជាម្ចាស់ ដឹងកំហុសរបស់ខ្លួន ហើយអោយអ្នកបាបទាំងនោះដឹងអំពីពាក្យសំដីទាំងប៉ុន្មាន ដែលគេបានពោលប្រឆាំងនឹងព្រះអង្គ»។ 16 ពួកគេជាមនុស្សរអ៊ូរទាំមិនដែលសប្បាយចិត្ដសោះ គេប្រព្រឹត្ដតាមចិត្ដលោភលន់របស់ខ្លួន។ ពាក្យសំដីរបស់គេចេញមកសុទ្ធតែជាពាក្យអួតដ៏សម្បើម ហើយគេតែងតែបញ្ចើចបញ្ចើអ្នកដទៃ ដើម្បីរកប្រយោជន៍ផ្ទាល់ខ្លួន។ 17 ចំពោះបងប្អូនវិញ បងប្អូនជាទីស្រឡាញ់អើយ ចូរនឹកចាំសេចក្ដីប្រៀនប្រដៅដែលក្រុមសាវ័ក របស់ព្រះយេស៊ូគ្រិស្ដ ជាអម្ចាស់នៃយើងបានប្រាប់បងប្អូនកាលពីមុន។ 18 លោកទាំងនោះមានប្រសាសន៍ប្រាប់បងប្អូនថា «នៅគ្រាចុងក្រោយបំផុត នឹងមានពួកអ្នកចំអកមើលងាយ ពួកគេជាមនុស្សមិនគោរពប្រណិប័តន៍ព្រះជាម្ចាស់ ហើយប្រព្រឹត្ដតាមចិត្ដលោភលន់របស់ខ្លួន»។ 19 អ្នកទាំងនោះជាមេបង្កអោយមានការបាក់បែកគ្នា ជាមនុស្សដែលមានគំនិតលោកីយ៍ ហើយគ្មានព្រះវិញ្ញាណគង់ជាមួយទេ។ 20 រីឯបងប្អូនវិញ បងប្អូនជាទីស្រឡាញ់អើយ ចូរកសាងគ្នាទៅវិញទៅមក លើជំនឿដ៏វិសុទ្ធបំផុតរបស់បងប្អូន ចូរអធិស្ឋានតាមព្រះវិញ្ញាណដ៏វិសុទ្ធ។ 21 ចូរស្ថិតនៅជាប់នឹងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ទាំងទន្ទឹងរង់ចាំព្រះហឫទ័យមេត្ដាករុណារបស់ព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់នៃយើង ដើម្បីទទួលជីវិតអស់កល្បជានិច្ចផង។ 22 ត្រូវមេត្ដាករុណាដល់បងប្អូនណាដែលមានចិត្ដស្ទាក់ស្ទើរ 23 ត្រូវសង្គ្រោះគេ ដោយអូសទាញគេអោយរួចផុតពីភ្លើង។ ចំពោះអ្នកឯទៀតៗវិញ ត្រូវមេត្ដាករុណាដល់គេដែរ តែត្រូវភ័យខ្លាច គឺសូម្បីតែអាវដែលប៉ះនឹងរូបកាយគេ ក៏សៅហ្មងដែរ កុំប៉ះពាល់អោយសោះ។ 24 ព្រះជាម្ចាស់អាចការពារបងប្អូន មិនអោយមានកំហុស ព្រមទាំងអោយឈរនៅមុខសិរីរុងរឿងរបស់ព្រះអង្គ ឥតសៅហ្មង និង មានអំណរសប្បាយទៀតផង។ 25 មានព្រះជាម្ចាស់តែមួយព្រះអង្គទេ ដែលជាព្រះសង្គ្រោះយើង ដោយសារព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់នៃយើង។ សូមលើកតម្កើងសិរីរុងរឿង បារមីឧត្ដុង្គឧត្ដម ព្រះចេស្ដា និង អំណាចដែលទ្រង់មានតាំងពីមុនកាលសម័យទាំងអស់ ហើយទ្រង់ក៏មាននៅពេលនេះ និង អស់កល្បតរៀងទៅ។ អាម៉ែន!។

វិវរណៈ 1

1 នេះជាហេតុការណ៍ដែលព្រះយេស៊ូគ្រិស្ដបានសំដែងអោយឃើញ គឺព្រះជាម្ចាស់ប្រទានអោយព្រះអង្គបង្ហាញព្រឹត្ដិការណ៍ដែលត្រូវតែកើតមានក្នុងពេលឆាប់ៗខាងមុខនេះ អោយពួកអ្នកបំរើរបស់ព្រះអង្គដឹង។ ព្រះយេស៊ូបានចាត់ទេវតា របស់ព្រះអង្គ អោយមកប្រាប់លោកយ៉ូហានជាអ្នកបំរើរបស់ព្រះអង្គ 2 លោកយ៉ូហានបានធ្វើជាបន្ទាល់ អំពីហេតុការណ៍ទាំងប៉ុន្មាន ដែលលោកបានឃើញ គឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ និង ជាសក្ខីភាពរបស់ព្រះយេស៊ូគ្រិស្ដ។ 3 អ្នកណាអានសៀវភៅនេះ អ្នកនោះមានសុភមង្គល ហើយ! អស់អ្នកដែលស្ដាប់ពាក្យលោកថ្លែងក្នុងនាមព្រះជាម្ចាស់ ហើយប្រតិបត្ដិតាមសេចក្ដីទាំងប៉ុន្មានដែលមានចែងទុកមកនេះ ក៏មានសុភមង្គលដែរ! ដ្បិតពេលកំណត់ ជិតមកដល់ហើយ។ 4 ខ្ញុំ យ៉ូហាន សូមជំរាបមកក្រុមជំនុំ ទាំងប្រាំពីរ នៅស្រុកអាស៊ី។ សូមព្រះអង្គដែលមានព្រះជន្មគង់នៅសព្វថ្ងៃ គង់នៅពីអតីតកាល ហើយកំពុងតែយាងមក ប្រទានព្រះគុណ និង សេចក្ដីសុខសាន្ដដល់បងប្អូន។ សូមព្រះវិញ្ញាណទាំងប្រាំពីរ ដែលស្ថិតនៅមុខបល្ល័ង្ករបស់ព្រះជាម្ចាស់ 5 និង ព្រះយេស៊ូគ្រិស្ដប្រណីសន្ដោស ព្រមទាំងប្រទានសេចក្ដីសុខសាន្ដ ដល់បងប្អូនដែរ! ព្រះយេស៊ូជាបន្ទាល់ដ៏ស្មោះត្រង់ ព្រះអង្គមានព្រះជន្មរស់ឡើងវិញមុនគេបង្អស់ ហើយព្រះអង្គជាអធិបតីលើស្ដេចទាំងអស់នៅផែនដី។ ព្រះអង្គមានព្រះហឫទ័យស្រឡាញ់យើង និង បានរំដោះយើងអោយរួចពីបាប ដោយសារព្រះលោហិតរបស់ព្រះអង្គផ្ទាល់។ 6 ព្រះអង្គបានធ្វើអោយយើងទៅជារាជាណាចក្រ និង ជាក្រុមបូជាចារ្យ បំរើព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះអង្គ។ សូមលើកតម្កើងសិរីរុងរឿង និង ព្រះចេស្ដារបស់ព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន!។ 7 មើល៍! ព្រះអង្គយាងមកនៅកណ្ដាលពពក ។ មនុស្សទាំងអស់នឹងឃើញព្រះអង្គ សូម្បីតែអស់អ្នកដែលបានចាក់ទម្លុះព្រះអង្គ ក៏នឹងឃើញព្រះអង្គដែរ។ កុលសម្ព័ន្ធទាំងប៉ុន្មាននៅលើផែនដីនឹងត្រូវសោកសៅព្រោះតែព្រះអង្គ។ មែន! ពិតជាកើតមានដូច្នេះមែន! អាម៉ែន!។ 8 ព្រះជាអម្ចាស់ដែលមានព្រះជន្មគង់នៅសព្វថ្ងៃ គង់នៅពីដើម ហើយកំពុងតែយាងមក គឺព្រះដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់ ទ្រង់មានព្រះបន្ទូលថា៖ «យើងជាអាល់ផា និង ជាអូមេកា»។ 9 ខ្ញុំ យ៉ូហាន ជាបងប្អូនរបស់អ្នករាល់គ្នា។ ខ្ញុំរងទុក្ខលំបាក ទទួលព្រះរាជ្យ និង ព្យាយាមរួមជាមួយបងប្អូនក្នុងអង្គព្រះយេស៊ូដែរ។ គេបាននិរទេសខ្ញុំទៅកោះមួយឈ្មោះប៉ាតម៉ូស ព្រោះតែព្រះបន្ទូលរបស់ព្រះជាម្ចាស់ និង សក្ខីភាពរបស់ព្រះយេស៊ូ។ 10 នៅថ្ងៃរបស់ព្រះអម្ចាស់ ព្រះវិញ្ញាណបានធ្វើអោយខ្ញុំលង់ស្មារតី ហើយខ្ញុំក៏ឮសំឡេងមួយនៅខាងក្រោយខ្ញុំ លាន់រំពងឡើងយ៉ាងខ្លាំង ដូចសំឡេងត្រែ 11 សំឡេងនោះប្រាប់ថា«អ្វីៗដែលអ្នកបានឃើញ ត្រូវសរសេរទុកក្នុងសៀវភៅមួយ រួចផ្ញើទៅជូនក្រុមជំនុំទាំងប្រាំពីរនៅក្រុងអេភេសូក្រុងស្មៀរណាក្រុងពើកាម៉ុស ក្រុងធាទេរ៉ាក្រុងសើដេស ក្រុងភីឡាដិលភា និង ក្រុងឡៅឌីសេ»។ 12 ខ្ញុំក៏ងាកទៅរកសំឡេង ដែលពោលមកកាន់ខ្ញុំពេលនោះ ខ្ញុំឃើញជើងចង្កៀងមាសប្រាំពីរ។ 13 នៅកណ្ដាលជើងចង្កៀងទាំងនោះ មានម្នាក់រាងដូចបុត្រមនុស្ស ពាក់អាវបំពង់យ៉ាងវែង ហើយមានខ្សែក្រវាត់មាស នៅដើមទ្រូងផង។ 14 សក់ លោកសក្បុស ដូចកប្បាស និង ដូចសំឡី ភ្នែកលោកភ្លឺដូចអណ្ដាតភ្លើង 15 ជើងលោករលើបដូចលង្ហិនដែលគេដុតក្នុងភ្លើង ហើយសំឡេងលោកឮសូរសន្ធឹកដូចមហាសាគរ។ 16 លោកកាន់ផ្កាយប្រាំពីរនៅដៃស្ដំា មានដាវដ៏ស្រួចមុខពីរចេញពីមាត់របស់លោក ហើយមុខលោកប្រៀបបីដូចជាថ្ងៃពេញកំដៅ។ 17 ពេលខ្ញុំឃើញលោកខ្ញុំដួលសន្លប់បាត់ស្មារតីនៅទៀបជើងលោក។ លោកដាក់ដៃស្ដំាលើខ្ញុំ ទាំងពោលថាៈ «កុំខ្លាចអី! គឺយើងនេះហើយដែលនៅមុនគេ និង នៅក្រោយគេបំផុត 18 យើងបានស្លាប់ តែឥឡូវនេះ យើងមានជីវិតរស់អស់កល្បជាអង្វែងតរៀងទៅ។ យើងមានអំណាចលើសេចក្ដីស្លាប់ និង លើស្ថានមច្ចុរាជ។ 19 ដូច្នេះ ចូរកត់ត្រាទុក នូវហេតុការណ៍ទាំងប៉ុន្មានដែលអ្នកបានឃើញ គឺហេតុការណ៍ដែលកំពុងតែកើតមាននៅពេលនេះ និង ពេលខាងមុខ។ 20 ចំពោះអត្ថន័យលាក់កំបាំង អំពីផ្កាយទាំងប្រាំពីរដែលអ្នកឃើញយើងកាន់នៅដៃ និង ជើងចង្កៀងមាសទាំងប្រាំពីរនេះមានដូចតទៅៈ ផ្កាយទាំងប្រាំពីរគឺជាទេវតារបស់ក្រុមជំនុំ ទាំងប្រាំពីរ ហើយជើងចង្កៀងទាំងប្រាំពីរ គឺជាក្រុមជំនុំទាំងប្រាំពីរនោះឯង»។

វិវរណៈ 2

1 «ចូរសរសេរទៅកាន់ទេវតា របស់ក្រុមជំនុំនៅក្រុងអេភេសូ ដូចតទៅ៖ ព្រះអង្គដែលកាន់ផ្កាយទាំងប្រាំពីរនៅព្រះហស្ដស្ដំា ហើយដែលយាងនៅកណ្ដាលជើងចង្កៀងមាសទាំងប្រាំពីរ ទ្រង់មានព្រះបន្ទូលថាៈ 2 "យើងស្គាល់កិច្ចការដែលអ្នកប្រព្រឹត្ដ ហើយក៏ស្គាល់ការនឿយហត់ និង ការព្យាយាមរបស់អ្នកដែរ។ យើងដឹងហើយថា អ្នកមិនអាចទ្រំាទ្រនឹងមនុស្សអាក្រក់បានឡើយ អ្នកបានល្បងលមើលពួកដែលតាំងខ្លួនជាសាវ័ក ហើយឃើញថាពួកនោះមិនមែនជាសាវ័កទេ គឺជាអ្នកកុហក។ 3 អ្នកមានចិត្ដព្យាយាម អ្នកបានរងទុក្ខលំបាក ព្រោះតែនាមយើងឥតបាក់ទឹកចិត្ដសោះឡើយ។ 4 ក៏ប៉ុន្ដែ យើងប្រកាន់អ្នកត្រង់កន្លែងមួយ គឺអ្នកលែងមានចិត្ដស្រឡាញ់ ដូចអ្នកមាន កាលពីដើមដំបូង។ 5 ដូច្នេះ ចូរនឹកគិតឡើងវិញថា តើអ្នកបានធ្លាក់ចុះពីណាមក ចូរកែប្រែចិត្ដគំនិត ហើយប្រព្រឹត្ដអំពើដែលអ្នកធ្លាប់ប្រព្រឹត្ដ កាលពីដើមនោះឡើងវិញ។ បើពុំនោះទេ យើងនឹងមករកអ្នកហើយបើអ្នកមិនកែប្រែចិត្ដគំនិតទេនោះ យើងនឹងយកជើងចង្កៀងរបស់អ្នកចេញពីកន្លែងវាជាមិនខាន។ 6 ក៏ប៉ុន្ដែ យើងសរសើរអ្នកត្រង់កន្លែងមួយគឺអ្នកស្អប់អំពើដែលពួកនីកូឡាស ប្រព្រឹត្ដ យើងក៏ស្អប់អំពើទាំងនោះដែរ។ 7 ចូរផ្ទៀងត្រចៀកស្ដាប់សសេចក្ដី ដែលព្រះវិញ្ញាណមានព្រះបន្ទូលមកកាន់ក្រុមជំនុំ ទាំងនេះអោយមែនទែន!។ អ្នកណាមានជ័យជំនះ យើងនឹងអោយអ្នកនោះបរិភោគផ្លែឈើ ដែលបេះពីដើមនៃជីវិត នៅក្នុងសួនឧទ្យាន របស់ព្រះជាម្ចាស់"»។ 8 «ចូរសរសេរទៅកាន់ទេវតា របស់ក្រុមជំនុំ នៅក្រុងស្មៀរណាដូចតទៅនេះ៖ ព្រះអង្គដែលគង់នៅមុនគេ និង នៅក្រោយគេបំផុតគឺព្រះអង្គដែលបានសោយទិវង្គត និង មានព្រះជន្មរស់ឡើងវិញ ទ្រង់មានព្រះបន្ទូលថាៈ 9 "យើងស្គាល់ទុក្ខវេទនារបស់អ្នកហើយ និង ដឹងថាអ្នកកំសត់ទុគ៌ត តែតាមពិតអ្នកជាអ្នកមាន។ យើងក៏ដឹងទៀតថា អស់អ្នកដែលតាំងខ្លួនជាសាសន៍យូដា បានប្រមាថមាក់ងាយអ្នកតែអ្នកទាំងនោះមិនមែនជាសាសន៍យូដាទេ គឺជាទីប្រជុំរបស់មារ សាតាំង។ 10 កុំខ្លាចទុក្ខលំបាកដែលអ្នកត្រូវជួបប្រទះនោះឡើយ។ តោងដឹងថា មារ នឹងចាប់អ្នកខ្លះ ក្នុងចំណោមអ្នករាល់គ្នា យកទៅឃុំឃំាង ដើម្បីល្បងលមើលអ្នករាល់គ្នា ហើយអ្នកត្រូវរងទុក្ខវេទនាអស់រយៈពេលដប់ថ្ងៃ។ ចូរមានចិត្ដស្មោះត្រង់រហូតដល់ស្លាប់ នោះយើងនឹងប្រគល់ជីវិតមកអ្នក ទុកជាមកុដ។ 11 ចូរផ្ទៀងត្រចៀកស្ដាប់សេចក្ដី ដែលព្រះវិញ្ញាណមានព្រះបន្ទូលមកកាន់ក្រុមជំនុំទាំងនេះអោយមែនទែន!។ អ្នកណាមានជ័យជំនះ សេចក្ដីស្លាប់ទីពីរពុំអាចមកយាយីអ្នកនោះបានឡើយ"»។ 12 «ចូរសរសេរទៅកាន់ទេវតា របស់ក្រុម នៅក្រុងពើកាម៉ុសដូចតទៅនេះ៖ ព្រះអង្គដែលមានដាវដ៏ស្រួចមុខពីរ ទ្រង់មានព្រះបន្ទូលថាៈ 13 "យើងស្គាល់កន្លែងអ្នករស់នៅហើយ គឺអ្នកស្ថិតនៅត្រង់កន្លែងដែលមានបល្ល័ង្ករបស់មារ សាតាំង។ អ្នកនៅតែមានចិត្ដស្មោះស្ម័គ្រនឹងយើងជានិច្ច សូម្បីតែនៅគ្រាដែលគេសម្លាប់អាន់ទីប៉ាស ជាបន្ទាល់ដ៏ស្មោះត្រង់របស់យើង ក៏អ្នកពុំបានលះបង់ចោលជំនឿរបស់អ្នក ចំពោះយើងដែរ។ គេបានសម្លាប់គាត់ក្នុងក្រុងរបស់អ្នករាល់គ្នា គឺនៅកន្លែងដែលមារសាតាំងនៅ។ 14 ក៏ប៉ុន្ដែ យើងប្រកាន់អ្នកត្រង់ចំណុចខ្លះៗព្រោះក្នុងចំណោមអ្នក មានអ្នកខ្លះកាន់តាមសេចក្ដីបង្រៀនរបស់បាឡាម។ បាឡាមនេះបានបង្រៀនបាឡាក់ អោយប្រើកលល្បិច ទាក់ទាញជនជាតិអ៊ីស្រាអែល អោយបរិភោគសាច់ដែលគេសែនព្រះក្លែងក្លាយ និង អោយប្រាសចាកសីលធម៌។ 15 រីឯអ្នកវិញក៏ដូច្នោះដែរ គឺក្នុងចំណោមអ្នក មានអ្នកខ្លះបានកាន់តាមសេចក្ដីបង្រៀនរបស់ពួកនីកូឡាសរបៀបនេះដូចគ្នា។ 16 ដូច្នេះ ចូរកែប្រែចិត្ដគំនិតឡើង បើពុំនោះទេ យើងនឹងមករកអ្នកក្នុងពេលឆាប់ៗខាងមុខ ហើយយកដាវដែលចេញពីមាត់យើង មកប្រយុទ្ធនឹងអ្នកទាំងនោះទៀតផង។ 17 ចូរផ្ទៀងត្រចៀកស្ដាប់សេចក្ដីដែលព្រះវិញ្ញាណមានព្រះបន្ទូលមកកាន់ក្រុមជំនុំ ទាំងនេះអោយមែនទែន!។ អ្នកណាមានជ័យជំនះ យើងនឹងអោយនំម៉ាណាដ៏លាក់កំបាំងទៅអ្នកនោះ ព្រមទាំងប្រគល់ក្រួសពណ៌សមួយដុំអោយដែរ នៅលើដុំក្រួសនោះ មានចារឹកឈ្មោះមួយថ្មី ដែលគ្មាននរណាម្នាក់ស្គាល់ឡើយ វៀរលែងតែអ្នកដែលបានទទួលនោះចេញ"»។ 18 «ចូរសរសេរទៅកាន់ទេវតារបស់ក្រុមជំនុំនៅក្រុងធាទេរ៉ា ដូចតទៅនេះ៖ ព្រះបុត្រារបស់ព្រះជាម្ចាស់ គឺព្រះអង្គដែលមានព្រះនេត្រភ្លឺដូចអណ្ដាតភ្លើង និង ព្រះបាទាដូចលង្ហិនទ្រង់មានព្រះបន្ទូលថាៈ 19 "យើងស្គាល់កិច្ចការដែលអ្នកប្រព្រឹត្ដនោះហើយ យើងដឹងថា អ្នកមានចិត្ដស្រឡាញ់មានជំនឿ ចេះបំរើអ្នកដទៃ មានចិត្ដព្យាយាម។ យើងដឹងទៀតថាអំពើដែលអ្នកប្រព្រឹត្ដថ្មីៗនេះ មានចំនួនច្រើនលើសមុនទៅទៀត។ 20 ក៏ប៉ុន្ដែ យើងប្រកាន់អ្នកត្រង់កន្លែងមួយ គឺអ្នកបណ្ដោយអោយនាងយេសិបិល ជាស្រីដែលតាំងខ្លួនជាព្យាការិនី បង្រៀន និង បញ្ឆោតពួកអ្នកបំរើរបស់យើងអោយវង្វេង អោយប្រាសចាកសីលធម៌ និង បរិភោគសាច់ដែលគេបានសែនព្រះក្លែងក្លាយ។ 21 យើងបានទុកពេលអោយស្ដ្រីនោះកែប្រែចិត្ដគំនិត តែនាងពុំព្រមកែប្រែចិត្ដគំនិតឡើយ នាងនៅតែប្រព្រឹត្ដអំពើប្រាសចាកសីលធម៌ដដែល។ 22 ហេតុនេះ យើងនឹងធ្វើអោយនាងឈឺដេកលើគ្រែយ៉ាងសែនវេទនា ហើយធ្វើអោយពួកអ្នកដែលរួមផិតក្បត់ជាមួយនាង វេទនាដូចគ្នាដែរ លើកលែងតែគេកែប្រែចិត្ដឈប់ប្រព្រឹត្ដអំពើនោះជាមួយនាងទៀត។ 23 យើងនឹងប្រហារជីវិតកូនចៅរបស់នាង ហើយពេលនោះក្រុមជំនុំទាំងអស់នឹងដឹងថា យើងឈ្វេងយល់ចិត្ដថ្លើមរបស់មនុស្ស ហើយយើងផ្ដល់អោយអ្នករាល់គ្នាទទួលផលម្នាក់ៗតាមអំពើដែលខ្លួនបានប្រព្រឹត្ដ។ 24 ចំពោះអ្នកមួយចំនួនទៀតក្នុងចំណោមអ្នករាល់គ្នា នៅក្រុងធាទេរ៉ាដែលពុំបានជំពាក់ចិត្ដនឹងលទ្ធិនោះ ហើយក៏ពុំបានស្គាល់ "សេចក្ដីជ្រៅជ្រះរបស់មារសាតាំង" ដូចពាក្យគេនិយាយ យើងសុំប្រាប់អ្នករាល់គ្នាថា យើងនឹងមិនដាក់បន្ទុកអ្វីលើអ្នករាល់គ្នាទៀតទេ 25 គឺគ្រាន់តែកាន់តាមអ្វីៗដែលអ្នករាល់គ្នាមានអោយខ្ជាប់ខ្ជួន រហូតដល់ពេលយើងមកដល់ប៉ុណ្ណោះបានហើយ។ 26 អ្នកណាមានជ័យជំនះ ហើយបំពេញកិច្ចការរបស់យើងរហូតដល់ចុងបញ្ចប់ យើងនឹងអោយអ្នកនោះមានអំណាចគ្រប់គ្រងលើប្រជាជាតិនានា 27 គេនឹងដឹកនាំ ប្រជាជាតិទាំងនោះ ដោយដំបងដែកដូចគេកំទេចភាជន៍ធ្វើពីដីឥដ្ឋ។ 28 អ្នកនោះមានអំណាច ដូចអំណាច ដែលយើងបានទទួលពីព្រះបិតារបស់យើងហើយយើងនឹងប្រគល់ផ្កាយព្រឹកអោយអ្នកនោះ។ 29 ចូរផ្ទៀងត្រចៀកស្ដាប់សេចក្ដីដែលព្រះវិញ្ញាណមានព្រះបន្ទូលមកកាន់ក្រុមជំនុំទាំងនេះ អោយមែនទែន!"»។

វិវរណៈ 3

1 «ចូរសរសេរទៅកាន់ទេវតា របស់ក្រុមជំនុំនៅក្រុងសើដេស ដូចតទៅនេះ៖ ព្រះអង្គដែលមានព្រះវិញ្ញាណ ទាំងប្រាំពីររបស់ព្រះជាម្ចាស់ និង មានផ្កាយទាំងប្រាំពីរ ទ្រង់មានព្រះបន្ទូលថាៈ"យើងស្គាល់កិច្ចការដែលអ្នកប្រព្រឹត្ដនោះ ហើយអ្នកមានឈ្មោះល្បីថារស់ តែតាមពិត អ្នកស្លាប់ទេតើ!។ 2 ចូរភ្ញាក់ស្មារតី! ចូរពង្រឹងអ្វីៗ ដែលនៅសល់ ហើយហៀបនឹងស្លាប់នោះអោយមំាមួនឡើង ដ្បិតយើងឃើញថា អំពើដែលអ្នកបានប្រព្រឹត្ដ មិនគ្រប់លក្ខណៈនៅ ចំពោះ ព្រះភ័ក្ដ្រព្រះជាម្ចាស់របស់យើងទេ។ 3 ដូច្នេះ ចូរនឹកគិតអំពីរបៀបដែលអ្នកបានទទួល និង បានឮព្រះបន្ទូល ហើយប្រតិបត្ដិតាម រួចកែប្រែចិត្ដគំនិតទៅ។ ប្រសិនបើអ្នកមិនភ្ញាក់ស្មារតីទេ យើងនឹងមកដូចចោរចូលលួចគឺអ្នកពុំដឹងថា យើងនឹងមកដល់ថ្មើរណាឡើយ។ 4 ក៏ប៉ុន្ដែ នៅក្រុងសើដេសនេះ មានអ្នកខ្លះក្នុងចំណោមអ្នក ពុំបានធ្វើអោយសម្លៀកបំពាក់ខ្លួនប្រឡាក់ទេគឺគេនឹងដើរជាមួយយើង ដោយមានសម្លៀកបំពាក់ពណ៌ស ព្រោះគេសមនឹងស្លៀកពាក់បែបនេះ។ 5 ហេតុនេះ អ្នកណាមានជ័យជំនះ អ្នកនោះនឹងមានសម្លៀកបំពាក់ពណ៌ស យើងនឹងមិនលុបឈ្មោះគេចេញពីក្រាំងជីវិតឡើយ ហើយយើងនឹងទទួលស្គាល់ឈ្មោះអ្នកនោះ នៅចំពោះព្រះភ័ក្ដ្រព្រះបិតារបស់យើង និង នៅចំពោះមុខពួកទេវតារបស់ព្រះអង្គ។ 6 ចូរផ្ទៀងត្រចៀកស្ដាប់សេចក្ដីដែលព្រះវិញ្ញាណមានព្រះបន្ទូលមកកាន់ក្រុមជំនុំទាំងនេះអោយមែនទែន!"»។ 7 «ចូរសរសេរទៅកាន់ទេវតារបស់ក្រុមជំនុំ នៅក្រុងភីឡាដិលភាដូចតទៅនេះ៖ ព្រះដ៏វិសុទ្ធ ព្រះដ៏ពិតប្រាកដ ព្រះអង្គដែលកាន់កូនសោរបស់ស្ដេចដាវីឌ បើព្រះអង្គបើក គ្មាននរណាបិទបាន បើព្រះអង្គបិទ គ្មាននរណាបើកបាន ទ្រង់មានព្រះបន្ទូលថាៈ 8 "យើងស្គាល់កិច្ចការដែលអ្នកប្រព្រឹត្ដនោះហើយ មើល៍! យើងបានបើកទ្វារចំហនៅមុខអ្នកហើយ គ្មាននរណាអាចបិទបានទេ។ អ្នកមានអំណាចតិចមែន តែអ្នកបានប្រតិបត្ដិតាមពាក្យយើង ហើយមិនបានបដិសេធថា មិនស្គាល់ឈ្មោះយើងផង។ 9 យើងនឹងប្រគល់អ្នកខ្លះពីសាលាប្រជុំរបស់មារ សាតាំងមកអោយអ្នក។ ពួកគេថាខ្លួនជាសាសន៍យូដា តាមពិតគេមិនមែនជាសាសន៍យូដាទេ គឺគេនិយាយកុហក។ យើងនឹងអោយអ្នកទាំងនោះ មកក្រាបនៅទៀបជើងអ្នក ព្រមទាំងទទួលស្គាល់ថា យើងពិតជាបានស្រឡាញ់អ្នកមែន។ 10 ដោយអ្នកបានព្យាយាមប្រតិបត្ដិតាមពាក្យយើង យើងក៏រក្សាអ្នកអោយរួចផុតពីគ្រាលំបាកដែលនឹងកើតមានក្នុងពិភពលោកទាំងមូល ដើម្បីល្បងលមើលមនុស្សនៅលើផែនដីដែរ។ 11 យើងនឹងមកដល់ក្នុងពេលឆាប់ៗអ្វីៗដែលអ្នកមានចូរកាន់អោយបានខ្ជាប់ខ្ជួន ដើម្បីកុំអោយនរណាដណ្ដើមយកមកុដរបស់អ្នកបាន។ 12 អ្នកណាមានជ័យជំនះ យើងតាំងអ្នកនោះអោយធ្វើជាសសរមួយ នៅក្នុងព្រះវិហារ នៃព្រះរបស់យើងហើយគេនឹងមិនចាកចេញពីព្រះវិហារនេះទៀតឡើយ។ យើងនឹងចារឹកព្រះនាមនៃព្រះរបស់យើង និង ឈ្មោះក្រុងនៃព្រះរបស់យើងលើអ្នកនោះ គឺក្រុងយេរូសាឡឹមថ្មីដែលចុះពីស្ថានបរមសុខ ចុះមកពីព្រះរបស់យើង។ យើងក៏នឹងចារឹកនាមថ្មីរបស់យើង លើអ្នកនោះដែរ។ 13 ចូរផ្ទៀងត្រចៀកស្ដាប់សេចក្ដីដែលព្រះវិញ្ញាណមានព្រះបន្ទូលមកកាន់ក្រុមជំនុំទាំងនេះអោយមែនទែន!"»។ 14 «ចូរសរសេរទៅកាន់ទេវតារបស់ក្រុមជំនុំ នៅក្រុងឡៅឌីសេ ដូចតទៅនេះ៖ ព្រះអាម៉ែន ជាបន្ទាល់ដ៏ស្មោះត្រង់ និង ពិតប្រាកដ ហើយជាដើមកំណើតនៃអ្វីៗទាំងអស់ដែលព្រះជាម្ចាស់បានបង្កើតមក ទ្រង់មានព្រះបន្ទូលថាៈ 15 "យើងស្គាល់កិច្ចការដែលអ្នកប្រព្រឹត្ដនោះហើយ គឺអ្នកត្រជាក់ក៏មិនត្រជាក់ ក្ដៅក៏មិនក្ដៅ។ ប្រសិនបើអ្នកពិតជាត្រជាក់ ឬ ពិតជាក្ដៅ នោះប្រសើរជាង! 16 ដោយអ្នកនៅឧណ្ហៗ ត្រជាក់ក៏មិនត្រជាក់ ក្ដៅក៏មិនក្ដៅដូច្នេះ យើងនឹងខ្ជាក់អ្នកចោលជាមិនខាន 17 ព្រោះអ្នកពោលថា"ខ្ញុំជាអ្នកមានខ្ញុំមានស្ដុកស្ដម្ភហើយ ខ្ញុំមិនត្រូវការអ្វីទេ"អ្នកពុំដឹងថាខ្លួនកំពុងតែវេទនារហេមរហាមក្រតោកយ៉ាក ខ្វាក់ភ្នែក គ្មានសម្លៀកបំពាក់បិទបាំងកាយនោះឡើយ។ 18 យើងសុំទូន្មានអ្នកអោយមករកទិញមាសពីយើង ជាមាសដែលសម្រាំងនៅក្នុងភ្លើងដើម្បីអោយបានទៅជាអ្នកមាន ហើយទិញសម្លៀកបំពាក់ពណ៌ស មកស្លៀកពាក់បិទបាំងកេរ្ដិ៍ខ្មាសរបស់អ្នកកុំអោយនៅខ្លួនទទេដូច្នេះ។ ចូរមករកទិញថ្នាំដាក់ភ្នែកពីយើងផងដែរ ដើម្បីអោយអ្នកមើលឃើញច្បាស់។ 19 យើងស្ដីបន្ទោស និង ប្រដែប្រដៅអស់អ្នកដែលយើងស្រឡាញ់។ ដូច្នេះ ចូរមានចិត្ដក្លាហានហើយកែប្រែចិត្ដគំនិតឡើង!។ 20 មើល៍ យើងឈរនៅមាត់ទ្វារ ទាំងគោះទ្វារទៀតផង ប្រសិនបើមានអ្នកណាម្នាក់ឮសំឡេងយើង ហើយបើកទ្វារអោយ យើងនឹងចូលទៅក្នុងផ្ទះអ្នកនោះ យើងនឹងបរិភោគរួមជាមួយអ្នកនោះ ហើយអ្នកនោះក៏នឹងបរិភោគរួមជាមួយយើងដែរ។ 21 អ្នកណាមានជ័យជំនះ យើងនឹងអោយអង្គុយនៅលើបល្ល័ង្ករួមជាមួយយើងដូចយើងមានជ័យជំនះ ហើយអង្គុយនៅលើបល្ល័ង្ករួមជាមួយព្រះបិតារបស់យើងដែរ»។ 22 ចូរផ្ទៀងត្រចៀកស្ដាប់សេចក្ដីដែលព្រះវិញ្ញាណមានព្រះបន្ទូលមកកាន់ក្រុមជំនុំទាំងនេះអោយមែនទែន!"»។

វិវរណៈ 4

1 បន្ទាប់មក ខ្ញុំឃើញទ្វារមួយបើកចំហនៅស្ថានបរមសុខ ហើយសំឡេងដែលខ្ញុំបានឮកាលពីមុនដូចស្នូរត្រែ បន្លឺមកកាន់ខ្ញុំថាៈ «សូមឡើងមកនេះ! យើងនឹងបង្ហាញអោយអ្នកឃើញហេតុការណ៍ដែលត្រូវកើតមាន នៅពេលខាងមុខ»។ 2 រំពេចនោះ ព្រះវិញ្ញាណបានធ្វើអោយខ្ញុំលង់ស្មារតី។ ខ្ញុំឃើញបល្ល័ង្កមួយនៅស្ថានបរមសុខ ហើយមានព្រះមួយអង្គ គង់នៅលើបល្ល័ង្កនោះ។ 3 ព្រះអង្គដែលគង់នៅលើបល្ល័ង្ក មើលទៅដូចជាត្បូងមណីជោតិរស និង ត្បូងទទឹម ហើយមានឆព្វណ្ណរង្សី ភ្លឺដូចកែវមរកត ព័ទ្ធជុំវិញបល្ល័ង្កនោះដែរ។ 4 នៅជុំវិញបល្ល័ង្កមានបល្ល័ង្កម្ភៃបួនទៀត ហើយមានព្រឹទ្ធាចារ្យ ម្ភៃបួនរូប អង្គុយនៅលើបល្ល័ង្កទាំងនោះ ស្លៀកពាក់ពណ៌ស និង ពាក់មកុដមាសផង។ 5 មានផ្លេកបន្ទោរ មានសំឡេង ព្រមទាំងផ្គរលាន់ចេញពីបល្ល័ង្កនោះមក។ នៅមុខបល្ល័ង្ក មានចង្កៀងប្រាំពីរកំពុងឆេះយ៉ាងភ្លឺ ចង្កៀងទាំងនោះ គឺជាព្រះវិញ្ញាណទាំងប្រាំពីររបស់ព្រះជាម្ចាស់។ 6 នៅមុខបល្ល័ង្ក មានដូចជាសមុទ្រ ភ្លឺថ្លាដូចកែវចរណៃ។ នៅចំកណ្ដាល និង នៅជុំវិញបល្ល័ង្កមានសត្វមានជីវិតបួនរូបដែលមានភ្នែកពេញខ្លួន ទាំងមុខទាំងក្រោយ។ 7 សត្វមានជីវិតទីមួយមានរូបរាងស្រដៀងនឹងសឹង្ហ សត្វមានជីវិតទីពីរស្រដៀងនឹងកូនគោ សត្វមានជីវិតទីបីមានមុខដូចមនុស្ស សត្វមានជីវិតទីបួនស្រដៀងនឹងឥន្ទ្រីដែលកំពុងតែហើរ។ 8 សត្វមានជីវិតទាំងបួននោះ មានស្លាបប្រាំមួយ ហើយមានភ្នែកពេញខ្លួន ទាំងខាងក្រៅ ទាំងខាងក្នុងរៀងៗខ្លួន។ គេចេះតែនាំគ្នាស្រែកឥតឈប់ឈរ ទាំងថ្ងៃទាំងយប់ថាៈ «ព្រះដ៏វិសុទ្ធ ព្រះដ៏វិសុទ្ធ ព្រះដ៏វិសុទ្ធ ព្រះជាអម្ចាស់ ទ្រង់មានព្រះចេស្ដាលើអ្វីៗទាំងអស់ ព្រះអង្គមានព្រះជន្មគង់នៅតាំងពីដើមរៀងមក ទ្រង់គង់នៅសព្វថ្ងៃ ហើយកំពុងតែយាងមក!»។ 9 ពេលណាសត្វមានជីវិតទាំងនោះលើកតម្កើងសិរីរុងរឿង ព្រះកិត្ដិនាម និង អរព្រះគុណព្រះអង្គដែលគង់នៅលើបល្ល័ង្ក គឺព្រះអង្គដែលមានព្រះជន្មគង់នៅអស់កល្បជាអង្វែងតរៀងទៅ។ 10 ព្រឹទ្ធាចារ្យទាំងម្ភៃបួនរូបនាំគ្នាក្រាបចុះនៅមុខព្រះអង្គដែលគង់នៅលើបល្ល័ង្ក ហើយថ្វាយបង្គំព្រះអង្គដែលមានព្រះជន្មគង់នៅអស់កល្បជាអង្វែងតរៀងទៅ ព្រមទាំងដោះមកុដរបស់ខ្លួនដាក់នៅមុខបល្ល័ង្កហើយពោលថាៈ 11 «បពិត្រព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំ ព្រះអង្គសមនឹងទទួលសិរីរុងរឿង ព្រះកិត្ដិនាម និង ឫទ្ធានុភាព ដ្បិតព្រះអង្គបានបង្កើតរបស់សព្វសារពើមក អ្វីៗទាំងអស់សុទ្ធតែកើតមាន ហើយនៅស្ថិតស្ថេរដោយសារព្រះហឫទ័យរបស់ព្រះអង្គ»។

វិវរណៈ 5

1 បន្ទាប់មក ខ្ញុំឃើញក្រាំងមួយនៅក្នុងព្រះហស្ដស្ដាំរបស់ព្រះអង្គដែលគង់នៅលើបល្ល័ង្កក្រាំងនោះមានសរសេរអក្សរ ទាំងខាងក្នុង ទាំងខាងក្រៅ ព្រមទាំងមានបោះត្រាប្រាំពីរបិទភ្ជាប់ពីលើផង។ 2 បន្ទាប់មកទៀត ខ្ញុំឃើញទេវតាដ៏ខ្លាំងពូកែមួយរូបប្រកាសយ៉ាងខ្លាំងថា៖ «តើនរណាមានឋានៈសមនឹងបកត្រាចេញ ហើយបើកក្រាំងនេះបាន?»។ 3 ប៉ុន្ដែ ទោះបីនៅស្ថានសួគ៌ក្ដី នៅលើផែនដី ឬ នៅក្រោមដីក្ដីគ្មាននរណាម្នាក់អាចបើកក្រាំង ឬ មើលក្រាំងនោះបានឡើយ។ 4 ពេលនោះ ខ្ញុំស្រែកយំយ៉ាងខ្លាំង ព្រោះគ្មាននរណាម្នាក់មានឋានៈសមនឹងបើកក្រាំង ឬ មើលក្រាំងនោះបានទេ។ 5 ស្រាប់តែមានព្រឹទ្ធាចារ្យមួយរូបមានប្រសាសន៍មកខ្ញុំថា៖ «កុំយំអី! មើលហ្ន៎ សឹង្ហដែលកើតនៅក្នុងកុលសម្ព័ន្ធយូដា ជាពន្លកដុះចេញពីស្ដេចដាវីឌ ព្រះអង្គមានជ័យជំនះអាចនឹងបកត្រាទាំងប្រាំពីរហើយបើកក្រាំងបាន»។ 6 បន្ទាប់មកខ្ញុំឃើញកូនចៀមមួយឈរនៅចំកណ្ដាលបល្ល័ង្ក នៅកណ្ដាលសត្វមានជីវិតទាំងបួន និង នៅកណ្ដាលពួកព្រឹទ្ធាចារ្យ។ កូនចៀម នោះមើលទៅ ដូចជាគេបានសម្លាប់ធ្វើយញ្ញបូជា រួចហើយ មានស្នែងប្រាំពីរ និង ភ្នែកប្រាំពីរ ជាព្រះវិញ្ញាណទាំងប្រាំពីររបស់ព្រះជាម្ចាស់ ដែលព្រះអង្គចាត់អោយយាងទៅពាសពេញលើផែនដី។ 7 កូនចៀមនោះបានយាងមកទទួលយកក្រាំងពីព្រះហស្ដស្ដំារបស់ព្រះអង្គដែលគង់នៅលើបល្ល័ង្ក។ 8 កាលកូនចៀមបានទទួលក្រាំងរួចហើយ សត្វមានជីវិតទាំងបួន និង ពួកព្រឹទ្ធាចារ្យទាំងម្ភៃបួននាក់នាំគ្នាក្រាបចុះនៅមុខកូនចៀម ម្នាក់ៗកាន់ពិណមួយ និង កាន់ពែងមាស ពេញទៅដោយគ្រឿងក្រអូប ដែលជាពាក្យអធិស្ឋាន របស់ប្រជាជនដ៏វិសុទ្ធ ។ 9 គេនាំគ្នាច្រៀងបទចំរៀងថ្មីថាៈ "ព្រះអង្គសមនឹងទទួលក្រាំង ហើយបកត្រាផង ព្រោះទ្រង់ត្រូវគេសម្លាប់ធ្វើយញ្ញបូជា ព្រះអង្គបានលោះមនុស្ស ពីគ្រប់ពូជគ្រប់ភាសា គ្រប់ប្រជាជន និង ពីគ្រប់ជាតិសាសន៍ យកមកថ្វាយព្រះជាម្ចាស់ ដោយសារព្រះលោហិតរបស់ព្រះអង្គ។ 10 ព្រះអង្គបានធ្វើអោយគេទៅជារាជាណាចក្រ និង ជាក្រុមបូជាចារ្យ បំរើព្រះជាម្ចាស់របស់យើង ហើយអ្នកទាំងនោះនឹងគ្រងរាជ្យលើផែនដី"។ 11 ពេលនោះ ខ្ញុំមើលទៅ ហើយឮសូរសំឡេងទេវតា យ៉ាងច្រើននៅជុំវិញបល្ល័ង្ក ជុំវិញសត្វមានជីវិត និង ជុំវិញពួកព្រឹទ្ធាចារ្យ។ ទេវតាទាំងនោះមានចំនួនរាប់ម៉ឺនរាប់សែន ច្រើនអនេកអនន្ដ 12 នាំគ្នាបន្លឺសំឡេងឡើងយ៉ាងខ្លាំងៗថាៈ«កូនចៀមដែលគេសម្លាប់ធ្វើយញ្ញបូជា ទ្រង់សមនឹងទទួលឫទ្ធានុភាពរាជសម្បត្ដិព្រះប្រាជ្ញាញាណឥទ្ធិឫទ្ធិ ព្រះកិត្ដិនាមសិរីរុងរឿង និង ការសរសើរតម្កើង»។ 13 ពេលនោះ ខ្ញុំឮសត្វលោកទាំងប៉ុន្មាន នៅស្ថានសួគ៌ នៅលើផែនដី នៅក្រោមដី នៅក្នុងសមុទ្រព្រមទាំងអ្វីៗទាំងអស់ដែលនៅស្ថានទាំងនោះ បន្លឺសំឡេងឡើងថាៈ «សូមព្រះអង្គដែលគង់លើបល្ល័ង្ក និង កូនចៀមទទួលពាក្យសរសើរតម្កើងព្រះកិត្ដិនាម សិរីរុងរឿង និង ព្រះចេស្ដា អស់កល្បជាអង្វែងតរៀងទៅ!»។ 14 បន្ទាប់មក សត្វមានជីវិតទាំងបួនពោលឡើងថា «អាម៉ែន!» ហើយព្រឹទ្ធាចារ្យក៏នាំគ្នាក្រាបថ្វាយបង្គំ។

វិវរណៈ 6

1 ខ្ញុំមើលទៅ ឃើញកូនចៀមបកត្រាទីមួយ ក្នុងចំណោមត្រាទាំងប្រាំពីរនោះ ហើយខ្ញុំឮសត្វមានជីវិតមួយរូប ក្នុងបណ្ដាសត្វមានជីវិតទាំងបួនបន្លឺសំឡេងឡើង ដូចផ្គរលាន់ថាៈ «សូមអញ្ជើញមក!»។ 2 ខ្ញុំមើលទៅ ឃើញសេះសមួយ អ្នកជិះសេះនោះកាន់ធ្នូ។ គាត់បានទទួលមកុដមួយ ហើយចាកចេញទៅមានរាងដូចជាអ្នកឈ្នះ ដើម្បីវាយយកជ័យជំនះ។ 3 ពេលកូនចៀមបកត្រាទីពីរ ខ្ញុំឮសូរសត្វមានជីវិតទីពីរពោលថាៈ«សូមអញ្ជើញមក!»។ 4 ស្រាប់តែសេះមួយទៀតចេញមក សម្បុរក្រហមដូចភ្លើង។ អ្នកជិះសេះនោះបានទទួលអំណាចដកសន្ដិភាពចេញពីផែនដី ដើម្បីអោយមនុស្សលោកប្រហារជីវិតគ្នាទៅវិញទៅមក។ គាត់បានទទួលដាវមួយយ៉ាងធំ។ 5 ពេលកូនចៀមបកត្រាទីបី ខ្ញុំឮសូរសត្វមានជីវិតទីបីពោលថាៈ «សូមអញ្ជើញមក!»។ ខ្ញុំមើលទៅ ឃើញសេះខ្មៅមួយ។ អ្នកជិះសេះនោះកាន់ជញ្ជីងមួយនៅដៃ 6 ហើយខ្ញុំបានឮដូចជាមានសំឡេងមួយចេញពីក្នុងចំណោមសត្វមានជីវិតទាំងបួនថាៈ «អង្ករមួយគីឡូ ថ្លៃមួយដួង ពោតបីគីឡូ ក៏ថ្លៃមួយដួងដែរ រីឯប្រេង និង ស្រាទំពាំងបាយជូរវិញ កុំប៉ះពាល់អោយសោះ»។ 7 ពេលកូនចៀមបកត្រាទីបួន ខ្ញុំឮសូរសំឡេងសត្វមានជីវិតទីបួន ពោលថាៈ «សូមអញ្ជើញមក!»។ 8 ខ្ញុំមើលទៅ ឃើញសេះមួយសម្បុរត្រួយចេក អ្នកជិះសេះនោះ ឈ្មោះមច្ចុរាជ ហើយស្ថានមច្ចុរាជ ក៏មកជាមួយគាត់ដែរ។ មច្ចុរាជ និង ស្ថានមច្ចុរាជ បានទទួលអំណាចលើមួយភាគបួននៃផែនដី ហើយយកដាវ ទុរ្ភិក្ស ជម្ងឺអាសន្នរោគ និង សត្វសាហាវនៅលើផែនដី អោយមកប្រល័យជីវិតមនុស្សលោក។ 9 ពេលកូនចៀមបកត្រាទីប្រាំនៅក្រោមអាសនៈ ខ្ញុំឃើញវិញ្ញាណក្ខ័ន្ធអស់អ្នកដែលគេបានប្រហារជីវិត ព្រោះតែព្រះបន្ទូលរបស់ព្រះជាម្ចាស់ និង ព្រោះតែអ្នកទាំងនោះបានផ្ដល់សក្ខីភាព។ 10 អ្នកទាំងនោះស្រែកអង្វរយ៉ាងខ្លាំងៗថាៈ«ឱព្រះដ៏ជាចៅហ្វាយព្រះដ៏វិសុទ្ធ និង ស្មោះត្រង់អើយ! តើពេលណាព្រះអង្គរកយុត្ដិធម៌ និង សងសឹកពួកនៅលើផែនដី ដែលបានបង្ហូរឈាមយើងខ្ញុំ?»។ 11 អ្នកទាំងនោះបានទទួលអាវសវែងម្នាក់មួយៗ ហើយឮសំឡេងប្រាប់ថា អោយនៅរង់ចាំមួយភ្លែតទៀតសិន ទំរាំដល់មិត្ដរួមការងារ និង បងប្អូនរួមជំនឿឯទៀតៗត្រូវគេសម្លាប់ដូចគ្នា គ្រប់ចំនួន។ 12 ពេលកូនចៀមបកត្រាទីប្រាំមួយ ខ្ញុំមើលទៅឃើញផែនដីរញ្ជួយយ៉ាងខ្លាំង ព្រះអាទិត្យបែរជាងងឹតដូចក្រណាត់ខ្មៅ ហើយព្រះច័ន្ទទាំងមូលបែរទៅជាក្រហមដូចឈាម 13 រីឯផ្កាយនៅលើមេឃ ក៏ធ្លាក់ចុះមកដី ដូចផ្លែល្វាខ្ចីជ្រុះ នៅពេលខ្យល់បក់បោកដើមវាយ៉ាងខ្លាំង។ 14 ផ្ទៃមេឃនឹងរសាត់បាត់ទៅដូចជាក្រាំងដែលគេមូរទុក ហើយភ្នំ និង កោះទាំងប៉ុន្មាន ក៏ត្រូវរបើកចេញពីកន្លែងរបស់វាដែរ។ 15 ស្ដេចនានានៅលើផែនដី ពួកអ្នកធំ ពួកមេទ័ព ពួកអ្នកមាន ពួកអ្នកខ្លាំងពូកែ ពួកអ្នកងារ និង អ្នកជាទាំងប៉ុន្មាន ក៏នាំគ្នាទៅពួននៅតាមរអាងភ្នំ និង តាមថ្មភ្នំ 16 ទាំងពោលទៅកាន់ភ្នំ និង ថ្មថាៈ ចូររលំសង្កត់លើយើងខ្ញុំមក ចូរជួយលាក់យើងខ្ញុំ អោយផុតពីព្រះភ័ក្ដ្ររបស់ព្រះអង្គ ដែលគង់នៅលើបល្ល័ង្ក និង អោយផុតពីព្រះពិរោធរបស់កូនចៀម 17 ដ្បិតថ្ងៃដ៏អស្ចារ្យ ជាថ្ងៃដែលព្រះអង្គ និង កូនចៀម ទ្រង់ព្រះពិរោធនោះ មកដល់ហើយ គ្មាននរណាអាចរួចខ្លួនបានឡើយ។

វិវរណៈ 7

1 ក្រោយមកទៀត ខ្ញុំឃើញទេវតា បួនរូបឈរនៅទិសទាំងបួននៃផែនដី។ ទេវតាទាំងនោះនាំគ្នាទប់ខ្យល់ទាំងបួនទិស កុំអោយបក់បោកមកលើផែនដី មកលើសមុទ្រ ឬ មកលើដើមឈើណាមួយឡើយ។ 2 បន្ទាប់មក ខ្ញុំឃើញទេវតាមួយរូបទៀតឡើងពីទិសខាងកើតមក ទាំងកាន់ត្រារបស់ព្រះដ៏មានព្រះជន្មគង់នៅផង។ ទេវតានោះបន្លឺសំឡេងយ៉ាងខ្លាំងៗ ទៅកាន់ទេវតាទាំងបួន ដែលបានទទួលអំណាចធ្វើទុក្ខទោសផែនដី និង សមុទ្រថា៖ 3 «សូមកុំអាលធ្វើទុក្ខទោសផែនដីសមុទ្រ ឬ ដើមឈើណាឡើយ ចាំយើងបោះត្រាសំគាល់លើថ្ងាសពួកអ្នកបំរើរបស់ព្រះជាម្ចាស់នៃយើងហើយសិន»។ 4 ពេលនោះ ខ្ញុំក៏ឮថាអស់អ្នកដែលត្រូវគេបោះត្រាសំគាល់ មានចំនួនមួយសែនបួនម៉ឺនបួនពាន់នាក់ មកពីកុលសម្ព័ន្ធទាំងប៉ុន្មានរបស់ជនជាតិអ៊ីស្រាអែល គឺ 5 មានត្រាសំគាល់មួយម៉ឺនពីរពាន់នាក់ពីកុលសម្ព័ន្ធយូដា មួយម៉ឺនពីរពាន់នាក់ពីកុលសម្ព័ន្ធរូបេន មួយម៉ឺនពីរពាន់នាក់ពីកុលសម្ព័ន្ធកាដ 6 មួយម៉ឺនពីរពាន់នាក់ពីកុលសម្ព័ន្ធអេស៊ើរ មួយម៉ឺនពីរពាន់នាក់ពីកុលសម្ព័ន្ធណែបថាលី មួយម៉ឺនពីរពាន់នាក់ពីកុលសម្ព័ន្ធម៉ាណាសេ 7 មួយម៉ឺនពីរពាន់នាក់ពីកុលសម្ព័ន្ធស៊ីម្មាន មួយម៉ឺនពីរពាន់នាក់ពីកុលសម្ព័ន្ធលេវី មួយម៉ឺនពីរពាន់នាក់ពីកុលសម្ព័ន្ធអ៊ីសាខារ 8 មួយម៉ឺនពីរពាន់នាក់ពីកុលសម្ព័ន្ធសាប់យូឡូន មួយម៉ឺនពីរពាន់នាក់ពីកុលសម្ព័ន្ធយ៉ូសែប និង មួយម៉ឺនពីរពាន់នាក់ពីកុលសម្ព័ន្ធបេនយ៉ាមីន ដែលគេបានបោះត្រាសំគាល់។ 9 ក្រោយមកទៀត ខ្ញុំមើលទៅ ឃើញមហាជនដ៏ច្រើនកុះករ គ្មាននរណាអាចរាប់ចំនួនបានឡើយ អ្នកទាំងនោះមកពីគ្រប់ជាតិសាសន៍ គ្រប់កុលសម្ព័ន្ធ គ្រប់ប្រជាជន និង ពីគ្រប់ភាសា។ ពួកគេពាក់អាវសវែងឈរនៅមុខបល្ល័ង្ក និង នៅមុខកូនចៀម ទាំងកាន់ធាងទន្សែនៅដៃផង។ 10 គេនាំគ្នាបន្លឺសំឡេងឡើងយ៉ាងខ្លាំងៗ ថា៖ «មានតែព្រះនៃយើងដែលគង់នៅលើបល្ល័ង្ក និង កូនចៀមប៉ុណ្ណោះទេដែលសង្គ្រោះយើង»។ 11 ពេលនោះ ទេវតាទាំងប៉ុន្មានដែលឈរនៅជុំវិញបល្ល័ង្ក ជុំវិញពួកព្រឹទ្ធាចារ្យ និង ជុំវិញសត្វមានជីវិតទាំងបួន នាំគ្នាក្រាបនៅមុខបល្ល័ង្ក ទាំងអោនមុខដល់ដីថ្វាយបង្គំព្រះជាម្ចាស់ 12 ហើយពោលថា៖ «អាម៉ែន! សូមកោតសរសើរ សូមលើកតម្កើងសិរីរុងរឿងព្រះប្រាជ្ញាញាណ សូមអរព្រះគុណ សូមលើកតម្កើងព្រះកិត្ដិនាម ឫទ្ធានុភាព និង ឥទ្ធិឫទ្ធិរបស់ព្រះនៃយើងអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន!។ 13 ព្រឹទ្ធាចារ្យមួយរូបមានប្រសាសន៍សួរខ្ញុំថា៖ «តើអស់អ្នកដែលពាក់អាវសវែងនោះ ជានរណា ហើយគេមកពីណា?»។ 14 ខ្ញុំក៏ជំរាបលោកថា៖ «លោកម្ចាស់ខ្ញុំអើយ លោកទេតើដែលជ្រាប»។ លោកក៏ប្រាប់ខ្ញុំថា៖ «ពួកគេសុទ្ធតែជាអ្នកដែលបានឆ្លងកាត់ទុក្ខវេទនាដ៏ខ្លាំងនោះ។ គេបានបោកអាវរបស់ខ្លួនអោយបានសស្អាត ក្នុងព្រះលោហិតរបស់កូនចៀម។ 15 ហេតុនេះហើយបានជាពួកគេស្ថិតនៅមុខបល្ល័ង្ករបស់ព្រះជាម្ចាស់ និង គោរពបំរើព្រះអង្គទាំងថ្ងៃទាំងយប់ នៅក្នុងព្រះវិហាររបស់ព្រះអង្គ។ ព្រះអង្គដែលគង់នៅលើបល្ល័ង្ក នឹងទទួលគេអោយជ្រកកោនក្នុង ព្រះពន្លា របស់ព្រះអង្គ។ 16 ពួកគេនឹងលែងឃ្លាន លែងស្រេកទៀតហើយ ព្រះអាទិត្យ និង កំដៅគ្រប់យ៉ាង ក៏នឹងលែងធ្វើទុក្ខគេទៀតដែរ 17 ដ្បិតកូនចៀមដែលគង់នៅកណ្ដាលបល្ល័ង្ក ទ្រង់នឹងឃ្វាលពួកគេ ព្រះអង្គនឹងនាំគេទៅរកប្រភពទឹកដែលផ្ដល់ជីវិត ហើយព្រះជាម្ចាស់នឹងជូតទឹកភ្នែកចេញអស់ពីភ្នែករបស់គេ។

វិវរណៈ 8

1 ពេលកូនចៀមបកត្រាទីប្រាំពីរ ស្រាប់តែមេឃស្ងប់អស់រយៈពេលប្រមាណជាកន្លះម៉ោង 2 ខ្ញុំក៏បានឃើញទេវតា ប្រាំពីររូបដែលឈរនៅខាងមុខព្រះជាម្ចាស់ ទទួលត្រែប្រាំពីរ។ 3 មានទេវតា មួយរូបទៀតមកឈរនៅជិតអាសនៈ ទាំងកាន់ពានមាសមួយផង។ ទេវតានោះបានទទួលគ្រឿងក្រអូបជាច្រើន យកទៅថ្វាយ ជាមួយពាក្យអធិស្ឋានរបស់ប្រជាជនដ៏វិសុទ្ធទាំងអស់ នៅលើអាសនៈមាសដែលស្ថិតនៅខាងមុខបល្ល័ង្ក។ 4 ផ្សែងគ្រឿងក្រអូបនោះក៏ហុយចេញពីដៃទេវតា ឡើងទៅលើជាមួយពាក្យអធិស្ឋានរបស់ប្រជាជនដ៏វិសុទ្ធនៅចំពោះព្រះភ័ក្ដ្ររបស់ព្រះជាម្ចាស់។ 5 ទេវតាបានយកពាន ហើយយកភ្លើងពីអាសនៈ មកដាក់ពេញពាននោះរួចចាក់ទៅលើផែនដី ស្រាប់តែមានផ្គរលាន់ មានសំឡេង មានផ្លេកបន្ទោរព្រមទាំងមានរញ្ជួយផែនដីផង។ 6 ទេវតាទាំងប្រាំពីរ ដែលកាន់ត្រែទាំងប្រាំពីរ នោះ ប្រុងប្រៀបផ្លុំ។ 7 ទេវតាទីមួយផ្លុំត្រែឡើង ស្រាប់តែមានព្រឹល និង ភ្លើង លាយជាមួយឈាម ធ្លាក់មកលើផែនដី ផែនដីក៏ឆេះអស់មួយភាគបី ដើមឈើក៏ឆេះអស់មួយភាគបីហើយស្មៅខៀវខ្ចីទាំងប៉ុន្មានក៏ឆេះអស់ដែរ។ 8 ទេវតាទីពីរផ្លុំត្រែឡើង ស្រាប់តែមានដូចជាភ្នំមួយយ៉ាងធំដែលកំពុងតែឆេះធ្លាក់ទៅក្នុងសមុទ្រ ទឹកសមុទ្រមួយភាគបី ក៏ក្លាយទៅជាឈាម 9 សត្វទាំងឡាយដែលមានជីវិតរស់នៅក្នុងសមុទ្រ ត្រូវស្លាប់អស់មួយភាគបី ហើយនាវាក៏ត្រូវវិនាសបង់អស់មួយភាគបីដែរ។ 10 ទេវតាទីបីផ្លុំត្រែឡើង ស្រាប់តែមានផ្កាយមួយយ៉ាងធំដែលកំពុងតែឆេះដូចចន្លុះ ធ្លាក់ពីលើមេឃមក។ ផ្កាយនោះធ្លាក់មកក្នុងទន្លេទាំងឡាយអស់មួយភាគបី ហើយក៏ធ្លាក់មកលើប្រភពទឹកនានាដែរ។ 11 ផ្កាយនោះមានឈ្មោះថា «ផ្លែស្លែង» ទឹកមួយភាគបីបានក្លាយទៅជាពុល បណ្ដាលអោយមនុស្សជាច្រើនស្លាប់ ព្រោះតែជាតិល្វីងរបស់ទឹកទាំងនោះ។ 12 ទេវតាទីបួនផ្លុំត្រែឡើងស្រាប់តែព្រះអាទិត្យបាត់រស្មីអស់មួយភាគបី ហើយព្រះច័ន្ទ និង ផ្កាយក៏បាត់រស្មីមួយភាគបីដែរធ្វើអោយងងឹតអស់មួយភាគបី គឺពេលថ្ងៃនឹងងងឹតអស់មួយភាគបី ហើយពេលយប់ក៏នឹងងងឹតអស់មួយភាគបីដែរ។ 13 ពេលនោះ ខ្ញុំមើលទៅ ហើយឮសូរសត្វឥន្ទ្រីមួយហើរកាត់អាកាសវេហាស៍ ទាំងស្រែកឡើងយ៉ាងខ្លាំងៗថាៈ «វេទនាហើយ! វេទនាហើយ! មនុស្សនៅលើផែនដីនឹងត្រូវវេទនាហើយ ព្រោះតែសំឡេងត្រែឯទៀតៗដែលទេវតាទាំងបីរូបហៀបនឹងផ្លុំ!»។

វិវរណៈ 9

1 ទេវតា ទីប្រាំផ្លុំត្រែឡើង ខ្ញុំក៏ឃើញផ្កាយមួយធ្លាក់ចុះពីលើមេឃ មកផែនដី ផ្កាយនោះទទួលកូនសោរណ្ដៅនរកអវិចី 2 ហើយបើកទ្វាររណ្ដៅនរកអវិចីនោះ ស្រាប់តែមានផ្សែងហុយឡើងមក ដូចផ្សែងដែលហុយចេញពីឡមួយយ៉ាងធំ។ ពេលនោះព្រះអាទិត្យ និង លំហអាកាសប្រែទៅជាងងឹត ព្រោះតែផ្សែងដែលហុយចេញពីរណ្ដៅ។ 3 មានកណ្ដូបជាច្រើនចេញពីផ្សែងនោះហើរមកលើផែនដី វាបានទទួលអំណាចដូចខ្យាដំរីដែរ។ 4 កណ្ដូបទាំងនោះបានទទួលបំរាម មិនអោយបំផ្លាញតិណជាតិនានាលើផែនដីរុក្ខជាតិឬ ដើមឈើណាមួយឡើយ ត្រូវបំផ្លាញតែមនុស្សណាដែលគ្មានត្រារបស់ព្រះជាម្ចាស់បោះសំគាល់នៅលើថ្ងាសប៉ុណ្ណោះ។ 5 កណ្ដូបទាំងនោះពុំបានទទួលសិទ្ធិសម្លាប់ទេ គឺគ្រាន់តែធ្វើអោយមនុស្សឈឺចុកចាប់ក្នុងរវាងប្រាំខែប៉ុណ្ណោះ កណ្ដូបនឹងធ្វើអោយមនុស្សឈឺចុកចាប់ដូចខ្យាដំរីទិចដែរ។ 6 នៅគ្រានោះ មនុស្សរកសេចក្ដីស្លាប់ តែរកមិនឃើញ គេចង់ស្លាប់ណាស់ តែសេចក្ដីស្លាប់រត់ចេញឆ្ងាយពីគេ។ 7 កណ្ដូបទាំងនោះមានរាងដូចសេះដែលគេបំពាក់គ្រឿងសឹកចេញទៅច្បាំង នៅលើក្បាលវាមានពាក់កម្រងដូចជាមកុដមាសហើយមុខវាដូចមុខមនុស្ស។ 8 វាមានសក់វែងដូចសក់ស្ដ្រី ហើយមានធ្មេញដូចធ្មេញសឹង្ហ។ 9 វាមានគ្រឿងក្រោះដូចអាវក្រោះធ្វើពីដែក។ ពេលវាហើរ ស្នូរស្លាបរបស់វាលាន់ឮសន្ធឹក ដូចរទេះទឹមដោយសេះជាច្រើនបោលទៅធ្វើសឹកសង្គ្រាម។ 10 កន្ទុយរបស់វាមានទ្រនិចដូចខ្យាដំរីហើយមានអំណាចនឹងអោយមនុស្សម្នាឈឺចុកចាប់ អស់រយៈពេលប្រាំខែ។ 11 កណ្ដូបទាំងនោះមានយមរាជ ធ្វើជាស្ដេចដឹកនាំវា ដែលមានឈ្មោះជាភាសាហេប្រឺថាអាបាដូនជាភាសាក្រិកថាអាប៉ុលីយ៉ូន។ 12 លុះទុក្ខវេទនាទីមួយបានកន្លងផុតទៅ ទុក្ខវេទនាពីរទៀតក៏កើតមកតាមក្រោយ។ 13 ទេវតាទីប្រាំមួយផ្លុំត្រែឡើង ខ្ញុំក៏បានឮសំឡេងមួយចេញពីស្នែងនៅជ្រុងទាំងបួនរបស់អាសនៈមាសដែលស្ថិតនៅខាងមុខព្រះជាម្ចាស់។ 14 សំឡេងនោះពោលមកកាន់ទេវតាទីប្រាំមួយដែលមានត្រែនៅដៃថា៖ «ចូរស្រាយទេវតាទាំងបួនរូប ដែលជាប់ចំណងនៅលើទន្លេធំ គឺទន្លេអឺប្រាតនោះទៅ!»។ 15 គេក៏ស្រាយទេវតាទាំងបួនរូប ដែលបានប្រុងប្រៀបខ្លួនប្រហារជីវិតមនុស្សមួយភាគបី ត្រូវតាមម៉ោងថ្ងៃ ខែ និង ឆ្នាំ។ 16 ខ្ញុំបានឮថា ចំនួនទាហានទ័ពសេះនោះ មានទាំងអស់ពីររយលាននាក់។ 17 ក្នុងនិមិត្ដហេតុអស្ចារ្យដែលខ្ញុំបានឃើញនោះ មានសេះ និង ពលទាហានដែលជិះពីលើវា ពាក់អាវក្រោះពណ៌ក្រហមដូចភ្លើង ពណ៌បៃតងខ្ចី និង ពណ៌លឿងដូចស្ពាន់ធ័រ។ រីឯក្បាលសេះវិញមានរាងដូចជាក្បាលសឹង្ហ ហើយមានភ្លើង ផ្សែង និង ស្ពាន់ធ័រចេញពីមាត់វាមកផង។ 18 មនុស្សមួយភាគបីបានស្លាប់ ដោយសារគ្រោះកាចទាំងបីមុខនេះ គឺស្លាប់ដោយភ្លើង ដោយផ្សែង និង ដោយស្ពាន់ធ័រដែលចេញពីមាត់សេះ 19 ដ្បិតអំណាចរបស់សេះទាំងនោះស្ថិតនៅលើមាត់ និង កន្ទុយ។ កន្ទុយរបស់វាប្រៀបបានទៅនឹងពស់ គឺមានក្បាល ហើយវាធ្វើអោយមនុស្សវេទនា ដោយសារតែក្បាលហ្នឹងឯង។ 20 រីឯមនុស្សឯទៀតៗ ដែលមិនបានស្លាប់ដោយគ្រោះកាចទាំងនោះ ពុំព្រមកែប្រែចិត្ដគំនិតឈប់ប្រព្រឹត្ដអំពើរបស់ខ្លួនទេ គឺគេពុំព្រមឈប់ថ្វាយបង្គំអារក្ស ថ្វាយបង្គំរូបសំណាករបស់ព្រះក្លែងក្លាយធ្វើពីមាស ពីប្រាក់ ពីលង្ហិន ពីថ្ម និង ធ្វើពីឈើ ជាព្រះដែលមិនចេះមើល មិនចេះស្ដាប់ ហើយក៏មិនចេះដើរនោះឡើយ។ 21 គេក៏ពុំព្រមកែប្រែចិត្ដគំនិត ឈប់ប្រព្រឹត្ដអំពើឃាតកម្ម វិជ្ជាធ្មប់ អំពើប្រាសចាកសីលធម៌ និង អំពើលួចប្លន់ដែលខ្លួនបានប្រព្រឹត្ដនោះដែរ។

វិវរណៈ 10

1 ខ្ញុំឃើញទេវតា ខ្លាំងពូកែមួយរូប ទៀតចុះពីលើមេឃមក មានពពក ព័ទ្ធជុំវិញខ្លួន មានឆព្វណ្ណរង្សីនៅលើក្បាល មុខលោកដូចព្រះអាទិត្យ ហើយជើងលោកដូចសសរភ្លើង។ 2 ដៃលោកកាន់ក្រាំងតូចមួយដែលបើកស្រាប់ លោកដាក់ជើងស្ដាំលើសមុទ្រ ជើងឆ្វេងលើដីគោក។ 3 លោកបន្លឺសំឡេងឡើងយ៉ាងខ្លាំងដូចសឹង្ហគ្រហឹម ហើយពេលទេវតានោះបន្លឺសំឡេង ផ្គរទាំងប្រាំពីរក៏លាន់ឮឡើងដែរ។ 4 ពេលផ្គរលាន់ឮរួចហើយ ខ្ញុំហៀបនឹងសរសេរទុកស្រាប់តែឮសំឡេងមួយពោលពីលើមេឃមកថា៖ «ចូរលាក់សេចក្ដីដែលផ្គរលាន់ទាំងប្រាំពីរបានថ្លែងនោះអោយជិត កុំសរសេរទុកឡើយ»។ 5 រីឯទេវតាដែលខ្ញុំបានឃើញឈរលើសមុទ្រ និង លើដីគោកនោះ ក៏លើកដៃស្ដំាឡើងទៅលើមេឃ 6 ហើយស្បថ ក្នុងព្រះនាមព្រះអង្គដែលមានព្រះជន្មគង់នៅអស់កល្បជាអង្វែងតរៀងទៅ គឺព្រះអង្គដែលបានបង្កើតផ្ទៃមេឃ និង អ្វីៗដែលមាននៅលើមេឃ ផែនដី និង អ្វីៗដែលមាននៅលើផែនដី សមុទ្រ និង អ្វីៗដែលមាននៅក្នុងសមុទ្រ។ ទេវតានោះ បានពោលយ៉ាងឧឡារឹកថា «គ្មានពន្យារពេលទៀតឡើយ 7 នៅគ្រាណាទេវតាទីប្រាំពីរបន្លឺសំឡេងឡើង គឺនៅពេលលោកចាប់ផ្ដើមផ្លុំត្រែ ព្រះជាម្ចាស់នឹងសំរេចតាមគំរោងការដ៏លាក់កំបាំងរបស់ព្រះអង្គ ដូចទ្រង់បានប្រទានដំណឹងល្អទុកជាមុន តាមរយៈពួកព្យាការី ជាអ្នកបំរើរបស់ព្រះអង្គ»។ 8 បន្ទាប់មក សំឡេងដែលខ្ញុំបានឮពីលើមេឃនោះ ក៏ពោលមកកាន់ខ្ញុំម្ដងទៀតថា៖ «សូមអញ្ជើញទៅយកក្រាំងតូចបើកស្រាប់ ក្នុងដៃទេវតាដែលឈរលើសមុទ្រ និង លើដីគោកនោះមក»។ 9 ខ្ញុំក៏ដើរទៅរកទេវតានោះ ទាំងសុំអោយលោកប្រគល់ក្រាំងតូចមកខ្ញុំ។ លោកពោលមកកាន់ខ្ញុំថា៖ «ចូរយកក្រាំងនេះ ហើយបរិភោគវាទៅ។ ក្រាំងនេះនឹងធ្វើអោយអ្នកឈឺពោះតែកាលនៅក្នុងមាត់ វាផ្អែមដូចទឹកឃ្មុំ»។ 10 ខ្ញុំក៏ទទួលយកក្រាំងតូចពីដៃទេវតាមកបរិភោគ នៅក្នុងមាត់ខ្ញុំវាផ្អែមដូចទឹកឃ្មុំលុះបរិភោគរួចហើយ ខ្ញុំក៏ឈឺពោះ។ 11 បន្ទាប់មក មានគេប្រាប់ខ្ញុំថា៖ «អ្នកត្រូវថ្លែងព្រះបន្ទូលសាជាថ្មីទៀត អំពីប្រជាជន អំពីជាតិសាសន៍ អំពីភាសានានា និង អំពីស្ដេចជាច្រើនផង»។

វិវរណៈ 11

1 បន្ទាប់មក ទេវតា បានប្រគល់ដើមត្រែងមួយមកខ្ញុំស្រដៀងនឹងដំបងសំរាប់វាស់ ហើយប្រាប់ថា៖ «ចូរក្រោកឡើង ទៅវាស់ព្រះវិហារ របស់ព្រះជាម្ចាស់ វាស់អាសនៈ និង រាប់អស់អ្នកដែលថ្វាយបង្គំព្រះអង្គនៅទីនោះផង។ 2 ក៏ប៉ុន្ដែ ត្រូវទុកទីលានដែលនៅខាងក្រៅព្រះវិហារដោយឡែក កុំវាស់អោយសោះ ដ្បិតព្រះអង្គបានប្រគល់លាននោះអោយជាតិសាសន៍នានា ហើយពួកគេនឹងជាន់ឈ្លីក្រុងដ៏វិសុទ្ធអស់រយៈពេលសែសិបពីរខែ។ 3 យើងនឹងអោយបន្ទាល់របស់យើងទាំងពីររូបស្លៀកបាវ ទៅថ្លែងព្រះបន្ទូល ក្នុងរយៈពេលមួយពាន់ពីររយហុកសិបថ្ងៃនោះ។ 4 អ្នកទាំងពីរនេះ គឺជាដើមអូលីវទាំងពីរ និង ជាជើងចង្កៀងទាំងពីរដែលស្ថិតនៅខាងមុខព្រះអម្ចាស់នៃផែនដី។ 5 ប្រសិនបើមាននរណាម្នាក់ ចង់ធ្វើទុក្ខអ្នកទាំងពីរនោះនឹងមានភ្លើងចេញពីមាត់គាត់ មកឆេះបំផ្លាញមារសត្រូវរបស់គាត់ជាមិនខាន។ ប្រាកដណាស់ ប្រសិនបើអ្នកណាចង់ធ្វើទុក្ខអ្នកទាំងពីរ អ្នកនោះពិតជាត្រូវស្លាប់បែបនេះឯង។ 6 អ្នកទាំងពីរមានអំណាចធ្វើអោយមេឃរាំង គ្មានភ្លៀងធ្លាក់ក្នុងអំឡុងពេលដែលគាត់ថ្លែងព្រះបន្ទូល ហើយក៏មានអំណាចធ្វើអោយទឹកក្លាយទៅជាឈាម ព្រមទាំងធ្វើអោយគ្រោះកាចគ្រប់យ៉ាងអាចកើតមាននៅលើផែនដីពេលណាក៏បាន តាមតែគាត់ចង់។ 7 ពេលអ្នកទាំងពីរបានផ្ដល់សក្ខីភាពរបស់ខ្លួនចប់សព្វគ្រប់ហើយ មានសត្វតិរច្ឆានឡើង ពីនរកអវិចីមកច្បាំងនឹងគេ វានឹងឈ្នះ ហើយប្រហារជីវិតគេទៀតផង។ 8 សាកសពរបស់អ្នកទាំងពីរនឹងត្រូវទុកចោលនៅតាមទីផ្សារ ក្នុងក្រុងដ៏ធំនោះ ជាក្រុងដែលមានឈ្មោះជានិមិត្ដរូប ថា "សូដុម"ឬ "អេស៊ីប" គឺនៅក្រុងនោះហើយដែលគេឆ្កាងព្រះអម្ចាស់របស់អ្នកទាំងពីរ។ 9 មនុស្សម្នា ពីចំណោមប្រជាជននានា ពីចំណោមកុលសម្ព័ន្ធ ពីចំណោមភាសា និង ពីចំណោមជាតិសាសន៍ទាំងឡាយនឹងឃើញសាកសពរបស់អ្នកទាំងពីរ ក្នុងរវាងបីថ្ងៃកន្លះ ហើយពួកគេមិនអនុញ្ញាតអោយយកសាកសពអ្នកទាំងពីរទៅបញ្ចុះក្នុងផ្នូរឡើយ។ 10 មនុស្សម្នាដែលរស់នៅផែនដីនឹងមានចិត្ដត្រេកអរ ដោយឃើញអ្នកទាំងពីរស្លាប់ គឺគេមានអំណរសប្បាយយ៉ាងខ្លាំង។ ពួកគេនឹងផ្ញើជំនូនអោយគ្នាទៅវិញទៅមក ព្រោះព្យាការី ទាំងពីររូបបានធ្វើអោយមនុស្សម្នាដែលរស់នៅលើផែនដីរងទុក្ខលំបាកខ្លាំងណាស់។ 11 បីថ្ងៃកន្លះក្រោយមក មានដង្ហើមជីវិតមួយចេញពីព្រះជាម្ចាស់ មកចូលក្នុងសាកសពអ្នកទាំងពីរ។ អ្នកទាំងពីរក៏ក្រោកឈរឡើងធ្វើអោយអស់អ្នកដែលបានឃើញភ័យខ្លាចជាខ្លាំង។ 12 អ្នកទាំងពីរបានឮសំឡេងមួយពីលើមេឃ បន្លឺយ៉ាងខ្លាំងមកកាន់គេថា "សូមឡើងមកនេះ!"។ អ្នកទាំងពីរក៏ឡើងទៅលើមេឃក្នុងពពក រីឯពួកសត្រូវក៏បានឃើញដែរ។ 13 ខណៈនោះស្រាប់តែមានរញ្ជួយផែនដីយ៉ាងខ្លាំង ក្រុងរលំអស់មួយភាគដប់ មនុស្សប្រាំពីរពាន់នាក់បានបាត់បង់ជីវិតនៅពេលរញ្ជួយផែនដី។ អ្នកសល់ពីស្លាប់ភ័យញ័ររន្ធត់នាំគ្នាលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់នៃស្ថានបរមសុខ »។ 14 ទុក្ខវេទនាទីពីរនេះបានកន្លងផុតទៅ ទុក្ខវេទនាទីបីនឹងមកដល់ក្នុងពេលឆាប់ៗ។ 15 ទេវតា ទីប្រាំពីរផ្លុំត្រែឡើង ស្រាប់តែមានសំឡេងលាន់ឮរំពងនៅលើមេឃថា៖ «រាជ្យក្នុងលោកនេះ ត្រូវផ្ទេរថ្វាយទៅព្រះអម្ចាស់នៃយើង និង ថ្វាយព្រះគ្រិស្ដរបស់ព្រះអង្គ ហើយទ្រង់នឹងគ្រងរាជ្យអស់កល្បជាអង្វែងតរៀងទៅ!»។ 16 ពេលនោះ ព្រឹទ្ធាចារ្យ ទាំងម្ភៃបួនរូបដែលអង្គុយលើបល្ល័ង្កនៅខាងមុខព្រះជាម្ចាស់ ក៏នាំគ្នាក្រាបអោនមុខដល់ដី ហើយថ្វាយបង្គំព្រះជាម្ចាស់ 17 ទាំងពោលថា៖ «បពិត្រព្រះជាអម្ចាស់ ជាព្រះដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់ ព្រះអង្គមានព្រះជន្មគង់នៅសព្វថ្ងៃនេះ ហើយក៏មានព្រះជន្មគង់នៅ តាំងពីដើមរៀងមកដែរ! យើងខ្ញុំសូមអរព្រះគុណព្រះអង្គ ព្រោះទ្រង់បានយកឫទ្ធានុភាពដ៏ខ្លាំងក្លារបស់ព្រះអង្គ មកតាំងព្រះរាជ្យរបស់ព្រះអង្គឡើង។ 18 ជាតិសាសន៍នានាបាននាំគ្នាខឹង ហើយពេលដែលព្រះអង្គសំដែងព្រះពិរោធដ៏មកដល់ដែរ គឺជាពេលកំណត់ដែលព្រះអង្គវិនិច្ឆ័យទោសមនុស្សស្លាប់។ នៅពេលនោះព្រះអង្គនឹងប្រទានរង្វាន់ដល់ ពួកព្យាការី ជាអ្នកបំរើរបស់ព្រះអង្គដល់ប្រជាជនដ៏វិសុទ្ធ និង ដល់អស់អ្នកដែលគោរពកោតខ្លាច ព្រះនាមព្រះអង្គ ទាំងអ្នកតូចទាំងអ្នកធំ ហើយក៏ជាពេលដែលព្រះអង្គត្រូវបំផ្លាញ អស់អ្នកដែលបានបំផ្លាញផែនដីដែរ»។ 19 ពេលនោះ ទ្វារព្រះវិហារ របស់ព្រះជាម្ចាស់នៅស្ថានបរមសុខក៏បើកចំហឡើង ហើយហិបនៃសម្ពន្ធមេត្រី របស់ព្រះអង្គ ក៏លេចមកនៅក្នុងព្រះវិហារ ហើយក៏មានផ្លេកបន្ទោរ មានឮសូរសំឡេង មានផ្គរលាន់ មានរញ្ជួយផែនដី និង មានព្រឹលធ្លាក់មកយ៉ាងខ្លាំងផងដែរ។

វិវរណៈ 12

1 ពេលនោះ មានទីសំគាល់មួយយ៉ាងធំលេចចេញមក នៅលើមេឃ គឺមានស្ដ្រីមួយរូបស្លៀកពាក់ ព្រះអាទិត្យបិទបាំងកាយមានព្រះច័ន្ទនៅក្រោមជើង ព្រមទាំងមានពាក់ផ្កាយដប់ពីរ ជាមកុដនៅលើក្បាលផង។ 2 ស្ដ្រីនោះមានផ្ទៃពោះ ហើយកំពុងស្រែកឈឺចុកចាប់ហៀបនឹងសំរាលបុត្រ។ 3 មានទីសំគាល់មួយទៀត លេចចេញមក នៅលើមេឃដែរគឺមាននាគមួយយ៉ាងធំ សម្បុរក្រហមឆ្អិនឆ្អៅដូចភ្លើង។ នាគនោះមានក្បាលប្រាំពីរ និង មានស្នែងដប់ ហើយនៅលើក្បាលទាំងប្រាំពីររបស់វា មានមកុដប្រាំពីរដែរ។ 4 កន្ទុយវាកៀរប្រមូលផ្កាយនៅលើមេឃមួយភាគបីទម្លាក់មកផែនដី។ នាគមកពេននៅមុខស្ដ្រីដែលហៀបនឹងសំរាលបុត្រ ចាំត្របាក់លេបបុត្រនៅពេលបុត្រ នោះកើតមក។ 5 នាងសំរាលបានបុត្រមួយដែលត្រូវកាន់ដំបងដែក ដឹកនាំជាតិសាសន៍ទាំងអស់។ ក៏ប៉ុន្ដែ ព្រះជាម្ចាស់បានឆក់យកបុត្រនោះឡើងទៅជាមួយព្រះអង្គ គឺនៅជិតបល្ល័ង្ករបស់ព្រះអង្គ។ 6 រីឯស្ដ្រីវិញ នាងរត់ភៀសខ្លួនទៅនៅវាលរហោស្ថានត្រង់កន្លែងដែលព្រះជាម្ចាស់បានរៀបចំទុក ដើម្បីអោយគេទំនុកបំរុងនាងក្នុងអំឡុងពេលមួយពាន់ពីររយហុកសិបថ្ងៃ។ 7 ពេលនោះ ក៏មានចំបាំងផ្ទុះឡើង នៅលើមេឃគឺមហាទេវតាមីកែល និង ពួកទេវតារបស់លោកនាំគ្នាច្បាំងនឹងនាគ ហើយនាគរួមជាមួយពួកបរិវារវា ក៏ច្បាំងតទល់វិញដែរ 8 ក៏ប៉ុន្ដែ វាច្បាំងមិនឈ្នះ ហើយរកកន្លែងស្នាក់នៅលើមេឃមិនបានទៀតឡើយ។ 9 នាគធំនោះ ក៏ត្រូវគេទម្លាក់ចុះមក គឺនាគធំហ្នឹងឯង ជាពស់ពីបុរាណឈ្មោះមារ ឬ សាតាំងដែលបាននាំមនុស្សនៅលើផែនដីទាំងមូលអោយវង្វេង។ វាត្រូវគេទម្លាក់ចុះមកផែនដី ហើយពួកបរិវារវាក៏ត្រូវគេទម្លាក់ចុះមកជាមួយដែរ។ 10 ពេលនោះ ខ្ញុំបានឮសំឡេងមួយបន្លឺយ៉ាងខ្លាំងនៅលើមេឃថា៖ «ឥឡូវនេះ ដល់ពេលព្រះជាម្ចាស់សង្គ្រោះមនុស្សលោកហើយ ហើយឫទ្ធានុភាព និង ព្រះរាជ្យ ព្រះជាម្ចាស់របស់យើង ព្រមទាំងអំណាចព្រះគ្រិស្ដរបស់ព្រះអង្គក៏បានមកដល់ដែរ ដ្បិតអ្នកចោទប្រកាន់ទោសបងប្អូនយើង ត្រូវគេទម្លាក់ចោលហើយ គឺអ្នកនោះឯងដែលចោទប្រកាន់បងប្អូនយើង ទាំងថ្ងៃទាំងយប់ នៅមុខព្រះភ័ក្ដ្រនៃព្រះរបស់យើង។ 11 បងប្អូនយើងបានឈ្នះវា ដោយសារព្រះលោហិតរបស់កូនចៀម និង ដោយសក្ខីភាពរបស់ពួកគេ ហើយបងប្អូនទាំងនោះបានស៊ូប្ដូរជីវិត ឥតស្ដាយសោះឡើយ។ 12 ហេតុនេះស្ថានបរមសុខ និង អស់អ្នកដែលរស់នៅក្នុងស្ថានបរមសុខអើយ ចូរមានអំណរសប្បាយឡើង! រីឯផែនដី និង សមុទ្រវិញ អ្នកត្រូវវេទនាជាពុំខាន! ដ្បិតមារ បានចុះទៅរកអ្នករាល់គ្នាទាំងមានកំរោលចូលយ៉ាងខ្លាំងផង ព្រោះវាដឹងថាវានៅសល់ពេលតែបន្ដិចប៉ុណ្ណោះ»។ 13 កាលនាគឃើញថាខ្លួនត្រូវគេទម្លាក់ចុះមកលើផែនដីដូច្នេះ វាក៏ដេញតាមស្ដ្រីដែលបានសំរាលបុត្រ។ 14 នាងបានទទួលស្លាបទាំងពីររបស់ឥន្ទ្រីដ៏ធំនោះ ដើម្បីហោះទៅកាន់វាលរហោស្ថាន គឺនៅកន្លែងរបស់នាង។ នៅទីនោះ ព្រះជាម្ចាស់នឹងទំនុកបំរុងនាង ក្នុងរយៈពេលមួយវស្សា ពីរវស្សា និង ពាក់កណ្ដាលវស្សា អោយឆ្ងាយពីមុខពស់។ 15 ពស់បានព្រួសទឹកចេញពីមាត់វាដូចទឹកទន្លេ តាមពីក្រោយនាង ដើម្បីអោយទឹកហូរនាំយកនាងទៅ 16 ក៏ប៉ុន្ដែ ព្រះធរណីបានជួយនាង ដោយស្រូបទឹកទន្លេដែលនាគបានព្រួសចេញពីមាត់វានោះអស់។ 17 នាគក្ដៅក្រហាយនឹងស្ដ្រីនោះយ៉ាងខ្លាំង វាក៏ចេញទៅធ្វើសឹកនឹងកូនចៅរបស់នាងដែលនៅសល់ គឺធ្វើសឹកនឹងអស់អ្នកដែលប្រតិបត្ដិតាមបទបញ្ជា ទាំងប៉ុន្មានរបស់ព្រះជាសម្ចាស់ និង អស់អ្នកដែលបានជឿសក្ខីភាពរបស់ព្រះយេស៊ូ។ 18 បន្ទាប់មក នាគក៏ទៅនៅតាមឆ្នេរខ្សាច់ នាមាត់សមុទ្រ។

វិវរណៈ 13

1 បន្ទាប់មកទៀត ខ្ញុំឃើញសត្វតិរច្ឆានមួយមានស្នែងដប់ និង ក្បាលប្រាំពីរឡើងពីសមុទ្រមក នៅលើស្នែងទាំងដប់របស់វា មានមកុដដប់ ហើយនៅលើក្បាលទាំងប្រាំពីរ មានសរសេរឈ្មោះផ្សែងៗដែលប្រមាថព្រះជាម្ចាស់។ 2 សត្វដែលខ្ញុំឃើញនោះ មានរាងដូចជាខ្លារខិនជើងវាដូចជើងខ្លាឃ្មុំ ហើយមាត់វាដូចមាត់សឹង្ហ។ នាគបានប្រគល់ឫទ្ធានុភាព និង បល្ល័ង្ករបស់វា ព្រមទាំងអំណាចយ៉ាងធំទៅអោយសត្វនោះ។ 3 ខ្ញុំក៏ឃើញក្បាលមួយរបស់សត្វនោះ ដូចជាត្រូវរបួសជិតស្លាប់ តែមុខរបួសដ៏ធ្ងន់ជិតស្លាប់នេះបានជាសះស្បើយឡើងវិញ។ មនុស្សម្នានៅលើផែនដីទាំងមូលកោតស្ញប់ស្ញែងយ៉ាងខ្លាំង ហើយនាំគ្នាទៅតាមសត្វនោះ។ 4 គេនាំគ្នាក្រាបថ្វាយបង្គំនាគ ព្រោះនាគបានប្រគល់អំណាចអោយសត្វនោះ ហើយគេក៏ក្រាបថ្វាយបង្គំសត្វនោះដែរ ទាំងពោលថា៖ «តើនរណាអាចប្រៀបផ្ទឹមនឹងសត្វនេះបាន? តើនរណាអាចច្បាំងតទល់នឹងសត្វនេះបាន?»។ 5 សត្វនោះបានទទួលសិទ្ធិពោលពាក្យព្រហើនៗ ព្រមទាំងប្រមាថព្រះជាម្ចាស់ទៀតផង។ វាបានទទួលអំណាចបញ្ចេញសកម្មភាព ក្នុងអំឡុងពេលសែសិបពីរខែ។ 6 វាបានហាមាត់ប្រមាថព្រះជាម្ចាស់ គឺវាប្រមាថព្រះនាមរបស់ព្រះអង្គ ប្រមាថព្រះពន្លា របស់ព្រះអង្គ និង ប្រមាថអស់អ្នកដែលរស់នៅក្នុងស្ថានបរមសុខ ។ 7 វាបានទទួលសិទ្ធិធើ្វសឹកសង្គ្រាមជាមួយប្រជាជនដ៏វិសុទ្ធ ព្រមទាំងមានជ័យជំនះលើពួកគេទៀតផង។ វាបានទទួលអំណាចត្រួតត្រាលើកុលសម្ព័ន្ធ ទាំងអស់ប្រជារាស្ដ្រទាំងអស់ ភាសាទាំងអស់ និង ជាតិសាសន៍ទាំងអស់ 8 ហើយមនុស្សម្នានៅលើផែនដីនឹងនាំគ្នាក្រាបថ្វាយបង្គំវា។ អ្នកទាំងនោះគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតរបស់កូនចៀម ដែលគេបានសម្លាប់ ជាបញ្ជីដែលមានតាំងពីដើមកំណើតពិភពលោកនោះឡើយ។ 9 ចូរផ្ទៀងត្រចៀកស្ដាប់អោយមែនទែន!។ 10 បើអ្នកណាត្រូវជាប់ជាឈ្លើយ អ្នកនោះមុខតែជាប់ជាឈ្លើយ អ្នកណាត្រូវស្លាប់នឹងមុខដាវ អ្នកនោះមុខតែស្លាប់នឹងមុខដាវមិនខាន។ ដូច្នេះ ប្រជាជនដ៏វិសុទ្ធ ត្រូវមានចិត្ដព្យាយាម និង មានជំនឿ។ 11 បន្ទាប់មក ខ្ញុំឃើញសត្វតិរច្ឆានមួយទៀត ផុសចេញពីដី មានស្នែងពីរដូចស្នែងកូនចៀម ហើយមានសំឡេងដូចនាគ។ 12 សត្វនោះបានយកអំណាចទាំងអស់របស់សត្វទីមួយមកប្រើ នៅចំពោះមុខសត្វទីមួយ ទាំងនាំផែនដី និង មនុស្សដែលរស់នៅលើផែនដីអោយក្រាបថ្វាយបង្គំសត្វទីមួយដែលមានរបួសជិតស្លាប់ ហើយបានជាសះស្បើយ វិញនោះផង។ 13 សត្វនោះបានសំដែងទីសំគាល់ដ៏សម្បើមអស្ចារ្យ រហូតដល់ទៅធ្វើអោយមានភ្លើងធ្លាក់ចុះពីលើមេឃមកផែនដី អោយមនុស្សលោកឃើញ។ 14 វាបាននាំមនុស្សដែលរស់នៅលើផែនដីនេះអោយវង្វេង ដោយធ្វើទីសំគាល់ផ្សែងៗនៅមុខសត្វទីមួយ តាមអំណាចដែលវាបានទទួល។ វាប្រាប់មនុស្សរស់នៅលើផែនដីអោយឆ្លាក់រូបសត្វ ដែលត្រូវរបួសនឹងមុខដាវ ហើយបានរួចជីវិតនោះ។ 15 វាបានទទួលអំណាចធ្វើអោយរូបចម្លាក់ សត្វនោះមានដង្ហើមឡើង ដើម្បីនិយាយស្ដីបាន និង ប្រហារជីវិតអស់អ្នកដែលពុំព្រមក្រាបថ្វាយបង្គំរូបចម្លាក់សត្វនោះ 16 វាបានបង្ខំមនុស្សទាំងអស់ ទាំងអ្នកតូច ទាំងអ្នកធំ ទាំងអ្នកមាន ទាំងអ្នកក្រ ទាំងអ្នកជា ទាំងអ្នកងារ អោយទទួលសញ្ញាសំគាល់មួយនៅលើដៃស្ដំា ឬ នៅលើថ្ងាស។ 17 ប្រសិនបើគ្មានសញ្ញាសំគាល់នេះ គ្មានឈ្មោះរបស់សត្វ ឬ គ្មានលេខសំគាល់ឈ្មោះរបស់សត្វនោះទេ គ្មាននរណាម្នាក់មានសិទ្ធិទិញ ឬលក់អ្វី បានសោះឡើយ។ 18 ត្រង់ហ្នឹងហើយដែលត្រូវមានប្រាជ្ញារិះគិត!។ អ្នកណាឆ្លាត ចូរយកលេខសំគាល់របស់សត្វនោះទៅគិតមើលទៅ ដ្បិតលេខនេះ ជាលេខរបស់មនុស្ស គឺប្រាំមួយរយហុកសិបប្រាំមួយ។

វិវរណៈ 14

1 ខ្ញុំមើលទៅ ឃើញកូនចៀមឈរនៅលើភ្នំស៊ីយ៉ូន ហើយមានមនុស្សមួយសែនបួនម៉ឺនបួនពាន់នាក់ នៅជាមួយព្រះអង្គ អ្នកទាំងនេះមានព្រះនាមកូនចៀម និង ព្រះនាមព្រះបិតារបស់ព្រះអង្គចារនៅលើថ្ងាស។ 2 ខ្ញុំឮសំឡេងមួយបន្លឺពីលើមេឃមក ស្នូរសន្ធឹកដូចមហាសាគរឬ ដូចផ្គរលាន់យ៉ាងខ្លាំង។ សំឡេងដែលខ្ញុំឮ មានសំនៀងដូចពួកអ្នកលេងពិណកំពុងប្រគុំតូរ្យតន្ដ្រី។ 3 អ្នកទាំងនេះច្រៀងចំរៀងថ្មីនៅមុខបល្ល័ង្ក នៅមុខសត្វមានជីវិតទាំងបួន និង នៅមុខពួកព្រឹទ្ធាចារ្យ។ គ្មាននរណាម្នាក់អាចរៀនចំរៀងនោះចេះឡើយ លើកលែងតែមនុស្សមួយសែនបួនម៉ឺនបួនពាន់នាក់ ដែលព្រះជាម្ចាស់បានលោះពីផែនដីមក។ 4 អ្នកទាំងនេះសុទ្ធតែជាមនុស្សដែលពុំបានធ្វើអោយខ្លួនសៅហ្មងនឹងស្ដ្រីៗឡើយ គឺគេនៅព្រហ្មចារីទាំងអស់គ្នា។ កូនចៀមទៅទីណា គេក៏នាំគ្នាទៅទីនោះតាមព្រះអង្គដែរ។ ព្រះអង្គបានលោះគេចេញពីចំណោមមនុស្សលោកមក ទុកជាផលដំបូងថ្វាយព្រះជាម្ចាស់ និង ថ្វាយកូនចៀម 5 ហើយអ្នកទាំងនោះក៏មិនដែលពោលពាក្យកុហកដែរ គឺគេឥតមានសៅហ្មងត្រង់ណាសោះឡើយ។ 6 ខ្ញុំឃើញទេវតា មួយរូបទៀតហោះកណ្ដាលអាកាសវេហាស៍ទេវតានោះនាំដំណឹងល្អ មួយដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច មកប្រាប់មនុស្សគ្រប់ជាតិសាសន៍ គ្រប់កុលសម្ព័ន្ធ គ្រប់ភាសា និង គ្រប់ប្រជាជនដែលរស់នៅលើផែនដី។ 7 ទេវតាបន្លឺសំឡេងយ៉ាងខ្លាំងៗថា៖ «ចូរនាំគ្នាគោរពកោតខ្លាចព្រះជាម្ចាស់ និង លើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ដ្បិតដល់ពេលព្រះអង្គវិនិច្ឆ័យទោសហើយ! ចូរនាំគ្នាក្រាបថ្វាយបង្គំព្រះអង្គដែលបានបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ ព្រមទាំងប្រភពទឹកទាំងឡាយ!»។ 8 មានទេវតាមួយរូបទៀត មកតាមក្រោយពោលថា៖ «រលំហើយ! រលំហើយ! ក្រុងបាប៊ីឡូនមហានគរដែលបាននាំជាតិសាសន៍ទាំងប៉ុន្មានអោយស្រវឹងនឹងកាមគុណដ៏ថោកទាបបំផុត របស់វា!»។ 9 មានទេវតាមួយរូបទៀត ជាទេវតាទីបីមកតាមក្រោយ ពោលឡើងយ៉ាងខ្លាំងថា៖ «អ្នកណាក្រាបថ្វាយបង្គំសត្វតិរច្ឆាននោះ និង ក្រាបថ្វាយបង្គំរូបចម្លាក់របស់វា ព្រមទាំងទទួលសញ្ញាសំគាល់នៅលើថ្ងាស ឬនៅលើដៃ 10 អ្នកនោះនឹងត្រូវទទួលទណ្ឌកម្មពីព្រះជាម្ចាស់ ព្រះអង្គនឹងវិនិច្ឆ័យទោសគេឥតត្រាប្រណីឡើយ ហើយគេនឹងត្រូវរងទុក្ខទោសនៅក្នុងភ្លើង និង ក្នុងស្ពាន់ធ័រនៅចំពោះមុខពួកទេវតាដ៏វិសុទ្ធ និង នៅចំពោះព្រះភ័ក្ដ្ររបស់កូនចៀម។ 11 ផ្សែងភ្លើងដែលធ្វើអោយគេរងទុក្ខទោស ហុយអស់កល្បជាអង្វែងតរៀងទៅ។ អស់អ្នកដែលបានក្រាបថ្វាយបង្គំសត្វតិរច្ឆាន និង ក្រាបថ្វាយបង្គំរូបចម្លាក់របស់វា ហើយបានទទួលសញ្ញាសំគាល់ឈ្មោះរបស់វា មុខជាត្រូវវេទនា ទាំងថ្ងៃទាំងយប់ ឥតស្រាកស្រាន្ដឡើយ។ 12 ដូច្នេះ ប្រជាជនដ៏វិសុទ្ធ គឺអស់អ្នកដែលប្រតិបត្ដិតាមបទបញ្ជា ទាំងប៉ុន្មានរបស់ព្រះជាម្ចាស់ និង កាន់តាមជំនឿរបស់ព្រះយេស៊ូ ត្រូវមានចិត្ដព្យាយាម។ 13 ខ្ញុំឮសំឡេងមួយ បន្លឺពីលើមេឃមក ថា៖ «ចូរសរសេរដូចតទៅៈ អស់អ្នកដែលស្លាប់រួមជាមួយព្រះអម្ចាស់ ពិតជាមានសុភមង្គល ចាប់តាំងពីពេលនេះទៅហើយ! ព្រះវិញ្ញាណមានព្រះបន្ទូលថា ពិតមែនហើយអ្នកទាំងនោះនឹងបានឈប់សំរាក លែងនឿយហត់ទៀត ដ្បិតកិច្ចការដែលគេបានប្រព្រឹត្ដទាំងប៉ុន្មាននឹងអន្ទោលតាមគេជាប់ជានិច្ច»។ 14 ខ្ញុំមើលទៅ ឃើញពពក សមួយដុំ ហើយមានម្នាក់ដូចបុត្រមនុស្ស អង្គុយលើពពកនោះ។ លោកពាក់មកុដមាសនៅលើក្បាល ព្រមទាំងកាន់កណ្ដៀវមួយយ៉ាងមុតនៅដៃផង។ 15 មានទេវតាមួយរូបទៀតចេញពីព្រះវិហារមក ហើយស្រែកឡើងខ្លាំងៗទៅកាន់លោកដែលអង្គុយលើពពកថា៖ «សូមយកកណ្ដៀវរបស់លោកមកច្រូតទៅ! ដល់ពេលច្រូតហើយ ដ្បិតផែនដីទុំ ល្មមច្រូតហើយ»។ 16 ពេលនោះ លោកដែលអង្គុយនៅលើពពកបោះកណ្ដៀវមកផែនដីផែនដីក៏ច្រូតស្រេចរួចរាល់។ 17 មានទេវតាមួយរូបទៀត ចេញពីព្រះវិហារនៅស្ថានបរមសុខ មក លោកក៏មានកាំបិតមួយដ៏មុតដែរ។ 18 ទេវតាមួយរូបទៀតដែលមានអំណាចលើភ្លើងបានចេញពីអាសនៈមក ពោលខ្លាំងៗទៅកាន់ទេវតាដែលកាន់កាំបិតដ៏មុត ថា៖ «សូមយកកាំបិតដ៏មុតរបស់លោក មកកាត់ចង្កោមទំពាំងបាយជូរនៅលើផែនដីទៅ ដ្បិតផ្លែវាទុំអស់ហើយ!»។ 19 ទេវតានោះបោះកាំបិតរបស់លោកមកលើផែនដី ផ្លែទំពាំងបាយជូរនៅលើផែនដីក៏កាត់រួចរាល់ជាស្រេច ហើយលោកបោះផ្លែទំពាំងបាយជូរទៅក្នុងធុងបញ្ជាន់ផ្លែ ជាធុងនៃព្រះពិរោធដ៏ខ្លាំងរបស់ព្រះជាម្ចាស់។ 20 បន្ទាប់មក គេយកធុងចេញទៅក្រៅទីក្រុង ដើម្បីបញ្ជាន់ផ្លែ ពេលនោះ មានឈាមហូរចេញពីធុងមកមានកំពស់ត្រឹមមាត់សេះ ចម្ងាយប្រមាណមួយពាន់ប្រាំមួយរយស្ដាដ។

វិវរណៈ 15

1 បន្ទាប់មក ខ្ញុំឃើញទីសំគាល់មួយទៀតនៅលើមេឃជាទីសំគាល់យ៉ាងធំ គួរស្ញែងខ្លាច គឺមានទេវតា ប្រាំពីររូបកាន់គ្រោះកាចប្រាំពីរ ដែលជាគ្រោះកាចចុងក្រោយបង្អស់ ដ្បិតគ្រោះកាចទាំងនេះនឹងធ្វើអោយព្រះជាម្ចាស់ឈប់ព្រះពិរោធ ។ 2 បន្ទាប់មកទៀត ខ្ញុំឃើញដូចជាមានសមុទ្រមួយភ្លឺដូចកែវលាយជាមួយនឹងភ្លើង ហើយអស់អ្នកដែលបានឈ្នះសត្វតិរច្ឆាន និង ឈ្នះរូបចម្លាក់របស់វា ព្រមទាំងឈ្នះលេខឈ្មោះរបស់វា ឈរនៅលើសមុទ្រកែវនោះ។ ពួកគេកាន់ពិណរបស់ព្រះជាម្ចាស់ 3 ហើយនាំគ្នាច្រៀងចំរៀងរបស់លោកម៉ូសេជាអ្នកបំរើរបស់ព្រះជាម្ចាស់ និង ចំរៀងរបស់កូនចៀមថា៖ «ឱព្រះជាអម្ចាស់ដ៏មានព្រះចេស្ដាលើអ្វីៗ ទាំងអស់អើយ ស្នាព្រះហស្ដរបស់ព្រះអង្គប្រសើរឧត្ដម គួរអោយកោតស្ញប់ស្ញែងពន់ពេកណាស់! ឱព្រះមហាក្សត្រនៃប្រជាជាតិទាំងឡាយអើយ មាគ៌ារបស់ព្រះអង្គសុទ្ធតែសុចរិត និង ត្រឹមត្រូវទាំងអស់! 4 បពិត្រព្រះអម្ចាស់! តើមាននរណាមិនគោរពកោតខ្លាចព្រះនាមព្រះអង្គ! តើនរណាមិនលើកតម្កើងសិរីរុងរឿងនៃព្រះនាមព្រះអង្គ! ដ្បិតមានតែព្រះអង្គប៉ុណ្ណោះជាព្រះដ៏វិសុទ្ធ។ មនុស្សគ្រប់ជាតិសាសន៍ នឹងនាំគ្នាមកក្រាបថ្វាយបង្គំព្រះអង្គ ដ្បិតគេបានឃើញច្បាស់ថា ព្រះអង្គវិនិច្ឆ័យដោយយុត្ដិធម៌»។ 5 ក្រោយមកទៀត ខ្ញុំមើលទៅ ឃើញព្រះវិហារនៅស្ថានបរមសុខ ដែលមានព្រះពន្លានៃសក្ខីភាព បើកទ្វារចំហ។ 6 ទេវតាទាំងប្រាំពីររូបដែលកាន់គ្រោះកាចទាំងប្រាំពីរក៏ចេញពីព្រះវិហារមក មានសម្លៀកបំពាក់ធ្វើពីក្រណាត់ទេសឯកសុទ្ធដ៏ភ្លឺផ្លេក ហើយមានខ្សែក្រវាត់មាសនៅដើមទ្រូងផង។ 7 សត្វមានជីវិតមួយក្នុងចំណោមសត្វមានជីវិតទាំងបួនបានប្រគល់ពែងមាសប្រាំពីរជូនទេវតាទាំងប្រាំពីររូប។ ពែងទាំងនោះពេញទៅដោយព្រះពិរោធរបស់ព្រះជាម្ចាស់ដែលគង់នៅអស់កល្បជាអង្វែងតរៀងទៅ។ 8 ព្រះវិហារក៏ពោរពេញទៅដោយផ្សែង ដែលចេញពីសិរីរុងរឿងរបស់ព្រះជាម្ចាស់ និង ពីឫទ្ធានុភាពរបស់ព្រះអង្គ ហើយគ្មាននរណាអាចចូលទៅក្នុងព្រះវិហារបានឡើយ ទាល់តែគ្រោះកាចទាំងប្រាំពីររបស់ទេវតាទាំងប្រាំពីរបានចប់សព្វគ្រប់ជាមុនសិន។

វិវរណៈ 16

1 ខ្ញុំបានឮសំឡេងមួយយ៉ាងខ្លាំង ចេញពីព្រះវិហារ បន្លឺទៅកាន់ទេវតាទាំងប្រាំពីរថា៖ «ចូរនាំគ្នាទៅ ហើយយកពែងទាំងប្រាំពីរនៃព្រះពិរោធរបស់ព្រះជាម្ចាស់ចាក់លើផែនដីទៅ!»។ 2 ទេវតាទីមួយចេញទៅ យកពែងរបស់ខ្លួនចាក់លើផែនដី ស្រាប់តែអស់អ្នកដែលមានសញ្ញាសំគាល់របស់សត្វតិរច្ឆានហើយដែលក្រាបថ្វាយបង្គំរូបចម្លាក់របស់វា កើតដំបៅរលួយឈឺចុកចាប់យ៉ាងខ្លាំង។ 3 ទេវតាទីពីរយកពែងរបស់ខ្លួនចាក់លើសមុទ្រស្រាប់តែសមុទ្រក្លាយទៅជាឈាម ដូចឈាមហូរចេញពីសាកសព ហើយអ្វីៗទាំងប៉ុន្មានដែលមានជីវិតក្នុងសមុទ្រក៏ស្លាប់អស់ទៅ។ 4 ទេវតាទីបីយកពែងរបស់ខ្លួនចាក់លើទនេ្ល និង ប្រភពទឹកនានា ស្រាប់តែទន្លេ និង ប្រភពទឹកក្លាយទៅជាឈាមទាំងអស់។ 5 ខ្ញុំឮទេវតាម្ចាស់ទឹកពោលថា៖ «បពិត្រ ព្រះអង្គដ៏មានព្រះជន្មគង់នៅសព្វថ្ងៃ និង មានព្រះជន្មគង់នៅតាំងពីដើមរៀងមក ព្រះអង្គពិតជាវិសុទ្ធ ហើយទ្រង់វិនិច្ឆ័យទោសដោយយុត្ដិធម៌មែន! 6 ដ្បិតអ្នកទាំងនោះបានបង្ហូរឈាមប្រជាជនដ៏វិសុទ្ធ និង បង្ហូរឈាមពួកព្យាការី ព្រះអង្គអោយឈាមគេផឹកដូច្នេះសមមុខពួកគេហើយ»។ 7 ខ្ញុំឮសំឡេងមួយចេញពីអាសនៈមកថា៖ «ប្រាកដមែន! បពិត្រព្រះជាអម្ចាស់ ជាព្រះដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់ ព្រះអង្គវិនិច្ឆ័យទោសយ៉ាងត្រឹមត្រូវ តាមយុត្ដិធម៌ពិតមែនហើយ!»។ 8 ទេវតាទីបួនយកពែងរបស់ខ្លួនចាក់ទៅលើព្រះអាទិត្យ ស្រាប់តែព្រះអាទិត្យទទួលអំណាចធ្វើអោយមនុស្សក្ដៅក្រហល់ក្រហាយ។ 9 មនុស្សម្នាត្រូវរលាកដោយកំដៅថ្ងៃយ៉ាងខ្លាំង គេនាំគ្នាជេរប្រមាថព្រះនាមព្រះជាម្ចាស់ដែលមានអំណាចលើគ្រោះកាចទាំងនេះតែគេពុំបានកែប្រែចិត្ដគំនិត ហើយពុំព្រមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គឡើយ។ 10 ទេវតាទីប្រាំយកពែងរបស់ខ្លួនចាក់ទៅលើបល្ល័ង្ករបស់សត្វតិរច្ឆាន ស្រាប់តែអាណាចក្ររបស់វាប្រែទៅជាងងឹតសូន្យ មនុស្សម្នានាំគ្នាខាំអណ្ដាតរបស់ខ្លួន ព្រោះវេទនាខ្លាំងពេក។ 11 គេនាំគ្នាជេរប្រមាថព្រះជាម្ចាស់នៃស្ថានបរមសុខ ព្រោះតែឈឺចុកចាប់ និង កើតដំបៅពេញខ្លួន។ ប៉ុណ្ណឹងហើយ ពួកគេនៅតែមិនកែប្រែចិត្ដគំនិត លះបង់អំពើដែលខ្លួនធ្លាប់ប្រព្រឹត្ដនោះឡើយ។ 12 ទេវតាទីប្រាំមួយយកពែងរបស់ខ្លួនចាក់ទៅលើទន្លេធំ គឺទន្លេអឺប្រាត ស្រាប់តែទឹករីងអស់ ដើម្បីអោយទន្លេទៅជាផ្លូវមួយចាំទទួលស្ដេចនានាមកពីបូព៌ាប្រទេស។ 13 ខ្ញុំឃើញវិញ្ញាណអាក្រក់បីដែលមានរូបរាងដូចកង្កែបមួយចេញពីមាត់នាគ មួយចេញពីមាត់សត្វតិរច្ឆាន និង មួយទៀតចេញពីមាត់ព្យាការីក្លែងក្លាយ 14 គឺជាវិញ្ញាណរបស់ពួកអារក្ស។ វាសំដែងទីសំគាល់ផ្សេងៗ និង ចេញទៅប្រមូលស្ដេចនៅលើផែនដីទាំងមូលអោយធ្វើសឹកសង្គ្រាម នៅថ្ងៃដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ ជាព្រះដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់ 15 («មើល៍! យើងនឹងមកដូចចោរចូលលួច។ អ្នកណាប្រុងស្មារតី ហើយមានសម្លៀកបំពាក់បិទបាំងកាយ ឥតនៅអាក្រាតអោយគេឃើញកេរ្ដិ៍ខ្មាស អ្នកនោះពិតជាមានសុភមង្គល ហើយ!»)។ 16 វិញ្ញាណអាក្រក់នឹងប្រមូលស្ដេចទាំងនោះអោយមក ជួបជុំគ្នានៅកន្លែងមួយដែលមានឈ្មោះជាភាសាហេប្រឺថា «អើម៉ាគេដូន»។ 17 ទេវតា ទីប្រាំពីរ យកពែង របស់ខ្លួន ចាក់ទៅ លើអាកាស ស្រាប់តែមានសំឡេងមួយបន្លឺឡើងយ៉ាងខ្លាំងចេញពីបល្ល័ង្កក្នុងព្រះវិហារ ថា៖ «រួចរាល់ស្រេចអស់ហើយ!»។ 18 ពេលនោះ មានផ្លេកបន្ទោរ មានឮសំឡេង មានផ្គរលាន់ និង មានរញ្ជួយផែនដីយ៉ាងខ្លាំងចាប់តាំងពីមានមនុស្សរស់នៅលើផែនដីមក មិនដែលមានរញ្ជួយផែនដីខ្លាំងយ៉ាងនេះទេ។ 19 មហានគរនោះបានបែកជាបីរីឯក្រុងនានារបស់ជាតិសាសន៍ទាំងប៉ុន្មាន បានរលំអស់ ពេលនោះ ព្រះជាម្ចាស់បាននឹកដល់មហានគរបាប៊ីឡូនព្រះអង្គបានអោយក្រុងនេះផឹកស្រាពីពែងនៃព្រះពិរោធដ៏ខ្លាំងបំផុតរបស់ព្រះអង្គ។ 20 កោះទាំងប៉ុន្មាននឹងរសាត់បាត់អស់ទៅ ហើយភ្នំទាំងឡាយក៏លែងមានទៀតដែរ។ 21 ពេលនោះមានព្រឹលធ្លាក់មកយ៉ាងខ្លាំង គ្រាប់ព្រឹលនីមួយៗមានទម្ងន់ប្រមាណជាងមួយចុង ធ្លាក់ចុះពីលើមេឃមកលើមនុស្សលោក។ គេក៏នាំគ្នាជេរប្រមាថព្រះជាម្ចាស់ព្រោះតែគ្រោះកាចដែលកើតមានពីព្រឹលនោះ ជាគ្រោះកាចដ៏ខ្លាំងបំផុត។

វិវរណៈ 17

1 បន្ទាប់មក ទេវតា មួយរូបក្នុងចំណោមទេវតាទាំងប្រាំពីរ ដែលកាន់ពែងទាំងប្រាំពីរ ចូលមកនិយាយនឹងខ្ញុំថា៖ «សុំអញ្ជើញមក ខ្ញុំនឹងបង្ហាញអោយលោកឃើញការវិនិច្ឆ័យទោសស្ដ្រីពេស្យាដ៏មានឈ្មោះល្បីដែលអង្គុយលើមហាសមុទ្រ។ 2 ស្ដេចនៅផែនដីបាននាំគ្នាប្រាសចាកសីលធម៌ជាមួយស្ដ្រីនោះ ហើយមនុស្សម្នានៅលើផែនដី ក៏បាននាំគ្នាស្រវឹងនឹងកាមគុណជាមួយនាងដែរ»។ 3 ទេវតានោះបានលើកវិញ្ញាណខ្ញុំឡើងនាំទៅកាន់វាលរហោស្ថាន ។ នៅទីនោះ ខ្ញុំឃើញស្ដ្រីម្នាក់អង្គុយលើសត្វមួយសម្បុរក្រហមឆ្អិនឆ្អៅ ដែលមានសរសេរឈ្មោះផ្សេងៗពេញខ្លួនវា ជាឈ្មោះប្រមាថព្រះជាម្ចាស់។ សត្វនោះមានក្បាលប្រាំពីរ និង មានស្នែងដប់។ 4 ស្ដ្រីនោះស្លៀកពាក់ពណ៌ស្វាយ និង ពណ៌ក្រហមឆ្អិនឆ្អៅ ព្រមទាំងតុបតែងខ្លួនដោយពាក់មាស ត្បូង និង ពេជ្រទៀតផង។ នាងកាន់ពែងមាសមួយនៅដៃ ពោរពេញទៅដោយអំពើគួរអោយស្អប់ខ្ពើម និង កាមគុណដ៏ថោកទាបរបស់នាង។ 5 នៅលើថ្ងាសនាងមានចារឈ្មោះមួយដ៏អាថ៌កំបាំង គឺ «មហានគរបាប៊ីឡូន ជាម្ដាយរបស់ពួកស្ដ្រីពេស្យា និង ជាប្រភពនៃអំពើគួរអោយស្អប់ខ្ពើមនៅលើផែនដី»។ 6 ខ្ញុំឃើញស្ដ្រីនោះស្រវឹងឈាមរបស់ប្រជាជនដ៏វិសុទ្ធ និង ឈាមអស់អ្នកដែលជាបន្ទាល់របស់ព្រះយេស៊ូ។ ពេលឃើញស្ដ្រីនោះ ខ្ញុំងឿងឆ្ងល់ខ្លាំងណាស់។ 7 ទេវតាពោលមកកាន់ខ្ញុំថា៖ «ហេតុអ្វីបានជាលោកងឿងឆ្ងល់ដូច្នេះ? ខ្ញុំនឹងប្រាប់លោកអោយបានដឹងអត្ថន័យដ៏អាថ៌កំបាំងអំពីស្ដ្រីនោះ និង អំពីសត្វដែលនាងជិះ មានក្បាលប្រាំពីរ និង ស្នែងដប់។ 8 សត្វដែលលោកឃើញនោះ នៅសម័យដើមមានជីវិត តែឥឡូវនេះ គ្មានទៀតទេ ហើយវានឹងឡើងពីនរកអវិចីមក រួចវានឹងវិនាសបាត់ទៅវិញ។ ពេលឃើញសត្វនោះមនុស្សម្នារស់នៅលើផែនដីដែលគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិត តាំងពីមុនកំណើតពិភពលោកមក នឹងងឿងឆ្ងល់យ៉ាងខ្លាំង ព្រោះនៅសម័យដើម វាមានជីវិត តែឥឡូវនេះ គ្មានទៀតទេ ហើយវានឹងលេចមកសាជាថ្មី។ 9 ត្រង់នេះ តោងយកប្រាជ្ញាដ៏ឈ្លាសវៃ មករិះគិតទើបយល់ៈ ក្បាលប្រាំពីរ សំដៅទៅលើភ្នំទាំងប្រាំពីរដែលស្ដ្រីនោះអង្គុយលើ ហើយក៏សំដៅទៅលើស្ដេចទាំងប្រាំពីរអង្គដែរ។ 10 ស្ដេចប្រាំអង្គបានធ្លាក់រាជ្យបាត់ទៅហើយ មួយអង្គទៀត កំពុងតែសោយរាជ្យ ហើយមួយអង្គទៀតមិនទាន់មកដល់នៅឡើយទេ។ ពេលស្ដេចនោះមកដល់ ទ្រង់នឹងសោយរាជ្យតែមួយភ្លែតប៉ុណ្ណោះ។ 11 រីឯសត្វតិរច្ឆានដែលមានជីវិតកាលពីសម័យដើម តែឥឡូវគ្មានទេនោះ វានឹងមកធ្វើជាស្ដេចទីប្រាំបី។ វាក៏នៅក្នុងចំណោមស្ដេចទាំងប្រាំពីរនោះដែរ ហើយនឹងត្រូវវិនាសបាត់ទៅ។ 12 ស្នែងទាំងដប់ដែលលោកបានឃើញ សំដៅទៅលើស្ដេចដប់អង្គដែលពុំទាន់បានទទួលរាជ្យសម្បត្ដិនៅឡើយ តែស្ដេចទាំងនោះនឹងទទួលអំណាច ធ្វើជាស្ដេច បានមួយម៉ោងរួមជាមួយសត្វតិរច្ឆាន។ 13 ស្ដេចទាំងនោះមានគោលបំណងតែមួយដូចគ្នា គឺប្រគល់ឫទ្ធានុភាព និង អំណាចខ្លួន ទៅអោយសត្វតិរច្ឆាន។ 14 ស្ដេចទាំងដប់នឹងនាំគ្នាធ្វើសឹកជាមួយកូនចៀម តែកូនចៀមនឹងឈ្នះស្ដេចទាំងដប់ ដ្បិតព្រះអង្គជាព្រះអម្ចាស់លើអម្ចាស់នានា និង ជាព្រះមហាក្សត្រ លើមហាក្សត្រនានា។ រីឯអស់អ្នកដែលនៅជាមួយកូនចៀម គឺអ្នកដែលព្រះជាម្ចាស់បានត្រាស់ហៅ និង បានជ្រើសរើសហើយដែលមានជំនឿដ៏ស្មោះ ក៏នឹងមានជ័យជំនះ រួមជាមួយកូនចៀមដែរ»។ 15 ទេវតាពោលមកកាន់ខ្ញុំទៀតថា៖ «មហាសមុទ្រដែលលោកបានឃើញ គឺមហាសមុទ្រដែលស្ដ្រីពេស្យាអង្គុយលើនោះ សំដៅទៅលើប្រជារាស្ដ្រ មហាជនជាតិសាសន៍ និង ភាសានានា។ 16 រីឯស្នែងទាំងដប់ដែលលោកបានឃើញ ព្រមទាំងសត្វតិរច្ឆាន នឹងនាំគ្នាស្អប់ស្ដ្រីពេស្យានោះហើយធ្វើអោយនាងនៅស្ងាត់ជ្រងំទាំងសម្រាតនាងអោយនៅខ្លួនទទេ គេនឹងស៊ីសាច់នាង និង យកនាងទៅដុតក្នុងភ្លើងទៀតផង 17 ដ្បិតព្រះជាម្ចាស់បានបណ្ដាលអោយពួកគេមានចិត្ដធ្វើតាមផែនការរបស់ព្រះអង្គ គឺមូលមតិគ្នាប្រគល់រាជ្យសម្បត្ដិទៅអោយសត្វតិរច្ឆាន រហូតដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ បានសំរេចគ្រប់ប្រការ។ 18 រីឯស្ដ្រីដែលលោកបានឃើញនោះ គឺជាមហានគរដែលគ្រងរាជ្យលើស្ដេចនានានៅលើផែនដី»។

វិវរណៈ 18

1 ក្រោយមក ខ្ញុំឃើញទេវតា មួយរូបទៀត មានអំណាចដ៏ខ្លាំងពូកែ ចុះពីលើមេឃមក ហើយសិរីរុងរឿងរបស់ទេវតានោះភ្លឺចាំងមកលើផែនដី។ 2 លោកបន្លឺសំឡេងឡើងយ៉ាងខ្លាំងៗថា៖ «រលំហើយ! មហានគរបាប៊ីឡូនបានរលំហើយ!។ ក្រុងនេះបានក្លាយទៅជាលំនៅរបស់ពួកអារក្ស ជាជំរករបស់វិញ្ញាណអាក្រក់ទាំងអស់ ហើយក៏ជាជំរករបស់សត្វស្លាបទាំងប៉ុន្មានដែលមិនបរិសុទ្ធគួរអោយខ្ពើម 3 ព្រោះក្រុងនេះបាននាំសាសន៍ទាំងប៉ុន្មាន អោយស្រវឹងនឹងកាមគុណដ៏ថោកទាបបំផុតរបស់វា។ ពួកស្ដេចនៅលើផែនដីនាំគ្នាប្រាសចាកសីលធម៌ជាមួយក្រុងនេះ ហើយពួកឈ្មួញនៅលើផែនដីរកស៊ីមានបានក៏ដោយសារតែឫទ្ធានុភាពនៃទ្រព្យសម្បត្ដិដ៏ហូរហៀររបស់ក្រុងនេះដែរ»។ 4 ខ្ញុំឮសំឡេងមួយទៀតពីលើមេឃមកថា៖ «ប្រជារាស្ដ្ររបស់យើងអើយ! ចូរនាំគ្នាចាកចេញពីក្រុងនេះទៅ ដើម្បីកុំអោយចូលរួមនឹងអំពើបាបរបស់គេ ហើយរងគ្រោះកាចជាមួយគេឡើយ 5 ដ្បិតបាបរបស់ក្រុងនេះគរឡើងខ្ពស់ដល់មេឃ ព្រះជាម្ចាស់នៅតែនឹកឃើញអំពើទុច្ចរិតរបស់គេ។ 6 ចូរសងទៅក្រុងនេះអោយសមនឹងអំពើដែលខ្លួនបានប្រព្រឹត្ដ បើគេប្រព្រឹត្ដយ៉ាងណាត្រូវតបស្នងទៅគេវិញមួយជាពីរ ហើយចាក់បំពេញពែង ដែលគេបានប្រុងប្រៀបស្រេចហើយនោះ មួយជាពីរដែរ! 7 ក្រុងនេះបានតម្កើងខ្លួន និង រស់នៅយ៉ាងសម្បូរហូរហៀរ ដល់កំរិតណា ត្រូវធ្វើអោយគេវេទនាខ្លោចផ្សា និង កាន់ទុក្ខដល់កំរិតនោះដែរ ដ្បិតគេបាននិយាយក្នុងចិត្ដថាៈ "អញអង្គុយសោយរាជ្យ ក្នុងឋានៈជាមហាក្សត្រិយានី អញមិនមែនជាស្ដ្រីមេម៉ាយទេហើយអញនឹងមិនកាន់ទុក្ខឡើយ!"។ 8 ហេតុនេះគ្រោះកាចផ្សេងៗនឹងកើតមានដល់ក្រុងនេះ ក្នុងថ្ងៃតែមួយ គឺអ្នកក្រុងនឹងត្រូវស្លាប់ កាន់ទុក្ខ ស្រេកឃ្លានហើយនឹងមានភ្លើងឆេះបំផ្លាញក្រុងថែមទៀតផង ដ្បិតព្រះជាអម្ចាស់ដែលវិនិច្ឆ័យទោសក្រុងនេះទ្រង់ប្រកបដោយឥទ្ធិឫទ្ធិ។ 9 ពេលស្ដេចនានានៅលើផែនដីដែលបានប្រាសចាកសីលធម៌ ជាមួយក្រុងនេះ ព្រមទាំងឈ្លក់នឹងទ្រព្យសម្បត្ដិដ៏ហូរហៀររបស់វា ឃើញផ្សែងហុយឡើងពីក្រុងដែលកំពុងតែឆេះ មុខជាយំសោកសង្រេងអាណិតក្រុងនេះមិនខាន។ 10 ស្ដេចទាំងនោះឈរពីចម្ងាយ ដោយតក់ស្លុតនឹងទុក្ខទោស ដែលកើតមានដល់ក្រុងនេះ ហើយនាំគ្នាពោលថា "វេទនាហើយ!វេទនាហើយមហានគរអើយ! ក្រុងបាប៊ីឡូនដ៏ខ្លាំងពូកែអើយ! ក្នុងរយៈពេលតែមួយម៉ោង អ្នកត្រូវវិនាសអន្ដរាយអស់"។ 11 ពេលនោះ ពួកឈ្មួញនៅលើផែនដី ក៏នាំគ្នាយំសោក និង កាន់ទុក្ខព្រោះតែក្រុងនេះដែរ ដ្បិតគ្មាននរណាទិញទំនិញរបស់ខ្លួនទៀតឡើយ 12 ទំនិញទាំងនោះ គឺមាស ប្រាក់ ត្បូង ពេជ្រ ក្រណាត់ទេសឯក ក្រណាត់ពណ៌ស្វាយ ក្រណាត់សូត្រ ក្រណាត់ពណ៌ក្រហម ឈើក្រអូបគ្រប់មុខ គ្រឿងភ្លុក គ្រឿងផ្សេងៗដែលធ្វើពីឈើដ៏មានតម្លៃធ្វើពីលង្ហិន ធ្វើពីដែក និង ធ្វើពីថ្មកែវ 13 សំបកសម្បុរល្វែង សំបកខ្លឹមចន្ទ ទឹកអប់ ជ័រល្វីងទេស គ្រឿងក្រអូប ស្រាប្រេងម្សៅម៉ដ្ឋ ស្រូវ គោ ចៀម សេះ រទេះ អ្នកងារ និង អ្នកជាប់ឈ្លើយ។ 14 ពួកឈ្មួញទាំងនោះពោលទៅកាន់ក្រុងបាប៊ីឡូនថាៈ "ភោគផលទាំងប៉ុន្មានដែលអ្នកប្រាថ្នាចង់បាននោះ រសាត់បាត់អស់ទៅហើយ វត្ថុដ៏មានតម្លៃ និង មានលំអដ៏ប្រណីតទាំងប៉ុន្មាននោះ អ្នកបាត់បង់ទាំងអស់ គ្មាននរណារកបានទៀតឡើយ!"។ 15 ពួកឈ្មួញដែលរកស៊ីមានបាន ដោយលក់ទំនិញនៅក្រុងនេះ នាំគ្នាឈរពីចម្ងាយ ដោយតក់ស្លុតនឹងទុក្ខទោសដែលកើតមានដល់ក្រុងទាំងយំសោក និង កាន់ទុក្ខទៀតផង។ 16 គេពោលថា "វេទនាហើយ! វេទនាហើយមហានគរដែលមានសម្លៀកបំពាក់ធ្វើពីក្រណាត់ទេសឯក ក្រណាត់ពណ៌ស្វាយ និង ពណ៌ក្រហមឆ្អិនឆ្អៅ ព្រមទាំងពាក់មាសត្បូង និង ពេជ្រតុបតែងខ្លួន! 17 ភោគសម្បត្ដិក៏ច្រើននេះបានវិនាសហិនហោចអស់តែក្នុងរយៈពេលមួយម៉ោងប៉ុណ្ណោះ!"។ ពួកអ្នកបើកសំពៅ ពួកអ្នកជិះសំពៅតាមនោះ កម្មករសំពៅ និង អ្នករកស៊ីតាមជើងទឹកទាំងប៉ុន្មាន នាំគ្នានៅពីចម្ងាយ។ 18 ពេលឃើញផ្សែងហុយឡើងពីក្រុង ដែលកំពុងតែឆេះ គេនាំគ្នាស្រែកថា "តើមានក្រុងណាអាចប្រៀបផ្ទឹមនឹងមហានគរនេះបាន!"។ 19 គេបាចធូលីដីលើក្បាលរបស់ខ្លួន ហើយនាំគ្នាយំសោក និង កាន់ទុក្ខ ទាំងពោលថាៈ"វេទនាហើយ! វេទនាហើយ! មហានគរដែលធ្វើអោយពួកម្ចាស់សំពៅនៅតាមសមុទ្ររកស៊ីមានបានដោយសារតែភោគសម្បត្ដិរបស់ក្រុងនេះ។ ក្នុងពេលតែមួយម៉ោងក្រុងនេះទៅជាស្ងាត់ជ្រងំ!"។ 20 ស្ថានបរមសុខអើយ ចូរអរសប្បាយនឹងការវិនាសរបស់ក្រុងនេះទៅ! អ្នករាល់គ្នាដែលជាប្រជាជនដ៏វិសុទ្ធ សាវ័ក និង ព្យាការី ចូរអរសប្បាយដែរ ដ្បិតព្រះជាម្ចាស់បានរកយុត្ដិធម៌អោយអ្នករាល់គ្នា ដោយដាក់ទោសក្រុងនេះហើយ»។ 21 ពេលនោះ ទេវតា មួយរូបដ៏មានឥទ្ធិឫទ្ធិបានលើកថ្មមួយដុំដូចត្បាល់កិន បោះទៅក្នុងសមុទ្រទាំងពោលថា៖«គេនឹងច្រានក្រុងបាប៊ីឡូនមហានគរទម្លាក់ទៅក្នុងសមុទ្រដូច្នោះដែរ!។ គ្មាននរណារកក្រុងនោះឃើញទៀតឡើយ។ 22 គេនឹងលែងឮសំឡេងតូរ្យតន្ដ្រីរបស់ពួកអ្នកលេងពិណ អ្នកភ្លេង អ្នកផ្លុំខ្លុយ និង អ្នកផ្លុំត្រែ ក្នុងឯងទៀតហើយ។ រីឯពួកជាងទាំងឡាយដែលប្រកបរបរគ្រប់មុខ ក៏លែងមាន ហើយសំឡេងត្បាល់កិនក៏លែងឮទៀតដែរ។ 23 ក្នុងឯង លែងមានពន្លឺចង្កៀងទៀត សំឡេងគូស្វាមីភរិយាថ្មោងថ្មីក៏លែងឮទៀតដែរ ដ្បិតពួកឈ្មួញដែលរកស៊ីក្នុងឯង សុទ្ធតែជាអ្នកធំជាងគេនៅលើផែនដីនេះ វិជ្ជាធ្មប់របស់ឯងបាននាំជាតិសាសន៍ទាំងអស់អោយវង្វេង 24 ហើយនៅក្នុងឯង ឃើញមានឈាមរបស់ពួកព្យាការី ឈាមរបស់ប្រជាជនដ៏វិសុទ្ធ និង ឈាមរបស់អស់អ្នកដែលត្រូវគេសម្លាប់នៅលើផែនដីនេះ»។

វិវរណៈ 19

1 បន្ទាប់ពីហេតុការណ៍ទាំងនោះមក ខ្ញុំឮហាក់ដូចជាមានសំឡេង យ៉ាង ខ្លាំងរបស់មហាជនច្រើនកុះករនៅលើមេឃថា៖ «ហាលេលូយ៉ា! សូមលើកតម្កើងព្រះជាម្ចាស់នៃយើង ព្រះអង្គសង្គ្រោះយើង ព្រះអង្គប្រកបដោយសិរីរុងរឿង និង ឫទ្ធានុភាព 2 ដ្បិតទ្រង់វិនិច្ឆ័យទោសយ៉ាងត្រឹមត្រូវតាមយុត្ដិធម៌។ ព្រះអង្គបានវិនិច្ឆ័យទោសស្ដ្រីពេស្យាដ៏មានឈ្មោះល្បីដែលបានធ្វើអោយផែនដីទៅជាសៅហ្មង ដោយកាមគុណរបស់នាង ព្រះអង្គបានដាក់ទោសស្ដ្រីពេស្យានោះ ព្រោះនាងបានបង្ហូរឈាមពួកអ្នកបំរើរបស់ព្រះអង្គ»។ 3 មហាជនទាំងនោះពោលម្ដងទៀតថា៖ «ហាលេលូយ៉ា! ផ្សែងនៃក្រុងនោះនឹងហុយឡើងអស់កល្បជាអង្វែងតរៀងទៅ»។ 4 ពួកព្រឹទ្ធាចារ្យទាំងម្ភៃបួនរូប និង សត្វមានជីវិតទាំងបួន ក៏នាំគ្នាក្រាបចុះ ហើយថ្វាយបង្គំព្រះជាម្ចាស់ដែលគង់នៅលើបល្ល័ង្ក ទាំងពោលថា៖ «អាម៉ែន! ហាលេលូយ៉ា!»។ 5 មានសំឡេងចេញពីបល្ល័ង្កមកថា៖ «អ្នករាល់គ្នាជាអ្នកបំរើព្រះជាម្ចាស់ អ្នករាល់គ្នាជាអ្នកគោរពកោតខ្លាចព្រះអង្គ ទាំងតូចទាំងធំអើយ ចូរសរសើរតម្កើងព្រះជាម្ចាស់នៃយើង!»។ 6 ពេលនោះខ្ញុំឮហាក់ដូចជាមានសំឡេងបណ្ដាជនដ៏ច្រើនកុះករ ដូចជាមានស្នូរសន្ធឹកមហាសាគរ និង ដូចជាមានស្នូរផ្គរលាន់យ៉ាងខ្លាំងថា៖ «ហាលេលូយ៉ា! ដ្បិតព្រះជាអម្ចាស់ជាព្រះដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់ ទ្រង់បានតាំងព្រះរាជ្យរបស់ព្រះអង្គហើយ 7 យើងនាំគ្នាអរសប្បាយឡើងត្រូវមានអំណររីករាយអោយខ្លាំង ហើយនាំគ្នាលើកតម្កើងសិរីរុងរឿងព្រះអង្គ ដ្បិតដល់ពេលរៀបវិវាហមង្គលការកូនចៀមហើយ ភរិយានថ្មោងថ្មីរបស់កូនចៀមក៏បានរៀបចំខ្លួនរួចជាស្រេចហើយដែរ។ 8 ព្រះអង្គប្រទានអោយនាងស្លៀកពាក់រុងរឿង ភ្លឺចិញ្ចែងចិញ្ចាច និង បរិសុទ្ធ។ សម្លៀកបំពាក់ដ៏រុងរឿងនោះ គឺជាអំពើសុចរិតផ្សេងៗដែលប្រជាជនដ៏វិសុទ្ធបានប្រព្រឹត្ដ»។ 9 ទេវតា ពោលមកកាន់ខ្ញុំថា៖ «ចូរកត់ត្រាទុក អ្នកណាដែលព្រះជាម្ចាស់បានត្រាស់ហៅអោយមកចូលរួមក្នុងពិធីជប់លៀងមង្គលការកូនចៀម អ្នកនោះពិតជាមានសុភមង្គល ហើយ!»។ បន្ទាប់មក ទេវតាប្រាប់ខ្ញុំថា៖ «សេចក្ដីទាំងនេះពិតជាព្រះបន្ទូលរបស់ព្រះជាម្ចាស់មែន»។ 10 ខ្ញុំក៏ក្រាបចុះនៅទៀបជើងទេវតានោះបំរុងនឹងថ្វាយបង្គំលោក ប៉ុន្ដែ លោកពោលមកខ្ញុំថា៖ «កុំថ្វាយបង្គំខ្ញុំអី! ខ្ញុំជាអ្នករួមការងារជាមួយលោកទេតើ ហើយខ្ញុំក៏រួមការងារជាមួយបងប្អូនលោកដែលជឿលើសក្ខីភាពរបស់ព្រះយេស៊ូដែរ។ ត្រូវថ្វាយបង្គំព្រះជាម្ចាស់វិញ! ដ្បិតសក្ខីភាពរបស់ព្រះយេស៊ូ គឺវិញ្ញាណដែលថ្លែងព្រះបន្ទូលក្នុងនាមព្រះជាម្ចាស់»។ 11 បន្ទាប់មក ខ្ញុំឃើញផ្ទៃមេឃបើកចំហ ហើយឃើញសេះសមួយលេចមក។ ព្រះអង្គដែលគង់នៅលើសេះនោះ មានព្រះនាមថា «ព្រះដ៏ស្មោះត្រង់ ព្រះដ៏ពិតប្រាកដ»ទ្រង់វិនិច្ឆ័យ និង ច្បាំងប្រកបដោយយុត្ដិធម៌។ 12 ព្រះអង្គមានព្រះនេត្រដូចអណ្ដាតភ្លើង ហើយមានមកុដជាច្រើន នៅលើព្រះសិរសាផង។ នៅលើព្រះកាយព្រះអង្គមានសរសេរព្រះនាមមួយ ក្រៅពីព្រះអង្គគ្មាននរណាស្គាល់ព្រះនាមនោះឡើយ 13 ព្រះអង្គមានសម្លៀកបំពាក់ទទឹកឈាមជោក។ ព្រះអង្គមានព្រះនាមថា«ព្រះបន្ទូលរបស់ព្រះជាម្ចាស់»។ 14 កងទ័ពនៅស្ថានសួគ៌នាំគ្នាជិនសេះ ស មកតាមព្រះអង្គ ទាំងស្លៀកពាក់សំពត់ទេសឯកពណ៌ស និង បរិសុទ្ធ ។ 15 មានដាវមួយយ៉ាងមុតចេញពីព្រះឱស្ឋរបស់ព្រះអង្គ មកប្រហារជាតិសាសន៍ទាំងឡាយ ព្រះអង្គនឹងកាន់ដំបងដែកដឹកនាំគេ ហើយព្រះអង្គជាន់ទំពាំងបាយជូរនៅក្នុងធុងអោយចេញជាស្រានៃព្រះពិរោធដ៏ខ្លាំងក្លារបស់ព្រះជាម្ចាស់ដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់។ 16 នៅលើព្រះភូសា និង លើភ្លៅរបស់ព្រះអង្គ មានសរសេរព្រះនាមថា «ព្រះមហាក្សត្រលើមហាក្សត្រនានា និង ព្រះអម្ចាស់លើអម្ចាស់នានា»។ 17 ខ្ញុំឃើញទេវតា មួយរូបឈរនៅក្នុងព្រះអាទិត្យ។ ទេវតានោះបន្លឺសំឡេងខ្លាំងៗទៅកាន់សត្វស្លាបទាំងអស់ ដែលហើរនៅកណ្ដាលអាកាសវេហាស៍ថា៖ «ចូរនាំគ្នាមក!ចូរប្រមូលគ្នាមកចូលរួមក្នុងពិធីជប់លៀងដ៏មហោឡារឹករបស់ព្រះជាម្ចាស់ 18 ដើម្បីស៊ីសាច់ពួកស្ដេច សាច់ពួកមេទ័ព សាច់ពួកអ្នកខ្លាំងពូកែ សាច់សេះ និង សាច់ពួកអ្នកជិះសេះ ព្រមទាំងសាច់មនុស្សទាំងអស់គឺ ទាំងអ្នកជាទាំងអ្នកងារទាំងអ្នកតូច ទាំងអ្នកធំ»។ 19 ខ្ញុំឃើញសត្វតិរច្ឆាន និង ពួកស្ដេចនានានៅលើផែនដី ព្រមទាំងកងទ័ពរបស់គេប្រមូលគ្នាមកច្បាំងនឹងព្រះអង្គដែលគង់នៅលើសេះ និង កងទ័ពរបស់ព្រះអង្គ។ 20 សត្វតិរច្ឆានបានជាប់ជាឈ្លើយសឹក ហើយព្យាការីក្លែងក្លាយដែលបានសំដែងទីសំគាល់អស្ចារ្យនៅមុខសត្វនោះ ក៏បានជាប់ជាឈ្លើយដែរ គឺព្យាការីក្លែងក្លាយហ្នឹងហើយដែលបាននាំអស់អ្នកមានសញ្ញាសំគាល់របស់សត្វតិរច្ឆាន និង អ្នកក្រាបថ្វាយបង្គំរូបចម្លាក់របស់សត្វនោះអោយវង្វេង។ គេបានបោះពួកសត្វតិរច្ឆាន និង ព្យាការីក្លែងក្លាយទាំងរស់ ទៅក្នុងបឹងភ្លើងដែលមានស្ពាន់ធ័រកំពុងឆេះ។ 21 រីឯអ្នកឯទៀតៗក៏បានស្លាប់ដោយដាវចេញមកពីព្រះឱស្ឋរបស់ព្រះអង្គដែលគង់នៅលើសេះ ហើយសត្វស្លាបទាំងប៉ុន្មានក៏បានស៊ីសាច់ពួកគេឆ្អែតរៀងៗខ្លួន។

វិវរណៈ 20

1 បន្ទាប់មក ខ្ញុំឃើញទេវតា មួយរូបចុះពីលើមេឃ ទាំងកាន់កូនសោស្ថាននរកអវិចី និង ច្រវាក់មួយយ៉ាងធំនៅដៃផង។ 2 ទេវតានោះបានចាប់នាគមកចងទុកក្នុងរយៈពេលមួយពាន់ឆ្នាំ។ នាគនោះជាពស់ពីបុរាណ ជាមារ និង ជាសាតាំង។ 3 ទេវតាបានបោះវាទៅស្ថាននរកអវិចី ហើយចាក់សោ បិទត្រាលើទ្វារ រហូតដល់គំរប់មួយពាន់ឆ្នាំដើម្បីកុំអោយវាល្បួងជាតិសាសន៍នានាអោយវង្វេងទៀត។ លុះផុតកំណត់នេះទៅ ត្រូវតែដោះលែងវាមួយរយៈពេលខ្លី។ 4 ខ្ញុំឃើញបល្ល័ង្កជាច្រើន ហើយអស់អ្នកដែលអង្គុយនៅលើបល្ល័ង្កទាំងនោះបានទទួលអំណាចនឹងវិនិច្ឆ័យទោស។ ខ្ញុំក៏ឃើញវិញ្ញាណក្ខ័ន្ធរបស់អស់អ្នកដែលស្លាប់ ដោយគេកាត់ក ព្រោះតែបានផ្ដល់សក្ខីភាពអំពីព្រះយេស៊ូ និង អំពីព្រះបន្ទូលរបស់ព្រះអង្គ។ ខ្ញុំក៏ឃើញវិញ្ញាណក្ខ័ន្ធរបស់អស់អ្នកដែលមិនបានក្រាបថ្វាយបង្គំសត្វតិរច្ឆាន ឬ ថ្វាយបង្គំរូបចម្លាក់របស់វា ហើយមិនបានទទួលសញ្ញាសំគាល់លើថ្ងាស និង នៅលើដៃដែរ។ អ្នកទាំងនោះមានជីវិតរស់ឡើងវិញ សោយរាជ្យជាមួយព្រះគ្រិស្ដក្នុងរយៈពេលមួយពាន់ឆ្នាំ។ 5 រីឯមនុស្សឯទៀតៗដែលបានស្លាប់ទៅហើយនោះ ពុំបានរស់ឡើងវិញទេគឺរហូតដល់គំរប់មួយពាន់ឆ្នាំទើបរស់ឡើងវិញ។ នេះជាការរស់ឡើងវិញលើកទីមួយ 6 អស់អ្នកដែលបានរស់ឡើងវិញនៅលើកទីមួយ ពិតជាមានសុភមង្គល ហើយនឹងបានវិសុទ្ធ ទៀតផង!។ សេចក្ដីស្លាប់ទីពីរ គ្មានអំណាចលើអ្នកទាំងនោះឡើយ ផ្ទុយទៅវិញគេនឹងទៅជាបូជាចារ្យ របស់ព្រះជាម្ចាស់ និង របស់ព្រះគ្រិស្ដ ហើយសោយរាជ្យជាមួយព្រះអង្គ ក្នុងរយៈពេលមួយពាន់ឆ្នាំ។ 7 លុះរយៈពេលមួយពាន់ឆ្នាំនោះកន្លងផុតទៅ មារសាតាំងនឹងរួចពីគុក 8 ហើយវាចេញទៅបញ្ឆោតជាតិសាសន៍នានា នៅទិសទាំងបួនអោយវង្វេង គឺវានាំទាំងសាសន៍កុក ទាំងសាសន៍ម៉ាកុក អោយវង្វេងដែរ ដើម្បីប្រមូលគេមកធ្វើសឹកសង្គ្រាម។ ពួកគេមានចំនួនច្រើនដូចគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ។ 9 ពួកគេបានឡើងទៅច្បាំងពាសពេញលើផែនដីទាំងមូល ហើយឡោមព័ទ្ធទីបោះជំរំរបស់ប្រជារាស្ដ្រព្រះជាម្ចាស់ ព្រមទាំងឡោមព័ទ្ធក្រុងដ៏ជាទីស្រឡាញ់របស់ព្រះអង្គថែមទៀតផង។ ក៏ប៉ុន្ដែ មានភ្លើងធ្លាក់ពីលើមេឃមកលេបពួកគេអស់ទៅ។ 10 រីឯមារដែលបាននាំជាតិសាសន៍ទាំងនោះអោយវង្វេង ក៏ត្រូវគេបោះទៅក្នុងបឹងភ្លើង និង ស្ពាន់ធ័រដែលមានសត្វតិរច្ឆាន និង ព្យាការីក្លែងក្លាយនៅក្នុងនោះស្រាប់។ គេនឹងរងទុក្ខវេទនាទាំងថ្ងៃទាំងយប់ អស់កល្បជាអង្វែងតរៀងទៅ។ 11 បន្ទាប់មក ខ្ញុំឃើញបល្ល័ង្កមួយធំពណ៌ស ព្រមទាំងឃើញព្រះអង្គ ដែលគង់នៅលើបល្ល័ង្កនោះផងដែរ។ ផែនដី និង ផ្ទៃមេឃ បានរត់ចេញបាត់ពីព្រះភ័ក្ដ្រព្រះអង្គទៅ ឥតមានសល់អ្វីឡើយ។ 12 ខ្ញុំក៏ឃើញមនុស្សស្លាប់ ទាំងអ្នកធំ ទាំងអ្នកតូចឈរនៅមុខបល្ល័ង្ក ហើយមានក្រាំងជាច្រើនបើកជាស្រេច មានក្រាំងមួយទៀតបើកដែរ គឺក្រាំងនៃបញ្ជីជីវិត។ ព្រះអង្គដែលគង់នៅលើបល្ល័ង្កទ្រង់វិនិច្ឆ័យទោសមនុស្សស្លាប់ទាំងអស់ តាមអំពើដែលគេបានប្រព្រឹត្ដ ដូចមានកត់ត្រាទុកក្នុងក្រាំងទាំងនោះស្រាប់។ 13 សមុទ្របានប្រគល់មនុស្សស្លាប់ដែលនៅក្នុងទឹកមកវិញ សេចក្ដីស្លាប់ និង ស្ថានមច្ចុរាជក៏បានប្រគល់មនុស្សស្លាប់ ដែលនៅទីនោះមកវិញដែរ ហើយព្រះអង្គនឹងវិនិច្ឆ័យទោសម្នាក់ៗ តាមអំពើដែលខ្លួនបានប្រព្រឹត្ដ។ 14 សេចក្ដីស្លាប់ និង ស្ថានមច្ចុរាជត្រូវគេបោះទៅក្នុងបឹងភ្លើង។ បឹងភ្លើងនេះហើយ ជាសេចក្ដីស្លាប់ទីពីរ។ 15 អស់អ្នកដែលគ្មានឈ្មោះក្នុងបញ្ជីជីវិត ក៏នឹងត្រូវបោះទៅក្នុងបឹងភ្លើងដែរ។

វិវរណៈ 21

1 ពេលនោះខ្ញុំឃើញផ្ទៃមេឃថ្មី និង ផែនដីថ្មី ដ្បិតផ្ទៃមេឃពីមុន និង ផែនដីពីមុននោះ បាត់អស់ទៅហើយ ហើយក៏គ្មានសមុទ្រទៀតដែរ។ 2 បន្ទាប់មក ខ្ញុំឃើញក្រុងដ៏វិសុទ្ធ ជាក្រុងយេរូសាឡឹមថ្មី ចុះពីស្ថានបរមសុខ គឺចុះមកពីព្រះជាម្ចាស់ ទាំងតែងខ្លួនដូចភរិយាថ្មោងថ្មីតុបតែងខ្លួនទទួលស្វាមី។ 3 ខ្ញុំឮសំឡេងបន្លឺយ៉ាងខ្លាំងៗចេញពីបល្ល័ង្កមកថា៖ «មើលហ្ន៎ ព្រះពន្លា របស់ព្រះជាម្ចាស់ស្ថិតនៅជាមួយមនុស្សលោកហើយ! ព្រះអង្គនឹងស្ថិតនៅក្នុងចំណោមពួកគេ ពួកគេនឹងទៅជាប្រជារាស្ដ្ររបស់ព្រះអង្គ ហើយព្រះជាម្ចាស់ផ្ទាល់នឹងគង់ជាមួយពួកគេ។ 4 ព្រះអង្គនឹងជូតទឹកភ្នែកចេញអស់ពីភ្នែករបស់គេ សេចក្ដីស្លាប់លែងមានទៀតហើយ ការកាន់ទុក្ខការសោកសង្រេង និង ទុក្ខលំបាក ក៏លែងមានទៀតដែរ ដ្បិតអ្វីៗដែលកើតមានកាលពីមុននោះ បាត់អស់ទៅហើយ»។ 5 ព្រះអង្គដែលគង់នៅលើបល្ល័ង្ក ទ្រង់មានព្រះបន្ទូលថា៖ «មើល៍យើងបានធ្វើអ្វីៗទាំងអស់សុទ្ធតែថ្មី»។ រួចព្រះអង្គមានព្រះបន្ទូលទៀតថា៖ «ចូរកត់ត្រាទុក ដ្បិតសេចក្ដីទាំងនេះសុទ្ធតែជាពាក្យពិត គួរអោយជឿ»។ 6 ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «រួចស្រេចអស់ហើយ! យើងជាអាល់ផា និង ជាអូមេកា គឺជាដើមដំបូង និង ជាចុងបំផុត។ អ្នកណាស្រេក យើងនឹងអោយទឹកដែលហូរចេញពីប្រភពជីវិតទៅអ្នកនោះដោយគេមិនបាច់បង់ថ្លៃឡើយ។ 7 អ្នកដែលមានជ័យជំនះមុខជាបានទទួលមត៌កបែបនេះឯង។ យើងនឹងធ្វើជាព្រះរបស់គេ ហើយគេធ្វើជាបុត្ររបស់យើង។ 8 ពួកកំសាក ពួកមិនជឿ ពួកប្រព្រឹត្ដអំពើគួរស្អប់ខ្ពើមពួកសម្លាប់គេ ពួកប្រាសចាកសីលធម៌ ពួកគ្រូធ្មប់ ពួកថ្វាយបង្គំព្រះក្លែងក្លាយ និង ពួកកុហកទាំងប៉ុន្មាន នឹងទទួលទោសនៅក្នុងបឹងភ្លើង និង ស្ពាន់ធ័រដែលកំពុងតែឆេះ»។ នេះហើយជាសេចក្ដីស្លាប់ទីពីរ។ 9 បន្ទាប់មក ទេវតា មួយរូបក្នុងចំណោមទេវតាទាំងប្រាំពីរ ដែលកាន់ពែងទាំងប្រាំពីរពេញទៅដោយគ្រោះកាចទាំងប្រាំពីរចុងក្រោយបង្អស់បានចូលមក ហើយពោលមកកាន់ខ្ញុំថា៖ «សូមអញ្ជើញមក ខ្ញុំនឹងបង្ហាញអោយលោកឃើញកូនក្រមុំជាភរិយារបស់កូនចៀម»។ 10 ទេវតានោះបានលើកវិញ្ញាណខ្ញុំឡើងទៅលើភ្នំមួយយ៉ាងធំខ្ពស់ រួចបង្ហាញអោយខ្ញុំឃើញក្រុងដ៏វិសុទ្ធ ជាក្រុងយេរូសាឡឹមដែលចុះពីស្ថានបរមសុខ គឺចុះមកពីព្រះជាម្ចាស់។ 11 ក្រុងនេះប្រកបដោយសិរីរុងរឿងរបស់ព្រះជាម្ចាស់ ពន្លឺរស្មីរបស់ក្រុងប្រៀបបីដូចជាត្បូងដ៏មានតម្លៃបំផុត គឺដូចត្បូងមណីជោតិរសដែលភ្លឺថ្លាដូចកែវចរណៃ។ 12 ក្រុងនេះមានកំពែងមួយយ៉ាងធំខ្ពស់ ព្រមទាំងមានខ្លោងទ្វារដប់ពីរ នៅលើខ្លោងទ្វារមានទេវតាដប់ពីររូប និង មានចារឹកឈ្មោះកុលសម្ព័ន្ធទាំងដប់ពីររបស់ជនជាតិអ៊ីស្រាអែលដែរ។ 13 នៅទិសខាងកើត មានខ្លោងទ្វារបី ទិសខាងជើងមានខ្លោងទ្វារបី ទិសខាងត្បូងមានខ្លោងទ្វារបី និង ទិសខាងលិចមានខ្លោងទ្វារបី។ 14 កំពែងរបស់ក្រុង មានគ្រឹះដប់ពីរ ហើយនៅលើគ្រឹះទាំងនោះ មានចារឹកឈ្មោះសាវ័ក ទាំងដប់ពីររបស់កូនចៀម។ 15 ទេវតាដែលនិយាយមកខ្ញុំនោះ កាន់ត្រែងមាសមួយដើមធ្វើជារង្វាស់សំរាប់វាស់ក្រុងខ្លោងទ្វារក្រុង និង កំពែងក្រុង។ 16 ក្រុងនេះមានរាងបួនជ្រុងស្មើ គឺមានទទឹង និង បណ្ដោយស្មើគ្នា។ ទេវតាបានយកដើមត្រែងនោះមកវាស់ក្រុង ឃើញមានប្រវែងដប់ពីរពាន់ស្ដាដ។ បណ្ដោយ ទទឹង និង កំពស់មានប្រវែងស្មើៗគ្នា។ 17 ទេវតាបានវាស់កំពែងដែរ ឃើញមានកំពស់មួយរយសែសិបបួនហត្ថ តាមរង្វាស់មនុស្សលោក ដូចរង្វាស់ទេវតាដែរ។ 18 កំពែងក្រុងធ្វើពីត្បូងមណីជោតិរស ហើយទីក្រុងធ្វើពីមាសសុទ្ធដែលភ្លឺថ្លាដូចកែវសុទ្ធ។ 19 គ្រឹះរបស់កំពែងក្រុង មានតុបតែងទៅដោយត្បូងដ៏មានតម្លៃគ្រប់យ៉ាង គ្រឹះទីមួយធ្វើពីត្បូងមណីជោតិរស គ្រឹះទីពីរធ្វើពីត្បូងកណ្ដៀង គ្រឹះទីបីធ្វើពីត្បូងមោរ៉ា គ្រឹះទីបួនធ្វើពីកែវមរកត 20 គ្រឹះទីប្រាំធ្វើពីត្បូងដៃរគៀម គ្រឹះទីប្រាំមួយធ្វើពីត្បូងទទឹម គ្រឹះទីប្រាំពីរធ្វើពីត្បូងប៊ុតលឿង គ្រឹះទីប្រាំបីធ្វើពីត្បូងបេរីលគ្រឹះទីប្រាំបួនធ្វើពីត្បូងថៃលឿង គ្រឹះទីដប់ធ្វើពីត្បូងកែវយក់ គ្រឹះទីដប់មួយធ្វើពីត្បូងនិលរ័ត្ន គ្រឹះទីដប់ពីរធ្វើពីត្បូងជម្ពូរ័ត្ន។ 21 ទ្វារទាំងដប់ពីរធ្វើពីកែវមុក្ដាដប់ពីរ គឺទ្វារនីមួយៗធ្វើពីកែវមុក្ដាតែមួយដុំ។ លានរបស់ក្រុងធ្វើពីមាសសុទ្ធ ភ្លឺថ្លាដូចកែវ។ 22 ខ្ញុំពុំឃើញមានព្រះវិហារ នៅក្នុងទីក្រុងទេ ដ្បិតព្រះជាអម្ចាស់ដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់ ព្រមទាំងកូនចៀមនេះហើយ ដែលជាព្រះវិហាររបស់ក្រុងនោះ។ 23 ក្រុងនោះមិនត្រូវការពន្លឺព្រះអាទិត្យ ឬ ព្រះច័ន្ទឡើយ ដ្បិតសិរីរុងរឿងរបស់ព្រះជាម្ចាស់បំភ្លឺក្រុង ហើយកូនចៀមក៏ជាចង្កៀងរបស់ក្រុងដែរ។ 24 ជាតិសាសន៍នានានឹងដើរក្នុងពន្លឺរបស់ក្រុងនោះ ហើយស្ដេចនានានឹងនាំរាជទ្រព្យចូលមកក្នុងក្រុងនោះដែរ។ 25 ទ្វារក្រុងមិនដែលបិទនៅពេលថ្ងៃឡើយ ហើយនៅទីនោះ គ្មានយប់ទេ។ 26 គេនឹងនាំយកភោគទ្រព្យ និង អ្វីៗដ៏មានតម្លៃរបស់ជាតិសាសន៍នានា មកដាក់ក្នុងក្រុងនោះ។ 27 គ្មានអ្វីមួយមិនបរិសុទ្ធអាចចូលមកក្នុងក្រុងនោះបានឡើយ ហើយអ្នកប្រព្រឹត្ដអំពើគួរអោយស្អប់ខ្ពើម ឬ អ្នកកុហក ក៏ពុំអាចចូលបានដែរ គឺមានតែអ្នកដែលមានឈ្មោះកត់ទុក ក្នុងក្រាំងនៃបញ្ជីជីវិតរបស់កូនចៀមប៉ុណ្ណោះ ទើបអាចចូលបាន។

វិវរណៈ 22

1 ទេវតា បង្ហាញអោយខ្ញុំឃើញទន្លេ ដែលមានទឹកផ្ដល់ជីវិត ថ្លាដូចកែវចរណៃ ហូរចេញមកពីបល្ល័ង្ករបស់ព្រះជាម្ចាស់ និង បល្ល័ង្ករបស់កូនចៀម។ 2 នៅចំកណ្ដាលលានក្រុង និង នៅមាត់ច្រាំងទាំងសងខាងរបស់ទន្លេនោះ មានដើមឈើដែលផ្ដល់ជីវិត ផ្លែដប់ពីរដងក្នុងមួយឆ្នាំ គឺមានផ្លែរៀងរាល់ខែ។ រីឯស្លឹកឈើនោះ ជាថ្នាំសំរាប់ព្យាបាលប្រជាជាតិនានាអោយបានជា។ 3 ក្នុងក្រុងនោះអ្វីៗទាំងអស់ នឹងលែងត្រូវបណ្ដាសាទៀតហើយ។ បល្ល័ង្ករបស់ព្រះជាម្ចាស់ និង បល្ល័ង្ករបស់កូនចៀមស្ថិតនៅក្នុងក្រុងនោះ ហើយពួកអ្នកបំរើរបស់ព្រះអង្គនាំគ្នាគោរពថ្វាយបង្គំព្រះអង្គ 4 គេនឹងឃើញព្រះភ័ក្ដ្រព្រះអង្គ ហើយនៅលើថ្ងាសគេក៏មានដៅព្រះនាមព្រះអង្គដែរ។ 5 នៅក្រុងនោះ គ្មានយប់ទៀតទេ គេក៏លែងត្រូវការពន្លឺចង្កៀង ឬ ពន្លឺព្រះអាទិត្យទៀតដែរ ដ្បិតព្រះជាអម្ចាស់ទ្រង់ជាពន្លឺបំភ្លឺគេ ហើយគេនឹងគ្រងរាជ្យអស់កល្បជាអង្វែងតរៀងទៅ។ 6 ទេវតាពោលមកខ្ញុំថា៖ «ពាក្យទាំងនេះសុទ្ធតែជាពាក្យពិត គួរអោយជឿ។ ព្រះជាអម្ចាស់ដែលប្រទានព្រះវិញ្ញាណដល់ពួកព្យាការី ទ្រង់បានចាត់ទេវតារបស់ព្រះអង្គ អោយមកប្រាប់ពួកអ្នកបំរើព្រះអង្គដឹងអំពីហេតុការណ៍ដែលត្រូវកើតមានក្នុងពេលឆាប់ៗខាងមុខ។ 7 ព្រះយេស៊ូមានព្រះបន្ទូលថាៈ "ចូរស្ដាប់ យើងនឹងមកដល់ក្នុងពេលឆាប់ៗ អ្នកណាប្រតិបត្ដិតាមសេចក្ដីដែលមានថ្លែងទុកក្នុងសៀវភៅនេះ អ្នកនោះមានសុភមង្គលហើយ!"»។ 8 ខ្ញុំ យ៉ូហាន ខ្ញុំបានឮ និង បានឃើញហេតុការណ៍ទាំងនេះ។ ពេលខ្ញុំបានឮ និង បានឃើញដូច្នេះហើយ ខ្ញុំក្រាបចុះ នៅទៀបជើងទេវតាដែលបានបង្ហាញអោយខ្ញុំឃើញនោះ បំរុងនឹងថ្វាយបង្គំលោក 9 ក៏ប៉ុន្ដែ ទេវតាពោលមកខ្ញុំថា៖ «កុំថ្វាយបង្គំខ្ញុំអី! ខ្ញុំជាអ្នករួមការងារជាមួយលោកទេតើ ហើយខ្ញុំក៏រួមការងារជាមួយពួកព្យាការី ដែលជាបងប្អូនរបស់លោក និង ជាមួយអស់អ្នកប្រតិបត្ដិតាមសេចក្ដីដែលមានចែងក្នុងសៀវភៅនេះដែរ។ ត្រូវថ្វាយបង្គំព្រះជាម្ចាស់វិញ!»។ 10 ទេវតាពោលមកខ្ញុំទៀតថា៖ «សូមកុំលាក់ សេចក្ដីដែលមានថ្លែងទុកក្នុងសៀវភៅនេះអោយសោះ! ដ្បិតពេលកំណត់ជិតមកដល់ហើយ។ 11 អ្នកណាទុច្ចរិត អោយអ្នកនោះប្រព្រឹត្ដអំពើទុច្ចរិតតទៅមុខទៀតទៅ! អ្នកណាសៅហ្មង អោយអ្នកេនាះបន្ដភាពសៅហ្មងតទៅមុខទៀតទៅ! រីឯអ្នកសុចរិតវិញ ត្រូវប្រព្រឹត្ដអំពើសុចរិតថែមទៀតចុះ! រីឯអ្នកវិសុទ្ធហើយ ត្រូវរក្សាខ្លួនអោយកាន់តែវិសុទ្ធថែមទៀតចុះ!។ 12 ព្រះយេស៊ូមានព្រះបន្ទូលថា៖"ចូរស្ដាប់ យើងនឹងមកដល់ក្នុងពេលឆាប់ៗ ទាំងយករង្វាន់មកចែកអោយម្នាក់ៗ តាមអំពើដែលខ្លួនបានប្រព្រឹត្ដ។ 13 យើងជាអាល់ផា និង ជាអូមេកា នៅមុនគេ និង នៅក្រោយគេបំផុត ជាដើមដំបូង និង ជាចុងបង្អស់។ 14 អ្នកណាបោកអាវវែងរបស់ខ្លួនបានស្អាត អ្នកនោះមានសុភមង្គលហើយ គេនឹងមានសិទ្ធិបេះផ្លែពីដើមឈើដែលផ្ដល់ជីវិត ព្រមទាំងចូលទៅក្នុងក្រុងតាមទ្វារផង!។ 15 រីឯពួកឆ្កែ ពួកគ្រូធ្មប់ ពួកប្រាសចាកសីលធម៌ពួកសម្លាប់គេពួកថ្វាយបង្គំព្រះក្លែងក្លាយ និង អស់អ្នកដែលចូលចិត្ដកុហក និង អនុវត្ដតាមពាក្យកុហកនោះវិញ ត្រូវចេញទៅក្រៅទៅ! 16 យើងយេស៊ូ យើងបានចាត់ទេវតា របស់យើងអោយមកបញ្ជាក់សេចក្ដីទាំងនេះប្រាប់អ្នករាល់គ្នាអំពី ក្រុមជំនុំនានា។ យើងជាពន្លកដែលដុះចេញពីពូជពង្សរបស់ព្រះបាទដាវីឌ យើងជាផ្កាយព្រឹកដ៏ភ្លឺចិញ្ចែង"»។ 17 ព្រះវិញ្ញាណ និង ភរិយាថ្មោងថ្មីពោលឡើងថា៖ «សូមព្រះអង្គយាងមក!»។ សូមអោយអស់អ្នកដែល បានឮពោលឡើងដែរថា៖ «សូមព្រះអង្គយាងមក!»។ អ្នកណាស្រេកសុំអញ្ជើញមក! អ្នកណាចង់បាន សុំអញ្ជើញមកទទួលទឹកដែលផ្ដល់ជីវិតដោយមិនបាច់បង់ថ្លៃ ! 18 ខ្ញុំសូមបញ្ជាក់ប្រាប់អស់អ្នកដែលបានឮព្រះបន្ទូលថ្លែងទុកក្នុងសៀវភៅនេះថា បើនរណាម្នាក់បន្ថែមអ្វីមួយពីលើ ព្រះជាម្ចាស់នឹងយកគ្រោះកាចដែលមានរៀបរាប់ក្នុងសៀវភៅនេះ មកដាក់លើអ្នកនោះថែមទៀតផង 19 ហើយប្រសិនបើមាននរណាម្នាក់ដកហូតសេចក្ដីណាមួយពីព្រះបន្ទូលដែលមានថ្លែងទុកក្នុងសៀវភៅនេះ ព្រះជាម្ចាស់ក៏នឹងដកហូតចំណែកផ្លែរបស់ដើមឈើដែលផ្ដល់ជីវិតពីអ្នកនោះដែរ ហើយមិនអោយគេចូលទៅក្នុងក្រុងដែលមានរៀបរាប់ក្នុងសៀវភៅនេះឡើយ។ 20 ព្រះអង្គដែលបានបញ្ជាក់សេចក្ដីទាំងនេះ ទ្រង់មានព្រះបន្ទូលថា៖ «ពិតមែនហើយ យើងនឹងមកដល់ក្នុងពេលឆាប់ៗ!»។ អាម៉ែន! ព្រះអម្ចាស់យេស៊ូអើយ សូមយាងមក!។ 21 សូមអោយបងប្អូនទាំងអស់គ្នាបានប្រកបដោយព្រះគុណរបស់ព្រះអម្ចាស់យេស៊ូ!។ ៚